ការសម្របសម្រួល​សម្រាប់​សិស្ស​ដែល​មាន​ពិការភាព ឬ​មាន​ឧបសគ្គ​ជីវិត​ផ្សេងៗ​ទៀត

ថ្នាក់​សិក្ខាសាលា និង​ថ្នាក់​វិទ្យាស្ថាន​ភាគច្រើន​រួមមាន​សិស្ស​ដែល​មាន​ពិការភាព​ខុសៗ​គ្នា និង​ឧបសគ្គ​ខាង​ផ្លូវចិត្ត រាងកាយ ឬ​ឧបសគ្គ​ជីវិត​ផ្សេងៗ​ទៀត ។ សិស្ស​មួយ​ចំនួន​នឹង​តម្រូវ​ឲ្យ​មាន​​ការសម្របសម្រួល​នានា​ដើម្បី​ជួយ​ពួកគេ​ឲ្យ​ចូលរួម រៀនសូត្រ និង​បំពេញ​តម្រូវការ​សម្រាប់​ការទទួល​សញ្ញាបត្រ​ថ្នាក់​សិក្ខាសាលា ។
សិស្ស​កំពុង​សិក្សា​ព្រះគម្ពីរ

ផ្ដល់​ការសម្របសម្រួល​ដល់​សិស្ស​ដែល​មាន​ពិការភាព ឬ​មាន​ឧបសគ្គ​ជីវិត​ផ្សេងៗ​ទៀត ជួយ​ពួកគេ​ឲ្យ​ទទួល និង​សម្រេច​បាន​នូវ​លទ្ធផល​រៀនសូត្រ​ដូចគ្នា​នឹង​សិស្ស​ដែល​គ្មាន​ឧបសគ្គ​ទាំងនេះ​ដែរ ។ ការដឹង​ពី​របៀប​ដើម្បី​ផ្ដល់​ការសម្របសម្រួល​ដ៏​ល្អបំផុត​ដល់​ការរៀនសូត្រ​របស់​សិស្ស ចាប់ផ្ដើម​ដោយ គ្រូបង្រៀន​ស្គាល់​សិស្ស​របស់​ពួកគាត់ « កាលណា​អ្នក​ស្គាល់​មនុស្ស​ម្នាក់​បាន​ច្បាស់ នោះ​អ្នក​អាចជួយ​ពួកគាត់​ឲ្យ​រក​ឃើញ​អត្ថន័យ និង​អំណាច​ផ្ទាល់​ខ្លួន​នៅក្នុង​ដំណឹងល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ​កាន់តែ​ប្រសើរ​ឡើង ( ស្រឡាញ់​អស់​អ្នក​ដែល​អ្នក​បង្រៀន ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ ) ។

គ្រូបង្រៀន​គួរតែ​ពិចារណា​ពី​គោលការណ៍​ណែនាំ​ដូច​ខាងក្រោម​នេះ នៅពេល​ធ្វើការ​ការសម្របសម្រួល​សម្រាប់​សិស្ស ៖

 

ស្គាល់​ពី​តម្រូវការ​របស់​សិស្ស

កាលដែល​គ្រូបង្រៀន​ពិចារណា​ពី​តម្រូវការ​ការរៀនសូត្រ និង​ការសម្របសម្រួល​របស់​សិស្ស​ពួកគាត់ ពួកគាត់​អាច​នឹង​សួរ​ខ្លួនឯង ៖

តើ​ខ្ញុំ​ដឹង​ថា​សិស្ស​ណា​ម្នាក់​របស់​ខ្ញុំ​ដែល​មាន​ការលំបាក​នឹង…

  • ការអាន ?
  • ការចងចាំ ឬ​បញ្ហា​នៃ​ការយល់ដឹង ?
  • ការរៀនសូត្រ និង​ការប្រើប្រាស់​ភាសា​ទីពីរ ?
  • ការស្ដាប់ឮ ឬ​ការមើលឃើញ ?
  • ភាពចល័ត​ខាង​រាងកាយ ?
  • ការផ្ដោត ឬ​ការមាន​សកម្មភាព​ហួសហេតុ ?
  • ជំនាញ​ខាង​សង្គម ?
  • បញ្ហា​សុខភាព​ដែល​ប៉ះពាល់​ដល់​ការរៀនសូត្រ ឬ​ការមករៀន ?
  • ការថប់​បារម្ភ ជំងឺ​បាក់ទឹកចិត្ត ឬ​បញ្ហា​សុខភាព​ផ្លូវចិត្ត​ផ្សេងៗ​ទៀត ( Mental Health, Life Help, Gospel Library ) ?
  • បញ្ហា​គ្រួសារ ឬ​ឧបសគ្គ​ជីវិត​ផ្សេងៗ​ទៀត ( សូមមើល Life Help, Gospel Library ) ?

តើ​ខ្ញុំ​បាន​និយាយ​ជាមួយ​សិស្ស និង​ឪពុក​ម្ដាយ ឬ​អាណាព្យាបាល​របស់​ពួកគេ​អំពី​ការសម្របសម្រួល​នានា​ដែល​អាច​ជា​ជំនួយ​នៅ​ផ្ទះ ឬ​នៅ​សាលា​ហើយ​ឬ​នៅ ?

 

ដាក់​ផែនការ​សម្រាប់​តម្រូវការ​របស់​សិស្ស

នៅពេល​ដែល​បាន​ដឹង​ពី​តម្រូវការ​ហើយ គ្រូបង្រៀន​គួរតែ​ធ្វើ​ផែនការ​មួយ​ដែល​ផ្ដល់​ការសម្របសម្រួល​ដែល​សមរម្យ​ទៅនឹង​តម្រូវការ​របស់​សិស្ស ។ គ្រូបង្រៀន​អាច​នឹង​សួរ​ខ្លួនឯង​ថា « តើ​ខ្ញុំ​អាច​ជួយ​សិស្ស​នេះ​ឲ្យ​រៀនសូត្រ​គោលការណ៍​នេះ តាម​របៀប​មួយ​ដែល​ងាយ​យល់ និង​បំពេញ​តម្រូវការ​រៀនសូត្រ​របស់​ពួកគេ​ដោយ​របៀប​ណា ? » វគ្គ​ខាងក្រោម​នេះ​ផ្ដល់​នូវ​ការណែនាំ​សម្រាប់​គ្រូបង្រៀន កាលដែល​ពួកគាត់​ពិចារណា​ពី​ការសម្របសម្រួល​នានា​សម្រាប់​សិស្ស​ដែល​កំពុង​ខិតខំ​បំពេញ​តាម​តម្រូវការ​ទាំងឡាយ​នៃ​ថ្នាក់​សិក្ខាសាលា ៖

១. តម្រូវការ​វត្តមាន ៖ ដោយសារ​តែ​ពិការភាព បញ្ហា​សុខភាព ឬ​ឧបសគ្គ​ជីវិត​ផ្សេងទៀត សិស្ស​មួយ​ចំនួន​ប្រហែល​ជា​មិន​អាច​បំពេញ​តាម​តម្រូវការ​វត្តមាន​បាន​ទេ ។ ការសម្របសម្រួល​នានា​សម្រាប់​សិស្ស​ទាំងនេះ​អាច​ខុសគ្នា ហើយ​ត្រូវបាន​កំណត់​ដោយ​គ្រូបង្រៀន​ម្នាក់ៗ ។ នៅក្នុង​ការពិគ្រោះ​ជាមួយ​នឹង​សិស្ស និង​ឪពុក​ម្ដាយ ឬ​អាណាព្យាបាល​របស់​ពួកគេ យុទ្ធសាស្ត្រ​ផ្ដល់​កិច្ចការ​បន្ថែម​សម្រាប់​វត្តមាន​អាច និង​គួរតែ​ខុសៗគ្នា​ចំពោះ​សិស្ស​ម្នាក់ៗ ។

២. តម្រូវការ​ការអាន ៖ សម្រាប់​សិស្ស​ដែល​មាន​ពិការភាព​ក្នុង​ការអាន ឬ​ការមើលឃើញ​ចុះខ្សោយ ការទទួល​បាន​ការអាន​ដែល​ត្រូវការ​អាច​ត្រូវបាន​ផ្តល់​ឲ្យ​តាម​វិធី​ផ្សេង​ជំនួស​វិញ ដោយ​មិន​កំណត់​ចំពោះ​តែ​ចំណុច​ទាំងនេះ រួមមាន ៖

  • ការស្ដាប់​សំឡេង​នៃ​ការអាន​ដែល​តម្រូវ​នោះ ។
  • ការប្រើ​កម្មវិធី​សំណេរ​ទៅ​ជា​ការនិយាយ​អនឡាញ ( កម្មវិធី​ជា​ច្រើន​មិន​គិត​ថ្លៃ​ទេ ) ។
  • ការអនុញ្ញាត​ឲ្យ​សិស្ស​អាន​ជាមួយ​នឹង​មិត្តភក្ដិ គ្រូបង្រៀន សមាជិក​គ្រួសារ ឬ​ថ្នាក់ដឹកនាំ​សាសនាចក្រ ។
  • ការផ្ដល់​ឲ្យ​នូវ​សំណេរ​ធំៗ ឬ​អក្សរ​សម្រាប់​មនុស្ស​ពិការភ្នែក ។
  • ការប្រើប្រាស់​ធនធាន ដំណើររឿង​ព្រះគម្ពីរ ដើម្បី​មើល អាន ឬ​ស្ដាប់​ដល់​ដំណើររឿង​ព្រះគម្ពីរ​សាមញ្ញ​តាម​អនឡាញ ។
  • ការប្រើប្រាស់​សៀវភៅ​គំនូរ​ព្រះគម្ពីរ​ដែល​មាន​នៅ មជ្ឈមណ្ឌល​ចែកចាយ​របស់​សាសនាចក្រ ។
  • ការមើល​វីដេអូ​ដែល​ផលិត​ដោយ​សាសនាចក្រ « Scriptural Reenactments and Teaching » ។
  • ការស្ដាប់ បណ្ដុំការថត​សំឡេង ដែល​ផលិត​ដោយ​សាសនាចក្រ ។

៣. តម្រូវការ​ការវាយ​តម្លៃ ៖ គ្រូបង្រៀន​គួរតែ​ខិតខំ​ផ្ដល់​ការសម្របសម្រួល​ក្នុង​ការវាយ​តម្លៃ ដែល​នឹង​ជួយ​សិស្ស​ដែល​មាន​ពិការភាព ឬ​មាន​ឧបសគ្គ​ជីវិត​ផ្សេងៗ​ទៀត​ឲ្យ​ចូលរួម​ស្មើភាព​គ្នា​នឹង​សិស្ស​ផ្សេងៗ​ទៀត​ដែរ ។ ការសម្របសម្រួល​នានា​អាច​រួមមាន ៖

  • ការអនុញ្ញាត​ឲ្យ​ធ្វើ​ការឆ្លើយតប​តាម​ពាក្យ​សម្ដី ពេល​ដែល​មាន​ការពិបាក​ក្នុង​ការឆ្លើយតប​ដោយ​ការសរសេរ ។
  • ការអនុញ្ញាត​ឲ្យ​មាន​ពេលវេលា​ដំណើរការ​គ្រប់គ្រាន់ មុន​នឹង​សិស្ស​ឆ្លើយតប ។
  • ការអនុញ្ញាត​ឲ្យ​ធ្វើ​ការវាយ​តម្លៃ និង​ការឆ្លើយតប​ដោយ​ប្រាស្រ័យទាក់ទង​តាម​វិធី​ផ្សេងៗ ( ដោយ​ផ្ទាល់មាត់ ដោយ​មើលឃើញ ។ល។ )
  • ការផ្ដល់​នូវ​ជម្រើស​នានា​ក្នុង​ការឆ្លើយតប ។
  • សម្រាប់​សិស្ស​ដែល​សមត្ថភាព​ក្នុង​ការនិយាយ​មាន​កម្រិត សូម​អនុញ្ញាត​ឲ្យ​ធ្វើ​កាយវិការ ប្រើ​ភ្នែក​សម្លឹង​ទៅ​ទិសដៅ​ជាក់លាក់​មួយ ឬ​ចង្អុល​ដើម្បី​ឆ្លើយតប ។

 

អនុវត្ត​ផែនការ

គ្រូបង្រៀន​អាច​ជួយ​កាត់បន្ថយ​ឧបសគ្គ​ដល់​ការរៀនសូត្រ​ដោយ​ពិចារណា​ពី ៖

  • របៀប​បង្ហាញ​ព័ត៌មាន ( ការបង្រៀន ការអាន រូបភាព វីដេអូ សំឡេង ការគាំទ្រ​ពី​មិត្តភក្ដិ ជាដើម ) ។
  • របៀប​ដែល​សិស្ស​ឆ្លើយតប ( តាម​ពាក្យសម្ដី ដោយ​សរសេរ ដោយ​មើលឃើញ ជាមួយ​នឹង​មិត្តភក្ដិ នៅក្នុង​គំនិត​របស់​ពួកគេ ជាដើម ) ។
  • បរិយាកាស និង​មជ្ឈដ្ឋាន​នៃ​ការរៀនសូត្រ ( ពន្លឺ ការរៀបចំ​កន្លែង​អង្គុយ កម្រិត​សំឡេង​រំខាន ជាដើម ) ។
  • ពេលវេលា​នៃ​ការណែនាំ ( ពេលវេលា​សម្រាប់​ការដំណើរការ​បន្ថែម ការសម្រាក ពេលវេលា​បន្ថែម​សម្រាប់​ការប្រឡង ឬ​គម្រោង​នានា ជាដើម ) ។

ធនធាន​បន្ថែម​ខាងក្រោម​នេះ​អាច​មាន​ប្រយោជន៍​ដល់​គ្រូបង្រៀន កាលដែល​ពួកគាត់​ផ្ដល់​ការសម្របសម្រួល​នានា​សម្រាប់​សិស្ស​ដែល​មាន​ពិការភាព និង​ឧបសគ្គ​ជីវិត​ផ្សេងៗ​ទៀត ។