តម្លៃនៃអំណាចបព្វជិតភាព
តើបងប្អូនមានឆន្ទៈអធិស្ឋាន តមអាហារ សិក្សា ស្វែងរក ថ្វាយបង្គំ ហើយបម្រើក្នុងនាមជាបុរសនៃព្រះ ប្រយោជន៍ឲ្យយើងអាចទទួលបានអំណាចបព្វជិតភាពដែរឬទេ ?
កាលពីប្រាំមួយខែមុន នៅក្នុងសន្និសីទទូទៅខែ តុលា ឆ្នាំ ២០១៥ ខ្ញុំបាននិយាយទៅកាន់បងប្អូនស្រីនៃសាសនាចក្រអំពីតួនាទីដ៏ទេវភាពរបស់ពួកគេក្នុងនាមជាស្ត្រីនៃព្រះ ។ ឥឡូវនេះខ្ញុំចង់និយាយទៅកាន់បងប្អូនជាបងប្អូនប្រុស អំពីតួនាទីដ៏ទេវភាពរបស់បងប្អូនក្នុងនាមជាបុរសនៃព្រះ ។ នៅពេលខ្ញុំធ្វើដំណើរជុំវិញពិភពលោក ខ្ញុំមានចិត្តស្ញប់ស្ញែងចំពោះភាពរឹងប៉ឹង និង សេចក្តីល្អនៃបុរសៗ និង យុវជននៃសាសនាចក្រនេះ ។ គ្មានវិធីងាយណា ដើម្បីរាប់ដួងចិត្តដែលបងប្អូនបានព្យាបាល និង ជីវិតរាប់មិនអស់ដែលបងប្អូនបានលើកស្ទួយឡើងឡើយ ។ សូមអរគុណ !
នៅក្នុងសារលិខិតនៃសន្និសីទលើកមុន ខ្ញុំបាននិយាយអំពីបទពិសោធន៍ដ៏ឈឺចាប់ក្រៃលែងរបស់ខ្ញុំកាលពីច្រើនឆ្នាំមកហើយ កាលខ្ញុំជាគ្រូពេទ្យវះកាត់បេះដូង ខ្ញុំគ្មានសមត្ថភាពជួយសង្គ្រោះជីវិតក្មេងស្រីតូចពីរនាក់ ។ ដោយមានការអនុញ្ញាតពីឪពុករបស់ពួកគេ ខ្ញុំចង់និយាយបន្ថែមទៀតពីគ្រួសារនោះ ។
ជំងឺបេះដូងពីកំណើតបានធ្វើឲ្យកូនទាំងបីរបស់ រ៉ុស និង ជីមមី ហាតហ្វៀលទទួលរងការឈឺចាប់ ។ កូនប្រុសច្បងរបស់ពួកគេ ឈ្មោះ ជីមមី ជុញ្ញ័របានស្លាប់ដោយគ្មានរោគវិនិច្ឆ័យច្បាស់លាស់ឡើយ ។ ខ្ញុំបាននៅក្នុងស្ថានភាពនោះ កាលឪពុកម្តាយនេះបានស្វែងរកជំនួយជួយដល់កូនស្រីទាំងពីរនាក់របស់ពួកគេគឺ ឡរ៉ល អាន និង ប្អូនស្រីរបស់នាង ហ្គេ លីន ។ ខ្ញុំមានការខូចចិត្ត នៅពេលក្មេងស្រីទាំងពីរបានស្លាប់បន្ទាប់ពីការវះកាត់រួច ។១ដោយបានយល់ថា រ៉ុស និង ជីមមីរងឈឺចាប់ខាងវិញ្ញាណជាខ្លាំង ។
យូរៗទៅ ខ្ញុំបានដឹងថាពួកគេកាន់តែថ្នាំងថ្នាក់ចិត្តជាមួយខ្ញុំ និង សាសនាចក្រ ។ អស់រយៈពេលជិតប្រាំមួយទសវត្សរ៍មកហើយ ស្ថានភាពនេះបានរំខានចិត្តខ្ញុំ ហើយធ្វើឲ្យខ្ញុំកើតទុក្ខចំពោះគ្រួសារ ហាតហ្វៀល ។ ខ្ញុំបានព្យាយាមបង្កើតទំនាក់ទំនងជាមួយពួកគេជាច្រើនដងតែពុំបានជោគជ័យឡើយ ។
ក្រោយមក នាយប់មួយកាលពីខែ ឧសភាឆ្នាំមុន ខ្ញុំបានភ្ញាក់ដឹងខ្លួនពីដំណេកឡើងដោយសារក្មេងស្រីតូចទាំងពីរនាក់នោះ ដែលនៅផ្នែកម្ខាងទៀតនៃវាំងនន ។ ទោះបីជាខ្ញុំពុំបានឃើញ ឬ ឮពួកគេដោយញាណនៃរូបកាយខ្ញុំក្តី ខ្ញុំមានអារម្មណ៍ពីវត្តមានរបស់ពួកគេ ។ តែខាងវិញ្ញាណវិញ ខ្ញុំបានស្តាប់ឮការអង្វរកររបស់ពួកគេ ។ សាររបស់ពួកគេគឺខ្លី ហើយច្បាស់លាស់ ៖ « បងប្រុស ណិលសិន យើងពុំទាន់បានផ្សារភ្ជាប់ជាមួយនរណាម្នាក់ឡើយ ! តើបងប្រុសអាចជួយពួកខ្ញុំបានទេ ? » ក្រោយមកនោះ ខ្ញុំបានដឹងថាម្តាយរបស់ពួកគេបានចែកឋានហើយ ប៉ុន្តែឪពុក និង ប្អូនប្រុសរបស់ពួកគេនៅរស់នៅឡើយ ។
ដោយមានការបំផុសគំនិតពីការអង្វរកររបស់ ឡរ៉ល អាន និង ហ្គេ លីន នោះខ្ញុំបានព្យាយាមទាក់ទងឪពុករបស់ពួកគេ ដែលខ្ញុំបានដឹងថាកំពុងរស់នៅជាមួយកូនប្រុសរបស់គាត់ឈ្មោះ ស្សន ។ លើកនេះពួកគេមានចិត្តដើម្បីជួបជាមួយខ្ញុំ ។
ក្នុងខែ មិថុនា ខ្ញុំពិតជាបានលុតជង្គង់ចុះនៅចំពោះមុខ ជីមមី ដែលឥឡូវនេះមានអាយុ ៨៨ ឆ្នាំ ហើយបាននិយាយគ្នាដោយស្មោះត្រង់ចេញពីដួងចិត្ត ។ ខ្ញុំបាននិយាយពីការអង្វរកររបស់កូនស្រីរបស់គាត់ ហើយប្រាប់គាត់ថា ខ្ញុំនឹងមានកិត្តិយសដើម្បីធ្វើពិធីបរិសុទ្ធនៃការផ្សារភ្ជាប់ឲ្យគ្រួសារគាត់ ។ ខ្ញុំក៏បានពន្យល់ថា វានឹងត្រូវការពេលខ្លះ ហើយត្រូវមានការខិតខំយ៉ាងខ្លាំងពីសំណាក់គាត់ និង ស្សន ដើម្បីត្រៀមខ្លួនរួចរាល់ ហើយមានភាពសក្តិសមចូលទៅព្រះវិហារបរិសុទ្ធ ដោយសារពួកគេទាំងពីរនាក់ពុំទាន់បានទទួលអំណោយទានពិសិដ្ឋទេ ។
មានព្រះវិញ្ញាណនៃព្រះអម្ចាស់ស្ថិតពេញក្នុងការប្រជុំនោះ ។ ហើយនៅពេល ជីមមី និងស្សនបានទទួលការស្នើសុំខ្ញុំហើយ ខ្ញុំមានអំណរជាខ្លាំង ! ពួកគេបានព្យាយាមធ្វើការយ៉ាងខ្លាំងជាមួយប្រធានស្តេក ប៊ីស្សព គ្រូបង្រៀនតាមផ្ទះ និង អ្នកដឹកនាំបេសកកម្មវួដរបស់ពួកគេ ព្រមទាំងជាមួយអ្នកផ្សព្វផ្សាយសាសនាវ័យក្មេង និង អ្នកផ្សព្វផ្សាយសាសនារៀមច្បងផងដែរ ។ មិនយូរក្រោយមក ខ្ញុំមានឯកសិទ្ធិដ៏អស្ចារ្យដើម្បីផ្សារភ្ជាប់ រ៉ុស និង ជីមមី ព្រមទាំងកូនទាំងបួនរបស់ពួកគេផងដែរ ។ វីនឌី និង ខ្ញុំបានយំពេលយើងចូលរួមនៅក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យនោះ ។ ដួងចិត្តរបស់ខ្ញុំបានជាសះស្បើយនាថ្ងៃនោះ !
ពេលខ្ញុំគិតពីរឿងនោះ ខ្ញុំមានការកោតសរសើរចំពោះ ជីមមី និង ស្សន និងអ្វីដែលពួកគេមានសុឆន្ទៈនឹងធ្វើ ។ ពួកគេក្លាយជាវីរៈបុរសរបស់ខ្ញុំ ។ ប្រសិនបើអាចខ្ញុំចង់បានថា បុរស និង យុវជនគ្រប់រូបនៅក្នុងសាសនាចក្រនឹងបង្ហាញភាពក្លាហាន ភាពរឹងមាំ និង ការបន្ទាបខ្លួនដូចជាឪពុក និង កូននេះ ។ ពួកគេមានឆន្ទៈអភ័យទោស ហើយបោះបង់ចោលការឈឺចាប់ និង ទម្លាប់ចាស់ៗចោល ។ ពួកគេមានឆន្ទៈចុះចូលធ្វើតាមការណែនាំមកពីអ្នកកាន់បព្វជិតភាពរបស់ពួកគេ ប្រយោជន៍ឲ្យដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទអាចបន្សុទ្ធ និង តម្កើងពួកគេ ។ ពួកគេម្នាក់ៗមានឆន្ទៈប្រែក្លាយជាមនុស្សម្នាក់ដែលសក្តិសមកាន់បព្វជិតភាព « តាមរបៀបដ៏បរិសុទ្ធបំផុតនៃព្រះ » ។២
ដើម្បី កាន់អំណាចនេះ មានន័យថា គឺការគាំទ្រនូវភារកិច្ចទាំងឡាយនៃអំណាចនេះ ។ វាគឺជាការទុកចិត្តដ៏ពិសិដ្ឋ ដើម្បីកាន់បព្វជិតភាព ដែលជាអំណាចដ៏មានមហិទ្ធិឫទ្ធិ និង មានសិទ្ធិអំណាចនៃព្រះ ។ ចូរគិតពីរឿងនេះ ៖ បព្វជិតភាពដែលបានប្រគល់ដល់យើងគឺជា អំណាច និង សិទ្ធិអំណាច ដដែលនោះ ដែលព្រះបានបង្កើតពិភពលោកនេះ និង ពិភពជាច្រើនទៀតរាប់មិនអស់ គ្រប់គ្រងស្ថានសួគ៌ និង ផែនដី ហើយតម្កើងកូនចៅដែលគោរពប្រតិបត្តិរបស់ទ្រង់ ។៣
ថ្មីៗនេះៗ វីនឌី និង ខ្ញុំបាននៅក្នុងប្រជុំមួយ នៅទីនោះមានអ្នកលេងព្យាណូប្រុងប្រៀបខ្លួន ហើយត្រៀមលេងទំនុកតម្កើងបើក ។ ភ្នែករបស់គាត់មើលណោទភ្លេង ហើយម្រាមដៃរបស់គាត់នៅលើខ្ទង់ព្យាណូ ។ គាត់បានចាប់ផ្តើមចុចខ្ទង់ព្យាណូ ប៉ុន្តែគ្មានសំឡេងឡើយ ។ ខ្ញុំបានខ្សឹបដាក់ វីនឌីថា « គាត់គ្មានកម្លាំងទេ » ។ ខ្ញុំជឿថា មានអ្វីមួយបានកាត់ផ្តាច់ចរន្តអគ្គីសនីទៅព្យាណូខ្យល់នោះ ។
មែនហើយ បងប្អូនប្រុសអើយ តាមរបៀបដូចគ្នានេះ ខ្ញុំភ័យខ្លាចថា មានបុរសជាច្រើនដែលបានទទួល សិទ្ធិអំណាច នៃបព្វជិតភាព ប៉ុន្តែខ្វះនូវ អំណាច បព្វជិតភាព ដោយសារចរន្តនៃអំណាចនោះត្រូវបានរារាំងនៃអំពើបាប ដូចជា ភាពខ្ជិលច្រអូស ភាពមិនទៀងត្រង់ អំនួត ភាពអសីលធម៌ ឬ ការខ្វល់ខ្វាយនឹងរបស់ទាំងឡាយនៃពិភពលោកនេះ ។
ខ្ញុំភ័យខ្លាចថា មានអ្នកកាន់បព្វជិតភាពជាច្រើនបានធ្វើតិចតួច ឬ ពុំបានធ្វើអ្វីសោះ ដើម្បីអភិវឌ្ឍសមត្ថភាពរបស់ខ្លួន ដើម្បីទទួលបានអំណាចនោះពីស្ថានសួគ៌ ។ ខ្ញុំបារម្ភអំពីអស់អ្នកដែល មានគំនិត អារម្មណ៍ ឬ ទង្វើនានាពុំស្អាតស្អំ ឬ អ្នកដែលពុំផ្តល់តម្លៃដល់ភរិយា ឬ កូនៗខ្លួន ដោយការបង្ខាំងខ្លួនពួកគេពីអំណាចបព្វជិតភាព ។
ខ្ញុំភ័យខ្លាចថា មានពួកគេជាច្រើនបានប្រគល់សិទ្ធិជ្រើសរើសរបស់ពួកគេទៅឲ្យសាតាំង ហើយកំពុងបង្ហាញអំពីទង្វើពួកគេថា « ខ្ញុំខ្វល់ខ្វាយច្រើនអំពីការផ្គាប់ចិត្តផ្ទាល់ខ្លួនរបស់ខ្ញុំ ច្រើនជាងខ្ញុំកាន់អំណាចរបស់ព្រះអង្គសង្គ្រោះនេះ ដើម្បីប្រទានពរដល់អ្នកដទៃទៀត » ។
បងប្អូនប្រុសអើយ ខ្ញុំភ័យខ្លាចថា ថ្ងៃណាមួយមានបងប្អូនខ្លះក្នុងចំណោមពួកយើងភ្ញាក់ដឹងខ្លួន ហើយទទួលស្គាល់អំណាចដ៏ពិតនៃបព្វជិតភាព ហើយមានអារម្មណ៍សោកស្តាយជាខ្លាំង ដែលពួកគេចំណាយពេលរបស់ច្រើនក្នុងការស្វែងរកអំណាចគ្រប់គ្រងលើអ្នកដទៃ ឬ អំណាចនៅកន្លែងធ្វើការ ច្រើនជាងអនុវត្តអំណាចដ៏ពេញលេញរបស់ព្រះ ។៤ ប្រធាន ចច អ័លប៊ើត ស៊្មីធ បានបង្រៀនថា « យើងពុំមកផែនដីនេះ ដើម្បីចំណាយពេលដោយឥតប្រយោជន៍ ហើយបន្តទៅពិភពនៃភាពតម្កើងឡើងឡើយ ប៉ុន្តែយើងមកកាន់ផែនដីនេះដើម្បីធ្វើឲ្យខ្លួនយើងមានគុណសម្បត្តិពីមួយថ្ងៃទៅមួយថ្ងៃ ក្នុងមុខងារដែលព្រះវរបិតារបស់យើង រំពឹងឲ្យយើងបំពេញវា » ។៥
ហេតុអ្វីបានជាមនុស្សមួយចំនួនចំណាយពេលខ្លួនឥតប្រយោជន៍ ដោយលះបង់សក្តានុពល និង អនាគតរបស់ខ្លួនដូចជាអេសាវ៦ នៅពេលគាត់ត្រូវបានប្រគល់ឲ្យនូវឱកាសនៃការទទួលបាននូវពរជ័យទាំងអស់នៃអ័ប្រាហាំនោះ ?៧
ខ្ញុំសូមអង្វរដោយផ្ទាល់ជាមួយយើងម្នាក់ៗ ឲ្យរស់នៅសមតាមឯកសិទ្ធិរបស់អ្នកក្នុងនាមជាអ្នកកាន់បព្វជិតភាព ។ នៅថ្ងៃខាងមុខ មានតែ បុរសដែលផ្តល់តម្លៃខ្លាំងលើបព្វជិតភាពរបស់ខ្លួនដោយ ឧស្សាហ៍ព្យាយាម ដោយស្វែងរកការបង្រៀនពីព្រះអម្ចាស់ផ្ទាល់ទេ នឹងបានទទួលពរ ដឹកនាំ ការពារ ពង្រឹង ហើយព្យាបាលអ្នកដទៃ ។ មានតែបុរសដែលបានបង់ថ្លៃសម្រាប់អំណាចបព្វជិតភាពទេ ដែលនឹងអាចនាំអព្ភូតហេតុដល់អស់អ្នកដែលគាត់ស្រឡាញ់ ហើយរក្សាអពាហ៍ពិពាហ៍ និង គ្រួសារខ្លួនឲ្យមានសុវត្ថិភាព ក្នុងពេលនេះ និង ពេញទាំងអស់កល្ប ។
តើអ្វីជាតម្លៃដើម្បីបង្កើតនូវអំណាចបព្វជិតភាពនេះ ? ពេត្រុសដែលជាសាវកច្បងរបស់ព្រះអង្គសង្គ្រោះ—គឺពេត្រុសដដែលនោះ ជាមួយ យ៉ាកុប និង យ៉ូហានបានប្រគល់បព្វជិតភាពមិលគីស្សាដែកដល់ យ៉ូសែប ស៊្មីធ អូលីវើរ ខៅឌើរី៨—បានប្រកាសពីគុណសម្បត្តិដែលយើងគួរតែស្វែងរកដើម្បី « ឲ្យបានចំណែកជានិស្ស័យនៃព្រះ » ។៩
ទ្រង់បានដាក់ឈ្មោះវាថា សេចក្តីជំនឿ គុណធម៌ ចំណេះដឹង ចេះអត់សង្កត់ អត់ធ្មត់ ចេះគោរពព្រះ ចេះរាប់អានគ្នាជាបងប្អូន សប្បុរស និង ឧស្សាហ៍ព្យាយាម ។១០ ហើយចូរកុំភ្លេចការបន្ទាបខ្លួន !១១ ដូច្នេះខ្ញុំសួរបងប្អូនថា តើសមាជិកគ្រួសារ មិត្តភក្តិ និង មិត្តរួមការងាររបស់យើង និយាយថាបងប្អូន និង ខ្ញុំកំពុងតែអភិវឌ្ឍអំណោយទានទាំងនេះ និង អំណោយទានខាងវិញ្ញាណផ្សេងទៀតដោយរបៀបណា ?១២ ដរាបណាយើងកាន់តែអភិវឌ្ឍលក្ខណៈទាំងនោះ ដរាបនោះយើងយើងមានអំណាចបព្វជិតភាពកាន់តែប្រសើរឡើង ។
តើយើងអាចធ្វើយ៉ាងណាទៀត ដើម្បីបង្កើនអំណាចរបស់យើងនៅក្នុងបព្វជិតភាព ? យើងត្រូវតែអធិស្ឋានដោយស្មោះអស់ដួងចិត្តរបស់យើង ។ និយាយដោយគួរសមអំពីសកម្មភាពកាលពីអតីតកាល និង អនាគតកាល ដោយបញ្ចប់ជាមួយការស្នើសុំពរជ័យមួយចំនួន នោះពុំអាចបង្កើតនូវទំនាក់ទំនងជាមួយព្រះដែលប្រទាននូវអំណាចយូរអង្វែងឡើយ ។ តើបងប្អូនមានឆន្ទៈអធិស្ឋាន ដើម្បីដឹងពីរបៀបអធិស្ឋាន ដើម្បីទទួលបានអំណាចបន្ថែមទៀតទេ ? ព្រះអម្ចាស់នឹងបង្រៀនបងប្អូន ។
តើបងប្អូនមានឆន្ទៈស្រាវជ្រាវព្រះគម្ពីរ ហើយទទួលទានព្រះបន្ទូលនៃព្រះគ្រីស្ទ១៣—ដើម្បីសិក្សា ដោយស្មោះពីចិត្ត ដើម្បីទទួលបានអំណាចបន្ថែមទៀតទេ ? ប្រសិនបើបងប្អូនចង់ឲ្យភរិយាខ្លួនមានមោទនភាពចំពោះបងប្អូន ចូរឲ្យគាត់ឃើញថាបងប្អូនប្រើអ៊ិនធើរណែតដើម្បីសិក្សាគោលលទ្ធិនៃព្រះគ្រីស្ទ១៤ ឬ អានព្រះគម្ពីររបស់បងប្អូន !
តើបងប្អូនមានឆន្ទៈទៅថ្វាយបង្គំនៅក្នុងព្រះវិហារបរិសុទ្ធជាទៀងទាត់ឬទេ ? ព្រះអម្ចាស់សព្វព្រះទ័យបង្រៀនដោយផ្ទាល់នៅក្នុងដំណាក់ដ៏បរិសុទ្ធរបស់ទ្រង់ ។ ចូរសម្រៃថា តើទ្រង់សព្វព្រះទ័យប៉ុណ្ណា ប្រសិនបើបងប្អូនសុំទ្រង់ឲ្យបង្រៀនបងប្អូនអំពីកូនសោបព្វជិតភាព សិទ្ធិអំណាច និង អំណាច នៅពេលពេលបងប្អូនបានទទួលបទពិសោធន៍នៃពិធីបរិសុទ្ធនៃបព្វជិតភាពមិលគីស្សាដែកនៅក្នុងព្រះវិហារបរិសុទ្ធដ៏ពិសិដ្ឋ ។១៥ ចូរសម្រៃពីការកើនឡើងនៅក្នុងអំណាចបព្វជិតភាពដែលអាចក្លាយជារបស់បងប្អូន ។
តើបងប្អូនមានឆន្ទៈធ្វើតាមគំរូរបស់ប្រធានថូម៉ាស អេស ម៉នសុន ដើម្បីបម្រើអ្នកដទៃឬទេ ? ជាច្រើនទសវត្សរ៍មកហើយ លោកបានធ្វើកិច្ចការនានាដែលលោកមិនបានគ្រោងទុក ដោយធ្វើតាមការបំផុសគំនិតពីព្រះវិញ្ញាណ ទៅផ្ទះរបស់មនុស្សណាម្នាក់ ហើយក្រោយមកឮពាក្យពេចន៍ដូចជា « តើលោកដឹងថាថ្ងៃនេះជាខួបនៃមរណភាពរបស់កូនស្រីយើងដោយរបៀបណា ? » ឬ « តើលោកបានដឹងថ្ងៃនេះជាថ្ងៃខួបកំណើតខ្ញុំដោយរបៀបណា ? » ហើយប្រសិនបើបងប្អូនពិតជាចង់បានអំណាចបព្វជិតភាពបន្ថែមទៀតមែននោះ បងប្អូននឹងរីករាយ ហើយយកចិត្តទុកដាក់នឹងភរិយាខ្លួន ដោយឱបក្រសោបនាង និង ស្តាប់យោបល់របស់នាងដែរ ។
ឥឡូវ ប្រសិនបើអ្វីៗទាំងអស់នេះហាក់បីដូចជាច្រើនពេក ចូរពិចារណាថា តើទំនាក់ទំនងរវាងយើងជាមួយនឹងភរិយា កូនៗ ព្រមទាំងមិត្តរួមការងាររបស់យើងនឹងមានភាពខុសប្លែកគ្នាប៉ុណ្ណា ប្រសិនបើយើងជាមនុស្ស ដែល ខ្វល់ខ្វាយអំពីការទទួលបាននូវអំណាចបព្វជិតភាព ដូចយើងខ្វល់ខ្វាយធ្វើឲ្យការងាររីកចម្រើន ឬ បង្កើនសមតុល្យទឹកប្រាក់នៅក្នុងគណនីធនាគាររបស់យើងនោះ ។ ប្រសិនបើយើងនឹងបង្ហាញខ្លួនដោយរាបសាចំពោះព្រះអម្ចាស់ ហើយសុំទ្រង់ឲ្យបង្រៀនយើង នោះយើងនឹងបង្ហាញខ្លួនយើងពីរបៀបបង្កើនលទ្ធភាពរបស់យើងទៅកាន់ អំណាច របស់ទ្រង់ ។
នៅក្នុងជំនាន់ចុងក្រោយនេះ យើងដឹងថានឹងមានក្តីអំពល់ជាច្រើននៅកន្លែងផ្សេងៗ ។១៦ ប្រហែលជាកន្លែងទាំងនោះអាចជាក្នុងផ្ទះរបស់យើងផ្ទាល់ ជាទីដែល « វិបត្តិ » ខាងសតិអារម្មណ៍ ហិរញ្ញវត្ថុ ឬ ខាងវិញ្ញាណអាចកើតមានឡើង ។ អំណាចបព្វជិតភាពអាចបង្ក្រាបសមុទ្រឲ្យស្ងប់ ហើយធ្វើឲ្យបំណែកផែនដីឲ្យជាប់គ្នាវិញបាន ។ អំណាចបព្វជិតភាពក៏អាចធ្វើឲ្យចិត្តស្ងប់ ហើយព្យាបាលដួងចិត្តដែលឈឺចាប់របស់អ្នកដែលយើងស្រឡាញ់ ។
តើបងប្អូនមានឆន្ទៈអធិស្ឋាន តមអាហារ សិក្សា ស្វែងរក ថ្វាយបង្គំ ហើយបម្រើក្នុងនាមជាបុរសនៃព្រះ ប្រយោជន៍ឲ្យយើងអាចទទួលបានអំណាចបព្វជិតភាពបែបនោះដែរឬទេ ? ដោយសារក្មេងស្រីតូចពីរនាក់នោះ ពិតជាចង់ផ្សារភ្ជាប់ជាមួយគ្រួសារពួកគេជាខ្លាំង ឪពុក និង ប្អូនប្រុសរបស់ពួកគេមានឆន្ទៈបំពេញតាមតម្រូវការនានា ដើម្បីកាន់បព្វជិតភាពមិលគីស្សាដែកដ៏បរិសុទ្ធ ។
បងប្អូនប្រុសជាទីស្រឡាញ់របស់ខ្ញុំអើយ យើងត្រូវបានប្រទានឲ្យនូវការទុកចិត្តដ៏ពិសិដ្ឋនេះ—គឺសិទ្ធិអំណាចនៃព្រះដើម្បីប្រទានពរដល់អ្នកដទៃ ។ ចូរឲ្យយើងម្នាក់ៗ ក្រោកឡើងធ្វើជាបុរសដែលព្រះបានតែងតាំងយើងម្នាក់ៗពីមុនលោកិយ—ដើម្បីកាន់បព្វជិតភាពនៃព្រះ ដោយចិត្តក្លាហាន មានចិត្តចង់បង់ថ្លៃដល់តម្រូវការណាក៏ដោយ ដើម្បីបង្កើនអំណាចរបស់ខ្លួននៅក្នុងបព្វជិតភាព ។ ជាមួយ អំណាច នោះ យើងអាចជួយរៀបចំពិភលោកនេះសម្រាប់ការយាងមកជាលើកទីពីររបស់ព្រះអង្គសង្គ្រោះយើង គឺព្រះយេស៊ូវគ្រីស្ទ ។ នេះគឺជាសាសនាចក្ររបស់ទ្រង់ ដែលសព្វថ្ងៃនេះដឹកនាំដោយព្យាការីទ្រង់ គឺប្រធាន ថូម៉ាស អេស ម៉នសុន ដែលខ្ញុំស្រឡាញ់ និង គាំទ្រលោកយ៉ាងខ្លាំង ។ ខ្ញុំថ្លែងទីបន្ទាល់ដូច្នោះ ក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។