សន្និសីទ​អ្នក​អប់រំ​ខាង​សាសនា ស៊ី.អ៊ី.អេស
បញ្ជី​ត្រួត​ពិនិត្យ​របស់​គ្រូបង្រៀន


30:15

បញ្ជី​ត្រួត​ពិនិត្យ​របស់​គ្រូបង្រៀន

ការបង្រៀនតាមរបៀបរបស់​ព្រះអង្គសង្គ្រោះ ​ជាមួយ​អែលឌើរ អុជដូហ្វ

ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២២

​មនុស្ស​ជាទីស្រឡាញ់​របស់​ខ្ញុំ !

បងប្អូនប្រុស​ស្រី មិត្តជាទីស្រឡាញ់​របស់​ខ្ញុំ នេះជាគ្រា​ដ៏អស្ចារ្យ​ណាស់​ដើម្បី​ជួបជុំគ្នា ហើយមើល​វីដេអូ​ដ៏​អស្ចារ្យ និង​ល្អនេះ ដែលបង្ហាញ​ដល់យើង​អំពី​របៀប​ដែល​សមាជិក​នៃ​សាសនាចក្រ​ និង​ប្រជាជន​នៅលើ​ពិភពលោក អាច​បង្រៀន​តាម​របៀប​របស់​ព្រះអង្គសង្គ្រោះ​នៅគ្រប់វ័យ គ្រប់ជំនាន់ ។​

មែនហើយ មិត្តជាទីស្រឡាញ់អើយ ខ្ញុំ​មានអំណរគុណណាស់​ដើម្បី​នៅជាមួយ​មនុស្ស​ជាទីស្រឡាញ់​របស់ខ្ញុំ​នាថ្ងៃនេះ ៖ ដោយសារ​មនុស្ស​ទាំងអស់​គឺ​ជា​គ្រូបង្រៀន​តាម​ទម្រង់​មួយ ឬ​ផ្សេង​ទៀត នោះ​ខ្ញុំ​គួរ​តែ​គិត​អំពី​ក្រុម​មនុស្ស​ជា​ទីស្រឡាញ់​ ដែលខ្ញុំ​ត្រូវ​រាប់​បញ្ចូល ។ ខ្ញុំ​ស្រឡាញ់គ្រូបង្រៀន​ទាំងឡាយ ។ ខ្ញុំ​ចូលចិត្ត​នៅ​ជាមួយ​ពួកគេ​ណាស់ ។ ខ្ញុំ​ស្រឡាញ់ ហើយ​ជំពាក់គុណគ្រូបង្រៀន​ទាំងឡាយ​នៅក្នុង​ជីវិត​ខ្ញុំ ពុំមានអ្វី​អាច​កាត់ថ្លៃបាន ។

អ្នកប្រាជ្ញ​បាន​សិក្សា​ពី​អ្វី​ដែល​ធ្វើ​ឲ្យ​គ្រូបង្រៀន​ល្អ​ឥតខ្ចោះ​រាប់រយ​ឆ្នាំ ហើយ​បាន​ដាក់ស្នើរ ផ្សព្វផ្សាយ និងបោះពុម្ព​ទ្រឹស្ដី​​របស់ពួកគាត់​យ៉ាងទូលំទូលាយ ​ជាអ្វី​ដែលធ្វើ​ឲ្យ​មាន​បទពិសោធន៍​រៀនសូត្រ​ដោយជោគជ័យ​ផងដែរ ។​

យើង​ទាំងអស់គ្នា​មានពរជ័យ​ដើម្បី​រៀន​មកពី​គ្រូបង្រៀន​ដ៏អស្ចារ្យបំផុត​នៅគ្រប់ជំនាន់ គឺព្រះយេស៊ូវគ្រីស្ទ ។ ផ្នែក​ដ៏ល្អ​ប្រសើរ​កាល​ពីជាង​ពីរពាន់​ឆ្នាំ​កន្លង​ទៅ ខ្ញុំ​មិន​គិត​ថា​មានការ​រំលង​មួយ​វិនាទី— ឬ​នៅ​កន្លែង​ណា​មួយ​ក្នុង​ពិភពលោក​នេះ— ដែល​ការបង្រៀន​របស់​ទ្រង់ ពុំ​ត្រូវ​បាន​គេ​រក្សាទុក សិក្សា ពិចារណា លើក​ឡើង​ដដែលៗ និង​ធ្វើ​ជា​គំរូ​នោះ​ទេ ។

ហើយ​តើ​នោះ​ពុំ​មែន​ជា​គោលដៅ​របស់​គ្រូបង្រៀន​ទាំងអស់​ទេ​ឬ​អី ? ដើម្បី​ធ្វើ​ឲ្យ​មាន​ភាព​ខុសប្លែក​ដ៏​យូរអង្វែង​សម្រាប់​សេចក្ដីល្អ ? ដើម្បី​ប្រទានពរ​ជីវិត​អ្នកដទៃ​តាម​របៀប​មួយ​ ដែលលើស​​ហួស​ពី​មេរៀន​មួយ ឬ​ថ្នាក់រៀន​មួយ ?

ហើយ​ព្រះយេស៊ូវ​នៃ​ណាសារ៉ែត មាន​ឥទ្ធិពល​ប្រភេទ​នោះ— តាំង​ពី​អតីតកាល បច្ចុប្បន្នកាល និងអនាគតកាល ។ ដូច្នេះ​តើ​មាន​នរណា​ល្អ​ជាង​នេះ ​ដើម្បី​ឲ្យ​យើង​សិក្សា​តាម ? បើ​យើង​រៀន​ពី​ទ្រង់ នោះ​យើង​នឹង​កែលម្អ មិន​គ្រាន់​តែ​ជា​គ្រូបង្រៀន​ប៉ុណ្ណោះ​ទេ មិន​ថា​ស្ថានភាព​ក្នុង​ជីវិត​របស់​យើង​យ៉ាង​ណា​ទេ ប៉ុន្តែ​យើង​នឹង​កែលម្អ​យ៉ាង​ខ្លាំង​ក្នុង​នាម​ជា​មនុស្ស​ជាតិ ។

ដូច្នេះ​ វា​គឺ​ជា​ឯកសិទ្ធិ​ និង​កិត្តិយស​របស់​ខ្ញុំ​ដើម្បី​ថ្លែង​ទៅ​កាន់​អ្នក​នៅ​ថ្ងៃ​នេះ​អំពី​ព្រះអង្គសង្គ្រោះ— ដោយ​សារ​របៀប​ដ៏​ល្អបំផុត​ដើម្បី​ប្រែក្លាយ​ជា​គ្រូបង្រៀន​កាន់​តែ​ល្អ​ប្រសើរ គឺ​ត្រូវ​ធ្វើ​ជា​អ្នក​ដើរ​តាម​ព្រះយេស៊ូវគ្រីស្ទ​ឲ្យ​កាន់តែ​ល្អ​ប្រសើរ ។

សារៈសំខាន់​នៃ​ការពិនិត្យ​មើល​ពី​មុន​ការហោះហើរ

កាល​ខ្ញុំ​នៅ​ជា​អ្នក​បើក​យន្ដហោះ រាល់​ពេល​ខ្ញុំ​ទៅ​ដល់​កន្លែង​អង្គុយ​បើក​យន្ដ​ហោះ ខ្ញុំ​មាន​គោលដៅ​ចម្បង​​មួយ​ថា— ខ្លួន​ខ្ញុំ ក្រុម​ខ្ញុំ និង​អ្នកដំណើរ​របស់​ខ្ញុំ​ត្រូវ​ទៅ​ដល់​គោលដៅ​ដោយ​សុវត្ថិភាព ។ គោលបំណង​នេះ តម្រូវ​ឲ្យ​មាន​ការផ្ដោតយកចិត្តទុកដាក់ និង​ប្រុងប្រយ័ត្ន​ណាស់ ។

ដើម្បី​រក្សា​ការ​យកចិត្តទុកដាក់នេះ នោះ​អ្នកបើក​យន្ដហោះ ត្រូវ​ធ្វើ​ការពិនិត្យមើល​ពី​មុនការ​ហោះហើរ​មួយ​ចំនួន សូត្រ​និតិវិធី​សុវត្ថិភាព​ឡើងវិញ ហើយ​ពិនិត្យ​មើល​មុខងារ​របស់​ឧបករណ៍ និង​ស្ថេរភាព​ខាង​មេកានិក ។ គ្រប់​ចំណុច​នៅ​លើ​បញ្ជី​ពិនិត្យ គឺ​ជា​អ្វី​មួយ​ដែល​អ្នកបើក​យន្ដហោះ បាន​ធ្វើ​រាប់រយ​ដង ( បើ​មិន​រាប់ពាន់​ដង ) ។

អ្នកបើកយន្ដ​ហោះ​ជំនាញ ពុំ​ចេះ​តែ​គិត​ស្មាន​ដោយសារ​តែ​គាត់​បាន​បើក​ហោះហើរ​រាប់ពាន់​ដង ដោយមិន​ចាំបាច់​រវល់​ធ្វើ​ការ​ពិនិត្យ​មុន​ពេល​ហោះហើរ ឬ​មើល​ត្រួសៗ​ដោយ​ឥត​ខ្វល់​នោះ​ឡើយ ។

ការពិនិត្យ​មើល​មុន​ពេល​ហោះហើរ លត់ដំ​អ្នកបើក​យន្ដ​ហោះ​ដើម្បី​រក្សា​ការ​ផ្ដោត​របស់​ពួកគេ​ទៅ​លើ​រឿង​សំខាន់ៗ ដែល​ធ្វើ​ឲ្យ​ហោះហើរ​ទទួល​បាន​ជោគជ័យ ។

ក៏​ដូច​ជា​អ្នក​បើក​យន្ដហោះ ដែល​មាន​គោលបំណង​ដឹកនាំ​ជាក់​លាក់​មួយដែរ ​យើង​ក្នុង​នាម​ជា​គ្រូបង្រៀន​នៃ​ពិភពលោកគឺ ៖ ដើម្បី​នាំ​ព្រលឹង​មក​កាន់​តែ​ជិត​នឹង​ព្រះគ្រីស្ទ ។ នៅ​ពេល​ណា​យើង​មាន​ឱកាស​បង្រៀន គោលដៅ​នោះ​គួរ​តែ​ជា​រឿង​សំខាន់​បំផុត​ក្នុង​គំនិត​របស់​យើង ។

ក្នុង​នាម​ជាគ្រូបង្រៀន តើ​យើង​មាន​បញ្ជី​មួយ​ដើម្បី​ជួយ​យើង​ផ្ដោត​ទៅ​លើ​គោលបំណង​ពិសិដ្ឋ​របស់​យើង​ដែរ​ឬ​ទេ ? បាទ​មាន !

ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គសង្គ្រោះ

ខែ​នេះ សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ នឹង​បោះពុម្ព​កំណែថ្មី​នៃ​សៀវភៅ​ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គសង្គ្រោះ ។ វា​គឺ​ជា​មគ្គុទេសន៍​សម្រាប់​មនុស្ស​ទាំងអស់​ដែល​បង្រៀន​ដំណឹងល្អ — នៅ​ក្នុង​គេហដ្ឋាន និង​ព្រះវិហារ ។ វា​នឹង​មាន​ចំនួន ៧០ ភាសា​នៅ​លើ​កម្មវិធី​បណ្ណាល័យ​ដំណឹងល្អ ។ ច្បាប់​បោះពុម្ព​នឹង​មាន​នៅ​ខែ​ក្រោយ ។

ធនធាន​នេះ​ផ្ដោត​ទៅ​លើ​ជីវិត និង​ការ​បង្រៀន​នៃ​ព្រះយេស៊ូវគ្រីស្ទ ជា​មគ្គុទេសន៍ និង​ការ​បំផុសគំនិត​របស់​យើង ក្នុងនាម​ជា​គ្រូបង្រៀន ។ វា​ជួយ​យើង​ផ្ដោត​ទៅ​លើ​ការ​បង្រៀន​តាម​របៀប​ដែល​ទ្រង់​បាន​បង្រៀន ។

ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គសង្គ្រោះ​នឹង​ជួយ​មនុស្ស​ទាំងអស់​ដែល​កំពុង​បង្រៀន ។ វា​អាច​ផ្ដល់​ការ​បំផុសគំនិត និង​ការ​ណែនាំ​ដល់​ឪពុក​ម្ដាយ អ្នកជិត​ខាង បងប្អូនប្រុសស្រី​ដែលផ្ដល់​លើ​ការងារ​បម្រើ អ្នកផ្សព្វផ្សាយសាសនា និង​ពួកសិស្ស​ទាំងអស់​របស់​ព្រះយេស៊ូវគ្រីស្ទ ។ ភាពជា​សិស្ស​មាន​ន័យ​ថា ការស្រឡាញ់ ការ​មើលថែ ការប្រទានពរ និង​ការលើកកម្ពស់​ដល់អ្នកដទៃ ហើយ​នោះ​មាន​ន័យ​ថា​ការបង្រៀន ។

ម្យ៉ាង​ទៀត បើ​អ្នក​កំពុង​ព្យាយាម​ស្រឡាញ់ និង​បម្រើ​ដូចជា​ព្រះយេស៊ូវ នោះ​អ្នក​គឺ​ជា​គ្រូបង្រៀនហើយ ហើយ​ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គសង្គ្រោះ គឺ​សម្រាប់​អ្នក និងខ្ញុំ ។ ខ្ញុំ​សង្ឃឹម​ថា វា​នឹង​ជា​ទ្រព្យ​របស់​អ្នក មិន​ថា​អ្នក​ថ្មីថ្មោង​ចំពោះ​រឿង​នេះ ឬ​បាន​ធ្វើ​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ក្ដី ។​​

នៅ​ក្នុង​ផ្នែក​ទី ៣ នៃ​ការបង្រៀន​តាមរបៀប​របស់ព្រះអង្គសង្គ្រោះ ​នេះ មាន​ការ​វាយតម្លៃ​ផ្ទាល់​ខ្លួន — ជា​បញ្ជី​ពិនិត្យ​មើល​ការហោះហើរ— ដែល​អាច​ជួយ​យើង​ឲ្យ​កាន់​តែ​ផ្ដោត​ទៅ​លើ​ការ​ខិតខំ​ប្រឹងប្រែង​បង្រៀន​របស់​យើង ។ វា​នឹង​ដឹកនាំ​ទៅ​រក​ការឆ្លុះបញ្ចាំង បើក​បង្ហាញ​ចំណុច​ខ្វះខាត ហើយ​បំផុស​ឲ្យ​មាន​ការ​បំផុសគំនិត​អំពី​របៀប​ដែល​យើង​អាច​កែលម្អ ។ វា​នឹងមានប្រយោជន៍​សម្រាប់​គ្រូបង្រៀន ដូចជា​បញ្ជី​ពិនិត្យ​ការហោះហើរ​​សម្រាប់​អ្នក​បើក​យន្ដហោះ​ផងដែរ ។

ប្រសិនបើ​អ្នក​នឹង​អនុញ្ញាត​ឲ្យ​ខ្ញុំ​អង្គុយជិត​អ្នក​នៅក្នុង​កាប៊ីន ប្រៀបប្រដូច​ថា ខ្ញុំ​ចង់​ធ្វើ​ការ​ពិនិត្យ​មើល​មុន​ពេល​ហោះហើរ​សម្រាប់​ការ​បង្រៀន ។ ខ្ញុំ​អញ្ជើញ​អ្នក​ឲ្យ​​យក​ក្ដារ​បញ្ជី​ចេញ​មក ហើយ​ពិចារណា​អំពី​របៀប​ដែល​អ្នក​វាយតម្លៃ​ខ្លួនឯង​ទៅ​លើ​ចំណុច​នីមួយៗ ។ ការ​វាយតម្លៃ​ផ្ទាល់​ខ្លួន​នេះ អាច​ជា​ពរជ័យ​ដ៏​ធំមួយ— នៅថ្ងៃនេះ និង​​រាល់​ពេល​ដែល​យើង​រៀបចំ​ខ្លួន​ដើម្បី​បង្រៀន​តាមរបៀប​របស់​ព្រះអង្គសង្គ្រោះ ។

ផ្តោតលើ​ព្រះយេស៊ូវ​គ្រីស្ទ

ចំណុច​ទី​មួយ​នៅ​លើ​បញ្ជីពិនិត្យ​មើល​មុន​ពេលហោះហើរ គឺ « ផ្ដោតទៅលើ​ព្រះយេស៊ូវគ្រីស្ទ » ។ វា​គឺជា​ឱកាស​មួយ​ដើម្បី​នឹក​គិត​ថា​ តើ​ព្រះអង្គសង្គ្រោះ​គឺ​ពិត​ជា​ផ្នែក​ដ៏​សំខាន់​នៃ​ការ​បង្រៀន​របស់​យើង​ឬ​ទេ ។ សូម​ពិចារណា​សំណួរ​ទាំង​នេះ ៖

  • មិន​ថា​ខ្ញុំ​កំពុង​បង្រៀន​អ្វី​ក៏​ដោយ តើខ្ញុំ​បង្រៀន​អំពី​ព្រះយេស៊ូវគ្រីស្ទ​​ដែរ​ឬ​ទេ ?

  • តើ​ខ្ញុំ​គូស​បញ្ជាក់​អំពី​គំរូ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ដែរឬ​ទេ ?

  • តើ​ខ្ញុំ​ជួយ​សិស្ស​ឲ្យ​ស្គាល់​សេចក្តី​ស្រឡាញ់ ព្រះចេស្ដា និង​សេចក្តី​មេត្តាករុណា​របស់​ព្រះអម្ចាស់​នៅ​ក្នុង​ជីវិត​របស់​ពួកគេ​ដែរ​ឬ​ទេ ?

  • តើខ្ញុំ​ជួយ​សិស្ស​​ឲ្យ​ខិតខំ​ព្យាយាម​​ដើម្បី​ប្រែក្លាយ​កាន់​តែ​ដូច​ជា​ព្រះ​យេស៊ូវ​គ្រីស្ទ​ដោយ​ចេតនា​ពិត​ដែរ​​ឬ​ទេ ?

ទាំងនេះ​គឺ​ជា​សំណួរ​ដ៏​ល្អ !

ចូរ​ប្រឈម​មុខ​នឹង​វា ៖​ ដំណឹងល្អ​គឺ​មាន​តម្លៃ​ណាស់ ដែល​យើង​​អាច​ចំណាយ​ពេល​ពេញ​មួយ​ជីវិត​ដើម្បី​សិក្សា ហើយ​រៀន​បាន​តែ​បន្ដិចបន្ដួច​ប៉ុណ្ណោះ ។ សូម​ស្រម៉ៃ​អំពី​ការគូរូប​គោលដៅ​មួយ ឲ្យបាន​ធំ ហើយខ្ពស់ ដូចជា​អគារ​ឈើ​ដ៏​ធំមួយ ដែល​អាច​តំណាង​ឲ្យ​ទំហំ​នៃដំណឹងល្អ ។

យើង​ទាំងអស់គ្នា​មាន​ល្បែង​​ដំណឹងល្អ​ដែលយើងចូលចិត្ត— រឿង​ដែល​យើង​ចាប់អារម្មណ៍ ។ នៅក្នុងប្រវត្តិសាស្ត្រ កម្មវិធី​សាសនាចក្រ ប្រធានបទ​ខាង​គោលលទ្ធិ ឬ​សូម្បី​តែ​ខ មួយ​នៃ​ព្រះគម្ពីរ ។ ហើយយើង​អាច​ត្រូវ​បាន​ល្បួង​ឲ្យផ្ដោត​ជាចម្បង​ទៅលើ​ប្រធានបទ​ដែល​យើងពេញចិត្ត ។

ប៉ុន្តែ​ដោយសារ​គោលដៅ​នៃ​ការបង្រៀន​ដំណឹងល្អ​ភាគច្រើន គឺផ្ដោត​ទៅលើ ភ្នែកកណ្ដាល​—ចំណុចកណ្ដាល​នៃ​គោលដៅ​នោះ— ដែល​យើង​ពុំគួរ​មើល​រំលងឡើយ— វាមានទំហំតូច ។ ហើយវា​គឺជា​ចំណុចកណ្ដាល​ដែលបាន​ផ្ដល់មកឲ្យយើង ពុំមែន​ជាការសរសើរ ការ​បោះឆ្នោត​មតិ ឬ​ការ​ជជែកវែកញែកទេ ។ ព្រះអង្គសង្គ្រោះ​ផ្ទាល់​បានប្រទាន​វា​មក​ឲ្យ​យើង ។

តើ​វា​ជា​អ្វី ?

ស្រឡាញ់ព្រះ និងស្រឡាញ់​អ្នកដទៃ ។

នោះ​ជា​ចំណុច​កណ្ដាល ។

រឿង​ផ្សេងៗ​ទៀត​អាច​នឹង​គួរ​ឲ្យ​ចាប់អារម្មណ៍​ចំពោះ​យើង ។ វា​អាច​ថា​សំខាន់​ផងដែរ ។ ប៉ុន្តែ​វា​មិន​មែន​ជា​ចំណុចកណ្ដាល​នោះ​ទេ ។

វា​ជាការគាំទ្រ​ការសម្ដែង ។ វា​ជា​ម្ហូបបន្ទាប់បន្សំ​នៅក្នុង​បញ្ជីរបស់យើង អាច​ថាជាសាឡាត់​ពីមុន​មុខម្ហូប​សំខាន់ ។ វា​មាន​បន្ថែម​គ្រឿងផ្សំ​ ឬអ្វី​ផ្សេងៗ ហើយ​មានវីតាមីនច្រើន ប៉ុន្តែ​វា​ពុំមែនជា​មុខ​ម្ហូបសំខាន់ទេ ។

ដូច្នេះ តើ​គោលដៅ​យើង​ជា​អ្វី​នៅក្នុង​ការ​បង្រៀន ?

គោលដៅ​របស់​យើង​គឺ​ដើម្បី​ជួយ​អ្នកទាំងឡាយ​ដែល​យើង​បង្រៀន​ឲ្យខិត​កាន់តែ​ជិត​នឹង​ព្រះគ្រីស្ទ ចម្រើន​ចំណេះដឹងរបស់ពួកគេ ហើយ​ស្រឡាញ់​ព្រះ និង​បម្រើ​ព្រះ​​ឈោងទៅជួយ​កូនចៅ​របស់ទ្រង់​ទាំងអស់​ដោយ​ក្ដី​មេត្តាករុណា ។

នោះ​ជា​ចំណុច​កណ្ដាល ។

ហើយ​តើ​យើង​ស្វែងរក​គំរូ​ល្អ​បំផុត​នៃ​ការ​ស្រឡាញ់​ព្រះ និងអ្នកដទៃ​នៅ​កន្លែងណា ?

នៅក្នុង​ជីវិត និង​ការ​បង្រៀន​របស់​ព្រះអង្គសង្គ្រោះ និង​ព្រះប្រោសលោះ​របស់យើង ។

នៅពេល​យើង​នាំ​ព្រលឹង​ជាច្រើន​មក​ខិតកាន់តែជិត​ព្រះគ្រីស្ទ នោះ​យើង​ជួយ​ពួកគេ​ចម្រើន​សេចក្ដីជំនឿ និង​សេចក្ដី​ស្រឡាញ់​ចំពោះ​ព្រះ ។ ហើយ​យើង​ជួយ​ពួកគេ​ឲ្យ​ចម្រើន​សេចក្ដីមេត្តាករុណា និង​ក្ដីស្រឡាញ់​ចំពោះ​អ្នកដទៃ ។

នៅពេល​ណា​យើង​ត្រូវ​បាន​ល្បួង​ឲ្យ​ងាកចេញ ហើយមានប្រធាន​បទ​មួយចំនួន​ផ្សេង​ទៀត​ចូលមក​រំខាន ដែល​វា​ហាក់ដូចជា​គួរ​ឲ្យ​ចាប់អារម្មណ៍​ចំពោះ​យើង​ដែរ​នោះ ចូរ​យើង​សួរ​ខ្លួន​ឯងឲ្យច្បាស់ ៖

« តើ​ខ្ញុំ​ផ្ដោត​ទៅលើ​ព្រះអង្គសង្គ្រោះដែរ​ឬទេ មិន​ថា​ខ្ញុំ​កំពុង​បង្រៀន​អំពីអ្វី​នោះ ? »

« តើ​អ្វី​ដែល​ខ្ញុំ​កំពុង​បង្រៀន​ជួយដល់​អ្នកដទៃ​ឲ្យ​ចម្រើន​សេចក្ដី​ស្រឡាញ់​ចំពោះ​ព្រះ ហើយ​បង្ហាញ​សេចក្ដីស្រឡាញ់នោះ ដោយ​ការ​ស្រឡាញ់ និង​ការ​បម្រើ​ និង​ដោយការ​អនុវត្ត​ការ​បង្រៀន​របស់ព្រះអង្គសង្គ្រោះ​នៅក្នុងជីវិត​របស់យើង​ដែរ​ឬទេ ? »

ក្នុង​នាមជា​គ្រូបង្រៀន យើង​អាច​និយាយ​ដោយ​ភាសា​នៃ​ពួក​ទេវតា យើង​អាច​ឲ្យ​មាន​ការ​លេង​កម្សាន្ដ រីករាយ សប្បាយ និងភ្ញាក់ផ្អើល ។ ប៉ុន្តែ​បើ​យើង​ពុំ​បានរក្សា​ការផ្ដោត​ទៅលើ​ព្រះយេស៊ូវគ្រីស្ទទេ នោះ​យើង​ពុំបាន​ធ្វើ​ចំគោលដៅទេហើយ​ការបង្រៀន​របស់យើង គឺគ្រាន់តែ​ជា​ស្រមោល​នៃ​អ្វី​ដែល​គួរ​តែ​ធ្វើប៉ុណ្ណោះ ។

សូម​រក្សា​ការ​ផ្ដោត​ទៅលើ​ព្រះអង្គសង្គ្រោះ និងព្រះប្រោសលោះ ជា​ព្រះយេស៊ូវគ្រីស្ទ​​ជានិច្ច ។

ស្រឡាញ់​អ្នក​ទាំងឡាយ​ដែល​អ្នក​បង្រៀន

ប្រភេទ​បញ្ជី​ត្រួតពិនិត្យ​ទីពីរគឺ « ស្រឡាញ់​អ្នក​ទាំងឡាយ​ដែល​អ្នកបង្រៀន » ប្រភេទ​បញ្ជីត្រួតពិនិត្យ​នេះ អនុញ្ញាត​ឲ្យ​យើង​នឹកគិត​អំពី​អារម្មណ៍​ផ្ទាល់ខ្លួន​របស់យើង ក្នុងនាមជា​គ្រូបង្រៀន ហើយ​វា​រំឭក​យើង​ឲ្យ​រក្សាដួងចិត្ត​យើង​ផ្ដោត​ទៅលើ​ការ​ស្រឡាញ់ និង​ការ​ឲ្យ​តម្លៃ​ដល់​អ្នកទាំងឡាយ​ដែល​យើង​បង្រៀន ។ នេះ​គឺ​ជា​សំណួរ​មួយ​ចំនួន​ដែល​អ្នក​អាច​យក​មក​ពិចារណា ៖

  • តើខ្ញុំ​​ព្យាយាម​មើល​ទៅ​សិស្ស​តាម​របៀប​ដែល​ព្រះ​ទត​មើល​ពួកគេ​ដែរ​ឬ​ទេ ?

  • តើ​ខ្ញុំ​ព្យាយាម​ស្គាល់​មនុស្ស​ដែល​ខ្ញុំ​បង្រៀន—ដើម្បី​យល់​ពី​ស្ថានភាព តម្រូវការ និង​ភាពខ្លាំង​របស់​ពួកគេ​ដែរ​ឬ​ទេ ?

  • តើខ្ញុំ​អធិស្ឋាន​ឲ្យ​សិស្ស​តាម​ឈ្មោះ​ដែរ​ឬទេ ?

  • តើខ្ញុំ​បង្កើត​បរិយាកាស​សុវត្ថិភាព​មួយ ដែល​សិស្ស​គ្រប់គ្នា​ទទួល​បាន​ការគោរព និង​ដឹងថា​ការរួម​ចំណែក​របស់​ពួកគេ​ត្រូវ​បាន​ឲ្យ​តម្លៃ​ដែរឬទេ ?

  • តើខ្ញុំ​រក​វិធី​សមរម្យ​ដើម្បី​បង្ហាញពី​សេចក្ដីស្រឡាញ់​របស់​ខ្ញុំ​ដែរ​ឬទេ ?

ខ្ញុំ​ស្ដាប់​ឮ​អំពី​ស្ត្រី​ម្នាក់​ដែល​ជា​គ្រូបង្រៀន​វិទ្យាល័យ​ដ៏​ជំនាញ​ម្នាក់ ។ គាត់បាន​​ចំណាយពេល​ជាច្រើនឆ្នាំ​អភិវឌ្ឍរបៀប​របស់គាត់​ដើម្បី​បង្រៀន ហើយ​បាន​បរិច្ចាគ​យ៉ាង​សំខាន់​ដល់​ជីវិត​របស់​សិស្ស​វិទ្យាល័យគាត់ ។ គាត់​បាន​ស្គាល់​របៀប​ដើម្បី​គ្រប់គ្រង​ក្រុមវ័យ​នេះ​បាន​យ៉ាងល្អ ។

មាន​ឆ្នាំ​មួយ​នោះ គាត់​បាន​ចូល​បង្រៀន​ក្នុងកម្មវិធី​សាលា​នៅរដូវក្ដៅ ដែល​គាត់​បានបង្រៀន​ដល់​សិស្ស​ក្មេងៗ ខុសប្លែកគ្នាយ៉ាងខ្លាំងគឺ ៖ កុមារ​អាយុប្រាំ​ឆ្នាំ ។ ប្រាកដណាស់ កុមារ​គឺ​មាន​រំភើបចិត្ត ហើយ​មាន​ថាមពល​ពេញលេញ នៅពេល​ពួកគេចូល​មកក្នុង​ថ្នាក់រៀន​របស់គាត់ ។ ពួកគេ​ឡូឡារ ហើយ​សើច​ក្អាកក្អាយ ស្រែក រត់ពី​តុមួយទៅតុមួយ ហើយ​រត់ដេញ​ចាប់គ្នា ។ គ្រូបង្រៀន​នេះ បាននាំ​សិស្ស​ឲ្យ​មានសណ្ដាប់ធ្នាប់ ដោយប្រើ « សំឡេងជា​គ្រូបង្រៀន » របស់គាត់ ដែល​គាត់ប្រើវាបានការ​​​​ជាមួយនឹងសិស្ស​វិទ្យាល័យ ដើម្បី​ឲ្យ​ពួកគេ​ស្ងាត់ស្ងៀម​ ហើយអង្គុយចុះបាន ។ តើ​មាន​អ្វី​ខ្លះ​បាន​កើត​ឡើង ?

ក្នុង​ថ្នាក់​បាន​ស្ងាត់ ។ ក្មេងៗ​បាន​ឈប់​ធ្វើ​នូវ​អ្វី​ដែល​ពួកគេ​កំពុង​ធ្វើ​នោះ​មួយ​រំពេច ហើយ​បើក​ភ្នែកធំៗ រត់​ទៅ​កាន់​តុ​យ៉ាង​ប្រញាប់ ។ លើកលែង​តែ​ក្មេងពីរ​នាក់ ។

ក្មេង​ទីមួយ ជា​ក្មេងស្រី បាន​អង្គុយយំ​លើ​ឥដ្ឋ ។ ទោះជា​គ្រូបង្រៀន​ពុំ​មាន​អារម្មណ៍​ខឹង​ចំពោះ​នាង​ក្ដី ក៏​នាង​តូច​នេះ​មាន​អារម្មណ៍​ថា នាង​ច្បាស់​ជា​ធ្វើ​អ្វី​មួយ​មិន​ល្អ ហើយ​ក៏​យំ​យ៉ាង​ខ្លាំង ។

ក្មេង​ទី​ពីរ ជា​ក្មេងប្រុស មាឌមាំ មើល​ទៅគ្រូបង្រៀន​ទាំងភ័យ ហើយ​បាន​គេច​ចេញ​តាម​ច្រកទ្វារ ប្រញាប់​រត់​ទៅ​បាត់ ។ គ្រូ​ឆ្ងល់​ថា​តើគាត់នឹង​ត្រឡប់មកវិញ​ឬទេ ។

ថ្ងៃ​នោះ គ្រូបង្រៀន​បាន​រៀន​មេរៀន​សំខាន់មួយ ៖ បច្ចេកទេស​ដែលគាត់​បានប្រើ​ជាមួយ​នឹង​យុវវ័យ ពុំ​ដំណើរការ​ល្អ​ជាមួយនឹង​កុមារ​តូចៗទេ ។

ហើយ​នេះ​ជា​មេរៀន​មួយសម្រាប់យើង សម្រាប់អ្នក និងខ្ញុំ ផងដែរ ។

មនុស្ស​គ្រប់រូប​ ដែលយើង​បង្រៀន​គឺជា​បុត្រ​របស់ព្រះ ហើយ​មាន​បុគ្គលិកលក្ខណៈ​មួយ ។

តើ​យើង​មើលទៅ​ពួកគេ​តាមរបៀប​ដែល​ព្រះវរបិតាសួគ៌​យើង​ទតមើល​ពួកគេ— ជាបុគ្គល​ពិសេស​ដែលមានគំនិត អារម្មណ៍ ការសាកល្បង និងឧបសគ្គ​ផ្ទាល់ខ្លួន​ឬទេ ? តើ​យើង​កំពុង​បង្កើត​បរិយាកាស​សុវត្ថិភាព— ជាកន្លែង​មួយដែល​មនុស្ស​ម្នាក់ៗ​អាច​មានអារម្មណ៍​សុវត្ថិភាព និង​ទទួល​យកដែរឬទេ ?

មិន​ថា​ភាសាកំណើត​យើង​ជា​អ្វី​នោះ​ទេ តើ​សិស្ស​របស់​យើង​ដឹង​ថា​យើង​និយាយ​ភាសា​នៃសេចក្ដីស្រឡាញ់ ដែលជាភាសា​សាកល​ដែរឬទេ ? ថា​យើង​ឲ្យតម្លៃ​ពួកគេ ថា​យើង​មាន​ក្ដីមេត្តា​ដល់ពួកគេ ហើយ​ថា​យើង​គោរព​ពួកគេ​ដែរឬទេ ?

ព្រះអង្គសង្គ្រោះ​បានចំណាយពេលយ៉ាងច្រើនក្នុង​ព្រះជន្ម​ទ្រង់​គង់នៅ​​​ជាមួយ​នឹង​អ្នក​ដែល​ត្រូវគេ​បណ្ដេញចេញ និងមិនរាប់រក​​ក្នុងសង្គម ។

ទ្រង់អាច​បង្រៀន និង​ថ្កោលទោសពួកគេបាន ។ តែផ្ទុយទៅវិញ ទ្រង់បាន​ឱបក្រសោប ព្យាបាល និង​លួងលោមចិត្តពួកគេ ។

មែន​ហើយ ទ្រង់​បាន​បង្រៀន​ពួគ​គេ « ឲ្យ​ទៅចុះ ហើយឈប់ធ្វើបាបទៀត » ។​ ប៉ុន្តែ​ចំពោះ​មនុស្សឈឺ អ្នកមានបាប និង​ពិការ ទ្រង់​បានមានបន្ទូល និង​ធ្វើកិច្ចការដោយក្ដីស្រឡាញ់ ក្ដីមេត្តា និង​ការគោរព ។

ទ្រង់​ទតមើល​ពួកគេ​ម្នាក់ៗ ជាបុត្រា និងបុត្រី​នៃព្រះដ៏​មានមហិទ្ធិឬទ្ធិ— ពុំមែន​នៅទាបជាងទ្រង់ទេ ប៉ុន្តែ​មានសក្ដានុពល​ដ៏អស់កល្បជានិច្ច​ដើម្បី​ដើរ​នៅ​ចំហៀងទ្រង់​នៅក្នុង​សិរីល្អ ។

អ្នកនិពន្ធ​គ្រីស្ទាន​ដ៏​អស្ចារ្យ ឈ្មោះ ស៊ី អេស ឡូវីស បាន​និយាយ​ពី​ទស្សនៈវិស័យ​នេះ​នៅ​ពេល​គាត់​បង្រៀន​ថា ​« វា​ជា​រឿងដ៏​សំខាន់​បំផុត​នៅ​ក្នុង​ការរស់​នៅ​ក្នុង​សង្គម​ដែល​មាន​មនុស្ស​អា​ច​នឹង​ក្លាយទៅជា​ព្រះ​ និង​ទេពធីតា ដោយ​​ត្រូវ​ចងចាំ​ថា​មនុស្ស​ដែល … មិន​គួរ​ឲ្យ​ចាប់អារម្មណ៍​បំផុត​ដែល​អ្នក​មិន​ចង់និយាយ​ជា​មួយ​នាពេលនេះ នៅ​ថ្ងៃ​ណា​មួយ​នឹង​ក្លាយ​ជា​អង្គបង្កបង្កើត ហើយ​បើ​​ឥឡូវ​នេះ អ្នក​បាន​ឃើញនូវរឿងនេះជាមុន នោះ​អ្នក​នឹង​ចង់​​ថ្វាយបង្គំជាមិនខានឡើយ ។ ហើយ​គាត់​បាន​បន្ដ « ពុំ​មានមនុស្ស​ធម្មតា​ទេ ។ អ្នក​ពុំគ្រាន់តែ​និយាយនឹង​មនុស្ស​នៃ​ជីវិតរមែងស្លាប់ប៉ុណ្ណោះទេ… គឺ​យើង​កំពុង​និយាយ​ជាមួយ ធ្វើការ​ជាមួយ រៀបការ​ជាមួយ ស្ដីបន្ទោស និង​ស្វែងរក​ប្រយោជន៍ជា​មួយ​នឹង—មនុស្ស​នៃ​អមតៈភាព … ជីវិត​អមតៈ រុងរឿង​ដ៏អស់កល្បជានិច្ច ។ »​

នៅពេល​យើង​ប្រព្រឹត្ត​នឹង​អ្នកដទៃ​ដោយ​ការគោរព​ប្រភេទ​នេះ នោះយើង​នឹកគិត​អំពី​គំរូ​របស់​ព្រះយេស៊ូវគ្រីស្ទ ។ យើង​ស្រឡាញ់ ដូចជាទ្រង់ស្រឡាញ់ ។ យើង​លើក ដូចជាទ្រង់បាន​លើក ។ យើង​បង្រៀន ដូចជាទ្រង់​បង្រៀន ។

ឥឡូវ សូម​ឲ្យយើង​ចងចាំ​ថាត្រូវស្រឡាញ់ គោរព និង​លើក​អ្នកទាំងឡាយ​ដែល​យើងបង្រៀន ។

បង្រៀន​ដោយ​ព្រះ​វិញ្ញាណ

ប្រភេទ​បញ្ជីត្រួតពិនិត្យ​ទីបី​គឺ « បង្រៀន​ដោយ​ព្រះវិញ្ញាណ » ។ សូម​ពិចារណា​សំណួរ​ទាំង​នេះ ៖

  • តើ​ខ្ញុំ​រៀបចំ​ខ្លួន​របស់​ខ្ញុំ​ខាងវិញ្ញាណ​​ដើម្បី​បង្រៀន​ដែរឬទេ ?

  • តើ​ខ្ញុំ​ឆ្លើយតប​ទៅនឹង​ការបំផុស​គំនិត​ខាងវិញ្ញាណ​អំពី​តម្រូវការ​របស់​សិស្ស​ដែរ​ឬ​ទេ ?

  • តើ​ខ្ញុំ​បង្កើត​បរិយាកាស និង​ឱកាស​ឲ្យ​សិស្ស​ទទួល​ការ​បង្រៀន​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ​ដែរ​ឬ​ទេ ?

  • តើ​ខ្ញុំ​ជួយ​សិស្ស​ឲ្យ​ស្វែងរក ស្គាល់ និង​ធ្វើតាម​វិវរណៈ​ផ្ទាល់ខ្លួន​ដែរ​ឬ​ទេ ?

  • តើ​ខ្ញុំ​ថ្លែង​ទីបន្ទាល់​ជាញឹកញាប់ ហើយ​លើក​ទឹកចិត្ត​អ្នករៀន​ឲ្យ​ធ្វើដូចគ្នា​ដែរឬទេ ?

ខ្ញុំ​ព្យាយាម​រំឭក​ខ្លួន​ឯង​ជាញឹកញាប់​ថា នៅគ្រប់ការ​ខិតខំ​របស់ខ្ញុំ​ដើម្បី​បង្រៀន​ដំណឹងល្អ និង​នាំ​មនុស្ស​មកកាន់​ព្រះយេស៊ូវគ្រីស្ទ ខ្ញុំ​ពុំ​អាច​ផ្លាស់ប្រែចិត្ត​នរណាម្នាក់បានទេ ។

មានតែ​ព្រះវិញ្ញាណបរិសុទ្ធ​ប៉ុណ្ណោះ​ ទើបអាច​ធ្វើ​រឿងនោះបាន ។

យើងអាច​និយាយ​អំពី​ព្រះបន្ទូល ប៉ុន្តែ​ការ​ផ្លាស់​ប្រែចិត្តជឿ​គឺជា​រឿង​របស់​ព្រះវិញ្ញាណ ។ វា​កើតឡើង​នៅពេល​ព្រះវិញ្ញាណបរិសុទ្ធ​បាន​ប៉ះដួងចិត្ត ហើយ​បុគ្គល​នោះ​ឆ្លើយតប​ទៅនឹង​ឥទ្ធិពល​របស់ទ្រង់ ដោយការ​ធ្វើតាម​ព្រះអង្គសង្គ្រោះ ។

បើ​នរណា​ម្នាក់​ត្រូវ​បាន « បញ្ចុះបញ្ចូល » ឲ្យដើរតាមព្រះយេស៊ូវគ្រីស្ទ ដោយសារ​តែ​ពាក្យបញ្ចុះបញ្ចូល ឬ​ការប្រកែកគ្នា​ដោយមានហេតុផល​ល្អៗ​ នោះការផ្លាស់​ប្រែចិត្តជឿនៃ​បុគ្គលនោះ អាច​នឹង​ដូចជា​គ្រាប់ពូជ​ដែលជ្រុះទៅលើ​កន្លែង​ដែលមានថ្មដូច្នោះដែរ ។​

កិច្ចការ​របស់យើង​ពុំ​មែនដើម្បី​ផ្លាស់​ប្រែចិត្តនរណាម្នាក់ទេ ។ នោះ​ពុំមែនជា​ការទទួលខុសត្រូវ​របស់យើងទេ ។

តើ​ការងារ​យើងជា​អ្វី ? ដើម្បី​បង្រៀន​ដំណឹងល្អ​អំពី​ព្រះយេស៊ូវគ្រីស្ទ និង​ដំណឹងល្អរបស់ទ្រង់ ដែល​ត្រូវ​បាន​ស្ដារឡើងវិញ​នៅជំនាន់​របស់យើង ! ហើយ​វា​ជាការងារ​របស់យើង​ដើម្បី​​បញ្ជាក់​ និងគាំទ្រពាក្យសម្ដី​យើង​ដោយទង្វើ​​ភាពទៀងត្រង់ និង​ស្មោះត្រង់ ! ជីវិត​របស់យើង របៀប​ដែលយើងរស់នៅ និង​ធ្វើសកម្មភាព ។

ទោះជានរណាម្នាក់​ឆ្លើយតប ឬមិនឆ្លើយតប​ចំពោះអ្វីដែលយើងបង្រៀនក្ដី នោះគឺជា​រឿងរវាង​ពួកគេ​ជាមួយនឹងព្រះ ។ ប៉ុន្តែ​យើងអាច​ធ្វើជា​ស្ពាន​ដើម្បីភ្ចាប់​ពួកគេ​ទៅនឹង​ព្រះវិញ្ញាណបរិសុទ្ធ ។ យើងអាច​ធ្វើ​ជា​បង្អួច​ដើម្បី​ព្រះវិញ្ញាណ​អាច​យាង​ចូល​ទៅ​ក្នុង​ជីវិត​របស់ពួកគេ ។ ពាក្យសម្ដី និងសកម្មភាព​របស់យើង អាច​បង្រៀន​គោលលទ្ធិ​នៃព្រះគ្រីស្ទ​តាមរបៀប​មួយ ដែល​ជួយ​សិស្ស​មានបទពិសោធន៍​នៃការ​ទទូចអង្វរ​ពីព្រះវិញ្ញាណបរិសុទ្ធ ។

ដូចជា​អែលឌើរ ដាល្លិន អេកអូក បានបង្រៀនថា « ការសិក្សា និង​ការចេះសួររកហេតុផល អាច​ស្វែងរកឃើញ​សេចក្ដីពិត… ប៉ុន្តែ​មានតែតាម​វិវរណៈប៉ុណ្ណោះ​ ដែលអាច​បញ្ជាក់អំពី​សេចក្ដីពិត​នោះបាន » ។​

ខ្ញុំ​សូម​ថាឡើងវិញ​នូវប្រយោគនោះ ៖ « ការសិក្សា និង​ការចេះសួររកហេតុផល អាច​ស្វែងរកឃើញ​សេចក្ដីពិត… ប៉ុន្តែ​មានតែតាម​វិវរណៈប៉ុណ្ណោះ ​ដែលអាច​បញ្ជាក់អំពី​សេចក្ដីពិត​នោះបាន » ។​

ជួនកាល យើង​ហាក់ដូចជាដើរទាំង​ដេកលក់នៅក្នុងជីវិត​ ។ យើង​មើល​ឃើញ​រឿងនានា ប៉ុន្តែ​កម្រ​ចងចាំ​អំពីវាណាស់ ។ ការផ្សាយពាណិជ្ជកម្ម ពាក្យដកស្រង់​ Pinterest ឬ​សូម្បី​តែផ្លាកសញ្ញា​ដងផ្លូវ ។ ភាគច្រើន​គឺ​យើង​មិន​ចាំ​វា ទាំង​ពុំ​ចាក់​ដោត​ក្នុង​ដួងចិត្ត​របស់​យើង​ឡើយ ។

ប៉ុន្តែ​បើ​ព្រះវិញ្ញាណបរិសុទ្ធ ថ្លែង​មកកាន់ព្រលឹង​របស់អ្នក របស់ខ្ញុំ អ្នក​ និងខ្ញុំ នោះយើង​ពុំអាច​ភ្លេច​វា​ឡើយ ដោយសារ​តែ​វា​ផ្លាស់ប្ដូរ​អ្នក វា​ផ្លាស់ប្ដូរ​ពួកយើង ។ សូម​ចងចាំ​ពី​អ្វី​ដែល​យ៉ូសែប​ស៊្មីធ​បាន​ថ្លែង​​បន្ទាប់​ពី​អាន​យ៉ាកុប ១:៥៖ « ពុំ​ដែល​មាន​បទគម្ពីរ​ណា​មួយ ដែល​មាន​ប្រសិទ្ធ​ភាព​ទៅ​លើ​ចិត្ត​មនុស្ស ដូច​ជា​បទគម្ពីរ​នេះ​មាន​ប្រសិទ្ធ​ភាព​មក​លើ​ចិត្ត​ខ្ញុំ​ឡើយ » ។

ព្រះវិញ្ញាណ​អាច​យក​គំនិត​សាមញ្ញ​ ដែល​និយាយ​យ៉ាង​សាមញ្ញមក​​បណ្ដាល​ឲ្យ​វា​ឆេះរោល​ដូចជាភ្លើង ។

ការផ្លាស់​ប្រែចិត្តជឿ​របស់​មនុស្ស​ផ្សេង គឺ​ពុំ​អាស្រ័យទៅលើ​ការសន្ទនា ឬ​ការបង្គាប់​ក្នុង​គម្ពីរ​របស់យើងទេ ។ វា​ពុំ​អាស្រ័យ​ទៅលើ​របៀប​ដែលយើង​បង្រៀន ឬ​ការពារ​គោលលទ្ធិ​បានល្អ​ប៉ុណ្ណា​នោះទេ ។ វា​ពុំ​អាស្រ័យ​ទៅលើ​បញ្ញា មន្ដស្នេហ៍ ឬ​ការបង្គាប់​នៃភាសារបស់​យើង​ទេ ។

អ្វី​ដែល​យើង​ចាំបាច់​ត្រូវ​ធ្វើ គឺ​ត្រូវ​ដឹង​ដោយ​ខ្លួនឯង ។ បន្ទាប់​មក​ព្រះវរបិតាសួគ៌​របស់​យើង អញ្ជើញ​យើង​ឲ្យ « បើក​មាត់ [ របស់​យើង ] គ្រប់​ពេល ហើយ​ប្រកាសប្រាប់​ពី​​ដំណឹងល្អ [ របស់​ទ្រង់ ] ដោយសំឡេងរីករាយ​ចុះ » ។​ ហើយ​ប្រសិន​បើ​យើង​ធ្វើដូច្នោះ នោះព្រះវិញ្ញាណបរិសុទ្ធ​នឹង​ថ្លែងទីបន្ទាល់​អំពី​សេចក្ដីពិត ។

យើង​មិនចាំបាច់ « ត្រូវធ្វើ » អ្វី​ច្រើនជាង ឬ​តិចជាង​ខ្លួន​យើងជា—បុត្រ​របស់ព្រះ ​ហើយ​ជា​អ្នកដើរ​តាមព្រះយេស៊ូវគ្រីស្ទនោះទេ ។

តើ​អ្នកអាច​បង្ហាញ​សេចក្ដីស្រឡាញ់​ចំពោះព្រះអង្គសង្គ្រោះ ដំណឹងល្អ​របស់ទ្រង់ និង​សាសនាចក្រ​របស់ទ្រង់ដោយអំណរបាន​ដែរឬទេ ?

បើយើង​ធ្វើ​នូវ​ចំណែក​របស់យើង នោះព្រះវិញ្ញាណ​នឹង​ធ្វើនូវ​ចំណែក​របស់ទ្រង់ ។ នោះ​គឺជា​របៀប​ដែល​យើង « បង្រៀន​ដោយ​ព្រះវិញ្ញាណ » ។

បង្រៀន​គោលលទ្ធិ

ចំណុច​ទីបួន​នៅលើ​បញ្ជី​ត្រួតពិនិត្យ​មុនពេល​ហោះហើរ​របស់យើង គឺ « បង្រៀន​គោលលទ្ធិ » — ប្រាកដណាស់ ពុំ​មែនជា​គោលលទ្ធិណាក៏បាននោះទេ ប៉ុន្តែ​ជាគោលលទ្ធិ​ដែល​ព្រះយេស៊ូវគ្រីស្ទ​បានទទួល​មកពី​ព្រះវរបិតា​របស់ទ្រង់ ។ ព្រះអង្គ​សង្គ្រោះ​មាន​បន្ទូល​ថា ​« សេចក្តី​ដែល​ខ្ញុំ​បង្រៀន​នេះ មិន​មែន​ជា​របស់​ខ្ញុំ​ទេ គឺ​ជា​របស់​ផង​ព្រះ ដែល​ចាត់​ឲ្យ​ខ្ញុំ​មក​នោះ​វិញ ។ »​ ដើម្បី​វាយតម្លៃ​ថា​អ្នក​កំពុង​ធ្វើតាមគំរូ​របស់ទ្រង់​បាន​ល្អយ៉ាងណានោះ សូមពិចារណា​សំណួរ​ទាំងនេះ ៖

  • តើខ្ញុំ​រៀន​គោលលទ្ធិ​សម្រាប់ខ្លួន​ខ្ញុំឬទេ ?

  • តើ​ខ្ញុំ​បង្រៀន​ចេញពី​បទគម្ពីរ និង​ប្រសាសន៍​របស់​ពួក​ព្យាការី​ថ្ងៃ​ចុង​ក្រោយ​ដែរ​ឬ​ទេ ?

  • តើ​ខ្ញុំ​ជួយ​សិស្ស​ឲ្យ​ស្វែងរក ស្គាល់ និង​យល់​ពី​សេចក្តីពិត​នៅក្នុង​បទគម្ពីរ​ដែរ​ឬ​ទេ ?

  • តើ​ខ្ញុំ​ផ្ដោត​ទៅលើ​សេចក្ដីពិត​ ដែលស្ថាបនា​សេចក្ដីជំនឿ​ទៅលើព្រះយេស៊ូវគ្រីស្ទ​ឬទេ ?

  • តើ​ខ្ញុំ​ជួយ​អ្នក​រៀន​ស្វែងរក​ភាពទាក់ទង​ផ្ទាល់ខ្លួន​នៅ​ក្នុង​គោលលទ្ធិ​ដែរ​ឬ​ទេ ?

នៅក្នុង​ជំនាន់​របស់​យើង ព្រះអម្ចាស់​មានបន្ទូល​ថា ៖ « យើង​ប្រទាន​ដល់​អ្នក​នូវ​ព្រះបញ្ញត្តិ​មួយ​ថា អ្នក​ត្រូវ​បង្រៀន​គ្នា​ទៅ​វិញ​ទៅ​មក​នូវ​គោល​លទ្ធិ​នៃ​នគរ ។ « ចូរ​អ្នក​រាល់​គ្នា​ព្យាយាម​បង្រៀន ហើយ​ព្រះគុណ​របស់​យើង​នឹង​នៅ​ជាមួយអ្នក » ។​

តើ​គោលលទ្ធិ​អ្វីខ្លះ​ដែល​យើង​ត្រូវ​បង្រៀន ?

វា​គឺជាពាក្យ​ដែលចេញ​មកពី​គម្ពីរ​បរិសុទ្ធ និង​មាត់​របស់ពួកសាវក និង​ពួកព្យាការី ។ វា​គឺជា​អ្នក​ដែល​មានសិទ្ធិ និងសិទ្ធិអំណាច​ដើម្បី​ពន្យល់ និងបំភ្លឺ​គោលលទ្ធិ ។​ ហើយ​​តាមរយៈ​អ្នក​ទាំងនោះ ដែលព្រះ​បានប្រកាស​ព្រះបន្ទូល​របស់ទ្រង់ ប្រទានការដឹកនាំ និងការយល់ដឹងដល់​កូនចៅ​របស់ទ្រង់​ជានិច្ច ។

គោលលទ្ធិ​សំខាន់ និង​ជួយសង្គ្រោះ​របស់​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ គឺថា ព្រះយេស៊ូវគ្រីស្ទ ព្រះអង្គសង្គ្រោះ និងព្រះប្រោសលោះ​នៃ​មនុស្សទាំងអស់ ។ សាវកប៉ុល បាន​មើលឃើញ និង​បាន​ទំនាក់ទំនង​ជាមួយ​នឹង​ព្រះអង្គសង្គ្រោះ​ដែល​មានព្រះជន្មរស់ឡើងវិញ បានសរសេរ​ទៅកាន់​ពួក​កូរិនថូស​ថា « ខ្ញុំ​ចង់ប្រាប់​ឲ្យ​អ្នករាល់គ្នា​ដឹង​ពីដំណឹងល្អដែល​ខ្ញុំ​បាន​ផ្សាយ​រួច​មកហើយ … ថា [ ព្រះយេស៊ូវគ្រីស្ទ ] បាន​សុគត​ដោយ​ព្រោះបាប​របស់​យើង​រាល់គ្នា …ទ្រង់​ត្រូវ​គេ​បញ្ចុះ​ក្នុង​ផ្នូរ រួច​ដល់​ថ្ងៃទី ៣ នោះ​ទ្រង់​មានព្រះជន្ម​រស់ឡើងវិញ… ទ្រង់​បាន​លេច​មក​ឲ្យ​កេផាស​ឃើញ រួច​ដល់​ពួក​ដប់ពីរ​នាក់ដែរ។ »​១០

ពួក​យើង​ត្រូវ​បាន​បង្គាប់​ឲ្យ « ​ទទួល​ព្រះ​បន្ទូល​នៃ​ព្រះ ដែល​រស់ ហើយ​ពូកែ … ដែល​[ នឹង ] ​ដឹកនាំ​អ្នក​សំណព្វ​នៃ​ព្រះ​គ្រីស្ទ​ចូល​ទៅ​ក្នុង​ផ្លូវ​មួយ​ដ៏​តូច ហើយ​ចង្អៀត … ហើយ​ដាក់​ព្រលឹង​របស់​គេ មែន​ហើយ ព្រលឹង​ដ៏​អមត​របស់​គេ នៅ​ខាង​ស្ដាំ​ព្រះ​ហស្ត​នៃ​ព្រះ​នៅ​ក្នុង​នគរ​ស្ថានសួគ៌ » ។ ១១

ក្នុង​នាមជា​គ្រូបង្រៀន យើង​មិន​ត្រូវ​ខ្មាស់​ចំពោះ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ​ឡើយ ។​១២ ប៉ុន្តែ​យើង​ត្រូវ​តម្លើង​សំឡេង​របស់​យើងបង្រៀន​គោលលទ្ធិ​របស់ទ្រង់​ដោយ​អំណរ ទោះបីជា​វា​ហាក់ដូចជា ជា​ការ​ជំពប់ដួ​ល​ចំពោះ​មនុស្ស​មួយចំនួន ហើយ​ល្ងីល្ងើ​ចំពោះ​មនុស្ស​ដទៃក្ដី ។​១៣ « ពីព្រោះជា​ព្រះចេស្ដា​នៃ​ព្រះ​សម្រាប់​នឹង​ជួយសង្គ្រោះ​ដល់​អស់អ្នកណា​ដែលជឿ » ។​១៤

អញ្ជើញ​ឲ្យ​មាន​ការរៀនសូត្រ​ដ៏​ឧស្សាហ៍​ព្យាយាម

ចំណុច​ចុង​ក្រោយ​នៅលើ​បញ្ជី​ត្រួតពិនិត្យ​មុនពេល​ការ​ហោះហើរ​របស់យើងគឺ « អញ្ជើញ​ឲ្យ​រៀនសូត្រ​ដោយឧស្សាហ៍ » ។ ចំនុច​នេះ គឺ​ជា​ការ​រំឭក​មួយថា ការបង្រៀន​ដោយឧស្សាហ៍​របស់យើង គឺបាន​តែ​ពាក់កណ្ដាល​សមីការប៉ុណ្ណោះ ។​ ឯពាក់កណ្ដាលទៀត — នៅក្នុង​រយៈពេលវែង ប្រហែលជា​វាកាន់តែ​សំខាន់— នោះ​គឺ​ការរៀនសូត្រ​ដោយឧស្សាហ៍​របស់​សិស្ស​យើង។ នេះ​គឺ​ជា​សំណួរ​មួយ​ចំនួន​ដើម្បី​ជួយ​យើង​វាយ​តម្លៃ​ថា តើ​ការបង្រៀន​ដោយ​ឧស្សាហ៍​របស់​យើង​នឹង​ដឹកនាំ​ទៅរក​ការរៀនសូត្រតាមរបៀបណា ៖

  • តើខ្ញុំ​ជួយ​សិស្ស​ឲ្យ​ទទួល​ខុសត្រូវ​លើ​ការរៀនសូត្រ​របស់​ពួកគេ​ដែរ​ឬ​ទេ ?

  • តើ​ខ្ញុំ​លើក​ទឹកចិត្ត​អ្នករៀន​ឲ្យសិក្សា​ដំណឹងល្អ​ប្រចាំ​ថ្ងៃ​ដែរឬទេ ?

  • តើខ្ញុំ​លើកទឹកចិត្ត​សិស្ស​ឲ្យ​ចែកចាយ​សេចក្ដីពិត​ដែល​ពួកគេ​កំពុង​រៀន​ដែរ​ឬ​ទេ ?

  • តើខ្ញុំ​អញ្ជើញ​សិស្ស​ឲ្យ​រស់នៅ​តាម​អ្វី​ដែល​ពួកគេ​កំពុង​រៀន​ដែរ​ឬ​ទេ ។

វិញ្ញាណ​របស់យើង ត្រូវការ​ការចិញ្ចឹមបីបាច់​ដ៏ខ្ជាប់ខ្ជួន ដើម្បី​យើងអាច​ក្លាយជា​ពន្លឺ និង​សិរីល្អ​ដែលព្រះបាន​បង្កើត​យើងឲ្យ​ប្រែក្លាយ។ នៅពេល​យើង​សិក្សា​ និងពិចារណា​ពាក្យ​សម្ដី​របស់ពួកព្យាការី​នៃព្រះ នោះ​យើង​ផឹក​ទឹករស់​ ហើយ​ទទួលទាន​ព្រះបន្ទូល​នៃ​ព្រះគ្រីស្ទ ។

វា​ពុំគ្រប់គ្រាន់ទេ​ ដោយគ្រាន់តែ​អាន​នោះ ។ យើង​ចាំបាច់​ត្រូវ​ផ្ទៀងស្ដាប់ យើងចាំបាច់​ត្រូវ​ពិចារណា និង​យកមក​​ដាក់នៅក្នុង​ខ្លួន ។១៥

ខ្ញុំ​ដកឃ្លា​មួយក្នុងសុភាសិតថា « បង្រៀន​ដំណឹងល្អ​ដល់មនុស្ស​ម្នាក់ នោះអ្នកបានប្រទានពរ​ដល់គាត់មួយថ្ងៃ ។ បង្រៀន​មនុស្ស​ម្នាក់​ឲ្យ​ទទួលទាន​ព្រះបន្ទូល​នៃ​ព្រះ ហើយនៅជាប់​ជាមួយ​នឹង​ព្រះវិញ្ញាណបរិសុទ្ធ នោះ​អ្នកបាន​ប្រទានពរ​គាត់​ពេញមួយជីវិត » ។

តាមរ​យៈ​ដំណើរការនៃ​ការ​បំផុសំគនិត និងវិវរណៈ​ផ្ទាល់ខ្លួននេះ ដែល​យើង​ស្ថាបនា​ជីវិត​យើង​នៅលើ​ថ្មដា​នៃ​ព្រះប្រោសលោះ​របស់យើង ។​១៦ បន្ទាប់មក​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នោះ អាច​ក្លាយទៅជា « យុថ្កានៃ​ព្រលឹង » ។​១៧

ការបង្រៀន​ដំណឹងល្អ​គឺសំខាន់ ។ ការបង្រៀន​អ្នកដទៃ​ឲ្យ​ជ្រមុជ​ខ្លួន​ទៅក្នុងការអធិស្ឋាន ស្វែងរក​ព្រះវិញ្ញាណ ហើយ​អនុវត្ត​អ្វី​ដែល​ពួកគេ​បានរៀន គឺ​សំខាន់​ដូចគ្នា ។

​ពរជ័យ&សន្យា ។

បងប្អូនប្រុសស្រី មិត្ត​ជា​ទីស្រឡាញ់ និង​គ្រូបង្រៀន​ជា​ទីស្រឡាញ់​របស់​ខ្ញុំ​អើយ —អ្នកទាំងអស់គ្នា​គឺជាគ្រូបង្រៀន យើង​ទាំងអស់គ្នា​គឺជា​គ្រូបង្រៀន— អរគុណ​ចំពោះ​ភាព​ស្មោះត្រង់ និង​បំណងប្រាថ្នា​ដើម្បីធ្វើការល្អ​របស់អ្នក ។ អរគុណចំពោះ​ម៉ោង​ជាច្រើន​ដែលបាន​ចំណាយ​ដើម្បី​រៀបចំ ផ្ដល់ការងារបម្រើ និង​បង្រៀន​ដល់អ្នកដទៃ​អំពី​ដំណឹងល្អ​ដោយ​អំណរ ។

ខ្ញុំ​សូមអញ្ជើញ​អ្នកឲ្យ​សិក្សា​មគ្គុទេសន៍​ការបង្រៀន​តាមរបៀប​របស់ព្រះអង្គសង្គ្រោះ​ថ្មីនេះ និង​ប្រើប្រាស់​វា​ដើម្បី​វាយតម្លៃ​ផ្ទាល់​​ខ្លួន​ ដើម្បី​រំឭក​ខ្លួន​ឯងអំពី​គោលបំណង ។

តាមរយៈ​​ការ​កាន់តាម​ព្រះបន្ទូល​នៃ​ព្រះ ហើយបង្រៀន​អ្នកដទៃ​ឲ្យធ្វើដូចគ្នា— ដោយ​ការបង្រៀន​តាមរបៀប​របស់ព្រះអង្គសង្គ្រោះ—នោះយើង​បង្ហាញ​សេចក្ដីស្រឡាញ់​ចំពោះព្រះ និង​បងប្អូន​របស់យើង និង​មនុស្ស​ទូទៅ ។ ហើយ​នៅពេល​យើង​ដើរ​នៅលើ​ផ្លូវ​តូច​ និង​ចង្អៀត នោះ​យើង​មានចំណែក​ក្នុង​ការ​ហៅ​ដ៏​បរិសុទ្ធ​បំផុត​ ដើម្បី​​ដឹកនាំព្រលឹង​អមត​របស់​យើង និងព្រលឹង​មនុស្សដទៃទៀត ដើរឆ្ពោះទៅ « ខាង​ស្ដាំ​ព្រះហស្ត​នៃ​ព្រះ​នៅក្នុងនគរស្ថានសួគ៌ ដើម្បី​អង្គុយ​ជា​មួយ​នឹង​អ័ប្រាហាំ និង​អ៊ីសាក និង​យ៉ាកុប និង​ជាមួយ​ពួក​អយ្យកោ​ដ៏បរិសុទ្ធ​ទាំងអស់​របស់​យើង ដើម្បី​កុំ​ចេញ​ពី​ទីនេះទៅទៀត​ឡើយ » ។​១៨

បងប្អូន​គ្រូបង្រៀន​ មិត្តជាទីស្រឡាញ់ បងប្អូន​របស់ខ្ញុំ សូម​ព្រះប្រទានពរ​អ្នក​ចំពោះកិច្ចការ​ដ៏ស្មោះស្ម័​គ្រ​របស់អ្នក​ដើម្បី​បង្រៀន​ដោយនាមរបស់​ព្រះអង្គសង្គ្រោះ ។ នៅ​ក្នុង​ព្រះនាម​នៃ​គ្រូបង្រៀន​ដ៏​មហិមា​បំផុត​នៅ​គ្រប់​សម័យកាល នៅ​ក្នុង​ព្រះនាម​នៃ​លោក​ចៅហ្វាយ​របស់​យើង នៅ​ក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ៕