ឆ្នាំ ២០១០-២០១៩
ពូជ​ជម្រើស
ខែ មេសា 2014


11:23

ពូជ​ជម្រើស

អ្នក​ត្រូវ​បាន​ជ្រើសរើស​​ឲ្យ​រួម​ចំណែក​ក្នុង​កិច្ចការ​ទ្រង់​នៅ​ជំនាន់​នេះ ព្រោះ​ទ្រង់​ទុក​ព្រះទ័យ​ថា​អ្នក​នឹង​ធ្វើ​នូវ​​ជម្រើស​ត្រឹមត្រូវ។

យុវជន​អើយ អ្នក​ប្រហែល​ជា​ធ្លាប់​បាន​ឮ​ពី​មុន​ហើយ​ថា អ្នក​គឺ​ជា « ពូជ​ត្រូវ​បាន​ជ្រើស​រើស » មាន​ន័យ​ថា ព្រះ​បាន​ជ្រើស​យក ហើយ​រៀបចំ​អ្នក​ឲ្យ​កើត​លើ​ផែនដី​នៅ​ជំនាន់​នេះ​ក្នុង​គោលបំណង​ដ៏​ធំ​មួយ ។ ខ្ញុំ​ដឹង​ថា ​នេះ​ជា​រឿង​ពិត ។ ប៉ុន្តែ​ល្ងាច​នេះ ខ្ញុំ​ចង់​ថ្លែង​ថា​ អ្នក​ជា « ពូជ​​ជម្រើស » ព្រោះ​នៅ​ក្នុង​ប្រវត្តិ​សាស្ត្រ ពុំ​ដែល​មាន​ក្រុម​បុគ្គល​ណា​ ដែល​មាន​ជម្រើស​ច្រើន​ប្រភេទដូច​នេះ​ឡើយ ។ ជម្រើស​កាន់តែ​ច្រើន​ មាន​ន័យ​ថា​ឱកាស​កាន់តែ​ច្រើន ឱកាស​កាន់តែ​ច្រើន ​មាន​ន័យ​ថា ​មាន​លទ្ធភាព​កាន់តែ​ច្រើន ​ដើម្បី​ធ្វើ​ល្អ តែ​ដែល​គួរ​ឲ្យសោក​​ស្ដាយ​នោះ គឺ​លទ្ធភាព​ធ្វើ​អាក្រក់ ។ ខ្ញុំ​ជឿ​ថា ព្រះ​បាន​បញ្ជូន​អ្នក​មក​កើត​លើ​ផែនដី​នៅ​ជំនាន់​នេះ ព្រោះ​ទ្រង់​ទុក​ព្រះទ័យ​ឲ្យ​អ្នក​ស្វែងយល់​ដោយ​ជោគជ័យ​ពី​ជម្រើស​អស្ចារ្យ​ជា​ច្រើន ​ដែល​មាន​សម្រាប់​អ្នក ។

ក្នុង​ឆ្នាំ 1974 ប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល បាន​ថ្លែង​ថា « ខ្ញុំ​ជឿ​ថា​ ព្រះ​ពិត​ជា​មាន​ព្រះទ័យ​ប្រទាន​ឲ្យ​យើង​នូវ​ការច្នៃប្រឌិត ដែល​យើង​ជា​សត្វលោក​នេះ​ ពុំ​អាច​យល់​ដល់​បាន​ឡើយ » ( «When the World Will Be Converted, » Ensign ខែ តុលា ឆ្នាំ 1974 ទំព័រ 10 ) ។

