ឆ្នាំ ២០១០-២០១៩
ការ​ដើរឆ្ពោះ​ទៅ​បល្ល័ង្កនៃព្រះ​ដោយ​ទំនុកចិត្ត
១០ 2014


10:23

ការ​ដើរឆ្ពោះ​ទៅ​បល្ល័ង្កនៃព្រះ​ដោយ​ទំនុកចិត្ត

ដោយ​ការ​អនុវត្ត​ដង្វាយ​ធួន​នៃ​ព្រះយេស៊ូវគ្រីស្ទ បងប្អូន​អាច​ចាប់ផ្ដើម​បង្កើន​ទំនុកចិត្ត​ខាង​វិញ្ញាណ​បងប្អូន​នៅ​ថ្ងៃនេះ បើ​បងប្អូន​នឹង​យល់ព្រមស្ដាប់ ហើយ​ធ្វើ​តាម។

ចាប់ពីលេខ 1​ ដល់ 10 តើ​បងប្អូន​នឹង​​កំណត់​ពី​ទំនុកចិត្ត​ខាង​វិញ្ញាណ​របស់ខ្លួនឯង​ចំពោះ​ព្រះ​បែបណាដែរ? តើ​បងប្អូន​មាន​សាក្សីផ្ទាល់ខ្លួន​មួយ​ថាការ​លះបង់​​របស់ខ្លួន​ក្នុង​នាម​ជា​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​ម្នាក់នៅ​សព្វថ្ងៃ​នេះ វាល្មម​គ្រប់គ្រាន់​ដើម្បី​គ្រងជីវិត​អស់​កល្ប​ដែរ​ឬទេ? តើ​បងប្អូន​អាច​ដឹង​នៅ​ក្នុង​ចិត្ត​ថាព្រះវរបិតាសួគ៌សព្វព្រះទ័យ​នឹង​បងប្អូន​ដែរឬទេ? តើ​បងប្អូន​គិត​ឃើញ​អ្វីខ្លះ បើ​បងប្អូនមាន​ការ​សម្ភាសផ្ទាល់ខ្លួន​ជា​មួយព្រះអង្គសង្គ្រោះ​នៅ​មួយ​នាទីទៀត? តើ​អំពើបាប វិប្បដិសារី និង កំហុស​នានាគ្របសង្កត់ទំនុកចិត្ត​បងប្អូន​ដែរទេ ឬ​ក៏បងប្អូនរង់ចាំ​ដោយ​ក្ដីរីករាយវិញ? តើ​បងប្អូន​នឹង​មើល ឬ​គេចចេញពីការទតមើល​មិន​ដាក់ព្រះនេត្រសោះ​របស់​ទ្រង់មែនទេ? តើ​បងប្អូន​នឹង​ឈរអែនអននៅមាត់ទ្វារ ឬដើរដោយ​ទំនុកចិត្ត​ទៅរក​ទ្រង់មែនទេ?

កាលណា​មារសត្រូវ​មិន​អាច​អូសទាញពួក​បរិសទ្ធដែល​មិន​ល្អឥតខ្ចោះ តែខំព្យាយាមដូចជាបងប្អូន ឲ្យ​បោះបង់​ជំនឿបងប្អូន និង ព្រះជាទីស្រឡាញ់បាន វា​បង្កើត​យុទ្ធនាការ​មួយ​ដ៏សាហាវ ដើម្បី​ធ្វើ​ឲ្យ​បងប្អូន​ឃ្លាតចេញកាន់តែឆ្ងាយ​ពីព្រះ​តាម​ដែល​អាចទៅធ្វើបាន។ មារសត្រូវ​ដឹង​ថា ក្តីជំនឿ​លើ​ព្រះគ្រីស្ទ---ជាក្ដីជំនឿ​មួយ​ប្រភេទដែល​បង្កើត​នូវ​គ្រឹះដ៏រឹងមាំ​នៃ​ក្ដី​មេត្តា​ករុណា​ដ៏​ទន់ភ្លន់ ហើយ​និង​អព្ភូតហេតុ​ដ៏​អស្ចារ្យ—មាន​​ទំនាក់ទំនងយ៉ាង​ជិតស្និទ្ធ​នឹង​ទំនុកចិត្ត​ផ្ទាល់ខ្លួន​មួយ​ដែលថា ​បងប្អូន​កំពុង​ខិតខំរើសផ្លូវ​ត្រូវ។ ដោយ​ហេតុផល​នោះ វា​នឹង​ខំជ្រៀតចូល​ក្នុង​ចិត្ត​បងប្អូន ហើយ​ប្រាប់នូវពាក្យ​កុហក—ថាព្រះវរបិតាទ្រង់ខក​ព្រះទ័យ​នឹង​បងប្អូន ថាដង្វាយធួន​គឺ​ហួស​ពីការ​ឈោងចាប់​របស់បងប្អូន ថា​វា​គ្មាន​ប្រយោជន៍ទេ​ទោះ​ខិតខំព្យាយាម​ក្ដី ថាមនុស្ស​ផ្សេងទៀត​ល្អជាងបងប្អូន ថា​បងប្អូន​មិន​សក្ដិសម រួម​ទាំងពាក្យ​អាក្រក់ៗដូចគ្នា​នេះរាប់ពាន់ផ្សេងទៀត។

ដរាប​ណា បងប្អូន​អនុញ្ញាត​ឲ្យ​សំឡេងទាំងនេះ​កាត់​យក​ព្រលឹងបងប្អូន នោះ​បងប្អូន​មិន​អាចដើរ​ឆ្ពោះទៅ​បល្ល័ង្កនៃ​ព្រះដោយ​ទំនុក​ចិត្ត​ដ៏ពិត​បាន​ឡើយ។ មិន​ថាអ្វីដែល​បងប្អូន​ធ្វើ អធិស្ឋានសូម ឬ​សង្ឃឹម​ឲ្យ​មាន​អព្ភូតហេតុ​នោះទេ ការ​សង្ស័យផ្ទាល់ខ្លួនដែល​កាត់​យក​ក្ដីជំនឿ​បងប្អូននោះ​ វា​តែង​កើត​​មាន​ជានិច្ច​—មិន​មែនតែ​ក្ដីជំនឿ​បងប្អូន​លើ​ព្រះប៉ុណ្ណោះទេ តែ​ទំនុកចិត្ត​លើ​ខ្លួនឯង​ផងដែរ។ ការ​រស់នៅតាមដំណឹងល្អ​បែបនេះ វា​ពុំមែនជារឿង​រីករាយ ឬក៏សុខស្រួល​នោះទេ។ សរុប​សេចក្តី​មក វាពិត​ជា​រឿង​ដែល​ឥត​ប្រយោជន៍​! ការ​សម្រេចចិត្ត​ដើម្បីផ្លាស់ប្ដូរ​នោះគឺ​ជា​ការ​សម្រេចចិត្ត​របស់បងប្អូន​តែម្នាក់គត់។

ខ្ញុំ​ចង់ចែកចាយ​យោបល់ជាក់លាក់ចំនួន​ប្រាំមួយ បើធ្វើតាម វា​នឹង​បំបាត់សំឡេងអាក្រក់ទាំងនេះ ហើយធ្វើ​ឲ្យ​បងប្អូន​មាន​នូវ​ការអះអាងដ៏​សុខសាន្ត​ និង ​ទំនុកចិត្ត​ខាង​វិញ្ញាណឡើងវិញ បើ​បងប្អូន​ចង់បាន​វាតែប៉ុណ្ណោះ។ មិន​ថា​បងប្អូន​កំណត់ខ្លួន​ឯងនៅត្រង់លេខណាមួយចន្លោះពីលេខ 1 ដល់ 10 នោះទេ ដោយ​ការ​អនុវត្ត​ដង្វាយ​ធួន​នៃ​ព្រះយេស៊ូវគ្រីស្ទ បងប្អូន​អាច​ចាប់ផ្ដើម​បង្កើន​ទំនុកចិត្ត​ខាង​វិញ្ញាណ​បងប្អូន​នៅ​ថ្ងៃនេះ បើ​បងប្អូន​នឹង​យល់ព្រមស្ដាប់ ហើយ​ធ្វើ​តាម។ ខ្ញុំ​នឹង​និយាយ​ដោយ​មុតមាំ ដោយ​សង្ឃឹម​ឲ្យ​មាន​ការ​លើកតម្កើង តែ​ពុំមែនធ្វើ​ឲ្យមាន​ការ​​អាក់អន់ចិត្ត​នោះទេ។

1. ចូរ​មាន​ទំនួល​ខុសត្រូវ​ចំពោះ​​សុខុមាលភាព​ខាង​វិញ្ញាណផ្ទាល់ខ្លួន​របស់​​បងប្អូន ។ សូម​ឈប់​បន្ទោសអ្នកដទៃ ឬ​ស្ថានភាពរបស់ខ្លួន ​ឈប់រកលេស ហើយឈប់ដោះសារអំពី​មូលហេតុ​​ដែលធ្វើ​ឲ្យ​​បងប្អូន​ពុំអាច​​មាន​កិច្ចខិតខំ​ក្នុង​ការ​គោរពប្រតិបត្តិដ៏ពេញលេញ​នោះ​។ សូម​ទទួល​ស្គាល់ថា បងប្អូន «មាន​សេរីភាពស្របតាម​សាច់ឈាម​» ហើយ «មានសិទ្ធិ​រើស​យក​ឥស្សរភាព និង ជីវិតដ៏នៅអស់កល្បជានិច្ច» ( នីហ្វៃទី 2 2:27)។ ព្រះអម្ចាស់​ជ្រាបយ៉ាងច្បាស់ពីស្ថានភាពបងប្អូន​ តែ​ទ្រង់​ក៏ជ្រាបយ៉ាងច្បាស់​ផងដែរ បើបងប្អូន​មិន​ជ្រើសរស់នៅតាម​ដំណឹងល្អទាំងស្រុង​នោះ។ បើ​បែបនោះ​មែន សូម​ស្មោះត្រង់ល្មម​នឹង​ចង់សារភាព ហើយខិតខំធ្វើ​ឲ្យ​ល្អឥតខ្ចោះ​តាមស្ថានភាពផ្ទាល់របស់បងប្អូន។ ទំនុកចិត្ត​ខាង​​វិញ្ញាណកើនឡើង ពេល​បងប្អូន​ទទួលខុសត្រូវ​ចំពោះ​សុខុមាលភាពខាងវិញ្ញាណ​បងប្អូន​ផ្ទាល់ ដោយ​អនុវត្តដង្វាយធួន​នៃព្រះយេស៊ូវគ្រីស្ទ​រៀងរាល់ថ្ងៃ។

2. ចូរ​មាន​ទំនួល​ខុសត្រូវ​ចំពោះ​​សុខុមាលភាព​ខាងរូបកាយ​បងប្អូន​ផ្ទាល់ ។ ព្រលឹងបងប្អូន​មាន​នូវ​រូបកាយ និង វិញ្ញាណ (សូមមើល គ. និង ស. 88:15)។ ការ​ចិញ្ចឹមបីបាច់​ព្រលឹង តែមិន​ខ្វល់​ពីរូបកាយដែល​ជាព្រះវិហារ​បរិសុទ្ធ​នោះ ជាទូទៅ​វា​ដឹកនាំ​ទៅ​រកការ​មិន​ចុះ​សម្រុង​​ខាង​វិញ្ញាណ ហើយកាត់បន្ថយ​ភាពជឿជាក់។ បើ​បងប្អូនទន់ខ្សោយ បើ​បងប្អូន​មិន​ស្រណុកចិត្ត​នឹង​រូបកាយ​ខ្លួន ហើយ​​អាចធ្វើ​អ្វីមួយ​ផ្លាស់ប្ដូរ​វាបាន ​សូម​ធ្វើ​វា​ចុះ! អែលឌើរ រ័សុល អិម ណិលសុន បាន​បង្រៀន​ថា យើង​គួរ «ចាត់ទុក​រូបកាយ​យើង​ជា​ព្រះវិហារ​បរិសុទ្ធរបស់​យើង​ផ្ទាល់» ហើយ​ថា​យើង​គួរ «គ្រប់គ្រង​របប​អាហារ​របស់​យើង ហើយ​ហាត់ប្រាណ​ឲ្យ​មាន​រូបកាយ​រឹងមាំ» («We Are Children of God»Ensign ខែ វិច្ឆិកា ឆ្នាំ 1998 ទំព័រ 87; Liahona ខែ មករា ឆ្នាំ 1999 ទំព័រ 103)។

ប្រធាន ប៊យដ៏  ឃេ ផាកកឺ បានបង្រៀន​ថា «វិញ្ញាណ និង រូបកាយ​យើងត្រូវបាន​ផ្គុំចូលគ្នា​តាម​របៀបមួយដែល​រូបកាយ​យើងក្លាយ​ជា​ឧបករណ៍មួយ​នៃ​គំនិត​យើង ហើយ​ជា​គ្រឹះ​នៃ​បុគ្គលិកលក្ខណៈ​របស់​យើង» («The Instrument of Your Mind and the Foundation of Your Character» [Church Educational System fireside ថ្ងៃទី  2 ខែ កុម្ភៈ ឆ្នាំ 2003] ទំព័រ 2, speeches.byu.edu)។ ដូច្នេះហើយ សូម​ប្រើ​ការវិនិច្ឆ័យដ៏ត្រឹមត្រូវ​លើ​អាហារដែល​បងប្អូន​ហូប ហើយជាពិសេសទំហំនៃ​អាហារដែល​បងប្អូន​ហូប​ និង​ការ​ហាត់ប្រាណដែល​រូបកាយ​ត្រូវការ ហើយ​គួរទទួលបាន។ បើ​បងប្អូនមានរូបកាយ​មាំមួន សូម​សម្រេច​ចិត្ត​នៅថ្ងៃនេះដើម្បីធ្វើជា​ម្ចាស់នៃ​ផ្ទះរបស់​បងប្អូនផ្ទាល់ ហើយ​ចាប់ផ្ដើម​ក​ម្មវិធីហាត់ប្រាណជាទៀងទាត់ក្នុង​រយៈពេលយូរ ដែល​សមស្រប​នឹង​សមត្ថភាពខ្លួន ដោយ​រួម​ផ្សំនឹងរបបអាហារ​ដែល​ធ្វើ​ឲ្យ​មាន​សុខភាព​ល្អជាងមុន​ផងដែរ។ ទំនុកចិត្ត​ខាង​​វិញ្ញាណកើនឡើង ពេល​វិញ្ញាណ​របស់​បងប្អូន ពិតជា​គ្រប់គ្រង​លើ​ភាពជាបុរស ឬ​ស្ត្រីរបស់បងប្អូន ដោយ​មាន​ជំនួយ​ពី​ព្រះអង្គសង្គ្រោះ។

3. ចូរឱបក្រសោប​ដោយស្ម័គ្រចិត្តនូវ​ការ​គោរពប្រតិបត្តិដោយ​អស់ពីចិត្ត​ជា​ផ្នែក​មួយ​ក្នុង​ជីវិត​បងប្អូន។ សូម​ដឹងថា បងប្អូនមិន​អាច​ស្រឡាញ់​ព្រះ​ដោយ​គ្មានការ​ស្រឡាញ់​នូវព្រះបញ្ញាត្តិទ្រង់បានឡើយ។ បទដ្ឋាន​របស់​ព្រះអង្គសង្គ្រោះមាន​ភាពច្បាស់លាស់ ហើយ​សាមញ្ញាបែបនេះថា៖ «បើអ្នករាល់គ្នាស្រឡាញ់​ខ្ញុំ ចូរកាន់តាមបញ្ញត្តិ​របស់ខ្ញុំចុះ» (យ៉ូហាន 14:15) ។ ការគោរពប្រតិបត្តិដ៏ជម្រើសនាំមក​នូវពរជ័យដ៏​ជម្រើស​ផង​ដែរ ហើយ​ការ​ជ្រើស​យក​អ្វីមួយអាក្រក់ជំនួស​អ្វីមួយដែល​អាក្រក់បំផុតគឺនៅតែជាការជ្រើសរើស​ខុស។ បងប្អូន​មិន​អាច​មើល​ខ្សែភាពយន្ត​អាក្រក់ ហើយរំពឹង​ទុក​ឲ្យ​មាន​អារម្មណ៍​នៃគុណធម៌ ដោយសារ​បងប្អូនមិន​បាន​មើលខ្សែភាពយន្តដ៏ អាក្រក់ បំផុតនោះទេ។ ការគោរពតាមដោយ​ស្មោះត្រង់ចំពោះ​បញ្ញត្តិ​មួយចំនួនពុំមែនមានន័យ​អាចបំពានបញ្ញត្តិ​ផ្សេងទៀត​បាន​នោះទេ។ អ័ប្រាហាំ លីងគិន បានថ្លែង​យ៉ាងត្រឹមត្រូវ​ថា៖ «ពេល​ខ្ញុំ​ធ្វើ​ល្អ ខ្ញុំ​មាន​អារម្មណ៍ល្អ។ពេលខ្ញុំ​ធ្វើ​អាក្រក់ ខ្ញុំមានអារម្មណ៍អាក្រក់» (ក្នុង William  H. Herndon and Jesse William Weik, Herndon’s Lincoln: The True Story of a Great Life វ៉ុល 3 [ឆ្នាំ 1889], 3:439)។

គួរ​បញ្ជាក់​ផងដែរ​ ធ្វើអ្វី​ដែល​ត្រឹមត្រូវ​សម្រាប់ហេតុផល​ត្រឹមត្រូវ ។ ព្រះអម្ចាស់ដែល​ទ្រង់ «តម្រូវចិត្ត និងគំនិតដែលស្ម័គ្រតាម» (គ. និង ស. 64:34) ហើយ «ពិចារណាអស់ទាំងគំនិតដែលចិត្តគិត ហើយ​ដែល​សម្រេច​ដែរ» (គ. និង ស. 33:1) ទ្រង់ជ្រាបពីហេតុផល​ដែល​បងប្អូនទៅព្រះវិហារ មិន​ថាអ្នក​ទៅតែខ្លួន ឬ​ទៅថ្វាយបង្គំដោយពិតប្រាកដ​នោះទេ។ បងប្អូន​មិន​អាចច្រៀងនៅថ្ងៃ​អាទិត្យថា «ឱ បាប៊ីឡូន ឱ បាប៊ីឡូន [ខ្ញុំ] លាអ្នក​ហើយណា» រួចស្រាប់តែខំស្វែងរក ឬទទួល​យក​វា​ម្ដងទៀត​បាន​នោះទេ («Ye Elders of Israel» Hymns, ល.រ.  319)។ សូមចងចាំថា ការមិន​អើពើពីបញ្ហាខាង​វិញ្ញាណនឹង​មិន​ដែលមានសុភមង្គល​ឡើយ។ សូម​ធ្វើ​ឲ្យ​សាសនាចក្រ និង ដំណឹងល្អ​ដែល​បានស្ដារ​ឡើងវិញក្លាយ​ជា​ផ្នែកទាំងមូល​ក្នុង​ជីវិត​បងប្អូន ពុំមែន​គ្រាន់តែជា​ផ្នែក​មួយ​នៃ​ជីវិតខាង​ក្រៅ ឬ​ខាង​សង្គម​របស់​បងប្អូន​នោះឡើយ។ ការរើស​យកថាតើនរណាដែល​បងប្អូន​ចង់បម្រើ​នៅ​ថ្ងៃនេះ​ វា​នឹង​ក្លាយ​ជាការ​បម្រើ​តែបបូរមាត់ប៉ុណ្ណោះ ដរាបណាបងប្អូន​រស់នៅតាមដោយ​ខ្ជាប់ខ្ជួន​​ (សូមមើល យ៉ូស្វេ 24:15) ។ ទំនុកចិត្ត​ខាង​វិញ្ញាណ​កើនឡើង ពេលបងប្អូន​ពិតជា​ខិតខំ រស់នៅ​ក្នុង​ជីវិត​មួយ​ដ៏បរិសុទ្ធ សម្រាប់ហេតុផល​ដ៏ត្រឹមត្រូវ ទោះជា​បងប្អូន​មិន​ល្អឥតខ្ចោះក្ដី!

4. ធ្វើ​ឲ្យ​បានកាន់តែល្អបំផុត​ក្នុង​ការ​ប្រែចិត្ត​គ្រប់​ពេល​វេលា និង​យ៉ាង​ឆាប់រហ័ស។ ដោយ​សារ​ដង្វាយធួន​នៃ​ព្រះយេស៊ូវគ្រីស្ទគឺជា​កត្តាដ៏ចាំបាច់បំផុត បងប្អួន​គួរ​តែ​យកវា​មក​អនុវត្តក្នុង​ជីវិត​ប្រចាំថ្ងៃ​ដោយ​ក្ដីសប្បុរស ពីព្រោះ​វា​មាន​ឥទ្ធិពលជានិច្ច។ សូម​ឱបក្រសោប​នឹង​ដង្វាយ​ធួន​នៃ​ព្រះយេស៊ូវគ្រីស្ទ និងការ​ប្រែចិត្ត ជាអ្វីដែល​បងប្អូន​ស្វាគមន៍ ហើយ​អនុវត្ត​ជា​ប្រចាំស្របតាម​បញ្ជា​របស់ព្រះ។ សូម​បង្កើត​ឥរិយាបថ​នៃការប្រែចិត្តជានិច្ច​ដ៏រីករាយ ហើយ​ពេញដោយ​ក្ដីអំណរ ដោយ​ធ្វើ​ឲ្យ​វា​ក្លាយ​ជាជម្រើស​នៅ​ក្នុង​ជីវិត​របស់បងប្អូន​រាល់គ្នា។ ក្នុងការ​ធ្វើ​ដូច្នេះ សូម​ប្រុងប្រយ័ត្ន​នឹងការ​ល្បួងដើម្បី​​ពន្យាពេល ហើយ​កុំ​រំពឹងថា ពិភពលោកនេះ​នឹង​រីករាយ​ជាមួយ​បងប្អូន​។ ដោយ​ផ្ដោត​គំនិត​បងប្អូន​ទៅ​លើ​ព្រះអង្គសង្គ្រោះ សូម​ខ្វាយខ្វល់ឲ្យ​បាន​ច្រើន​ពីអ្វីដែល​ទ្រង់​គិត​ពី​បងប្អូន ហើយ​ចូរ​ឲ្យ​ផល​មក​តាម​ក្រោយ។ ទំនុក​ចិត្ត​ខាង​វិញ្ញាណ​កើនឡើង ពេល​បងប្អូន​ប្រែចិត្ត​ពី​អំពើបាប ទោះតូចឬធំ ​ដោយ​ស្ម័គ្រចិត្ត និង​ពេញដោយ​ក្ដីអំណរ ដោយ​ការ​អនុវត្ត​ដង្វាយធួន​នៃព្រះយេស៊ូវគ្រីស្ទ។

5. ធ្វើ​ឲ្យ​បាន​កាន់តែ ល្អបំផុត​ក្នុងការ​អត់ទោស។ «យើង​ជាព្រះអម្ចាស់នឹងអត់ទោស​ដល់​អ្នកណាដែល​យើង​នឹង​អត់ទោស ប៉ុន្តែ​រីឯអ្នក​វិញ គឺ​តម្រូវ​ឲ្យ​អត់ទោស​ដល់​មនុស្ស​ទាំងអស់» (គ. និង ស. 64:10) ។ សូម​អត់ទោស​ដល់​មនុស្ស​គ្រប់គ្នា រឿងអ្វីក៏ដោយ នៅគ្រប់ពេលទាំងអស់ ឬ​យ៉ាងហោចណាស់ខិតខំធ្វើ​កិច្ចការនេះ ដើម្បី​ឲ្យ​ការអត់ទោសបាន​ជ្រាបចូល​ក្នុង​ជីវិត​​ផ្ទាល់ខ្លួន​របស់​បងប្អូន។ សូម​កុំ​ចងកំហឹង កុំ​ងាយ​អន់ចិត្ត សូម​អត់ទោស ហើយ​បំភ្លេច​ចោលភ្លាម ហើយ​សូម​កុំ​គិត​ថា បងប្អូន​ត្រូវ​បាន​​លើក​លែង​ឲ្យ​រួចខ្លួន​​ពី​បញ្ញត្តិ​នេះ។ ទំនុក​ចិត្ត​ខាង​វិញ្ញាណកើន​ឡើង​ ពេល​បងប្អូន​ដឹង​ថា ព្រះអម្ចាស់​ជ្រាប​ថា បងប្អូនគ្មានអារម្មណ៍អាក្រក់​ចំពោះ​មនុស្ស​ម្នាក់ទៀត។

