ទុកឲ្យព្រះវិញ្ញាណដឹកនាំ
តាមការចាត់តាំងមកពីព្រះ ព្រះវិញ្ញាណបរិសុទ្ធបំផុសគំនិត ថ្លែងទីបន្ទាល់ បង្រៀន ហើយបំផុសគំនិតយើងឲ្យដើរក្នុងពន្លឺនៃព្រះអម្ចាស់ ។
បងប្អូនប្រុសស្រី ខ្ញុំទទួលស្គាល់ដូចជាបងប្អូនដែរថា យើងកំពុងឃើញកិច្ចការរបស់ព្រះអម្ចាស់ត្រូវបានពន្លឿន តាមរយៈប្រធាន ថូម៉ាស អេស ម៉នសុន និងសារលិខិតរបស់លោកព្រឹកនេះ ។ ប្រធានម៉នសុន ពួកយើងស្រឡាញ់លោក គាំទ្រលោក ហើយអធិស្ឋានឲ្យលោកដែលជា « ព្យាការីជាទីស្រឡាញ់របស់យើង » ។
យើងបានទទួលព្រះវិញ្ញាណយ៉ាងបរិបូរនាចុងសប្តាហ៍នេះ ។ មិនថាបងប្អូននៅក្នុងសាលដ៏ធំនេះ ឬ កំពុងទស្សនាតាមផ្ទះ ឬប្រជុំគ្នានៅក្នុងសាលាប្រជុំ នៅកន្លែងនានាក្នុងពិភពលោកក្តី បងប្អូនមានឱកាសទទួលអារម្មណ៍ពីព្រះវិញ្ញាណនៃព្រះអម្ចាស់ ។ ព្រះវិញ្ញាណបញ្ជាក់ដល់ដួងចិត្ត និងគំនិតបងប្អូននូវសេចក្តីពិតដែលបានបង្រៀននៅសន្និសីទនេះ ។
ចូរពិចារណាពីទំនុកបទនៃទំនុកតម្កើងដែលស្គាល់នេះ ៖
តាមរយៈវិវរណៈថ្ងៃចុងក្រោយ យើងដឹងថាក្រុមព្រះរួមមានតួអង្គបីអង្គដាច់ដោយឡែកពីគ្នា ៖ ព្រះវរបិតាយើងដែលគង់នៅស្ថានសួគ៌ បុត្រាបង្កើតតែមួយរបស់ទ្រង់គឺព្រះយេស៊ូវគ្រីស្ទ និងព្រះវិញ្ញាណបរិសុទ្ធ ។ យើងដឹងថា « ព្រះវរបិតាមានព្រះកាយជាសាច់ និង ឆ្អឹង ដែលជាក់ស្ដែងដូចជារូបកាយមនុស្ស ព្រះរាជបុត្រាក៏ដូច្នោះដែរ ប៉ុន្តែព្រះវិញ្ញាណបរិសុទ្ធពុំមានព្រះកាយជាសាច់ និង ឆ្អឹងឡើយ តែមានរូបជាវិញ្ញាណវិញ ។ បើពុំនោះទេ ព្រះវិញ្ញាណបរិសុទ្ធពុំអាចសណ្ឋិតនៅក្នុងយើងបានឡើយ » ។
សារលិខិតរបស់ខ្ញុំថ្ងៃនេះផ្ដោតទៅលើសារៈសំខាន់នៃព្រះវិញ្ញាណបរិសុទ្ធនៅក្នុងជីវិតយើង ។ ព្រះវរបិតាយើងដែលគង់នៅស្ថានសួគ៌ជ្រាបដឹងថា នៅក្នុងជីវិតរមែងស្លាប់នេះ យើងនឹងជួបឧបសគ្គ សេចក្តីវេទនា និងភាពជ្រួលច្របល់ ទ្រង់ជ្រាបដឹងថា យើងនឹងប្រឈមមុខនឹងចម្ងល់ជាច្រើន ការខកចិត្ត ការល្បួង និងភាពទន់ខ្សោយ ។ ដើម្បីផ្តល់ភាពរឹងមាំក្នុងជីវិតរមែងស្លាប់នេះដល់យើង និងផ្តល់ការណែនាំមកពីព្រះ នោះទ្រង់បានប្រទានព្រះវិញ្ញាណបរិសុទ្ធ ឬហៅម្យ៉ាងទៀតថាព្រះវិញ្ញាណ ។
ព្រះវិញ្ញាណបរិសុទ្ធចងភ្ជាប់យើងទៅនឹងព្រះអម្ចាស់ ។ តាមការចាត់តាំងមកពីព្រះ ទ្រង់បំផុសគំនិត ថ្លែងទីបន្ទាល់ បង្រៀន ហើយបំផុសគំនិតយើងឲ្យដើរក្នុងពន្លឺនៃព្រះអម្ចាស់ ។ យើងមានការទទួលខុសត្រូវពិសិដ្ឋដើម្បីរៀនទទួលស្គាល់ព្រះចេស្តាទ្រង់ក្នុងជីវិតយើង និងការឆ្លើយតបរបស់ទ្រង់ ។
ចូរចាំការសន្យារបស់ព្រះអម្ចាស់ថា « យើងនឹងរំលែកដល់អ្នកនូវព្រះវិញ្ញាណរបស់យើង ដែលនឹងបំភ្លឺគំនិតរបស់អ្នក ដែលនឹងបំពេញព្រលឹងរបស់អ្នកដោយសេចក្ដីអំណរ » ។ ខ្ញុំចូលចិត្តការអះអាងនោះណាស់ ! អំណរដែលបំពេញព្រលឹងយើង នាំមកដល់យើងនូវទស្សនវិស័យអស់កល្បមួយ ដែលផ្ទុយពីការរស់នៅក្នុងសង្គមសព្វថ្ងៃនេះ ។ អំណរនោះកើតឡើងជាភាពសុខសាន្តក្នុងស្ថានភាពលំបាក ឬការខូចចិត្ត ។ វាផ្តល់ការលួងលោម និងការលើកទឹកចិត្ត បើកសម្តែងសេចក្តីពិតនៃដំណឹងល្អ ហើយពង្រីកសេចក្តីស្រឡាញ់របស់យើងចំពោះព្រះអម្ចាស់ និងកូនចៅទាំងអស់របស់ទ្រង់ ។ ទោះបីជាតម្រូវការសម្រាប់ពរជ័យបែបនោះធំធេងក្តី ពិភពលោកនេះបានបំភ្លេច និងបោះបង់ចោលពរជ័យទាំងនោះតាមរបៀបជាច្រើន ។
រៀងរាល់សប្ដាហ៍ ពេលយើងទទួលទានសាក្រាម៉ង់ដ៏ពិសិដ្ឋ យើងចុះសេចក្ដីសញ្ញាដើម្បី « ចងចាំទ្រង់ជានិច្ច » គឺព្រះអម្ចាស់យេស៊ូវគ្រីស្ទ និងការពលិកម្មដ៏ធួនរបស់ទ្រង់ ។ ពេលយើងរក្សាសេចក្តីសញ្ញាពិសិដ្ឋនេះ យើងត្រូវបានសន្យាថា « យើងអាចនឹងបានព្រះវិញ្ញាណរបស់ទ្រង់គង់នៅជាមួយនឹង [ យើង ] ជាដរាប » ។
តើយើងធ្វើវាដោយរបៀបណា ?
ទីមួយ យើងត្រូវព្យាយាមរស់នៅដើម្បីមានភាពសក្ដិសមនឹងព្រះវិញ្ញាណ ។
ព្រះវិញ្ញាណបរិសុទ្ធគង់នៅជាមួយអស់អ្នកដែល « ចងចាំយ៉ាងខ្ជាប់ដល់ព្រះអម្ចាស់ជាព្រះរបស់គេជារៀងរាល់ថ្ងៃ » ។ ដូចព្រះអម្ចាស់ប្រទានឱវាទថា យើងត្រូវ « ទុកចោលរបស់ទាំងឡាយនៃពិភពលោកនេះ ហើយចូរស្វែងរករបស់ទាំងឡាយណាដែលគ្រាន់បើជាងនេះវិញ » ដ្បិត « ព្រះវិញ្ញាណនៃព្រះអម្ចាស់ពុំគង់នៅក្នុងព្រះវិហារណាដែលឥតបរិសុទ្ធឡើយ » ។ យើងត្រូវព្យាយាមគោរពតាមក្រឹត្យវិន័យរបស់ព្រះជានិច្ច សិក្សាព្រះគម្ពីរ អធិស្ឋាន ចូលរួមព្រះវិហារបរិសុទ្ធ ហើយរស់នៅដោយស្មោះត្រង់តាម មាត្រានៃសេចក្តីជំនឿទីដប់បី « ប្រព្រឹត្តដោយទៀងត្រង់ ត្រឹមត្រូវ បរិសុទ្ធ សប្បុរស គុណធម៌ ហើយ…ធ្វើល្អដល់មនុស្សទាំងអស់ » ។
ទីពីរ យើងត្រូវតែមានឆន្ទៈទទួលព្រះវិញ្ញាណ ។
ព្រះអម្ចាស់បានសន្យាថា « យើងនឹងប្រាប់អ្នកនៅក្នុងគំនិតរបស់អ្នក និងនៅក្នុងចិត្តរបស់អ្នក ដោយព្រះវិញ្ញាណបរិសុទ្ធ ដែលនឹងសណ្ឋិតមកលើអ្នក ហើយដែលនឹងគង់នៅក្នុងចិត្តរបស់អ្នក » ។ ខ្ញុំចាប់ផ្តើមយល់ពីការណ៍នេះ កាលខ្ញុំជាអ្នកផ្សព្វផ្សាយសាសនាវ័យក្មេងនៅក្នុងទីក្រុង ស្កត់ ផ្លែន នូវជើស៊ី ។ នៅព្រឹកមួយនារដូវក្តៅខែកក្កដា ដៃគូខ្ញុំ និងខ្ញុំទទួលអារម្មណ៍បំផុសគំនិតឲ្យយើងរកមើលការផ្តល់អ្នករៀនមកពីវិសាលដ្ឋាននៃព្រះវិហារបរិសុទ្ធ។ យើងបានគោះទ្វារផ្ទះគ្រួសារ អែលវួដ ស្កាហ្វើរ ។ លោកស្រី ស្កាហ្វើរ បានសុំឲ្យយើងចាកចេញទៅវិញដោយការគួរសម ។
ពេលគាត់ហៀបនឹងបិទទ្វារ ខ្ញុំទទួលអារម្មណ៍ឲ្យធ្វើអ្វីមួយ ដែលខ្ញុំពុំធ្លាប់ធ្វើពីមុន ហើយពុំធ្លាប់ធ្វើវាឡើយតាំងពីពេលនោះមក ! ខ្ញុំបានដាក់ជើងខ្ញុំខ្ទាស់នឹងទ្វារ ហើយខ្ញុំសួរថា « តើមាននរណាផ្សេងទៀតដែលអាចចាប់អារម្មណ៍នឹងសារលិខិតរបស់យើងទេ ? » ម៉ាទី កូនស្រីអាយុ ១៦ ឆ្នាំរបស់គាត់ពិតជាមានចំណាប់អារម្មណ៍យ៉ាងខ្លាំង ហើយបានអធិស្ឋានដោយស្មោះត្រង់សុំការណែនាំកាលពីមួយថ្ងៃមុននោះ ។ ម៉ាទី បានជួបយើង ហើយក្នុងពេលនោះម្តាយនាងក៏បានចូលរួមក្នុងការពិភាក្សានោះផងដែរ ។ ពួកគេទាំងពីរនាក់បានចូលជាសមាជិកសាសនាចក្រ ។
ជាលទ្ធផលដោយសារតែម៉ាទី បានទទួលបុណ្យជ្រមុជទឹក នោះមានមនុស្ស ១៣៦ នាក់រួមទាំងគ្រួសាររបស់នាងជាច្រើននាក់ បានទទួលបុណ្យជ្រមុជទឹក ហើយចុះសេចក្តីសញ្ញានៃដំណឹងល្អ ។ ឱ ខ្ញុំមានពរអ្វីម៉្លេះ ដែលខ្ញុំបានស្តាប់តាមព្រះវិញ្ញាណ ហើយដាក់ជើងខ្ញុំខ្ទាស់ទ្វារនៅរដូវក្តៅខែកក្កដានាថ្ងៃនោះ ។ ម៉ាទី និងសមាជិកមួយចំនួនក្នុងគ្រួសារដ៏ជាទីស្រឡាញ់របស់នាងមានវត្តមាននាថ្ងៃនេះ ។
ទីបី យើងត្រូវទទួលស្គាល់ព្រះវិញ្ញាណពេលទ្រង់មានវត្តមាន ។
បទពិសោធន៍ដែលខ្ញុំមានគឺថា ជាញឹកញាប់បំផុតព្រះវិញ្ញាណទាក់ទងយើងតាមអារម្មណ៍ ។ បងប្អូនទទួលអារម្មណ៍ពីព្រះវិញ្ញាណតាមពាក្យដែលបងប្អូនស្គាល់ ដែលធ្វើឲ្យបងប្អូនយល់ដែលបំផុសគំនិតបងប្អូន ។ ចូរពិចារណាអំពីចម្លើយរបស់ពួកសាសន៍នីហ្វៃ ពេលពួកគេស្តាប់តាមព្រះអម្ចាស់អធិស្ឋានសម្រាប់ពួកគេ ៖ « ហើយហ្វូងមនុស្សបានឮ ហើយបានធ្វើបន្ទាល់ ហើយចិត្តគេបានបើក បណ្ដាលឲ្យគេយល់នៅក្នុងចិត្តគេនូវពាក្យទាំងឡាយដែលទ្រង់បានអធិស្ឋាន » ។ ពួកគេបានទទួលអារម្មណ៍ក្នុងចិត្តពួកគេនូវបន្ទូលដែលទ្រង់អធិស្ឋាន ។ សំឡេងនៃព្រះវិញ្ញាណបរិសុទ្ធជាសំឡេងតូចរហៀងៗ ។
អេលីយ៉ាប្រកួតនឹងសង្ឃនៃព្រះបាលនៅក្នុងព្រះគម្ពីរសញ្ញាចាស់ ។ ពួកសង្ឃរំពឹងថា « សំឡេង » នៃព្រះបាលគឺជាសំឡេងផ្គរលាន់ និងជាភ្លើងដែលដុតបញ្ឆេះយញ្ញបូជារបស់ពួកគេ ។ ប៉ុន្តែវាគ្មានសំឡេង ហើយក៏គ្មានភ្លើងដែរ ។
ក្រោយមកទៀត អេលីយ៉ាបានអធិស្ឋាន ។ « នោះមើល ព្រះយេហូវ៉ាទ្រង់យាងទៅតាមទីនោះ ហើយកើតមានខ្យល់ព្យុះគំហុកជាខ្លាំង បក់មកប៉ះបំបាក់ភ្នំបំបែកថ្មខ្ទេចខ្ទីនៅចំពោះព្រះយេហូវ៉ា តែព្រះយេហូវ៉ាទ្រង់មិនមែនគង់នៅក្នុងខ្យល់នោះទេ ក្រោយខ្យល់នោះមក ក៏មានកក្រើកដី តែព្រះយេហូវ៉ាទ្រង់មិនមែនគង់នៅក្នុងការកក្រើកដីនោះទេ ៖
បន្ទាប់ពីការកក្រើកដីនោះមក នោះមានភ្លើងឆេះ តែព្រះយេហូវ៉ាទ្រង់មិនមែនគង់នៅក្នុងភ្លើងនោះទេ ក្រោយពីភ្លើងនោះមក មានឮសំឡេងតូចរហៀងៗ » ។
តើបងប្អូនស្គាល់សំឡេងនោះដែរឬទេ ?
ប្រធាន ម៉នសុន បានបង្រៀនថា « នៅពេលយើងបន្តដំណើរនៃជីវិតនេះ ចូរយើងរៀននូវភាសានៃព្រះវិញ្ញាណ » ។ ព្រះវិញ្ញាណមានបន្ទូលនូវពាក្យដែលយើងទទួលអារម្មណ៍ ។ អារម្មណ៍ទាំងនេះមានភាពរម្យទម ជំរុញចិត្តឲ្យធ្វើសកម្មភាព ឲ្យធ្វើ ឲ្យនិយាយអ្វីមួយ ឲ្យឆ្លើយតបក្នុងរបៀបជាក់លាក់មួយ ។ ប្រសិនបើយើងពុំខ្វល់ ឬពុំយកចិត្តទុកដាក់ក្នុងការថ្វាយបង្គំ បង្វែរអារម្មណ៍ និងធ្វើឲ្យវិញ្ញាណយើងអាប់អួរដោយសារតែការស្វែងរកខាងលោកិយ នោះយើងឃើញថាខ្លួនយើងបន្ថយលទ្ធភាពក្នុងការទទួលអារម្មណ៍នោះ ។ នីហ្វៃបាននិយាយទៅកាន់លេមិន និងលេមយួលថា « បងរាល់គ្នាបានឮសំឡេងរបស់ព្រះអង្គជាញឹកញយ ហើយទ្រង់មានព្រះបន្ទូលជាមួយនឹងបងរាល់គ្នាដោយសំឡេងតូចរហៀងៗ ប៉ុន្តែបងរាល់គ្នាមានចិត្តវក់វិញ ទើបមិនអាចចាប់អារម្មណ៍ [ ពី ] ព្រះបន្ទូលរបស់ព្រះអង្គឡើយ » ។
កាលពីខែមិថុនាឆ្នាំមុន ខ្ញុំត្រូវបានចាត់តាំងទៅអាមេរិកខាងត្បូង ។ យើងមានកាលវិភាគដ៏មមាញឹកចំនួន ១០ ថ្ងៃដើម្បីទស្សនាប្រទេស កូឡុំប៊ី ប៉េរូ និង អេក្វាឌ័រ ។ ការរំញ្ជួយដីដ៏ខ្លាំងមួយបានសម្លាប់មនុស្សអស់រាប់រយនាក់ រាប់ពាន់នាក់ទៀតរងរបួស ហើយផ្ទះ និងសហគមន៍នៅក្នុងទីក្រុង ផ័រតូវីហូ និងម៉ានតានៃប្រទេសអេក្វាឌ័រត្រូវបំផ្លិចបំផ្លាញ ។ ខ្ញុំទទួលការបំផុសគំនិតឲ្យបន្ថែមការសួរសុខទុក្ខលើកាលវិភាគរបស់យើង ដល់សមាជិកដែលរស់នៅក្នុងទីក្រុងទាំងនោះ ។ យើងពុំប្រាកដថាយើងអាចទៅទីនោះបានឬអត់នោះទេ ដោយសារផ្លូវបានខូច ។ ប្រាកដណាស់ គេប្រាប់យើងថាយើងពុំអាចទៅទីនោះបានឡើយ ប៉ុន្តែការបំផុសគំនិតនោះមិនទៅណាឡើយ ។ ក្រោយមកយើងមានពរ ហើយយើងអាចសួរសុខទុក្ខសមាជិកនៅទីក្រុងទាំងពីរនោះ ។
ជាមួយនឹងការជូនដំណឹងដ៏ខ្លីនោះ ខ្ញុំរំពឹងទុកថានឹងមានថ្នាក់ដឹកនាំក្នុងតំបន់តែពីរបីនាក់ប៉ុណ្ណោះ ដែលចូលរួមក្នុងការប្រជុំគ្នាដ៏ប្រញាប់ប្រញាល់នោះ ។ ប៉ុន្តែពេលបានមកដល់មជ្ឈមណ្ឌលស្តេកនីមួយៗ យើងឃើញមានមនុស្សពេញសាលាជំនុំតាំងពីក្រោយរហូតដល់វេទិកា ។ ពួកគេមួយចំនួនដែលបានចូលរួមនោះគឺជាសមាជិករឹងមាំនៅក្នុងតំបន់នោះ ជាអ្នកត្រួសត្រាយដែលបន្តស្មោះត្រង់នឹងសាសនាចក្រ បានលើកទឹកចិត្តអ្នកដទៃឲ្យចូលរួមជាមួយពួកគេក្នុងការថ្វាយបង្គំ និងទទួលអារម្មណ៍ពីព្រះវិញ្ញាណក្នុងជីវិតពួកគេ ។ អ្នកអង្គុយនៅកៅអីជួរមុខគឺជាសមាជិកដែលមានគ្រួសារ និងអ្នកជិតខាងបានស្លាប់ក្នុងការរំញ្ជួយដីនោះ ។ ខ្ញុំទទួលការបំផុសគំនិតឲ្យផ្តល់ការប្រសិទ្ធពរក្នុងនាមជាសាវកដល់អស់អ្នកដែលចូលរួម ជាការផ្តល់ប្រសិទ្ធពរលើកដំបូងរបស់ខ្ញុំ ។ ទោះបីខ្ញុំឈរនៅខាងមុខពួកគេក្តី ខ្ញុំហាក់បីដូចជាបានដាក់ដៃខ្ញុំលើក្បាលពួកគេម្នាក់ៗ ហើយខ្ញុំទទួលអារម្មណ៍ឲ្យនិយាយនូវព្រះបន្ទូលព្រះចេញមក ។
វាពុំបានបញ្ចប់ត្រឹមនោះឡើយ ។ ខ្ញុំទទួលការបំផុសគំនិតឲ្យនិយាយទៅកាន់ពួកគេ ដូចពេលព្រះយេស៊ូវគ្រីស្ទបានធ្វើ ពេលទ្រង់ជួបប្រជាននៅក្នុងទ្វីបអាមេរិក ។ « ទ្រង់បានយកកូនក្មេងរបស់ពួកគេ…ហើយបានប្រទានពរដល់ពួកវា ហើយបានអធិស្ឋានដល់ព្រះវរបិតាសម្រាប់ពួកគេ » ។ យើងបាននៅក្នុងប្រទេសអេក្វាឌ័រ យើងបានធ្វើកិច្ចការរបស់ព្រះវរបិតា ហើយពួកគេគឺជាកូនចៅទ្រង់ ។
ទីបួន យើងត្រូវធ្វើតាមការបំផុសលើកដំបូង ។
ចូរចាំពីពាក្យរបស់នីហ្វៃ លោកបានមានប្រសាសន៍ថា ៖ « ហើយខ្ញុំត្រូវបាននាំទៅដោយព្រះវិញ្ញាណ ដោយមិនដឹងជាមុនសោះឡើយថា តើខ្ញុំនឹងត្រូវធ្វើអ្វីខ្លះ ។ ទោះយ៉ាងណាក៏ដោយ គង់តែខ្ញុំដើរតម្រង់ទៅមុខ » ។
យើងត្រូវធ្វើដូច្នោះផងដែរ ! យើងត្រូវតែមានទំនុកចិត្តទៅលើការបំផុសគំនិតដែលយើងទទួលបានជាលើកដំបូង ។ ជួនកាលយើងស្រពិចស្រពិលដោយឆ្ងល់ថា តើយើងទទួលអារម្មណ៍បំផុសគំនិតពីព្រះវិញ្ញាណ ឬវាជាអារម្មណ៍ខ្លួនយើងផ្ទាល់ ។ ពេលយើងចាប់ផ្តើមស្មានអំពីអារម្មណ៍យើងជាលើកទីពីរ ឬទីបី—ដូចពួកយើងទាំងអស់គ្នាធ្វើ—នោះយើងកំពុងបណ្តេញព្រះវិញ្ញាណ យើងកំពុងឆ្ងល់អំពីដំបូន្មានពីព្រះហើយ ។ ព្យាការី យ៉ូសែប ស៊្មីធ បានបង្រៀនថា « ប្រសិនបើអ្នកនឹងស្តាប់តាមការបំផុសគំនិតលើកដំបូង នោះក្នុងការបំផុសគំនិតដប់ដង អ្នកច្បាស់ជាទទួលបានដល់ទៅប្រាំបួនដងហើយ » ។
នេះជាការព្រមានមួយ ៖ ចូរកុំរំពឹងគិតអំពីពរជ័យដ៏ធំធេង ដោយសារតែអ្នកស្តាប់តាមព្រះវិញ្ញាណបរិសុទ្ធឡើយ ។ ចូរចងចាំថា អ្នកកំពុងធ្វើតាមសំឡេងតូចរហៀង ។
អំឡុងពេលបម្រើជាប្រធានបេសកកម្មនៅទីក្រុង នូវ យ៉ោក ខ្ញុំ និងអ្នកផ្សព្វផ្សាយសាសនាមួយចំនួនទៀតបានទៅភោជនីដ្ឋានមួយក្នុងទីក្រុងប្រុន ។ មានគ្រួសារវ័យក្មេងមួយគ្រួសារបានចូលមក ហើយអង្គុយក្បែរពួកយើង ។ ពួកគេដូចជាត្រៀមខ្លួនរួចរាល់ដើម្បីទទួលយកដំណឹងល្អ។ ខ្ញុំបានមើលអ្នកផ្សព្វផ្សាយសាសនាយើង ពេលពួកគេបន្តនៅជាមួយខ្ញុំ បន្ទាប់មកបានឃើញថាគ្រួសារនោះបានស្រស់ស្រូបអាហាររួច ហើយក៏បានចាកចេញទៅ ។ បន្ទាប់មក ខ្ញុំបាននិយាយថា « អែលឌើរ មានមេរៀនមួយនៅទីនេះនាថ្ងៃនេះ ។ អែលឌើរបានឃើញគ្រួសារដ៏គួរឲ្យស្រឡាញ់មួយបានចូលមកភោជនីដ្ឋាននេះ ។ តើយើងគួរតែធ្វើដូចម្តេច ?
អែលឌើរម្នាក់បាននិយាយភ្លាមថា ៖ « ខ្ញុំគិតថាក្រោកឡើង ហើយទៅនិយាយជាមួយពួកគេ ។ ខ្ញុំទទួលការជំរុញចិត្តនោះ ប៉ុន្តែខ្ញុំពុំបានធ្វើតាមឡើយ » ។
ខ្ញុំបាននិយាយថា « អែលឌើរ យើងត្រូវធ្វើតាមការបំផុសគំនិតលើកដំបូងរបស់យើងជានិច្ច ។ ការជំរុញចិត្តដែលអែលឌើរបានទទួលនោះគឺជាព្រះវិញ្ញាណបរិសុទ្ធ ! »
ការបំផុសគំនិតលើកដំបូងគឺជាការបំផុសគំនិតសុទ្ធសាធមកពីស្ថានសួគ៌ ។ ពេលការបំផុសគំនិតទាំងនោះបញ្ជាក់ ឬថ្លែងទីបន្ទាល់ដល់យើង នោះយើងត្រូវទទួលស្គាល់វា ហើយពុំត្រូវឲ្យវារបូតទៅផុតឡើយ ។ ដូច្នេះជារឿយៗ ព្រះវិញ្ញាណបំផុសគំនិតយើងឲ្យទៅជួយនរណាម្នាក់ក្នុងគ្រាអាសន្ន ជាពិសេសគ្រួសារ និងមិត្តភក្តិយើង ។ « មែនហើយ…សំឡេងតូចរហៀងៗដែលខ្សឹប ហើយទំលុះគ្រប់ទាំងអស់ » ចង្អុលបង្ហាញយើងអំពីឱកាសបង្រៀនដំណឹងល្អ ថ្លែងទីបន្ទាល់អំពីការស្តារឡើងវិញ និងអំពីព្រះយេស៊ូវគ្រីស្ទ ផ្តល់ការគាំទ្រ និងខ្វល់ខ្វាយ ព្រមទាំងសង្គ្រោះកូនចៅដ៏មានតម្លៃរបស់ព្រះ ។
ចូរគិតអំពីវាថាជាអ្វីមួយដែលហៅថាអ្នកឆ្លើយតបដំបូង ។ នៅក្នុងសហគមន៍ភាគច្រើន អ្នកឆ្លើយតបដំបូងទៅនឹងសោកនាដកម្ម គ្រោះភ័យ ឬគ្រោះអន្តរាយគឺមានដូចជាអ្នកពន្លត់អគ្គិភ័យ ប៉ូលីស អ្នកជំនួយវេជ្ជបណ្ឌិត ។ ពួកគេបានមកដោយមានពន្លឺពិល ហើយខ្ញុំសូមបន្ថែមថា យើងមានអំណរគុណជាខ្លាំងចំពោះពួកគេ ។ របៀបរបស់ព្រះអម្ចាស់គឺពិបាកនឹងមើលឃើញជាក់ស្តែង ប៉ុន្តែតម្រូវឲ្យមានការឆ្លើយតបភ្លាមៗ ។ ព្រះអម្ចាស់ជ្រាបដឹងពីតម្រូវការកូនចៅទាំងអស់របស់ទ្រង់—ហើយទ្រង់ជ្រាបដឹងពីអ្នកដែលបានរៀបចំខ្លួនដើម្បីជួយ ។ ប្រសិនបើយើងអនុញ្ញាតឲ្យព្រះអម្ចាស់ជ្រាបដឹងនៅក្នុងការអធិស្ឋានពេលព្រឹករបស់យើងថា យើងត្រៀមខ្លួនរួចជាស្រេច នោះទ្រង់នឹងហៅយើងឲ្យឆ្លើយតប ។ ប្រសិនបើយើងឆ្លើយតប នោះទ្រង់នឹងហៅយើងម្តងហើយម្តងទៀត ហើយយើងនឹងឃើញថា យើងធ្វើ « ធុរកិច្ចរបស់ព្រះអម្ចាស់ » ដូចអ្វីដែលប្រធានម៉នសុនបានហៅ ។ យើងនឹងក្លាយជាអ្នកឆ្លើយតបដំបូង ដែលនាំជំនួយមកពីស្ថានលើ ។
ប្រសិនបើយើងយកចិត្តទុកដាក់ចំពោះការបំផុសគំនិតដែលកើតមានដល់យើង នោះយើងនឹងរីកចម្រើនក្នុងវិញ្ញាណនៃវិវរណៈ ហើយទទួលបានការយល់ដឹង និងការណែនាំមកពីព្រះវិញ្ញាណកាន់តែច្រើនឡើងៗ ។ ព្រះអម្ចាស់មានបន្ទូលថា « ចូរដាក់ទីទុកចិត្តរបស់អ្នកទៅនឹងព្រះវិញ្ញាណនោះ ដែលនាំឲ្យធ្វើល្អ » ។
សូមឲ្យយើងទទួលយកការហៅរបស់ព្រះអម្ចាស់ដោយហ្មត់ចត់ឲ្យ « សង្ឃឹមឡើង ដ្បិតយើងនឹងដឹកនាំអ្នករាល់គ្នា » ។ ទ្រង់ដឹកនាំយើងតាមរយៈព្រះវិញ្ញាណបរិសុទ្ធ ។ សូមយើងរស់នៅឲ្យជិតស្និទ្ធនឹងព្រះវិញ្ញាណ ធ្វើតាមការបំផុសគំនិតដំបូងភ្លាមៗ ដោយដឹងថាវាជាការបំផុសមកពីព្រះ។ ខ្ញុំសូមថ្លែងទីបន្ទាល់អំពីព្រះចេស្តានៃព្រះវិញ្ញាណបរិសុទ្ធថាទ្រង់ ដឹកនាំយើង ការពារយើង ហើយគង់នៅជាមួយយើង នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។