ចំណងភ្ជាប់មួយ
ជំនួបពេលល្ងាចជាមួយនឹងអែលឌើរ ដេវីឌ អេ បែដណា
ការប្រជុំធម្មនិដ្ឋានសម្រាប់យុវមជ្ឈិមវ័យទូទាំងពិភពលោក • ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០១៧ • មជ្ឈមណ្ឌលស្តេកអេប៉ិចណស៍ខារ៉ូឡៃណា
ចំណងភ្ជាប់នៃជំនាន់ទាំងឡាយ
សារលិខិតរបស់ខ្ញុំដកស្រង់មកពីបទពិសោធន៍មួយដែលស៊ូសាន និងខ្ញុំមាន កាលពីខែកញ្ញា ឆ្នាំ១៩៩៩ ។ ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី បានមកមហាវិទ្យាល័យរីកស៍ ដែលឥឡូវនេះគឺប៊ី.វ៉ាយ.យូ-អៃដាហូ ដើម្បីឧទ្ទិសឆ្លងអគារ ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល ដែលទើបសាងសង់ចប់ថ្មីៗ ។ ស៊ូសាន និងខ្ញុំមានកិត្តិយសដើម្បីទទួលប្រធាន និងស៊ិស្ទើរហ៊ិងគ្លីនៅក្នុងថ្ងៃពោរពេញដោយព្រះវិញ្ញាណដ៏អស្ចារ្យដែលពុំអាចបំភ្លេចបាន ។
កាលលោកនៅក្នុងបរិវេណសាលា ប្រធានហ៊ិងគ្លីបានថ្លែងទៅកាន់និស្សិត បុគ្គលិក និងគណៈសាស្ដ្រាចារ្យនៅក្នុងការប្រជុំធម្មនិដ្ឋានមួយ ។ ខ្ញុំបានអង្គុយនៅលើវេទិការចម្ងាយប៉ុន្មានម៉ែត្រពីប្រធាននៃសាសនាចក្រដែលស្ដារឡើងវិញរបស់ព្រះអម្ចាស់ កាលលោកថ្លែងនូវសារលិខិតរបស់លោក ។ សូម្បីតែនៅថ្ងៃនេះ នៅពេលនេះ កាលខ្ញុំមើលទៅទឹកមុខរបស់បងប្អូន ហើយនិយាយទៅកាន់បងប្អូន ខ្ញុំនៅចាំយ៉ាងច្បាស់ថាប្រធានហ៊ិងគ្លីបានឈរនៅត្រង់វេទិការក្នុងសាលមហោស្រពហាតនោះ ។ ខ្ញុំចាំពីគោលការណ៍សំឡេង និងទឹកមុខរបស់លោកដែលលោកបានបង្រៀន និងរឿងទាំងឡាយដែលខ្ញុំបានរៀនតាមរយៈព្រះចេស្ដានៃព្រះវិញ្ញាណបរិសុទ្ធ កាលខ្ញុំស្ដាប់លោកមានប្រសាសន៍ ។
ឥឡូវនេះខ្ញុំសូមអញ្ជើញបងប្អូនឲ្យចូលរួមក្នុងផ្នែកមួយនៃការប្រជុំធម្មនិដ្ឋាននោះ ។
« កាលពីថ្ងៃសៅរ៍ និងថ្ងៃអាទិត្យមុន យើងស្នាក់នៅទីក្រុង កូឡុំប៊ើស រដ្ឋអូហៃអូ ដើម្បីឧទ្ទិសឆ្លងព្រះវិហារបរិសុទ្ធថ្មីដ៏ស្រស់ស្អាតមួយ ។ ទាំងព្រះវិហារបរិសុទ្ធនោះ និងរោងថ្វាយបង្គំរបស់វួដនៅក្បែរនោះគឺមានមនុស្សពេញនៅគ្រប់ទាំងប្រាំមួយការប្រជុំ ។ ព្រះវិញ្ញាណនៃព្រះអម្ចាស់មានវត្តមាននៅទីនោះ ហើយវាគឺជាឱកាសដ៏សំខាន់អស្ចារ្យមួយដើម្បីឧទ្ទិសឆ្លងព្រះវិហារបរិសុទ្ធទីពីរក្នុងប្រវត្តិសាស្ត្រសាសនាចក្រក្នុងរដ្ឋអូហៃអូដ៏ស្រស់ស្អាតនេះ ។
« អ្នកដែលទៅជាមួយខ្ញុំមានភរិយាខ្ញុំ និងកូនស្រីខ្ញុំដែលទៅទីនោះដើម្បីជួយដល់ម្ដាយរបស់នាង ។ យើងកាន់តែរីករាយ ពេលចៅស្រីយើងម្នាក់ ព្រមទាំងកូននាងពីរនាក់ដែលជាចៅទួតរបស់យើង បានបើកឡានមកពីសេន លូអីស ជាកន្លែងពួកគេរស់នៅមកចូលរួម » ។…
« កាលពីថ្ងៃមុន ពេលខ្ញុំអង្គុយនៅក្នុងព្រះវិហារបរិសុទ្ធក្នុងទីក្រុង កូឡុំប៊ើស រដ្ឋ អូហៃអូ មើលទៅចៅទួតរបស់ខ្ញុំ នោះមានរឿងចម្លែកមួយបានកើតឡើងចំពោះខ្ញុំ ។ រំពេចនោះខ្ញុំបានដឹងថា ខ្ញុំបានស្ថិតនៅកណ្ដាលមនុស្សបីជំនាន់ដែលខ្ញុំស្គាល់បានកើតមុនខ្ញុំ និងមនុស្សបីជំនាន់ដែលកើតក្រោយខ្ញុំ ។ ដួងចិត្តខ្ញុំពិតជាបានបង្វែរទៅរកដូនតារបស់ខ្ញុំ ។ ដួងចិត្តខ្ញុំក៏បានបង្វែទៅរកកូនចៅរបស់ខ្ញុំផងដែរ ។ ខ្ញុំបានប្រមើលមើលអំពីចំណងភ្ជាប់មួយនៃជំនាន់ទាំងឡាយ ។ ចំណងភ្ជាប់នោះត្រឡប់ទៅរកជំនាន់មុនៗដ៏យូរអង្វែងដែលយើងពុំសូវស្គាល់ ។ ឥឡូវវាភ្ជាប់មកមនុស្សបីជំនាន់ដែលកើតក្រោយខ្ញុំហើយ ។ ខ្ញុំបានស្រមើស្រមៃឃើញតំណភ្ជាប់នោះដែលពុំអាចផ្ដាច់បាន មានភាពភ្លឺថ្លា ហើយរឹងមាំ ។ …
« ឥឡូវនេះកាលខ្ញុំអង្គុយនៅក្នុងព្រះវិហារបរិសុទ្ធ ខ្ញុំបានគិតថា ខ្ញុំគឺជាចំណងភ្ជាប់មួយដែលចងភ្ជាប់រាល់ជំនាន់កាលពីមុនៗ និងជំនាន់នាពេលអនាគត ។ អ្វីទាំងអស់ដែលខ្ញុំមាន ទាំងគំនិត និងរូបកាយ សាច់ និងអវៈយវៈ ព្រមទាំងសន្លាក់ និងខួរក្បាលខ្ញុំ គឺជាកេរមតកមួយមកពីជនដែលបានកើតមុនខ្ញុំ ។ ហើយអ្វីទាំងអស់ដែលកូនចៅខ្ញុំមានគឺបានចែកទៅដល់ពួកគេតាមរយៈរូបខ្ញុំ ។ ខ្ញុំពុំអាចឲ្យផ្ដាច់ចំណងនោះបានទេ ។ កូនចៅខ្ញុំពុំអាចឲ្យផ្ដាច់ចំណងនោះឡើយ ។ …
« ខ្ញុំប្រាថ្នាថា ខ្ញុំបាននិយាយយ៉ាងច្បាស់ដើម្បីបង្ហាញដល់បងប្អូនដែលជាយុវវ័យនៅទីនេះនាថ្ងៃនេះនូវអារម្មណ៍ដែលខ្ញុំមាននៅក្នុងព្រះវិហារបរិសុទ្ធនោះ ជាបំណងប្រាថ្នាដ៏លើសលុបបំផុតថា ទាំងខ្ញុំ ឬកូនចៅខ្ញុំមិនត្រូវកាត់ផ្ដាច់ចំណងនៃជំនាន់ទាំងឡាយនៃក្រុមគ្រួសាររបស់យើងឡើយ ។
