ឆ្នាំ ២០១០-២០១៩
ត្រឡប់​ទៅវិញ ហើយ​ទទួល
ខែ មេសា ឆ្នាំ ២០១៧


16:10

ត្រឡប់​ទៅវិញ ហើយ​ទទួល

ការ ត្រឡប់​ទៅ​កាន់​ទី​វត្ត​មាន​របស់​ព្រះ​វិញ ហើយ ទទួល​ពរជ័យ​អស់កល្ប​ជានិច្ច ដែល​កើត​មក​ពី​កា​រចុះ ហើយ​រក្សា​សេចក្តីសញ្ញា​គឺ​ជា​គោលដៅ​សំខាន់​បំផុត​ដែល​យើង​អាច​ដាក់ ។

បងប្អូន​ប្រុស​ស្រី​អើយ ឥឡូវ​នេះ​វា​ជា​ការ​ចាត់តាំង​របស់​ខ្ញុំ​ដើម្បី​និយាយ​ទៅ​កាន់​បងប្អូន ហើយ​ការ​ចាត់តាំង​របស់​បងប្អូន​គឺ​ត្រូវ​ស្តាប់ ។ គោលដៅ​របស់​ខ្ញុំ​គឺ​ត្រូវ​បញ្ចប់​ការនិយាយ​របស់​ខ្ញុំ ពីមុន​បងប្អូន​ឈប់​ស្តាប់​ខ្ញុំ ។ ខ្ញុំ​នឹង​ធ្វើ​វា​ឲ្យ​អស់​ពី​សមត្ថភាព ។

អស់​ជាច្រើន​ឆ្នាំ​មក​ហើយ ខ្ញុំ​បាន​អង្កេត​ឃើញ​ថា អស់​អ្នក​ដែល​សម្រេច​បាន​កិច្ចការ​ច្រើន​បំផុត​ក្នុង​ពិភពលោក​នេះ គឺ​ជា​អ្នក​ដែល​មាន​ទស្សន​វិស័យ​សម្រាប់​ជីវិត​ខ្លួន ដោយ​មាន​គោលដៅ​ផ្តោត​លើ​ទស្សន​វិស័យ​ និង​យុទ្ធសាស្ត្រ​របស់​ខ្លួន​អំពី​របៀប​ធ្វើ​កិច្ចការ ដើម្បី​ឲ្យ​សម្រេច​បាន​គោលដៅ​ទាំង​នោះ ។ ការដឹង​ពី​ទីកន្លែង​ដែល​បងប្អូន​នឹង​ទៅ និង​របៀប​ដែល​បងប្អូន​រំពឹង​ថា​ទៅ​ដល់​ទីនោះ អាច​នាំ​ឲ្យ​ជីវិត​មាន​ន័យ គោលបំណង និង​ការសម្រេច​បាន​នានា ។

មនុស្ស​មួយ​ចំនួន​ពិបាក​ញែក​ឲ្យ​ដាច់​រវាង​គោលដៅ និង​ផែនការ រហូត​ដល់​ពួកគេ​រៀន​ថា គោលដៅ​មួយ​គឺ​ជា​ទិសដៅ ឬទីបញ្ចប់ ឯផែនការ​វិញ​គឺ​ជា​ផ្លូវ​ដែល​ធ្វើ​ឲ្យ​បងប្អូន​អាច​ទៅ​ដល់​ទីនោះ ។ ឧទាហរណ៍ យើង​អាច​មាន​គោលដៅ​មួយ​ដើម្បី​បើកបរ​ទៅកាន់​ទីតាំង​មួយ​ដែល​យើង​មិន​ស្គាល់ ហើយ​ដូច​ជា​បងប្អូន​ស្រី​ជា​ទីស្រឡាញ់​មួយ​ចំនួន​ដឹង ជា​ញឹកញាប់​ពួក​យើង​ជា​បុរស​គិតថា​យើង​ស្គាល់​ផ្លូវ​ទៅ​ដល់​ទីនោះ—ដែល​ជារឿយៗ​យើង​តែង​តែ​និយាយ​បែប​នេះ​ថា « ខ្ញុំ​ស្គាល់​ហើយ—វា​នៅ​ជិត​នេះ​ហ្នឹង » ។ ភរិយា​ខ្ញុំ​ប្រហែល​ជា​កំពុង​តែ​ញញឹម ។ គោលដៅ​នោះ​គឺ​ច្បាស់លាស់ ប៉ុន្តែ​គ្មាន​ផែនការ​ល្អ​ដើម្បី​ទៅ​ដល់​ទិសដៅ​នោះ​ឡើយ ។

ការដាក់​គោលដៅ​នឹង​ជា​​ចាប់ផ្តើម​ដ៏​សំខាន់​ដោយ​មាន​លទ្ធផល​ដែល​ចង់​បាន​នៅ​ក្នុង​គំនិត ។ ហើយ​ការដាក់​ផែនការ​គឺ​ជា​ការបង្កើត​របៀប​មួយ​ដើម្បី​សម្រេច​ឲ្យ​បាន​លទ្ធផល​នោះ ។ គន្លឹះ​សំខាន់​ឆ្ពោះ​ទៅ​រក​សុភមង្គល​កើត​មក​ពី​ការ​ដឹង​ថា តើ​ទិសដៅ​ណា​ដែល​ពិត​ជា​សំខាន់​បំផុត—ហើយ​បន្ទាប់​មក​​ចំណាយ​ពេលវេលា ការប្រឹងប្រែង និង​ការយក​ចិត្ត​ទុកដាក់​របស់​យើង លើ​រឿង​ដែល​បង្កើត​របៀប​ពិតប្រាកដ ដើម្បី​សម្រេច​នូវ​លទ្ធផល​ដែល​ចង់​បាន​នោះ ។

ព្រះជា​ព្រះវរបិតា​សួគ៌​របស់​យើង បាន​ប្រទាន​គំរូ​ដ៏​ល្អ​ឥត​ខ្ចោះ​ដល់​យើង អំពី​ការដាក់​គោលដៅ និង​ផែនការ ។ គោលដៅ​របស់​ទ្រង់​គឺ « ដើម្បី​នាំ​ឲ្យ​មាន​អមតភាព និង​ជីវិត​ដ៏​នៅ​អស់​ក្បល​ជានិច្ច​ដល់​មនុស្ស »  ហើយ​មធ្យោបាយ​របស់​ទ្រង់​ដើម្បី​សម្រេច​បាន​គោលដៅ​នេះ គឺ​ជា​ផែនការ​នៃ​សេចក្តី​សង្គ្រោះ ។

ផែនការ​របស់​ព្រះវរបិតា​សួគ៌​ដែល​ពេញ​ដោយ​ក្តីស្រឡាញ់​របស់​យើង រួមមាន​ការ​ប្រទាន​ភាព​រីក​ចម្រើន ការ​ពង្រីក​ខ្លួន ការ​រៀន​សូត្រ រូបកាយ​នៃ​ជីវិត​រមែង​ស្លាប់​ដល់​យើង ដែល​វា​អាច​នាំ​ឲ្យ​យើង​ប្រែក្លាយ​កាន់តែ​ដូច​ទ្រង់ ។ ការដាក់​វិញ្ញាណ​អស់កល្ប​ជានិច្ច​របស់​យើង​ទៅក្នុង​រូបកាយ​យើង ការ​រស់​នៅ​តាម​ការ​បង្រៀន និង​បញ្ញត្តិ​របស់​ព្រះបុត្រា​ទ្រង់​គឺ​ព្រះយេស៊ូវ​គ្រីស្ទ និង​ការ​បង្កើត​គ្រួសារ​អស់​កល្ប ធ្វើ​ឲ្យ​យើង​អាច​បំពេញ​គោលដៅ​នៃ​អមតៈភាព និង​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច​របស់​ព្រះ សម្រាប់​កូនចៅ​របស់​ទ្រង់​ជាមួយ​ទ្រង់​ក្នុង​នគរ​សេឡេស្ទាល តាមរយៈ​ដង្វាយ​ធួន​របស់​ព្រះអង្គ​សង្គ្រោះ ។

ការដាក់​គោលដៅ​វាងវៃ​រួមមាន ការយល់​ដឹង​ថា គោលដៅ​រយៈពេល​ខ្លី​មាន​ប្រសិទ្ធភាព​បាន លុះត្រា​វា​ដឹក​នាំ​ទៅ​រក​គោលដៅ​រយៈ​ពេល​វែង ដែល​យើង​បាន​យល់​ដឹង​យ៉ាង​ច្បាស់​តែ​ប៉ុណ្ណោះ ។ ខ្ញុំ​ជឿ​ថា គន្លឹះ​សំខាន់​មួយ​ឆ្ពោះ​ទៅ​រក​សុភមង្គល​គឺ​ការ​រៀន​អំពី​របៀប​ដាក់​គោលដៅ​ផ្ទាល់​ខ្លួន​យើង និង​បង្កើត​ផែនការ​ផ្ទាល់​ខ្លួន​យើង នៅក្នុង​គម្រោង​នៃ​ផែនការ​ដ៏​អស់កល្ប​ជានិច្ច​របស់​ព្រះវរបិតា​សួគ៌​យើង ។ ប្រសិនបើ​យើង​ផ្ដោត​ទៅលើ​មាគ៌ា​អស់កល្ប​ជានិច្ច​នេះ នោះ​យើង​នឹង​មាន​គុណសម្បត្តិ​ពិតប្រាកដ ដើម្បី​ត្រឡប់​ទៅ​កាន់​ទី​វត្តមាន​របស់​ទ្រង់​វិញ ។

វា​ល្អ​ដើម្បី​មាន​គោលដៅ និង​ផែនការ​សម្រាប់​ការងារ ការសិក្សា ឬ​សូម្បី​តែ​សម្រាប់​កីឡា​វាយ​កូន​ហ្គោល​របស់​យើង​ផងដែរ ។ វា​ក៏​សំខាន់​ផងដែរ​ដើម្បី​មាន​គោលដៅ​សម្រាប់​អាពាហ៍​ពិពាហ៍ ក្រុមគ្រួសារ​យើង ព្រមទាំង​ក្រុមប្រឹក្សា និង​ការហៅ​បម្រើ​ក្នុង​ព្រះវិហារ​របស់​យើង ការណ៍​នេះ​គឺ​ពិត​ជា​ពិសេស​ចំពោះ​អ្នក​ផ្សព្វផ្សាយ​សាសនា ។ ប៉ុន្តែ​គោលដៅ​ដ៏​ធំ​មហិមា និង​ដ៏​មាន​អាទិភាព​ខ្ពស់​បំផុត​របស់​យើង គប្បី​សម​ស្រប​ទៅ​នឹង​ផែនការ​អស់​កល្ប​របស់​ព្រះវរបិតា​សួគ៌ ។ ព្រះយេស៊ូវ​មាន​បន្ទូល​ថា « ចូរ​អ្នក​ស្វែងរក​នគរ​នៃ​ព្រះ និង​សេចក្ដី​សុចរិត​របស់​ទ្រង់​ជា​មុន​សិន ទើប​គ្រប់​របស់​ទាំង​នោះ​នឹង​បាន​ប្រទាន​មក​អ្នក​រាល់​គ្នា​ថែម​ទៀត​ផង » ។

អ្នក​ជំនាញ​ខាង​ការ​ដាក់​គោលដៅ​ប្រាប់​យើង​ថា កាល​ណា​គោលដៅ​កាន់តែ​សាមញ្ញ និង​ច្បាស់លាស់ នោះ​វា​នឹង​មាន​ប្រសិទ្ធភាព​កាន់តែ​ខ្លាំង ។ ពេល​យើង​អាច​សង្ខេប​គោលដៅ​យើង​ឲ្យ​ទៅ​ជា​រូបភាព​មួយ​ច្បាស់លាស់ ឬ​ឲ្យ​ទៅ​ជា​ពាក្យ​មួយ ឬ​ពីរ​ម៉ាត់​ដែល​មាន​ឥទ្ធិពល និង​ជា​និមិត្តសញ្ញា គោលដៅ​នោះ​អាច​ក្លាយ​ជា​ផ្នែក​មួយ​នៃ​ខ្លួន​យើង ហើយ​វា​ដឹក​នាំអ្វីៗ​ដែល​យើង​គិត និង​ធ្វើ​ស្ទើរតែ​ទាំង​ស្រុង ។ ខ្ញុំ​ជឿ​ថា មាន​ពាក្យ​ពីរ​ម៉ាត់​នៅក្នុង​បរិបទ​នេះ ដែល​ជា​និមិត្ត​សញ្ញា​នៃ​គោលដៅ​របស់​ព្រះ​សម្រាប់​ពួក​យើង ហើយ​ជា​គោលដៅ​សំខាន់​បំផុត​សម្រាប់​ខ្លួន​យើង ។ ពាក្យ​ទាំង​នោះ​គឺ ត្រឡប់​ទៅ​វិញ ហើយ ទទួល ។

ការ ត្រឡប់ ទៅ​កាន់​ទី​វត្ត​មាន​របស់​ទ្រង់​វិញ ហើយ ទទួល ពរជ័យ​អស់កល្ប​ជានិច្ច ដែល​កើត​មក​ពី​ការ​ចុះ ហើយ​រក្សា​សេចក្តីសញ្ញា​គឺ​ជា​គោលដៅ​សំខាន់​បំផុត​ដែល​យើង​អាច​ដាក់ ។

យើង ត្រឡប់​ទៅវិញ ហើយទទួល តាម​រយៈការ​មាន « សេចក្ដី​ជំនឿ​ដ៏​រឹងប៉ឹង​លើ [ ព្រះអម្ចាស់​យេស៊ូវ​គ្រីស្ទ ] ដោយ​ពឹងផ្អែក​ទាំង​ស្រុង​ទៅ​លើ » ព្រះគុណ​ទ្រង់ ឈាន « ទៅ​មុខ​ដោយ​ខ្ជាប់ខ្ជួន​នៅ​ក្នុង​ព្រះ​គ្រីស្ទ ដោយ​មាន​ការ​ភ្លឺ​ថ្លា​នៃ​សេចក្ដី​សង្ឃឹម​ដ៏​ឥត​ខ្ចោះ ហើយ​ដោយ​មាន​ចិត្ត​ស្រឡាញ់​ព្រះ និង​មនុស្ស​គ្រប់​រូប…ដោយ​ទទួល​ទាន​នូវ​ព្រះ​បន្ទូល​នៃ​ព្រះ​គ្រីស្ទ ហើយ​កាន់ខ្ជាប់ [ ដរាប ] ដល់​ចុង​បំផុត » ។

លូស៊ីហ្វើរ​ពុំ​បាន​ទទួល​យក​ផែនការ​របស់​ព្រះវរបិតា​យើង​ជា​ផែនការ​ដែល​ឲ្យ​យើង ត្រឡប់ ទៅ​ទី​វត្តមាន​របស់​ទ្រង់ ហើយ ទទួល ពរជ័យ​របស់​ទ្រង់​វិញ​ឡើយ ។ ប្រាកដ​ណាស់ លូស៊ីហ្វើរ​បាន​បះបោរ ហើយ​ព្យាយាម​កែប្រែ​ផែនការ​របស់​ព្រះវរបិតា​យើង​ទាំងស្រុង គឺ​វាចង់​យក​សិរីល្អ កិត្តិយស និង​ព្រះចេស្តា​របស់​ព្រះ​សម្រាប់​ខ្លួនវា​ផ្ទាល់ ។ ជា​លទ្ធផល វា និង​ពលបរិវារ​វា​ត្រូវបាន​បណ្តេញ​ចេញ​ពី​វត្តមាន​របស់​ព្រះ ហើយ « ក្លាយ​ទៅ​ជា​សាតាំង មែនហើយ គឺ​ជា​អារក្ស ជា​បិតា​នៃ​អស់​ទាំង​ការកុហក ដើម្បី​បញ្ឆោត ហើយ​ដើម្បី​ធ្វើ​ឲ្យ​មនុស្ស​ខ្វាក់ ហើយ​ដើម្បី​ដឹក​ពួកគេ​យក​ទៅ​ជា​ឈ្លើយ​តាម​ចិត្ត​របស់​វា គឺ​មនុស្ស​ជា​ច្រើន​ណា​ដែល​មិន​ព្រម​ស្តាប់​តាម​សំឡេង​របស់ [ ព្រះអម្ចាស់ ] នោះ​ហើយ » ។

ដោយសារ​តែ​ការជ្រើសរើស​នៅ​ជីវិត​មុន​ផែនដី​នេះ សាតាំង​ពុំ​អាច ត្រឡប់​ទៅវិញ ហើយ​ក៏​ពុំ​អាច ទទួល ផងដែរ ។ អ្វី​មួយ​ដែល​វា​អាច​ធ្វើ​នោះ​គឺ​ប្រឆាំង​នឹង​ផែនការ​ព្រះវរបិតា ដោយ​ប្រើ​ការទាក់ទាញ និង​ការល្បួង​គ្រប់​បែប​យ៉ាង​ដែល​វា​អាច​ធ្វើ​បាន ដើម្បី​​នាំ​យើង​ឲ្យ​ធ្លាក់​ចុះ ហើយ​ធ្វើ​ឲ្យ​យើង​មាន​ទុក្ខ​វេទនា​ដូច​ជា​វា​ដែរ ។ ផែនការ​របស់​សាតាំង​ដើម្បី​សម្រេច​គោលដៅ​ទុច្ចរិត​របស់​វា អនុវត្ត​ចំពោះ​គ្រប់​បុគ្គល ជំនាន់ វប្បធម៌ និង​សង្គម ។ វា​ប្រើ​សំឡេង​ឮៗ—ជា​សំឡេង​ដែល​ព្យាយាម​សន្ធប់​លើ​សំឡេង​តូច ហើយ​រហៀង​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ដែល​អាច​បង្ហាញ​យើង​នូវ « គ្រប់​អ្វី​ទាំង​អស់ » ដែល​យើងគួរតែ​ធ្វើ​ដើម្បី ត្រឡប់​ទៅវិញហើយ ទទួល ។

សំឡេង​ទាំង​នោះ​ជា​សំឡេង​នៃ​អស់​អ្នក​ដែល​ព្រងើយ​កន្តើយ​នឹង​សេចក្តីពិត​នៃ​ដំណឹង​ល្អ និង​អស់​អ្ន​កដែល​ប្រើប្រាស់​អ៊ិនធើរណែត ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម និង​បោះពុម្ព វិទ្យុ ទូរទស្សន៍ និង​ខ្សែ​ភាពយន្ត ដើម្បី​បង្ហាញ​ក្នុង​របៀប​មួយ​ដែល​ទាក់ទាញ​ឲ្យ​មាន​ភាព​អសីលធម៌ ហិង្សា ពាក្យ​សម្តី​បាតផ្សា គំនិត​ស្មោគគ្រោក និង​ថោកទាប ដើម្បី​បង្វែរ​យើង​ចេញ​ពី​គោលដៅ និង​ផែនការ​ដែល​យើង​មាន​សម្រាប់​ភាព​អស់កល្ប​ជានិច្ច​នោះ ។

សំឡេង​ទាំង​នេះ​ក៏​អាច​រួម​មាន​បុគ្គល​ដែល​មាន​ចេតនា​ល្អ តែ​បាន​ខ្វាក់​ដោយ​សារ​តែ​ទស្សនៈ​របស់​មនុស្ស​ប្រុសស្រី​ខាង​លោកិយ​នេះ និង​បុគ្គល​ដែល​ព្យាយាម​បំផ្លាញ​សេចក្តីជំនឿ ហើយ​បង្វែរ​ការផ្តោត​ទៅលើ​ភាព​អស់កល្ប​ចេញពី​អស់​អ្នក​ដែល​ព្យាយាម ត្រឡប់ ទៅ​កាន់​ទីវត្ត​មាន​របស់​ព្រះ​វិញ ហើយ ទទួល « គ្រប់​អ្វី​ទាំងអស់​ដែល​ព្រះវរបិតា [ របស់​យើង ] មាន » ។

ខ្ញុំ​បាន​ឃើញ​ថា ដើម្បី​បន្ត​ផ្តោតលើ ការត្រឡប់​ទៅ​វិញ និង ការទទួល ពរជ័យ​ដែល​បាន​សន្យា នោះ​ខ្ញុំ​ត្រូវតែ​ចំណាយ​ពេល​ជា​ទៀងទាត់​សួរ​ខ្លួន​ខ្ញុំ​ថា « តើ​ខ្ញុំ​ធ្វើ​បាន​ប៉ុណ្ណា​ហើយ ? »

វា​ដូច​ជា​ការ​សម្ភាសន៍​ផ្ទាល់​ខ្លួន ជា​ឯកជន​មួយ​ជាមួយ​ខ្លួន​ឯង ។ ហើយ​ប្រសិនបើ​វា​ស្ដាប់​ទៅ​ដូច​ជា​ចម្លែក​នោះ ចូរ​គិត​អំពីសំណួរ​នេះ ៖ តើ​មាន​នរណា​នៅក្នុង​លោក​នេះ​មាន​នរណា​ខ្លះ ដែល​ស្គាល់​បងប្អូន​ច្បាស់​ជាង​ខ្លួន​ឯង​នោះ ? បងប្អូន​ស្គាល់​គំនិត​ សកម្មភាព​ឯកជន បំណង​ប្រាថ្នា និង​ក្តី​សុបិន​ខ្លួន​ឯង គោលដៅ និង​ផែនការ​ខ្លួន​ឯង ។ ហើយ​បងប្អូន​ស្គាល់​ពី​របៀប​ដែល​បងប្អូន​រីកចម្រើន​នៅលើ​ផ្លូវ​នៃ ការត្រឡប់​ទៅវិញនិង ការទទួលជាង​នរណាៗ​ទាំង​អស់ ។

ដើម្បី​ផ្តល់​ការណែនាំ​ដ​ល់​ខ្ញុំ​អំឡុង​ពេល​ពិនិត្យ​មើល​ឡើង​វិញ​ជា​ឯកជន​ផ្ទាល់​ខ្លួន នោះ ខ្ញុំ​ចូលចិត្ត​អាន ហើយ​ពិចារណា​អំពី​ពាក្យ​ពេចន៍​ដែល​ពិចារណា​អំពី​ខ្លួន​ឯង​ដែល​មាន​នៅក្នុង អាលម៉ា​ជំពូក​ទី​ប្រាំ ដែល​ក្នុង​នោះ​អាលម៉ា សួរ​ដូច្នេះ ៖ « តើ​អ្នក​រាល់​គ្នា​បាន​កើត​មក​ពី​ព្រះ​នៅ​ក្នុង​វិញ្ញាណ​ហើយ​ឬ​នៅ ? តើ​អ្នក​រាល់​គ្នា​បាន​ទទួល​ព្រះ​ភក្ត្រ​របស់​ទ្រង់​នៅ​ក្នុង​ទឹកមុខ​របស់​អ្នក​ហើយ​ឬ​នៅ ? តើ​អ្នក​រាល់​គ្នា​បាន​ស្គាល់​ការ​ផ្លាស់​ប្ដូរ​ដ៏​ធំ​នេះ នៅ​ក្នុង​ដួង​ចិត្ត​អ្នក​ហើយ​ឬ​នៅ ? » សំណួរ​របស់​អាលម៉ា​គឺ​ជា​ការរំឮក​មួយ​អំពី​អ្វី​ដែល​គួរតែ​រួម​បញ្ចូល​ក្នុង​គោលដៅ និង​ផែនការ​របស់​យើង​ដើម្បី ត្រឡប់​ទៅ​វិញ ហើយ​ទទួល ។

ចូរ​ចាំ​អំពី​ការអញ្ជើញ​របស់​ព្រះអង្គ​សង្គ្រោះ​ថា « អស់​អ្នក​ដែល​នឿយ​ព្រួយ ហើយ​ផ្ទុក​ធ្ងន់​អើយ ចូរ​មក​ឯ​ខ្ញុំ ខ្ញុំ​នឹង​ឲ្យ​អ្នក​រាល់​គ្នា​ឈប់​សម្រាក ។

ចូរ​ទទួល​នឹមខ្ញុំ ហើយ​រៀន​នឹង​ខ្ញុំ​ចុះ ដ្បិត​ខ្ញុំ​ស្លូត ហើយ​មាន​ចិត្ត​សុភាព នោះ​អ្នក​រាល់​គ្នា​នឹង​បាន​សេចក្តី​សម្រាក​ដល់​ព្រលឹង » ។

