ជំនាន់ទប់ទល់នឹងអំពើបាប
នៅពេលបងប្អូនបង្រៀន ដឹកនាំ ហើយស្រឡាញ់កុមារតូចៗ នោះបងប្អូនអាចទទួលបានវិវរណៈផ្ទាល់ខ្លួន ដើម្បីនឹងជួយបងប្អូនបង្កើត និងការពារដល់កូនចៅទប់ទល់នឹងអំពើបាបដោយអង់អាច ។
កាលពីមួយឆ្នាំកន្លះកន្លងទៅ ប្រធាន រ័សុល អិម ណិលសុន បានមានប្រសាសន៍អំពីតម្រូវការដើម្បី « បង្រៀន ហើយជួយបង្កើតនូវជំនាន់ទប់ទល់នឹងអំពើបាប » ។ ឃ្លានោះ—« ជំនាន់ទប់ទល់នឹងអំពើបាប »—បានទៅប៉ះចំសសៃខាងវិញ្ញាណនៅក្នុងខ្លួនខ្ញុំ ។
យើងគោរពដល់កុមារតូចៗដែលព្យាយាមរស់នៅក្នុងជីវិតបរិសុទ្ធ ហើយគោរពប្រតិបត្តិ ។ ខ្ញុំបានឃើញអំពីភាពរឹងមាំរបស់កុមារតូចៗជាច្រើននៅទូទាំងពិភពលោក ។ ពួកគេឈរយ៉ាងរឹងមាំ « ខ្ជាប់ខ្ជួន ហើយនឹងនរ » នៅក្នុងស្ថានភាព និងបរិស្ថានដែលលំបាកផ្សេងៗគ្នា ។ កុមារតូចៗទាំងនេះយល់អំពីអត្តសញ្ញាណដ៏ទេវភាពរបស់ខ្លួន ពួកគេបានដឹងពីសេចក្ដីស្រឡាញ់របស់ព្រះវរបិតាសួគ៌សម្រាប់ពួកគេ ហើយព្យាយាមគោរពតាមព្រះទ័យរបស់ទ្រង់ ។
ទោះជាយ៉ាងណាក៏ដោយ កុមារតូចៗដែលកំពុងពុះពារឈរ « ខ្ជាប់ខ្ជួន ហើយនឹងនរ » ហើយមានគំនិតទន់ភ្លន់ទាំងនេះ កំពុងតែត្រូវបានរងរបួស ។ ពួកគេត្រូវបានវាយប្រហារពីគ្រប់កន្លែងដោយ « ព្រួញភ្លើងទាំងឡាយរបស់មារសត្រូវ » ហើយកំពុងត្រូវការនូវការការពារ និងការគាំទ្រ ។ ពួកគេគឺជាការជម្រុញទឹកចិត្តដ៏លើសលុបសម្រាប់យើង ដើម្បីចូលរួម ហើយធ្វើសង្គ្រាមទាស់នឹងអំពើបាប នៅក្នុងការខិតខំរបស់យើងដើម្បីនាំកូនៗរបស់យើងទៅរកព្រះគ្រីស្ទ ។
សូមស្ដាប់ប្រសាសន៍របស់អែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី ជិត ៤៣ ឆ្នាំមកហើយ ៖
« ក្នុងនាមជាសមាជិកនៃសាសនាចក្រ យើងចូលរួមនៅក្នុងការតស៊ូដ៏ធំមួយ ។ យើងនៅក្នុងសង្គ្រាម ។ យើងបានចូលរួមនៅក្នុងបុព្វហេតុនៃព្រះគ្រីស្ទ ដើម្បីច្បាំងទាស់នឹងលូស៊ីហ្វើរ ។ …
« សង្គ្រាមដ៏ធំដែលរាលដាលពេញទិសទី ហើយជាអកុសលវាកំពុងតែនាំមនុស្សជាច្រើនឲ្យវង្វេង និងខ្លះស្លាប់ វាពុំមែនជារឿងថ្មីទេ ។ …
« ឥឡូវ គ្មាននរណាម្នាក់អាចនៅអព្យាក្រិតក្នុងសង្គ្រាមនេះបានទេ » ។
សព្វថ្ងៃនេះ នៅតែសង្គ្រាម ហើយវាកាន់តែខ្លាំងផងដែរ ។ យើងទាំងអស់គ្នាត្រូវចូលសមរភូមិ ហើយកូនៗរបស់យើង ស្ថិតនៅជួរមុខប្រយុទ្ធនឹងទ័ពមារសត្រូវ ។ ដូច្នេះ យើងមានតម្រូវការចាំបាច់ដើម្បីពង្រឹងយុទ្ធសាស្ត្រខាងវិញ្ញាណរបស់យើង ។
ការពង្រឹងកូនចៅយើងឲ្យធ្វើជាអ្នកទប់ទល់នឹងអំពើបាប គឺជាកិច្ចការ និងពរជ័យមួយសម្រាប់ឪពុកម្ដាយ ជីដូនជីតា សមាជិកគ្រួសារ គ្រូបង្រៀន និងថ្នាក់ដឹកនាំ ។ យើងម្នាក់ៗមានការទទួលខុសត្រូវដើម្បីជួយ ។ ទោះជាយ៉ាងណាក៏ដោយ ព្រះអម្ចាស់បានណែនាំដល់ឪពុកម្ដាយយ៉ាងច្បាស់លាស់ឲ្យបង្រៀនកូនៗរបស់ពួកគេឲ្យ « គោលលទ្ធិអំពីការប្រែចិត្ត សេចក្តីជំនឿជឿដល់ព្រះគ្រីស្ទ ជាព្រះរាជបុត្រានៃព្រះដ៏មានព្រះជន្មរស់នៅ និង អំពីបុណ្យជ្រមុជទឹក ព្រមទាំងអំពីអំណោយទានជាព្រះវិញ្ញាណបរិសុទ្ធ » និង « ឲ្យអធិស្ឋាន និង ឲ្យដើរដោយទៀងត្រង់នៅចំពោះព្រះអម្ចាស់ » ។
របៀបដើម្បី « ឲ្យចិញ្ចឹមកូនចៅ [ របស់យើង ] នៅក្នុងពន្លឺ និង សេចក្ដីពិត » អាចជាសំណួរដ៏ពិបាកមួយ ពីព្រោះវាមានលក្ខណៈផ្សេងៗគ្នាសម្រាប់គ្រួសារនីមួយៗ និងកូនម្នាក់ៗ ប៉ុន្តែព្រះវរបិតាសួគ៌ បានប្រទានការណែនាំជាសាកលដែលនឹងជួយដល់យើង ។ ព្រះវិញ្ញាណនឹងបំផុសគំនិតយើងតាមរបៀបដែលមានប្រសិទ្ធភាពបំផុត ដែលយើងអាចការពារកូនចៅរបស់យើងខាងវិញ្ញាណបាន ។
ដើម្បីចាប់ផ្ដើម ការមានទស្សនវិស័យអំពីសារៈសំខាន់នៃការទទួលខុសត្រូវនេះ គឺជាការចាំបាច់ណាស់ ។ យើងត្រូវតែយល់ពីអត្តសញ្ញាណដ៏ទេវភាព និងគោលបំណងរបស់យើង—និងរបស់ពួកគេ—ពីមុនយើងអាចជួយកូនចៅរបស់យើងមើលឃើញថាពួកគេជានរណា ហើយហេតុអ្វីក៏ពួកគេមកនៅទីនេះ ។ យើងត្រូវតែជួយពួកគេឲ្យដឹងដោយគ្មានចម្ងល់ថាពួកគេជាបុត្រា និងបុត្រីរបស់ព្រះវរបិតាសួគ៌ជាទីស្រឡាញ់ ហើយថាទ្រង់មានការរំពឹងទុកដ៏ទេវភាពពីពួកគេ ។
ទីពីរ ការយល់ពីគោលលទ្ធិនៃការប្រែចិត្ត គឺសំខាន់ណាស់ដើម្បីធ្វើជាអ្នកទប់ទល់នឹងអំពើបាប ។ ការធ្វើជាអ្នកទប់ទល់នឹងអំពើបាប ពុំមានន័យថាត្រូវគ្មានអំពើបាបសោះនោះទេ ប៉ុន្តែវាបង្ហាញពីការប្រែចិត្ត ការយកចិត្តទុកដាក់ និងមានភាពសក្ដិសមជាបន្ដបន្ទាប់ ។ ប្រហែលជាការធ្វើជាអ្នកទប់ទល់នឹងអំពើបាបកើតចេញជាពរជ័យមួយមកពីការទប់ទល់អំពើបាបដដែលៗ ។ ដូចជាយ៉ាកុបបាននិយាយថា « តស៊ូនឹងអារក្សវិញចុះ នោះវានឹងរត់ចេញពីអ្នករាល់គ្នាទៅ » ។
ពួកកងទ័ពកម្លោះ « មានចិត្តក្លាហានអង់អាចជាអតិបរមា … ប៉ុន្តែ មើលចុះ នេះពុំទាន់អស់នៅឡើយទេ—ពួកគេជាមនុស្ស …ស្មោះត្រង់គ្រប់ពេលវេលា ទោះនៅក្នុងកិច្ចការណាក៏ដោយ ដែលពួកគេទទួលផ្ទុក ។ មែនហើយ…ពួកគេត្រូវបានបង្ហាត់ឲ្យកាន់តាមព្រះបញ្ញត្តិទាំងឡាយនៃព្រះ ហើយឲ្យដើរដោយស្មោះត្រង់នៅចំពោះទ្រង់ » ។ យុវជនទាំងនេះបានចេញទៅធ្វើសង្គ្រាមដោយមានគុណធម៌ដូចជាព្រះគ្រីស្ទ ធ្វើជាអាវុធទាស់នឹងមារសត្រូវរបស់ពួកគេ ។ ប្រធាន ថូម៉ាស អេស ម៉នសុន បានរំឭកយើងថា « យើងទាំងអស់គ្នាចាំបាច់ត្រូវមានភាពក្លាហានជាប្រចាំ ។ ក្នុងជីវិតយើងរាល់ថ្ងៃ យើងត្រូវការភាពក្លាហាន—ពុំមែនគ្រាន់តែសម្រាប់ព្រឹត្តិការណ៍សំខាន់ប៉ុណ្ណោះទេ ប៉ុន្តែជាញឹកញាប់ នៅពេលយើងធ្វើការសម្រេចចិត្ត ឬ ឆ្លើយតបចំពោះស្ថានភាពនៅជុំវិញខ្លួនយើង » ។
កូនៗរបស់យើងពាក់អាវក្រោះខាងវិញ្ញាណ នៅពេលពួកគេបង្កើតគំរូនៃភាពជាសិស្សផ្ទាល់ខ្លួនប្រចាំថ្ងៃ ។ ប្រហែលជាយើងគិតខុសពីសមត្ថភាពរបស់កុមារតូច ដែលអាចមានគោលគំនិតនៃភាពជាសិស្សប្រចាំថ្ងៃ ។ ប្រធាន ហិនរី ប៊ី អាវរិង បានប្រឹក្សាដល់យើងឲ្យ « ចាប់ផ្ដើមតាំងពីក្មេង ហើយឲ្យខ្ជាប់ខ្ជួន » ។ ដូច្នេះគន្លឹះទីបីដើម្បីជួយកុមារតូចៗក្លាយជាអ្នកទប់ទល់នឹងអំពើបាប គឺត្រូវចាប់ផ្ដើមតាំងពីវ័យក្មេងឲ្យចេះស្រឡាញ់គោលលទ្ធិ និងគោលការណ៍គ្រឹះនៃដំណឹងល្អ—ចេញមកពីព្រះគម្ពីរ មាត្រានៃសេចក្តីជំនឿ កូនសៀវភៅ ដើម្បីកម្លាំងនៃយុវជន ចម្រៀងកុមារ ទំនុកតម្កើង និងទីបន្ទាល់ផ្ទាល់ខ្លួនរបស់យើង—ដែលនឹងដឹកនាំកុមារតូចៗទៅរកព្រះអង្គសង្គ្រោះ ។
ការបង្កើតទម្លាប់អធិស្ឋានដោយខ្ជាប់ខ្ជួន ការសិក្សាព្រះគម្ពីរ រាត្រីជួបជុំក្រុមគ្រួសារ និងការថ្វាយបង្គំថ្ងៃឈប់សម្រាកនាំទៅរកភាពពេញលេញ ភាពខ្ជាប់ខ្ជួននៅក្នុងខ្លួន និងមានតម្លៃសីលធម៌រឹងមាំ—ឬនិយាយម្យ៉ាងទៀតថា សេចក្ដីសុចរិតខាងវិញ្ញាណ ។ នៅក្នុងពិភពលោកសព្វថ្ងៃនេះ ដែលសេចក្ដីសុចរិតបានបាត់រូបរាង កូនចៅរបស់យើងត្រូវយល់ពីអ្វីជាសេចក្ដីសុចរិតពិត ហើយហេតុអ្វីវាសំខាន់ម្ល៉េះ—ជាពិសេសនៅពេលយើងរៀបចំពួកគេឲ្យចុះ និងរក្សាសេចក្ដីសញ្ញាដ៏ពិសិដ្ឋនៅឯពិធីបុណ្យជ្រមុជទឹក និងនៅក្នុងព្រះវិហារបរិសុទ្ធ ។ ដូចដែលសៀវភៅប្រកាសដំណឹងល្អរបស់យើងបានបង្រៀន « ការរក្សាការតាំងចិត្ត រៀបចំមនុស្ស [ រួមទាំងមនុស្សវ័យក្មេងទាំងអស់ ] ដើម្បីចុះ និងរក្សាសេចក្ដីសញ្ញាពិសិដ្ឋរបស់ពួកគេ » ។
អែលឌើរ ជែហ្វ្រី អ័រ ហូឡិន បានបង្រៀនថា « នៅពេលដែលយើងនិយាយអំពីការរក្សាសេចក្តីសញ្ញា នោះ យើងនិយាយអំពីគោលបំណងនៃដួងចិត្ត និង ព្រលឹងរបស់យើងនៅក្នុងជីវិតរមែងស្លាប់នេះ » ។ មានអំណាចអស្ចារ្យនៅក្នុងការចុះ និងការរក្សាសេចក្ដីសញ្ញាជាមួយព្រះវរបិតាសួគ៌របស់យើង ។ មារសត្រូវដឹងពីរឿងនេះ ដូច្នេះវាបានធ្វើឲ្យគោលគំនិតនៃការធ្វើសេចក្ដីសញ្ញាមានភាពស្មុគស្មាញ ។ ការជួយកុមារតូចៗឲ្យយល់ ធ្វើ និងរក្សាសេចក្ដីសញ្ញាពិសិដ្ឋ គឺជាគន្លឹះមួយទៀតនៅក្នុងការបង្កើតជំនាន់ទប់ទល់នឹងអំពើបាប ។
តើយើងរៀបចំកូនចៅរបស់យើងដើម្បីចុះ និងរក្សាសេចក្ដីសញ្ញាពិសិដ្ឋ នៅពេលពួកគេចូល ហើយរីកចម្រើននៅលើផ្លូវនៃសេចក្ដីសញ្ញាយ៉ាងដូចម្ដេច ? ការបង្រៀនកុមារតូចៗឲ្យរក្សាការសន្យាសាមញ្ញៗនៅពេលពួកគេនៅក្មេង នឹងអនុញ្ញាតឲ្យពួកគេរក្សាសេចក្ដីសញ្ញាបរិសុទ្ធក្នុងជីវិតនាពេលអនាគត ។
ខ្ញុំសូមចែកចាយពីគំរូសាមញ្ញមួយ ៖ នៅក្នុងរាត្រីជួបជុំក្រុមគ្រួសារ ឪពុកម្នាក់បានសួរថា « តើយើងអាចចុះសម្រុងគ្នាក្នុងគ្រួសារដោយរបៀបណា ? » លីហ្សី អាយុ ប្រាំឆ្នាំ បានរអ៊ូរទាំថា បងប្រុសរបស់នាង ខេវិន ញេះញ៉ោះនាងច្រើនណាស់ ហើយធ្វើឲ្យនាងមិនចូលចិត្ត ។ ខេវិន បានសារភាពដោយស្ទាក់ស្ទើរថា លីហ្សី និយាយត្រូវហើយ ។ ម្ដាយរបស់ខេវិន បានសួរគាត់ពីអ្វីដែលគាត់អាចធ្វើដើម្បីត្រូវនឹងប្អូនស្រីកាន់តែល្អ ។ ខេវិន បានគិត ហើយបានសម្រេចចិត្តថា គាត់សន្យានឹងលេហ្សីថា គាត់នឹងឈប់ញ៉េះញ៉ោះនាងពេញមួយថ្ងៃ ។
នៅរាត្រីនៃថ្ងៃបន្ទាប់ ពេលគ្រប់គ្នាមកជួបជុំគ្នាដើម្បីអធិស្ឋានជាគ្រួសារ ឪពុកខេវិនបានសួរខេវិនថា តើគាត់ធ្វើបានយ៉ាងណាដែរពីការសន្យារបស់គាត់ ។ ចម្លើយរបស់ខេវិនគឺថា « ប៉ា ខ្ញុំបានរក្សាការសន្យារបស់ខ្ញុំហើយ ! » លេហ្សីបានយល់ស្របយ៉ាងរីករាយ ហើយគ្រួសារទាំងមូលបានអបអរសាទរដល់ខេវិន ។
បន្ទាប់មកម្ដាយរបស់ខេវិនបានផ្ដល់យោបល់ថា ប្រសិនបើគាត់អាចរក្សាការសន្យាក្នុងមួយថ្ងៃបាន ហេតុអ្វីក៏គាត់មិនធ្វើវាឲ្យបានពីរថ្ងៃ ? ខេវិន បានយល់ព្រមសាកល្បង ។ ពីរថ្ងៃបានកន្លងផុត ខេវិន បានជោគជ័យក្នុងការរក្សាសន្យារបស់គាត់ ហើយលេហ្សី កាន់តែមានអំណរគុណ ! នៅពេលឪពុករបស់គាត់បានសួរថា ហេតុអ្វីបានជាគាត់រក្សាការសន្យាបានល្អយ៉ាងនេះ ខេវិន តបថា « ខ្ញុំរក្សាការសន្យារបស់ខ្ញុំដោយសារខ្ញុំបាននិយាយថាខ្ញុំនឹងរក្សាវា » ។
ជោគជ័យតូចមួយ ដូចជាជោគជ័យក្នុងការរក្សាការសន្យា នាំទៅរកសេចក្ដីសុចរិត ។ ការហាត់រក្សាការសន្យាដោយខ្ជាប់ខ្ជួន គឺជាការរៀបចំខាងវិញ្ញាណដើម្បីកូនចៅទទួលយកសេចក្ដីសញ្ញានៃពិធីបុណ្យជ្រមុជទឹកដំបូងរបស់ពួកគេ និងអំណោយទានព្រះវិញ្ញាណបរិសុទ្ធ ដែលពួកគេធ្វើសេចក្ដីសញ្ញាថាបម្រើព្រះ និងរក្សាបទបញ្ញត្តិរបស់ទ្រង់ ។ ការសន្យា និងសេចក្ដីសញ្ញា គឺពុំដាច់ពីគ្នានោះទេ ។
នៅក្នុងគម្ពីរដានីយ៉ែល យើងរៀនអំពីសាដ្រាក់ មែសាក់ និង អ័បេឌ-នេកោ បានបដិសេធមិនគោរពរូបសំណាករបស់ស្ដេចនេប៊ូគ្នេសា ។ ស្ដេចបានព្រមានពួកគេថា ពួកគេនឹងត្រូវបោះទៅដុតក្នុងគុកភ្លើង ដែលឆេះយ៉ាងសន្ធៅប្រសិនបើពួកគេមិនធ្វើតាម ។ ពួកគេបានបដិសេធ ហើយនិយាយថា ៖
« បើជាយ៉ាងនោះមែន នោះព្រះនៃយើងខ្ញុំ ដែលយើងខ្ញុំគោរពប្រតិបត្តិតាម ទ្រង់អាចនឹងជួយឲ្យខ្ញុំរួចពីគុកភ្លើង ដែលឆេះយ៉ាងសន្ធៅបានហើយ ។ …
« តែបើមិនជួយទេ នោះសូមឲ្យទ្រង់ព្រះករុណាជ្រាបថា យើងខ្ញុំមិនព្រមគោរពតាមព្រះរបស់ទ្រង់ឡើយ » ។
« តែបើមិនជួយទេ » ។ ចូរពិចារណាអំពីន័យនៃពាក្យមួយឃ្លានេះ និងរបៀបដែលពួកគេនិយាយពីការរក្សាសេចក្ដីសញ្ញាទាំងឡាយ ។ យុវជនទាំងបីនាក់នេះ ពុំបានផ្អែកការគោរពប្រតិបត្តិរបស់ពួកគេទៅលើការរំដោះឲ្យរួចនោះទេ ។ ទោះជាពួកគេពុំជួយឲ្យរួចក្ដី ក៏ពួកគេនឹងរក្សាការសន្យារបស់ពួកគេចំពោះព្រះអម្ចាស់ដែរ ដោយសារពួកគេបាននិយាយថាពួកគេនឹងរក្សាតាម ។ ការរក្សាសេចក្ដីសញ្ញារបស់យើង គឺឯករាជ្យពីស្ថានភាពរបស់យើងជានិច្ច ។ យុវជនទាំងបីរូបនេះ ក៏ដូចជាកងទ័ពកម្លោះ គឺជាគំរូដ៏អស្ចារ្យចំពោះកូនចៅ របស់យើងអំពីប្រឆាំងនឹងអំពើបាប ។
តើគំរូទាំងនេះអនុវត្តនៅក្នុងគេហដ្ឋារបស់យើង និងក្រុមគ្រួសារយើងយ៉ាងដូចម្ដេច ? « មួយបន្ទាត់ម្ដងៗ មួយសិក្ខាបទម្ដងៗ » យើងជួយកុមារតូចៗទទួលជោគជ័យនៅក្នុងកិច្ចការតូចៗ ។ នៅពេលពួកគេរក្សាការសន្យារបស់ខ្លួន នោះពួកគេជ្រួតជ្រាបដោយព្រះវិញ្ញាណនៅក្នុងជីវិតពួកគេ ។ អែលឌើរ យ៉ូសែប ប៊ី វ៉ឺតលីន បានបង្រៀនថា « រង្វាន់ដ៏ធំបំផុតនៃសុចរិតភាព គឺភាពជាដៃគូដ៏ខ្ជាប់ខ្ជួននៃព្រះវិញ្ញាណបរិសុទ្ធ » ។ បន្ទាប់មកនឹងជា « ទំនុកចិត្តដ៏រឹងមាំនៅក្នុងវត្តមានរបស់ព្រះ » ។ ចេញមកពីប្រភពនៃសេចក្ដីសុចរិត នឹងកើតមាននូវជំនាន់ទប់ទល់នឹងអំពើបាបដោយមានអានុភាព ។
បងប្អូនប្រុសស្រី សូមនៅកៀកនឹងកូនចៅរបស់បងប្អូន—នៅឲ្យកៀកដើម្បីពួកគេមើលឃើញពីឥរិយាបទសាសនាប្រចាំថ្ងៃរបស់បងប្អូន ហើយមើលពីរក្សាការសន្យា និងសេចក្ដីសញ្ញារបស់បងប្អូន ។ « កុមារតូចៗគឺជាអ្នកចម្លងតាមដ៏អស្ចារ្យ ដូច្នេះសូមឲ្យពួកគេចម្លងនូវអ្វីដែលអស្ចារ្យ » ។ ប្រាកដណាស់ យើងកំពុងជួយបង្រៀន និងបង្កើតជំនាន់ប្រឆាំងនឹងអំពើបាបថ្វាយព្រះអម្ចាស់ ពីការសន្យាមួយទៅការសន្យាមួយ និងពីសេចក្ដីសញ្ញាមួយទៅសេចក្ដីសញ្ញាមួយ ។
ខ្ញុំសូមថ្លែងទីបន្ទាល់ថា ព្រះយេស៊ូវគ្រីស្ទដឹកនាំសាសនាចក្រនេះ ។ នៅពេលបងប្អូនបង្រៀន ដឹកនាំ ហើយស្រឡាញ់កុមារតូចៗតាមរបៀបរបស់ព្រះអង្គសង្គ្រោះ នោះបងប្អូនអាចទទួលបានវិវរណៈផ្ទាល់ខ្លួន ដើម្បីនឹងជួយបងប្អូនបង្កើត និងការពារដល់កូនចៅទប់ទល់នឹងអំពើបាបដោយអង់អាច ។ ខ្ញុំសូមអធិស្ឋានឲ្យកូនចៅរបស់ពួកយើងនឹងស្ដាប់ឮពាក្យសម្ដីរបស់នីហ្វៃថា « តើព្រះអង្គនឹងធ្វើឲ្យទូលបង្គំញ័រនៅចំពោះអំពើបាបឬទេ ? » ខ្ញុំសូមថ្លែងទីបន្ទាល់ថា ព្រះអង្គសង្គ្រោះបានធ្វើដង្វាយធួនសម្រាប់អំពើបាបនៃពិភពលោក—ដោយសារទ្រង់បានមានបន្ទូលថាទ្រង់នឹងធ្វើ—ហើយថាទ្រង់ស្រឡាញ់យើងជាងយើងជាមនុស្សជីវិតរមែងស្លាប់អាចយល់បាន—ដោយសារទ្រង់មានបន្ទូលថាទ្រង់នឹងធ្វើ ។ នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។