ចងចាំ ហើយធ្វើសកម្មភាព
ការចាក់ផ្សាយតាមផ្កាយរណបរបស់ថ្នាក់សិក្ខាសាលា និងថ្នាក់វិទ្យាស្ថានសាសនា • ថ្ងៃទី ៤ ខែសីហា ឆ្នាំ ២០១៥
នៅក្នុងសន្និសីទទូទៅមួយ អែលឌើរ ម៉ាលីន ឃេ ជេនសិន បានមានប្រសាសន៍ថា « បើយើងយកចិត្តទុកដាក់ខ្លាំងទៅលើការប្រើពាក្យ ចងចាំ នៅក្នុងព្រះគម្ពីរដ៏បរិសុទ្ធ នោះយើងនឹងទទួលស្គាល់ថា គោលបំណងនៃការចងចាំតាមរបៀបរបស់ព្រះ គឺជាគ្រឹះមួយ ហើយជាគោលការណ៍នៃការសង្គ្រោះរបស់ដំណឹងល្អ » ។ តើការចងចាំធ្វើជា « គ្រឹះមួយ ហើយជាគោលការណ៍នៃការសង្គ្រោះរបស់ដំណឹងល្អ » យ៉ាងដូចម្ដេច ? អែលឌើរ ជេនសិន បានបន្ដថា « ការណ៍នេះ គឺដោយសារតែការដាស់តឿនពីព្យាការីឲ្យចងចាំ គឺត្រូវបានហៅឲ្យធ្វើសកម្មភាព ដូចជា ៖ ស្ដាប់ មើល ធ្វើ គោរពតាម ប្រែចិត្ត » ។១
យើងមានគំរូមួយនៃរឿងនោះដែលបានកត់ត្រានៅក្នុងព្រះគម្ពីរមរមន ។ ហេលេមិន បានដាក់ឈ្មោះកូនរបស់គាត់ថា នីហ្វៃ និងលីហៃ ហើយបានប្រាប់ពួកគេពីមូលហេតុនោះ ៖
« មើលចុះ ឱកូនប្រុសទាំងឡាយរបស់ឪពុកអើយ ឪពុកមានបំណងចង់ឲ្យកូនចាំ ដើម្បីកាន់តាមព្រះបញ្ញត្តិទាំងឡាយនៃព្រះ ហើយឪពុកចង់ឲ្យកូនប្រកាសដល់ប្រជាជននូវពាក្យទាំងនេះ ។ មើលចុះ ឪពុកបានដាក់ឈ្មោះឲ្យកូន តាមឈ្មោះពួកឪពុកដើមរបស់យើង ដែលបានចេញមកពីដែនដីយេរូសាឡិម ហើយឪពុកបានធ្វើយ៉ាងនេះ ដើម្បីកាលណាកូនចាំឈ្មោះរបស់កូន នោះកូនអាចនឹកចាំដល់ពួកគេ ហើយកាលណាកូននឹកចាំដល់ពួកគេ នោះកូនអាចនឹកចាំដល់កិច្ចការទាំងឡាយរបស់គេ ហើយកាលណាកូននឹកចាំដល់កិច្ចការទាំងឡាយរបស់ពួកគេ នោះកូនអាចដឹងនូវហេតុ ដែលបាននិយាយ ហើយបានសរសេរទុកមកផងថា ជាការល្អ ។
« ហេតុដូច្នោះហើយ ឱកូនប្រុសទាំងឡាយរបស់ឪពុកអើយ ឪពុកចង់ឲ្យកូនធ្វើនូវអ្វីៗ ដែលជាការល្អ » ។២
នេះគឺជាវិធីមួយការចងចាំធ្វើជា « គ្រឹះមួយ ហើយជាគោលការណ៍នៃការសង្គ្រោះ ។ វាអាចជួយយើងឲ្យធ្វើតាមរបៀបសមរម្យ ហើយសុចរិត ។ ដោយហេតុនោះហើយ យើងត្រូវបានលើកទឹកចិត្តនៅក្នុងសាសនាចក្រឲ្យចងចាំដល់អ្នកទាំងឡាយដែលលាចាកលោកនេះទៅមុនយើង ៖ អ្នកទាំងឡាយដែលនៅក្នុងប្រវត្តិគ្រួសារយើង អ្នកទាំងឡាយដែលនៅក្នុងប្រវត្តិសាសនាចក្រ អ្នកទាំងឡាយដែលនៅក្នុងគម្ពីរ និងសំខាន់បំផុត ចងចាំដល់ព្រះអង្គសង្គ្រោះផ្ទាល់ ។
ស្ត្រីសាសន៍យូដាវ័យក្មេងម្នាក់ បានស្លាប់អំឡុងពេលមានការបៀតបៀននៃសង្គ្រាមលោកលើកទី ពីរ ដែលបានផ្ដល់នូវការពិពណ៌នាដ៏ប្រសើរក្រៃលែងមួយអំពីរបៀបដែលមនុស្សពីអតីតកាល អាចប្រទានពរដល់ជីវិតរបស់យើង ។ នាងបានសរសេរ ៖ « មានតារាជាច្រើនដែលពន្លឺរបស់វាមើលឃើញពីផែនដីនេះ ទោះជាពួកវាបានបាត់រូបជាយូរហើយក្ដី ។ មានមនុស្សដែលអង់អាចក្លៀវក្លាជាច្រើន បន្ដបំភ្លឺនៅលើលោកិយ ទោះជាពួកគេបានស្លាប់ទៅហើយក្ដី ។ ពន្លឺទាំងនេះ ភ្លឺកាន់តែខ្លាំង នៅពេលយប់ងងឹត ។ ពួកគេបំភ្លឺផ្លូវសម្រាប់មនុស្សលោក » ។៣
គោលការណ៍នេះ អនុវត្តចំពោះប្រវត្តិថ្នាក់សិក្ខាសាលា និងថ្នាក់វិទ្យាស្ថានផងដែរ ។ មានអ្វីៗជាច្រើននៅក្នុងប្រវត្តិរបស់យើង ដែលមានតម្លៃដើម្បីចងចាំ ។ នៅទីបំផុត ប្រវត្តិនៃថ្នាក់សិក្ខា និង ថ្នាក់វិទ្យាស្ថាននៃសាសនាត្រូវបានកត់ត្រាទុក ។ យើងរីករាយនឹងប្រកាសថា នាពេលឆាប់ៗខាងមុខនេះ នឹងមានសម្រាប់បងប្អូនគ្រប់គ្នានូវប្រវត្តិនេះតាមអ៊ិនធើរណិត និងច្បាប់បោះពុម្ព ។ យើងសង្ឃឹមថា វានឹងត្រូវបានគេអាន ហើយក្លាយជាធនធានដ៏សំខាន់មួយនៅក្នុងការសិក្សាជាបុគ្គល និងជាក្រុម ។ ប្រវត្តិនេះ អាចជួយយើងរៀនពីបុគ្គលម្នាក់ៗ ដែលបានបង្កើតឲ្យមានថ្នាក់សិក្ខាសាលា និងថ្នាក់វិទ្យាស្ថាននៃសាសនាដូចសព្វថ្ងៃនេះ ។ យើងខំពង្រីក ហើយរីករាយនឹងមរតកដ៏សំបូរបែបដែលពួកគេបានបន្សល់ទុកឲ្យយើង ។ ហើយទោះជាមានមនុស្សជាច្រើនបានលាចាកលោកនេះយូរហើយក្ដី ក៏ពួកគាត់នៅតែអាចធ្វើជាពន្លឺដឹកនាំផ្លូវ នៅពេលយើងបន្ដឆ្ពោះទៅកាន់អនាគតកាល ។ យើងសង្ឃឹមថា ដោយការចងចាំពួកគាត់ នោះយើងនឹងនាំឲ្យយើងចងចាំកិច្ចការ និងសកម្មភាពរបស់ពួកគាត់ ។
ខ្ញុំចង់ចែកចាយរឿងមួយចំនួនចេញមកពីប្រវត្តិរបស់យើង នាព្រឹកនេះមួយសន្ទុះ ។ ពួកគាត់ត្រូវបានប្រាប់ដោយសង្ឃឹមថា នៅក្នុងការចងចាំដល់អ្នកទាំងឡាយដែលបានលាចាកលោកនេះទៅ នោះយើងនឹងចង់ធ្វើតាមពួកគាត់-ទាំងមានបំណងប្រាថ្នា និងកិច្ចខិតខំរបស់ពួកគាត់ ។
នៅក្នុងប្រសាសន៍របស់លោក « ផ្លូវដែលបានគូសដាន » ប្រធាន ជេ. រ៉ូប៊ីន ក្លាក ជុញ្ញ័រ បានមានប្រសាសន៍ថា តម្រូវការដំបូងសម្រាប់គ្រូបង្រៀនខាងសាសនា មានទីបន្ទាល់ផ្ទាល់ខ្លួនថា « ព្រះយេស៊ូវ គឺជាព្រះគ្រីស្ទ ហើយថា យ៉ូសែប ស៊្មីធ គឺជាព្យាការីរបស់ព្រះ » ។៤ ទីបន្ទាល់នេះ បានផ្ដល់នូវការលើកទឹកចិត្តដល់គ្រូបង្រៀនខាងសាសនាដែលស្មោះត្រង់ជាច្រើន និងក្រុមគ្រួសាររបស់ពួកគេ ដើម្បីទទួលយកកិច្ចការដែលលំបាក និងពុំសុខស្រួល ហើយលះបង់នូវមហិច្ឆតា និងភាពសុខស្រួលផ្ទាល់ខ្លួនយ៉ាងច្រើន ។ ពួកគេលើកគំរូពីប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី ដែលបានមានប្រសាសន៍ខ្លួនលោកថា « ខ្ញុំមិនចេះរបៀបដើម្បីធ្វើអ្វីមួយឡើយ ក្រៅពីការលុតជង្គង់ចុះ ហើយទូលអង្វរសុំជំនួយ ហើយក្រោកឡើងដើរ រួចចេញទៅធ្វើការនោះទេ »៥ មានមនុស្សម្នាក់ឈ្មោះ រ៉េ អិល ចូន ដែលបានសុំឲ្យចាប់ផ្ដើមកម្មវិធីថ្នាក់សិក្ខាសាលានៅពេលព្រឹកព្រលឹមសម្រាប់សាសនាចក្រ ។
អំឡុងសន្និសីទទូទៅខែមេសា ឆ្នាំ ១៩៥០ ប្រធានស្តេកដប់នាក់មកពីតំបន់ ឡូស អាន់ជើរឡេសបានមកជួបជុំគ្នាជាមួយអែលឌើរ យ៉ូសែប ហ្វីលឌិង ស៊្មីធ ដើម្បីពិភាក្សាអំពីលទ្ធភាពនៃការបង្កើតកម្មវិធីថ្នាក់សិក្ខាសាលាមួយចំនួនសម្រាប់យុវវ័យនៅក្នុងតំបន់របស់ខ្លួន ។ ពួកគេពុំដឹងច្បាស់ពីរបៀបដើម្បីធ្វើការណ៍នេះទេ ពីព្រោះការបង្រៀនសាសនានៅពេលសម្រាកពុំត្រូវបានរដ្ឋអនុញ្ញាតឲ្យធ្វើទេ ។
ហ្វ្រែងគ្លីន អិល វេស អភិបាលអប់រំសាសនាចក្រ បានដឹងអំពីថ្នាក់សិក្ខាសាលាមួយចំនួននៅក្នុងរដ្ឋយូថាហ៍ថា ត្រូវបានធ្វើឡើងពីមុនទៅសាលារៀន ហើយបានឃើញការណ៍នេះអាចធ្វើទៅបាន ដែលជាដំណោះស្រាយមួយចំពោះសំណើមកពីរដ្ឋកាលីហ្វូញ៉ាខាងត្បូង ។ នោះអភិបាល« បានសុំ រ៉េ អិល ចូន ជានាយកថ្នាក់សិក្ខាសាលានៅទីក្រុង ឡូហ្គិន រដ្ឋយូថាហ៍ បើសិនជាគាត់នឹងគិតអំពីការធ្វើដំណើរទៅកាន់រដ្ឋកាលីហ្វូញ៉ាដើម្បីចាប់ផ្ដើមកម្មវិធីនេះ ។ ដោយសារគាត់មានភាពសុខស្រួលនឹងកិច្ចការបច្ចុប្បន្ន និងការតាំងលំនៅផ្ទះដែលទើបទិញថ្មីរបស់គាត់ នោះបងប្រុស ចូន … មន្ទិលថាគាត់គួរធ្វើជាអ្នកចាប់ផ្ដើមកម្មវិធីនេះឬអត់ » ។
ដោយសារចង់ឲ្យកម្មវិធីនេះដំណើរការ ដូច្នេះអភិបាល វេស « បានស្នើឲ្យបងប្រុស ចូន ឃ្លាតពីគ្រួសារគាត់នៅ ឡូហ្គិន ហើយ ‹ ធ្វើដំណើរ › ម្តងម្កាលទៅរដ្ឋ ឡូស អាន់ជើរឡេស[ដែលមានចម្ងាយជាង ៧០០ ម៉ែល] ។ ទីបំផុត បងប្រុស ចូន បានយល់ព្រមអធិស្ឋានអំពីសំណើនោះ ។ បន្ទាប់ពីចំណាយពេលខ្លះៗសញ្ជឹងគិត [គាត់]បានសម្រេចចិត្តលះបង់ផ្ទះខ្លួននៅឡូហ្គិន ហើយផ្លាស់ទៅរដ្ឋ ឡូសអាន់ជើរឡេស ជាអចិន្ត្រៃយ៍ដើម្បីចាប់ផ្ដើមកម្មវិធីនៅទីនោះ » ។៦
ដូចជានីហ្វៃ ដែលបាននិយាយថា « ខ្ញុំត្រូវបាននាំទៅ ដោយព្រះវិញ្ញាណ ដោយមិនដឹងជាមុនសោះឡើយថា តើខ្ញុំនឹងត្រូវធ្វើអ្វីខ្លះ »៧ រ៉េ អិល ចូន បានចេញដំណើរទៅរដ្ឋកាលីហ្វូញ៉ាខាងត្បូង ។
សាសនាចក្រពុំបានផ្ដល់ថវិកាសម្រាប់ការធ្វើដំណើររបស់គាត់ទេ ដូច្នេះបងប្រុស ចូន មានការងារមួយជួយបើករទេះភ្លើងដឹកសត្វពីរដ្ឋយូថាហ៍ ទៅរដ្ឋ កាលីហ្វូញ៉ា ។ ទីបំផុត គាត់បានផ្លាស់គ្រួសាររបស់គាត់ទៅរដ្ឋ ឡូស អាន់ជើរឡេស ហើយបានជួយរៀបចំគណៈកម្មការអប់រំក្នុងមូលដ្ឋានមួយឡើង ។ ប្រធានស្ដេកក្នុងតំបន់នោះ ឈ្មោះ ហាវើដ ដបុលយូ ហឹនធើរ បានបម្រើជាប្រធានគណៈកម្មការ ហើយអ្នកផ្សេងទៀត--ដូចពួកគេបាននិយាយថា--ជាប្រវត្តិសាស្ត្រ ។៨ យើងបានចាប់ផ្ដើមនៅក្នុងឆ្នាំ ១៩៥០ ដោយមានសិស្សចំនួន ១៩៥ ក្នុងប្រាំពីរថ្នាក់ ហើយក្នុងរយៈពេល ៦៥ ឆ្នាំ វាបានឡើងលើសជាងមួយភាគបួននៃសិស្សមួយលាននាក់នៅក្នុងប្រទេសចំនួន ១៣៦ ។
ស្មារតីនៃការលះបង់ និងការពលិកម្មដូចនោះ បានសម្ដែងឲ្យឃើញម្ដងហើយម្ដងទៀតនៅក្នុងដួងចិត្តនៃគ្រូបង្រៀនខាងសាសនា នៅគ្រប់ផ្នែកទាំងអស់នៃពិភពលោក ។ ចូរស្ដាប់ដំណើររឿងនេះអំពីគ្រូបង្រៀនសាសនារបស់យើងម្នាក់នៅប្រទេស ម៉ុងហ្គោលី ដែលបានស្ដាប់តាមការទូន្មានរបស់អ្នកដឹកនាំបព្វជិតភាពរបស់ខ្លួន ហើយបានចេញទៅធ្វើការនៅក្រោមស្ថានភាពលំបាកៗដើម្បីធ្វើឲ្យវាកើតមានឡើង ៖
អ័ហ្គើរែល អូឈីរ៉ាវ ជាអ្នកប្រែចិត្តជឿក្នុងសាសនាចក្រម្នាក់ ដែលបានទទួលកម្រិតបណ្ឌិតខាងវនវប្បកម្ម ហើយធ្វើការជាអ្នកស្រាវជ្រាវនៅប្រទេស ម៉ុងហ្គោលី ពេលគាត់បានសុំឲ្យធ្វើការពេញម៉ោងជាអ្នកសម្របសម្រួលថ្នាក់សិក្ខាសាលា និងថ្នាក់វិទ្យាស្ថាន ។ ដំបូងឡើយ គាត់ពុំយល់ព្រមចំពោះសំណើនោះទេ ប៉ុន្តែទីបំផុតក៏បានយល់ព្រម ។ នៅខែវិច្ឆិកា ឆ្នាំ ២០០៨ បងប្រុស អ័ហ្គើរែល និងនាយកតំបន់របស់គាត់ ផាទ្រិក ឆិក បានប្រជុំជាមួយប្រធានបេសកកម្ម ។ ប្រធាន បានសួរថា ហេតុអ្វីក៏ថ្នាក់សិក្ខាសាលាពេលព្រឹកព្រលឹមពុំមានបង្រៀននៅក្នុងប្រទេសម៉ុងហ្គោលី ។ « បងប្រុស អូឆើចាវ បានតបថា ‹ ប្រធាន នេះជាប្រទេសម៉ុងហ្គោលី ។ ត្រជាក់ ងងឹត មានឆ្កែច្រើន ហើយគ្មានមធ្យោបាយធ្វើដំណើរទេ › ។ មួយឆ្នាំក្រោយមក ពួកគាត់ទាំងបីនាក់បានជួបគ្នាម្ដងទៀត ហើយប្រធានបេសកកម្មបានសួរសំណួរដដែរនោះ ។ បងប្រុស អូឆើចាវ បានតបម្ដងទៀត « ត្រជាក់ ងងឹត មានឆ្កែច្រើន ហើយគ្មានមធ្យោបាយធ្វើដំណើរទេ » ។ បន្ទាប់ពីការប្រជុំ បងប្រុស ឆឹក បាននាំបងប្រុស អូឆើចាវ ទៅកន្លែងមួយ ហើយបានប្រាប់ថា ‹ អូជេរេល នៅពេលអ្នកដឹកនាំបព្វជិតភាពរបស់អ្នកសុំឲ្យអ្នកធ្វើអ្វីមួយ អ្នកចាំបាច់ត្រូវខិតខំធ្វើវា ! » ក្នុងចម្លើយតបមកវិញ បងប្រុស អូជេរេល បានថា « ផាទ្រីក អ្នកមិនយល់ទេ ប្រទេស ម៉ុងហ្គោលី ត្រជាក់ ម៉ុងហ្គោលី ងងឹត ម៉ុងហ្គោលី មានឆ្កែច្រើន ហើយគ្មានមធ្យោបាយធ្វើដំណើរទេ ! » ដូច្នេះក៏បញ្ចប់ការសន្ទនាទៅ ។
« មិនយូរប៉ុន្មាន បងប្រុស អូឆើចាវ បានអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៥:៨ [ហើយ]ឃ្លា « ទប់ហឹប» បានដក់ក្នុងចិត្តគាត់ ។ គាត់ … បានអានពាក្យដកស្រង់ដោយប្រធាន ដេវីឌ អូ មិកឃេ នៅក្នុងសៀវភៅសិក្សាថ្នាក់វិទ្យាស្ថាន ដែលនិយាយថា អ្នកទាំងឡាយដែល ‹ ទប់ហឹប › នឹងត្រូវស្លាប់ខាងវិញ្ញាណយ៉ាងឆាប់ ។ ក្រោយមក បងប្រុស អូឆើចាវបានសរសេរ ៖ ‹ ដោយមិនចង់បាត់បង់ព្រះវិញ្ញាណ នោះខ្ញុំបានចាប់ផ្ដើមធ្វើការអនុវត្តកម្មវិធីថ្នាក់សិក្ខាសាលាពេលព្រឹកព្រលឹមសម្រាប់ប្រទេសម៉ុងហ្គោលី ។ គួរឲ្យភ្ញាក់ ថ្នាក់ដឹកនាំបព្វជិតភាពក្នុងមូលដ្ឋានមានចិត្តក្លៀវក្លាអំពីគំនិតនេះ› » ។៩ នៅខែកញ្ញា ឆ្នាំ ២០០៩ ពួកគេបានចាប់ផ្ដើមមានសិស្ស ១៤០ នាក់ ហើយដល់ខែមិនា មានសិស្ស ៣៥២ នាក់ចូលរួមដោយក្លាហានទាំងរដូវរងារដ៏ត្រជាក់ក្នុងប្រទេសម៉ុងហ្គោលីក្នុងរយៈពេល ៣០ ឆ្នាំ--ជារដូវត្រជាក់មួយដែលមានសីតុណ្ហភាពជាមធ្យមគឺដក ២៥ ឌីក្រេ ហ្វារិនហៃ ។
នៅក្នុងសន្និសីទទូទៅ ប៊ីស្សព វិកទ័រ អិល ប្រោន បានមានប្រសាសន៍ថា ៖ « នៅក្នុងពិភពលោក មានអង្គការ ព្រះវិហារ រដ្ឋាភិបាល និងក្រុមគ្រួសារជាច្រើន បានបាត់បង់នូវថាមពលរបស់ពួកគេយ៉ាងច្រើន ដោយសារតែពួកគេខ្លាចក្នុងការសុំឲ្យមនុស្សធ្វើការលះបង់ ។ វាគឺជារឿងសំខាន់ ដែលយើងមិនធ្វើកំហុសដូចគ្នានេះ » ។១០
ខ្ញុំសូមចំណាយពេលនេះអរគុណ ជំនួសឲ្យអ្នកគ្រប់គ្រង ចំពោះការលះបង់ដែលបងប្អូនទាំងអស់គ្នាបានធ្វើ ។ រឿងដ៏សំខាន់បំផុតជាច្រើនដែលបងប្អូនធ្វើ ដើម្បីប្រទានពរដល់យុវវ័យដំណើរការទៅដោយគ្មានការទទួលស្គាល់ ហើយក៏ពុំមានបង្ហាញនៅក្នុងរបាយការណ៍ដែរ ។ តែខ្ញុំជឿថា ការបម្រើ និងការលះបង់នោះ បានបន្ដរីកចម្រើននៅក្នុងអង្គភាពរបស់យើង ។ សូមអរគុណ។ នៅពេលយើងច្រៀងនៅក្នុងទំនុកដម្កើងមួយរបស់យើង សូមឲ្យការលះបង់របស់បងប្អូន « នាំពរជ័យពីស្ថានសួគ៌ »១១ មានមកលើបងប្អូន និងមនុស្សជាទីស្រឡាញ់របស់បងប្អូន ។
កម្មវិធីថ្នាក់សិក្ខាសាលា និងថ្នាក់វិទ្យាស្ថានដែលមានជោគជ័យ តម្រូវឲ្យគ្រូបង្រៀនខាងសាសនាមានទំនាក់ទំនងការងារល្អជាមួយអ្នកដទៃជានិច្ច រួមទាំងឪពុកម្ដាយ អ្នកដឹកនាំបព្វជិតភាព បុគ្គលិកនៅសាលា និងសមាជិកក្នុងសហគមន៍ ។ ទង្វើ និងការងាររបស់យើងជាមួយអ្នកដទៃ ត្រូវតែជាគំរូពីព្រះវិញ្ញាណនៃព្រះគ្រីស្ទ និងដំណឹងល្អរបស់ទ្រង់ជានិច្ច ។
អែលឌើរ រ៉ូបឺត ឌី ហែល បានមានប្រសាសន៍ថា « របៀបដែលយើងប្រព្រឹត្តនឹងសមាជិកគ្រួសាររបស់យើង អ្នកជិតខាងរបស់យើង សហការីជំនួញ និងមនុស្សទាំងអស់ដែលយើងជួប នឹងបើកសម្ដែងឡើង ថាតើយើងបានលើកដាក់មកលើខ្លួនយើងនូវព្រះនាមរបស់ទ្រង់ ហើយចងចាំទ្រង់ជានិច្ចនោះ »១២ ស្មារតីនេះ ត្រូវបានបង្ហាញតាមរយៈនាយកនៃថ្នាក់វិទ្យាស្ថានដំបូងបំផុត គឺបងប្រុស ជេ វីលី សេសស៊ិន ។
បន្ទាប់ពីបានបម្រើអស់រយៈពេលប្រាំពីរឆ្នាំ ក្នុងនាមជាប្រធានបេសកកម្មអាហ្រ្វិកខាងត្បូង ។ បងប្រុស និងបងស្រី សេសស៊ិន ត្រូវបានសុំដោយគណៈប្រធានទីមួយឲ្យផ្លាស់ទៅទីក្រុង ម៉ូស្កូ រដ្ឋ អៃដាហូ ដើម្បីចាប់ផ្ដើមថ្នាក់វិទ្យាស្ថាន ។ « ខណៈដែលសមាជិកនៃសាសនាចក្រនៅទីក្រុង [ម៉ូស្កូ រដ្ឋអៃដាហូ] បានស្វាគមន៍ដល់បងប្រុស សេសស៊ិន និងគ្រួសារគាត់ នោះមានក្រុមមនុស្សមួយចំនួនក្នុងសហគមន៍មើលមកពួកគេដោយសង្ស័យ ។ ភាពមិនច្បាស់លាស់នៃកិច្ចការរបស់គាត់នៅទីក្រុង ម៉ូស្កូ បានកើតមាននូវការពុំទុកចិត្ត ។ អ្នកអាជីវកម្មក្នុងមូលដ្ឋានមួយចំនួន បានថែមទាំងចាត់តាំងគណៈកម្មការមួយដើម្បីឃ្លាំមើលគាត់ ហើយត្រូវប្រាកដថា គាត់ពុំ ‹ ដាក់ការបង្រៀននៃពួកមរមន › នៅសាកលវិទ្យាល័យឡើយ ។
បងប្រុស សេស៊ិន បានចូលរួមក្នុងអង្គការសហគមន៍ជាច្រើនដើម្បីព្យាយាមជួបមនុស្សដែលពុំចង់និយាយនឹងគាត់ ។ នៅក្នុងពេលបរិភោគអាហារពេលល្ងាចរៀងរាល់ពីរសប្ដាហ៍ម្ដង ដែលធ្វើឡើងដោយសភាពាណិជ្ជកម្ម គាត់បានទៅអង្គុយជិតនឹងបុរសម្នាក់ដែលជាប្រធានគណៈកម្មការ ដែលបានតែងតាំងដើម្បីជំទាស់នឹងការងារគាត់ ។ នៅក្នុងអាហារពេលល្ងាចមួយ [បុរសនេះ]បាននិយាយថា ‹ … អ្នកជាមនុស្សគួរឲ្យចាប់អារម្មណ៍ ។ ខ្ញុំត្រូវបានតែងតាំងក្នុងគណៈកម្មការមួយដើម្បីរារាំងអ្នកកុំឲ្យចូលទីក្រុង ម៉ូស្គូ ហើយរាល់ពេលដែលខ្ញុំជួបអ្នក អ្នកមកទីនេះយ៉ាងរួសរាយរាក់ទាក់ ដែលខ្ញុំចូលចិត្តអ្នកខ្លាំងឡើងរាល់ពេល › ។ បងប្រុស សេសស៊ិន បានតបថា ‹ ខ្ញុំក៏ដូចគ្នាដែរ ។ យើងគួរធ្វើជាមិត្តល្អនឹងគ្នាទៅ › ។ បងប្រុស សេសស៊ិន ក្រោយមកបានប្រាប់ថា [បុរសនេះ] បានក្លាយជាមិត្តល្អបំផុតម្នាក់របស់គាត់ អំឡុងពេលស្នាក់នៅទីក្រុង ម៉ូស្គូ » ។១៣
នៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ព្រះអម្ចាស់បានមានបន្ទូលថា « ហើយគ្មានអ្នកណាអាចជួយក្នុងកិច្ចការនេះបានឡើយ លើកលែងតែអ្នកនោះនឹងបន្ទាបខ្លួន ហើយពោរពេញទៅដោយសេចក្ដីស្រឡាញ់ » ។១៤ យើងពុំអាចធ្វើកិច្ចការជាគ្រូបង្រៀនសាសនាទេ បើយើងពុំត្រូវបានលើកទឹកចិត្តដោយក្ដីស្រឡាញ់ ៖ ជាក្ដីស្រឡាញ់ចំពោះព្រះអម្ចាស់ ក្រុមគ្រួសារយើង សិស្សយើង និងអ្នកទាំងឡាយដែលយើងធ្វើការជាមួយនោះ ។
នៅឆ្នាំ ១៩៧៨ អែលឌើរ ហ្គរដុន ប៊ី ហ៊ិងគ្លី បានមានប្រសាសន៍ទៅកាន់បុគ្គលិកអប់រំសាសនាចក្រ ៖
« ចូរឲ្យសេចក្ដីស្រឡាញ់ធ្វើជាគោលការណ៍ដឹកនាំ ។ វាជាកម្លាំងដ៏មហិមាបំផុតនៅលើផែនដី ។ …
«បណ្ដុះ … សេចក្ដីស្រឡាញ់ចំពោះ សិស្ស ដែលអ្នកបង្រៀន ជាពិសេសសម្រាប់អ្នកទាំងឡាយណាដែលពិបាកនឹងជួយ ។ ពួកគេត្រូវការអ្នកខ្លំាងបំផុត ហើយអព្ភូតហេតុនឹងកើតមានក្នុងជីវិតរបស់ពួកគេ នៅពេលអ្នកធ្វើការជាមួយពួកគេដោយស្មារតីនៃការលើកទឹកចិត្ត និងសណ្ដានចិត្តល្អ នឹងនាំមកនូវសេចក្ដីល្អ និងភាពស្កប់ស្កល់មកដល់អ្នកពេញមួយជីវិត ហើយនាំឲ្យពួកគេមាននូវភាពរឹងមាំ និងសេចក្ដីជំនឿ ព្រមទាំងទីបន្ទាល់ » ។១៥
ជួនកាល អ្នកអាចនឹងឃើញថាវាពិបាកដើម្បីស្រឡាញ់សិស្សណាម្នាក់ ឬសិស្សផ្សេងទៀត ដែលអ្នកធ្វើការជាមួយនោះ ។ តើយើងធ្វើម៉េច ? យើងមាននៅក្នុងប្រវត្តិរបស់យើងនូវដំណើររឿងរបស់អ្នកគ្រប់គ្រងពីមុនៗ និងការលំបាកដែលគាត់មាន នៅក្នុងការស្រឡាញ់ដល់អ្នកទាំងឡាយដែលគាត់ត្រូវបានសុំឲ្យធ្វើការជាមួយ ។ សូមកត់ចំណាំនៅក្នុងរឿងនេះនូវអ្វីដែលធ្វើឲ្យគាត់មានក្ដីស្រឡាញ់នៅទីបំផុត ។
នៅពេលសាសនាចក្រត្រូវបានពង្រីកជាអន្តរជាតិ ថ្នាក់សិក្ខាសាលា និងថ្នាក់វិទ្យាស្ថាននៃសាសនា បានជួបនឹងឧបសគ្គនៃការផ្ដល់ការអប់រំខាងសាសនានៅក្នុងប្រទេសថ្មី វប្បធម៌ថ្មី និងភាសាថ្មី ។ នៅដើមឆ្នាំ ១៩៧០ ការគ្រប់គ្រងថ្នាក់សិក្ខាសាលា និងថ្នាក់វិទ្យាស្ថាននៃសាសនាត្រូវបានរៀបរចនាសម្ព័ន្ធជាថ្មី ហើយជំនួយការអ្នកគ្រប់គ្រងត្រូវបានផ្ដល់ទៅឲ្យតំបន់ជាអន្ដរជាតិមើលខុសត្រូវវិញ ។
ហ្វ្រែង ដេ ជាជំនួយការអ្នកគ្រប់គ្រងមួយរូប ដែលបានបម្រើជាទាហានជើងទឹកនៅក្នុងសង្គ្រាមលោកលើកទី ពីរ ។ គាត់បានធ្វើចម្បាំងនៅប៉ាស៊ីភិចខាងត្បូង ហើយត្រូវបានបង្រៀនឲ្យស្អប់មារសត្រូវ ។ បងប្រុស ដេ ឥឡូវបារម្ភថា គាត់អាចនឹងត្រូវបានចាត់ឲ្យទៅធ្វើការជាមួយនឹងមនុស្សនៅតំបន់អាស៊ី ។
ដូចដែលគាត់ភ័យខ្លាច បងប្រុស ចូ ចេ គ្រីស្ទីនសិន ជាសហការីអភិបាលអប់រំ បានសុំឲ្យគាត់គ្រប់គ្រងលើតំបន់ប៉ាស៊ីភិចខាងត្បូង និងតំបន់អាស៊ី ។ « នៅពេល[បងប្រុស] ដេ បានធ្វើដំណើរឆ្លងកាត់មហាសមុទ្រប៉ាស៊ីភិចឆ្ពោះទៅកាន់ប្រទេសជប៉ុន … អារម្មណ៍ដែល[គាត់មានកាលពីសង្គ្រាម] នៅតែឆេះងំនៅក្នុងដួងចិត្តគាត់ ទោះជាគាត់បានអធិស្ឋានយ៉ាងអស់ពីចិត្តសុំឲ្យរម្ងាប់ទៅក្ដី ។ នៅពេលគាត់ហៀបនឹងចុះចត បងប្រុស ដេ បានមានអារម្មណ៍ពេញដោយភាពភ័យខ្លាចយ៉ាងខ្លាំង ។ គាត់បានធ្វើដំណើរឆ្លងកាត់អកាសយាន្ដដ្ឋាន … ហើយបានទៅរកប្រធានបេសកកម្ម ។ នៅពេលគាត់មើលទៅទឹកមុខរបស់ប្រធានបេសកកម្ម គាត់បានមើលឃើញក្ដីស្រឡាញ់នៅទីនោះ ហើយត្រូវបានគ្របដណ្ដប់ដោយអារម្មណ៍នៃក្ដីស្រឡាញ់ផ្ទាល់ខ្លួនរបស់គាត់ » ។ រាល់អារម្មណ៍ដែលអវិជ្ជមានទាំងប៉ុន្មានរបស់គាត់ត្រូវបានរលាយបាត់ ។១៦
បងប្រុស ដេ បានថ្លែងថា គាត់បានអធិស្ឋានដោយអស់ពីចិត្ត ហើយព្រះវិញ្ញាណនៃព្រះអម្ចាស់បាននាំក្ដីស្រឡាញ់ចូលមកក្នុងចិត្តគាត់ដែលពុំធ្លាប់មានតាមធម្មតាឡើយ ។ យើងអាចធ្វើដូចគ្នាបាន ។ មរមនបានទូន្មានថា « អធិស្ឋានដល់ព្រះវរបិតាដោយអស់ពីកម្លាំងចិត្តដើម្បីឲ្យអ្នករាល់គ្នាបានពោរពេញដោយសេចក្ដីស្រឡាញ់នេះ » ។១៧
វិញ្ញាណដដែលនោះ ក៏អាចត្រូវបានលើកទឹកចិត្តផងដែរ ហើយលើកយើងឡើងនៅពេលណាដែលយើងមានអារម្មណ៍ឯកោ ពុំមានអំណរគុណ ឬបាក់ទឹកចិត្ត ។
បប និង ឃ្វីដា អាណុល បានទទួលការចាត់តាំងឲ្យផ្លាស់ទៅ ហ្គូតេម៉ាឡា ហើយចាប់ផ្ដើមកម្មវិធីថ្នាក់សិក្ខាសាលា និងថ្នាក់វិទ្យាស្ថាននៅទីនោះ ។ បងប្រុស អាណុល ពិពណ៌នាអំពីអារម្មណ៍ដែលគាត់មាន នៅតាមផ្លូវដ៏យូរត្រឡប់ទៅផ្ទះគាត់វិញ បន្ទាប់ពីបញ្ចប់កិច្ចការចាត់តាំងរបស់គាត់ ៖ « វាម៉ោងដប់ពីរកន្លះ ឬម៉ោងមួយព្រឹក ។ ប្រហែលជានៅម៉ោងនេះហើយ ដែលខ្ញុំបានមានអារម្មណ៍ដ៏ឯកោគួរឲ្យរន្ធត់នេះ ថាគ្មាននរណាក្នុងលោកនេះដឹងថាខ្ញុំនៅទីណាទេ ។ គ្រួសាររបស់ខ្ញុំគិតថា ខ្ញុំកំពុងដេកនៅកន្លែងណាមួយហើយ ។ មនុស្សនៅសហរដ្ឋអាមេរិក ពុំដឹងថាខ្ញុំកំពុងធ្វើអ្វីទេ ។ ខ្ញុំមានអារម្មណ៍ឯការណាស់ ។ នៅពេលខ្ញុំបើកឡានឆ្លងកាត់តំបន់ដ៏ស្រស់ស្អាតមួយ [ តំបន់ព្រៃ ] ដែលមានមេឃស្រឡះពេញដោយផ្កាយរះព្រោងព្រាត ខ្ញុំបានក្រឡេកមើលទៅលើ ហើយព្រះវិញ្ញាណបានខ្សឹបប្រាប់ថា ‹ យើងដឹងថាអ្នកនៅកន្លែងណា › ។ ភាពឯកោបានរសាត់បាត់ទៅ ហើយខ្ញុំបានយំយ៉ាងខ្លាំងនៅតាមផ្លូវទៅផ្ទះ ។ អារម្មណ៍នៃក្ដីអំណរ និងភាពសុខសាន្ដដែលបានមកពីការដឹងថា ព្រះវរបិតាសួគ៌ា បានដឹងអំពីខ្ញុំ និងអ្វីដែលខ្ញុំកំពុងធ្វើ » ។១៨
បើប្រវត្តិនៃថ្នាក់សិក្ខាសាលា និងថ្នាក់វិទ្យាស្ថានបានបង្រៀនយើងអ្វីមួយ នោះគឺពិតជាមាននូវអំណុរគុណចំពោះឯកសិទ្ធិដ៏មហិមារបស់យើងក្នុងការចូលរួមនឹងយុវវ័យស្មោះត្រង់ និងមានជំនឿរបស់សាសនាចក្រ ។ នៅគ្រប់តំបន់នៃពិភពលោក សិស្សទាំងនេះបានបង្ហាញនូវស្មារតីនៃក្ដីជំនឿ និងការលះបង់ ។ ឧទាហរណ៍ យុវជនម្នាក់ក្រោកឡើងនៅម៉ោង ៣:១៥ នាទីរាល់ព្រឹកដើម្បីគាត់អាចទៅថ្នាក់សិក្ខាសាលាទាន់ពេល ។ ការធ្វើដំណើររបស់គាត់តម្រូវឲ្យគាត់ដើរទៅរកចំណតឡានក្រុង រួចជិះឡាន ១៥ នាទី ទៅរង់ចាំឡានទីពីរ ជិះឡាននោះទៅ ហើយដើររំលងបួនផ្លូវទៀតដើម្បីទៅដល់អគារសាសនាចក្រ ។ ជាញឹកញាប់គាត់ត្រូវតែធ្វើដូចនេះនៅពេលមានភ្លៀង និងពេលត្រជាក់ផងដែរ ។ នៅចុងឆ្នាំ គាត់ទទួលភាគរយនៃការចូលរួមបាន ៩០ ភាគរយ ហើយគ្មានយឺតម៉ោងទេ ។
ខ្ញុំសូមផ្ដល់ឧទាហរណ៍មួយទៀត អំពីរបៀបដែលសិស្សរបស់យើងអាចមានពេញដោយសេចក្ដីជំនឿ និងការលះបង់ ។
ស្ទីវហ្វិន ឃេ អ៊ីបា ជាអតីតជំនួយការអ្នកគ្រប់គ្រង បានបម្រើជាអ្នកផ្សព្វផ្សាយសាសនានៅប្រទេសហ្វីលីពីន ហើយពីរបីឆ្នាំក្រោយមកបានត្រឡប់ទៅប្រទេសនោះវិញ ដើម្បីជួយបង្កើតថ្នាក់សិក្ខាសាលានៅទីនោះ ។ គាត់បានប្រាប់អំពីការទៅសួរសុខទុក្ខគ្រួសារមួយ ដែលគាត់ស្គាល់កាលជាអ្នកផ្សព្វផ្សាយសាសនា-- ជាគ្រួសារមួយដែលមានកូនស្រី« ដ៏រីករាយម្នាក់អាយុ ដប់ពីរឆ្នាំ »ឈ្មោះ ម៉ារៀ ។ បងប្រុស អ៊ីបាបានសរសេរ ៖
« ខ្ញុំបានគោះទ្វារផ្ទះបិទដីរបស់ពួកគេ … ហើយម្ដាយបានបើកទ្វារ ។ … ខ្ញុំ [ បានប្រាប់ ] គាត់ពីមូលហេតុដែលខ្ញុំត្រឡប់មកវិញ ហើយបានពន្យល់អំពីកម្មវិធីសិក្សាថ្នាក់សិក្ខាសាលានៅផ្ទះ ។
« ខ្ញុំបានសួរអំពីម៉ារៀ ដែលមានអាយុដប់ប្រាំបួនឆ្នាំ ។ ម្ដាយបានទាញវាំងននដែលបាំងជាបន្ទប់ចេញ ហើយម៉ារៀនៅទីនោះ ដែលដេកនៅលើគ្រែតូចមួយ ដូចរូបម៉ាឡាកាំង ដែលមានទម្ងន់ហាសិប ឬហុកសិបផោន ស្ថិតនៅក្នុងដំណាក់កាលចុងក្រោយនៃជំងឺមហារីក ។ នាងបានបើកភ្នែកឡើងដោយស្នាមញញឹមដ៏ស្រស់ និងកែវភ្នែកមានរស្មី នៅពេលខ្ញុំដើរទៅជិតនាង ។
« នាងបានសួរបើសិនជានាងអាចចាប់ផ្ដើមសិក្សាថ្នាក់សិក្ខាសាលារបស់នាង ។ នាងមានតែរយៈពេលប្រាំមួយខែទៀតប៉ុណ្ណោះដើម្បីរស់នៅ ហើយនាងចង់ត្រៀមខ្លួនឲ្យបានល្អដើម្បីបង្រៀនដល់សាច់ញាតិរបស់នាងនៅពិភពវិញ្ញាណ ។ ខ្ញុំបានសន្យាថា ដរាបណាសម្ភារមកដល់ទីក្រុងម៉ានិលភ្លាម នាងនឹងទទួលបានវាមុនគេ ។ នៅពេលខ្ញុំត្រឡប់ទៅសប្ដាហ៍ក្រោយវិញ ម៉ារៀត្រៀមខ្លួនជាស្រេចដើម្បីសិក្សា ។
« ឥឡូវនេះ ឪពុករបស់នាង ជាសមាជិកម្នាក់ និងជាប្រធានសាខា បានដាក់កញ្ចក់នៅលើក្បាលនាង ដើម្បីនាងអាចមើលឡើងលើ ហើយអាន និងសរសេរ ។ ដោយសារស្ថានភាពទន់ខ្សោយរបស់នាង នោះនាងពុំអាចងើបអង្គុយបានទេ ។ មួយសប្ដាហ៍ពីមុននាងស្លាប់ … ម៉ារៀ បានបញ្ចប់លំហាត់ចុងក្រោយនៃការសិក្សាព្រះគម្ពីរមរមននៅផ្ទះ--ដោយបានខិតខំរយៈពេលប្រាំបួនខែ បំពេញគ្រប់ពាក្យ គ្រប់ចន្លោះ ដែលមានច្រើនជាងមួយពាន់ទំព័រ » ។១៩
វាគឺជាក្ដីសង្ឃឹមរបស់យើងថា នៅពេលប្រវត្តិនេះមានសម្រាប់អ្នក នោះអ្នកនឹងអានវា យកវាមកដាក់ក្នុងខ្លួននូវមេរៀនដែលវាអាចបង្រៀនយើង ហើយ--ដែលសំខាន់បំផុត -- ធ្វើជាបណ្ដាញដ៏រឹងមាំមួយនៅក្នុងតំណនៃប្រវត្តិដែលលាតត្រដាងរបស់យើង ។
ប្រធាន ឌៀថើរ អេស្វ អុជដូហ្វ បានមានប្រសាសន៍ ៖
« ពេលខ្លះ យើងចាត់ទុកការស្ដារឡើងវិញនៃដំណឹងល្អថាជាអ្វីមួយដែលពេញលេញ ។ … តាមពិតទៅ ការស្ដារឡើងវិញ គឺជាដំណើរការគ្មានទីបញ្ចប់ ដ្បិតពេលនេះយើងកំពុងរស់នៅក្នុងសម័យនៃការស្ដារឡើងវិញហើយ ។ …
« នេះគឺជារយៈពេលដ៏គួរស្ញប់ស្ញែងបំផុត នៅក្នុងប្រវត្តិសាស្ត្រពិភពលោក ! »
នៅក្នុងបំភ្លឺនៃរឿងនោះ ប្រធាន អុជដូហ្វ បានទូន្មានយើងកុំឲ្យ « ដេកលង់លក់ក្នុងអំឡុងពេលនៃការស្ដារឡើងវិញឡើយ » ។២០ យើងគប្បីមានទាំងអំណរគុណ និងចិត្តរាបសារ ដែលយើងត្រូវបានផ្ដល់ឲ្យនូវឯកសិទ្ធិពិសិដ្ឋ ក្នុងការជួយសរសេរជំពូកនេះនៅក្នុងដំណើររឿងនៃការស្ដារឡើងវិញដែលគ្មានទីបញ្ចប់នេះ ។
យើងទាំងអស់គ្នាគឺជាសាក្សីចំពោះរបៀបដែលព្រះអម្ចាស់ កំពុងពន្លឿនកិច្ចការនៃសេចក្ដីសង្គ្រោះរបស់ទ្រង់ ។ អែលឌើរ ឃ្វីនថិន អិល ឃុក បានមានប្រសាសន៍ថា « ផ្នែកដ៏សំខាន់ក្នុងការពន្លឿនកិច្ចការនៃការសង្គ្រោះសម្រាប់ទាំងអ្នកនៅរស់ និង អ្នកស្លាប់ នឹងសម្រេចទៅបាន ដោយសារអ្នកទាំងអស់គ្នាដែលជាយុវវ័យនេះឯង » ។២១ ក្នុងនាមជាគ្រូបង្រៀនសាសនា យើងអាចជួយរៀបចំពួកគេឲ្យធ្វើកិច្ចការដ៏សំខាន់នេះ ។ យើងអាចជួយពួកគេល្អបំផុត ដូចជាប្រធាន អាវរិង បានផ្ដល់យោបល់កាលពីប៉ុន្មានឆ្នាំមុន គឺតាមរយៈការសុំពីពួកគេឲ្យច្រើន កុំសុំតិចឡើយ ។២២
នៅពេលសិស្សលើកកម្ពស់ការរៀនសូត្ររបស់ពួកគេតាមរយៈការចូលរួមក្នុងថ្នាក់ជាទៀងទាត់ ដោយការអានក្រៅពីថ្នាក់រៀន ហើយដោយការចូលរួមនៅក្នុងការវាយតម្លៃ នោះពួកគេនឹងត្រៀមខ្លួនច្រើនជាងជំនាន់មុនៗ ។
អ្នកនិពន្ធគ្រីស្ទាន និងអ្នកសម្រុះសម្រួល ស៊ី. អេស លូវីស បានសរសេរថា « ព្រឹត្តការណ៍សំខាន់បំផុតនៅក្នុងគ្រប់យុគសម័យ គឺពុំដែលបានដាក់បញ្ចូលក្នុងសៀវភៅប្រវត្តិសាស្ត្រឡើយ »២៣ អស់រយៈពេលជាងមួយរយឆ្នាំកន្លងទៅ មានមនុស្សនៅក្នុងថ្នាក់សិក្ខាសាលា និងថ្នាក់វិទ្យាស្ថាន ដែលបានធ្វើការយ៉ាងខ្លាំង ហើយបានលះបង់ដើម្បីជួយនាំយុវវ័យឲ្យមកព្រះគ្រីស្ទ ។ ភាគច្រើនបុគ្គលទាំងនោះ និងរឿងរបស់ពួកគេ នឹងពុំដែលធ្វើចេញជាសៀវភៅនោះទេ ប៉ុន្តែយើងបានធានាថា ពួកគេនឹងពុំត្រូវបំភ្លេចទៀតឡើយ ។ « ពួកទេវតាកំពុងកត់ត្រាអំពីពួកយើង »២៤ ហើយមានសៀវភៅមួយក្បាលត្រូវបានរក្សាទុកនៅកន្លែងមួយ ដែលនឹងដាក់បញ្ចូលគ្រប់ទង្វើនិមួយៗ-- រួមទាំងទង្វើរបស់អ្នកផង-- ដែលកំពុងតែជួយព្រះអម្ចាស់សម្រេចកិច្ចការរបស់ទ្រង់ ។
យើងបាននិយាយមួយសន្ទុះថ្ងៃនេះអំពីប្រវត្តិរបស់យើង ។ ប៉ុន្តែនៅពេលយើងងាក ហើយមើលទៅអនាគតកាល វានឹងល្អដើម្បីចងចាំនូវការពន្យល់របស់អែលឌើរ ជេម អ៊ី ថាល់ម៉េហ្គ ។ លោកពោលថា « ការព្យាករណ៍ គឺជាកំណត់ត្រានៃរឿងទាំងឡាយពីមុនវាត្រូវបានកើតឡើង ។ ប្រវត្តិគឺជាកំណត់ត្រាមួយអំពីរឿងទាំងឡាយ បន្ទាប់ពីវាបានកើតឡើង ហើយការណ៍ទាំងពីរនេះ ការព្យាករណ៍គឺត្រូវបានទុកចិត្តថាត្រឹមត្រូវច្រើនជាងប្រវត្តិសាស្ត្រ » ។២៥
ហើយចុះតើការព្យាករណ៍និយាយអ្វីខ្លះអំពីអនាគតកាលរបស់យើង ? ព្យាការី យ៉ូសែប ស្ម៊ីធបានប្រាប់យើង ៖ « សេចក្ដីពិតរបស់ព្រះនឹងឆ្ពោះទៅមុខដោយមុតមាំ ថ្លៃថ្នូ និងឯករាជ្យ រហូតដល់វាចាក់ទម្លុះគ្រប់ទ្វីប ទៅគ្រប់លំហរអាកាស បោកបក់ទៅគ្រប់ប្រទេស ហើយបានស្ដាប់ឮនៅគ្រប់ត្រចៀក រហូតដល់គោលបំណងរបស់ព្រះ នឹងបានសម្រេច ហើយព្រះយេហូវ៉ាដ៏មហិមា នឹងមានបន្ទូលថា កិច្ចការបានចប់សព្វគ្រប់ហើយ » ។២៦
សូមឲ្យព្រះអម្ចាស់ប្រទានពរដល់យើងម្នាក់ៗនៅក្នុងកិច្ចខិតខំរបស់យើងដើម្បីប្រើប្រវត្តិរបស់យើងដើម្បីចងចាំ--និងធ្វើសកម្មភាព --នៅពេលយើងជួយនាំឲ្យមានភាពជោគជ័យដ៏រុងរឿងនៅក្នុងកិច្ចការរបស់ព្រះអម្ចាស់ ។ នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។
© 2015 ដោយ Intellectual Reserve, Inc ។ រក្សាសិទ្ធិគ្រប់យ៉ាង ។ អនុមតិជាភាសាអង់គ្លេស ៖ 6/15 ។ អនុមតិឲ្យបកប្រែ ៖ ៦/១៥ ។ ការបកប្រែនៃ « Remember and Act. » Cambodian ។ PD10054335 ២៥៨