ឆ្នាំ ២០១០-២០១៩
ការ​ជ្រើសរើស
ខែ មេសា 2016


4:13

ការ​ជ្រើសរើស

សូម​ឲ្យ​យើង​ជ្រើសរើស​ផ្លូវ​ត្រូវ​ជានិច្ច​ទោះ​ជា​វា​លំបាក​ក្ដី កុំ​ជ្រើសរើស​ផ្លូវ​ខុស​ដែល​ងាយ​ស្រួល​ឡើយ ។

បងប្អូន​ប្រុស​ស្រី ពីមុន​ខ្ញុំ​ចាប់​ផ្ដើម​សារលិខិត​ជា​ផ្លូវ​ការ​របស់​ខ្ញុំ​នា​ថ្ងៃ​នេះ ខ្ញុំ​ចង់​ប្រកាស​អំពី​ព្រះវិហារ​បរិសុទ្ធ​ថ្មី​ចំនួន​បួន​ទៀត នៅ​ក្នុង​ខែ និង​ឆ្នាំ​ខាង​មុខ ដែល​នឹង​ត្រូវ​សង់ឡើង​នៅ​ក្នុង​ទីតាំង​ដូច​ខាង​ក្រោម ៖ ឃ្វីតូ អេក្វាឌ័រ, ហារ៉ា ស៊ីមបាវ៉េ, បេលិម ប្រេស៊ីល និង​ព្រះវិហារ​បរិសុទ្ធ​ទីពីរ​នៅ លីម៉ា ពេរូ ។

នៅពេល​ខ្ញុំ​ក្លាយ​ជា​សមាជិក​មួយ​រូប​ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​នៅ​ឆ្នាំ ១៩៦៣ មាន​ព្រះវិហារ​បរិសុទ្ធ​ចំនួន ១២ កំពុង​ប្រតិបត្តិការ​នៅ​ក្នុង​សាសនាចក្រ​ទាំង​មូល ។ ដោយ​មាន​ការ​ឧទ្ទិស​ឆ្លង​ព្រះវិហារ​បរិសុទ្ធ​ប្រូវ៉ូ ស៊ីធី សិនធើរ កាលពី​ពីរ​សប្ដាហ៍​មុន ឥឡូវ​មាន​ព្រះវិហារ​បរិសុទ្ធ​ចំនួន ១៥០ កំពុង​ប្រតិបត្តិការ​នៅ​ទូទាំង​ពិភពលោក ។ យើង​មាន​អំណរគុណ​ណាស់ ចំពោះ​ពរជ័យ​ដែល​យើង​ទទួល​បាន​នៅក្នុង​ដំណាក់​ដ៏​បរិសុទ្ធ​ទាំងនេះ ។

ឥឡូវ​នេះ បងប្អូន​ប្រុសស្រី ខ្ញុំ​ចង់​បង្ហាញ​នូវការ​ដឹងគុណ​របស់​ខ្ញុំ​ចំពោះ​ឱកាស​ដើម្បី​ចែកចាយ​នូវ​គំនិត​ខ្លះៗ​ជាមួយ​នឹង​បងប្អូន​នា​ព្រឹក​នេះ ។

ថ្មីៗ​នេះ​ខ្ញុំ​បាន​គិត​អំពី​ការ​ជ្រើសរើស ។ មាន​ពាក្យ​ថ្លែង​ថា ទ្វារ​នៃ​ប្រវត្តិសាស្ត្រ​បើក​ឡើង​ដោយសារ​តែ​ត្រចៀក​ទ្វារ​ដ៏​តូច ហើយ​វា​ក៏​ដូចគ្នា​នឹង​ជីវិត​របស់​មនុស្ស​ដែរ ។ ការ​ជ្រើសរើស​ដែល​យើង​ធ្វើ កំណត់​អំពី​ជោគ​វាសនា​របស់​យើង ។

នៅពេល​យើង​ចាក​ចេញ​ពី​ជីវិត​មុន​ជីវិត​លើ​ផែនដី ហើយ​ចូល​មក​កាន់​ជីវិត​រមែង​ស្លាប់ យើង​បាន​នាំ​មក​ជាមួយ​យើង​នូវ​អំណោយ​នៃ​សិទ្ធិ​ជ្រើសរើស ។ គោលដៅ​របស់​យើង​គឺ​ដើម្បី​ទទួល​បាន​សិរីល្អ​សេឡេស្ទាល ហើយ​ក្នុង​ផ្នែក​ដ៏​ធំ​បំផុត ការ​ជ្រើសរើស​ដែល​យើង​ធ្វើ នឹង​កំណត់​ថា​តើ​យើង​សម្រេច​គោលដៅ​របស់​យើង ឬ​មិន​សម្រេច ។

បងប្អូន​ភាគច្រើន​ស្គាល់ អាលីស នៅ​ក្នុង ប្រលោម​លោក​បុរាណ ឡេវីស ខារូល Alice’s Adventures in Wonderland ( ដំណើរ​ផ្សងព្រេង​របស់​អាលីស​នៅ​ឋាន​មនោរម្យ ) ។ បងប្អូន​នឹង​ចងចាំ​ថា នាង​ដើរ​មក​ដល់​ផ្លូវ​បំបែក​នៅ​ចំពោះមុខ​នាង ដែល​ផ្លូវ​នីមួយៗ​បែក​ឆ្ពោះ​ទៅមុខ​តាម​ទិសដៅ​ផ្ទុយ​គ្នា ។ នៅពេល​នាង​សញ្ជឹង​គិត​ថា​ត្រូវ​ទៅ​ផ្លូវ​មួយ​ណា នាង​បាន​ជួប​នឹង​ឆ្មា ឆែស្សាអើ ដែល អាលីស សួរ​ថា « តើ​ខ្ញុំ​គួរ​ដើរ​ទៅ​ផ្លូវ​មួយ​ណា ? »

ឆ្មា​នោះ​ឆ្លើយ​ថា « នោះ​វា​អាស្រ័យ​ថា​តើ​អ្នក​ចង់​ទៅ​កន្លែង​ណា ។ ប្រសិន​បើ​អ្នក​មិន​ដឹង​កន្លែង​ដែល​អ្នក​ត្រូវ​ទៅ​ទេ វា​មិន​សំខាន់​ទេ​ដែល​ថា​អ្នក​ត្រូវ​ទៅ​ផ្លូវ​មួយ​ណា​នោះ » ។

យើង​មិន​ដូចជា អាលីស ទេ យើង​ស្គាល់​កន្លែង​ដែល​យើង​ចង់​ទៅ ហើយ​វា គឺ សំខាន់​ថា​យើង​ត្រូវ​ទៅ​ផ្លូវ​មួយ​ណា ដ្បិត​ផ្លូវ​ដែល​យើង​ដើរ​តាម​ក្នុង​ជីវិត​នេះ ដឹកនាំ​ទៅ​រក​គោលដៅ​នៅ​ជីវិត​បន្ទាប់​របស់​យើង ។

សូម​ឲ្យ​យើង​ជ្រើសរើស​ស្ថាបនា​នៅក្នុង​ខ្លួន​យើង​នូវ​សេចក្ដីជំនឿ​ដ៏​មហិមា និង​ប្រកប​ដោយ​អានុភាព ដែល​នឹង​ជាការ​ការពារ​ដ៏​មាន​ប្រសិទ្ធភាព​បំផុត​របស់​យើង​ទប់​ទល់​នឹង​គម្រោង​របស់​មារសត្រូវ--​ជា​សេចក្ដីជំនឿ​ពិត ជា​ប្រភេទ​នៃ​សេចក្ដីជំនឿ​ដែល​នឹង​គាំទ្រ​យើង​ហើយ​នឹង​ពង្រឹង​ដល់​បំណង​ប្រាថ្នា​ដើម្បី​ជ្រើសរើស​ផ្លូវ​ត្រូវ​របស់​យើង ។ បើ​គ្មាន​ជំនឿ​ដូច្នេះ​ទេ យើង​មិន​ទៅ​ណា​ទេ ។ ដោយ​សេចក្ដីជំនឿ​នេះ យើង​អាច​សម្រេច​គោលដៅ​របស់​យើង ។

ទោះជា​វា​សំខាន់​ដែល​យើង​ត្រូវ​ជ្រើសរើស​ដោយ​ឈ្លាសវៃ​ក្ដី ក៏​មាន​ពេល​ខ្លះ​យើង​នឹង​ធ្វើ​ការ​ជ្រើសរើស​ដ៏​ល្ងិត​ល្ងង់ ។ អំណោយ​ទាន​នៃ​ការ​ប្រែចិត្ត ដែល​ព្រះអង្គសង្គ្រោះ​ប្រទាន​ឲ្យ​យើង អាច​ឲ្យ​យើង​កែ​ជីវិត​រស់នៅ​របស់​យើង ដើម្បី​យើង​អាច​ត្រឡប់​ទៅកាន់​ផ្លូវ​ដែល​នឹង​ដឹកនាំ​យើង​ទៅកាន់​សិរីល្អ​សេឡេស្ទាល​ដែល​យើង​ស្វែងរក​នោះ ។

សូម​ឲ្យ​យើង​រក្សា​បាន​នូវ​ភាព​ក្លាហាន​ដើម្បី​មិន​ចុះចូល​នឹង​គំនិត​ដែល​មាន​ប្រជាប្រិយភាព ។ សូម​ឲ្យ​យើង​ជ្រើសរើស​ផ្លូវ​ត្រូវ​ជានិច្ច​ទោះ​ជា​វា​លំបាក​ក្ដី កុំ​ជ្រើសរើស​ផ្លូវ​ខុស​ដែល​ងាយ​ស្រួល​ឡើយ ។

នៅពេល​យើង​សញ្ជឹង​គិត​អំពី​ការ​សម្រេចចិត្ត​ដែល​យើង​ធ្វើ​នៅក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​របស់​យើង—ទោះជា​ត្រូវ​ធ្វើ​ការ​ជ្រើសរើស​មួយ​នេះ ឬ​មួយ​នោះ—ប្រសិន​បើ​យើង​ជ្រើសរើស​ព្រះគ្រីស្ទ យើង​នឹង​បាន​ធ្វើ​ការ​ជ្រើសរើស​ត្រឹមត្រូវ ។

ការ​អធិស្ឋាន​ដោយ​ស្មោះ និង​ដោយ​រាបសា​របស់​ខ្ញុំ​គឺ​ថា​សូម​ឲ្យ​ការណ៍​នេះ​បាន​ដូច្នោះ នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ជា​ព្រះអម្ចាស់ និង​ព្រះអង្គសង្គ្រោះ​របស់​យើង អាម៉ែន ។

កំណត់​ចំណាំ

  1. សម្រួល​ចេញមកពី Lewis Carroll, Alice’s Adventures in Wonderland ( ឆ្នាំ ១៨៩៨ ) ទំព័រ ៨៩ ។