ឆ្នាំ ២០១០-២០១៩
ភាសា​នៃ​ដំណឹងល្អ
ខែ មេសា ឆ្នាំ ២០១៧


12:27

ភាសា​នៃ​ដំណឹងល្អ

ការ​បង្រៀន​ប្រកប​ដោយ​អនុភាព​គឺ​សំខាន់​យ៉ាង​ខ្លាំង​ដើម្បី​រក្សា​ដំណឹងល្អ​នៅក្នុង​ក្រុម​គ្រួសារ​របស់​យើង ហើយ​វា​តម្រូវ​ឲ្យ​មាន​ការ​ព្យាយាម និង​ការ​ខិតខំ ។

បន្ទាប់​ពី​ត្រូវ​បាន​ហៅ​ជា​អ្នក​មាន​សិទ្ធិ​អំណាច​ទូទៅ​មួយរូប ខ្ញុំ និង​គ្រួសារ​បាន​ផ្លាស់​ពី​ប្រទេស​ខូស្ដារីកា មក​កាន់​ទី​ក្រុង​សលត៍ លេក សម្រាប់​កិច្ចចាត់តាំង​ជា​លើក​ដំបូង​របស់​ខ្ញុំ ។ នៅ​សហរដ្ឋ​នេះ ខ្ញុំ​មានពរ​ដែល​បាន​ជួប​នឹង​មនុស្ស​ល្អៗ​ដែល​មាន​ជីវប្រវត្តិ និង​វប្បធម៌​ផ្សេងៗ​គ្នា ។ នៅក្នុង​ចំណោម​ពួកគេ គឺ​មាន​មនុស្ស​ជាច្រើន​ដែល​កើត​នៅ​ក្នុង​ប្រទេស​អាមេរិក​ឡាទីន ដូចជា​ខ្ញុំ ។

ខ្ញុំ​បាន​កត់​សម្គាល់​ឃើញ​ថា មនុស្ស​ជំនាន់​ទីមួយ​របស់​ជនជាតិ​និយាយ​​អេស្ប៉ាញ​នៅទីនេះ និយាយ​ភាសា​អេស្ប៉ាញ​ជា​ភាសា​ដំបូង​របស់​ពួកគេ ហើយ​ចេះ​ភាសា​អង់គ្លេស​ល្មម​ដើម្បី​ទំនាក់ទំនង​នឹង​អ្នកដទៃ ។ មនុស្ស​ជំនាន់​ទីពីរ ដែល​បាន​កើត​នៅ​សហរដ្ឋ ឬ​បាន​មកសហរដ្ឋ​តាំង​ពី​ក្មេង ហើយ​បាន​ចូលរៀន​នៅទីនេះ និយាយភាសា​អង់គ្លេស​បាន​យ៉ាង​ល្អ ហើយ​ប្រហែលជា​អាច​និយាយ​ភាសា​អេស្ប៉ាញ​ខ្លះៗ ។ ជាញឹកញាប់ មនុស្ស​ជំនាន់​ទីបីនឹង​ភ្លេច​ភាសាកំណើត​របស់​ជីដូនជីតា​របស់​ពួកគេ ដែល​ជា​ភាសា​អេស្ប៉ាញ ។

នៅក្នុង​វាក្យសព្ទ​ភាសា ជាធម្មតា​វា​ត្រូវ​បាន​ហៅ​ថា « ការ​បាត់បង់​ភាសា » ។ ការ​បាត់បង់​ភាសា​អាច​កើត​ឡើង នៅពេល​ក្រុម​គ្រួសារ​ផ្លាស់​ទៅ​កាន់​ទឹក​ដី​បរទេស ជា​កន្លែង​ដែល​ភាសា​កំណើត​របស់​ពួកគេ​ពុំ​ប្រើ​ជា​ទូទៅ ។ វា​មិន​គ្រាន់​តែ​កើត​ឡើង​ក្នុង​ចំណោម​ជនជាតិ​និយាយ​អេស្ប៉ាញ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​មាន​នៅ​ក្នុង​ចំណោម​ប្រជាជន​នៅ​ទូទាំង​ពិភពលោក​ផងដែរ ដែល​ភាសា​កំណើត​ត្រូវ​បាន​ជំនួស​ដោយ​ភាសា​ថ្មី​វិញ ។ សូម្បី​តែ​នីហ្វៃ ជា​ព្យាការី​ក្នុង​ព្រះគម្ពីរមរមន ក៏​មាន​កង្វល់​អំពី​ការ​បាត់​បង់​ភាសា​កំណើត​របស់អយ្យកោលោក​ផងដែរ នៅពេល​លោក​បាន​រៀបចំ​ធ្វើ​ដំណើរ​ទៅកាន់​ដែន​ដី​សន្យា ។ នីហ្វៃ​សរសេរ​ថា « ហើយ​មើល​ចុះ នេះ​គឺជា​ប្រាជ្ញា​នៅ​ក្នុង​ព្រះ ដែល​យើង​ត្រូវ​តែ​យក​បញ្ជី​ទាំង​នេះ​មក​ឲ្យ​បាន ដើម្បី​ឲ្យ​យើង​អាច​ថែរក្សា​នូវភាសា​របស់​ពួក​អយ្យកោ​យើង​ទុក​ដល់​កូន​ចៅ​របស់​យើង​ទាំង​ឡាយ » ។

ប៉ុន្ដែ​នីហ្វៃ​ក៏​បាន​បារម្ភ​ពី​ការ​បាត់​បង់​ភាសា​មួយ​ប្រភេទ​ទៀត​ផងដែរ ។ នៅ​ក្នុង​ខ​បន្ទាប់ គាត់​បន្ដ​ថា « ហើយ​ក៏​ដើម្បី​ឲ្យ​យើង​អាច​រក្សា​នូវ​ពាក្យ​ពេចន៍​ទាំងឡាយ​ដែល​បាន​ពោល​ដោយ​មាត់​នៃ​គ្រប់​ទាំង​ពួក​ព្យាការី​ដ៏​បរិសុទ្ធ ដែល​ព្រះវិញ្ញាណ​និង​ព្រះចេស្ដា​នៃ​ព្រះ​បាន​ប្រគល់​ឲ្យ​ពួក​ព្យាការី​ចាប់​តាំង​ពី​កំណើត​លោកិយ​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ » ។

ខ្ញុំ​បាន​កត់​សម្គាល់​នូវ​ភាព​ស្រដៀងគ្នា​រវាង​ការថែរក្សា​ភាសា​កំណើត និង​ការ​ថែរក្សា​ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៅក្នុង​ជីវិត​របស់​យើង ។

ថ្ងៃនេះ តាម​ការ​ប្រៀបធៀប​របស់​ខ្ញុំ ខ្ញុំ​មិន​ចង់​គូស​បញ្ជាក់​អំពី​ភាសា​ខាង​លោកិយ​ជាក់លាក់​ណា​មួយ​នោះ​ទេ ប៉ុន្ដែ​ខ្ញុំ​ចង់​គូស​បញ្ជាក់​អំពី​ភាសា​អស់កល្បជានិច្ច ដែល​យើង​ត្រូវ​តែ​រក្សា​ទុក​នៅ​ក្នុង​គ្រួសារ​របស់​យើង​កុំ​ឲ្យ​បាត់​បង់ ។ ខ្ញុំ​និយាយ​អំពី​ភាសា នៃ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ។ តាមរយៈ « ភាសា​នៃ​ដំណឹងល្អ » ខ្ញុំ​ចង់​មាន​ន័យ​ថា គ្រប់​ការ​បង្រៀន​របស់​ពួក​ព្យាការី​របស់​យើង ការ​គោរព​ប្រតិបត្តិ​តាម​ការ​បង្រៀន​ទាំងនោះ និង​ការ​ធ្វើ​តាម​ទំនៀម​ទម្លាប់​សុចរិត​របស់​យើង ។

ខ្ញុំ​នឹង​ពិភាក្សា​ពី​របៀប​បី​យ៉ាង​ដែល​ភាសា​នេះ​អាច​ត្រូវ​បាន​ថែរក្សា ។

ទីមួយ ៖ ចូរ​មាន​ចិត្ត​ព្យាយាម ហើយ​គិត​គូរ​ពីគេហដ្ឋាន​ខ្លាំង​ឡើង

នៅ​ក្នុង​គោលលទ្ធិ និង​សេចក្ដីសញ្ញា ព្រះអម្ចាស់​បាន​អញ្ជើញ​ឲ្យ​សមាជិក​សាសនាចក្រ​ដ៏​សំខាន់​​ជាច្រើន​រួមមាន​ទាំង នូវល ខេ វីតនី ឲ្យ​រៀបចំ​គេហដ្ឋាន​ពួកគេ​ឲ្យ​មាន​របៀប​រៀបរយ ។ ព្រះអម្ចាស់​បាន​មាន​បន្ទូល​ថា ៖ « នូវល ខេ វិតនី ជា​អ្នក​បម្រើ​របស់​យើង…​ក៏​ត្រូវ​វាយ​ផ្ចាល​ផងដែរ ហើយ​ត្រូវ​រៀបចំ​គ្រួសារ​របស់​ខ្លួន​ឲ្យ​មាន​របៀប​រៀបរយ ហើយ​ត្រូវ​មើល​ឲ្យ​ឃើញ​ថា​ពួកគេ​មាន​ចិត្ត​ព្យាយាម ហើយ​គិតគូរ​ពី​គេហដ្ឋាន​ខ្លាំង​ឡើង ហើយ​ត្រូវ​អធិស្ឋាន​ជានិច្ច ពុំ​នោះ​សោត​ទេ ពួកគេ​នឹង​ត្រូវ​ដក​ចេញ​ពី​កន្លែង​របស់​ពួកគេ » ។

កត្តា​មួយ​ដែល​ជះឥទ្ធិពល​ដល់​ការបាត់បង់​​ភាសា​គឺ​នៅពេល​ដែល​ឪពុក​ម្ដាយ​ពុំ​ចំណាយ​ពេល​បង្រៀន​ភាសា​កំណើត​ដល់​កូនចៅ​របស់​ពួកគេ ។ វា​ពុំ​គ្រប់គ្រាន់​ទេ បើ​គ្រាន់​តែ​និយាយ​ភាសា​នៅក្នុង​ផ្ទះ​នោះ ។ ប្រសិន​បើ​ឪពុក​ម្ដាយ​មាន​បំណង​ប្រាថ្នា​ថែរក្សា​ភាសា​របស់​ពួកគេ នោះ​គឺ​ត្រូវ​តែ​បង្រៀន ។ តាម​ការ​ស្រាវជ្រាវ​បាន​រក​ឃើញ​ថា ឪពុក​ម្ដាយ​ដែល​ខិតខំ​ដោយ​មាន​មនសិការ​ដើម្បី​ថែរក្សា​ភាសា​កំណើត​របស់​ពួកគេ​ទំនង​ជា​ទទួល​បាន​ជោគជ័យ ។ ដូច្នេះ តើ​អ្វី​ជា​ការ​ខិតខំ​ដោយ​មាន​មនសិការ​ដើម្បី​ថែរក្សា​ភាសា​នៃ​ដំណឹងល្អ ?

អែលឌើរ ដេវីឌ អេ បែដណា ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​បាន​ព្រមាន​ថា « ភាព​ទន់ខ្សោយ​នៅក្នុង​ការ​បង្រៀន​ដំណឹងល្អ និង​ការ​ធ្វើ​ជាគំរូ​នៅក្នុង​ផ្ទះ » គឺ​ជា​បុព្វហេតុ​ដ៏​មាន​អានុភាព​ដែល​អាច​ផ្ដាច់​វដ្ត​នៃ​គ្រួសារ​ច្រើន​ជំនាន់​នៅក្នុង​សាសនាចក្រ ។​

ហេតុដូច្នោះ​ហើយ យើងអាច​សន្និដ្ឋាន​បាន​ថា ការ​បង្រៀន​ប្រកប​ដោយ​អនុភាព​គឺ​សំខាន់​យ៉ាង​ខ្លាំង​ដើម្បី​រក្សា​ដំណឹងល្អ​នៅក្នុង​ក្រុម​គ្រួសារ​របស់​យើង ហើយ​វា​តម្រូវ​ឲ្យ​មាន​ការ​ព្យាយាម និង​ការ​ខិតខំ ។

យើង​ត្រូវ​បាន​អញ្ជើញ​ជា​ច្រើន​ដង​ឲ្យ​បង្កើត​ទម្លាប់​សិក្សា​ព្រះគម្ពីរ​ផ្ទាល់ខ្លួន និង​ជា​គ្រួសារ​ប្រចាំ​ថ្ងៃ ។ ក្រុម​គ្រួសារ​ជាច្រើន​ដែល​កំពុង​ធ្វើ​ការណ៍​នេះ ត្រូវ​បាន​ប្រទានពរ​ជា​រៀង​រាល់​ថ្ងៃ​ឲ្យ​មាន​នូវ​សាមគ្គីភាព​កាន់​តែ​ខ្លាំង និង​ទំនាក់​ទំនង​កាន់​តែ​ជិត​ស្និទ្ធ​នឹង​ព្រះអម្ចាស់ ។

ឪពុក និង​កូន​ស្រី​កំពុង​សិក្សា​ព្រះគម្ពីរ

តើ​ការ​សិក្សា​ព្រះគម្ពីរ​ប្រចាំ​ថ្ងៃ​កើត​ឡើង​នៅ​ពេល​ណា ? វា​នឹង​កើត​ឡើង​នៅពេល​ឪពុក​ម្ដាយ​កាន់​ព្រះគម្ពីរ​ក្នុង​ដៃ ហើយ​អញ្ជើញ​សមាជិក​គ្រួសារ​មក​ជុំ​ដើម្បី​សិក្សា​ជាមួយ​គ្នា​ដោយ​សេចក្ដី​ស្រឡាញ់ ។ វា​លំបាក​នឹង​ឃើញ​ថា ការ​សិក្សា​នេះ​កើត​ឡើង​តាម​របៀប​ផ្សេងៗ ។

គ្រួសារ​កំពុង​សិក្សា​ព្រះគម្ពីរ

លោកឪពុក និង​ម្ដាយ ចូរ​កុំ​ឲ្យ​ខក​ឱកាស​ទទួល​ពរជ័យ​ដ៏​មហិមា​ទាំងនេះ ។ ចូរ​កុំ​រង់ចាំ​រហូត​ដល់​វា​យឺត​ពេល !

ទីពីរ ៖ ការ​ធ្វើ​ជា​គំរូ​ដ៏រឹង​មាំ​នៅ​ក្នុង​គេហដ្ឋាន

អ្នកជំនាញ​ខាង​ភាសា​ម្នាក់​បាន​សរសេរ​ថា ដើម្បី​រក្សា​ភាសា​កំណើត « អ្នក​ចាំបាច់​ត្រូវ​ធ្វើ​ឲ្យ​ភាសា​នោះ​សកម្ម​ចំពោះ​កូនចៅ​របស់​អ្នក » ។១០ យើង « ធ្វើ​ឲ្យ​ភាសា​សកម្ម » នៅពេល​ការ​បង្រៀន និង​ការ​ធ្វើ​ជា​គំរូ​របស់​យើង​ធ្វើ​ការ​រួមគ្នា ។

នៅ​ពេល​ខ្ញុំ​នៅ​ក្មេង ខ្ញុំ​បាន​ធ្វើ​ការ​នៅក្នុង​រោងចក្រ​ឪពុក​របស់​ខ្ញុំ​ក្នុង​ពេល​វិស្សមកាល ។ សំណួរ​ទីមួយ​ដែល​ឪពុក​របស់​ខ្ញុំ​តែងតែ​សួរ​បន្ទាប់​ពី​ខ្ញុំ​បាន​ទទួល​ប្រាក់​ខែ​របស់​ខ្ញុំគឺ​ថា ៖ « តើ​កូន​នឹង​យក​លុយ​កូន​ទៅ​ធ្វើ​អ្វីខ្លះ ?

ខ្ញុំ​បាន​ដឹង​ចម្លើយ ហើយ​បាន​តប​ថា ៖ « ថ្វាយ​ដង្វាយ​មួយភាគ​ដប់​របស់​ខ្ញុំ ហើយ​សន្សំ​ទុក​សម្រាប់​បេសកកម្ម​របស់​ខ្ញុំ » ។

បន្ទាប់ពី​ធ្វើ​ការ​ជាមួយ​គាត់​បាន​ប្រហែល​ជា​ប្រាំ​បី​ឆ្នាំ​ហើយ​ឆ្លើយ​សំណួរ​ដដែលៗ​របស់​គាត់​ដោយខ្ជាប់ខ្ជួន​មក ឪពុក​របស់​ខ្ញុំ​បាន​គិត​ថា គាត់​បាន​បង្រៀន​ខ្ញុំ​អំពី​ការ​ថ្វាយដង្វាយមួយភាគក្នុង​ដប់​របស់​ខ្ញុំ​ចេះ​ហើយ ។ អ្វី​ដែល​គាត់​ពុំ​ដឹង​នោះ​គឺ ខ្ញុំ​បាន​រៀន​គោលការណ៍​ដ៏​សំខាន់​នេះ​តែ​ក្នុង​ពេល​ពីរ​ថ្ងៃ​ប៉ុណ្ណោះ ។ ខ្ញុំ​សូម​ប្រាប់​បងប្អូន​ពី​របៀប​ដែល​ខ្ញុំ​រៀន​គោលការណ៍​នោះ ។

បន្ទាប់​ពី​ព្រឹត្តិការណ៍​ខ្លះៗ​ទាក់ទង​នឹង​សង្គ្រាម​ស៊ីវិល​មួយ​នៅ​អាមេរិក​កណ្ដាល អាជីវកម្ម​របស់​ឪពុក​ខ្ញុំ​បាន​ក្ស័យធន ។ គាត់​ធ្លាប់​មាន​បុគ្គលិក​ពេញ​ម៉ោង​ចំនួន ២០០ នាក់​ធ្លាក់​មក​សល់​មិន​ដល់ប្រាំ​នាក់ ដែល​បាន​ធ្វើការ​តាម​ការចាំបាច់​នៅក្នុង​រោង​ក្នុង​ផ្ទះ​របស់​ពួក​យើង ។ នៅ​ថ្ងៃ​មួយ អំឡុង​ពេល​ដ៏​លំបាក​ទាំងនេះ ខ្ញុំ​ស្ដាប់​ឮ​ឪពុក​ម្ដាយ​របស់​ខ្ញុំ​កំពុងពិភាក្សា​គ្នា​ថា​តើ​ពួកគាត់​គួរ​ថ្វាយ​ដង្វាយ​មួយភាគ​ក្នុង​ដប់ ឬ​ត្រូវ​ទិញ​អាហារ​សម្រាប់​កូនៗ ។

នៅ​ថ្ងៃអាទិត្យ ខ្ញុំ​បាន​ដើរ​តាម​ឪពុក​របស់​ខ្ញុំ​ដើម្បី​មើល​នូវ​អ្វី​ដែល​គាត់​នឹង​ធ្វើ ។ បន្ទាប់ពី​ការ​ប្រជុំ​ក្នុង​សាសនាចក្រ​របស់​យើង ខ្ញុំ​បាន​ឃើញ​គាត់​យក​ស្រោម​សំបុត្រ​មួយ​មក ហើយ​ដាក់​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់​ក្នុងនោះ ។ នោះ​គ្រាន់​តែ​ជា​ចំណែក​មួយ​នៃ​មេរៀន​ប៉ុណ្ណោះ ។ សំណួរ​ដែល​មាន​នៅ​ក្នុង​ខ្លួន​ខ្ញុំ​គឺ​ថា តើ​ពួកយើង​នឹង​បាន​អ្វី​ទទួល​ទាន ។

នៅ​ព្រឹក​ព្រលឹម​ថ្ងៃ​ចន្ទ​ មាន​មនុស្ស​មួយចំនួន​បាន​មក​គោះ​ទ្វារ​របស់​យើង ។ នៅពេល​ខ្ញុំ​បើក​ទ្វារ ពួកគេ​សួរ​រក​ឪពុក​របស់​ខ្ញុំ ។ ខ្ញុំ​បាន​ហៅ​គាត់ ហើយ​ពេល​គាត់​មក​ដល់ អ្នក​មក​លេង​នោះ​ប្រាប់​គាត់​អំពី​ការ​កុំម្ម៉ង់​ឲ្យ​ដេរ​ជា​បន្ទាន់​មួយ​ដែល​ពួកគេ​ត្រូវ​ការ​ឆាប់​បំផុត ។ ពួកគេ​បាន​ប្រាប់​គាត់​ថា ដោយសារ​ការ​កុំម៉្មង់​នេះ​វា​បន្ទាន់​ខ្លាំង​ពេក រហូត​ដល់​ពួកគេ​ត្រូវ​បង់​ថ្លៃ​ប្រាក់​ជា​មុន ។ នៅ​ថ្ងៃ​នោះ​ខ្ញុំ​បាន​រៀន​គោលការណ៍​នៃ​ការ​ថ្វាយ​ដង្វាយ​មួយភាគ​ក្នុង​ដប់ និង​ពរជ័យ​ដែល​កើត​មាន​មក​តាម​ក្រោយ ។

នៅក្នុង​គម្ពីរ​សញ្ញា​ថ្មី ព្រះអម្ចាស់​មានបន្ទូល​អំពី​ការ​ធ្វើ​ជា​គំរូ ។ ​ទ្រង់​មាន​បន្ទូល​ថា ៖ « ប្រាកដ​មែន ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា ព្រះរាជបុត្រា​ពុំ​អាច​នឹង​ធ្វើ​ការ​អ្វី​ដោយ​ព្រះអង្គ​ទ្រង់​បាន​ទេ ធ្វើ​បាន​តែ​ការ​អ្វី​ដែល​ឃើញ​ព្រះវរបិតា​ធ្វើ ដ្បិត​ការអ្វី​ដែល​ព្រះវរបិតា​ធ្វើ នោះ​ព្រះរាជបុត្រា​ក៏​ធ្វើ​ដូច្នោះ​ដែរ ។ »១១

ការ ចូល ព្រះវិហារ បរិសុទ្ធ

វា​ពុំ​គ្រប់​គ្រាន់​ទេ បើ​គ្រាន់​តែ​និយាយ​ទៅ​កូនៗ​របស់​យើង​អំពី​សារៈសំខាន់​នៃ​អាពាហ៍​ពិពាហ៍​ក្នុង​ព្រះវិហារ​បរិសុទ្ធ ការ​តម​អាហារ ការ​រក្សា​ថ្ងៃ ឈប់​សម្រាក​ឲ្យ​បរិសុទ្ធ​នោះ ។ ពួកគេ​ត្រូវ​តែ​មើល​ឃើញ​យើង​ដាក់​កាលវិភាគ​របស់​យើង​ទៅ​ព្រះវិហារបរិសុទ្ធ​ជា​ញឹកញាប់​តាម​​ដែល​យើង​អាច​ធ្វើ​ទៅបាន ។ ពួកគេ​ចាំបាច់​ត្រូវ​មើល​ឃើញ​ការ​តាំង​ចិត្ត​តមអាហារ​របស់​យើង​ជា​ទៀង​ទាត់​១២ និង​ការ​រក្សា​ថ្ងៃ​ឈប់​សម្រាក​ឲ្យ​បរិសុទ្ធ​ពេញ​មួយ​ថ្ងៃ ។ ប្រសិន​បើ​យុវវ័យ​របស់​យើង​ពុំ​តមអាហារ​សម្រាប់​អាហារ​ពីរ​ពេល ពុំ​សិក្សា​ព្រះគម្ពីរ​ជា​ទៀងទាត់ ហើយ​ពុំ​បិទ​ទូរទស្សន៍​អំឡុង​ពេល​មាន​កម្មវិធី​កម្សាន្ត​ធំ​នៅថ្ងៃ​អាទិត្យ​ទេ តើ​ពួកគេ​នឹង​មាន​ការ​លត់ដំ​ខ្លួន​ខាង​វិញ្ញាណ​ដើម្បី​ទប់ទល់​នឹង​ការ​ល្បួង​ដ៏​មាន​អានុភាព​នៃ​ពិភពលោក​សព្វថ្ងៃ​នេះ រួម​មានទាំង​ការ​ល្បួង​មើល​​រូប​អាសគ្រាម​ផង​នោះ​បាន​យ៉ាងណា ?

ទីបី ៖ ទំនៀម​ទម្លាប់

របៀប​មួយ​ទៀត​ដែល​ភាសា​អាច​ត្រូវ​បាន​ផ្លាស់ប្ដូរ ឬ​បាត់​បង់ គឺ​នៅពេល​ភាសា និង​ទំនៀមទម្លាប់​ផ្សេងទៀត​នៅ​ច្របូកច្របល់​គ្នា​នឹង​ភាសា​កំណើត ។១៣

នៅ​ឆ្នាំ​ដំបូងៗ​ដែល​សាសនាចក្រ​បាន​ស្ដារ​ឡើងវិញ ព្រះអម្ចាស់​បាន​អញ្ជើញ​សមាជិក​ដែល​កាន់​តំណែង​ខ្ពស់ៗ​ជាច្រើន​ក្នុង​សាសនា​ចក្រ​ឲ្យ​រៀបចំ​គេហដ្ឋាន​របស់​ពួកគេ​ឲ្យ​មាន​របៀប​រៀបរយ ។ ទ្រង់​បាន​ចាប់​ផ្ដើម​ការ​អញ្ជើញ​របស់​ទ្រង់​ដោយ​មាន​បន្ទូល​ពី​របៀប​ពីរ​យ៉ាង​ដែល​យើង​អាច​បាត់​បង់​ពន្លឺ និង​សេចក្ដីពិត​ពី​គេហដ្ឋាន​របស់​យើង ៖ « ហើយ​អា​កំណាច​នេះ​មក ហើយ​យក​ពន្លឺ និង​សេចក្ដីពិត​ដោយសារ​ការ​មិន​គោរព​តាម ចេញ​ពី​កូន​ចៅ​មនុស្ស និង​ពីព្រោះ​តែ​សណ្ដាប់​ធ្នាប់​នៃ​ពួក​អយ្យកោ​របស់​ពួកគេ » ។១៤

ជា​ក្រុមគ្រួសារ យើង​ចាំបាច់​ត្រូវ​ចៀសវាង​ពី​ទម្លាប់​នានា​ដែល​នឹង​រារាំង​យើង​មិន​ឲ្យ​រក្សា​ថ្ងៃ​ឈប់​សម្រាក​ជា​បរិសុទ្ធ ឬ​មាន​ការ​សិក្សា​ព្រះគម្ពីរ និង​ការ​អធិស្ឋាន​ជា​ប្រចាំ​នៅ​ក្នុង​គេហដ្ឋាន ។ យើង​ចាំបាច់​ត្រូវ​បិទ​មិន​ឲ្យ​ប្រើ​ឧបករណ៍​ឌីជីថល​ដែល​នាំ​ទៅ​រក​រូប​អាសគ្រាម​និង​ឥទ្ធិពល​អាក្រក់​ដទៃទៀត​ទាំងអស់​ក្នុង​គេហដ្ឋាន​យើង ។ ដើម្បី​តស៊ូ​នឹង​ទំនៀមទម្លាប់​ខាង​លោកិយ​នៃ​ជំនាន់​របស់​យើង យើង​ចាំបាច់​ត្រូវ​ប្រើ​ព្រះគម្ពីរ និង​សំឡេង​នៃ​ពួក​ព្យាការី​សម័យ​ទំនើប​របស់​យើង ដើម្បី​បង្រៀន​កូនៗ​អំពី​អត្តសញ្ញាណ​ដ៏​ទេវភាព​របស់​ពួកគេ គោល​បំណង​នៃ​ជីវិត​របស់​ពួកគេ និង​បេសកកម្ម​ដ៏​ទេវភាព​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។

សេចក្ដីបញ្ចប់

នៅក្នុង​បទគម្ពីរ យើង​ឃើញ​គំរូ​មួយចំនួន​អំពី « ការ​បាត់បង់​ភាសា » ។១៥ ឧទាហរណ៍ ៖

« ឥឡូវ​នេះ ហេតុការណ៍​បាន​កើត​ឡើង​ថា មាន​មនុស្ស​ជាច្រើន​នៃ​ជំនាន់​ដែល​កំពុង​ពេញវ័យ ដែល​ពុំ​អាច​យល់​នូវ​ពាក្យពេចន៍​នៃ​ស្ដេច​បេនយ៉ាមីន​បាន​ឡើយ ដោយ​ខ្លួន​នៅ ក្មេង​ពេក ក្នុង​កាល​ទ្រង់​បាន​មាន​បន្ទូល​ទៅកាន់​ប្រជាជន​ទ្រង់ ហើយ​ពួកគេ​ពុំ​បាន​ជឿ​តាម​សណ្ដាប់នៃ​ពួក​អយ្យកោ​របស់​គេ​ទេ ។…

« ហើយ​ឥឡូវ​នេះ ពី​ព្រោះ​តែ​ការ​ឥត​ជំនឿ​របស់​គេ នោះពួក​គេ​ពុំ​អាច​យល់​នូវ​ព្រះ​បន្ទូល​នៃ​ព្រះ​បាន​ឡើយ ឯ​ចិត្ត​គេ​ត្រឡប់​ជា​រឹង​រូស​ទៅ​វិញ » ។១៦

សម្រាប់​ជំនាន់​ដែល​កំពុង​ពេញ​វ័យ ដំណឹងល្អ​បាន​ក្លាយ​ជា​ភាសា​ចម្លែក​មួយ​ចំពោះ​ពួកគេ ។ ខណៈ​ដែល​អត្ថប្រយោជន៍​នៃ​ការ​រក្សា​ភាសា​កំណើត ពេល​ខ្លះ​ត្រូវ​បាន​ពិភាក្សា​វែកញែក តែ​នៅ​ក្នុង​បរិបទ​នៃ​ផែនការ​នៃ​សេចក្ដី​សង្គ្រោះ នោះ​គ្មាន​ការ​វែកញែក​អំពី​លទ្ធផល​ដ៏​អស់កល្ប​នៃ​ការ​បាត់បង់​ភាសា​នៃ​ដំណឹងល្អ​នៅក្នុង​គេហដ្ឋាន​របស់​យើង​ឡើយ ។

ម្ដាយ​កំពុង​អធិស្ឋាន​ជាមួយ​នឹង​កូន​ប្រុស​តូច​របស់​នាង

ក្នុង​នាមជា​កូន​ចៅ​របស់​ព្រះ យើង​ជា​មនុស្ស​មិន​ល្អ​ឥតខ្ចោះ​ដែល​កំពុង​ព្យាយាម​រៀន​ភាសា​ដ៏​ល្អ​ឥតខ្ចោះ ។១៧ ក៏​ដូចជា​ម្ដាយ​ដែល​មាន​ក្ដី​មេត្តា​ដល់​កូនតូចៗ​របស់​គាត់ នោះព្រះវរបិតា​សួគ៌​របស់​យើង​អត់​ធ្មត់​ចំពោះ​ភាព​មិន​ល្អ​ឥតខ្ចោះ និង​កំហុស​ទាំង​ឡាយ​របស់​យើង ។ ទ្រង់​ថែរក្សា​ទុក និង​យល់​អំពី​ការ​និយាយ​ដ៏​កំសោយ​របស់​យើង ដែល​និយាយ​ដោយ​អស់​ពី​ចិត្ត​ទាំង​មិនច្បាស់ ទុក​ដូចជា​វា​គឺជា​កំណាព្យ​ដ៏​ពិរោះ ។ ទ្រង់​រីករាយ​ចំពោះ​សំឡេង​នៃ​ពាក្យ​ដំណឹងល្អ​ដំបូង​របស់​យើង ។ ទ្រង់​បង្រៀន​យើង​ដោយ​ក្ដី​ស្រឡាញ់​ដ៏​ឥតខ្ចោះ ។

គ្រួសារ​កំពុង​អធិស្ឋាន​រួម​គ្នា

វា​គ្មាន​ការសម្រេចបាន​ណា​នៅក្នុង​ជីវិត​នេះ​ដែល​មើល​ទៅ​អាចសំខាន់​នឹង​ពាក់ព័ន្ធគ្នា​នោះទេ ប្រសិនបើ​យើង​បាត់បង់​ភាសា​នៃ​ដំណឹងល្អ​នៅក្នុង​គ្រួសារ​របស់​យើង ។១៨ វា​ជា​ទី​បន្ទាល់​របស់​ខ្ញុំ​ថា ព្រះវរបិតាសួគ៌​នឹង​ប្រទាន​ពរ​យើង​នៅក្នុង​ការ​ខិតខំ​របស់​យើង នៅ​ពេល​យើង​ព្យាយាម​ឱប​ក្រសោប​ភាសា​របស់​ទ្រង់ រហូត​ដល់​យើង​អាច​ចេះ​ស្ទាត់​នៅ​ក្នុង​ការ​ទំនាក់​ទំនង​កម្រិត​ខ្ពស់ ដែល​ជា​ភាសា​កំណើត​របស់​យើង​ជានិច្ច ។ នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ។

កំណត់ចំណាំ

  1. នៅក្នុង​ជនជាតិ​និយាយអេស្ប៉ាញ ត្រឹម​ជំនាន់​ទីបី « កម្រិត​ដែល​ចេះ​ភាសា​អង់គ្លេស​គឺ … ៧២ ភាគរយ » ( រីឆាត អាលបា, « Bilingualism Persists, but English Still Dominates, » Migration Policy Institute, ថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ ២០០៥,​migrationpolicy.org/article/bilingualism-persists-english-still-dominates ) ។

  2. « ការ​និយាយ​តែ​ភាសា​អង់គ្លេស គឺជា​លំនាំ​ដែល​កូនចៅ​ជំនាន់​ទីបី​ប្រើ​យ៉ាង​ខ្លាំង​ » (អាលបា, « Bilingualism Persists, but English Still Dominates����� ) ។

  3. នីហ្វៃទី ១ ៣:១៩ការ​គូស​បញ្ជាក់​បាន​បន្ថែម ។

  4. នីហ្វៃទី ១ ៣:២០ការ​គូស​បញ្ជាក់​បាន​បន្ថែម ។

  5. ភាសា​មួយ​អាច​ត្រូវ​បាន​កំណត់​ថា​ជា « ប្រព័ន្ធ​ទំនាក់ទំនង​​មួយដែល​ប្រើ​ដោយ​ប្រទេស ឬ​សហគមន៍​ជាក់លាក់ » ( Oxford Living Dictionariesen.«language,»​oxforddictionaries.com ) ។

  6. គោលលទ្ធិ និង​សេចក្តីសញ្ញា ៩៣:៥០ការគូសបញ្ជាក់បាន​បន្ថែម ។

  7. « [ ការថែ​រក្សា​ភាសា​កំណើត ] គឺ​អាច​ធ្វើ​ទៅបាន ប៉ុន្តែ​វា​ចំណាយ​ពេល​រៀបចំផែនការ និង​ការ​លះបង់ » ( Eowyn Crisfield « Heritage Languages: Fighting a Losing Battle? » onraisingbilingualchildren.com/2013/03/25/heritage-languages-fighting-a-losing-battle ) ។ « ឧទាហណ៍ អ្នក​និយាយ​ភាសា​អាល្លឺម៉ង់​នៅ​Midwest មាន​ជោគជ័យ​ក្នុង​ការ​រក្សា​ភាសា​កំណើត​របស់​ពួកគេ​គ្រប់​ជំនាន់ » (Alba, « Bilingualism Persists, but English Still Dominates » ) ។

  8. ដេវីឌ អេ ប៊ែតណា « Multigenerational Families »​នៅ​ក្នុង ការ​ប្រជុំ​ថ្នាក់ដឹកនាំ​សន្និសីទ​ទូទៅ ខែ មេសា ឆ្នាំ ២០១៥, broadcasts.lds.org ។

  9. គំរូ​សម័យ​ទំនើប​មួយ​គឺ​ជា​ការ​បង្រៀន​មក​ពី​គណៈប្រធាន​ទីមួយ ៖ « យើង​សូម​ទូន្មានឲ្យ​ឪពុក​ម្ដាយ និង​កូនៗ​ដាក់​អាទិភាព​ខ្ពស់​បំផុត​ទៅលើ​ការ​អធិស្ឋាន​ជា​គ្រួសារ រាត្រីជួបជុំ​ក្រុមគ្រួសារ ការ​សិក្សា​ និង​ការ​បង្រៀន ដំណឹង​ល្អ និង​សកម្មភាព​ល្អៗ​ជា​គ្រួសារ » ( លិខិត​គណៈប្រធាន​ទីមួយ ថ្ងៃទី ១១ ខែ​ កុម្ភៈ ឆ្នាំ ១៩៩៩ ) ។

  10. « អ្នក​ចាំបាច់​ត្រូវ​នាំ​ឲ្យ​ភាសា​មាន​ភាព​សកម្ម​ចំពោះ​កូនៗ​របស់​អ្នក ដើម្បី​ពួកគេ​អាច​យល់ និង​ទាក់​ទងគ្នា​បាន ហើយ​មាន​អារម្មណ៍​ថា​ជា​ផ្នែក​មួយ​នៃ​មនុស្ស​ដែល​ពួកគេ​តំណាង​ឲ្យ​ភាសា​នោះ » (Crisfield « Heritage Languages: Fighting a Losing Battle? »); ការ​គូស​បញ្ជាក់​បាន​បន្ថែម ។

  11. យ៉ូហាន ៥:១៩ ។

  12. « ថ្ងៃ​តម​អាហារ​ត្រឹមត្រូវ ជាធម្មតា​ធ្វើ​ឡើង​ដោយ​ពុំបរិភោគអាហារ និង​ទឹក​សម្រាប់​អាហារ​ជាប់គ្នាពីរពេល នៅក្នុងរយៈពេល ២៤ ម៉ោង ចូលរួម​នៅក្នុង​ការប្រជុំ​តម​អាហារ និង​ការប្រជុំ​ថ្លែង​ទីបន្ទាល់ ហើយ​ផ្តល់​ដង្វាយតម​អាហារ​ដោយ​សប្បុរស ដើម្បី​ជួយ​មើលថែ​ដល់​អ្នក​ទាំងឡាយ​ណា​ដែល​ខ្វះខាត ។ » ( ក្បួនខ្នាត​ភាគ ២ ៖ ការ​គ្រប់គ្រង​សាសនាចក្រឆ្នាំ ២០១០ ], ២១.១.១៧ ) ។

  13. សូមមើល អោមណៃ ១:១៧ ។

  14. គោលលទ្ធិ និង សេចក្តី សញ្ញា ៩៣:៣៩ការ​គូស​បញ្ជាក់​បាន​បន្ថែម ។

  15. នៅ​ក្នុង​បរិបទ​នៃ​សុន្ទរកថា​នេះ « ការ​បាត់​បង់ភាសា » សំដៅ​ទៅលើ​របៀប​ដែល​ដំណឹងល្អ​អាច​ត្រូវ​បាត់បង់ ( សូមមើល​ លោកចៅហ្វាយ ២:១០, អោមណៃ ១:១៧, នីហ្វៃទី ៣ ១:៣០ ) ។

  16. ម៉ូសាយ ២៦:១,​៣, ការ​គូស​បញ្ជាក់​បាន​បន្ថែម ។

  17. សូមមើល ម៉ាថាយ ៥:៤៨, នីហ្វៃទី ៣ ១២:៤៨ ។

  18. សូមមើល ម៉ាថាយ ១៦:២៤–២៦ ។