សង្ឃឹមអ៉ីស្រាអែល
ប្រធាន រ័សុល អិម ណិលសុន ៖ ពាក្យសម្ដីពុំអាចថ្លែងបានល្អគ្រប់គ្រាន់ដើម្បីបង្ហាញអំពីការដឹងគុណរបស់ពួកយើងចំពោះក្រុមចម្រៀងថ្នាក់សិក្ខាសាលាបាននោះទេ ។ ម្ចាស់ថ្លៃអើយ ប្អូនៗធ្វើបានល្អណាស់ ។ សូមអរគុណ ។ អរគុណច្រើន ។ នៅពេលខ្ញុំមើលទៅមជ្ឈមណ្ឌលសន្និសីទនេះមានពេញដោយពួកបរិសុទ្ធថ្ងៃចុងក្រោយដ៏អស្ចារ្យ ខ្ញុំមានអារម្មណ៍ថាទីបំផុត ខ្ញុំមានគ្រួសារដ៏ធំដែលខ្ញុំចង់បាននោះហើយ ។ មានប្អូន ២២០០០ នាក់នៅទីនេះនាយប់នេះ ហើយមានច្រើនជាងរាប់ពាន់នាក់ទៀត ដែលនៅជាមួយយើងក្នុងការចាក់ផ្សាយនេះ ។
ស៊ីស្ទើរ ណិលសុន និង ខ្ញុំពិតជារីករាយយ៉ាងលើសលប់ ដើម្បី នៅ ជា មួយ ប្អូនៗ ។ ពួកយើងចូលចិត្តនៅជាមួយនឹងប្អូនៗ ដែលជាយុវវ័យនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ—និងគ្រូបង្រៀន និងឪពុកម្ដាយរបស់ប្អូនៗ ។
ពួកយើងពិតជាចង់ស្ដាប់បទពិសោធន៍របស់ប្អូនៗម្នាក់ៗ នៅក្នុងការរៀបចំសម្រាប់ការជួបជុំទូទាំងពិភពលោករបស់យើងនេះ នៅពេលប្អូនៗអានព្រះគម្ពីរមរមនជាប្រចាំ និងនៅពេលប្អូនៗអធិស្ឋានសូមដើម្បីស្ដាប់ឮនូវអ្វីដែលព្រះអម្ចាស់ចង់បង្រៀនដល់ប្អូនៗ ។
ជាថ្មីម្ដងទៀត ខ្ញុំសូមសម្ដែងការអរគុណចំពោះក្រុមចម្រៀងថ្នាក់សិក្ខាសាលាសម្រាប់ការច្រៀងទំនុកតម្កើងបើករបស់យើងប្រកបដោយមនោសញ្ចេតនា ។ ទំនុកតម្កើង— « យើងសូមអរគុណព្រះអង្គចំពោះព្យាការី » នោះ— ទំនុកទាំងឡាយបានបង្វែរដួងចិត្តរបស់យើងទៅកាន់ព្យាការីយ៉ូសែប ស្ម៊ីធ ។ ពួកយើងពិតជាជំពាក់គុណលោក ! លោកគឺជាព្យាការីនៃគ្រាកាន់កាប់ត្រួតត្រាថ្ងៃចុងក្រោយនេះ ! ចូរស្រមៃមើលចុះ! លោកមានវ័យដំណាលប្អូនៗ នៅពេលលោកត្រូវបានបំផុសគំនិតដោយពាក្យសម្ដីរបស់សាវកយ៉ាកុប ៖ «តែបើអ្នករាល់គ្នាណាមួយខ្វះប្រាជ្ញា មានតែសូមដល់ព្រះ » ។១
ពាក្យសម្ដីទាំងនោះបានជម្រុញឲ្យយុវជនយ៉ូសែបចេញទៅក្នុងព្រៃនៅក្បែរផ្ទះ ជាកន្លែងដែលលោកបើកដួងចិត្តរបស់លោកចំពោះព្រះ ។
ស្ថានសួគ៌បានបើកឡើង ! យ៉ូសែប បានឃើញព្រះវរបិតា និងព្រះរាជបុត្រា ហើយបានរៀនដោយផ្ទាល់ថាត្រូវទៅឯណាដើម្បីទទួលបានចម្លើយចំពោះសំណួររបស់លោក ។
ឥឡូវខ្ញុំសូមអង្វរដល់ប្អូនៗម្នាក់ៗឲ្យធ្វើដូចជាយុវជនយ៉ូសែបបានធ្វើ ។ សូមយកសំណួររបស់ប្អូនៗទៅកាន់ព្រះវរបិតាសួគ៌ដោយផ្ទាល់នៅក្នុងការអធិស្ឋានរបស់ប្អូនៗ ។ ទូលសួរទ្រង់ នៅក្នុងព្រះនាមរបស់ព្រះយេស៊ូវគ្រីស្ទដើម្បីដឹកនាំប្អូនៗ ។ ប្អូនៗអាចរៀនដោយខ្លួនឯង—ឥឡូវនេះក្នុងវ័យរបស់ប្អូនៗ—អំពីរបៀបទទួលបានវិវរណៈផ្ទាល់ខ្លួន ។ ហើយគ្មានអ្វីដែលនឹងធ្វើឲ្យខុសប្លែកខ្លាំងក្នុងជីវិតប្អូនៗជាងរឿងនេះទេ !
ខ្ញុំសន្យានឹងប្អូនៗ—ពុំមែននឹងអ្នកដែលអង្គុយនៅជិតប្អូនៗទេ ប៉ុន្តែចំពោះប្អូនៗ—ថា មិនថាប្អូនៗនៅកន្លែងណាក្នុងពិភពលោកនេះ មិនថាប្អូនៗស្ថិតនៅត្រង់ណាលើផ្លូវនៃសេចក្ដីសញ្ញា—សូម្បីតែនៅក្នុងពេលនេះ ប្អូនៗពុំស្ថិតនៅលើផ្លូវក្ដី—ខ្ញុំសន្យានឹងប្អូនៗថា បើប្អូនៗនឹងធ្វើកិច្ចការខាងវិញ្ញាណដោយស្មោះ និងយ៉ាងខ្ជាប់ខ្ជួន ដែលវាចាំបាច់ដើម្បីអភិវឌ្ឍជំនាញនៃការរៀនសូត្រខាងវិញ្ញាណដ៏សំខាន់អំពីរបៀបស្ដាប់តាមការខ្សឹបប្រាប់មកពីព្រះវិញ្ញាណបរិសុទ្ធ ប្អូនៗនឹងមានគ្រប់ការដឹកនាំដែលប្អូនៗនឹងត្រូវការសម្រាប់ជីវិតប្អូនៗ ។ ប្អូនៗនឹងទទួលចម្លើយចំពោះសំណួរប្អូនៗ តាមរបៀប និងពេលវេលារបស់ទ្រង់ផ្ទាល់ ។ ហើយកុំភ្លេចដំបូន្មានដ៏សុចរិតរបស់ឪពុកម្តាយ និងពួកអ្នកដឹកនាំសាសនាចក្ររបស់អ្នក ។ ពួកគាត់ក៏ស្វែងរកវិវរណៈជំនួសអ្នកផងដែរ ។
នៅពេលប្អូនៗដឹងថាជីវិតប្អូនៗកំពុងត្រូវបានដឹកនាំដោយព្រះ ទោះជាមានឧបគ្គ និងការខកចិត្តដែលអាច នឹងកើតមានជាយ៉ាងណា នោះប្អូនៗនឹងទទួលអារម្មណ៍អំណរ និងភាពសុខសាន្ដ ។
ឥឡូវ ពួកយើងចង់និយាយនឹងប្អូនៗអំពីឧបសគ្គដ៏ធំបំផុត បុព្វហេតុដ៏ធំបំផុត និងកិច្ចការដ៏ធំបំផុតនៅលើផែនដីនេះ ។ ហើយពួកយើងចង់អញ្ជើញប្អូនៗឲ្យចូលរួម !
ខ្ញុំនឹងសុំឲ្យស៊ីស្ទើរ វិនឌី ណិលសុន ផ្ដល់ជាបរិបទមួយចំនួនសម្រាប់សារលិខិតសំខាន់នោះ ។ សូមអញ្ជើញ ស៊ិស្ទើរ ណិលសុន ។
ស៊ីស្ទើរ វិនឌី ណិលសុន ៖ ប្អូនៗប្រុសស្រីជាទីស្រឡាញ់ និងដែលយើងជឿជាក់ ខ្ញុំចង់ចាប់ផ្ដើមដោយប្រាប់ដល់ប្អូនៗថាអ្វីៗដែលស្វាមីខ្ញុំ និងខ្ញុំឃើញនៅថ្ងៃមួយនៅពេលពួកយើងបើកឡានឆ្លងកាត់ភ្នំនៅរដ្ឋយូថាហ៍ ។
វាជាថ្ងៃរដូវស្លឹកឈើជ្រុះដ៏ស្រស់ស្អាតមួយ ។ ពួកយើងស្រឡាញ់ព្រៃព្រឹក្សា ដែលមានពណ៌មាស និងស្រស់ស្អាត ដែលដើមឈរទាំងនោះដុះឈរត្រង់ៗយ៉ាងខ្ពស់ទៅលើមេឃ ។
បន្ទាប់មក ពួកយើងបានបត់ទៅជ្រុងម្ខាង ហើយខ្ញុំបានឃើញដើមឈើមួយដែលរំឭកខ្ញុំអំពីខ្លួនខ្ញុំ ដែលខ្ញុំជាញឹកញាប់មានអារម្មណ៍ជាយ៉ាងណាអំពីស្ថានភាពជាច្រើននោះ ។
តើបងប្អូនស្គាល់អារម្មណ៍នោះឬទេ ? និយាយដូច្នោះ ប្អូនៗមើលទៅអ្នកនៅជុំវិញ និងមនុស្សដទៃទៀតដែលឈរត្រង់ៗយ៉ាងខ្ពស់ ហើយកាន់តែខ្ពស់ទៅលើមេឃ ។
ពួកគេចេះដោះស្រាយរឿងគ្រប់យ៉ាង ។ ពួកគេស្លៀកសម្លៀកបំពាក់ឥតខ្ចោះ ហាក់ដូចជានិយាយរឿងត្រឹមត្រូវជានិច្ច ពុំមានបញ្ហាអ្វីទេ មានការគោរពដ៏ឥតខ្ចោះ—ហើយហាក់ដូចជាពុំដែលធ្វើកំហុសអ្វីសោះក្នុងជីវិតពួកគេ ។
មែនហើយ បន្ទាប់មក មានប្អូនៗ និងរូបខ្ញុំ !