ទ្រង់​ពិត​ជា​បាន​ប្រទាន​មែន ! អ្នក​ធំ​ឡើង​ដោយ​មាន​ឧបករណ៍​សម្រាប់​ប្រើប្រាស់​ដ៏​អស្ចារ្យ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​មនុស្ស ៖ គឺ​ អ៊ិនធើរណិត ។ ដោយសារ​បច្ចេកវិទ្យា​នោះ យើង​មាន​ជម្រើស​ច្រើន ។ តែ​ជម្រើស​ច្រើន ​ក៏​ផ្ដល់​ឲ្យ​យើង​នូវ​ទំនួល​ខុស​ត្រូវ​ច្រើនផង​​ដែរ ។ អ៊ិនធើរណិត​ធ្វើ​ឲ្យ​អ្នក​ឈាន​ដល់​ទាំង​ភាព​ឧត្ដុងឧត្ដម​បំផុត និង ភាព​អាប់អោន​បំផុត​ ដែល​លោកិយ​ផ្ដល់​ឲ្យ ។ អ្នក​អាច​សម្រេច​កិច្ចការ​ដ៏​អស្ចារ្យ​បំផុត​បាន​យ៉ាង​ឆាប់​រហ័ស ឬ អ្នក​អាច​ធ្លាក់​ទៅ​ក្នុង​រឿង​ឥត​ប្រយោជន៍​ជា​ច្រើន ដែល​ខ្ជះខ្ជាយ​ពេល​វេលា ហើយ​បង្អាប់​បង្អោន​អ្នក​ពី​ការធ្វើ​ល្អ ។ ដោយ​គ្រាន់​តែ​ចុច​លើ​ប៊ូតុង អ្នក​អាច​ចូល​ទៅ​ដល់​អ្វី​ដែល​អ្នក​ចង់​បាន ។ នោះ​ជា​គន្លឹះ — តើ​អ្វី​ទៅ​ដែល​ដួង​ចិត្ត​របស់​អ្នក​ប្រាថ្នា​ជាង​គេ ? តើ​អ្នក​ចាប់​អារម្មណ៍​ទៅ​លើ​អ្វី ? តើ​ចិត្ត​អ្នក​នឹង​នាំ​អ្នក​ទៅ​ទី​ណា ?

ចូរ​ចាំ​ថា ​ព្រះ « ប្រទាន​ឲ្យ​មនុស្ស​តាម​បំណង​របស់​គេ » ( អាលម៉ា 29:4 ) ហើយ​ទ្រង់ « នឹង​ជំនុំ​ជម្រះ​មនុស្ស​លោក​ទាំង​អស់​ ស្រប​តាម​កិច្ចការ​របស់​ពួកគេ គឺ​ស្រប​តាម​សេចក្ដី​ប៉ងប្រាថ្នា​នៃ​ដួងចិត្ត​របស់​ពួកគេ » ( គ. និង ស. 137:9 សូម​មើល​ផងដែរ អាលម៉ា 41:3 ) ។

អែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី បាន​មាន​ប្រសាសន៍​ថា ៖ « ក្នុង​ន័យ​ប្រៀបធៀប​ជាក់ស្ដែង​មួយ បញ្ជី​ជីវិត ជា​កំណត់ហេតុ​នៃ​ទង្វើ​មនុស្ស​លោក ដូច​ជា​ត្រូវ​បាន​កត់ត្រា​នៅ​ក្នុង​រូបកាយ​គេ​ដែរ ។ … រាល់​គំនិត ពាក្យ​សម្ដី និង កិច្ចការ​ ​មាន [ ឥទ្ធិពល ] លើ​រូប​កាយ​មនុស្ស ដែល​វា​នឹង​បន្សល់​នូវ​គំនូស ​ដែល​ព្រះ​ទ្រង់ដ៏​គង់​នៅ​​អស់​កល្ប​ជានិច្ច​នឹង​ជ្រាបដឹង ដូច​ជា​ពាក្យ​ពេចន៍​ក្នុង​សៀវភៅ​ដែល​អាច​អាន​បាន​អញ្ជឹង​ដែរ » ( Mormon Doctrine ការបោះពុម្ព​លើក​ទី 2 [ ឆ្នាំ 1966 ] ទំព័រ 97 ) ។

