« តើខ្ញុំកំពុងរស់នៅ‹ តាមរបៀបនៃសុភមង្គល › ឬទេ ?» ដើម្បីកម្លាំងនៃយុវជន ខែ កុម្ភៈ ឆ្នាំ ២០២៤ ។
សារលិខិតប្រចាំខែ ដើម្បីកម្លាំងនៃយុវជន ខែ កុម្ភៈ ឆ្នាំ ២០២៤
តើខ្ញុំកំពុងរស់នៅ « តាមរបៀបនៃសុភមង្គល » ឬទេ ?
នេះគឺជាគំនិតមួយចំនួនសម្រាប់ប្អូនដើម្បីរស់នៅតាមរបៀបដែលនីហ្វៃបាននិយាយថាប្រជាជនរបស់លោកបានរស់នៅតាម ។
មិនយូរប៉ុន្មានក្រោយពីបែកចេញពីពួកសាសន៍លេមិន នីហ្វៃបាននិយាយថាប្រជាជនរបស់លោក« បានរស់នៅតាមរបៀបនៃសុភមង្គល »( នីហ្វៃទី២ ៥:២៧ ) ។ សូមពិចារណាថាមានមនុស្សមួយក្រុមទៀតចង់សម្លាប់ពួកគេ ( សូមមើល នីហ្វៃទី២ ៥:១–៦,១៤ ) នោះប្រហែលជារឿងគួរឲ្យភ្ញាក់ផ្អើល ។ តើមាននរណាម្នាក់អាចសប្បាយចិត្ត នៅពេលស្ថិតក្នុងកាលៈទេសៈបែបនេះដោយរបៀបណា ?
ជាដំបូង សូមកត់សម្គាល់ថា « យើងបានរស់នៅតាមរបៀបនៃសុភមង្គល » មិន មែនមានន័យថា « សាសន៍នីហ្វៃម្នាក់ៗសុទ្ធតែមានសុភមង្គលគ្រប់ពេលវេលា២៤/៧ នោះទេ » ។ វាមានន័យថាពួកគេបានរស់នៅតាមរបៀបជាក់លាក់មួយ ហើយបានប្រព្រឹត្តក្នុងរបៀបមួយ ដែល ជាទូទៅ នាំឲ្យមានសុភមង្គល ។ សរុបមក ទោះបីជាមានឧបសគ្គក៏ដោយ ក៏វាជាពេលដ៏សប្បាយរីករាយមួយដែរ ។
ដូច្នេះ តើអ្វីទៅជា « របៀបនៃសុភមង្គល » ? តើយើងអាចចម្លងវាទៅក្នុងជីវិតរបស់យើងផ្ទាល់ ដែលមានឧបសគ្គផងដែរយ៉ាងដូចម្ដេច ? សូមមើលចំណុចនេះ !
-
ចូរគោរពប្រតិបត្តិ ។ « យើងប្រតិបត្តិតាម…ព្រះបញ្ញត្តិទាំងឡាយនៃព្រះអម្ចាស់ » ( នីហ្វៃទី២ ៥:១០ ) ។
ការរស់នៅតាមដំណឹងល្អគឺជាជំហានទី ១ ។ ប្អូនប្រហែលជាសប្បាយចិត្តជាបណ្តោះអាសន្នក្នុងអំពើបាប ប៉ុន្តែវាមិនបានយូរទេ ។ ការមិនគោរពព្រះដោយចេតនា គឺមិនមែនជា « របៀបនៃសុភមង្គល » ទេ ( សូមមើល អាលម៉ា ៤១:១០ ) ។
-
ចូរពិចារណាមើលបទគម្ពីរ ។ « ខ្ញុំនីហ្វៃក៏បាន…យកបញ្ជីទាំងឡាយមកផងដែរ ដែលបានឆ្លាក់នៅលើផ្ទាំងលង្ហិន » ( នីហ្វៃទី២ ៥:១២ ) ។ «យើង…បានពិចារណាមើល ហើយរកឃើញថា បញ្ជីប្រវត្តិទាំងនេះគឺគួរឲ្យចង់បាន មែនហើយ ព្រមទាំងមានប្រយោជន៍ជាអតិបរមាចំពោះយើង » ( នីហ្វៃទី១ ៥:២១ ) ។
ពួកសាសន៍នីហ្វៃមានព្រះគម្ពីរ ។ ហើយពួកគេមិនគ្រាន់តែ មាន វាទេ—ពួកគេ ពិចារណាមើល បទគម្ពីរ ។
-
ចូរស្តាប់ថ្នាក់ដឹកនាំដែលបានទទួលការបំផុសគំនិត ។ « ខ្ញុំ នីហ្វៃបានតែងតាំងយ៉ាកុប និងយ៉ូសែប ដើម្បីឲ្យពួកគេធ្វើជាពួកសង្ឃ ហើយជាពួកគ្រូបង្រៀននៅលើ … ប្រជាជនខ្ញុំ ។ ( នីហ្វៃទី២ ៥:២៦ ) ។
គ្រូបង្រៀនទាំងនេះបានប្រើព្រះគម្ពីរជាមគ្គុទ្ទេសក៍របស់ពួកគាត់ ( សូមមើល នីហ្វៃទី២ ៤:១៥; ៦:៤ ) ។
-
សូមទៅព្រះវិហារបរិសុទ្ធ ( និងកន្លែងបរិសុទ្ធផ្សេងៗទៀត ) ។ « ខ្ញុំ នីហ្វៃបានសង់ព្រះវិហារបរិសុទ្ធមួយ » ( នីហ្វៃទី២ ៥:១៦)។
វាសំខាន់ក្នុងការមានកន្លែងបរិសុទ្ធដូចជាសាលាប្រជុំ និងព្រះវិហារបរិសុទ្ធសម្រាប់សិស្សដើម្បីប្រមូលផ្តុំគ្នា និងថ្វាយបង្គំ ។ ( យើងអាចសន្មតថា ពួកនីហ្វៃមិនគ្រាន់តែ មាន ព្រះវិហារបរិសុទ្ធប៉ុណ្ណោះទេ—តែពួកគេពិតជាបានប្រើវា ) ។ ប្រសិនបើប្អូនមិនអាចចូលរួមព្រះវិហារបរិសុទ្ធដោយផ្ទាល់ទេ ប្អូនតែងតែអាចធ្វើកិច្ចការពង្សប្រវត្តិបានជានិច្ច ។
-
ចូរធ្វើឲ្យមានសមិទ្ធផល ។ « ខ្ញុំបានបង្រៀនប្រជាជនខ្ញុំឲ្យសាងអគារទាំងឡាយ ហើយឲ្យធ្វើរបស់របរគ្រប់បែបយ៉ាង ។ … [ ខ្ញុំ ] បាននាំប្រជាជនខ្ញុំឲ្យមានចិត្តឧស្សាហ៍ ហើយឲ្យធ្វើការដោយដៃរបស់ខ្លួន » ( នីហ្វៃទី២ ៥:១៥,១៧ ) ។
ផ្នែកមួយនៃ « តាមរបៀបនៃសុភមង្គល » គឺការមានអ្វីមួយដែលត្រូវធ្វើ ! ភារកិច្ច ការងារ ទំនួលខុសត្រូវ—អ្វីមួយដែលផ្តល់ឲ្យប្អូនៗនូវការផ្តោតអារម្មណ៍ និងមានគោលបំណង ( ពិតណាស់រួមទាំងពេលវេលាសមស្របដើម្បីសម្រាកផងដែរ ) ។ វាលំបាកដើម្បីសប្បាយចិត្ត ប្រសិនបើប្អូនៗធុញទ្រាន់គ្រប់ពេល ។
តើប្អូនៗនឹងនិយាយថា បច្ចុប្បន្នប្អូនកំពុងរស់នៅតាមរបៀបនៃសុភមង្គលដែរឬទេ ? ប្រសិនបើមិនមែនទេ ប្រហែលជាគំរូរបស់នីហ្វៃអាចផ្តល់ឲ្យប្អូនៗនូវគំនិតមួយចំនួនអំពីរបៀបធ្វើឲ្យប្រសើរឡើងបាន ។
© 2024 by Intellectual Reserve, Inc. All rights reserved. បោះពុម្ពនៅ ស.រ.អា. ។ ការអនុម័តជាភាសាអង់គ្លេស ៖ ៦/១៩ ។ ការអនុម័តឲ្យបកប្រែ ៖ ៦/១៩ ។ ការបកប្រែនៃ MonthlyFortheStrengthofYouthMessage,February2024. Language. 19276 258