ប្អូនៗប្រុសស្រីជាទីស្រឡាញ់ ដល់ពេលដែលត្រូវឈប់ប្រៀបធៀបខ្លួនយើងនឹងអ្នកដទៃហើយ ។ វាដល់ពេលត្រូវបោះចោលទស្សនភាន់ច្រឡំអំពីខ្លួនយើង និងអ្នកដទៃហើយ ។ សេចក្ដីពិតគឺថា យើងពុំមានគុណវិបត្តិដ៏អស់សង្ឃឹមដូចដែលយើងអាចគិតនោះទេ ហើយអ្នកដទៃក៏ពុំល្អឥតខ្ចោះដូចដែលពួកគេបានបង្ហាញ នោះដែរ— ទាំងអស់គ្នា លើកលែងតែព្រះអង្គសង្គ្រោះរបស់យើង ព្រះយេស៊ូវគ្រីស្ទប៉ុណ្ណោះ ។
រឿងតែមួយដែលសំខាន់ពិតនោះគឺថាប្អូនៗ និងខ្ញុំកំពុងធ្វើតាមអ្វីដែលពួកយើងបានតាំងចិត្តយ៉ាងច្បាស់—ទាំងបានចុះសេចក្ដីសញ្ញា—នៅជីវិតមុនផែនដីជាមួយនឹងព្រះវរបិតាសួគ៌របស់យើងថា ពួកយើងនឹងធ្វើកិច្ចការនោះ ខណៈដែលយើងរស់នៅលើផែនដីនេះ ។
ដូច្នេះ ខ្ញុំសូមសួរសំណួរប្អូនៗមួយ ៖ តើប្អូនកើតមកធ្វើអ្វីខ្លះ ?
អូ៎ ! ខ្ញុំចង់មើលវីដេអូ ១០ នាទីអំពីជីវិតមុនជីវិតផែនដីរបស់ប្អូនៗនៅក្នុង YouTube ណាស់ ។
ព្យាការី យ៉ូសែប ស្ម៊ីធ បានបង្រៀនថា បើប្អូនៗអាចមើលទៅស្ថានសួគ៌បានប្រាំនាទី នោះប្អូនៗនឹងដឹងច្រើនជាងប្រធានបទមួយដែលប្អូនៗសិក្សាពេញមួយជីវិតរបស់ប្អូនៗទៅទៀត ។២ ដូច្នេះ ចូរស្រមៃថាប្អូនៗអាចមើលវីដេអូ ១០ នាទីពីជីវិតមុនផែនដីរបស់ប្អូន !
ប្រាកដណាស់ យើងដឹងថា ព្រះអម្ចាស់បានដកវាំងននចេញពីការចងចាំទាំងឡាយដោយឈ្លាសវៃ ។ ប៉ុន្តែសូមស្រមៃមួយសន្ទុះអំពីឥទ្ធិពលមកលើជីវិតរបស់ប្អូនៗ បើប្អូនៗអនុញ្ញាតឲ្យមើល ១០ នាទីអំពីជីវិតមុនផែនដីរបស់ប្អូន ។
ខ្ញុំជឿថា បើប្អូនៗអាចមើលឃើញខ្លួនឯងរស់នៅជាមួយនឹងមាតាបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ បើប្អូនៗអាចសង្កេតមើលឃើញអ្វីដែលប្អូនៗបានធ្វើកាលពីជីវិតមុនផែនដី ហើយមើលឃើញខ្លួនប្អូនៗធ្វើការតាំងចិត្ត—ទាំងចុះសេចក្ដីសញ្ញា—ជាមួយអ្នកដទៃ រួមទាំងអ្នកផ្ដល់ដំបូន្មាន និងគ្រូបង្រៀនរបស់ប្អូនៗ បើប្អូនៗអាចមើលឃើញខ្លួនប្អូនៗឆ្លើយតបចំពោះការវាយប្រហារមកលើសេចក្ដីពិត ហើយឈរជាសាក្សីយ៉ាងអង់អាចចំពោះព្រះយេស៊ូវគ្រីស្ទដោយក្លាហាន នោះខ្ញុំជឿថាប្អូនៗគ្រប់គ្នានឹងមានអំណាច ការតាំងចិត្ត និងទស្សនវិស័យដ៏អស់កល្បជានិច្ចកាន់តែខ្លាំងដើម្បីជួយប្អូនៗយកឈ្នះគ្រប់ការច្របូកច្របល់ ភាពសង្ស័យ បញ្ហា និងឧបសគ្គទាំងឡាយ ។ គឺទាំងអស់ !
ខ្ញុំជឿថា បើប្អូនៗអាចចងចាំថាប្អូនៗនឹងជួយនរណានៅពេលប្អូនៗនៅលើផែនដីនេះ ឬតើបទពិសោធន៍ជូរចត់ណាដែលប្អូនៗព្រមទទួល នោះមិនថាស្ថានភាពដ៏លំបាកដែលប្អូនៗកំពុងជួបឥឡូវនេះ—ឬនឹងជួបជាយ៉ាងណាទេ—នោះប្អូនៗនឹងនិយាយថា « អូ៎ ឥឡូវខ្ញុំចាំហើយ ។ ឥឡូវ ខ្ញុំយល់ហើយ ។ ស្ថានភាពលំបាកនេះ ធ្វើឲ្យខ្ញុំយល់ហើយឥឡូវនេះ ។ ដោយមានជំនួយពីព្រះអម្ចាស់ នោះខ្ញុំអាចធ្វើការណ៍នេះបាន !
ឥឡូវនេះគឺជារឿងផ្សេងមួយទៀតដែលខ្ញុំអញ្ជើញឲ្យប្អូនៗគិត ។ ខ្ញុំចូលចិត្តស្រមៃថា ពួកយើងម្នាក់ៗមកលើផែនដីនេះដោយមានបញ្ជីភ្ជាប់មកនឹងវិញ្ញាណរបស់យើង ដែលថា « រឿងទាំងឡាយដែលត្រូវធ្វើខណៈពេលនៅលើផែនដី » ។
ចូរនិយាយអំពីអ្វីដែលអាចនឹងមាននៅលើបញ្ជីនោះ ។ ចូរនិយាយអំពីរឿងប្រាំយ៉ាងដែលពិតជាបានសរសេរនៅលើបញ្ជីរបស់ប្អូនៗស្របទៅតាមដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ ។
ទីមួយ ប្អូនៗមកដើម្បីទទួលរូបរាងកាយរមែងស្លាប់ ។ មិត្តខ្ញុំអើយ រឿងនោះគឺជារឿងដ៏សំខាន់ពិត ។
ទីពីរ ប្អូនៗមកទទួលការសាកល្បង ។
តែតើប្អូនៗបានកត់សម្គាល់ឃើញទេថា ការសាកល្បងរបស់យើង ជាញឹកញាប់មានជាប់ទាក់ទងនឹងការរៀនគ្រប់គ្រងលើសេចក្ដីស្រេកឃ្លាននៃរូបកាយ និងតណ្ហារបស់យើង ដែលអាចនឹងពុំអាចគ្រប់គ្រងជាប់ ? បើប្អូនៗកំពុងជួបបញ្ហាឥឡូវនេះដោយសារឥទ្ធិពលដែលមានមកពីការញៀនដោយប្រភេទណាមួយ ឬអំពើបាបធ្ងន់ធ្ងរដែលពុំទាន់បានប្រែចិត្ត ខ្ញុំសូមជម្រុញប្អូនៗឲ្យដកបន្ទុកប្អូនៗចេញ ដោយការទៅនិយាយនឹងប៊ីស្សពរបស់ប្អូនៗ—ថ្ងៃនេះ ។ លោកកាន់កូនសោបព្វជិតភាពដែលអាចជួយដល់ប្អូនៗបាន ។
រឿងទីបីដើម្បីធ្វើពេលនៅលើផែនដី ៖ ជ្រើសរើសធ្វើតាមព្រះយេស៊ូវគ្រីស្ទ ហើយឈរជាសាក្សីចំពោះទ្រង់ ដូចដែលប្អូនៗបានធ្វើកាលពីជីវិតមុនផែនដី ។
ទីបួន ជ្រើសរើសប្រែចិត្តរាល់ថ្ងៃ ហើយទទួលទានសាក្រាម៉ង់រាល់សប្តាហ៍ ។ ប្រសិនបើប្អូនធ្វើដូច្នេះ នោះប្អូនៗនឹងបានព្យាបាលខាងវិញ្ញាណ បានពង្រឹង និងតម្កើង ហើយទីបំផុតបានញែកជាបរិសុទ្ធ ហើយលើកតម្កើង តាមរយៈដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ ។
ឥឡូវ នេះជាចំនុចទីប្រាំនៅក្នុងបញ្ជីរបស់ប្អូនៗគឺស្វែងរក ហើយបំពេញបេសកកម្មជីវិតរមែងស្លាប់របស់ប្អូនៗ ។ មិត្តជាទីស្រឡាញ់របស់ខ្ញុំ កាលពីជីវិតមុនផែនដី ប្អូនៗ និងខ្ញុំបានទទួលបេសកកម្មដ៏អស្ចារ្យមួយដើម្បីបំពេញខណៈពេលយើងនៅលើផែនដីនេះ ។
ពួកយើងមានឱកាសជាច្រើនដើម្បីបំពេញបេសកកម្មជីវិតរមែងស្លាប់របស់យើង ប៉ុន្តែយើងពុំចាំបាច់ត្រូវធ្វើទេ ។ គ្មាននរណានឹងបង្ខំយើងទេ ។ យើងមានសិទ្ធិជ្រើសរើសរបស់យើងដើម្បីជ្រើសរើសរបៀបដែលយើងចំណាយពេល និងថាមពលរបស់យើង ទេពកោសល្យ និងធនធានរបស់យើង ។ តាមពិត អ្វីដែលយើងជ្រើសរើសធ្វើគឺមានចំណែកនៅក្នុងការសាកល្បងរបស់យើង ។
ការជ្រើសរើសគឺជារបស់ប្អូនៗ និងខ្ញុំ ។ តើយើងនឹងជ្រើសរើសធ្វើអ្វីៗក៏ដោយ ដើម្បីបំពេញបេសកកម្មដ៏អស្ចារ្យដែលយើងត្រូវបានបញ្ជូនមកលើផែនដីឬទេ ?
ខណៈដែលសំណួរបានពុះនៅក្នុងគំនិតរបស់ប្អូនៗ ចូរផ្លាស់វាមកពិភាក្សាអំពីមូលហេតុដែលប្អូនៗនៅទីនេះលើផែនដីវិញ—នៅពេលជាក់លាក់នេះ ដែលជាពេលដ៏ពិសេសនៅក្នុងប្រវត្តិសាស្ត្រនៃផែនដី ។
ហេតុអ្វីប្អូនៗនៅលើផែនដីនេះក្នុងពេលនេះ ?
ហេតុអ្វីក៏ប្អូនៗមិនកើតកាលពីទស្សវត្សរ៍ ១៨៨០ ? ឬ ៣០ ឆ្នាំពីពេលឥឡូវនេះទៅ ?
ខ្ញុំសូមប្រាប់ប្អូនៗអំពីបទពិសោធន៍មួយដែលបង្រៀនខ្ញុំដំបូងអំពីថ្ងៃជាប្រវត្តិសាស្ត្រដែលយើងរស់នៅ ។
ជាញឹកញាប់យើងនិយាយអំពីការរស់នៅក្នុងថ្ងៃចុងក្រោយ ។ ពួកយើងគឺជាពួកបរិសុទ្ធថ្ងៃចុងក្រោយ ។ ប៉ុន្តែប្រហែលជាថ្ងៃទាំងនេះ « ចុងក្រោយ » ជាងដែលយើងធ្លាប់នឹកស្រមៃដល់ ។
សេចក្ដីពិតនេះក្លាយជាការពិតចំពោះខ្ញុំ ដោយសារតែអ្វីដែលខ្ញុំបានជួបអំឡុងពេល ២៤ ម៉ោង ដែលចាប់ផ្ដើម នៅថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០១៣ ។ ស្វាមីខ្ញុំ និងខ្ញុំនៅក្នុងទីក្រុងម៉ូស្គូ ប្រទេសរ៉ុស្សី ។
ខណៈប្រធាន ណិលសុននៅក្នុងការប្រជុំថ្នាក់ដឹកនាំបព្វជិតភាព ខ្ញុំមានឯកសិទ្ធិបានជួបនឹងបងប្អូនស្រ្តីជិត ១០០ នាក់ ។ ខ្ញុំស្រឡាញ់បងប្អូនស្ត្រីជនជាតិរ៉ុស្សីរបស់យើង ។ ពួកគេអស្ចារ្យណាស់ !
នៅពេលខ្ញុំឡើងទៅវេទិកានិយាយ ខ្ញុំឃើញថាខ្លួនខ្ញុំនិយាយអ្វីដែលខ្ញុំពុំធ្លាប់និយាយពី មុន ។ ខ្ញុំបាននិយាយទៅកាន់ស្ត្រីទាំងនោះថា « ខ្ញុំចង់ស្គាល់បងប្អូនតាមខ្សែស្រឡាយ ។ សូមក្រោកឈរឡើងជាពូជអំបូរអ៉ីស្រាអែលដែលតំណាងឲ្យខ្សែស្រឡាយដែលបានប្រកាសនៅក្នុងពរជ័យអយ្យកោរបស់បងប្អូន » ។
« បេនយ៉ាមីន » ? មានស្ត្រីមួយចំនួនក្រោកឈរ ។
« ដាន់ ? » មានមួយចំនួនទៀតក្រោកឈរ ។
« រូបេន? » មានមួយចំនួនទៀតក្រោកឈរ ។
« ណែបថាលី ? » ឈរកាន់តែច្រើន ។
នៅពេលឈ្មោះនៃពូជអំបូរទាំងដប់ពីរនៃអ៉ីស្រាអែលត្រូវបានប្រកាស—ចាប់ពី អេសើរ ដល់ សាប់យូល៉ូន— និងនៅពេលស្ត្រីៗបានក្រោកឈរ ពួកយើងមានភាពអស្ចារ្យចំពោះអ្វីដែលយើងបានឃើញ បានទទួលក្នុងអារម្មណ៍ និងកំពុងរៀន ។
តើពូជអំបូរទាំងដប់ពីរនៃអ៊ីស្រាអែលប៉ុន្មាននាក់ ដែលប្អូនៗគិតថាមានវត្តមាននៅក្នុងការជួបជុំដ៏តូចនៃស្ត្រីដែលតិចជាង ១០០ នាក់នោះ នៅថ្ងៃសៅរ៍ក្នុងទីក្រុងម៉ូស្គូនោះ ?
ដប់មួយ! ដប់មួយពូជអំបូរនៃពូជអំបូរទាំងដប់ពីរនៃអ៊ីស្រាអែល បានមានវត្តមាននៅក្នុងបន្ទប់មួយនោះ ! ពូជអំបូរតែមួយដែលអវត្តមានគឺ លេវី ។ ខ្ញុំមានការភ្ញាក់ផ្អើលណាស់ ។ វាជាបទពិសោធន៍ដ៏អស្ចារ្យណាស់ខាងវិញ្ញាណសម្រាប់ខ្ញុំ ។
បន្ទាប់ពីការប្រជុំ ស្វាមីរបស់ខ្ញុំ និងខ្ញុំបានទៅ Yerevan, Armenia ភ្លាម ។ មនុស្សដំបូងដែលយើងជួបនៅពេលពួកយើងចុះពីយន្ដហោះ គឺប្រធានបេសកកម្ម និងភរិយារបស់លោក ។ មិនដឹងថាគាត់បានស្ដាប់ឮអំពីបទពិសោធន៍នេះនៅទីក្រុងម៉ូស្គូយ៉ាងណាទេ គាត់បាននិយាយដោយសំឡេងញ័រៗថា « ខ្ញុំមានពូជអំបូរលេវី ! »
ស្រមៃមើលថាតើយើងរំភើបចិត្តយ៉ាងណានៅពេលស្វាមីខ្ញុំ និងខ្ញុំបានជួបនឹងពួកអ្នកផ្សព្វផ្សាយសាសនានៅថ្ងៃបន្ទាប់ ដែលមានអែលឌើសម្នាក់មកពីអំបូរលេវី ដែលទើបតែមកពី ហ្គីលប៊ើត អារីហ្សូណា ។
ឥឡូវ កាលខ្ញុំនៅតូចចូលរួមក្នុងថ្នាក់អង្គការបឋមសិក្សានៅ Raymond, Alberta, Canada ខ្ញុំបានដឹងថា នៅថ្ងៃចុងក្រោយ —ពីមុនការយាងមកជាលើកទីពីររបស់ព្រះអង្គសង្គ្រោះ—នោះពូជអំបូរទាំងដប់ពីរនៃអ៊ីស្រាអែល នឹងត្រូវបានប្រមូលផ្ដុំ ។ សេចក្ដីពិតនោះគឺរំភើបណាស់ ហើយក្នុងពេលដូចគ្នានេះ ក៏មានភាពលើសលប់គ្រប់ក្នុងគំនិតរបស់ខ្ញុំដែរ ។ ដូច្នេះចូរស្រមៃមើលថាខ្ញុំមានអារម្មណ៍យ៉ាងណាដើម្បីនៅជាមួយនឹងសមាជិកនៃពូជអំបូរទាំងដប់ពីរនៃវង្សអ៉ីស្រាអែលក្នុងរយៈពេល ២៤ ម៉ោងនោះ !
ខ្ញុំបានរៀនតាំងពីពេលនោះមកថា ខ្ញុំពុំគួរនឹងសួរដល់បងប្អូនស្រីទាំងនោះប្រាប់ពីអត្ដសញ្ញាណរបស់ពួកគេតាមខ្សែស្រឡាញ់នោះទេ ដោយសារពរជ័យនៃអយ្យកោគឺពិសិដ្ឋ ហើយខ្សែស្រឡាយក៏មានភាពពិសិដ្ឋផ្ទាល់ខ្លួនផងដែរ ។ ប៉ុន្ដែ ខ្ញុំមានអំណរគុណចំពោះឯកសិទ្ធិដែលខ្ញុំបានមើលឃើញផលផ្លែនៃការប្រមូលផ្ដុំនៃវង្សអ៊ីស្រាអែលជាលើកដំបូង ។ ឥទ្ធិពលនៃបទពិសោធន៍នោះ ពុំដែលរលប់បាត់ពីដួងចិត្ត និងគំនិតខ្ញុំទេ ។
បងប្អូនប្រុសស្រីជាទីស្រឡាញ់របស់ខ្ញុំ ទាំងនេះគឺជាថ្ងៃចុងក្រោយដ៏ពិត ! ពុំធ្លាប់មានពេលណាមួយដូចពេលនេះក្នុងប្រវត្តិសាស្ត្រនៃផែនដីនេះទេ ។ ពុំធ្លាប់សោះ ! កាលពីជីវិតមុនផែនដី បងប្អូន និងខ្ញុំបានតាំងចិត្តមកធ្វើកិច្ចការដ៏អស្ចារ្យមួយខណៈពេលនៅលើផែនដីនេះ ។ ហើយដោយមានជំនួយពីព្រះអម្ចាស់ នោះយើងអាចធ្វើវាបាន ! នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។
President Nelson: អរគុណ វិនឌី ។ បងស្រឡាញ់អូន ! តើគាត់អស្ចារ្យទេ ?
ប្អូនៗប្រុសស្រីវ័យក្មេងរបស់ខ្ញុំអើយ នេះគឺជាថ្ងៃចុងក្រោយ ហើយព្រះអម្ចាស់កំពុងពន្លឿនកិច្ចការរបស់ទ្រង់ដើម្បីប្រមូលផ្ដុំវង្សអ៊ីស្រាអែល ។ ការប្រមូលផ្ដុំនោះ គឺជាកិច្ចការដ៏សំខាន់បំផុតនៅលើផែនដីសព្វថ្ងៃនេះ ។ ពុំមានអ្វីផ្សេងទៀតអាចសម្បើមជាង សារៈសំខាន់ជា និងមានឬទ្ធិជាងកិច្ចការនេះនោះទេ ។ ហើយបើប្អូនៗជ្រើសរើស បើប្អូនៗចង់ធ្វើ ប្អូនៗអាចធ្វើជាចំណែកដ៏សំខាន់ក្នុងកិច្ចការនេះ ។ ប្អូនៗអាចមានចំណែកដ៏ធំនៅក្នុងកិច្ចការដ៏ធំ ដ៏មហិមា ដ៏មហស្ចារ្យ !
នៅពេលយើងនិយាយអំពីការប្រមូលផ្ដុំ យើងគ្រាន់តែនិយាយអំពីសេចក្ដីពិតជាមូលដ្ឋានគ្រឹះនេះ ៖ គ្រប់បុត្រាបុត្រីរបស់ព្រះវរបិតាសួគ៌របស់យើង នៅទាំងសងខាងនៃវាំងនន សក្ដិសមនឹងស្ដាប់ឮសារលិខិតនៃដំណឹងល្អដែលបានស្ដារឡើងវិញរបស់ព្រះយេស៊ូវគ្រីស្ទ ។ ពួកគេសម្រេចចិត្តដោយខ្លួនឯង បើពួកគេចង់ដឹងបន្ថែម ។
អស់អ្នកដែលមកពីខ្សែស្រឡាយក្នុងពូជអំបូរផ្សេងៗក្នុងវង្សអ៊ីស្រាអែល គឺជាអស់អ្នកដែលទំនងជាមានដួងចិត្តបង្វែរមករកព្រះអម្ចាស់ខ្លាំងបំផុត ។ ទ្រង់មានបន្ទូលថា « ចៀមខ្ញុំទាំងប៉ុន្មានវាស្ដាប់ខ្ញុំ ហើយមកតាមខ្ញុំ ខ្ញុំក៏ស្គាល់វាដែរ » ។៣ អស់អ្នកដែលជាវង្សនៃអ៊ីស្រាអែលនឹងងាយទទួលស្គាល់ព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទជាព្រះអង្គសង្គ្រោះរបស់ពួកគេ ហើយនឹងមានបំណងប្រាថ្នាដើម្បីប្រមូលផ្ដុំមកក្នុងក្រោលនៃទ្រង់ ។ ពួកគេនឹងចង់ក្លាយជាសមាជិកនៃសាសនាចក្ររបស់ទ្រង់ ធ្វើសេចក្ដីសញ្ញាជាមួយទ្រង់ និងព្រះវរបិតាសួគ៌ ហើយទទួលពិធីបរិសុទ្ធដ៏សំខាន់របស់ពួកគេ ។
ព្រះអម្ចាស់មានបន្ទូលប្រាប់ព្យាការី យ៉ូសែប ស៊្មីធថា ឥឡូវ មានន័យថាជំនាន់របស់យើង គឺត្រូវជាម៉ោងទី ១១ ហើយ ហើយជាពេលក្រោយបង្អស់ ដែលយើងនឹងហៅពួកអ្នកធ្វើការឲ្យចូលក្នុងចម្ការទំពាំងបាយជូររបស់យើង ហើយទើបយើងប្រមូលពួកដែលយើងរើសតាំងពីទិសទាំងបួននៃផែនដី ។៤
សំណួររបស់ខ្ញុំនាយប់នេះដល់ប្អូនៗទាំងអស់គ្នាដែលមានវ័យចន្លោះ ១២ ឆ្នាំ ដល់ ១៨ ឆ្នាំ ថា ៖ តើប្អូនៗចង់ចូលរួមចំណែកដ៏ធំមួយនៅក្នុងឧបសគ្គដ៏ធំបំផុត បុព្វហេតុដ៏ធំបំផុត និងកិច្ចការដ៏ធំបំផុតនៅលើផែនដីសព្វថ្ងៃនេះឬទេ ?
តើប្អូនៗចង់ជួយប្រមូលវង្សអ៊ីស្រាអែល អំឡុងថ្ងៃចុងក្រោយដ៏មានតម្លៃនេះឬទេ ? តើប្អូនៗ ដែលជាពួករើសតាំង នឹងយល់ព្រមជួយស្វែងរកពួករើសតាំងដែលពុំទាន់បានស្ដាប់ឮសារលិខិតនៃដំណឹងល្អដែលបានស្ដារឡើងវិញឬទេ ? តើប្អូនៗចង់នៅក្នុងចំណោម « ពួកបម្រើយ៉ាងលឿន » ដែលព្យាការីអេសាយបានថ្លែងដែរឬទេ ?៥
ឥឡូវ ការចូលរួមនៅក្នុងការប្រមូលផ្ដុំនៃវង្សអ៊ីស្រាអែលនឹងតម្រូវឲ្យមានការលះបង់ខ្លះៗពីប្អូនៗ ។ វាអាចនឹងតម្រូវឲ្យមានការផ្លាស់ប្ដូរខ្លះៗនៅក្នុងជីវិតប្អូនៗ ។ វាច្បាស់ជាយកពេលវេលា និងថាមពល និងទេពកោសល្យដែលព្រះបានប្រទានដល់ប្អូនៗខ្លះៗហើយ ។ ប្អូនចាប់អារម្មណ៍ទេ ?
គ្រាន់តែគិតអំពីការរំភើបចិត្ត និងភាពបន្ទាន់ថា ៖ គ្រប់ព្យាការីទាំងអស់ចាប់តាំងពីអ័ដាមមក បានមើលឃើញជំនាន់របស់យើង ។ ហើយព្យាការីគ្រប់រូបបាននិយាយអំពីជំនាន់របស់យើងនៅពេលដែលអ៊ីស្រាអែលនឹងត្រូវបានប្រមូលផ្ដុំ ហើយពិភពលោកនឹងរៀបចំខ្លួនសម្រាប់ការយាងមកជាលើកទីពីររបស់ព្រះអង្គសង្គ្រោះ ។ ចូរគិតពីចំណុចនេះ ! ក្នុងចំណោមមនុស្សទាំងអស់ដែលធ្លាប់រស់នៅលើផែនដីនេះ ពួកយើងគឺជាមនុស្សដែលបានចូលរួមនៅក្នុងព្រឹត្តការណ៍នៃការប្រមូលផ្ដុំដ៏អស្ចារ្យចុងក្រោយនេះ ។ ឱនោះជារឿងរំភើបណាស់ !
ព្រះវរបិតាសួគ៌របស់យើងបានរក្សាទុកវិញ្ញាណដ៏អស្ចារ្យៗបំផុតជាច្រើន—ប្រហែលជាខ្ញុំអាចនិយាយថាជាក្រុមដ៏ល្អបំផុតរបស់ទ្រង់—សម្រាប់ដំណាក់កាលចុងក្រោយនេះ ។ ពួកវិញ្ញាណដ៏អស្ចារ្យៗ ជាវិរៈបុរសទាំងនោះ—អ្នកដែលសំខាន់បំផុតទាំងនោះ—គឺជាប្អូនៗ !
ខ្ញុំថ្លែងទីបន្ទាល់ថាការប្រមូលផ្ដុំនោះ គឺជាពេលឥឡូវនេះ ហើយវាគឺជាការពិត ។ នៅឆ្នាំដែលខ្ញុំកើតមក សមាជិកភាពនៃសាសនាចក្រមានសរុបតិចជាង ៦០០,០០០ នាក់ ហើយពុំមានសមាជិកនៅក្នុងអាមេរិកខាងត្បូងទេ ។ សព្វថ្ងៃនេះ មានសមាជិកច្រើនជាង ១៦ លាននាក់នៅទូទាំងពិភពលោក ដែលមានសមាជិកជិត ៣ លាននាក់នៅក្នុងអាមេរិកខាងត្បូង ។
ខ្ញុំសូមប្រាប់បងប្អូនអំពីបទពិសោធន៍មួយដែលខ្ញុំមាននៅឆ្នាំ ១៩៧៩ ។ ខ្ញុំបម្រើជាប្រធានសាលាថ្ងៃអាទិត្យទូទៅ ។ ខ្ញុំត្រូវបានអញ្ជើញឲ្យចូលរួមការប្រជុំមួយរបស់ថ្នាក់ដឹកនាំសាសនាចក្រ ដែលប្រធាននៃសាសនាចក្រ គឺជាប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល ឡើងនិយាយ ។ លោកបានសុំឲ្យយើងអធិស្ឋានសុំឲ្យច្រកទ្វារនៃជាតិសាសន៍ទាំងឡាយនឹងបើកឡើងដើម្បីឲ្យដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទអាចត្រូវបាននាំទៅកាន់មនុស្សទាំងអស់នៅលើផែនដី ។ លោកបានប្រាប់ជាពិសេសអំពីប្រទេសចិន ហើយបានសុំឲ្យយើងអធិស្ឋានឲ្យប្រជាជនចិន ។ លោកក៏បានមានប្រសាសន៍ថា « យើងគួរតែបម្រើដល់ប្រជាជនចិន ។ យើងគួរតែរៀនភាសារបស់ពួកគេ ។ យើងគួរតែអធិស្ឋានឲ្យពួកគេ ហើយជួយពួកគេ › » ។
ខ្ញុំបានត្រឡប់ទៅផ្ទះវិញជាមួយភរិយារបស់ខ្ញុំ ដាន់ស្សែល ( ដែលបានទទួលមរណភាពទៅជាង ១៣ ឆ្នាំកន្លងទៅ ) រួចបាននិយាយទៅនាងថា « ប្រធានឃឹមបឹល សុំឲ្យយើងនៅក្នុងការប្រជុំនោះរៀនភាសាចិន ! ហើយខ្ញុំពុំបានស្ដាប់ឮលោកប្រាប់ថា ‹ មនុស្សគ្រប់គ្នាត្រូវរៀន លើកលែងតែប្អូនប្រុសណិលសុននោះទេ ! › ដូច្នេះ តើអូនព្រមរៀនភាសាចិនកុកងឺជាមួយបងទេ ? » ប្រាកដណាស់ គាត់យល់ព្រម ហើយយើងមានគ្រូបង្រៀនចិនកុកងឺនៅផ្ទះ ។
រយៈពេលប្រាំមួយសប្ដាហ៍ បន្ទាប់ពីប្រធានឃឹមបឹលថ្លែង ខ្ញុំបានចូលរួមការប្រជុំជាប្រចាំឆ្នាំនៅក្នុងសហគមន៍អាមេរិកកាំងសម្រាប់ការវះកាត់ត្រង់ផ្នែកប្រអប់ទ្រូង ។ វាធ្វើឡើងនៅក្នុងទីក្រុង បូស្ដុន រដ្ឋ ម៉ាស្សាឈុសសិត ។ នៅព្រឹកនោះ ខ្ញុំបានអធិស្ឋាននៅក្នុងបន្ទប់សណ្ឋាគារខ្ញុំសម្រាប់ប្រជាជនចិន ដូចដែលប្រធាន ឃឹមបឹលបានស្នើសុំ ។ ខ្ញុំបានចេញទៅចូលរួមការប្រជុំទីមួយក្នុងថ្ងៃនោះ ហើយខ្ញុំតែងតែអង្គុយក្នុងការប្រជុំវិជ្ជាជីវៈទាំងនេះ—នៅជួរមុខគេក្នុងបន្ទប់ ។ នៅពេលការប្រជុំចាប់ផ្ដើម ទោះជាយ៉ាងណា ខ្ញុំបានមានអារម្មណ៍ពុំសុខស្រួលខ្លាំងឡើងៗនៅត្រង់កន្លែងកៅអីរបស់ខ្ញុំ ។ នៅពេលភ្លើងបានបន្ថយពន្លឺដើម្បីបញ្ចាំងស្លាយ ខ្ញុំបានក្រោកដើរចេញពីកៅអីរបស់ខ្ញុំដោយស្ងាត់ៗទៅអង្គុយនៅកៅអីខាងក្រោយ—ដែលជាធម្មតា ខ្ញុំពុំដែលអង្គុយទេ ។ នៅពេលបើកភ្លើងឡើងវិញ ខ្ញុំបានឃើញថា ខ្ញុំទៅអង្គុយជិតនឹងវេជ្ជបណ្ឌិតចិនម្នាក់ ។ គាត់បានណែនាំខ្លួនប្រាប់ថាគាត់ជាសាស្ត្រាចារ្យ វ៉ូ យីង ខៃ មកពីទីក្រុងបេកាំង ប្រទសចិន !
បន្ទាប់ពីការសន្ទនាដ៏រីករាយជាមួយលោក ខ្ញុំបានសូមអញ្ជើញលោកឲ្យមកលេងទីក្រុងសលត៍ លេក ហើយថ្លែងសុន្ទរកថានៅសាកលវិទ្យាល័យនៃសាលាពេទ្យរដ្ឋយូថាហ៍ ។ លោកបានទទួលយកដោយរីករាយ ហើយបានធ្វើកិច្ចការយ៉ាងល្អអស្ចារ្យ ។ បន្ទាប់មកគាត់ត្រឡប់ទៅប្រទេសចិនវិញ ។
ពុំយូរប៉ុន្មានបន្ទាប់មក លោកបានអញ្ជើញខ្ញុំឲ្យទៅលេងក្នុងនាមជាសាស្ត្រាចារ្យផ្នែកវះកាត់ទៅទស្សនានៅសាកលវិទ្យាល័យ សានដុង នៅទីក្រុង ជីនណាន ប្រទេសចិន ។ រឿងនេះបាននាំឲ្យមានការអញ្ជើញជាបន្ដបន្ទាប់ដល់ខ្ញុំឲ្យបម្រើជាសាស្ត្រាចារ្យទៅទស្សនានៅសាកលវិទ្យាល័យពីរបន្ថែមទៀតនៅក្នុងប្រទេសចិន ។
បទពិសោធន៍ខាងវិជ្ជាជីវៈដ៏អស្ចារ្យទាំងនេះ—ពីមុនខ្ញុំត្រូវបានហៅជាសាវក—គឺអស្ចារ្យបំផុតនៅពេលខ្ញុំត្រូវបានសុំដោយគ្រូពេទ្យវះកាត់ជនជាតិចិនឲ្យធ្វើការវះកាត់បេះដូងដើម្បីសង្គ្រោះជីវិតរបស់តារាសម្ដែងអូប៉េរ៉ាដ៏ល្អឈ្មោះបំផុតរបស់ពួកគេ ។ នៅទីនោះខ្ញុំបានធ្វើការវះកាត់ ហើយមានអំណរគុណដែលការវះកាត់ធ្វើឡើងដោយជោគជ័យ ។ ជាគាប់ជួន នោះគឺជាការវះកាត់ចុងក្រោយគេក្នុងជីវិតវិជ្ជាជីវៈរបស់ខ្ញុំ ។
អស់រយៈពេលជិត ៤០ ឆ្នាំហើយមកដល់ឥឡូវនេះ ខ្ញុំបានអធិស្ឋានសម្រាប់ប្រជាជនចិន ។ ខ្ញុំរីករាយនៅក្នុងការទំនាក់ទំនងជាមួយនឹងសហការីវេជ្ជសាស្ត្រ និងមិត្តជាទីស្រឡាញ់ផ្សេងៗទៀតនៅក្នុងប្រទេសចិន ។ នោះជាអំណរមួយចំពោះខ្ញុំ ដែលត្រូវបានទទួលចាត់តាំងជាផ្លូវការថាជា « មិត្តចាស់របស់ប្រទេសចិន » ។
វាជាទីបន្ទាល់របស់ខ្ញុំថា នៅពេលយើងធ្វើតាមអ្វីក៏ដោយដែលព្យាការីរបស់ព្រះបានសុំឲ្យយើងធ្វើ នោះផ្លូវនឹងបើកឡើង ហើយជីវិតជាច្រើននឹងមានការផ្លាស់ប្ដូរ ។
ឥឡូវ ខ្ញុំសង្ឃឹមថាប្អូនៗកំពុងសួរខ្លួនឯងថា « ក្នុងនាមជាយុវវ័យ តើខ្ញុំអាចធ្វើអ្វីខ្លះដើម្បីជួយប្រមូលផ្ដុំវង្សអ៊ីស្រាអែល ? » មែនហើយ ស៊ិស្ទើរ ណិលសុន និងខ្ញុំសួរសំណួរដូចនោះ និងសំណួរមួយចំនួនទៀត ទៅកាន់ក្រុមយុវវ័យចាប់ពីអាយុ ១២ ឆ្នាំ ដល់ ១៨ ឆ្នាំ ជាច្រើនដែលនៅទីនេះនាយប់នេះ ។
ទីមួយពួកយើងបានសួរថា « តើការប្រមូលផ្ដុំនៃវង្សអ៊ីស្រាអែល គឺជាអ្វី ? ហើយតើវាមានន័យយ៉ាងណាចំពោះប្អូនៗ ? ចម្លើយរបស់ពួកគេមានផ្សេងៗគ្នា ប៉ុន្តែបានចង្អុលបង្ហាញជាចម្បងថា ពួកគេពុំប្រាកដថាវាជាអ្វីនោះទេ ។ នាយប់នេះ ពួកយើងចង់ឲ្យប្អូនៗស្គាល់ថា ការប្រមូលផ្ដុំនៃវង្សអ៊ីស្រាអែល មានន័យថា ការផ្ដល់ដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទទៅឲ្យបុត្រាបុត្រីរបស់ព្រះនៅទាំងសង្ខាងនៃវាំងនន ដែលពុំទាន់បានធ្វើសេចក្ដីសញ្ញាសំខាន់ជាមួយព្រះ ឬពុំបានទទួលពិធីបរិសុទ្ធចាំបាច់របស់ពួកគេ ។
បុត្រគ្រប់រូបរបស់ព្រះវរបិតាសួគ៌ សក្ដិសមនឹងទទួលបានឱកាសដើម្បីជ្រើសរើសធ្វើតាមព្រះយេស៊ូវគ្រីស្ទ ដើម្បីទទួលយក ហើយទទួលដំណឹងល្អរបស់ទ្រង់ព្រមជាមួយនឹងពរជ័យទាំងឡាយ—មែនហើយ គ្រប់ពរជ័យដែលព្រះបានសន្យាដល់ខ្សែស្រឡាយនៃអ័ប្រាហាំ អ៊ីសាក និងយ៉ាកុប ដែលប្អូនៗបានស្គាល់ថាជាអ៊ីស្រាអែលនោះ ។
យុវវ័យដ៏អស្ចារ្យជាទីស្រឡាញ់របស់ខ្ញុំអើយ—ប្អូនៗត្រូវបានបញ្ជូនមកកាន់ផែនដីនៅគ្រាដ៏ជាក់នេះ គ្រាដ៏សំខាន់ក្នុងប្រវត្តិសាស្ត្រនៃពិភពលោក ដើម្បីជួយប្រមូលវង្សអ៊ីស្រាអែល ! គ្មានអ្វីកើតឡើងនៅលើផែនដីនេះក្នុងពេលនេះ ដែលសំខាន់ជាងកិច្ចនេះទេ ។ គ្មានអ្វីដែលសារៈសំខាន់ខ្លាំងជាងនោះទេ ។ គ្មានទាល់តែសោះ ។
ការប្រមូលផ្ដុំនេះ គួរតែមានអត្ថន័យទាំងស្រុងចំពោះប្អូនៗ ។ នេះគឺជាបេសកកម្មដែលប្អូនៗត្រូវបានបញ្ជូនមកផែនដី ។
ដូច្នេះ សំណួររបស់ខ្ញុំចំពោះប្អូនគឺថា « តើប្អូនៗយល់ព្រមចូលបម្រើក្នុងកងទ័ពយុវវ័យរបស់ព្រះអម្ចាស់ដើម្បីជួយប្រមូលវង្សអ៊ីស្រាអែលឬទេ ? » សូមគិតអំពីរឿងនេះ ។ កុំទាន់ឆ្លើយវាឡើយ ។
ចូរត្រឡប់ទៅសំណួរផ្សេងទៀតដែល ស៊ិស្ទើរ ណិលសុន និងខ្ញុំបានសួរដល់មិត្តវ័យក្មេងរបស់យើង ។ ពួកយើងសួរថា « បើព្យាការីអញ្ជើញគ្រប់មនុស្សអាយុ ១២ ឆ្នាំ ដល់ ១៨ ឆ្នាំនៅក្នុងសាសនាចក្រឲ្យចូលជួយប្រមូលវង្សអ៊ីស្រាអែល តើប្អូនៗនឹងយល់ព្រមធ្វើតាមឬទេ ? »
យុវវ័យបានឆ្លើយតបដោយមតិបំផុសគំនិតដូច្នេះថា « បើព្យាការីបានអញ្ជើញពួកយើងឲ្យចូលទៅជួយប្រមូលវង្សអ៊ីស្រាអែល នោះខ្ញុំនឹងចូលរួមទាំងស្រុងនៅក្នុងកិច្ចការនោះ » ។ ជាពាក្យម្យ៉ាងទៀតថា « ខ្ញុំនឹងបោះចោលអ្វីៗដែលខ្ញុំកំពុងធ្វើ ហើយទៅជួយ ! » មួយទៀតថា ៖ « ខ្ញុំនឹងធ្វើ ហើយធ្វើនូវអ្វីៗដែលលោកសុំឲ្យខ្ញុំទៅធ្វើ ដោយសារព្យាការីគឺជាអ្នកផ្សាយមកពីព្រះ » ។
ចម្លើយរបស់ពួកគេរួមមាន ៖ « ខ្ញុំនឹងចង់ធ្វើកិច្ចការពង្សប្រវត្តិកាន់តែច្រើន ។ ខ្ញុំនឹងបើកចិត្ត ហើយធ្វើការខិតខំកាន់តែខ្លាំងដើម្បីនិយាយនឹងអ្នកដទៃអំពីដំណឹងល្អ ។ ខ្ញុំនឹងធ្វើជាគំរូល្អនៅក្នុងការបង្ហាញចរិតលក្ខណៈដូចព្រះគ្រីស្ទ ។ ខ្ញុំនឹងធ្វើបុណ្យជ្រមុជទឹកសម្រាប់មរណជនឲ្យកាន់តែច្រើន ផ្លាស់ប្ដូរការគិតអំពីរបៀបរស់នៅក្នុងជីវិតខ្ញុំ និងជម្រើសដែលខ្ញុំធ្វើ ធ្វើដំណើរទៅគ្រប់ទីកន្លែងដែលលោកត្រូវការឲ្យខ្ញុំទៅ រៀនភាសាថ្មី ជួបមនុស្សមុខថ្មីៗ ឲ្យព្រះគម្ពីរមរមនរបស់ខ្ញុំទៅអស់អ្នកដែលពុំដែលធ្លាប់អានខ្ចី ។ ហើយខ្ញុំនឹងធ្វើជាមនុស្សចិត្តល្អបំផុតតាមដែលខ្ញុំអាចធ្វើទៅបាន » ។
ពួកយើងក៏បានសួរដល់យុវវ័យទាំងនេះថាតើពួកគេនឹងមានឆន្ទៈលះបង់អ្វីខ្លះ ដើម្បីពួកគេអាចជួយប្រមូលវង្សអ៊ីស្រាអែល ។ ជាថ្មីម្ដងទៀត យុវវ័យធ្វើឲ្យយើងរីករាយយ៉ាងខ្លាំង ។ ពួកគេបានតបថា ៖ « ខ្ញុំនឹងចំណាយពេលកាន់តែតិចនៅក្នុងកីឡា ដើម្បីខ្ញុំអាចជួយមនុស្សម្នាក់ដែលត្រូវការសេចក្ដីពិត ។ ខ្ញុំនឹងលះបង់ពេលទៅដើរលេងនឹងមិត្តភក្ដិ ហើយអញ្ជើញពួកគេឲ្យមកព្រះវិហារបរិសុទ្ធវិញ ។ ខ្ញុំនឹងឈប់ចំណាយពេលទៅលើទូរសព្ទ ។ ខ្ញុំនឹងបោះបង់ពេលអូសមើលព័ត៌មានលើអេក្រង់ទូរសព្ទ ។ ខ្ញុំនឹង [ថែមទាំង] យល់ព្រមលះបង់ពេលដេកថ្ងៃនៅថ្ងៃអាទិត្យរបស់ខ្ញុំ ។
ពួកយើងបានសួរថា « បើប្អូនៗចង់ចូលជួយប្រមូលវង្សអ៊ីស្រាអែល តើប្អូនៗចង់ចាប់ផ្ដើម ឬចង់ឈប់ធ្វើអ្វីខ្លះ ? » ពួកគេបានឆ្លើយដោយចម្លើយដូច្នេះ « ខ្ញុំនឹងសិក្សាគម្ពីរកាន់តែច្រើន និងដោយមានចេតនាកាន់តែខ្លាំង ដើម្បីខ្ញុំអាចឆ្លើយសំណួរមនុស្សដែលនឹងសួរមកខ្ញុំ ។ ខ្ញុំនឹងចំណាយពេលតិចមើលប្រព័ន្ធផ្សព្វផ្សាយសង្គម កាន់តែចូលរួមក្នុងកិច្ចការសាមញ្ញៗនៃកិច្ចការផ្សាយសាសនារបស់សមាជិក រួមទាំងការធ្វើការបម្រើជាប្រចាំ ។ ខ្ញុំនឹងចំណាយពេលតិចមើលទូរសព្ទ ហើយនៅពេលខ្ញុំប្រើទូរសព្ទ ខ្ញុំបង្ហោះខគម្ពីរ ឬសារលិខិតខាងវិញ្ញាណដទៃទៀតនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ។ ខ្ញុំនឹងសិក្សាសុន្ទរកថាសន្និសីទទូទៅដោយសារវាសំខាន់ខ្លាំង ។ ខ្ញុំនឹងបរិភោគអាហារដែលមានសុខភាពល្អដើម្បីខ្ញុំអាចមានសុខភាពរឹងមាំ ។ ខ្ញុំនឹងឈប់គិតអ្វីៗតែពីខ្លួនឯងទៀតហើយ » ។ បងប្អូនប្រុសស្រី សូមអរគុណចំពោះចម្លើយចំពោះសំណួររបស់ពួកយើង ។
ចូរគិតពីរឿងនេះ បងប្អូនប្រុសស្រីជាទីស្រឡាញ់របស់ខ្ញុំ ឥឡូវខ្ញុំកំពុងរៀបចំសម្រាប់ថ្ងៃដែលខ្ញុំនឹងតម្រូវឲ្យរាយការណ៍ទៅព្យាការី យ៉ូសែប ស៊្មីធ ប្រធាន ព្រិកហាំ យ៉ង់ និងអ្នកដទៃទៀត—និងទីបំផុតចំពោះព្រះ—អំពីកិច្ចការរបស់ខ្ញុំក្នុងនាមជាព្យាការីរបស់ព្រះនៅលើផែនដីសព្វថ្ងៃនេះ ។ ខ្ញុំមិនចង់ត្រូវពួកគាត់សួរថា « ប្អូនប្រុស ណិលសុន ហេតុអ្វីក៏ប្អូនពុំនិយាយឲ្យកាន់តែច្បាស់ជាមួយនឹងយុវវ័យអំពីចំណែករបស់ពួកគេនៅក្នុងការប្រមូលវង្សអ៊ីស្រាអែលដូច្នេះ ? ហេតុអ្វីក៏ប្អូនមិននិយាយឲ្យចំៗអំពីការចូលរួមបម្រើរបស់ពួកគេ ?
ដូច្នេះ ឥឡូវនេះ ខ្ញុំកំពុងអញ្ជើញយុវនារី និងយុវជនគ្រប់រូបនៅចន្លោះវ័យ ១២ ឆ្នាំ និង ១៨ ឆ្នាំ នៅក្នុងសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយឲ្យចូលបម្រើក្នុងកងទ័ពយុវវ័យរបស់ព្រះអម្ចាស់ដើម្បីជួយប្រមូលវង្សអ៊ីស្រាអែល ។
តើអ្វីនឹងជួយប្អូន ? នៅពេលប្អូនៗបន្ដអានព្រះគម្ពីរមរមនប្រចាំថ្ងៃ ប្អូនៗនឹងរៀនគោលលទ្ធិនៃការប្រមូលផ្ដុំ៦សេចក្ដីពិតអំពីព្រះយេស៊ូវគ្រីស្ទ ដង្វាយធួនរបស់ទ្រង់ និងភាពពេញលេញនៃដំណឹងល្អរបស់ទ្រង់ ដែលរកពុំមាននៅក្នុងព្រះគម្ពីរបរិសុទ្ធ ។ ព្រះគម្ពីរមរមនគឺជាចំនុចសំខាន់ដើម្បីប្រមូលផ្ដុំវង្សអ៉ីស្រាអែល ។៧ តាមពិត បើគ្មានព្រះគម្ពីរមរមនទេ នោះការប្រមូលផ្ដុំនៃវង្សអ៉ីស្រាអែលដែលបានសន្យាទុកក៏មិនកើតមានឡើងដែរ ។
ហើយឥឡូវ ខ្ញុំសូមអញ្ជើញប្អូនៗឲ្យរៀបចំខ្លួនដើម្បីធ្វើរឿងប្រាំយ៉ាងទៀត—ជារឿងប្រាំយ៉ាងដែលនឹងផ្លាស់ប្ដូរប្អូនៗ ហើយជួយប្អូនៗផ្លាស់ប្ដូរពិភពលោក ៖
ទីមួយ ខ្ញុំអញ្ជើញឲ្យប្អូនៗដកខ្លួនពីការពឹងផ្អែកទៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមយ៉ាងខ្ជាប់ខ្ជួនចេញ ដើម្បីកាត់បន្ថយឥទ្ធិពលខាងលោកិយរបស់វាមកលើប្អូនៗ ។
ខ្ញុំសូមប្រាប់ប្អូនៗអំពីយុវជនម្នាក់ដែលមានវ័យស្របាលប្អូនៗ ដែលជាចៅប្រុសមិត្តរបស់ខ្ញុំ ។ គាត់មានប្រជាប្រិយភាពជាមួយមិត្តរបស់គាត់ ហើយជាអ្នកដឹកនាំនៅក្នុងវិទ្យាល័យរបស់គាត់ ។ ថ្មីៗនេះ ឪពុកម្ដាយរបស់គាត់បានរកឃើញមានអ្វីជាច្រើននៅក្នុងទូរសព្ទដៃរបស់គាត់ដែលពុំសមរម្យសម្រាប់អ្នកដើរតាមព្រះយេស៊ូវគ្រីស្ទមាន ។ ពួកគាត់បានទទូចឲ្យកូនប្រុសដកខ្លួនចេញពីប្រព័ន្ធផ្សព្វផ្សាយមួយរយៈ ។ ពួកគាត់បានប្ដូរទូរសព្ទដៃរបស់គាត់មកជាទូរសព្ទដៃបត់វិញ ហើយគាត់ភ័យជាខ្លាំង ។ តើគាត់នឹងទំនាក់ទំនងនឹងមិត្តរបស់គាត់យ៉ាងដូចម្ដេច ?
ពីដំបូង គាត់ខឹងយ៉ាងខ្លាំងនឹងឪពុកម្ដាយរបស់គាត់ ប៉ុន្តែបន្ទាប់ពីពីរបីថ្ងៃមក គាត់បានអរគុណពួកគាត់ចំពោះការដកទូរសព្ទដៃរបស់គាត់ចេញ ។ គាត់និយាយថា « ខ្ញុំមានអារម្មណ៍ថាមានសេរីភាពជាលើកទីមួយក្នុងរយៈពេលជាយូរមកនេះ » ។ ឥឡូវ គាត់ទូរសព្ទទៅមិត្តរបស់គាត់តាមទូរសព្ទបត់របស់គាត់ ដើម្បីទំនាក់ទំនងនឹងពួកគេ ។ តាមពិតគាត់និយាយនឹងពួកគេ ជំនួសឲ្យការផ្ញើរសារជានិច្ចនោះវិញ !
តើមានអ្វីផ្សេងទៀតដែលបានផ្លាស់ប្ដូរនៅក្នុងជីវិតយុវជនរូបនេះ ? គាត់បាននិយាយថា ឥឡូវគាត់ចូលចិត្តសេរីភាពពីជីវិតក្លែងក្លាយដែលប្រព័ន្ធផ្សព្វផ្សាយសង្គមបានបង្កើតឲ្យ ។ គាត់បានចូលរួមក្នុងជីវិតយ៉ាងសកម្មវិញ ជំនួសឲ្យការផ្ដោតតែទៅលើទូរសព្ទរបស់គាត់គ្រប់ពេល ។ គាត់បានចូលរួមនៅក្នុងសកម្មភាពកំសាន្ដនៅក្រៅផ្ទះជំនួសឲ្យការលេងល្បែងវីដេអូ ។ គាត់វិជ្ជមានច្រើន ហើយចេះជួយនៅក្នុងផ្ទះ ។ គាត់ស្វែងរកឱកាសបម្រើ ។ គាត់ស្ដាប់នៅក្នុងព្រះវិហារបានល្អជាង មានទឹកមុខភ្លឺថ្លាជាង មានភាពសប្បាយរីករាយកាន់តែច្រើន ហើយកំពុងរៀបចំខ្លួនសម្រាប់បេសកកម្មរបស់គាត់យ៉ាងសកម្ម ។ អ្វីៗទាំងអស់នេះគឺដោយសារតែគាត់ដកឃ្លាពីឥទ្ធិពលអវិជ្ជមានរបស់ប្រព័ន្ធផ្សព្វផ្សាយសង្គម ។
ដូច្នេះ ការអញ្ជើញដំបូងរបស់ខ្ញុំចំពោះប្អូនៗនាថ្ងៃនេះ គឺដកខ្លួនពីការពឹងផ្អែកទៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមយ៉ាងខ្ជាប់ខ្ជួនចេញ ដោយតមពុំមើលប្រព័ន្ធផ្សព្វផ្សាយសង្គមរយៈពេលប្រាំពីរថ្ងៃ ។ ខ្ញុំទទួលស្គាល់ថា មានរឿងវិជ្ជមានអំពីប្រព័ន្ធផ្សព្វផ្សាយសង្គម ។ ប៉ុន្តែបើប្អូនៗកំពុងផ្ដោតកាន់តែខ្លាំងទៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ជាងប្អូនៗផ្ដោតទៅលើការខ្សឹបប្រាប់ពីព្រះវិញ្ញាណ នោះប្អូនៗកំពុងដាក់ខ្លួនប្អូនៗទៅក្នុងភាពប្រថុយប្រថានខាងវិញ្ញាណហើយ—ក៏ដូចជាប្រថុយប្រថានក្នុងការជួបនឹងភាពឯកោ និងភាពអស់សង្ឃឹមខ្លាំងផងដែរ ។ បងប្អូន និងខ្ញុំ ស្គាល់យុវវ័យដែលមានឥទ្ធិពលតាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គមដើម្បីធ្វើ និងនិយាយរឿងដែលពួកគេនឹងមិនធ្វើ ឬនិយាយដោយផ្ទាល់ ។ ការចំអកគឺជាឧទាហរណ៍មួយ ។
ផ្នែកអវិជ្ជមាននៃប្រព័ន្ធផ្សព្វផ្សាយសង្គម គឺថាវាបង្កើតជាភាពពិតក្លែងក្លាយមួយ ។ មនុស្សគ្រប់គ្នាបង្ហោះរូបភាពដែលសប្បាយបំផុត ដំណើរផ្សងព្រេង និងរូបភាពរំភើបៗ ដែលបង្កើតជាចំណាប់អារម្មណ៍ខុសឆ្គងថាមនុស្សគ្រប់រូបកំពុងតែមានជីវិតរីករាយ សប្បាយ និងដំណើរផ្សងព្រេង លើកលែងតែរូបប្អូនៗ ។ អ្វីៗជាច្រើនដែលបង្ហាញនៅក្នុងព័ត៌មានប្រព័ន្ធផ្សព្វផ្សាយសង្គមផ្សេងៗរបស់ប្អូនៗ គឺជាការមួលបង្កាច់ បើមិនក្លែងក្លាយទេនោះ ។ ដូច្នេះចូរប្អូនៗសម្រាកពីភាពក្លែងក្លាយចំនួនប្រាំពីរថ្ងៃ ។
សូមជ្រើសរើសប្រាំពីរថ្ងៃជាប់គ្នា ហើយកុំមើលវា ! សូមមើលបើប្អូនៗកត់សម្គាល់ឃើញថាមានភាពខុសប្លែកគ្នាអ្វីខ្លះនៅក្នុងអារម្មណ៍ និងការគិតរបស់ប្អូនៗ សូម្បីតែការគិតរបស់ប្អូនៗ អំឡុងរយៈពេលប្រាំពីរថ្ងៃនេះ ។ បន្ទាប់ពីប្រាំពីរថ្ងៃ សូមកត់សម្គាល់មើលបើសិនជាមានរឿងមួយចំនួនដែលប្អូនៗចង់ឈប់ធ្វើ និងរឿងមួយចំនួនដែលប្អូនៗចង់ចាប់ផ្ដើមធ្វើឥឡូវនេះ ។
ការតមពីប្រព័ន្ធផ្សព្វផ្សាយសង្គមនេះ អាចធ្វើឡើងតែរវាងប្អូនៗ និងព្រះអម្ចាស់ប៉ុណ្ណោះ ។ វានឹងជាទីសម្គាល់របស់ប្អូនៗចំពោះទ្រង់ថា ប្អូនៗមានឆន្ទៈដើម្បីបោះជំហានដើរចេញពីលោកិយដើម្បីចូលបម្រើនៅក្នុងកងទ័ពយុវវ័យរបស់ទ្រង់ ។
ការអញ្ជើញទីពីររបស់ខ្ញុំគឺ ធ្វើការលះបង់ពេលវេលាប្រចាំសប្ដាហ៍ថ្វាយព្រះអម្ចាស់ សម្រាប់រយៈពេលបីសប្ដាហ៍ជាប់គ្នា ដើម្បីទូលប្រាប់ទ្រង់ថា ប្អូនៗចង់ធ្វើជាកងទ័ពយុវវ័យរបស់ទ្រង់—ជាជាងប្អូនៗចង់ធ្វើអ្វីផ្សេងៗទៀត ។ សម្រាប់រយៈពេលបីសប្ដាហ៍ សូមលះបង់អ្វីមួយដែលប្អូនៗចូលចិត្តធ្វើ ហើយប្រើពេលនោះដើម្បីជួយប្រមូលអ៉ីស្រាអែល ។
រាល់ពេលដែលប្អូនៗធ្វើអ្វីមួយដើម្បីជួយនរណាម្នាក់—ទាំងសង្ខាងនៃវាំងនន—បោះជំហានទៅធ្វើសេចក្ដីសញ្ញាជាមួយនឹងព្រះ ហើយទទួលពិធីបរិសុទ្ធនៃបុណ្យជ្រមុជទឹក និងព្រះវិហារបរិសុទ្ធដ៏សំខាន់របស់ពួកគេ នោះប្អូនៗកំពុងជួយប្រមូលអ៉ីស្រាអែល ។ ដូច្នោះវាសាមញ្ញ ។
នៅពេលប្អូនៗអធិស្ឋានអំពីការលះបង់ពេលវេលានេះ ប្អូនៗនឹងត្រូវបានដឹកនាំឲ្យដឹងទាំងអ្វីដែលប្អូនៗអាចលះបង់នៅសប្ដាហ៍នោះ និងអ្វីដែលប្អូនៗអាចធ្វើដើម្បីជួយប្រមូលអ៉ីស្រាអែល ។ ឧទាហរណ៍ អ្នកវាយកូនហ្គោលវ័យក្មេងអាចលះបង់ការលេងហ្គូលពេញម៉ោង មកចំណាយពេលធ្វើបុណ្យជ្រមុជទឹកនៅក្នុងព្រះវិហារបរិសុទ្ធ ។
ការអញ្ជើញទីបីរបស់ខ្ញុំគឺសុំឲ្យប្អូនៗធ្វើការវាយតម្លៃអំពីជីវិតជាមួយនឹងព្រះអម្ចាស់ដោយហ្មត់ចត់ ហើយប្រហែលជាជាមួយនឹងឪពុកម្ដាយ ប៊ីស្សពរបស់ប្អូនៗ ដើម្បីប្រាកដថាជើងរបស់ប្អូនៗជាន់យ៉ាងមុតមាំនៅលើផ្លូវនៃសេចក្ដីសញ្ញា ។ បើប្អូនៗងាកចេញ ឬបើមានអ្វីមួយចំនួនដែលប្អូនៗចាំបាច់ត្រូវបោះបង់ចោល ដើម្បីជួយឲ្យដួងចិត្ត និងគំនិតរបស់ប្អូនៗកាន់តែបរិសុទ្ធ ថ្ងៃនេះគឺជាពេលដ៏ល្អបំផុតដើម្បីផ្លាស់ប្ដូរ ។
បើប្អូនៗពុំប្រាកដអំពីរបៀបប្រែចិត្ត សូមនិយាយនឹងប៊ីស្សពរបស់ប្អូនៗ ឬជាមួយឪពុកម្ដាយរបស់ប្អូនៗ ឬទាំងពីរ ។ ពួកគាត់នឹងជួយប្អូនៗឲ្យយល់អំពីដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ ។ ពួកគាត់នឹងជួយប្អូនៗមានបទពិសោធន៍ក្ដីអំណរដែលជានិច្ចកាលបានមកពីការប្រែចិត្តដ៏ពិតនោះ ។
សូមកុំចេញពីផ្លូវនៃសេចក្ដីសញ្ញាលើសពីមួយនាទីឡើយ ។ ឥឡូវចូរត្រឡប់មកវិញតាមរយៈការកែប្រែចិត្តពិត ។ ពួកយើងត្រូវការប្អូនៗនៅជាមួយយើងនៅក្នុងកងទ័ពយុវវ័យរបស់ព្រះអម្ចាស់នេះ ។ អ្វីៗនឹងមិននៅដដែលទេបើគ្មានប្អូនៗ !
ការអញ្ជើញទីបួនរបស់ខ្ញុំគឺ សូមឲ្យប្អូនៗអធិស្ឋានប្រចាំថ្ងៃដើម្បីឲ្យកូនចៅទាំងអស់របស់ព្រះ អាចទទួលបានពរជ័យនៃដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ ។ ប្អូនៗនឹងខ្ញុំកំពុងរស់នៅដើម្បីមើលឃើញ ហើយនឹងបន្ដមើលឃើញ អ៉ីស្រាអែលត្រូវបានប្រមូលផ្ដុំដោយអំណាចដ៏អស្ចារ្យ ។ ហើយប្អូនៗនឹងមានចំណែកក្នុងអំណាចនៃការប្រមូលផ្ដុំនោះ !
ការអញ្ជើញទីប្រាំរបស់ខ្ញុំ គឺសូមឲ្យប្អូនៗលេចធ្លោឡើង ហើយខុសប្លែកពីលោកិយ ។ ប្អូនៗ និងខ្ញុំដឹងថា ប្អូនៗគឺជាពន្លឺចំពោះលោកិយ ។ ហេតុដូច្នោះហើយ ព្រះអម្ចាស់ត្រូវការបងប្អូនឲ្យមើល និយាយ ធ្វើសកម្មភាព និងស្លៀកពាក់ដូចជាពួកសិស្សពិតនៃព្រះយេស៊ូវគ្រីស្ទ ។ បាទ ប្អូនៗកំពុងរស់នៅក្នុងលោកិយ ប៉ុន្តែប្អូនៗមានបទដ្ឋានខុសប្លែកខ្លាំងពីលោកិយដើម្បីជួយប្អូនៗចៀសវាងពីការប្រឡាក់ខាងលោកិយ ។
ដោយមានព្រះវិញ្ញាណបរិសុទ្ធជាដៃគូ នោះប្អូនៗអាចមើលភាពត្រឹមត្រូវនៅក្នុងវប្បធម៌ល្បីល្បាញដែលបានវាយមកលើសង្គមរបស់យើង ។ ប្អូនៗអាចឈ្លាសវៃជាងជំនាន់មុនៗ ។ ហើយបើប្អូនៗត្រូវបានគេហៅថា « ចម្លែក » សូមពាក់ស្លាកនេះជាការគោរព និងរីករាយដែលពន្លឺរបស់ប្អូនៗកំពុងបញ្ចាំងយ៉ាងភ្លឺនៅក្នុងពិភពលោកដ៏ងងឹតនេះ !
ចូរបង្កើតបទដ្ឋានមួយសម្រាប់លោកិយទាំងមូល ! ចូរក្រសោបយកភាពខុសប្លែកនោះ ! កូនសៀវភៅដែលមានចំណងជើងថា ដើម្បីកម្លាំងនៃយុវជន គួរតែជាបទដ្ឋានរបស់ប្អូនៗ ។ វាគឺជាបទដ្ឋានដែលព្រះអម្ចាស់រំពឹងឲ្យយុវវ័យរបស់ទ្រង់ទាំងអស់លើកវាឡើង ។ ឥឡូវក្នុងនាមជាអ្នកបម្រើដោយរាបសាររបស់ទ្រង់ ខ្ញុំសូមអង្វរឲ្យប្អូនៗសិក្សាកូនសៀវវភៅនេះម្ដងទៀត ។ សូមអានប្រកបដោយការអធិស្ឋានដូចជាប្អូនៗពុំធ្លាប់បានអានពីមុនមក ។ សូមគូសចំណាំវា ។ និយាយអំពីវា ។ ពិភាក្សាអំពីបទដ្ឋានជាមួយនឹងមិត្តភក្ដិរបស់ប្អូនៗ ។ ចូរសម្រេចចិត្តពីរបៀបដែលប្អូនៗអាចរស់នៅតាមបទដ្ឋានទាំងនេះ ជាបទដ្ឋានរបស់ប្អូនៗឲ្យកាន់តែហ្មត់ចត់ ។
ប្អូនៗមានកូនសៀវភៅមួយក្បាលផ្ទាល់ខ្លួន ។ ដូច្នេះនៅយប់នេះ ចុងបញ្ចប់នៃការប្រជុំនេះ បើប្អូនៗសម្រេចចិត្តចូលបម្រើទ័ពនេះ សូមទទួលយកកូនសៀវភៅ ដើម្បីកម្លាំងនៃយុវជន ហើយផ្ដល់កូនសៀវភៅថ្មីនេះទៅឲ្យមិត្តម្នាក់ដែលអាចនឹងពុំស្គាល់ពីបទដ្ឋានរបស់ប្អូនៗ ឬដែលពុំបានរស់នៅតាម ។
សូមអធិស្ឋានអំពីមនុស្សដែលត្រូវការកូនសៀវភៅនេះ ។ ប្អូនៗនឹងត្រូវបានដឹកនាំ ។ ហើយវានឹងជារឿងដ៏រំភើបចិត្ត ។
ឥឡូវ ខ្ញុំសូមសង្ខេបដោយរំឭកអំពីការអញ្ជើញទាំងប្រាំចំណុចរបស់ខ្ញុំដល់ប្អូនៗដើម្បីចូលបម្រើក្នុងកងទ័ពយុវវ័យរបស់ព្រះអម្ចាស់ ជួយប្រមូលផ្ដុំអ៉ីស្រាអែល ៖
-
តមកុំមើលប្រព័ន្ធផ្សព្វផ្សាយសង្គមរយៈពេលប្រាំពីរថ្ងៃ ។
-
ធ្វើការលះបង់ពេលវេលាមួយប្រចាំសប្ដាហ៍ថ្វាយព្រះអម្ចាស់សម្រាប់រយៈពេលបីសប្ដាហ៍ ។
-
ចូរបន្តនៅលើផ្លូវនៃសេចក្តីសញ្ញា ។ បើប្អូនៗចេញពីផ្លូវ ចូរប្រែចិត្ត ហើយត្រឡប់មកដើរលើផ្លូវវិញ ។
-
សូមអធិស្ឋានប្រចាំថ្ងៃដើម្បីឲ្យបុត្រាបុត្រីទាំងអស់របស់ព្រះអាចទទួលបានពរជ័យនៃដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ ។
-
ចូរលេចធ្លោឡើង ។ ចូរមានភាពខុសប្លែកពីគេ ។ ចូរធ្វើជាពន្លឺ ។ ផ្ដល់កូនសៀវភៅ ដើម្បីកម្លាំងនៃយុវជន មួយក្បាលដល់មិត្តម្នាក់ ។
ប្អូនៗប្រុសស្រីវ័យក្មេងជាទីស្រឡាញ់របស់ខ្ញុំអើយ សូមឲ្យប្អូនៗគឺជាមនុស្សល្អបំផុតដែលព្រះអម្ចាស់បានបញ្ជូនមកកាន់លោកិយនេះ ។ ប្អូនៗមានសមត្ថភាពដើម្បីកាន់តែឆ្លាត និងកាន់តែឈ្លាសវៃ ហើយមានឥទ្ធិពលទៅលើពិភពលោកជាងជំនាន់មុនៗ !
នៅពេលខ្ញុំបញ្ចប់ ខ្ញុំសូមអញ្ជើញប្អូនៗឲ្យចែកចាយជាមួយនឹងយុវវ័យមកពីជុំវិញពិភពលោក ហើយមានបទពិសោធន៍រីករាយដែលធ្វើជាសមាជិកនៃកងទ័ពយុវវ័យរបស់ព្រះអម្ចាស់នៅក្នុងកងទ័ពរបស់ស៉ីយ៉ូនតាមរយៈការច្រៀងទំនុកតម្កើងបិទរបស់យើង « សង្ឃឹមអ៉ីស្រាអែល » ដោយសារទំនុកតម្កើងនេះនិយាយអំពីប្អូនៗទាំងអស់គ្នា ។
ដោយអស់ពីដួងព្រលឹងរបស់ខ្ញុំ ខ្ញុំសូមថ្លែងទីបន្ទាល់ថា នេះគឺជាកិច្ចការនៃព្រះដ៏មានមហិទ្ធិឬទ្ធិ ។ ទ្រង់មានព្រះជន្មរស់ ។ ព្រះយេស៊ូវជាព្រះគ្រីស្ទ ។ នេះគឺជាសាសនាចក្ររបស់ទ្រង់ ដែលបានស្ដារឡើងវិញដើម្បីសម្រេចនូវជោគវាសនាដ៏ទេវភាព រួមទាំងការប្រមូលសាសន៍អ៉ីស្រាអែលដូចបានសន្យា ។
ប្អូនៗគឺជាសង្ឃឹមអ៉ីស្រាអែល « ជាបុត្រាបុត្រីនៃជំនាន់ដែលបានសន្យា » !៨ ខ្ញុំថ្លែងទីបន្ទាល់ដូច្នោះ ក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។