ឆ្នាំ ២០១០-២០១៩
តើ​យើង​ទុក​ចិត្ត​ទ្រង់​ដែរ​ឬ​ទេ ? ភាពលំបាកនាំមកផលល្អ
ខែ តុលា ២០១៧


2:3

តើ​យើង​ទុក​ចិត្ត​ទ្រង់​ដែរ​ឬ​ទេ ? ភាពលំបាកនាំមកផលល្អ

មិន​ថា​មាន​បញ្ហា​អ្វី​ទេ ភាពលំបាក​អាច​ជា​ការ​ល្អ​សម្រាប់​ជន​ដែល​នឹង​ដើរ​ទៅ​មុខ​ដោយ​ជំនឿ ហើយ​ទុក​ចិត្ត​លើ​ព្រះអម្ចាស់ និង​ផែនការ​របស់​ទ្រង់ ។

ពីមុន​ខ្ញុំ​ចាប់ផ្តើម ក្នុង​នាម​ជា​ជន​រងគ្រោះ​ម្នាក់​ក្នុង​ចំណោម​ពួកយើង​ទាំងអស់​គ្នា​ដែល​រង​ការប៉ះពាល់​ពី​ការបំផ្លាញ​ដោយ​ព្យុះកំណាច និង​ការរំញ្ជួយដី​នា​ពេល​ថ្មីៗ​នេះ ខ្ញុំ​សូម​សម្តែង​នូវ​អំណរគុណ​ដោយ​ស្មោះសរ​ដល់​ក្រុម​ដៃ​ជំនួយ​ទាំងអស់ និង​អ្នក​សម្របសម្រួល​របស់​ពួកគេ ដែល​បាន​ផ្តល់ជំនួយ និង​ក្តីសង្ឃឹម​ដល់​ពួកយើង ។

នៅ​ខែ​តុលា​ឆ្នាំ​ ២០០៦ ខ្ញុំ​បាន​ថ្លែង​សុន្ទរកថា​លើក​ដំបូង​ក្នុង​សន្និសីទ​ទូទៅ ។ ខ្ញុំ​បាន​ដាក់​បញ្ចូល​នូវ​សារលិខិត​ដ៏​សំខាន់​មួយ​សម្រាប់​សាសនាចក្រ​ទូទាំង​ពិភពលោក​ដែល​រួម​មាន​នូវ​ការ​អះអាង​ថា « ព្រះអម្ចាស់​ទុក​ព្រះទ័យ​លើ​យើង ! »

ទ្រង់​ពិត​ជា​ទុក​ព្រះទ័យ​លើ​យើង​តាម​របៀប​ជា​ច្រើន ។ ទ្រង់​បាន​ប្រទាន​ឲ្យ​យើង​នូវ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​នៅ​ក្នុង​គ្រា​កាន់​កាប់​ត្រួត​ត្រា​នេះ​គឺជា​ភាព​ពេញ​លេញ​នៃ​ដំណឹងល្អ ។ ទ្រង់​ប្រទាន​សិទ្ធិ​អំណាច​បព្វជិតភាព​របស់​ទ្រង់​ដល់​យើង​ជាមួយ​នឹង​កូនសោ​សម្រាប់​ការ​ប្រើ​ប្រាស់​វា​ដ៏​ត្រឹមត្រូវ ។ ដោយ​មាន​អំណាច​នោះ យើង​អាច​ប្រសិទ្ធពរ បម្រើ ទទួល​ពិធី​បរិសុទ្ធ ហើយ​ចុះ​សេចក្ដីសញ្ញា​នានា ។ ទ្រង់​ទុក​ព្រះទ័យ​លើ​យើង​ជាមួយ​នឹង​សាសនាចក្រ​ទ្រង់​ដែល​បាន​ស្ដារ​ឡើង​វិញ រួម​ទាំង​ព្រះវិហារ​បរិសុទ្ធ​ដែរ ។ ទ្រង់​លើ​ពួក​អ្នក​បម្រើ​ទ្រង់​ជាមួយ​នឹង​អំណាច​ផ្សារ​ភ្ជាប់​—ដើម្បី​ឲ្យ​អ្វី​ចង​ភ្ជាប់​លើ​ផែនដី​បាន​ចង​ភ្ជាប់​នៅ​ស្ថាន​សួគ៌​ដែរ ! ទ្រង់​ថែម​ទាំង​ទុក​ព្រះទ័យ​លើ​យើង​ឲ្យ​ធ្វើ​ជាឪពុក​ម្ដាយ គ្រូ​បង្រៀន និង​អ្នក​មើល​ថែ​កូន​ចៅ​ទ្រង់​នៅ​លើ​ផែនដី ។

បន្ទាប់ពី​បម្រើ​ជា​ច្រើន​ឆ្នាំ​ក្នុង​នាម​អ្នក​មាន​សិទ្ធិ​អំណាច​ទូទៅ​នៅ​ផ្នែក​ជាច្រើន​នៃ​ពិភពលោក​នេះ ខ្ញុំ​សូម​ប្រកាស​ដោយ​ម៉ឺង​ម៉ាត​ថា ទ្រង់​ទុក​ព្រះទ័យ​លើ​យើង ។

ឥឡូវ​នេះ​សំណួរ​ដែល​ខ្ញុំ​សូម​សួរ​ក្នុង​សន្និសីទ​នេះ​គឺ​ថា « តើ​យើង​ទុក​ចិត្ត​ទ្រង់​ដែរ​ឬទេ ?

