ឆ្នាំ ២០១០-២០១៩
រឿង​ប្រចាំ​ថ្ងៃ​មាន​ភាព​អស់កល្ប​
ខែ តុលា ២០១៧


2:3

រឿង​ប្រចាំ​ថ្ងៃ​មាន​ភាព​អស់កល្ប​

ចិត្ត​រាបសា​អំពី​អត្តសញ្ញាណ​យើង និង​អំពី​ព្រះរាជ​បំណង​ព្រះ​សម្រាប់​យើង​គឺជា​រឿង​សំខាន់ ។

ចាប់​តាំង​ពី​ការ​បម្រើ​ខ្ញុំ​នៅ​បេសកកម្ម​អង់គ្លេស​កាល​នៅ​យុវវ័យ ខ្ញុំ​ចូល​ចិត្ត​រឿង​កំប្លែង​អង់គ្លេស ។ ពេលខ្លះ គេ​សម្គាល់​វា​ដោយ​ការបន្តុះបង្អាប់​ខ្លួន​ឯង ដាក់​ខ្លួន ហើយ​រាបសា​ចំពោះ​ជីវិត ។ ឧទាហរណ៍​មួយ​អំពី​រឿង​នេះ​គឺ​ការ​ពិពណ៌នា​អំពី​រដូវ​ក្ដៅ ។ រដូវ​ក្ដៅ​នៅ​អង់គ្លេស​គឺ​ខ្លី ហើយ​មិន​អាច​ដឹង​មុន​បាន​ទេ ។ ដូច​ដែល​អ្នក​និពន្ធ​ម្នាក់​បាន​ពោល​ស្ងាត់ៗ​​ថា « ខ្ញុំ​ស្រឡាញ់​រដូវ​ក្ដៅ​នៅ​អង់គ្លេស វា​ជា រដូវ ដែល​ខ្ញុំ​ពេញចិត្ត​បំផុត​នៅក្នុង​ឆ្នាំ » ។ តួអង្គ​គំនូរ​ជីវចល​អង់គ្លេស​មួយ​ដែល​ខ្ញុំ​ចូល​ចិត្ត​គឺ​ពេល​នាង​ក្រោក​ពី​ដំណេក​យឺត​នៅ​ពេល​ព្រឹក ហើយ​ពោល​ទៅ​​សត្វ​ឆ្កែ​នាង​ថា « ម្ចាស់​ថ្លៃ​អើយ ! ខ្ញុំ​គិត​ថា យើង​ដេក​ជ្រុល​ហួស​ខែ​ក្ដៅ​បាត់​ទៅ​ហើយ »។

មាន​រឿង​ប្រៀប​ធៀប​មួយ​នៅ​ក្នុង​រឿង​កំប្លែង​នេះ ចំពោះ​ជីវិត​យើង​នៅ​លើ​ផែនដី​ដ៏​ស្រស់​ស្អាត​នេះ ។ បទគម្ពីរ​ចែង​យ៉ាង​ច្បាស់​ថា ជីវិត​រមែង​ស្លាប់​ដ៏​មាន​តម្លៃ​របស់​យើង​គឺ​ខ្លី​ណាស់ ។ បើ​និយាយ​ចេញ​ពី​ទស្សនៈ​​ដ៏​អស់​កល្ប ពេល​វេលា​យើង​​លើ​ផែនដី​គឺ​ខ្លី​ដូច​ជា​រដូវ​ក្ដៅ​នៅប្រទេស​អង់គ្លេស​ដែរ ។

ពេល​ខ្លះ គោលបំណង និង​ជីវិត​​របស់​មនុស្ស​​ក៏​ត្រូវ​បាន​ពិពណ៌នា​ក្នុង​ពាក្យ​ដ៏​រាប​សា​ផង​ដែរ ។ ព្យាការី​ម៉ូសេ​ត្រូវ​បាន​ចិញ្ចឹម​បីបាច់​តាម​របៀប​ដែល​មនុស្ស​សព្វថ្ងៃ​នេះ​​អាច​នឹង​ហៅ​ថា ជា​​មនុស្ស​ដ៏​មាន​ឯក​សិទ្ធិ​ ។ ដូច​បាន​កត់​ត្រា​នៅ​ក្នុង​មុក្តា​ដ៏​មាន​តម្លៃ​មហិមា កាល​រៀបចំ​ម៉ូសេ​សម្រាប់​កិច្ចការ​ជា​ព្យាការី​របស់​លោក ព្រះអម្ចាស់​ឲ្យ​លោក​ឃើញ​នូវ​ទិដ្ឋភាព​ទូទៅ​នៃ​ពិភពលោក និង​រាល់​កូន​ចៅ​មនុស្ស​ដែល​ធ្លាប់ និង​កំពុង​រស់នៅ ។ ម៉ូសេ​បាន​ប្រតិកម្ម​ដោយ​ភ្ញាក់​ផ្អើល​បន្តិច​​ថា « ឥឡូវ​នេះ … ទើប​ខ្ញុំ​ដឹង​ថា​មនុស្ស​គឺ​គ្មាន​ជា​អ្វី​សោះ ជា​ការណ៍​ដែល​ខ្ញុំ​ពុំ​ដែល​គិត​ពី​មុន​មក​ឡើយ » ។

ក្រោយ​មក ជា​ការ​ឆ្លើយ​តប​ចំពោះ​រាល់​អារម្មណ៍​ដែល​ម៉ូសេ​គិត​ថា​មនុស្ស​​មិន​សំខាន់ នោះ​ព្រះ​បាន​ប្រកាស​អំពី​ព្រះរាជ​បំណង​ពិត​របស់​ទ្រង់​ថា « នេះ​ហើយ​ជា​កិច្ចការ​របស់​យើង និង​សិរី​ល្អ​របស់​យើង — គឺ​ដើម្បី​នាំ​ឲ្យ​មាន​អមតភាព និង​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច​ដល់​មនុស្ស » ។

យើង​ទាំងអស់​គ្នា​មាន​សិទ្ធិ​ស្មើ​គ្នា​ចំពោះ​ព្រះនេត្រ​ព្រះ ។ គោលលទ្ធិ​របស់​ទ្រង់​គឺ​ច្បាស់​ណាស់ ។ យើង​អាន​នៅ​ក្នុង​ព្រះគម្ពីរ​មរមន​ថា « មនុស្ស​ទាំងអស់ … ក៏​ដូចគ្នា​នៅ​ចំពោះ​ព្រះ » រួម « ទាំង​ខ្មៅ និង​ស ទាំង​បាវ​គេ និង​សេរី ទាំង​ប្រុស និង​ស្រី » ​ផង ។ ដូច្នេះ​ហើយ មនុស្ស​ទាំង​អស់​ត្រូវបាន​អញ្ជើញ​ឲ្យ​មក​រក​ព្រះអម្ចាស់ ។

មនុស្ស​ណា​​ម្នាក់​ដែល​អះអាង​ថា ខ្លួន​មាន​ឧត្តមភាព​នៅ​ក្រោម​ផែនការ​របស់​ព្រះ​ដោយ​សារ​តែ​បុគ្គលិក​លក្ខណៈ​ដូចជា ពូជ​សាសន៍ ភេទ សញ្ជាតិ ភាសា ឬ​ស្ថានភាព​សេដ្ឋកិច្ច​គឺ​ជា​ការ​ខុស​ឆ្គង​ខាង​សីលធម៌ ហើយ​ពុំ​យល់​នូវ​ព្រះរាជ​បំណង​ពិត​របស់​ព្រះអម្ចាស់​សម្រាប់​កូនចៅ​ទាំង​អស់​របស់​ព្រះវរបិតា​យើង​ឡើយ ។

ជា​អកុសល នៅ​ជំនាន់​យើង​ស្ទើរ​តែ​គ្រប់​ស្រទាប់​នៃ​សង្គម យើង​ឃើញ​មាន​ភាព​អាត្មានិយម និង​ក្រអឺត​ក្រទម​បាន​សម្ញែង​ខ្លួន​ឡើង កាល​ចិត្ត​រាបសា និង​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​ព្រះ​ត្រូវ​បាន​គេ​និយាយ​មើល​ងាយ ។ សង្គម​ភាគច្រើនបាន​បាត់បង់​​សីលធម៌គ្រឹះ ហើយ​ពុំ​យល់​អំពី​ហេតុផល​ដែល​យើង​រស់​នៅ​លើ​ផែនដី​នេះ​ឡើយ ។ ចិត្ត​រាបសា​ពិត​ ដែល​ជា​កត្តា​សំខាន់​ដើម្បី សម្រេច​បាន​ព្រះរាជ​បំណង​របស់​ព្រះអម្ចាស់​សម្រាប់​​យើង​នោះ​គឺកម្រ​មាន​ណាស់ ។

វា​ជា​ការ​សំខាន់​ដើម្បី​យល់​អំពី​ទំហំ​នៃ​ចិត្ត​រាប​សា ភាព​សុចរិត ចរិត​លក្ខណៈ និង​ប្រាជ្ញា​របស់​ព្រះគ្រីស្ទ​ដូច​បាន​បង្ហាញ​នៅ​​ក្នុង​បទគម្ពីរ ។ វា​គឺជា​ភាព​ល្ងង់​ខ្លៅ​ដែល​​មើល​ស្រាល​ទៅ​លើ​ភាព​ចាំបាច់​នៃ​ការ​ខិត​ខំ​ឥត​ឈប់​ឈរ​ដើម្បី​មាន​គុណ​សម្បត្តិ និង​គុណ​លក្ខណៈ​ដូចជា​ព្រះគ្រីស្ទ​រៀង​រាល់​ថ្ងៃ ជា​ពិសេស​ចិត្ត​រាបសា ។

បទគម្ពីរ​ចែង​យ៉ាង​ច្បាស់​ថា កាល​ជីវិត​នេះពិត​ជា​​ខ្លី តែ​វា​គឺជា​ពេល​ដ៏​សំខាន់​ណាស់ ។ អាមូលេក ដែល​ជា​ដៃ​គូ​ផ្សព្វផ្សាយ​សាសនា​របស់​អាលម៉ា​នៅ​ក្នុង​ព្រះគម្ពីរ​មរមន​បាន​ពោល​ថា « ដ្បិត​មើល​ចុះ ជីវិត​នេះ​គឺ​ជា​ពេល​វេលា​សម្រាប់​ឲ្យ​មនុស្ស​ប្រុង​ប្រៀប​ខ្លួន​ទៅ​ជួប​នឹង​ព្រះ មែនហើយ មើលចុះ ពេលវេលា​នៃ​ជីវិតនេះ គឺជា​ពេលវេលា​សម្រាប់​ឲ្យ​មនុស្ស​ប្រព្រឹត្ត​ការងារ​ទាំងឡាយ​របស់​ខ្លួន » ។ ដូច​គ្នា​នឹង​តួអង្គ​គំនូរ​ជីវចល​របស់​ខ្ញុំ​ដែរ យើង​ពុំ​ចង់​ដេកលក់​ហួស​ជីវិត​នេះ​​ឡើយ ។

គំរូ​នៃ​ចិត្ត​រាបសា និង​ពលិកម្ម​របស់​ព្រះអង្គ​សង្គ្រោះ​សម្រាប់​មនុស្ស​លោក​ទាំងអស់​​គឺជា​ព្រឹត្តិការណ៍​ដ៏​សំខាន់​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ ។ សូម្បី​តែ​ព្រះអង្គ​សង្គ្រោះ​ដែល​ជា​សមាជិក​​មួយ​អង្គ​នៃ​ក្រុម​ព្រះ​ ក៏​បាន​ស្ម័គ្រ​ព្រះទ័យ​យាង​មក​កាន់​ផែនដី​ជា​ទារក​ដ៏​ទន់ទាប ហើយ​ចាប់​ផ្ដើម​ជីវិត​ដែល​រួម​មាន​នូវ​ការ​បង្រៀន ការ​ព្យាបាល​ដល់​បងប្អូន​ប្រុស​ស្រី​របស់​ទ្រង់ ហើយ​ទីបំផុត​រង​ការ​ឈឺចាប់​ដែល​ពុំ​អាច​ពិពណ៌នា​បាន​នៅ​ឯ​​សួនច្បារ​គែតសេម៉ានី និង​លើ​ឈើ​ឆ្កាង​ដើម្បី​ធ្វើ​ឲ្យ​ដង្វាយ​ធួន​របស់​ទ្រង់​បាន​ល្អ​ឥត​ខ្ចោះ ។ ទង្វើ​នៃ​ក្ដី​ស្រឡាញ់​ និង​ចិត្ត​រាបសា​របស់​ព្រះគ្រីស្ទ​​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ការ​បន្ទាប​ខ្លួន​របស់​ទ្រង់ ។ ទ្រង់​ធ្វើ​បែប​នេះ​សម្រាប់​មនុស្ស​គ្រប់​គ្នា​ដែល​ព្រះ​បាន​បង្កើត ឬ​នឹង​បង្កើត​ឡើង ។

ព្រះវរបិតា​សួគ៌​យើង​ពុំ​ចង់​ឲ្យ​កូនចៅ​ទ្រង់​បាក់​ទឹក​ចិត្ត ឬ​បោះ​បង់​ការ​ស្វែង​រក​សិរី​ល្អ​សេឡេស្ទាល​របស់​ពួកគេ​ឡើយ ។ ពេល​យើង​ពិត​ជា​សញ្ជឹង​គិត​អំពី​ព្រះ​ជា​ព្រះវរ​បិតា និង​ព្រះគ្រីស្ទ​ជា​ព្រះ​រាជ​បុត្រា អំពី​អត្តសញ្ញាណ​របស់​ទ្រង់ និង​អ្វី​ដែល​ទ្រង់​សម្រេច​បាន​សម្រាប់​យើង វា​ធ្វើ​ឲ្យ​យើង​មាន​គារវភាព ការ​សរសើរ អំណរគុណ និង​ចិត្ត​រាបសា ។

ចិត្តរាបសា​គឺជា​កត្តា​ដ៏​សំខាន់​នៅ​ក្នុង​ការ​ជួយ​ព្រះអម្ចាស់​ស្ថាបនា​សាសនាចក្រ​របស់​ទ្រង់

នៅ​ជំនាន់​​​អាលម៉ា លោក​បានសួរ​សំណួរ​មួយ​ដែល​ពាក់ព័ន្ធ​នឹង​សព្វថ្ងៃ​នេះ​ថា « បើសិនជា អ្នករាល់គ្នា​បាន​ស្គាល់​ការ​ផ្លាស់​ប្តូរ​នៅក្នុង​ដួង​ចិត្ត​អ្នក ហើយ​បើសិនជា​អ្នក​រាល់​គ្នា​ចាប់​អារម្មណ៍​ចង់​ច្រៀង​នូវ​ចម្រៀង​នៃ​សេចក្តី​ស្រឡាញ់​ដែល​ប្រោសលោះ ខ្ញុំ​សូម​សួរ​ថា តើ​អ្នក​រាល់​គ្នា​អាច​ចាប់​អារម្មណ៍​យ៉ាង​នេះ​ឥឡូវ​នេះ​ទេ ? » អាលម៉ា​បាន​បន្ត​ថា « តើ​អ្នក​រាល់​គ្នា​អាច​និយាយ … បើ​សិន​ជា​អ្នក​រាល់​គ្នា​ត្រូវ​បាន​ហៅ​ឲ្យ​ទៅ​ស្លាប់​នៅ​ក្នុង​ពេល​នេះ​ថា តើ​អ្នក​រាល់​គ្នា​បាន​បន្ទាប​ខ្លួន​គ្រប់​គ្រាន់​ហើយ​ឬ​នៅ ? »

រាល់​ពេល​​ខ្ញុំ​អាន​អំពី​អាលម៉ា​ជា​កូន​ដែល​លះបង់​តួនាទី​របស់​លោក​ជា​ប្រធាន​រដ្ឋ​ទៅ​ប្រកាស​បន្ទូល​នៃ​ព្រះ ខ្ញុំ​ចាប់​អារម្មណ៍​ខ្លាំង​ណាស់ ។ ពិតណាស់ អាលម៉ា​មាន​នូវ​ទីបន្ទាល់​ដ៏​រឹង​មាំ​មួយ​អំពី​ព្រះ​ជា​ព្រះវរបិតា និង​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​ទទួល​ខុស​ត្រូវ​ចំពោះ​ពួក​ទ្រង់​ទាំង​ស្រុង​ដោយ​គ្មាន​ការស្ទាក់ស្ទើរ ។ លោក​បាន​ដាក់​អាទិភាព និង​ចិត្ត​រាបសា​​យ៉ាង​ត្រឹមត្រូវ​ដោយ​លះបង់​ឋានៈ និង​មុខ​តំណែង ព្រោះ​​លោក​បាន​ដឹង​ថា ការ​បម្រើ​ព្រះអម្ចាស់​សំខាន់​ជាង ។

ការ​មាន​ចិត្ត​រាបសា​គ្រប់​គ្រាន់​នៅ​ក្នុង​ជីវិត​យើង​ដើម្បី​ស្ថាបនា​សាសនាចក្រ​ ពិត​ជា​​មាន​តម្លៃ​ខ្លាំង​ណាស់ ។ គំរូ​មួយ​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​សាសនាចក្រ​នឹង​ជួយ​យើងឲ្យ​​យល់​កាន់​តែ​ច្បាស់ ។ នៅ​ខែ​ មិថុនា ឆ្នាំ ​១៨៣៧ ព្យាការី​ យ៉ូសែប​ត្រូវបាន​បំផុស​គំនិត​កាល​ស្ថិត​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​ខឺតឡង់ ឲ្យ​ហៅ​សាវក ហ៊ីប៊ើរ ស៊ី ឃិមបឹល ​នាំ​យក​ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​ទៅ « ប្រទេស​អង់គ្លេស … ហើយ​បើក​ទ្វារ​នៃ​សេចក្ដី សង្គ្រោះ​ដល់​ប្រជាជាតិ​នោះ » ។ សាវក អួរសុន ហៃឌ និង​សាវក​ពីរ​បី​នាក់​ផ្សេង​ទៀត​ត្រូវ​បាន​ចាត់​ឲ្យ​ទៅ​ជាមួយ​នឹង​លោក ។ ចម្លើយតប​របស់​អែលឌើរ ឃិមបឹល ​គឺ​អស្ចារ្យ​ណាស់ ។ « គំនិត​នៃ​ការ​ត្រូវបាន​តែង​តាំង​សម្រាប់​បេសកកម្មដ៏​​សំខាន់​មួយ​បែប​នេះ​ធ្វើ​ឲ្យ​ខ្ញុំ​ស្ទើរ​តែ​ទ្រាំទ្រ​ពុំ​បាន ។ …[ ខ្ញុំ ] ​ស្ទើរ​តែ​បោះបង់​ចោល​​បន្ទុក​ដែល​បាន​ដាក់​មក​លើ​ខ្ញុំ​នេះ​ទៅ​ហើយ » ។ ទោះ​ជា​យ៉ាង​ណា លោក​បាន​ទទួល​យក​​បេសកកម្ម​នោះ​ដោយក្ដី​​ជំនឿ ការ​តាំង​ចិត្ត និង​ចិត្ត​រាបសា​យ៉ាង​ខ្លាំង ។

ពេល​ខ្លះ​ ចិត្ត​រាបសា​គឺជា​ការ​ទទួល​យក​ការ​ហៅ​នានា​ពេល​យើង​មាន​អារម្មណ៍​ថា​ខ្វះ​សមត្ថភាព ។ ពេល​ខ្លះ ​ចិត្ត​រាបសា​គឺជា​ការ​បម្រើ​ដោយ​ស្មោះ​ត្រង់​ពេល​យើង​មាន​អារម្មណ៍​ថា​អាច​ធ្វើ​កិច្ចការ​ធំៗ​បាន ។ ថ្នាក់​ដឹកនាំ​ដ៏​រាបសា​បាន​បង្ហាញ​ដោយ​ពាក្យ​សម្ដី និង​តាមរយៈ​គំរូ​ថា កន្លែង​ដែល​យើង​បម្រើ​ពុំ​ចោទ​ជា​បញ្ហា​ទេ ប៉ុន្តែ​របៀប​​ដែល​យើង​បម្រើ​ដោយ​ស្មោះ​ត្រង់​គឺ​ជា​បញ្ហា​សំខាន់ ។ ពេល​ខ្លះ​ ចិត្ត​រាបសា​គឺជា​ការ​យក​ឈ្នះ​អារម្មណ៍​ឈឺចាប់​ពេល​យើង​មាន​អារម្មណ៍​ថា​ ថ្នាក់​ដឹកនាំ ឬ​​អ្នកដទៃ​​ទៀត​ធ្វើ​ខុស​ចំពោះ​យើង ។

នៅ​ថ្ងៃ​ទី ២៣ ខែ កក្កដា ឆ្នាំ ១៨៣៧ ព្យាការី​យ៉ូសែប​ បាន​ជួប​នឹង​អែលឌើរ ថូម៉ាស ប៊ី ម៉ាស ជា​ប្រធាន​កូរ៉ុម​នៃ​ពួក​ដប់​ពីរ​នាក់ ។ អែលឌើរ​ ម៉ាស ​ទំនង​ជា​ខឹង​ដែល​ព្យាការី​បាន​ហៅ​សមាជិក​ពីរ​រូប​ក្នុង​កូរ៉ុម​របស់​លោក​ឲ្យ​ទៅ​ប្រទេស​អង់គ្លេស​ដោយ​ពុំ​បាន​ប្រឹក្សា​នឹង​លោក ។ កាល​យ៉ូសែប​បាន​ជួប​នឹង​អែលឌើរ ​ម៉ាស អារម្មណ៍​ឈឺចាប់​នានា​ត្រូវ​ដាក់​មួយ​​អន្លើរ​សិន ហើយ​ព្យាការី​បាន​ទទួល​វិវរណៈ​ដ៏​អស្ចារ្យ​មួយ ។ ឥឡូវ​នេះ ​វា​នៅ​ក្នុង កណ្ឌ​ទី ​១១២ ​នៃ​គោលលទ្ធិ និង សេចក្តីសញ្ញា ។វា​ផ្ដល់​នូវការ​ដឹកនាំ​ដ៏​អស្ចារ្យមក​​ពី​ស្ថានសួគ៌​ទាក់​ទង​នឹង​ការមាន​​ចិត្ត​រាបសា និង​កិច្ចការ​ផ្សព្វផ្សាយ​សាសនា ។ ខ​ទី ១០ ចែង​ថា « ចូរ​មាន​ចិត្ត​រាបសា ហើយ​ព្រះ​អម្ចាស់​ជា​ព្រះ​របស់​អ្នក​នឹង​ដឹក​ដៃ​អ្នក ហើយ​ប្រទាន​ចម្លើយ​ដល់​បទ​អធិស្ឋាន​ទាំង​ឡាយ​របស់​អ្នក » ។

វិវរណៈ​នេះ​បាន​កើត​ឡើង​ចំ​ថ្ងៃ​ដែល​អែលឌើរ ឃិមបឹល ហៃឌ និង​ចន ហ្គោដសុន ដែល​ពេញ​ដោយ​ចិត្ត​រាបសា​កំពុង​ប្រកាស​ការ​ស្ដារ​ឡើង​វិញ​នៃ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៅ​សាលាប្រជុំ វ៉ក​ហល ​ក្នុង​ទីក្រុង​ប្រេស្តុន ប្រទេស​អង់គ្លេស ។ នេះ​ជា​លើក​ដំបូង​ដែល​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​បាន​ប្រកាស​ដំណឹងល្អ​ដែល​បាន​ស្ដារ​ឡើង​វិញ​នៅ​ក្រៅ​ទ្វីប​អាមេរិក​ខាង​ជើង​នៅ​គ្រា​កាន់​កាប់​ត្រួត​ត្រា​នេះ ។ កិច្ចការ​ផ្សព្វផ្សាយ​សាសនា​របស់​ពួកគេ​បាន​បន្សល់​នូវ​បុណ្យ​ជ្រមុជ​ទឹក​ឲ្យ​អ្នក​ប្រែ​ចិត្ត​ជឿ​ស្ទើរ​ភ្លាមៗ ហើយ​បាន​ដឹកនាំ​ឲ្យ​មាន​សមាជិក​ស្មោះ​ត្រង់​ជាច្រើន ។

ផ្នែក​បន្តបន្ទាប់​នៃ​វិវរណៈ​នេះណែនាំ​ពី​​កិច្ចការ​ផ្សព្វផ្សាយ​សាសនា​នៅ​ជំនាន់​របស់​យើង ។ វា​ចែង​ជា​ផ្នែក​ថា « នរណា​ក៏​ដោយ​ដែល​អ្នក​រាល់​គ្នា​នឹង​ចាត់​ឲ្យ​ទៅ ដោយ​នូវ​ព្រះ​នាម​របស់​យើង … នឹង​មាន​អំណាច ដើម្បី​បើកទ្វារ នគរ​របស់​យើង ដល់​សាសន៍​ណា​មួយ​ក៏​ដោយ … ដរាបណា​ពួក​គេនឹង ​បន្ទាប​ខ្លួន នៅ​ចំពោះ​យើង ហើយ​នៅ​ជាប់​ក្នុង​ព្រះ​បន្ទូល​របស់​យើង ហើយ​ប្រុង​ស្ដាប់​តាម​សំឡេង​នៃ​ព្រះ​វិញ្ញាណ​របស់​យើង » ។

ចិត្ត​រាបសា​ដែល​ជា​ផ្នែក​សំខាន់​នៃ​កិច្ចការ​ផ្សព្វផ្សាយ​សាសនា​ដ៏​អស្ចារ្យ​នេះ បាន​អនុញ្ញាត​ឲ្យ​ព្រះអម្ចាស់​ស្ថាបនា​សាសនាចក្រ​ទ្រង់​តាម​របៀប​ដ៏​អស្ចារ្យ​មួយ ។

ហើយ​យើង​រីករាយ ដែល​យើង​បន្ត​ឃើញ​កិច្ចការ​នេះ​នៅ​ក្នុង​សាសនាចក្រ​សព្វ​ថ្ងៃ ។ សមាជិក​ទាំងឡាយ រួម​ទាំង​ជំនាន់​កំពុង​ពេញ​វ័យ លះបង់​ពេល​របស់​ពួកគេ ហើយពន្យារ​​ពេល​ការ​សិក្សា និង​ការងារ​ដើម្បី​បម្រើ​បេសកកម្ម ។ មាន​សមាជិក​វ័យ​ចំណាស់​ជាច្រើន​បាន​ឈប់​ពី ការងារ ហើយ​ធ្វើ​ការ​លះបង់​ផ្សេង​ទៀត​ដើម្បី​បម្រើ​ព្រះ​តាម​ការ​ហៅ​របស់​ពួកគេ ។ យើង​ពុំ​អនុញ្ញាត​ឲ្យ​បញ្ហា​ផ្ទាល់​ខ្លួន​បង្អាក់ ឬ​បង្វែរ​យើង​ពី​ការ​សម្រេច​ព្រះរាជ​បំណង​របស់​ទ្រង់​បាន​ឡើយ ។ ការ​បម្រើ​ក្នុង​សាសនាចក្រ​តម្រូវ​ឲ្យ​មាន​ចិត្ត​រាបសា ។ យើង​បម្រើ​ក្នុង​តួនាទី​របស់​យើង​ដោយ​រាបសា​ឲ្យ​អស់​ពី​ពលំ គំនិត និង​កម្លាំង ។ នៅ​គ្រប់​កម្រិត​ក្នុង​សាសនាចក្រ ការ​យល់​អំពី​គុណ​លក្ខណៈ​នៃ​ចិត្ត​រាប​សា​ដូច​ជា​ព្រះគ្រីស្ទ​គឺ​ជា​រឿង​សំខាន់ ។

រៀង​រាល់​ថ្ងៃ ចិត្ត​រាបសា​គឺជា​កត្តា​ដ៏​សំខាន់​ក្នុង​ការ​ជួយ​រៀបចំ​មនុស្ស​ឲ្យ​ជួប​ព្រះ

គោលដៅ​នៃ​ការ​គោរព​​ព្រះអម្ចាស់ ហើយ​ចុះចូល​តាម​ព្រះទ័យ​របស់​ទ្រង់ ពុំ​មាន​តម្លៃ​នៅ​ក្នុង​សង្គម​សព្វថ្ងៃ ដូចកាល​ពី​មុន​ឡើយ ។ ថ្នាក់​ដឹកនាំ​គ្រិស្ដ​សាសនិក​​នៃ​ជំនឿ​ផ្សេង​ខ្លះ​ជឿ​ថា យើង​កំពុង​រស់​នៅ​ក្នុង​ពិភព​មួយ​ដែល​ពុំ​ជាប់​ទាក់​ទង​នឹង​​គ្រិស្ដ​សាសនិក​ទៀត​ឡើយ ។

អស់​ជាច្រើន​ជំនាន់មក គុណធម៌​នៃ​ចិត្តរាបសា​ដោយ​​ផ្អែក​លើ​សាសនា និងគុណធម៌​សង្គម​នៃ​ភាពថ្លៃ​ថ្នូរ និង​ការ​យល់​ស្រប​បាន​ក្លាយ​ជា​បទដ្ឋាន​មាន​​គុណ​សម្បត្តិ ។

នៅ​ក្នុង​ពិភពលោ​ក​សព្វថ្ងៃ មាន​ការ​សង្កត់​ធ្ងន់​កើន​ឡើង​​យ៉ាង​ខ្លាំង​ទៅ​លើ​អំនួត ការ​ផ្ដោត​លើ​ប្រយោជន៍​ខ្លួន​ឯង និងអ្វី​ដែល​គេ​ហៅ​ថា « ភាព​ត្រឹមត្រូវ »​ ដែល​ពេលខ្លះ​ដឹកនាំ​ទៅ​រក​ការ​ខ្វះ​ចិត្ត​រាបសា​ពិត ។ មាន​មនុស្ស​ខ្លះ​បាន​លើក​ឡើង​ពី​គុណ​តម្លៃ​​សីលធម៌​សម្រាប់​សុភមង្គល​សព្វថ្ងៃ​ឲ្យ​​មាន « ពិត​ប្រាកដ រឹង​មាំ មាន​ផល​ច្រើន—ហើយ​សំខាន់​បំផុត​គឺ​កុំ​ពឹង​ផ្អែក​លើ​មនុស្ស​ដទៃ … ដោយសារ​ជោគ​វាសនា​របស់​អ្នក​គឺ … ស្ថិត​នៅក្នុង​កណ្ដាប់​ដៃ អ្នក » ។

បទគម្ពីរ​លើក​កម្ពស់​វិធីសាស្ត្រ​ខុស​ពី​នេះ ។ បទគម្ពីរ​លើក​ឡើង​ថា យើង​គួរ​ក្លាយ​ជា​សិស្ស​ពិត​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។ ការណ៍​នេះ​ទាក់​ទង​នឹង​ការ​ស្ថាបនា​អារម្មណ៍​ដ៏​មាន​អនុភាព​មួយ​នៃ​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​ព្រះ និង​វិធី​សាស្ត្រ​ដ៏​រាបសា​ចំពោះ​ជីវិត ។ ស្ដេច​បេនយ៉ាមីន​បាន​បង្រៀន​ថា មនុស្ស​ខាង​សាច់​ឈាម​គឺជា​សត្រូវ​ចំពោះ​ព្រះ ហើយ​លើក​ទឹក​ចិត្ត​ថា យើង​ត្រូវ​ព្រម​ធ្វើ​តាម ​« សេចក្ដី​ទូន្មាន​នៃ​ព្រះ​វិញ្ញាណ​បរិសុទ្ធ » ។ ទ្រង់​បាន​ពន្យល់​ក្នុង​ចំណោម​រឿង​ជាច្រើន​ថា ការណ៍​នេះ​តម្រូវ​ឲ្យ​មាន​ការ​ « ងាយ​ប្រដៅ ស្លូតបូត ទាប​រាបសា អត់ឱន [ និង ] ​ពោរ​ពេញ​ទៅ​ដោយ​សេចក្ដី​ស្រឡាញ់ » ។

មាន​មនុស្ស​ខ្លះ​ប្រើ ពាក្យ​ត្រឹមត្រូវ​ ខុស ទៅ​​ជា​ការ​អបអរ​របស់​មនុស្ស​ខាង​សាច់​ឈាម និង​គុណសម្បត្តិ​ដែល​ផ្ទុយ​ពី​ចិត្ត​រាបសា ចិត្ត​ល្អ ចិត្ត​មេត្តា ការ​អភ័យទោស និង​ការ​គួរ​សម​ទៅ​វិញ ។ យើង​អាច​​អបអរ​ភាព​វិសេស​ផ្ទាល់​ខ្លួន​របស់​យើង​ក្នុង​នាម​ជា​កូនចៅ​ព្រះ ​ដោយ​មិន​​ប្រើ​ភាព​ត្រឹមត្រូវ​​ជា​ពាក្យ​ដោះសារ​មួយ​សម្រាប់​អាកប្បកិរិយា​មិន​ដូចជា​ព្រះគ្រីស្ទ​បាន ។

នៅ​ក្នុង​ការ​ស្វែងរក​​ចិត្ត​រាបសា​របស់​យើង អ៊ិនធើរណែត​​ដ៏​ទំនើប​បង្កើត​ការ​ប្រឈម​ ពិបាក​ឲ្យ​យើង​​ចៀស​វាង​ពី​អំនួត ។ មាន​ឧទាហរណ៍​ពីរ​ មួយ​គឺ​​វិធី​សាស្ត្រ​លង់​នឹង​ខ្លួន​ឯង ​« មើល​មក​ខ្ញុំ​នែ៎ »​ ទីពីរ​គឺ​ការ​វាយ​ប្រហារ​អ្នក​ដទៃ​ដោយ​និយាយ​ចំអន់​នៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ។ ឧទាហរណ៍​មួយ​ទៀត​គឺ​ជា ​« ការ​ធ្វើ​ពុត​ជា​រាបសា » ។ វា​ត្រូវបាន​ឲ្យ​និយមន័យ​ថា​ជា ​« ភាព​រម្យទម​ក្លែងក្លាយ ឬ​សេចក្ដី​ថ្លែងឬ ​[ រូបភាព ] ​ដែល​មិន​ឲ្យ​តម្លៃ​នរណា​ម្នាក់ ​ដែល​គោល​​បំណង​ពិត​​នោះ​គឺ​ដើម្បី​ទទួល​ការ​ចាប់​អារម្មណ៍​លើ​អ្វី​មួយ​ដែល​បុគ្គល​នោះ​​មាន​អំនួត » ។ ពួក​ព្យាការី​តែង​តែ​ព្រមាន​អំពី​អំនួត ហើយ​គូស​បញ្ជាក់​នូវ​រឿង​ឥត​ប្រយោជន៍​នៃ លោកិយ ។

ភាពរេចរឹល​យ៉ាង​ខ្លាំង​នៃ​ការ​ប្រាស្រ័យ​ទាក់​ទង​ដ៏​គួរ​ឲ្យ​គោរព​ ក៏​ជា​កង្វល់​មួយ​ផង​ដែរ ។ គោលការណ៍​អស់​កល្ប​នៃ​សិទ្ធិ​ជ្រើស​រើស​តម្រូវ​ឲ្យ​យើង​គោរព​ការ​ជ្រើស​រើស​ជាច្រើន​ដែល​យើង​ពុំ​យល់​ស្រប​តាម ។ ឥឡូវ​នេះ​ ជា​រឿយៗ​ការ​ប៉ះទង្គិច និង​ជម្លោះ​បំពានលើ​ ​« ព្រំដែន​នៃ​បទដ្ឋាន​រួម » ។ យើង​ត្រូវ​មាន​ភាព​រម្យទម និង​ចិត្ត​រាបសា​ច្រើន​ជាង​នេះ ។

អាលម៉ា​ហាម​ប្រាម​កុំ​ឲ្យ​ ​« អួត​ខ្លួន ដោយ​នូវ​ការ​ឆ្មើងឆ្មៃ​ក្នុង​ចិត្ត​ ដោយស្មាន​ថា ខ្លួន​គ្រាន់បើ​ជាង​អ្នក​ឯ​ទៀត »​ និង​ការ​បៀត​បៀន​មនុស្ស​រាបសា​ដែល ​« ដើរ​តាម​របៀប​ដ៏​បរិសុទ្ធ​នៃ​ព្រះ » ។

ខ្ញុំ​បាន​ឃើញ​សេចក្ដី​ល្អ​ដ៏​ប្រពៃ​​នៅ​ក្នុង​ចំណោម​មនុស្ស​​គ្រប់​ជំនឿ ​ដែល​មានចិត្ត​រាបសា ហើយ​មាន​អារម្មណ៍​ទទួល​ខុស​ត្រូវ​ចំពោះ​ព្រះ ។ ​ពួកគេ​ភាគ​ច្រើន​​ធ្វើ​តាម​ការ​បង្រៀន​របស់​ព្យាការី​មីកា​ក្នុង​ព្រះគម្ពីរ​សញ្ញា​ចាស់​ដែល​បាន​ប្រកាស​ថា « តើ​ព្រះយេហូវ៉ា​សព្វព្រះហឫទ័យ​ឲ្យ​ឯង​ប្រព្រឹត្ត​ដូចម្តេច បើ​មិនមែន​ឲ្យ​ប្រព្រឹត្ត​ដោយ​សុចរិត ឲ្យ​ស្រឡាញ់​សេចក្តី​សប្បុរស ហើយ​ឲ្យ​ដើរ​ជាមួយ​នឹង​ព្រះ​នៃ​ខ្លួន​ដោយ​សុភាព​រាបទាប​ប៉ុណ្ណោះ ? »

ពេល​យើង​មាន​ចិត្ត​រាបសា​ពិត យើង​អធិស្ឋាន​សូម​ការ​អភ័យទោស ហើយ​យើង​​អភ័យ​ទោស​ឲ្យ​អ្នក​ដទៃ ។ ពេល​យើង​អាន​នៅ​ក្នុង​ម៉ូសាយ អាលម៉ា​បាន​បង្រៀន​ថា កាល​យើង​រឿង​ប្រែចិត្ត​ញឹក​ញាប់ នោះ​ព្រះអម្ចាស់​នឹង​អភ័យទោស​ដល់​កំហុស​របស់​យើង ។​ ម្យ៉ាង​ទៀត ដូច​ដែល​បាន​បង្ហាញ​នៅ​ក្នុង​ការ​អធិស្ឋាន​របស់​ព្រះអម្ចាស់​ថា​ ពេល​យើង​ពុំ​អភ័យ​ទោស​ដល់​កំហុស​របស់​អ្នក​ដទៃ នោះ​យើង​យក​ការ​ផ្ដន្ទាទោស​មក​ដាក់​លើ​ខ្លួន ។ ដោយសារ​តែ​ដង្វាយ​ធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ នោះ​អំពើ​បាប​យើង​ត្រូវ​បាន​អភ័យទោស​ឲ្យ​តាមរយៈ​ការ​ប្រែ​ចិត្ត ។ ពេល​យើង​ពុំ​អភ័យទោស​ដល់​អ្នក​ដែល​ធ្វើ​ខុស​ចំពោះ​យើង នោះ​យើង​កំពុង​​បដិសេធ​ដង្វាយធួន​របស់​ព្រះអង្គ​សង្គ្រោះ ។ ការ​ខឹង​សម្បារ ហើយ​​ពុំ​ព្រម​អភ័យទោស និង​ការ​ពុំ​ព្រម​ដោះ​ស្រាយ​ទំនាក់​ទំនង​យើង​ដោយ​រាបសា​តាម​របៀប​ដូច​ជា​ព្រះគ្រីស្ទ ពិត​ជា​នាំ​យក​ការ​ផ្ដន្ទា​ទោស​មក​ឲ្យ​យើង ។ ការ​ខឹង​សម្បារ​មាន​ភាព​ពិស​ពុល​ដល់​ព្រលឹង​យើង ។

ខ្ញុំ​ក៏​សូម​ហាម​ទាស់​នឹង​ភាព​ក្រអឺត​ក្រទម​គ្រប់​ទម្រង់​ដែរ ។ តាម​រយៈ​ព្យាការី​មរ៉ូណៃ ព្រះអម្ចាស់​បញ្ជាក់​យ៉ាង​ច្បាស់​ពី​ភាព​ខុស​គ្នា​រវាង​មនុស្ស​ដែល​ក្រអឺត​ក្រទម និង​មនុស្ស​រាបសា​ថា « ពួក​អ្នក​ភ្លើ​ទេ​ដែល​ចំអក តែ​ពួក​គេ​នឹង​យំសោក ហើយ​គុណ​របស់​យើង​មាន​គ្រប់​គ្រាន់​សម្រាប់​អ្នក​ស្លូតត្រង់ » ។ ព្រះអម្ចាស់​បាន​ប្រកាស​បន្ថែម​ទៀត​ថា « យើង​ឲ្យ​ភាព​ទន់ខ្សោយ​ទៅ​មនុស្ស ដើម្បី​ឲ្យ​ពួកគេ​អាច​បាន ​រាបសា ហើយ​គុណ​របស់​យើង​មាន​គ្រប់គ្រាន់​សម្រាប់​មនុស្ស​ទាំងអស់​ដែល ​បន្ទាប​ខ្លួន នៅ​ចំពោះ​យើង ដ្បិត​​បើសិន​ជា​ពួកគេ បន្ទាប​ខ្លួន នៅ​ចំពោះ​យើង ហើយ​មាន​សេចក្ដី​ជំនឿ​ជឿ​ដល់​យើង លំដាប់​នោះ យើង​នឹង​ធ្វើ​ឲ្យ​អ្វី​ដែល​ទន់ខ្សោយ​ក្លាយ​ទៅ​ជា​ខ្លាំង​ពូកែ​ចំពោះ​ពួកគេ​វិញ » ។

ចិត្ត​រាបសា​ក៏​រួម​បញ្ចូល​ទាំង​ការ​មាន​អំណរ​គុណ​សម្រាប់​ពរជ័យ​ជា​ច្រើន​របស់​យើង និង​ជំនួយ​ពី​ព្រះ ។ ចិត្ត​រាបសា​ពុំ​មែន​ជា​ការ​សម្រេច​បាន​ដ៏​ធំ ឬ​ជា​ការ​យក​ឈ្នះ​ឧបសគ្គ​ដ៏​ធំ​មួយ​ចំនួន​នោះ​ទេ ។ វា​គឺ​ជា​សញ្ញា​​មួយ​នៃ​កម្លាំង​ខាង​វិញ្ញាណ ។ វា​គឺជា​ការ​មាន​ទំនុក​ចិត្ត​ដ៏​ស្ងប់ស្ងាត់​​ថា គ្រប់​ពេល​វេលា​យើង​អាច​ពឹង​ផ្អែក​លើ​ព្រះអម្ចាស់ បម្រើ​ទ្រង់ ហើយ​សម្រេច​ព្រះរាជ​បំណង​របស់​ទ្រង់ ។ ខ្ញុំ​សូម​អធិស្ឋាន​ថា កាល​ពិភពលោក​នេះ​មាន​ជម្លោះ​ នោះ​យើង​នឹង​បន្ត​ខិតខំ​រក​ចិត្ត​រាបសា​រាល់​ថ្ងៃ ។ កំណាព្យ​ដ៏​ពេញ​និយម​មួយ​បាន​ថ្លែង​ថា ៖

ការ​សាកល្បង​នៃ​ភាព​អស្ចារ្យ​គឺជា​ផ្លូវ

មនុស្ស​ម្នាក់​ជួប​នូវ​អ្វី​ដែល​មាន​នៅ​ភាព​អស់​កល្ប​រាល់​ថ្ងៃ ។

ខ្ញុំ​សូម​ថ្លែង​ជា​សាក្សី​ដ៏​ពិត​អំពី​ព្រះអង្គ​សង្គ្រោះ និង​ដង្វាយ​ធួន​របស់​ទ្រង់ និង​សារៈសំខាន់​ដ៏​លើស​លុប​នៃ​ការ​បម្រើ​ទ្រង់​រៀង​រាល់​ថ្ងៃ​ដោយ​រាបសា ។ នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។

កំណត់ចំណាំ

  1. Kathy Lette នៅ​ក្នុង ​« Town and Country Notebook » ed. Victoria Marston, Country Life, ថ្ងៃ​ទី​៧ ខែ​មិថុនា ឆ្នាំ​២០១៧ ទំព័រ​៣២; ការ​គូស​បញ្ជាក់​បាន​បន្ថែម ។

  2. Annie Tempest « Tottering-by-Gently » Country Life ថ្ងៃ​ទី​៣ ខែ​តុលា ឆ្នាំ​២០១២​ ទំព័រ​១២៨ ។

  3. សូម​មើល ទំនុកដំកើង ៩០:៤ ។ មិនថា​មាន​ពេល​វែង ឬ​ខ្លី​នៅ​លើ​ផែនដី​នោះ​ទេ អាយុ​ជីវិត​យើង​​ខ្លី​ណាស់​នៅ​ក្នុង​ទស្សនៈ​ដ៏​អស់​កល្ប​មួយ ។ « ទាំង​អស់​នេះ​ទុក​ដូច​ជា​មួយ​ថ្ងៃ​សម្រាប់​ព្រះ ឯ​ពេល​វេលា​រាប់​សម្រាប់​តែ​មនុស្ស​ទេ » ។ (អាលម៉ា ៤០:៨) ។ សាវក​ពេត្រុស​បាន​ប្រកាស​ថា « តែ​ពួកស្ងួនភា្ង​អើយ កុំ​ឲ្យ​ភ្លេច​សេចក្ដី​មួយ​នេះ​ឡើយ​គឺថា នៅ​ចំពោះ​ព្រះអម្ចាស់​មួយ​ថ្ងៃ​ទុក​ដូចជា​មួយពាន់​ឆ្នាំ ហើយ​មួយពាន់​ឆ្នាំ​ក៏​ទុក​ដូចជា​មួយ​ថ្ងៃ​ដែរ » ( ពេត្រុសទី ២ ៣:៨ ) ។

  4. សូម​មើល ម៉ូសេ ១:៦–៩ ។ នេះ​គឺ​ព្រះគ្រីស្ទ​កំពុង​មាន​បន្ទូល​ដោយ​ការ​ប្រទាន​សិទ្ធិ​អំណាច​មក​ពី​ព្រះ ​( សូម​មើល Teachings of Presidents of the Church: Joseph Fielding Smith [ ឆ្នាំ ២០១៣ ] ទំព័រ ៤៧ លេខ​យោង ១១ ) ។

  5. ម៉ូសេ ១:១០ ។

  6. ​ម៉ូសេ ១:៣៩ ។

  7. នីហ្វៃទី ២ ២៦:៣៣ សូមមើល​ផងដែរ គោលលទ្ធិ និង​សេចក្តីសញ្ញា ១:៣៤–៣៥; ៣៨:១៦; សេចក្តីប្រកាស​ជា​ផ្លូវការ​ទី ២ ។

  8. គោលលទ្ធិ និង​សេចក្ដី​សញ្ញា ២០:៣៧ ចាប់ផ្ដើម​ថា « អស់​អ្នក​ណា​ដែល​បន្ទាប​ខ្លួន​នៅ​ចំពោះ​ព្រះ » ។ បន្ទាប់​មក វា​ដាក់​ចេញ​នូវ​តម្រូវការ​មុនពេល​ជ្រមុជ​ទឹក ។ សូមមើល​ផងដែរ ម៉ាថាយ ១១:២៨ ។

  9. សូមមើល គោលលទ្ធិ និងសេចក្ដីសញ្ញា ២០:៣៧ ។

  10. យើង​ដឹង​ថា បើ​យើង​ពុំ​ប្រែ​ចិត្ត ទទួល​ពិធី​បរិសុទ្ធ ហើយ​ធ្វើ​តាម​ផ្លូវ​នៃ​សេចក្ដី​សញ្ញា​ដែល​រៀបចំ​យើង​សម្រាប់​ភាព​អស់​កល្ប​ទេ « នោះ​យប់​នៃ​សេចក្ដី​ងងឹតនឹង [ មក​ដល់ ] ហើយ​យើង​នឹង​ពុំ​អាច​ប្រព្រឹត្តការងារ​អ្វី​ទៀត​នៅ​ក្នុង​ពេល​នោះ​បាន​ឡើយ » ( អាលម៉ា ៣៤:៣៣ ) ។

  11. សូម​មើល នីហ្វៃ​ទី​៣ ២៧:២៧ ។

  12. អាលម៉ា ៣៤:៣២ ។

  13. សូម​មើល នីហ្វៃ​ទី​១ ១១:២៦–៣៣; នីហ្វៃ​ទី​២ ៩:៥៣; យ៉ាកុប ៤:៧; គោលលទ្ធិ និង សេចក្ដី​សញ្ញា ១២២:៨ ។

  14. អាលម៉ា ៥:២៦ ។

  15. អាលម៉ា ៥:២៧ ។

  16. សូមមើល អាលម៉ា ៤:១៩ ។

  17. Joseph Smith, Heber C. Kimball « History of Heber Chase Kimball By His Own Dictation » ca. 1842–1856, Heber C. Kimball Papers ទំព័រ ៥៤ បណ្ណាល័យ​ប្រវត្តិសាស្ដ្រ​សាសនាចក្រ; Orson F. Whitney, Life of Heber C. Kimball, An Apostle; The Father and Founder of the British Mission ( ឆ្នាំ​១៨៨៨ ) ទំព័រ ​១១៦ ។

  18. Heber C. Kimball « History of Heber Chase Kimball By His Own Dictation » ទំព័រ ៥៤; សូមមើលផង​ដែរ Orson F. Whitney, Life of Heber C. Kimball ទំព័រ ១១៦ ។

  19. ប្រធាន J. Reuben Clark Jr. បាន​បង្រៀន​ថា « នៅ​ក្នុង​ការ​បម្រើ​របស់​ព្រះអម្ចាស់ កន្លែង​ដែល​អ្នក​បម្រើ​ពុំ​សំខាន់​ទេ ប៉ុន្តែ​របៀប​ដែល​អ្នក​បម្រើ​វិញ​ទេ​តើ ។ នៅ​ក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ មនុស្ស​ម្នាក់​ទទួល​យក​កន្លែង​ដែល​ត្រូវបាន​ហៅ​​ឲ្យ​បម្រើ​ដោយ​ត្រឹមត្រូវ​ទាន់​ពេល ដែល​ជា​កន្លែង​ដែល​​គាត់​ពុំ​បាន​ស្វែង​រក ឬ​បដិសេធ​ឡើយ »​ ( នៅ​ក្នុង Conference Report ខែ​មេសា ឆ្នាំ​១៩៥១ ទំព័រ ១៥៤ ) ។

  20. សូម​មើល The Joseph Smith Papers, Documents, Volume 5: October 1835-January 1838 ed. Brent M. Rogers and others ( ឆ្នាំ ២០១៧ ) ទំព័រ ៤១២–១៧ ។ វីឡេត ឃឹមបឹល​ បាន​រាយការណ៍​តាម​សំបុត្រ​មួយ​ទៅ​កាន់​ស្វាមី​នាង ហ៊ីប៊ើរ ស៊ី ឃិមបឹល ថា នាង​មាន​ចម្លង​វិវរណៈ​មក​ពី​ « សៀវភៅ​អែលឌើរ​ ម៉ាស្ស កាល​លោក​សរសេរ​វា​តាម​ការ​និយាយ​របស់​យ៉ូសែប »​ ( Vilate Murray Kimball to Heber C. Kimball ថ្ងៃ​ទី ៦ ខែ កញ្ញា ឆ្នាំ ១៨៣៧ នៅក្នុង The Joseph Smith Papers, Documents, Volume 5: October 1835–January 1838 ទំព័រ ៤១២ ) ។

  21. គោលលទ្ធិ និង សេចក្ដី​សញ្ញា ១១២:១០ ការ​គូស​បញ្ជាក់​បានបន្ថែម ។

  22. សូម​មើល Orson F. Whitney Life of Heber C. Kimball ទំព័រ ១៣៦–៣៧ ។

  23. សូម​មើល Orson F. Whitney Life of Heber C. Kimball ទំព័រ ១៤៩ ។

  24. គោលលទ្ធិ និង សេចក្តីសញ្ញា ១១២:២១–២២ ការគូសបញ្ជាក់​​បាន​បន្ថែម ។

  25. « កាល​យើង​ពុំ​បាន​សុំ​ឲ្យ​មាន​ការ​ដោះ​លែង​ពី​ការ​ហៅ​មួយ​ក្ដី ប៉ុន្តែបើ​ស្ថាន​ភាព​យើង​ផ្លាស់​ប្ដូរ យើង​គួរ​ប្រឹក្សា​ជាមួយ​នឹង​អ្នក​ដែល​បាន​ចេញ​ការ​ហៅ​នោះ រួចហើយ​ទុក​ឲ្យ​ពួកគាត់​សម្រេច​ចិត្ត » ( Boyd K. Packer « Called to Serve » Ensign ខែ​វិច្ឆិកា ឆ្នាំ​១៩៩៧ ទំព័រ ៨ ) ។

  26. សូម​មើល ​« ការ​បន្ទាប​ខ្លួន »​ នៅ​ក្នុង​ជំពូក ៦​នៃប្រកាស​ដំណឹង​ល្អ​ទ្រង់ ៖ មគ្គុទេសន៍​ចំពោះ​ការ​បម្រើ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនាឆ្នាំ ​២០០៤ ) ទំព័រ ​១២០ ។

  27. សូម​មើល Charles J. Chaput Strangers in a Strange Land ( ឆ្នាំ​ ២០១៧ ) ទំព័រ ​១៤–១៥ សូម​មើល​ផង​ដែរ Rod Dreher The Benedict Option ( ឆ្នាំ​ ២០១៧ ) ។

  28. ខាល ខេឌ័រស្ត្រម « The Dangers of Happiness » New York Times ថ្ងៃទី ១៩ ខែ កក្កដា ឆ្នាំ ២០១៥ ទំព័រ SR8 ។

  29. ម៉ូសាយ ៣:១៩ ។

  30. English Oxford Living Dictionaries, “humblebrag,” oxforddictionaries.com ។

  31. តាម​របៀប​មួយ​ចំនួន​ ការណ៍​នេះ​ស្រដៀង​គ្នា​នឹង​ការ​ពិពណ៌នា​របស់គម្ពីរ​​អាលម៉ា​អំពី​អស់​អ្នក​បាន​ទទួល​ « វត្ថុ​ដ៏​មាន​តម្លៃ​គ្រប់​យ៉ាង​របស់​គេ​ដែល​គេ​រក​បានដោយ​សារ​ការ​ឧស្សាហ៍​របស់​ខ្លួន … [ ប៉ុន្តែ ]​ បាន​លើក​ខ្លួន​ឡើង​ក្នុង​ការ​ឆ្មើង​ឆ្មៃនៃ​ភ្នែក​របស់​គេ » (អាលម៉ា ៤:៦) ។ វា​ត្រូវ​បាន​កត់​ចំណាំ​ថា « ការ​ធ្វើ​ពុត​ជា​រាបសា »​ គឺ​នៅ​តែ​ជា​ការ​អួត​អាង ។

  32. David Brooks « Finding a Way to Roll Back Fanaticism » New York Times ថ្ងៃ​ទី​១៥ ខែ​សីហា ឆ្នាំ​២០១៧ ទំព័រ A23 ។

  33. អាលម៉ា ៥:៥៣, ៥៤ ។

  34. មីកា ៦:៨ ។

  35. សូម​មើលម៉ូសាយ ២៦:៣០ ។

  36. សូមមើល ម៉ាថាយ ៦:២៤, ១៥ ។

  37. សូម​មើល ម៉ូសាយ ២៦:៣១ ។

  38. ដូច​ ណេលសិន មេនឌេឡា បាន​ថ្លែង​ថា « ការ​តូច​ចិត្ត​ប្រៀប​បាន​នឹង​ការ​ផឹក​ថ្នាំ​ពុល រួច​ហើយ​សង្ឃឹម​ថា វា​នឹង​សម្លាប់​សត្រូវ​របស់​អ្នក » ( នៅ​ក្នុង Jessica Durando, “15 of Nelson Mandela’s Best Quotes,” USA Today ថ្ងៃ​ទី​៥ ខែ​ធ្នូ ឆ្នាំ​២០១៣ គេហទំព័រ usatoday.com ) ។

  39. អេធើរ ១២:២៦, ២៧ ការ​គូស​បញ្ជាក់​បាន​បន្ថែម ។

  40. Edmund Vance Cooke « The Eternal Everyday » Impertinent Poems ( ឆ្នាំ ១៩០៧ ) ទំព័រ ​២១ ។