ឆ្នាំ ២០១០-២០១៩
តើកូនសោ និង សិទ្ធិអំណាចនៃបព្វជិតភាពនៅឯណា ?
ខែ មេសា 2016


14:6

តើកូនសោ និង សិទ្ធិអំណាចនៃបព្វជិតភាពនៅឯណា ?

សិទ្ធិអំណាច និងកូនសោបព្វជិតភាព អាចបញ្ឆេះម៉ាស៊ីន បើកទ្វាររបងស្ថានសួគ៌ សម្របសម្រួលអំណាចនៃស្ថានសួគ៌ ហើយផ្ដល់សេចក្ដីសញ្ញាដើម្បីយើងត្រឡប់ទៅឯព្រះវរបិតាសួគ៌វិញ ។

កាលព្រះអាទិត្យនារសៀលរដូវរងាបានលិចចុះនៅពីក្រោយជើងភ្នំលេងស្គីដ៏ធំល្វឹងល្វើយគ្របដណ្តប់ដោយព្រិល ស្រាប់តែខ្យល់ត្រជាក់មកពីភ្នំបានបក់ប៉ះនឹងថ្ពាល់ និងច្រមុះយើងហាក់ដូចជារុញច្រានយើងឲ្យទៅកាន់ចំណតរថយន្តនៅរម្យនីយដ្ឋានលេងស្គីនោះ ។ ទីនោះ យើងមានឡានរបស់យើងដែលមានម៉ាស៊ីនកំដៅសម្រាប់កំដៅចុងដៃចុងជើងដ៏ត្រជាក់បាន ។ សំឡេងសូរគ្រុបៗ កាលយើងបោះជំហានដើរនៅលើព្រិល នោះបានបញ្ជាក់ថា អាកាសធាតុត្រជាក់ខ្លាំងណាស់ ។

កូនប្រុសខ្ញុំ និងខ្ញុំបានជិះស្គីលេងតាមចំណោតយ៉ាងរីករាយពេញមួយថ្ងៃ ដែលឥឡូវនេះវាឡើងកកអស់ ។ ពេលមកដល់ឡានវិញ ខ្ញុំបានលូកដៃទៅក្នុងហោប៉ៅអាវធំរកកូនសោ ពីហោប៉ៅមួយទៅហោប៉ៅមួយ ។ « តើកូនសោនៅឯណា ? » គ្រប់គ្នារង់ចាំកូនសោនោះយ៉ាងអន្ទះសារ ! អាគុយឡាន និងប្រពន្ធ័ទាំងអស់— រួមទាំងម៉ាស៊ីនកំដៅ— បញ្ចូលថ្មពេញរងចាំតែដំណើរការ ប៉ុន្តែដោយគ្មានកូនសោ ទ្វារឡានបើកមិនបាន រីឯម៉ាស៊ីនក៏មិនអាចផ្ដល់ថាមពលដល់រថយន្តនោះបានដែរ។

ខណៈពេលនោះ ការផ្តោតសំខាន់បំផុតរបស់យើងគឺថា តើយើងអាចចូលក្នុងឡាន ហើយទទួលបានភាពកក់ក្តៅដោយរបៀបណា— ស្ថានភាពនោះ—បានជំរុញឲ្យខ្ញុំគិតថា វាគ្រាន់តែជាមេរៀនមួយប៉ុណ្ណោះ ។ ប្រសិនបើគ្មានកូនសោទេ ស្នាដៃវិស្វកម្មដ៏អស្ចារ្យនេះ គ្រាន់តែជាការរចនាផ្នែកផ្លាស្ទិច និង ដែកតូចតាចតែប៉ុណ្ណោះ។ ទោះជាឡានមានប្រយោជន៍ច្រើនក្ដី បើគ្មានកូនសោទេ វាពុំអាចដំណើការបានឡើយ ។

ដរាបណាខ្ញុំកាន់តែគិតអំពីបទពិសោធន៍នោះ ការប្រៀបធៀបនេះកាន់តែមានភាពស៊ីជម្រៅចំពោះខ្ញុំ ។ ខ្ញុំស្ងប់ស្ងែងអំពីក្តីស្រឡាញ់របស់ព្រះវបិតាសួគ៌ ដែលទ្រង់មានចំពោះបុត្រាបុត្រីទ្រង់ ។ ខ្ញុំពិតជាអស្ចារ្យយ៉ាងខ្លាំង ចំពោះការយាងមកជួប និងការនិមិត្តដ៏មហិមាអំពីភាពអស់កល្បដែលព្រះបានប្រទានដល់ យ៉ូសែប ស្មីធ ។ ហើយជាពិសេស ដួងចិត្តខ្ញុំពោរពេញដោយការដឹងគុណដ៏លើសលុប ចំពោះការស្តារឡើងវិញនៃសិទ្ធិអំណាចបព្វជិត និងកូនសោបព្វជិតភាព ។ បើគ្មានការស្ដារឡើងវិញនេះទេ យើងនឹងត្រូវជាប់សោពីខាងក្រៅឡាន ដែលចាំបាច់ដើម្បីនាំយើងត្រឡប់ទៅផ្ទះទៅជួបព្រះមាតាបិតាសួគ៌ាយើងវិញបានទេ ។ ការធ្វើរាល់ពិធីបរិសុទ្ធនៃការសង្គ្រោះដែលមានមាគ៌ានៃសេចក្ដីសញ្ញាយើងត្រឡប់ទៅរកព្រះវរបិតាគង់នៅស្ថានសួគ៌វិញ តម្រូវឲ្យមានការគ្រប់គ្រងត្រឹមត្រូវតាមរយៈកូនសោបព្វជិតភាព ។

ក្នុងខែ ឩសភា ឆ្នាំ ១៨២៩ យ៉ូហាន បាទីស្ទ បានមកជួបនឹងយ៉ូសែប ស៊្មីធ និង អូលីវើរ ខៅឌើរី បានប្រគល់ អំណាចបព្វជិភាពអើរ៉ុន និងកូនសោសម្រាប់បព្វជិតភាពនោះដល់ពួកគេ។ មិនយូរប៉ុន្មាន ពេត្រុស យ៉ាកុប និង យ៉ូហាន បានប្រគល់បព្វជិតភាពមិលគីស្សាដែក និងកូនសោរបស់បព្វជិតភាពនោះ ។

ជិតប្រាំពីរឆ្នាំក្រោយមកនៅថ្ងៃអាទិត្យក្នុងព្រះវិហារបរិសុទ្ធខឺតឡង់ គឺមួយសប្ដាហ៍បន្ទាប់ពីបានឧទ្ទិសឆ្លង « ព្រះអម្ចាស់យេហូវ៉ាលេចមកក្នុងសិរីល្អ » ដល់យ៉ូសែប និង អូលីវើរ ជាព្រឹត្តិការណ៍មួយបន្ទាប់ពីម៉ូសេ អេលីយ៉ាស និង អេលីយ៉ា ដែលបានប្រគល់ « កូនសោទាំងឡាយ និងគ្រាកាន់កាប់ត្រួតត្រារបស់លោក » ។ សិទ្ធិអំណាចបព្វជិតភាពដែលបានស្ដារឡើងវិញ និង កូនសោទាំងនេះបានបាត់បង់អស់ច្រើនសតវត្សរ៍ ។ គឺដូចគ្នាកាលដែលក្រុមគ្រួសាររបស់ខ្ញុំចូលឡានមិនបានដោយសារតែការបាត់កូនសោនោះដែរ នោះបុត្រាបុត្រីព្រះវរបិតាសួគ៌ទាំងអស់ត្រូវរារាំងពីគោលការណ៏ និង ពិធីបរិសុទ្ធនៃដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ—រហូតដល់សារទូតសួគ៌ាទាំងនេះបានធ្វើឲ្យមានការស្តារឡើងវិញមួយដ៏ទេវភាព ។ យើងនឹងមិនសួរថា « តើកូនសោនៅឯណា »ទៀតឡើយ ។

ទីតាំងការស្ដារឡើងវិញនៃបព្វជិតភាព
ទន្លេសុសគ្វីហាណា

កាលពីរដូវស្លឹកឈើជ្រុះដ៏ស្អាតឆ្នាំមុន ខ្ញុំបានទៅលេងព្រៃដ៏ស្ងប់ស្ងាត់នោះ ដែលមានទីតាំង នៅភាគឥសាន្ត រដ្ឋផែនសីលវេញ៉ា ដែលក្នុងព្រះគម្ពីរបានហៅថា ភូមិហាម៉ូនីជាកន្លែងដែល យ៉ូហាន បាទីស្ទ បានមកជួប យ៉ូសែប ស៊្មីធ និង អូលីវើរ ខៅឌើរី ហើយបានស្តារបព្វជិភាព អើរ៉ុនឡើងវិញ។ ខ្ញុំក៏បានឈរនៅលើច្រាំងទន្លេសុសគ្វីហាណា ដែល យ៉ូសែប និង អូលីវើរ បានទទួលសិទ្ធិអំណាច និងកូនសោ ហើយទទួលបុណ្យជ្រមុជទឹក ។ នៅក្បែរនេះត្រង់ទន្លេដដែល ពេត្រុស យ៉ាកុប និង យ៉ូហាន បានមក ហើយស្ដារបព្វជិតភាពមិលគីស្សាដែក និងកូនសោរបស់បព្វជិតភាពនោះ ។

ផ្ទះរបស់ យ៉ូសែប និង អិមម៉ា ស្ម៊ីធ
ផ្នែកខាងក្នុងនៃមជ្ឈមណ្ឌលទស្សនាការស្ដារឡើងវិញនៃបព្វជិតភាព
ផ្នែកខាងក្រៅនៃមជ្ឈមណ្ឌលទស្សនាការស្ដារឡើងវិញនៃបព្វជិតភាព

ទីតាំងទាំងនេះ ក៏ដូចជាផ្ទះទីមួយរបស់ យ៉ូសែប និង អិមម៉ា ដែលត្រូវគេសង់ឡើងវិញ ជាកន្លែងដែលព្រះគម្ពីរមរមនភាគច្រើនបានបកប្រែនៅទីនោះ ហើយក៏ជិតផ្ទះរបស់ឪពុកម្តាយអិមម៉ា និងមជ្ឈមណ្ឌលទស្សនា និងសំណង់សាលាប្រជុំថ្មីផងដែរ ជាកន្លែងមួយដែល រួមទាំងកន្លែងការស្តារបព្វភាពឡើងវិញ ហើយកន្លែងទាំងអស់នោះ បានឧទ្ទិសឆ្លងដោយប្រធាន រ័សុល អិម ណិលសុន ក្នុងខែ កញ្ញា ឆ្នាំមុន ។ នៅទីនោះ ខ្ញុំទទួលអារម្មណ៏ពីអំណាច និងភាពជាក់ស្តែង នៃព្រឹត្តិការណ៍សួគ៌ាដែលបានកើតឡើងក្នុងព្រៃពិសិដ្ឋនោះ ។ បទពិសោធន៍នោះបាននាំខ្ញុំឲ្យពិចារណា សិក្សា ហើយអធិស្ឋានអំពីសិទ្ធិអំណាច និងកូនសោបព្វជិតភាព ដែលធ្វើឲ្យខ្ញុំស្ញើចដោយមានបំណងចែកចាយជាមួយនឹងយុវជនយុវនារីនៃសាសនាចក្រអំពីរបៀបដែលសិទ្ធិអំណាច និង កូនសោបព្វជិតភាពដែលបានស្ដារឡើងវិញអាចឲ្យពរពួកគេ ។

ទីមួយ ការយល់ដឹងអំពីអ្វីទាំងនេះអាចនឹងមានប្រយោជន៍ ។ បព្វជិតភាព ឬសិទ្ធិអំណាចបព្វជិតភាពត្រូវបានកំណត់ជា « អំណាច និង សិទ្ធិអំណាចនៃព្រះ » និង « ជាអំណាចដ៏ខ្ពស់បំផុតលើផែនដីនេះ » ។ កូនសោបព្វជិតភាពក៏ត្រូវបានកំណត់ជាការយល់ដឹងរបស់យើងដែរ ៖ « កូនសោបព្វជិតភាពគឺជាសិទ្ធិអំណាចពីព្រះ ដែលបានប្រទានដល់ពួកអ្នកកាន់បព្វជិតភាពដើម្បីដឹកនាំ គ្រប់គ្រង និងត្រួតត្រាការប្រើប្រាស់បព្វជិតភាពទ្រង់នៅលើផែនដី » ។ កូនសោបព្វជិតភាពគ្រប់គ្រងលើការប្រើសិទ្ធិអំណាចបព្វជិតភាព ។ ពិធីបរិសុទ្ធដែលបានកត់ត្រាក្នុងសាសនាចក្រ តម្រូវឲ្យមានកូនសោ ហើយមិនអាចធ្វើឡើងដោយគ្មានការអនុញ្ញាតនោះទេ ។ អែលឌើរ ដាល្លិន អេក អូក បានបង្រៀនថា « នៅទីបំផុត រាល់កូនសោបព្វជិតភាពបានកាន់ដោយព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទ ដែលបព្វជិតភាពនេះជារបស់ផងទ្រង់ ។ ទ្រង់ជាអង្គដែលកំណត់ថាកូនសោណាមួយត្រូវប្រទានដល់មនុស្ស និងពីរបៀបប្រើប្រាស់កូនសោទាំងនោះ » ។

ឥឡូវនេះចំពោះប្អូនៗជាយុវជន និងយុវនារី ខ្ញុំបានគិតអំពីរបៀបបីយ៉ាងដែលប្អូនអាច « ស្វែងរកកូនសោ » ឬប្រើកូនសោ និងសិទ្ធិអំណាចបព្វជិតភាព ដើម្បីប្រទានពរដល់ជីវិតប្អូន និងរបស់មនុស្សដទៃ ។

ទីមួយគឺត្រូវរៀបចំខ្លួនបម្រើបេសកកម្ម

ក្មួយៗជាទីស្រឡាញ់ ប្រហែលក្មួយមិនដឹងទេ ប៉ុន្តែកូនសោនៃការប្រមូលរាស្ត្រអ៊ីស្រាអែលដែលម៉ូសេបានស្ដារឡើងវិញអាចធ្វើឲ្យមានកិច្ចការផ្សព្វផ្សាយសាសនាក្នុងគ្រាកាន់កាប់ត្រួតត្រាយើងនេះ ។ សូមគិតអំពី អ្នកផ្សព្វផ្សាយសាសនាពេញម៉ោងចំនួនប្រមាណ ៧៥,០០០ នាក់កំពុងបម្រើក្រោមការដឹកនាំនៃកូនសោទាំងនេះ ។ ពេលគិតពីរឿងនេះ ចូរចាំថា វាមិនមែនឆាប់ពេកទេដែលក្មួយត្រូវរៀបចំខ្លួនបម្រើបេសកកម្មនោះ ។ នៅក្នុង ដើម្បីកម្លាំងនៃយុវជន យើងអានថា « យុវជនកាន់បព្វជិតភាពអើរ៉ុន … ធ្វើការដោយឧស្សាហ៍ដើម្បីរៀបចំខ្លួនធ្វើជាអ្នកតំណាងព្រះអម្ចាស់ក្នុងនាមជាអ្នកផ្សព្វផ្សាយសាសនា » ។ យុវនារីក៏អាចរៀបចំខ្លួនបានដែរ ប៉ុន្តែប្អូន « មិនមានកាតព្វកិច្ចដូចគ្នាដើម្បីបម្រើ » ឡើយ ។ ការរៀបចំខ្លួនទាំងអស់របស់ប្អូន ទោះជាបម្រើជាអ្នកផ្សព្វផ្សាយសាសនាពេញម៉ោងឬអត់ ក៏នឹងផ្ដល់ប្រយោជន៍ដល់ប្អូនពេញមួយជីវិតក្នុងនាមជាសមាជិកអ្នកផ្សព្វផ្សាយសាសនាដែរ ។

របៀបទីពីរដើម្បី « ស្វែងរកកូនសោ » គឺត្រូវចូលព្រះវិហារបរិសុទ្ធ

កូនសោផ្សារភ្ជាប់ បានស្តារឡើងវិញដោយព្យាការីក្នុងព្រះគម្ពីរសញ្ញាចាស់ អេលីយ៉ា ធ្វើឲ្យពិធីបរិសុទ្ធអាចកើតឡើងបាននៅក្នុងព្រះវិហារបរិសុទ្ធ ។ ពិធីបរិសុទ្ធនានាដែលធ្វើឡើងក្នុងព្រះវិហារបរិសុទ្ធទាំងនេះអាចឲ្យបុគ្គល និងគ្រួសារត្រឡប់ទៅក្នុងវត្តមាននៃព្រះមាតាបិតាសួគ៌វិញបាន ។

យើងសូមលើកទឹកចិត្តក្មួយជាយុវជនយុវនារីឲ្យស្រាវជ្រាវ ហើយស្វែងរកឈ្មោះបុព្វការីជនរបស់ក្មួួ ហើយធ្វើបុណ្យជ្រមុជទឹកជំនួសពួកគាត់ក្នុងព្រះវិហារបរិសុទ្ធ ។ យើងកត់ចំណាំថា សកម្មភាពនេះត្រូវបានធ្វើឡើងរួចមកហើយក្នុងចំនួនមួយច្រើនជាងមុនពាសពេញពិភពលោក ! បន្ទប់ជ្រមុជទឹកក្នុងព្រះវិហារបរិសុទ្ធជាច្រើន ពេញដោយយុវជនយុវនារីតាំងព្រលឹមដល់ព្រលប់ ។ កូនសោត្រូវបានប្រគល់មកវិញ ដែលអនុញ្ញាតឲ្យគ្រួសារបានរួបរួមគ្នាពេលពិធីបរិសុទ្ធដ៏ពិសិដ្ឋបានធ្វើឡើងក្នុងព្រះវិហារបរិសុទ្ធទាំងនេះ ។

តើបងប្អូនអាចឃើញទំនាក់ទំនងរវាងកូនសោបព្វជិតភាព និងពរជ័យបព្វជិតភាពដែរឬទេ ? ពេលបងប្អូនរួមចំណែកក្នុងកិច្ចការនេះ ខ្ញុំគិតថា បងប្អូននឹងឃើញព្រះអម្ចាស់មានទំនាក់ទំនងក្នុងនេះដែរ ។ បទពិសោធន៍មួយបង្ហាញដូចនេះ ។ ថ្មីៗនេះខ្ញុំបានរៀនពីអ្នកម្ដាយមួយរូបដែលកំដរកូនៗរបស់គាត់ចូលព្រះវិហារបរិសុទ្ធដើម្បីធ្វើបុណ្យជ្រមុជទឹកជំនួស ។ នៅថ្ងៃនោះ កាលគ្រួសារនេះបានបញ្ចប់ការធ្វើបុណ្យជ្រមុជទឹក ហើយហៀបនឹងចាកចេញពីព្រះវិហារបរិសុទ្ធទៅ មានបុរសម្នាក់បានដើរចូលបន្ទប់ជ្រមុជទឹកដោយកាន់ឈ្មោះគ្រួសាររបស់គាត់មួយដុំធំ ។ ដោយដឹងថា គ្មាននរណាម្នាក់នៅក្នុងបន្ទប់ជ្រមុជទឹកទៀតដើម្បីជួយឈ្មោះគ្រួសារទាំងនេះ នោះអ្នកធ្វើការក្នុងព្រះវិហារបរិសុទ្ធបានបញ្ឈប់គ្រួសារដែលកំពុងដើរចេញ ហើយបានសុំក្មេងៗចូលក្នុងព្រះវិហារបរិសុទ្ធវិញ ហើយផ្លាស់សម្លៀកបំពាក់ម្ដងទៀតដើម្បីជួយធ្វើបុណ្យជ្រមុជទឹកទាំងនេះ ។ ពួកគេបានយល់ព្រមដោយពេញចិត្ត ហើយបានចូលក្នុងព្រះវិហារបរិសុទ្ធវិញ ។ ពេលក្មេងៗបានទទួលបុណ្យជ្រមុជទឹក ម្ដាយពួកគេស្ដាប់ ហើយចាប់ផ្ដើមឮឈ្មោះទាំងឡាយ ភ្លាមនោះគាត់បានភ្ញាក់ផ្អើលដោយស្គាល់ឈ្មោះគ្រួសាររបស់បុរសនោះ ជាជីដូនជីតាដែលបានស្លាប់របស់គ្រួសារគាត់ដែរ ។ នេះគឺជាសេចក្ដីមេត្តាករុណាដ៏ផ្អែមល្ហែម និង ទន់ភ្លន់សម្រាប់ពួកគេ ។

ពីរសប្ដាហ៍មុន ព្រះវិហារបរិសុទ្ធ ប្រូវ៉ូ ស៊ីធី សេនធើរ បានឧទ្ទិសឆ្លងជាព្រះវិហារបរិសុទ្ធទី ១៥០ ដែលកំពុងដំណើការ លើពិភពលោក ។ យើងកត់ចំណាំថា កាលប្រធាន ថូម៉ាស អេស ម៉នសុន ត្រូវបានគាំទ្រជាសាវកក្នុងឆ្នាំ ១៩៦៣ មានព្រះវិហារបរិសុទ្ធកំពុងដំណើការចំនួន ១២ ។ ព្រះវិហារបរិសុទ្ធមាននៅកាន់តែជិតកន្លែងដែលបងប្អូនរស់នៅ ។ ប៉ុន្តែ ចំពោះបងប្អូនដែលរស់នៅឆ្ងាយ ឬកាលៈទេសៈមិនអំណោយផលឲ្យចូលជាប្រចាំបាន បងប្អូនគួរតែរក្សាខ្លួនឲ្យសក្ដិសម ។ បងប្អូនអាចធ្វើកិច្ចការសំខាន់នៅក្រៅព្រះវិហារបរិសុទ្ធ នៅពេលបងប្អូនស្រាវជ្រាវ និង ផ្ញើឈ្មោះគ្រួសាររបស់បងប្អូនមកព្រះវិហារបរិសុទ្ធ ។

ជាចុងក្រោយនេះគឺរបៀបទីបី ៖ ឆ្ពោះទៅមុខដោយសេចក្ដីជំនឿ

ព្យាការី អ័ប្រាហាំ ក្នុងព្រះគម្ពីរសញ្ញាចាស់បានទទួលពរជ័យអស្ចារ្យពីព្រះអម្ចាស់ក្នុងគ្រាកាន់កាប់ត្រួតត្រារបស់លោក ដែលជួនកាលបានហៅថាសេចក្តីសញ្ញាអ័ប្រាហាំ ។ រាប់ពាន់ឆ្នាំក្រោយមក ពរជ័យនៃគ្រាកាន់កាប់ត្រួតត្រានៃដំណឹងល្អចំពោះអ័ប្រាហាំបានស្ដារឡើងវិញ ។ ការណ៍នេះកើតឡើងពេលព្យាការី អេលីយ៉ាស បានមកជួប យ៉ូសែប ស៊្មីធ និង អូលីវើរ ខៅឌើរី ក្នុងព្រះវិហារបរិសុទ្ធខឺតឡង់ ។

តាមរយៈការស្ដារឡើងវិញនេះ បងប្អូនម្នាក់ៗអាចបានពរជ័យដ៏អស្ចារ្យដែលបានសន្យាដល់អ័ប្រាហាំ ។ ពរជ័យទាំងនេះអាចក្លាយជារបស់បងប្អូន បើបងប្អូនបន្តស្មោះត្រង់ ហើយរស់នៅដោយសក្ដិសម ។ ក្នុងសៀវភៅ ដើម្បីកម្លាំងនៃយុវជន បងប្អូនបានទទួលការណែនាំសំខាន់អំពីរបៀប « ឆ្ពោះទៅមុខដោយសេចក្ដីជំនឿ » ។ ខ្ញុំសូមសង្ខេបដំបូន្មាននោះ ៖ « ដើម្បីជួយអ្នកឲ្យក្លាយទៅជាអ្វីដែលព្រះអម្ចាស់សព្វព្រះទ័យឲ្យអ្នកក្លាយទៅជា នោះចូរលុតជង្គង់អធិស្ឋានទៅកាន់ព្រះវរបិតារបស់អ្នកដែលគង់នៅឯស្ថានសួគ៌ជារៀងរាល់ព្រឹក និង យប់ ។ … ចូរសិក្សាព្រះគម្ពីរជារៀងរាល់ថ្ងៃ និងអនុវត្តអ្វីដែលអ្នកបានអាននៅក្នុងជីវិតរបស់អ្នក ។ … ចូរព្យាយាមជារៀងរាល់ថ្ងៃដើម្បីគោរពប្រតិបត្តិ ។ … ចូរតាមធ្វើតាមការបង្រៀនរបស់ពួកព្យាការីក្នុងគ្រប់កាលៈទេសៈទាំងអស់ ។ … ចូរបន្ទាបខ្លួន និងមានឆន្ទៈដើម្បីស្ដាប់តាមព្រះវិញ្ញាណបរិសុទ្ធ » ។

ដំបូន្មាននេះក៏មានការសន្យាមួយដែលនាំទៅរកការសន្យាដែលកើតមានតាមរយៈពរជ័យនៃលោកអ័ប្រាហាំ ៖ « ព្រះអម្ចាស់នឹងសម្រេចបានកាន់តែច្រើនថែមទៀត ចេញពីជីវិតរបស់អ្នក ជាជាងអ្នកអាចធ្វើបានដោយខ្លួនអ្នកផ្ទាល់ ។ ទ្រង់នឹងពង្រីកឱកាសរបស់អ្នក បន្ថែមទស្សនវិស័យរបស់អ្នក និង ចម្រើនកម្លាំងដល់អ្នក ។ ទ្រង់នឹងប្រទានដល់អ្នកនូវជំនួយ ដែលអ្នកត្រូវការ ស្របទៅតាម ការសាកល្បង និង ឧបសគ្គទាំងឡាយរបស់អ្នក ។ អ្នកនឹងទទួលបានទីបន្ទាល់កាន់តែរឹងមាំ និងរកឃើញអំណរដ៏ពិត នៅពេលដែលអ្នកចាប់ផ្តើមស្គាល់ព្រះវរបិតា ដែលគង់នៅឯស្ថានសួគ៌របស់អ្នក និងព្រះរាជបុត្ររបស់ទ្រង់ ព្រះយេស៊ូវគ្រីស្ទ ហើយទទួលអារម្មណ៍នៃសេចក្តីស្រឡាញ់របស់ទ្រង់ចំពោះអ្នក »

សង្ខេបមកវិញ ៖ រៀបចំខ្លួនដើម្បីបម្រើជាអ្នកផ្សព្វផ្សាយសាសនា ចូលរួមព្រះវិហារបរិសុទ្ធ ហើយឈានទៅមុខដោយជំនឿ ។

សេចក្ដីបញ្ចប់

ឥឡូវខ្ញុំនឹងបញ្ចប់រឿងត្រង់កន្លែងដែលយើងចាប់ផ្ដើម ដែលបានជាប់នៅក្នុងចំណតឡានដ៏ត្រជាក់ ដោយសួរថា « តើកូនសោនៅណា ? » ខ្ញុំបានរកឃើញកូនសោដោយអព្ភូតហេតុពេលក្រោយមកនាល្ងាចនោះ ដែលវាបានធ្លាក់ចេញពីហោប៉ៅខ្ញុំនៅលើភ្នំ ។ ព្រះអម្ចាស់បានបង្ហាញយើងថា ទ្រង់មិនទុកឲ្យយើងឈរក្នុងភាពត្រជាក់ខ្លាំង ដោយគ្មានកូនសោ ឬសិទ្ធិអំណាចដើម្បីដឹកនាំយើងដោយសុវត្ថិភាពទៅផ្ទះរកទ្រង់វិញនោះទេ ។

បើបងប្អូនដូចជាខ្ញុំ បងប្អូនអាចនឹងសួរខ្លួនឯងក្នុងជីវិតប្រចាំថ្ងៃថា « តើកូនសោនៅឯណា ? » ជាសោឡាន សោការិយាល័យ ឬសោផ្ទះ ។ កាលរឿងនេះកើតឡើងចំពោះខ្ញុំ ខ្ញុំមិនអាចទប់ចិត្តមិនញញឹមក្នុងចិត្តនោះទេ ព្រោះកាលខ្ញុំស្វែងរកកូនសោ ខ្ញុំឃើញថាខ្លួនខ្ញុំកំពុងបង្ហាញអំពីកូនសោបព្វជិតភាពដែលបានស្ដារឡើងវិញ និងអំពីប្រធាន ថូម៉ាស អេស ម៉នសុន ដែលយើងគាំទ្រ « ជាព្យាការី អ្នកមើលឆុត និង អ្នកទទួលវិវរណៈ » និងជា « បុគ្គលតែម្នាក់គត់ ដែលត្រូវបានអនុញ្ញាតឲ្យប្រើគ្រប់ទាំងកូនសោបព្វជិតភាពនៅលើផែនដី » ។ ពិតណាស់ កូនសោមានសុវត្ថិភាពកាលវានៅជាមួយនឹងព្យាការី អ្នកមើលឆុត និង អ្នកទទួលវិវរណៈ ។ វាត្រូវបានប្រគល់ឲ្យ ផ្ទេរសិទ្ធិ និងចាត់តាំងដល់បុគ្គលដទៃទៀត ស្របតាមព្រះឆន្ទៈព្រះអម្ចាស់ ក្រោមការដឹកនាំរបស់ប្រធាននៃសាសនាចក្រ ។

ខ្ញុំសូមថ្លែងទីបន្ទាល់ថា សិទ្ធិអំណាចបព្វជិតភាព និង កូនសោបព្វជិតភាពផ្ដល់អំណាច បើកទា្វរស្ថានសួគ៌ ឲ្យយើងអាចប្រើប្រាស់អំណាចស្ថានសួគ៌ ហើយផ្ដល់សេចក្ដីសញ្ញាដើម្បីយើងត្រឡប់ទៅឯព្រះវរបិតាសួគ៌វិញ ។

ខ្ញុំអធិស្ឋានសូមឲ្យប្អូនៗ ដែលជាជំនាន់កំពុងពេញវ័យនៃយុវជន និងយុវនារីនឹង « ឈានទៅមុខដោយខ្ជាប់ខ្ជួននៅក្នុងព្រះគ្រីស្ទ » ដែលឲ្យអ្នកអាចយល់ថា នេះជាឯកសិទ្ធិដ៏ពិសិដ្ឋរបស់អ្នកដើម្បីប្រព្រឹត្តនៅក្រោមការដឹកនាំនៃអ្នកទាំងឡាយដែលកាន់កូនសោបព្វជិតភាព ដែលនឹងចាក់បើកសោឲ្យអ្នកទទួលបានពរជ័យ អំណោយទាន និងអំណាចនៃស្ថានសួគ៌ ។

ខ្ញុំសូមថ្លែងទីបន្ទាល់អំពីព្រះជាព្រះវរបិតា ព្រះអង្គសង្គ្រោះ និង ព្រះអង្គប្រោសលោះ ព្រះយេស៊ូវគ្រីស្ទ ព្រះវិញ្ញាណបរិសុទ្ធ និងការស្ដារឡើងវិញនៃដំណឹងល្អនៅថ្ងៃចុងក្រោយនេះ នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។

កំណត់ចំណាំ

  1. សូមមើល យ៉ូសែប ស្ម៊ីធ--ប្រវត្តិ ១:៦៨–៧២ ។

  2. គោលលទ្ធិ និង សេចក្តីសញ្ញា ១១០ សេចក្ដីសង្ខេបកណ្ឌ ។

  3. សូមមើល គោលលទ្ធិ និង សេចក្តីសញ្ញា ១២៨:២០ ។

  4. ក្បួនខ្នាតភាគ ២ ៖ ការគ្រប់គ្រងសាសនាចក្រ ( ឆ្នាំ ២០១០ ) ទំព័រ ៨ ។

  5. ប៊យដ៍ ឃេ ផាកកឺ « Priesthood Power in the Home » ( worldwide leadership training meeting ខែ កុម្ភៈ ឆ្នាំ ២០១០ ) lds.org/broadcasts សូមផងដែរ ជែមស៍ អ៊ី ហ្វោស្ដ « Power of the Priesthood » Ensign ខែ ១៩៩៧ ទំព័រ ៤១–៤៣ ។

  6. ក្បួនខ្នាតភាគ ២ ចំណុច ២.១.១ ។

  7. ដាល្លិន អេក អូក « The Keys and Authority of the Priesthood » Liahona ខែ ឧសភា ឆ្នាំ ២០១៤ ទំព័រ ៥០ ។

  8. ដើម្បីកម្លាំងនៃយុវជន ( កូនសៀវភៅ ឆ្នាំ ២០១១ ) ទំព័រ ៤៣ ។

  9. ថូម៉ាស អេស ម៉នសុន « Welcome to Conference » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១២ ទំព័រ ៥ ។

  10. ដើម្បីកម្លាំងនៃយុវជន ទំព័រ ៤២–៤៣ ។

  11. See Officers Sustained forms read at annual ward and stake conferences.

  12. នីហ្វៃទី២ ៣១:២០ ។