ឆ្នាំ ២០១០-២០១៩
ជំនាន់​យុវមជ្ឈិ​ម​វ័យ​ដ៏​រុងរឿង​បំផុត
ខែ មេសា 2015


15:45

ជំនាន់​យុវមជ្ឈិ​ម​វ័យ​ដ៏​រុងរឿង​បំផុត

អ្វី​ដែល​យើង​ត្រូវ​ការ​ក្នុង​ពេល​នេះ គឺ​ជំនាន់​យុវមជ្ឈិ​ម​​វ័យ​ដ៏​រុងរឿង​បំផុត​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​នៃ​សាសនាចក្រ ។ យើង​ត្រូវ​ការ​ការ​ប្ដេជ្ញាចិត្ត​ដ៏​មុតមាំ​របស់​ក្មួយៗ ។

ឱកាស​រីករាយ​ដ៏​អស្ចារ្យ​ដែល​ខ្ញុំ​ពេញចិត្ត​ពេល​ខ្ញុំ​ធ្វើ​ដំណើរ​ជុំវិញ​ពិភពលោក គឺ​ឱកាស​ជួប និង​ស្វាគមន៍​អ្នក​ផ្សព្វផ្សាយ​សាសនា​របស់​យើង ។ អែលឌើរ និង ស៊ិស្ទើរ​ដ៏​អស្ចារ្យ​ទាំង​នេះ បញ្ចេញ​ពន្លឺ​នៃ​ព្រះគ្រីស្ទ ហើយ​ខ្ញុំ​តែង​ត្រូវ​បាន​បំផុស​គំនិត​ដោយ​ក្ដី​ស្រឡាញ់​របស់ពួកគេ​ចំពោះ​ព្រះអម្ចាស់ ព្រះយេស៊ូវ​គ្រីស្ទ និងការ​បម្រើដោយ​ការ​លះបង់​​របស់​ពួកគេ​ចំពោះ​ទ្រង់ ។ គ្រប់​ពេល​ដែល​ខ្ញុំ​ចាប់​ដៃ​ពួកគេ ខ្ញុំ​ដឹងពី​វិញ្ញាណ និង​សេចក្ដី​ជំនឿ​ដ៏​អស្ចារ្យ​របស់​ពួកគេ ខ្ញុំ​ប្រាប់​ខ្លួនឯង​ថា « បុត្រា និង​បុត្រី​ដ៏​ពិសេស​របស់​យើង​ទាំងនេះ ពិត​ជា​អព្ភូតហេតុ​ដ៏​អស្ចារ្យ​មែន ! »

នៅ​ក្នុង​ការ​ប្រជុំ​បព្វជិតភាព​ទូទៅ​ខែ តុលា ឆ្នាំ ២០០២ ខ្ញុំ​បាន​លើក​ទឹកចិត្ត​ឲ្យ​ប៊ីស្សព ឪពុក​ម្ដាយ នឹង​អ្នក​ត្រៀម​ចេញ​ផ្សព្វផ្សាយ​សាសនា​ថា​ ត្រូវ​ « តម្លើង​បទដ្ឋាន » សម្រាប់​ការ​ផ្សព្វផ្សាយ​សាសនា​ពេញ​ម៉ោង ។

បន្ទាប់​មក ខ្ញុំ​បាន​និយាយ​ថា « អ្វី​ដែល​យើង​ត្រូវការ … គឺជំនាន់​អ្នក​ផ្សព្វផ្សាយ​សាសនា​ដ៏​រុងរឿង​បំផុត​នៅ​ក្នុង​ប្រវត្តិ​នៃ​សាសនាចក្រ ។ យើង​ត្រូវ​ការ​អ្នក​ផ្សព្វផ្សាយ​សាសនា​ដែល​សក្ដិសម មាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់ ចាស់ទុំ​ខាង​វិញ្ញាណ ។ …

« … យើង​ត្រូវ​ការ​ការ​ប្ដេជ្ញាចិត្ត​ដ៏​មុតមាំ​របស់​អ្នក ។ យើង​ត្រូវការ​អ្នក​ផ្សព្វផ្សាយ​សាសនា​ដែល​រវៀសរវៃ ចេះ​គិតវែង​ឆ្ងាយ និង​ក្លៀវក្លា ជា​អ្នក​ដែល​ចេះ​ពី​របៀបស្ដាប់ និង​ឆ្លើយតប​ចំពោះ​ការ​ខ្សឹបប្រាប់​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ » ។

ពិភពលោក​សព្វថ្ងៃ​នេះ មាន​បញ្ហា​ពិបាក​ច្រើន​ជាង​កាល​ពី ១៣ ​ឆ្នាំ​មុន ។ យុវជន និង​យុវនារីរបស់​យើង ​មាន​ការ​រំខាន​អារម្មណ៍​ក្នុង​ការ​រៀបចំខ្លួន​បម្រើ​បេសកកម្ម និង​ជីវិតអនាគត​​ដ៏​រីករាយ​កាន់​តែ​ច្រើន​ឡើង ។ បច្ចេកវិទ្យា​បាន​រីកចម្រើន​ ហើយ​ស្ទើរ​តែ​គ្រប់​គ្នា​មាន​ឧបករណ៍​អេឡិចត្រូនិច​ដែល​អាច​ទាក់​ទាញ​ចំណាប់​អារម្មណ៍​ក្រុមគ្រួសារ​មនុស្ស​ ដែល​ជា​របស់​ផង​ព្រះ ទាំង​សម្រាប់​ការ​ល្អ និង​ការ​អាក្រក់​ដ៏​ខ្លាំង ។

ល្ងាច​នេះ ខ្ញុំ​និយាយ​ទៅកាន់​អ្នក​ផ្សព្វផ្សាយ​សាសនា​ដែល​កំពុង​បម្រើ អ្នក​ដែល​ត្រៀម​ខ្លួន​ចេញ​បម្រើ និង​អ្នក​ដែល​បាន​ត្រឡប់​មកវិញ និង​យុវជន​ទាំងអស់​នៅ​ក្នុង​សាសនាចក្រ ។ ខ្ញុំ​សូម​អធិស្ឋាន​សុំ​ឲ្យអ្នក​នឹង​យល់ ហើយ​គិត​ពិចារណា​ពី​អ្វី​ដែល​ខ្ញុំ​​និយាយ​ទៅកាន់​អ្នក កាលដែល​​ប្អូនៗ​ធ្វើ​ដំណើរ​ឆ្លង​កាត់​ពេល​វេលា​ដ៏​រំភើប​ក្នុង​ជីវិត​នា​ពេលនេះ ។

កាល​ពី​សាសនាចក្រ​ទើប​បាន​បង្កើត​ឡើង អ្នក​ផ្សព្វផ្សាយ​សាសនា​ត្រូវ​បាន​សម្ភាសន៍​ដោយ​អ្នក​មាន​សិទ្ធិ​អំណាច​ទូទៅ មុន​ពេល​គេ​ចេញ​ទៅ​តំបន់​បេសកកម្ម ។ សព្វថ្ងៃ​នេះ អ្នក​ត្រូវ​បាន​សម្ភាសន៍​ឲ្យ​បម្រើ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​ដោយ​ប៊ីស្សព និង​ប្រធាន​ស្តេក​អ្នក ហើយ​ស្ទើរ​តែ​គ្រប់​គ្នា​ដែល​ពុំ​ឆ្លង​កាត់​ការ​សម្ភាសន៍​ពី​អ្នក​មាន​សិទ្ធិ​អំណាច​ទូទៅ​ក្នុង​ជីវិត​នេះ​ ។ នេះ​ជា​ការ​ឆ្លុះបញ្ចាំង​ពី​ភាព​ពិត​ក្នុង​សាសនាចក្រ​ទូទាំង​ពិភពលោក ដែល​មាន​សមាជិក​ជាង ១៥ លាន​នាក់ ។ ខ្ញុំ​ដឹង​ថា ខ្ញុំ​និយាយ​ជំនួស​ពួក​បងប្អូន​ប្រុស ពេល​ខ្ញុំ​ប្រាប់​ក្មួយៗ​ថា យើង​ប្រាថ្នា​ចង់​ស្គាល់​ក្មួយៗ​គ្រប់​គ្នា​ដោយ​ផ្ទាល់ ហើយ​អាច​ប្រាប់​ក្មួយៗ​ថា យើង​ស្រឡាញ់​ក្មួយៗ ហើយ​យើង​គាំទ្រ​ក្មួយៗ ។

សំណាងល្អ ដែល​ព្រះអម្ចាស់​បាន​ប្រទាន​វិធី​ជា​ច្រើន​សម្រាប់​យើង​​ប្រាស្រ័យ​ជាមួយ​ក្មួយៗ​បាន ។ ឧទាហរណ៍ សមាជិក​ក្នុង​កូរ៉ុម​នៃ​ពួក​ដប់ពីរ​នាក់ បាន​ចាត់តាំង​អ្នក​ផ្សព្វផ្សាយ​សាសនា​គ្រប់រូប ។ ទោះ​ជា​វា​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​គ្មាន​ការ​ជួបសម្ភាសន៍​ផ្ទាល់​​ដូច​សម័យ​មុនក្ដី ក៏​ការ​រួម​ផ្សំ​នៃ​បច្ចេកវិទ្យា និង​វិវរណៈ​ផ្ដល់​នូវ​បទពិសោធន៍​​ផ្ទាល់ខ្លួន​ដ៏​អស្ចារ្យ​ដែរ ។ ខ្ញុំ​សូម​ប្រាប់​ក្មួយៗ​ពី​របៀប​ដែល​វា​កើតឡើង ។

រូបថត​របស់​ក្មួយៗ​បាន​បង្ហាញ​លើ​កញ្ចក់​កុំព្យូទ័រ ជាមួយ​នឹង​ព័ត៌មាន​សំខាន់ៗ​ដែល​បាន​ផ្ដល់​ឲ្យ​ដោយ​ប៊ីស្សព និង​ប្រធាន​ស្តេក​របស់​ក្មួយៗ ។ ពេល​ឃើញ​រូបថត​ក្មួយៗ​យើង​សម្លឹង​មើល​កែវភ្នែក ហើយ​ពិនិត្យ​ចម្លើយ​ទៅនឹង​សំណួរ​ដែល​ទាក់ទង​នឹង​ការ​ផ្សព្វផ្សាយ​សាសនា​របស់​ក្មួយ ។ ក្នុង​រយៈពេល​ដ៏​ខ្លី​នោះ វា​ហាក់​ដូច​ជា​ក្មួយៗ​នៅ​ជា​មួយ​យើង ហើយ​ឆ្លើយ​មក​កាន់​យើង​ដោយ​ផ្ទាល់ ។

ពេល​យើង​មើល​រូបថត​របស់​ក្មួយៗ យើង​ទុកចិត្ត​ថា ​ក្មួយៗ​បាន​អនុវត្ត​តាម « បទដ្ឋាន​ដែល​បាន​តម្លើង » ​គ្រប់​យ៉ាង​ដែល​ទាមទារ​ក្នុង​ពេល​នេះ ដើម្បី​ធ្វើ​ជា​អ្នក​ផ្សព្វផ្សាយ​ដ៏​ស្មោះត្រង់ និង​ដ៏​ជោគជ័យ ។ បន្ទាប់​មក ដោយ​ព្រះ​ចេស្តា​នៃ​ព្រះវិញ្ញាណ​នៃ​ព្រះអម្ចាស់ និង ក្រោម​ការ​ដឹកនាំ​របស់​ប្រធាន ថូម៉ាស អេស ម៉នសុន យើង​ចាត់​តាំង​ក្មួយៗ​ទៅ​កាន់​បេសកកម្ម​មួយ​ក្នុង​ចំណោម បេសកកម្ម​ទាំង ៤០៦ នៃ​សាសនាចក្រ​ជុំវិញ​ពិភពលោក ។

វា​មិន​ដូច​ជា​ការ​សម្ភាសន៍​ទល់​មុខ​គ្នា​នោះ​ទេ ។ ប៉ុន្តែ វា​ហាក់​ដូច​ជា​មែន​ដែរ ។

ការ​ជួប​មុខ​ក្នុង​ការ​ប្រជុំ​តាម​វីដេអូ ជា​វិធី​មួយ​ដែល​ជួយ​យើង​ជួប​នឹង​ថ្នាក់​ដឹកនាំ​សាសនាចក្រ និង សមាជិក​ដែល​រស់នៅ​ឆ្ងាយ​ពី​ទីស្នាក់ការ​សាសនាចក្រ ។

ដោយ​ដឹង​ពី​ជម្រើស​នេះ ខ្ញុំ​ចង់​ឲ្យ​ក្មួយៗ​ដែល​កំពុង​រៀបចំ​ខ្លួន​បម្រើ​បេសកកម្ម អ្នក​ដែល​បាន​ត្រឡប់​មកវិញ យុវមជ្ឃិម​វ័យ​ទាំងអស់​ចំណាយ​ពេល​ពីរបី​នាទី​ជាមួយ​ខ្ញុំ ដូច​ជា​យើង​មាន​ការ​ប្រជុំ​តាម​វីដេអូ​ឥឡូវ​នេះ​ដែរ ។ សូម​មើល​មក​ខ្ញុំ​ពីរបី​នាទី ទោះបី​ជា​ក្មួយៗ​នៅ​ទីណា​ក៏​ដោយ ដូច​ជា​ក្មួយ និង ខ្ញុំ​នៅ​តែ​ពីរនាក់​នៅ​ក្នុង​បន្ទប់​ប្រជុំ​ដូច្នោះដែរ ។

សម្រាប់​ខ្ញុំ​វិញ ខ្ញុំ​នឹង​ស្រម៉ៃ​ថា​ខ្ញុំ​កំពុង​សម្លឹង​មើល​កែវភ្នែក​ក្មួយៗ ហើយ​កំពុង​ស្ដាប់​យ៉ាង​យកចិត្ត​ទុកដាក់​ចំពោះ​ចម្លើយ​ក្មួយៗ​ទៅនឹង​សំណួរ​មួយ​ចំនួន ដែល​ខ្ញុំ​ជឿ​ថានឹង​ប្រាប់​ខ្ញុំ​ជា​ច្រើន​អំពី​ជម្រៅ​នៃ​ទីបន្ទាល់ និង​ការ​លះបង់​របស់​ក្មួយៗ​ចំពោះ​ព្រះ ។ បើ​ខ្ញុំ​អាច​និយាយ​អ្វី​ដែល​ខ្ញុំ​បាន​និយាយ​ទៅ​កាន់​អ្នក​ផ្សព្វផ្សាយ​សាសនា​កាល​ពី ១៣​ ឆ្នាំ​មុន​ថា អ្វី​ដែល​យើង​ត្រូវ​ការ​ក្នុង​ពេល​នេះ គឺ​ជំនាន់​យុវមជ្ឈិម​វ័យ​ដ៏​រុងរឿង​បំផុត​​ក្នុង​ប្រវត្តិសាស្ត្រ​នៃ​សាសនាចក្រ ។ យើង​ត្រូវ​ការ​ការ​ប្ដេជ្ញាចិត្ត​ដ៏​មុតមាំ​របស់​ក្មួយៗ ។ យើង​ត្រូវការ​យុវមជ្ឈិម​វ័យ​ដែល​រវៀសរវៃ ចេះ​គិតវែង​ឆ្ងាយ និង​ក្លៀវ​ក្លា ជា​អ្នក​ដែល​ចេះ​ពី​របៀបស្ដាប់ និង​ឆ្លើយតប​ចំពោះ​ការ​ខ្សឹបប្រាប់​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ កាល​ប្អូនៗ​ឆ្លងកាត់​ឧសគ្គ និង ការ​ល្បួង​ជា​ប្រចាំ ក្នុង​ការធ្វើ​ជា​យុវវ័យ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​សម័យ​ថ្មី ។

​ម្យ៉ាង​ទៀត វា​ជា​ពេល​ដើម្បី​តម្លើង​បទដ្ឋាន​មិន​តែ​សម្រាប់​អ្នក​ផ្សព្វផ្សាយ​សាសនា​ប៉ុណ្ណោះ​ទេ តែថែម​ទាំង​សម្រាប់​អ្នក​ដែល​បាន​ត្រឡប់​ពី​ផ្សព្វផ្សាយ​សាសនា និង​​គ្រប់​ជំនាន់​ផងដែរ ។ ដោយ​ហេតុផល​ទាំងនេះ សូម​ពិចារណា​ក្នុង​ដួងចិត្ត​អ្នក​លើ​ចម្លើយ​អ្នក​ចំពោះ​សំណួរ​ទាំងនេះ ៖

  1. តើ​ក្មួយៗ​សិក្សា​ព្រះគម្ពីរ​ជា​រៀងរាល់​ថ្ងៃ​ឬទេ ?

  2. តើក្មួយៗ​លុតជង្គង់​ចុះ​ដើម្បី​និយាយ​ទៅ​កាន់​ព្រះវរបិតាសួគ៌​អ្នករាល់​ព្រឹក និង​រាល់​យប់​ឬ​ទេ ?

  3. តើ​ក្មួយៗ​បាន​តមអាហារ ហើយ​បង់ដង្វាយ​តមអាហារ​រាល់​ខែ—ទោះ​ជា​ក្មួយៗនៅជា​និស្សិត​ក្រីក្រ​ដែល​មិន​អាច​បង់​ច្រើន​ឬ​ទេ ?

  4. តើ​ក្មួយៗ​បាន​គិត​ល្អិតល្អន់​អំពី​ព្រះអង្គសង្គ្រោះ និង​ពលិកម្មធួន​របស់​ទ្រង់​សម្រាប់​ក្មួយៗ ពេល​ក្មួយ​ត្រូវ​បាន​សូម​ឲ្យ​រៀបចំ ចែក ឬ ទទួលទាន​សាក្រាម៉ង់​ដែរ​ឬ​ទេ ?

  5. តើ​ក្មួយៗ​បាន​ចូលរួម​ការ​ប្រជុំ​របស់​ក្មួយៗ ហើយ​ព្យាយាម​រក្សា​ថ្ងៃ​ឈប់សម្រាក​ឲ្យ​បរិសុទ្ធ​ឬ​ទេ ?

  6. តើ​ក្មួយៗ​ស្មោះត្រង់​នៅ​គេហដ្ឋាន សាលារៀន សាសនាចក្រ និង​កន្លែង​ធ្វើការ​ដែរ​ឬ​ទេ ?

  7. តើ​ក្មួយៗ​ស្អាតស្អំ​ទាំងខាង​អារម្មណ៍ និង​ខាង​វិញ្ញាណ​ឬ​ទេ ? តើ​ក្មួយៗ​បាន​ចៀសវាង​ពី​ការមើល​រូប​អាសគ្រាម ឬ មើល​គេហទំព័រ ទស្សនាវដ្ដី ភាពយន្ត ឬ កម្មវិធី ដែលរួម​មាន​កម្មវិធី Tinder ឬ រូបថត​លើ​កម្មវិធី Snapchat ដែល​ធ្វើ​ឲ្យ​ក្មួយៗ​អាម៉ាស់ បើ​ឪពុកម្ដាយ​ក្មួយ អ្នក​ដឹកនាំ​សាសនាចក្រ ឬ​ព្រះអង្គ​សង្គ្រោះ​ផ្ទាល់​បាន​ឃើញ​ក្មួយៗ​ប្រព្រឹត្ត​ដែរ​ឬ​ទេ ?

  8. តើ​ក្មួយៗប្រយ័ត្ន​ប្រយែង​នឹង​ពេលវេលា​ក្មួយ—ដោយ​ចៀសវាង​ពី​បច្ចេកវិទ្យា និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​មិន​សមរម្យ រួម​មាន វីដេអូ​ហ្គែម ដែល​អាច​ធ្វើ​ឲ្យ​វិញ្ញាណ​ក្មួយ​អាប់អួរដែរ​​ឬ​ទេ ?

  9. តើ​មាន​អ្វី​ក្នុង​ជីវិត​ក្មួយ​ដែល​ក្មួយ​ត្រូវការ​ផ្លាស់ប្ដូរ ឬ​កែប្រែ​ចាប់​ផ្ដើម​ពី​ល្ងាច​នេះ​ដែរ​ឬ​ទេ ?

អរគុណ​សម្រាប់​ការ​ចំណាយ​ពេល​របស់​ក្មួយ ។ ខ្ញុំ​សង្ឃឹម​ថា ក្មួយៗ​បាន​ឆ្លើយ​សំណួរ​នីមួយៗ​ដោយ​ស្មោះត្រង់ និង​ល្អិតល្អន់ ។ បើ​ក្មួយៗ​ឃើញ​ថា​ខ្លួន​ក្មួយ​ខ្វះ​ចន្លោះ​ក្នុង​គោលការណ៍​ដ៏​សាមញ្ញ​ទាំង​នេះ នោះ​ខ្ញុំ​សូម​លើក​ទឹកចិត្ត​ក្មួយ​ឲ្យ​មាន​ភាព​ក្លាហាន​ដើម្បី​កែប្រែចិត្ត ហើយ​ដឹកនាំ​ជីវិត​ក្មួយ​ត្រឡប់​មក​លើ​ផ្លូវ​នៃ​បទដ្ឋាន​ដំណឹងល្អ នៃ​ភាព​ជា​សិស្ស​ដ៏​សុចរិត​វិញ ។

ឥឡូវ​នេះ​បងប្អូន​ប្រុស​ទាំងឡាយ តើ​ខ្ញុំ​អាច​ផ្ដល់​ការ​ប្រឹក្សា​បន្ថែម ដែល​នឹង​ជួយ​បងប្អូន​ឲ្យ​មាន​ទីបន្ទាល់​នៃ​ដំណឹងល្អ ជ្រាបចូល​ជ្រៅ​ក្នុង​ដួងចិត្ត និង​ព្រលឹង​បងប្អូន​បាន​ដែរ​ឬ​ទេ ?

ខ្ញុំ​សូម​រំឭក​ដល់​ក្មួយៗ​ដែល​ត្រឡប់​មក​ពី​ផ្សាយ​សាសនា​ថា ការ​រៀបចំ​ខ្លួន​ក្មួយ​សម្រាប់​ជីវិត និង​សម្រាប់​ក្រុមគ្រួសារ គួរតែ​​បន្ត​ជានិច្ច ។ « អ្នក​ត្រឡប់​ពី​ផ្សាយ​សាសនា » ពុំ​មាន​ន័យ​ថា​ជា « ពួក​មរមន​ដែល​ចូលនិវត្តន៍ »​ នោះ​ទេ ! ក្នុង​នាម​ជា​អ្នក​ត្រឡប់មក​ពី​ផ្សាយ​សាសនា ក្មួយ « ត្រូវ​ឧស្សាហ៍​ចូលរួម​ក្នុង​ប្រយោជន៍​ល្អ ហើយ​ប្រព្រឹត្ត​អ្វីៗ​ជាច្រើន តាម​បំណង​ចិត្ត​របស់ [ក្មួយៗ] ហើយ​នាំមក​នូវ​សេចក្ដី​សុចរិត​ដ៏​ច្រើន » ។

សូម​ប្រើ​ជំនាញ​ដែល​បាន​រៀន​ក្នុង​បេសកកម្ម​របស់​ក្មួយ ដើម្បី​ប្រទាន​ពរ​ដល់​មនុស្ស​នៅ​ជុំវិញ​ក្មួយ​ជា​រៀង​រាល់​ថ្ងៃ ។ សូម​កុំ​បង្វែរ​ចំណាប់​អារម្មណ៍​ក្មួយ​ពី​ការ​បម្រើ​អ្នក​ដទៃ ទៅ​ផ្ដោត​តែ​លើ​កិច្ចការ​សាលា ការងារ ឬ​សកម្មភាព​សង្គម​ឡើយ ។ ផ្ទុយទៅវិញ សូម​រកលំនឹង​ក្នុង​ជីវិត​ក្មួយ​ជាមួយ​នឹង​បទពិសោធន៍​ខាង​វិញ្ញាណ​ដែល​រំឭក និង​រៀបចំ​ក្មួយ​សម្រាប់​ការ​បន្ត​បម្រើ​អ្នក​ដទៃ​ជា​ប្រចាំ ។

ក្នុង​​បេសកកម្ម ​ក្មួយៗ ​បាន​រៀន​ពី​សារៈសំខាន់​នៃ​ការ​សួរសុខទុក្ខ​មនុស្ស​ដល់​គេហដ្ឋាន​ពួកគេ ។ ខ្ញុំ​សង្ឃឹម​ថា យុវមជ្ឈិម​វ័យ​ទាំង​អស់ ទោះ​ជា​បាន​បម្រើ​បេសកកម្ម​ពេញ​ម៉ោង ឬ​មិន​បាន​ក្ដី នឹង​យល់​ពី​សារៈសំខាន់​នៃ​ការ​សួរសុខទុក្ខ​អ្នក​ដែល​ឯកោ ឈឺ ឬ​បាក់​ទឹកចិត្ត—មិន​ត្រឹម​តែ​ជា​កិច្ចការ​ចាត់តាំង​ទេ ប៉ុន្តែ​ដោយសារ​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះត្រង់​ដែល​ក្មួយៗ​មាន​ចំពោះ​ព្រះវរបិតាសួគ៌ និង​កូនចៅ​របស់​ទ្រង់​វិញ ។

ក្មួយៗ​ដែល​រៀន​នៅ​វិទ្យាល័យ ហើយ​កំពុង​រៀបចំ​ខ្លួន​បម្រើ​បេសកកម្ម ខ្ញុំ​សូម​លើក​ទឹកចិត្ត​ឲ្យ​ក្មួយ​ចូលរៀន និង​រៀន​ឲ្យ​ចប់​ថ្នាក់​សិក្ខាសាលា ។ យុវមជ្ឈិម​វ័យ​ទាំងឡាយ គួរ​ចុះឈ្មោះ​រៀន​ក្នុង​ថ្នាក់​វិទ្យាស្ថាន​នៃ​សាសនា បើ​ក្មួយៗ​កំពុង​រៀន​ក្នុង​សាលា​របស់​សាសនាចក្រ សូម​បញ្ចូល​ថ្នាក់​សាសនា​មួយ​ថ្នាក់នៅ​រាល់​ឆមាស ។ អំឡុង​ពេល​ដ៏​សំខាន់​នៃ​ការ​រៀបចំ​ខ្លួន​បម្រើ​បេសកកម្ម ឬ​អាពាហ៍ពិពាហ៍​ដ៏​អស់កល្ប និង​ជីវិត​ជា​មនុស្ស​ពេញ​វ័យ​នេះ ក្មួយ​ត្រូវ​បន្ត​ស្វែង​រក​វិធី​រៀន និង​រីកចម្រើន ហើយ​ទទួល​បាន​ការ​បំផុស​គំនិត និង​ការ​ដឹកនាំ​តាម​រយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ ។ ការ​សិក្សា​ដំណឹងល្អ​ប្រកប​ដោយ​ការ​អធិស្ឋាន​ និងយកចិត្ត​ទុកដាក់ តាម​រយៈ​ថ្នាក់​សិក្ខាសាលា ថ្នាក់​វិទ្យាស្ថាន ឬ​ការ​ថ្នាក់​អប់រំ​សាសនា អាច​ជួយ​ក្មួយៗ​ឲ្យ​ធ្វើ​តាម​គោលដៅ​នោះ ។

ទោះ​ក្មួយ​រៀន​នៅ​សាលា​សាសនាចក្រ ឬ​អត់ ក្មួយ​រៀន​នៅ​មហាវិទ្យាល័យ ឬ​អត់ សូម​កុំ​គិត​ថា​ក្មួយ​រវល់​ពេក​គ្មាន​ពេល​សិក្សា​ដំណឹងល្អ​ឡើយ ។ ថ្នាក់សិក្ខាសាលា ថ្នាក់វិទ្យាស្ថាន ឬ​ថ្នាក់​សាសនា​នឹង​ផ្ដល់​នូវ​តុល្យភាព​ដល់​ជីវិត​ក្មួយ និង​បន្ថែម​ដល់​ការ​អប់រំ​ដែល​មិន​ទាក់ទង​នឹង​សាសនា ដោយ​ផ្ដល់​ឲ្យ​ក្មួយ​នូវ​ឱកាស​មួយ​ទៀត​ដើម្បី​ចំណាយ​ពេល​សិក្សា​ព្រះគម្ពីរ និង​ការ​បង្រៀន​របស់​ពួក​ព្យាការី និង​ពួក​សាវក ។ មាន​វគ្គសិក្សា​បួន​វគ្គ​ថ្មី​ដ៏​ល្អ ដែល​ខ្ញុំ​លើក​ទឹកចិត្ត​យុវមជ្ឈិម​វ័យ​គ្រប់​រូប​ឲ្យ​ចូល​រៀន ។

ហើយ​សូម​កុំ​ភ្លេច​ថា​ថ្នាក់ និង សកម្មភាព​ទាំងឡាយ​ដែល​ធ្វើ​នៅ​ឯ​វិទ្យាស្ថាន​ក្នុង​មូលដ្ឋាន​ក្មួយៗ ឬ​តាមរយៈ​វួដ​យុវមជ្ឈិមវ័យ​ក្មួយៗ ឬ​ស្តេក​ក៏​ជា​កន្លែង​ដែល​ក្មួយៗ​អាច​ជួប​ជាមួយ​យុវជន និង​យុវនារី​ដើម្បី​លើកតម្កើង និង​បំផុស​គំនិត​គ្នា​ទៅវិញ​ទៅមក កាល​ក្មួយៗ​រៀន​នឹង​រីកចម្រើន​ខាង​វិញ្ញាណ ព្រម​ទាំង​ការ​ប្រាស្រ័យ​ក្នុង​សហគមន៍​ផងដែរ ។ បងប្អូនប្រុស​អើយ បើ​បងប្អូន​នឹង​ទុក​ទូរសព្ទ​ដៃ​បងប្អូន​មួយ​អន្លើរ ហើយ​មើល​ជុំវិញ​ខ្លួន​បងប្អូន​បន្តិច នោះ​បងប្អូន​ប្រហែល​ជា​នឹង​អាច​រកឃើញ​ដៃគូ​ដ៏​អស់កល្ប​របស់​បងប្អូន​ផង ។

រឿង​នេះ​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ដល់​ការ​ប្រឹក្សា​មួយ​ទៀត​ដែល​ក្មួយៗ​ដឹង​ថា​ខ្ញុំ​នឹង​និយាយ ៖ មជ្ឈិមវ័យ​នៅ​លីវ​ចាំបាច់​ត្រូវ​ណាត់​ជួប ហើយ​រៀបការ សូម​ឈប់​ពន្យាពេល​ទៀតទៅ ! ខ្ញុំ​ដឹង​ថា ក្មួយៗ​មួយ​ចំនួន​ភ័យ​ខ្លាច​ក្នុង​ការ​ចាប់ផ្ដើម​គ្រួសារ ។ ប៉ុន្តែ បើ​ក្មួយ​រៀបការ​ជាមួយ​មនុស្ស​ត្រឹមត្រូវ និង​នៅ​កន្លែង​ត្រឹមត្រូវ នោះ​ក្មួយ​មិនត្រូវ​ភ័យខ្លាច​ឡើយ ។ តាមពិត បញ្ហា​ជា​ច្រើន​ដែល​ក្មួយៗ​ជួប​ប្រទះ នឹង​អាច​ចៀសផុត​បាន បើ​ក្មួយ « ឧស្សាហ៍​ចូលរួម » ក្នុង​ការ​ណាត់ជួប ការដើរលេងជាគូ និង​អាពាហ៍ពិពាហ៍​ត្រឹមត្រូវ​នោះ ។ សូម​កុំ​ផ្ញើ​សារ​ទៅ​នាង ! និយាយ​ណែនាំ​ខ្លួន​ក្មួយ​ដល់​បុត្រី​ដ៏​សុចរិត​របស់​ព្រះ​ដែល​នៅ​ជុំវិញ​ក្មួយៗ ។ ការ​ឮ​សំឡេង​មនុស្ស​ពិត និង​ធ្វើ​ឲ្យ​នាង​ឆ្លើយ​ថា យល់ព្រម ។

ឥឡូវ​នេះ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ទៅ​កាន់​បងប្អូន​ថា ព្រះអម្ចាស់​ព្រះយេស៊ូវគ្រីស្ទ​អាច​ជួយ​យើង​ឲ្យ​ជួសជុល​អ្វី​គ្រប់យ៉ាង ដែល​ត្រូវ​ការ​ជួសជុល​ក្នុង​ជីវិត​យើង​តាម​រយៈ​ពលិកម្មធួន​របស់​ទ្រង់ ។

នៅ​ល្ងាច​នេះ កាល​យើង​រៀបចំខ្លួន​ដើម្បី​ប្រារព្ធ​បុណ្យ​អ៊ីសស្ទើរ​នៅ​ស្អែក​ថ្ងៃ​អាទិត្យ សូម​ផ្អាក​មួយ​ស្របក់​ជាមួយ​ខ្ញុំ​ដើម្បី​នឹកចាំ​ពី​អំណោយទាន​នៃ​ដង្វាយធួន​របស់​ព្រះគ្រីស្ទ ។ សូម​ចាំ​ថា ព្រះវរបិតាសួគ៌ និង​ព្រអង្គសង្គ្រោះ​ជា​ព្រះយេស៊ូវ​គ្រីស្ទ​របស់​យើង ស្គាល់​ក្មួយៗ​យ៉ាងច្បាស់ ហើយ​ស្រឡាញ់​ក្មួយៗ​ខ្លាំង​បំផុត ។

តាម​រយៈ​ដង្វាយ​ធួន ព្រះដ៍ប្រោសលោះ​បាន​លើកដាក់​លើ​អង្គទ្រង់​នូវ​បញ្ហា ការឈឺចាប់ និង​អំពើបាប​ទាំងឡាយ ។ ព្រះអង្គសង្គ្រោះ​នៃ​ពិភពលោក​បាន​យល់​ពី​យើង​ម្នាក់ៗ​ផ្ទាល់ ដោយ​ទទួល​បទពិសោធន៍​ពីសេច​ក្ដី​សង្ឃឹម បញ្ហា និង​សោកនាដកម្ម​តាម​រយៈ​ការ​រងទុក្ខ​របស់​ទ្រង់​ក្នុង​សួនច្បារ​គែតសេម៉ានី និង​នៅ​លើ​ឈើឆ្កាង ។ ទ្រង់​សុគត​ដោយ​ព្រោះទ្រង់​ស្រឡាញ់​យើង ហើយ​ត្រូវ​បាន​បញ្ចុះ​ទៅ​ក្នុង​ផ្នូរ​ថ្មី​នៅ​យប់​ដ៏​អកុសល​នោះ ។

នៅ​ព្រឹក​ថ្ងៃ​អាទិត្យ ព្រះយេស៊ូវ​បាន​មាន​ព្រះ​ជន្ម​រស់ឡើង​វិញ​ពី​ការ​សុគត—ផ្ដល់​នូវ​ការ​សន្យា​នៃ​ជីវិត​ថ្មី​ដល់​យើង​ម្នាក់ៗ ។ ព្រះអម្ចាស់​មាន​ព្រះជន្ម​រស់​ឡើង​វិញ ហើយ​ទ្រង់​បាន​បញ្ជា​សិស្ស​របស់​ទ្រង់​ឲ្យ​បង្រៀន​មនុស្សគ្រប់​គ្នា​ឲ្យ​មាន​ជំនឿ​លើ​ព្រះគ្រីស្ទ ប្រែចិត្ត​ពី​អំពើ​បាប ទទួល​បុណ្យ​ជ្រមុជទឹក ទទួល​អំណោយ​ទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ និង​ស៊ូទ្រាំ​ដល់​ទីញ្ចប់ ។ បងប្អូនប្រុស យើង​ដឹង​ថា​ព្រះ​ជា​ព្រះវរបិតា និង​ព្រះរាជបុត្រា​ស្ងួនភ្ងា​របស់​ទ្រង់​បាន​បង្ហាញ​ព្រះកាយ​មក​ចំពោះ​ព្យាការី យ៉ូសែប ស៊្មីធ ហើយ​តាម​រយៈ​លោក ទ្រង់​បាន​ស្ដារ​ឡើងវិញ​នូវ​ភាព​ពេញលេញ​នៃ​ដំណឹងល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។

ឱ​សូម​រឹងមាំ​ឡើង​បងប្អូន​ប្រុស​អើយ ។ សូម​រក្សា​ព្រះបញ្ញត្តិ​ទាំងឡាយ​របស់​ព្រះ ។ ព្រះអម្ចាស់​ព្រះយេស៊ូវគ្រីស្ទ សន្យា​ប្រទាន​នូវ​អ្វីៗ​ដែល​យើង​ប្រាថ្នា​ចង់​ធ្វើ​ក្នុង​សេច​ក្តី​សុចរិត ។ ពួក​អ្នក​ដឹកនាំ​សាសនាចក្រ​កំពុង​ពឹង​ទៅ​លើ​បង​ប្អូន​ហើយ ។ យើង​ត្រូវការ​យុវមជ្ឈិម​វ័យ​ទាំងអស់​ឲ្យ​រៀបចំ​ខ្លួន​រៀបការ បម្រើ និង​ដឹកនាំ​នៅ​ថ្ងៃ​ខាងមុខ ខ្ញុំ​សូម​អធិស្ឋាន​នូវ​រឿង​ទាំងនេះ​ដោយ​រាបសា​ក្នុង​ព្រះនាម​នៃ​ព្រះអម្ចាស់​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។