តើ​យើង​ទុក​ចិត្ត​ទ្រង់​ដែរ​ឬ​ទេ ?

ជា​រឿយៗ ប្រធាន ថូម៉ាស អេស ម៉នសុន រំឭក​យើង​ឲ្យ​ « ទី​ពឹង​ដល់​ព្រះយេហូវ៉ា​ឲ្យ​អស់​អំពី​ចិត្ត កុំ​ឲ្យ​ពឹង​ផ្អែក​លើ​យោបល់​របស់​ខ្លួន​ឡើយ ។

ត្រូវ​ឲ្យ​ទទួល​ស្គាល់​ទ្រង់​នៅ​គ្រប់​ទាំង​ផ្លូវ​ឯង​ចុះ នោះ​ទ្រង់​នឹង​ដំរង់​អស់​ទាំង​ផ្លូវ​ច្រក​របស់​ឯង ។

កុំ​ឲ្យ​មើល​ខ្លួន​ថា​មាន​ប្រាជ្ញា​ឡើយ » ( សុភាសិត ៣:៥--៧

តើ​យើង​ទុក​ចិត្ត​លើ​បទបញ្ញត្តិ​ទ្រង់​ថា​ជា​ប្រយោជន៍​ល្អ​សម្រាប់​យើងដែរ​ឬ​ទេ ? ថា​ថ្នាក់​ដឹកនាំ​របស់​ទ្រង់​នឹង​ដឹកនាំ​យើង​ឲ្យ​បាន​ល្អ​ដែរ​ឬទេ ទោះ​ពួក​លោក​មិន​ល្អ​ឥត​ខ្ចោះ​ក្ដី ? ថា​ការ​សន្យា​ទ្រង់​នឹង​កើត​មាន​ដែរ​ឬ​ទេ ? តើ​យើង​ទុក​ចិត្ត​ថា ព្រះ​វរ​បិតា​សួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ​ពិត​ជា​ស្គាល់​យើង ហើយ​ចង់​ជួយ​យើង​ដែរ​ឬ​ទេ ? សូម្បី​តែ​នៅ​ក្នុង​ការ​សាកល្បង ការ​ប្រឈម និង​គ្រា​លំបាក តើ​យើង​នៅ​តែ​ទុក​ចិត្ត​ទ្រង់​ដែរ​ឬ​ទេ ?

ដោយ​ក្រឡេក​មើល​ទៅ​ពេល​មុន​វិញ ខ្ញុំ​បាន​រៀន​មេរៀន​ល្អៗ​មួយ​ចំនួន​នៅ​គ្រា​ដ៏​លំបាក​បំផុត—មិន​ថា​កាល​ពី​នៅ​ជា​យុវវ័យ នៅ​បេសកកម្ម ការ​ចាប់​ផ្ដើម​ការ​ងារ​ថ្មី ការ​លើក​កម្ពស់​ការ​ហៅ​ខ្ញុំ ការ​បីបាច់​គ្រួសារ​ដ៏​ធំ ឬ​ភាព​ស្មុគស្មាញ​ដើម្បី​មាន​ភាព​ខ្លួន​ទីពឹង​ខ្លួន​នោះ​ទេ ។ វា​ទំនង​ជា​បង្ហាញ​យ៉ាង​ច្បាស់​ថា ភាពលំបាកនាំមក​ផលល្អ !

ភាពលំបាកនាំមកផលល្អ

ភាពលំបាក​ធ្វើ​ឲ្យ​យើង​កាន់តែរឹង​មាំ ធ្វើ​ឲ្យ​យើង​រាបសា ហើយ​ឲ្យ​ឱកាស​យើង​ដើម្បី​បង្ហាញ​ដល់​ខ្លួន​ឯង ។ ពួក​អ្នក​ត្រួស​ត្រាយ​ផ្លូវ​អូសរទេះដៃរបស់​យើង​បាន​មក​ស្គាល់​ព្រះ នៅ​ក្នុង​គ្រា​ដ៏​លំបាក​របស់​ពួកគេ ។ ហេតុអ្វី​ត្រូវ​មាន​ពីរ​ជំពូក​ដើម្បី​រៀបរាប់​ពី​នីហ្វៃ និង​បងប្អូន​ប្រុស​របស់​គាត់​ទទួល​បាន​ផ្ទាំង​លង្ហិន ហើយ​មាន​តែ បី​ខគម្ពីរ​ដែល​បញ្ចុះ​បញ្ចូល​គ្រួសារ​អ៊ីសម៉ាអែល​ឲ្យ​ចូល​រួម​នឹង​ពួកគេ​ទៅ​ក្នុង​ទីរហោស្ថាន ? ( សូមមើល នីហ្វៃទី ១ ៣; ៧:៣–៥) ។ វា​ទំនង​ជា​ព្រះអម្ចាស់​ចង់​ពង្រឹង​នីហ្វៃ​តាមរយៈ​ភាពលំបាក​នៃ​ការ​ទទួល​បាន​ផ្ទាំង​នោះ ។

រឿង​លំបាក​នៅ​ក្នុង​ជីវិត​ពុំ​គួរ​ឲ្យ​យើង​ភ្ញាក់​ផ្អើល​ឡើយ ។ សេចក្ដី​សញ្ញា​មួយ​ដំបូង​បំផុត​ដែល​យើង​ធ្វើ​ជាមួយ​ព្រះអម្ចាស់​គឺ​ការ​រស់​នៅ​តាម​ក្រឹត្យវិន័យ​នៃ​ការ​ថ្វាយ ។ តាម​និយម​ន័យ​ការ​ថ្វាយ​ទាក់​ទង​នឹង​ការ​លះបង់​អ្វី​មួយ​ដែល​ចង់​បាន ។ យើង​ដឹង​តាមរយៈ​បទពិសោធន៍​ថា វា​គឺជារ​បង់ថ្លៃ​ដ៏តូចមួយ​សម្រាប់​ពរជ័យ​ដែល​កើត​មាន​តាម​ក្រោយ ។ ក្រោម​ការដឹកនាំ​របស់ យ៉ូសែប ស៊្មីធ លោក​បាន​ថ្លែង​ថា « សាសនា​មួយ​ដែល​មិន​តម្រូវ​ឲ្យ​មាន​ការ​លះបង់​អ្វីសោះ នឹង​ពុំ​មាន​អំណាច​គ្រប់គ្រាន់ ដើម្បី​បង្កើត​សេចក្ដីជំនឿ​ដ៏​ចាំបាច់​សម្រាប់​ជីវិត និង សេចក្ដី​សង្គ្រោះ​ឡើយ » ។

សមាជិក​ក្រុម​ព្រះ​គឺ​ធ្លាប់​ជួប​នឹង​ភាពលំបាក ។ ព្រះ​ជា​ព្រះវរបិតា​បាន​លះបង់​ព្រះរាជ​បុត្រា​ដ៏​ស្ងួន​ភ្ញា​ទ្រង់​ឲ្យ​រងទុក្ខ​យ៉ាងធ្ងន់ធ្ងរ​នៃ​ដង្វាយធួនរួម​ទាំង​ការ​សុគត​ដោយ​ការ​ឆ្កាង​ផង​ដែរ ។ បទគម្ពីរ​ចែក​ថា ព្រះយេស៊ូវ​គ្រីស្ទ​បាន​រៀន « ស្តាប់​បង្គាប់ ដោយសារ​ការ​ដែល​ទ្រង់​រង​ទុក្ខ​លំបាក »​( ហេព្រើរ ៥:៨) ។ ទ្រង់​ស្ម័គ្រ​ព្រះទ័យ​រង​ការឈឺចាប់​នៃ​ដង្វាយធួន ។ ព្រះវិញ្ញាណបរិសុទ្ធ​ត្រូវ​អត់ធ្មត់​ដើម្បី​បំផុស ព្រមាន ហើយ​ដឹកនាំ​យើង ប៉ុន្តែ​ពេល​ខ្លះ​ត្រូវបាន​គេ​បដិសេធ បកស្រាយ​ខុស ឬ​ភ្លេច ។

ផ្នែក​នៃ​ផែនការ

ភាពលំបាក​គឺជា​ផ្នែក​មួយ​ក្នុង​ផែនការ​នៃ ដំណឹងល្អ ។ គោលបំណង​មួយ​នៃ​ជីវិត​នេះ​គឺ​ដើម្បី​បង្ហាញ​ឲ្យ​ឃើញ ( សូមមើល អ័ប្រាហាំ ៣:២៥ មាន​មនុស្ស​ពីរ​បី​នាក់​ដែល​បាន​រង​ទុក្ខ​យ៉ាង​ខ្លាំង​លើស​ជាងប្រជាជន​អាលម៉ា ។ ពួកគេ​បាន​រត់​គេច​ពី​ស្ដេច​ណូអេ​ដ៏​ទុច្ចរិត ហើយ​ក្រោយ​មក​ក្លាយ​ជា​ទាសករ​របស់​ពួក​សាសន៍​លេមិន ! តាម​រយៈ​ការ​សាកល្បង​ទាំងនោះ ព្រះអម្ចាស់​បាន​បង្រៀន​ពួកគេ​ថា ទ្រង់​ផ្ចាញ់​ផ្ចាល​រាស្ត្រ​ទ្រង់ ហើយ​សាកល្បង​ការ​អត់ធ្មត់ និង​ជំនឿ​ពួកគេ » (ម៉ូសាយ ២៣:២១) ។

នៅ​គ្រា​ដ៏​លំបាក​ក្នុង​គុក​លីប៊ើធី ព្រះអម្ចាស់​បាន​បង្រៀន​យ៉ូសែប ស្ម៊ីធ​ឲ្យ​« ស៊ូទ្រាំ​ការណ៍​នោះ​ដោយ​ហ្មត់ចត់»​( គ. និង ស. ១២១:៨ហើយ​បាន​សន្យា​ថា បើ​លោក​បាន​ធ្វើ​ដូច្នោះ ​« គ្រប់​ការណ៍​ទាំង​នេះ នឹង​ផ្ដល់​ការ​ពិសោធន៍​ដល់​អ្នក ហើយ​នឹង​ទៅ​ជា​ការ​ល្អ​ដល់​អ្នក​ទៅ​វិញ » ( គ. និង ស. ១២២:៧) ។

ប្រធាន ថូម៉ាស អេស ម៉នសុន បាន​អង្វរ​ថា « សូម​ឲ្យ​យើង​ជ្រើសរើស​ផ្លូវ​ត្រូវ​ជានិច្ច​ទោះ​ជា​វា​លំបាក​ក្ដី កុំ​ជ្រើសរើស​ផ្លូវ​ខុស​ដែល​ងាយ​ស្រួល​ឡើយ » ។ លោក​បាន​ថ្លែង​ទាក់ទង​នឹង​ព្រះវិហារ​បរិសុទ្ធ​របស់​យើង​ថា « គ្មានពលិកម្ម​ណា​ធំហួស ថ្លៃហួស ពិបាកហួស ដើម្បី​ទទួល​ពរជ័យ​ទាំងឡាយ [ នៃ​ព្រះវិហារ​បរិសុទ្ធ ] នោះទេ » ។

នៅ​ក្នុង​ពិភពនៃធម្មជាតិ ភាពលំបាក​គឺជា​ផ្នែក​មួយ​ក្នុង​វដ្ដ​នៃ​ជីវិត ។ វា​ពិបាក​ដើម្បី​ឲ្យ​កូនមាន់​ញាស់​ចេញ​ពី​ស៊ុត​ដ៏​រឹង ។ ប៉ុន្តែ​ពេល​មនុស្ស​ម្នាក់​ព្យាយាម​ភ្ញាស់​វា​ដោយ​ងាយ កូន​មាន់​នោះ​ពុំ​បាន​អភិវឌ្ឍ​ភាព​រឹង​មាំ​ដ៏​ចាំបាច់​ដើម្បី​រស់​នៅ ។ ស្រដៀង​គ្នា​នេះ​ដែរ មេអំបៅ​ដែល​ខំ​ហើរ​ចេញ​ពី​សម្បុក​នាង​ពង្រឹង​ដល់វា​សម្រាប់​ជីវិត​ដែល​វា​រស់​នៅ ។

តាម​រយៈ​ឧទាហរណ៍​ទាំង​នេះ យើង​ឃើញ​ថា ភាពលំបាកគឺជា​រឿង​ទៀង​ទាត់ ! យើង​ទាំងអស់​គ្នា​មាន​ឧបសគ្គ ។ អ្វី​ដែល​ប្រែប្រួល​ គឺជា​ប្រតិកម្ម​យើង​ចំពោះ​ភាពលំបាក​នោះ ។

នៅ​គ្រា​មួយ ប្រជាជន​មួយ​ចំនួន​ក្នុង​ព្រះគម្ពីរ​មរមន​បាន​រង​ទុក្ខ​ « ការ​បៀត​បៀន​ដ៏​ធំ » និង​ « ការ​រងទុក្ខ​យ៉ាង​ខ្លាំង » ( ហេលេមិន ៣:៣៤) ។ តើ​ពួកគេ​មាន​ប្រតិកម្ម​បែប​ណា ? « ពួកគេ​បាន​តម​អាហារ ហើយ​បាន​អធិស្ឋាន​ជា​ញឹកញាប់​ដែរ ហើយ​បាន​មុតមាំ​ខ្លាំង​ឡើងៗ​នៅ​ក្នុង​ភាពរាបសា​របស់​គេ ហើយ​បាន​រឹងប៉ឹង​ឡើងៗ​នៅ​ក្នុង​សេចក្ដី​ជំនឿ​ជឿ​ដល់​ព្រះគ្រីស្ទ នាំ​ឲ្យ​ចិត្ត​គេ​បាន​ពោរពេញ​ទៅ​ដោយ​សេចក្ដីអំណរ និង​ការលួងលោមចិត្ត » ( ហេលេមិន ៣:៣៥ ) ។ ឧទាហរណ៍​មួយ​ទៀត​បាន​កើត​ឡើង​បន្ទាប់ពី​សង្គ្រាម ៖ « មក​ពី​រយៈពេល​ដ៏​យូរ​ក្រៃលែង​នៃ​សង្គ្រាម​រវាង​ពួកសាសន៍​នីហ្វៃ និង​ពួកសាសន៍​លេមិន​នោះ​មនុស្ស​ជាច្រើន​បាន​ក្លាយទៅជា​រឹង​ទទឹង … ហើយ​មនុស្ស​ជាច្រើន​មាន​ចិត្ត​ទន់ភ្លន់ មក​ពី​សេចក្ដីទុក្ខវេទនា​ទាំងឡាយ​របស់​គេ ដរាប​ដល់​ពួកគេ​បាន​បន្ទាបខ្លួន​នៅ​ចំពោះ​ព្រះ » ( អាលម៉ា ៦២:៤១) ។

យើង​ម្នាក់ៗ​ជ្រើស​យក​ប្រតិកម្ម​ចំពោះ​ភាពលំបាក ។

ចូរ​ប្រុង​ប្រយ័ត្ន​ចំពោះ​​រឿង​ងាយស្រួល

ពី​មុន​ការ​ហៅ​បម្រើ​នេះ ខ្ញុំ​គឺជា​អ្នក​ប្រឹក្សា​យោបល់​ផ្នែក​ហិរញ្ញវត្ថុ​ម្នាក់​នៅ​ក្នុង​ទីក្រុងហ៊ូស្តុន រដ្ឋ​តិច​សាស ។ ភាគ​ច្រើន​ខ្ញុំ​ធ្វើ​ការ​ជាមួយ​នឹង​ពួក​មហាសេដ្ឋី​ដែល​មាន​អាជីវកម្ម​ផ្ទាល់​ខ្លួន ។ ពួកគេ​ភាគ​ច្រើន​បាន​បង្កើត​អាជីវកម្ម​ដ៏​ជោគជ័យ​ចេញ​ពី​បាទ​ដៃ​ទទេរ​ដោយ​ឆ្លង​កាត់​កិច្ចការ​ដ៏​លំបាក​ជាច្រើន ។ ចំពោះខ្ញុំ​រឿង​ដ៏​សោកសៅ​បំផុត​គឺ​ពេល​ស្ដាប់​ឮ​ពួក​គេ​មួយ​ចំនួន​ពោល​ថា ពួកគេ​មិន​ចង់​ឲ្យ​កូនចៅ​ពួកគេ​ជួប​ភាពលំបាក ។ ពួកគេ​មិន​ចង់​ឲ្យ​កូនចៅ​ពួកគេ​រងទុក្ខ​ដូច​ជា​ពួកគេ​នោះ​ទេ ។ និយាយ​ម្យ៉ាង​ទៀត​គឺ​ពួកគេ​បាន​បង្ខាត់បង្ខាំង​នូវ​អ្វី​ដែល​ធ្វើ​ឲ្យ​កូនចៅ​ពួកគេ​ទទួល​បាន​ជោគ​ជ័យ ។

ផ្ទុយ​ទៅ​វិញ យើង​ស្គាល់​គ្រួសារ​មួយ​ដែល​បានប្រើ​វិធិសាស្ត្រ​ផ្សេងទៀត ។ ឪពុក​ម្ដាយ​បាន​បំផុស​គំនិត​តាមរយៈ​បទពិសោធន៍​របស់​ជេ ស៊ី ផេននី ត្រង់​កន្លែង​ដែល​ឪពុក​គាត់​បាន​ប្រាប់​គាត់ កាល​គាត់​មាន​អាយុ​ប្រាំ​បី​ឆ្នាំ​ថា គាត់​ត្រូវ​ទទួល​ខុស​ត្រូវ​ខាង​ផ្នែក​ហិរញ្ញវត្ថុ​ដោយ​ខ្លួន​ឯង ។ ពួកគេ​បាន​បង្កើត​ទស្សនៈ​របស់​ពួកគេ​ផ្ទាល់​ថា ពេល​កូន​ម្នាក់ៗ​បញ្ចប់​ពី​វិទ្យាល័យ ពួកគេ​ត្រូវ​ទទួល​ខុស​ត្រូវ​ខាង​ផ្នែក​ហិរញ្ញវត្ថុ​ដោយ​ខ្លួន​ឯង—សម្រាប់​ការ​អប់រំ​បន្ត​ ( ដូចជា​មហាវិទ្យាល័យ ថ្នាក់​បណ្ឌិត ) និង​សម្រាប់​ការ​ថែទាំង​ខាង​ហិរញ្ញវត្ថុ​របស់​ពួកគេ ​( ភាព​ខ្លួន​ទី​ពឹង​ខ្លួន​ពិត ) ( សូម​មើលគ. និង ស.៨៣:៤) ។ សំណាង​ល្អ កូនៗ​ទាំង​នោះ​បាន​ប្រតិកម្ម​យ៉ាង​ឈ្លាស​វៃ ។ ពួកគេ​គ្រប់​គ្នា​គឺជា​និស្សិត​បញ្ចប់​ពី​មហាវិទ្យាល័យ ហើយ​មាន​មួយ​ចំនួន​ក៏​បាន​បញ្ចប់​ថ្នាក់​អនុបណ្ឌិត​ផង​ដែរ—ដោយ​ប្រើ​សមត្ថភាព​ខ្លួន​ឯង ។ វា​ពុំ​ងាយ​ទេ ប៉ុន្តែ​ពួកគេ​បាន​ធ្វើ​កិច្ចការ​នោះ ។ ពួកគេ​បា​នធ្វើ​វា​ដោយ​ការ​ខិតខំ និង​ជំនឿ ។

ជំនឿ​ដើម្បី​ទុក​ចិត្ត​លើ​ទ្រង់

សំណួរ​ដែល​សួរ​ថា « តើ​យើង​ទុកចិត្ត​ទ្រង់​ដែរ​ឬ​ទេ ? » ​ប្រហែល​ជា​មាន​ន័យ​កាន់​តែ​ប្រសើរ​ទៀត​បើ​សួរ​ថា « តើ​យើង​មាន ជំនឿ ដើម្បី​ទុក​ចិត្ត​ទ្រង់​ដែរ​ឬ​ទេ ? »

តើ​យើង​មាន ជំនឿ ដើម្បី​ទុក​ចិត្ត​​លើ​ការ​សន្យា​ទ្រង់​ដែរ​ឬ​ទេ​ទាក់​ទង​នឹង​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់​ថា ៩០ ភាគរយ​នៃ​ប្រាក់​ចំណូល​យើង​រួម​ទាំង​ជំនួយ​របស់​ព្រះអម្ចាស់ យើង​បាន​ច្រើន​ជាង ១០០ ភាគរយ តែ​ម្យ៉ាងទៅ​ទៀត ?

តើ​យើង​មាន ជំនឿ គ្រប់​គ្រាន់​ដើម្បី​ទុក​ចិត្ត​ថា ទ្រង់​នឹង​យាង​មក​ជួប​យើង​នៅ​ក្នុង​ភាពលំបាក​របស់​យើង​( សូម​មើលម៉ូសាយ ២៤:១៤) ថា​ទ្រង់​នឹង​តតាំង​នឹង​អ្នក​ដែល​តតាំង​នឹង​យើង ( សូម​មើលអេសាយ ៤៩:២៥; នីហ្វៃ​ទី ២ ៦:១៧) ហើយ​ថា​ទ្រង់​នឹង​ធ្វើ​ឲ្យ​ការ​រង​ទុក្ខ​យើង​បាន​បរិសុទ្ធ​សម្រាប់​ជា​ប្រយោជន៍​យើង​ដែរ​ឬ​ទេ ? ( សូមមើល នីហ្វៃទី ២ ២:២) ។

តើ​យើង​នឹង​អនុវត្ត​ជំនឿ​ចាំបាច់​ដើម្បី​គោរព​បទបញ្ញត្តិ​ទ្រង់ ដើម្បី​ឲ្យ​ទ្រង់​អាច​ប្រទាន​ពរ​យើង​ទាំង​ខាង​សាច់​ឈាម និង​ខាង​វិញ្ញាណ​ដែរ​ឬ​ទេ ? ហើយ​តើ​យើង​នឹង​បន្ត​ស្មោះ​ត្រង់​ដល់​ទី​បញ្ចប់ ដើម្បី​ឲ្យ​ទ្រង់​អាច​ទទួល​យើង​ចូល​ទៅ​ក្នុង​វត្តមាន​ទ្រង់​ដែរ​ឬ​ទេ ? ( សូម​មើល ម៉ូសាយ ២:៤១  ) ។

បងប្អូន​ប្រុស​ស្រី យើង​អាច​មាន​ជំនឿ​ដើម្បី​ទុក​ចិត្ត​ទ្រង់ ! ទ្រង់​ចង់​ប្រទាន​អ្វី​ដែល​ល្អ​បំផុត​ដល់​យើង ( សូម​មើល ម៉ូសេ ១:៣៩ ) ។ ទ្រង់​នឹង​ឆ្លើយ​តប​ការ​អធិស្ឋាន​យើង ( សូម​មើល គ. និង ស. ១១២:១០ ) ។ ទ្រង់​នឹង​រក្សា​ការ​សន្យា​ទ្រង់ ( សូម​មើល គ. និង ស. ១:៣៨ ) ។ ទ្រង់​មាន​ព្រះចេស្ដា​ដើម្បី​រក្សា​ការ​សន្យា​ទ្រង់ ( សូម​មើលអាលម៉ា ៣៧:១៦ ) ។ ទ្រង់​ត្រាស់​ដឹង​គ្រប់​អ្វី​ទាំងអស់ ! ហើយ​សំខាន់​បំផុត​គឺ​ទ្រង់​ស្គាល់​អ្វី​ដែល​ល្អ​បំផុត​ ( សូម​មើលអេសាយ ៥៥:៨–៩) ។

ពិភពលោក​មួយ​ដ៏​គ្រោះថ្នាក់

ពិភពលោក​យើង​សព្វថ្ងៃ​មាន​ភាព​លំបាក ។ យើង​មាន​អំពើ​អាក្រក់​ជាច្រើន មាន​អំពើ​ពុក​រលួយ​នៅ​គ្រប់​ជាតិ​សាសន៍ មាន​អំពើ​ភេរវកម្ម​រហូតដល់​កន្លែង​ដែល​មាន​សុវត្ថិភាព មាន​ការ​ដួល​រលំ​​ខាង​សេដ្ឋកិច្ច ភាព​ខ្វះ​ការ​ងារ​ធ្វើ ជំងឺ មហន្តរាយ​ធម្មជាតិ សង្គ្រាមស៊ីវិល មេដឹកនាំ​ផ្ដាច់​ការ​ជាដើម ។ « តើ​យើង​គួរ​ធ្វើ​អ្វី​ទៅ ? » តើ​យើង​គេច​ចេញ ឬ​តតាំង ? តើ​រឿង​មួយ​ណា​ត្រឹមត្រូវ ? ជម្រើស​ទាំង​ពីរ​អាចជា​រឿង​មាន​គ្រោះ​ថ្នាក់ ។ វា​ជា​រឿង​គ្រោះ​ថ្នាក់​សម្រាប់ ចច វ៉ាស៊ីងតោន និង​ទ័ព​របស់​គាត់​ដើម្បី​ច្បាំង ប៉ុន្តែ​វា​ក៏​គ្រោះ​ថ្នាក់​ចំពោះ​ពួក​អ្នក​ត្រួស​ត្រាយ​ផ្លូវ​កាល​ពី​បុរាណ​ដើម្បី​រត់​គេច​ផង​ដែរ ។ វា​ជា​រឿង​គ្រោះថ្នាក់​សម្រាប់​លោក​ណេលសិន ម៉ានឌេឡា ក្នុង​ការ​តស៊ូ​ដើម្បី​សេរីភាព ។ មានពាក្យ​ពោល​ថា បើ​ចង់​ឲ្យ​អំពើ​អាក្រក់​បាន​ជោគជ័យ មាន​តែ​មនុស្ស​ល្អ​ពុំ​ចាំបាច់​ធ្វើ​អ្វី​ទាំង​អស់ ។

សូម​កុំ​ខ្លាច !

ទោះ​យើង​ធ្វើ​អ្វី​ក៏​ដោយ យើង​ពុំ​គួរ​សម្រេច​ចិត្ត ឬ​ធ្វើ​សកម្មភាព​ចេញ​ពី​ស្មារតី​ភ័យ​ខ្លាច​ឡើយ ។ ពិតណាស់ « ព្រះ​ទ្រង់​មិន​បាន​ប្រទាន​ឲ្យ​យើង​មាន​វិញ្ញាណ ដែល​តែងតែ​ខ្លាច​ឡើយ »​( ធីម៉ូថេទី ២ ១:៧ ) ។ ( តើ​បងប្អូន​ដឹង​ថា​គំនិត « កុំ​ខ្លាច​អី » ត្រូវ​បាន​គូស​បញ្ជាក់​នៅ​ក្នុង​ព្រះគម្ពីរ​ដែរ​ឬ​ទេ ? ) ព្រះអម្ចាស់​បាន​បង្រៀន​ខ្ញុំ​ថា ការ​បាក់​ទឹក​ចិត្ត និង​ការ​ភ័យ​ខ្លាច​គឺជា​ឧបករណ៍​របស់​មារសត្រូវ ។ ចម្លើយ​របស់​ព្រះអម្ចាស់​ចំពោះ​គ្រា​លំបាក​គឺ​ត្រូវ​ដើរ​ទៅ​មុខ​ដោយ​ជំនឿ ។

តើ​ភាពលំបាក​ជា​អ្វី ?

យើង​ម្នាក់ៗ​អាច​នឹង​មាន​គំនិត​ខុសៗ​គ្នា​អំពី​ន័យ​នៃ​ភាពលំបាក ។ មនុស្ស​ខ្លះ​អាច​គិតថា វា​មាន​ការលំបាក​ដើម្បី​ថ្វាយ​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ ពេល​មាន​ប្រាក់​តិច​តួច ។ ពេល​ខ្លះ ថ្នាក់​ដឹកនាំ​ឃើញ​ថា វា​មាន​ការលំបាក​ដើម្បី​ឲ្យ​អ្នក​ក្រ​ថ្វាយ​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ ។ វា​ប្រហែល​ជា​លំបាក​សម្រាប់​យើង​មួយ​ចំនួន​ដើម្បី​ដើរ​ទៅ​មុខ​ដោយ​ជំនឿ​ដើម្បី​រៀបការ ឬ​មាន​គ្រួសារ​មួយ ។ ​មាន​អ្នក​ដែល​រក​ឃើញ​ថា​វាមាន​ភាពលំបាក​ដើម្បី​ « ពេញ​ចិត្ត​នឹង​ [ អ្វី ]​ ដែល​ព្រះ​អម្ចាស់​ទ្រង់​បាន​ប្រទាន​ដល់ [ ពួកគេ ] » ( អាលម៉ា ២៩:៣ វា​ប្រហែល​ជា​មាន​ភាពលំបាក​ដើម្បី​ពេញ​ចិត្ត​នឹង​ការ​ហៅ​បម្រើ​បច្ចុប្បន្ន​របស់​យើង​( សូមមើល អាលម៉ា ២៩:៦ ) ។ វិន័យ​របស់​សាសនាចក្រ​ទំនង​ជា​រឿង​ពិបាក​ណាស់ ប៉ុន្តែ​ចំពោះ​មនុស្ស​មួយ​ចំនួន​វា​គូស​នូវ​ការ​ចាប់ផ្ដើម​នៃ​ដំណើរ​ការ​ប្រែ​ចិត្ត​ដ៏​ពិត ។

មិន​ថា​មាន​បញ្ហា​អ្វី​ទេ ភាពលំបាក​អាច​ជា​ការ​ល្អ​សម្រាប់​ជន​ដែល​នឹង​ដើរ​ទៅ​មុខ​ដោយ​ជំនឿ ហើយ​ទុក​ចិត្ត​លើ​ព្រះអម្ចាស់ និង​ផែនការ​របស់​ទ្រង់ ។

ទីបន្ទាល់​របស់​ខ្ញុំ

បងប្អូន​ប្រុស​ស្រី​របស់​ខ្ញុំ​អើយ ខ្ញុំ​សូម​ថ្លែង​ជា​សាក្សី​ថា ថ្នាក់​ដឹកនាំ​ទាំងនេះ​ដែល​អង្គុយ​នៅ​ពី​ក្រោយ​ខ្ញុំ​ត្រូវ​បាន​ហៅ​ដោយ​ព្រះ ។ ក្ដី ប្រាថ្នា​របស់​ពួក​លោក​គឺ​ដើម្បី​បម្រើ​ព្រះអម្ចាស់​ឲ្យ​បាន​ល្អ ហើយ​ជួយ​យើង​ឲ្យ​ស្ថាបនា​ដំណឹងល្អ​នៅ​ក្នុង​ដួង​ចិត្ត​យើង ។ ខ្ញុំស្រឡាញ់ហើយគាំទ្រពួក​លោក ។

ខ្ញុំ​ស្រឡាញ់​ព្រះអង្គ​សង្គ្រោះ​យើង​គឺ​ព្រះយេស៊ូវគ្រីស្ទ ។ ខ្ញុំ​ស្ញប់​ស្ញែង​ដោយ​សារ​ទ្រង់​បាន​ស្រឡាញ់​ព្រះវរបិតា និង​យើង​ល្មម​គ្រប់​គ្រាន់​ដើម្បី​ក្លាយ​ជា​ព្រះអង្គ​សង្គ្រោះ និង​ព្រះ​ប្រោសលោះ​យើង ដោយ​ការ​ធ្វើ​កិច្ចការ​នេះ នោះ​ទ្រង់​ត្រូវ​រង​ទុក្ខ​ដែល​ធ្វើ​ឲ្យ​ទ្រង់​ « ញ័រ​ដោយ​សារ​តែ​ការ​ឈឺ​ចាប់ ហើយ​ត្រូវ​ច្រួច​លោហិត​ចេញ​ពី​គ្រប់​រន្ធ​ញើស ហើយ​ត្រូវ​រង​ទុក្ខ​ព្រម​ទាំង​រូប​កាយ និង​វិញ្ញាណ​ផង » ( គ. និង ស. ១៩:១៨) ។ ទោះ​ជា​បាន​ជួប​នឹង​ទិដ្ឋភាព​ដ៏​អាក្រក់​នេះ និង​ភាព​ចាំបាច់​របស់​វា​ក្ដី ទ្រង់​បាន​អះអាង​ចំពោះ​ព្រះវរបិតា​ថា « ​កុំ​តាម​ទូលបង្គំឡើយ សូម​តាម​តែ​ព្រះហឬទ័យ​ទ្រង់​វិញ » ( លូកា ២២:៤២ ) ។ ខ្ញុំ​រីករាយ​នៅ​ក្នុង​បន្ទូល​របស់​ទេវតា​ថា « ទ្រង់​មិន​គង់​នៅ​ទី​នេះ​ទេ ដ្បិត​ទ្រង់​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​ហើយ » ( ម៉ាថាយ ២៨:៦ ) ។

គំរូ​របស់​ទ្រង់​ពិត​ជា « ផ្លូវ​សេចក្ដីពិត និង​ជីវិត » មែន (យ៉ូហាន ១៤:៦ ) ។ មាន​តែ​ការ​ធ្វើ​តាម​គំរូ​នោះ​ប៉ុណ្ណោះ​ទើប​យើង​រក​ឃើញ​ « សេចក្តី​សុខសាន្ត​នា​លោកិយ​នេះ និង​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច នៅ​បរលោក​នាយ » ( គ. និង ស. ៥៩:២៣ )។ ដោយសារ​ខ្ញុំ​បាន​ធ្វើ​តាម​គំរូ​របស់​ទ្រង់ ហើយ​បាន​អនុវត្ត​តាម​ការបង្រៀន​ទ្រង់ ខ្ញុំ​បាន​រៀន​សម្រាប់​ខ្លួន​ខ្ញុំ​ថា « សេចក្តី​សន្យា​ដ៏​ធំ​បំផុត ហើយ​វិសេស​ផង » នីមួយៗ​របស់​ទ្រង់​គឺ​ជា​ការពិត (ពេត្រុស​ទី ២ ១:៤) ។

ក្ដី​ប្រាថ្នា​ដ៏​ធំ​បំផុត​របស់​ខ្ញុំ​គឺ​ដើម្បី ឈរ​ជាមួយ​​នឹង​មរមន​ក្នុង​នាម​ជា​សិស្ស​ដ៏​ពិត​ម្នាក់​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ ( សូមមើលនីហ្វៃទី ៣ ៥:១៣ ) ហើយ​រហូត​ដល់​ថ្ងៃ​មួយ​បាន​ស្ដាប់​ឮ​ចេញ​ពី​ព្រះឱស្ឋ​ទ្រង់​ថា « ប្រពៃ​ហើយ បាវ​ល្អ​ស្មោះ​ត្រង់​អើយ »​( ម៉ាថាយ ២៥:២១ ) ។ នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។

កំណត់ចំណាំ

  1. Lectures on Faith( ឆ្នាំ ១៩៨៥ ) ទំព័រ ៦៩ ។

  2. ថូម៉ាស អេស ម៉នសុន «Choices» Liahona ខែ ឧសភា ឆ្នាំ ២០១៦ ទំព័រ ៨៦ ។

  3. ថូម៉ាស អេស ម៉នសុន «The Holy Temple—a Beacon to the World» Liahona ខែ ឧសភា ឆ្នាំ ២០១១ ទំព័រ ៩២ ។

  4. សូមមើល John Stuart Mill Inaugural Address: Delivered to the University of St. Andrews, Feb. 1, 1867 ( ឆ្នាំ ១៨៦៧ ) ទំព័រ ៣៦ ។