នៅពេល​យើង​បង្កើន​សេចក្តីជំនឿ​យើង​លើ​ព្រះចេស្តា​របស់​ព្រះអម្ចាស់​យេស៊ូវគ្រីស្ទ​ក្នុងការ​ប្រទាន​សេចក្ដី​សម្រាក​ដល់​ព្រលឹង​របស់​យើង ដោយ​ការ​អភ័យទោស​អំពើ​បាប ការ​ប្រោសលោះ​ទំនាក់ទំនង​ដែល​មិន​ល្អ​ឥតខ្ចោះ ការព្យាបាល​របួស​ខាង​វិញ្ញាណ​ដែល​ឃាំង​មិន​ឲ្យ​មាន​ការ​រីក​ចម្រើន ការពង្រឹង និង​ធ្វើ​ឲ្យ​យើង​អាច​អភិវឌ្ឍ​លក្ខណៈ​នៃ​ព្រះគ្រីស្ទ នោះ​យើង​នឹង​កាន់តែ​មាន​អំណរ​គុណ​ជ្រាលជ្រៅ​ដល់ ដង្វាយធួន​ដ៏​មហស្ចារ្យ​នៃ​ព្រះអម្ចាស់​យេស៊ូវគ្រីស្ទ ។

អំឡុង​ពេល​សប្តាហ៍​ខាង​មុខ​នេះ ចូរ​ឆ្លៀត​ពេល​ពិនិត្យ​មើល​ឡើង​វិញ​នូវ​គោលដៅ និង​ផែនការ​ជីវិត​របស់​អ្នក ហើយ​ចូរ​ប្រាកដ​ថា​វា​ស្រប​ជាមួយ​នឹង​ផែនការ​នៃ​សុភមង្គល​ដ៏​មហិមា​របស់​ព្រះវរបិតាសួគ៌​យើង ។ ប្រសិនបើ​បងប្អូន​ត្រូវតែ​ប្រែចិត្ត ហើយ​ផ្លាស់ប្តូរ នោះ​ចូរ​ពិចារណា​ធ្វើ​វា​ភ្លាម​ទៅ ។ ចូរ​ចំណាយ​ពេល​គិត​ប្រកប​ដោយ​ការអធិស្ឋាន​អំពី​ការផ្លាស់ប្តូរ​នានា ដែល​ចាំបាច់​ដើម្បី​ជួយ​អ្នក​ឲ្យ​រក្សា « ភ្នែក​ស្មោះត្រង់​ទាំងស្រុង​ចំពោះ​សិរីល្អ​នៃព្រះ » ។

យើង​ត្រូវ​ដាក់​គោលលទ្ធិ និង​ដំណឹង​ល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ​ជា​ចំណុច​សំខាន់​ក្នុង​គោលដៅ និង​ផែនការ​របស់​យើង ។ ប្រសិន​បើ​គ្មាន​ទ្រង់​ទេ នោះ​ក៏គ្មាន​គោលដៅ​អស់កល្ប​ដែរ ហើយ​ផែនការ​របស់​យើង​ដើម្បី​សម្រេច​នូវ​គោលដៅ​អស់កល្ប​ជានិច្ច​របស់​យើង​នឹង​បរាជ័យ​ជា​មិន​ខាន ។

ឯកសារ​«ព្រះគ្រីស្ទ​ដ៏​មាន​ព្រះជន្ម​រស់»

ជំនួយ​មួយ​បន្ថែម​ទៀត​នោះ​គឺ « ព្រះ​គ្រីស្ទ​ដ៏​មាន​ព្រះ​ជន្ម​រស់ ៖ ទីបន្ទាល់​នៃ​ពួកសាវក​ »  ដែល​ត្រូវបាន​បង្ហាញ​ដល់​សមាជិក​សាសនាចក្រ​នៅ​ថ្ងៃ​ទី ១ ខែ មករា ឆ្នាំ ២០០០ ។ សូម​ដាក់​ឯកសារ​នេះ​នៅ​កន្លែង​ណា​ដែល​បងប្អូន​អាច​ឃើញ​វា ហើយ​ឆ្លៀត​ពេល​ពិនិត្យ​មើល​សេចក្តីថ្លែង​នីមួយៗ នៅក្នុង​ទីបន្ទាល់​ដ៏​បំផុស​គំនិត​អំពីព្រះគ្រីស្ទ​នេះ​ឡើងវិញ ដែល​ថ្លែង​ដោយ​សាក្សី​ពិសេស​របស់​ទ្រង់ ដែល​បាន​ចុះ​ហត្ថលេខា​នោះ ។

«ព្រះគ្រីស្ទ​ដ៏​មាន​ព្រះជន្ម​រស់» និង​ការ​ប្រកាស​ដល់​ក្រុម​គ្រួសារ

ខ្ញុំ​ជំរុញ​ឲ្យ​បងប្អូន​សិក្សា​ឯកសារ​នោះ​ជាមួយ​នឹង « ក្រុមគ្រួសារ ៖ ការប្រកាស​ដល់​ពិភពលោក » ។ ជារឿយៗ យើង​និយាយ​អំពី​ការ​ប្រកាស​ដល់​ក្រុម​គ្រួសារ ប៉ុន្តែ​ចូរ​ចាំ​ថា​ត្រូវ​អាន​វា​នៅ​ក្នុង​បរិបទ​នៃ​ព្រះចេស្តា​ក្នុង​ការ​សង្គ្រោះ​របស់​ព្រះគ្រីស្ទ​ដែល​មាន​ព្រះជន្ម​រស់ ។ ប្រសិនបើ​គ្មាន​ព្រះគ្រីស្ទ​ដ៏​មាន​ព្រះជន្ម​រស់​ទេ​នោះ ការរំពឹង​ទុក​ដ៏​ជា​ទី​ពេញ​ចិត្ត​របស់​យើង​នឹង​ពុំ​ត្រូវ​បាន​បំពេញ​ឡើយ ។ ដូច​ក្នុង​ការ​ប្រកាស​ដល់​ក្រុមគ្រួសារ​បាន​ចែង​ថា ៖ « ផែនការ​នៃ​សុភមង្គល​ដ៏​ទេវភាព​នេះ ផ្តល់​លទ្ធភាព​ដល់​ទំនាក់​ទំនង​ក្រុម​គ្រួសារ​ឲ្យ​ចេះតែ​បន្ត​មាន​រហូត​ហួស​ពី​សេចក្តី​ស្លាប់ ។ ពិធី​បរិសុទ្ធ និង សេចក្តី​សញ្ញា​ពិសិដ្ឋ​នានា ដែល​មាន​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ អាច​ធ្វើ​ឱ្យ​បុគ្គល​ម្នាក់ៗ​ត្រឡប់​ទៅ​កាន់​វត្តមាន​នៃ​ព្រះ​វិញ ហើយ​ដើម្បី​ឲ្យ​ក្រុម​គ្រួសារ អាច​ត្រូវ​បាន​រួបរួម​គ្នា​ដ៏​អស់​កល្ប​ជានិច្ច » ។

ការណ៍​នេះ​អាច​កើត​ឡើង​បាន ដោយសារ​ព្រះ​គ្រីស្ទ​ដ៏​មាន​ព្រះជន្ម​រស់ គឺជា​ព្រះអង្គសង្គ្រោះ​ដែល​បាន​ពលិកម្ម និង​ជា​ព្រះ​ប្រោស​លោះ​នៃ​ពិភពលោក​តែ​ប៉ុណ្ណោះ ។

ក្នុង​បរិបទ​នេះ បងប្អូន​ក៏អាច​ពិចារណា​មើល​បទគម្ពីរ ដើម្បី​ពង្រីក​ការយល់​ដឹង​របស់​បងប្អូន​អំពី​សេចក្តីពិត​ជាក់លាក់​នានា ដែល​មាន​នៅក្នុង « ព្រះ​គ្រីស្ទ​ដ៏​មាន​ព្រះ​ជន្ម​រស់ » ។

ការអាន « ព្រះ​គ្រីស្ទ​ដ៏​មាន​ព្រះ​ជន្ម​រស់ » ប្រកប​ដោយ​ការអធិស្ឋាន គឺ​ដូច​ជា​ការអាន​ទីបន្ទាល់​របស់​ម៉ាថាយ, ម៉ាកុស, លូកា, យ៉ូហាន និង ព្យាការី​នានា​នៅក្នុង​ព្រះគម្ពីរ​មរមន​ផងដែរ ។វា​នឹង​បង្កើន​សេចក្តីជំនឿ​របស់​បងប្អូន​លើ​ព្រះអង្គសង្គ្រោះ ហើយ​ជួយ​បងប្អូន​ឲ្យ​បន្ត​ផ្តោត​ចិត្ត​លើ​ទ្រង់ ពេល​បងប្អូន​ធ្វើ​តាម​ផែនការ​ដើម្បី​ឈាន​ទៅដល់​គោលដៅ​អស់​កល្ប​របស់​បងប្អូន ។

ទោះបី​ជា​យើង​មាន​កំហុស ភាពទន់ខ្សោយ ការងាកចេញ និង​អំពើ​បាប​ក្តី ក៏​ដង្វាយធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ​អនុញ្ញាត​ឲ្យ​យើង​ប្រែចិត្ត រៀបចំ​ខ្លួន​ដើម្បី ត្រឡប់​ទៅវិញ ហើយ ទទួល ពរជ័យ​ដ៏​ឥត​ប្រៀបផ្ទឹម​បាន​ពី​ព្រះ​ដែល​ទ្រង់​បាន​សន្យា​ថា—រស់នៅ​ជា​រៀង​រហូត​ជាមួយ​ព្រះវរ​បិតា និង​ព្រះ​រាជ​បុត្រា​នៅក្នុង​លំដាប់​ដ៏​ខ្ពស់​បំផុត​នៃ​នគរ​សេឡេស្ទាល ។

