២០០០–២០០៩
ការប្រមូលផ្តុំ​សាសន៍​អ៊ីស្រាអែល​ដែល​ខ្ចាត់ខ្ចាយ
ខែ​តុលា ឆ្នាំ​២០០៦


2:3

ការប្រមូលផ្តុំ​សាសន៍​អ៊ីស្រាអែល​ដែល​ខ្ចាត់ខ្ចាយ

យើង​ជួយ​ប្រមូលផ្តុំ​អ្នក​ដែល​ព្រះអម្ចាស់​បាន​ជ្រើសរើស​ដែល​នៅ​ទាំង​សងខាង​នៃ​វាំងនន ។

បងប្អូនប្រុសស្រី​ជាទីស្រឡាញ់​របស់​ខ្ញុំ សូម​អរគុណ​ចំពោះ​សេចក្តីជំនឿ​របស់​បងប្អូន ការពលិកម្ម​របស់​បងប្អូន និង​សេចក្តីស្រឡាញ់​របស់​បងប្អូន ។ យើង​មាន​ការទទួលខុសត្រូវ​ដ៏​ធំ​ដើម្បី​ធ្វើ​ជា​មនុស្ស​ដែល​ព្រះអង្គ​សព្វព្រះទ័យ​ឲ្យ​យើង​ប្រែក្លាយ​ទៅ​ជា និង​ធ្វើ​អ្វី​ដែល​ទ្រង់​សព្វព្រះទ័យ​ឲ្យ​យើង​ធ្វើ ។ យើង​ជា​ផ្នែក​នៃ​ចលនា​ដ៏​ធំ—ការប្រមូលផ្តុំ​នៃ​អ៊ីស្រាអែល​ដែល​បាន​ខ្ចាត់ខ្ចាយ ។ ខ្ញុំ​និយាយ​ពី​គោលលទ្ធិ​នេះ​នៅ​ថ្ងៃ​នេះ ពីព្រោះ​តែ​ភាពសំខាន់​ដ៏​ពិសេស​របស់​វា​នៅ​ក្នុង​ផែនការ​ដ៏​នៅ​អស់​កល្បជានិច្ច​របស់​ព្រះ ។

សេចក្ដីសញ្ញា​អ័ប្រាហាំ

កាល​ពី​បុរាណ ព្រះអម្ចាស់​បាន​ប្រទានពរ​ដល់​អ័ប្រាហាំ​ជា​មួយ​នឹង​ការសន្យា​ឲ្យ​កូនចៅ​របស់​លោក​ក្លាយ​ជា​ប្រជាជន​ជម្រើស ។ សេចក្តីយោង​ដល់​សេចក្តីសញ្ញា​នេះ​មាន​នៅ​ពាសពេញ​ក្នុង​ព្រះគម្ពីរ ។ ការសន្យា​ដែល​មាន​គឺ​ថា ព្រះរាជបុត្រា​នៃ​ព្រះ​នឹង​មកតាម​ពូជអំបូរ​អ័ប្រាហាំ ថា​ដែនដី​មួយ​ចំនួន​ជាក់​លាក់​នឹង​ត្រូវ​បាន​គ្រង​ជា​មរតក ថា​ប្រជាជាតិ និង​មនុស្ស​លើ​ផែនដី​នឹង​មាន​ពរ​តាមរយៈ​ពូជ​ពង្ស​របស់​លោក និង​ច្រើន​ទៀត ។ កាល​ទិដ្ឋភាព​មួយ​ចំនួន​នៃ​សេចក្ដី​សញ្ញា​នោះ​ត្រូវ​បាន​បំពេញ​រួច​ហើយ​ក្ដី ក៏​ព្រះគម្ពីរ​មរមន​បង្រៀន​ថា សេចក្ដីសញ្ញា​អ័ប្រាហាំ​នឹង​ត្រូវ​បាន​បំពេញ​តែ​នៅ​ថ្ងៃ​ចុង​ក្រោយ​ទាំង​នេះ​ប៉ុណ្ណោះ ! វា​ក៏​គូស​បញ្ជាក់​ផង​ដែរ​ថា យើង​ស្ថិត​នៅ​ក្នុង​ចំណោម​រាស្ដ្រ​នៃ​សេចក្ដី​សញ្ញា​របស់​ព្រះអម្ចាស់ ។ ពួក​យើង​មាន​ឯកសិទ្ធិ​ដើម្បី​ចូលរួម​ដោយ​ផ្ទាល់​នៅ​ក្នុងការ​បំពេញ​តាម​ការសន្យា​ទាំងនេះ ។ នេះ​ជា​គ្រា​ដ៏​អស្ចារ្យ​ដើម្បី​រស់នៅ !

អ៊ីស្រាអែល​បាន​ខ្ចាត់​ខ្ចាយ

ក្នុង​នាម​ជា​ពូជ​អំបូរ​របស់​អ័ប្រាហាំ នោះ​អំបូរ​អ៊ីស្រាអែល​កាល​ពី​បុរាណ​មាន​សិទ្ធិ​ប្រើ​ប្រាស់​សិទ្ធិ​អំណាច​បព្វជិតភាព និង​ពរជ័យ​នៃ​ដំណឹងល្អ ប៉ុន្តែ​ក្រោយ​មក ប្រជាជន​នោះ​បាន​បះបោរ ។ ពួកគេ​បាន​សម្លាប់​ពួក​ព្យាការី ហើយ​ត្រូវ​ព្រះអម្ចាស់​ដាក់​ទណ្ឌកម្ម ។ ពូជ​អំបូរ​ទាំង​ដប់​ត្រូវ​បាន​ជាប់​ជា​ឈ្លើយ​នៅ​ស្រុក​អាសស៊ើរ ។ ចាប់​តាំង​ពី​នោះ​មក ពួកគេ​បាន​បាត់​ខ្លួន​ចេញ​ពី​កំណត់ត្រា​នៃ​មនុស្ស​ជាតិ ។ ( តែ​ពិតប្រាកដ​ណាស់ ពូជ​អំបូរ​ទាំង​ដប់​នោះ​មិន​បាត់​បង់​ចំពោះ​ព្រះអម្ចាស់​ឡើយ ) ។ ពូជ​អំបូរ​ពីរ​ទៀត​បាន​បន្ត​នៅ​ក្នុង​រយៈពេល​មួយ​ដ៏​ខ្លី​ប៉ុណ្ណោះ ដោយសារ​តែ​ការ​បះបោរ​របស់​ពួកគេ នោះ​ពួកគេ​ត្រូវ​ជាប់​ជា​ឈ្លើយ​នៅ​ក្រុង​បាប៊ីឡូន ។ នៅ​ពេល​ពួកគេ​បាន​ត្រឡប់​មក​វិញ ពួកគេ​គឺ​ជា​រាស្ត្រ​ដែល​ព្រះអម្ចាស់​សព្វ​ព្រះទ័យ ប៉ុន្តែ​ជា​ថ្មី​ម្ដង​ទៀត ពួកគេ​មិន​បាន​គោរព​ទ្រង់​ឡើយ ។ ពួកគេ​បាន​បដិសេធ ហើយ​បាន​មូល​បង្កាច់​ទ្រង់ ។ ព្រះវរ​បិតា​ដែល​ពេញ​ដោយ​ក្ដី​ស្រឡាញ់ តែ​មាន​ទុក្ខ​ព្រួយ​បាន​សច្ចា​ថា « ឯ​ឯង​រាល់​គ្នា អញ​នឹង​កម្ចាត់​កំចាយ​ឲ្យ​ទៅ​នៅ​គ្រប់​ទាំង​នគរ » ហើយ​ទ្រង់​បាន​ធ្វើ​ដូច្នោះ​មែន—ឲ្យ​ទៅ​គ្រប់​ជាតិសាសន៍ ។

អ៊ីស្រាអែល​នឹង​ត្រូវ​បាន​ប្រមូល​ផ្ដុំ​វិញ

ការ​សន្យា​របស់​ព្រះ​ចំពោះ​ការ​ប្រមូល​ផ្ដុំ​អ៊ីស្រាអែល​ដែល​បាន​ខ្ចាត់ខ្ចាយ​មាន​ការ​គូស​បញ្ជាក់​ដូចគ្នា ។ ឧទាហរណ៍ អេសាយ​បាន​ឃើញ​ទុក​ជា​មុន​ថា នៅ​ថ្ងៃ​ចុង​ក្រោយ​ព្រះអម្ចាស់​នឹង​ចាត់​ « ពួក​ទូត​ដែល​លឿន »​ ដល់​មនុស្ស​ទាំង​នេះ​ដែល​« សាសន៍១​ដែល​មាន​រូប​ខ្ពស់​ហើយ​សាច់​រលីង » ។

ដោយ​ប្រមូល​ផ្ដុំ​ទាំង​អស់​ពេញ​ទាំង​បទគម្ពីរ ការ​សន្យា​នៃ​ការ​ប្រមូល​ផ្ដុំ​នេះ​នឹង​ត្រូវ​បាន​បំពេញ​យ៉ាង​ប្រាកដ​ដូច​គ្នា​នឹង​ការ​ព្យាករ​នៃ​ការ​ខ្ចាត់​ខ្ចាយ​របស់​អ៊ីស្រាអែល​ផង​ដែរ ។

សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៅ​ក្នុង​កាល​ដ៏​ខ្ពង់​ខ្ពស់​បំផុត និង​ការ​ក្បត់​សាសនា

ពី​មុន​ការ​ឆ្កាង​របស់​ទ្រង់ ព្រះអម្ចាស់​ព្រះយេស៊ូវ​គ្រីស្ទ​បាន​ស្ថាបនា​សាសនាចក្រ​របស់​ទ្រង់ ។ សាសនាចក្រ​ទ្រង់​មាន​នូវ​ពួក​សាវក ពួក​ព្យាការី ពួក​ចិត​សិប​នាក់ ពួក​គ្រូ​បង្រៀន​ជាដើម ។១០ ហើយ​លោកគ្រូ​បាន​ចាត់​ពួក​សិស្ស​របស់​ទ្រង់​ទៅ​ក្នុង​ពិភពលោក​ដើម្បី​ប្រកាស​ដំណឹងល្អ​របស់​ទ្រង់ ។១១

មួយ​រយៈ​ក្រោយ​មក សាសនាចក្រ​ដែល​បាន​ស្ថាបនា​ដោយ​ព្រះអម្ចាស់​បាន​ធ្លាក់​ចូល​ទៅ​ក្នុង​ការ​ពុក​រលួយ​ខាង​វិញ្ញាណ ។ ការ​បង្រៀន​របស់​ទ្រង់​ត្រូវ​បាន​ផ្លាស់ប្ដូរ ។ ពិធី​បរិសុទ្ធ​របស់​ទ្រង់​ត្រូវ​បាន​កែប្រែ ។ ការ​ក្បត់​សាសនា​ដ៏​ធំ​បាន​កើត​ឡើង​ដូច​ដែល​បាន​ទាយទុក​ជា​មុន​ដោយ​ប៉ុល ជា​អ្នក​ដែល​បាន​ដឹង​ថា ព្រះអម្ចាស់​នឹង​ពុំ​យាង​មក​ម្ដង​ទៀត​ឡើយ ​« ទាល់​តែ​មាន​សេចក្តី​ក្បត់​សាសនា​មក​ជា​មុន » សិន ។១២

ការ​ក្បត់​សាសនា​ដ៏​ធំ​នេះ​បាន​ធ្វើ​តាម​គន្លង​ដែល​បាន​បញ្ចប់​គ្រា​កាន់​កាប់​ត្រួត​ត្រា​នីមួយៗ​កាល​ពី​មុន ។ គ្រា​កាន់​កាប់​ត្រួត​ត្រា​ដំបូង​បង្អស់​គឺជា​ជំនាន់​របស់​អ័ដាម ។ ក្រោយ​មក​ក៏​កើត​មាន​គ្រា​កាន់​កាប់​ត្រួត​ត្រា​របស់​ហេណុក ណូអេ អ័ប្រាហាំ ម៉ូសេ និងព្យាការីផ្សេងៗ​ទៀត ។ ព្យាការី​គ្រប់​រូប​មាន​សិទ្ធិ​អនុញ្ញាត​មក​ពី​ព្រះ​ដើម្បី​បង្រៀន​ពី​ភាពជា​ព្រះ និង​គោលលិទ្ធិ​របស់​ព្រះអម្ចាស់​ព្រះយេស៊ូវ​គ្រីស្ទ ។ នៅ​ក្នុង​ជំនាន់​នីមួយៗ ការ​បង្រៀន​ទាំង​នេះ​គឺជា​មធ្យោបាយ​ដើម្បី​ជួយ​ដល់​មនុស្ស​ទូទៅ ។ ប៉ុន្តែ​ការ​មិន​គោរព​ប្រតិបត្តិ​របស់​ពួកគេ​បាន​ធ្វើ​ឲ្យ​កើត​នូវ​ការ​ក្បត់​សាសនា ។ ដូច្នេះ​ហើយ នៅ​គ្រប់​គ្រា​កាន់​កាប់​ត្រួត​ត្រា​មុនៗ​ត្រូវ​បាន​ដាក់​កំហិត​តាម​ពេលវេលា និង​ទីតាំង ។ វាត្រូវ​បាន​ដាក់​កំហិត​តាម​ពេលវេលា ដោយសារ​គ្រា​នីមួយៗ​បាន​បញ្ចប់​ដោយ​ការ​ក្បត់​សាសនា ។ វា​ត្រូវ​បាន​ដាក់​កំហិត​តាម​ទីតាំង​ នៅ​តាម​ផ្នែក​តូចមួយ​នៃ​ផែនដី ។

ការ​ស្ដារ​ឡើង​វិញ​នៃ​អ្វី​ៗ​គ្រប់​យ៉ាង

ដូច្នេះហើយ ការ​ស្ដារ​ឡើង​វិញ​ដ៏​ពេញ​លេញ​តម្រូវ​ឲ្យ​មាន ។ ព្រះជា​ព្រះវរបិតា និង​ព្រះយេស៊ូវគ្រីស្ទ​បាន​ហៅ​ឲ្យ​ព្យាការី យ៉ូសែប ស៊្មីធ​ធ្វើ​ជា​ព្យាការី​នៃ​គ្រា​កាន់​កាប់ត្រួតត្រា​នេះ ។ អំណាច​ដ៏​ទេវភាព​ទាំងអស់​នៃ​គ្រា​កាន់កាប់​ត្រួតត្រា​ពី​មុនៗ​ត្រូវ​បាន​ស្តារ​ឡើង​វិញ​តាម​រយៈ​លោក ។១៣ ការកាន់កាប់​ត្រួតត្រា​នៃ​ពេល​ពេញ​កំណត់​នេះ​នឹង​មិន​មាន​កម្រិត​តាម​ពេលវេលា ឬ​ទីតាំង​ឡើយ ។ វា​នឹង​មិន​បញ្ចប់​ដោយ​ការក្បត់សាសនា​ទេ ហើយ​វា​នឹង​បំពេញ​ផែនដី ។១៤

ការប្រមូលផ្តុំ​សាសន៍​អ៊ីស្រាអែល—ជា​ផ្នែក​ដ៏​សំខាន់​មួយ​នៃ​ការស្តារឡើងវិញ​អ្វីៗ​ទាំងអស់ ។

ដូច​ដែល​បាន​ព្យាករ​ដោយ​ពេត្រុស និង​ប៉ុល ថា​អ្វីៗ ទាំងអស់ នឹង​ត្រូវ​បាន​ស្តារ​ឡើង​វិញ​នៅ​ក្នុង​គ្រា​កាន់​កាប់​ត្រួតត្រា​នេះ ។ ហេតុដូច្នោះ​ហើយ វា​ត្រូវ​តែ​កើត​ឡើង ដែល​ជា​ផ្នែក​មួយ​នៃ​ការស្តារឡើងវិញ​នោះ ជា​ការរង់ចាំ​ជា​យូរ​មក​ហើយ​នៃ​ការប្រមូលផ្តុំ​សាសន៍​អ៊ីស្រាអែល​ដែល​បាន​ខ្ចាត់ខ្ចាយ ។១៥ វា​ជា​ការចាំបាច់​ដែល​ត្រូវ​កើត​ឡើង​ពី​មុន​ការយាងមក​ជា​លើក​ទីពីរ​នៃ​ព្រះអម្ចាស់ ។១៦

គោលលទ្ធិ​នៃ​ការប្រមូល​ផ្ដុំ​នេះ គឺ​ជា​ការបង្រៀន​មួយ​ដ៏​សំខាន់​របស់​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ។ ព្រះអម្ចាស់​បាន​ប្រកាស ៖ « យើង​ឲ្យ​ដល់​អ្នក​រាល់​គ្នា​នូវ​ទី​សម្គាល់​មួយ…គឺ​យើង​នឹង​ប្រមូល​រាស្ត្រ​យើង​មក​វិញ បន្ទាប់​ពី​គេ​ត្រូវ​ខ្ចាត់​ព្រាត់​អស់​ពេល​ដ៏​យូរ ឱ​វង្ស​អ៊ីស្រាអែល​អើយ ហើយ​នឹង​តាំង​ក្រុង​ស៊ីយ៉ូន​របស់​យើង​ឡើង​វិញ​នៅ​ក្នុង​ចំណោម​ពួក​គេ » ។១៧ ការលេចចេញ​មក​នៃ​ព្រះគម្ពីរ​មរមនគឺ​ជា​ទីសម្គាល់​មួយ​ដល់​ពិភពលោក​ថា ព្រះអម្ចាស់​បាន​ចាប់ផ្ដើម​ប្រមូល​អ៊ីស្រាអែល ហើយ​បំពេញ​សេចក្ដី​សញ្ញា​ដែល​ទ្រង់​បាន​ធ្វើ​ជាមួយ​អ័ប្រាហាំ អ៊ីសាក និង​យ៉ាកុប ។១៨ យើង​មិន​គ្រាន់​តែ​បង្រៀន​ពី​គោលលទ្ធិ​នេះ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​យើង​ក៏​ចូល​រួម​ចំណែក​នៅ​ក្នុង​កិច្ចការ​នេះ​ផង​ដែរ ។ យើង​ធ្វើ​ដូច្នេះ នៅពេល​យើង​ជួយ​ប្រមូល​អ្នក​រើសតាំង​របស់​ព្រះអម្ចាស់​នៅ​ទាំង​សងខាង​នៃ​វាំងនន ។

ព្រះគម្ពីរ​មរមន​គឺ​ជា​ចំណុច​សំខាន់​នៃ​កិច្ចការ​នេះ ។ វា​ប្រកាស​ពី​គោលលទ្ធិ​នៃ​ការប្រមូលផ្តុំ​នេះ ។១៩ វា​ធ្វើ​ឲ្យ​មនុស្ស​រៀន​ពី​ព្រះយេស៊ូវគ្រីស្ទ ជឿ​លើ​ដំណឹងល្អ​ទ្រង់ ហើយ​ចូល​រួម​ក្នុង​សាសនាចក្រ​របស់​ទ្រង់ ។ តាម​ពិត បើ​គ្មាន​ព្រះគម្ពីរមរមន​ទេ នោះ​ការ​ប្រមូល​ផ្ដុំ​អ៊ីស្រាអែល​ដែល​បាន​សន្យា​ទុក​ក៏​មិន​កើត​មាន​ឡើង​ដែរ ។២០

ចំពោះ​យើង នាម​ដ៏​គួរ​ឲ្យ​គោរព​របស់ អ័ប្រាហាំ គឺ​សំខាន់​ណាស់ ។ ក្នុង​ខម្ពីរ​ព្រះគម្ពីរ​មរមន​បាន​លើកឡើង​ពី​ការស្តារឡើងវិញ​ច្រើន​ដង​ជាង​ខគម្ពីរ​ព្រះគម្ពីរប៊ីប ។២១ អ័ប្រាហាំ ភ្ជាប់​ទំនាក់ទំនង​ជា​មួយ​សមាជិក​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​ទាំងអស់ ។២២ ព្រះអម្ចាស់​បាន​បញ្ជាក់​សេចក្តីសញ្ញា​អ័ប្រាហាំ​ជា​ថ្មី នៅ​ក្នុង​សម័យ​របស់​យើង​តាម​រយៈ​ព្យាការី យ៉ូសែប ស្ម៊ីធ ។២៣ នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ យើង​ទទួល​ពរជ័យ​ចុងក្រោយ​របស់​យើង ថា​ជា​ពូជពង្ស​នៃ​អ័ប្រាហាំ អ៊ីសាក និង​យ៉ាកុប ។២៤

សម័យ​កាន់កាប់​ត្រួតត្រា​នៃ​ពេល​ពេញ​កំណត់

ការកាន់កាប់​ត្រួតត្រា​នៃ​ពេល​ពេញ​កំណត់​នេះ គឺ​ត្រូវ​បាន​ទត​មើល​ឃើញ​ជា​មុន​ដោយ​ព្រះ ថា​ជា​ពេល​ប្រមូលផ្តុំ ទាំង​នៅ​លើ​ស្ថានសួគ៌ និង​ផែនដី ។ ពេត្រុស​បាន​ដឹង​ថា បន្ទាប់​ពី​គ្រា​នៃ​ការក្បត់​សាសនា នោះ​ការស្តារឡើងវិញ​នឹង​មក​ដល់ ។ លោក ដែល​បាន​នៅ​ជា​មួយ​ព្រះអម្ចាស់​នៅ​លើ​ភ្នំ​ប្រែរូប​បាន​ប្រកាស​ថា ៖

« ដូច្នេះ ចូរប្រែចិត្ត ហើយ​វិល​មក​ចុះ​ដើម្បី​ឲ្យ​បាប​របស់​អ្នក​រាល់គ្នា​បាន​លុបចេញ​ប្រយោជន៍​ឲ្យ​មាន​ពេល​លំ​ហើយ​មក​ពី​ចំពោះ​ព្រះអម្ចាស់…

« ដែល​ស្ថានសួគ៌​ត្រូវ​ទទួល​ដរាប​ដល់​គ្រា​តាំង​របស់​ទាំងអស់​ឡើង​វិញ ដែល​ព្រះ​បាន​មាន​ព្រះបន្ទូល​ប្រាប់​ពី​គ្រា​នោះ​ដោយសារ​មាត់​នៃ​ពួក ហោរា​បរិសុទ្ធ​របស់​ទ្រង់​តាំង​ពី​បុរាណ​មក » ។២៥

នៅ​សម័យ​ទំនើប ព្រះអម្ចាស់​បាន​ចាត់​សាវក​ពេត្រុស យ៉ាកុប និង​យ៉ូហាន ជាមួយ​នឹង​« កូន​សោ​ទាំង​ឡាយ​នៃ​នគរ​របស់ [ ទ្រង់ ] និង​នៃ​ការ​កាន់កាប់​ត្រួតត្រា​នៃ​ដំណឹង​ល្អ​សម្រាប់​ពេល​ចុង​ក្រោយ​បង្អស់ និង​សម្រាប់​កំណត់​កាល​ដ៏​ពោរ​ពេញ » ជា​ពេល​ដែល​ទ្រង់ « នឹង​ប្រមូល​របស់​របរ​ទាំង​អស់​ទៅ​តែ​មួយ គឺ​របស់​នៅ​លើ​ស្ថាន​សួគ៌ ព្រម​ទាំង​របស់​នៅ​លើ​ផែនដី​ផង » ។២៦

នៅ​ឆ្នាំ ១៨៣០ ព្យាការី យ៉ូសែប ស្ម៊ីធ បាន​រៀន​ពី​សារទូត​សួគ៌ា​មួយ​រូប​ឈ្មោះ​អេលីយ៉ាស ជា​អ្នក​ដែល​មាន​នូវ​កូន​សោ​ដើម្បី​សម្រេច​នូវ « ​ការ​សាង​ឡើង​វិញ​នៃ​របស់​ទាំង​អស់ » ។២៧

ប្រាំ​មួយ​ឆ្នាំ​ក្រោយ​មក ព្រះវិហារ​បរិសុទ្ធ​ខឺតឡង់​ត្រូវ​បាន​ឧទ្ទិស​ឆ្លង ។ បន្ទាប់​ពី​ព្រះអម្ចាស់​បាន​ទទួល​ដំណាក់​បរិសុទ្ធ​នោះ​ហើយ សារទូត​សួគ៌ា​ទាំងឡាយ​បាន​មក​ជាមួយ​នឹង​កូនសោ​បព្វជិតភាព ។ ម៉ូសេ​បាន​លេច​មក​២៨ « ហើយ​បាន​ប្រគល់ … កូនសោ​ទាំងឡាយ​នៃ​ការ​ប្រមូល​សាសន៏​អ៊ីស្រាអែល ពី​ទិស​ទាំងបួន​នៃ​ផែន​ដី ហើយ​នឹង​ការ​នាំ​ពូជ​អំបូរ​ទាំង​ដប់​ចេញ​ពី​ដែនដី​ភាគ​ខាង​ជើង​មក ។

« បន្ទាប់​មក លោក​អេលីយ៉ាស​បាន​លេច​មក ហើយ​បាន​ប្រគល់​គ្រា​កាន់​កាប់​ត្រួតត្រា​នៃ​ដំណឹងល្អ​របស់​លោក​អ័ប្រាហាំ​ដោយ​ប្រាប់​ថា នៅ​ក្នុង​យើង និង​ពូជ​របស់​យើង នោះ​អស់​ទាំង​តំណ​មនុស្ស​បន្ទាប់​ពី​យើង​មក​នឹង​បាន​ពរ » ។២៩

បន្ទាប់​មក អេលីយ៉ា​ជា​ព្យាការី​បាន​មក ហើយ​ប្រកាស​ថា « មើល​ចុះ ពេល​វេលា​បាន​មក​ដល់​ពេញ​លេញ​ហើយ ដែល​បាន​ពោល​ដោយ​មាត់​នៃ​លោក​ម៉ាឡាគី— ដោយ​ធ្វើ​ទី​បន្ទាល់​ថា លោក [ អេលីយ៉ា ] នឹង​ត្រូវ​បាន​ចាត់​ឲ្យ​មក​មុន​ថ្ងៃ​ដ៏​ធំ ហើយ​គួរ​ស្ញែង​ខ្លាច​នៃ​ព្រះ​អម្ចាស់​នឹង​មក​ដល់—ដើម្បី​បង្វែរ​ចិត្ត​ពួក​ឪពុក​មក​ឯ​កូន និង​ចិត្ត​កូន​មក​ឯ​ឪពុក ក្រែង​ផែនដី​ទាំង​មូល​នឹង​ត្រូវ​វាយ​ដោយ​សេចក្ដី​បណ្ដាសា » ។៣០

ព្រឹត្តិការណ៍​ទាំង​នេះ​បាន​កើត​ឡើង​នៅ​ថ្ងៃ​ទី ៣ ខែ មេសា ឆ្នាំ ១៨៣៦៣១ ហេតុ​ដូច្នេះហើយ​បាន​បំពេញ​តាម​ការ​ព្យាករ​របស់​ម៉ាឡាគី ។៣២ កូន​សោពិសិដ្ឋ​នៃ​គ្រា​កាន់​កាប់​ត្រួត​ត្រា​នេះ​ត្រូវ​បាន​ស្ដារ​ឡើង​វិញ ។33

ការ​ប្រមូល​ផ្ដុំ​ព្រលឹង​នៅ​ផ្នែក​ម្ខាង​ទៀត​នៃ​វាំង​នន

ដោយ​សេចក្តីមេត្តា នោះ​ការអញ្ជើញ​ឲ្យ « មករក​ព្រះគ្រីស្ទ »៣៤ ក៏​អាច​អញ្ជើញ​ទៅ​ដល់​ពួក​អ្នក​បាន​ទទួល​មរណភាព​ទៅ​ហើយ​ដោយ​ពុំ​មាន​ការ​ចេះ​ដឹង​ពី​ដំណឹងល្អ​ផងដែរ ។៣៥ ផ្នែក​នៃ​ការរៀបចំ​របស់​ពួកគេ​តម្រូវ​ឲ្យ​មាន​កិច្ចខិតខំ​របស់​អ្នក​ផ្សេង​ទៀត​នៅ​លើ​ផែនដី ។ យើង​ប្រមូល​បញ្ជី​ពង្សាវលី បង្កើត​តារាង​ក្រុម​គ្រួសារ ហើយ​ធ្វើ​កិច្ចការ​ព្រះវិហារ​បរិសុទ្ធ​ជំនួស ដើម្បី​ប្រមូល​បុគ្គល​ទាំងឡាយ​ទៅ​រក​ព្រះអម្ចាស់ និង​រួបរួម​ជាមួយ​ក្រុម​គ្រួសារ​របស់​ពួកគេ ។៣៦

ដើម្បី​ចូល​រួម​នៅ​ក្នុង​ការ​ប្រមូល​ផ្ដុំ​នោះ ៖ ការ​តាំង​ចិត្ត​តាម​សេចក្ដី​សញ្ញា

នៅ​លើ​ផែនដី​នេះ កិច្ចការ​ផ្សព្វផ្សាយ​សាសនា​មាន​សារៈសំខាន់​ចំពោះ​ការ​ប្រមូល​ផ្ដុំ​អ៊ីស្រាអែល ។ ដំបូង ដំណឹងល្អ​ត្រូវ​តែ​នាំ​ទៅ « ឯ​ចៀម​បាត់​បង់​របស់​វង្សានុវង្ស​នៃ​ពួក​អ៊ីស្រាអែល​វិញ » ។៣៧ ដូច្នេះ អ្នក​បម្រើ​របស់​ព្រះអម្ចាស់​បាន​ចេញ​ទៅ​ប្រកាស​ពី​ការស្ដារ​ឡើង​វិញ ។ នៅ​ក្នុង​ប្រទេស​ជាតិ​ជា​ច្រើន ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​របស់​យើង​បាន​ស្រាវជ្រាវ​រក​អ៊ីស្រាអែល​ដែល​បាន​ខ្ចាត់ព្រាត់ ពួកគេ​បាន​ប្រមាញ់​រក​អ៊ីស្រាអែល​នោះ​ចេញ​ពី « ក្រហែង​ថ្ម​ទាំង​ប៉ុន្មាន​ផង » ហើយ​ពួកគេ​បាន​នេសាទ​ពួកគេ ដូច​នៅក្នុង​ជំនាន់​បុរាណ​ដែរ ។៣៨

ជម្រើស​ដើម្បី​មក​រក​ព្រះគ្រីស្ទ មិន​មែន​ជា​បញ្ហា​នៃ​ទីតាំង​រាងកាយ​នោះ​ទេ វា​ជា​បញ្ហា​នៃ​ការតាំងចិត្ត​របស់​បុគ្គល ។ មនុស្ស​អាច « ត្រូវ​បាន​នាំ​មក​ឲ្យ​ស្គាល់​ព្រះអម្ចាស់ »៣៩ ដោយ​មិន​ចាំបាច់​ចាកចេញ​ពី​ស្រុក​កំណើត​របស់​ពួកគេ​ឡើយ ។ ពិត​ហើយ កាល​ពី​ដើម​ដំបូង​នៃ​សាសនាចក្រ ការប្រែចិត្ត​ជឿ​ជា​ញឹកញាប់​មាន​ន័យ​ថា​ជា​ការធ្វើ​ចំណាក​ស្រុក​ផងដែរ ។ ប៉ុន្តែ ឥឡូវ​នេះ ការប្រមូល​ផ្ដុំ​ធ្វើ​ឡើង​នៅ​ក្នុង​ប្រទេស​នីមួយៗ ។ ព្រះអម្ចាស់​បាន​ចេញ​ព្រះរាជក្រិត​ឲ្យ​ស្ថាបនា​ទីក្រុង​ស៊ីយ៉ូន៤០ នៅ​ក្នុង​តំបន់​នីមួយៗ​ដែល​ទ្រង់​បាន​ប្រទាន​កំណើត និង​ជាតិសាសន៍​ដល់​ពួក​បរិសុទ្ធ​របស់​ទ្រង់ ។ ព្រះគម្ពីរ​បាន​ប្រាប់​ទុក​ជា​មុន​ថា មនុស្ស « នឹង​ត្រូវ​បាន​ប្រមូល​គ្នា​ទៅ​ដែន​ដី​នៃ​កេរ្តិ៍​អាករ​របស់​ពួក​គេ​ទាំង​ឡាយ ហើយ​នឹង​បាន​តាំង​ឲ្យ​មាន​ឡើង​នៅ​លើ​អស់​ទាំង​ដែនដី​សន្យា​របស់​ពួក​គេ » ។៤១ « គ្រប់​ជាតិ​សាសន៍​គឺជា​កន្លែង​ប្រមូល​ផ្ដុំ​សម្រាប់​ប្រជាជន​របស់​ខ្លួន​ផ្ទាល់ » ។៤២ ទីកន្លែង​នៃ​ការប្រមូល​ផ្ដុំ​សម្រាប់​ពួក​បរិសុទ្ធ​ប្រេស៊ីល គឺ​នៅ​ក្នុង​ប្រទេស​ប្រេស៊ីល ទីកន្លែង​នៃ​ការប្រមូល​ផ្ដុំ​សម្រាប់​ពួក​បរិសុទ្ធ​នីហ្សេរីយ៉ា គឺ​នៅ​ក្នុង​ប្រទេស​នីហ្សេរីយ៉ា ទីកន្លែង​នៃ​ការប្រមូល​ផ្ដុំ​សម្រាប់​ពួក​បរិសុទ្ធ​កូរ៉េ គឺ​នៅ​ប្រទេស​កូរ៉េ ។ ល ។ ក្រុង​ស៊ីយ៉ូន​គឺ​ជា « អ្នក​ដែល​មាន​ចិត្ត​ល្អ​សុទ្ធសាធ » ។៤៣ ក្រុង​ស៊ីយ៉ូន​គឺ​ជា​កន្លែង​ណា​ដែល​មាន​ពួក​បរិសុទ្ធ​ដ៏​សុចរិត ។ ការ​បោះ​ពុម្ព ការ​ទំនាក់ទំនង និង​ការ​ប្រជុំ ឥឡូវ​នេះ​គឺ​ថា សមាជិក​ស្ទើរ​តែ​គ្រប់​រូប​អាច​ចូល​ទៅ​ប្រើ​គោលលទ្ធិ កូនសោ ពិធី​បរិសុទ្ធ និង​ពរជ័យ​នៃ​ដំណឹងល្អ មិន​ថា​ពួកគេ​នៅ​ទីណា​ឡើយ ។

សុវត្ថិភាព​ខាង​វិញ្ញាណ​នឹង​តែងតែ​ពឹង​ផ្អែក​ទៅ​លើ របៀប ដែល​យើង​រស់​នៅ​ជា​និច្ច ពុំ​មែន​ជា ទីកន្លែង ដែល​យើង​រស់​នៅ​នោះ​ទេ ។ ពួក​បរិសុទ្ធ​នៅ​គ្រប់​ដែនដី​មាន​សិទ្ធិ​ទទួល​បាន​ពរជ័យ​របស់​ព្រះអម្ចាស់​ស្មើៗ​គ្នា ។

កិច្ចការ​នៃ​ព្រះ​ដ៏​មាន​មហិទ្ធិ​ឫទ្ធិ​គឺ​ពិត ។ ទ្រង់​មាន​ព្រះជន្ម​រស់ ។ ព្រះយេស៊ូវ​ជា​ព្រះគ្រីស្ទ ។ នេះ​គឺ​ជា​សាសនាចក្រ​របស់​ទ្រង់ ដែល​បាន​ស្ដារឡើងវិញ​ដើម្បី​សម្រេច​នូវ​ជោគវាសនា​ដ៏​ទេវភាព រួម​ទាំង​ការ​ប្រមូល​សាសន៍​អ៊ីស្រាអែល​ដូច​បាន​សន្យា ។ ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី គឺ​ជា​ព្យាការី​របស់​ព្រះ​នៅ​សព្វ​ថ្ងៃ​នេះ ។ ខ្ញុំ​ថ្លែង​ទីបន្ទាល់​ដូច្នោះ ក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ។