ឆ្នាំ ២០១០-២០១៩
សន្និសីទទូទៅ៖ ការ​ពង្រឹង​សេចក្ដីជំនឿ និង​ទីបន្ទាល់
តុលា 2013


15:50

សន្និសីទទូទៅ៖ ការ​ពង្រឹង​សេចក្ដីជំនឿ និង​ទីបន្ទាល់

ឱ! យើង​ត្រូវការ​សន្និសីទទូទៅ​អ្វីម្ល៉េះ។ សេចក្ដីជំនឿ​ និង​ទីបន្ទាល់យើងត្រូវបាន​ពង្រឹង​តាម​រយៈ​សន្និសីទ។

អរគុណ​ប្រធាន ម៉នសុន សម្រាប់ការ​បង្រៀន និង​គំរូ​នៃ​ការ​បម្រើ​ដូច​ព្រះគ្រីស្ទ​របស់​លោក និង​ការ​អំពាវនាវ​របស់​លោក​ឲ្យ​យើង​ក្លាយ​ជា​អ្នក​ផ្សាយ​សាសនា ។ យើង​អធិស្ឋាន​សម្រាប់​លោក​ជានិច្ច។

ក្នុង​គ្រាកាន់កាប់​យើង ព្រះគ្រីស្ទ​បាន​សំដៅ​លើ​ការ​ប្រមូល​ពួក​បរិសុទ្ធជា «សន្និសីទទូទៅ​របស់​យើង»។​1

ទោះ​យើង​នៅទីណាក្ដី​ក្នុង​ពិភពលោកនេះ ទោះ​យើង​ទទួល​ការ​ចាក់ផ្សាយ​នេះ​តាម​របៀប​ណាក្ដី ខ្ញុំ​សូម​ថ្លែងទីបន្ទាល់​ថា យើង​បាន​ប្រមូល​ផ្ដុំ​គ្នា​ក្នុង​សន្និសីទ​របស់​ទ្រង់​។ ខ្ញុំ​ក៏​ថ្លែង​ទីបន្ទាល់​ដែរ​ថា យើង​នឹង​ឮបន្ទូល​ទ្រង់ ត្បិត​ទ្រង់​បាន​មាន​បន្ទូលថា «ទោះជាដោយសំឡេងរបស់​យើង​ផ្ទាល់ ឬ​ក៏​ដោយ​សំឡេង​នៃ​ពួក​អ្នកបម្រើ​របស់​យើង​ក្ដី គឺ​ដូចតែគ្នា»។​2

សន្និសីទតែង​ជា​ផ្នែក​មួយ​នៃ​សាសនាចក្រ​ពិត​នៃ​ព្រះយេស៊ូវគ្រីស្ទ ។ អ័ដាម បាន​ប្រមូល​កូនចៅ​ខ្លួន ហើយ​បាន​ព្យាករណ៍​ពី​រឿង​ដែល​នឹង​កើត​មាន ។ ម៉ូសេ បានប្រមូល​កូនចៅ​អ៊ីស្រាអែល ហើយ​បង្រៀនពួកគេពីបញ្ញត្តិ​ដែល​គាត់បាន​ទទួល ។ ព្រះគ្រីស្ទ​បង្រៀន​ដល់ក្រុម​មនុស្ស​ទាំង​នៅ​ដែនដី​បរិសុទ្ធ និង​ទ្វីបអាមេរិក ។ ពេត្រុស បានប្រមូល​ពួកអ្នកជឿ​ក្នុង​ក្រុង​យេរូសាឡឹម។ សន្និសីទទូទៅ​ដំបូង​នា​ថ្ងៃ​ចុងក្រោយនេះបាន​ធ្វើ​ឡើង​នៅ​រយៈពេល​ពីរខែ​ក្រោយពី​សាសនាចក្រ​ត្រូវបាន​រៀបចំ ហើយ​វាបាន​បន្ត​រហូតដល់​សព្វថ្ងៃនេះ ។

សន្និសីទនេះ​តែង​ស្ថិត​នៅ​ក្រោម​ការ​ដឹកនាំ​របស់​ព្រះអម្ចាស់ ណែនាំ​ដោយ​ព្រះវិញ្ញាណ ។​3​ យើង​មិន​ត្រូវ​បាន​ផ្ដល់​ឲ្យ​នូវ​ប្រធាន​បទ​ជាក់លាក់ឡើយ។ អស់រយៈពេល​ជាច្រើន​សប្ដាហ៍ ជាច្រើនខែ ជួន​កាល​មិន​បាន​សម្រាក​នៅ​ពេល​យប់​ផង យើងបាន​រង់ចាំ​ព្រះអម្ចាស់។ ដោយ​ការ​តមអាហារ ការធិស្ឋាន ការ​សិក្សា និងការ​សញ្ជឹងគិត យើង​ដឹង​ពី​សារលិខិត​ដែល​ទ្រង់​ ចង់​ឲ្យ​យើងនិយាយ។

មនុស្ស​ខ្លះ​អាច​សួរ « ហេតុអ្វី​បាន​ជា​ការ​បំផុសគំនិតមិន​បាន​កើត​មាន​ដោយ​ងាយ ហើយ​ឆាប់រហ័សដូច្នេះ ? » ព្រះអម្ចាស់​បង្រៀន​ អូលីវើរ ខៅឌើរី ថា « អ្នកត្រូវសិក្សា​ក្នុង​គំនិត​របស់​អ្នក រួចហើយ អ្នក​ត្រូវ​សូម​ដល់​យើង បើសិន​ជា​ការណ៍​នោះ​ត្រឹមត្រូវ »។​4​ យើង​ដឹងពីសារលិខិត​សន្និសីទ តាមរយៈព្រះវិញ្ញាណ ​ក្រោយ​ពី​ការ​រៀបចំខ្លួន​ប្រកបដោយ​ការ​អធិស្ឋាន ។

គោលការណ៍​នេះពិត​សម្រាប់សមាជិក​សាសនាចក្រ​ទាំងអស់ ពេល​យើង​រៀបចំ​ខ្លួន​ចូលរួម​ក្នុង​សន្និសីទវួដ ស្តេក និង​សន្និសីទទូទៅ។ យើង​សិក្សា​ក្នុង​គំនិតនូវអ្វីដែល​យើង​ប្រាថ្នា​ចង់​បានពី​ព្រះវរបិតា ហើយ​យើងអធិស្ឋានដើម្បីយល់ ហើយ​អនុវត្ត​អ្វី​ដែល​យើង​ត្រូវបាន​បង្រៀន។ ពេល​សន្នសីទ​មកដល់ យើង​បោះបង់សកម្មភាពផ្សេងទៀត « [ដោយ] ទុកចោលរបស់​ទាំងឡាយនៃ​ពិភពលោកនេះ [ដើម្បី] ​ស្វែងរករបស់​ទាំងឡាយណា​ដែល​គ្រាន់បើ​ជាងនេះ​វិញ »។​5​ រួច​យើង​ប្រមូល​គ្រួសារ​យើង​ស្ដាប់​បន្ទូល​ព្រះអម្ចាស់ ដូចជា​រាស្ត្រ​ស្ដេច​បេយ៉ាមីន បាន​ធ្វើ។6

កុមារ និង​យុវ័យក៏រាប់បញ្ចូលដែរ។ យើងខុស​ធ្ងន់ណាស់ បើ​យើង​គិត​ថា សន្និសីទគឺ​ជា​អ្វី​មួយ​ខាង​គំនិត និង​ខាង​វិញ្ញាណ​ដែលពួក​គេ​មិន​អាចយល់បាន​នោះ។ ខ្ញុំ​សូម​សន្យា​នឹង​សមាជិកសាសនាចក្រ​វ័យ​ក្មេង​ថា បើ​អ្នក​ស្ដាប់ នោះ​អ្ន​កនឹង​ទទួល​អារម្មណ៍​ពី​ព្រះវិញ្ញាណក្នុង​ចិត្ត​អ្នក។ ព្រះអម្ចាស់នឹង​ប្រាប់អ្នក​ពី​អ្វី​ដែល​ទ្រង់​ចង់​ឲ្យ​អ្នក​ធ្វើក្នុង​ជីវិត​អ្នក ។

ក្នុង​សន្និសីទ យើង​អាចទទួល​បន្ទូល​ព្រះអម្ចាស់ដែល​មានន័យ​សម្រាប់តែ​យើង​ម្នាក់​គត់។ មាន​សមាជិក​ម្នាក់​បាន​ថ្លែង​ថា ៖ «ពេល​ខ្ញុំ​ស្ដាប់​សុន្ទរកថា​លោក ខ្ញុំ​មាន​ភាពអស្ចារ្យណាស់​។... វា​ជា​វិវរណៈផ្ទាល់​មក​ពី​ព្រះអម្ចាស់​សម្រាប់​គ្រួសារ​ខ្ញុំ។ ក្នុង​ជីវិត​ខ្ញុំ ខ្ញុំ​ពុំធ្លាប់​ជួប​ការ​បំផុស​គំនិតខ្លាំង​បែប​នេះ​ពី​ព្រះវិញ្ញាណ​ដូចដែល​ព្រះវិញ្ញាណ​មានបន្ទូល​មក​ខ្ញុំ​នៅ​ប៉ុន្មាន​នាទីនោះឡើយ»។

ម្នាក់​ទៀត​ពោលថា « ខ្ញុំ​ពុំ​ធ្លាប់​មាន​អារម្មណ៍អស្ចារ្យ​បែប​នេះ​ពីមុនឡើយ ដែល​មាន​សុន្ទរកថា​មួយ​កំពុង​និយាយ​មក​កាន់ខ្ញុំ​នោះ » ។

ការណ៍​នេះ​អាច​កើត​មាន ដោយសារ​ព្រះវិញ្ញាណដឹក​នាំ​បន្ទូល​ព្រះអម្ចាស់​ចូល​ក្នុង​ចិត្ត​អ្នកដើម្បីឲ្យ​អ្នក​យល់ ។​7​ ពេល​ខ្ញុំ​ធ្វើ​ការ​កត់ចំណាំ​ក្នុង​សន្និសីទ ខ្ញុំមិនកត់​អត្ថន័យ​ទាំងស្រុង​ដែល​អ្នក​និយាយ​លើក​ឡើងនោះទេ ខ្ញុំ​កត់​នូវការ​ដឹកនាំ​ផ្ទាល់ខ្លួន​ដែល​ព្រះវិញ្ញាណ​ប្រទាន​ដល់​ខ្ញុំវិញ។

រឿង​ដែល​​បានលើកឡើង​​មិន​សំខាន់​ដូច​អ្វី​ដែល​យើង​​បាន​ឮ​ហើយ​​ទទួលអារម្មណ៍​​ឡើយ ។​8​ នោះ​ជា​ហេតុផលដែល​យើង​ខិតខំដើម្បី​មាន​សន្និសីទ​ក្នុង​បរិយាកាស​មួយ​ដែល​សំឡេងតូចរហៀង​នៃ​ព្រះវិញ្ញាណ​អាច​ស្ដាប់​ឮច្បាស់ ទទួលអារម្មណ៍ ហើយ​យល់ ។

ឱ! យើង​ត្រូវការ​សន្និសីទទូទៅ​អ្វី​ម្ល៉េះ។ សេចក្ដីជំនឿ​ និង​ទីបន្ទាល់​យើង​ត្រូវបាន​ពង្រឹង​តាមរយៈ​សន្និសីទ​។ ហើយ​ពេល​យើង​បាន​ប្រែចិត្ត​ជឿ នោះ​យើង​ពង្រឹងគ្នា​ឲ្យ​ឈរ​យ៉ាង​រឹងមាំក្នុងកណ្ដាល​​ព្រួញ​ភ្លើង​នៃ​ថ្ងៃ​ចុងក្រោយ​នេះ ។​9

ក្នុង​ពេល​បច្ចុប្ប​ន្ននេះ ភាគច្រើន សាសនាចក្រ​មិន​បាន​ជួប​នូវបញ្ហា​យល់ខុស​ និងការ​បៀតបៀនដ៏​អាក្រក់ដែល​ពួក​បរិសុទ្ធ​ជំនាន់មុន​បាន​ជួបឡើយ។ វា​នឹងមិន​​​​បែបនេះ​ជានិច្ច​នោះទេ ។ ពិភពលោក​កំពុង​រំកិល​ខ្លួន​ចេញ​ពី​ព្រះអម្ចាស់​យ៉ាង​លឿន​ខ្លាំង​ជាង​មុន។ មារសត្រូវ​បាន​អនុវត្ត​អំណាច​វា​លើ​ផែនដីនេះ ។ យើង​មើល ស្ដាប់ អាន សិក្សា ហើយ​ចែកចាយ​ពាក្យ​ពួកព្យាការី​ ដើម្បី​ព្រមាន​ជាមុន និង​ការពារ ។ ឧទាហរណ៍ « ក្រុមគ្រួសារ ៖ ការ​ប្រកាស​ដល់​ពិភពលោក » បា​ន​ផ្ដល់​ឲ្យ​ពីមុន​យើង​ជួប​បញ្ហាគ្រួសារ​នាពេល​នេះ ។ « ព្រះគ្រីស្ទដ៏​មាន​ព្រះជន្មរស់​ ៖ ទីបន្ទាល់នៃពួកសាវក » បាន​រៀបចំជាមុនសម្រាប់ពេល​ដែល​យើង​ត្រូវការ​​បំផុត ។

យើង​ប្រហែល​ជា​មិន​ដឹង​រាល់ហេតុផលដែល​ពួកព្យាការី​ និង​អ្នកនិយាយ​ក្នុង​សន្និសីទលើកឡើងនូវ​ប្រធានបទ​ជាក់លាក់​ក្នុង​សន្និសីទនោះ​ឡើយ តែ​ព្រះអម្ចាស់​ជ្រាបដឹង ។ ប្រធាន ហារ៉ូល ប៊ី លី បានបង្រៀនថា ៖ «សុវត្ថិភាពតែមួយគត់​ដែល​យើង​មាន​ក្នុងនាម​ជា​សមាជិក​សាសនាចក្រនេះ​គឺ...ការ​ស្ដាប់តាម​បន្ទូល និង​បញ្ញត្តិដែល​ព្រះអម្ចាស់​នឹង​ប្រទាន​ តាមរយៈព្យាការីទ្រង់ ។... នឹងមាន​រឿង​ខ្លះ​ដែល​ត្រូវការ​ភាពអត់ធ្មត់ និង​សេចក្ដីជំនឿ ។ អ្នក​ប្រហែល​ជា​មិន​ចូល​ចិត្តអ្វីដែល​អ្នក​មាន​សិទ្ធិអំណាច​ក្នុង​សាសនាចក្រ​និយាយ ។ វា​ប្រហែល​ជា​ផ្ទុយ​ពី​គំនិត ​[ផ្ទាល់ខ្លូន] របស់អ្នក ។ វា​ប្រហែល​ជា​ផ្ទុយ​ពី​គំនិត​របស់​សង្គម ។ វា​ប្រហែល​ជាជ្រៀតជ្រែក​ជីវិត​សង្គម​របស់​អ្នក​ខ្លះៗ ។ តែ​បើ​អ្នក​ស្ដាប់រឿង​ទាំងនេះ ដូចជា​វា​មក​ពី​ព្រះឱសផ្ទាល់​របស់​ព្រះអម្ចាស់ ដោយ​ចិត្តអត់ធ្មត់ និង​សេចក្ដីជំនឿ នោះ​ការ​សន្យា​នឹងកើត​មាន​ថា ‹ ទ្វារស្ថាននរកនឹង​ពុំ​ឈ្នះ​អ្នកឡើយ... ហើយ​ព្រះអម្ចាស់​នឹងកំចាត់អំណាចនៃ​សេចក្ដីងងឹត​ចេញពី​អ្នកទៅ ហើយបណ្ដាល​ឲ្យ​ផ្ទៃមេឃ​ញាប់ញ័រដើម្បី​សេចក្ដីល្អដល់អ្នក និង​សិរីល្អ​ដល់​ព្រះនាមទ្រង់ › (​គ. និង ស. 21:6​)» ។​10

តើ​ប្រធាន លី បាន​ដឹង​ពី​អ្វី​ដែល​យើង​នឹង​ជួប​នៅ​សម័យ​យើង​ដោយ​របៀបណា? លោក​ដឹង​ ព្រោះ​លោក​ជា​ព្យាការី អ្នកមើលឆុត និង​អ្នកទទួលវិវរណៈ។ ហើយ​បើ​យើង​ស្ដាប់ ហើយ​គោរព​ដល់​ពួកព្យាការី​នៅ​ពេល​នេះ រួម​ទាំង​អ្នក​ឡើងនិយាយ​ក្នុង​សន្និសីទ​នេះ យើង​នឹង​ត្រូវបានពង្រឹង ហើយ​ការពារ។

ពរដ៏​ធំបំផុត​នៃ​សន្និសីទទូទៅ​កើត​មាន​ចំពោះ​យើងក្រោយ​ពី​សន្និសីទនេះ​បាន​បញ្ចប់។ សូម​ចាំពី​លំនាំ​ដែល​បាន​កត់ត្រាជា​ញឹកញាប់ក្នុងបទគម្ពីរថា៖ យើង​ជួបជុំគ្នាស្ដាប់​បន្ទូល​ព្រះអម្ចាស់ ហើយ​រស់​នៅ តាម​បន្ទូល​ទាំងនោះ ពេលយើង​ត្រឡប់​ទៅ​ផ្ទះ​យើងវិញ។

បន្ទាប់ពី​ស្ដេច បេនយ៉ាមីន បាន​បង្រៀន​ដល់​រាស្ត្រ​ទ្រង់ «ទ្រង់បាន​ឲ្យ​ហ្វូងមនុស្ស​ត្រឡប់ទៅវិញ ហើយ​ពួកគេ​ក៏​ត្រឡប់​ជាមួយ​គ្រួសារ​គេ​ទៅកាន់ផ្ទះ​គេរៀងៗខ្លួន»។​11​ ក្នុង​ជំនាន់ស្តេច លិមហៃ ទ្រង់បាន​ធ្វើ​ដូចគ្នា។​12​ ក្រោយ​ពីបង្រៀន ហើយ​បម្រើ​ដល់​ប្រជាជន​ក្នុង​ព្រះវិហារ​បរិសុទ្ធ​នៅ​ដែនដី​បរិបូរណ៍​មក ព្រះគ្រីស្ទ​មាន​បន្ទូល​ទៅ​ប្រជាជន​នោះថា «ចូរ​អ្នករាល់គ្នា​ត្រឡប់ទៅ​ផ្ទះ​អ្នកវិញចុះ ហើយ​ពិចារណា​គិត​អំពីរឿង​ទាំងឡាយដែល​យើង​បាន​និយាយ ហើយ​ចូរសូមដល់ព្រះវរបិតាដោយ​នូវ​នាម​យើង ដើម្បី​ឲ្យ​អ្នករាល់គ្នា​អាច​យល់ ហើយ​ប្រុងប្រៀប​ចិត្ត​គំនិត​របស់​អ្នក​ចាំ​ថ្ងៃ​ស្អែក ហើយ​យើង​នឹង​យាង​មក​ជួប​អ្នក​ទៀត»។​13

យើង​ទទួល​យក​ការ​អញ្ជើញ​របស់​ព្រះគ្រីស្ទ ពេល​យើង​គិត ហើយ​អធិស្ឋាន​ដើម្បី​យល់​ពី​អ្វី​ដែល​បាន​បង្រៀន រួច​ទៅធ្វើតាម​ព្រះទ័យទ្រង់។ សូម​ចាំ​ពាក្យ​របស់​ប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល ថា៖ « គំនិត​ខ្ញុំ​បាន​ផ្លាស់ប្ដូរ​ពេល​ខ្ញុំ​ចេញ​ពី​សន្និសីទទូទៅ ហើយ​ត្រឡប់ទៅផ្ទះវិញ...មាន​ផ្នែក​ជាច្រើន​ក្នុង​ជីវិត​ខ្ញុំ​ដែល​ខ្ញុំ​អាច​កែប្រែ ។ ខ្ញុំ​បាន​ធ្វើ​ជា​បញ្ជី​មួយ​ពី​ចំណុចទាំងនោះ ហើយ​ចង់​ចេញ​ទៅ​អនុវត្ត​ភ្លាមៗ បន្ទាប់ពីខ្ញុំ​បញ្ចប់វា » ។​14​ ថ្មីៗនេះ ប្រធាន ម៉នសុន បាន​ថ្លែងថា៖ « ខ្ញុំ​លើកទឹកចិត្តអ្នក​ឲ្យ​អាន​សុន្ទរកថា... ហើយ​គិត​ពីសារលិខិត​ដែល​មាន​នៅ​ក្នុងនោះ។ ក្នុង​ជីវិត​ខ្ញុំ​ផ្ទាល់ ខ្ញុំ​បាន​រកឃើញ​ថា ខ្ញុំ​បាន​ទទួល​​យ៉ាង​ច្រើន​ពី​ការ​បង្រៀន​ដ៏បំផុសគំនិត​ទាំងនេះ ពេល​ខ្ញុំ​សិក្សាវា​ឲ្យ​ស៊ីជម្រៅថែមទៀត » ។​15

បន្ថែមពីលើការ​អញ្ជើញ​យើងឲ្យ​មាន​ការ​សិក្សា​ព្រះគម្ពីរផ្ទាល់ខ្លួន និងជាគ្រួសារ ព្រះវរបិតា​ចង់​ឲ្យ​យើង​សិក្សា​ជាទៀងទាត់ ហើយ​អនុវត្ត​នូវ​អ្វីដែល​យើង​បាន​រៀន​ក្នុង​សន្និសីទ។ ខ្ញុំ​ថ្លែងទីបន្ទាល់ថា អ្នកដែលដាក់ទំនុកចិត្ត​ខ្លួន​លើ​ព្រះអម្ចាស់ ហើយ​ស្ដាប់​តាម​ការ​ប្រឹក្សា​នេះ​ដោយ​ជំនឿ នឹង​ទទួល​បាន​កម្លាំងអស្ចារ្យ​ដើម្បី​ប្រទាន​ពរ​ដល់​ខ្លួន​ឯង និងគ្រួសារ​​ជាច្រើន​ជំនាន់​នាអនាគត។

ព្រះវរបិតាបានប្រទាន​ផ្លូវ​ឲ្យ។ នៅ​សន្និសីទនេះ 97 ភាគរយ​នៃ​សាសនាចក្រ​អាច​ស្ដាប់ឮ​សារលិខិត​ទាំងនេះជាភាសា​ខ្លួន។ មាន​សមាជិក​រាប់​លាន​នាក់ក្នុង​ 197 ប្រទេស​នឹង​ទស្សនា​សន្និសីទនេះ​ជា 95 ភាសា។ តែពីរ​ឬ​បីថ្ងៃ​ប៉ុណ្ណោះ សារលិខិត​នេះ​នឹង​​មាន​នៅ​ LDS.org ជា​ភាសា​អង់គ្លេស ហើយ​ក្នុង​មួយ​សប្ដាហ៍ សារលិខិត​ទាំងនេះ​នឹង​ផ្ដើម​មាន​ជា 52 ភាសា។ ឥឡូវនេះ​យើង​ទទួល​បាន​ទស្សនាវដ្ដី​សាសនាចក្រ​ក្នុងបីសប្ដាហ៍​ក្រោយ​ពីសន្នសីទទូទៅ។ យើង​ពុំ​ចាំបាច់​រង់​ចាំ​ជាច្រើន​ខែ​សម្រាប់សុន្ទរកថា​ទាំងនោះ​មក​ដល់​តាម​ប្រេសណីយ៍​ឡើយ។ តាម​កុំព្យូទ័រ ទូរស័ព្ទ ឬ​ឧបករណ៍​អេឡិចត្រូនិក​ផ្សេងទៀត យើងអាចអាន ស្ដាប់ មើល ហើយ​ចែកចាយ​ការ​បង្រៀន​នៃ​ពួកព្យាការី។ នៅ​គ្រប់ពេល​ គ្រប់ទីកន្លែង យើងអាច​ពង្រីក​ចំណេះដឹងយើង ពង្រឹង​សេចក្ដីជំនឿ និងទីបន្ទាល់យើង ការ​ពារ​គ្រួសារ​យើង ហើយ​នាំ​ពួកគេ​ទៅ​ផ្ទះ​ដោយ​សុវត្ថិភាព។

សារលិខិត​នៃ​សន្និសីទនេះ​ក៏នឹងដាក់បញ្ចូល​ក្នុង​កម្មវិធីសិក្សា​តាមអ៊ិនធើរណែត​សម្រាប់​យុវវ័យ​ផងដែរ។ ឪពុកម្ដាយ អ្នក​អាច​ចូល​យក​មេរៀន​សម្រាប់​យុវវ័យ​ដោយ​ខ្លួន​ឯង​នៅ LDS.org។ សូម​ស្វែងរក​អ្វី​ដែល​កកូន​អ្នក​កំពុងរៀន ហើយ​ឲ្យ​វា​ក្លាយ​ជា​ប្រធានបទ​ក្នុង​ការ​សិក្សា​ផ្ទាល់ខ្លួន​អ្នក ការ​ពិភាក្សា​ជាគ្រួសារ រាត្រីជួបជុំក្រុមគ្រួសារ ការ​ប្រឹក្សា​ជាគ្រួសារ និង​ការ​សម្ភាសន៍​ផ្ទាល់​ជាមួយ​នឹង​កូនអ្នកម្នាក់ៗស្ដីពី​អ្វី​ដែល​គេ​ចង់ឲ្យ​បង្រៀន ។

ខ្ញុំ​លើកទឹកចិត្ត​សមាជិក​ទាំងអស់​ឲ្យ​ប្រើ​ធនធាន​លើ​វិបសាយ​សាសនាចក្រ និង​កម្មវិធី​សម្រាប់ទូរស័ព្ទ។ វា​កំពុង​បន្ត​កែលំអរ ដើម្បី​វា​ងាយ​ស្រួល​ប្រើ ហើយ​សមស្របនឹង​ជីវិត​អ្នក។ នៅ LDS.org អ្នក​នឹង​ឃើញ​ធនធាន​ដើម្បីជួយ​អ្នក​សិក្សា​ដំណឹងល្អ ពង្រឹង​ផ្ទះ និង​គ្រួសារ​អ្នក និង​បម្រើ​ក្នុងការ​ហៅ​អ្នក។ អ្នក​ក៏​អាច​រកឃើញបុព្វការីជន​ដែល​ត្រូវការ​ពិធីបរិសុទ្ធក្នុងព្រះវិហារបរិសុទ្ធ និង​ធនធាន​ដើម្បី​ជួយ​អ្នក​ក្នុង​កិច្ចការ​នៃ​សេចក្ដីសង្គ្រោះ រួម​ទាំង​ការ​ចែកចាយ​ដំណឹងល្អដែរ។ ឪពុកម្ដាយ​អាច​ដឹកនាំ​ក្នុង​ការ​រៀបចំ​កូនចៅ​ខ្លួន​សម្រាប់បុណ្យជ្រមុជទឹក បព្វជិតភាព ​បេសកកម្មពេញម៉ោង និង​ព្រះវិហារ​បរិសុទ្ធ ។ វា​អាចជួយ​យើង​ឲ្យ​ដើរ​នៅ​លើ​ផ្លូវ​ត្រង់ ហើយ​ចង្អៀតឆ្ពោះទៅរក​ពិធីបរិសុទ្ធ​ និង​សេចក្ដីសញ្ញាក្នុង​ព្រះវិហារ​បរិសុទ្ធ ហើយ​សក្ដិសមសម្រាប់ពរជ័យ​នៃ​ជីវិត​អស់កល្ប។

នៅសន្និសីទខែ មេសា ក្នុង​ការ​ប្រជុំបព្វជិតភាពទូទៅ ​ឪពុកខ្ញុំ​បាន​ប្រាប់ខ្ញុំ​ឲ្យ​​គូរ​រូប​ទ័ព​ម្នាក់​បំពាក់​ដោយ​គ្រឿង​សឹក ដើម្បីបង្រៀនខ្ញុំពីការ​ពាក់​គ្រឿងសឹកទាំងមូលនៃព្រះ និង​ការ​ការពារ​ខាង​វិញ្ញាណ​ដែល​វា​នឹង​នាំ​មក។

បន្ទាប់ពីសន្និសីទនោះ​បាន​​បញ្ចប់ មាន​ឪពុកម្នាក់​បាន​ប្រាប់គ្រួសារ​គាត់​ពី​អ្វីដែល​គាត់បានរៀន។ បាន​បំផុសគំនិត​ដល់​កូនប្រុស​ពៅ​របស់​គាត់ ចាសុន ​ឲ្យស្រាវជ្រាវ​ក្នុង LDS.org ដើម្បី​ឮ​សារលិខិត​ដោយ​ផ្ទាល់។ ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក គាត់​បាន​ចូលរួម​ក្នុង​រាត្រីជួបជុំក្រុមគ្រួសារ​ដើម្បីចែកចាយ​មេរៀន​ជាមួយ​នឹង​បងប្អូន​​ប្រុសស្រីគាត់។ នេះ​គឺរូប​គាត់៖

Jason

សារលិខិត​សាមញ្ញមួយ​ក្នុងសន្និសីទ ដែល​បំផុស​ដោយ​ព្រះអម្ចាស់ ដែល​បានទទួល​ដោយ​កុមារ​ម្នាក់ ត្រូវបាន​ង្រៀន​ដល់​គ្រួសារ​មួយ​តាមរបៀប​ផ្ទាល់ខ្លួន​ដ៏អស្ចារ្យ។ ខ្ញុំស្រឡាញ់​ប្រដាប់បាំងដើមទ្រូង​នៃ​សេចក្ដីសុចរិត​របស់​គាត់។ ខ្ញុំ​ស្រឡាញ់ខែលនៃ​សេចក្ដីជំនឿ​របស់​គាត់ ដើម្បី​ការ​ពារ​ព្រួញ​របស់​មារ​សត្រូវ ។ ទាំងនេះជា​ពរជ័យ​នៃ​សន្និសីទ។

បងប្អូនប្រុសស្រី​របស់ខ្ញុំ​អើយ ខ្ញុំ​សូម​ថ្លែងសាក្សីពិសេស​របស់ខ្ញុំ​ថា ព្រះអម្ចាស់ ព្រះយេស៊ូវគ្រីស្ទ​មាន​ព្រះជន្មរស់ ហើយ​ឈរ​ជា​សិរសារនៃ​សាសនាចក្រនេះ។ នេះជាសន្និសីទទូទៅ​​របស់ទ្រង់​។ ខ្ញុំ​សន្យានឹងអ្នក​ក្នុង​ព្រះនាម​ទ្រង់​ថា បើអ្នក​អធិស្ឋានដោយ​ចិត្តស្មោះស ដើម្បី​ស្ដាប់​សំឡេង​របស់​ព្រះវរបិតា​អ្នក​ក្នុង​សារលិខិត​សន្និសីទនេះ អ្នក​នឹង​រកឃើញ​ថា ទ្រង់បាន​មានបន្ទូល​មកកាន់អ្នក​ដើម្បី​ជួយ​ពង្រឹងអ្នក ហើយ​នាំ​អ្នក​ទៅ​វត្តមានទ្រង់វិញ។ ក្នុងព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន។