ឆ្នាំ ២០១០-២០១៩
ទុកចិត្ត​លើ​ព្រះ​ដោយ​ឥត​ងាក​រេ
ខែ មេសា ឆ្នាំ ២០១៧


11:9

ទុកចិត្ត​លើ​ព្រះ​ដោយ​ឥត​ងាក​រេ

ប្រសិន​បើ​យើង​ខ្ជាប់​ខ្ជួន ហើយ​ឥត​ងាករេ​ក្នុង​ជំនឿ​យើង ព្រះអម្ចាស់​នឹង​​បង្កើន​សមត្ថភាព​យើង​ឲ្យ​យក​ឈ្នះ​លើ​ឧបសគ្គ​ក្នុង​ជីវិត ។

បងប្អូន​ប្រុស​ស្រី​ជា​ទី​ស្រឡាញ់ ខ្ញុំ​ចង់​ចាប់​ផ្ដើម​សារ​លិខិត​ខ្ញុំ​នៅ​ថ្ងៃ​នេះ ដោយ​ថ្លែង​ទីបន្ទាល់​ថា ខ្ញុំ​ដឹង​ថា ប្រធាន ថូម៉ាសអេស ម៉នសុន គឺជា​ព្យាការី​របស់​ព្រះ​នៅ​ជំនាន់​យើង​ ។ ទីប្រឹក្សា​របស់​លោក​ក្នុង​គណៈប្រធាន​ទីមួយ និង​ពួក​សាវក​ដប់​ពីរនាក់​ក៏​ជា​ពួក​ព្យាការី ពួក​អ្នក​មើល​ឆុត និង​ពួក​អ្នក​ទទួល​វិវរណៈ​ដែរ ។ ពួក​លោក​តំណាង​ឲ្យ​ព្រះអម្ចាស់​ ព្រះយេស៊ូវ​គ្រីស្ទ ហើយ​មាន​សិទ្ធិ​ប្រកាស​ពី​ព្រះទ័យ និងព្រះឆន្ទៈ​របស់​ទ្រង់​ដែល​បាន​បើក​សម្ដែង​ដល់​ពួកលោក ។ ខ្ញុំ​សូម​ថ្លែ​ងទីបន្ទាល់​ថា ការ​ធ្វើ​តាម​ការ​ប្រឹក្សា​របស់​ពួក​លោក​នាំ​ឲ្យ​មាន​សុវត្ថិភាព ។ ព្រះអម្ចាស់​កំពុង​បំផុស​គំនិត​ពួក​លោក​ឲ្យ​គូស​បញ្ជាក់​ពី​ការ​ពង្រឹង​ជំនឿ​របស់​យើង​លើ​ព្រះវរបិតា​សួគ៌ និង​ព្រះរាជបុត្រា​ទ្រង់ ព្រះយេស៊ូវ​គ្រីស្ទ និង​ដង្វាយ​ធួ​ន​របស់​ទ្រង់ ដើម្បី​យើង​មិន​ងាក​រេ កាល​យើង​ជួប​ឧបសគ្គ​នៅ​ជំនាន់​យើង​នេះ ។

ក្នុង​ព្រះគម្ពីរ​មរមន យើង​បាន​អាន​អំពី​បុរស​ម្នាក់​ឈ្មោះ អាំម៉ូន ដែល​បាន​បញ្ជូន​មក​ពី​ដែនដី​សារ៉ាហិមឡា ទៅ​កាន់​ដែនដី​លីហៃ​-នីហ្វៃ​ដើម្បី​សួរ​ទាក់​ទង​នឹង​បងប្អូន​របស់​លោក ។ នៅ​ទី​នោះ​លោក​បាន​រក​ឃើញ​ស្តេច លីមហៃ និង​រាស្ត្រ​របស់​ទ្រង់​ដែល​ត្រូវ​​ពួកសាសន៍​លេមិន​ចាប់​ឃុំ​ឃាំង ។ ស្តេច​ លីមហៃ ត្រូវ​បាន​លើក​ទឹក​ចិត្ត​ដោយសារ​រឿង​ដែល​ អាំម៉ូន បាន​ចែក​ចាយ​អំពី​ប្រជាជន​របស់​លោក​នៅសារ៉ាហិមឡា ។ ព្រះទ័យ​របស់​ទ្រង់ ពោរ​ពេញ​ដោយ​ក្ដី​សង្ឃឹម និង​អំណរ​ដ៏​ខ្លាំង​​រហូត​ទ្រង់​បាន​ប្រមូល​រាស្ត្រ​ទ្រង់​ទៅ​ព្រះវិហារ​បរិសុទ្ធ ហើយ​មាន​បន្ទូល​ថា

« ហេតុ​ដូច្នេះ​ហើយ ចូរ​អ្នក​រាល់​គ្នា​ងើបមុខ​ឡើង ហើយ​អរ​រីករាយ​ចុះ ហើយ​ដាក់​ទី​ទុក​ចិត្ត​របស់​អ្នក​ទៅ​លើ​ព្រះ ។ …

« … ប្រសិន​បើ​អ្នក​រាល់​គ្នា​បែរ​ត្រឡប់​មក​រក​ព្រះ​អម្ចាស់​ដោយ​ស្មោះ​ពី​ចិត្ត…ហើយ​បម្រើ​ទ្រង់​ឲ្យ​អស់​ពី​ការ​ព្យាយាម​នៃ​គំនិត​វិញ… ទ្រង់​នឹង​ដោះ​លែង​អ្នក​ឲ្យ​រួច​ផុត​ពី​សេវក​ភាព ស្រប​តាម​បំណង និង​ព្រះ​ហឫទ័យ​របស់​ទ្រង់ » ។

ជំនឿ​នៃ​រាស្ត្រ​របស់​ស្តេច​លីមហៃ បាន​រង​ឥទ្ធិពល​យ៉ាង​ខ្លាំង​មក​ពី​សម្ដី​របស់​អាំម៉ូន រហូត​ពួកគេ​បាន​ធ្វើ​សេចក្ដីសញ្ញាមួយ​នឹង​ព្រះ​ដើម្បី​បម្រើ​ទ្រង់ ហើយ​គោរព​បទបញ្ញត្តិ​ទ្រង់ មិន​ថា​ពួកគេ​មាន​ស្ថានភាព​លំបាក​បែប​ណា​នោះ​ទេ ។ ដោយសារ​ជំនឿ​របស់​ពួកគេ ពួកគេ​អាច​បង្កើត​ផែនការ​មួយ រត់​គេច​ខ្លួន​រួចពី​កណ្ដាប់​ដៃ​របស់​ពួក​សាសន៍​លេមិន ។

សូម​ពិចារណា​ពី​សារៈសំខាន់​នៃ​ការ​អញ្ជើញ​ដែល​ស្ដេច​លីមហៃ​បាន​ធ្វើ​ដល់​រាស្ត្រ​ទ្រង់ និង​ភាព​ពាក់ព័ន្ធ​របស់​វា​ចំពោះ​យើង ។ ទ្រង់​បាន​មាន​បន្ទូល​ថា ​« ហេតុ​ដូច្នេះ​ហើយ ចូរ​អ្នក​រាល់​គ្នា​ងើបមុខ​ឡើង ហើយ​អរ​រីករាយ​ចុះ ហើយ​ដាក់​ទី​ទុក​ចិត្ត​របស់​អ្នក​ទៅ​លើ​ព្រះ » ។ជាមួយ​នឹង​បន្ទូល​ទាំងនេះ លីមហៃ​បាន​អញ្ជើញ​រាស្ត្រ​ទ្រង់​ឲ្យ​មើល​ទៅ​អនាគតកាល​ តាមរយៈ​ភ្នែក​នៃ​ជំនឿ ដើម្បី​ប្ដូរ​ការ​ភ័យ​ខ្លាច​របស់​ពួកគេ​នឹង​សុទិដ្ឋិនិយម​នៃ​ក្ដី​សង្ឃឹម​ដែល​កើត​មក​ពី​ជំនឿ ហើយ​មិន​ងាក​រេ​ក្នុង​ការ​ទុកចិត្ត​លើ​ព្រះ​នៅ​គ្រប់​ស្ថានភាព ។

ជីវិត​រមែងស្លាប់​គឺជា​គ្រា​មួយ​នៃ​ការ​សាកល្បង​ដែល​យើង​ត្រូវ​បង្ហាញ​ឲ្យ​ឃើញ ថាតើ​យើង​នឹង​ធ្វើ​គ្រប់​រឿង​ដែល​ព្រះអម្ចាស់​ជា​ព្រះ​នៃ​យើង​នឹង​បង្គាប់​ឲ្យ​យើង​ធ្វើ​ដែរ​ទេ ។ ការ​ណ៍​នេះ​នឹង​តម្រូវ​ឲ្យ​មាន​ជំនឿ​ឥត​ងាក​រេ​លើ​ព្រះគ្រីស្ទ ទោះ​ស្ថិត​ក្នុង​គ្រា​ដ៏​លំបាក​ក្ដី ។ វា​នឹង​តម្រូវ​ឲ្យ​យើង​ដើរ​ឆ្ពោះ​ទៅ​មុខ​ដោយ​មាន​ជំនឿ​ខ្ជាប់​ខ្ជួន​លើ​ព្រះគ្រីស្ទ ដោយ​ដឹកនាំ​ដោយ​ព្រះវិញ្ញាណ និង​ដោយ​ទុក​ចិត្ត​ថា ព្រះ​នឹង​ប្រទាន​ដល់​សេចក្ដី​ត្រូវ​ការ​យើង ។​

នៅ​ចុង​បញ្ចប់​នៃ​ការងារ​បម្រើ​លើ​ផែនដី​របស់​ទ្រង់ ពី​មុន​ពេល​គេ​យក​ទ្រង់​ទៅ​ដាក់​ឃុំ ព្រះអង្គ​សង្គ្រោះ​បាន​បង្រៀន​ពួក​សិស្ស​ទ្រង់​ថា « នៅ​លោកីយ៍​នេះ នោះ​អ្នក​រាល់​គ្នា​មាន​សេចក្តី​វេទនា​មែន ប៉ុន្តែត្រូវ​សង្ឃឹម​ឡើង ដ្បិត​ខ្ញុំ​បាន​ឈ្នះ​លោកីយ៍​ហើយ » ។

សូម​ពិចារណា​មួយ​ភ្លែត​ជាមួយ​នឹង​ខ្ញុំ—ព្រះយេស៊ូវ​គ្រីស្ទ ជា​ព្រះរាជបុត្រា​សំណប់តែ​មួយគត់​​របស់ព្រះវរបិតា បាន​រស់​នៅ​ក្នុង​ជីវិត​ឥត​បាប ហើយ​យក​ឈ្នះ​រាល់​ការ​ល្បួង ការ​ឈឺចាប់ ឧបសគ្គ និង​ការ​រងទុក្ខ​ទាំងឡាយ​នៃ​លោកិយ ។ ទ្រង់​បាន​បង្ហូរ​ព្រះលោហិត​ក្នុង​សួនច្បារគែតសេម៉ានី ទ្រង់​បាន​រង​ទុក្ខនូវ​ការ​ឈឺចាប់​គួរ​ឲ្យ​ស្ញែងខ្លាច​ដែល​រក​ពាក្យ​ថ្លែង​ពុំ​បាន ។ ទ្រង់​បាន​លើក​ដាក់​លើ​អង្គ​ទ្រង់​នូវ​រាល់​ការ​ឈឺចាប់ និង​ជំងឺ​ទាំងឡាយ​របស់​យើង ។ ទ្រង់​ត្រៀម​ជា​ស្រេច​ដើម្បី​ជួយ—យើង​ម្នាក់ៗ—ជាមួយ​នឹង​បន្ទុក​គ្រប់​យ៉ាង ។ តាមរយៈ​ព្រះជន្ម​ ការ​រងទុក្ខ ការ​សុគត និង​ការ​មាន​ព្រះជន្ម​ឡើង​វិញ​របស់​ទ្រង់ ទ្រង់​បាន​ដក​យក​រាល់​ឧបសគ្គ​ដែល​រារាំង​ដល់​ភាព​រីករាយ និង​ការ​ស្វែង​រក​សុភមង្គល​របស់​យើង​នៅ​លើ​ផែនដី​នេះ ។ អត្ថប្រយោជន៍​នៃពលិកម្ម​ដ៏​ធួន​របស់​ទ្រង់​ត្រូវ​បាន​ផ្ដល់​ដល់​ជន​ដែល​ទទួល​យក​ទ្រង់ ហើយ​បដិសេធ​ខ្លួន​​ឯង និង​ជន​ដែល​ផ្ទុក​ឈើ​ឆ្កាង​ទ្រង់ ហើយធ្វើ​តាម​ទ្រង់​ ជា​អ្នក​ដើរ​តាម​ទ្រង់​ដ៏​ពិត ។ ហេតុ​ដូច្នេះ កាល​យើង​អនុវត្ត​ជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ និង​ដង្វាយ​ធួន​ទ្រង់ យើង​នឹង​ទទួល​បាន​កម្លាំង បន្ទុក​យើង​នឹង​ស្រាល ហើយ​តាមរយៈ​ទ្រង់​ យើង​នឹង​​ឈ្នះ​លើ​លោកិយ​នេះ ។

បងប្អូន​ប្រុស​ស្រី កាល​យើង​គិត​ពី​កម្លាំង និង​ក្ដី​សង្ឃឹម​ដែល​យើង​អាច​ទទួល​ពី​ព្រះអង្គ​សង្គ្រោះ យើង​មាន​ហេតុផល​ដើម្បី​ងើប​មុខយើង​ឡើង អរ​រីករាយ ហើយ​ដើរ​ឆ្ពោះ​ទៅ​មុខ​ដោយ​ឥត​ងាក​រេ « ដ្បិត​អ្នក​ណា​ដែល​សង្ស័យ នោះ​ប្រៀប​ដូច​ជា​រលក​សមុទ្រ​ដែល​ត្រូវ​ផាត់​ដោយ​ខ្យល់ ទាំង​រំពើក​ចុះ​ឡើង ។… ដ្បិត​អ្នក​នោះ​ជា​មនុស្ស​មាន​ចិត្ត ២ ចេះ​តែ​សាវា​ក្នុង​គ្រប់​ទាំង​ផ្លូវ » ។

ដូច​គ្នា​នេះ​ដែរ ​ស្ដេច​លីមហៃ​បាន​លើក​ទឹក​ចិត្ត​ថា ​ចូរ« បែរ​ត្រឡប់​មក​រក​ព្រះ​អម្ចាស់​ដោយ​ស្មោះ​ពី​ចិត្ត… ហើយ​បម្រើ​ទ្រង់​ឲ្យ​អស់ពី​ការ​ព្យាយាម​នៃ​គំនិត​វិញ ប្រសិន​បើ​អ្នក​រាល់​គ្នា​ធ្វើ​យ៉ាង​នេះ ទ្រង់​នឹង​ដោះ​លែង​អ្នក​ឲ្យ​រួច​ផុត​ពី​សេវក​ភាព ស្រប​តាម​បំណង និង​ព្រះ​ហឫទ័យ​របស់​ទ្រង់ » ។

សូម​ស្ដាប់​បន្ទូល​ផ្ទាល់​របស់​ព្រះអង្គ​សង្គ្រោះ កាល​ទ្រង់​អង្វរ​ដល់​យើង​ថា

« កុំ​ឲ្យ​ចិត្ត​អ្នក​រាល់​គ្នា​ថប់​បារម្ភ​ឡើយ អ្នក​រាល់​គ្នា​ជឿ​ដល់​ព្រះ​ហើយ ចូរ​ជឿ​ដល់​ខ្ញុំ​ដែរ ។ …

« បើ​អ្នក​រាល់​គ្នា​ស្រឡាញ់​ខ្ញុំ ចូរ​កាន់​តាម​បញ្ញត្តិ​ខ្ញុំ​ចុះ ។ …

« អ្នក​ណា​ដែល​មាន​បញ្ញត្តិ​របស់​ខ្ញុំ ហើយ​កាន់​តាម គឺ​អ្នក​នោះ​ហើយ​ដែល​ស្រឡាញ់​ខ្ញុំ ឯ​អ្នក​ណា​ដែល​ស្រឡាញ់​ខ្ញុំ នោះ​ជា​ទី​ស្រឡាញ់​នៃ​ព្រះវរបិតា​ខ្ញុំ​ហើយ ខ្ញុំ​នឹង​ស្រឡាញ់​អ្នក​នោះ​ដែរ ក៏​នឹង​សម្ដែង​ខ្លួន​ឲ្យ​អ្នក​នោះ​ស្គាល់​ផង » ។

ព្រះ​ប្រទាន​ពរ​យើង​ស្រប​តាម​ជំនឿ​យើង ។ ជំនឿ​គឺជា​ប្រភព​នៃ​ការ​រស់​នៅ​ជាមួយ​នឹង​បំណង និង​ទស្សនវិស័យ​ដ៏​អស់​កល្ប​នៃ​ព្រះ ។ ជំនឿ​គឺ​ជា​គោលការណ៍​អនុវត្តមួយ​ដែល​បំផុស​ឲ្យមានភាព​ឧស្សាហ៍​ព្យាយាម ។ វា​គឺជា​កម្លាំង​មួយ​ដ៏​សំខាន់ ហើយ​រស់​រវើក​នៅ​ក្នុង​​ឥរិយាបថ និង​បំណង​ប្រាថ្នា​វិជ្ជមាន​ដើម្បី​​ធ្វើ​រឿងគ្រប់​យ៉ាង​ដែល​ព្រះ និង​ព្រះយេស៊ូវ​គ្រីស្ទ​សុំ​ដល់​យើងដោយស្ម័គ្រ​ចិត្ត ។ វា​ធ្វើ​ឲ្យ​យើង​លុត​ជង្គង់​ចុះ​ដើម្បី​ទទូច​អង្វរ​សូម​ការ​ដឹកនាំ ហើយ​ក្រោក​ឡើង​ធ្វើ​សកម្មភាព​ដោយ​ទំនុក​ចិត្ត ដើម្បី​សម្រេច​កិច្ចការ​នានា​ស្រ​បតាម​ព្រះទ័យ​ទ្រង់ ។

ច្រើន​ឆ្នាំ​កន្លង​ទៅ កាល​កំពុង​បម្រើ​ជា​ប្រធាន​បេសកកម្ម ខ្ញុំ​បាន​ទទួល​​ការ​ហៅ​ទូរសព្ទ​មួយ​មក​ពី​ឪពុក​ម្ដាយ​របស់​អ្នក​ផ្សព្វផ្សាយ​ជា​ទីស្រឡាញ់​របស់​យើង​ម្នាក់ ដោយ​ប្រាប់​ខ្ញុំ​អំពី​ការ​ស្លាប់​នៃ​ប្អូន​ស្រី​គាត់ ។ នៅ​គ្រា​ដ៏​ឈឺចាប់​នោះ ខ្ញុំ​ចាំ​ថា អ្នក​ផ្សព្វផ្សាយ​សាសនា​នោះ​ និង​ខ្ញុំ​បាន​ពិភាក្សា​អំពី​ផែនការ​នៃ​សេចក្ដីសង្គ្រោះ​ដ៏​អស្ចារ្យ​របស់​ព្រះ​សម្រាប់​កូនចៅ​ទ្រង់ និង​របៀប​ដែល​ចំណេះដឹង​នេះ​នឹង​លួង​លោម​ចិត្ត​គាត់ ។

ទោះ​ជា​គាត់ស្រឡាំង​កាំង ហើយ​សោកសៅ​​ដោយ​រឿង​អកុសល​នោះ​ក្ដី ក៏​អ្នក​ផ្សព្វផ្សាយ​សាសនា​រូបនេះ—បាន​រីករាយ​នៅ​ក្នុង​ជីវិត​ប្អូន​ស្រី​គាត់​ដែរ—តាមរយៈ​ទឹកភ្នែកនៃ​ជំនឿ​របស់​គាត់​លើ​ព្រះ—បាន​រីករាយ​សម្រាប់​ជីវិត​របស់​ប្អូន​ស្រី​គាត់ ។ គាត់​បានប​ង្ហាញ​ការ​ជឿជាក់​ឥត​ងាករេ​លើ​សេចក្ដី​មេត្តាករុណាដ៏​ទន់​ភ្លន់​របស់​ព្រះអម្ចាស់ ។ គាត់​បាន​ប្រាប់​ខ្ញុំ​ដោយ​ប្ដេជ្ញា​ចិត្ត​ថា គាត់​នឹង​បន្ត​បម្រើ​បេសកកម្ម​គាត់​ឲ្យ​អស់​ពី​ជំនឿ និង​ចិត្ត​ឧស្សាហ៍​ ដើម្បី​មាន​ភាពសក្ដិសម​ទទួល​បាន​ការ​សន្យា​ដែល​ព្រះ​មាន​ដល់​គាត់ និង​គ្រួសារ​គាត់ ។ នៅ​គ្រា​ដ៏​លំបាក​នេះ អ្នក​ផ្សព្វផ្សាយ​សាសនា​ស្មោះ​ត្រង់​ម្នាក់​នោះ​បាន​បង្វែរ​ចិត្ត​គាត់​ទៅ​រក​ព្រះ បាន​ដាក់​ការ​ទុក​ចិត្ត​ទាំង​ស្រុង​លើ​ទ្រង់ ហើយ​បាន​ធ្វើ​ការ​តាំង​ចិត្ត​ជា​ថ្មី​ដើម្បី​បម្រើ​ទ្រង់ឲ្យ​អស់​ពីការ​ព្យាយាម ។

ប្រសិន​បើ​យើង​ពុំ​បាន​ចាក់​ឫសដោយ​ការ​ទុក​ចិត្ត​ដ៏​ខ្ជាប់​ខ្ជួន​​លើ​ព្រះ និង​បំណង​ប្រាថ្នា​បម្រើ​ទ្រង់​ទេ បទពិសោធន៍​ឈឺចាប់​នានា​នៃ​ជីវិត​រមែង​ស្លាប់​អាច​នាំ​យើង​ឲ្យ​មាន​អារម្មណ៍ដូចជា​យើងមាន​បន្ទុក​ដោយ​សារ​នឹម​មួយ​ដ៏​ធ្ងន់ ហើយ​យើង​អាច​បាត់​បង់​ការ​លើក​ទឹក​ចិត្ត​ដើម្បីរស់​នៅ​តាម​ដំណឹងល្អ​ឲ្យ​បាន​ពេញ​លេញ ។​ ដោយ​គ្មាន​ជំនឿ នៅ​ទីបំផុត​យើង​នឹង​បាត់បង់​សមត្ថភាពក្នុង​ការ​ឲ្យ​តម្លៃដល់​​​ការ​រៀបចំ​ទាំងឡាយ​នៃ​ព្រះ​របស់​យើង​អំពី​រឿង​ដែលនឹង​កើត​ឡើង​ក្រោយ​មក​ទៀត​នៅ​ក្នុង​ជីវិត​យើង ។​

នៅ​គ្រា​សាកល្បង​ទាំងនេះ ​មារសត្រូវ—ដែល​តែង​តែ​​ឃ្លាំ​មើល—ព្យាយាម​ប្រើ​​ការ​វិនិច្ឆ័យ និង​ការ​យល់ឃើញ​របស់​យើង​ទាស់​នឹង​យើង ។ វា​ព្យាយាម​ធ្វើ​ឲ្យ​យើង​ជឿ​ថា ការ​រស់​នៅ​តាម​គោលការណ៍​ទាំង​ឡាយ​នៃដំណឹងល្អ​គឺ​ឥត​ប្រយោជន៍ ។ សូម​ចងចាំ​ថា ការ​វិនិច្ឆ័យ​របស់​មនុស្ស « មិន​ទទួល​សេចក្តី​ខាង​ឯ​ព្រះវិញ្ញាណនៃ​ព្រះ​ទេ ពី​ព្រោះ​ជា​សេចក្តី​ល្ងង់ល្ងើ​ដល់​គេ » ។ សូម​ចងចាំ​ថា សាតាំង « គឺជា​ខ្មាំង​សត្រូវ ​[របស់] ​ព្រះ ហើយ ​[វា] ​ប្រឆាំង​នឹងទ្រង់​ឥតឈប់​ឈរ ហើយ​អញ្ជើញ និង​ញុះញង់ [យើង] ​ឲ្យ​ធ្វើ​បាប ហើយ​ឲ្យ​ធ្វើ​អ្វី​ដែល​អាក្រក់​ឥត​ឈប់​ឈរ​សោះ​ឡើយ » ។ យើង​មិន​ត្រូវ​បណ្ដោយ​ឲ្យ​វា​បោក​បញ្ឆោត​យើង​បាន​ឡើយ ពីព្រោះ​កាល​យើង​ឲ្យ​វា​បោក​បញ្ឆោក យើង​ធ្វើ​ឲ្យ​ជំនឿ​យើង​ធ្លាក់​ចុះ ហើយ​បាត់​បង់​អំណាច​ទទួល​បាន​ពរជ័យ​របស់​ព្រះ ។

ប្រសិន​បើ​យើង​ខ្ជាប់​ខ្ជួន ហើយ​ឥត​ងាករេ​ក្នុង​ជំនឿ​យើង ព្រះអម្ចាស់​នឹង​​បង្កើន​សមត្ថភាព​យើង​ឲ្យ​យក​ឈ្នះ​លើ​ឧបសគ្គ​ក្នុង​ជីវិត ។ យើង​នឹង​មាន​លទ្ធភាព​ទប់​ស្កាត់​ការ​សម្រេចចិត្ត​អវិជ្ជមាន ហើយ​យើង​នឹង​អភិវឌ្ឍ​លទ្ធភាព​ដើម្បី​យក​ឈ្នះ ទោះ​ជា​វាទំនង​ជា​ឧបសគ្គ​ដ៏​ធំ​ក្ដី ។ នេះគឺជា​អ្វី​ដែល​ជួយ​រាស្ត្រ​របស់​ស្តេច​លីមហៃធ្វើ​ការ​គេច​ខ្លួន​ដ៏​អស្ចារ្យ​មួយ​ចេញ​ពី​ពួក​សាសន៍​លេមិន ។

ខ្ញុំ​សូម​អញ្ជើញ​បងប្អូន​ឲ្យ​ដាក់​ការទុក​ចិត្ត​ទាំង​ស្រុង​លើ​ព្រះ និង​លើ​ការ​បង្រៀន​របស់​ពួក​ព្យាការី​ទ្រង់ ។ ខ្ញុំ​សូម​អញ្ជើញ​បងប្អូន​ឲ្យ​រំឭក​សេចក្ដី​សញ្ញា​ជាមួយ​នឹង​ព្រះ បម្រើ​ទ្រង់​ឲ្យ​អស់​ពី​ដួង​ចិត្ត​បងប្អូន មិនថា​ស្ថានភាព​នៃ​ជីវិត​នេះ​ស្មុគស្មាញ​យ៉ាង​ណា​នោះ​ទេ ។ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា តាមរយៈ​អំណាច​នៃ​ជំនឿ​ឥត​ងាក​រេ​របស់​បងប្អូន​លើ​ព្រះគ្រីស្ទ បងប្អូន​នឹង​បាន​រួច​ពី​សេវកភាព​នៃ​អំពើបាប ភាព​សង្ស័យ ការ​ឥត​ជំនឿ អពមង្គល ការ​រងទុក្ខ ហើយ​បងប្អូន​នឹង​ទទួល​រាល់​ពរជ័យ​ដែល​បាន​សន្យា​មក​ពី​ព្រះវរបិតា​ជា​ទីស្រឡាញ់​នៃយើង ។

ខ្ញុំសូម​​ធ្វើ​ទីបន្ទាល់​ថា ព្រះ​មាន​ពិត ។ ទ្រង់មាន​ព្រះជន្មរស់ ។ ទ្រង់​ស្រឡាញ់​យើង ។ ទ្រង់​ព្រះសណ្ដាប់​ការ​អធិស្ឋាន​យើង​ក្នុង​គ្រា​យើង​មាន​សុភមង្គល និង​គ្រា​យើង​មាន​ភាព​សង្ស័យ ភាព​សោកសៅ និង​ភាព​អស់​សង្ឃឹម ។ ខ្ញុំ​សូម​ធ្វើ​ជា​សាក្សី​ថា ព្រះយេស៊ូវគ្រីស្ទ គឺជា​ព្រះអង្គ​សង្គ្រោះ​នៃ​ពិភពលោក ។ ទ្រង់ជាអង្គប្រោសលោះរបស់​យើង ។

ខ្ញុំ​សូម​បញ្ចប់​សុន្ទរកថា​របស់​ខ្ញុំ​នៅ​ថ្ងៃ​នេះ​ជាមួយ​នឹង​ទំនុក​ច្រៀង​ក្នុង​ទំនុក​តម្កើង​បទ « Not Now but in the Coming Years » ​ដែលមាន​នៅ​ក្នុង​ទំនុក​តម្កើង​ជា​ភាសា​ព័រទុយហ្គាល់ ៖

បើពពក​បាំងពន្លឺ​ព្រះអាទិត្យ​ចូល​ក្នុង​ចិត្ត​យើង

បើ​ការ​ឈឺចាប់​ធ្វើ​ឲ្យយើង​រង​ទុក្ខ មិន​ថ្វី​ទេ មិន​យូរ​ យើង​នឹង​បាន​ស្គាល់​ទ្រង់ ។

ព្រះយេស៊ូវ​សូម​ដឹកនាំ​យើង​ដោយ​ព្រះហស្ត​ទ្រង់ ហើយ​ទ្រង់​នឹង​ប្រាប់​​យើង​ពី​ហេតុផល

បើ​យើង​ស្ដាប់សំឡេង​ទ្រង់ នោះទ្រង់​នឹង​ប្រាប់​យើង​ ។

ទុក​ចិត្ត​លើ​ព្រះ​ដោយ​ឥត​ងាក​រេ ហើយ​ឲ្យ​ទ្រង់​គាំទ្រ​យើង

ច្រៀង​ពី​សិរីរុង​រឿងដ៏​និរន្ដរ៍​របស់ទ្រង់ ដ្បិត​ទ្រង់​នឹង​ពន្យល់​នៅ​ពេល​ក្រោយ ។

ខ្ញុំ​សូម​និយាយ​ការណ៍​ទាំងនេះ នៅក្នុង​ព្រះនាម​ដ៏​ពិសិដ្ឋ​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន។