ការប្រមូលផ្ដុំគ្រួសាររបស់ព្រះ
ព្រះជាព្រះវរបិតាចង់ឲ្យបុត្រាបុត្រីទ្រង់ត្រឡប់ទៅផ្ទះវិញ ជាគ្រួសារ និង ក្នុងសិរីល្អ ។
បងប្អូនប្រុសស្រីជាទីស្រឡាញ់ ខ្ញុំរីករាយចំពោះឱកាសនៅជាមួយបងប្អូននៅពេលចាប់ផ្ដើមសម័យប្រជុំនៃសន្និសីទទូទៅនេះ ។ ខ្ញុំសូមស្វាគមន៍បងប្អូនយ៉ាងកក់ក្ដៅ ។
សន្និសីទទូទៅតែងតែជាពេលនៃការប្រមូលផ្ដុំពួកបរិសុទ្ធថ្ងៃចុងក្រោយ ។ តាំងពីយូរមកហើយ សាសនាចក្រមានលទ្ធភាពប្រមូលផ្ដុំពួកបរិសុទ្ធនៅទីតាំងមួយ ប៉ុន្តែព្រះអម្ចាស់បានប្រទានមធ្យោបាយសម្រាប់ពរជ័យនៃសន្និសីទទូទៅ ដើម្បីចាក់ផ្សាយទៅគ្រប់ទីកន្លែងដែលបងប្អូននៅ ។ ទោះជាវាជារឿងគួរឲ្យរំភើបដែលបានឃើញពួកបរិសុទ្ធមកប្រជុំគ្នាក្នុងមជ្ឈមណ្ឌលសន្និសីទដ៏ធំនេះក្ដី យើងដែលជាអ្នកឈរនៅលើវេទិកានេះ ក៏តែងតែគិតស្រមៃដល់មនុស្សរាប់លាននាក់ ដែលប្រមូលផ្ដុំគ្នាជាមួយយើងនៅជុំវិញពិភពលោកដើម្បីមើល ហើយស្ដាប់សន្និសីទនេះដែរ ។ បងប្អូនជាច្រើននាក់ប្រមូលផ្ដុំគ្នាជាមួយគ្រួសារ អ្នកខ្លះទៀតជាមួយមិត្តភក្ដិ ឬ សមាជិកសាសនាចក្រ ។
មិនថាបងប្អូននៅទីណា និងមិនថាបងប្អូនស្ដាប់ឮសំឡេងខ្ញុំតាមរបៀបណានោះទេ សូមដឹងថា ទោះជាបងប្អូនមិននៅទីនេះជាមួយយើងក្ដី យើងមានអារម្មណ៍ថា បងប្អូនរួបរួមជាមួយយើងខាងវិញ្ញាណ ។ យើងសង្ឃឹមថា បងប្អូននឹងមានអារម្មណ៍រួបរួមជាមួយយើង—ថាបងប្អូននឹងមានអំណាចខាងវិញ្ញាណ ដែលកើតចេញពី គ្រប់ទីកន្លែងដែលក្រុមអ្នកជឿប្រមូលផ្ដុំគ្នានៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ ។
ថ្ងៃនេះ ខ្ញុំមានការបំផុសគំនិតឲ្យថ្លែងទៅកាន់បងប្អូន អំពីការប្រមូលផ្ដុំមួយប្រភេទទៀត ។ ការប្រមូលផ្ដុំប្រភេទនេះមិនគ្រាន់តែកើតឡើងរាល់ប្រាំមួយខែម្ដង ដូចសន្និសីទទូទៅប៉ុណ្ណោះទេ ។ ផ្ទុយទៅវិញ វាបានបន្តឥតឈប់ឈរចាប់តាំងពីជំនាន់ដំបូងនៃការស្ដារឡើងវិញនៃសាសនាចក្រមកម៉្លេះ ហើយវាត្រូវបានពន្លឿននៅប៉ុន្មានឆ្នាំចុងក្រោយនេះ ។ ខ្ញុំសំដៅទៅលើ ការប្រមូលផ្ដុំគ្រួសាររបស់ព្រះ ។
ដើម្បីពិពណ៌នាអំពីការប្រមូលផ្ដុំនេះ វាជារឿងល្អដែលគួរចាប់ផ្ដើមនិយាយអំពីគ្រាពីមុនយើងកើតមក គឺពីមុនអ្វីដែលព្រះគម្ពីរប៊ីបហៅថា « ដើមដំបូង » ទៀតឯណោះ ( លោកុប្បត្តិ ១:១ ) ។ គ្រានោះ យើងបានរស់នៅជាមួយព្រះវរបិតាសួគ៌ជាកូនវិញ្ញាណរបស់ទ្រង់ ។ រឿងនេះពិតសម្រាប់មនុស្សគ្រប់រូប ដែលបានរស់នៅលើផែនដីនេះ ។
