មាតាបិតា ៖ ជាគ្រូបង្រៀនដំណឹងល្អសំខាន់បំផុតរបស់កូនៗពួកគាត់
និយាយឲ្យអស់ទៅ គេហដ្ឋាន គឺជាទីដ៏ឥតខ្ចោះដើម្បីបង្រៀនដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ ។
បិន ខាសុន បាននិយាយពីខ្លួនគាត់ផ្ទាល់ថា ៖ « ខ្ញុំគឺជាសិស្សអន់បំផុត ក្នុងចំណោមសិស្ស ថ្នាក់ទី 5 របស់ខ្ញុំ » ។ ។ ថ្ងៃមួយ បិន បានប្រឡងគណិតវិទ្យា ដែលមាន 30 ចំណោទ ។ សិស្សម្នាក់ដែលអង្គុយនៅខាងក្រោយគាត់ បានកែចំណោទរបស់គាត់ ហើយបានហុចវាឲ្យគាត់វិញ ។ អ្នកគ្រូ វីល្លាមសុន បានហៅឈ្មោះសិស្ស និង ពិន្ទុចំណោទរបស់គេម្នាក់ៗ ។ ទីបំផុតគ្រូហៅឈ្មោះបិន ។ ដោយមានការខ្មាស់អៀន នោះគាត់ឆ្លើយហ៊ឹមៗ ។ អ្នកគ្រូ វីល្លាមសុន បានគិតថា គាត់ឆ្លើយ « 9 » ក៏តបថា ចំពោះ បិន ពិន្ទុត្រូវ 9 ក្នុង 30 សំណួរ គឺជាការរីកចម្រើនដ៏ប្រសើរមួយ ។ សិស្សដែលអង្គុយនៅក្រោយ បិន ស្រែកឡើងថា « មិនមែន 9 ទេ ! … គាត់ពុំបានពិន្ទុទេ… ត្រូវទេ » ។ បិន បាននិយាយថា គាត់មិនហ៊ានមើលមុខនរណាទេ ។
ព្រមជាមួយគ្នានោះ ម្តាយ បិន ឈ្មោះសនញ៉ា បានជួបនឹងឧបសគ្គដែរ ។ គាត់គឺជាកូនម្នាក់ក្នុងចំណោមកូន 24 នាក់ ដែលបានរៀនត្រឹមថ្នាក់ទីបី ហើយមិនចេះអានឡើយ ។ គាត់បានរៀបការតាំងពីអាយុ 13 ឆ្នាំ បានលះលែងគ្នា មានកូនប្រុសពីរនាក់ និង ចិញ្ចឹមពួកគេ នៅក្នុងភូមិដ្ឋានយ៉ាងក្រតោកយ៉ាកនៃទីក្រុង ឌីត្រយ(Detroit) ។ ថ្វីបើដូច្នោះមែនក្តី គាត់បានប្រឹងប្រែងខ្លួនឯង ដោយមានជំនឿយ៉ាងមុតមាំថា ព្រះនឹងជួយគាត់ និង កូនប្រុសៗរបស់គាត់ បើពួកគេបំពេញតាមកាតព្វកិច្ចរបស់ពួកគេ ។
ថ្ងៃមួយ ជោគវាសនាបានត្រឡប់ប្រែក្នុងជីវិតគាត់ និង កូនប្រុសៗគាត់ ។ ពេលសំអាតផ្ទះឲ្យគេ គាត់បានភ្ញាក់ខ្លួនថា អស់អ្នកដែល ជោគជ័យ គឺជាអស់អ្នកដែលមានបណ្ណាល័យ—ពួកគេអាន ។ បន្ទាប់ពីធ្វើការហើយ គាត់បានទៅផ្ទះវិញ ហើយបានបិទទូរទស្សន៍ដែល បិន និង ប្អូនប្រុសគាត់កំពុងមើល ។ គាត់បាននិយាយសង្កត់ធ្ងន់ថា ៖ កូនទាំងពីរ មើលទូរទស្សន៍ច្រើនពេកហើយ ។ ចាប់ពីពេលនេះទៅ កូនអាចមើលកម្មវិធីទូរទស្សន៍បីប៉ុណ្ណោះ ក្នុងមួយសប្តាហ៍ ។ នៅពេលទំនេរកូនត្រូវតែទៅបណ្ណាល័យ— អានសៀវភៅពីរក្បាលក្នុងមួយសប្តាហ៍ ហើយផ្តល់របាយការណ៍ដល់ម៉ាក់វិញ ។
ក្មេងប្រុសទាំងពីរនាក់បានឈរស្រឡាំងកាំង ។ បិន បាននិយាយថា គាត់មិនដែលអានសៀវភៅសោះ ក្នុងមួយជីវិតគាត់ លើកលែងតែបានតម្រូវនៅឯសាលាប៉ុណ្ណោះ ។ ពួកគេបានរអ៊ូតវ៉ា ប៉ុន្តែមិនបានប្រយោជន៍អ្វីសោះ ។ បិន ក៏បាននិយាយទៀតថា « គាត់បានដាក់វិន័យ ។ ខ្ញុំមិនពេញចិត្តនឹងវិន័យនេះឡើយ ប៉ុន្តែការប្ដេជ្ញាចិត្តរបស់អ្នកម្តាយ ដើម្បីឃើញយើងរីកចម្រើន បានផ្លាស់ប្តូរទិសដៅជីវិតរបស់ខ្ញុំ » ។
ហើយនោះពិតជាការផ្លាស់ប្តូរដ៏ធំមួយ ។ ត្រឹមថ្នាក់ទីប្រាំពីរ គាត់រៀនបានខ្ពស់ជាងគេក្នុងថ្នាក់គាត់ ។ គាត់បានបន្តទៅរៀនក្នុងសកលវិទ្យាល័យយែល តាមរយៈអាហាររូបករណ៍ រូចហើយចូលរៀនសាលាវេជ្ជសាស្ត្រឈ្មោះ ចន ហបគិនស៍ ខណៈដល់អាយុ 33 ឆ្នាំ គាត់បានក្លាយជាប្រធាននៃមន្ទីរវះកាត់សរសៃប្រសាទកុមារ ហើយបានក្លាយទៅជាវេជ្ជបណ្ឌិតវះកាត់ដ៏ល្បីឈ្មោះលើពិភពលោក ។ តើវាបានកើតឡើងតាមវិធីណាទៅ ? មួយផ្នែកធំ គឺដោយព្រោះតែម្តាយម្នាក់ដែលពុំមានប្រៀបច្រើនក្នុងជីវិត បានតម្កើងការហៅរបស់គាត់ក្នុងនាមជាម្ដាយម្នាក់ ។1
ព្រះគម្ពីរនិយាយពីមុខងាររបស់មាតាបិតាថា—នោះគឺជាកាតព្វកិច្ចរបស់ពួកគេ ដើម្បីបង្រៀនកូនៗរបស់ខ្លួននូវ « គោលលទ្ធិអំពីការប្រែចិត្ត សេចក្តីជំនឿជឿដល់ព្រះគ្រីស្ទ ជាព្រះរាជបុត្រានៃព្រះដ៏មានព្រះជន្មរស់នៅ និង អំពីបុណ្យជ្រមុជទឹក ហើយនិងអំពីអំណោយទានជាព្រះវិញ្ញាណបរិសុទ្ធ » ( គ. និង ស. 68:25 ) ។
ក្នុងនាម ជាមាតាបិតា យើងគឺជាគ្រូបង្រៀនដំណឹងល្អ និង ជាគំរូសំខាន់បំផុតចំពោះកូនៗរបស់យើង—ពុំមែនជាប៊ីស្សព សាលាថ្ងៃអាទិត្យ ក្រុមយុវនារី ឬ ក្រុមយុវជនទេ ប៉ុន្តែគឺជាមាតាបិតា ។ ក្នុងនាមជាគ្រួបង្រៀនដំណឹងល្អសំខាន់បំផុតរបស់ពួកគេ យើងអាចបង្រៀនពួកគេអំពីអំណាច និង ភាពពិតនៃដង្វាយធួន—អំពីអត្តសញ្ញាណ និង ជោគវាសនាដ៏ទេវភាពរបស់ពួកគេ—ធ្វើបែបនេះ ដើម្បីជួយពួកគេឲ្យស្ថាបនា នៅលើគ្រឹះសិលាយ៉ាងរឹងមាំ ។ និយាយឲ្យអស់ទៅ គេហដ្ឋាន គឺជាទីដ៏ឥតខ្ចោះដើម្បីបង្រៀនដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ ។
ប្រហែលជាមួយឆ្នាំកន្លងទៅហើយ ខ្ញុំបានបំពេញការចាត់តាំងមួយនៅក្នុង ទីក្រុង បេរូត, លេបាណន់ (Beirut, Lebanon) ។ ខណៈនៅទីនោះ ខ្ញុំបានរៀនអំពីក្មេងស្រីម្នាក់ អាយុ 12 ឆ្នាំ ឈ្មោះសារ៉ា ។ ឪពុកម្តាយ និងបងពីរនាក់របស់នាង បានប្រែចិត្តជឿលើសាសនាចក្រ នៅក្នុងប្រទេស រ៉ូម៉ានី (Romania) ប៉ុន្តែត្រូវបានគេឲ្យទៅប្រទេសកំណើតវិញ ពេលនាងមានអាយុតែប្រាំពីរឆ្នាំប៉ុណ្ណោះ ។ នៅប្រទេសកំណើតពួកគេ គ្មានវត្តមានសាសនាចក្រ គ្មានក្រុមអង្គភាព កម្មវិធីសាលាថ្ងៃអាទិត្យ ឬក្រុមយុវនារីឡើយ ។ ប្រាំឆ្នាំក្រោយមក គ្រួសារនេះបានដឹងថា មានសាខាមួយ នៅទីក្រុង បេរូត ទើបតែមុននឹងខ្ញុំមកដល់ ដែលពួកគេបានបញ្ជូនកូនស្រីឈ្មោះ សារ៉ា អាយុ 12 ឆ្នាំ ដោយអមដំណើរដោយបងៗ ទៅទទួលបុណ្យជ្រមុជទឹក ។ ខណៈពេលកំពុងស្នាក់នៅទីនោះ ខ្ញុំបានធ្វើការប្រជុំធម្មនិដ្ឋានមួយ អំពីផែនការនៃសេចក្តីសង្គ្រោះ ។ នាងសារ៉ា បានលើកដៃ ហើយបានឆ្លើយសំណួរជាញឹកញាប់ ។
បន្ទាប់ពីការប្រជុំ និង បានដឹងថានាងមកសាសនាចក្រតិចតួចណាស់ នោះខ្ញុំបានដើរសំដៅទៅនាង ហើយបានសួរថា « សារ៉ា តើក្មួយបានដឹងចម្លើយចំពោះសំណួរទាំងនោះបែបណាទៅ » ? នាងបានឆ្លើយភ្លាមថា « ម្តាយខ្ញុំបានបង្រៀនខ្ញុំ » ។ ពួកគាត់ពុំមានសាសនាចក្រនៅក្នុងសហគមន៍ទេ ប៉ុន្តែពួកគាត់មានដំណឹងល្អនៅក្នុងផ្ទះពួកគាត់ ។ ម្តាយរបស់នាង គឺជាគ្រូបង្រៀនដំណឹងល្អសំខាន់បំផុតរបស់នាង ។
គឺជាអេណុស ដែលបាននិយាយថា « ពាក្យទាំងឡាយដែលខ្ញុំតែងបានឮឪពុកខ្ញុំនិយាយជាញឹកញាប់ អំពីជីវិតដ៏នៅអស់កល្បជានិច្ច និង សេចក្តីអំណរនៃពួកបរិសុទ្ធ បានជ្រួតជ្រាបទៅក្នុងដួងចិត្តខ្ញុំ » (អេណុស 1:3) ។ ពុំមានការសង្ស័យទេថា នរណាជាគ្រូបង្រៀនដំណឹងល្អសំខាន់បំផុតរបស់អេណុស ។
ខ្ញុំចាំពាក្យសម្ដីឪពុកខ្ញុំដែលបានបន្លឺឡើង ចេញពីការអានព្រះគម្ពីរ និង សៀវភៅល្អៗ នៅក្បែរជើងក្រានកំដៅផ្ទះ ហើយខ្ញុំតែងតែគេងសន្ធឹងនៅក្បែរគាត់ ។ ខ្ញុំចាំអំពីកាត ដែលគាត់បានរក្សាទុកក្នុងហៅប៉ៅអាវរបស់គាត់ ដែលមានសេចក្តីស្រង់នៃព្រះគម្ពីរ និង លោក ហ្សេកស្ពៀរ (Shakespeare) និង ពាក្យពេចន៍ថ្មីៗ ដែលគាត់បានទន្ទេញ និង រៀន ។ ខ្ញុំចាំនូវសំណួរ និង ការពិភាក្សាខាងដំណឹងល្អនៅឯតុបាយ ។ ខ្ញុំចាំពីពេលវេលាជាច្រើន ដែលឪពុកខ្ញុំបានទៅនាំខ្ញុំទៅសួរសុខទុក្ខមនុស្សចាស់ជរា—យើងបានឈប់ និង ទិញការ៉េមឲ្យមនុស្សម្នាក់ ឬ សាច់មាន់ឲ្យម្នាក់ទៀត ឬ ការចាប់ដៃចុងក្រោយរបស់គាត់ ដោយមានប្រាក់ខ្លះនៅក្នុងស្រោមសំបុត្រ ។ ខ្ញុំចងចាំអារម្មណ៍ដ៏ល្អ និង បំណងចង់ក្លាយទៅដូចជាគាត់ ។
ខ្ញុំចាំពីម្តាយរបស់ខ្ញុំ ដែលមានអាយុប្រហែលជា 90 ឆ្នាំ បានចំអិនអាហារនៅផ្ទះបាយក្នុងផ្ទះរបស់គាត់ រួចហើយបានចេញមកវិញដោយមានអាហារនៅលើថាស ។ ខ្ញុំបានសួរគាត់ថា គាត់កំពុងទៅណាហ្នឹង ។ គាត់បានឆ្លើយតបថា « អូ ម៉ាក់យកវាទៅឲ្យមនុស្សចាស់ជរា » ។ ខ្ញុំបានគិតក្នុងចិត្តថា « អ្នកម្តាយ អ្នកម្តាយហ្នឹងហើយគឺជាមនុស្សចាស់ជរា » ។ ខ្ញុំមិនអាចសំដែងនូវកត្តញ្ញូតាឲ្យបានគ្រប់គ្រាន់ទេ ចំពោះមាតាបិតាខ្ញុំ ដែលជាគ្រូបង្រៀនដំណឹងល្អសំខាន់បំផុតរបស់ខ្ញុំ ។
ទង្វើដ៏មានអត្ថន័យបំផុតមួយ ដែលយើងអាចធ្វើ ក្នុងនាមជាមាតាបិតា គឺបង្រៀនកូនៗរបស់យើង អំពីអំណាចនៃការអធិស្ឋាន ពុំគ្រាន់តែជាទម្លាប់នៃការអធិស្ឋាននោះទេ ។ នៅពេលខ្ញុំមានអាយុ 17 ឆ្នាំ ខ្ញុំបានលុតជង្គង់ចុះក្បែរគ្រែខ្ញុំ ថ្លែងនូវការអធិស្ឋានពេលរាត្រីរបស់ខ្ញុំ ។ ដោយមិនដឹងទាល់តែសោះថា ម្តាយរបស់ខ្ញុំកំពុងឈរនៅមាត់ទ្វារ ។ ពេលខ្ញុំបានអធិស្ឋានចប់ គាត់បាននិយាយថា« ធែដ (Tad) តើកូនកំពុងទូលសុំព្រះអម្ចាស់ឲ្យជួយកូនរកបានភរិយាដ៏ល្អម្នាក់ឬ ? »
សំណួររបស់គាត់បានធ្វើឲ្យខ្ញុំភ្ញាក់ផ្អើលជាខ្លាំង ។ នោះគឺជាអ្វីមួយ ដែលនៅយ៉ាងឆ្ងាយពីគំនិតខ្ញុំ ។ ខ្ញុំកំពុងគិតអំពីការលេងបាល់បោះ និង សាលារៀន ។ ដូច្នេះហើយ ខ្ញុំបានឆ្លើយតបថា « ទេ » គាត់ក៏បានតបថា « មែនហើយ កូនគួរអធិស្ឋានសុំបែបនោះ ព្រោះអីវាជាការសម្រេចចិត្តយ៉ាងសំខាន់បំផុត ដែលកូននឹងធ្វើក្នុងជីវិត » ។ ពាក្យសំដីទាំងនោះបានជ្រួតជ្រាបក្នុងដួងចិត្តខ្ញុំ យ៉ាងជ្រៅ ដូច្នេះហើយក្នុងរយៈ ប្រាំមួយឆ្នាំក្រោយ ខ្ញុំបានអធិស្ឋានសុំព្រះជួយខ្ញុំរកបានភរិយាដ៏ល្អម្នាក់ ។ ហើយមើលចុះ ទ្រង់បានឆ្លើយតបនឹងការអធិស្ឋាននោះ ។
ក្នុងនាមជាមាតាបិតា យើងអាចបង្រៀនកូនៗរបស់យើង ឲ្យអធិស្ឋានសម្រាប់អ្វីដែលផ្តល់ជាលទ្ធផលដ៏អស់កល្បជានិច្ច—អធិស្ឋានដើម្បីបានកម្លាំងឲ្យស្អាតស្អំខាងសីលធម៌ នៅក្នុងពិភពលោកដ៏លំបាកយ៉ាប់យ៉ឺន ឲ្យគោរពប្រតិបត្តិ និង មានចិត្តក្លាហាន ដើម្បីការពារអ្វីៗដែលត្រឹមត្រូវ ។
ខ្ញុំជឿជាក់ថា យុវវ័យរបស់យើងស្ទើរតែគ្រប់រូបធ្វើ ការអធិស្ឋានពេលរាត្រីរបស់គេ ប៉ុន្តែប្រហែលជាមានពួកគេជាច្រើននាក់ ដែលមានការលំបាកជាមួយនឹងទម្លាប់នៃការអធិស្ឋានពេលព្រឹកផ្ទាល់ខ្លួនរបស់គេ ។ ក្នុងនាមជាមាតាបិតា ជាគ្រូបង្រៀនដំណឹងល្អសំខាន់បំផុតរបស់ពួកគេ នោះយើងអាចកែសម្រួលបញ្ហានេះ ។ តើមានមាតាបិតាណា នៅក្នុងសម័យព្រះគម្ពីរមរមន ដែលបណ្តោយឲ្យកូនប្រុសរបស់ខ្លួនចេញទៅច្បាំង ដោយគ្មានអាវក្រោះ និង ខែល និង ដាវ ដើម្បីការពារខ្លួន ពីការវាយប្រហារខាងសាច់ឈាម នៃខ្មាំងសត្រូវរបស់គេនោះ ? ប៉ុន្តែពួកយើងប៉ុន្មាននាក់ ដែលបានបណ្ដោយឲ្យកូនៗយើងដើរចេញពីទ្វារផ្ទះ រៀងរាល់ព្រឹក ទៅក្នុងទីចំបាំងដ៏គ្រោះថ្នាក់បំផុត ដើម្បីប្រឈមមុខ នឹងសាតាំង និង សេចក្តីល្បួងជាច្រើន ដោយគ្មានអាវក្រោះ និង ខែល និង ដាវខាងឯវិញ្ញាណ ដែលទទួលបានពីអំណាចដ៏ការពារនៃការអធិស្ឋាននោះ ? ព្រះអម្ចាស់បានមានបន្ទូលថា « ចូរអធិស្ឋានជានិច្ច … ប្រយោជន៍ឲ្យអ្នកអាចយកឈ្នះលើសាតាំង » (គ. និង ស. 10:5 ) ។ ក្នុងនាមជាមាតាបិតា យើងអាចជួយបង្កើត ទម្លាប់ និង អំណាចនៃការអធិស្ឋានពេលព្រឹកនៅក្នុងកូនៗរបស់យើង ។
យើងក៏អាចបង្រៀនកូនៗ ឲ្យប្រើពេលវេលាពួកគេដោយឈ្លាសវៃផងដែរ ។ ម្តងម្កាល ដូចជា សនញ៉ា ខាសុន យើងគប្បីដាក់វិន័យយ៉ាងតឹងរ៉ឹង និង ដោយក្ដីស្រឡាញ់ ដោយដាក់កំហិតចំពោះពេលវេលាមើលទូរទស្សន៍ និង ឧបករណ៍អេឡិចត្រូនិក ដែលបត់បែនជីវិតរបស់ពូកគេ ក្នុងករណីជាច្រើន ។ យើងគប្បីជួយចាត់ចែងពេលវេលារបស់ពួកគេ ឲ្យខំប្រឹងប្រែងសិក្សាដំណឹងល្អ ឲ្យចេះដឹងជាក់លាក់វិញ ។ ដំបូង ប្រហែលជាមាននូវការរឹងមានៈខ្លះ មានការរអ៊ូរទាំខ្លះ ប៉ុន្តែដូចជាសនញ៉ា ខាសុន យើងត្រូវតែមានទស្សនវិស័យ និង ចិត្តរឹងប៉ឹងចំពោះវិន័យនោះ ។ ថ្ងៃណាមួយ កូនៗរបស់យើងនឹងយល់ និង មានអំណរគុណចំពោះអ្វី ដែលយើងបានធ្វើ ។ បើយើងមិនធ្វើបែបនេះទេ តើនរណានឹងធ្វើទៅ ?
យើងរាល់គ្នាអាចសួរដល់ខ្លួនឯងថា ៖ តើកូនៗរបស់យើងទទួលកេរ្តិ៍មរតកយ៉ាងល្អបំផុតខាងវិញ្ញាណ បញ្ញា និង ការប្រឹងប្រែងរបស់យើង ឬ តើពួកគេទទួលពេលវេលា និង ទេពកោសល្យសំណល់របស់យើង បន្ទាប់ពីយើងបានលះបង់អ្វីៗទាំងអស់របស់យើង ទៅការបម្រើសាសនាចក្រ ឬ ការងារខាងវិជ្ជាជីវៈរបស់យើងឬ ? ជីវិតក្រោយ ខ្ញុំមិនដឹងថា បើមុខតំណែងជាប៊ីស្សព ឬ ប្រធានសមាគមសង្គ្រោះ នឹងស្ថិតស្ថេរនោះទេ ប៉ុន្តែខ្ញុំដឹងថា មុខតំណែងជាប្តី និង ប្រពន្ធ ឪពុកម្តាយ នឹងត្រូវបានបន្តឱនគោរពក្នុងពិភពដែលគ្មានទីបញ្ចប់ ។ នោះគឺជាមូលហេតុមួយ ដែលវាសំខាន់ម្ល៉េះ ដើម្បីបំពេញទំនួលខុសត្រូវយើង ជាមាតាបិតានៅលើផែនដីនេះ ដើម្បីយើងអាចរៀបចំសម្រាប់ទំនួលខុសត្រូវកាន់តែធំ ប៉ុន្តែស្រដៀងគ្នានៅក្នុងជីវិតក្រោយ ។
ក្នុងនាមជាមាតាបិតា យើងអាចបោះជំហានទៅមុខ ដោយដឹងច្បាស់ថា ព្រះនឹងមិនទុកយើងចោលតែម្នាក់ឯងឡើយ ។ ព្រះនឹងមិនប្រទានទំនួលខុសត្រូវដល់យើង ដោយមិនប្រទាននូវជំនួយដ៏ទេវភាពនោះទេ—ខ្ញុំសូមថ្លែងទីបន្ទាល់អំពីការណ៍នោះ ។ សូមឲ្យយើងគ្រប់រូបបំពេញតាមមុខតំណែងទេវភាពយើង ជាមាតាបិតា និង នៅក្នុងភាពជាដៃគូជាមួយព្រះ ក្លាយទៅជាគ្រូបង្រៀនដំណឹងល្អ និង គំរូសំខាន់បំផុតសម្រាប់កូនៗយើង ខ្ញុំសូមអធិស្ឋានក្នុងនាមព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។