អ៊ិនធើរណិត​ក៏​កត់ត្រា​បំណង​របស់​អ្នក​ ដែល​បង្ហាញ​ទម្រង់​នៃ​ការស្វែងរក និង ការចុច ។ មាន​ធនធាន​យ៉ាង​សន្ធឹកសន្ធាប់​​កំពុង​រង់ចាំ​បំពេញ​បំណង​ទាំងនោះ ។ ពេល​អ្នក​រុករក​អ៊ិនធើរណិត អ្នក​បន្សល់​ទុកនូវ​​ដាន​ក្នុង​ប្រព័ន្ធ​នោះ — ពី​អ្វី​អ្នក​បាន​ធ្វើ គេហទំព័រ​ណា​អ្នក​បាន​ចូល រយៈ​ពេល​អ្នក​ចូល​គេហទំព័រ​នោះ និង ​អ្វី​ដែល​ទាក់​ចិត្ត​អ្នក ។ តាម​របៀប​នេះ វា​បង្កើត​ជា​ទម្រង់​តភ្ជាប់​សម្រាប់​អ្នក — ក្នុង​ន័យ​ជា « បញ្ជី​តភ្ជាប់​នៃ​ជីវិត » ។ ក្នុង​ជីវិត​ពិត អ៊ិនធើរណិត​បង្ហាញ​អ្នក​ច្រើន​​ហើយ​ច្រើន​ទៀត​ពី​អ្វី​ដែល​អ្នក​ស្វែងរក ។ បើ​បំណង​អ្នក​សុទ្ធ​តែ​ល្អ អ៊ិនធើរណិត​អាច​បង្កើន​គុណភាព​ល្អ ដោយ​ធ្វើ​វា​ឲ្យ​កាន់តែ​ងាយ​ស្រួល​ក្នុង​គោលបំណង​ល្អ ។ ប៉ុន្តែ លទ្ធផល​ផ្ទុយ ក៏​អាច​មាន​ឡើង​ផងដែរ ។

អែលឌើរ នែល អេ ម៉ាក់ស្វែល បាន​មាន​ប្រសាសន៍​ថ្លែង​ដូច្នេះ​ថា ៖

« អ្វី​ដែល​យើង​ប្រាថ្នា​ឥត​ឈប់ឈរ មិន​យូរ​មិន​ឆាប់ នឹង​ក្លាយ​ជា​អ្វី​ដែល​យើង​នឹង​ទទួល​នៅ​ក្នុង​ភាព​អស់កល្ប ។ …

« … មាន​តែ​ការអប់រំ និង ការលត់​ដំ​បំណង​ចិត្ត​របស់​យើង​ប៉ុណ្ណោះ ទើប​អាច​ក្លាយ​ជា​អ្វី​ដែល​ល្អ​សម្រាប់​យើង​ជា​ជាង​ទុក្ខទោស ! » ( «According to the Desire of [Our] Hearts, » Ensign ខែ វិច្ឆិកា ឆ្នាំ 1996 ទំព័រ 21–22 ) ។

យុវជន​អើយ បើ​អ្នក​ពុំ​ទាន់​សកម្ម​ក្នុង​ការអប់រំ​បំណង​ចិត្ត​របស់​អ្នក​ទេ លោកិយ​នឹង​អប់រំ​អ្នក​ហើយ ។ សព្វ​ថ្ងៃ​នេះ លោកិយ​ព្យាយាម​គ្រប់គ្រង​បំណង​អ្នក ទាក់ទាញ​អ្នក​ឲ្យ​ជាវ​ទំនិញ​ណា​មួយ ឲ្យ​បើក​មើល​អ្វី​មួយ ចាក់​មើល ឬ ស្ដាប់ អាន ឬ មើល​អ្វី​មួយ ។ ប៉ុន្តែ នៅ​ទីបំផុត ជម្រើស​ គឺ​ជា​របស់​អ្នក ។ អ្នក​មាន​សិទ្ធិ​ជ្រើសរើស ។ ជា​អានុភាព​ដែល​ពុំ​គ្រាន់​តែ​ប្រព្រឹត្ត​ទៅ​លើ​បំណង​របស់​អ្នក​ទេ ប៉ុន្តែ ក៏​ដុសខាត់ សំអាត ហើយ​អប់រំ​បំណង​ចិត្ត​របស់​អ្នក​ដែរ ។ សិទ្ធិ​ជ្រើសរើស​ គឺ​ជា​អំណាច​ដើម្បី​កែប្រែ ។ ជម្រើស​នីមួយៗ​ នាំ​ឲ្យ​អ្នក​ចូល​ទៅ​កាន់តែ​ជិត ឬ ចេញ​កាន់តែ​ឆ្ងាយ​ពី​អ្វី​ដែល​អ្នក​ប្រែ​ក្លាយ ដ្បិត​ការចុច​លើ​ប៊ូតុង​ម្ដងៗ​ មាន​សារៈសំខាន់ ។ ចូរ​សួរ​ខ្លួន​ឯង​ថា « តើ​ជម្រើស​នេះ នឹង​នាំ​ខ្ញុំ​ទៅ​ណា » ? ចូរ​បង្កើន​សមត្ថភាព​យល់​​ដឹង​ពី​អ្វី​ដែល​នឹង​កើត​ឡើង ។

សាតាំង​ចង់​គ្រប់គ្រង​សិទ្ធិ​ជ្រើសរើស​របស់​អ្នក ដើម្បី​វា​អាច​គ្រប់គ្រង​លើ​សក្តានុពល​ដ៏​ខ្ពស់​បំផុត​របស់​អ្នក ។ វា​ដឹង​ថា​វិធី​ដ៏​ឆ្នើម​មួយ ​ដើម្បី​ធ្វើ​ដូច្នេះ​បាន គឺ​អូស​ទាញ​អ្នក​ឲ្យ​អ្នក​ធ្លាក់​ទៅ​ក្នុង​ការញៀន ។ ជម្រើស​អ្នក​នឹង​កំណត់​ថា ​បច្ចេកវិទ្យា​នឹង​ចម្រើន​អ្នក ឬ ធ្វើ​ឲ្យ​អ្នក​ក្លាយ​ទៅ​ជា​ទាសករវា ។

ខ្ញុំ​សូម​ផ្ដល់​គោលការណ៍​ចំនួន​បួន​ប្រការ​ដើម្បី​ជួយ​អ្នក ដែល​ជា​ពូជ​ជម្រើស​ក្នុង​ការអប់រំ​បំណង​ចិត្ត ហើយ​ណែនាំ​ពី​ការប្រើ​បច្ចេកវិទ្យា​របស់​អ្នក ។

ទី​មួយ ៖ ការដឹង​ថា​ អ្នក​ជា​នរណា​ឲ្យ​ប្រាកដ ធ្វើ​ឲ្យ​ការសម្រេច​ចិត្ត​កាន់តែ​ស្រួល

ខ្ញុំ​មាន​មិត្ត​ម្នាក់​ដែល​ស្គាល់​សេចក្ដី​ពិត​ដោយ​ខ្លួន​គាត់ ។ កូន​ប្រុស​របស់​គាត់​ធំ​ឡើង​ក្នុង​ដំណឹង​ល្អ តែ​ហាក់​ដូច​មាន​ភាព​ភាន់​ច្រឡំ​ខាង​វិញ្ញាណ ។ ជា​ញឹកញាប់ គាត់​បដិសេធ​មិន​ប្រើ​បព្វជិតភាព​ឡើយ ។ ឪពុក​ម្ដាយ​គាត់​បាន​ខក​ចិត្ត​ ពេល​ឮ​ថា​គាត់​សម្រេច​ចិត្ត​មិន​ចេញ​ទៅ​បម្រើ​បេសកកម្ម ។ មិត្ត​ខ្ញុំ​រូប​នោះ​បាន​អធិស្ឋាន​សម្រាប់​កូន​គាត់​ដោយ​អស់​ពី​ចិត្ត សង្ឃឹម​ថា គាត់​នឹង​ផ្លាស់ប្ដូរ​គំនិត ។ សេចក្ដី​សង្ឃឹម​នោះ​បាន​រលាយ​អស់​ ពេល​កូន​របស់​គាត់ងាក​មក​​ចង់​រៀបការ​វិញនោះ ។ ឪពុក​បាន​អង្វរ​កូន​ឲ្យ​ទទួល​ពរជ័យ​លោក​អយ្យកោ ។ កូន​ប្រុស​នោះ​យល់​ព្រម តែ​គាត់​ទាមទារ​ទៅ​ជួប​លោក​អយ្យកោ​តែ​ឯង ។

ពេល​ត្រឡប់​មក​ផ្ទះ​វិញ គាត់​រំជួល​ចិត្ត​ខុស​ធម្មតា ។ គាត់​នាំ​មិត្ត​ស្រី​គាត់​ចេញ​ទៅ​ក្រៅ​ ដែល​គាត់​អាច​និយាយ​នឹង​នាង​តែ​ពីរ​នាក់ ។ ឪពុក​លប​មើល​​តាម​បង្អួច ​ឃើញ​គូ​សង្សា​វ័យ​ក្មេង​រូប​នេះ​ជូត​ទឹក​ភ្នែក​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក ។

រួច​កូន​ប្រុស​នោះ​បាន​តំណាល​ប្រាប់​ឪពុក​គាត់​ពី​អ្វី​ដែល​បាន​កើត​ឡើង ។ គាត់​រៀបរាប់​ដោយ​រំជួល​ចិត្ត​ថា អំឡុង​ពេល​ប្រសិទ្ធពរ គាត់​បាន​ឃើញ​ការនិមិត្ត​មួយ​ថា​ គាត់​ជា​ព្រលឹង​មួយ​រូប​នៅ​ពិភព​មុន​ឆាក​ជីវិត​នេះ ។ គាត់​បាន​ឃើញ​ពីសេច​ក្ដី​ក្លាហាន និង ភាព​ក្លៀវក្លា​ដែល​គាត់​មាន​ក្នុង​ការបញ្ចុះបញ្ចូល​ព្រលឹង​ដទៃ​ឲ្យ​ដើរ​តាម​ព្រះគ្រីស្ទ ។ ដោយ​ដឹង​ថា ​គាត់​ជា​នរណា តើ​គាត់​អាច​មិន​បម្រើ​បេសកកម្ម​យ៉ាង​ម៉េច​នឹង​កើត​ទៅ ?

យុវជន​អើយ សូម​ចាំ​ពី​អត្តសញ្ញាណ​ពិត​របស់​អ្នក ។ ចូរ​ចាំ​ថា អ្នក​កាន់​បព្វជិតភាព​ដ៏​បរិសុទ្ធ ។ ការធ្វើបែប​នេះ ​នឹង​បំផុស​ឲ្យ​អ្នក​ធ្វើ​ជម្រើស​ត្រឹម​ត្រូវ ​ពេល​អ្នក​ប្រើ​អ៊ិនធើរណិត និង ពេញ​មួយ​ជីវិត​អ្នក ។

ទី​ពីរ ៖ ដោត​បញ្ចូល​ភ្លើង

អ្នក​មាននូវ​ចំណេះដឹងដែល​បាន​​កត់ត្រា​ទុក​រាប់​ពាន់​ឆ្នាំ​កាន់​នៅ​ក្នុង​ដៃ — វា​សំខាន់​បំផុត ​ជា​ប្រសាសន៍​ព្យាការី​ ចាប់​តាំង​ពី​ជំនាន់​ព្រះ​គម្ពីរ​សញ្ញា​ចាស់ ​រហូត​ដល់​ជំនាន់​ប្រធាន ថូម៉ាស អេស ម៉នសុន ។ ប៉ុន្តែ បើ​អ្នក​ពុំ​បញ្ចូល​ថ្ម​ទូរស័ព្ទ​ដៃ​អ្នក​ជា​ទៀងទាត់​ទេ​នោះ វា​ឥត​ប្រយោជន៍​ឡើយ អ្នក​នឹង​មាន​អារម្មណ៍​វង្វេង ហើយ​បាត់បង់​ទំនាក់ទំនង ។ អ្នក​ពុំ​អាច​គិត​ថា​ អាច​រស់នៅ​បាន​ដោយ​ពុំ​បញ្ចូល​ថ្ម​ទូរស័ព្ទ​ដៃ​ឡើយ ។

បើ​វា​សំខាន់​ដើម្បី​ចេញ​ពី​ផ្ទះ​រាល់​ថ្ងៃ​ដោយ​មាន​ទូរស័ព្ទ​ដៃ​ ដែល​បញ្ចូល​ថ្ម​ពេញ នោះវា​រឹត​តែ​សំខាន់​​ដើម្បី​បញ្ចូល​ថ្ម​ខាង​វិញ្ញាណទៅ​ទៀត ។ រាល់​ពេល​ដែល​អ្នក​ដោត​ភ្លើង​បញ្ចូល​ថ្ម​ទូរស័ព្ទ​ដៃ សូម​ឲ្យ​វា​រំឭក​អ្នក ឲ្យ​សួរ​ខ្លួន​ឯង​ថា តើ​អ្នក​បាន​ដោត​បញ្ចូល​ភ្លើងក្នុង​​ខ្លួន​អ្នក​ជាមួយ​នឹង​ប្រភព​ថាមពល​ខាង​វិញ្ញាណ — ដែល​ជា​ការអធិស្ឋាន និង ការសិក្សា​ព្រះ​គម្ពីរ ដែល​ផ្ដល់​ឲ្យ​អ្នក​នូវ​ការទទួល​ការបំផុស​គំនិត​ តាម​រយៈ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ហើយ​ឬ​នៅ ( សូម​មើល គ. និង ស. 11:12–14 ) ។ វា​នឹង​ជួយ​អ្នក​ឲ្យ​ស្គាល់​គំនិត និង ព្រះ​ហឫទ័យ​របស់​ព្រះ ដើម្បី​ធ្វើ​ជម្រើស​តូចៗ តែសំខាន់​ ដែលវា​កំណត់​ពី​ទិសដៅ​របស់​អ្នក ។ ពួក​យើង​ជា​ច្រើន ​​ឈប់ធ្វើ​នូវ​អ្វី​ដែល​យើងកំពុង​ធ្វើ​​ភ្លាម រួច​មក​​​អាន​សារ​តាម​ទូរស័ព្ទ​ — តើ​យើង​មិន​គួរ​ជំនួស​ដោយ​សារលិខិត​សំខាន់​ជាង​នេះ​ទៅ​ទៀត ​ដែល​បាន​មក​ពី​ព្រះ​ទេ​ឬ​អី ? យើង​មិន​គួរ​ពុំខ្វល់ខ្វាយ​ក្នុង​ការ​ដោត​បញ្ចូល​ភ្លើង​ដ៏​ទេវភាព​នេះ​ឡើយ ( សូម​មើល នីហ្វៃ​ទី 2 32:3 ) ។

ទី​បី ៖ ការមាន​ទូរស័ព្ទ​ទំនើប​ ពុំ​ធ្វើ​ឲ្យ​អ្នក​ឆ្លាត​នោះ​ទេ តែ​ជា​របៀប​ដែល​អ្នក​ប្រើ​វា​វិញ​ទេ​តើ

យុវជន​អើយ ចូរ​កុំ​ធ្វើ​ទង្វើ​ល្ងង់​ខ្លៅ ​ដោយ​ប្រើ​ទូរស័ព្ទ​ទំនើប​របស់​អ្នក​ឡើយ ។ អ្នក​ដឹង​ហើយ​ថា​ ខ្ញុំចង់​​មាន​ន័យ​យ៉ាង​ម៉េច​នោះ ( សូម​មើល ម៉ូសាយ 4:29 ) ។ មាន​របៀប​ច្រើន ​ដែល​បច្ចេកវិទ្យា​អាច​បង្វែរ​អ្នក​ឲ្យ​ចេញ​ពី​អ្វី​ដែល​សំខាន់​បំផុត ។ សូម​ធ្វើ​តាម​ពាក្យ​ចាស់​លោក​ថា ៖ « ចូរ​នៅ​ទី​នោះ​ហើយ ​ពេល​អ្នក​ទៅ​ដល់​ទី​នោះ » ។ ពេល​កំពុង​បើកបរ ចូរ​បើក​ទៅ ។ ពេល​នៅ​ក្នុង​ថ្នាក់ ចូរ​ផ្ដោត​អារម្មណ៍​លើ​មេរៀន ។ ពេល​នៅ​ជាមួយ​មិត្ត​ភក្ដិ​អ្នក ចូរ​យក​ចិត្ត​ទុក​ដាក់​នឹង​គេ ។ ខួរ​ក្បាល​អ្នក​ពុំ​អាច​ផ្ដោត​លើ​រឿង​ពីរ​ក្នុង​ពេល​តែ​មួយ​បាន​ឡើយ ។ សុភាសិត​បុរាណ​មួយ​ពោល​ថា « បើ​មិន​ប្រយ័ត្ន​ទេ ត្រី​រ៉ស់​ក៏​រួច ទន្សាយ​ក៏​រួច » ។

ទី​បួន ៖ ព្រះ​បង្កើត​បច្ចេកវិទ្យា​ដើម្បី​សម្រេច​គោលបំណង​ទ្រង់

គោលបំណង​ព្រះ​ចំពោះ​បច្ចេកវិទ្យា គឺ​ដើម្បី​ពន្លឿន​កិច្ចការ​នៃសេច​ក្ដី​សង្គ្រោះ ។ ដោយ​ជា​សមាជិក​របស់​ពូជ​ជម្រើស អ្នក​យល់​ដឹង​ពី​បច្ចេកវិទ្យា ។ ចូរ​ប្រើ​វា​ដើម្បី​ពន្លឿន​ការរីកចម្រើន​របស់​អ្នក​ឲ្យ​ទៅ​​ដល់​ភាព​គ្រប់​លក្ខណ៍ ។ ព្រោះ​អ្នក​ត្រូវ​បាន​ប្រទាន​ឲ្យ​ច្រើន​ហើយ អ្នក​ត្រូវតែ​ចែក​រំលែក ( សូម​មើល « Because I Have Been Given Much, » ទំនុក​តម្កើង​លេខ 219 ) ។ ព្រះ​រំពឹង​ឲ្យ​អ្នក​ប្រើ​បច្ចេកវិទ្យា​អស្ចារ្យ​ទាំង​នេះ ​ទៅ​ពន្លឿន​កិច្ចការ​ទ្រង់ ចែកចាយ​ដំណឹង​ល្អ​តាម​របៀប​ដែល​មនុស្ស​ជំនាន់​ខ្ញុំ​ ពុំ​គិត​ស្មាន​ដល់ ។ មនុស្ស​ជំនាន់​មុន ​ចែកចាយ​ដំណឹង​ល្អ​ជាមួយ​អ្នក​ជិត​ខាង និង មនុស្ស​រស់​ក្នុង​ស្រុក​ភូមិ​តែ​មួយ តែ​អ្នក​អាច​ធ្វើ​វា​បាន ​តាម​រយៈ​អ៊ិនធើរណិត និង ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ទៅ​គ្រប់​ទីកន្លែង​​ពាសពេញ​ពិភពលោក ។

ខ្ញុំ​សូម​ថ្លែង​ទី​បន្ទាល់​ថា ​នេះ​ជា​សាសនាចក្រ​របស់​ព្រះអម្ចាស់ ។ អ្នក​ត្រូវ​បាន​ជ្រើស​រើសឲ្យ​រួម​ចំណែក​ក្នុង​កិច្ចការ​ទ្រង់​នៅ​ជំនាន់​នេះ ព្រោះ​ទ្រង់​ទុក​ព្រះទ័យ​ថា អ្នក​នឹង​ធ្វើ​ការ​ជ្រើស​រើស​ត្រឹមត្រូវ ។ អ្នក​ជា​ពូជ​ជម្រើស ។ ក្នុង​ព្រះ​នាម ព្រះ​យេស៊ូវគ្រីស្ទ អាម៉ែន ។