បងប្អូនឃើញទេ ពាក្យ « បងប្អូនប្រុស » និង « បងប្អូនស្រី » មិនគ្រាន់តែជាពាក្យនៃការគោរពដ៏រាក់ទាក់ ឬ ដែលមានក្ដីស្រឡាញ់ប៉ុណ្ណោះទេ ។ ពាក្យទាំងនេះគឺជាការបង្ហាញពីសេចក្ដីពិតអស់កល្បជានិច្ចមួយគឺ ៖ ព្រះគឺពិតជាព្រះវរបិតានៃមនុស្សលោកទាំងអស់ យើងគឺជាសមាជិកម្នាក់ៗក្នុងគ្រួសារអស់កល្បជានិច្ចរបស់ទ្រង់ ។ ដោយសារតែទ្រង់ស្រឡាញ់យើងដោយក្ដីស្រឡាញ់នៃព្រះវរបិតាដ៏ឥតខ្ចោះ ទើបទ្រង់សព្វព្រះទ័យឲ្យយើងរីកចម្រើន ហើយឆ្ពោះទៅមុខ ហើយប្រែក្លាយដូចទ្រង់ ។ ទ្រង់បានបង្កើតផែនការមួយដែលតម្រូវឲ្យយើងមកកើតលើផែនដីជាគ្រួសារ ហើយទទួលបទពិសោធន៍នានា ដែលរៀបចំយើងឲ្យត្រឡប់ទៅឯទ្រង់វិញ ហើយមានជីវិតដូចទ្រង់ ។
ធាតុសំខាន់ក្នុងផែនការនេះគឺជាការសន្យាថា ព្រះយេស៊ូវគ្រីស្ទនឹងពលីព្រះកាយទ្រង់ជាការពលិកម្ម ដើម្បីសង្គ្រោះយើងពីអំពើបាប និង សេចក្ដីស្លាប់ ។ ការងាររបស់យើងនៅក្នុងផែនការនោះ គឺត្រូវទទួលយកការពលិកម្មរបស់ព្រះអង្គសង្គ្រោះ តាមរយៈការគោរពប្រតិបត្តិតាមក្រឹត្យវិន័យ និង ពិធីបរិសុទ្ធនៃដំណឹងល្អ ។ បងប្អូន និង ខ្ញុំបានទទួលយកផែនការនេះ ។ ប្រាកដណាស់ យើងបានរីករាយនឹងផែនការនេះ ទោះជាយើងត្រូវចេញពីវត្តមានព្រះវរបិតា ទាំងភ្លេចនូវអ្វីគ្រប់យ៉ាងដែលយើងមានជាមួយទ្រង់ក្ដី ។
យើងមិនបានមកកើតលើផែនដីដោយគ្មានការយល់ដឹងអ្វីបន្តិចនោះទេ ។ យើងម្នាក់ៗត្រូវបានប្រទានឲ្យនូវចំណែកនៃពន្លឺរបស់ព្រះ ដែលថាហៅ « ពន្លឺនៃព្រះគ្រីស្ទ » ដើម្បីជួយយើងឲ្យបែងចែករវាងល្អ និង អាក្រក់ ត្រូវ និង ខុស ។ នេះជាមូលហេតុដែលអ្នកទាំងឡាយដែលរស់នៅដោយមានចំណេះដឹងតែបន្តិច ឬ គ្មានសោះ អំពីផែនការរបស់ព្រះវរបិតា ក៏នៅតែអាចដឹងក្នុងចិត្តពួកគេថា អំពើខ្លះគឺត្រឹមត្រូវ មានសីលធម៌ ខណៈដែលអំពើខ្លះទៀតពុំមាន ។
ការញាណដឹងរបស់យើងអំពីអ្វីដែលត្រូវ និង ខុស ហាក់ដូចជាកាន់តែច្បាស់ ជាពិសេសនៅពេលយើងចិញ្ចឹមបីបាច់កូនៗ ។ ឪពុកម្ដាយស្ទើរតែគ្រប់រូប មានបំណងបង្រៀនកូនៗខ្លួនអំពីគុណធម៌ខាងសីលធម៌ ។ នេះគឺជាចំណែកនៃអព្ភូតហេតុក្នុងផែនការនៃសេចក្ដីសង្គ្រោះរបស់ព្រះវរបិតាសួគ៌ ។ ទ្រង់សព្វព្រះទ័យឲ្យបុត្រាបុត្រីទ្រង់មកកើតលើផែនដី ដោយធ្វើតាមលំនាំអស់កល្បជានិច្ចនៃគ្រួសារដែលមាននៅស្ថានសួគ៌ ។ គ្រួសារគឺជាស្ថាប័ននៅស្ថានដ៏អស់កល្ប ដូច្នេះទ្រង់សព្វព្រះទ័យឲ្យស្ថាប័នទាំងនោះក្លាយជាស្ថាប័នសំខាន់លើផែនដីដែរ ។ ទោះជាគ្រួសារលើផែនដីមិនល្អឥតខ្ចោះក្ដី ស្ថាប័នទាំងនោះផ្ដល់ឱកាសពិសេសឲ្យបុត្រាបុត្រីព្រះ ត្រូវបានស្វាគមន៍មកកាន់ពិភពលោកដោយមានក្ដីស្រឡាញ់តែមួយគត់លើផែនដី ដែលកាន់តែដូចអារម្មណ៍ដែលយើងបានមាននៅស្ថានសួគ៌—ជាក្ដីស្រឡាញ់របស់មាតាបិតា ។ គ្រួសារក៏ជាមធ្យោបាយមួយប្រសើរបំផុតដើម្បីរក្សា ហើយបន្តគុណធម៌ខាងសីលធម៌ និង គោលការណ៍ពិតនានា ដែលនឹងដឹកនាំយើងត្រឡប់ទៅឯវត្តមានព្រះវិញ ។
មានបុត្រាបុត្រីរបស់ព្រះតែបន្តិចប៉ុណ្ណោះ ដែលមានការយល់ដឹងពេញលេញអំពីផែនការព្រះអំឡុងជីវិតនេះ ទាំងអាចទទួលបាននូវពិធីបរិសុទ្ធ និង សេចក្ដីសញ្ញានៃបព្វជិតភាព ដែលធ្វើឲ្យព្រះចេស្ដាធួនរបស់ព្រះអង្គសង្គ្រោះមានប្រសិទ្ធភាពយ៉ាងពេញលេញក្នុងជីវិតយើង ។ ទោះជាអ្នកទាំងនោះមានឪពុកម្ដាយដ៏ល្អ រស់នៅយ៉ាងស្មោះត្រង់តាមពន្លឺដែលពួកលោកមានក្ដី ក៏អ្នកទាំងនោះមិនដែលបានឮអំពីព្រះយេស៊ូវគ្រីស្ទ និងដង្វាយធួនរបស់ទ្រង់ ឬ ត្រូវបានអញ្ជើញឲ្យទទួលបុណ្យជ្រមុជទឹកក្នុងព្រះនាមទ្រង់ដែរ ។ នេះជារឿងពិតចំពោះបងប្អូនប្រុសស្រីយើងរាប់កោដិនាក់ ពាសពេញពិភពលោក ។
មនុស្សខ្លះអាចគិតថា រឿងនេះអយុត្តិធម៌ ។ ពួកគេថែមទាំងលើករឿងនេះជាភស្ដុតាងថា គ្មានផែនការ គ្មានតម្រូវការឲ្យមានសេចក្ដីសង្គ្រោះអ្វីទេ—ជាអារម្មណ៍ដែលថា ព្រះដ៏យុត្តិធម៌ និង ពេញដោយក្ដីស្រឡាញ់ ពុំបានបង្កើតផែនការដែលមានសម្រាប់បុត្រាបុត្រីមួយចំណែកតូចរបស់ទ្រង់ឡើយ ។ មនុស្សខ្លះទៀតអាចជឿថា ព្រះច្បាស់ជាបានសម្រេចថាបុត្រាបុត្រីណាដែលនឹងបានសង្គ្រោះ ហើយធ្វើឲ្យដំណឹងល្អមានក្នុងជីវិតពួកគេ ខណៈដែលបុត្រាបុត្រីខ្លះទៀត មិនដែលបានឮដំណឹងល្អ ហើយមិនត្រូវបាន « ជ្រើសរើស » ឡើយ ។
ប៉ុន្តែបងប្អូន និង ខ្ញុំដឹងថា ដោយសារតែសេចក្ដីពិតត្រូវបានស្ដារឡើងវិញតាមរយៈព្យាការី យ៉ូសែប ស៊្មីធ នោះផែនការរបស់ព្រះពេញដោយក្ដីស្រឡាញ់ ហើយធំធេងលើសការណ៍នោះទៅទៀត ។ ព្រះវរបិតាសួគ៌យើង មានព្រះទ័យរីករាយដើម្បីប្រមូលផ្ដុំ ហើយប្រទានពរដល់គ្រួសារទ្រង់ ។ ទោះជាទ្រង់ជ្រាបថា មិនមែនបុត្រាបុត្រីទ្រង់ទាំងអស់នឹងជ្រើសរើសដើម្បីបានប្រមូលផ្ដុំក្ដី ក៏ផែនការទ្រង់ ផ្ដល់ឲ្យពួកគេនូវឱកាសដើម្បីទទួលយក ឬ បដិសេធការអញ្ជើញរបស់ទ្រង់ដែរ ។ គ្រួសារគឺជាផ្នែកសំខាន់នៃផែនការនេះ ។
ច្រើនសតវត្សរ៍មកហើយ ព្យាការី ម៉ឡាគី មានប្រសាសន៍ថា នៅថ្ងៃនឹងមកដល់ ព្រះនឹងបញ្ជូន អេលីយ៉ា ឲ្យ « បង្វែរចិត្តពួកឪពុកមកឯកូន និងចិត្តកូនមកឯឪពុកវិញ » ( ម៉ាឡាគី ៤:៦ ) ។
ការព្យាករនេះមានសារៈសំខាន់ណាស់ ព្រោះព្រះអង្គសង្គ្រោះបានលើកប្រសាសន៍នេះឡើង កាលទ្រង់បានយាងទៅឯទ្វីបអាមេរិកបន្ទាប់ពីមានព្រះជន្មរស់ឡើងវិញ ( សូមមើល នីហ្វៃទី៣ ២៥:៥–៦ ) ។ ហើយកាលទេវតាមរ៉ូណៃបានយាងមកជួបព្យាការី យ៉ូសែប ស្ម៊ីធ ទ្រង់ក៏បានលើកឡើងនូវការព្យាករអំពីអេលីយ៉ា និង ដួងចិត្ត ឪពុក និង កូនដែរ ( សូមមើល យ៉ូសែប ស្ម៊ីធ--ប្រវត្តិ ១:៣៦–៣៩ ) ។
ថ្ងៃនេះជាថ្ងៃទី១ ខែមេសា ។ ពីរថ្ងៃទៀតបន្ទាប់ពីថ្ងៃនេះ គឺនៅថ្ងៃទី៣ ខែមេសា ជាការគូសចំណាំរយៈពេល ១៨១ឆ្នាំចាប់ពីថ្ងៃដែលការព្យាកររបស់ម៉ាឡាគីត្រូវបានបំពេញ ។ នៅថ្ងៃនោះ អេលីយ៉ាពិតជាបានយាងមកមែន ហើយទ្រង់បានប្រទានអំណាចបព្វជិតភាពដើម្បីផ្សារភ្ជាប់ក្រុមគ្រួសារសម្រាប់ភាពអស់កល្ប ទៅដល់ យ៉ូសែប ស៊្មីធ ( សូមមើល គ. និង ស. ១១០:១៣–១៦ ) ។
ចាប់ពីថ្ងៃនោះមកដល់ថ្ងៃនេះ ចំណាប់អារម្មណ៍មនុស្សមួយជំនាន់ទៅមួយជំនាន់ក្នុងការស្រាវជ្រាវពង្សប្រវត្តិ បានកើនឡើងគួរឲ្យកត់សម្គាល់ ។ ដោយមានអត្រាកើនឡើងជាលំដាប់ មនុស្សហាក់ដូចជាខិតជិតបុព្វការីជនរបស់ខ្លួន ខ្លាំងជាងការចង់ដឹងជាធម្មតាទៅទៀត ។ បណ្ណាល័យពង្សាវតា សមាគម និង បច្ចេកវិទ្យាបានធ្វើឲ្យពិភពលោកចាប់អារម្មណ៍លើកិច្ចការនេះ ។ អំណាចនៃអ៊ិនធើរណែតក្នុងការភ្ជាប់ទំនាក់ទំនង បានធ្វើឲ្យគ្រួសារខិតខំរួមគ្នាក្នុងការស្រាវជ្រាវពង្សប្រវត្តិក្នុងល្បឿន និង ភាពល្អិតល្អន់មិនធ្លាប់មានពីមុន ។
ហេតុអ្វីបានជារឿងនេះកើតឡើង ? ដោយគ្មានពាក្យណាប្រសើរជាងនេះ យើងហៅវាថា « វិញ្ញាណនៃអេលីយ៉ា » ។ យើងអាចហៅដូចគ្នាថា « ការបំពេញការព្យាករ » ។ ខ្ញុំសូមថ្លែងទីបន្ទាល់ថា ទេវតាអេលីយ៉ាពិតជាបានយាងមកមែន ។ ដួងចិត្តនៃកូនចៅ—របស់បងប្អូន និង ខ្ញុំ—បានបង្វែរទៅកាន់ឪពុក ដែលជាបុព្វការីជនរបស់យើង ។ សេចក្ដីស្រឡាញ់ដែលបងប្អូនមានចំពោះបុព្វការីជន គឺជាចំណែកនៃការបំពេញការព្យាករនោះឯង ។ វាអាស្រ័យទាំងស្រុងទៅលើការញាណដឹងរបស់បងប្អូន ថាបងប្អូនជានរណា ។ ប៉ុន្តែវាលើសពីប្រព័ន្ធតំណពូជដែលយើងទទួលបានពីបុព្វការីជនយើងទៅទៀត ។
ឧទាហរណ៍ ពេលបងប្អូនធ្វើតាមការបំផុសគំនិតដើម្បីរៀនអំពីពង្សប្រវត្តិ បងប្អូនអាចនឹងឃើញថា សាច់ញាតិឆ្ងាយម្នាក់មានមុខស្រដៀង ឬ ចូលចិត្តអានសៀវភៅ ឬ មានទេពកោសល្យច្រៀងដូចបងប្អូនដែរ ។ ការណ៍នេះអាចជារឿងគួរឲ្យចាប់អារម្មណ៍ និងយល់ច្បាស់ទៀតផង ។ ប៉ុន្តែបើបងប្អូនឈប់នៅត្រឹមនោះ បងប្អូននឹងដឹងថា ខកខានអ្វីមួយ ។ រឿងនេះគឺដោយសារតែការប្រមូលផ្ដុំ និង ការរួបរួមគ្រួសាររបស់ព្រះ តម្រូវឲ្យមានលើសពីការគ្រាន់តែមានអារម្មណ៍ក្ដីស្រឡាញ់ទៅទៀត ។ វាតម្រូវឲ្យមានសេចក្ដីសញ្ញាពិសិដ្ឋ ដែលធ្វើឡើងដោយមានទំនាក់ទំនងជាមួយពិធីបរិសុទ្ធនៃបព្វជិតភាព ។
បុព្វការីជនរបស់បងប្អូនជាច្រើននាក់ ពុំបានទទួលពិធីបរិសុទ្ធទាំងនោះឡើយ ។ ប៉ុន្តែព្រះបានប្រទានមធ្យោបាយដើម្បីឲ្យអ្នកអាចធ្វើបាន ។ ហើយព្រះជ្រាបថា បងប្អូននឹងមានអារម្មណ៍ខិតទៅជិតបុព្វការីជនរបស់ខ្លួនក្នុងក្ដីស្រឡាញ់ ហើយថាបងប្អូនមានបច្ចេកវិទ្យាចាំបាច់ដើម្បីស្គាល់ពួកគាត់ ។ ទ្រង់ក៏ជ្រាបដែរថា បងប្អូននឹងរស់នៅក្នុងគ្រាដែលអាចទៅព្រះវិហារបរិសុទ្ធបាន ជាទីដែលពិធីបរិសុទ្ធទាំងឡាយត្រូវបានធ្វើឡើង ដែលអស្ចារ្យជាងពេលណាៗទាំងអស់ក្នុងប្រវត្តិសាស្ត្រ ។ ហើយទ្រង់បានជ្រាបថា ទ្រង់អាចទុកព្រះទ័យលើបងប្អូនឲ្យធ្វើកិច្ចការនេះ ជំនួសបុព្វការីជនរបស់បងប្អូន ។
ប្រាកដណាស់ យើងមានការទទួលខុសត្រូវបន្ទាន់ និង សំខាន់ ដែលត្រូវការការយកចិត្តទុកដាក់ និង ពេលវេលារបស់យើង ។ យើងទាំងអស់គ្នាមានកិច្ចការដែលព្រះអម្ចាស់រំពឹងឲ្យយើងធ្វើ ដែលលើសពីសមត្ថភាពរបស់យើងទៅទៀត ។ សំណាងល្អ ព្រះអម្ចាស់ប្រទានមធ្យោបាយឲ្យយើងម្នាក់ៗមានទំនុកចិត្ត និង ការពេញចិត្តលើរាល់ការងាររបស់យើង រួមទាំងការងារពង្សប្រវត្តិផង ។ យើងមានភាពរឹងមាំដើម្បីធ្វើអ្វីដែលទ្រង់បញ្ជាយើងឲ្យធ្វើ តាមរយៈសេចក្ដីជំនឿដែលជឿថា ព្រះអម្ចាស់នឹងមិនប្រទានព្រះបញ្ញត្តិឡើយ « លើកលែងតែ ទ្រង់នឹងរៀបចំផ្លូវ ដើម្បីឲ្យ [ យើង ] អាចសម្រេចនូវអ្វី ៗ ដែលព្រះអង្គសង្គ្រោះបានបញ្ជាដល់ [ យើង ] ទុកជាមុនសិន » (នីហ្វៃទី១ ៣:៧
តាមបទពិសោធន៍ខ្ញុំ ខ្ញុំដឹងថារឿងនេះពិត ។ ច្រើនឆ្នាំកន្លងទៅ កាលខ្ញុំជានិស្សិតសាកលវិទ្យាល័យ ខ្ញុំបានជួបបុរសម្នាក់ដែលធ្វើការឲ្យក្រុមហ៊ុនកុំព្យូទ័រដ៏ធំមួយលើពិភពលោក ។ កាលនោះយើងទើបតែមានកុំព្យូទ័រប្រើ ហើយជារឿងចៃដន្យដែលក្រុមហ៊ុនរបស់គាត់បានបញ្ជូនគាត់ ឲ្យមកលក់កុំព្យូទ័រដល់សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ។
ខ្ញុំអាចប្រាប់ថា បុគ្គលិកលក់ម្នាក់នេះមិនជឿលើសាសនាឡើយ ។ ប៉ុន្តែគាត់បានពោលដោយងឿងឆ្ងល់ និង ភ្ញាក់ផ្អើលថា « នៅក្នុងសាសនាចក្រនេះ គេធ្វើកិច្ចការមួយហៅថា ‹ ពង្សាវតា › ដែលស្វែងរកឈ្មោះមនុស្សដែលបានស្លាប់ ហើយព្យាយាមស្រាវជ្រាវបុព្វការីជនរបស់ខ្លួន ។ មនុស្ស ភាគច្រើនជាស្ត្រីបានស្វែងរកក្នុងទូដាក់ឯកសារពីមួយទៅមួយ ដើម្បីស្រាវជ្រាវតាមរយៈកាតព័ត៌មានតូចៗ ។ ប្រសិនបើខ្ញុំចាំត្រូវ គាត់បាននិយាយថា ស្ត្រីទាំងនោះពាក់ស្បែងជើងលេងកីឡាធេននីស ដូច្នោះពួកគេអាចរត់បានលឿនជាងមុនបន្តិច ។ បុរសនោះបានរៀបរាប់បន្ដថា « កាលខ្ញុំបានឃើញពីវិសាលភាពនៃកិច្ចការដែលពួកគេកំពុងធ្វើនេះ ខ្ញុំទទួលស្គាល់ថា ខ្ញុំបានរកឃើញមូលហេតុនៃការបង្កបង្កើតកុំព្យូទ័រ » ។
គាត់និយាយត្រូវខ្លះដែរ ។ កុំព្យូទ័រនឹងក្លាយជាផ្នែកមួយដ៏សំខាន់ចំពោះកិច្ចការពង្សប្រវត្តិនាពេលអនាគត—ប៉ុន្តែមិនមែនជាកុំព្យូទ័រដែលគាត់កំពុងលក់នោះទេ ។ អ្នកដឹកនាំសាសនាចក្រម្នាក់បានសម្រេចចិត្តមិនទិញកុំព្យូទ័ររបស់គាត់ឡើយ ។ សាសនាចក្រត្រូវរង់ចាំបច្ចេកវិទ្យាមួយប្រភេទ ដែលកាលនោះពុំទាន់បង្កើតឡើងនៅឡើយ ។ ប៉ុន្តែខ្ញុំបានរៀនជាច្រើនឆ្នាំតាំងពីពេលនោះមកថា ទោះជាបច្ចេកវិទ្យាអស្ចារ្យយ៉ាងណាក្ដី ក៏មិនអាចជំនួសឲ្យវិវរណៈមកពីស្ថានសួគ៌បានទេ ដូចជាវិវរណៈដែលអ្នកដឹកនាំសាសនាចក្ររូបនោះបានទទួលជាដើម ។ នេះគឺជាកិច្ចការខាងវិញ្ញាណ ហើយព្រះអម្ចាស់ដឹកនាំកិច្ចការនេះតាមរយៈព្រះវិញ្ញាណរបស់ទ្រង់ ។
ទើបតែប៉ុន្មានសប្ដាហ៍កន្លងទៅ ខ្ញុំបានស្រាវជ្រាវពង្សប្រវត្តិខ្ញុំដោយមានអ្នកប្រឹក្សានៅជាមួយខ្ញុំ និងអ្នកជួយម្នាក់ទៀតតាមទូរសព្ទ ។ នៅលើអេក្រង់កុំព្យូទ័រពីមុខខ្ញុំ មានបញ្ហាមួយដែលលើសពីសមត្ថភាពខ្ញុំអាចដោះស្រាយបាន ។ ខ្ញុំបានឃើញឈ្មោះពីរបានផ្ញើមកខ្ញុំពីមនុស្សដែលអាចនឹងរង់ចាំធ្វើពិធីបរិសុទ្ធក្នុងព្រះវិហារបរិសុទ្ធតាមមធ្យោបាយដ៏អស្ចារ្យ ។ ប៉ុន្ដែបញ្ហាគឺថាឈ្មោះទាំងនោះខុសគ្នា ប៉ុន្តែមានមូលហេតុដែលធ្វើឲ្យជឿថា ឈ្មោះទាំងនោះគឺជាមនុស្សតែមួយ ។ ការងាររបស់ខ្ញុំគឺត្រូវកំណត់នូវអ្វីដែលត្រឹមត្រូវ ។
ខ្ញុំបានសុំឲ្យអ្នកប្រឹក្សារបស់ខ្ញុំប្រាប់ដល់ខ្ញុំ ។ ពួកគេប្រាប់ថា « ទេ អ្នកត្រូវជ្រើសរើស » ។ ពួកគេដឹងច្បាស់ថាខ្ញុំនឹងរកឃើញសេចក្ដីពិត ។ កុំព្យូទ័រដែលមាននូវប្រសិទ្ធភាព និង ព័ត៌មានរបស់វា បន្សល់ទុកពរជ័យឲ្យខ្ញុំឃើញឈ្មោះទាំងនោះនៅលើអេក្រង់ វាយតម្លៃព័ត៌មានដែលមាន ស្រាវជ្រាវឈ្មោះផ្សេងៗទៀត អធិស្ឋានដោយស្ងៀមស្ងាត់ ហើយរកឃើញឈ្មោះដែលត្រឹមត្រូវ ។ ពេលខ្ញុំអធិស្ឋាន ខ្ញុំបានដឹងប្រាកដនូវអ្វីដែលត្រូវធ្វើ—ដូចពេលផ្សេងៗទៀតដែលខ្ញុំត្រូវពឹងផ្អែកលើជំនួយសួគ៌ាដើម្បីដោះស្រាយបញ្ហាដែរ ។
យើងពុំដឹងអំពីអ្វីដែលអស្ចារ្យដែលព្រះ នឹងបំផុសមនុស្សឲ្យបង្កើតដើម្បីជួយកិច្ចការទ្រង់ក្នុងការប្រមូលផ្ដុំគ្រួសាររបស់ទ្រង់ឡើយ ។ ប៉ុន្តែទោះជាមានការច្នៃប្រឌិតអស្ចារ្យយ៉ាងណាក្ដី ការប្រើប្រាស់របស់វានៅតែតម្រូវឲ្យមានការធ្វើការខាងវិញ្ញាណក្នុងបងប្អូន និង ខ្ញុំដែរ ។ យើងមិនគួរភ្ញាក់ផ្អើលនឹងរឿងនេះទេ ។ នៅទីបំផុត មនុស្សដែលបានស្លាប់ទាំងនេះ គឺជាបុត្រាបុត្រីជាទីស្រឡាញ់របស់ព្រះ ។ ទ្រង់នឹងបញ្ជូនរាល់ការបំផុសគំនិតដែលចាំបាច់ ដើម្បីផ្ដល់ឱកាសដល់ពួកគាត់ឲ្យបានត្រឡប់ទៅឯទ្រង់វិញ ។
នាពេលថ្មីៗនេះ យុវវ័យនៃសាសនាចក្របានឆ្លើយតបទៅនឹងវិញ្ញាណនៃអេលីយ៉ាតាមរបៀបដ៏បំផុសគំនិតមួយ ។ ឥឡូវនេះ មានយុវវ័យជាច្រើននាក់ដែលកាន់ប័ណ្ណការប្រើប្រាស់មានកម្រិត ហើយប្រើវាជាញឹកញាប់ ។ បន្ទប់ជ្រមុជទឹកមានសភាពរវល់ជាងធម្មតា ព្រះវិហារបរិសុទ្ធខ្លះបានកែប្រែកាលវិភាគរបស់ខ្លួនដើម្បីសម្របទៅនឹង កំណើនចំនួនយុវវ័យដែលចូលក្នុងព្រះវិហារបរិសុទ្ធ ។
វាធ្លាប់តែជារឿងដែលកម្រ ប៉ុន្តែស្វាគមន៍ករណីលើកលែងដល់យុវវ័យដែលនាំយកឈ្មោះបុព្វការីជនរបស់ខ្លួនទៅព្រះវិហារបរិសុទ្ធ ។ ឥឡូវរឿងនេះគឺជាទម្លាប់ ហើយជាញឹកញាប់យុវវ័យគឺជាអ្នកដែលបានស្វែងរកបុព្វការីជនទាំងនោះ ។
មិនតែប៉ុណ្ណោះ យុវវ័យជាច្រើនបានរកឃើញថា ការលះបង់ពេលវេលារបស់ពួកគេដើម្បីស្រាវជ្រាវពង្សប្រវត្តិ និង កិច្ចការព្រះវិហារបរិសុទ្ធ បានពង្រឹងទីបន្ទាល់របស់ពួកគេអំពីផែនការនៃសេចក្ដីសង្គ្រោះ ។ វាបានបង្កើនអានុភាពព្រះវិញ្ញាណនៅក្នុងជីវិតរបស់ពួកគេ ហើយកាត់បន្ថយឥទ្ធិពលរបស់បច្ចាមិត្ត ។ វាបានជួយពួកគេឲ្យមានអារម្មណ៍ កាន់តែជិតគ្រួសាររបស់ខ្លួន និងកាន់តែជិតព្រះអម្ចាស់ ព្រះយេស៊ូវគ្រីស្ទ ។ ពួកគេបានដឹងថា កិច្ចការនេះមិនគ្រាន់តែសង្គ្រោះដល់មរណៈជននោះទេ វាក៏សង្គ្រោះយើងទាំងអស់គ្នាដែរ ( សូមមើល គ. និង ស. ១២៨:១៨ ) ។
ពួកយុវវ័យបានមានទស្សនៈដ៏មុតមាំគួរឲ្យកោតសរសើរ ដែលឥឡូវនេះ ឪពុកម្ដាយរបស់ពួកគេត្រូវធ្វើឲ្យដូចពួកគេ ។ ឥឡូវមានមនុស្សជាច្រើនដែលបានទទួលបុណ្យជ្រមុជទឹកនៅពិភពវិញ្ញាណ ដោយសារតែមានកិច្ចការដែលបានធ្វើដោយយុវវ័យ ហើយពួកគេកំពុងរង់ចាំពិធីបរិសុទ្ធផ្សេងទៀត ដែលមានតែពួកយុវមជ្ឈិមវ័យប៉ុណ្ណោះទើបអាចធ្វើបាននៅក្នុងព្រះវិហារបរិសុទ្ធ ក្នុងពិភពលោកនេះ ។ ការងារនៃការប្រមូលផ្ដុំគ្រួសាររបស់ព្រះវរបិតាសួគ៌ មិនគ្រាន់តែសម្រាប់យុវវ័យ និង សម្រាប់ជីដូនជីតាប៉ុណ្ណោះទេ ។ ការងារនោះគឺសម្រាប់មនុស្សគ្រប់គ្នា ។ យើងទាំងអស់គ្នាគឺជា អ្នកប្រមូលផ្ដុំ ។
នេះគឺជាកិច្ចការសម្រាប់ជំនាន់របស់យើង ដែលសាវកប៉ុលហៅថា « ការកាន់កាប់ត្រួតត្រា ក្នុងកាលដែលពេលពេញកំណត់ » ជាពេលដែលគាត់បានថា ព្រះ« បំព្រួមគ្រប់ទាំងអស់ក្នុងព្រះគ្រីស្ទ ទាំងរបស់នៅស្ថានសួគ៌ និងរបស់នៅផែនដីផង » (អេភេសូរ ១:១០ កិច្ចការនេះកើតឡើងបានតាមរយៈកិច្ចការធួនរបស់ព្រះរាជបុត្រាសំណព្វរបស់ព្រះ គឺព្រះយេស៊ូវគ្រីស្ទ ។ ដោយសារតែទ្រង់ នោះសមាជិកគ្រួសារយើង « ដែលពីដើមនៅឆ្ងាយ បានមកជិតវិញ ដោយសារព្រះលោហិតទ្រង់ ។ ដ្បិតទ្រង់ជាស្ពានមេត្រីនៃយើងរាល់គ្នា ទ្រង់បានធ្វើទាំង២រួមគ្នាតែ១ ហើយបានរុះជញ្ជាំងដែលខាន់កណ្តាលចេញ » ( អេភេសូរ ២:១៣–១៤ ) ។ បងប្អូនមានអារម្មណ៍ដូចនេះដូចខ្ញុំដែរ នៅពេលបងប្អូនមានបទពិសោធន៍នៃក្ដីស្រឡាញ់កើនឡើង នៅពេលបងប្អូនមើលទៅរូបថតបុព្វការីជន ។ បងប្អូនបានមានអារម្មណ៍ដូចនេះក្នុងព្រះវិហារបរិសុទ្ធ នៅពេលឈ្មោះនៅលើកាតគឺមានន័យហួសពីគ្រាន់តែជាឈ្មោះ ហើយបងប្អូនមិនអាចទប់ចិត្តពីការដឹងថា បុគ្គលនេះដឹងពីបងប្អូន ហើយមានអារម្មណ៍ក្ដីស្រឡាញ់ពីបងប្អូនបានឡើយ ។
ខ្ញុំសូមថ្លែងទីបន្ទាល់ថា ព្រះជាព្រះវរបិតាចង់ឲ្យបុត្រាបុត្រីទ្រង់ត្រឡប់ទៅផ្ទះវិញ ជាគ្រួសារ និង ក្នុងសិរីល្អ ។ ព្រះអង្គសង្គ្រោះមានព្រះជន្មរស់ ។ ទ្រង់ដឹកនាំ ហើយប្រទានពរដល់កិច្ចការនេះ ហើយទ្រង់មើលថែ ហើយដឹកនាំយើង ។ ទ្រង់មានអំណរគុណចំពោះការងារដ៏ស្មោះត្រង់របស់បងប្អូន ក្នុងការប្រមូលផ្ដុំគ្រួសាររបស់ព្រះវរបិតាសួគ៌ ហើយខ្ញុំសន្យាថាបងប្អូននឹងទទួលបានជំនួយ ដែលបងប្អូនត្រូវការ ។ នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។