ការប្រជុំ​ធម្មនិដ្ឋាន​ឆ្នាំ ២០១៧
ចំណង​ភ្ជាប់​មួយ


ចំណង​ភ្ជាប់​មួយ

ជំនួប​ពេល​ល្ងាច​ជាមួយ​នឹង​អែលឌើរ ដេវីឌ អេ បែដណា

ការ​ប្រជុំ​ធម្មនិដ្ឋាន​សម្រាប់​យុវ​មជ្ឈិម​វ័យ​ទូទាំង​ពិភពលោក • ថ្ងៃ​ទី ១០ ខែកញ្ញា ឆ្នាំ​២០១៧ • មជ្ឈមណ្ឌល​ស្តេក​អេប៉ិច​ណស៍​ខារ៉ូឡៃណា

ចំណង​ភ្ជាប់​នៃ​ជំនាន់​ទាំងឡាយ

សារលិខិត​របស់​ខ្ញុំ​ដក​ស្រង់​មក​ពី​បទពិសោធន៍​មួយ​ដែល​ស៊ូសាន និង​ខ្ញុំ​មាន កាល​ពី​ខែ​កញ្ញា ឆ្នាំ​១៩៩៩ ។ ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី បាន​មក​មហាវិទ្យាល័យ​រីកស៍ ដែល​ឥឡូវ​នេះ​គឺ​ប៊ី.វ៉ាយ.យូ-អៃដាហូ ដើម្បី​ឧទ្ទិស​ឆ្លង​អគារ ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល ដែល​ទើប​សាង​សង់​ចប់​ថ្មីៗ ។ ស៊ូសាន និង​ខ្ញុំ​មាន​កិត្តិយស​ដើម្បី​ទទួល​ប្រធាន និង​ស៊ិស្ទើរ​ហ៊ិងគ្លី​នៅ​ក្នុង​ថ្ងៃ​ពោរ​ពេញ​ដោយ​ព្រះ​វិញ្ញាណ​ដ៏​អស្ចារ្យ​ដែល​ពុំ​អាច​បំភ្លេច​បាន ។

កាល​លោក​នៅ​ក្នុង​បរិវេណ​សាលា ប្រធាន​ហ៊ិងគ្លី​បាន​ថ្លែង​ទៅ​កាន់​និស្សិត បុគ្គលិក និង​គណៈសាស្ដ្រាចារ្យ​នៅ​ក្នុង​ការ​ប្រជុំ​ធម្មនិដ្ឋាន​មួយ ។ ខ្ញុំ​បាន​អង្គុយ​នៅ​លើ​វេទិការ​ចម្ងាយ​ប៉ុន្មាន​ម៉ែត្រ​ពី​ប្រធាន​នៃ​សាសនាចក្រ​ដែល​ស្ដារ​ឡើង​វិញ​របស់​ព្រះអម្ចាស់ កាល​លោក​ថ្លែង​នូវ​សារ​លិខិត​របស់​លោក ។ សូម្បី​តែ​នៅ​ថ្ងៃ​នេះ នៅ​ពេល​នេះ កាល​ខ្ញុំ​មើល​ទៅ​ទឹក​មុខ​របស់​បងប្អូន ហើយ​និយាយ​ទៅ​កាន់​បងប្អូន ខ្ញុំ​នៅ​ចាំ​យ៉ាង​ច្បាស់​ថា​ប្រធាន​ហ៊ិងគ្លី​បាន​ឈរ​នៅ​ត្រង់​វេទិការ​ក្នុង​សាលមហោស្រព​ហាត​នោះ ។ ខ្ញុំ​ចាំ​ពី​គោលការណ៍​សំឡេង និង​ទឹក​មុខ​របស់​លោក​ដែល​លោក​បាន​បង្រៀន និង​រឿង​ទាំងឡាយ​ដែល​ខ្ញុំ​បាន​រៀន​តាមរយៈ​ព្រះចេស្ដា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ កាល​ខ្ញុំ​ស្ដាប់​លោក​មាន​ប្រសាសន៍ ។

ឥឡូវ​នេះ​ខ្ញុំ​សូម​អញ្ជើញ​បងប្អូន​ឲ្យ​ចូល​រួម​ក្នុង​ផ្នែក​មួយ​នៃ​ការ​ប្រជុំ​ធម្មនិដ្ឋាន​នោះ ។

« កាល​ពី​ថ្ងៃ​សៅរ៍ និង​ថ្ងៃ​អាទិត្យ​មុន យើង​ស្នាក់​នៅ​ទីក្រុង កូឡុំប៊ើស រដ្ឋ​អូហៃអូ ដើម្បី​ឧទ្ទិសឆ្លង​ព្រះវិហារ​បរិសុទ្ធ​ថ្មី​ដ៏​ស្រស់​ស្អាត​មួយ ។ ទាំង​ព្រះវិហារបរិសុទ្ធ​នោះ និង​រោង​ថ្វាយ​បង្គំ​របស់​វួដ​នៅ​ក្បែរ​នោះ​គឺ​មាន​មនុស្ស​ពេញ​នៅ​គ្រប់​ទាំង​ប្រាំមួយ​ការ​ប្រជុំ ។ ព្រះវិញ្ញាណ​នៃ​ព្រះអម្ចាស់​មាន​វត្តមាន​នៅ​ទីនោះ ហើយ​វា​គឺជា​ឱកាស​ដ៏​សំខាន់​អស្ចារ្យ​មួយ​ដើម្បី​ឧទ្ទិស​ឆ្លង​ព្រះវិហារ​បរិសុទ្ធ​ទីពីរ​ក្នុង​ប្រវត្តិសាស្ត្រ​សាសនាចក្រ​ក្នុង​រដ្ឋ​អូហៃអូ​ដ៏​ស្រស់​ស្អាត​នេះ ។

« អ្នក​ដែល​ទៅ​ជាមួយ​ខ្ញុំ​មាន​ភរិយា​ខ្ញុំ និង​កូន​ស្រី​ខ្ញុំ​ដែល​ទៅ​ទីនោះ​ដើម្បី​ជួយ​ដល់​ម្ដាយ​របស់​នាង ។ យើង​កាន់​តែ​រីករាយ ពេល​ចៅ​ស្រី​យើង​ម្នាក់ ព្រមទាំង​កូន​នាង​ពីរ​នាក់​ដែល​ជា​ចៅ​ទួត​របស់​យើង បាន​បើក​ឡាន​មក​ពី​សេន លូអីស ជា​កន្លែង​ពួកគេ​រស់​នៅ​មក​ចូលរួម » ។…

« កាល​ពី​ថ្ងៃ​មុន ពេល​ខ្ញុំ​អង្គុយ​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​ក្នុង​ទីក្រុង កូឡុំប៊ើស រដ្ឋ អូហៃអូ មើល​ទៅ​ចៅ​ទួត​របស់​ខ្ញុំ នោះ​មាន​រឿង​ចម្លែក​មួយ​បាន​កើត​ឡើង​ចំពោះ​ខ្ញុំ ។ រំពេច​នោះ​ខ្ញុំ​បាន​ដឹង​ថា ខ្ញុំ​បាន​ស្ថិត​នៅ​កណ្ដាល​មនុស្ស​បី​ជំនាន់​ដែល​ខ្ញុំ​ស្គាល់​បាន​កើត​មុន​ខ្ញុំ និង​មនុស្ស​បី​ជំនាន់​ដែល​កើត​ក្រោយ​ខ្ញុំ ។ ដួង​ចិត្ត​ខ្ញុំ​ពិត​ជា​បាន​បង្វែរ​ទៅ​រក​ដូនតា​របស់​ខ្ញុំ ។ ដួង​ចិត្ត​ខ្ញុំ​ក៏​បាន​បង្វែ​ទៅ​រក​កូន​ចៅ​របស់​ខ្ញុំ​ផងដែរ ។ ខ្ញុំ​បាន​ប្រមើល​មើល​អំពី​ចំណង​ភ្ជាប់​មួយ​នៃ​ជំនាន់​ទាំងឡាយ ។ ចំណង​ភ្ជាប់​នោះ​ត្រឡប់​ទៅ​រក​ជំនាន់​មុនៗ​ដ៏​យូរ​អង្វែង​ដែល​យើង​ពុំ​សូវ​ស្គាល់ ។ ឥឡូវ​វា​ភ្ជាប់​មក​មនុស្ស​បី​ជំនាន់​ដែល​កើត​ក្រោយ​ខ្ញុំ​ហើយ ។ ខ្ញុំ​បាន​ស្រមើ​ស្រមៃ​ឃើញ​តំណ​ភ្ជាប់​នោះ​ដែល​ពុំ​អាច​ផ្ដាច់​បាន មាន​ភាព​ភ្លឺ​ថ្លា ហើយ​រឹង​មាំ ។ …

« ឥឡូវ​នេះ​កាល​ខ្ញុំ​អង្គុយ​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ខ្ញុំ​បាន​គិត​ថា ខ្ញុំ​គឺជា​ចំណង​ភ្ជាប់​មួយ​ដែល​ចង​ភ្ជាប់​រាល់​ជំនាន់​កាល​ពី​មុនៗ និង​ជំនាន់​នា​ពេល​អនាគត ។ អ្វី​ទាំងអស់​ដែល​ខ្ញុំ​មាន ទាំង​គំនិត និង​រូបកាយ សាច់ និង​អវៈយវៈ ព្រមទាំង​សន្លាក់ និង​ខួរ​ក្បាល​ខ្ញុំ គឺ​ជា​កេរមតក​មួយ​មក​ពី​ជន​ដែល​បាន​កើត​មុន​ខ្ញុំ ។ ហើយ​អ្វី​ទាំងអស់​ដែល​កូនចៅ​ខ្ញុំ​មាន​គឺបាន​ចែក​ទៅ​ដល់​ពួកគេ​តាមរយៈ​រូប​ខ្ញុំ ។ ខ្ញុំ​ពុំ​អាច​ឲ្យ​ផ្ដាច់​ចំណង​នោះ​បាន​ទេ ។ កូនចៅ​ខ្ញុំ​ពុំ​អាច​ឲ្យ​ផ្ដាច់​ចំណង​នោះ​ឡើយ ។ …

« ខ្ញុំ​ប្រាថ្នា​ថា ខ្ញុំ​បាន​និយាយ​យ៉ាង​ច្បាស់​ដើម្បី​បង្ហាញ​ដល់​បងប្អូន​ដែល​ជា​យុវវ័យ​នៅ​ទី​នេះ​នា​ថ្ងៃ​នេះ​នូវ​អារម្មណ៍​ដែល​ខ្ញុំ​មាន​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​នោះ ជា​បំណង​ប្រាថ្នា​ដ៏​លើស​លុប​បំផុត​ថា ទាំង​ខ្ញុំ ឬ​កូនចៅ​ខ្ញុំ​មិន​ត្រូវ​កាត់​ផ្ដាច់​ចំណង​នៃ​ជំនាន់​ទាំងឡាយ​នៃ​ក្រុម​គ្រួសារ​របស់​យើង​ឡើយ ។

« ខ្ញុំ​សូម​និយាយ​ទៅ​កាន់​បងប្អូន​ដោយ​អស់​ពី​កម្លាំង​ដែល​ខ្ញុំ​មាន​ថា សូម​កុំ​ធ្វើ​ជា​ចំណង​ភ្ជាប់​មួយ​ដែល​ទន់​ខ្សោយ​នៅ​ក្នុង​តំណ​នៃ​ជំនាន់​ទាំងឡាយ​របស់​បងប្អូន​ឡើយ ។ បងប្អូន​មក​កាន់​ពិភពលោក​នេះ​ជាមួយ​នឹង​កេរមរតក​ដ៏​អស្ចារ្យ​មួយ ។ បងប្អូន​កើត​ចេញ​ពី​បុរស​ស្ត្រី​ដ៏​អស្ចារ្យ ពី​បុរស​ឈ្លាសវៃ ហើយ​ក្លាហាន ពី​ស្ត្រី​នៃ​សមិទ្ធផល និង​នៃ​សេចក្ដី​ជំនឿ​ដ៏​អស្ចារ្យ ។ សូម​កុំ​ធ្វើ​ឲ្យ​ពួកគាត់​អស់​សង្ឃឹម ។ សូម​កុំ​ធ្វើ​រឿង​អ្វី​មួយ​ដែល​នឹង​ធ្វើ​ឲ្យ​តំណ​ដែល​បងប្អូន​មាន​ចំណែក​ដ៏​សំខាន់​ត្រូវ​ទន់​ខ្សោយ​ឡើយ » ។

រូបភាព​អំពី​តំណ​ភ្ជាប់​មួយ​នៃ​ជំនាន់​ទាំងឡាយ​គឺ​ឃើញ​ច្បាស់​នៅ​ក្នុង​គំនិត​ខ្ញុំ ។ ការ​ព្រមាន​កុំ​ឲ្យ​ធ្វើ​ជា​ចំណង​ភ្ជាប់​ទន់​ខ្សោយ​មួយ​នៅ​ក្នុង​តំណ​ភ្ជាប់​នៃ​ជំនាន់​ទាំងឡាយ​មាន​ឥទ្ធិពល​ខ្លាំង​ណាស់​នៅ​ក្នុង​ដួង​ចិត្ត​ខ្ញុំ ។ ការ​ដាស់​តឿន​កុំ​ឲ្យ​ធ្វើ​រឿង​អ្វី​មួយ​ដែល​នឹង​ធ្វើ​ឲ្យ​តំណ​ភ្ជាប់​នៃ​ជំនាន់​ទាំងឡាយ​មាន​ភាព​ទន់​ខ្សោយ​បាន​ជ្រួត​ជ្រាប​ចូល​ដល់​ព្រលឹង​ខ្ញុំ ។ ចំពោះ​ស៊ូសាន និង​ខ្ញុំ មេរៀន​សាមញ្ញ ហើយ​មាន​អនុភាព​ដែល​យើង​បាន​រៀន​នៅ​រសៀល​នា​ខែ​កញ្ញា​នោះ​បាន​ជះ​ឥទ្ធិពល​ល្អ​ដល់​អាពាហ៍​ពិពាហ៍​យើង គ្រួសារ​យើង និង​រាល់​ទិដ្ឋភាព​នៃ​ជីវិត​យើង ។

គ្រួសារ ខល

ជា​យុវនារី​ម្នាក់​ធំ​ដឹង​ក្ដី​ឡើង​នៅ​ទីក្រុង អាតុន រដ្ឋ​វ៉ាយអូមីង ស៊ូសាន​បាន​ស្គាល់ ហើយ​សរសើរ​ដល់​គ្រួសារ​មួយ​នៅ​ក្នុង​វួដ​របស់​គាត់​ដែល​មាន​គំរូ​មួយ​យ៉ាង​អស្ចារ្យ​អំពី​តំណ​ភ្ជាប់​នៃ​ជំនាន់​ទាំងឡាយ ។

សុន្ទរកថា​របស់​ស៊ិស្ទើរ ស៊ូសាន ឃេ បែដណា

នៅ​ក្នុង​វួដ​ដែល​ខ្ញុំ​បាន​ធំ​ដឹង​ក្ដី​ឡើង​មាន​គ្រួសារ​ដ៏​អស្ចារ្យ​មួយ​ដែល​មាន​កូន​១៤​នាក់ ។ ប៊េសស៊ី និង​អេវិន ខល ជា​ឪពុក​ម្ដាយ​ដែល​បាន​រៀបការ​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ហើយ​បាន​បន្ត​មាន​ភក្ដីភាព ហើយ​ស្មោះ​ត្រង់​ចំពោះ​សេចក្ដី​សញ្ញា​របស់​ពួកគេ ។ ពួកគេ​បាន​បង្រៀន​ដល់​កូនចៅ​អំពី គោលលទ្ធិ​នៃ​ដំណឹងល្អ​ដែល​បាន​ស្ដារ​ឡើង​វិញ ហើយ​មាន​ពរ​ដើម្បី​បីបាច់​គ្រួសារ​ដ៏​សុចរិត​មួយ ។

កាល​ពី​បី​បួន​ឆ្នាំ​មុន ខ្ញុំ​បាន​ជួប​នឹង​យុវនារី​ដ៏​ស្រស់​ស្អាត​ម្នាក់​នៅ​ក្នុង​ការ​ប្រជុំ​សាក្រាម៉ង់​ដែល​ខ្ញុំ​បាន​ទៅ​ចូល​រួម ។ កាល​នាង​បាន​ណែនាំ​ខ្លួន​ប្រាប់​ខ្ញុំ នាង​បាន​លើក​ឡើង​ថា ខ្ញុំ​បាន​ស្គាល់​ម្ដាយ​របស់​នាង ។ ម្ដាយ​របស់​នាង​គឺជា​កូន​ស្រី​ម្នាក់​របស់​បងប្រុស និង​បង​ស្រី ខល ហើយ​ជា​មិត្ត​ជិត​ស្និទ្ធ​ស្នាល​បំផុត​របស់​ខ្ញុំ​កាល​ពី​ក្មេង ។ យុវនារី​ម្នាក់​នេះ ដែល​ខ្ញុំ​បាន​ជួប​នៅ​ក្នុង​ការ​ប្រជុំ​សាក្រាម៉ង់​គឺជា​ចៅ​ស្រី​របស់​គ្រួសារ ខល ។ បន្ទាប់​ពី​សាក​សួរ​នាង ខ្ញុំ​បាន​ដឹង​ថា នាង​គឺជា​ចៅ​ទី​៤៤ ក្នុង​ចំណោម​ចៅ​ទាំង​៩៦ នាក់ ហើយ​កូន​នាង​ដែល​ទើប​នឹង​កើត​គឺជា​ចៅ​ទួត​ទី​២៣០​របស់​ប៊េសស៊ី និង​អេវិន ខល ។ ចំនួន​ទាំង​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ភ្ញាក់​ផ្អើល ។ ពិត​ជា​កូនចៅ​ដ៏​ច្រើន !

ខ្ញុំ​បាន​គិត​ជា​ច្រើន​ដង​ចាប់​តាំង​ពី​ពេល​នោះ​មក​ថា ចុះ​បើ​បងប្រុស និង​បងស្រី ខល ពុំ​បាន​រៀបការ​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ឬ​ពុំ​បាន​រក្សា​សេចក្ដី​សញ្ញា​របស់​ពួកគេ​វិញ ? ចុះ​បើ​ពួកគេ​ពុំ​បាន​បន្ត​មាន​ភក្ដីភាព​ចំពោះ « សេចក្ដី​ជំនឿ​ដ៏​ធំ » នៃ​ជំនាន់​ទាំងឡាយ​កាល​ពី​មុន​វិញ ? ចុះ​បើ​ពួកគេពុំ​បាន​បង្រៀន​កូនចៅ​របស់​ពួកគេ​អំពី​ដំណឹងល្អ​តាមរយៈ​គំរូ និង​សិក្ខាបទ​វិញ ? ចុះ​បើ​ពួកគេ​ក្លាយ​ជា​ចំណង​ភ្ជាប់​ដ៏​ទន់​ខ្សោយ​មួយ​នៅ​ក្នុង​តំណ​ភ្ជាប់​នៃ​ជំនាន់​ទាំងឡាយ​របស់​ពួកគេ​វិញ ? តើ​មាន​មនុស្ស​ប៉ុន្មាន​នាក់​នឹង​រង​ឥទ្ធិពល​ពី​ទង្វើ​ទាំងនេះ ? ចម្លើយ​គឺ​ច្បាស់​ណាស់ ។ ការ​សម្រេច​ចិត្ត​នានា​ដែល​បាន​ធ្វើ​ឡើង​ដោយ​គូ​ស្វាមី​ភរិយា​នេះ​បាន​ជះ​ឥទ្ធិពល​រួច​ហើយ​ដល់​សមាជិក​គ្រួសារ​ច្រើន​ជាង​៣០០ នាក់—ហើយ​ចំនួន​នេះ​បន្ត​កើន​ឡើង កាល​ចៅ​ទួត ចៅ​លួត​ច្រើន​ទៀត​ត្រូវ​បាន​ស្វាគមន៍​ឲ្យ​ចូល​មក​ក្នុង​គ្រួសារ​នេះ ។

ផ្ទុយ​ពី​រឿង​នេះ​ខ្ញុំ​មាន​បទពិសោធន៍​ផ្សេង​មួយ​ពី​នេះ​ជាមួយ​នឹង​មិត្ត​ល្អ ម្នាក់​ដែល​ពុំ​មែន​ជា​សមាជិក ដែល​ខ្ញុំ​ស្គាល់​ជា​យូរ​ហើយ ។ សូម​ស្រមៃ​ពី​ភាព​ស្រឡាំង​កាំង​របស់​ខ្ញុំ ពេល​នាង​បាន​និយាយ​លេង​នៅ​ថ្ងៃ​មួយ​ថា នាង​មាន​ជីដូន​ម្នាក់​ជា​ពួក​មរមន ។ ខ្ញុំ​បាន​ភ្ញាក់​ផ្អើល ដោយសារ​នាង​ពុំ​ដែល​ស្គាល់ ហើយ​ពុំ​ដែល​ចាប់​អារម្មណ៍​ចង់​ដឹង​អំពី​គោលលទ្ធិ និង​គោលការណ៍​ទាំងឡាយ​នៃ​ដំណឹងល្អ​ឡើយ ។ ទោះ​ជា​ខ្ញុំ​ពុំ​ដឹង​ចម្លើយ​ក្ដី ក៏​ជា​រឿយៗ​ខ្ញុំ​បាន​ងឿង​ឆ្ងល់​ថា « តើ​ការ​កាត់​ផ្ដាច់​នៅ​ក្នុង​តំណ​ភ្ជាប់​នៃ​ជំនាន់​ទាំងឡាយ​របស់​នាង​បាន​កើត​ឡើង​នៅ​ត្រង់​ណា ? » ការ​សន្និដ្ឋាន​ដ៏​ច្បាស់​គឺថា មិត្ត​របស់​ខ្ញុំ​ពុំ​ធ្លាប់​រីករាយ​នឹង​ពរជ័យ​នៃ​ដំណឹងល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​នៅ​ក្នុង​ជីវិត​របស់​នាង​ឡើយ ដោយសារ​តែ​ការ​សម្រេច​ចិត្ត​នានា​ដែល​បាន​ធ្វើ​ឡើង​ដោយ​មនុស្ស​ដែល​កើត​ពី​មុន​នាង ។

ក្នុង​នាម​ជា​តំណ​ភ្ជាប់​មួយ​នៃ​ជំនាន់​ទាំងឡាយ​របស់​បងប្អូន បងប្អូន​គួរ​ទទួល​ស្គាល់​ថា ការ​សម្រេច​ចិត្ត​នានា​ដែល​បងប្អូន​ធ្វើ​នៅ​ពេល​នេះ និង​នា​អនាគត​គឺ​ពុំ​មែន​សម្រាប់​តែ​បងប្អូន​ប៉ុណ្ណោះ​ទេ ។ ការ​សម្រេច​ចិត្ត​នានា​របស់​បងប្អូន​ជះ​ឥទ្ធិពល​ដល់​អ្នក​ដែល​កើត​មុន និង​អ្នក​ដែល​កើត​ក្រោយ​បងប្អូន ។ គំរូ និង​ឥទ្ធិពល​នៃ​ការ​គោរព​ប្រតិបត្តិ​របស់​បងប្អូន​ចំពោះ​គោលការណ៍​ទាំងឡាយ​នៃ​ដំណឹងល្អ អនុភាព​នៃ​សេចក្ដី​សុចរិត​ផ្ទាល់​ខ្លួន​របស់​បងប្អូន និង​ផល​នៃ​ការ​សម្រេច​ចិត្ត​ដែល​បងប្អូន​ធ្វើ​សម្រាប់​សេចក្ដី​ល្អ ឬ​អាក្រក់​នឹង​បន្ត​ទៅ​ដល់​ច្រើន​ជំនាន់ ។ សូម​ធ្វើ​ជា​ចំណង​ភ្ជាប់​មួយ​រឹង​មាំ​នៅ​ក្នុង​តំណ​ភ្ជាប់​នៃ​ជំនាន់​ទាំងឡាយ​របស់​បងប្អូន ។

ខ្ញុំ​មាន​ទីបន្ទាល់​អំពី​ដំណឹងល្អ​ដែល​បាន​ស្ដារ​ឡើង​វិញ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា អាពាហ៍ពិពាហ៍​រវាង​បុរស និង ស្ត្រី គឺ​ត្រូវ​បាន​តែងតាំង​ឡើង​ដោយ​ព្រះ ហើយ​ថា គ្រួសារ ជា​ផ្នែក​ដ៏​សំខាន់​មួយ​នៅ​ក្នុង​ផែនការ​របស់​ព្រះ​ដ៏​បង្កបង្កើត​សម្រាប់​ជោគវាសនា​ដ៏​នៅ​អស់កល្ប​ជានិច្ច​នៃ​កូនចៅ​ព្រះ ។

ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា ដោយសារ​តែ​ពលិកម្ម​ធួន​របស់​ទ្រង់ ព្រះយេស៊ូវ​គ្រីស្ទ​ប្រោស​លោះ​យើង​ពី​អំពើ​បាប និង​ការ​ជ្រើស​រើស​ខុស​របស់​យើង ព្រម​ទាំង​ប្រទាន​កម្លាំង​ដល់​យើង​ហួស​ពី​សមត្ថភាព​របស់​យើង ដើម្បី​បន្ត​មាន​ភក្ដីភាព​ចំពោះ​ដំណឹងល្អ និង​សេចក្ដី​សញ្ញា​ដែល​យើង​ធ្វើ ជា​ពិសេស​ពេល​យើង​រក​ឃើញ​ថា​បទពិសោធន៍​ជីវិត​មាន​ភាព​លំបាក ។

ខ្ញុំ​ដឹង​ថា ព្រះវិញ្ញាណ​បរិសុទ្ធ​នាំ​យក​អារម្មណ៍​ខាង​វិញ្ញាណ​ទៅ​កាន់​គំនិត និង​ដួង​ចិត្ត​យើង ហើយ​នឹង​ជួយ​យើង​ឲ្យ​រក​ឃើញ ហើយ​អនុវត្ត​នូវ​របៀប​នានា​ដើម្បី​ក្លាយ​ជា​ចំណង​ភ្ជាប់​ដ៏​ស្មោះ​ត្រង់​មួយ​នៅ​ក្នុង​តំណ​ភ្ជាប់​នៃ​ជំនាន់​ទាំងឡាយ​របស់​យើង ។ នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។

[ចុង​បញ្ចប់​នៃ​សុន្ទរកថា​របស់​ស៊ិស្ទើរ ស៊ូសាន ឃេ បែដណា

ចំណង​ភ្ជាប់​មួយ

ឥឡូវ​នេះ​ខ្ញុំ​ចង់​បន្ថែម​ទៅ​លើ​ការ​បង្រៀន​របស់​ប្រធាន​ហ៊ិងគ្លី​អំពី​« តំណ​ភ្ជាប់​នៃ​ជំនាន់​ទាំងឡាយ » របស់​យើង ។ លោក​បាន​ពិពណ៌នា​យ៉ាង​ច្បាស់ ហើយ​សង្កត់​ធ្ងន់​នូវ​អ្វី​ដែល​យើង​ពុំ​គួរ​ធ្វើ ដែល​វា​នឹង​ក្លាយ​ជា​ចំណង​ភ្ជាប់​ទន់​ខ្សោយ​មួយ​នៅ​ក្នុង​តំណ​ភ្ជាប់​នៃ​ជំនាន់​ទាំងឡាយ ។ ខ្ញុំ​ចង់​ផ្ដោត​លើ​អ្វី​ដែល​យើង​គួរ​ធ្វើ​ដើម្បី​ក្លាយ​ជា​ចំណង​ភ្ជាប់​មួយ​នៅ​ក្នុង​តំណ​ភ្ជាប់​នៃ​ជំនាន់​ទាំងឡាយ ។

ក្នុង​គោលលទ្ធិ និង​សេចក្ដី​សញ្ញា១២៨ យើង​រៀន​ថា « ផែនដី​នឹង​ត្រូវ​បាន​វាយ​ដោយ​សេចក្ដីបណ្ដាសា លើក​លែង​តែ​មាន​ចំណង​ភ្ជាប់យ៉ាង​ណា​មួយ រវាង​ពួក​ឪពុក​នឹង​កូនៗ គឺ​ចំពោះ​កម្មវត្ថុ​អ្វី​ណា​មួយ– ហើយ​មើល​ចុះ តើ​កម្មវត្ថុ​នោះ​ជា​អ្វី​ទៅ ? គឺ​ជា​បុណ្យ​ជ្រមុជទឹក​ជំនួស​មនុស្ស​ស្លាប់ ។ ដ្បិត​យើងរាល់គ្នា មិន​អាច​បាន​ល្អ​ឥត​ខ្ចោះ ក្រៅពី​ពួក​គេ​ឡើយ រីឯ​ពួក​គេ​ក៏​មិន​អាច​បាន​ល្អ​ឥត​ខ្ចោះ​ក្រៅ​ពី​យើង​ដែរ ។ ទាំង​ពួក​គេ និង​ពួក​យើង មិន​អាច​បាន​ល្អ​ឥត​ខ្ចោះ​ក្រៅ​ពី​អស់​អ្នក​ដែល​ស្លាប់​នៅ​ក្នុង​ដំណឹង​ល្អ​ឡើយ ត្បិត​ជា​ការ​ចាំ​បាច់​ក្នុង​ការ​ចាប់​ផ្ដើម​នូវ​គ្រា​កាន់កាប់​ត្រួតត្រា​នៃ​ពេល​ពេញ​កំណត់ ជា​គ្រា​កាន់កាប់​ត្រួតត្រា​ដែល​កំពុងតែ​ចាប់​ផ្ដើម​នៅ​ពេល​ឥឡូវ​នេះ ប្រយោជន៍​ឲ្យ​ការ​រួបរួម និង​ការ​ភ្ជាប់​គ្នា​ទាំង​មូល និង​ពេញ​លេញ និង​ល្អ​ឥត​ខ្ចោះ នៃ​ការ​កាន់កាប់​ត្រួតត្រា និង​កូន​សោ និង​អំណាច និង​សិរី​ល្អ​ទាំង​ឡាយ​បាន​កើត​ឡើង ហើយ​បាន​បើក​សម្ដែង​ប្រាប់ តាំង​ពី​សម័យ​លោក​អ័ដាម រហូត​មក​ដល់​ពេល​នេះ។ ហើយ​មិន​តែ​ប៉ុណ្ណេះ​សោត ប៉ុន្តែ​ពី​ការណ៍​ទាំង​នោះ​ផង ដែល​ពុំ​ដែល​បាន​បើក​សម្ដែង​ប្រាប់ តាំង​ពី​កំណើត​លោកិយ​មក​ម្ល៉េះ ប៉ុន្តែ​បាន​លាក់​ទុក​ពី​ពួក​អ្នក​ប្រាជ្ញ និង​ពួក​អ្នក​ឈ្លាសវៃ នោះ​នឹង​ត្រូវ​បាន​បើក​សម្ដែង​ដល់​ពួក​កូន​ក្មេង និង​កូន​ដែល​បៅ នៅ​ក្នុង​សម័យ​នេះ គឺជា​ការ​កាន់កាប់​ត្រួតត្រា​នៃ​ពេល​ពេញ​កំណត់ » ។

ខ្ញុំ​សូម​អញ្ជើញ​បងប្អូន​ឲ្យ​ពិចារណា​សំណួរ​មូលដ្ឋាន​ពីរ​ដែល​លើក​ឡើង​នៅ​ក្នុង​បទគម្ពីរ​នេះ ។

សំណួរ​ទីមួយ ៖ តើ​ចំណង​ភ្ជាប់​គឺជា​អ្វី ? ប្រធាន យ៉ូសែប អេហ្វ ស៊្មីធ បាន​បង្រៀន​ថា « ឪពុក​ម្ដាយ និង​កូន ព្រម​ទាំង​កូន និង​ឪពុក​ម្ដាយ​ត្រូវ​មាន​ការ​ផ្សារ​ភ្ជាប់​គ្នា និង​ការ​ចង​ភ្ជាប់​គ្នា​មួយ​រហូត​ដល់​តំណភ្ជាប់​ទាំង​មូល​នៃ​គ្រួសារ​របស់​ព្រះ​ត្រូវ​បាន​ផ្សារ​ភ្ជាប់​គ្នា​ជា​តំណ​ភ្ជាប់​មួយ ហើយ​ពួកគេ​ទាំងអស់​គ្នា​នឹង​ក្លាយ​ជា​គ្រួសារ​របស់​ព្រះ និង​ព្រះគ្រីស្ទ » ។

ការ​ស្ដារ​ឡើង​វិញ​នៃ​សិទ្ធិ​អំណាច និង​កូនសោ​បព្វជិតភាព​នៅ​គ្រា​កាន់​កាប់​ត្រួត​ត្រា​ចុង​ក្រោយ​នេះ​ធ្វើ​ឲ្យ​យើង​ម្នាក់ៗ​អាច​ទទួល ចងចាំ ហើយ​គោរព​ដល់​ពិធី​បរិសុទ្ធ​សម្រាប់​សេចក្ដី​សង្គ្រោះ​ផ្ទាល់​ខ្លួន និង​សម្រាប់​ភាព​តម្កើង​ឡើង​ជា​គ្រួសារ ។ ពិតណាស់ អេលីយ៉ា​បាន​មក​តាម​សន្យា​ដើម្បី​ប្រគល់​កូនសោ​បព្វជិតភាព និង​សិទ្ធ​អំណាច​ផ្សារ​ភ្ជាប់​ដែល​បង្វែរ​ដួង​ចិត្ត ហើយ​បង្កើត​ចំណង​ភ្ជាប់​ដល់​ជំនាន់​ទាំងឡាយ ។ ជា​ថ្មី​ម្ដង​ទៀត នៅ​លើ​ផែនដី​នា​ថ្ងៃ​ចុង​ក្រោយ​នេះ​គឺ​ពួក​អ្នក​បម្រើ​ដែល​មាន​សិទ្ធិ​អនុញ្ញាត​ដែល​អាច​នាំ​យក​ពរជ័យ​ពិសិដ្ឋ​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​ប្រទាន​ឲ្យ « ថា អ្វី​ក៏​ដោយ​ដែល​អ្នក​ភ្ជាប់​នៅ​ផែនដី នោះ​នឹង​ត្រូវ​បាន​ភ្ជាប់​ទុក​នៅ​ស្ថាន​សួគ៌​ដែរ ហើយ​អ្វី​ក៏​ដោយ​ដែល​អ្នក​ចង​នៅ​ផែនដី​ដោយ​នូវ​ព្រះ​នាម​របស់​យើង និង​ដោយ​ព្រះ​បន្ទូល​របស់​យើង ព្រះ​អម្ចាស់​ទ្រង់​មាន​ព្រះ​បន្ទូល​ថា ដូច្នោះ នោះ​នឹង​ត្រូវ​បាន​ចងទុក​អស់​កល្ប​ជានិច្ច​នៅ​ស្ថាន​សួគ៌​ដែរ » ។

ដូច្នេះ​ហើយ « ពិធីបរិសុទ្ធ​ជំនួស​ដែល​យើង​ធ្វើ​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ដោយ​ចាប់​ផ្ដើម​ឡើង​នឹង​បុណ្យ​ជ្រមុជ​ទឹក វា​អាច​ធ្វើ​ឲ្យ​ចំណង​ភ្ជាប់​ដ៏​អស់​កល្ប​មួយ​រវាង​ជំនាន់​ទាំងឡាយ​បំពេញ​គោលបំណង​នៃ​ការ​បង្ក​បង្កើត​របស់​ផែនដី » ។

សំណួរ​ទីពីរ ៖ តើ​ចំណង​ភ្ជាប់​នោះ​ការ​ពារ​ផែនដី​នេះ​ពី​ការ​វាយ​ដោយ​សេចក្ដី​បណ្ដាសា​យ៉ាង​ដូច​ម្ដេច ? ប្រធាន យ៉ូសែប ហ៉្វីលឌីង ស៊្មីធ បាន​ប្រកាស​ថា « វា​ពុំ​មែន​ជា​បញ្ហា​ដែល​គ្រាន់តែ​ទាក់​ទង​នឹង​បុណ្យ​ជ្រមុជទឹក​ជំនួស​មនុស្ស​ស្លាប់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​ទាក់​ទង​នឹង​ការ​ផ្សារ​ភ្ជាប់​របស់​ឪពុកម្ដាយ ព្រមទាំង​ការ​ផ្សារ​ភ្ជាប់​កូន​ទៅ​ឪពុក​ម្ដាយ​ផង​ដែរ ដើម្បី​ឲ្យ​មាន​ការ​ជួប​ជុំ​ដ៏​ពេញ​លេញ​ល្អ​ឥត​ខ្ចោះ​មួយ និង​ការ​ផ្សារ​ភ្ជាប់​រួម​គ្នា​នៃ​គ្រា​កាន់​កាប់​ត្រួត​ត្រា​ទាំងឡាយ ព្រមទាំង​កូនសោ និង​អំណាច និង​សិរី​ល្អ​តាំង​ពី​ដំបូង​រហូត​ដល់​ចុង​បញ្ចប់ ។ បើ​អំណាច​ផ្សារ​ភ្ជាប់ [ដែល​បាន​ស្ដារ​ឡើង​វិញ​ដោយ​អេលីយ៉ា] ពុំ​មាន​នៅ​លើ​ផែនដី នោះ​ការ​ភាន់​ច្រឡំ​កើត​មាន ហើយ​ការ​ខ្វះ​របៀប​រៀប​រយ​នឹង​មាន​ជំនួស​ការ​មាន​របៀប​រៀបរយ​នៅ​ក្នុង​ថ្ងៃ​ដែល​ព្រះអម្ចាស់​នឹង​យាង​មក ហើយ​ពិត​ណាស់ ការណ៍​នេះ​ពុំ​អាច​កើត​ឡើង​ឡើយ ពី​ព្រោះ​រឿង​គ្រប់​យ៉ាង​ត្រូវ​គ្រប់គ្រង ហើយ​ត្រួត​ពិនិត្យ​ដោយ​ក្រឹត្យវិន័យ​ដ៏​ឥត​ខ្ចោះ​នៅ​ក្នុង​នគរ​ព្រះ » ។

ហេតុអ្វី​ផែនដី​នឹង​ត្រូវ​បណ្ដាសារ ? « បើសិន​គ្មាន​ចំណង​ភ្ជាប់​មួយ​រវាង​ពួកឪពុក និង​កូនៗ — ដែល​ជា​កិច្ចការ​សម្រាប់​មនុស្ស​ស្លាប់​ទេ — នោះ​យើង​ទាំងអស់​គ្នា [នឹង] ត្រូវ បាន​បដិសេធ ហើយ​កិច្ចការ​របស់​ព្រះ​ទាំង​មូល [នឹង] បរាជ័យ និង ត្រូវ​កំទេច​ចោល​សូន្យ​ឈឹង។ … ការ​ស្ដារ​ឡើង​វិញ​នៃ​សិទ្ធិ​អំណាច [ផ្សារ​ភ្ជាប់] នេះ​គឺជា​មេ​ដំបែ [ឬ​ឥទ្ធិពល​សុចរិត] ដែល​សង្គ្រោះ​ផែនដី​នេះ​ពី​ការ​កម្ទេច​ចោល​សូន្យ​ឈឹង​នៅ​ឯ​ការ​យាង​មក​របស់​ព្រះយេស៊ូវ​គ្រីស្ទ » ។

សេចក្ដី​ពិត​សំខាន់ៗ​ទាំងនេះ​នៅ​ក្នុង​ដំណឹងល្អ​ជួយ​យើង​ឲ្យ​យល់​ពី​ហេតុផល​ដែល « អាពាហ៍ពិពាហ៍​រវាង​បុរស និង ស្ត្រី គឺ​ត្រូវ​បាន​តែងតាំង​ឡើង​ដោយ​ព្រះ ហើយ​ថា គ្រួសារ ជា​ផ្នែក​ដ៏​សំខាន់​មួយ​នៅ​ក្នុង​ផែនការ​របស់​ព្រះ​ដ៏​បង្កបង្កើត​សម្រាប់​គោលដៅ​ដ៏​នៅ​អស់កល្ប​ជានិច្ច​នៃកូនចៅ​របស់​ទ្រង់ » ។

បងប្អូន​មួយ​ចំនួន​ធ្លាប់​ជួប​នឹង​ទុក្ខសោក​ដ៏​ធំ​ក្នុង​ទំនាក់​ទំនង​គ្រួសារ​ដែល​មាន​ការ​រំលោភ​បំពាន ឬ​មាន​ភាព​ច្របូក​ច្របល់ ។ ហេតុ​ដូច្នេះ​ហើយ បងប្អូន​ប្រហែល​ជា​មាន​បំណង​ប្រាថ្នា​តិច​តួច ឬ​គ្មាន​ទាល់​តែសោះ​ដើម្បី​តភ្ជាប់​ទៅ​បុគ្គល​ដែល​បាន​ធ្វើ​ឲ្យ​មាន​ការ​ឈឺចិត្ត និង​ការ​រងទុក្ខ​បែប​នេះ ។

សូម​ស្ដាប់ ៖ ចំណង​ភ្ជាប់​គ្រួសារ​អស់​កល្ប​ត្រូវ​បាន​ផ្សារ​ភ្ជាប់​នឹង​គ្នា​តែ​តាមរយៈ​សិទ្ធិ​អំណាច​បព្វជិតភាព និង​សេចក្ដី​សុចរិត​ផ្ទាល់​ខ្លួន​ប៉ុណ្ណោះ ។ ទោះ​ជា​មាន​រឿង​អាក្រក់​ធ្លាប់​កើត​ឡើង​នៅ​ក្នុង​គ្រួសារ​របស់​បងប្អូន​ក្ដី ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់ ហើយ​សន្យា​ថា ព្រះអម្ចាស់ ព្រះយេស៊ូវ​គ្រីស្ទ​គឺជា​ប្រភព​នៃ​ការ​ព្យាបាល ការ​ផ្លាស់​ប្ដូរ​ថ្មី និង​ការ​ស្ដារ​ឡើង​វិញ​ដែល​បងប្អូន​ត្រូវការ ។

ការ​ទួញសោក​អាច​នឹង​កើត​ឡើង​នា​គ្រាដ៏​ងងឹត​នៃ​ទុក្ខ​វេទនា​របស់​បងប្អូន ប៉ុន្តែ​អំណរ​អាច​កើត​មាន​នៅ​ព្រឹក​នៃ​ជីវិត​ថ្មី​របស់​បងប្អូន​ដែល​កើត​ឡើង​តាមរយៈ​ព្រះ​ប្រោស​លោះ និង​ព្រះអង្គ​សង្គ្រោះ ។

ហេតុដូច្នេះ តើ​ត្រូវ​ធ្វើ​ដូចម្ដេច ?

អំឡុង​ការ​ពិភាក្សា​អំពី​បញ្ហា​សំខាន់ៗ​នៅ​ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់​ពីរ​នាក់ ប្រធាន ប៊យដ៍ ឃេ ផាកកឺ ជារឿយៗ​បាន​សួរ​ថា « តើ​ត្រូវ​ធ្វើ​ដូចម្ដេច ? » ខ្ញុំ​ដឹង​ថា​សំណួរ​របស់​លោក​ចង់​មាន​ន័យ​ថា « ដូច្នេះ​តើ​គំនិត ការ​ដាក់​ស្នើ ឬ​សកម្មភាព​នេះ​នឹង​ធ្វើ​ឲ្យ​មាន​ភាព​ខុស​គ្នា​សំខាន់ៗ​ខាង​វិញ្ញាណ​អ្វី​ខ្លះ​នៅ​ក្នុង​ជីវិត​របស់​សមាជិក​សាសនាចក្រ ? តើ​វា​ពិត​ជា​នឹង​ឲ្យ​ពរ​ជ័យ​ដល់​មនុស្ស​ដែល​យើង​បម្រើ​ដែរ​ឬទេ ? ឧទាហរណ៍ លោក​បាន​អញ្ជើញ​យើង​ឲ្យ​ពិចារណា​អំពី​តម្លៃ និង​ការ​ជាប់​ទាក់​ទង​ជា​បន្ត​បន្ទាប់​នៃ​ប្រធាន​បទ​អំពី​រឿង​ដែល​យើង​កំពុង​ប្រឹក្សា ។ ខ្ញុំ​បាន​រក​ឃើញ​ថា​សំណួរ « ដូច្នេះ​តើ​ត្រូវ​ធ្វើ​ដូចម្ដេច ? » មាន​អត្ថប្រយោជន៍​ខ្លាំង​ណាស់​ក្នុង​ការ​ផ្ដោត​ទៅ​លើ​ការ​គិត​របស់​ខ្ញុំ​អំពី​បញ្ហា​មួយ និង​ក្នុង​ការ​ស្គាល់​រឿង​នានា​ដែល​សំខាន់​បំផុត ។

ដូច្នេះ​បងប្អូន​អាច​នឹង​សួរ​ថា « បងប្រុស បែដណា តើ​អ្វី​ទៅ​ជា​សារលិខិត​របស់​លោក​មក​កាន់​យើង​ទាក់​ទង​នឹង​សំណួរ ‹ តើ​ត្រូវ​ធ្វើ​ដូចម្ដេច › » ? ខ្ញុំ​ជឿ​ថា​ចម្លើយ​ចំពោះ​សំណួរ​នោះ​អាច​រក​ឃើញ​នៅ​ក្នុង​សំណួរ​ចំនួន​បី​ដែល​បងប្អូន​មួយ​ចំនួន​អាច​នឹង​កំពុង​សួរ​ខ្លួន​នៅ​ពេល​នេះ ។

អ្នក​ចូល​រួម​នៅ​ក្នុង​ការ​ប្រជុំ​ធម្មនិដ្ឋាន​នេះ​គឺជា​យុវជន​យុវនារី​ជាច្រើន​ដែល​ជា​សមាជិក​ជំនាន់​ទីមួយ​ក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ។ បងប្អូន​ធ្លាប់​ស្ដាប់ ហើយ​ធ្លាប់​ទទួល​សារលិខិត​នៃ​ដំណឹងល្អ​ដែល​បាន​ស្ដារ​ឡើង​វិញ​របស់​ព្រះយេស៊ូវ​គ្រីស្ទ បាន​ជ្រមុជ​ទឹក ហើយ​បាន​បញ្ជាក់​ដោយ​សិទ្ធិ​អំណាច​បព្វជិតភាព​ត្រឹមត្រូវ ហើយ​បច្ចុប្បន្ន​នេះ​កំពុង​ដើរ​ឆ្ពោះ​ទៅ​មុខ​ដោយ​សេចក្ដី​ជំនឿ​យ៉ាង​រឹង​មាំ​លើ​ព្រះគ្រីស្ទ ។ មិន​ថា​បងប្អូន​គឺជា​អ្នក​ប្រែ​ចិត្ត​ជឿ​ថ្មី ឬ​យូរ​ហើយ​នោះ​ទេ បងប្អូន​ជា​បុគ្គល​ដ៏​សំខាន់​សម្រាប់​សាសនាចក្រ និង​សេចក្ដី​សង្គ្រោះ​នៃ​ក្រុម​គ្រួសារ​របស់​បងប្អូន​នា​ពេល​នា​បច្ចុប្បន្ន និង​អនាគត ។ បងប្អូន​គឺ​ជា​ចំណង​ភ្ជាប់​ទី​មួយ​នៅ​ក្នុង​តំណ​ភ្ជាប់​នៃ​ជំនាន់​ទាំងឡាយ​របស់​បងប្អូន ។

ប៉ុន្តែ​បងប្អូន​ប្រហែល​ជា​កំពុង​សួរ​ខ្លួន​ឯង​ថា « ក្នុង​នាម​ជា​សមាជិក​សាសនាចក្រ​តែ​ម្នាក់​ឯង​ក្នុង​គ្រួសារ​របស់​ខ្ញុំ ហើយ​ដោយសារ​ខ្ញុំ​ជួប​ការ​បដិសេធ​ខ្លាំង​មក​ពី​ឪពុក​ម្ដាយ បងប្អូន និង​សមាជិក​គ្រួសារ​ផ្សេង​ទៀត​របស់​ខ្ញុំ តើ​ខ្ញុំ​អាច​ក្លាយ​ជា​ចំណង​ភ្ជាប់​មួយ​យ៉ាង​ដូច​ម្ដេច ? »

កាល​បងប្អូន​អាន ហើយ​ស្ដាប់​ដំណើរ​រឿង​អំពី​ពួក​អ្នក​ត្រួស​ត្រាយ​ផ្លូវ​ជំនាន់​មុន​ក្នុង​គ្រា​កាន់​កាប់​ត្រួត​ត្រា​នេះ​ដែល​បាន​រង​ការ​បៀត​បៀន បាន​ស៊ូទ្រាំ​ការ​លំបាក​ខាង​រូបកាយ ហើយ​បាន​ដើរ​ឆ្លងកាត់​ទី​វាល​ទៅ​កាន់​ជ្រលង​ភ្នំ​សលត៍ លេក បងប្អូន​អាច​នឹង​ងឿង​ឆ្ងល់​ថាតើ​បងប្អូន​អាច​ធ្វើ​បាន​ដូច​ពួកគាត់​ដែរ​ឬទេ ។ ប៉ុន្តែ​បងប្អូន​ភាគ​ច្រើន​គឺ​កំពុង​ធ្វើ​នូវ​អ្វី​ដែល​ពួកគាត់​បាន​ធ្វើ ! លក្ខណៈ និង​ប្រភេទ​ដ៏​ច្បាស់​នៃ​ការ​ប្រឈម​ដែល​បងប្អូន​ជួប​សព្វ​ថ្ងៃ​នេះ ប្រហែល​ជា​ខុស​ប្លែក​ពី​ពួក​អ្នក​ត្រួស​ត្រាយ​ផ្លូវ​ទាំង​នោះ ប៉ុន្តែ​ការ​ផ្ទុយ​ចំពោះ​សេចក្ដី​ពិត​ដែល​បាន​ស្ដារ​ឡើង​វិញ​គឺ​មាន​ដូច​គ្នា​នៅ​សព្វ​ថ្ងៃ​នេះ ហើយ​វា​មាន​តែ​កាន់​ខ្លាំង​ឡើង ។

នៅ​ខែ​មេសា ឆ្នាំ​១៩៨៦ ប្រធាន​កុលសម្ព័ន្ធ​មួយ​នៅ​ហ្គាណា​កណ្ដាល​បាន​ទទួល​មរណភាព ។ អ្នក​ដែល​ជួយ​រៀបចំ​បុណ្យ​សព​នោះ​គឺជា​ប្អូន​ប្រុស​ចុង​របស់​ប្រធាន​កុល​សម្ព័ន្ធ​នោះ​ឈ្មោះ ហ្វ្រេដ អាន់ទ្វី ដែល​កាល​ពី​មួយ​ឆ្នាំ​មុន​បាន​ជ្រមុជ​ទឹក ហើយ​បាន​បញ្ជាក់​ជា​សមាជិក​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ។ សម្តេច​ព្រះ​មហាក្សត្រី​ដែល​ត្រូវ​ជា​ប្អូន​ស្រី​របស់​ប្រធាន​កុលសម្ព័ន្ធ​នោះ​បាន​មាន​គម្រោង​តែង​តាំង​ហ្វ្រេដ ធ្វើ​ជា​ប្រធាន​កុល​សម្ព័ន្ធ​ថ្មី ដោយ​គាត់​ពុំ​បាន​ដឹង​ជា​មុន ។

នា​ល្ងាច​មួយ​ពី​មុន​យក​សព​ទៅ​បញ្ចុះ មាន​សមាជិក​គ្រួសារ​ម្នាក់​បាន​មក​និយាយ​នឹង​ហ្វ្រេដ​ដោយ​សម្ងាត់ ហើយ​បាន​សួរ​គាត់​ថា « តើ​ឯង​ដឹង​ថា គ្រួសារ​យើង​មាន​ផែនការ​អ្វី សម្រាប់​ឯង​ឬ​ទេ ? » ហ្វ្រេដ​បាន​ឆ្លើយ​ថា « ​ខ្ញុំ​ពុំ​បាន​ដឹង​ទេ » ។ បន្ទាប់​មក​សមាជិក​គ្រួសារ​នោះ​បាន​និយាយ​ថា « ឯង​នឹង​ក្លាយ​ជា​ប្រធាន​ថ្មី » ។ ហ្វ្រេដ​មាន​ការ​ភ្ញាក់​ផ្អើល ហើយ​បាន​តប​យ៉ាង​ដាច់​អហង្កា​ថា « អត់​ទេ ! សាសនាចក្រ​ខ្ញុំ​នឹង​ពុំ​អនុញ្ញាត​ឲ្យ​ខ្ញុំ​ធ្វើ​រឿង​នេះ​ឡើយ » ។

ការ​បម្រើ​ជា​ប្រធាន​កុលសម្ព័ន្ធ​គឺជា​កិត្តិយស​មួយ ។ ប្រធាន​កុលសម្ព័ន្ធ​គឺជា​បុគ្គល​ធំ​ជាង​គេ​នៅ​ក្នុង​ភូមិ​របស់​គាត់ ហើយ​ពេល​គាត់​និយាយ មនុស្ស​ទាំងអស់​នឹង​ធ្វើ​តាម ។ ប្រធាន​កុលសម្ព័ន្ធ​ម្នាក់​ទទួល​ការ​ផ្គត់​ផ្គង់​ខាង​ហិរញ្ញវត្ថុ និង​អ្វីៗ​ដែល​គាត់​ត្រូវការ ។ ហ្វ្រេដ​កំពុង​បម្រើ​ជា​ប្រធាន​សាខា នៅ​ពេល​គាត់​ដឹង​ថា គាត់​អាច​នឹង​ក្លាយ​ជា​ប្រធាន​កុល​សម្ព័ន្ធ​នោះ ។ ហើយ​គាត់​មិន​ចង់​ចូល​រួម​ក្នុង​ទម្លាប់​របស់​កុលសម្ព័ន្ធ​ដែល​ផ្ទុយ​ពី​គោលការណ៍​នៃ​ដំណឹងល្អ​របស់​ព្រះអង្គ​សង្គ្រោះ​ឡើយ ។

ឥឡូវ​នេះ​ខ្ញុំ​សូម​ដក​ស្រង់​ចម្លើយ​ផ្ទាល់​របស់​ហ្វ្រេដ​ចំពោះ​ការ​ប្រកាស​ដ៏​ភ្ញាក់​ផ្អើល​របស់​បងស្រី​គាត់ ។ « នៅ​ល្ងាច​នោះ ខ្ញុំ​បាន​បើក​រថយន្ត​ទៅ​លេង​ចាស់​ទុំ​ម្នាក់​ក្នុង​កុលសម្ព័ន្ធ​របស់​យើង​នៅ​ភូមិ​មួយ​ក្បែរ​នោះ ។ ខ្ញុំ​ចង់​និយាយ​នឹង​គាត់ អំពី​ដំណឹងល្អ​ដែល​បាន​ចែក​មក​ខ្ញុំ ។ គាត់​បាន​ពន្យល់​ថា « អ៊ំ​បាន​ដឹង​ពី​គម្រោង​នោះ ហើយ​អ៊ំ​ពុំ​អាច​ធ្វើ​អ្វី​ដើម្បី​ជួយ​ក្មួយ​ឲ្យ​ចៀស​ផុត​ពី​ការ​ធ្វើ​ជា​ប្រធាន​បាន​ឡើយ » ។

បន្ទាប់​មក​ហ្វ្រេដ​បាន​តប​ថា « អ៊ំ​ដឹង​ហើយ​ថា​ខ្ញុំ​ជា​គ្រិស្ដ​សាសនិក ហើយ​សាសនា​ខ្ញុំ​នឹង​ពុំ​អនុញ្ញាត​ឲ្យ​ខ្ញុំ​ធ្វើ​ជា​ប្រធាន​បាន​ឡើយ ដោយសារ​ប្រធាន​ម្នាក់​ត្រូវ​ធ្វើ​រឿង​ជាច្រើន​ដែល​ខ្ញុំ​នឹង​ពុំ​ធ្វើ​ឡើយ » ។ ចាស់​ទុំ​រូប​នោះ​បាន​តប​ថា « អីចឹង ត្រឡប់​ទៅ​ប្រាប់​ថ្នាក់​ដឹកនាំ​របស់​ក្មួយ​ថា ក្មួយ​គឺជា​គ្រិស្ដ​សាសនិក ហើយ​ពុំ​អាច​ធ្វើ​ជា​ប្រធាន​បាន​ទេ » ។ ហ្វ្រេដ​បាន​តប​ថា « ខ្ញុំ​បាន​ត្រឡប់​ទៅ​ប្រាប់​ថ្នាក់​ដឹកនាំ ប៉ុន្តែ​ពួកគេ​បដិសេធ​សារលិខិត​របស់​ខ្ញុំ » ។

ហ្វ្រេដ​បាន​បន្ត​ថា « បងប្រុស​ខ្ញុំ [អតីត​ប្រធាន​កុល​សម្ព័ន្ធ] ត្រូវ​បញ្ចុះ​នៅ​ពាក់​កណ្ដាល​អាធ្រាត្រ ដូច្នេះ​ខ្ញុំ​បាន​បើក​រថយន្ត​នៅ​ពី​ក្រោយ​តាម​រថយន្ត​សមាជិក​គ្រួសារ​ផ្សេង​ទៀត ។ លុះ​ដល់​ផ្លូវ​ប្រសព្វ​មួយ​តាម​ផ្លូវ​ទៅ​កន្លែង​បញ្ចុះ​សព ជំនួស​ឲ្យ​ការ​បត់​ទៅ​ឆ្វេង​ជាមួយ​នឹង​មនុស្ស​ផ្សេង​ទៀត ខ្ញុំ​បាន​បត់​ទៅ​ស្ដាំ ហើយ​បើក​យ៉ាង​លឿន​លើ​ផ្លូវ​មួយ​ឆ្ពោះ​ទៅ​ឆ្នេរ​កាពេ » ។

ប្រាំ​មួយ​ខែ​ក្រោយ​មក ហ្វ្រេដ​ពុំ​បាន​ទាក់​ទង​នឹង​គ្រួសារ​សាច់​ញាតិ​ឡើយ ។ ក្រោយ​មក​គាត់​បាន​ដឹង​ថា បើ​គាត់​ទៅ​ការ​បញ្ចុះ​សព​នោះ គាត់​នឹង​មាន​ឈ្មោះ​ថា​ជា​ប្រធាន​កុលសម្ព័ន្ធ​ថ្មី ដោយ​ធ្វើ​ឲ្យ​គាត់​ស្ថិត​នៅ​ក្នុង​ស្ថានភាព​មួយ​ដ៏​លំបាក​បំផុត ។ នៅ​ទី​បំផុត​គាត់​បាន​ដឹង​ថា ក្មួយ​ប្រុស​គាត់ ជា​កូន​ប្រុស​របស់​សម្តេច​ព្រះ​មហាក្សត្រី​ត្រូវ​បាន​តែង​តាំង​ជា​ប្រធាន​ថ្មី ។

កាល​ហ្វ្រេដ​បាន​សម្រេច​ចិត្ត​បត់​ទៅ​ស្ដាំ ហើយ​បើក​ឆ្ពោះ​ទៅ​ឆ្នេរ​កាពេ​នោះ គាត់​បាន​ពង្រឹង​ចំណង​ភ្ជាប់​ដំបូង​ក្នុង​តំណ​ភ្ជាប់​នៃ​ជំនាន់​ទាំងឡាយ​របស់​គាត់ ។ ដោយ​មាន​ភាព​រឹង​មាំ​នៅ​ក្នុង​ទីបន្ទាល់​របស់​គាត់​អំពី​គោលលទ្ធិ និង​គោលការណ៍​នៃ​ដំណឹងល្អ​ដែល​បាន​ស្ដារ​ឡើង​វិញ នោះ​ផ្លូវ​ជីវិត​របស់​ហ្វ្រេដ​បាន​ផ្លាស់​ប្ដូរ​ក្នុង​ផ្លូវ​ដ៏​អស្ចារ្យ​មួយ ។ គាត់ និង​បងស្រី អាន់ទ្វី គឺជា​អ្នក​ផ្សព្វផ្សាយ​សាសនា​ពេញ​ម៉ោង​ដំបូង​គេ​មក​ពី​ទ្វីប​អាហ្វ្រិក​ខាង​លិច​ដែល​បាន​ចាត់​ឲ្យ​ទៅ​បម្រើ​នៅ​ព្រះវិហារ​បរិសុទ្ធ​ហ្គាណា ។ បច្ចុប្បន្ន​នេះ ហ្វ្រេដ បម្រើ​ជា​ទីប្រឹក្សា​ម្នាក់​ក្នុង​គណៈប្រធាន​ព្រះវិហារ​បរិសុទ្ធ​អាក្រា ហ្គាណា ហើយ​ភរិយា​គាត់​ជា​ជំនួយ​ការ​របស់​ភរិយា​ប្រធាន​ព្រះវិហារ​បរិសុទ្ធ ។

ក្នុង​នាម​ជា​អ្នក​ប្រែចិត្ត​ជឿ​ថ្មី​ម្នាក់​ក្នុង​សាសនាចក្រ​ដែល​បាន​ស្ដារ​ឡើង​វិញ​របស់​ព្រះអង្គ​សង្គ្រោះ ហ្វ្រេដ​មាន​ពរ ហើយ​មាន​ភាព​រឹង​មាំ​ដើម្បី​យក​ឈ្នះ​លើ​ការ​ផ្ទុយ​ដ៏​ធំ​មក​ពី​គ្រួសារ មិត្ត​ភក្ដិ និង​សហការី​របស់​លោក ។ ហើយ​បងប្រុស និង​បងស្រី​អាន់ទ្វី​បាន​បង្រៀន​កូនៗ​ខ្លួន​អំពី​ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​ដោយ​ឧស្សាហ៍ ហើយ​បាន​បង្កើត​គន្លង​នៃ​សេចក្ដី​សុចរិត​នៅ​ក្នុង​គ្រួសារ​ខ្លួន​ដែល​ជះ​ឥទ្ធិពល​ដល់​ជំនាន់​ទាំងឡាយ ។ ដូច​ដែល​រឿង​នេះ​បាន​ចាប់​ផ្ដើម​ឡើង​ដោយ​ហ្វ្រេដ និង​ភរិយា​គាត់ វា​ក៏​ចាប់​ផ្ដើម​ដោយ​បងប្អូន​ដែរ !

ចំពោះ​បងប្អូន​ដែល​ជា​សមាជិក​ជំនាន់​ទី​មួយ​ក្នុង​សាសនាចក្រ ៖ រឿង​នេះ​ចាប់​ផ្ដើម​ជាមួយ​នឹង​បងប្អូន ! បងប្អូន​គឺជា​អ្នក​ត្រួស​ត្រាយ​ផ្លូវ​សម្រាប់​បុព្វការីជន និង​កូនចៅ​របស់​បងប្អូន ។ សមាជិក​គ្រួសារ​ដែល​បាន​ចែក​ឋាន​ទៅ​ពី​មុន​បងប្អូន​នៅ​ក្នុង​តំណភ្ជាប់​នៃ​ជំនាន់​ទាំងឡាយ​របស់​បងប្អូន​កំពុង​អធិស្ឋាន​សុំ​ជំនួយ​ពី​បងប្អូន ហើយ​អ្នក​ដែល​នឹង​កើត​មក​ក្រោយ​បងប្អូន​កំពុង​ពឹង​ផ្អែក​ទៅ​លើ​ភាព​ស្មោះ​ត្រង់​របស់​បងប្អូន ។ ពិត​ណាស់ បងប្អូន​មាន​អានុភាព​ដើម្បី​ក្លាយ​ជា​ចំណង​ភ្ជាប់​ដ៏​រឹង​មាំ ។ សូម​ចងចាំ​ថា វា​ចាប់ផ្ដើម​ជាមួយ​នឹង​បងប្អូន ។ ហើយ​ដោយ​មាន​ជំនួយ​ពី​ព្រះអម្ចាស់ នោះ​បងប្អូន​អាច​ធ្វើ​វា​បាន ។

បងប្អូន​មួយ​ចំនួន​ប្រហែល​ជា​កំពុង​សួរ​ខ្លួន​ឯង​ថា « តើ​ខ្ញុំ​អាច​សង្ឃឹម​ដើម្បី​មាន​គ្រួសារ​អស់​កល្ប​មួយ ដោយ​ពុំ​ធ្លាប់​ជា​សមាជិក​ម្នាក់​ក្នុង​គ្រួសារ​ពួក​បរិសុទ្ធ​មួយ​ដ៏​រឹង​មាំ​បាន​យ៉ាង​ដូចម្ដេច ? » ការ​អង្កេត​មួយ​ចំនួន​មក​ពី​បទពិសោធន៍​ខ្ញុំ​ផ្ទាល់​ប្រហែល​ជា​អាច​ជួយ​ដល់​បងប្អូន​បាន ។

« តំណ​ភ្ជាប់​នៃ​ជំនាន់​ទាំងឡាយ » របស់​ខ្ញុំ​ផ្ទាល់​ខុស​ប្លែក​ពី​ខ្សែ​ស្រឡាយ​គ្រួសារ​ខាង​ម្ដាយ​ឪពុក​ខ្ញុំ ។ ក្នុង​តំណភ្ជាប់​ខាង​ម្ដាយ​ខ្ញុំ ខ្ញុំ​គឺជា​សមាជិក​សាសនាចក្រ​ជំនាន់​ទី​ប្រាំ ។ ជីដូន​ជី​តា​គាត់​ចូល​សាសនាចក្រ​នៅ​ប្រទេស​អង់គ្លេស និង​ស្វ៊ីស​នៅ​គ្រា​ដំបូង​នៃ​ការ​ស្ដារ​ឡើង​វិញ ។ ដូច្នេះ​ក្នុង​ខ្សែ​ស្រឡាយ​របស់​ម្ដាយ​ខ្ញុំ ខ្ញុំ​គឺជា​ចំណង​ភ្ជាប់​មួយ​ក្នុង​តំណ​ភ្ជាប់​ដ៏​វែង​មួយ​នៃ​ជំនាន់​ដ៏​ស្មោះ​ត្រង់ ។

ក្នុង​តំណភ្ជាប់​ខាង​ឪពុក​ខ្ញុំ ខ្ញុំ​គឺជា​សមាជិក​សាសនាចក្រ​ជំនាន់​ទី​មួយ ។ ដោយ​ឪពុក​ខ្ញុំ​ពុំ​បាន​ចូល​សាសនាចក្រ​ឡើយ​រហូត​ដល់​ពេល​ក្រោយ​មក នោះ​បងប្រុស​ខ្ញុំ និង​ខ្ញុំ​គឺជា​ត្រកូល​បែដណា​ដំបូង​ដែល​បាន​ទទួល​បព្វជិតភាព ។ ខ្ញុំ​គឺជា​មនុស្ស​ដំបូង​ក្នុង​គ្រួសារ​ដែល​បម្រើ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​ពេញ​ម៉ោង ។ ដូច្នេះ​ដូច​ជា​បងប្អូន​ភាគ​ច្រើន​ដែរ ខ្ញុំ​គឺជា​ចំណង​ភ្ជាប់​ដំបូង​នៃ ដំណឹងល្អ​ក្នុង​តំណ​ភ្ជាប់​នៃ​ជំនាន់​ទាំងឡាយ​នៃ​គ្រួសារ​បែដណា ។

ឪពុក​ខ្ញុំ​គឺជា​មនុស្ស​ល្អ មាន​ការ​លះបង់ ហើយ​ខិត​ខំ​ធ្វើ​ការ ។ ខ្ញុំ​ស្រឡាញ់​គាត់ ហើយ​បាន​រៀន​មេរៀន​អស្ចារ្យ​ដោយ​ការ​ធ្វើ​ការ​ជាមួយ​គាត់ ហើយ​វា​បាន​ជួយ​ខ្ញុំ​ឲ្យ​ក្លាយ​ជា​មនុស្ស​ដូច​សព្វ​ថ្ងៃ​នេះ ។ ម្ដាយ​ខ្ញុំ​បាន​បង្រៀន​ខ្ញុំ​ឲ្យ​អធិស្ឋាន ហើយ​ស្រឡាញ់​បទគម្ពីរ ។ ខ្ញុំ​ស្រឡាញ់​គាត់ ហើយ​អរគុណ​ចំពោះ​សេចក្ដី​ជំនឿ​ដ៏​រឹងមាំ​ដែល​គាត់​បាន​ផ្ដល់​ឲ្យ​ខ្ញុំ ។ ប៉ុន្តែ អ្វី​ដែល​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​គឺជា​ខ្ញុំ​ពុំ​ចាំ​ថា​ធ្លាប់​បាន​អធិស្ឋាន សិក្សា​បទគម្ពីរ ឬ​មាន​រាត្រី​ជួប​ជុំ​ក្រុម​គ្រួសារ​ជា​គ្រួសារ​ឡើយ ។ ខ្ញុំ​បាន​អធិស្ឋាន ហើយ​អាន​ព្រះគម្ពីរ​មរមន​ជាមួយ​ម្ដាយ​ខ្ញុំ ប៉ុន្តែ​យើង​ពុំ​ធ្លាប់​ធ្វើ​រឿង​ទាំង​នេះ​រួម​គ្នា​ដោយ​មាន​ឪពុក​ម្ដាយ និង​កូនៗ​ឡើយ ។

ដោយ​មាន​ជំនួយ​ពី​ព្រះអម្ចាស់ បងប្អូន​អាច​មាន​គ្រួសារ​អស់​កល្ប​មួយ​បាន ទោះ​ជា​បងប្អូន​ពុំ​បាន​កើត​ចេញ​មក​ពី​គ្រួសារ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​ដ៏​ល្អ ដែល​ពេល​ខ្លះ​បាន​បង្ហាញ​ឲ្យ​ឃើញ​នៅ​លើ​គម្រប​នៃ​ទស្សនាវដ្ដី​លីអាហូណា ឬ​Ensign​ក្ដី ។ សូម​ចាំ​ជានិច្ច​ថា វា​ចាប់ផ្ដើម​ជាមួយ​នឹង​បងប្អូន !

ដោយសារ​ខ្ញុំ​ពុំ​មាន​គន្លង​គ្រួសារ​ដ៏​សុចរិត​កាល​ពី​ក្មេង​នោះ​ហើយ ទើប​ធ្វើ​ឲ្យ​ខ្ញុំ​មាន​បំណង​ប្រាថ្នា​ដ៏​រឹង​មាំ​មួយ​រួបរួម​នឹង​ស៊ូសាន​ដើម្បី​ធ្វើ​ឲ្យ​ប្រាកដ​ថា គន្លង​នេះ​គឺជា​ផ្នែក​មួយ​ដែល​យើង​គ្រួសារ​បង្កើត​រួម​គ្នា​ជានិច្ច ។ ពេល​យើង​ប្រឹក្សា​ជាមួយ​គ្នា ហើយ​ទូល​សូម​ជំនួយ​នៅ​ក្នុង​ការ​អធិស្ឋាន​របស់​យើង នោះ​យើង​បាន​បំផុស​គំនិត ហើយ​ប្រទាន​ពរ​ដើម្បី​ជួយ​កូនៗ​ឲ្យ​រៀន​អំពី​គោលការណ៍​នៃ​ដំណឹងល្អ​ដែល​បាន​ស្ដារ​ឡើង​វិញ​របស់​ព្រះអង្គ​សង្គ្រោះ ។ ពិត​ណាស់ យើង​ពុំ​មែន​ជា​ឪពុក​ម្ដាយ​ដ៏​ឥតខ្ចោះ​នោះ​ទេ ប៉ុន្តែ​យើង​ទទួល​អំណោយ​ទាន​ខាង​វិញ្ញាណ​ដែល​យើង​ត្រូវការ​ហើយ​រក​ឃើញ​ជំនួយ « …លើស​ពី​កម្លាំង [យើង] ធ្វើ​បាន » ។១០

បងប្អូន និង​ខ្ញុំ​ពុំ​ជាប់​ឃាំង​នៅ​ក្នុង​បទពិសោធន៍​អតីតកាល​របស់​យើង​ឡើយ ។ យើង​ពុំ​មែន​ជា​ជន​រង​គ្រោះ​ទាំង​ស្រុង​នៃ​កាលៈទេសៈ​បច្ចុប្បន្ន​របស់​យើង ឬ​ទាសភាព​នៃ​មជ្ឈដ្ឋាន​របស់​យើង​ឡើយ ។ ព្រះវិញ្ញាណ​បរិសុទ្ធ​នឹង​បង្រៀន​យើង​គ្រប់​រឿង​ដែល​យើង​គួរ​ធ្វើ រួម​ទាំង​គន្លង​នៃ​សេចក្ដី​សុចរិត​ជា​គ្រួសារ​ដែល​យើង​ពុំ​ធ្លាប់​មាន​ពី​មុន​ផង​ដែរ ។ វា​ចាប់ផ្ដើម​ជាមួយ​នឹង​បងប្អូន ! ហើយ​ដោយ​មាន​ជំនួយ​ពី​ព្រះអម្ចាស់ នោះ​បងប្អូន​អាច​ធ្វើ​វា​បាន ។

បងប្អូន​មួយ​ចំនួន​ធ្លាប់​ឈឺ​ចាប់​ដោយ​សារ​តែ​សមាជិក​គ្រួសារ ឬ​ថ្នាក់​ដឹកនាំ​ដែល​គួរ​ឲ្យ​គោរព​ពុំ​ឲ្យ​តម្លៃ​ដល់​សេចក្ដី​សញ្ញា​អាពាហ៍​ពិពាហ៍​ដ៏​ពិសិដ្ឋ ។ បងប្អូន​អាច​នឹង​សួរ​ខ្លួន​ឯង​ថា « បើ​ឪពុក​ម្ដាយ​ខ្ញុំ និង​គូ​ស្វាមី​ភរិយា​ផ្សេង​ដែល​ខ្ញុំ​ស្គាល់​បាន​ផ្សារ​ភ្ជាប់​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ហើយ​អាពាហ៍​ពិពាហ៍​ពួកគេ​ពុំ​ទទួល​បាន​ជោគ​ជ័យ​ផង តើ​ខ្ញុំ​សង្ឃឹម​ថា​អាច​ធ្វើ​ឲ្យ​អាពាហ៍​ពិពាហ៍​បន្ដ​មាន​យូរអង្វែង​បាន​យ៉ាង​ណា ? »

ចំពោះ​បងប្អូន​ដែល​បាន​ជួប​ការ​ឈឺចាប់​ដោយសារ​ការ​លះ​លែង​គ្នា​នៅ​ក្នុង​គ្រួសារ​របស់​បងប្អូន ឬ​ឈឺចាប់​ដោយសារ​ការ​បំពាន​ទំនុក​ចិត្ត សូម​ចាំ​ថា វា​ចាប់​ផ្ដើម​ជាមួយ​នឹង​បងប្អូន ! ចំណង​ភ្ជាប់​មួយ​នៅ​ក្នុង​តំណ​ភ្ជាប់​នៃ​ជំនាន់​ទាំងឡាយ​របស់​បងប្អូន​អាច​នឹង​ត្រូវ​ផ្ដាច់ ប៉ុន្តែ​ចំណង​ភ្ជាប់​សុចរិត​ផ្សេង​ទៀត និង​អ្វី​ដែល​នៅ​សេស​សល់​នៃ​តំណ​ភ្ជាប់​នោះ​គឺ​មាន​សារៈ​សំខាន់​ដ៏​អស់​កល្ប ។ បងប្អូន​អាច​បន្ថែម​កម្លាំង​ដល់​តំណ​ភ្ជាប់​របស់​បងប្អូន ហើយ​ប្រហែល​ជា​ជួយ​ស្ដារ​ចំណង​ដែល​ដាច់​នោះ​ឡើង​វិញ​ផង ។ កិច្ចការ​នោះ​អាច​សម្រេច​បាន​ម្ដង​មួយ​ៗ ។

យើង​គឺ​ជា​បុត្រា និង បុត្រី​ទាំងឡាយ​របស់​ព្រះ ។ យោង​តាម​ផែនការ​នៃ​សុភមង្គល​ដ៏​នៅ​អស់​កល្ប​ជានិច្ច​របស់​ព្រះវរបិតា យើង​ត្រូវ​បាន​ប្រទាន​ឲ្យ​នូវ​អំណោយ​ទាន​នៃ​សិទ្ធិ​ជ្រើស​រើស​ខាង​សីលធម៌ ហើយ​យើង​គឺជា​ភ្នាក់​ងារ​មាន​សមត្ថភាព​ដើម្បី​ធ្វើ​សកម្មភាព ។ យើង​ពុំ​មែន​ជា​ឧបករណ៍​ដែល​គ្រាន់តែ​រង​អំពើ​នោះ​ទេ ។ យើង​គឺជា​ភ្នាក់​ងារ​ចំពោះ​ខ្លួន​​យើង ហើយ​គួរ​ចូល​ប្រឡូក​ដោយ​រីករាយ​ដើម្បី​ធ្វើ​ឲ្យ​កើត​មាន​សេចក្ដី​សុចរិត​យ៉ង​ច្រើន ។១១

អាពាហ៍ពិពាហ៍​ដ៏​ពេញលេញ ហើយ​រីករាយ​មួយ​គឺ​រក​ពុំ​ឃើញ​ឡើយ ប៉ុន្តែ​វា​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​បុរស និង​ស្ត្រី​ដែល​រក្សា​សេចក្ដី​សញ្ញា​វិញ​ទេតើ ។ ខ្ញុំ​ខ្លាច​ក្រែង​ថា​បងប្អូន​មួយ​ចំនួន​អាច​នឹង​ចូល​រួម​ក្នុង​ការ​ស្វែង​រក​ដ៏​គ្មាន​ទី​បញ្ចប់​នូវ​រឿង​មួយ​ដែល​គ្មាន​វត្តមាន ។ គ្មាន​អ្នក​ដែល​ជា​អនាគត​ស្វាមី ឬ​ភរិយា​ដ៏​ល្អ​ឥត​ខ្ចោះ​ណា​អាច​ការពារ​បងប្អូន​ពី​ការ​ឈឺចាប់​ផ្លូវ​ចិត្ត និង​ខាង​វិញ្ញាណ​បាន​ឡើយ ។ ប៉ុន្តែ​នៅ​ក្នុង​កម្លាំង​របស់​ព្រះអម្ចាស់ បុរស និង​ស្ត្រី​ស្មោះ​ត្រង់​ម្នាក់​ដែល​ដើរ​តួ​ជា​ភ្នាក់ងារ​អាច​បង្កើត​អាពាហ៍​ពិពាហ៍​ពេញ​លេញ និង​គ្រួសារ​អស់​កល្ប​ដែល​ពួកគេ​សង្ឃឹម​ចង់​មាន​បាន ។

ការ​បម្រើ​ដោយ​គ្មាន​ចិត្ត​កំណាញ់​នៅ​ក្នុង​ទំនាក់ទំនង​អាពាហ៍​ពិពាហ៍​តម្រូវ​ឲ្យ​មាន​ការ​អត់ធ្មត់ និង​ការ​ស៊ូទ្រាំ​នៅ​ក្នុង​ពិភព​លោក​ដែល​លើក​ទឹក​ចិត្ត​ខ្លាំង​ឲ្យ​គិត​តែ​ខ្លួន​ឯង និង​ចិត្ត​កំណាញ់​នោះ ។ ប៉ុន្តែ​វា​ចាប់ផ្ដើម​ជាមួយ​នឹង​បងប្អូន កាល​បងប្អូន​ធ្វើ​សកម្មភាព ហើយ​ឆ្ពោះ​ទៅ​មុខ​ដោយ​សេចក្ដី​ជំនឿ​លើ​ព្រះអង្គ​សង្គ្រោះ ស្វែង​រក​ជំនួយ​ពី​ស្ថានសួគ៌​ជា​បន្ត​បន្ទាប់ ហើយ​អនុវត្ត​សិទ្ធិ​ជ្រើស​រើស​របស់​បងប្អូន​ដោយ​សុចរិត ។ បងប្អូន​អាច​ធ្វើ​វា​បាន​ដោយ​មាន​ជំនួយ​ពី​ព្រះអម្ចាស់ ។

ការ​សន្យា ពរជ័យ និង​ទីបន្ទាល់

បងប្អូន​ប្រុស​ស្រី​ជា​ទី​ស្រឡាញ់​របស់​ខ្ញុំ​អើយ ខ្ញុំ​សូម​លើក​ទឹក​ចិត្ត​បងប្អូន​ដោយ​អស់​ពី​ថាមពល​នៃ​ព្រលឹង​ខ្ញុំ​ដើម្បី​ក្លាយ​ជា​ចំណង​ភ្ជាប់​មួយ​នៅ​ក្នុង​តំណ​ភ្ជាប់​នៃ​ជំនាន់​ទាំងឡាយ​របស់​បងប្អូន ។

ការ​ក្លាយ​ជា​ចំណង​ភ្ជាប់​មួយ​ចាប់​ផ្ដើម​ជាមួយ​នឹង​បងប្អូន​តាមរយៈ​ការ​ធ្វើ​រឿង​សាមញ្ញៗ​ដែល​បងប្រុស និង​បងស្រី​ខល​បាន​ធ្វើ ដើម្បី​ឲ្យ​តម្លៃ​ដល់​សេចក្ដី​សញ្ញា​ពិសិដ្ឋ​ទាំងឡាយ ហើយ​បង្រៀន​កូនៗ​ពួកគាត់​ឲ្យ​រស់​នៅ​ ហើយ​ស្រឡាញ់​ដំណឹងល្អ​ដែល​បាន​ស្ដារ​ឡើង​វិញ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។

ការ​ក្លាយ​ជា​ចំណង​ភ្ជាប់​មួយ​ចាប់​ផ្ដើម​ដោយ​បងប្អូន​តាមរយៈ​ការ​មាន​ភាព​ក្លា​ហាន និង​សេចក្ដី​ជំនឿ​លើ​ព្រះអង្គ​សង្គ្រោះ​ដើម្បី​បត់​ទៅ​ខាង​ស្ដាំ ដូចជា​បងប្រុស អាន់ទ្វី ។

ការ​ក្លាយ​ជា​ចំណង​ភ្ជាប់​មួយ​ចាប់​ផ្ដើម​ជាមួយ​នឹង​បងប្អូន​តាមរយៈ​ការ​ទុក​ចិត្ត​លើ​ព្រះវិញ្ញាណ​បរិសុទ្ធ​ឲ្យ​បង្រៀន​បងប្អូន​នូវ​រឿង​គ្រប់​យ៉ាង ហើយ​បង្ហាញ​ផ្លូវ​ដល់​បងប្អូន សូម្បី​តែ​ពេល​បងប្អូន​ពុំ​ដឹង​ជា​មុន​ពី​កន្លែង​ដែល​បងប្អូន​គួរ​ទៅ និង​អ្វី​ដែល​បងប្អូន​គួរ​ធ្វើ​ក្ដី ។

ការ​ក្លាយ​ជា​ចំណង​ភ្ជាប់​មួយ​ចាប់​ផ្ដើម​ជាមួយ​នឹង​បងប្អូន​តាមរយៈ​ការ​បណ្ដេញ​ភាព​ងងឹត​ចេញ​ពី​ចំណោម​បងប្អូន​ដោយ​ឧស្សាហ៍ ហើយ​ក្លាហាន១២និង​តាមរយៈ​ការ​ឈរ​ឲ្យ​រឹង​មាំ​តតាំង​នឹង​អំពើ​អាក្រក់​ដែល​ទាក់​ទាញ​នៃ​ថ្ងៃ​ចុង​ក្រោយ​នេះ ។

ខ្ញុំ​សូម​ប្រកាស​ពរជ័យ​នៃ​សាវក​ដល់​បងប្អូន ដោយ​ព្រះចេស្ដា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​ថា បងប្អូន​នឹង​យល់​យ៉ាង​ច្បាស់​អំពី​សារៈសំខាន់​នៃ​តួនាទី​របស់​បងប្អូន​នៅ​ក្នុង​តំណ​ភ្ជាប់​នៅ​ជំនាន់​ទាំងឡាយ ។ ខ្ញុំ​ដឹង​ថា បងប្អូន​នឹង​មាន​ពរ ហើយ​ទទួល​បាន​កម្លាំង ពេល​បងប្អូន​ខិតខំ​ប្រែ​ក្លាយ​ជា​ចំណង​ភ្ជាប់​ដ៏​រឹងមាំ​មួយ ។ ហើយ​ខ្ញុំ​សូម​សន្យា​ថា ដោយ​មាន​ជំនួយ​ពី​ព្រះអម្ចាស់ បងប្អូន​អាច​ធ្វើ​វា​បាន ។

ខ្ញុំ​សូម​ថ្លែង​ជា​សាក្សី​ដោយ​អំណរ​ថា ព្រះយេស៊ូវ​គ្រីស្ទ​គឺ​ជា​ព្រះរាជ​បុត្រា​នៃ​ព្រះ​ដ៏​មាន​ព្រះជន្ម​រស់ ។ ខ្ញុំ​ដឹង​ថា ទ្រង់មាន​ព្រះជន្ម​រស់ ថា​ទ្រង់​បាន​មាន​ព្រះជន្ម​រស់​ឡើង​វិញ ហើយ​ថា ទ្រង់​ស្គាល់​យើង ហើយ​ស្រឡាញ់​យើង​ម្នាក់ៗ ។ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា សិទ្ធិ​អំណាច និង​កូនសោ​បព្វជិតភាព​ដែល​ចង​ភ្ជាប់​នៅ​លើ​ផែនដី និង​នៅ​ស្ថានសួគ៌​ត្រូវ​បាន​ស្ដារ​ឡើង​វិញ​មក​លើ​ផែនដី​នៅ​ថ្ងៃ​ចុង​ក្រោយ​នេះ ។ ហើយ​ខ្ញុំ​ដឹង​ថា ពេល​យើង​ធ្វើ​តាម​ផែនការ​ដ៏​អស់​កល្ប​របស់​ព្រះវរបិតា យើង​រីករាយ​នៅ​ក្នុង​ជីវិត​នេះ ហើយ​ក្រុម​គ្រួសារ​យើង​អាច​រួមរស់​នឹង​គ្នា​ជា​និរន្តរ ។ ខ្ញុំ​ថ្លែង​ទី​បន្ទាល់ ហើយ​ធ្វើ​សាក្សី​ដូច្នោះ នៅក្នុង​ព្រះនាម​ដ៏​ពិសិដ្ឋ​នៃ​ព្រះអម្ចាស់ ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ។