ការប្រមូលផ្តុំសាសន៍អ៊ីស្រាអែលដែលខ្ចាត់ខ្ចាយ
យើងជួយប្រមូលផ្តុំអ្នកដែលព្រះអម្ចាស់បានជ្រើសរើសដែលនៅទាំងសងខាងនៃវាំងនន ។
បងប្អូនប្រុសស្រីជាទីស្រឡាញ់របស់ខ្ញុំ សូមអរគុណចំពោះសេចក្តីជំនឿរបស់បងប្អូន ការពលិកម្មរបស់បងប្អូន និងសេចក្តីស្រឡាញ់របស់បងប្អូន ។ យើងមានការទទួលខុសត្រូវដ៏ធំដើម្បីធ្វើជាមនុស្សដែលព្រះអង្គសព្វព្រះទ័យឲ្យយើងប្រែក្លាយទៅជា និងធ្វើអ្វីដែលទ្រង់សព្វព្រះទ័យឲ្យយើងធ្វើ ។ យើងជាផ្នែកនៃចលនាដ៏ធំ—ការប្រមូលផ្តុំនៃអ៊ីស្រាអែលដែលបានខ្ចាត់ខ្ចាយ ។ ខ្ញុំនិយាយពីគោលលទ្ធិនេះនៅថ្ងៃនេះ ពីព្រោះតែភាពសំខាន់ដ៏ពិសេសរបស់វានៅក្នុងផែនការដ៏នៅអស់កល្បជានិច្ចរបស់ព្រះ ។
សេចក្ដីសញ្ញាអ័ប្រាហាំ
កាលពីបុរាណ ព្រះអម្ចាស់បានប្រទានពរដល់អ័ប្រាហាំជាមួយនឹងការសន្យាឲ្យកូនចៅរបស់លោកក្លាយជាប្រជាជនជម្រើស ។១ សេចក្តីយោងដល់សេចក្តីសញ្ញានេះមាននៅពាសពេញក្នុងព្រះគម្ពីរ ។ ការសន្យាដែលមានគឺថា ព្រះរាជបុត្រានៃព្រះនឹងមកតាមពូជអំបូរអ័ប្រាហាំ ថាដែនដីមួយចំនួនជាក់លាក់នឹងត្រូវបានគ្រងជាមរតក ថាប្រជាជាតិ និងមនុស្សលើផែនដីនឹងមានពរតាមរយៈពូជពង្សរបស់លោក និងច្រើនទៀត ។២ កាលទិដ្ឋភាពមួយចំនួននៃសេចក្ដីសញ្ញានោះត្រូវបានបំពេញរួចហើយក្ដី ក៏ព្រះគម្ពីរមរមនបង្រៀនថា សេចក្ដីសញ្ញាអ័ប្រាហាំនឹងត្រូវបានបំពេញតែនៅថ្ងៃចុងក្រោយទាំងនេះប៉ុណ្ណោះ !៣ វាក៏គូសបញ្ជាក់ផងដែរថា យើងស្ថិតនៅក្នុងចំណោមរាស្ដ្រនៃសេចក្ដីសញ្ញារបស់ព្រះអម្ចាស់ ។៤ ពួកយើងមានឯកសិទ្ធិដើម្បីចូលរួមដោយផ្ទាល់នៅក្នុងការបំពេញតាមការសន្យាទាំងនេះ ។ នេះជាគ្រាដ៏អស្ចារ្យដើម្បីរស់នៅ !
អ៊ីស្រាអែលបានខ្ចាត់ខ្ចាយ
ក្នុងនាមជាពូជអំបូររបស់អ័ប្រាហាំ នោះអំបូរអ៊ីស្រាអែលកាលពីបុរាណមានសិទ្ធិប្រើប្រាស់សិទ្ធិអំណាចបព្វជិតភាព និងពរជ័យនៃដំណឹងល្អ ប៉ុន្តែក្រោយមក ប្រជាជននោះបានបះបោរ ។ ពួកគេបានសម្លាប់ពួកព្យាការី ហើយត្រូវព្រះអម្ចាស់ដាក់ទណ្ឌកម្ម ។ ពូជអំបូរទាំងដប់ត្រូវបានជាប់ជាឈ្លើយនៅស្រុកអាសស៊ើរ ។ ចាប់តាំងពីនោះមក ពួកគេបានបាត់ខ្លួនចេញពីកំណត់ត្រានៃមនុស្សជាតិ ។ ( តែពិតប្រាកដណាស់ ពូជអំបូរទាំងដប់នោះមិនបាត់បង់ចំពោះព្រះអម្ចាស់ឡើយ ) ។ ពូជអំបូរពីរទៀតបានបន្តនៅក្នុងរយៈពេលមួយដ៏ខ្លីប៉ុណ្ណោះ ដោយសារតែការបះបោររបស់ពួកគេ នោះពួកគេត្រូវជាប់ជាឈ្លើយនៅក្រុងបាប៊ីឡូន ។៥ នៅពេលពួកគេបានត្រឡប់មកវិញ ពួកគេគឺជារាស្ត្រដែលព្រះអម្ចាស់សព្វព្រះទ័យ ប៉ុន្តែជាថ្មីម្ដងទៀត ពួកគេមិនបានគោរពទ្រង់ឡើយ ។ ពួកគេបានបដិសេធ ហើយបានមូលបង្កាច់ទ្រង់ ។ ព្រះវរបិតាដែលពេញដោយក្ដីស្រឡាញ់ តែមានទុក្ខព្រួយបានសច្ចាថា « ឯឯងរាល់គ្នា អញនឹងកម្ចាត់កំចាយឲ្យទៅនៅគ្រប់ទាំងនគរ »៦ ហើយទ្រង់បានធ្វើដូច្នោះមែន—ឲ្យទៅគ្រប់ជាតិសាសន៍ ។
អ៊ីស្រាអែលនឹងត្រូវបានប្រមូលផ្ដុំវិញ
ការសន្យារបស់ព្រះចំពោះការប្រមូលផ្ដុំអ៊ីស្រាអែលដែលបានខ្ចាត់ខ្ចាយមានការគូសបញ្ជាក់ដូចគ្នា ។៧ ឧទាហរណ៍ អេសាយបានឃើញទុកជាមុនថា នៅថ្ងៃចុងក្រោយព្រះអម្ចាស់នឹងចាត់ « ពួកទូតដែលលឿន » ដល់មនុស្សទាំងនេះដែល« សាសន៍១ដែលមានរូបខ្ពស់ហើយសាច់រលីង » ។៨
ដោយប្រមូលផ្ដុំទាំងអស់ពេញទាំងបទគម្ពីរ ការសន្យានៃការប្រមូលផ្ដុំនេះនឹងត្រូវបានបំពេញយ៉ាងប្រាកដដូចគ្នានឹងការព្យាករនៃការខ្ចាត់ខ្ចាយរបស់អ៊ីស្រាអែលផងដែរ ។៩
សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៅក្នុងកាលដ៏ខ្ពង់ខ្ពស់បំផុត និងការក្បត់សាសនា
ពីមុនការឆ្កាងរបស់ទ្រង់ ព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទបានស្ថាបនាសាសនាចក្ររបស់ទ្រង់ ។ សាសនាចក្រទ្រង់មាននូវពួកសាវក ពួកព្យាការី ពួកចិតសិបនាក់ ពួកគ្រូបង្រៀនជាដើម ។១០ ហើយលោកគ្រូបានចាត់ពួកសិស្សរបស់ទ្រង់ទៅក្នុងពិភពលោកដើម្បីប្រកាសដំណឹងល្អរបស់ទ្រង់ ។១១
មួយរយៈក្រោយមក សាសនាចក្រដែលបានស្ថាបនាដោយព្រះអម្ចាស់បានធ្លាក់ចូលទៅក្នុងការពុករលួយខាងវិញ្ញាណ ។ ការបង្រៀនរបស់ទ្រង់ត្រូវបានផ្លាស់ប្ដូរ ។ ពិធីបរិសុទ្ធរបស់ទ្រង់ត្រូវបានកែប្រែ ។ ការក្បត់សាសនាដ៏ធំបានកើតឡើងដូចដែលបានទាយទុកជាមុនដោយប៉ុល ជាអ្នកដែលបានដឹងថា ព្រះអម្ចាស់នឹងពុំយាងមកម្ដងទៀតឡើយ « ទាល់តែមានសេចក្តីក្បត់សាសនាមកជាមុន » សិន ។១២
ការក្បត់សាសនាដ៏ធំនេះបានធ្វើតាមគន្លងដែលបានបញ្ចប់គ្រាកាន់កាប់ត្រួតត្រានីមួយៗកាលពីមុន ។ គ្រាកាន់កាប់ត្រួតត្រាដំបូងបង្អស់គឺជាជំនាន់របស់អ័ដាម ។ ក្រោយមកក៏កើតមានគ្រាកាន់កាប់ត្រួតត្រារបស់ហេណុក ណូអេ អ័ប្រាហាំ ម៉ូសេ និងព្យាការីផ្សេងៗទៀត ។ ព្យាការីគ្រប់រូបមានសិទ្ធិអនុញ្ញាតមកពីព្រះដើម្បីបង្រៀនពីភាពជាព្រះ និងគោលលិទ្ធិរបស់ព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទ ។ នៅក្នុងជំនាន់នីមួយៗ ការបង្រៀនទាំងនេះគឺជាមធ្យោបាយដើម្បីជួយដល់មនុស្សទូទៅ ។ ប៉ុន្តែការមិនគោរពប្រតិបត្តិរបស់ពួកគេបានធ្វើឲ្យកើតនូវការក្បត់សាសនា ។ ដូច្នេះហើយ នៅគ្រប់គ្រាកាន់កាប់ត្រួតត្រាមុនៗត្រូវបានដាក់កំហិតតាមពេលវេលា និងទីតាំង ។ វាត្រូវបានដាក់កំហិតតាមពេលវេលា ដោយសារគ្រានីមួយៗបានបញ្ចប់ដោយការក្បត់សាសនា ។ វាត្រូវបានដាក់កំហិតតាមទីតាំង នៅតាមផ្នែកតូចមួយនៃផែនដី ។
ការស្ដារឡើងវិញនៃអ្វីៗគ្រប់យ៉ាង
ដូច្នេះហើយ ការស្ដារឡើងវិញដ៏ពេញលេញតម្រូវឲ្យមាន ។ ព្រះជាព្រះវរបិតា និងព្រះយេស៊ូវគ្រីស្ទបានហៅឲ្យព្យាការី យ៉ូសែប ស៊្មីធធ្វើជាព្យាការីនៃគ្រាកាន់កាប់ត្រួតត្រានេះ ។ អំណាចដ៏ទេវភាពទាំងអស់នៃគ្រាកាន់កាប់ត្រួតត្រាពីមុនៗត្រូវបានស្តារឡើងវិញតាមរយៈលោក ។១៣ ការកាន់កាប់ត្រួតត្រានៃពេលពេញកំណត់នេះនឹងមិនមានកម្រិតតាមពេលវេលា ឬទីតាំងឡើយ ។ វានឹងមិនបញ្ចប់ដោយការក្បត់សាសនាទេ ហើយវានឹងបំពេញផែនដី ។១៤
ការប្រមូលផ្តុំសាសន៍អ៊ីស្រាអែល—ជាផ្នែកដ៏សំខាន់មួយនៃការស្តារឡើងវិញអ្វីៗទាំងអស់ ។
ដូចដែលបានព្យាករដោយពេត្រុស និងប៉ុល ថាអ្វីៗ ទាំងអស់ នឹងត្រូវបានស្តារឡើងវិញនៅក្នុងគ្រាកាន់កាប់ត្រួតត្រានេះ ។ ហេតុដូច្នោះហើយ វាត្រូវតែកើតឡើង ដែលជាផ្នែកមួយនៃការស្តារឡើងវិញនោះ ជាការរង់ចាំជាយូរមកហើយនៃការប្រមូលផ្តុំសាសន៍អ៊ីស្រាអែលដែលបានខ្ចាត់ខ្ចាយ ។១៥ វាជាការចាំបាច់ដែលត្រូវកើតឡើងពីមុនការយាងមកជាលើកទីពីរនៃព្រះអម្ចាស់ ។១៦
គោលលទ្ធិនៃការប្រមូលផ្ដុំនេះ គឺជាការបង្រៀនមួយដ៏សំខាន់របស់សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ។ ព្រះអម្ចាស់បានប្រកាស ៖ « យើងឲ្យដល់អ្នករាល់គ្នានូវទីសម្គាល់មួយ…គឺយើងនឹងប្រមូលរាស្ត្រយើងមកវិញ បន្ទាប់ពីគេត្រូវខ្ចាត់ព្រាត់អស់ពេលដ៏យូរ ឱវង្សអ៊ីស្រាអែលអើយ ហើយនឹងតាំងក្រុងស៊ីយ៉ូនរបស់យើងឡើងវិញនៅក្នុងចំណោមពួកគេ » ។១៧ ការលេចចេញមកនៃព្រះគម្ពីរមរមនគឺជាទីសម្គាល់មួយដល់ពិភពលោកថា ព្រះអម្ចាស់បានចាប់ផ្ដើមប្រមូលអ៊ីស្រាអែល ហើយបំពេញសេចក្ដីសញ្ញាដែលទ្រង់បានធ្វើជាមួយអ័ប្រាហាំ អ៊ីសាក និងយ៉ាកុប ។១៨ យើងមិនគ្រាន់តែបង្រៀនពីគោលលទ្ធិនេះប៉ុណ្ណោះទេ ប៉ុន្តែយើងក៏ចូលរួមចំណែកនៅក្នុងកិច្ចការនេះផងដែរ ។ យើងធ្វើដូច្នេះ នៅពេលយើងជួយប្រមូលអ្នករើសតាំងរបស់ព្រះអម្ចាស់នៅទាំងសងខាងនៃវាំងនន ។
ព្រះគម្ពីរមរមនគឺជាចំណុចសំខាន់នៃកិច្ចការនេះ ។ វាប្រកាសពីគោលលទ្ធិនៃការប្រមូលផ្តុំនេះ ។១៩ វាធ្វើឲ្យមនុស្សរៀនពីព្រះយេស៊ូវគ្រីស្ទ ជឿលើដំណឹងល្អទ្រង់ ហើយចូលរួមក្នុងសាសនាចក្ររបស់ទ្រង់ ។ តាមពិត បើគ្មានព្រះគម្ពីរមរមនទេ នោះការប្រមូលផ្ដុំអ៊ីស្រាអែលដែលបានសន្យាទុកក៏មិនកើតមានឡើងដែរ ។២០
ចំពោះយើង នាមដ៏គួរឲ្យគោរពរបស់ អ័ប្រាហាំ គឺសំខាន់ណាស់ ។ ក្នុងខម្ពីរព្រះគម្ពីរមរមនបានលើកឡើងពីការស្តារឡើងវិញច្រើនដងជាងខគម្ពីរព្រះគម្ពីរប៊ីប ។២១ អ័ប្រាហាំ ភ្ជាប់ទំនាក់ទំនងជាមួយសមាជិកនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយទាំងអស់ ។២២ ព្រះអម្ចាស់បានបញ្ជាក់សេចក្តីសញ្ញាអ័ប្រាហាំជាថ្មី នៅក្នុងសម័យរបស់យើងតាមរយៈព្យាការី យ៉ូសែប ស្ម៊ីធ ។២៣ នៅក្នុងព្រះវិហារបរិសុទ្ធ យើងទទួលពរជ័យចុងក្រោយរបស់យើង ថាជាពូជពង្សនៃអ័ប្រាហាំ អ៊ីសាក និងយ៉ាកុប ។២៤
សម័យកាន់កាប់ត្រួតត្រានៃពេលពេញកំណត់
ការកាន់កាប់ត្រួតត្រានៃពេលពេញកំណត់នេះ គឺត្រូវបានទតមើលឃើញជាមុនដោយព្រះ ថាជាពេលប្រមូលផ្តុំ ទាំងនៅលើស្ថានសួគ៌ និងផែនដី ។ ពេត្រុសបានដឹងថា បន្ទាប់ពីគ្រានៃការក្បត់សាសនា នោះការស្តារឡើងវិញនឹងមកដល់ ។ លោក ដែលបាននៅជាមួយព្រះអម្ចាស់នៅលើភ្នំប្រែរូបបានប្រកាសថា ៖
« ដូច្នេះ ចូរប្រែចិត្ត ហើយវិលមកចុះដើម្បីឲ្យបាបរបស់អ្នករាល់គ្នាបានលុបចេញប្រយោជន៍ឲ្យមានពេលលំហើយមកពីចំពោះព្រះអម្ចាស់…
« ដែលស្ថានសួគ៌ត្រូវទទួលដរាបដល់គ្រាតាំងរបស់ទាំងអស់ឡើងវិញ ដែលព្រះបានមានព្រះបន្ទូលប្រាប់ពីគ្រានោះដោយសារមាត់នៃពួក ហោរាបរិសុទ្ធរបស់ទ្រង់តាំងពីបុរាណមក » ។២៥
នៅសម័យទំនើប ព្រះអម្ចាស់បានចាត់សាវកពេត្រុស យ៉ាកុប និងយ៉ូហាន ជាមួយនឹង« កូនសោទាំងឡាយនៃនគររបស់ [ ទ្រង់ ] និងនៃការកាន់កាប់ត្រួតត្រានៃដំណឹងល្អសម្រាប់ពេលចុងក្រោយបង្អស់ និងសម្រាប់កំណត់កាលដ៏ពោរពេញ » ជាពេលដែលទ្រង់ « នឹងប្រមូលរបស់របរទាំងអស់ទៅតែមួយ គឺរបស់នៅលើស្ថានសួគ៌ ព្រមទាំងរបស់នៅលើផែនដីផង » ។២៦
នៅឆ្នាំ ១៨៣០ ព្យាការី យ៉ូសែប ស្ម៊ីធ បានរៀនពីសារទូតសួគ៌ាមួយរូបឈ្មោះអេលីយ៉ាស ជាអ្នកដែលមាននូវកូនសោដើម្បីសម្រេចនូវ « ការសាងឡើងវិញនៃរបស់ទាំងអស់ » ។២៧
ប្រាំមួយឆ្នាំក្រោយមក ព្រះវិហារបរិសុទ្ធខឺតឡង់ត្រូវបានឧទ្ទិសឆ្លង ។ បន្ទាប់ពីព្រះអម្ចាស់បានទទួលដំណាក់បរិសុទ្ធនោះហើយ សារទូតសួគ៌ាទាំងឡាយបានមកជាមួយនឹងកូនសោបព្វជិតភាព ។ ម៉ូសេបានលេចមក២៨ « ហើយបានប្រគល់ … កូនសោទាំងឡាយនៃការប្រមូលសាសន៏អ៊ីស្រាអែល ពីទិសទាំងបួននៃផែនដី ហើយនឹងការនាំពូជអំបូរទាំងដប់ចេញពីដែនដីភាគខាងជើងមក ។
« បន្ទាប់មក លោកអេលីយ៉ាសបានលេចមក ហើយបានប្រគល់គ្រាកាន់កាប់ត្រួតត្រានៃដំណឹងល្អរបស់លោកអ័ប្រាហាំដោយប្រាប់ថា នៅក្នុងយើង និងពូជរបស់យើង នោះអស់ទាំងតំណមនុស្សបន្ទាប់ពីយើងមកនឹងបានពរ » ។២៩
បន្ទាប់មក អេលីយ៉ាជាព្យាការីបានមក ហើយប្រកាសថា « មើលចុះ ពេលវេលាបានមកដល់ពេញលេញហើយ ដែលបានពោលដោយមាត់នៃលោកម៉ាឡាគី— ដោយធ្វើទីបន្ទាល់ថា លោក [ អេលីយ៉ា ] នឹងត្រូវបានចាត់ឲ្យមកមុនថ្ងៃដ៏ធំ ហើយគួរស្ញែងខ្លាចនៃព្រះអម្ចាស់នឹងមកដល់—ដើម្បីបង្វែរចិត្តពួកឪពុកមកឯកូន និងចិត្តកូនមកឯឪពុក ក្រែងផែនដីទាំងមូលនឹងត្រូវវាយដោយសេចក្ដីបណ្ដាសា » ។៣០
ព្រឹត្តិការណ៍ទាំងនេះបានកើតឡើងនៅថ្ងៃទី ៣ ខែ មេសា ឆ្នាំ ១៨៣៦៣១ ហេតុដូច្នេះហើយបានបំពេញតាមការព្យាកររបស់ម៉ាឡាគី ។៣២ កូនសោពិសិដ្ឋនៃគ្រាកាន់កាប់ត្រួតត្រានេះត្រូវបានស្ដារឡើងវិញ ។33
ការប្រមូលផ្ដុំព្រលឹងនៅផ្នែកម្ខាងទៀតនៃវាំងនន
ដោយសេចក្តីមេត្តា នោះការអញ្ជើញឲ្យ « មករកព្រះគ្រីស្ទ »៣៤ ក៏អាចអញ្ជើញទៅដល់ពួកអ្នកបានទទួលមរណភាពទៅហើយដោយពុំមានការចេះដឹងពីដំណឹងល្អផងដែរ ។៣៥ ផ្នែកនៃការរៀបចំរបស់ពួកគេតម្រូវឲ្យមានកិច្ចខិតខំរបស់អ្នកផ្សេងទៀតនៅលើផែនដី ។ យើងប្រមូលបញ្ជីពង្សាវលី បង្កើតតារាងក្រុមគ្រួសារ ហើយធ្វើកិច្ចការព្រះវិហារបរិសុទ្ធជំនួស ដើម្បីប្រមូលបុគ្គលទាំងឡាយទៅរកព្រះអម្ចាស់ និងរួបរួមជាមួយក្រុមគ្រួសាររបស់ពួកគេ ។៣៦
ដើម្បីចូលរួមនៅក្នុងការប្រមូលផ្ដុំនោះ ៖ ការតាំងចិត្តតាមសេចក្ដីសញ្ញា
នៅលើផែនដីនេះ កិច្ចការផ្សព្វផ្សាយសាសនាមានសារៈសំខាន់ចំពោះការប្រមូលផ្ដុំអ៊ីស្រាអែល ។ ដំបូង ដំណឹងល្អត្រូវតែនាំទៅ « ឯចៀមបាត់បង់របស់វង្សានុវង្សនៃពួកអ៊ីស្រាអែលវិញ » ។៣៧ ដូច្នេះ អ្នកបម្រើរបស់ព្រះអម្ចាស់បានចេញទៅប្រកាសពីការស្ដារឡើងវិញ ។ នៅក្នុងប្រទេសជាតិជាច្រើន ពួកអ្នកផ្សព្វផ្សាយសាសនារបស់យើងបានស្រាវជ្រាវរកអ៊ីស្រាអែលដែលបានខ្ចាត់ព្រាត់ ពួកគេបានប្រមាញ់រកអ៊ីស្រាអែលនោះចេញពី « ក្រហែងថ្មទាំងប៉ុន្មានផង » ហើយពួកគេបាននេសាទពួកគេ ដូចនៅក្នុងជំនាន់បុរាណដែរ ។៣៨
ជម្រើសដើម្បីមករកព្រះគ្រីស្ទ មិនមែនជាបញ្ហានៃទីតាំងរាងកាយនោះទេ វាជាបញ្ហានៃការតាំងចិត្តរបស់បុគ្គល ។ មនុស្សអាច « ត្រូវបាននាំមកឲ្យស្គាល់ព្រះអម្ចាស់ »៣៩ ដោយមិនចាំបាច់ចាកចេញពីស្រុកកំណើតរបស់ពួកគេឡើយ ។ ពិតហើយ កាលពីដើមដំបូងនៃសាសនាចក្រ ការប្រែចិត្តជឿជាញឹកញាប់មានន័យថាជាការធ្វើចំណាកស្រុកផងដែរ ។ ប៉ុន្តែ ឥឡូវនេះ ការប្រមូលផ្ដុំធ្វើឡើងនៅក្នុងប្រទេសនីមួយៗ ។ ព្រះអម្ចាស់បានចេញព្រះរាជក្រិតឲ្យស្ថាបនាទីក្រុងស៊ីយ៉ូន៤០ នៅក្នុងតំបន់នីមួយៗដែលទ្រង់បានប្រទានកំណើត និងជាតិសាសន៍ដល់ពួកបរិសុទ្ធរបស់ទ្រង់ ។ ព្រះគម្ពីរបានប្រាប់ទុកជាមុនថា មនុស្ស « នឹងត្រូវបានប្រមូលគ្នាទៅដែនដីនៃកេរ្តិ៍អាកររបស់ពួកគេទាំងឡាយ ហើយនឹងបានតាំងឲ្យមានឡើងនៅលើអស់ទាំងដែនដីសន្យារបស់ពួកគេ » ។៤១ « គ្រប់ជាតិសាសន៍គឺជាកន្លែងប្រមូលផ្ដុំសម្រាប់ប្រជាជនរបស់ខ្លួនផ្ទាល់ » ។៤២ ទីកន្លែងនៃការប្រមូលផ្ដុំសម្រាប់ពួកបរិសុទ្ធប្រេស៊ីល គឺនៅក្នុងប្រទេសប្រេស៊ីល ទីកន្លែងនៃការប្រមូលផ្ដុំសម្រាប់ពួកបរិសុទ្ធនីហ្សេរីយ៉ា គឺនៅក្នុងប្រទេសនីហ្សេរីយ៉ា ទីកន្លែងនៃការប្រមូលផ្ដុំសម្រាប់ពួកបរិសុទ្ធកូរ៉េ គឺនៅប្រទេសកូរ៉េ ។ ល ។ ក្រុងស៊ីយ៉ូនគឺជា « អ្នកដែលមានចិត្តល្អសុទ្ធសាធ » ។៤៣ ក្រុងស៊ីយ៉ូនគឺជាកន្លែងណាដែលមានពួកបរិសុទ្ធដ៏សុចរិត ។ ការបោះពុម្ព ការទំនាក់ទំនង និងការប្រជុំ ឥឡូវនេះគឺថា សមាជិកស្ទើរតែគ្រប់រូបអាចចូលទៅប្រើគោលលទ្ធិ កូនសោ ពិធីបរិសុទ្ធ និងពរជ័យនៃដំណឹងល្អ មិនថាពួកគេនៅទីណាឡើយ ។
សុវត្ថិភាពខាងវិញ្ញាណនឹងតែងតែពឹងផ្អែកទៅលើ របៀប ដែលយើងរស់នៅជានិច្ច ពុំមែនជា ទីកន្លែង ដែលយើងរស់នៅនោះទេ ។ ពួកបរិសុទ្ធនៅគ្រប់ដែនដីមានសិទ្ធិទទួលបានពរជ័យរបស់ព្រះអម្ចាស់ស្មើៗគ្នា ។
កិច្ចការនៃព្រះដ៏មានមហិទ្ធិឫទ្ធិគឺពិត ។ ទ្រង់មានព្រះជន្មរស់ ។ ព្រះយេស៊ូវជាព្រះគ្រីស្ទ ។ នេះគឺជាសាសនាចក្ររបស់ទ្រង់ ដែលបានស្ដារឡើងវិញដើម្បីសម្រេចនូវជោគវាសនាដ៏ទេវភាព រួមទាំងការប្រមូលសាសន៍អ៊ីស្រាអែលដូចបានសន្យា ។ ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី គឺជាព្យាការីរបស់ព្រះនៅសព្វថ្ងៃនេះ ។ ខ្ញុំថ្លែងទីបន្ទាល់ដូច្នោះ ក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។