ជាពន្លឺ និង ជាជីវិតនៃលោកិយ
ដំណើររឿងដែលយើងស្គាល់ និងសំណប់បំផុតគឺអំពីការប្រសូត្ររបស់ព្រះអង្គសង្គ្រោះ ដែលមាននៅក្នុងជំពូកទីពីរនៃគម្ពីរលូកានៅក្នុងគម្ពីរសញ្ញាថ្មី ។ ខ្ញុំបានពោរពេញដោយការដឹងគុណរាល់ពេលខ្ញុំអានអំពីយ៉ូសែប និងម៉ារា ធ្វើដំណើរទៅភូមិបេថ្លេហិម ស្នូកដ៏តូចទាប ការប្រសូតដ៏រាបសារនៃព្រះអម្ចាស់ ព្រះយេស៊ូវគ្រីស្ទ និងពួកទេវតា ប្រកាសថា « ដំណឹងល្អពីសេចក្តីអំណរយ៉ាងអស្ចារ្យ…ដែលសំរាប់បណ្តាជនទាំងអស់គ្នា » ( លូកា ២:១០ ) ។
ការស្ដារឡើងវិញនៃដំណឹងល្អនៅក្នុងជំនាន់ចុងក្រោយ ផ្ដល់នូវដំណើររឿងជាដៃគូដ៏សំខាន់អំពីការប្រសូត្ររបស់ព្រះអង្គសង្គ្រោះនៅក្នុងព្រះគម្ពីរមរមន ។ សារលិខិតរបស់ខ្ញុំគូសចំណាំនូវការពិពណ៌នាបន្ថែមនេះអំពីបុណ្យគ្រីស្ទម៉ាសដំបូង ។ បងប្អូនប្រុសស្រី នៅពេលយើងគិតអំពីសារលិខិតនេះជាមួយគ្នា ខ្ញុំសូមអញ្ជើញអ្នកឲ្យនឹកស្រមៃខ្លួនអ្នកថានៅក្នុងព្រឹត្តការទាំងនេះ ហើយពុំគ្រាន់តែស្ដាប់ពាក្យនោះទេ ។
ខ្ញុំអធិស្ឋានសុំឲ្យព្រះវិញ្ញាណបរិសុទ្ធនឹងជួយបងប្អូនប្រដូចបទគម្ពីរទាំងនេះទៅនឹងខ្លួនអ្នក និងគ្រួសារអ្នក ( សូមមើល នីហ្វៃទី ១ ១៩:២៣ ) ហើយបំពេញក្នុងដួងចិត្តរបស់អ្នកដោយអារម្មណ៍ពិតនៃបុណ្យគ្រីស្ទម៉ាស ។
សាំយូអែលជាសាសន៍លេមិន
ដំណើររឿងរបស់យើងចាប់ផ្ដើមនៅក្នុងដែនដីសារ៉ាហិមឡា ពីរបីឆ្នាំពីមុនការប្រសូតនៃព្រះអង្គសង្គ្រោះ ។ សាំយូអែលជាសាសន៍លេមិនបានចេញមកក្នុងចំណោមប្រជាជនផ្សាយអំពីការប្រែចិត្ត ហើយព្យាករអំពីព្រះគ្រីស្ទ ។ ឥឡូវសូមព្យាយាមស្រមៃថាអ្នកមានអាយុ ១០ ឆ្នាំ ហើយជាសមាជិកម្នាក់ក្នុងហ្វូងមនុស្សដែលកំពុងស្ដាប់ព្យាការីម្នាក់របស់ព្រះទស្សទាយពីព្រឹត្តការណ៍នៅពេលអនាគត ។
សាំយូអែលបានប្រកាសថា ៖ « ហើយមើលចុះ លោកបាននិយាយទៅកាន់ពួកគេថា ៖ មើលចុះខ្ញុំឲ្យទីសម្គាល់មួយដល់អ្នករាល់គ្នា ដ្បិតទៅប្រាំឆ្នាំទៀត ហើយមើលចុះពេលនោះព្រះរាជបុត្រានៃព្រះ ទ្រង់នឹងយាងមកប្រោសលោះអស់អ្នកណាដែលជឿដល់ព្រះនាមទ្រង់ ។
« ហើយមើលចុះនេះខ្ញុំនឹងឲ្យទីសម្គាល់មួយដល់អ្នករាល់គ្នា គឺនៅពេលទ្រង់នឹងយាងមក ដ្បិតមើលចុះ គឺនឹងមានពន្លឺដ៏មហិមានៅលើមេឃ ដរាបដល់ក្នុងពេលយប់មុនទ្រង់នឹងយាងមក គឺពុំមានភាពងងឹតឡើយ ដរាបដល់វាមានសភាពដូចជាពេលថ្ងៃចំពោះមនុស្ស ។
« ហេតុដូច្នោះហើយ នឹងមានមួយថ្ងៃ និងមួយយប់ និងមួយថ្ងៃហាក់បីដូជជាមួយថ្ងៃប៉ុណ្ណោះ គឺគ្មានយប់ទេ ហើយនេះនឹងទៅជាទីសម្គាល់មួយដល់អ្នករាល់គ្នា ព្រោះអ្នករាល់គ្នានឹងដឹងនូវពេលថ្ងៃរះ និងមានពីរថ្ងៃ និងមួយយប់ ទោះជាយ៉ាងណាក៏ដោយ យប់នោះពុំងងឹតឡើយ ហើយគឺជាយប់មុនពេលទ្រង់នឹងប្រសូតមក ។ …
« ហើយមើលចុះ នឹងមានផ្កាយថ្មីមួយរះឡើង … ហើយនេះនឹងទៅជាទីសម្គាល់មួយដល់អ្នក ( ហេលេមិន ១៤:២–៥ ) ។
ការប្រសូតរបស់ព្រះអង្គសង្គ្រោះ
នៅពេលពេលវេលាបានកន្លង « ការព្យាករណ៍របស់ពួកព្យាការីបានចាប់ផ្ដើមបំពេញដោយពេញលេញ ព្រោះចាប់ផ្ដើមមានទីសម្គាល់ដ៏ច្រើនឡើង និងអព្ភូតហេតុដ៏ច្រើនឡើងនៅក្នុងចំណោមប្រជាជន » ( នីហ្វៃទី ៣ ១:៤ ) ។
ឥឡូវ សូមស្រមៃថារយៈពេលប្រាំឆ្នាំបានកន្លងផុតទៅ ហើយឥឡូវអ្នកមានអាយុប្រហែលជា ១៥ ឆ្នាំ ។ អ្នកអាចនឹកចាំយ៉ាងច្បាស់អំពីការព្យាករណ៍របស់សាំយូអែល នៅពេលអ្នកគិតអំពីស្ថានភាពបច្ចុប្បន្នដែលអ្នករស់នៅនោះ ។
« ប៉ុន្តែមានអ្នកខ្លះបានចាប់ផ្ដើមនិយាយថា ពេលវេលាបានកន្លងហួសហើយសម្រាប់ពាក្យទាំងនោះត្រូវបានបំពេញ គឺជាពាក្យដែលបាននិយាយដោយសាំយូអែលដែលជាសាសន៍លេមិននោះ ។
« ហើយពួកគេបានចាប់ផ្ដើមអររីករាយនឹងបងប្អូនរបស់គេដោយនិយាយថា ៖ មើលចុះ ពេលនោះបានកន្លងផុតហើយ ឯពាក្យរបស់សាំយូអែលពុំបានបំពេញទេ ហេតុដូច្នោះហើយ សេចក្ដីអំណរ និងសេចក្ដីជំនឿរបស់អ្នកអំពីរឿងនេះ បែរជាឥតប្រយោជន៍ទៅវិញ ។
« ហើយហេតុការណ៍បានកើតឡើងថា ពួកគេបានបង្កើតចលាចលយ៉ាងធំមួយទូទាំងផែនដី ឯប្រជាជនដែលបានជឿក៏កើតសេចក្ដីព្រួយជាខ្លាំង ខ្លាចក្រែងដោយសារមធ្យោបាយណាមួយ រឿងទាំងឡាយដែលបាននិយាយមកពីមុន នឹងពុំកើតឡើង ។
« ប៉ុន្តែមើលចុះ ពួកគេបានរង់ចាំមើលយ៉ាងខ្ជាប់ខ្ជួននូវថ្ងៃនោះ និងយប់នោះ ហើយថ្ងៃនោះត្រូវជាថ្ងៃ ដែលហាក់បីដូចជាគ្មានយប់សោះ ដើម្បីគេអាចដឹង សេចក្ដីជំនឿរបស់គេពុំឥតប្រយោជន៍ ។
« ឥឡូវនេះ ហេតុការណ៍បានកើតឡើងថា មានមួយថ្ងៃដែលបានកំណត់ទុកដោយពួកអ្នកដែលពុំជឿថា អស់អ្នកណាដែលជឿតាមសណ្ដាប់ទាំងនោះ នឹងត្រូវប្រហារជីវិតចោល លើកលែងតែមានទីសម្គាល់កើតឡើង ដែលបានប្រាប់ដោយសាំយូអែល ជាព្យាការី » ( នីហ្វៃទី ៣ ១:៥–៩ ) ។
បងប្អូនប្រុសស្រី តើយើងអាចចាប់ផ្ដើមយល់ថាវាជាយ៉ាងណាដែលត្រូវរង់ចាំទីសម្គាល់អំពីការយាងមករបស់ទ្រង់ ហើយក៏ត្រូវប្រឈមមុខនឹងថ្ងៃកំណត់ដែលត្រូវស្លាប់ភ្លាមផងនោះ ? តើអ្នក និងខ្ញុំនឹងឈរដោយរឹងមាំ ហើយខ្ជាប់ខ្ជួននៅក្នុងសេចក្ដីជំនឿ ឬតើយើងនឹងរេរា ហើយភ័យញ័រឬ ?
ប្រាកដណាស់ ទីសម្គាល់នៃការប្រសូតរបស់ព្រះគ្រីស្ទដែលបានទស្សទាយដោយសាំយូអែលត្រូវបានផ្ដល់ឲ្យយ៉ាងពិត ។ នៅក្នុងបរិយាកាសនៃការបៀតបៀនខាងសាសនា និងនៅក្នុងវ័យក្មេងខ្ចី អាយុប្រហែលជា ១៥ ឆ្នាំ នោះអ្នកមានភាពអស្ចារ្យយ៉ាងខ្លាំងនៅល្ងាចមួយ នៅពេលព្រះអាទិត្យបានលិច ប៉ុន្តែគ្មានភាពងងឹតសោះ ។
« ហើយប្រជាជនបានចាប់ផ្ដើមមានសេចក្ដីអស្ចារ្យ ពីព្រោះពុំមានភាពងងឹតសោះ កាលពេលយប់មកដល់ ។ …
« ហើយពួកគេបានចាប់ផ្ដើមដឹងថា ព្រះរាជបុត្រានៃព្រះនឹងលេចមកក្នុងពេលយ៉ាងខ្លី មែនហើយ… ប្រជាជនទាំងអស់… មានសេចក្ដីអស្ចារ្យយ៉ាងខ្លាំង រហូតដល់គេដួលទៅលើដី ។ …
« ហើយហេតុការណ៍បានកើតឡើងថា ពេលយប់មួយនោះគ្មានភាពងងឹតអ្វីសោះ ប៉ុន្តែភ្លឺដូចពេលកណ្ដាលថ្ងៃត្រង់ ។ ហើយហេតុការណ៍បានកើតឡើងថា ព្រះអាទិត្យក៏បានរះឡើងជាថ្មីនៅពេលព្រឹកជាប្រក្រតី… ហើយពួកគេបានដឹងថា នេះគឺជាថ្ងៃដែលព្រះអម្ចាស់ទ្រង់ត្រូវប្រសូត ពីព្រោះមកពីទីសម្គាល់ដែលបានឲ្យមកជាមុន ។
« ហើយអ្វីៗបានកើតឡើង មែនហើយគឺអ្វីៗទាំងអស់ គ្រប់ការណ៍ទាំងអស់ ស្របតាមពាក្យពេចន៍របស់ពួកព្យាការី ។
« ហើយហេតុការណ៍បានកើតឡើងថា ផ្កាយថ្មីមួយបានរះឡើង ស្របតាមពាក្យទំនាយ » ( នីហ្វៃទី ៣ ១:១៥, ១៧, ១៩–២១ ) ។
ថ្ងៃដែលព្រះយេស៊ូវប្រសូត គឺជាថ្ងៃនៃការរំដោះដល់ពួកអ្នកជឿនៅលើពិភពថ្មី ។ ពន្លឺដែលជាទីសម្គាល់នៃការប្រសូតរបស់ព្រះអង្គសង្គ្រោះ គឺពិតជាបានសង្គ្រោះដល់ជីវិតរបស់ពួកគេ ។
ការសុគត និងការមានព្រះជន្មរស់ឡើងវិញរបស់ព្រះអង្គសង្គ្រោះ
បងប្អូនប្រុសស្រី ឥឡូវចូរស្រមៃថា រយៈពេល ៣០ឆ្នាំ បានកន្លងផុតទៅ ហើយឥឡូវ អ្នកមានអាយុជិត ៥០ ឆ្នាំហើយ ។ អ្នកក៏នៅតែអាចចងចាំយ៉ាងច្បាស់អំពីការបង្រៀនរបស់សាំយូអែល និងបទពិសោធន៍ទាំងឡាយរបស់អ្នក កាលពីយុវវ័យ ពេលដែលទីសម្គាល់នៃការប្រសូតរបស់ព្រះអម្ចាស់ត្រូវបានផ្ដល់ឲ្យនោះ ។
ទីសម្គាល់មួយនៃការសុគត និងការមានព្រះជន្មរស់ឡើងវិញរបស់ព្រះគ្រីស្ទ ត្រូវបានទស្សទាយដោយសាំយូអែលថា គឺមានភាពងងឹតស្លុងរយៈពេលបីថ្ងៃ ( សូមមើល ហេលេមិន ១៤:២៧; នីហ្វៃទី ៣ ៨:៣ ) ។
« ហើយហេតុការណ៍បានកើតឡើងថា មានភាពងងឹតយ៉ាងក្រាស់គ្របដណ្ដប់លើផ្ទៃដែនដី ដរាបដល់បណ្ដាជននៅទីនោះ ដែលពុំទាល់ដួល អាចចាប់អារម្មណ៍នូវចំហាយនៃសេចក្ដីងងឹតនេះ
« ហើយពុំអាចមានពន្លឺសោះ ពីព្រោះមកពីភាពងងឹតនេះ ហើយគ្មានទៀន ឬចន្លុះទេ ហើយគ្មានអ្វីដែលអាចបង្កាត់ភ្លើង… ម្ល៉ោះហើយពុំអាចមានពន្លឺទាល់តែសោះ
« ហើយគ្មានឃើញពន្លឺអ្វីបន្ដិចសោះ គ្មានភ្លើង គ្មានរស្មី គ្មានព្រះអាទិ្យ គ្មានព្រះចន្ទ ឬផ្កាយឡើយ ដ្បិតអ័ព្ទនៃសេចក្ដីងងឹត ដែលគ្របដណ្ដប់លើផ្ទៃផែនដីនោះក្រាស់ណាស់ ។
« ហើយហេតុការណ៍បានកើតឡើងថា ភាពងងឹតនេះបានស្ថិតនៅអស់រយៈពេលបីថ្ងៃ ដែលមិនឃើញមានពន្លឺអ្វីបន្ដិចសោះ » ( នីហ្វៃ ទី ៣ ៨:២០–២៣ ) ។
តើនឹងមានអារម្មណ៍យ៉ាងណា ដែលជួបនឹងបទពិសោធន៍ភាពងងឹតរយៈពេលបីថ្ងៃនោះ ហើយមិនយូរប៉ុន្មាន ក៏មានហ្វូងមនុស្ស ២៥០០ នាក់មកជុំគ្នានៅដែនដីបរិបូរ ? តើអ្នកអាចមើលឃើញជុំវិញគ្រាដ៏មានសិរីរុងរឿងនៅពេលព្រះអង្គសង្គ្រោះបានយាងចុះមកពីស្ថានសួគ៌ ហើយបានប្រកាសថា « មើលចុះ យើងគឺព្រះយេស៊ូវគ្រីស្ទ … យើងគឺជា ពន្លឺ និងជីវិតនៃលោកិយឬទេ ? » ( នីហ្វៃទី ៣ ១១:១០–១១ បន្ថែមអក្សរទ្រេត ) ។
ចំពោះការជួបជុំដ៏ពិសេសនៅឯព្រះវិហារបរិសុទ្ធនេះ បន្ទូលពីរម៉ាត់ដំបូងដែលព្រះអង្គសង្គ្រោះបានប្រើពិពណ៌នាអំពីព្រះអង្គទ្រង់នោះគឺ « ពន្លឺ » ។ សាំយូអែល បានទស្សទាយពីទីសម្គាល់នៃពន្លឺ ។ ទីសម្គាល់នៃពន្លឺ គឺត្រូវបានផ្ដល់ឲ្យនៅក្នុងការប្រសូតរបស់ព្រះអង្គសង្គ្រោះ ។ សម្រាប់មនុស្សដែលនៅក្នុងហ្វូងមនុស្សដែលបានមកជួបជុំគ្នា ភ័យនឹងភាពងងឹត ហើយភាពភ័យខ្លាច ត្រូវបានរសាយបាត់ដោយពន្លឺពិត ជាព្រះយេស៊ូវគ្រីស្ទ ។
ដំណើររឿងនៃបុណ្យគ្រីស្ទម៉ាសដំបូងនៅក្នុងព្រះគម្ពីរមរមន ជួយយើងរៀន ហើយយល់ដឹងកាន់តែពេញលេញ ថាព្រះយេស៊ូវគ្រីស្ទ គឺជា « ពន្លឺដែលភ្លឺមកក្នុងសេចក្ដីងងឹត » ( សូមមើល គ. និង ស. ១០:៥៧–៦១ ) ។ នៅគ្រប់រដូវនៃជីវិតរបស់យើង នៅគ្រប់ស្ថានភាពដែលយើងជួបប្រទះ ហើយនៅគ្រប់ឧបសគ្គដែលយើងអាចប្រឈមមុខ ព្រះយេស៊ូវគ្រីស្ទ គឺជាពន្លឺដែលកំចាត់ភាពភ័យខ្លាច ផ្ដល់នូវការអះអាង និងការដឹកនាំ ហើយបង្កើតឲ្យមានសេចក្ដីសុខសាន្ដ និងអំណរដ៏ខ្ជាប់ខ្ជួន ។
ទំនៀមទម្លាប់បុណ្យគ្រីស្ទម៉ាសដ៏គួរចងចាំ និងដ៏ឋិតថេររបស់យើងជាច្រើន មាននូវពន្លឺប្រភេទផ្សេងៗ--ជាពន្លឺនៅលើដើមឈើ ពន្លឺនៅក្នុង និងនៅលើផ្ទះ ភ្លើងទៀតនៅលើតុរបស់យើង ។ សូមឲ្យពន្លឺដ៏ស្រស់ស្អាតនៃរដូវបុណ្យនេះ រំឭកយើងអំពីទ្រង់ ដែលជាប្រភពនៃពន្លឺគ្រប់យ៉ាង ។
បំភ្លឺផ្លូវងងឹតដោយ
ពន្លឺដ៏អស់កល្បជានិច្ច ។
ក្ដីសង្ឃឹម និង ភាពភ័យខ្លាចជាយូរ
មកត្រូវបានបំពេញ ។
( « ឱ ! ភូមិបេថ្លេហិម ភូមិស្ងួនភ្ងា » ទំនុកតម្កើង លេខ ១២៩ ) ។
ខ្ញុំសូមធ្វើជាសាក្សីថា ព្រះអម្ចាស់បានប្រសូតនៅភូមិបេថ្លេហិម បានបំពេញបេសកកម្ម និងការបម្រើនៃជីវិតរមែងស្លាប់របស់ទ្រង់ដោយជោគជ័យ ហើយជាព្រះអម្ចាស់ដែលបានមានព្រះជន្មរស់ឡើងវិញរបស់យើង ទ្រង់មានព្រះជន្មរស់សព្វថ្ងៃនេះ ។ ខ្ញុំថ្លែងទីបន្ទាល់ដូច្នោះ ក្នុងព្រះនាមនៃព្រះអម្ចាស់ ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។