ឆ្នាំ​២០២២
លោក​អយ្យកោ ៖ តើ​ពួកលោក​ជានរណា និង​ហេតុអ្វី​វា​សំខាន់
ខែកុម្ភៈ ឆ្នាំ២០២២


« លោក​អយ្យកោ ៖ តើ​ពួកលោក​ជានរណា និង​ហេតុអ្វី​វា​សំខាន់ » ដើម្បី​កម្លាំង​នៃ​យុវជន ខែ កុម្ភៈ ឆ្នាំ ២០២២ ។

សារលិខិត ដើម្បី​កម្លាំង​នៃ​យុវវ័យ​ប្រចាំ​ខែ កុម្ភៈ ឆ្នាំ ២០២២

លោកុប្បត្តិ ១១–៥០

លោក​អយ្យកោ

តើ​ពួកលោក​ជានរណា និង​ហេតុអ្វី​វា​សំខាន់

ប្រហែល​ជា​អ្នក​ធ្លាប់​ឮ​ពី​ឈ្មោះ អ័ប្រាហាំ, អ៊ីសាក និង យ៉ាកុប ជារឿយៗ យើង​អាន​អំពី​ពួក​លោក​នៅ​ក្នុង​ព្រះគម្ពីរ​មរមន ហើយ​នឹង​ស្ដាប់ឮ​កាន់តែ​ច្បាស់​អំពី​ពួក​លោក ពេល​អ្នក​សិក្សា​ព្រះគម្ពីរ​សញ្ញា​ចាស់​នៅ​ឆ្នាំ​នេះ ។ ដោយ​មាន​ការ​ផ្ដោត​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​ទៅ​លើ​ពួកលោក នោះ​ពួកលោក​ប្រាកដ​ជាមនុស្ស​សំខាន់​ហើយ​មែនទេ ? ប៉ុន្តែ​អ្នក​ប្រហែល​ជា​សួរ​ខ្លួន​ឯង​ថា « ហេតុអ្វី​បុរស​ទាំងបី​រូប​នេះ​ដែល​បាន​រស់នៅ​កាល​ពី​រាប់ពាន់​ឆ្នាំ​មុន​សំខាន់​នៅ​សព្វថ្ងៃ​នេះ ? មែនហើយ គន្លឹះ​ដើម្បី​ឆ្លើយ​សំណួរ​នោះ​ពឹង​ផ្អែក​លើ​សេចក្ដីសញ្ញា​ដ៏​អស់កល្បជានិច្ច និង​ពរជ័យ​ដែល​បាន​សន្យា​ដែល​ព្រះ​បានប្រទាន​ដល់​ពួក​លោក ។

អ័ប្រាហាំ

អ័ប្រាហាំ

រចនា​រូបភាព​ដោយ ចារុម វ៉ូហ្គេល

អ័ប្រាហាំ គឺជា​ព្យាការី​ដ៏​អស្ចារ្យ ។ លោក​គឺជា​មនុស្ស​សុចរិត ហើយ​គោរព​តាម​បទបញ្ញត្តិ​ទាំងឡាយ​របស់​ព្រះ ។

លោក​បាន​ជ្រមុជទឹក ទទួល​បព្វជិតភាព និង​ត្រូវ​បាន​ផ្សារភ្ជាប់​នឹង​ភរិយា​របស់​លោក សារ៉ាយ​សម្រាប់ភាព​អស់កល្បជានិច្ច ។

ព្រះ​បាន​ធ្វើ​សេចក្ដីសញ្ញា​ជាមួយ​នឹង​អ័ប្រាហាំ​ថា ពូជពង្ស​របស់​លោក​នឹង​មាន​ច្រើន ហើយ​នឹង​មាន​ពរជ័យ​ដូចគ្នា​ដែល​លោក​បាន​ទទួល ។

ពួកគេ​នឹង​នាំ​យក​ភាព ពេញលេញ​នៃ​ដំណឹងល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ​ទៅកាន់​ប្រជាជាតិ​នានា​នៅ​លើ​ផែនដី ។

អ៊ីសាក

អ៊ីសាក

អ៊ីសាក​គឺជា កូន​ប្រុស​របស់ អ័ប្រាហាំ និង​សារ៉ាយ ។

ព្រះបាន​មាន​បន្ទូល​ប្រាប់​ឲ្យ​អ័ប្រាហាំ​បូជា​អ៊ីសាក ។ អ័ប្រាហាំ​ស្រឡាញ់​អ៊ីសាក ប៉ុន្តែ​បាន​ជ្រើសរើស​គោរព​តាម​ព្រះ ។ ពេល​អ័ប្រាហាំ​ហៀប​នឹង​ធ្វើ​យញ្ញបូជា​ដល់​អ៊ីសាក នោះ​ទេវតា​មួយ​អង្គ​បាន​មាន​បន្ទូល​ឲ្យ​អ័ប្រាហាំ​ឈប់ ។ ឆន្ទះ​របស់​អ័ប្រាហាំ និង​អ៊ីសាក​ដើម្បី​គោរព​តាម​ព្រះ​គឺជា​និមិត្តរូប​នៃ​ដង្វាយធួន​នៃ​ព្រះរាជបុត្រា​បង្កើត​តែ​មួយ​របស់​ព្រះ ។

អ៊ីសាក​ត្រូវ​បាន​ទទួល​ការ​សន្យា​នូវ​ពរជ័យ​ដូចគ្នា​នឹង​អ័ប្រាហាំ​ដែរ ។

យ៉ាកុប

យ៉ាកុប

ដូចជា​ឪពុក និង​ជីតា​របស់​លោក​ដែរ យ៉ាកុប​គឺជា​មនុស្ស​ស្មោះត្រង់​ចំពោះ​ព្រះ ។

ដោយសារ​តែ​ភាព​ស្មោះត្រង់​របស់​លោក ព្រះអម្ចាស់​បាន​ប្ដូរ​ឈ្មោះ​របស់​យ៉ាកុប​ទៅ​ជា​អ៊ីស្រាអែល ដែល​មានន័យ​ថា « បុគ្គល​ដែល​ឈ្នះ​ជាមួយ​ព្រះ » ឬ​« ចូរ​ឲ្យ​ព្រះឈ្នះ »​( សូមមើល សេចក្តី​ណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ « អ៊ីស្រាអែល » ) ។

យ៉ាកុប​មាន​កូន​ប្រុស​១២ នាក់ ។ កូនប្រុស​ទាំងនេះ និង​ក្រុម​គ្រួសារ​របស់​ពួកគេ​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា កុលសម្ព័ន្ធ នៃ​វង្ស​អ៊ីស្រាអែល ។

សេចក្ដី​សញ្ញា​ដែល​ព្រះ​បាន​ចុះ​ជាមួយ​នឹង​អ័ប្រាហាំ​ត្រូវ​បាន​ធ្វើ​ជា​ថ្មី​ជាមួយ​នឹង​យ៉ាកុប និង​កូចចៅ​របស់​លោក ។

លោកអយ្យកោ និង​អ្នក

ក្នុង​នាម​ជា​សមាជិក​សាសនាចក្រ អ្នក​គឺជា​ផ្នែក​មួយ​នៃ​ពូជពង្ស​របស់​អ័ប្រាហាំ អ៊ីសាក និង​យ៉ាកុប ។ សេចក្ដីសញ្ញា​ដែល​ពួក​លោក​បាន​ធ្វើ​ជាមួយ​នឹង​ព្រះ​អនុវត្ត​ចំពោះ​អ្នក​ដែរ !

អ្នក​មាន​ពរជ័យ​នោះ និង​ការ​ទទួល​ខុសត្រូវ​ដើម្បី​ថ្លែង​ទីបន្ទាល់​របស់​អ្នក​អំពី​ព្រះអង្គសង្គ្រោះ ហើយ​ចែកចាយ​ដំណឹងល្អ ។

អ្នក​ក៏​ត្រូវ​បាន​ហៅ​ឲ្យ​អញ្ជើញ​មនុស្ស​គ្រប់គ្នា​ឲ្យ​ចុះ និង​រក្សា​សេចក្ដីសញ្ញា ព្រមទាំង​ទទួល​ពិធី​បរិសុទ្ធ​នៃ​បព្វជិតភាព​ផងដែរ ។ ប្រធាន រ័សុល អិម ណិលសុន​បាន​មាន​ប្រសាសន៍ថា នេះ​គឺជា​ផ្នែក​ទាំងអស់​នៃ​ការ​ប្រមូល​ផ្ដុំ​សាសន៍​អ៊ីស្រាអែល ដែល​ជា « កិច្ចការ​ដ៏​សំខាន់បំផុត​ដែល​កើត​ឡើង​នៅ​លើ​ផែនដី​សព្វថ្ងៃនេះ » ( « Hope of Israel » [ ការប្រជុំ​ធម្មនិដ្ឋាន​ទូទាំង​ពិភពលោក ថ្ងៃទី ៣ ខែ មិថុនា ឆ្នាំ ២០១៨ ] ទំព័រ ៨ នៅលើ​គេហទំព័រ ChurchofJesusChrist.org ) ។