« ខ្ញុំសូមនិយាយទៅកាន់បងប្អូនដោយអស់ពីកម្លាំងដែលខ្ញុំមានថា សូមកុំធ្វើជាចំណងភ្ជាប់មួយដែលទន់ខ្សោយនៅក្នុងតំណនៃជំនាន់ទាំងឡាយរបស់បងប្អូនឡើយ ។ បងប្អូនមកកាន់ពិភពលោកនេះជាមួយនឹងកេរមរតកដ៏អស្ចារ្យមួយ ។ បងប្អូនកើតចេញពីបុរសស្ត្រីដ៏អស្ចារ្យ ពីបុរសឈ្លាសវៃ ហើយក្លាហាន ពីស្ត្រីនៃសមិទ្ធផល និងនៃសេចក្ដីជំនឿដ៏អស្ចារ្យ ។ សូមកុំធ្វើឲ្យពួកគាត់អស់សង្ឃឹម ។ សូមកុំធ្វើរឿងអ្វីមួយដែលនឹងធ្វើឲ្យតំណដែលបងប្អូនមានចំណែកដ៏សំខាន់ត្រូវទន់ខ្សោយឡើយ » ។១
រូបភាពអំពីតំណភ្ជាប់មួយនៃជំនាន់ទាំងឡាយគឺឃើញច្បាស់នៅក្នុងគំនិតខ្ញុំ ។ ការព្រមានកុំឲ្យធ្វើជាចំណងភ្ជាប់ទន់ខ្សោយមួយនៅក្នុងតំណភ្ជាប់នៃជំនាន់ទាំងឡាយមានឥទ្ធិពលខ្លាំងណាស់នៅក្នុងដួងចិត្តខ្ញុំ ។ ការដាស់តឿនកុំឲ្យធ្វើរឿងអ្វីមួយដែលនឹងធ្វើឲ្យតំណភ្ជាប់នៃជំនាន់ទាំងឡាយមានភាពទន់ខ្សោយបានជ្រួតជ្រាបចូលដល់ព្រលឹងខ្ញុំ ។ ចំពោះស៊ូសាន និងខ្ញុំ មេរៀនសាមញ្ញ ហើយមានអនុភាពដែលយើងបានរៀននៅរសៀលនាខែកញ្ញានោះបានជះឥទ្ធិពលល្អដល់អាពាហ៍ពិពាហ៍យើង គ្រួសារយើង និងរាល់ទិដ្ឋភាពនៃជីវិតយើង ។
គ្រួសារ ខល
ជាយុវនារីម្នាក់ធំដឹងក្ដីឡើងនៅទីក្រុង អាតុន រដ្ឋវ៉ាយអូមីង ស៊ូសានបានស្គាល់ ហើយសរសើរដល់គ្រួសារមួយនៅក្នុងវួដរបស់គាត់ដែលមានគំរូមួយយ៉ាងអស្ចារ្យអំពីតំណភ្ជាប់នៃជំនាន់ទាំងឡាយ ។
សុន្ទរកថារបស់ស៊ិស្ទើរ ស៊ូសាន ឃេ បែដណា
នៅក្នុងវួដដែលខ្ញុំបានធំដឹងក្ដីឡើងមានគ្រួសារដ៏អស្ចារ្យមួយដែលមានកូន១៤នាក់ ។ ប៊េសស៊ី និងអេវិន ខល ជាឪពុកម្ដាយដែលបានរៀបការនៅក្នុងព្រះវិហារបរិសុទ្ធ ហើយបានបន្តមានភក្ដីភាព ហើយស្មោះត្រង់ចំពោះសេចក្ដីសញ្ញារបស់ពួកគេ ។ ពួកគេបានបង្រៀនដល់កូនចៅអំពី គោលលទ្ធិនៃដំណឹងល្អដែលបានស្ដារឡើងវិញ ហើយមានពរដើម្បីបីបាច់គ្រួសារដ៏សុចរិតមួយ ។
កាលពីបីបួនឆ្នាំមុន ខ្ញុំបានជួបនឹងយុវនារីដ៏ស្រស់ស្អាតម្នាក់នៅក្នុងការប្រជុំសាក្រាម៉ង់ដែលខ្ញុំបានទៅចូលរួម ។ កាលនាងបានណែនាំខ្លួនប្រាប់ខ្ញុំ នាងបានលើកឡើងថា ខ្ញុំបានស្គាល់ម្ដាយរបស់នាង ។ ម្ដាយរបស់នាងគឺជាកូនស្រីម្នាក់របស់បងប្រុស និងបងស្រី ខល ហើយជាមិត្តជិតស្និទ្ធស្នាលបំផុតរបស់ខ្ញុំកាលពីក្មេង ។ យុវនារីម្នាក់នេះ ដែលខ្ញុំបានជួបនៅក្នុងការប្រជុំសាក្រាម៉ង់គឺជាចៅស្រីរបស់គ្រួសារ ខល ។ បន្ទាប់ពីសាកសួរនាង ខ្ញុំបានដឹងថា នាងគឺជាចៅទី៤៤ ក្នុងចំណោមចៅទាំង៩៦ នាក់ ហើយកូននាងដែលទើបនឹងកើតគឺជាចៅទួតទី២៣០របស់ប៊េសស៊ី និងអេវិន ខល ។ ចំនួនទាំងនេះបានធ្វើឲ្យខ្ញុំភ្ញាក់ផ្អើល ។ ពិតជាកូនចៅដ៏ច្រើន !
ខ្ញុំបានគិតជាច្រើនដងចាប់តាំងពីពេលនោះមកថា ចុះបើបងប្រុស និងបងស្រី ខល ពុំបានរៀបការនៅក្នុងព្រះវិហារបរិសុទ្ធ ឬពុំបានរក្សាសេចក្ដីសញ្ញារបស់ពួកគេវិញ ? ចុះបើពួកគេពុំបានបន្តមានភក្ដីភាពចំពោះ « សេចក្ដីជំនឿដ៏ធំ » នៃជំនាន់ទាំងឡាយកាលពីមុនវិញ ? ចុះបើពួកគេពុំបានបង្រៀនកូនចៅរបស់ពួកគេអំពីដំណឹងល្អតាមរយៈគំរូ និងសិក្ខាបទវិញ ? ចុះបើពួកគេក្លាយជាចំណងភ្ជាប់ដ៏ទន់ខ្សោយមួយនៅក្នុងតំណភ្ជាប់នៃជំនាន់ទាំងឡាយរបស់ពួកគេវិញ ? តើមានមនុស្សប៉ុន្មាននាក់នឹងរងឥទ្ធិពលពីទង្វើទាំងនេះ ? ចម្លើយគឺច្បាស់ណាស់ ។ ការសម្រេចចិត្តនានាដែលបានធ្វើឡើងដោយគូស្វាមីភរិយានេះបានជះឥទ្ធិពលរួចហើយដល់សមាជិកគ្រួសារច្រើនជាង៣០០ នាក់—ហើយចំនួននេះបន្តកើនឡើង កាលចៅទួត ចៅលួតច្រើនទៀតត្រូវបានស្វាគមន៍ឲ្យចូលមកក្នុងគ្រួសារនេះ ។
ផ្ទុយពីរឿងនេះខ្ញុំមានបទពិសោធន៍ផ្សេងមួយពីនេះជាមួយនឹងមិត្តល្អ ម្នាក់ដែលពុំមែនជាសមាជិក ដែលខ្ញុំស្គាល់ជាយូរហើយ ។ សូមស្រមៃពីភាពស្រឡាំងកាំងរបស់ខ្ញុំ ពេលនាងបាននិយាយលេងនៅថ្ងៃមួយថា នាងមានជីដូនម្នាក់ជាពួកមរមន ។ ខ្ញុំបានភ្ញាក់ផ្អើល ដោយសារនាងពុំដែលស្គាល់ ហើយពុំដែលចាប់អារម្មណ៍ចង់ដឹងអំពីគោលលទ្ធិ និងគោលការណ៍ទាំងឡាយនៃដំណឹងល្អឡើយ ។ ទោះជាខ្ញុំពុំដឹងចម្លើយក្ដី ក៏ជារឿយៗខ្ញុំបានងឿងឆ្ងល់ថា « តើការកាត់ផ្ដាច់នៅក្នុងតំណភ្ជាប់នៃជំនាន់ទាំងឡាយរបស់នាងបានកើតឡើងនៅត្រង់ណា ? » ការសន្និដ្ឋានដ៏ច្បាស់គឺថា មិត្តរបស់ខ្ញុំពុំធ្លាប់រីករាយនឹងពរជ័យនៃដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទនៅក្នុងជីវិតរបស់នាងឡើយ ដោយសារតែការសម្រេចចិត្តនានាដែលបានធ្វើឡើងដោយមនុស្សដែលកើតពីមុននាង ។
ក្នុងនាមជាតំណភ្ជាប់មួយនៃជំនាន់ទាំងឡាយរបស់បងប្អូន បងប្អូនគួរទទួលស្គាល់ថា ការសម្រេចចិត្តនានាដែលបងប្អូនធ្វើនៅពេលនេះ និងនាអនាគតគឺពុំមែនសម្រាប់តែបងប្អូនប៉ុណ្ណោះទេ ។ ការសម្រេចចិត្តនានារបស់បងប្អូនជះឥទ្ធិពលដល់អ្នកដែលកើតមុន និងអ្នកដែលកើតក្រោយបងប្អូន ។ គំរូ និងឥទ្ធិពលនៃការគោរពប្រតិបត្តិរបស់បងប្អូនចំពោះគោលការណ៍ទាំងឡាយនៃដំណឹងល្អ អនុភាពនៃសេចក្ដីសុចរិតផ្ទាល់ខ្លួនរបស់បងប្អូន និងផលនៃការសម្រេចចិត្តដែលបងប្អូនធ្វើសម្រាប់សេចក្ដីល្អ ឬអាក្រក់នឹងបន្តទៅដល់ច្រើនជំនាន់ ។ សូមធ្វើជាចំណងភ្ជាប់មួយរឹងមាំនៅក្នុងតំណភ្ជាប់នៃជំនាន់ទាំងឡាយរបស់បងប្អូន ។
ខ្ញុំមានទីបន្ទាល់អំពីដំណឹងល្អដែលបានស្ដារឡើងវិញរបស់ព្រះយេស៊ូវគ្រីស្ទ ។ ខ្ញុំសូមថ្លែងទីបន្ទាល់ថា អាពាហ៍ពិពាហ៍រវាងបុរស និង ស្ត្រី គឺត្រូវបានតែងតាំងឡើងដោយព្រះ ហើយថា គ្រួសារ ជាផ្នែកដ៏សំខាន់មួយនៅក្នុងផែនការរបស់ព្រះដ៏បង្កបង្កើតសម្រាប់ជោគវាសនាដ៏នៅអស់កល្បជានិច្ចនៃកូនចៅព្រះ ។
ខ្ញុំសូមថ្លែងទីបន្ទាល់ថា ដោយសារតែពលិកម្មធួនរបស់ទ្រង់ ព្រះយេស៊ូវគ្រីស្ទប្រោសលោះយើងពីអំពើបាប និងការជ្រើសរើសខុសរបស់យើង ព្រមទាំងប្រទានកម្លាំងដល់យើងហួសពីសមត្ថភាពរបស់យើង ដើម្បីបន្តមានភក្ដីភាពចំពោះដំណឹងល្អ និងសេចក្ដីសញ្ញាដែលយើងធ្វើ ជាពិសេសពេលយើងរកឃើញថាបទពិសោធន៍ជីវិតមានភាពលំបាក ។
ខ្ញុំដឹងថា ព្រះវិញ្ញាណបរិសុទ្ធនាំយកអារម្មណ៍ខាងវិញ្ញាណទៅកាន់គំនិត និងដួងចិត្តយើង ហើយនឹងជួយយើងឲ្យរកឃើញ ហើយអនុវត្តនូវរបៀបនានាដើម្បីក្លាយជាចំណងភ្ជាប់ដ៏ស្មោះត្រង់មួយនៅក្នុងតំណភ្ជាប់នៃជំនាន់ទាំងឡាយរបស់យើង ។ នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។
[ចុងបញ្ចប់នៃសុន្ទរកថារបស់ស៊ិស្ទើរ ស៊ូសាន ឃេ បែដណា
ចំណងភ្ជាប់មួយ
ឥឡូវនេះខ្ញុំចង់បន្ថែមទៅលើការបង្រៀនរបស់ប្រធានហ៊ិងគ្លីអំពី« តំណភ្ជាប់នៃជំនាន់ទាំងឡាយ » របស់យើង ។ លោកបានពិពណ៌នាយ៉ាងច្បាស់ ហើយសង្កត់ធ្ងន់នូវអ្វីដែលយើងពុំគួរធ្វើ ដែលវានឹងក្លាយជាចំណងភ្ជាប់ទន់ខ្សោយមួយនៅក្នុងតំណភ្ជាប់នៃជំនាន់ទាំងឡាយ ។ ខ្ញុំចង់ផ្ដោតលើអ្វីដែលយើងគួរធ្វើដើម្បីក្លាយជាចំណងភ្ជាប់មួយនៅក្នុងតំណភ្ជាប់នៃជំនាន់ទាំងឡាយ ។
ក្នុងគោលលទ្ធិ និងសេចក្ដីសញ្ញា១២៨ យើងរៀនថា « ផែនដីនឹងត្រូវបានវាយដោយសេចក្ដីបណ្ដាសា លើកលែងតែមានចំណងភ្ជាប់យ៉ាងណាមួយ រវាងពួកឪពុកនឹងកូនៗ គឺចំពោះកម្មវត្ថុអ្វីណាមួយ– ហើយមើលចុះ តើកម្មវត្ថុនោះជាអ្វីទៅ ? គឺជាបុណ្យជ្រមុជទឹកជំនួសមនុស្សស្លាប់ ។ ដ្បិតយើងរាល់គ្នា មិនអាចបានល្អឥតខ្ចោះ ក្រៅពីពួកគេឡើយ រីឯពួកគេក៏មិនអាចបានល្អឥតខ្ចោះក្រៅពីយើងដែរ ។ ទាំងពួកគេ និងពួកយើង មិនអាចបានល្អឥតខ្ចោះក្រៅពីអស់អ្នកដែលស្លាប់នៅក្នុងដំណឹងល្អឡើយ ត្បិតជាការចាំបាច់ក្នុងការចាប់ផ្ដើមនូវគ្រាកាន់កាប់ត្រួតត្រានៃពេលពេញកំណត់ ជាគ្រាកាន់កាប់ត្រួតត្រាដែលកំពុងតែចាប់ផ្ដើមនៅពេលឥឡូវនេះ ប្រយោជន៍ឲ្យការរួបរួម និងការភ្ជាប់គ្នាទាំងមូល និងពេញលេញ និងល្អឥតខ្ចោះ នៃការកាន់កាប់ត្រួតត្រា និងកូនសោ និងអំណាច និងសិរីល្អទាំងឡាយបានកើតឡើង ហើយបានបើកសម្ដែងប្រាប់ តាំងពីសម័យលោកអ័ដាម រហូតមកដល់ពេលនេះ។ ហើយមិនតែប៉ុណ្ណេះសោត ប៉ុន្តែពីការណ៍ទាំងនោះផង ដែលពុំដែលបានបើកសម្ដែងប្រាប់ តាំងពីកំណើតលោកិយមកម្ល៉េះ ប៉ុន្តែបានលាក់ទុកពីពួកអ្នកប្រាជ្ញ និងពួកអ្នកឈ្លាសវៃ នោះនឹងត្រូវបានបើកសម្ដែងដល់ពួកកូនក្មេង និងកូនដែលបៅ នៅក្នុងសម័យនេះ គឺជាការកាន់កាប់ត្រួតត្រានៃពេលពេញកំណត់ » ។២
ខ្ញុំសូមអញ្ជើញបងប្អូនឲ្យពិចារណាសំណួរមូលដ្ឋានពីរដែលលើកឡើងនៅក្នុងបទគម្ពីរនេះ ។
សំណួរទីមួយ ៖ តើចំណងភ្ជាប់គឺជាអ្វី ? ប្រធាន យ៉ូសែប អេហ្វ ស៊្មីធ បានបង្រៀនថា « ឪពុកម្ដាយ និងកូន ព្រមទាំងកូន និងឪពុកម្ដាយត្រូវមានការផ្សារភ្ជាប់គ្នា និងការចងភ្ជាប់គ្នាមួយរហូតដល់តំណភ្ជាប់ទាំងមូលនៃគ្រួសាររបស់ព្រះត្រូវបានផ្សារភ្ជាប់គ្នាជាតំណភ្ជាប់មួយ ហើយពួកគេទាំងអស់គ្នានឹងក្លាយជាគ្រួសាររបស់ព្រះ និងព្រះគ្រីស្ទ » ។៣
ការស្ដារឡើងវិញនៃសិទ្ធិអំណាច និងកូនសោបព្វជិតភាពនៅគ្រាកាន់កាប់ត្រួតត្រាចុងក្រោយនេះធ្វើឲ្យយើងម្នាក់ៗអាចទទួល ចងចាំ ហើយគោរពដល់ពិធីបរិសុទ្ធសម្រាប់សេចក្ដីសង្គ្រោះផ្ទាល់ខ្លួន និងសម្រាប់ភាពតម្កើងឡើងជាគ្រួសារ ។ ពិតណាស់ អេលីយ៉ាបានមកតាមសន្យាដើម្បីប្រគល់កូនសោបព្វជិតភាព និងសិទ្ធអំណាចផ្សារភ្ជាប់ដែលបង្វែរដួងចិត្ត ហើយបង្កើតចំណងភ្ជាប់ដល់ជំនាន់ទាំងឡាយ ។ ជាថ្មីម្ដងទៀត នៅលើផែនដីនាថ្ងៃចុងក្រោយនេះគឺពួកអ្នកបម្រើដែលមានសិទ្ធិអនុញ្ញាតដែលអាចនាំយកពរជ័យពិសិដ្ឋដែលព្រះអង្គសង្គ្រោះបានប្រទានឲ្យ « ថា អ្វីក៏ដោយដែលអ្នកភ្ជាប់នៅផែនដី នោះនឹងត្រូវបានភ្ជាប់ទុកនៅស្ថានសួគ៌ដែរ ហើយអ្វីក៏ដោយដែលអ្នកចងនៅផែនដីដោយនូវព្រះនាមរបស់យើង និងដោយព្រះបន្ទូលរបស់យើង ព្រះអម្ចាស់ទ្រង់មានព្រះបន្ទូលថា ដូច្នោះ នោះនឹងត្រូវបានចងទុកអស់កល្បជានិច្ចនៅស្ថានសួគ៌ដែរ » ។៤
ដូច្នេះហើយ « ពិធីបរិសុទ្ធជំនួសដែលយើងធ្វើនៅក្នុងព្រះវិហារបរិសុទ្ធ ដោយចាប់ផ្ដើមឡើងនឹងបុណ្យជ្រមុជទឹក វាអាចធ្វើឲ្យចំណងភ្ជាប់ដ៏អស់កល្បមួយរវាងជំនាន់ទាំងឡាយបំពេញគោលបំណងនៃការបង្កបង្កើតរបស់ផែនដី » ។៥
សំណួរទីពីរ ៖ តើចំណងភ្ជាប់នោះការពារផែនដីនេះពីការវាយដោយសេចក្ដីបណ្ដាសាយ៉ាងដូចម្ដេច ? ប្រធាន យ៉ូសែប ហ៉្វីលឌីង ស៊្មីធ បានប្រកាសថា « វាពុំមែនជាបញ្ហាដែលគ្រាន់តែទាក់ទងនឹងបុណ្យជ្រមុជទឹកជំនួសមនុស្សស្លាប់ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ទាក់ទងនឹងការផ្សារភ្ជាប់របស់ឪពុកម្ដាយ ព្រមទាំងការផ្សារភ្ជាប់កូនទៅឪពុកម្ដាយផងដែរ ដើម្បីឲ្យមានការជួបជុំដ៏ពេញលេញល្អឥតខ្ចោះមួយ និងការផ្សារភ្ជាប់រួមគ្នានៃគ្រាកាន់កាប់ត្រួតត្រាទាំងឡាយ ព្រមទាំងកូនសោ និងអំណាច និងសិរីល្អតាំងពីដំបូងរហូតដល់ចុងបញ្ចប់ ។ បើអំណាចផ្សារភ្ជាប់ [ដែលបានស្ដារឡើងវិញដោយអេលីយ៉ា] ពុំមាននៅលើផែនដី នោះការភាន់ច្រឡំកើតមាន ហើយការខ្វះរបៀបរៀបរយនឹងមានជំនួសការមានរបៀបរៀបរយនៅក្នុងថ្ងៃដែលព្រះអម្ចាស់នឹងយាងមក ហើយពិតណាស់ ការណ៍នេះពុំអាចកើតឡើងឡើយ ពីព្រោះរឿងគ្រប់យ៉ាងត្រូវគ្រប់គ្រង ហើយត្រួតពិនិត្យដោយក្រឹត្យវិន័យដ៏ឥតខ្ចោះនៅក្នុងនគរព្រះ » ។៦
ហេតុអ្វីផែនដីនឹងត្រូវបណ្ដាសារ ? « បើសិនគ្មានចំណងភ្ជាប់មួយរវាងពួកឪពុក និងកូនៗ — ដែលជាកិច្ចការសម្រាប់មនុស្សស្លាប់ទេ — នោះយើងទាំងអស់គ្នា [នឹង] ត្រូវ បានបដិសេធ ហើយកិច្ចការរបស់ព្រះទាំងមូល [នឹង] បរាជ័យ និង ត្រូវកំទេចចោលសូន្យឈឹង។ … ការស្ដារឡើងវិញនៃសិទ្ធិអំណាច [ផ្សារភ្ជាប់] នេះគឺជាមេដំបែ [ឬឥទ្ធិពលសុចរិត] ដែលសង្គ្រោះផែនដីនេះពីការកម្ទេចចោលសូន្យឈឹងនៅឯការយាងមករបស់ព្រះយេស៊ូវគ្រីស្ទ » ។៧
សេចក្ដីពិតសំខាន់ៗទាំងនេះនៅក្នុងដំណឹងល្អជួយយើងឲ្យយល់ពីហេតុផលដែល « អាពាហ៍ពិពាហ៍រវាងបុរស និង ស្ត្រី គឺត្រូវបានតែងតាំងឡើងដោយព្រះ ហើយថា គ្រួសារ ជាផ្នែកដ៏សំខាន់មួយនៅក្នុងផែនការរបស់ព្រះដ៏បង្កបង្កើតសម្រាប់គោលដៅដ៏នៅអស់កល្បជានិច្ចនៃកូនចៅរបស់ទ្រង់ » ។៨
បងប្អូនមួយចំនួនធ្លាប់ជួបនឹងទុក្ខសោកដ៏ធំក្នុងទំនាក់ទំនងគ្រួសារដែលមានការរំលោភបំពាន ឬមានភាពច្របូកច្របល់ ។ ហេតុដូច្នេះហើយ បងប្អូនប្រហែលជាមានបំណងប្រាថ្នាតិចតួច ឬគ្មានទាល់តែសោះដើម្បីតភ្ជាប់ទៅបុគ្គលដែលបានធ្វើឲ្យមានការឈឺចិត្ត និងការរងទុក្ខបែបនេះ ។
សូមស្ដាប់ ៖ ចំណងភ្ជាប់គ្រួសារអស់កល្បត្រូវបានផ្សារភ្ជាប់នឹងគ្នាតែតាមរយៈសិទ្ធិអំណាចបព្វជិតភាព និងសេចក្ដីសុចរិតផ្ទាល់ខ្លួនប៉ុណ្ណោះ ។ ទោះជាមានរឿងអាក្រក់ធ្លាប់កើតឡើងនៅក្នុងគ្រួសាររបស់បងប្អូនក្ដី ខ្ញុំសូមថ្លែងទីបន្ទាល់ ហើយសន្យាថា ព្រះអម្ចាស់ ព្រះយេស៊ូវគ្រីស្ទគឺជាប្រភពនៃការព្យាបាល ការផ្លាស់ប្ដូរថ្មី និងការស្ដារឡើងវិញដែលបងប្អូនត្រូវការ ។
ការទួញសោកអាចនឹងកើតឡើងនាគ្រាដ៏ងងឹតនៃទុក្ខវេទនារបស់បងប្អូន ប៉ុន្តែអំណរអាចកើតមាននៅព្រឹកនៃជីវិតថ្មីរបស់បងប្អូនដែលកើតឡើងតាមរយៈព្រះប្រោសលោះ និងព្រះអង្គសង្គ្រោះ ។៩
ហេតុដូច្នេះ តើត្រូវធ្វើដូចម្ដេច ?
អំឡុងការពិភាក្សាអំពីបញ្ហាសំខាន់ៗនៅក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ប្រធាន ប៊យដ៍ ឃេ ផាកកឺ ជារឿយៗបានសួរថា « តើត្រូវធ្វើដូចម្ដេច ? » ខ្ញុំដឹងថាសំណួររបស់លោកចង់មានន័យថា « ដូច្នេះតើគំនិត ការដាក់ស្នើ ឬសកម្មភាពនេះនឹងធ្វើឲ្យមានភាពខុសគ្នាសំខាន់ៗខាងវិញ្ញាណអ្វីខ្លះនៅក្នុងជីវិតរបស់សមាជិកសាសនាចក្រ ? តើវាពិតជានឹងឲ្យពរជ័យដល់មនុស្សដែលយើងបម្រើដែរឬទេ ? ឧទាហរណ៍ លោកបានអញ្ជើញយើងឲ្យពិចារណាអំពីតម្លៃ និងការជាប់ទាក់ទងជាបន្តបន្ទាប់នៃប្រធានបទអំពីរឿងដែលយើងកំពុងប្រឹក្សា ។ ខ្ញុំបានរកឃើញថាសំណួរ « ដូច្នេះតើត្រូវធ្វើដូចម្ដេច ? » មានអត្ថប្រយោជន៍ខ្លាំងណាស់ក្នុងការផ្ដោតទៅលើការគិតរបស់ខ្ញុំអំពីបញ្ហាមួយ និងក្នុងការស្គាល់រឿងនានាដែលសំខាន់បំផុត ។
ដូច្នេះបងប្អូនអាចនឹងសួរថា « បងប្រុស បែដណា តើអ្វីទៅជាសារលិខិតរបស់លោកមកកាន់យើងទាក់ទងនឹងសំណួរ ‹ តើត្រូវធ្វើដូចម្ដេច › » ? ខ្ញុំជឿថាចម្លើយចំពោះសំណួរនោះអាចរកឃើញនៅក្នុងសំណួរចំនួនបីដែលបងប្អូនមួយចំនួនអាចនឹងកំពុងសួរខ្លួននៅពេលនេះ ។
អ្នកចូលរួមនៅក្នុងការប្រជុំធម្មនិដ្ឋាននេះគឺជាយុវជនយុវនារីជាច្រើនដែលជាសមាជិកជំនាន់ទីមួយក្នុងសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ។ បងប្អូនធ្លាប់ស្ដាប់ ហើយធ្លាប់ទទួលសារលិខិតនៃដំណឹងល្អដែលបានស្ដារឡើងវិញរបស់ព្រះយេស៊ូវគ្រីស្ទ បានជ្រមុជទឹក ហើយបានបញ្ជាក់ដោយសិទ្ធិអំណាចបព្វជិតភាពត្រឹមត្រូវ ហើយបច្ចុប្បន្ននេះកំពុងដើរឆ្ពោះទៅមុខដោយសេចក្ដីជំនឿយ៉ាងរឹងមាំលើព្រះគ្រីស្ទ ។ មិនថាបងប្អូនគឺជាអ្នកប្រែចិត្តជឿថ្មី ឬយូរហើយនោះទេ បងប្អូនជាបុគ្គលដ៏សំខាន់សម្រាប់សាសនាចក្រ និងសេចក្ដីសង្គ្រោះនៃក្រុមគ្រួសាររបស់បងប្អូននាពេលនាបច្ចុប្បន្ន និងអនាគត ។ បងប្អូនគឺជាចំណងភ្ជាប់ទីមួយនៅក្នុងតំណភ្ជាប់នៃជំនាន់ទាំងឡាយរបស់បងប្អូន ។
ប៉ុន្តែបងប្អូនប្រហែលជាកំពុងសួរខ្លួនឯងថា « ក្នុងនាមជាសមាជិកសាសនាចក្រតែម្នាក់ឯងក្នុងគ្រួសាររបស់ខ្ញុំ ហើយដោយសារខ្ញុំជួបការបដិសេធខ្លាំងមកពីឪពុកម្ដាយ បងប្អូន និងសមាជិកគ្រួសារផ្សេងទៀតរបស់ខ្ញុំ តើខ្ញុំអាចក្លាយជាចំណងភ្ជាប់មួយយ៉ាងដូចម្ដេច ? »
កាលបងប្អូនអាន ហើយស្ដាប់ដំណើររឿងអំពីពួកអ្នកត្រួសត្រាយផ្លូវជំនាន់មុនក្នុងគ្រាកាន់កាប់ត្រួតត្រានេះដែលបានរងការបៀតបៀន បានស៊ូទ្រាំការលំបាកខាងរូបកាយ ហើយបានដើរឆ្លងកាត់ទីវាលទៅកាន់ជ្រលងភ្នំសលត៍ លេក បងប្អូនអាចនឹងងឿងឆ្ងល់ថាតើបងប្អូនអាចធ្វើបានដូចពួកគាត់ដែរឬទេ ។ ប៉ុន្តែបងប្អូនភាគច្រើនគឺកំពុងធ្វើនូវអ្វីដែលពួកគាត់បានធ្វើ ! លក្ខណៈ និងប្រភេទដ៏ច្បាស់នៃការប្រឈមដែលបងប្អូនជួបសព្វថ្ងៃនេះ ប្រហែលជាខុសប្លែកពីពួកអ្នកត្រួសត្រាយផ្លូវទាំងនោះ ប៉ុន្តែការផ្ទុយចំពោះសេចក្ដីពិតដែលបានស្ដារឡើងវិញគឺមានដូចគ្នានៅសព្វថ្ងៃនេះ ហើយវាមានតែកាន់ខ្លាំងឡើង ។
នៅខែមេសា ឆ្នាំ១៩៨៦ ប្រធានកុលសម្ព័ន្ធមួយនៅហ្គាណាកណ្ដាលបានទទួលមរណភាព ។ អ្នកដែលជួយរៀបចំបុណ្យសពនោះគឺជាប្អូនប្រុសចុងរបស់ប្រធានកុលសម្ព័ន្ធនោះឈ្មោះ ហ្វ្រេដ អាន់ទ្វី ដែលកាលពីមួយឆ្នាំមុនបានជ្រមុជទឹក ហើយបានបញ្ជាក់ជាសមាជិកសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ។ សម្តេចព្រះមហាក្សត្រីដែលត្រូវជាប្អូនស្រីរបស់ប្រធានកុលសម្ព័ន្ធនោះបានមានគម្រោងតែងតាំងហ្វ្រេដ ធ្វើជាប្រធានកុលសម្ព័ន្ធថ្មី ដោយគាត់ពុំបានដឹងជាមុន ។
នាល្ងាចមួយពីមុនយកសពទៅបញ្ចុះ មានសមាជិកគ្រួសារម្នាក់បានមកនិយាយនឹងហ្វ្រេដដោយសម្ងាត់ ហើយបានសួរគាត់ថា « តើឯងដឹងថា គ្រួសារយើងមានផែនការអ្វី សម្រាប់ឯងឬទេ ? » ហ្វ្រេដបានឆ្លើយថា « ខ្ញុំពុំបានដឹងទេ » ។ បន្ទាប់មកសមាជិកគ្រួសារនោះបាននិយាយថា « ឯងនឹងក្លាយជាប្រធានថ្មី » ។ ហ្វ្រេដមានការភ្ញាក់ផ្អើល ហើយបានតបយ៉ាងដាច់អហង្កាថា « អត់ទេ ! សាសនាចក្រខ្ញុំនឹងពុំអនុញ្ញាតឲ្យខ្ញុំធ្វើរឿងនេះឡើយ » ។
ការបម្រើជាប្រធានកុលសម្ព័ន្ធគឺជាកិត្តិយសមួយ ។ ប្រធានកុលសម្ព័ន្ធគឺជាបុគ្គលធំជាងគេនៅក្នុងភូមិរបស់គាត់ ហើយពេលគាត់និយាយ មនុស្សទាំងអស់នឹងធ្វើតាម ។ ប្រធានកុលសម្ព័ន្ធម្នាក់ទទួលការផ្គត់ផ្គង់ខាងហិរញ្ញវត្ថុ និងអ្វីៗដែលគាត់ត្រូវការ ។ ហ្វ្រេដកំពុងបម្រើជាប្រធានសាខា នៅពេលគាត់ដឹងថា គាត់អាចនឹងក្លាយជាប្រធានកុលសម្ព័ន្ធនោះ ។ ហើយគាត់មិនចង់ចូលរួមក្នុងទម្លាប់របស់កុលសម្ព័ន្ធដែលផ្ទុយពីគោលការណ៍នៃដំណឹងល្អរបស់ព្រះអង្គសង្គ្រោះឡើយ ។
ឥឡូវនេះខ្ញុំសូមដកស្រង់ចម្លើយផ្ទាល់របស់ហ្វ្រេដចំពោះការប្រកាសដ៏ភ្ញាក់ផ្អើលរបស់បងស្រីគាត់ ។ « នៅល្ងាចនោះ ខ្ញុំបានបើករថយន្តទៅលេងចាស់ទុំម្នាក់ក្នុងកុលសម្ព័ន្ធរបស់យើងនៅភូមិមួយក្បែរនោះ ។ ខ្ញុំចង់និយាយនឹងគាត់ អំពីដំណឹងល្អដែលបានចែកមកខ្ញុំ ។ គាត់បានពន្យល់ថា « អ៊ំបានដឹងពីគម្រោងនោះ ហើយអ៊ំពុំអាចធ្វើអ្វីដើម្បីជួយក្មួយឲ្យចៀសផុតពីការធ្វើជាប្រធានបានឡើយ » ។
បន្ទាប់មកហ្វ្រេដបានតបថា « អ៊ំដឹងហើយថាខ្ញុំជាគ្រិស្ដសាសនិក ហើយសាសនាខ្ញុំនឹងពុំអនុញ្ញាតឲ្យខ្ញុំធ្វើជាប្រធានបានឡើយ ដោយសារប្រធានម្នាក់ត្រូវធ្វើរឿងជាច្រើនដែលខ្ញុំនឹងពុំធ្វើឡើយ » ។ ចាស់ទុំរូបនោះបានតបថា « អីចឹង ត្រឡប់ទៅប្រាប់ថ្នាក់ដឹកនាំរបស់ក្មួយថា ក្មួយគឺជាគ្រិស្ដសាសនិក ហើយពុំអាចធ្វើជាប្រធានបានទេ » ។ ហ្វ្រេដបានតបថា « ខ្ញុំបានត្រឡប់ទៅប្រាប់ថ្នាក់ដឹកនាំ ប៉ុន្តែពួកគេបដិសេធសារលិខិតរបស់ខ្ញុំ » ។
ហ្វ្រេដបានបន្តថា « បងប្រុសខ្ញុំ [អតីតប្រធានកុលសម្ព័ន្ធ] ត្រូវបញ្ចុះនៅពាក់កណ្ដាលអាធ្រាត្រ ដូច្នេះខ្ញុំបានបើករថយន្តនៅពីក្រោយតាមរថយន្តសមាជិកគ្រួសារផ្សេងទៀត ។ លុះដល់ផ្លូវប្រសព្វមួយតាមផ្លូវទៅកន្លែងបញ្ចុះសព ជំនួសឲ្យការបត់ទៅឆ្វេងជាមួយនឹងមនុស្សផ្សេងទៀត ខ្ញុំបានបត់ទៅស្ដាំ ហើយបើកយ៉ាងលឿនលើផ្លូវមួយឆ្ពោះទៅឆ្នេរកាពេ » ។
ប្រាំមួយខែក្រោយមក ហ្វ្រេដពុំបានទាក់ទងនឹងគ្រួសារសាច់ញាតិឡើយ ។ ក្រោយមកគាត់បានដឹងថា បើគាត់ទៅការបញ្ចុះសពនោះ គាត់នឹងមានឈ្មោះថាជាប្រធានកុលសម្ព័ន្ធថ្មី ដោយធ្វើឲ្យគាត់ស្ថិតនៅក្នុងស្ថានភាពមួយដ៏លំបាកបំផុត ។ នៅទីបំផុតគាត់បានដឹងថា ក្មួយប្រុសគាត់ ជាកូនប្រុសរបស់សម្តេចព្រះមហាក្សត្រីត្រូវបានតែងតាំងជាប្រធានថ្មី ។
កាលហ្វ្រេដបានសម្រេចចិត្តបត់ទៅស្ដាំ ហើយបើកឆ្ពោះទៅឆ្នេរកាពេនោះ គាត់បានពង្រឹងចំណងភ្ជាប់ដំបូងក្នុងតំណភ្ជាប់នៃជំនាន់ទាំងឡាយរបស់គាត់ ។ ដោយមានភាពរឹងមាំនៅក្នុងទីបន្ទាល់របស់គាត់អំពីគោលលទ្ធិ និងគោលការណ៍នៃដំណឹងល្អដែលបានស្ដារឡើងវិញ នោះផ្លូវជីវិតរបស់ហ្វ្រេដបានផ្លាស់ប្ដូរក្នុងផ្លូវដ៏អស្ចារ្យមួយ ។ គាត់ និងបងស្រី អាន់ទ្វី គឺជាអ្នកផ្សព្វផ្សាយសាសនាពេញម៉ោងដំបូងគេមកពីទ្វីបអាហ្វ្រិកខាងលិចដែលបានចាត់ឲ្យទៅបម្រើនៅព្រះវិហារបរិសុទ្ធហ្គាណា ។ បច្ចុប្បន្ននេះ ហ្វ្រេដ បម្រើជាទីប្រឹក្សាម្នាក់ក្នុងគណៈប្រធានព្រះវិហារបរិសុទ្ធអាក្រា ហ្គាណា ហើយភរិយាគាត់ជាជំនួយការរបស់ភរិយាប្រធានព្រះវិហារបរិសុទ្ធ ។
ក្នុងនាមជាអ្នកប្រែចិត្តជឿថ្មីម្នាក់ក្នុងសាសនាចក្រដែលបានស្ដារឡើងវិញរបស់ព្រះអង្គសង្គ្រោះ ហ្វ្រេដមានពរ ហើយមានភាពរឹងមាំដើម្បីយកឈ្នះលើការផ្ទុយដ៏ធំមកពីគ្រួសារ មិត្តភក្ដិ និងសហការីរបស់លោក ។ ហើយបងប្រុស និងបងស្រីអាន់ទ្វីបានបង្រៀនកូនៗខ្លួនអំពីដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទដោយឧស្សាហ៍ ហើយបានបង្កើតគន្លងនៃសេចក្ដីសុចរិតនៅក្នុងគ្រួសារខ្លួនដែលជះឥទ្ធិពលដល់ជំនាន់ទាំងឡាយ ។ ដូចដែលរឿងនេះបានចាប់ផ្ដើមឡើងដោយហ្វ្រេដ និងភរិយាគាត់ វាក៏ចាប់ផ្ដើមដោយបងប្អូនដែរ !
ចំពោះបងប្អូនដែលជាសមាជិកជំនាន់ទីមួយក្នុងសាសនាចក្រ ៖ រឿងនេះចាប់ផ្ដើមជាមួយនឹងបងប្អូន ! បងប្អូនគឺជាអ្នកត្រួសត្រាយផ្លូវសម្រាប់បុព្វការីជន និងកូនចៅរបស់បងប្អូន ។ សមាជិកគ្រួសារដែលបានចែកឋានទៅពីមុនបងប្អូននៅក្នុងតំណភ្ជាប់នៃជំនាន់ទាំងឡាយរបស់បងប្អូនកំពុងអធិស្ឋានសុំជំនួយពីបងប្អូន ហើយអ្នកដែលនឹងកើតមកក្រោយបងប្អូនកំពុងពឹងផ្អែកទៅលើភាពស្មោះត្រង់របស់បងប្អូន ។ ពិតណាស់ បងប្អូនមានអានុភាពដើម្បីក្លាយជាចំណងភ្ជាប់ដ៏រឹងមាំ ។ សូមចងចាំថា វាចាប់ផ្ដើមជាមួយនឹងបងប្អូន ។ ហើយដោយមានជំនួយពីព្រះអម្ចាស់ នោះបងប្អូនអាចធ្វើវាបាន ។
បងប្អូនមួយចំនួនប្រហែលជាកំពុងសួរខ្លួនឯងថា « តើខ្ញុំអាចសង្ឃឹមដើម្បីមានគ្រួសារអស់កល្បមួយ ដោយពុំធ្លាប់ជាសមាជិកម្នាក់ក្នុងគ្រួសារពួកបរិសុទ្ធមួយដ៏រឹងមាំបានយ៉ាងដូចម្ដេច ? » ការអង្កេតមួយចំនួនមកពីបទពិសោធន៍ខ្ញុំផ្ទាល់ប្រហែលជាអាចជួយដល់បងប្អូនបាន ។
« តំណភ្ជាប់នៃជំនាន់ទាំងឡាយ » របស់ខ្ញុំផ្ទាល់ខុសប្លែកពីខ្សែស្រឡាយគ្រួសារខាងម្ដាយឪពុកខ្ញុំ ។ ក្នុងតំណភ្ជាប់ខាងម្ដាយខ្ញុំ ខ្ញុំគឺជាសមាជិកសាសនាចក្រជំនាន់ទីប្រាំ ។ ជីដូនជីតាគាត់ចូលសាសនាចក្រនៅប្រទេសអង់គ្លេស និងស្វ៊ីសនៅគ្រាដំបូងនៃការស្ដារឡើងវិញ ។ ដូច្នេះក្នុងខ្សែស្រឡាយរបស់ម្ដាយខ្ញុំ ខ្ញុំគឺជាចំណងភ្ជាប់មួយក្នុងតំណភ្ជាប់ដ៏វែងមួយនៃជំនាន់ដ៏ស្មោះត្រង់ ។
ក្នុងតំណភ្ជាប់ខាងឪពុកខ្ញុំ ខ្ញុំគឺជាសមាជិកសាសនាចក្រជំនាន់ទីមួយ ។ ដោយឪពុកខ្ញុំពុំបានចូលសាសនាចក្រឡើយរហូតដល់ពេលក្រោយមក នោះបងប្រុសខ្ញុំ និងខ្ញុំគឺជាត្រកូលបែដណាដំបូងដែលបានទទួលបព្វជិតភាព ។ ខ្ញុំគឺជាមនុស្សដំបូងក្នុងគ្រួសារដែលបម្រើជាអ្នកផ្សព្វផ្សាយសាសនាពេញម៉ោង ។ ដូច្នេះដូចជាបងប្អូនភាគច្រើនដែរ ខ្ញុំគឺជាចំណងភ្ជាប់ដំបូងនៃ ដំណឹងល្អក្នុងតំណភ្ជាប់នៃជំនាន់ទាំងឡាយនៃគ្រួសារបែដណា ។
ឪពុកខ្ញុំគឺជាមនុស្សល្អ មានការលះបង់ ហើយខិតខំធ្វើការ ។ ខ្ញុំស្រឡាញ់គាត់ ហើយបានរៀនមេរៀនអស្ចារ្យដោយការធ្វើការជាមួយគាត់ ហើយវាបានជួយខ្ញុំឲ្យក្លាយជាមនុស្សដូចសព្វថ្ងៃនេះ ។ ម្ដាយខ្ញុំបានបង្រៀនខ្ញុំឲ្យអធិស្ឋាន ហើយស្រឡាញ់បទគម្ពីរ ។ ខ្ញុំស្រឡាញ់គាត់ ហើយអរគុណចំពោះសេចក្ដីជំនឿដ៏រឹងមាំដែលគាត់បានផ្ដល់ឲ្យខ្ញុំ ។ ប៉ុន្តែ អ្វីដែលគួរឲ្យភ្ញាក់ផ្អើលគឺជាខ្ញុំពុំចាំថាធ្លាប់បានអធិស្ឋាន សិក្សាបទគម្ពីរ ឬមានរាត្រីជួបជុំក្រុមគ្រួសារជាគ្រួសារឡើយ ។ ខ្ញុំបានអធិស្ឋាន ហើយអានព្រះគម្ពីរមរមនជាមួយម្ដាយខ្ញុំ ប៉ុន្តែយើងពុំធ្លាប់ធ្វើរឿងទាំងនេះរួមគ្នាដោយមានឪពុកម្ដាយ និងកូនៗឡើយ ។
ដោយមានជំនួយពីព្រះអម្ចាស់ បងប្អូនអាចមានគ្រួសារអស់កល្បមួយបាន ទោះជាបងប្អូនពុំបានកើតចេញមកពីគ្រួសារពួកបរិសុទ្ធថ្ងៃចុងក្រោយដ៏ល្អ ដែលពេលខ្លះបានបង្ហាញឲ្យឃើញនៅលើគម្របនៃទស្សនាវដ្ដីលីអាហូណា ឬEnsignក្ដី ។ សូមចាំជានិច្ចថា វាចាប់ផ្ដើមជាមួយនឹងបងប្អូន !
ដោយសារខ្ញុំពុំមានគន្លងគ្រួសារដ៏សុចរិតកាលពីក្មេងនោះហើយ ទើបធ្វើឲ្យខ្ញុំមានបំណងប្រាថ្នាដ៏រឹងមាំមួយរួបរួមនឹងស៊ូសានដើម្បីធ្វើឲ្យប្រាកដថា គន្លងនេះគឺជាផ្នែកមួយដែលយើងគ្រួសារបង្កើតរួមគ្នាជានិច្ច ។ ពេលយើងប្រឹក្សាជាមួយគ្នា ហើយទូលសូមជំនួយនៅក្នុងការអធិស្ឋានរបស់យើង នោះយើងបានបំផុសគំនិត ហើយប្រទានពរដើម្បីជួយកូនៗឲ្យរៀនអំពីគោលការណ៍នៃដំណឹងល្អដែលបានស្ដារឡើងវិញរបស់ព្រះអង្គសង្គ្រោះ ។ ពិតណាស់ យើងពុំមែនជាឪពុកម្ដាយដ៏ឥតខ្ចោះនោះទេ ប៉ុន្តែយើងទទួលអំណោយទានខាងវិញ្ញាណដែលយើងត្រូវការហើយរកឃើញជំនួយ « …លើសពីកម្លាំង [យើង] ធ្វើបាន » ។១០
បងប្អូន និងខ្ញុំពុំជាប់ឃាំងនៅក្នុងបទពិសោធន៍អតីតកាលរបស់យើងឡើយ ។ យើងពុំមែនជាជនរងគ្រោះទាំងស្រុងនៃកាលៈទេសៈបច្ចុប្បន្នរបស់យើង ឬទាសភាពនៃមជ្ឈដ្ឋានរបស់យើងឡើយ ។ ព្រះវិញ្ញាណបរិសុទ្ធនឹងបង្រៀនយើងគ្រប់រឿងដែលយើងគួរធ្វើ រួមទាំងគន្លងនៃសេចក្ដីសុចរិតជាគ្រួសារដែលយើងពុំធ្លាប់មានពីមុនផងដែរ ។ វាចាប់ផ្ដើមជាមួយនឹងបងប្អូន ! ហើយដោយមានជំនួយពីព្រះអម្ចាស់ នោះបងប្អូនអាចធ្វើវាបាន ។
បងប្អូនមួយចំនួនធ្លាប់ឈឺចាប់ដោយសារតែសមាជិកគ្រួសារ ឬថ្នាក់ដឹកនាំដែលគួរឲ្យគោរពពុំឲ្យតម្លៃដល់សេចក្ដីសញ្ញាអាពាហ៍ពិពាហ៍ដ៏ពិសិដ្ឋ ។ បងប្អូនអាចនឹងសួរខ្លួនឯងថា « បើឪពុកម្ដាយខ្ញុំ និងគូស្វាមីភរិយាផ្សេងដែលខ្ញុំស្គាល់បានផ្សារភ្ជាប់នៅក្នុងព្រះវិហារបរិសុទ្ធ ហើយអាពាហ៍ពិពាហ៍ពួកគេពុំទទួលបានជោគជ័យផង តើខ្ញុំសង្ឃឹមថាអាចធ្វើឲ្យអាពាហ៍ពិពាហ៍បន្ដមានយូរអង្វែងបានយ៉ាងណា ? »
ចំពោះបងប្អូនដែលបានជួបការឈឺចាប់ដោយសារការលះលែងគ្នានៅក្នុងគ្រួសាររបស់បងប្អូន ឬឈឺចាប់ដោយសារការបំពានទំនុកចិត្ត សូមចាំថា វាចាប់ផ្ដើមជាមួយនឹងបងប្អូន ! ចំណងភ្ជាប់មួយនៅក្នុងតំណភ្ជាប់នៃជំនាន់ទាំងឡាយរបស់បងប្អូនអាចនឹងត្រូវផ្ដាច់ ប៉ុន្តែចំណងភ្ជាប់សុចរិតផ្សេងទៀត និងអ្វីដែលនៅសេសសល់នៃតំណភ្ជាប់នោះគឺមានសារៈសំខាន់ដ៏អស់កល្ប ។ បងប្អូនអាចបន្ថែមកម្លាំងដល់តំណភ្ជាប់របស់បងប្អូន ហើយប្រហែលជាជួយស្ដារចំណងដែលដាច់នោះឡើងវិញផង ។ កិច្ចការនោះអាចសម្រេចបានម្ដងមួយៗ ។
យើងគឺជាបុត្រា និង បុត្រីទាំងឡាយរបស់ព្រះ ។ យោងតាមផែនការនៃសុភមង្គលដ៏នៅអស់កល្បជានិច្ចរបស់ព្រះវរបិតា យើងត្រូវបានប្រទានឲ្យនូវអំណោយទាននៃសិទ្ធិជ្រើសរើសខាងសីលធម៌ ហើយយើងគឺជាភ្នាក់ងារមានសមត្ថភាពដើម្បីធ្វើសកម្មភាព ។ យើងពុំមែនជាឧបករណ៍ដែលគ្រាន់តែរងអំពើនោះទេ ។ យើងគឺជាភ្នាក់ងារចំពោះខ្លួនយើង ហើយគួរចូលប្រឡូកដោយរីករាយដើម្បីធ្វើឲ្យកើតមានសេចក្ដីសុចរិតយ៉ងច្រើន ។១១
អាពាហ៍ពិពាហ៍ដ៏ពេញលេញ ហើយរីករាយមួយគឺរកពុំឃើញឡើយ ប៉ុន្តែវាត្រូវបានបង្កើតឡើងដោយបុរស និងស្ត្រីដែលរក្សាសេចក្ដីសញ្ញាវិញទេតើ ។ ខ្ញុំខ្លាចក្រែងថាបងប្អូនមួយចំនួនអាចនឹងចូលរួមក្នុងការស្វែងរកដ៏គ្មានទីបញ្ចប់នូវរឿងមួយដែលគ្មានវត្តមាន ។ គ្មានអ្នកដែលជាអនាគតស្វាមី ឬភរិយាដ៏ល្អឥតខ្ចោះណាអាចការពារបងប្អូនពីការឈឺចាប់ផ្លូវចិត្ត និងខាងវិញ្ញាណបានឡើយ ។ ប៉ុន្តែនៅក្នុងកម្លាំងរបស់ព្រះអម្ចាស់ បុរស និងស្ត្រីស្មោះត្រង់ម្នាក់ដែលដើរតួជាភ្នាក់ងារអាចបង្កើតអាពាហ៍ពិពាហ៍ពេញលេញ និងគ្រួសារអស់កល្បដែលពួកគេសង្ឃឹមចង់មានបាន ។
ការបម្រើដោយគ្មានចិត្តកំណាញ់នៅក្នុងទំនាក់ទំនងអាពាហ៍ពិពាហ៍តម្រូវឲ្យមានការអត់ធ្មត់ និងការស៊ូទ្រាំនៅក្នុងពិភពលោកដែលលើកទឹកចិត្តខ្លាំងឲ្យគិតតែខ្លួនឯង និងចិត្តកំណាញ់នោះ ។ ប៉ុន្តែវាចាប់ផ្ដើមជាមួយនឹងបងប្អូន កាលបងប្អូនធ្វើសកម្មភាព ហើយឆ្ពោះទៅមុខដោយសេចក្ដីជំនឿលើព្រះអង្គសង្គ្រោះ ស្វែងរកជំនួយពីស្ថានសួគ៌ជាបន្តបន្ទាប់ ហើយអនុវត្តសិទ្ធិជ្រើសរើសរបស់បងប្អូនដោយសុចរិត ។ បងប្អូនអាចធ្វើវាបានដោយមានជំនួយពីព្រះអម្ចាស់ ។
ការសន្យា ពរជ័យ និងទីបន្ទាល់
បងប្អូនប្រុសស្រីជាទីស្រឡាញ់របស់ខ្ញុំអើយ ខ្ញុំសូមលើកទឹកចិត្តបងប្អូនដោយអស់ពីថាមពលនៃព្រលឹងខ្ញុំដើម្បីក្លាយជាចំណងភ្ជាប់មួយនៅក្នុងតំណភ្ជាប់នៃជំនាន់ទាំងឡាយរបស់បងប្អូន ។
ការក្លាយជាចំណងភ្ជាប់មួយចាប់ផ្ដើមជាមួយនឹងបងប្អូនតាមរយៈការធ្វើរឿងសាមញ្ញៗដែលបងប្រុស និងបងស្រីខលបានធ្វើ ដើម្បីឲ្យតម្លៃដល់សេចក្ដីសញ្ញាពិសិដ្ឋទាំងឡាយ ហើយបង្រៀនកូនៗពួកគាត់ឲ្យរស់នៅ ហើយស្រឡាញ់ដំណឹងល្អដែលបានស្ដារឡើងវិញរបស់ព្រះយេស៊ូវគ្រីស្ទ ។
ការក្លាយជាចំណងភ្ជាប់មួយចាប់ផ្ដើមដោយបងប្អូនតាមរយៈការមានភាពក្លាហាន និងសេចក្ដីជំនឿលើព្រះអង្គសង្គ្រោះដើម្បីបត់ទៅខាងស្ដាំ ដូចជាបងប្រុស អាន់ទ្វី ។
ការក្លាយជាចំណងភ្ជាប់មួយចាប់ផ្ដើមជាមួយនឹងបងប្អូនតាមរយៈការទុកចិត្តលើព្រះវិញ្ញាណបរិសុទ្ធឲ្យបង្រៀនបងប្អូននូវរឿងគ្រប់យ៉ាង ហើយបង្ហាញផ្លូវដល់បងប្អូន សូម្បីតែពេលបងប្អូនពុំដឹងជាមុនពីកន្លែងដែលបងប្អូនគួរទៅ និងអ្វីដែលបងប្អូនគួរធ្វើក្ដី ។
ការក្លាយជាចំណងភ្ជាប់មួយចាប់ផ្ដើមជាមួយនឹងបងប្អូនតាមរយៈការបណ្ដេញភាពងងឹតចេញពីចំណោមបងប្អូនដោយឧស្សាហ៍ ហើយក្លាហាន១២និងតាមរយៈការឈរឲ្យរឹងមាំតតាំងនឹងអំពើអាក្រក់ដែលទាក់ទាញនៃថ្ងៃចុងក្រោយនេះ ។
ខ្ញុំសូមប្រកាសពរជ័យនៃសាវកដល់បងប្អូន ដោយព្រះចេស្ដានៃព្រះវិញ្ញាណបរិសុទ្ធថា បងប្អូននឹងយល់យ៉ាងច្បាស់អំពីសារៈសំខាន់នៃតួនាទីរបស់បងប្អូននៅក្នុងតំណភ្ជាប់នៅជំនាន់ទាំងឡាយ ។ ខ្ញុំដឹងថា បងប្អូននឹងមានពរ ហើយទទួលបានកម្លាំង ពេលបងប្អូនខិតខំប្រែក្លាយជាចំណងភ្ជាប់ដ៏រឹងមាំមួយ ។ ហើយខ្ញុំសូមសន្យាថា ដោយមានជំនួយពីព្រះអម្ចាស់ បងប្អូនអាចធ្វើវាបាន ។
ខ្ញុំសូមថ្លែងជាសាក្សីដោយអំណរថា ព្រះយេស៊ូវគ្រីស្ទគឺជាព្រះរាជបុត្រានៃព្រះដ៏មានព្រះជន្មរស់ ។ ខ្ញុំដឹងថា ទ្រង់មានព្រះជន្មរស់ ថាទ្រង់បានមានព្រះជន្មរស់ឡើងវិញ ហើយថា ទ្រង់ស្គាល់យើង ហើយស្រឡាញ់យើងម្នាក់ៗ ។ ខ្ញុំសូមថ្លែងទីបន្ទាល់ថា សិទ្ធិអំណាច និងកូនសោបព្វជិតភាពដែលចងភ្ជាប់នៅលើផែនដី និងនៅស្ថានសួគ៌ត្រូវបានស្ដារឡើងវិញមកលើផែនដីនៅថ្ងៃចុងក្រោយនេះ ។ ហើយខ្ញុំដឹងថា ពេលយើងធ្វើតាមផែនការដ៏អស់កល្បរបស់ព្រះវរបិតា យើងរីករាយនៅក្នុងជីវិតនេះ ហើយក្រុមគ្រួសារយើងអាចរួមរស់នឹងគ្នាជានិរន្តរ ។ ខ្ញុំថ្លែងទីបន្ទាល់ ហើយធ្វើសាក្សីដូច្នោះ នៅក្នុងព្រះនាមដ៏ពិសិដ្ឋនៃព្រះអម្ចាស់ ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។
© 2017 by Intellectual Reserve, Inc. All rights reserved. អនុមតិជាភាសាអង់គ្លេស ៖ ៦/១៧ ។ អនុមតិឲ្យបកប្រែ ៖ ៦/១៧ ។ ការបកប្រែនៃ « A Welding Link » ។ Cambodian ។ PD60004410 258