យុវវ័យ
សង្ឃឹម​​អ៉ីស្រាអែល


សង្ឃឹម​អ៉ីស្រាអែល

ប្រធាន រ័សុល អិម ណិលសុន ៖ ពាក្យ​សម្ដី​ពុំ​អាច​ថ្លែង​បាន​ល្អ​គ្រប់គ្រាន់​ដើម្បី​បង្ហាញ​អំពី​ការ​ដឹងគុណ​របស់​ពួក​យើង​ចំពោះ​ក្រុមចម្រៀង​ថ្នាក់​សិក្ខាសាលា​បាន​នោះទេ ។ ម្ចាស់​ថ្លៃ​អើយ ប្អូនៗ​ធ្វើ​បាន​ល្អណាស់ ។ សូមអរគុណ ។ អរគុណច្រើន ។ នៅពេល​ខ្ញុំ​មើល​ទៅ​មជ្ឈមណ្ឌល​សន្និសីទ​នេះ​មានពេញ​ដោយ​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​ដ៏​អស្ចារ្យ ខ្ញុំ​មានអារម្មណ៍​ថា​ទីបំផុត ខ្ញុំ​មាន​គ្រួសារ​ដ៏​ធំ​ដែល​ខ្ញុំ​ចង់​បាន​នោះ​ហើយ ។ មាន​ប្អូន ២២០០០ នាក់​នៅ​ទីនេះ​នា​យប់នេះ ហើយ​មាន​ច្រើនជាង​រាប់​ពាន់​នាក់​ទៀត ដែល​នៅ​ជាមួយ​យើង​ក្នុង​ការ​ចាក់​ផ្សាយ​នេះ ។

ស៊ីស្ទើរ ណិលសុន និង ខ្ញុំ​ពិត​ជា​រីករាយ​យ៉ាង​លើសលប់ ដើម្បី នៅ ជា មួយ ប្អូនៗ ។ ពួក​យើង​ចូល​ចិត្ត​នៅ​ជាមួយ​នឹង​ប្អូនៗ​ ដែល​ជា​យុវវ័យ​នៃ​សាសនាចក្រ​នៃ​ព្រះ​យេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ—និង​គ្រូបង្រៀន និង​ឪពុក​ម្ដាយ​របស់​ប្អូនៗ ។

ពួក​យើង​ពិតជាចង់​ស្ដាប់​បទពិសោធន៍​របស់​ប្អូនៗ​ម្នាក់ៗ នៅក្នុង​ការ​រៀបចំ​សម្រាប់​ការ​ជួបជុំ​ទូទាំង​ពិភពលោក​របស់​យើង​នេះ នៅពេលប្អូនៗ​អាន​ព្រះគម្ពីរ​មរមនជា​ប្រចាំ និង​នៅពេល​ប្អូនៗ​អធិស្ឋានសូម​ដើម្បី​ស្ដាប់​ឮ​នូវអ្វី​ដែល​ព្រះអម្ចាស់​ចង់បង្រៀន​ដល់ប្អូនៗ ។

ជា​ថ្មី​ម្ដងទៀត ខ្ញុំ​សូម​សម្ដែង​ការ​អរគុណ​ចំពោះ​ក្រុមចម្រៀង​ថ្នាក់​សិក្ខាសាលា​សម្រាប់​ការ​ច្រៀង​ទំនុក​តម្កើង​បើក​របស់​យើង​ប្រកប​ដោយ​មនោសញ្ចេតនា ។ ទំនុក​តម្កើង— « យើង​សូម​អរគុណ​ព្រះអង្គ​ចំពោះ​ព្យាការី » នោះ— ទំនុក​ទាំងឡាយ​បាន​បង្វែរ​ដួងចិត្ត​របស់​យើង​ទៅ​កាន់​ព្យាការី​យ៉ូសែប ស្ម៊ីធ ។ ពួក​យើងពិតជា​ជំពាក់គុណ​លោក ! លោក​គឺ​ជា​ព្យាការី​នៃ​គ្រាកាន់កាប់ត្រួតត្រា​ថ្ងៃចុង​ក្រោយនេះ ! ចូរ​ស្រមៃមើលចុះ! លោក​មាន​វ័យ​ដំណាលប្អូនៗ នៅពេល​លោក​ត្រូវបាន​បំផុសគំនិត​​​ដោយ​ពាក្យ​សម្ដី​របស់​សាវក​យ៉ាកុប ៖ «តែ​បើ​អ្នក​រាល់​គ្នា​ណា​មួយ​ខ្វះ​ប្រាជ្ញា មាន​តែ​សូម​ដល់​ព្រះ » ។​

ពាក្យ​សម្ដី​ទាំងនោះ​បាន​ជម្រុញ​ឲ្យ​យុវជន​យ៉ូសែប​ចេញ​ទៅ​ក្នុង​ព្រៃ​នៅ​ក្បែរ​ផ្ទះ ជា​កន្លែង​ដែល​លោក​បើកដួងចិត្ត​របស់​លោក​ចំពោះព្រះ ។

ស្ថានសួគ៌​បាន​បើក​ឡើង ! យ៉ូសែប បាន​ឃើញ​ព្រះវរបិតា និង​ព្រះរាជបុត្រា ហើយ​បាន​រៀន​ដោយ​ផ្ទាល់​ថា​ត្រូវ​ទៅឯ​ណា​ដើម្បី​ទទួល​បាន​ចម្លើ​យចំពោះ​សំណួរ​របស់​លោក ។

ឥឡូវ​​ខ្ញុំ​សូម​អង្វរ​ដល់​ប្អូនៗ​ម្នាក់ៗ​ឲ្យ​ធ្វើ​ដូចជា​យុវជន​យ៉ូសែប​បាន​ធ្វើ ។ សូម​យក​សំណួរ​របស់​ប្អូនៗ​ទៅ​កាន់ព្រះវរបិតាសួគ៌​ដោយ​ផ្ទាល់​នៅក្នុងការ​អធិស្ឋាន​​របស់​ប្អូនៗ ។ ទូលសួរ​ទ្រង់ នៅក្នុង​ព្រះនាម​របស់​ព្រះយេស៊ូវគ្រីស្ទ​ដើម្បី​ដឹកនាំ​ប្អូនៗ ។ ប្អូនៗ​អាច​រៀន​ដោយ​ខ្លួន​ឯង—ឥឡូវ​នេះ​ក្នុង​វ័យ​របស់​ប្អូនៗ—អំពី​របៀប​ទទួលបាន​វិវរណៈ​ផ្ទាល់ខ្លួន ។ ហើយ​គ្មានអ្វី​ដែល​នឹង​ធ្វើ​ឲ្យ​ខុសប្លែក​ខ្លាំងក្នុង​​ជីវិត​ប្អូនៗ​ជាង​រឿង​នេះទេ !

ខ្ញុំ​សន្យា​នឹង​ប្អូនៗ—​ពុំ​មែននឹង​អ្នក​ដែល​អង្គុយ​នៅជិតប្អូនៗ​ទេ ប៉ុន្តែ​ចំពោះ​ប្អូនៗ—ថា មិន​ថា​ប្អូនៗ​នៅកន្លែង​ណា​ក្នុង​ពិភពលោក​នេះ មិន​ថា​ប្អូនៗ​ស្ថិត​នៅ​ត្រង់ណា​លើ​ផ្លូវ​នៃ​សេចក្ដីសញ្ញា—សូម្បី​តែនៅក្នុង​ពេលនេះ ប្អូនៗពុំ​ស្ថិត​នៅលើ​ផ្លូវ​ក្ដី—ខ្ញុំ​សន្យា​នឹង​ប្អូនៗ​ថា បើ​ប្អូនៗ​នឹង​ធ្វើ​កិច្ចការ​ខាងវិញ្ញាណ​ដោយ​ស្មោះ និង​យ៉ាង​ខ្ជាប់ខ្ជួន ដែល​វា​ចាំបាច់​ដើម្បី​អភិវឌ្ឍជំនាញ​នៃ​ការ​រៀនសូត្រខា​ងវិញ្ញាណ​ដ៏​សំខាន់​អំពី​របៀប​ស្ដាប់​តាមការ​ខ្សឹបប្រាប់​មកពី​ព្រះវិញ្ញាណបរិសុទ្ធ ​ប្អូនៗ​នឹង​មាន​គ្រប់​ការ​ដឹកនាំ​ដែល​ប្អូនៗ​នឹង​ត្រូវការ​សម្រាប់​ជីវិត​ប្អូនៗ ។ ប្អូនៗ​នឹង​ទទួល​ចម្លើយ​ចំពោះ​សំណួរ​​ប្អូនៗ តាម​របៀប និង​ពេលវេលា​របស់​ទ្រង់​ផ្ទាល់ ។ ហើយ​កុំភ្លេច​​​ដំបូន្មាន​ដ៏​សុចរិត​របស់​ឪពុក​ម្តាយ និង​ពួក​អ្នក​ដឹកនាំ​សាសនាចក្រ​របស់​អ្នក ។ ពួកគាត់​ក៏​ស្វែងរក​វិវរណៈ​ជំនួស​អ្នក​ផងដែរ ។

នៅពេល​ប្អូនៗ​ដឹង​ថា​ជីវិត​ប្អូនៗ​កំពុង​ត្រូវ​បាន​ដឹកនាំ​ដោយ​ព្រះ ទោះជា​មានឧបគ្គ និង​ការ​ខកចិត្ត​ដែល​អាច នឹង​កើត​មាន​ជា​យ៉ាងណា នោះប្អូនៗ​នឹង​ទទួល​អារម្មណ៍​អំណរ និងភាព​សុខសាន្ដ ។

ឥឡូវ ពួក​យើង​ចង់​និយាយ​នឹងប្អូនៗ​អំពី​ឧបសគ្គ​ដ៏​ធំបំផុត បុព្វហេតុដ៏ធំបំផុត និង​កិច្ចការ​ដ៏​ធំបំផុត​នៅលើ​ផែនដីនេះ ។ ហើយ​ពួក​យើង​ចង់​អញ្ជើញ​ប្អូនៗ​ឲ្យ​ចូលរួម !

ខ្ញុំ​នឹង​សុំ​ឲ្យ​ស៊ីស្ទើរ វិនឌី ណិលសុន ផ្ដល់​ជាបរិបទ​មួយចំនួន​សម្រាប់​សារលិខិត​សំខាន់​នោះ ។ សូម​អញ្ជើញ ស៊ិស្ទើរ ណិលសុន ។

ស៊ីស្ទើរ វិនឌី ណិលសុន ៖ ប្អូនៗប្រុសស្រី​ជា​ទីស្រឡាញ់ និង​ដែល​យើង​ជឿជាក់ ខ្ញុំ​ចង់​ចាប់​ផ្ដើម​ដោយ​ប្រាប់​ដល់​ប្អូនៗ​ថា​អ្វីៗ​ដែល​ស្វាមី​ខ្ញុំ និង​ខ្ញុំ​ឃើញ​នៅ​ថ្ងៃ​មួយ​នៅពេល​ពួក​យើង​បើក​ឡាន​ឆ្លងកាត់​ភ្នំ​នៅ​រដ្ឋ​យូថាហ៍ ។

វា​ជា​ថ្ងៃរដូវ​ស្លឹកឈើជ្រុះ​ដ៏​ស្រស់ស្អាត​មួយ ។ ពួក​យើង​ស្រឡាញ់​ព្រៃព្រឹក្សា ដែល​មាន​ពណ៌មាស និង​ស្រស់ស្អាត ដែលដើម​ឈរទាំងនោះ​ដុះឈរត្រង់ៗ​យ៉ាង​ខ្ពស់​​ទៅ​លើ​មេឃ ។

រូបភាព
ព្រៃឈើ

បន្ទាប់មក ពួក​យើង​បាន​បត់​ទៅ​ជ្រុង​ម្ខាង ហើយ​ខ្ញុំ​បាន​ឃើញដើម​ឈើ​មួយ​ដែល​រំឭក​ខ្ញុំអំពីខ្លួន​ខ្ញុំ​ ដែល​ខ្ញុំ​​ជាញឹកញាប់មាន​អារម្មណ៍ជា​យ៉ាងណា​អំពី​ស្ថានភាព​ជាច្រើននោះ ។

រូបភាព
ដើមឈើ​វៀច​កោង

តើ​បងប្អូនស្គាល់​អារម្មណ៍​​នោះ​ឬ​ទេ ? និយាយ​ដូច្នោះ ប្អូនៗ​មើល​ទៅ​អ្នក​នៅ​ជុំវិញ និង​មនុស្ស​ដទៃទៀត​ដែល​ឈរត្រង់ៗ​យ៉ាង​ខ្ពស់ ហើយ​កាន់តែ​ខ្ពស់ទៅលើ​មេឃ ។

ពួកគេ​ចេះ​ដោះ​ស្រាយ​រឿង​គ្រប់​យ៉ាង ។ ពួកគេ​ស្លៀកសម្លៀក​បំពាក់​​ឥតខ្ចោះ ហាក់ដូចជា​និយាយ​រឿង​ត្រឹមត្រូវ​ជានិច្ច ពុំ​មាន​បញ្ហា​អ្វីទេ មានការ​គោរព​ដ៏​ឥតខ្ចោះ—ហើយ​ហាក់​ដូចជាពុំ​ដែល​ធ្វើ​កំហុស​អ្វីសោះ​ក្នុង​ជីវិត​ពួកគេ ។

មែន​ហើយ បន្ទាប់មក មាន​ប្អូនៗ និង​រូប​ខ្ញុំ !

ប្អូនៗប្រុសស្រី​ជា​ទីស្រឡាញ់ ដល់​ពេល​ដែល​ត្រូវ​ឈប់​ប្រៀបធៀប​ខ្លួន​យើង​នឹង​អ្នកដទៃ​ហើយ ។ វាដល់​ពេលត្រូវ​បោះចោល​ទស្សន​ភាន់​ច្រឡំ​អំពី​ខ្លួន​យើង និង​អ្នកដទៃ​ហើយ ។ សេចក្ដីពិត​គឺ​ថា យើង​ពុំ​មាន​គុណ​វិបត្តិ​ដ៏​អស់សង្ឃឹម​ដូច​ដែល​យើង​អាច​គិត​នោះ​ទេ ហើយ​អ្នកដទៃ​ក៏​ពុំ​ល្អ​ឥតខ្ចោះ​ដូច​ដែល​ពួកគេ​បាន​បង្ហាញ នោះដែរ— ទាំងអស់​គ្នា លើក​លែង​តែ​ព្រះអង្គសង្គ្រោះ​របស់​យើង ព្រះយេស៊ូវ​គ្រីស្ទ​ប៉ុណ្ណោះ ។

រឿង​តែ​មួយ​ដែល​សំខាន់​ពិត​នោះគឺ​ថា​ប្អូនៗ និង​ខ្ញុំ​កំពុង​ធ្វើ​តាម​អ្វី​ដែល​ពួក​យើង​បាន​តាំងចិត្តយ៉ាង​ច្បាស់—ទាំងបាន​ចុះ​សេចក្ដីសញ្ញា—នៅ​ជីវិត​មុន​ផែនដី​ជាមួយ​នឹង​ព្រះវរបិតាសួគ៌​របស់​យើង​ថា ពួក​យើង​នឹង​ធ្វើកិច្ចការនោះ ខណៈ​ដែល​យើង​រស់នៅលើ​ផែនដីនេះ ។

ដូច្នេះ ខ្ញុំសូម​សួរសំណួរ​ប្អូនៗ​មួយ ៖ តើប្អូន​កើត​មក​ធ្វើ​អ្វី​ខ្លះ ?

អូ៎ ! ខ្ញុំ​ចង់​មើល​វីដេអូ ១០ នាទី​អំពី​ជីវិត​មុន​ជីវិត​ផែនដី​របស់​ប្អូនៗ​នៅ​ក្នុង​ YouTube ណាស់ ។

ព្យាការី យ៉ូសែប ស្ម៊ីធ បាន​បង្រៀន​ថា បើ​ប្អូនៗ​អាច​មើល​ទៅ​ស្ថានសួគ៌​បាន​ប្រាំ​នាទី នោះ​ប្អូនៗ​នឹង​ដឹង​ច្រើន​ជាង​ប្រធានបទ​មួយ​ដែល​ប្អូនៗ​សិក្សា​ពេញ​មួយជីវិត​របស់​ប្អូនៗ​ទៅ​ទៀត ។ ដូច្នេះ ចូរ​ស្រមៃ​ថា​ប្អូនៗ​អាច​មើល​វីដេអូ ១០ នាទី​ពី​ជីវិត​មុន​ផែនដី​របស់​ប្អូន !

ប្រាកដ​ណាស់ យើង​ដឹង​ថា ព្រះអម្ចាស់​បាន​ដក​វាំងនន​ចេញ​ពី​ការ​ចងចាំ​ទាំងឡាយដោយ​ឈ្លាសវៃ ។ ប៉ុន្តែ​សូម​ស្រមៃ​មួយ​សន្ទុះ​អំពី​ឥទ្ធិពល​មក​លើ​ជីវិត​របស់​ប្អូនៗ បើ​ប្អូនៗ​អនុញ្ញាត​ឲ្យ​មើល ១០ នាទី​អំពី​ជីវិត​មុន​ផែនដី​របស់​ប្អូន ។

ខ្ញុំ​ជឿ​ថា បើ​ប្អូន​ៗ​អាច​មើល​ឃើញ​ខ្លួន​ឯង​រស់នៅ​ជាមួយ​នឹង​មាតាបិតា​សួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ បើ​ប្អូនៗ​អាច​សង្កេត​មើល​ឃើញអ្វី​ដែល​ប្អូនៗ​បាន​ធ្វើ​កាល​ពី​ជីវិត​មុន​ផែនដី ហើយ​មើលឃើញ​ខ្លួន​ប្អូនៗ​ធ្វើ​ការ​តាំងចិត្ត—ទាំង​ចុះ​សេចក្ដីសញ្ញា—​ជាមួយ​អ្នកដទៃ រួមទាំង​​អ្នក​ផ្ដល់​ដំបូន្មាន និង​គ្រូបង្រៀន​របស់​ប្អូនៗ បើ​ប្អូនៗ​អាច​មើលឃើញ​ខ្លួន​ប្អូនៗ​ឆ្លើយ​តប​ចំពោះ​ការ​វាយប្រហារ​មក​លើ​សេចក្ដីពិត ហើយ​ឈរ​ជាសាក្សី​យ៉ាង​អង់អាច​ចំពោះ​ព្រះយេស៊ូវ​គ្រីស្ទ​ដោយ​ក្លាហាន នោះ​ខ្ញុំ​ជឿ​ថាប្អូនៗ​គ្រប់គ្នា​នឹង​មាន​អំណាច ការតាំងចិត្ត និង​ទស្សនវិស័យ​ដ៏អស់កល្បជានិច្ច​កាន់តែ​ខ្លាំង​ដើម្បី​ជួយ​ប្អូនៗ​យកឈ្នះគ្រប់​ការ​ច្របូកច្របល់ ភាព​សង្ស័យ បញ្ហា និង​ឧបសគ្គ​ទាំង​ឡាយ ។ គឺ​ទាំងអស់ !

ខ្ញុំ​ជឿ​ថា បើ​ប្អូនៗ​អាច​ចងចាំ​ថា​ប្អូនៗ​នឹង​ជួយ​នរណា​នៅពេល​ប្អូនៗ​នៅលើ​ផែនដីនេះ ឬ​តើ​បទពិសោធន៍​ជូរចត់​ណា​ដែល​ប្អូនៗ​ព្រម​ទទួល នោះ​មិន​ថា​ស្ថានភាព​ដ៏លំបាក​ដែល​ប្អូនៗ​កំពុង​ជួប​ឥឡូវ​នេះ—ឬ​នឹង​ជួប​ជា​យ៉ាងណាទេ—នោះ​ប្អូនៗ​នឹង​និយាយ​ថា « អូ៎ ឥឡូវ​ខ្ញុំចាំហើយ​ ។ ឥឡូវ ​ខ្ញុំ​យល់​ហើយ ។ ស្ថានភាព​លំបាក​នេះ ធ្វើ​ឲ្យ​ខ្ញុំ​យល់​ហើយ​ឥឡូវនេះ ។ ដោយ​មាន​ជំនួយ​ពី​ព្រះអម្ចាស់ នោះ​ខ្ញុំ​អាច​ធ្វើ​ការណ៍​នេះ​បាន !

ឥឡូវ​នេះ​គឺ​ជា​រឿង​ផ្សេងមួយទៀត​ដែល​ខ្ញុំអញ្ជើញ​ឲ្យ​ប្អូនៗ​គិត​ ។ ខ្ញុំ​ចូលចិត្ត​ស្រមៃ​ថា ពួក​យើង​ម្នាក់ៗ​មក​លើ​ផែនដីនេះ​ដោយ​មាន​បញ្ជី​ភ្ជាប់មក​នឹង​វិញ្ញាណរបស់​យើង ដែល​ថា « រឿង​ទាំងឡាយ​ដែលត្រូវ​ធ្វើ​ខណៈពេលនៅលើ​ផែនដី » ។

ចូរ​និយាយ​អំពី​អ្វី​ដែល​អាច​នឹង​មាន​នៅលើ​បញ្ជីនោះ ។ ចូរ​និយាយ​អំពី​រឿង​ប្រាំ​យ៉ាង​ដែល​ពិត​ជា​បានសរសេរ​នៅលើ​បញ្ជី​របស់​ប្អូនៗ​ស្របទៅតាម​ដំណឹងល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ ។

ទីមួយ ប្អូនៗ​មក​ដើម្បី​ទទួល​រូបរាង​កាយ​រមែង​ស្លាប់ ។ មិត្ត​ខ្ញុំ​អើយ រឿង​នោះ​គឺ​ជា​រឿង​ដ៏​សំខាន់​ពិត ។

ទីពីរ ប្អូនៗ​មក​ទទួលការ​សាកល្បង ។

តែ​តើ​ប្អូនៗ​បាន​កត់សម្គាល់​ឃើញ​ទេ​ថា ការសាកល្បង​របស់​យើង ជាញឹកញាប់​មានជាប់ទាក់ទង​នឹង​ការ​រៀន​គ្រប់គ្រង​លើ​សេចក្ដី​ស្រេកឃ្លាន​នៃរូបកាយ​ និង​តណ្ហា​របស់​យើង ដែលអាច​នឹង​ពុំ​អាច​គ្រប់គ្រង​ជាប់ ? បើ​ប្អូនៗ​កំពុង​ជួប​បញ្ហាឥឡូវនេះ​ដោយសារ​ឥទ្ធិពលដែល​មានមកពី​ការញៀន​ដោយ​ប្រភេទណាមួយ ឬ​អំពើបាប​ធ្ងន់ធ្ងរ​ដែល​ពុំ​ទាន់បាន​ប្រែចិត្ត ខ្ញុំ​សូម​ជម្រុញ​ប្អូនៗ​ឲ្យ​ដក​បន្ទុក​ប្អូនៗ​ចេញ ដោយ​ការ​ទៅ​និយាយ​នឹង​ប៊ីស្សព​របស់ប្អូនៗ—ថ្ងៃនេះ ។ លោក​កាន់កូនសោ​បព្វជិតភាព​ដែលអាច​ជួយ​ដល់​ប្អូនៗ​បាន ។

រឿង​ទីបី​ដើម្បី​ធ្វើ​ពេល​នៅលើផែនដី ៖ ជ្រើសរើស​ធ្វើតាម​ព្រះយេស៊ូវគ្រីស្ទ ហើយ​ឈរ​ជា​សាក្សី​ចំពោះ​ទ្រង់ ដូចដែល​ប្អូនៗ​បាន​ធ្វើ​កាល​ពី​ជីវិត​មុន​ផែនដី ។

ទីបួន ជ្រើសរើស​ប្រែចិត្ត​រាល់​ថ្ងៃ ហើយ​ទទួលទាន​សាក្រាម៉ង់​រាល់​សប្តាហ៍ ។ ប្រសិនបើ​ប្អូន​ធ្វើ​ដូច្នេះ នោះប្អូនៗ​នឹង​បានព្យាបាលខាងវិញ្ញាណ បានពង្រឹង និង​តម្កើង ហើយ​ទីបំផុត​បាន​ញែកជា​បរិសុទ្ធ ហើយលើក​តម្កើង តាមរយៈ​ដង្វាយធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។

ឥឡូវ នេះជា​ចំនុចទីប្រាំ​នៅក្នុង​បញ្ជី​របស់​ប្អូនៗ​គឺ​ស្វែងរក ហើយបំពេញ​បេសកកម្ម​ជីវិត​រមែង​ស្លាប់​របស់​ប្អូនៗ ។ មិត្ត​ជាទីស្រឡាញ់​របស់ខ្ញុំ កាលពីជីវិត​មុន​ផែនដី​ ​ប្អូនៗ និង​ខ្ញុំ​​បានទទួល​​បេសកកម្ម​ដ៏​អស្ចារ្យមួយ​ដើម្បី​បំពេញ​ខណៈ​ពេល​យើង​នៅលើ​ផែនដី​នេះ ។

ពួក​យើង​មានឱកាស​ជា​ច្រើន​ដើម្បី​បំពេញ​បេសកកម្ម​ជីវិត​រមែង​ស្លាប់​របស់​យើង ប៉ុន្តែ​យើង​ពុំចាំបាច់​ត្រូវ​ធ្វើទេ ។ គ្មាននរណា​នឹង​បង្ខំ​យើងទេ ។ យើង​មាន​សិទ្ធិជ្រើសរើស​របស់​យើង​ដើម្បី​ជ្រើសរើស​របៀប​ដែល​យើង​ចំណាយ​ពេល​ និង​ថាមពល​របស់​យើង ទេពកោសល្យ និង​ធនធាន​របស់យើង ។ តាមពិត អ្វី​ដែល​យើង​ជ្រើសរើស​ធ្វើ​គឺ​មាន​ចំណែក​នៅ​ក្នុង​ការ​សាកល្បង​របស់​យើង ។

ការជ្រើសរើស​គឺ​ជា​របស់​ប្អូនៗ និង​ខ្ញុំ ។ តើ​យើង​នឹង​ជ្រើសរើស​ធ្វើ​អ្វីៗ​ក៏​ដោយ​ ដើម្បី​បំពេញ​បេសកកម្ម​ដ៏​អស្ចារ្យ​ដែល​យើង​ត្រូវ​បាន​បញ្ជូន​មក​លើ​ផែនដី​ឬទេ ?

ខណៈ​ដែល​សំណួរបានពុះ​នៅក្នុង​គំនិត​របស់ប្អូនៗ ចូរ​ផ្លាស់​វា​មក​ពិភាក្សា​អំពី​មូលហេតុ​ដែល​ប្អូនៗ​នៅទីនេះ​លើផែនដី​វិញ—នៅ​ពេល​ជាក់លាក់នេះ ដែល​ជា​ពេល​ដ៏ពិសេស​នៅក្នុង​ប្រវត្តិសាស្ត្រ​នៃ​ផែនដី ។

ហេតុអ្វី​ប្អូនៗ​នៅលើ​ផែនដី​នេះ​ក្នុង​ពេលនេះ ?

ហេតុអ្វី​ក៏​ប្អូនៗ​មិន​កើត​កាល​ពី​ទស្សវត្សរ៍ ១៨៨០ ? ឬ​ ៣០ ឆ្នាំ​ពី​ពេល​ឥឡូវនេះទៅ ?

ខ្ញុំ​សូមប្រាប់​ប្អូនៗ​អំពី​បទពិសោធន៍​មួយ​ដែល​បង្រៀន​ខ្ញុំ​ដំបូង​អំពី​ថ្ងៃ​ជាប្រវត្តិសាស្ត្រ​ដែល​យើង​រស់នៅ ។

ជាញឹកញាប់​យើង​និយាយអំពី​ការ​រស់នៅ​ក្នុង​ថ្ងៃចុង​ក្រោយ ។ ពួក​យើង​គឺ​ជា​ពួកបរិសុទ្ធ​ថ្ងៃចុង​ក្រោយ ។ ប៉ុន្តែ​ប្រហែលជា​ថ្ងៃ​ទាំងនេះ « ចុងក្រោយ » ជាង​ដែលយើង​ធ្លាប់​នឹកស្រមៃដល់ ។

សេចក្ដីពិត​នេះ​ក្លាយជា​ការពិត​ចំពោះ​ខ្ញុំ ដោយសារ​តែ​អ្វី​ដែល​ខ្ញុំ​បានជួប​អំឡុង​ពេល ២៤ ម៉ោង​ ដែល​ចាប់ផ្ដើម នៅ​ថ្ងៃទី ១៥ ខែ​មិថុនា ឆ្នាំ ២០១៣ ។ ស្វាមីខ្ញុំ និង​ខ្ញុំ​នៅ​ក្នុង​ទីក្រុង​ម៉ូស្គូ ប្រទេស​រ៉ុស្សី ។

ខណៈប្រធាន ណិលសុន​នៅ​ក្នុងការ​ប្រជុំ​ថ្នាក់ដឹកនាំ​បព្វជិតភាព ខ្ញុំ​មាន​ឯកសិទ្ធិ​បានជួប​នឹង​បងប្អូន​ស្រ្តី​ជិត ១០០ នាក់ ។ ខ្ញុំ​ស្រឡាញ់​បងប្អូនស្ត្រី​ជនជាតិ​រ៉ុស្សី​របស់យើង ។ ពួកគេអស្ចារ្យណាស់ !

នៅ​ពេល​ខ្ញុំ​ឡើង​ទៅ​វេទិកា​និយាយ ខ្ញុំ​ឃើញ​ថា​ខ្លួន​ខ្ញុំ​និយាយ​អ្វី​ដែល​ខ្ញុំ​ពុំ​ធ្លាប់​និយាយ​ពី មុន ។ ខ្ញុំ​បាន​និយាយ​ទៅ​កាន់​ស្ត្រី​ទាំង​នោះ​ថា « ខ្ញុំ​ចង់​ស្គាល់​បងប្អូន​តាម​ខ្សែ​ស្រឡាយ ។ សូម​ក្រោកឈរឡើង​ជា​ពូជអំបូរ​អ៉ីស្រាអែល​ដែល​តំណាង​ឲ្យ​ខ្សែ​ស្រឡាយ​ដែ​លបាន​ប្រកាស​នៅក្នុងពរជ័យ​អយ្យកោ​របស់​បងប្អូន » ។

« បេនយ៉ាមីន » ? មាន​ស្ត្រីមួយចំនួន​ក្រោកឈរ ។

« ដាន់ ? » មានមួយចំនួន​ទៀត​ក្រោកឈរ ។

« រូបេន? » មានមួយចំនួន​ទៀត​ក្រោកឈរ ។

« ណែបថាលី ? » ឈរ​កាន់តែ​ច្រើន ។

នៅពេល​ឈ្មោះ​នៃ​ពូជអំបូរ​ទាំង​ដប់ពីរ​នៃ​អ៉ីស្រាអែល​ត្រូវ​បានប្រកាស—ចាប់​ពី អេសើរ ដល់ សាប់យូល៉ូន— និង​នៅពេល​ស្ត្រី​ៗ​បាន​ក្រោកឈរ ពួកយើង​មាន​ភាព​អស្ចារ្យ​ចំពោះ​អ្វី​ដែល​យើង​បាន​ឃើញ បាន​ទទួល​ក្នុងអារម្មណ៍ និង​កំពុង​រៀន ។

តើ​ពូជអំបូរ​ទាំងដប់ពីរ​នៃ​អ៊ីស្រាអែល​ប៉ុន្មាននាក់ ដែល​ប្អូនៗ​គិត​ថា​មានវត្តមាន​នៅក្នុង​ការ​ជួបជុំ​ដ៏​តូចនៃ​ស្ត្រីដែលតិចជាង ១០០ នាក់​នោះ នៅ​ថ្ងៃសៅរ៍​ក្នុង​ទីក្រុង​ម៉ូស្គូនោះ ?

ដប់មួយ! ដប់មួយ​​ពូជអំបូរ​នៃ​ពូជអំបូរ​ទាំងដប់ពីរ​នៃ​អ៊ីស្រាអែល បាន​មានវត្តមាន​នៅក្នុង​បន្ទប់មួយនោះ ! ពូជអំបូរតែមួយដែល​អវត្តមាន​គឺ លេវី ។ ខ្ញុំ​មាន​ការភ្ញាក់ផ្អើល​ណាស់ ។ វា​ជា​បទពិសោធន៍​ដ៏​អស្ចារ្យ​ណាស់​ខាង​វិញ្ញាណ​សម្រាប់​ខ្ញុំ ។

បន្ទាប់​ពីការប្រជុំ​ ស្វាមី​របស់​ខ្ញុំ និង​ខ្ញុំ​បាន​ទៅ Yerevan, Armenia ភ្លាម ។ មនុស្ស​ដំបូង​ដែល​យើង​ជួប​នៅពេល​ពួក​យើង​ចុះ​ពី​យន្ដហោះ គឺ​ប្រធាន​បេសកកម្ម និង​ភរិយា​របស់​លោក ។ មិន​ដឹង​ថា​គាត់បាន​ស្ដាប់​ឮ​អំពី​បទពិសោធន៍​នេះ​នៅ​ទីក្រុង​ម៉ូស្គូ​យ៉ាងណា​ទេ គាត់បាន​និយាយ​ដោយ​សំឡេង​ញ័រៗ​ថា « ខ្ញុំ​មានពូជអំបូរលេវី ! »

ស្រមៃ​មើល​ថា​តើ​យើង​រំភើបចិត្ត​យ៉ាង​ណា​នៅពេល​ស្វាមី​ខ្ញុំ និង​ខ្ញុំ​បាន​ជួប​នឹង​ពួក​អ្នក​ផ្សព្វផ្សាយសាសនា​នៅ​ថ្ងៃ​បន្ទាប់ ដែល​មាន​អែលឌើស​ម្នាក់​មកពី​អំបូរ​លេវី ដែល​ទើប​តែ​មក​ពី ហ្គីលប៊ើត អារីហ្សូណា ។

ឥឡូវ កាល​ខ្ញុំ​នៅតូច​ចូលរួម​ក្នុងថ្នាក់​អង្គការ​បឋមសិក្សា​នៅ Raymond, Alberta, Canada ខ្ញុំ​បានដឹងថា នៅ​ថ្ងៃចុងក្រោយ —ពីមុន​ការយាងមក​ជា​លើកទីពីរ​របស់ព្រះអង្គសង្គ្រោះ—នោះពូជអំបូរទាំងដប់ពីរ​នៃ​អ៊ីស្រាអែល នឹង​ត្រូវ​បាន​ប្រមូលផ្ដុំ ។ សេចក្ដីពិត​នោះ​គឺរំភើប​ណាស់ ហើយ​ក្នុងពេល​ដូចគ្នានេះ ក៏​មាន​ភាព​លើសលប់​គ្រប់ក្នុង​គំនិត​របស់​ខ្ញុំ​ដែរ ។ ដូច្នេះ​ចូរ​ស្រមៃ​មើល​ថា​ខ្ញុំ​មានអារម្មណ៍​យ៉ាង​ណា​ដើម្បី​នៅ​ជាមួយ​នឹង​សមាជិក​នៃ​ពូជអំបូរ​ទាំងដប់ពីរ​នៃ​វង្សអ៉ីស្រាអែល​ក្នុង​រយៈពេល ២៤ ម៉ោង​នោះ !

ខ្ញុំ​បាន​រៀន​តាំង​ពី​ពេល​នោះ​មក​ថា ខ្ញុំ​ពុំ​គួរ​នឹង​សួរ​ដល់​បងប្អូន​ស្រីទាំងនោះ​ប្រាប់​ពី​អត្ដសញ្ញាណ​របស់​ពួកគេ​តាម​ខ្សែស្រឡាញ់​នោះទេ ដោយសារ​ពរជ័យ​នៃ​អយ្យកោ​គឺ​ពិសិដ្ឋ ហើយ​ខ្សែស្រឡាយ​ក៏​មានភាព​ពិសិដ្ឋ​ផ្ទាល់ខ្លួន​ផងដែរ ។ ប៉ុន្ដែ ខ្ញុំ​មានអំណរគុណ​ចំពោះ​ឯកសិទ្ធិ​ដែល​ខ្ញុំ​បាន​មើលឃើញ​ផលផ្លែ​នៃ​ការ​ប្រមូលផ្ដុំ​នៃ​វង្សអ៊ីស្រាអែល​ជាលើកដំបូង​ ។ ឥទ្ធិពលនៃ​បទពិសោធន៍​នោះ ពុំ​ដែល​រលប់បាត់​ពី​ដួងចិត្ត និង​គំនិត​ខ្ញុំទេ ។

បងប្អូនប្រុសស្រី​ជាទីស្រឡាញ់របស់ខ្ញុំ ទាំងនេះ​គឺ​ជា​ថ្ងៃ​ចុង​ក្រោយ​ដ៏ពិត ! ពុំ​ធ្លាប់មានពេលណា​មួយដូច​ពេលនេះ​ក្នុងប្រវត្តិសាស្ត្រ​នៃផែនដីនេះ​ទេ ។ ពុំ​ធ្លាប់​សោះ ! កាលពីជីវិត​មុនផែនដី បងប្អូន និងខ្ញុំ​បានតាំងចិត្ត​មក​ធ្វើ​កិច្ចការ​ដ៏​អស្ចារ្យ​មួយ​ខណៈពេល​នៅ​លើ​ផែនដី​នេះ ។ ហើយ​ដោយ​មាន​ជំនួយ​ពី​ព្រះអម្ចាស់ នោះ​យើង​អាច​ធ្វើ​វា​បាន ! នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។

President Nelson: អរគុណ​ វិនឌី ។ បង​ស្រឡាញ់អូន ! តើ​គាត់​អស្ចារ្យ​ទេ ?

ប្អូនៗប្រុសស្រីវ័យក្មេង​របស់​ខ្ញុំ​អើយ នេះ​គឺ​ជា​ថ្ងៃចុង​ក្រោយ ហើយ​ព្រះអម្ចាស់​កំពុង​ពន្លឿន​កិច្ចការ​របស់​ទ្រង់​ដើម្បី​ប្រមូល​ផ្ដុំ​វង្សអ៊ីស្រាអែល ។ ការ​ប្រមូលផ្ដុំ​នោះ គឺ​ជាកិច្ចការ​​ដ៏សំខាន់បំផុត​នៅលើ​ផែនដី​សព្វថ្ងៃនេះ ។ ពុំ​មានអ្វី​ផ្សេងទៀត​អាច​សម្បើមជាង ​សារៈសំខាន់ជា និង​មាន​ឬទ្ធិជាងកិច្ចការ​​នេះ​នោះទេ ។ ហើយ​បើ​ប្អូនៗ​ជ្រើសរើស បើ​ប្អូនៗ​ចង់​ធ្វើ ប្អូនៗអាច​ធ្វើជា​ចំណែក​ដ៏សំខាន់​ក្នុងកិច្ចការនេះ ។ ប្អូនៗ​អាច​មានចំណែក​ដ៏ធំ​នៅក្នុង​កិច្ចការដ៏ធំ ដ៏​មហិមា ដ៏​មហស្ចារ្យ !

នៅពេល​យើង​និយាយអំពី​ការ​ប្រមូលផ្ដុំ យើង​គ្រាន់តែ​និយាយ​អំពី​សេចក្ដីពិត​ជា​មូលដ្ឋាន​គ្រឹះនេះ ៖ គ្រប់បុត្រាបុត្រី​របស់​ព្រះវរបិតាសួគ៌​របស់​យើង នៅទាំង​សងខាង​នៃ​វាំងនន សក្ដិសម​នឹង​ស្ដាប់​ឮ​សារលិខិត​នៃ​ដំណឹងល្អ​ដែលបាន​ស្ដារឡើងវិញ​របស់​ព្រះយេស៊ូវគ្រីស្ទ ។ ពួកគេ​សម្រេច​ចិត្ត​ដោយ​ខ្លួនឯង បើ​ពួកគេ​ចង់​ដឹង​បន្ថែម ។

អស់​អ្នក​ដែល​មកពី​ខ្សែ​ស្រឡាយ​ក្នុង​ពូជ​អំបូរ​ផ្សេងៗ​ក្នុង​វង្ស​អ៊ីស្រាអែល គឺ​ជា​អស់​អ្នក​ដែល​ទំនង​ជា​មាន​ដួងចិត្ត​បង្វែរ​មករក​ព្រះអម្ចាស់​ខ្លាំង​បំផុត ។ ទ្រង់​មាន​បន្ទូល​ថា « ចៀម​ខ្ញុំ​ទាំង​ប៉ុន្មាន​វា​ស្ដាប់​ខ្ញុំ ហើយ​មក​តាម​ខ្ញុំ ខ្ញុំ​ក៏​ស្គាល់​វា​ដែរ » ។ អស់​អ្នកដែល​ជា​វង្ស​នៃ​អ៊ីស្រាអែល​នឹង​ងាយ​ទទួល​ស្គាល់​ព្រះអម្ចាស់​ព្រះយេស៊ូវគ្រីស្ទ​ជា​ព្រះអង្គសង្គ្រោះ​របស់​ពួកគេ ហើយ​នឹង​​មាន​បំណង​ប្រាថ្នា​ដើម្បី​ប្រមូល​ផ្ដុំ​មក​ក្នុង​​ក្រោលនៃ​ទ្រង់ ។ ពួកគេ​នឹង​ចង់​ក្លាយជា​សមាជិក​នៃ​សាសនាចក្រ​របស់​ទ្រង់ ធ្វើ​សេចក្ដីសញ្ញា​ជាមួយទ្រង់ និងព្រះវរបិតាសួគ៌ ហើយទទួល​ពិធីបរិសុទ្ធ​ដ៏សំខាន់​របស់ពួកគេ ។

ព្រះអម្ចាស់​មានបន្ទូលប្រាប់​ព្យាការី យ៉ូសែប ស៊្មីធ​ថា ឥឡូវ មានន័យ​ថា​ជំនាន់​របស់​យើង គឺត្រូវ​ជា​ម៉ោង​ទី ១១ ហើយ ហើយជា​ពេល​ក្រោយបង្អស់ ដែល​យើង​នឹង​ហៅ​ពួក​អ្នក​ធ្វើ​ការ​ឲ្យ​ចូល​ក្នុង​ចម្ការ​ទំពាំង​បាយជូរ​របស់​យើង ហើយ​ទើប​យើង​ប្រមូល​ពួក​ដែល​យើង​រើសតាំង​ពី​ទិសទាំង​បួន​នៃ​ផែនដី ។

សំណួរ​របស់​ខ្ញុំ​នា​យប់​នេះ​ដល់​ប្អូនៗ​ទាំងអស់​គ្នា​ដែល​មាន​វ័យ​ចន្លោះ ១២ ឆ្នាំ ដល់ ១៨ ឆ្នាំ ថា ៖ តើ​ប្អូនៗ​ចង់​ចូលរួមចំណែក​ដ៏ធំ​មួយ​នៅក្នុង​ឧបសគ្គ​ដ៏​ធំបំផុត បុព្វហេតុដ៏ធំបំផុត និង​កិច្ចការ​ដ៏​ធំបំផុត​នៅលើ​ផែនដី​សព្វថ្ងៃនេះ​ឬទេ ?

តើ​ប្អូនៗ​ចង់​ជួយ​ប្រមូល​វង្សអ៊ីស្រាអែល អំឡុង​ថ្ងៃចុង​ក្រោយ​ដ៏​មានតម្លៃ​នេះឬទេ ? តើ​ប្អូនៗ ដែលជា​ពួករើសតាំង នឹង​យល់ព្រមជួយ​ស្វែងរក​ពួក​រើសតាំង​ដែល​ពុំ​ទាន់បាន​ស្ដាប់​ឮ​សារលិខិត​នៃដំណឹងល្អ​ដែល​បាន​ស្ដារ​ឡើងវិញ​ឬទេ ? តើ​ប្អូនៗ​ចង់​នៅ​ក្នុង​ចំណោម « ពួក​បម្រើ​យ៉ាង​លឿន » ដែល​ព្យាការី​អេសាយ​បាន​ថ្លែង​ដែរ​ឬ​ទេ ?

ឥឡូវ ការ​ចូលរួម​នៅក្នុង​ការប្រមូល​ផ្ដុំ​នៃ​វង្ស​អ៊ីស្រាអែល​នឹង​តម្រូវ​ឲ្យ​មាន​ការ​លះបង់​ខ្លះៗ​ពី​ប្អូនៗ ។ វា​អាច​នឹង​តម្រូវ​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ​ខ្លះៗ​នៅក្នុង​ជីវិត​ប្អូនៗ ។ វា​ច្បាស់​ជា​យក​ពេលវេលា និង​ថាមពល និង​ទេពកោសល្យ​ដែល​ព្រះ​បាន​ប្រទាន​ដល់​ប្អូនៗ​ខ្លះៗ​ហើយ ។ ប្អូន​ចាប់​អារម្មណ៍​ទេ ?

គ្រាន់តែ​គិតអំពី​ការ​រំភើបចិត្ត និង​ភាព​បន្ទាន់​ថា ៖ គ្រប់ព្យាការី​ទាំងអស់​ចាប់​តាំង​ពី​អ័ដាម​មក បាន​មើលឃើញ​ជំនាន់​របស់​យើង ។ ហើយ​ព្យាការី​គ្រប់​រូប​បាន​និយាយ​អំពី​ជំនាន់របស់​យើង​នៅពេល​ដែល​អ៊ីស្រាអែល​នឹង​ត្រូវ​បាន​ប្រមូល​ផ្ដុំ ហើយ​ពិភព​លោក​នឹង​រៀបចំ​ខ្លួន​សម្រាប់​ការ​យាងមក​ជា​លើក​ទី​ពីរ​របស់​ព្រះអង្គសង្គ្រោះ ។ ចូរគិត​ពី​ចំណុច​នេះ ! ក្នុង​ចំណោម​មនុស្ស​ទាំងអស់​ដែល​ធ្លាប់​រស់នៅ​លើ​ផែនដីនេះ ពួក​យើង​គឺ​ជា​មនុស្ស​ដែល​​បាន​ចូលរួម​នៅក្នុង​ព្រឹត្តការណ៍​នៃ​ការ​ប្រមូល​ផ្ដុំ​ដ៏​អស្ចារ្យ​ចុង​ក្រោយនេះ ។ ឱ​នោះ​ជា​រឿង​រំភើប​ណាស់ !

ព្រះវរបិតា​សួគ៌របស់​យើង​បាន​រក្សា​ទុក​វិញ្ញាណ​ដ៏​អស្ចារ្យៗ​បំផុតជាច្រើន​—ប្រហែលជា​ខ្ញុំ​អាច​និយាយ​ថា​ជា​ក្រុម​ដ៏​ល្អបំផុត​របស់​ទ្រង់—សម្រាប់​ដំណាក់កាល​ចុង​ក្រោយ​នេះ ។ ពួក​វិញ្ញាណ​ដ៏​អស្ចារ្យៗ ជា​វិរៈបុរស​ទាំងនោះ—អ្នក​ដែល​សំខាន់​បំផុត​ទាំងនោះ—គឺ​ជា​ប្អូនៗ !

ខ្ញុំ​ថ្លែង​ទីបន្ទាល់​ថាការ​ប្រមូលផ្ដុំ​នោះ គឺជា​ពេល​ឥឡូវនេះ ហើយ​វា​គឺជា​ការ​ពិត ។ នៅ​ឆ្នាំ​ដែល​ខ្ញុំកើត​មក សមាជិក​ភាព​នៃ​សាសនាចក្រ​មាន​សរុប​តិចជាង ៦០០,០០០ នាក់ ហើយ​ពុំ​មាន​សមាជិក​នៅក្នុង​អាមេរិក​ខាង​ត្បូង​ទេ ។ សព្វថ្ងៃនេះ មាន​សមាជិក​ច្រើនជាង ១៦ លាននាក់​នៅទូទាំងពិភពលោក ដែល​មាន​សមាជិក​ជិត ៣ លាននាក់​នៅក្នុង​អាមេរិក​ខាង​ត្បូង ។

ខ្ញុំ​សូម​ប្រាប់​បងប្អូន​អំពី​បទពិសោធន៍​មួយ​ដែល​ខ្ញុំ​មាន​នៅ​ឆ្នាំ ១៩៧៩ ។ ខ្ញុំ​បម្រើ​ជា​ប្រធាន​សាលា​ថ្ងៃ​អាទិត្យ​ទូទៅ ។ ខ្ញុំ​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ចូលរួម​ការ​ប្រជុំ​មួយ​របស់​ថ្នាក់ដឹកនាំ​សាសនាចក្រ​ ដែល​ប្រធាន​នៃ​សាសនាចក្រ គឺជា​ប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល ឡើងនិយាយ ។ លោក​បាន​សុំ​ឲ្យ​យើង​អធិស្ឋាន​សុំ​ឲ្យ​ច្រកទ្វារ​នៃ​ជាតិសាសន៍ទាំងឡាយ​នឹង​បើកឡើង​ដើម្បី​ឲ្យ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ​អាច​ត្រូវបាន​នាំ​ទៅកាន់​មនុស្ស​ទាំងអស់​នៅលើ​ផែនដី ។ លោក​បាន​ប្រាប់ជាពិសេស​អំពី​ប្រទេស​ចិន ហើយ​បាន​សុំ​ឲ្យ​យើង​អធិស្ឋាន​​ឲ្យប្រជាជន​ចិន ។ លោក​ក៏​បាន​មានប្រសាសន៍​ថា « យើង​គួរតែ​បម្រើ​ដល់​ប្រជាជន​ចិន ។ យើង​គួរតែ​រៀន​ភាសា​របស់​ពួកគេ ។ យើង​គួរតែ​អធិស្ឋាន​ឲ្យ​ពួកគេ ហើយ​ជួយ​ពួកគេ › » ។

ខ្ញុំ​បាន​ត្រឡប់​ទៅផ្ទះ​វិញ​ជា​មួយភរិយា​របស់​ខ្ញុំ ដាន់ស្សែល ( ដែលបាន​ទទួលមរណភាព​ទៅ​ជាង ១៣ ឆ្នាំកន្លងទៅ ) រួច​បាន​និយាយ​ទៅ​នាង​ថា « ប្រធាន​ឃឹមបឹល សុំ​ឲ្យ​យើង​នៅ​ក្នុង​ការ​ប្រជុំ​នោះ​រៀន​ភាសាចិន ! ហើយ​ខ្ញុំ​ពុំ​បាន​ស្ដាប់​ឮ​លោកប្រាប់​ថា ‹ មនុស្ស​គ្រប់​គ្នា​ត្រូវ​រៀន លើក​លែង​តែ​ប្អូនប្រុស​ណិលសុន​នោះទេ ! › ដូច្នេះ តើ​អូន​ព្រមរៀន​ភាសាចិនកុកងឺ​ជាមួយ​បងទេ ? » ប្រាកដណាស់ គាត់​យល់ព្រម ហើយ​យើង​មាន​គ្រូបង្រៀន​ចិន​កុកងឺ​នៅផ្ទះ ។

រយៈពេល​ប្រាំ​មួយ​សប្ដាហ៍ បន្ទាប់​ពី​ប្រធាន​ឃឹមបឹលថ្លែង ​ខ្ញុំ​បាន​ចូលរួម​ការប្រជុំជាប្រចាំឆ្នាំ​នៅក្នុង​សហគមន៍​អាមេរិកកាំង​សម្រាប់​ការវះកាត់ត្រង់​ផ្នែក​ប្រអប់ទ្រូង ។ វា​ធ្វើ​ឡើង​នៅ​ក្នុង​ទីក្រុង បូស្ដុន រដ្ឋ ម៉ាស្សាឈុសសិត ។ នៅព្រឹកនោះ ខ្ញុំ​បាន​អធិស្ឋាន​នៅក្នុង​បន្ទប់​សណ្ឋាគារ​ខ្ញុំ​សម្រាប់​ប្រជាជនចិន ដូច​ដែល​ប្រធាន ឃឹមបឹល​បាន​ស្នើសុំ ។ ខ្ញុំ​បាន​ចេញ​ទៅ​ចូលរួម​ការប្រជុំ​ទីមួយ​ក្នុង​ថ្ងៃ​នោះ ហើយ​ខ្ញុំ​តែងតែ​អង្គុយ​ក្នុង​ការ​ប្រជុំ​វិជ្ជាជីវៈ​ទាំងនេះ—នៅ​ជួរ​មុខគេ​ក្នុងបន្ទប់ ។ នៅពេល​ការ​ប្រជុំ​ចាប់​ផ្ដើម ទោះជា​យ៉ាងណា ខ្ញុំ​បាន​មាន​អារម្មណ៍​ពុំ​សុខស្រួល​ខ្លាំងឡើងៗ​នៅត្រង់កន្លែង​កៅអី​របស់ខ្ញុំ ។ ​នៅពេល​ភ្លើង​បានបន្ថយ​ពន្លឺ​ដើម្បី​បញ្ចាំង​ស្លាយ ខ្ញុំ​បាន​ក្រោក​ដើរ​ចេញ​ពីកៅអី​របស់ខ្ញុំដោយ​ស្ងាត់ៗ​ទៅ​អង្គុយនៅកៅអី​​ខាង​ក្រោយ—ដែលជាធម្មតា ខ្ញុំ​ពុំ​ដែលអង្គុយទេ ។ នៅពេល​បើកភ្លើង​ឡើងវិញ ខ្ញុំ​បាន​ឃើញ​ថា ខ្ញុំ​ទៅអង្គុយ​ជិត​នឹង​វេជ្ជបណ្ឌិត​ចិន​ម្នាក់ ។ គាត់បាន​ណែនាំ​ខ្លួន​ប្រាប់ថា​គាត់ជា​សាស្ត្រាចារ្យ វ៉ូ យីង ខៃ មកពី​ទីក្រុងបេកាំង ប្រទសចិន !

បន្ទាប់ពី​ការសន្ទនា​ដ៏រីករាយជាមួយ​លោក ខ្ញុំ​បាន​សូម​អញ្ជើញ​លោក​ឲ្យ​មក​លេង​ទីក្រុង​សលត៍ លេក ហើយ​ថ្លែង​សុន្ទរកថា​នៅសាកលវិទ្យាល័យ​នៃ​សាលាពេទ្យរដ្ឋយូថាហ៍ ។ លោកបាន​ទទួល​យក​ដោយ​រីករាយ ហើយ​បានធ្វើ​កិច្ចការ​យ៉ាង​ល្អ​អស្ចារ្យ ។ បន្ទាប់ម​ក​គាត់ត្រឡប់​ទៅ​ប្រទេស​ចិន​វិញ ។

​ពុំ​យូរប៉ុន្មានបន្ទាប់មក​ លោក​បាន​អញ្ជើញ​ខ្ញុំ​ឲ្យ​ទៅលេង​​ក្នុង​នាមជា​​​សាស្ត្រាចារ្យ​ផ្នែកវះកាត់​ទៅ​ទស្សនានៅ​សាកលវិទ្យាល័យ សានដុង នៅទីក្រុង ជីនណាន ប្រទេសចិន ។ រឿង​នេះ​បាន​នាំ​ឲ្យ​មាន​ការ​អញ្ជើញជាបន្ដបន្ទាប់​ដល់​ខ្ញុំ​ឲ្យ​បម្រើ​ជា​សាស្ត្រាចារ្យ​ទៅ​ទស្សនា​នៅសាកលវិទ្យាល័យ​ពីរ​បន្ថែមទៀត​នៅក្នុង​ប្រទេសចិន ។

បទពិសោធន៍​ខាងវិជ្ជាជីវៈ​ដ៏អស្ចារ្យ​ទាំងនេះ—ពីមុន​ខ្ញុំត្រូវ​បានហៅ​ជា​សាវក—​គឺ​អស្ចារ្យបំផុត​នៅពេល​ខ្ញុំ​ត្រូវបាន​សុំ​ដោយ​គ្រូពេទ្យវះកាត់ជនជាតិចិន​ឲ្យ​ធ្វើការ​វះកាត់​បេះដូង​ដើម្បី​សង្គ្រោះជីវិត​របស់​តារា​សម្ដែង​អូប៉េរ៉ា​ដ៏​ល្អឈ្មោះបំផុត​របស់​ពួកគេ ។ នៅ​ទីនោះ​ខ្ញុំ​បាន​ធ្វើ​ការវះកាត់ ហើយ​មានអំណរគុណ​ដែល​ការវះកាត់​ធ្វើ​ឡើង​ដោយជោគជ័យ ។ ជាគាប់ជួន នោះគឺ​ជា​ការវះកាត់ចុង​ក្រោយ​គេ​ក្នុង​ជីវិត​វិជ្ជាជីវៈ​របស់ខ្ញុំ ។

អស់រយៈពេលជិត ៤០ ឆ្នាំ​ហើយ​មក​ដល់ឥឡូវនេះ ខ្ញុំ​បានអធិស្ឋាន​សម្រាប់​ប្រជាជន​ចិន ។ ខ្ញុំ​រីករាយ​នៅក្នុងការ​ទំនាក់ទំនង​ជាមួយ​នឹង​សហការី​វេជ្ជសាស្ត្រ និង​មិត្ត​ជា​ទី​ស្រឡាញ់​ផ្សេងៗទៀត​នៅ​ក្នុង​ប្រទេសចិន ។ នោះជា​អំណរមួយ​ចំពោះខ្ញុំ​ ដែល​ត្រូវ​បាន​ទទួល​ចាត់តាំង​ជា​ផ្លូវការ​ថាជា « មិត្តចាស់​របស់​ប្រទេសចិន » ។

វាជា​ទីបន្ទាល់​របស់​ខ្ញុំ​ថា នៅពេល​យើង​ធ្វើតាម​អ្វី​ក៏​ដោយ​ដែលព្យាការី​របស់ព្រះ​បាន​សុំ​ឲ្យ​យើង​ធ្វើ នោះ​ផ្លូវ​នឹង​បើកឡើង ហើយជីវិត​ជា​ច្រើន​នឹង​មានការផ្លាស់ប្ដូរ ។

ឥឡូវ ខ្ញុំ​សង្ឃឹម​ថា​ប្អូនៗ​កំពុង​សួរ​ខ្លួន​ឯង​ថា « ក្នុងនាមជា​យុវវ័យ តើខ្ញុំអាច​ធ្វើអ្វីខ្លះ​ដើម្បី​ជួយប្រមូល​ផ្ដុំ​វង្សអ៊ីស្រាអែល ? » មែនហើយ ស៊ិស្ទើរ ណិលសុន និង​ខ្ញុំ​សួរ​សំណួរដូច​នោះ និង​សំណួរ​មួយចំនួនទៀត ទៅកាន់​ក្រុមយុវវ័យ​ចាប់ពី​អាយុ ១២ ឆ្នាំ ដល់ ១៨ ឆ្នាំ ជាច្រើន​ដែល​នៅ​ទី​នេះ​នា​យប់​នេះ ។

ទីមួយ​ពួក​យើង​បាន​សួរ​ថា « តើ​ការប្រមូល​ផ្ដុំ​នៃ​វង្ស​អ៊ីស្រាអែល គឺជា​អ្វី ? ហើយ​តើ​វា​មានន័យយ៉ាង​ណា​ចំពោះ​ប្អូនៗ ? ចម្លើយ​របស់​ពួកគេ​មាន​ផ្សេងៗ​គ្នា ប៉ុន្តែ​បាន​ចង្អុលបង្ហាញជា​ចម្បង​ថា ពួកគេពុំ​ប្រាកដ​ថា​វាជា​អ្វី​នោះទេ ។ នា​យប់នេះ ពួក​យើង​ចង់​ឲ្យ​ប្អូនៗ​ស្គាល់ថា ការប្រមូល​ផ្ដុំ​នៃ​វង្ស​អ៊ីស្រាអែល មានន័យថា ការផ្ដល់​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ​ទៅ​ឲ្យ​បុត្រាបុត្រី​របស់ព្រះ​នៅទាំងសង្ខាង​នៃ​វាំងនន ដែល​ពុំទាន់​បាន​ធ្វើ​សេចក្ដីសញ្ញា​សំខាន់ជាមួយ​ព្រះ ឬ​ពុំបានទទួល​ពិធីបរិសុទ្ធ​ចាំបាច់​របស់​ពួកគេ ។

បុត្រគ្រប់រូប​របស់​ព្រះវរបិតាសួគ៌ សក្ដិសម​នឹង​ទទួលបាន​ឱកាស​ដើម្បីជ្រើសរើស​ធ្វើតាម​ព្រះយេស៊ូវគ្រីស្ទ ដើម្បី​ទទួលយក ហើយទទួល​ដំណឹងល្អ​របស់ទ្រង់​ព្រមជាមួយនឹង​ពរជ័យទាំងឡាយ—មែនហើយ គ្រប់ពរជ័យ​ដែល​ព្រះបាន​សន្យាដល់​ខ្សែស្រឡាយ​នៃ​អ័ប្រាហាំ អ៊ីសាក និងយ៉ាកុប ដែលប្អូនៗ​បាន​ស្គាល់ថា​ជា​អ៊ីស្រាអែល​នោះ ។

យុវវ័យ​ដ៏អស្ចារ្យជាទីស្រឡាញ់​របស់ខ្ញុំអើយ—ប្អូនៗ​ត្រូវបាន​បញ្ជូន​មក​កាន់​ផែនដី​នៅគ្រា​ដ៏ជាក់នេះ គ្រា​ដ៏សំខាន់​ក្នុងប្រវត្តិសាស្ត្រ​នៃ​ពិភពលោក ដើម្បី​ជួយ​ប្រមូល​វង្សអ៊ីស្រាអែល ! គ្មានអ្វី​កើតឡើងនៅលើ​ផែនដីនេះ​ក្នុងពេលនេះ ដែល​សំខាន់​ជាង​កិច្ចនេះទេ ។ គ្មានអ្វី​ដែល​សារៈសំខាន់​ខ្លាំង​ជាង​នោះទេ ។ គ្មានទាល់តែសោះ ។

ការ​ប្រមូល​ផ្ដុំ​នេះ គួរ​តែ​មានអត្ថន័យ​ទាំង​ស្រុង​ចំពោះ​ប្អូនៗ ។ នេះគឺជា​បេសកកម្ម​ដែល​ប្អូនៗ​ត្រូវ​បាន​បញ្ជូន​មក​ផែនដី ។

ដូច្នេះ ​សំណួរ​របស់​ខ្ញុំ​ចំពោះ​ប្អូនគឺថា « តើ​ប្អូនៗ​យល់ព្រម​ចូល​បម្រើ​ក្នុង​កងទ័ព​យុវវ័យ​របស់​ព្រះអម្ចាស់​ដើម្បី​ជួយ​ប្រមូលវង្សអ៊ីស្រាអែល​ឬទេ ? » សូម​គិត​អំពី​រឿងនេះ ។ កុំ​ទាន់ឆ្លើយ​វា​ឡើយ ។

ចូរ​ត្រឡប់​ទៅ​សំណួរ​ផ្សេង​ទៀត​ដែល​ ស៊ិស្ទើរ ណិលសុន និង​ខ្ញុំ​បាន​សួរ​ដល់​មិត្ត​វ័យ​ក្មេង​របស់​យើង ។ ពួក​យើង​សួរ​ថា « បើ​ព្យាការី​អញ្ជើញ​គ្រប់មនុស្ស​អាយុ ១២ ឆ្នាំ ដល់ ១៨ ឆ្នាំ​នៅក្នុង​សាសនាចក្រ​ឲ្យ​ចូលជួយ​ប្រមូល​វង្សអ៊ីស្រាអែល តើ​ប្អូនៗ​នឹង​យល់ព្រម​ធ្វើ​តាមឬទេ ? »

យុវវ័យ​បាន​ឆ្លើយតប​ដោយ​​មតិបំផុសគំនិត​ដូច្នេះ​ថា « បើព្យាការី​បានអញ្ជើញ​ពួក​យើង​ឲ្យ​ចូល​ទៅជួយ​ប្រមូល​វង្សអ៊ីស្រាអែល នោះខ្ញុំ​នឹង​ចូលរួម​ទាំង​ស្រុង​នៅក្នុងកិច្ចការនោះ » ។ ជា​ពាក្យ​ម្យ៉ាងទៀត​ថា « ខ្ញុំ​នឹង​បោះចោល​អ្វីៗ​ដែល​ខ្ញុំ​កំពុងធ្វើ ហើយទៅជួយ ! » មួយ​ទៀត​ថា ៖ « ខ្ញុំ​នឹង​ធ្វើ ហើយធ្វើនូវអ្វីៗ​ដែល​លោក​សុំ​ឲ្យ​ខ្ញុំ​ទៅ​ធ្វើ ដោយសារ​ព្យាការី​គឺជា​អ្នកផ្សាយ​មក​ពី​ព្រះ » ។

ចម្លើយ​របស់​ពួកគេ​រួមមាន ៖ « ខ្ញុំ​នឹង​ចង់​ធ្វើ​កិច្ចការ​ពង្សប្រវត្តិ​កាន់តែ​ច្រើន ។ ខ្ញុំ​នឹង​បើក​ចិត្ត ហើយ​ធ្វើ​ការ​ខិតខំ​កាន់តែ​ខ្លាំង​ដើម្បី​និយាយ​នឹង​អ្នកដទៃ​អំពី​ដំណឹងល្អ ។ ខ្ញុំ​នឹង​ធ្វើ​ជា​គំរូ​ល្អ​នៅក្នុង​ការ​បង្ហាញ​ចរិតលក្ខណៈ​ដូចព្រះគ្រីស្ទ ។ ខ្ញុំនឹង​ធ្វើ​បុណ្យជ្រមុជទឹក​សម្រាប់​មរណជន​ឲ្យកាន់តែច្រើន ផ្លាស់ប្ដូរ​ការគិត​អំពី​របៀប​រស់នៅ​ក្នុងជីវិតខ្ញុំ និងជម្រើស​ដែលខ្ញុំ​ធ្វើ ធ្វើដំណើរ​ទៅគ្រប់ទីកន្លែង​ដែល​លោក​ត្រូវការ​ឲ្យខ្ញុំ​ទៅ រៀន​ភាសា​ថ្មី ជួប​មនុស្ស​មុខថ្មីៗ ឲ្យ​ព្រះគម្ពីរមរមន​របស់ខ្ញុំ​ទៅ​អស់អ្នក​ដែល​ពុំ​ដែល​ធ្លាប់អានខ្ចី ។ ហើយ​ខ្ញុំ​នឹង​ធ្វើជា​មនុស្ស​ចិត្ត​ល្អ​បំផុត​តាមដែល​ខ្ញុំអាច​ធ្វើទៅបាន » ។

ពួកយើង​ក៏​បាន​សួរ​ដល់​យុវវ័យទាំងនេះ​ថា​តើ​ពួកគេ​នឹង​មានឆន្ទៈ​លះបង់​អ្វីខ្លះ ដើម្បី​ពួកគេ​អាច​ជួយ​ប្រមូលវង្សអ៊ីស្រាអែល ។ ជា​ថ្មី​ម្ដងទៀត យុវវ័យធ្វើ​ឲ្យ​យើង​រីករាយយ៉ាង​ខ្លាំង ។ ពួកគេ​បាន​តបថា ៖ « ខ្ញុំ​នឹង​ចំណាយពេល​កាន់តែ​តិច​នៅក្នុងកីឡា ដើម្បី​ខ្ញុំអាចជួយ​មនុស្សម្នាក់​​​ដែល​ត្រូវការ​សេចក្ដីពិត ។ ខ្ញុំ​នឹង​លះបង់​ពេលទៅ​ដើរលេង​នឹង​មិត្តភក្ដិ ហើយ​អញ្ជើញ​ពួកគេ​ឲ្យមក​ព្រះវិហារបរិសុទ្ធ​វិញ ។ ខ្ញុំ​នឹង​ឈប់ចំណាយពេល​ទៅលើ​ទូរសព្ទ ។ ខ្ញុំ​នឹង​បោះបង់​ពេល​​អូស​​មើលព័ត៌មាន​​លើ​អេក្រង់ទូរសព្ទ ។ ខ្ញុំ​នឹង [ថែមទាំង] ​យល់ព្រម​លះបង់ពេលដេកថ្ងៃ​នៅថ្ងៃអាទិត្យ​របស់ខ្ញុំ ។

ពួកយើងបានសួរ​ថា « បើ​ប្អូនៗ​ចង់​ចូល​ជួយ​ប្រមូល​វង្សអ៊ីស្រាអែល តើ​ប្អូនៗ​ចង់​ចាប់ផ្ដើម ឬ​ចង់​ឈប់​ធ្វើ​អ្វីខ្លះ ? » ពួកគេ​បាន​ឆ្លើយ​ដោយចម្លើយដូច្នេះ « ខ្ញុំ​នឹង​សិក្សាគម្ពីរ​កាន់តែ​ច្រើន និង​ដោយមានចេតនាកាន់តែ​ខ្លាំង ដើម្បី​ខ្ញុំ​អាច​ឆ្លើយ​សំណួរ​មនុស្ស​ដែល​នឹង​សួរ​មកខ្ញុំ ។ ខ្ញុំ​នឹង​ចំណាយពេល​តិច​មើល​ប្រព័ន្ធផ្សព្វផ្សាយសង្គម កាន់តែ​ចូលរួម​ក្នុងកិច្ចការ​សាមញ្ញៗ​នៃ​កិច្ចការ​ផ្សាយសាសនា​របស់សមាជិក រួមទាំង​ការធ្វើការ​បម្រើ​ជាប្រចាំ ។ ខ្ញុំ​នឹង​ចំណាយពេល​តិច​មើលទូរសព្ទ ហើយ​នៅពេល​ខ្ញុំ​ប្រើ​ទូរសព្ទ ខ្ញុំ​បង្ហោះ​ខគម្ពីរ ឬ​សារលិខិត​ខាងវិញ្ញាណ​ដទៃទៀត​នៅលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ។ ខ្ញុំ​នឹង​សិក្សា​សុន្ទរកថា​សន្និសីទ​ទូទៅ​ដោយសារ​វា​សំខាន់ខ្លាំង ។ ខ្ញុំ​នឹង​បរិភោគអាហារ​ដែលមានសុខភាព​ល្អ​ដើម្បី​ខ្ញុំ​អាច​មានសុខភាព​រឹងមាំ ។ ខ្ញុំ​នឹង​ឈប់​គិត​អ្វីៗ​តែ​ពី​ខ្លួន​ឯងទៀត​ហើយ » ។ បង​ប្អូន​ប្រុស​ស្រី សូម​អរគុណ​ចំពោះ​ចម្លើយ​ចំពោះ​សំណួរ​របស់​ពួកយើង ។

ចូរ​គិត​ពី​រឿង​នេះ បង​ប្អូន​ប្រុស​ស្រី​ជាទីស្រឡាញ់​របស់​ខ្ញុំ ឥឡូវ​ខ្ញុំកំពុង​​រៀបចំ​សម្រាប់​ថ្ងៃ​ដែល​​ខ្ញុំ​នឹង​តម្រូវ​ឲ្យ​រាយការណ៍​ទៅ​ព្យាការី យ៉ូសែប ស៊្មីធ ប្រធាន ព្រិកហាំ យ៉ង់ និង​អ្នកដទៃទៀត—និងទីបំផុត​ចំពោះព្រះ—អំពី​កិច្ចការ​របស់ខ្ញុំ​ក្នុងនាមជា​ព្យាការី​របស់ព្រះ​នៅ​លើ​ផែនដី​សព្វថ្ងៃនេះ ។ ខ្ញុំ​មិនចង់​ត្រូវ​ពួកគាត់​សួរ​ថា « ប្អូនប្រុស ណិលសុន ហេតុអ្វី​ក៏​ប្អូនពុំ​និយាយ​ឲ្យ​កាន់តែច្បាស់ជាមួយ​នឹង​យុវវ័យ​អំពី​ចំណែក​របស់ពួកគេ​នៅក្នុង​ការ​ប្រមូលវង្សអ៊ីស្រាអែល​ដូច្នេះ ? ហេតុអ្វី​ក៏​ប្អូន​មិន​និយាយ​ឲ្យ​ចំៗអំពី​ការចូលរួម​បម្រើ​របស់ពួកគេ ?

ដូច្នេះ ឥឡូវនេះ ខ្ញុំកំពុងអញ្ជើញ​យុវនារី និង​យុវជន​គ្រប់រូប​នៅ​ចន្លោះ​វ័យ ១២ ឆ្នាំ និង ១៨ ឆ្នាំ​ នៅក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​ឲ្យ​ចូលបម្រើ​ក្នុង​កងទ័ពយុវវ័យ​របស់ព្រះអម្ចាស់​ដើម្បី​ជួយប្រមូល​វង្សអ៊ីស្រាអែល ។

តើ​អ្វីនឹង​ជួយ​ប្អូន ? នៅពេល​ប្អូនៗ​បន្ដ​អាន​ព្រះគម្ពីរមរមន​ប្រចាំ​ថ្ងៃ ប្អូនៗ​នឹង​រៀន​គោលលទ្ធិ​នៃការប្រមូលផ្ដុំសេចក្ដីពិត​អំពីព្រះយេស៊ូវ​គ្រីស្ទ ដង្វាយធួនរ​បស់​ទ្រង់ និងភាព​ពេញលេញ​នៃ​ដំណឹងល្អ​របស់​ទ្រង់ ដែល​រក​ពុំ​មាន​នៅក្នុង​ព្រះគម្ពីរ​បរិសុទ្ធ ។ ព្រះគម្ពីរ​មរមន​គឺ​ជា​ចំនុច​សំខាន់​ដើម្បី​ប្រមូល​ផ្ដុំ​វង្សអ៉ីស្រាអែល ។ តាមពិត បើគ្មាន​ព្រះគម្ពីរមរមន​ទេ នោះ​ការ​ប្រមូល​ផ្ដុំ​នៃ​វង្សអ៉ីស្រាអែល​ដែលបាន​សន្យា​ទុក​ក៏​មិន​កើត​មាន​ឡើង​ដែរ ។

ហើយ​ឥឡូវ ខ្ញុំ​សូមអញ្ជើញ​ប្អូនៗ​ឲ្យ​រៀបចំ​ខ្លួន​ដើម្បីធ្វើ​រឿង​ប្រាំ​យ៉ាងទៀត—ជា​រឿង​ប្រាំយ៉ាង​ដែល​នឹង​ផ្លាស់ប្ដូរ​ប្អូនៗ ហើយជួយ​ប្អូនៗ​ផ្លាស់ប្ដូរ​ពិភពលោក ៖

ទីមួយ ខ្ញុំ​អញ្ជើញ​ឲ្យ​ប្អូនៗ​ដក​ខ្លួ​ន​ពី​ការ​ពឹងផ្អែក​​ទៅលើ​ប្រព័ន្ធផ្សព្វផ្សាយ​សង្គម​យ៉ាង​ខ្ជាប់​ខ្ជួន​ចេញ ដើម្បី​កាត់បន្ថយ​ឥទ្ធិពល​ខាង​លោកិយ​របស់​វា​មក​លើ​ប្អូនៗ ។

ខ្ញុំ​សូមប្រាប់​ប្អូនៗ​អំពី​​​យុវជន​ម្នាក់​ដែល​មានវ័យ​ស្របាល​ប្អូនៗ ដែលជា​ចៅ​ប្រុស​មិត្ត​របស់​ខ្ញុំ ។ គាត់មាន​ប្រជាប្រិយភាព​ជាមួយ​មិត្តរបស់គាត់ ហើយជា​អ្នកដឹកនាំ​នៅក្នុង​វិទ្យាល័យ​របស់​គាត់ ។ ថ្មីៗ​នេះ ឪពុក​ម្ដាយ​របស់​គាត់​បាន​រកឃើញ​មាន​អ្វីជាច្រើន​នៅក្នុង​ទូរសព្ទដៃ​របស់គាត់​ដែល​ពុំ​សមរម្យ​សម្រាប់​អ្នកដើរតាម​ព្រះយេស៊ូវគ្រីស្ទ​មាន ។ ពួកគាត់​បាន​ទទូច​ឲ្យ​កូនប្រុស​ដក​ខ្លួន​ចេញ​ពី​ប្រព័ន្ធផ្សព្វផ្សាយ​មួយរយៈ ។ ពួកគាត់​បាន​ប្ដូរ​ទូរសព្ទដៃ​របស់គាត់​មក​ជា​ទូរសព្ទដៃបត់វិញ ហើយគាត់ភ័យ​ជា​ខ្លាំង ។ តើ​គាត់នឹង​ទំនាក់ទំនង​នឹង​មិត្ត​របស់គាត់​យ៉ាង​ដូចម្ដេច ?

ពី​ដំបូង គាត់​ខឹង​យ៉ាង​ខ្លាំង​នឹង​ឪពុកម្ដាយ​របស់គាត់ ប៉ុន្តែ​បន្ទាប់​ពីពីរបី​ថ្ងៃ​មក គាត់​បាន​អរគុណ​ពួកគាត់​ចំពោះ​ការ​ដក​ទូរសព្ទ​ដៃ​របស់គាត់ចេញ ។ គាត់​និយាយ​ថា « ខ្ញុំ​មានអារម្មណ៍​ថា​មានសេរីភាព​ជា​លើក​ទីមួយ​ក្នុង​រយៈពេល​ជាយូរ​មក​នេះ » ។ ឥឡូវ គាត់​ទូរសព្ទ​ទៅមិត្ត​របស់​គាត់​តាម​ទូរសព្ទ​បត់​របស់គាត់ ដើម្បីទំនាក់ទំនង​នឹង​ពួកគេ ។ តាម​ពិត​គាត់​និយាយ​នឹង​ពួកគេ ជំនួស​ឲ្យ​ការ​ផ្ញើរ​សារ​ជានិច្ច​នោះ​វិញ !

តើ​មាន​អ្វីផ្សេងទៀត​ដែល​បាន​ផ្លាស់ប្ដូរ​នៅក្នុង​ជីវិត​យុវជន​រូបនេះ ? គាត់បាននិយាយ​ថា ឥឡូវ​គាត់​ចូលចិត្ត​សេរីភាព​ពី​ជីវិត​ក្លែងក្លាយ​ដែល​ប្រព័ន្ធផ្សព្វផ្សាយសង្គម​បាន​បង្កើត​ឲ្យ ។ គាត់​បាន​ចូលរួម​ក្នុង​ជីវិត​យ៉ាងសកម្មវិញ​ ជំនួសឲ្យ​​ការ​ផ្ដោត​តែ​ទៅលើ​ទូរសព្ទ​របស់គាត់​គ្រប់ពេល ។ គាត់​បាន​ចូលរួម​នៅក្នុងសកម្មភាព​កំសាន្ដ​នៅ​ក្រៅផ្ទះ​ជំនួស​ឲ្យ​ការ​លេង​ល្បែង​វីដេអូ ។ គាត់​វិជ្ជមាន​ច្រើន ហើយ​ចេះជួយ​នៅក្នុង​ផ្ទះ ។ គាត់​ស្វែងរក​ឱកាស​បម្រើ ។ គាត់ស្ដាប់​នៅ​ក្នុងព្រះវិហារបានល្អជាង មាន​ទឹកមុខ​ភ្លឺថ្លា​ជាង មាន​ភាព​សប្បាយរីករាយ​កាន់តែ​ច្រើន ហើយ​កំពុង​រៀបចំ​ខ្លួន​សម្រាប់​បេសកកម្ម​របស់គាត់​​យ៉ាង​សកម្ម ។​ អ្វីៗ​ទាំងអស់នេះ​គឺ​ដោយសារ​តែ​គាត់​ដកឃ្លា​ពី​ឥទ្ធិពល​អវិជ្ជមាន​របស់​ប្រព័ន្ធផ្សព្វផ្សាយ​សង្គម ។

ដូច្នេះ ការ​អញ្ជើញ​ដំបូង​របស់​ខ្ញុំ​ចំពោះ​ប្អូនៗ​នា​ថ្ងៃ​នេះ គឺ​ដក​ខ្លួ​ន​ពី​ការ​ពឹងផ្អែក​​ទៅលើ​ប្រព័ន្ធផ្សព្វផ្សាយ​សង្គម​យ៉ាង​ខ្ជាប់​ខ្ជួន​ចេញ ដោយ​តមពុំមើល​​ប្រព័ន្ធផ្សព្វផ្សាយសង្គម​រយៈពេល​ប្រាំពីរ​ថ្ងៃ ។ ខ្ញុំ​ទទួលស្គាល់​ថា មាន​រឿង​វិជ្ជមាន​អំពី​ប្រព័ន្ធ​ផ្សព្វផ្សាយសង្គម ។ ប៉ុន្តែ​បើ​ប្អូនៗ​កំពុងផ្ដោត​កាន់តែ​ខ្លាំង​ទៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយសង្គម ជាង​ប្អូនៗ​ផ្ដោត​ទៅលើ​ការ​ខ្សឹបប្រាប់​ពី​ព្រះវិញ្ញាណ នោះប្អូនៗ​កំពុង​ដាក់​ខ្លួន​ប្អូនៗ​ទៅ​ក្នុង​ភាព​ប្រថុយប្រថាន​ខាង​វិញ្ញាណ​ហើយ—ក៏​ដូចជា​ប្រថុយប្រថាន​ក្នុងការ​ជួប​នឹង​ភាព​ឯកោ និង​ភាព​អស់សង្ឃឹម​ខ្លាំង​​ផងដែរ ។ បងប្អូន និង​ខ្ញុំ ស្គាល់​យុវវ័យ​ដែល​មានឥទ្ធិពល​តាមរយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយសង្គម​ដើម្បី​ធ្វើ និង​និយាយ​រឿង​ដែល​ពួកគេ​នឹង​មិនធ្វើ ឬ​និយាយ​ដោយ​ផ្ទាល់ ។ ការចំអក​គឺ​ជា​ឧទាហរណ៍​មួយ ។

ផ្នែកអវិជ្ជមាន​នៃ​ប្រព័ន្ធផ្សព្វផ្សាយ​សង្គម គឺ​ថា​វា​បង្កើតជា​ភាព​ពិត​ក្លែងក្លាយមួយ ។ មនុស្សគ្រប់គ្នា​បង្ហោះ​រូបភាព​ដែល​សប្បាយបំផុត ដំណើរ​ផ្សងព្រេង និង​រូបភាព​រំភើបៗ ដែល​បង្កើត​ជា​ចំណាប់អារម្មណ៍​ខុសឆ្គង​ថា​មនុស្ស​គ្រប់រូប​កំពុង​តែ​មាន​​ជីវិតរីករាយ សប្បាយ និងដំណើរផ្សងព្រេង លើក​លែងតែ​រូប​ប្អូនៗ​ ។ អ្វីៗ​ជា​ច្រើន​ដែល​បង្ហាញ​នៅក្នុង​ព័ត៌មាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​​ផ្សេងៗ​របស់​ប្អូនៗ គឺ​ជា​ការ​មួល​បង្កាច់ បើ​មិន​ក្លែងក្លាយទេ​នោះ ។ ដូច្នេះ​ចូរប្អូនៗ​​​សម្រាក​ពី​ភាព​ក្លែង​ក្លាយ​ចំនួន​ប្រាំពីរ​ថ្ងៃ ។

សូមជ្រើសរើស​ប្រាំពីរ​ថ្ងៃ​ជាប់គ្នា ហើយ​កុំ​មើល​វា ! សូម​មើល​បើ​ប្អូនៗ​កត់សម្គាល់ឃើញ​ថា​មាន​ភាព​ខុសប្លែក​គ្នា​អ្វីខ្លះ​នៅ​ក្នុងអារម្មណ៍ និង​ការគិត​របស់ប្អូនៗ សូម្បីតែ​ការ​គិត​របស់​ប្អូនៗ អំឡុង​រយៈពេលប្រាំពីរ​ថ្ងៃនេះ ។ បន្ទាប់ពី​ប្រាំពីរថ្ងៃ សូមកត់សម្គាល់​មើល​បើ​សិនជា​មាន​រឿង​មួយចំនួន​ដែល​ប្អូនៗ​ចង់​ឈប់​ធ្វើ និង​រឿង​មួយចំនួន​ដែល​ប្អូនៗ​ចង់​ចាប់​ផ្ដើម​ធ្វើ​ឥឡូវនេះ ។

ការ​តម​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​នេះ អាច​ធ្វើឡើង​តែ​រវាង​ប្អូនៗ ​និង​ព្រះអម្ចាស់ប៉ុណ្ណោះ ។ វា​នឹង​ជា​ទីសម្គាល់​របស់​ប្អូន​ៗ​ចំពោះ​ទ្រង់​ថា ប្អូនៗ​មាន​ឆន្ទៈ​ដើម្បី​បោះ​ជំហាន​ដើរ​ចេញ​ពីលោកិយ​ដើម្បី​ចូល​បម្រើ​នៅក្នុងកងទ័ព​យុវវ័យ​របស់ទ្រង់ ។

ការ​អញ្ជើញទីពីរ​របស់​ខ្ញុំគឺ ​ធ្វើ​ការ​លះបង់​ពេលវេលា​ប្រចាំសប្ដាហ៍​ថ្វាយ​ព្រះអម្ចាស់ សម្រាប់​រយៈពេល​បីសប្ដាហ៍​ជាប់គ្នា ដើម្បី​ទូលប្រាប់​ទ្រង់​ថា ប្អូនៗ​ចង់​ធ្វើជា​កងទ័ព​យុវវ័យ​របស់​ទ្រង់—ជាជាង​ប្អូនៗ​ចង់​ធ្វើ​អ្វីផ្សេងៗទៀត ។ សម្រាប់​រយៈពេល​បីសប្ដាហ៍ សូម​លះបង់​អ្វី​មួយ​ដែល​ប្អូនៗ​ចូលចិត្តធ្វើ ហើយ​ប្រើ​ពេល​នោះ​ដើម្បី​ជួយ​ប្រមូល​​អ៉ីស្រាអែល ។

រាល់​ពេល​ដែល​ប្អូនៗ​ធ្វើ​អ្វីមួយ​ដើម្បី​ជួយ​នរណា​ម្នាក់—ទាំង​សង្ខាង​នៃ​វាំងនន—បោះជំហាន​ទៅ​ធ្វើ​សេចក្ដីសញ្ញា​ជាមួយ​នឹង​ព្រះ ហើយ​ទទួល​ពិធីបរិសុទ្ធ​នៃ​បុណ្យជ្រមុជទឹក និង​ព្រះវិហារបរិសុទ្ធ​ដ៏​សំខាន់​របស់​ពួកគេ នោះ​ប្អូនៗ​កំពុង​ជួយ​ប្រមូល​អ៉ីស្រាអែល ។ ដូច្នោះ​វា​សាមញ្ញ ។

នៅពេល​ប្អូនៗ​អធិស្ឋាន​អំពី​ការលះបង់ពេលវេលា​នេះ ប្អូនៗ​នឹង​ត្រូវ​បាន​ដឹកនាំ​ឲ្យ​ដឹង​ទាំងអ្វី​ដែល​ប្អូនៗ​អាច​លះបង់​នៅសប្ដាហ៍នោះ និង​អ្វី​ដែល​ប្អូនៗ​អាច​ធ្វើ​​ដើម្បី​ជួយ​ប្រមូល​អ៉ីស្រាអែល ។ ឧទាហរណ៍ អ្នក​វាយកូនហ្គោល​វ័យ​ក្មេង​អាច​លះបង់ការ​លេង​ហ្គូលពេញ​ម៉ោង មក​ចំណាយ​ពេល​ធ្វើបុណ្យជ្រមុជទឹក​នៅក្នុង​ព្រះវិហារបរិសុទ្ធ ។​

ការ​អញ្ជើញ​ទីបី​របស់​ខ្ញុំ​គឺ​សុំ​ឲ្យ​ប្អូនៗ​ធ្វើ​ការ​វាយតម្លៃ​អំពី​ជីវិត​ជាមួយ​នឹង​ព្រះអម្ចាស់​ដោយ​ហ្មត់ចត់ ហើយ​ប្រហែលជា​ជាមួយ​នឹងឪពុក​ម្ដាយ​ ​ប៊ីស្សព​របស់​ប្អូនៗ ដើម្បី​ប្រាកដ​ថា​ជើង​របស់​ប្អូនៗ​ជាន់​យ៉ាង​មុតមាំ​នៅលើ​ផ្លូវ​នៃ​សេចក្ដីសញ្ញា ។ បើ​ប្អូនៗ​ងាក​ចេញ ឬ​បើ​មាន​អ្វី​មួយចំនួន​ដែល​ប្អូនៗ​ចាំបាច់​ត្រូវ​បោះបង់ចោល ដើម្បី​ជួយឲ្យ​ដួងចិត្ត និងគំនិត​របស់​ប្អូនៗ​កាន់តែ​បរិសុទ្ធ ថ្ងៃនេះគឺ​ជា​ពេល​ដ៏​ល្អ​បំផុត​ដើម្បី​ផ្លាស់ប្ដូរ​ ។

បើ​ប្អូនៗ​ពុំ​ប្រាកដ​អំពី​របៀប​ប្រែចិត្ត សូម​និយាយ​នឹង​ប៊ីស្សព​របស់​ប្អូនៗ ឬ​ជាមួយឪពុក​ម្ដាយ​របស់​ប្អូនៗ ឬ​ទាំងពីរ ។ ពួកគាត់​នឹង​ជួយ​ប្អូនៗ​ឲ្យ​យល់​អំពី​ដង្វាយធួន​របស់ព្រះយេស៊ូវ​គ្រីស្ទ ។ ពួកគាត់​នឹង​ជួយ​ប្អូនៗ​មាន​បទពិសោធន៍​ក្ដីអំណរ​ដែលជានិច្ចកាល​​បានមក​ពី​ការ​ប្រែចិត្ត​ដ៏ពិត​នោះ ។

សូម​កុំចេញ​ពីផ្លូវ​នៃ​សេចក្ដីសញ្ញា​លើស​ពី​មួយ​នាទី​ឡើយ ។ ឥឡូវ​ចូរ​ត្រឡប់​មកវិញ​តាមរយៈ​ការ​កែប្រែ​ចិត្ត​ពិត ។ ពួក​យើង​ត្រូវ​ការ​ប្អូនៗ​នៅ​ជាមួយ​យើង​នៅក្នុង​កងទ័ព​យុវវ័យ​របស់​ព្រះអម្ចាស់​នេះ ។ អ្វីៗ​នឹង​មិន​នៅ​ដដែល​ទេ​បើ​គ្មាន​ប្អូនៗ !

ការ​អញ្ជើញ​ទីបួន​របស់​ខ្ញុំគឺ សូម​ឲ្យ​ប្អូនៗ​អធិស្ឋាន​ប្រចាំ​ថ្ងៃ​ដើម្បី​ឲ្យកូនចៅ​ទាំងអស់​របស់​ព្រះ អាច​ទទួល​បាន​ពរជ័យ​នៃ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ។ ប្អូនៗ​នឹង​ខ្ញុំ​កំពុង​រស់នៅ​ដើម្បី​មើល​ឃើញ ហើយ​នឹង​បន្ដ​មើល​ឃើញ អ៉ីស្រាអែល​ត្រូវបាន​ប្រមូល​ផ្ដុំ​ដោយ​អំណាច​ដ៏​អស្ចារ្យ ។ ហើយ​ប្អូនៗ​នឹង​មាន​ចំណែក​ក្នុ​ងអំណាច​នៃ​ការ​ប្រមូល​ផ្ដុំ​នោះ !

ការ​អញ្ជើញ​ទីប្រាំ​របស់​ខ្ញុំ គឺ​សូម​ឲ្យ​ប្អូនៗ​លេចធ្លោ​ឡើង ហើយ​ខុសប្លែក​ពី​លោកិយ ។ ប្អូនៗ និង​ខ្ញុំ​ដឹង​ថា ប្អូនៗ​គឺ​ជា​ពន្លឺ​ចំពោះ​លោកិយ ។ ហេតុដូច្នោះហើយ ព្រះអម្ចាស់​ត្រូវការ​បងប្អូន​ឲ្យ​មើល និយាយ ធ្វើសកម្មភាព និង​ស្លៀកពាក់​ដូចជា​ពួកសិស្សពិត​នៃ​ព្រះយេស៊ូវគ្រីស្ទ ។ បាទ ប្អូនៗ​កំពុង​រស់នៅ​ក្នុង​លោកិយ ប៉ុន្តែ​ប្អូនៗ​មាន​បទដ្ឋាន​ខុសប្លែក​ខ្លាំង​ពី​លោកិយ​ដើម្បី​ជួយ​ប្អូនៗ​ចៀសវាង​ពី​ការប្រឡាក់​ខាង​លោកិយ ។

ដោយ​មាន​ព្រះវិញ្ញាណបរិសុទ្ធ​ជា​ដៃគូ នោះ​ប្អូនៗ​អាច​មើល​ភាព​ត្រឹមត្រូវ​នៅក្នុង​វប្បធម៌ល្បីល្បាញ​ដែល​បាន​វាយ​មក​លើ​សង្គម​របស់​យើង ។ ប្អូនៗ​អាច​ឈ្លាសវៃជាង​ជំនាន់មុនៗ ។ ហើយ​បើ​ប្អូនៗ​ត្រូវ​បាន​គេ​ហៅ​ថា « ចម្លែក » សូម​ពាក់​ស្លាក​នេះ​ជាការគោរព និង​រីករាយ​ដែល​ពន្លឺ​របស់​ប្អូនៗ​កំពុង​បញ្ចាំង​យ៉ាង​ភ្លឺ​នៅក្នុង​ពិភពលោក​ដ៏​ងងឹត​នេះ !

ចូរ​បង្កើត​​បទដ្ឋាន​មួយ​សម្រាប់​លោកិយទាំងមូល ! ចូរ​ក្រសោប​យក​ភាព​ខុសប្លែកនោះ ! កូនសៀវភៅ​ដែលមានចំណង​ជើង​ថា ដើម្បី​កម្លាំង​នៃ​យុវជន គួរ​តែ​ជា​បទដ្ឋាន​របស់​ប្អូនៗ ។ វា​គឺជា​បទដ្ឋាន​ដែល​ព្រះអម្ចាស់​រំពឹង​ឲ្យ​យុវវ័យ​របស់​ទ្រង់​ទាំងអស់​លើក​វា​ឡើង ។ ឥឡូវ​ក្នុងនាមជា​អ្នក​បម្រើ​ដោយ​រាបសារ​របស់​ទ្រង់ ខ្ញុំ​សូម​អង្វរ​ឲ្យ​ប្អូនៗ​សិក្សា​កូនសៀវវភៅនេះម្ដងទៀត ។ សូម​អាន​ប្រកប​ដោយការ​អធិស្ឋាន​ដូចជា​ប្អូនៗ​​ពុំ​ធ្លាប់​បាន​អាន​ពី​មុនមក ។ សូមគូសចំណាំវា ។ និយាយ​អំពី​វា ។ ពិភាក្សា​អំពី​បទដ្ឋាន​ជាមួយ​នឹង​មិត្តភក្ដិ​របស់​ប្អូនៗ ។ ចូរ​សម្រេច​ចិត្ត​ពី​របៀប​ដែល​ប្អូនៗ​អាច​រស់នៅ​តាម​បទដ្ឋាន​ទាំងនេះ ជាបទដ្ឋាន​របស់​ប្អូនៗ​ឲ្យ​កាន់តែ​ហ្ម​ត់ចត់ ។

ប្អូនៗ​មាន​កូនសៀវភៅ​មួយក្បាល​ផ្ទាល់ខ្លួន ។ ដូច្នេះ​នៅ​យប់នេះ ចុងបញ្ចប់​នៃ​ការ​ប្រជុំនេះ បើ​ប្អូនៗ​សម្រេច​ចិត្ត​ចូលបម្រើទ័ពនេះ សូម​ទទួលយក​កូនសៀវភៅ ដើម្បី​កម្លាំង​នៃ​យុវជន ហើយផ្ដល់​កូនសៀវភៅថ្មី​នេះ​ទៅ​ឲ្យ​មិត្ត​ម្នាក់​ដែល​អាច​នឹង​ពុំ​ស្គាល់​ពី​បទដ្ឋាន​របស់​ប្អូនៗ ឬ​ដែល​ពុំ​បាន​រស់នៅតាម ។

សូម​អធិស្ឋាន​អំពី​មនុស្ស​ដែល​ត្រូវការ​កូនសៀវភៅ​នេះ ។ ប្អូនៗ​នឹង​ត្រូវ​បាន​ដឹកនាំ ។ ហើយ​វា​នឹង​ជា​រឿង​ដ៏​រំភើបចិត្ត ។

ឥឡូវ ខ្ញុំ​សូម​សង្ខេប​ដោយ​រំឭក​អំពី​ការ​អញ្ជើញ​ទាំង​ប្រាំ​ចំណុច​របស់​ខ្ញុំ​ដល់​ប្អូនៗ​ដើម្បី​ចូលបម្រើ​ក្នុង​កងទ័ព​យុវវ័យ​របស់​ព្រះអម្ចាស់ ជួយ​ប្រមូលផ្ដុំអ៉ីស្រាអែល ៖

  1. តមកុំ​មើល​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​​រយៈពេល​ប្រាំពីរ​ថ្ងៃ ។

  2. ធ្វើការ​លះបង់​ពេលវេលា​មួយប្រចាំសប្ដាហ៍​ថ្វាយព្រះអម្ចាស់​សម្រាប់​រយៈពេល​បីសប្ដាហ៍ ។

  3. ចូរ​បន្ត​នៅលើ​ផ្លូវ​នៃ​សេចក្តីសញ្ញា ។ បើប្អូនៗ​ចេញ​ពីផ្លូវ ចូរ​ប្រែចិត្ត ហើយត្រឡប់មក​ដើរ​លើ​ផ្លូវ​វិញ ។

  4. សូម​អធិស្ឋាន​ប្រចាំ​ថ្ងៃ​ដើម្បី​ឲ្យបុត្រាបុត្រី​ទាំងអស់​របស់​ព្រះ​អាច​ទទួល​បាន​ពរជ័យ​នៃ​ដំណឹងល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ ។

  5. ចូរលេចធ្លោឡើង ។ ចូរ​មាន​ភាព​ខុសប្លែកពីគេ ។ ចូរ​ធ្វើ​ជា​ពន្លឺ ។ ផ្ដល់​កូនសៀវភៅ​ ដើម្បី​កម្លាំង​នៃ​យុវជន មួយ​ក្បាល​ដល់​មិត្ត​ម្នាក់ ។

ប្អូនៗ​ប្រុស​ស្រី​វ័យ​ក្មេង​ជា​ទីស្រឡាញ់​របស់​ខ្ញុំ​អើយ សូម​ឲ្យ​ប្អូនៗ​គឺ​ជា​មនុស្ស​ល្អបំផុត​ដែល​ព្រះអម្ចាស់​បាន​បញ្ជូន​មក​កាន់​លោកិយ​នេះ ។ ប្អូនៗ​មាន​សមត្ថភាព​ដើម្បី​កាន់តែ​ឆ្លាត និង​កាន់តែ​ឈ្លាសវៃ ហើយ​មាន​ឥទ្ធិពល​ទៅលើ​ពិភពលោក​ជាង​ជំនាន់មុនៗ !

នៅពេល​ខ្ញុំ​បញ្ចប់ ខ្ញុំ​សូម​អញ្ជើញ​ប្អូនៗ​ឲ្យ​ចែកចាយ​ជាមួយ​នឹង​យុវវ័យ​មក​ពី​ជុំវិញ​ពិភពលោក ហើយ​​មានបទពិសោធន៍​រីករាយ​ដែលធ្វើ​ជា​សមាជិក​នៃ​កងទ័ព​យុវវ័យ​របស់​ព្រះអម្ចាស់​នៅក្នុង​កងទ័ព​របស់​ស៉ីយ៉ូន​តាមរយៈ​ការ​ច្រៀង​ទំនុក​តម្កើង​បិទ​របស់​យើង « សង្ឃឹម​​អ៉ីស្រាអែល » ដោយសារ​ទំនុក​តម្កើង​នេះ​និយាយ​អំពី​ប្អូនៗ​ទាំង​អស់គ្នា ។

ដោយ​អស់​ពី​ដួងព្រលឹង​របស់​ខ្ញុំ ខ្ញុំ​សូម​ថ្លែងទីបន្ទាល់​ថា នេះ​គឺ​ជា​កិច្ចការ​នៃ​ព្រះ​ដ៏​មានមហិទ្ធិឬទ្ធិ ។ ទ្រង់​មាន​ព្រះជន្ម​រស់ ។ ព្រះយេស៊ូវ​ជា​ព្រះគ្រីស្ទ ។ នេះ​គឺ​ជា​សាសនាចក្រ​របស់ទ្រង់ ដែលបាន​ស្ដារឡើងវិញ​ដើម្បី​សម្រេច​នូវ​ជោគវាសនា​ដ៏​ទេវភាព រួមទាំង​ការ​ប្រមូល​សាសន៍​អ៉ីស្រាអែល​ដូច​បាន​សន្យា ។

ប្អូនៗ​គឺជា​សង្ឃឹម​អ៉ីស្រាអែល « ជា​បុត្រាបុត្រី​នៃ​ជំនាន់​ដែល​បាន​សន្យា » ! ខ្ញុំ​ថ្លែង​ទីបន្ទាល់​ដូច្នោះ ក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។

កំណត់ចំណាំ

  1. យ៉ាកុប ១:៥

  2. សូម​មើល Teachings of Presidents of the Church: Joseph Smithឆ្នាំ ២០០៧ ) ទំព័រ ២១៩ ។

  3. យ៉ូហាន ១០:២៧

  4. សូមមើល គោលលទ្ធិ និង​សេចក្ដី​សញ្ញា ៣៣:៣, ៦

  5. សូមមើលអេសាយ ១៨:២ ។

  6. គោលលទ្ធិ​ទាក់​ទង​ទៅនឹង​ការ​ប្រមូលផ្ដុំ​វង្សអ៉ីស្រាអែល គឺ​ស្ថិត​នៅក្នុង​មេរៀន​ដើម​ដំបូង​ដែលបាន​បង្រៀន​នៅក្នុង​ព្រះគម្ពីរមរមន ៖ « ហើយ​បន្ទាប់​ពី​វង្ស​អ៊ីស្រាអែល ត្រូវ​ខ្ចាត់ខ្ចាយ​ទៅ​ហើយ នោះ​ពួក​គេ​នឹង​បាន​ប្រមូល​រួម​គ្នា​ជា​ថ្មី…​មែក​កំណើត​ទាំង​ឡាយ​នៃ​ដើម​អូលីវ ឬ​ក៏​សំណល់​ទាំង​ឡាយ​នៃ​វង្ស​អ៊ីស្រាអែល នឹង​បាន​បំបៅ​ជាប់​នឹង​ដើម​វិញ ឬ​នឹង​បាន​ការ​ចេះ​ដឹង​អំពី​ព្រះ​មែស៊ី​ដ៏​ពិត គឺ​ជា​ព្រះ​អម្ចាស់​របស់​ពួក​គេ និង​ព្រះ​ដ៏​ប្រោស​លោះ​របស់​ពួក​គេ » ។ ( នីហ្វៃ ទី ១ ១០:១៤

  7. សូមមើលជាគំរូ នីហ្វៃទី ៣ ៥:២៣-២៦

  8. « Hope of Israel » Hymnsល.រ. 259 ។