សាក្រាម៉ង់—ការរំឭកថ្មីមួយសម្រាប់ព្រលឹងវិញ្ញាណ
ព្រះវិញ្ញាណព្យាបាល និងរំឭកព្រលឹងវិញ្ញាណរបស់យើង ។ ពរជ័យដែលបានសន្យានៃពិធីសាក្រាម៉ង់ គឺថា យើងនឹង « តែងតែមានព្រះវិញ្ញាណរបស់ទ្រង់ គង់នៅជាមួយ [យើង] ជានិច្ច » ។
មានយុវនារីមួយក្រុមបានសួរខ្ញុំថា « តើបងស្រីមានបំណងចង់ដឹងអ្វីខ្លះ ពេលបងនៅក្នុងវ័យដូចពួកយើង ?» បើខ្ញុំឆ្លើយសំណួរនោះនាពេលនេះ ខ្ញុំនឹងបន្ថែមគំនិតនេះថា ៖ «ខ្ញុំប្រាថ្នាថា ខ្ញុំបានយល់ប្រសើរជាងពីសារៈសំខាន់នៃពិធីសាក្រាម៉ង់ កាលខ្ញុំមានវ័យដូចប្អូន ។ ខ្ញុំប្រាថ្នាថា ខ្ញុំបានយល់ពិធីសាក្រាម៉ង់តាមរបៀបដែលអែលឌើរ ជែហ្វ្រី អរ ហូឡិន បានពិពណ៌នា ។ លោកមានប្រសាសន៍ថា ‘ការអញ្ជើញមួយ ដែលមានជាប់នឹងពិធីការសាក្រាម៉ង់ គឺថា វាជាបទពិសោធន៍ខាងវិញ្ញាណដ៏ពិតមួយ ជាការសង្រួមចិត្តដ៏បរិសុទ្ធមួយ និងជាការរំឭកចំពោះព្រលឹងវិញ្ញាណ ។1»
តើយើងអាចធ្វើឲ្យពិធីសាក្រាម៉ង់ « ជាបទពិសោធន៍ខាងវិញ្ញាណពិត ជាការសង្រួមចិត្តដ៏បរិសុទ្ធមួយ និងជាការរំឭកចំពោះព្រលឹងវិញ្ញាណ » រាល់សប្ដាហ៍បានដោយរបៀបណា ?
សាក្រាម៉ង់ ក្លាយជាបទពិសោធន៍រឹងមាំខាងវិញ្ញាណមួយ នៅពេលយើងស្ដាប់ការអធិស្ឋានសាក្រាម៉ង់ និងតាំងចិត្តជាថ្មីចំពោះ សេចក្ដីសញ្ញារបស់យើង ។ ដើម្បីធ្វើដូចនេះបាន យើងត្រូវតែមានឆន្ទៈលើកដាក់លើខ្លួនយើងនូវព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ ។2 និយាយអំពីការសន្យានេះ ប្រធាន ហិនរី ប៊ី អាវរិង បានបង្រៀនថា ៖ « នោះមានន័យថា យើងត្រូវតែមើលខ្លួនយើង ដូចជាទ្រង់ ។ យើងនឹងដាក់ទ្រង់ទីមួយក្នុងជីវិតរបស់យើង ។ យើងនឹងចង់បានអ្វីដែលទ្រង់ចង់បាន ជាជាងអ្វីដែលយើងចង់បាន ឬអ្វីដែលពិភពលោកបង្រៀនយើងឲ្យចង់បាន » ។3
នៅពេលយើងទទួលសាក្រាម៉ង់ យើងក៏ចុះសេចក្ដីសញ្ញាផងដែរថា « ចងចាំព្រះយេស៊ូវគ្រីស្ទជានិច្ច »4 ។ នៅយប់មុនពេលទ្រង់ត្រូវឆ្កាង ព្រះគ្រីស្ទបានប្រមូលពួកសាវកទ្រង់មកជុំវិញទ្រង់ ហើយបានធ្វើពិធីសាក្រាម៉ង់ ។ ទ្រង់បានកាច់នំប៉័ង ប្រទានពរ ហើយមានបន្ទូលថា «ចូរយកបរិភោគចុះ ការណ៍នេះ គឺដើម្បីចងចាំអំពីរូបកាយខ្ញុំ ដែលខ្ញុំនឹងផ្ដល់ជាថ្លៃលោះសម្រាប់អ្នករាល់គ្នា » ។5 បន្ទាប់មកទ្រង់បានយកពែងស្រាមួយមក ថ្លែងអំណរគុណ ហើយឲ្យទៅពួកសាវករបស់ទ្រង់ផឹក ហើយមានបន្ទូលថា « ការណ៍នេះ គឺដើម្បីចងចាំអំពីលោហិតរបស់ខ្ញុំ … ដែលត្រូវបានបង្ហូរសម្រាប់មនុស្សណាដែលជឿដល់ព្រះនាមខ្ញុំ »។6
នៅក្នុងចំណោមពួកសាសន៍នីហ្វៃ និងជាថ្មីទៀតនៅឯការស្ដារឡើងវិញនៃសាសនាចក្រទ្រង់ ក្នុងថ្ងៃចុងក្រោយ នោះទ្រង់បានបន្ទូលដដែលថា យើងត្រូវទទួលទានសាក្រាម៉ង់ដើម្បីចងចាំពីទ្រង់ ។7
នៅពេលយើងទទួលទានសាក្រាម៉ង់ យើងជាសាក្សីចំពោះព្រះថា យើងនឹងចងចាំព្រះរាជបុត្រាទ្រង់ជានិច្ច ពុំគ្រាន់តែអំឡុងពេលធ្វើពិធីបរិសុទ្ធនៃសាក្រាម៉ងមួយភ្លែតនោះទេ ។ នេះមានន័យថា យើងនឹងមើលទៅគំរូ និងការបង្រៀនរបស់ទ្រង់យ៉ាងខ្ជាប់ខ្ជួន ដើម្បីដឹកនាំគំនិត ការជ្រើសរើស និងទង្វើររបស់យើង ។8
ការអធិស្ឋានសាក្រាម៉ង់ ក៏រំឭកយើងផងដែរ ថាយើងត្រូវតែ « រក្សាបទបញ្ញត្តិរបស់ទ្រង់ » ។9
ព្រះយេស៊ូវមានបន្ទូលថា « បើអ្នករាល់គ្នាស្រឡាញ់ខ្ញុំ ចូរកាន់តាមបញ្ញត្តិខ្ញុំចុះ » 10 ពិធីសាក្រាម៉ង់ ផ្ដល់ឱកាសមួយដល់យើងសម្រាប់មើលក្នុងចិត្តខ្លួនឯង ហើយជាឱកាសដើម្បីបង្វែរដួងចិត្ត និងឆន្ទៈរបស់យើងទៅរកព្រះ ។ ការគោរពប្រតិបត្តិចំពោះបទបញ្ញត្តិ នាំមកនូវអំណាចនៃដំណឹងល្អក្នុងជីវិតយើង ហើយមានភាពសុខសាន្ដ និងជីវភាពខាងវិញ្ញាណកាន់តែមហិមាឡើង ។
ពិធីសាក្រាម៉ង់ ផ្ដល់ជាឱកាសមួយដើម្បីមានបទពិសោធន៍ខាងវិញ្ញាណ នៅពេលយើងនឹកគិតដល់ការប្រោសលោះ ហើយអំណាចទ្រទ្រង់របស់ព្រះអង្គសង្គ្រោះ តាមរយៈដង្វាយធួនរបស់ទ្រង់ ។ អ្នកដឹកនាំយុវនារីម្នាក់ ថ្មីៗនេះបានរៀនអំពីកម្លាំងដែលយើងទទួលបាន នៅពេលយើងព្យាយាមទទួលទានសាក្រាម៉ង់ដោយហ្មត់ចត់ ។ ដោយព្យាយាមបញ្ចប់ល័ក្ខខ័ណ្ឌមួយក្នុងការអភិវឌ្ឍខ្លួន នោះនាងបានដាក់គោលដៅមួយដើម្បីផ្ដោតទៅលើពាក្យក្នុងទំនុកដំកើង និងការអធិស្ឋានពិធីសាក្រាម៉ង់ ។
រាល់សប្ដាហ៍ នាងធ្វើការវាយតម្លៃខ្លួនឯង អំឡុងពេលពិធីសាក្រាម៉ង់ ។ នាងបាននឹកគិតពីកំហុសដែលនាងបានធ្វើ ហើយនាងបានតាំងចិត្តធ្វើឲ្យល្អប្រសើរនៅសប្ដាហ៍ក្រោយ ។ នាងមានអំណរគុណដែលអាចកែខ្លួន ហើយបានស្អាតស្អំ ។ ក្រឡេកទៅមើលបទពិសោធន៍នោះ នាងបាននិយាយថា « ខ្ញុំកំពុងតែប្រែចិត្តដែលជាផ្នែកមួយនៃដង្វាយធួន » ។
នៅថ្ងៃអាទិត្យមួយ បន្ទាប់ពីនាងវាយតម្លៃខ្លួនឯងហើយ នាងចាប់ផ្ដើមមានអារម្មណ៍សោកសៅ ហើយទុទិដ្ឋិនិយម ។ នាងមើលឃើញថា នាងធ្វើកំហុសដដែលៗ ពីមួយសប្ដាហ៍ទៅមួយសប្ដាហ៍ ។ ប៉ុន្តែពេលនោះនាងមានអារម្មណ៍ច្បាស់លាស់មួយថា នាងបានប្រហែសនឹងចំណែកដ៏ធំមួយនៃដង្វាយធួន— គឺអំណាចទ្រទ្រង់របស់ព្រះគ្រីស្ទ ។ នាងបានភ្លេចគ្រប់ពេលដែលព្រះអង្គសង្គ្រោះបានជួយនាង ឲ្យក្លាយជាមនុស្សដែលនាងចាំបាច់ត្រូវប្រែក្លាយ ហើយបម្រើហួសពីសមត្ថភាពរបស់នាង ។
ដោយមានចំនុចនេះក្នុងចិត្ត នាងបាននឹកគិតម្ដងទៀតពីសប្ដាហ៍មុនៗ ។ នាងនិយាយថា ៖ « អារម្មណ៍នៃក្ដីអំណរបានចាក់ទម្លុះភាពសោកសៅរបស់ខ្ញុំ ពេលខ្ញុំកត់សម្គាល់ថា ទ្រង់បានប្រទានឱកាស និងលទ្ធភាពជាច្រើនដល់ខ្ញុំ ។ ខ្ញុំបានកត់ចំណាំដោយដឹងគុណចំពោះលទ្ធភាពដែលខ្ញុំមាន ដើម្បីទទួលស្គាល់តម្រូវការរបៀបជាកូនក្មេងរបស់ខ្ញុំ ពេលវាពុំស្ដែងឲ្យឃើញនឹងភ្នែកនោះ ។ ខ្ញុំកត់ចំណាំថា នៅថ្ងៃមួយពេលខ្ញុំមានអារម្មណ៍ថា ខ្ញុំពុំអាចសម្រេចកិច្ចការមួយទៀតបាន នោះខ្ញុំអាចផ្ដល់ពាក្យលើកទឹកចិត្តដល់មិត្តម្នាក់បាន ។ ខ្ញុំបានបង្ហាញភាពអត់ធ្មត់ក្នុងគ្រាមួយ ដែលផ្ទុយពីខ្ញុំ » ។
នាងបានបញ្ចប់ថា ៖ « នៅពេលខ្ញុំអរគុណព្រះចំពោះអំណាចទ្រទ្រង់របស់ព្រះអង្គសង្គ្រោះក្នុងជីវិតខ្ញុំ នោះខ្ញុំមានអារម្មណ៍កាន់តែសុទិដ្ឋិនិយមចំពោះដំណើរការនៃការប្រែចិត្តដែលខ្ញុំកំពុងតែធ្វើ ហើយខ្ញុំទន្ទឹងដល់សប្ដាហ៍ក្រោយដោយក្ដីសង្ឃឹមថ្មីឡើងវិញ » ។
អែលឌើរ មែលវិន ជេ បាឡឺដ បានបង្រៀនពីរបៀបដែលពិធីសាក្រាម៉ង់ អាចជាបទបពិសោធន៍នៃការព្យាបាល និងការសំអាត ។ គាត់បានប្រាប់ថា ៖
« តើមាននរណាម្នាក់ក្នុងចំណោមពួកយើងដែលពុំមានរបួសក្នុងវិញ្ញាណរបស់ខ្លួន ដោយពាក្យសម្ដី គំនិត ឬទង្វើ ពីថ្ងៃបរិសុទ្ធមួយ ទៅថ្ងៃបរិសុទ្ធមួយទៀតឬទេ ? យើងបានធ្វើរឿងជាច្រើនដែលយើងសោកស្ដាយ ហើយប្រាថ្នាចង់បានការអភ័យទោស ។ … វិធីដើម្បីទទួលបានការអភ័យទោស គឺ … ត្រូវប្រែចិត្តពីអំពើបាបយើង ទៅជួបនឹងអ្នកដែលទាស់នឹងយើង ដែលយើងបានធ្វើបាប ឬបានរំលង ហើយទទួលការអភ័យទោសពីពួកគេ រួចហើយត្រឡប់ទៅតុសាក្រាម៉ង់ ជាកន្លែងដែលយើងនឹងត្រូវបានអភ័យទោស បើយើងប្រែចិត្តដោយស្មោះ ហើយដាក់ខ្លួនយើងក្នុងស្ថានភាពត្រឹមត្រូវវិញនោះ រួចហើយការព្យាបាល ខាងវិញ្ញាណនឹងកើតមានដល់ព្រលឹងរបស់យើង ។ …
អែលឌើរ បាឡឺដ បានមានប្រសាសន៍ថា « ខ្ញុំ ជាសាក្សីថា មានវិញ្ញាណមួយដែលចូលរួមក្នុងការបម្រើនៃសាក្រាម៉ង់ បានធ្វើឲ្យព្រលឹង ពីក្បាលដល់ចុងជើងកក់ក្តៅ នោះអ្នកបានដឹងថា របួសខាងវិញ្ញាណត្រូវបានជាសះស្បើយ ហើយបន្ទុកត្រូវបានសម្រាល ។ ការលួងលោម និងសុភមង្គល កើតមានក្នុងព្រលឹងវិញ្ញាណដែលសក្ដិសម និងមានបំណងប្រាថ្នាទទួលទានអាហារខាងវិញ្ញាណនេះដោយពិត »។11
ព្រលឹងវិញ្ញាណរបស់យើងដែលមានរបួស អាចត្រូវបានជា ហើយបំពេញជាថ្មី មិនគ្រាន់តែដោយសារនំប៉័ង និងទឹក ដែលរំឭកយើងអំពីពលិកម្មនៃព្រះកាយ និងលោហិតរបស់ព្រះអង្គសង្គ្រោះប៉ុណ្ណោះទេ ប៉ុន្តែដោយសារជានិមិត្តរូបរំឭកយើងផងថា ទ្រង់តែងតែជា « នំប៉័ងនៃជីវិត » 12 និង « ជាទឹករស់ » របស់យើងជានិច្ច។13
បន្ទាប់ពីការបម្រើសាក្រាម៉ង់ដល់ពួកសាសន៍នីហ្វៃ ព្រះយេស៊ូវ មានបន្ទូលថា ៖
« អ្នកណាទទួលទាននំប៉័ងនេះ គឺទទួលទានរូបកាយយើង ទៅក្នុងព្រលឹងអ្នកនោះ ហើយអ្នកណាផឹកស្រាទំពាំងបាយជូរនេះ គឺផឹកលោហិតយើងទៅក្នុងព្រលឹងអ្នកនោះ ហើយព្រលឹងអ្នកនោះ នឹងពុំចេះស្រេកឃ្លានឡើយ តែបានឆ្អែតជានិច្ច ។
« ឥឡូវនេះ កាលបណ្ដាជនគ្រប់គ្នាបានបរិភោគ នឹងផឹករួចហើយ មើលចុះ ពួកគេបានពោរពេញទៅដោយព្រះវិញ្ញាណ » ។14
តាមបន្ទូលទាំងនេះ ព្រះគ្រីស្ទបង្រៀនយើងថា ព្រះវិញ្ញាណ ព្យាបាល ហើយបំពេញព្រលឹងរបស់យើង ។ ពរជ័យដែលបានសន្យានៃពិធីសាក្រាម៉ង់ គឺថា យើងនឹង « តែងតែមានព្រះវិញ្ញាណរបស់ទ្រង់ គង់នៅជាមួយ [យើង] ជានិច្ច » ។15
នៅពេលខ្ញុំទទួលទានសាក្រាម៉ង់ ពេលខ្លះ ខ្ញុំនឹកគិតក្នុងចិត្តនូវគំនូរមួយដែលបង្ហាញពីព្រះអង្គសង្គ្រោះរស់ឡើងវិញ ដោយមានព្រះហស្តលាតលា ដូចជាទ្រង់ត្រៀមខ្លួនជាស្រេចដើម្បីទទួលយើងក្នុងរង្វង់ដៃឱបក្រសោបជាទីស្រឡាញ់របស់ទ្រង់ ។ ខ្ញុំចូលចិត្តគំនូរនេះ ។ នៅពេលខ្ញុំគិតអំពីវា អំឡុងពេលបម្រើសាក្រាម៉ង់ ព្រលឹងខ្ញុំត្រូវបានលើកឡើង ដូចជាខ្ញុំអាចស្ទើរតែស្ដាប់ឮព្រះបន្ទូលរបស់ព្រះអង្គសង្គ្រោះថា ៖ « មើលចុះ ដៃនៃសេចក្ដីមេត្តាករុណារបស់យើងសន្ធឹងទៅរកអ្នក ហើយអស់អ្នកណាដែលមក អ្នកនោះហើយដែលយើងនឹងទទួល ហើយមានពរហើយដល់អ្នកណាដែលមករកយើង » ។116
អ្នកកាន់បព្វជិតភាពអើរ៉ុន តំណាងឲ្យព្រះអង្គសង្គ្រោះ ពេលពួកគេរៀបចំ ប្រសិទ្ធពរ និងចែកសាក្រាម៉ង់ ។ នៅពេលអ្នកកាន់បព្វជិតភាព លូកដៃរបស់គាត់ចែកនិមិត្តរូបពិសិដ្ឋ ដែលបានប្រសិទ្ធពរ និងញែកចេញឲ្យបរិសុទ្ធសម្រាប់ព្រលឹងយើង នោះវាដូចជាព្រះអង្គសង្គ្រោះផ្ទាល់ កំពុងលាតព្រះហស្ថដ៏មេត្តាករុណារបស់ទ្រង់ អញ្ជើញយើងម្នាក់ៗទទួលទានអំណោយទាននៃក្ដីស្រឡាញ់ដ៏មានតម្លៃ ដែលផ្ដល់ឲ្យតាមរយៈការពលិកម្មធួនដ៏មហិមារបស់ទ្រង់ — អំណោយទាននៃការប្រែចិត្ត ការអភ័យទោស ការលួងលោមចិត្ត និងក្ដីសង្ឃឹម ។117
កាលណាយើងកាន់តែពិចារណាអំពីសារៈសំខាន់នៃសាក្រាម៉ង់ នោះវាកាន់តែពិសិដ្ឋ និងមានអត្ថន័យចំពោះយើង ។ នេះគឺជាអ្វីដែលឪពុកអាយុ 96 ឆ្នាំ បានសម្ដែងអារម្មណ៍ ពេលកូនប្រុសរបស់គាត់សួរថា « ប៉ា ហេតុអ្វីប៉ាទៅព្រះវិហារ ? ប៉ា មិនអាចមើលឃើញ ប៉ាមិនអាចស្ដាប់ឮ វាពិបាកសម្រាប់ប៉ាធ្វើដំណើរណាស់ ។ ហេតុអ្វីប៉ាទៅព្រះវិហារ ?» ឪពុកបានតបថា « គឺសាក្រាម៉ង់ ។ ប៉ាទៅទទួលទានសាក្រាម៉ង់ » ។
សូមឲ្យយើងម្នាក់ៗ មកការប្រជុំសាក្រាម៉ង់ ដោយត្រៀមខ្លួនដើម្បីមាន « បទពិសោធន៍ខាងវិញ្ញាណដ៏ពិតមួយ ជាការសង្រួមចិត្តដ៏បរិសុទ្ធមួយ និងជាការរំឭកចំពោះព្រលឹងវិញ្ញាណ [របស់យើង] »។ 18
ខ្ញុំដឹងថា ព្រះវរបិតាសួគ៌របស់យើង និងព្រះអង្គសង្គ្រោះ មានព្រះជន្មរស់ ។ ខ្ញុំមានអំណរគុណចំពោះឱកាសដែលពិធីសាក្រាម៉ង់ផ្ដល់ឲ្យដើម្បីទទួលអារម្មណ៍នៃក្ដីស្រឡាញ់ និងទទួលទានព្រះវិញ្ញាណទ្រង់ ។ នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។