ការ ផ្សាយ ប្រចាំ ឆ្នាំ
ថ្នាក់​សិក្ខា​សាលា ថ្នាក់​វិទ្យាស្ថាន និង​រឿង​ផ្សេងៗ​ទៀត​ដែល​ដំណើរការ


21:24

ថ្នាក់​សិក្ខា​សាលា ថ្នាក់​វិទ្យាស្ថាន និង​រឿង​ផ្សេងៗ​ទៀត​ដែល​ដំណើរការ

ការចាក់​ផ្សាយ​ប្រចាំ​ឆ្នាំ ២០២៣ ​សម្រាប់​ថ្នាក់ ស.&វ

ថ្ងៃ​ទី ២៧ ខែ មករា ឆ្នាំ ២០២៣

ប្រធាន ស្ទេវីន ជេ ឡាន់ ៖ ឱ ខ្ញុំ​មាន​អំណរ​ណាស់​ដែល​ត្រូវបាន​សុំ​ឲ្យ​ថ្លែង​ទីបន្ទាល់​របស់​ខ្ញុំ​ទៅកាន់​បងប្អូន ជា​មនុស្ស​ដែល​ខ្ញុំ​ស្ងើច​សរសើរ​យ៉ាងខ្លាំង​នៅ​ថ្ងៃនេះ ថែមទាំង​ត្រូវ​ចែកចាយ​នៅចន្លោះ​គ្រូបង្រៀន​ដ៏​អស្ចារ្យ​ទាំងពីរ​រូប​នេះ ដែល​ខ្ញុំ​បាន​ស្គាល់​នៅក្នុង​សាសនាចក្រ​ផងដែរ ។

ខ្ញុំ​បាន​ចូលរួម​ការបង្រៀន​នា​ពេល​ថ្មីៗ​នេះ​ដោយ​សាស្ត្រាចារ្យ អរស៊ើរ ប្រ៊ូកស៍ នៃ​សាកល​វិទ្យាល័យ​ហាវើដ ។ ហើយ​គាត់​បាន​មាន​ប្រសាសន៍​ថា « លោក​ដឹង​ទេ យើង​ដាក់​សម្ពាធ​ខ្លាំង​ពេក​លើ​គ្រូបង្រៀន​របស់​យើង យើង​សុំ​ឲ្យ​ពួកគាត់​ផ្លាស់ប្ដូរ​គន្លង​នៃ​ប្រវត្តិសាស្រ្ត​មនុស្ស​ជាតិ » នេះ ។ គាត់​មិន​បាន​ដឹង​ថា វា​ពិត​ប៉ុណ្ណា​នោះ​ទេ ។ ប៉ុន្តែ ក្នុង​ករណី​របស់​បងប្អូន យើង​មិន​ព្រួយ​បារម្ភ​ពី​រឿង​ប្រវត្តិសាស្ត្រ​នោះ​ទេ តែ​ជា​រឿង​អស់កល្ប​ជានិច្ច​វិញ ។ ដូច​នេះ យើង​រំពឹង​ច្រើន​ពី​បងប្អូន ហើយ​សូម​កោត​សរសើរ​ចំពោះ​បងប្អូន និង​អ្វីៗ​ដែល​បងប្អូន​ធ្វើ ហើយ​យើង​ចង់បាន​លទ្ធផល​ទាំងនោះ ។

នៅ​លើក​ចុងក្រោយ​ដែល​ខ្ញុំ​បាន​និយាយ​ក្នុង​សន្និសីទ​ទូទៅ ខ្ញុំ​ថ្លែង​ពី​ការចង់​ដាក់​ដៃ​របស់​ខ្ញុំ​នៅ​លើ​ស្មា​អ្នក​ដែល​ត្រឡប់​មក​ពី​បេសកកម្ម​ដ៏​ស្មោះត្រង់ ហើយ​បង្ហាញ​ពី​អារម្មណ៍​ក្នុង​ចិត្ត​របស់​ខ្ញុំ​ទៅ​ក្នុង​ព្រលឹង​របស់​គាត់ ។ ជា​មួយ​នឹង​ការចាត់តាំង​ឲ្យ​និយាយ​ទៅ​កាន់​បងប្អូន​នៅ​ទីនេះ ខ្ញុំ​ធ្វើ​ដូច​គ្នា​ដែរ—ថា​ខ្ញុំ​ហាក់​ដូច​ជា​ដាក់​ដៃ​របស់​ខ្ញុំ​នៅ​លើ​ស្មា​របស់​បងប្អូន ហើយ​មើល​ទៅ​កែវភ្នែក​បងប្អូន ហើយ​បង្ហាញ​ពី​អារម្មណ៍​របស់​ខ្ញុំ​ទាក់ទង​នឹង​ឱកាស និង​ឧបសគ្គ​នានា​របស់​បងប្អូន ។ មែនហើយ យើង​មិន​បាន​នៅ​ជិត​គ្នា​បែប​នោះ​ទេ ប៉ុន្តែ​ដោយ​ដឹង​ពី​អារម្មណ៍​របស់​ខ្ញុំ​ចំពោះ​បងប្អូន ហើយ​បើ​បងប្អូន​ដឹង​ពី​អ្វី​ដែល​ខ្ញុំ​ចង់​ឮ​នោះ​គឺ តើ​បងប្អូន​គិត​អ្វី​ក្នុង​ចិត្ត​ដែល​ខ្ញុំ​គួរ​តែ​ដឹង ។

ខ្ញុំ​ចេះ​ដឹង​ដល់​សព្វថ្ងៃ​នេះ ដោយ​សារ​ខ្ញុំ​បាន​ចូលរួម​ថ្នាក់​សិក្ខាសាលា​ពេល​ព្រលឹម​ដែល​បាន​បង្រៀន​ភាគច្រើន​នៅ​ក្នុង​ថ្នាក់រៀន​ចល័ត​តូច​មួយ ដែល​នៅ​ជាប់​មហាវិទ្យាល័យ​រដ្ឋ​កាលីហ្វ័រញ៉ា ។ គ្រូ​បង្រៀន​របស់​យើង​គឺ​ជា​ស្ដ្រី​ផ្លាស់​ប្រែចិត្ត​ជឿ​ជនជាតិ​ស៊ុយអែត​មួយ​រូប ដែល​ជា​ភរិយា​របស់​សមាជិក​នៃ​គណៈប៊ីស្សព​របស់​យើង ហើយ​ច្រើន​ឆ្នាំ​ក្រោយ​មក​គឺ​ជា​ជីដូន​វ័យ​ចិតសិប​មួយ​គូ—ពួកគាត់​ទាំង​បី​មាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់​ដើម្បី​បង្រៀន ដោយសារ​ពួក​គាត់​មាន​អារម្មណ៍​គារវភាព​ចំពោះ​ការញែកចេញ​របស់​ពួកគាត់​យ៉ាង​ខ្លាំង រហូត​ធ្វើ​ឲ្យ​ពួកគាត់​ងាយ​នឹង​ភ្ញាក់​មុន​ម៉ោង ៥:០០ ព្រឹក ហើយ​វា​ក៏​ដោយសារ​ការជឿស៊ប់​យ៉ាង​ខ្លាំង​របស់​ពួកគាត់​ដល់​សេចក្ដីពិត​នៃ​ការស្ដារ​ឡើងវិញ​ផងដែរ ។ ភាគច្រើន​នៃ​អ្វី​ដែល​ខ្ញុំ​ដឹង​អំពី​ដំណឹងល្អ—មែន​ហើយ​ភាគច្រើន​បំផុត—​នៃ​អ្វី​ដែល​ខ្ញុំ​ដឹង​អំពី​ដំណឹងល្អ គឺ​ដោយសារ​ខ្ញុំ​បាន​រៀន​នៅក្នុង​ថ្នាក់​សិក្ខាសាលា ។ ហើយ​អ្វី​ថ្មីៗ​ជា​ច្រើន​ដែល​ខ្ញុំ​កំពុង​រៀន​ឥឡូវ​នេះ គឺ​គ្រាន់តែ​ជា​ការ​រំឭក​ឡើង​វិញ​នូវ​អ្វី​ដែល​ពួកគាត់​បាន​ព្យាយាម​បង្រៀន​ខ្ញុំ​នៅ​ពេល​នោះ​តែ​ប៉ុណ្ណោះ ។

ដូច្នេះ យើង​សូម​ចាប់​ផ្ដើម​ដោយ​ពាក្យ​ដ៏​សំខាន់​បំផុត​មួយ ដែល​ខ្ញុំ​អាច​ថ្លែង​បាន ៖ សូម​អរគុណ​សម្រាប់​អ្វី​ដែល​បងប្អូន​ធ្វើ និង​បងប្អូន​ផ្ទាល់ ។ សូម​អរគុណ​សម្រាប់​ឆន្ទៈ​របស់​បងប្អូន​ក្នុង​ការ​ធ្វើ​កិច្ចការ​ដ៏​អស្ចារ្យ​នេះ ដែល​បាន​តម្រូវ​ឲ្យ​ផ្លាស់ប្ដូរ​កម្មវិធី​សិក្សា ផែនការ​មេរៀន និង​ប្រតិទិន​របស់​បងប្អូន ដើម្បី​ឲ្យ​ស្រប​នឹង​កម្មវិធី ចូរ​មក​តាម​ខ្ញុំ ។ មនុស្ស​ជា​ច្រើន​នៅ​ក្នុង​សាសនាចក្រ​នេះ មើល​មិន​ឃើញ​ពេញលេញ​ពី​អ្វី​ដែល​បាន​តម្រូវ​ពី​បងប្អូន​នោះទេ​ ។ សូម​អរគុណ​បងប្អូន​សម្រាប់​កិច្ច​ខិតខំ​ប្រឹងប្រែង​បន្ថែម​ដែល​តម្រូវ​ឲ្យ​មាន ដើម្បី​ជះឥទ្ធិពល​លើ​ការផ្លាស់ប្ដូរ​នេះ ហើយ​ខ្ញុំ​ដឹង​ថា​បងប្អូន​កំពុង​បន្ត​សម្រិត​សម្រាំង​កម្មវិធី​សិក្សា ។ ការងារ​របស់​បងប្អូន​បាន​ចាប់ផ្តើម​ចេញ​ផ្លែផ្កា ។

សំណេរ​មួយ​បាន​មកដល់​ការិយាល័យ​របស់​យើង ដែល​ប្រាប់​នូវ​រឿង​ទូទៅ​មួយ ។ សំណេរ​នោះ​មាន​ខ្លឹមសារថា « ខ្ញុំ​និយាយ​តាម​ត្រង់ ជា​ធម្មតា​គ្រួសារ​របស់​ខ្ញុំ​មិន​ដែល​មាន​រាត្រី​ជួបជុំ​ក្រុមគ្រួសារ​ទេ ។ យើង​មិន​បាន​អាន​ព្រះគម្ពីរ​របស់​យើង​ញឹកញាប់​នោះទេ ទោះ​ដោយ​ផ្ទាល់ខ្លួន​យើង ឬ​ជា​គ្រួសារ ឬ​សិក្សា​ដំណឹងល្អ​ជាមួយគ្នា​ក្ដី ។ ទោះយ៉ាងណា​ក៏ដោយ ពួកយើង​សកម្ម​នៅ​ព្រះវិហារ ដូច្នេះ​ថ្មីៗ​នេះ ចាប់តាំង​ពី​ខ្ញុំ​ចូលរួម​ថ្នាក់​សិក្ខាសាលា​មក ខ្ញុំ​អាច​ចែកចាយ​អ្វី​ដែល​ខ្ញុំ​បាន​រៀន​ពី​ថ្នាក់​សិក្ខាសាលា​ជាមួយ​គ្រួសារ​ខ្ញុំ ។ ខ្ញុំ​ជឿ​ថា ថ្នាក់​សិក្ខាសាលា​កំពុង​ជួយ​ជះឥទ្ធិពល​ដល់​ខ្ញុំ​ឲ្យ​អាន​ព្រះគម្ពីរ​របស់​ខ្ញុំ ប៉ុន្តែ​ក៏​ជួយ​ខ្ញុំ​ឲ្យ​មាន​ឥទ្ធិពល​លើ​គ្រួសារ​របស់​ខ្ញុំ​ផងដែរ » ។

មែនហើយ តើ​នោះ​មិនមែន​ជា​សេចក្ដី​សង្ឃឹម​ទេ​ឬ ? ជំនួយ​គាំទ្រ​របស់​សាសនាចក្រ នឹង​ជួយ​ពង្រឹង​ដល់​ការផ្ដោត​ទៅលើ​គេហដ្ឋាន​ក្នុង​សាសនាចក្រ ។ ដំណើរការ​នោះ​គឺជា​ផ្នែក​មួយ​នៃ​ការស្ដារ​ឡើងវិញ​ជា​បន្តបន្ទាប់ ហើយ​វា​គឺជា​ពិធីការ​មួយ​ដែល​មាន​ប្រសិទ្ធភាព ។ សាសនាចក្រ​ខិតខំ​យ៉ាង​ខ្លាំង​ក្នុង​ការព្យាយាម​យល់​ពី​អ្វី​ដែល​ដំណើរការ និង​អ្វី​ដែល​មិន​ដំណើរការ ។ អ្នក​ពិតជា​ស្ថិត​នៅក្នុង​ភាពវិលវល់​នៃ​រឿង​មួយ​ចំនួន​ដែល​យើង​ដឹង​ថា បង្កើត​ទំនាក់ទំនង​យូរ​​អង្វែង​ជាមួយ​ព្រះអម្ចាស់ ។

ដូច្នេះ កាលដែល​ខ្ញុំ​ដាក់​ដៃ​របស់​ខ្ញុំ​នៅលើ​ស្មា​របស់​បងប្អូន—ឬ​នៅ​ជុំវិញ​ក​របស់​បងប្អូន ដោយ​យោង​ទៅតាម​កាលៈទេសៈ—តើ​ខ្ញុំ​អាច​គូស​បញ្ជាក់​ពី​រឿង​មួយ​ចំនួន ដែល​យើង​ដឹង​ថា​មាន​ប្រសិទ្ធភាព ដើម្បី​ឲ្យ​បងប្អូន​អាច​ពឹងផ្អែក​លើ​វា​បាន ជា​រឿង​ដែល​សំខាន់​បំផុត​នៅក្នុង​ការបង្រៀន​របស់​បងប្អូន​បាន​ដែរ​ទេ ? គេ​ច្រើន​និយាយ​ថា គ្រឿងផ្សំ​ដំបូង​សម្រាប់​ភាពជោគជ័យ គឺ​ការមាន​វត្តមាន ។ ជាមធ្យម យុវវ័យ​ដែល​មក​ថ្នាក់​សិក្ខាសាលា​នឹង​ទទួល​បាន​លទ្ធផល​ដ៏ល្អ​ប្រសើរ​ពេញ​មួយ​ជីវិត ។ ពួកគេ​ទំនងជា​កាន់តែ​ចង់​ទទួល​បាន​អំណោយទាន​ពិសិដ្ឋ ទំនងជា​បម្រើ​បេសកកម្ម ហើយ​ទំនងជា​រៀបការ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ។ សិស្ស​ដែល​ចូលរួម​ថ្នាក់​សិក្ខាសាលា​បាន​បួន​ឆ្នាំ នឹង​មាន​ទំនាក់ទំនង​ជាមួយ​នឹង​ដំណឹងល្អ​ពេញ​មួយ​ជីវិត​របស់​ពួកគេ ។ ទីពីរ នៅពេល​យុវវ័យ​ថ្វាយ​ដង្វាយ​មួយ​ភាគ​ដប់​ពេញលេញ ពួកគេ​បង្កើត​ទំនាក់ទំនង​មួយ​ជាមួយ​នឹង​ព្រះវរបិតា​សួគ៌​ដែល​នឹង​បន្ដ​ជារៀង​រហូត ។ រាល់ពេល​ដែល​ពួកគេ​គោរព​បទបញ្ញត្តិ​នោះ ហើយ​ថ្វាយ​ដង្វាយ នោះ​ចំណង​ថ្មី​មួយ​នៃ​ការលះបង់ និង​ទំនាក់ទំនង​បាន​បង្កើត​ឡើង ។