6. ទទួល​យក​ការ​សាកល្បង ការ​បរាជ័យ​និង «រឿងភ្ញាក់ផ្អើល» ជា​ផ្នែក​មួយ​នៃបទពិសោធន៍​ក្នុង​ជីវិតបងប្អូន។ សូម​ចាំថា បងប្អូន​នៅទីនេះដើម្បីបង្ហាញ ហើយ​ទទួលការ​សាកល្បង ដើម្បី«មើល បើសិនជា​ [បងប្អូន] នឹង​ប្រព្រឹត្ត​នូវ​អ្វីៗ​គ្រប់យ៉ាងដែល​ព្រះអម្ចាស់ដ៏ជា​ព្រះរបស់​ [បងប្អូន] នឹង​បញ្ជា​ដល់​ [បងប្អូន]» (អ័ប្រាហាំ 3:25)—ហើយ​ខ្ញុំ​សូម​បន្ថែម​ថា «នៅ​គ្រប់​កាលៈទេសៈ»។ បងប្អូន​ប្រុសស្រី​របស់​បងប្អូន​រាល់គ្នា​រាប់លាន​នាក់ធ្លាប់ ឬ​កំពុង​សាកល្បង​បែប​នេះ ចុះហេតុអ្វីបាន​ជា​បងប្អូន​រាល់គ្នា​នឹង​​ត្រូវបាន​លើកលែងនោះ? ការ​សាកល្បង​មួយចំនួនកើត​មាន​តាមរយៈ​ការខ្វះការ​គោរពប្រត្តិបត្តិ ឬការ​ធ្វេសប្រហែស​របស់​បងប្អូន​ផ្ទាល់។ ការ​សាកល្បង​ផ្សេងទៀត​កើត​មាន​ដោយសារការ​ធ្វេសប្រហែស​របស់អ្នកដទៃ ឬបើនិយាយ​ឲ្យ​សាមញ្ញទៅ គឺដោយសារ​ពិភពលោក​នេះ​គឺជាពិភព​ដែល​ធ្លាក់ចុះ។ ពេលការ​សាកល្បងទាំងនេះ​មក​ដល់ ​ ពួក​បាវបម្រើ​នៃមារសត្រូវ​ចាប់ផ្ដើមផ្សព្វផ្សាយ​ថា​បងប្អូន​បាន​ធ្វើ​អ្វីមួយខុស ថា​នេះ​គឺជា​ការ​ទណ្ឌកម្ម​មួយ ជា​សញ្ញា​មួយ​ដែល​ព្រះវរបិតាសួគ៌មិន​ស្រឡាញ់​បងប្អូន។ សូម​កុំ​ខ្វល់ពីពាក្យនោះ! ផ្ទុយទៅវិញ សូម​ព្យាយាម​ញញឹម សំឡឹងមើល​ទៅ​ស្ថានសួគ៌ ហើយ​ពោលថា «ព្រះអម្ចាស់​អើយ ទូលបង្គំយល់​ហើយ ទូលបង្គំដឹង​ថានេះជាអ្វីហើយ។ ជាពេល​ល្បង​ខ្លួនទូលបង្គំ មែនទេ?» រួច​រួមដៃ​នឹង​ទ្រង់​ដើម្បីស៊ូទ្រាំ​ឲ្យ​បាន​ល្អ​រហូតដល់​ចុង​បំផុត។ ទំនុក​ចិត្ត​ខាង​វិញ្ញាណ​កើនឡើង​ ពេល​អ្នក​ទទួលយក​ថា «ជារឿយៗ ការ​សាកល្បង និង ទុក្ខលំបាក​ត្រូវបាន​អនុញ្ញាតឲ្យ​កើត​ឡើង​ក្នុង[ជីវិតរបស់​បងប្អូន] ដោយសារ​អ្វីដែល​ [បងប្អូន] កំពុងធ្វើ​ជា​រឿងត្រឹមត្រូវ​» (Glenn L. Pace, «Crying with the Saints» [Brigham Young University devotional ថ្ងៃទី13 ខែធ្នូ ឆ្នាំ 1987] ទំព័រ 2, speeches.byu.edu) ។

កាល​កំពុងគ្រប់គ្រង​លើ​បេសកកម្មអ៊ុយក្រែនក្វីវ មាន​ពេល​មួយ​ខ្ញុំសួរ​ស៊ិស្ទើរដ៏ស្មោះត្រង់​បំផុត​ម្នាក់ថា ហេតុអ្វីបាន​ជា​នាងតែង​តែធ្វើបាបខ្លួន​ឯង ហេតុអ្វីបាន​ជា​នាង​តែងវាយដំខ្លួន​ឯងដោយសារតែរឿងតូចតាច។ ចម្លើយ​នាងគឺជា​គំរូ​មួយនៃ​មនុស្ស​ម្នាក់ដែល​កំពុង​ស្ដាប់ទៅសំឡេងខុស កាល​នាង​បានតប​ថា «ដើម្បីកុំ​ឲ្យ​អ្នកដទៃ​វាយ​ដំខ្ញុំ​ដោយសារ​តែរឿងនោះ»។

បងប្អូន​ប្រុសស្រី ពាក្យទូន្មាន​របស់​ខ្ញុំ​ទៅ​កាន់ស៊ិស្ទើរ​ម្នាក់នេះគឺជា​ពាក្យ​ទូន្មាន​របស់​ខ្ញុំ​ដល់​បងប្អូនរាល់គ្នា​ដែរ៖ សូម​ទទួលស្គាល់ ហើយ​ប្រឈម​នឹង​ភាពទន់ខ្សោយ​របស់​បងប្អូន តែ​សូម​កុំ​ឈប់ដោយសារ​វា ពីព្រោះ​ការណ៍​នេះ​មួយចំនួន​នឹង​ក្លាយ​ទៅជា​ដៃគូ​របស់បងប្អូន​រហូតដល់​បងប្អូន​ចាកចេញពីជីវិតនេះ។ មិនថា​បច្ចុប្បន្ន​នេះ ​បងប្អូន​មានស្ថានភាពបែបណាទេ នៅពេល​បងប្អូន​ជ្រើស​យក​ការ​ប្រែចិត្ត​ដោយ​ស្មោះ និងពេញដោយ​ក្ដីអំណរយ៉ាងស្ម័គ្រស្មោះ​រៀងរាល់ថ្ងៃ នោះដង្វាយធួន​របស់​ព្រះអង្គសង្គ្រោះនឹង​ឱបក្រសោប ហើយ​ទៅតាម​បងប្អូន​នៅ​គ្រប់ទីកន្លែង។ តាម​ការ​រស់នៅ​បែបនេះ បងប្អូន​ពិតជាអាច «បាន​ទទួល​ការ​ផ្ដាច់បាបទាំងឡាយ​របស់​[បងប្អូន]ជានិច្ច» (ម៉ូសាយ 4:12) គ្រប់ពេលគ្រប់វេលា​ជារៀងរាល់ថ្ងៃ ហេតុដូច្នះហើយ សូម​មាន​ភាពស្អាតស្អំទាំងស្រុង​នៅចំពោះ​ព្រះ(គ្រប់​ពេល​ទាំងអស់(

នេះជា​អភ័យឯកសិទ្ធិ​របស់បងប្អូន បើ​បងប្អូន​ចង់បាន​វា នៅថ្ងៃនេះ ឬ​ក្នុង​ពេល​ឆាប់ៗ ថា​បងប្អូន​នឹង​ទូល​អង្វរ​ព្រះ​ មិន​ថា​បងប្អូន​មាន​កំហុស​អ្វី​នោះទេ។ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ពី​ព្រះអង្គសង្គ្រោះជា​ទីស្រឡាញ់​ដែល​ទ្រង់​រំពឹង​ឲ្យ​យើង​រស់នៅ​តាម​បញ្ញត្តិ។ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ពីព្រះអង្គសង្គ្រោះ​ជាទីស្រឡាញ់​ដែល​ទ្រង់​ចង់ប្រទាន​ព្រះគុណ និង ក្ដីមេត្តា​ករុណា​របស់ទ្រង់។ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ពី​ព្រះអង្គសង្គ្រោះ​ថា​ទ្រង់​រីករាយ ពេល​យើង​អនុវត្ត​ដង្វាយធួន​របស់​ទ្រង់​ជាប្រចាំថ្ងៃដោយ​ការអះអាងដ៏​ស្ងប់ ហើយ​រីករាយថា យើង​កំពុង​ដើរ​លើ​ផ្លូវ​ដ៏ត្រឹមត្រូវ។ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ពី​ព្រះអង្គសង្គ្រោះ​ជា​ទីស្រឡាញ់​ដែល​ខ្វល់ព្រះទ័យចំពោះ ​«ទំនុក​ចិត្ត​ [របស់​បងប្អូន]ដើម្បី​មាន​ចិត្ត​ក្លាហាន​នៅ​ចំពោះ​វត្តមាន​នៃព្រះ (សូមមើល គ. និង ស. 121:45) ។ នៅ​ក្នុង​ព្រះ​នាម​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។