សេចក្តីស្រឡាញ់ដែលពេញខ្នាត នោះបណ្តេញសេចក្តីភ័យខ្លាចចេញ
ចូរយើងទុកសេចក្តីភ័យខ្លាចយើងមួយអន្លើរសិន ហើយរស់នៅដោយអំណរ បន្ទាបខ្លួន សង្ឃឹម និងមានទំនុកចិត្តយ៉ាងរឹងប៉ឹងថាព្រះអម្ចាស់គង់នៅជាមួយយើង ។
បងប្អូនប្រុសស្រីជាទីស្រឡាញ់ និងមិត្តជាទីស្នេហា ឱនេះជាឯកសិទ្ធិ និងអំណរ ដើម្បីជួបគ្នាក្នុងនាមជាសមាជិកទូទាំងពិភពលោក ដោយរួបរួមគ្នាក្នុងជំនឿ និងសេចក្តីស្រឡាញ់របស់យើងចំពោះព្រះ និងកូនចៅទ្រង់ ។
ជាពិសេសខ្ញុំមានអំណរគុណចំពោះវត្តមានរបស់ប្រធាន ថូម៉ាស អេស ម៉នសុន ព្យាការីដ៏ជាទីស្រឡាញ់របស់យើង ។ លោកប្រធាន ពួកយើងនឹងចាំប្រសាសន៍របស់លោកដែលមានការណែនាំ ការទូន្មាន និងប្រាជ្ញាទាំងនេះក្នុងចិត្តពួកយើង ។ យើងស្រឡាញ់លោក លោកប្រធាន ម៉នសុន ហើយយើងអធិស្ឋានឲ្យលោកជានិច្ច ។
ជាច្រើនឆ្នាំមកហើយ កាលខ្ញុំកំពុងបម្រើជាប្រធានស្តេកនៅ ហ្វ្រែងហ្វើត អាល្លឺម៉ង់ មានស្ត្រីម្នាក់ដ៏ជាទីស្រឡាញ់ តែមិនសប្បាយចិត្ត បានមករកខ្ញុំពេលការប្រជុំស្តេកមួយរបស់យើងបានចប់ ។
គាត់បាននិយាយថា « តើវាមិនជាថ្វីទេឬ ? ដែលមានមនុស្សបួនប្រាំនាក់បានដេកលក់អំឡុងពេលលោកប្រធាននិយាយនោះ ! »
ខ្ញុំបានគិតមួយសន្ទុះ ហើយតបថា « ខ្ញុំដឹងយ៉ាងប្រាកដថា ការដេកនៅព្រះវិហារគឺជាការដេកមួយដែលធ្វើឲ្យមានសុខភាពល្អបំផុតក្នុងចំណោមការដេកនានា » ។
ភរិយាដ៏អស្ចារ្យរបស់ខ្ញុំ ហារៀត ស្តាប់ឮការសន្ទនានោះដោយចៃដន្យ ក្រោយមកគាត់បាននិយាយថា នោះគឺជាចម្លើយមួយដ៏ប្រពៃបំផុតដែលខ្ញុំធ្លាប់ឆ្លើយ ។
ការភ្ញាក់ដឹងខ្លួនដ៏អស្ចារ្យ
ពីរបីរយឆ្នាំកន្លងមកហើយ នៅអាមេរិកខាងជើងមានចលនាមួយហៅថា « ការភ្ញាក់ដឹងខ្លួនដ៏អស្ចារ្យ » បានរីកសុះសាយទូទាំងផ្ទៃប្រទេស ។ គោលដៅចម្បងបំផុតរបស់ចលនានោះគឺដាស់មនុស្សឲ្យភ្ញាក់ឡើង គឺដាស់អ្នកដែលបង្ហាញថាខ្លួនដេកលង់លក់ក្នុងរឿងដែលទាក់ទងនឹងខាងវិញ្ញាណ ។
ក្មេងប្រុស យ៉ូសែប ស៊្មីធ បានទទួលរងឥទ្ធិពលពីរឿងនានាដែលលោកស្តាប់ឮពីអ្នកផ្សាយសាសនា ដែលជាផ្នែកមួយនៃការដាស់ឲ្យភ្ញាក់ឡើងខាងសាសនានោះ ។ វាគឺជាហេតុផលមួយដែលលោកបានសម្រេចចិត្តស្វែងរកព្រះទ័យរបស់ព្រះអម្ចាស់ក្នុងការអធិស្ឋានផ្ទាល់ខ្លួនដោយស្មោះសរ ។
អ្នកផ្សាយសាសនាទាំងនោះមានរចនាបថនៃការប្រកាសដំណឹងល្អដែលស្វាហាប់ មានមនោសញ្ចេតនា ជាមួយនឹងទេសនកថាដែលគេស្គាល់ថា សង្កត់ធ្ងន់ទៅលើអណ្តាតភ្លើងដ៏គួរឲ្យភ័យខ្លាចនៃស្ថាននរក ដែលរង់ចាំមនុស្សមានបាប ។ ការបង្រៀនរបស់ពួកគេពុំបណ្តាលឲ្យមនុស្សដេកលក់ឡើយ—ប៉ុន្តែទេសនកថាទាំងនេះបានបណ្តាលឲ្យមានសុបិនអាក្រក់មួយចំនួន ។ គោលបំណង និងមាគ៌ារបស់ពួកគេហាក់ដូចជាបន្លាចមនុស្សឲ្យចូលព្រះវិហារ ។
ភាពភ័យខ្លាចគឺជាយុទ្ធវិធីមួយ
ក្នុងប្រវត្តិសាស្ត្រ ជារឿយៗភាពភ័យខ្លាចត្រូវបានប្រើជាមធ្យោបាយ ដើម្បីនាំមនុស្សឲ្យធ្វើសកម្មភាព ។ ឪពុកម្តាយធ្លាប់ប្រើវិធីនេះជាមួយកូនៗរបស់ខ្លួន នយោជកប្រើវិធីនេះជាមួយនយោជិត ហើយអ្នកនយោបាយប្រើវិធីនេះជាមួយអ្នកបោះឆ្នោត ។
អ្នកជំនាញផ្នែកទីផ្សារយល់អំពីឥទ្ធិពលនៃភាពភ័យខ្លាចនេះ ហើយប្រើវាជារឿយៗ ។ នេះជាមូលហេតុដែលការឃោសនាផ្សាយពាណិជ្ជកម្មមួយចំនួនហាក់ដូចជាមានសារលិខិតដែលថ្លែងបញ្ជាក់ថា ប្រសិនបើយើងមិនទិញគ្រាប់ធុញ្ញជាតិដែលជាអាហារពេលព្រឹក ឬខកខានមិនបានទិញវីដេអូហ្គេម ឬទូរសព្ទចេញថ្មីរបស់ពួកគេទេ នោះជីវិតយើងស្ថិតក្នុងភាពគ្រោះថ្នាក់ ហើយមានតែការស្លាប់ និងភាពសោកសៅតែប៉ុណ្ណោះ ។
យើងសើចនឹងរឿងនេះ ហើយគិតថាយើងនឹងពុំធ្លាក់ចូលស៊ងនៃយុទ្ធវិធីបែបនោះឡើយ ប៉ុន្តែជួនកាលយើងធ្លាប់បានធ្លាក់ចូលស៊ងនោះហើយ ។ កាន់តែអាក្រក់ជាងនេះទៀតនោះគឺថា ជួនកាលយើងប្រើវិធីសាស្ត្រស្រដៀងនេះដើម្បីឲ្យអ្នកដទៃធ្វើអ្វីដែលយើងចង់ឲ្យពួកគេធ្វើ ។
សារលិខិតរបស់ខ្ញុំថ្ងៃនេះមានគោលបំណងពីរយ៉ាង ៖ ទីមួយគឺជំរុញឲ្យយើងសញ្ជឹងគិត និងពិចារណាអំពីអ្វីដែលយើងប្រើការបន្លាចដើម្បីជំរុញចិត្តអ្នកដទៃ—រួមទាំងខ្លួនយើងផងដែរ ។ ទីពីរ គឺដើម្បីផ្តល់យោបល់នូវវិធីដែលប្រសើរជាងមុន ។
បញ្ហាជាមួយនឹងភាពភ័យខ្លាច
ដំបូង ចូរយើងនិយាយអំពីបញ្ហាជាមួយនឹងភាពភ័យខ្លាចសិន ។ ក្រៅពីនោះ តើមាននរណាខ្លះក្នុងចំណោមពួកយើងពុំធ្លាប់ត្រូវបានបង្ខំដោយការបន្លាច ដើម្បីបរិភោគអាហារដែលត្រឹមត្រូវជាងមុន ពាក់ខ្សែក្រវ៉ាត់សុវត្ថិភាព ហាត់ប្រាណបន្ថែម សន្សំប្រាក់ថែម ឬសូម្បីតែប្រែចិត្តពីអំពើបាបដែរឬទេ ?
ប្រាកដណាស់ ភាពភ័យខ្លាចអាចមានឥទ្ធិពលខ្លាំងក្លាលើសកម្មភាព និងឥរិយាបថរបស់យើង ។ ប៉ុន្តែឥទ្ធិពលនោះវាមានតែបណ្តោះអាសន្ន និងរាក់កំភែលប៉ុណ្ណោះ ។ ភាពភ័យខ្លាចកម្រមានឥទ្ធិពលផ្លាស់ប្តូរដួងចិត្តយើងណាស់ ហើយវានឹងពុំផ្លាស់ប្តូរយើងឲ្យទៅជាមនុស្សដែលស្រឡាញ់អ្វីដែលត្រឹមត្រូវ និងចង់គោរពតាមព្រះវរបិតាសួគ៌ឡើយ ។
មនុស្សដែលពោរពេញដោយការភ័យខ្លាចអាចនិយាយ និងធ្វើកិច្ចការដែលត្រឹមត្រូវ ប៉ុន្តែពួកគេគ្មានអារម្មណ៍ថារឿងទាំងនោះត្រឹមត្រូវឡើយ ។ ជារឿយៗ ពួកគេមានអារម្មណ៍ថាគ្មានជំនួយ និងថ្នាំងថ្នាក់ចិត្ត ថែមទាំងខឹងសម្បារផងដែរ ។ យូរៗទៅ អារម្មណ៍ទាំងនេះនាំឲ្យមានការមិនទុកចិត្ត រឹងទទឹង ហើយបះបោរ ។
ជាអកុសល វិធីសាស្ត្រខុសឆ្គងនេះបានកើតមាននៅក្នុងជីវិត និងភាពជាអ្នកដឹកនាំ ពុំមែនមានតែនៅក្នុងពួកខាងលោកិយនោះទេ ។ ខ្ញុំកើតទុក្ខពេលឮសមាជិកសាសនាចក្រដែលអនុវត្តអំណាចគ្រប់គ្រងដោយឥតសុចរិត—ទោះជានៅក្នុងផ្ទះពួកគេ ក្នុងការហៅបម្រើនៅសាសនាចក្រ នៅកន្លែងធ្វើការ ឬ នៅក្នុងទំនាក់ទំនងប្រចាំថ្ងៃរបស់ពួកគេជាមួយអ្នកដទៃទៀតក្តី ។
ជារឿយៗ មនុស្សអាចរិះគន់ដោយសម្លុតធ្វើបាបមនុស្សដទៃ ប៉ុន្តែពួកគេពុំមើលឃើញការណ៍នេះនៅក្នុងខ្លួនពួកគេឡើយ ។ ពួកគេទាមទារការអនុលោមតាមច្បាប់ផ្ទាល់ខ្លួនតាមទំនើងចិត្តគេ ប៉ុន្តែនៅពេលអ្នកដទៃពុំធ្វើតាមច្បាប់ព្រាវៗរបស់ខ្លួន នោះមនុស្សបែបនេះវាយផ្ចាលពួកគេដោយពាក្យសម្តី សតិអារម្មណ៍ ហើយជួនកាលវាយផ្ចាលដល់ខាងរូបកាយផងដែរ ។
ព្រះអម្ចាស់មានបន្ទូលថា « នៅពេលយើង … អនុវត្តការត្រួតត្រា ឬការគ្រប់គ្រង ឬការបង្ខិតបង្ខំទៅលើព្រលឹងនៃកូនចៅមនុស្សដោយនូវសេចក្ដីដ៏ឥតសុចរិតណាមួយ … ស្ថានសួគ៌ដកខ្លួនចេញ [ ហើយ ] ព្រះវិញ្ញាណនៃព្រះអម្ចាស់ថប់បារម្ភ » ។
ប្រហែលជាមានគ្រាដែលយើងត្រូវបានល្បួងឲ្យបង្ហាញភស្តុតាងត្រឹមត្រូវអំពីសកម្មភាពរបស់យើង ដោយការជឿថា សកម្មភាពណាក៏អាចទទួលបាន ដរាបណាវាសម្រេចបានលទ្ធផលល្អចំពោះគោលដៅខ្លួន ។ យើងថែមទាំងគិតថា ការគ្រប់គ្រងមនុស្ស ការចាត់ចែងមនុស្ស និងការកោងកាចគឺដើម្បីធ្វើឲ្យអ្នកដទៃបានល្អ ។ វាមិនត្រឹមត្រូវទេ ដ្បិតព្រះអម្ចាស់បានបញ្ជាក់យ៉ាងច្បាស់ថា « ផលផ្លែនៃព្រះវិញ្ញាណនោះគឺជាសេចក្តីស្រឡាញ់ អំណរអរ មេត្រីភាព អត់ធ្មត់ សុភាព សប្បុរស ស្មោះត្រង់ ស្លូតបូត [ និង ] ដឹងខ្នាត » ។
វិធីដែលប្រសើរជាងមុន
ដរាបណាខ្ញុំស្គាល់ព្រះវរបិតាសួគ៌របស់ខ្ញុំកាន់តែច្បាស់ ដរាបនោះខ្ញុំកាន់តែឃើញរបៀបដែលទ្រង់បំផុសគំនិត និងដឹកនាំកូនចៅរបស់ទ្រង់ ។ ទ្រង់ពុំពិរោធ គុំគួន ឬសងសឹកឡើយ ។ ព្រះរាជបំណងទាំងមូលរបស់ទ្រង់គឺ—កិច្ចការ និង សិរីល្អរបស់ទ្រង់—គឺដឹកនាំយើង តម្កើងយើង និងនាំយើងទៅដល់គ្រប់ទាំងសេចក្តីពោរពេញរបស់ផងទ្រង់ ។
ព្រះបានពិពណ៌នាពីព្រះអង្គទ្រង់ដល់ម៉ូសេថា « ទ្រង់មានព្រះហឫទ័យមេត្តាករុណា ហើយទន់សន្តោស ទ្រង់យឺតនឹងខ្ញាល់ ហើយមានសេចក្តីសប្បុរស និងសេចក្តីទៀងត្រង់ជាបរិបូរ » ។
សេចក្តីស្រឡាញ់របស់ព្រះវរបិតាដែលគង់នៅស្ថានសួគ៌ដល់ពួកយើងជាកូនចៅទ្រង់គឺហួសពីការយល់ដឹងរបស់យើងខ្លាំងណាស់ ។
តើនេះមានន័យថា ព្រះលើកទោសឲ្យ ឬបំភ្លេចពីឥរិយាបថដែលធ្វើផ្ទុយទៅនឹងព្រះរាជបញ្ជារបស់ទ្រង់ឬ ? ទេ ពុំមែនមានន័យដូច្នោះឡើយ ។
ប៉ុន្តែទ្រង់សព្វព្រះទ័យឲ្យយើងផ្លាស់ប្តូរលើសពីការគ្រាន់តែប្តូរឥរិយាបថយើងទៅទៀត ។ ទ្រង់មានព្រះទ័យឲ្យយើងផ្លាស់ប្តូរលក្ខណៈរបស់យើង ។ ទ្រង់មានព្រះទ័យឲ្យយើងផ្លាស់ប្តូរដួងចិត្តរបស់យើង ។
ទ្រង់សព្វព្រះទ័យឲ្យយើងឈោងចាប់យក ហើយកាន់ដំបងដែកឲ្យជាប់ ប្រឈមមុខនឹងភាពភ័យខ្លាចរបស់យើង ហើយឈានទៅមុខដោយក្លាហាន ហើយដើរតាមផ្លូវតូច និងចង្អៀតនោះ ។ ទ្រង់សព្វព្រះទ័យបែបនេះចំពោះពួកយើង ដោយសារទ្រង់ស្រឡាញ់យើង ហើយដោយសារនេះគឺជាផ្លូវឆ្ពោះទៅរកសុភមង្គល ។
ដូច្នេះតើព្រះជំរុញចិត្តកូនចៅទ្រង់ ឲ្យធ្វើតាមទ្រង់យ៉ាងដូចម្តេចនៅក្នុងជំនាន់យើងនេះ ?
ទ្រង់បានបញ្ជូនបុត្រាទ្រង់មក !
ព្រះបានបញ្ជូនព្រះរាជបុត្រាបង្កើតតែមួយរបស់ទ្រង់គឺព្រះយេស៊ូវគ្រីស្ទ ដើម្បីបង្ហាញផ្លូវត្រឹមត្រូវដល់យើង ។
ព្រះជំរុញយើងតាមរយៈការលួងលោម ដោយការអត់ធ្មត់ ដោយការទន់ភ្លន់ និងការស្លូតបូត និងដោយការស្រឡាញ់ស្មោះត្រង់ប៉ុណ្ណោះ ។ ព្រះនៅខាងយើង ។ ទ្រង់ស្រឡាញ់យើង ហើយនៅពេលយើងជំពប់ជើងដួល នោះទ្រង់មានព្រះទ័យចង់ឲ្យយើងក្រោកឡើង ព្យាយាមម្តងទៀត ហើយប្រែកាន់តែរឹងមាំឡើង ។
ទ្រង់គឺជាអង្គដឹកនាំយើង ។
ទ្រង់ជាក្តីសង្ឃឹមដ៏ធំមហិមា និងជាទីស្រឡាញ់របស់យើង ។
ទ្រង់សព្វព្រះទ័យជំរុញចិត្តយើងដោយសេចក្តីជំនឿ ។
ទ្រង់ទុកព្រះទ័យលើយើងឲ្យរៀនសូត្រពីកំហុសយើង ហើយធ្វើការជ្រើសរើសត្រឹមត្រូវ ។
ចុះតើអ្វីទៅជារបៀបអាក្រក់នៃលោកិយនេះ ?
វិធីមួយដែល សាតាំងចង់ឲ្យយើងត្រួតត្រាអ្នកដទៃគឺតាមរយៈការនិយាយយកឈ្នះ និងការនិយាយបំផ្លើសដ៏អាក្រក់តាមលោកិយ ។
ប្រាកដណាស់លោកិយនេះតែងតែបែបនេះ ហើយនឹងបន្តមានភាពមិនល្អឥតខ្ចោះបែបនេះជានិច្ច ។ មនុស្សឥតទោសជាច្រើននាក់ត្រូវរងទុក្ខដោយសារតែកាលៈទេសៈដែលបានរៀបចំឡើង ព្រមទាំងបណ្តាលមកពីភាពអមនុស្សធម៌របស់មនុស្ស ។ អំពើពុករលួយ និងភាពទុច្ចរិតនៅជំនាន់របស់យើងគឺចម្លែក និងគួរឲ្យភ័យខ្លាច ។
ប៉ុន្តែទោះបីជាមានរឿងរ៉ាវទាំងនេះក្តី ខ្ញុំចង់រស់នៅក្នុងជំនាន់នេះជាងជំនាន់ណាៗទាំងអស់ នៅក្នុងប្រវត្តិសាស្ត្រនៃពិភពលោកនេះ ។ យើងមានពរជាអនេក ដែលបានរស់នៅក្នុងជំនាន់ដ៏ចម្រុងចម្រើន មានការយល់ដឹង និងមានប្រយោជន៍ដែលពុំអាចប្រៀបផ្ទឹមបាននេះ ។ លើសពីនោះទៅទៀត យើងមានពរដោយមានភាពពោរពេញនៃដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ ដែលផ្តល់ទស្សនវិស័យពិសេសមួយដល់យើង អំពីគ្រោះថ្នាក់នៃពិភពលោកនេះ ហើយបង្ហាញយើងអំពីរបៀបចៀសវាងពីគ្រោះថ្នាក់ទាំងនេះ ឬរបៀបដោះស្រាយវា ។
នៅពេលខ្ញុំគិតអំពីពរជ័យទាំងនេះ ខ្ញុំចង់លុតជង្គង់ខ្ញុំចុះ ហើយថ្វាយការអធិស្ឋានខ្ញុំចំពោះព្រះវរបិតាសួគ៌យើង សម្រាប់សេចក្តីស្រឡាញ់ដែលគ្មានទីបញ្ចប់របស់ទ្រង់ដល់កូនចៅទាំងអស់របស់ព្រះអង្គ ។
ខ្ញុំពុំជឿថា ព្រះសព្វព្រះទ័យឲ្យកូនចៅទ្រង់ពោរពេញដោយការភ័យខ្លាច ឬផ្តោតចិត្តទៅលើអំពើអាក្រក់នៃលោកិយនេះឡើយ ។ « ដ្បិតព្រះទ្រង់មិនបានប្រទានឲ្យយើងមានវិញ្ញាណដែលតែងតែខ្លាចឡើយ គឺឲ្យមានវិញ្ញាណដ៏មានអំណាច សេចក្តីស្រឡាញ់ និងប្រាជ្ញានឹងធឹងវិញ » ។
ទ្រង់បានប្រទានហេតុផលជាច្រើនដល់យើងដើម្បីរីករាយ ។ យើងគ្រាន់តែស្វែងរក ហើយទទួលស្គាល់ហេតុផលទាំងនោះ ។ ជារឿយៗព្រះអម្ចាស់រំឭកយើងថា « ចូរកុំខ្លាចឡើយ », « ចូរឲ្យមានសង្ឃឹមចុះ » ។ និង « ចូរកុំខ្លាចឡើយ ហ្វូងតូចអើយ » ។
ព្រះអម្ចាស់នឹងប្រយុទ្ធក្នុងសមរភូមិរបស់យើង
បងប្អូនប្រុសស្រី យើងគឺជា « ហ្វូងតូច » របស់ព្រះអម្ចាស់ ។ យើងគឺជាពួកបរិសុទ្ធនៅជំនាន់ចុងក្រោយនេះ ។ ភ្ជាប់មកជាមួយឈ្មោះរបស់យើងនោះគឺជាការតាំងចិត្តដើម្បីទន្ទឹងចាំការយាងត្រឡប់មកវិញរបស់ព្រះអង្គសង្គ្រោះ និងការរៀបចំខ្លួនយើង និងពិភពលោកនេះដើម្បីទទួលទ្រង់ ។ ហេតុដូច្នោះហើយ ចូរយើងបម្រើព្រះ ហើយស្រឡាញ់បងប្អូនយើង ។ ចូរយើងធ្វើកិច្ចការនេះដោយទំនុកចិត្តពីធម្មជាតិ ដោយរាបសា ចូរកុំមើលងាយដល់សាសនាដទៃ ឬក្រុមមនុស្សណាមួយឡើយ ។ បងប្អូនប្រុសស្រី យើងមានទំនួលខុសត្រូវក្នុងការសិក្សាព្រះបន្ទូលព្រះ ហើយស្តាប់តាមព្រះសូរសៀងនៃព្រះវិញ្ញាណ ថាយើងអាច « ស្គាល់ទីសម្គាល់ទាំងឡាយអំពីសម័យកាល និងទីសម្គាល់ទាំងឡាយអំពីការយាងមកនៃកូនមនុស្ស » ។
ហេតុដូច្នោះហើយ យើងពុំមែនល្ងង់ខ្លៅអំពីឧបសគ្គនៃពិភពលោកនេះ ហើយយើងក៏ពុំមែនមិនស្គាល់អំពីការលំបាកនៃជំនាន់របស់យើងដែរ ។ ប៉ុន្តែនេះពុំមែនមានន័យថា យើងគួរតែដាក់បន្ទុកលើខ្លួនយើង ឬអ្នកដទៃដោយការភ័យខ្លាចជាប់ជានិច្ចឡើយ ។ ផ្ទុយទៅវិញជាជាងការនៅស្មុគជាមួយឧបសគ្គរបស់យើង នោះតើវាមិនប្រសើរទេឬ ប្រសិនបើយើងផ្តោតយកចិត្តទុកដាក់ទៅលើភាពអស្ចារ្យ សេចក្តីល្អដ៏ឥតប្រៀបផ្ទឹម និងព្រះចេស្តាទាំងអស់របស់ព្រះនៃយើង ទុកចិត្តលើទ្រង់ ហើយរៀបចំដួងចិត្តដែលពេញដោយអំណរសម្រាប់ការយាងត្រឡប់មកវិញរបស់ព្រះយេស៊ូវគ្រីស្ទនោះ ?
ក្នុងនាមជារាស្ត្រនៃសេចក្តីសញ្ញារបស់ទ្រង់ យើងពុំត្រូវទន់ជ្រាយដោយការភ័យខ្លាចថា រឿងអាក្រក់អាចនឹងកើតមានឡើងឡើយ ។ ផ្ទុយទៅវិញ យើងអាចឈានទៅមុខដោយសេចក្តីជំនឿ ភាពក្លាហាន ការប្តេជ្ញាចិត្ត និងការទុកចិត្តលើព្រះ នៅពេលយើងដោះស្រាយឧបសគ្គ និងឱកាសនានាក្នុងពេលខាងមុខ ។
យើងពុំដើរលើផ្លូវនៃភាពជាសិស្សតែឯងឡើយ ។ « ដ្បិតគឺព្រះអម្ចាស់ជាព្រះនៃអ្នក…យាងទៅជាមួយនឹងអ្នក ទ្រង់មិនដែលខាននឹងប្រោសអ្នកទេ ក៏មិនដែលលះចោលអ្នកដែរ » ។
« ព្រះអម្ចាស់ទ្រង់នឹងច្បាំងជំនួសអ្នករាល់គ្នា ឯអ្នករាល់គ្នានឹងនៅតែស្ងៀមវិញ » ។
នៅក្នុងការប្រឈមមុខនឹងការភ័យខ្លាច ចូរយើងស្វែងរកភាពក្លាហាន ពង្រឹងជំនឿយើង ហើយមានទំនុកចិត្តលើការសន្យាដែលថា « ឯគ្រឿងសស្ត្រាវុធណាដែលគេធ្វើឡើង នោះគ្មានណាមួយនឹងអាចទាស់នឹងអ្នកបានឡើយ ។
តើយើងរស់នៅក្នុងគ្រាមួយនៃភាពគ្រោះថ្នាក់ និងចលាចលឬ ? ប្រាកដណាស់ យើងកំពុងរស់នៅក្នុងគ្រានេះមែន ។
ព្រះទ្រង់បានមានបន្ទូលថា « នៅលោកិយនេះនោះអ្នករាល់គ្នាមានសេចក្តីវេទនាមែន ប៉ុន្តែត្រូវសង្ឃឹមឡើង ដ្បិតខ្ញុំបានឈ្នះលោកិយហើយ » ។
តើយើងអាចអនុវត្តសេចក្តីជំនឿដើម្បីជឿ ហើយធ្វើសកម្មភាពស្របតាមនោះបានដែរឬទេ ? តើយើងអាចរស់នៅតាមការតាំងចិត្ត និងសេចក្តីសញ្ញាពិសិដ្ឋទាំងឡាយរបស់យើងដែរឬទេ ? តើយើងអាចកាន់តាមព្រះបញ្ញត្តិទាំងឡាយនៃព្រះ សូម្បីតែយើងស្ថិតនៅក្នុងកាលៈទេសៈដ៏ស្មុគស្មាញដែរឬទេ ? ប្រាកដណាស់ យើងអាចធ្វើវាបាន !
យើងអាចធ្វើវាបាន ដោយសារព្រះបានសន្យាថា « គ្រប់ការណ៍ទាំងអស់ផ្សំគ្នា សម្រាប់សេចក្ដីល្អដល់អ្នក បើសិនជា [ អ្នករាល់គ្នា ] ដើរដោយទៀងត្រង់ » ។ ហេតុដូច្នោះហើយ ចូរយើងទុកសេចក្តីភ័យខ្លាចយើងមួយអន្លើរសិន ហើយរស់នៅដោយអំណរ សង្ឃឹម និងមានទំនុកចិត្តយ៉ាងរឹងប៉ឹងថាព្រះអម្ចាស់គង់នៅជាមួយយើង ។
សេចក្តីស្រឡាញ់ដែលពេញខ្នាត នោះបណ្តេញសេចក្តីភ័យខ្លាចចេញ
មិត្តជាទីស្រឡាញ់ បងប្អូនប្រុសស្រីនៅក្នុងព្រះគ្រីស្ទរបស់ខ្ញុំអើយ ប្រសិនបើយើងឃើញថា យើងកំពុងរស់នៅក្នុងភាពភ័យខ្លាច ឬថប់បារម្ភ ឬប្រសិនបើយើងឃើញថា ពាក្យសម្តី អាកប្បកិរិយា ឬទង្វើផ្ទាល់របស់យើងកំពុងតែបណ្តាលឲ្យអ្នកដទៃមានការភ័យខ្លាច នោះខ្ញុំសូមអធិស្ឋានអស់ពីព្រលឹងខ្ញុំថា ឲ្យយើងអាចមានសេរីភាពពីការភ័យខ្លាចនោះ តាមរយៈថ្នាំបន្សាបការភ័យខ្លាចដែលចាត់មកពីព្រះ ៖ គឺសេចក្តីស្រឡាញ់ដ៏សុទ្ធសាធរបស់ព្រះគ្រីស្ទ ដ្បិត « សេចក្តីស្រឡាញ់ដែលពេញខ្នាត នោះបណ្តេញសេចក្តីភ័យខ្លាចចេញ » ។
សេចក្តីស្រឡាញ់ដែលពេញខ្នាតរបស់ព្រះគ្រីស្ទឈ្នះលើការល្បួងដែលបង្កឲ្យគ្រោះថ្នាក់ គំរាមកំហែង សម្លុតធ្វើបាប ឬ ជិះជាន់ ។
សេចក្តីស្រឡាញ់ដែលពេញខ្នាតរបស់ព្រះគ្រីស្ទធ្វើឲ្យយើងដើរដោយបន្ទាបខ្លួន ថ្លៃថ្នូរ និងមានទំនុកចិត្តអង់អាចក្នុងនាមជាអ្នកដើរតាមរបស់ព្រះអង្គសង្គ្រោះដែលជាទីស្រឡាញ់របស់យើង ។ សេចក្តីស្រឡាញ់ដែលពេញខ្នាតរបស់ព្រះគ្រីស្ទផ្តល់ទំនុកចិត្តដល់យើង ដើម្បីបន្តទៅមុខទោះជាមានការភ័យខ្លាចក្តី ហើយដាក់ទីទុកចិត្តទាំងស្រុងរបស់យើងលើព្រះចេស្តា និងសេចក្តីល្អសប្បុរសរបស់ព្រះវរបិតាសួគ៌យើង និងព្រះបុត្រាទ្រង់គឺព្រះយេស៊ូវគ្រីស្ទ ។
នៅក្នុងគេហដ្ឋាន នៅកន្លែងជំនួញ នៅក្នុងការហៅបម្រើក្នុងសាសនាចក្រ នៅក្នុងដួងចិត្តយើង ចូរយើងជំនួសភាពភ័យខ្លាចដោយដាក់សេចក្តីស្រឡាញ់ពេញខ្នាតរបស់ព្រះគ្រីស្ទវិញ ។ សេចក្ដីស្រឡាញ់របស់ព្រះគ្រីស្ទនឹងជំនួសសេចក្ដីភ័យខ្លាចដោយនូវសេចក្ដីជំនឿវិញ !
សេចក្តីស្រឡាញ់របស់ទ្រង់នឹងធ្វើឲ្យយើងទទួលស្គាល់ ទុកចិត្ត ហើយមានជំនឿលើសេចក្តីល្អសប្បុរសរបស់ព្រះវរបិតាសួគ៌យើង ផែនការដ៏ទេវភាពរបស់ទ្រង់ ដំណឹងល្អទ្រង់ និងព្រះបញ្ញត្តិទ្រង់ ។ ព្រះដែលពោរពេញដោយក្តីស្រឡាញ់ និងបងប្អូនរបស់យើងនឹងបង្វែរការគោរពប្រតិបត្តិតាមបញ្ញត្តិព្រះរបស់យើងថាជាពរជ័យជាជាងចាត់ទុកវាជាបន្ទុក ។ សេចក្ដីស្រឡាញ់របស់ព្រះគ្រីស្ទនឹងជួយយើងឲ្យប្រែកាន់តែចិត្តល្អ អភ័យទោស ខ្វាយខ្វល់ និងបូជាចំពោះកិច្ចការរបស់ទ្រង់ ។
នៅពេលយើងបំពេញដួងចិត្តយើងដោយសេចក្តីស្រឡាញ់នៃព្រះគ្រីស្ទ នោះយើងនឹងភ្ញាក់ឡើងដោយមាននូវភាពស្រស់ស្រាយខាងវិញ្ញាណឡើងវិញ ហើយយើងនឹងដើរដោយរីករាយ ដោយមានទំនុកចិត្ត ភ្ញាក់ឡើង ហើយរស់នៅក្នុងពន្លឺ និងសិរីល្អនៃព្រះអង្គសង្គ្រោះជាទីស្រឡាញ់របស់យើងគឺព្រះយេស៊ូវគ្រីស្ទ ។
ខ្ញុំសូមថ្លែងទីបន្ទាល់ជាមួយនឹងទីបន្ទាល់របស់យ៉ូហានថា « គ្មានសេចក្តីភ័យខ្លាចណា នៅក្នុងសេចក្តីស្រឡាញ់ [ របស់ព្រះគ្រីស្ទ ] ឡើយ » ។ បងប្អូនប្រុសស្រី មិត្តសំឡាញ់អើយ ព្រះស្គាល់បងប្អូនច្បាស់ណាស់ ។ ទ្រង់ស្រឡាញ់បងប្អូនយ៉ាងឥតខ្ចោះ ។ ទ្រង់ជ្រាបដឹងពីឥទ្ធិពលនាពេលអនាគតរបស់បងប្អូន ។ ទ្រង់សព្វព្រះទ័យឲ្យបងប្អូន « កុំខ្លាចអី ឲ្យគ្រាន់តែជឿប៉ុណ្ណោះ » ហើយក៏ « នៅជាប់ក្នុងសេចក្តីស្រឡាញ់ [ ឥតខ្ចោះ ] របស់ទ្រង់ដែរ » ។ នេះជាការអធិស្ឋាន និងការប្រសិទ្ធពររបស់ខ្ញុំ ក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។