ឪពុក
នាថ្ងៃនេះខ្ញុំចង់ផ្ដោតទៅលើសេចក្ដីល្អ ដែលបុរសអាចធ្វើនៅក្នុងតួនាទីជាបុរសដ៏ខ្ពស់បំផុត--ជាស្វាមី និងឪពុក ។
ខ្ញុំនិយាយថ្ងៃនេះជំនួសឲ្យឪពុកទាំងឡាយ ។ ឪពុកគឺជាមូលដ្ឋានគ្រឹះនៅក្នុងផែនការនៃសុភមង្គលរបស់ព្រះ ហើយខ្ញុំចង់លើកទឹកចិត្តដល់អ្នកទាំងឡាយដែលព្យាយាមដើម្បីបំពេញការហៅនោះឲ្យល្អ ។ ដើម្បីសរសើរ និងលើកទឹកចិត្តដល់ភាពជាឪពុក ឪពុកទាំងឡាយ គឺមិនត្រូវធ្វើឲ្យនរណាម្នាក់មានការខ្មាសអៀន ឬមិនសំខាន់ឡើយ ។ ខ្ញុំចង់ផ្ដោតជាសាមញ្ញនៅថ្ងៃនេះទៅលើសេចក្ដីល្អ ដែលបុរសអាចធ្វើនៅក្នុងតួនាទីជាបុរសដ៏ខ្ពស់បំផុត--ជាស្វាមី និងឪពុក ។
ដាវីឌ ប្លែងខិនហន ជាអ្នកនិពន្ធអំពី Fatherless America ( អាមេរិកដែលគ្មានឪពុក) បានសង្កេតឃើញថា ៖ « សព្វថ្ងៃនេះ សង្គមអាមេរិក គឺត្រូវបានបំបែក ហើយមានយោបល់ផ្ទុយគ្នាយ៉ាងខ្លាំងអំពីភាពជាឪពុក ។ មនុស្សខ្លះមិនទាំងចងចាំវាផង ។ អ្នកខ្លះអាចនឹងអាក់អន់ចិត្តអំពីរឿងនេះ ។ អ្នកខ្លះទៀត រួមទាំងគ្រួសារអ្នកចេះដឹងជាច្រើន បានបដិសេធ ឬមិនចូលចិត្ត ។ អ្នកដទៃជាច្រើនទៀត មិនជំទាស់នឹងវា ក៏មិនតាំងចិត្តចំពោះរឿងនេះ ។ មនុស្សជាច្រើនចង់ឲ្យយើងធ្វើសកម្មភាព ប៉ុន្តែជឿថា សង្គមរបស់យើងនឹងមិនអាចធ្វើ ឬនឹងធ្វើបានទេ » ។
ក្នុងនាមជាសាសនាចក្រ យើងជឿលើការធ្វើជាឪពុក ។ យើងជឿលើ « ឧត្ដមគតិរបស់បុរសដែលដាក់គ្រួសាររបស់គាត់ជារឿងចម្បង » ។ យើងជឿថា « តាមការរៀបចំដ៏ទេវភាពនេះ ឪពុកត្រូវបានចាត់ឲ្យធ្វើជាអ្នកដឹកនាំនៅក្នុងគ្រួសាររបស់ខ្លួន ដោយសេចក្តីស្រឡាញ់ និង សេចក្តីសុចរិត ហើយមានភារកិច្ចក្នុងការផ្គត់ផ្គង់សេចក្តីត្រូវការក្នុងជីវិត ព្រមទាំងការពារក្រុមគ្រួសារខ្លួនផង ។ » យើងជឿទៅលើភាពបំពេញឲ្យគ្នានៅក្នុងកាតព្វកិច្ចគ្រួសារថា « ឪពុក និង ម្តាយមានកាតព្វកិច្ច ដើម្បីជួយគ្នាទៅវិញទៅមកជាដៃគូស្មើគ្នា » ។ យើងជឿថា ពួកគេសំខាន់ ឪពុកគឺសំខាន់ ហើយមិនអាចជំនួសបានទេ ។
មនុស្សមួយចំនួនមើលឃើញសេចក្ដីល្អនៃភាពជាឪពុកនៅក្នុងទំនាក់ទំនងសង្គម ថាជាកាតព្វកិច្ចរបស់បុរសមានចំពោះកូនចៅពួកគេ ដែលជំរុញពួកគេឲ្យធ្វើជាពលរដ្ឋល្អ ហើយគិតអំពីតម្រូវការរបស់អ្នកដទៃ ដែលផ្លាស់ប្ដូរទស្សនពីបុរាណថា « មានតែម្ដាយទេដែលទទួលខុសត្រូវចំពោះកូនចៅ មកគិតថាទាំងឪពុកនិងម្ដាយមានការទទួលខុសត្រូវចំពោះកូនចៅរបស់ពួកគេ ។ … សរុបសេចក្ដីទៅ កត្តាសំខាន់របស់បុរស គឺធ្វើជាឪពុក ។ កត្តាសំខាន់របស់កូនគឺដើម្បីមានឪពុក ។ កត្តាសំខាន់ក្នុងសង្គមគឺបង្កើតឲ្យមានឪពុក » ។ ខណៈដែលការពិចារណាទាំងនេះ គឺជាការពិត និងសំខាន់ នោះយើងដឹងថាភាពជាឪពុកគឺមានន័យច្រើនជាងគំនិតខាងសង្គម ឬ ផលិតផលនៃការវិវត្តន៍ ។ តួនាទីរបស់ឪពុកគឺមានពីដើមដំបូងដ៏ទេវភាព ដែលចាប់ផ្ដើមជាមួយនឹងព្រះវរបិតាសួគ៌ ហើយនៅក្នុងស្ថានភាពជីវិតរមែងស្លាប់នេះ គឺលោកឪពុកអ័ដាម ។
គំរូដ៏ឥតខ្ចោះ និងទេវភាពអំពីភាពជាឪពុក គឺព្រះវរបិតាសួគ៌របស់យើង ។ លក្ខណៈ និងគុណសម្បត្តិរបស់ទ្រង់ មាននូវសេចក្ដីល្អ និងសេចក្ដីស្រឡាញ់ដ៏ឥតខ្ចោះយ៉ាងបរិបូរ ។ កិច្ចការ និងសិរីល្អរបស់ទ្រង់ គឺការរីកចម្រើន សុភមង្គល និងជីវិតអស់កល្បជានិច្ចរបស់កូនចៅទ្រង់ ។ ឪពុកនៅក្នុងពិភពលោកធ្លាក់ចុះនេះ គ្មានជាអ្វីទាំងអស់ បើប្រៀបទៅនឹងព្រះដ៏មានឫទ្ធានុភាពនៅស្ថានដ៏ខ្ពស់ ប៉ុន្តែពួកគេកំពុងព្យាយាមដើម្បីធ្វើតាមទ្រង់ ហើយពួកគេកំពុងធ្វើកិច្ចការរបស់ទ្រង់ដោយអស់ពីសមត្ថភាព ។ ពួកគេត្រូវបានគោរពដោយការទុកចិត្តដ៏អស្ចារ្យ និងស្រគត់ស្រគំ ។
ចំពោះបុរសទាំងឡាយ ភាពជាឪពុកបង្ហាញដល់យើងនូវភាពទន់ខ្សោយរបស់យើង ហើយបង្ហាញពីតម្រូវការដែលយើងត្រូវកែលម្អ ។ ភាពជាឪពុកតម្រូវឲ្យមានការលះបង់ ប៉ុន្តែវាគឺជាប្រភពមួយនៃភាពស្កប់ស្កល់ និងអំណរដែលពុំអាចប្រៀបផ្ទឹមបាន ។ ជាថ្មីម្ដងទៀត គំរូដ៏អស្ចារ្យបំផុតនោះ គឺជាព្រះវរបិតាសួគ៌របស់យើង ដែលស្រឡាញ់យើងជាកូនចៅវិញ្ញាណរបស់ទ្រង់យ៉ាងខ្លាំង ដែលទ្រង់បានប្រទានដល់យើងនូវព្រះបុត្រាសំណព្វតែមួយគត់របស់ទ្រង់ដើម្បីសេចក្ដីសង្គ្រោះ និងភាពលើកតម្កើងរបស់យើង ។ ព្រះយេស៊ូវបានមានបន្ទូលថា « គ្មានអ្នកណាមានសេចក្តីស្រឡាញ់ធំជាងនេះ គឺដែលអ្នកណានឹងប្តូរជីវិត ជំនួសពួកសំឡាញ់របស់ខ្លួននោះទេ » ។ ឪពុកទាំងឡាយបង្ហាញសេចក្ដីស្រឡាញ់នោះ នៅពេលពួកគាត់ដាក់ជីវិតរបស់គាត់ប្រចាំថ្ងៃ ធ្វើការនៅក្នុងការបម្រើ និងផ្គត់ផ្គង់ដល់ក្រុមគ្រួសារពួកគាត់ ។
ប្រហែលជាកិច្ចការមួយដ៏សំខាន់បំផុតរបស់ឪពុក គឺដើម្បីបង្វែរចិត្តកូនៗរបស់គាត់ទៅរកព្រះវរបិតាសួគ៌របស់ពួកគេ ។ ឪពុកមួយរូបអាចបង្ហាញពីអត្ថន័យនៃភក្ដីភាពចំពោះព្រះនៅក្នុងជីវិតប្រចាំថ្ងៃតាមគំរូក៏ដូចជាពាក្យសម្ដីរបស់គាត់ ដែលឪពុកនឹងផ្ដល់ដល់កូនរបស់គាត់នូវកត្តាសំខាន់ដើម្បីបានភាពសុខសាន្ដនៅក្នុងជីវិតនេះ និងជីវិតអស់កល្បជានិច្ចនៅបរលោកនាយ ។ជាឪពុកម្នាក់ដែលអានបទគម្ពីរដល់កូន ហើយឲ្យកូនៗរបស់គាត់ស្គាល់សំឡេងរបស់ព្រះអម្ចាស់ ។
យើងឃើញនៅក្នុងបទគម្ពីរនូវការគូសបញ្ជាក់ដដែលៗមួយអំពីកាតព្វកិច្ចរបស់ឪពុកម្ដាយដើម្បីបង្រៀនដល់កូនចៅ ៖
« ហើយជាថ្មីទៀត ដរាបណាឪពុកម្ដាយមានកូនចៅនៅក្នុងក្រុងស៊ីយ៉ូន ឬនៅក្នុងស្តេកណាមួយដែលបានរៀបចំឡើងក្ដី ដែលពុំបានបង្រៀនកូនចៅឲ្យយល់នូវគោលលទ្ធិអំពីការប្រែចិត្ត សេចក្ដីជំនឿជឿដល់ព្រះគ្រីស្ទ ជាព្រះរាជបុត្រានៃព្រះដ៏មានព្រះជន្មរស់នៅ និង អំពីបុណ្យជ្រមុជទឹក ហើយនិងអំពីអំណោយទានជាព្រះវិញ្ញាណបរិសុទ្ធ ដោយសារការដាក់ដៃលើ កាលមានអាយុប្រាំបីឆ្នាំ នោះអំពើបាបនឹងធ្លាក់មកលើក្បាលរបស់ឪពុកម្ដាយវិញ ។ …
« ហើយពួកគេក៏ត្រូវបង្រៀនកូនចៅរបស់ខ្លួន ឲ្យអធិស្ឋាន និង ឲ្យដើរដោយទៀងត្រង់នៅចំពោះព្រះអម្ចាស់ផងដែរ » ។
នៅក្នុងឆ្នាំ ១៨៣៣ ព្រះអម្ចាស់បានវាយផ្ចាលសមាជិកនៃគណៈប្រធានទីមួយ ចំពោះការមិនយកចិត្តទុកដាក់គ្រប់គ្រាន់ទៅលើកាតព្វកិច្ចនៃការបង្រៀនកូនចៅរបស់ពួកគេ ។ ទ្រង់មានបន្ទូលជាពិសេសចំពោះមនុស្សម្នាក់ថា « អ្នកពុំបានបង្រៀនកូនចៅរបស់ខ្លួនពីពន្លឺ និងសេចក្ដីពិតតាមព្រះបញ្ញត្តិទាំងឡាយនោះឡើយ ហើយអាកំណាចនោះ វាមានអំណាចនៅលើអ្នកនៅឡើយ និងនេះហើយជាហេតុនៃសេចក្ដីវេទនារបស់អ្នក » ។
ឪពុកទាំងឡាយត្រូវបង្រៀនក្រឹត្យវិន័យ និងកិច្ចការរបស់ព្រះជាថ្មីម្ដងទៀតដល់ជំនាន់នីមួយៗ ។ ដូចដែលទំនុកតម្កើងបានថ្លែង ៖
« ដ្បិតទ្រង់បានតាំងឲ្យមានទីបន្ទាល់នៅក្នុងពួកយ៉ាកុប ក៏បានតម្រូវឲ្យមានក្រឹត្យវិន័យនៅក្នុងពួកអ៊ីស្រាអែល ជាច្បាប់ដែលទ្រង់បានបង្គាប់ដល់ពួកឰយុកោរបស់យើង ប្រយោជន៍នឹងបង្រៀនឲ្យពួកកូនចៅបានដឹងតរៀងទៅ ៖
« ដើម្បីឲ្យដំណមនុស្សជាន់ក្រោយបានស្គាល់ គឺទាំងកូនចៅដែលត្រូវកើតតទៅ [ ជា ] ពួកអ្នកដែលនឹងកើតឡើង ហើយប្រាប់ដល់កូនចៅគេតទៅទៀត ៖
« សម្រាប់ឲ្យគេបានតាំងចិត្តសង្ឃឹមដល់ព្រះ ឥតភ្លេចអស់ទាំងការនៃទ្រង់ឡើយ គឺកាន់តាមអស់ទាំងសេចក្តីបង្គាប់របស់ទ្រង់វិញ » ។
ច្បាស់ណាស់ថា ការបង្រៀនដំណឹងល្អគឺជាកាតព្វកិច្ចចែករំលែករវាងឪពុក និងម្ដាយ ប៉ុន្តែព្រះអម្ចាស់ប្រាប់ច្បាស់ថា ទ្រង់រំពឹងឲ្យឪពុកទាំងឡាយដឹកនាំក្នុងការធ្វើឲ្យការបង្រៀននេះគឺជាអាទិភាពដ៏ខ្ពស់បំផុតមួយ ។ ( ហើយចូរចងចាំថា ការសន្ទនាក្រៅផ្លូវការ ការធ្វើការ និងការលេងជាមួយគ្នា និងការស្ដាប់គឺជាធាតុដ៏សំខាន់នៃការបង្រៀន ) ។ ព្រះអម្ចាស់រំពឹងឲ្យឪពុកជួយកែទម្រង់កូនៗរបស់ពួកគេ ហើយកូនៗចង់បាន និងត្រូវការគំរូមួយ ។
ខ្លួនខ្ញុំផ្ទាល់ មានពរណាស់ដែលមានឪពុកជាគំរូម្នាក់ ។ ខ្ញុំចាំថា កាលខ្ញុំនៅក្មេងប្រហែលជាអាយុ ១២ ឆ្នាំ ឪពុករបស់ខ្ញុំបានក្លាយជាបេក្ខជនម្នាក់ក្នុងក្រុមប្រឹក្សាក្រុងនៅសហគមន៍ដ៏តូចរបស់យើង ។ គាត់ពុំដែលធ្វើយុទ្ធនាការឃោសនាបោះឆ្នោតដ៏ធំមួយទេ--អ្វីដែលខ្ញុំចាំគឺថា ឪពុកខ្ញុំមានបងប្រុសខ្ញុំ និងខ្ញុំដើរចែកក្រដាសតាមផ្ទះ ហើយលើកទឹកចិត្តឲ្យប្រជាជនបោះឆ្នោតឲ្យ ប៉ុល គ្រីស្ដូហ្វើរសុន ។ មានមជ្ឈិមវ័យមួយចំនួនដែលខ្ញុំបានចែកក្រដាសទៅឲ្យបាននិយាយថា ប៉ុល គឺជាមនុស្សល្អ ហើយស្មោះត្រង់ ហើយថាពួកគេនឹងគ្មានការជំទាស់នឹងបោះឆ្នោតឲ្យគាត់ទេ ។ ដួងចិត្តវ័យក្មេងរបស់ខ្ញុំ បានមានពេញដោយមោទនភាពទៅលើឪពុករបស់ខ្ញុំ ។ វាបានផ្ដល់ដល់ខ្ញុំនូវទំនុកចិត្ត និងបំណងប្រាថ្នាមួយដើម្បីធ្វើតាមគំរូរបស់គាត់ ។ គាត់ពុំល្អឥតខ្ចោះនោះទេ--គ្មាននរណាល្អឥតខ្ចោះឡើយ--ប៉ុន្តែគាត់គឺជាគំរូដ៏ល្អ ទៀងត្រង់ និងបំផុសគំនិតចំពោះកូនប្រុសម្នាក់ ។
ការលត់ដំ និងការកែតម្រូវគឺជាចំណែកនៃការបង្រៀន ។ ដូចប៉ុលបានថ្លែងថា « ដ្បិតព្រះអម្ចាស់ទ្រង់ផ្ចាញ់ផ្ចាលចំពោះអស់អ្នកណាដែលទ្រង់ស្រឡាញ់ » ។ ប៉ុន្តែនៅក្នុងការលត់ដំ ឪពុកត្រូវអនុវត្តដោយការយកចិត្តទុកដាក់ជាពិសេស បើមិនដូច្នោះទេ វាអាចនឹងមានជាការបំពាន ដែលមិនអាចដោះសារបានឡើយ ។ នៅពេលឪពុកផ្ដល់ការកែតម្រូវ ការលើកទឹកចិត្តរបស់គាត់ គឺត្រូវតែជាសេចក្ដីស្រឡាញ់ និងការដឹកនាំមកពីព្រះវិញ្ញាណបរិសុទ្ធ ៖
« ដោយស្ដីបន្ទោសសមពេលសមហេតុ ដោយការតឹងរឹង កាលណាបានបណ្ដាលដោយព្រះវិញ្ញាណបរិសុទ្ធ ហើយបន្ទាប់មកដោយបង្ហាញនូវសេចក្ដីស្រឡាញ់ដ៏ច្រើនឡើងចំពោះអ្នកនោះដែលអ្នកបានស្ដីបន្ទោស ក្រែងអ្នកនោះរាប់អ្នកថា ជាខ្មាំងសត្រូវរបស់គេ
« ប្រយោជន៍ឲ្យគេអាចដឹងថាសេចក្ដីស្មោះស្ម័គ្ររបស់អ្នកគឺខ្លាំងជាងចំណងនៃសេចក្ដីស្លាប់ » ។
ការលត់ដំនៅក្នុងលំនាំរបស់ព្រះ គឺមិនមែនអំពីការដាក់ទណ្ឌកម្មនោះទេ ដោយសារវាជាការជួយមនុស្សជាទីស្រឡាញ់ម្នាក់នៅតាមផ្លូវនៃការធ្វើជាម្ចាស់លើខ្លួនឯង ។
ព្រះអម្ចាស់បានមានបន្ទូលថា « គ្រប់កូនក្មេងទាំងអស់មានសិទ្ធិពឹងពាក់ទៅលើឪពុកម្ដាយរបស់ខ្លួនសម្រាប់ការចិញ្ចឹមជីវិតរហូតដល់ពួកគេមានអាយុគ្រប់ » ។ ការរកប្រាក់ផ្គត់ផ្គង់គ្រួសារគឺជាសកម្មភាពពិសិដ្ឋ ។ ការផ្គត់ផ្គង់គ្រួសារមួយ ទោះជាទូទៅវាតម្រូវការពេលវេលានៅឆ្ងាយពីគ្រួសារក្ដី ក៏វាស្របទៅនឹងភាពជាឪពុក--វាសំខាន់ណាស់ក្នុងការធ្វើជាឪពុកល្អមួយរូប ។ « ការងារ និងគ្រួសារគឺជាការទទួលខុសត្រូវត្រួតលើគ្នា » ។ ប្រាកដណាស់ រឿងនេះពុំមែនធ្វើឲ្យសមហេតុផលថាបុរសម្នាក់អាចមិនខ្វល់អំពីគ្រួសារគាត់ដោយសារតែអាជីពនោះទេ ឬ ម្យ៉ាងទៀតថា បុរសម្នាក់នឹងមិនតម្រូវចិត្តផ្ទាល់ខ្លួន ដើម្បីបង្វែរការទទួលខុសត្រូវរបស់គាត់ទៅដល់អ្នកដទៃឡើយ ។ នៅក្នុងពាក្យសម្ដីរបស់ស្ដេចបេនយ៉ាមីន ៖
« អ្នករាល់គ្នានឹងពុំទ្រាំឲ្យកូនចៅរបស់អ្នកអត់ឃ្លាន ឬគ្មានសម្លៀកបំពាក់បិទបាំងកាយឡើយ ហើយអ្នករាល់គ្នាក៏ពុំទ្រាំឲ្យកូនចៅអ្នករំលងក្រឹត្យវិន័យទាំងឡាយនៃព្រះ ហើយឈ្លោះប្រកែកគ្នាទៅវិញទៅមក ។ …
« ប៉ុន្តែអ្នករាល់គ្នានឹងបង្រៀនកូនចៅអ្នកឲ្យដើរតាមផ្លូវទាំងឡាយដែលពិត ហើយម៉ឺងម៉ាត់ អ្នករាល់គ្នានឹងបង្រៀនកូនចៅអ្នកឲ្យស្រឡាញ់គ្នាទៅវិញទៅមក ហើយឲ្យបម្រើគ្នាទៅវិញទៅមក » ។
យើងទទួលស្គាល់នូវឈឺចាប់របស់បុរសដែលពុំអាចរកវិធី និងមធ្យោបាយដើម្បីផ្គត់ផ្គង់ដល់ក្រុមគ្រួសាររបស់ពួកគេបានគ្រប់គ្រាន់ ។ មិនថានៅពេលណាទេ វាពុំគួរជាការខ្មាសអៀនឡើយ សម្រាប់អ្នកដែលខិតខំអស់ពីសមត្ថភាពហើយ តែនៅតែមិនអាចបំពេញគ្រប់កាតព្វកិច្ច និងមុខងារជាឪពុកបាននោះ ។ « ពិការភាព មរណភាព ឬ កាលៈទេសៈផ្សេងៗទៀត អាចនឹងត្រូវសម្របទៅតាមស្ថានភាពចាំបាច់របស់បុគ្គលម្នាក់ៗ ។ ញាតិសន្តាន ក្រុមគ្រួសារ គួរតែជួយគាំទ្រ នៅពេលមានសេចក្តីត្រូវការ » ។
ការស្រឡាញ់ម្ដាយរបស់កូនៗ--និងការបង្ហាញសេចក្ដីស្រឡាញ់នោះ--គឺជារឿងដ៏សំខាន់បំផុតពីរយ៉ាងដែលឪពុកមួយរូបអាចធ្វើដើម្បីកូន ។ រឿងនេះបញ្ជាក់ និងជួយពង្រឹងដល់អាពាហ៍ពិពាហ៍ ដែលជាគ្រឹះនៃជីវិតគ្រួសារ និងសុវត្ថិភាព ។
បុរសខ្លះគឺជាឪពុកទោល ឪពុកចិញ្ចឹម ឬឪពុកចុង ។ ពួកគាត់ជាច្រើននាក់បានព្យាយាមយ៉ាងខ្លាំង ហើយខិតខំអស់ពីសមត្ថភាពនៅក្នុងតួនាទីដ៏លំបាក ។ យើងគោរពដល់អ្នកទាំងឡាយដែលធ្វើអ្វីៗទាំងអស់ក្នុងសេចក្ដីស្រឡាញ់ អត់ធ្មត់ និងការលះបង់ខ្លួនឯងដើម្បីបំពេញតាមតម្រូវការរបស់បុគ្គលម្នាក់ៗ និងគ្រួសារ ។ គួរតែកត់សម្គាល់ថា ព្រះអង្គផ្ទាល់ បានទុកចិត្តប្រគល់ព្រះរាជបុត្រាសំណព្វតែមួយគត់របស់ទ្រង់ទៅដល់ឪពុកចិញ្ចឹមម្នាក់ ។ ប្រាកដណាស់ ការសរសើរមួយចំនួនត្រូវបានផ្ដល់ទៅយ៉ូសែបចំពោះការពិតដែលថា នៅពេលព្រះយេស៊ូវចម្រើនវ័យ នោះទ្រង់ « ប្រកបដោយប្រាជ្ញារឹតតែច្រើនឡើង ហើយជាទីគាប់ព្រះហឫទ័យដល់ព្រះ និងចិត្តមនុស្សផង » ។
ជាអកុសល ដោយសារតែការស្លាប់ ការបំបរបង់ ឬការលែងលះ នោះមានកុមារមួយចំនួនគ្មានឪពុករស់នៅជាមួយពួកគេ ។ កុមារមួយចំនួនអាចមានឪពុកដែលមានវត្តមានខាងរូបកាយ ប៉ុន្តែអវត្តមានខាងសតិអារម្មណ៍ ឬមិនយកចិត្តទុកដាក់ ឬមិនផ្ដល់ការផ្គត់ផ្គង់ ។ យើងសូមអំពាវនាវដល់ឪពុកគ្រប់រូបធ្វើឲ្យបានល្អប្រសើរ ហើយធ្វើជាមនុស្សកាន់តែល្អប្រសើរ ។ យើងសូមអំពាវនាវដល់ប្រព័ន្ធផ្សព្វផ្សាយ និងបណ្ដាញកម្សាន្តទាំងឡាយ សូមចាក់បង្ហាញអំពីឪពុកដែលមានការលះបង់ និងមានសមត្ថភាព ដែលពិតជាស្រឡាញ់ភរិយារបស់ពួកគេ ហើយដឹកនាំកូនចៅរបស់ពួកគេប្រកបដោយបញ្ញា ជំនួសឲ្យការចាក់បង្ហាញជាញឹកញាប់នូវរឿងដែលធ្វើឲ្យភាន់ច្រឡំ និងល្ងិតល្ងង់ ឬចាក់បង្ហាញរឿងឪពុក « ដែលជាមនុស្សបង្កបញ្ហា » នោះវិញ ។
ចំពោះកូនៗដែលស្ថិតក្នុងគ្រួសារដែលមានបញ្ហា យើងសូមនិយាយទៅអ្នកថា អ្នកពុំមែនឥតមានតម្លៃដោយសាររឿងនោះឡើយ ។ ជួនកាល បញ្ហានានា គឺជាសញ្ញាអំពីការទុកចិត្តរបស់ព្រះអម្ចាស់ទៅលើអ្នក ។ ទ្រង់អាចជួយអ្នកបាន ទាំងដោយផ្ទាល់ និងតាមរយៈអ្នកដទៃ ដើម្បីប្រឈមមុខនឹងអ្វីដែលអ្នកជួបប្រទះ ។ អ្នកអាចក្លាយទៅជាជំនាន់មួយ ប្រហែលជាជំនាន់ដំបូងក្នុងគ្រួសារអ្នក ដែលពិតជាមានលំនាំទេវភាព ដែលព្រះបានតែងតាំងសម្រាប់ក្រុមគ្រួសារ ហើយប្រទានពរដល់ជំនាន់ក្រោយៗរបស់អ្នក ។
ចំពោះយុវជន ការទទួលស្គាល់តួនាទីដែលអ្នកនឹងមាន ក្នុងនាមជាអ្នកផ្គត់ផ្គង់ និងអ្នកការពារ នោះយើងសូមនិយាយទៅអ្នកថា ចូររៀបចំពីពេលឥឡូវនេះ ដោយការឧស្សាហ៍ព្យាយាមនៅក្នុងការសិក្សា ហើយរៀបចំសម្រាប់ការបំពាក់បំប៉នបន្ទាប់ពីវិទ្យាល័យ ។ ការអប់រំ ទោះជានៅសាកលវិទ្យាល័យ សាលាបច្ចេកទេស ការហ្វឹកហ្វឺន ឬកម្មវិធីស្រដៀងគ្នានេះ គឺជាគន្លឹះដើម្បីអភិវឌ្ឍជំនាញ និងសមត្ថភាពដែលអ្នកនឹងត្រូវការចាំបាច់ ។ សូមទាញយកប្រយោជន៍ពីឱកាសទាំងឡាយដើម្បីទំនាក់ទំនងនឹងមនុស្សគ្រប់វ័យ រួមទាំងកុមារតូចៗ ហើយរៀនអំពីរបៀបដើម្បីបង្កើតទំនាក់ទំនងល្អ និងរីករាយ ។ នោះមានន័យថា ត្រូវនិយាយទល់មុខជាមួយនឹងមនុស្សដទៃ ហើយពេលខ្លះធ្វើកិច្ចការជាមួយគ្នា កុំគ្រាន់តែខំដុះខាត់ជំនាញផ្ញើសាររបស់អ្នកឡើយ ។ សូមរស់នៅក្នុងជីវិតដែលអ្នកនឹងក្លាយជាបុរស ដែលនឹងនាំមកនូវបរិសុទ្ធភាពមកក្នុងអាពាហ៍ពិពាហ៍របស់អ្នក និងកូនៗរបស់អ្នក ។
ចំពោះជំនាន់កំពុងពេញវ័យទាំងអស់ យើងសូមនិយាយថា មិនថាអ្នកដាក់ឋានៈឪពុករបស់អ្នកនៅកម្រិតណាទេ ល្អ-ល្អប្រសើរ-ល្អបំផុត ( ហើយខ្ញុំទស្សទាយថាកម្រិតនឹងខិតទៅកាន់តែខ្ពស់ នៅពេលអ្នកកាន់តែធំ និងកាន់តែឈ្លាសវៃនោះ ) សូមសន្យាក្នុងចិត្តថា គោរពដល់គាត់ និងម្ដាយរបស់អ្នកតាមរយៈជីវិតរបស់អ្នកផ្ទាល់ ។ សូមចងចាំអំពីសេចក្ដីសង្ឃឹមដ៏ខ្លាំងដែលឪពុកម្នាក់បានបង្ហាញតាមរយៈយ៉ូហាន ៖ « គ្មានសេចក្តីណាដែលនាំឲ្យខ្ញុំអរសប្បាយ លើសជាងសេចក្តីនេះទេ គឺដែលឮនិយាយថាពួកកូនខ្ញុំកំពុងតែប្រព្រឹត្តិតាមសេចក្តីពិត » ។ សេចក្ដីសុចរិតរបស់អ្នកគឺជាកិត្តិយសដ៏ធំបំផុតដែលឪពុកគ្រប់រូបអាចទទួលបាន ។
ចំពោះបងប្អូនប្រុសរបស់ខ្ញុំ ដែលជាឪពុកនៅក្នុងសាសនាចក្រនេះ ខ្ញុំសូមនិយាយថា ខ្ញុំដឹងថាអ្នកចង់ក្លាយជាឪពុកកាន់តែល្អ ។ ខ្ញុំដឹងថាខ្ញុំចង់បានដូចគ្នាដែរ ។ ទោះជាយ៉ាងណា មិនថាយើងមានលក្ខខណ្ឌយ៉ាងណាទេ ចូរយើងឆ្ពោះទៅមុខ ។ ចូរយើងកុំជឿទៅលើការយល់ឃើញដ៏ហួសហេតុនៃបុគ្គលនិយម និងស្វ័យភាពនៅក្នុងវប្បធម៌សព្វថ្ងៃនេះឡើយ ចូរគិតដំបូងគេអំពីសុភមង្គល និងសុខុមាលភាពរបស់អ្នកដទៃ ។ មិនថាយើងខ្វះសមត្ថភាពយ៉ាងណាទេ ព្រះវរបិតាសួគ៌យើងនឹងតម្កើងយើងឡើង ហើយបណ្ដាលឲ្យកិច្ចខិតខំដ៏សាមញ្ញរបស់យើងទទួលបានផ្លែផ្កា ។ មានរឿងមួយនៅក្នុងNew Era ដែលបានលើកទឹកចិត្តខ្ញុំជាច្រើនឆ្នាំកន្លងទៅ ។ អ្នកនិពន្ធបានរៀបរាប់ដូចខាងក្រោម ៖
« កាលខ្ញុំនៅក្មេង គ្រួសារតូចរបស់យើងបានរស់នៅក្នុងផ្ទះដែលមានបន្ទប់ដេកតែមួយស្ថិតនៅជាន់ទីពីរ ។ ខ្ញុំបានដេកនៅលើសាឡុងក្នុងបន្ទប់ទទួលភ្ញៀវ ។ …
« ឪពុករបស់ខ្ញុំ ជាជាងដែក បានចេញទៅធ្វើការរាល់ថ្ងៃពីព្រឹកព្រលឹម ។ រាល់ព្រឹកគាត់នឹង… ដណ្ដប់ភួយឲ្យខ្ញុំ ហើយឈប់មួយសន្ទុះ ។ ខ្ញុំហាក់ដូចជាដឹងខ្លួនខ្លះៗអាចមានអារម្មណ៍ដឹងថាឪពុករបស់ខ្ញុំកំពុងឈរនៅជិតសាឡុងកំពុងមើលមកខ្ញុំ ។ នៅពេលខ្ញុំបានដឹងខ្លួន ខ្ញុំបានខ្មាសដែលគាត់ឈរនៅទីនោះ ។ ខ្ញុំព្យាយាមធ្វើជានៅដេកលក់ ។ … ខ្ញុំបានដឹងថា នៅពេលគាត់ឈរនៅជិតគ្រែរបស់ខ្ញុំ នោះគាត់កំពុងអធិស្ឋានដោយអស់ពីចិត្ត កម្លាំង និងការយកចិត្តទុកដាក់របស់គាត់—សម្រាប់ខ្ញុំ ។
« ឪពុករបស់ខ្ញុំបានអធិស្ឋានឲ្យខ្ញុំរាល់ព្រឹក ។ គាត់បានអធិស្ឋានសូមឲ្យខ្ញុំមានថ្ងៃដ៏ល្អមួយ ដែលខ្ញុំនឹងមានសុវត្ថិភាព ហើយខ្ញុំនឹងរៀន និងរៀបចំខ្លួនសម្រាប់ពេលអនាគត ។ ដោយសារតែគាត់មិនអាចនៅជាមួយខ្ញុំពេញមួយថ្ងៃ នោះគាត់បានអធិស្ឋានឲ្យគ្រូបង្រៀន និងមិត្តភក្ដិរបស់ខ្ញុំ ដែលខ្ញុំនឹងនៅជាមួយពួកគេនាថ្ងៃនោះ ។ …
« ពីដំបូងឡើយ ខ្ញុំមិនបានយល់ច្បាស់អំពីអ្វីដែលឪពុកខ្ញុំបានធ្វើរាល់ព្រឹកពេលគាត់អធិស្ឋានសម្រាប់ខ្ញុំនោះទេ ។ ប៉ុន្តែពេលខ្ញុំកាន់តែធំ ខ្ញុំបានដឹងពីក្ដីស្រឡាញ់ និងចំណាប់អារម្មណ៍របស់គាត់ចំពោះខ្ញុំ និងអ្វីៗដែលខ្ញុំធ្វើ ។ វាជាអនុស្សារីយ៍ដ៏ល្អមួយរបស់ខ្ញុំ ។ រហូតដល់ពេលជាច្រើនឆ្នាំក្រោយមក បន្ទាប់ពីខ្ញុំបានរៀបការ មានកូនផ្ទាល់ខ្លួន ហើយទៅបន្ទប់របស់ពួកគេពេលពួកគេកំពុងដេក អធិស្ឋានសម្រាប់ពួកគេ នោះទើបខ្ញុំបានយល់ពេញលេញអំពីអារម្មណ៍របស់ឪពុកខ្ញុំមានចំពោះខ្ញុំ » ។
អាលម៉ាបានថ្លែងទីបន្ទាល់ទៅកូនប្រុសរបស់គាត់ ៖
« មើលចុះឪពុកចង់និយាយនឹងកូនថា គឺជា [ ព្រះគ្រីស្ទ ] នេះហើយដែលពិតជានឹងយាងមក… មែនហើយទ្រង់នឹងយាងមក ដើម្បីប្រកាសប្រាប់ដល់រាស្ត្ររបស់ទ្រង់នូវដំណឹងដ៏រីករាយ អំពីសេចក្ដីសង្គ្រោះ ។
« ហើយឥឡូវនេះ ឱកូនប្រុសរបស់ឪពុកអើយ នេះហើយជាការងារបម្រើដែលកូនត្រូវបានហៅ គឺដើម្បីប្រកាសប្រាប់ដំណឹងល្អដ៏រីករាយទាំងនេះដល់ប្រជាជននេះ ដើម្បីប្រុងប្រៀបចិត្តគំនិតរបស់គេ … ដើម្បីឲ្យគេរៀបចំចិត្តគំនិតនៃកូនចៅរបស់គេឲ្យស្ដាប់តាមព្រះបន្ទូលនៅពេលដែលទ្រង់នឹងយាងមក » ។
នោះគឺជាការបម្រើរបស់ឪពុកសព្វថ្ងៃនេះ ។ សូមព្រះប្រទានពរ ហើយធ្វើឲ្យឪពុកទាំងឡាយមានសមត្ថភាពធ្វើកិច្ចការនេះបាន នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។