ខ្ញុំ​សង្ឃឹមថា គ្រប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា និង​ថ្នាក់​វិទ្យាស្ថាន​ទាំងអស់ កំពុង​កែលម្អ​របៀប​ដែល​ពួកគាត់​បង្រៀន​អំពី​អំណាច​តភ្ជាប់​នៃ​ដង្វាយ​មួយភាគ​ក្នុងដប់​ឲ្យប្រសើរ​ឡើង​ជា​បន្ត​បន្ទាប់ ។ កាល​ខ្ញុំ​អាយុ ១០ ឆ្នាំ​ មាន​ពេល​មួយ​ឪពុក​របស់​ខ្ញុំ​បាន​សួរ​ខ្ញុំថា តើ​ខ្ញុំ​ថ្វាយ​ដង្វាយ​មួយ​ភាគ​ដប់​របស់​ខ្ញុំជានិច្ច​​ដែរ​ឬ​ទេ ។ ខ្ញុំ​បាន​ថ្វាយ ។ វា​តិចតួច​ទេ ដោយសារ​មិន​សូវ​មាន​ពាណិជ្ជកម្ម​លក់ដូរ​ច្រើន​នៅលើ​ផ្លូវលំ​ដែល​ខ្ញុំ​រស់នៅ ។ ប៉ុន្តែ​គាត់​បាន​បន្ត​និយាយ​ទៀត​ថា « កូន​ដឹង​ទេ ប្រសិនបើ​កូន​សម្រេចចិត្ត​ធ្វើ​វា នោះកូន​អាចរស់នៅ​បាន​ល្អ​ឥតខ្ចោះ​ចំពោះ​ការណ៍​នេះក្នុង​ជីវិត​របស់​កូន » ។ គាត់បាន​និយាយ​ថា « ការសោកស្ដាយ​មួយ​របស់​ឪពុក »—នេះ​ជាឪពុក​របស់​ខ្ញុំ—« គឺនៅពេល​ពុក​នៅ​លើ​កប៉ាល់​កងទ័ព​ជើងទឹក​រយៈពេល​ពីរបី​ខែ គ្មាន​កន្លែង​ដើម្បី​ថ្វាយ​ដង្វាយ​មួយភាគ​ដប់​នោះទេ ហើយ​ពុក​លែង​បាន​ថ្វាយដង្វាយ ។ តាំង​ពី​ពេល​នោះមក ពុក​បាន​ថ្វាយ​ទៀងទាត់​ណាស់ ។ ប៉ុន្តែ ខ្ញុំ​អៀនខ្មាស​ចំពោះ​រយៈពេល​នោះ គឺ​ពេល​ដែល​ខ្ញុំ​មិន​បាន​ធ្វើ ។ ប្រសិនបើ​អ្នក​សម្រេច​ចិត្ត អ្នក​អាច​បាន​ល្អ​ឥតខ្ចោះ​នៅក្នុង​រឿង​នេះ​បាន » ។ មែនហើយ សិស្ស​របស់​បងប្អូន​ក៏​អាច​ធ្វើបាន​ដូចគ្នា​ផងដែរ ។

ចំណុច​ទីបី​ដែល​មាន​ប្រសិទ្ធភាព ខ្ញុំ​ចង់​ឲ្យ​បងប្អូន​យកចិត្ត​ទុកដាក់​នោះ​គឺ​សន្និសីទ FSY ។ សន្និសីទ FSY នេះ​គឺ​អស្ចារ្យ​ណាស់ ។ នៅ​រដូវក្ដៅ​កន្លងមក​នេះ យុវវ័យ​ជាង ឬ​ច្រើន​ជាង ២០០,០០០ នាក់​ដែល​មាន​អាយុ ១៤ ទៅ ១៨ ឆ្នាំ​នៅ​ជុំវិញ​ពិភពលោក​បាន​ចូលរួម​សន្និសីទ​នេះ ហើយ​ទៅផ្ទះ​វិញ​ដោយ​មាន​ការយល់ដឹង​កាន់តែ​ល្អ​អំពី​ខ្លួន​ពួកគេ និង​មូលហេតុ​ដែល​ព្រះអម្ចាស់​ទ្រង់​សុំ ។ សន្និសីទ FSY គឺ​ជោគជ័យ​ណាស់​រហូត​ដល់យើង​ត្រូវ​សួរ​ខ្លួនឯង​ថា តើ​អ្វីទៅ​ដែល​ធ្វើឲ្យ​មាន​ជោគជ័យ​នោះ ? តើ​ឥទ្ធិពល​របស់ សន្និសីទ FSY គឺ​ជា​អ្វី ?

មែនហើយ ផ្នែក​មួយ​នៃ​ជោគជ័យ​នេះ​គឺ​ការឲ្យ​អ្នក​ចូលរួម​នៅក្នុង​បរិយាកាស​មួយ​ដែល​នៅឆ្ងាយ​ពី​ការរំខាន​ប្រចាំថ្ងៃ​របស់​ពួកគេ​រយៈពេល​មួយ​សប្ដាហ៍ ដែល​ដាក់​ពួកគេ​នៅក្នុង​របត់គំនិត​ដែល​ងាយស្រួល​បង្រៀន ហើយ​ផ្ដោត​អារម្មណ៍​យ៉ាងខ្លាំង ។ ហើយ​សូម្បីតែ​ពួកគេ​ម្នាក់ៗ​ស្ថិត​នៅក្នុង​សភាព​សុខសាន្ត​ដូចជា​កូនក្មេង​នៅចាំផ្ទះ​ក៏ដោយ ក៏​ពួកគេ​ត្រូវតែ​ប្រឈម​ជាមួយ​បងប្អូន ជាមួយ​គ្រូបង្រៀន និង​ថ្នាក់ដឹកនាំ ដែល​ភាគច្រើន​មកពី​ថ្នាក់​សិក្ខាសាលា និង​ថ្នាក់​វិទ្យាស្ថាន នៅពេល​បងប្អូន​បំភ្លឺ​គំនិត​របស់​ពួកគេ​ដោយ​គោលលទ្ធិ​ដ៏​បរិសុទ្ធ និង​មាន​ប្រយោជន៍ ដែល​ធ្វើ​ឲ្យ​ពួកគេ​មាន​​ការផ្លាស់ប្តូរ​ដួងចិត្ត​ ។

បងប្អូន​ផ្ដល់​ឲ្យ​ពួកគេ​នូវ​ធនធាន​ដែល​ពួកគេ​ត្រូវការ នៅ​ពេល​ពួកគេ​ចូល​ទៅ​ក្នុង​បរិយាកាស​ដែល​ពោរពេញ​ដោយ​ភាព​មិន​ច្បាស់លាស់ និង​ចលាចល ដែល​ជា​ជីវិត​របស់​ពួកគេ ។ មេរៀន គំរូ និង​រាល់​ពាក្យពេចន៍​របស់​បងប្អូន​នឹង​ផ្តល់​ឲ្យ​ពួកគេ​នូវ​ជំនាញ ដើម្បី​ជួយ​ពួកគេ​ពេញ​មួយ​ជីវិត ។ សម្រាប់​ពួកគេ​មួយ​ចំនួន សន្និសីទ FSY អាច​ជា​ឱកាស​ដ៏​ល្អ​បំផុត​ចុងក្រោយ​របស់​ពួកគេ ក្នុង​ការបង្កើត​ភាពសុខសាន្ត​ជាមួយ​ខ្លួន​ពួកគេ និង​ជាមួយ​ព្រះ ។ សូម​ថ្លែង​អំណរគុណ​សម្រាប់​ការតំាងចិត្ត​របស់​បងប្អូន ក្នុង​ការ​ផ្ដល់​ឲ្យ​ពួកគេ​នូវ​បញ្ញា និង​គរុកោសល្យ​ខាងវិញ្ញាណ​ដ៏​ល្អ​បំផុត​របស់​បងប្អូន ។ ការស្រាវជ្រាវ​របស់​សាសនាចក្រ​យើង​បញ្ជាក់​ថា កត្តា​ជំរុញ​ដ៏​មាន​ឥទ្ធិពល​បំផុត​មួយ​នៃ​ភាព​ជាសិស្ស​ពេញ​មួយ​ជីវិត គឺ​ទំនាក់ទំនង​ជា​មួយ​មនុស្ស​ពេញវ័យ​ដ៏​ស្មោះត្រង់​ដូច​ជា​បងប្អូន ដែល​បាន​ស្វែងយល់​ពី​របៀប​ឆ្លងកាត់​ឧបសគ្គ​ក្នុង​ជីវិត ហើយ​រកឃើញ​សេចក្តី​អំណរ​នៅក្នុង​ព្រះគ្រីស្ទ ។

ប្រហែល​មួយ​ខែ​មុន ប្រធាន ប៊ូនី អេក ខ័រឌុន និង​ខ្ញុំ​ត្រូវបាន​ស្នើឲ្យ​រាយការណ៍​ទៅកាន់​គណៈប្រធាន​ទីមួយ​អំពី​កម្មវិធី FSY និង​របៀប​ដែល​វា​បាន​អនុវត្ត​នៅ​រដូវក្តៅ​កន្លង​ទៅ​នេះ​នៅ​សហរដ្ឋ​អាមេរិក និង​កាណាដា ។ យើង​បាន​បញ្ចប់​ការធ្វើ​បទបង្ហាញ​របស់​យើង ហើយ​បាន​ឆ្លើយតប​ទៅ​នឹង​សំណួរ​ត្រិះរិះ​មួយ​ចំនួន​អំពី​ផែនការ​របស់​យើង​ក្នុង​ការ​ធ្វើ​ឲ្យ​ប្រសើរឡើង​បន្ថែម​ទៀត ហើយ​កិច្ចប្រជុំ​នោះ​ហាក់​ដូចជា​បាន​ចប់​ហើយ ។ ប៉ុន្តែ​នៅ​ពេល​យើង​ចាប់ផ្តើម​ងើប​ពី​កៅអី​របស់​យើង ប្រធាន ណិលសុន បាន​ផ្អៀង​មក ហើយ​លោក​បាន​មាន​ប្រសាសន៍​ថា « យើង​ត្រូវ​តែ​បង្រៀន​ពួកគេ​ឲ្យ​អធិស្ឋាន » ។ ភ្លាមៗ​នោះ​យើង​ក៏​អង្គុយ​ចុះ​វិញ ។ លោក​បាន​មាន​ប្រសាសន៍​ថា « យើង​ត្រូវតែ​បង្រៀន​ពួកគេ​ឲ្យ​អធិស្ឋាន ថា​ត្រូវ​អធិស្ឋាន​ទៅ​អ្នកណា និង​ប្រើ​ភាសា​ដូច​ម្ដេច​ក្នុង​ការអធិស្ឋាន » ។ ហើយ​បន្ទាប់​មក លោក​បាន​បន្ត​ថា លោក​មាន​ការព្រួយបារម្ភ​ថា យើង​អាច​ក្លាយ​ទៅ​ជា​ធម្មតា​ពេក​ក្នុង​របៀប​ដែល​យើង​ទូល​ទៅ​កាន់​ព្រះវរបិតា​សួគ៌ ។ ហើយ​បន្ទាប់​មក លោក​បាន​មាន​ប្រសាសន៍​នូវ​ឃ្លា​នោះ​ម្ដង​ទៀត​ថា « យើង​ត្រូវ​តែ​បង្រៀន​ពួកគេ​ឲ្យ​អធិស្ឋាន ថា​ត្រូវ​អធិស្ឋាន​ទៅ​អ្នកណា និង​ប្រើ​ភាសា​ដូចម្ដេច​ក្នុង​ការអធិស្ឋាន » ។ ដូច្នេះ ចូរ​យើង​បង្រៀន​ពួកគេ​ឲ្យ​អធិស្ឋាន ។ រាល់​ពេល​ដែល​យើង​អធិស្ឋាន យើង​កំពុង​យាង​អញ្ជើញ​ព្រះវរបិតា​សួគ៌ ឲ្យ​ធ្វើ​អន្តរាគមន៍​ក្នុង​ជីវិត​របស់យើង ។ រាល់​ការអធិស្ឋាន​ទាំងអស់​គឺ​ជា​ការអធិស្ឋាន​សូម​អព្ភូតហេតុ ។ សូម្បី​តែ​ការអធិស្ឋាន​នៃ​ការដឹងគុណ​ក៏​សង្ឃឹម​ថា នឹង​ធ្វើ​ឲ្យ​ទំនាក់ទំនង​របស់​យើង​កាន់​តែ​ស៊ីជម្រៅ​ជាមួយ​នឹង​ព្រះ​ផង​ដែរ ។

ដូច្នេះ ចូរ​យើង​ងាក​ទៅ​រក​ធនធាន​មួយ​ទៀត​ដែល​ជួយ​បង្កើន​ទីបន្ទាល់ ។ សេចក្តី​ណែនាំ ដើម្បី​កម្លាំង​នៃ​យុវជន ។ ខ្ញុំ​សុំទោស—ដើម្បី​កម្លាំង​នៃ​យុវជន ៖ សេចក្ដីណែនាំ​ដើម្បី​ធ្វើការ​ជ្រើសរើស ដែល​បង្រៀន​យើង​ឲ្យ​ប្ដូរពី​ការផ្ដោត​លើ​ច្បាប់​របស់​យើង ទៅជា​ការផ្ដោត​ទំនាក់ទំនង​របស់​យើង​ជាមួយ​ព្រះអង្គ​សង្គ្រោះ ហើយ​ក្លាយ​ដូចជា​ទ្រង់​វិញ ។ ពាក្យ​ចាស់​ដែល​ពោល​ថា « តើ​ព្រះយេស៊ូវ​នឹង​ធ្វើ​អ្វី ? » នៅ​តែ​ជា​ក្បួន​ខ្នាត​ដ៏​អស្ចារ្យ​នៃ​ជីវិត​ដដែល ។ លក្ខខណ្ឌ​រារាំង​ការសម្រេចចិត្ត​របស់​យើង​គឺ​លែង​មាន​ទៀត​ហើយ ផ្ទុយ​ទៅ​វិញ វា​គឺ​ជា​បេសកកម្ម​ដែល​ព្រះ​ប្រទាន​មកឲ្យ​យើង​វិញ ។

ប្រធាន ណិលសុន ប្រាប់​យើង​ម្តង​ហើយ​ម្តង​ទៀត​ថា រឿង​ដ៏​សំខាន់​បំផុត ដែល​កើត​ឡើង​នៅ​ក្នុង​ពិភពលោក​នេះ និង​ហេតុផល​ដែល​យើង​ត្រូវ​បាន​រក្សាទុក ដើម្បី​ឲ្យ​ចូលមក​ក្នុង​ពិភពលោក​នៅពេល​នេះ គឺ​ការប្រមូលផ្តុំ​វង្ស​អ៊ីស្រាអែល ។ ដូច្នេះ នៅពេល​យើង​កំពុង​ធ្វើការ​សម្រេច​ចិត្ត​អំពី​របៀប​ដែល​យើង​នឹង​ដឹកនាំ​ជីវិត​របស់​យើង យើង​គួរ​ត្រូវបាន​ជំរុញ​ដោយ​សំណួរ​ថា « តើ​ការសម្រេច​ចិត្ត​នេះ​នឹង​ជួយ​ដល់​ខ្ញុំ ឬ​រារាំង​សមត្ថភាព​របស់​ខ្ញុំ​ក្នុងការ​បំពេញ​តាម​គោលបំណង​នៃ​ជីវិត​រមែង​ស្លាប់​របស់​ខ្ញុំដែរ​ឬ​ទេ ? » នៅ​ពេល​យើង​ខិតខំ​រស់នៅ​តាម​របៀប​ជីវិត​ដែល​ស័ក្ដិសម​នឹង​កងពល​តូច​របស់​ព្រះអម្ចាស់ នោះ​យើង​ព្យាយាម​ធ្វើ​ឲ្យ​ជម្រើស​ជីវិត​របស់​យើង​ស្រប​នឹង​បេសកកម្ម​ជីវិត​របស់​យើង ។

សំណួរ​សម្រាប់​យើង​ម្នាក់ៗ​គឺ​ថា « តើ​យើង​ជឿ​លើ​ព្រះគ្រីស្ទ​ដែរ​ឬ​ទេ កាល​ទ្រង់​បើក​សម្ដែង​តាមរយៈ​ព្យាការី​ទ្រង់​អំពី​គោលបំណង​ដ៏​ទេវភាព​របស់​យើង ? » ព្រោះ​ប្រសិនបើ​យើង​ជឿ​លើ​ទ្រង់ នោះ​យើង​នឹង​ចង់​ធ្វើ​ការសម្រេច​ចិត្ត​ដ៏​អស្ចារ្យ ។ បងប្អូន​ដែល​ជា​គ្រូបង្រៀន និង​ថ្នាក់ដឹកនាំ​នៃ ស&វ គឺ​ជា​គ្រូបង្រៀន​ដ៏ឆ្នើម​ក្នុង​ការជួយ​ពួកគេ​ឲ្យ​ឆ្លើយ​សំណួរ​នោះ ។ នៅ​ក្នុង​ពិភពលោក​ដែល​មាន​ការ​ផ្លាស់ប្តូរ​នេះ បញ្ជី​នៃ​ការដាក់​កំហិត​នឹង​មិន​ការពារ​យើង​ទេ ប៉ុន្តែ​គោលការណ៍​នៃ​ដំណឹងល្អ​នឹង​ការពារ​យើង ។

សៀវភៅ ដើម្បី​កម្លាំង​នៃ​យុវជន សេចក្ដីណែនាំ​ថ្មី​ដើម្បី​ធ្វើ​ការជ្រើសរើស ស្នើ​ឲ្យ​យុវវ័យ​របស់​យើង​រៀន​ដោះស្រាយ​បញ្ហា​ជីវិត តាមរយៈ​ការផ្ដោត​លើ​រំញោច​ខាង​វិញ្ញាណ​របស់​ពួកគេ ជា​ជាង​ខាង​វប្បធម៌​ពេញ​និយម​របស់​ពួកគេ ។ សេចក្ដីណែនាំ FSY ថ្មី​នេះ​គឺ​មិនមែន​ជា​ការនិយាយ​ដដែលៗ​របស់​មនុស្ស​ពេញវ័យ​ទៅ​កាន់​យុវវ័យ​អំពី​គុណតម្លៃ​នោះ​ទេ ។ ផ្ទុយ​ទៅវិញ វាជា​ការកំណត់​ឡើងវិញ​នូវ​វិធី​ដែល​ពួកគេ​ដោះស្រាយ​បញ្ហា​ជីវិត​របស់​ពួកគេ កាល​ដែល​ពួកគេ​រៀនពី​អត្តសញ្ញាណ​ពិតប្រាកដ​របស់​ខ្លួន ក្នុង​នាមជា​បុត្រា និង​បុត្រី​របស់​ព្រះ ជា​ព្រះ​ដែលមាន​កិច្ចការ​ឲ្យ​ពួកគេ​ធ្វើ ជា​អង្គ​ដែលបាន​បញ្ជូន​ពួកគេ​មក​ទីនេះ​សម្រាប់​គោលបំណង​ជាក់លាក់ ដែលនឹង​ធ្វើឲ្យ​ជីវិត​របស់​ពួកគេ​មាន​ន័យ ។ ហើយ​ចាក់ឫស​យ៉ាង​រឹងមាំ​នៅក្នុង​ដំណឹងល្អ ។

សេចក្ដី​ណែនាំ​ថ្មី​សម្រាប់​ធ្វើការ​ជ្រើសរើស​នេះ គឺជា​ផ្នែក​មួយ​នៃ​គំរូ​ដែល​មាន​អាយុ​កាល​ជាង​មួយ​ទសវត្សរ៍​ ដែល​ជំរុញ​យើង​ឲ្យ​ឆ្ពោះ​ទៅរក​ជីវភាព​ខាងវិញ្ញាណ​កាន់តែ​ស៊ីជម្រៅ​ឡើង វាគឺជា​ផ្នែក​ចុងក្រោយ​បំផុត​នៃ​ការស្តារ​ឡើងវិញ​ដ៏​យូរអង្វែង​មួយ ដែល​ប្ដូរ​ពី​ការបង្រៀន​តាម​វួដ​ដោយ​ជោគជ័យ ទៅជា​ការបង្រៀន​តាមផ្ទះ ហើយ​បន្ទាប់មក​ទៅជា​ការងារ​បម្រើ—ទៅ​ជា​រាត្រី​ជួបជុំ​ក្រុមគ្រួសារ ជំនួស​ឲ្យ​រាត្រី​ជួបជុំ​គ្រួសារ​ធម្មតា សមាជិក​គ្រប់​រូប​ជា​អ្នកផ្សព្វផ្សាយ​សាសនា​ក្នុង​ការលើក​ស្ទួយ​គ្រប់​កម្រិត​ទាំងអស់ ដើម្បី​បង្កើន​ការពិភាក្សា​ដ៏​គួរឲ្យ​ចងចាំ​អំពី​បេសកកម្ម​ជា​មួយ​នឹង ប្រកាស​ដំណឹងល្អ​របស់​យើង និង​ការជំនួស​ក្រុម​កាយឫទ្ធិ និង​ការអភិវឌ្ឍ​ផ្ទាល់ខ្លួន ដោយ​កម្មវិធី​កុមារ និង​យុវវ័យ​វិញ—ជា​ពេល​ដែល​យុវវ័យ​ត្រូវ​បាន​សូម​ឲ្យ​គ្រប់គ្រង​ជីវិត​ខាង​វិញ្ញាណ​របស់​ពួកគេ ។

កិច្ច​តម្រូវ​ថ្មី​សម្រាប់​ការអាន​ក្នុង​ថ្នាក់​សិក្ខាសាលា គឺ​ស្រប​នឹង​វិធីសាស្ត្រ​ណែនាំ​ខាងវិញ្ញាណ​ដែល​ផ្អែកលើ​គោលការណ៍​នេះ ។ យើង​បាន និង​កំពុង​ផ្លាស់ប្តូរ​កាន់​តែ​ច្រើន​ឡើង​ឆ្ពោះ​ទៅ​រក​វិធីសាស្រ្ត​ដែល​ប្រសើរ​ជាង និង​បរិសុទ្ធ​ជាង​ដើម្បី​ធ្វើ​ការសម្រេចចិត្ត​ដែល​បាន​ជំរុញ​ទឹកចិត្ត​ពី​ខាង​វិញ្ញាណ ។ វា​កាន់តែ​មាន​សារៈសំខាន់​ខ្លាំងឡើង ដែល​យុវវ័យ​របស់​យើង និង​ខ្លួន​យើង​ផ្ទាល់ ត្រូវ​រៀន​សម្រេចចិត្ត​ពីរបៀប​ដែល​យើង​គួរ​ធ្វើ​សកម្មភាព ដោយ​ឆ្លើយតប​ទៅនឹង​គោលការណ៍​ដ៏​បរិសុទ្ធ ជាជាង​ការគិត​ពី​ការហាមឃាត់​ជាក់លាក់ ។ យុវវ័យ​របស់​យើង​កំពុង​ប្រឈមមុខ​នឹង​សំណួរ​ខាង​សីលធម៌ ដែល​មិន​ធ្លាប់សួរ​កាលពី​មួយ​ទសវត្សរ៍​មុន ឬ​បីទសវត្សរ៍​មុន​នោះ​ឡើយ ។ ប្រសិនបើ​ពួកគេ​មាន​ការសង្ស័យ​នៅថ្ងៃនេះ​អំពី​ការចាក់សាក់ នោះ​ចាំមើល​ថាតើ​ពិភពលោក​នេះ​នឹង​វាយដំ ហើយ​កៀប​បំបាក់​ពួកគេ​ជាមួយ​នឹង​អ្វី​ផ្សេងទៀត ។

ប្រធាន រ័សុល អិម ណិលសុន បាន​ពន្យល់​អំពី​របៀប​ធ្វើការ​សម្រេចចិត្ត​ទាំងនោះ ។ បងប្អូន​មិនគ្រាន់​តែ​ពិនិត្យ​បញ្ចីប៉ុណ្ណោះទេ ។ លោក​បាន​បង្រៀន​ថា « ប្រសិនបើ​ក្មួយ​នឹង​ប្រព្រឹត្ត​ដោយ​ស្មោះសរ និង​ដោយ​ខ្ជាប់ខ្ជួន​នូវ​កិច្ចការ​ខាង​វិញ្ញាណ ដែល​ចាំបាច់​ដើម្បី​អភិវឌ្ឍ​ជំនាញ​ដ៏​សំខាន់​ខាង​វិញ្ញាណ ដើម្បី​រៀន​ពី​របៀប​ស្ដាប់តាម​ការខ្សឹប​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ នោះ​ក្មួយៗ​នឹង​មាន​ការដឹកនាំ ទាំងអស់ ដែល​ក្មួយ​នឹង​ត្រូវការ​ក្នុង​ជីវិត​របស់​ក្មួយៗ » ។

ក្មេង​អាយុ ១៤ ឆ្នាំ​ម្នាក់​បាន​វិលវល់​នឹង​រឿងនេះ ដែល​បាន​ប្រាប់​ម្តាយ​របស់​នាង​មួយថ្ងៃ​បន្ទាប់ពី​សន្និសីទ​ទូទៅ​ថា កូន​សៀវភៅ​ថ្មីនេះ​មិនបាន​ប្រាប់ថា កុំឲ្យ​ចោះត្រចៀក​ច្រើនទេ ដូច្នេះ​នាង​ចង់​បន្ថែម​រន្ធ​មួយ​ចំនួន​ទៀត​លើ​ត្រចៀក​នាង​នៅ​ថ្ងៃ​ព្រហស្បតិ៍ ។ ម្តាយ​បាន​ដកដង្ហើម​ធំ ហើយ​បាន​ប្រាប់​នាងថា « មែនហើយ កូន​យល់ពី​អារម្មណ៍​របស់​យើង​ចំពោះ​រឿង​នេះហើយ ប៉ុន្តែ​នេះ​មិនមែន​អ្វី​ដែល​យើង​ចង់ឲ្យ​កូន​ធ្វើ ឬអត់​នោះទេ នេះ​ជា​ឱកាស​របស់​កូន​ដើម្បី​ទូលសួរ​ពី​អ្វី​ដែល​ព្រះវរបិតា​សួគ៌​សព្វព្រះទ័យ​ឲ្យ​កូន​ធ្វើ ។ កូន​ត្រូវតែ​ធ្វើ​ចំណែក​របស់​កូន ធ្វើការ​ស្រាវជ្រាវ អធិស្ឋាន​អំពី​វា ហើយ​រង់ចាំចម្លើយ » ។ មែនហើយ កូនស្រី ១៤ ឆ្នាំ​នោះ​ទទួល​ចម្លើយ ហើយ​ម្ដាយ​រូបនោះ​បាន​ផ្លាស់ប្ដូរ​ជីវិត​របស់​នាង ។

បន្ទាប់​ពី​ត្រឡប់​មក​ពី​បេសកកម្ម​វិញ ខ្ញុំ​បាន​ចូល​បម្រើ​កងទ័ព​សហរដ្ឋ​អាមេរិក ។ នៅ​ថ្ងៃ​មួយ​ខ្ញុំ​បាន​ចាត់ឲ្យ​ទៅ​មជ្ឈមណ្ឌល​ហ្វឹកហាត់​ទាហាន អូកលែន ជាកន្លែង​ដែល​ខ្ញុំ​បាន​ចូលរួម​ក្នុង​គ្រួសារ​យោធា​ថ្មី​របស់ខ្ញុំ ។ មិត្តភក្តិ​ដែល​ទើប​តែងតាំង​ថ្មី​របស់​ខ្ញុំ គឺខុស​ពីខ្ញុំ ហើយ​ពួកគេ​ខុសៗ​ពីគ្នា ដូច​ដែល​បងប្អូន​អាច​ស្រមៃ​បាន ។ ប៉ុន្តែ ២៤ ម៉ោង​ក្រោយមក យើង​ទាំងអស់គ្នា​បាន​កាត់សក់​ដូចគ្នា ហើយ​ស្លៀកពាក់​ឯកសណ្ឋាន​ដូចគ្នា ។ ហើយ​នៅ​ពេល​យើង​ដើរចូល​ទៅ​ក្នុង​បន្ទាយ​របស់យើង​នៅ​យប់​នោះ យើង​ទាំងអស់គ្នា​មើល​ទៅ​ដូច​គ្នា​ទាំងអស់ ។ អំឡុងពេល​ប៉ុន្មាន​ខែ​បន្ទាប់​ពី​ការហ្វឹកហាត់​ជា​មួយគ្នា​នោះ ខ្ញុំ​មើល​មិន​ស្គាល់​ថា​នរណា​ជា​នរណា​នោះ​ទេ ពេល​យើង​ឈរ​ជុំ​គ្នា​នៅ​មជ្ឈមណ្ឌល​ហ្វឹកហាត់​ទាហាន​នោះ ។ យើង​បាន​ហ្វឹកហាត់​ជា​មួយ​គ្នា ហើយ​ត្អូញត្អែរ​ជា​មួយ​គ្នា ហើយ​មាន​ទំនុក​ចិត្ត​ជាមួយ​គ្នា ហើយ​គ្មាន​ក្រុម​បក្សពួក​ក្នុង​ចំណោម​យើង​នោះទេ ។ ខ្ញុំ​បាន​រៀន​មេរៀន​ពេញ​មួយ​ជីវិត​អំពី​សារៈសំខាន់​នៃ​ឯកសណ្ឋាន ៖ អ្វី​ដែល​យើង​ស្លៀកពាក់​អាច​បែងចែក​បក្ស​ពួក ឬ​អាច​បង្រួប​បង្រួម​សាមគ្គី​បាន ។ សម្លៀក​បំពាក់​បង្ហាញ​ថា​យើង​នៅ​ខាងណា និង​អ្វី​ដែល​អាច​រំពឹង​ទុកពី​យើង ។

ខ្ញុំ​ទើប​តែ​បាន​អាន​អំពី​ពេទ្យ​ទាហាន​ម៉ារីន​ម្នាក់ ដែល​បាន​ចូលរួម​ក្នុង​ការប្រយុទ្ធ​នៅ​មជ្ឈិមបូព៌ា ជាអ្នក​ដែល​បាន​ដឹក​ទាហាន​ម៉ារីន​ដែល​រងរបួស​ជាច្រើន​នាក់ ទៅកាន់​ឧទ្ធម្ភាគចក្រ​ជម្លៀស​តាម​អាកាស ហើយ​បន្ទាប់មក​បាន​បក​ទៅ​សមរភូមិ​វិញ ហើយ​បាន​ត្រឡប់​មក​វិញ​ជាមួយ​ទាហាន​របួស​ម្នាក់ទៀត ។ ទាហាន​សម្ព័ន្ធមិត្ត​ក្នុង​តំបន់​មួយ​ចំនួន​បាន​សើច​ចំអក​ដាក់​គាត់​ថា « ហេ ម៉ារីន »—ន័យ​នោះ គឺចង់​ប្រមាថ—« ហេ ម៉ារីន តើ​ឯង​មិនដឹង​ទេ​ឬ​អី​ថា​ឯង​កំពុង​ដឹក​សត្រូវ​ម្នាក់ ? » គាត់​និយាយ​យ៉ាង​សាមញ្ញថា « ហេ ខ្ញុំ​ជា​ទាហាន​ម៉ារីន​នឹងហើយ ចុះ​ឯង​មិន​ឃើញ​ទេឬអី ថា​គាត់​ក៏​មាន​របួស​ដែរ ? » ឯកសណ្ឋាន​របស់​គាត់​តំណាង​វិសាលភាព​មួយ ។

ព្យាការី​បាន​អញ្ជើញ​យុវវ័យ​ទាំងនេះ​ឲ្យ​ចូល​ក្នុង​កងពលតូច​របស់​ព្រះអម្ចាស់ ។ ពេល​ចូល​បម្រើ​កងទ័ព បងប្អូន​ស្លៀក​ឯកសណ្ឋាន ។ នៅពេល​ដែលមាន​ហានិភ័យ ឬ​គ្រោះ​មហន្តរាយ ឯកសណ្ឋាន​កងពល​តូច​បង្ហាញ​ដល់​ប្រជាជន​ថា ជំនួយ​បាន​មកដល់​ហើយ កងទ័ព​សុចរិត​មក​រំដោះ​អ្នក​ដែល​ត្រូវ​គេ​ជិះជាន់ ផ្កា​បាន​បោះលើ​ផ្លូវដើរ​របស់​ពួកគេ មាន​ការរំជួលចិត្ត ដោយសារ​ជំនួយ​បាន​មកដល់​ហើយ ។ ពួកអ្នក​ផ្សព្វផ្សាយ​សាសនា​ពាក់​ឯកសណ្ឋាន ។ កងទ័ព​របស់ព្រះ​អាច​បំពេញ​តាម​អ្វី​ដែល​ត្រូវបាន​បញ្ជូន​ឲ្យទៅ​ធ្វើ​ហើយ​ធ្វើឲ្យ​ល្អ​បំផុត កាល​ដែល​ឯកសណ្ឋាន​ពួកគេ​លេចធ្លោ​បន្តិច ខុសពី​អ្នក​ដែល​ពួកគេ​ត្រូវបាន​បញ្ជូន​ឲ្យទៅ​ជួយ​លើកស្ទួយ និង​រំដោះ​ពី​ទុក្ខព្រួយ​នោះ ។

ពេល​ថ្លែង​អំពី​ព្រះវរបិតា​សួគ៌ ក្បួនខ្នាត​ទូទៅ​ចែង​ថា « ទ្រង់​ជ្រាប​ដឹង​ថា អ្នក​អាច​ធ្វើ​ឲ្យ​មាន​ភាព​ខុសប្លែក​នៅក្នុង​ពិភពលោក​នេះ​បាន ហើយ​នៅក្នុង​ករណី​ជាច្រើន វាតម្រូវ​ឲ្យ​អ្នក​ធ្វើ​ខុសពី​ពិភពលោក​នេះ » ។​

កាល​នៅ​បម្រើ​កងទ័ព មិត្តភក្តិ​របស់​ខ្ញុំ រីច និង​ខ្ញុំ​បាន​សុំ​ច្បាប់​ឈប់​សម្រាក ហើយ​បាន​ទៅ​លេង​នៅ​ក្រុង​យេរូសាឡិម ។ យើង​បាន​ដើរ​តាមផ្លូវ​ក្រុង​យេរូសាឡិម​ដោយ​ស្លៀក​ខោ​ខាប៊យ Levis និង​អាវ​វាយ​កូនហ្គោល ម្ចាស់ហាង​ជនជាតិ​អារ៉ាប់​ម្នាក់​បាន​ថា ពួកយើង​នៅ​មជ្ឈមណ្ឌល ប៊ី.វ៉ាយ.យូ. យេរូសាឡិម ។ យើងបាន​ប្រាប់​គាត់ថា មិនមែន​ទេ ។ យើង​គ្រាន់តែ​ជា​ទាហាន​អាមេរិក​ពីរបី​នាក់​ប៉ុណ្ណោះ ។

« បាទ ប៉ុន្តែ​លោក​ក៏​នៅ​មជ្ឈមណ្ឌល​ក្រុង​យេរូសាឡិម​ដែរ » ។

« តើ​ហេតុអី​លោក​គិត​ដូច្នោះ ? »

« យើង​អាច​មើល​លោក​ដឹង​តាំង​ពី​ចម្ងាយ​មកម៉្លេះ » ។

យើង​បាន​មើល​គ្នា​ទៅវិញ​ទៅមក យើង​មើលទៅ​ដូចជា​ទាហាន​កងកម្លាំង​ការពារ​អ៊ីស្រាអែល​ដែល​កំពុង​ដើរ​កាត់​យើង​ដែល​ស្លៀកពាក់​ដូចគ្នា កាត់សក់​—ដូចគ្នា អ្វី​គ្រប់យ៉ាង​ដូចគ្នា​ទាំងអស់ ។ ប៉ុន្តែ​ជាក់ស្តែង​មាន​អ្វីមួយ​ខុសប្លែក ។

ពេញ​មួយ​សម័យកាល ពួកអ្នក​ដើរតាម​ព្រះអម្ចាស់​ភាគច្រើន​បាន​រស់នៅ​ក្នុង​ចំណោម​ប្រជាជន​ផ្សេងទៀត ដែលមាន​វប្បធម៌ គុណ​តម្លៃ និង​អាទិភាព​ផ្សេងៗគ្នា ។ ដូចនេះ តើ​យើង​គោរព​អ្នក​ជិតខាង​របស់​យើង​យ៉ាង​ដូចម្ដេច ខណៈ​ខំ​រស់នៅ​តាម​វប្បធម៌​ពិសេស​របស់​ដំណឹងល្អ​ដោយ​ចេតនា​ផងនោះ ? យើង​ត្រូវ​បាន​សុំ ឲ្យ​ធ្វើជា​ពន្លឺ​ដល់​ពិភពលោក​នេះ នៅពេល​ដែល​ព្រះអម្ចាស់​ប្រមូល​វង្ស​អ៊ីស្រាអែល​ជាលើក​ចុងក្រោយ​នេះ ដើម្បីរៀបចំ​ផ្លូវ​សម្រាប់​ការយាងមក​របស់​ទ្រង់ ។ ជា​ញឹកញាប់ សមាជិក​សាសនាចក្រ​បញ្ចេញ​ពន្លឺ ដែល​យើង​ខ្លួនឯង​មើល​មិនឃើញ​ទេ ប៉ុន្តែ​អាច​មើលឃើញ​បាន​ដោយ​អ្នកដទៃ​ទៀត ។ ខ្ញុំ​គិតថា វាជា​ពន្លឺ​នៃ​ព្រះគ្រីស្ទ​ដែល​ពួកគេ​អាច​មើលឃើញ ពេលខ្លះ​មាន​ភាពស្រអាប់ ប៉ុន្តែ​ច្បាស់ជា​ចែងចាំង​ធ្លុះ​ស្ថានភាព​ធ្លាក់​របស់យើង​ទៅទៀត ។ សរុបមក ព្រះគ្រីស្ទ​គឺជា​កម្លាំង​នៃ​យុវវ័យ ។ អ្វី​ក៏ដោយ​ដែល​យើង​ធ្វើ​ដើម្បី​បង្វែរ ឬ​បន្ថយ ឬ​បិទបាំង ឬ​លាក់​ពន្លឺ​នៃ​ព្រះគ្រីស្ទ នោះ​ធ្វើឲ្យ​ខកខាន​ដល់​គោលបំណង​នៃ​ការបានកើត​នៅ​ពេលនេះ ។

សេចក្ដីណែនាំ ដើម្បី​កម្លាំង​នៃ​យុវជន អាច​ជួយ​យើង​ឲ្យ​កាន់​ពន្លឺនោះ នៅពេល​យើង​ស្វែងរក​ការបំផុស​គំនិត​អំពី​របៀប​ដែល​គោលបំណង​ដែល​បានតែងតាំង​ដ៏​ទេវភាព​ជា​ពិសេស​របស់យើង​អាច​សម្រេចបាន​យ៉ាង​ល្អបំផុត តាមរយៈ​ការជ្រើសរើស​ក្នុង​ជីវិត​យើង និង​តាមរយៈ​របៀប​រស់នៅ​របស់​យើង ។ ការត្រូវ​បាន​បញ្ជូន​មក​ឲ្យ​ឈរ​ជា​រាស្រ្ត​ដ៏​ពិសេស​របស់​ព្រះ គឺ​គួរ​ឲ្យ​កោតសរសើរ​ណាស់ ។ វា​អាច​មាន​ន័យ​ថា ការឈរ​ចេញពី​ហ្វូង​មនុស្ស​នៅពេល​យើង​សម្រេចចិត្ត​ធ្វើ​តាម​ទ្រង់ ។ ភារកិច្ច​របស់​យើង​ក្នុង​ការអប់រំ​សាសនាចក្រ​នៅក្នុង​កម្មវិធី​កុមារ និង​យុវវ័យ និង​នៅក្នុង​នគរ​របស់​ព្រះ​នៅលើ​ផែនដី​នេះ គឺ​មិន​ត្រឹមតែ​ដើម្បី​រក្សា​មនុស្ស​ជំនាន់​នេះ​ពី​ការបាត់បង់​ជំនឿ​របស់​ខ្លួន ហើយ​ធ្លាក់​ចូល​ទៅក្នុង​របៀប​រស់នៅ​ដែល​មិន​ស័ក្តិសម​សម្រាប់​ពួកគេ​ប៉ុណ្ណោះទេ ប៉ុន្ដែ​ព្យាការី​ថែមទាំង​អំពាវនាវ​ដល់​យុវជន និង​យុវនារី​ដែល​មាន​សមត្ថភាព​ឲ្យ​ជួយ​បង្កើត​ពិភពលោក​ឡើងវិញ​ផងដែរ ។

ព្យាការី​របស់​ព្រះអម្ចាស់​កំពុង​អំពាវនាវ​ហៅ​ស្ត្រី​ដែល​អាច​ឈរ​ការពារ ហើយ​ដឹកនាំ​នៅក្នុង​ពិភពលោក​ដែល​មាន​ស្ត្រី​ជា​ច្រើន ដែល​នឹង​ទទូច​ក្នុង​ការ​ទទួល​យក​តួនាទី​ដ៏​សុចរិត​របស់​ពួកគេ​នៅក្នុង​ពិភពលោក​នេះ ហើយ​មាន​បំណង​ចង់​ចូលរួម ហើយ​មាន​ឥទ្ធិពល ប៉ុន្តែ​សម្រាប់​មនុស្ស​ជា​ច្រើន​នាក់​មើល​ទៅ​សាសនា​ហាក់​ដូច​ជា​មាន​គោល​បំណង​ផ្ទុយ​គ្នា​ពី​សេចក្តី​ប្រាថ្នា​ដ៏​មាន​ន័យ​របស់​ពួក​គេ។ ទោះយ៉ាង​ណា​ក៏​ដោយ ស្ត្រី​នៃ​ក្រុង​ស៊ីយ៉ូន​នឹង​បំពាក់​ខ្លួន​ពួក​គេ​ដោយ​អំណាច​នៃ​ព្រះ ហើយ​នឹង​ធ្វើការ​ផ្លាស់ប្ដូរ​ដ៏​ធំ ។

ហើយ​ទ្រង់​ត្រូវ​ការ​យើង​ដើម្បី​កសាង​មនុស្ស​ដែល​មាន​អំណាច​ដ៏​អស្ចារ្យ ដោយ​ទទួលបាន​នូវ​គ្រប់​គុណលក្ខណៈ​ទាំងអស់​នៃ​ព្រះរាជបុត្រា​នៃ​ព្រះ​ដែល​បាន​ពិពណ៌នា​នៅក្នុង​ព្រះគម្ពីរ ។ តើ​នៅ​លើ​ផែនដី​មាន​មេទ័ព​មរ៉ូណៃ​តែ​ម្នាក់​ទេឬ ? នោះ​មិនមែន​ជា​អ្វី​ដែល​ខ្ញុំ​ឮ​ពី​ប្រធាន រ័សុល អិម ណិលសុន មាន​ប្រសាសន៍​នៅ​ពេល​លោក​ថ្លែង​អំពី​ជំនាន់​រាជវង្ស​នេះ​ទេ ។ លោក​បាន​ឧទាន​ទៅ​កាន់​ពួកគេ​ថា « ព្រះវរបិតាសួគ៌​របស់​យើង​បាន​រក្សា​ទុក​វិញ្ញាណ​ដ៏​អស្ចារ្យៗ​បំផុត​ជាច្រើន​—ប្រហែលជា … ក្រុម​ដ៏​ល្អបំផុត​របស់​ទ្រង់—សម្រាប់​ដំណាក់កាល​ចុង​ក្រោយ​នេះ ។ ពួក​វិញ្ញាណ​ដ៏​អស្ចារ្យៗ ជា​វិរៈបុរស​ទាំងនោះ—អ្នក​ដែល​សំខាន់​បំផុត​ទាំងនោះ—គឺ​ជា ប្អូនៗ

ដូច្នេះ សូម​អរគុណ​បងប្អូន​ម្តងទៀត​សម្រាប់​កម្លាំង​ដែល​មិន​អាច​ខ្វះ​បាន ឆ្ពោះ​ទៅរក​ការប្រែចិត្ត​ជឿ​ដ៏​ស្ថិតស្ថេរ ដែល​បងប្អូន​មាន​ចំពោះ​យុវវ័យ​នៃ​សាសនាចក្រ និង​នគរ​របស់​ព្រះអម្ចាស់​នេះ ។ នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ៕