ឥឡូវ​នេះ​ដូច​បងប្អូន​ទាំងអស់​គ្នា​ដឹងថា គ្មាន​នរណា​ម្នាក់​នឹង​គេច​ផុត​ពី​សេចក្តីស្លាប់​ឡើយ ហេតុដូច្នេះ​ហើយ​គោលដៅ និង​ផែនការ​រយៈពេល​វែង​របស់​យើង​គួរតែ​ដូច្នេះ ពេល​យើង ត្រឡប់ទៅ​កាន់​ព្រះវរបិតា​សួគ៌​យើង​វិញ​យើង​នឹង ទទួលគ្រប់​អ្វី​ទាំងអស់​ដែល​ទ្រង់​បាន គ្រោង​ទុក​សម្រាប់​យើង​ម្នាក់ៗ ។

ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា គ្មាន​គោលដៅ​នៅក្នុង​ជីវិត​រមែង​ស្លាប់​ណា ប្រសើរ​ជាង​គោលដៅ​ដើម្បី​ទៅរស់នៅ​អស់កល្ប​ជានិច្ច​ជាមួយ​ព្រះ​មាតា​បិតា​សួគ៌​យើង និង​ព្រះអង្គ​សង្គ្រោះ​ជា​ទីស្រឡាញ់​របស់​យើ​ង​គឺ​ព្រះអម្ចាស់​យេស៊ូវ​គ្រីស្ទ​ឡើយ ។ ប៉ុន្តែ​វា​លើស​ពី​គោលដៅ របស់​យើង ទៅ​ទៀត—វា​ក៏​ជា​គោលដៅ របស់​ពួក​ទ្រង់ ផងដែរ ។ ពួកទ្រង់​មាន​សេចក្តី​ស្រឡាញ់​ដ៏​ឥត​ខ្ចោះ​ចំពោះ​ពួកយើង ច្រើន​ជាង​អ្វី​ដែល​យើង​អាច​ដឹង​ទៅ​ទៀត ។ ពួកទ្រង់​គាំទ្រ​យើង​ទាំងស្រុង យ៉ាង​ពេញលេញ និង​អស់កល្ប​តទៅ ។ យើង​គឺ​ជា​កិច្ចការ​របស់​ពួកទ្រង់ ។ សិរីល្អ​របស់​យើង​គឺ​ជា​សិរីល្អ​របស់​ពួក​ទ្រង់ ។ លើស​ពី​អ្វីៗ​ផ្សេង​ទៀត ពួកទ្រង់​សព្វ​ព្រះទ័យ​ឲ្យ​យើង​ទៅ​ផ្ទះ—គឺ ត្រឡប់​ទៅ​វិញហើយ ទទួលសុភមង្គល​អស់កល្ប​ជានិច្ច​នៅក្នុង​វត្តមាន​របស់​ពួកទ្រង់ ។

បងប្អូន​ប្រុស​ស្រី​ជា​ទី​ស្រឡាញ់​របស់​ខ្ញុំ នៅ​តែ​មួយ​សប្តាហ៍​ទៀត​ទេ យើង​នឹង​ប្រារព្ធ​ធ្វើ​បុណ្យ Palm Sunday—ជា​បុណ្យ​រំឭក​ដល់​ការ​យាង​ចូល​ក្នុង​ក្រុង​យេរូសាឡិម​ដោយ​ជោគជ័យ​របស់​ព្រះគ្រីស្ទ ។ នៅ​ពីរ​សប្តាហ៍​ទៀត យើង​នឹង​ប្រារព្ធ​ធ្វើ​បុណ្យអ៊ីស្ទើរ—ជា​បុណ្យ​រំឭក​ដល់​ការ​មានជ័យជម្នះ​លើ​សេចក្តីស្លាប់​របស់​ព្រះអង្គសង្គ្រោះ ។

នៅពេល​យើង​ផ្តោត​យកចិត្ត​ទុក​ដាក់​លើ​ព្រះអង្គ​សង្គ្រោះ​អំឡុង​ពេល​នៃ​ថ្ងៃ​អាទិត្យ​ដ៏​ពិសេស​ទាំង​ពីរ​នេះ ចូរ​យើង​ចងចាំ​ដល់​ទ្រង់ ហើយ​រំឭក​ការ​តាំងចិត្ត​ពេញ​មួយ​ជីវិត​យើង​ដើម្បី​កាន់​តាម​បទបញ្ញត្តិ​របស់​ទ្រង់ ។ ចូរ​យើង​សម្លឹង​មើល​ជីវិត​ផ្ទាល់​ខ្លួន​យើង​ឲ្យ​បាន​ស៊ីជម្រៅ ដោយ​ដាក់​គោលដៅ​ផ្ទាល់​ខ្លួន ហើយ​ផ្តោត​លើ​ផែនការ​របស់​យើង ឲ្យ​ស្រប​ជាមួយ​នឹង​ផែនការ​របស់​ព្រះ ក្នុង​របៀប​មួយ​ដែល​ចុង​បញ្ចប់​វា​នឹង​ដឹកនាំ​យើង​ឆ្ពោះ​ទៅ​រក​ឯកសិទ្ធិ​ដ៏​មាន​តម្លៃ​របស់ខ្លួន ដើម្បី ត្រឡប់​ទៅ​វិញ​ហើយ ទទួលដែលនេះ​ជា​ការ​អធិស្ឋាន​របស់​ខ្ញុំ​នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ។