ការងារបម្រើនៃការផ្សះផ្សា
ខ្ញុំសូមថ្លែងទីបន្ទាល់អំពីភាពសុខសាន្តចំពោះព្រលឹងដែលផ្សះផ្សាជាមួយព្រះ ព្រមទាំងរវាងគ្នានឹងគ្នានឹងកើតមានឡើង ប្រសិនបើយើងបន្ទាបខ្លួន និងក្លាហានល្មមដើម្បីអនុវត្តតាម ។
កាលពីខែមេសា ពេលប្រធាន រ័សុល អិម ណិលសុន បានណែនាំគោលគំនិតអំពីការងារបម្រើ នោះលោកបានសង្កត់ធ្ងន់ថា វាជារបៀបមួយដើម្បីគោរពក្រឹត្យវិន័យធំពីរ ក្នុងការស្រឡាញ់ព្រះ និងស្រឡាញ់គ្នាទៅវិញទៅមក ។ ពួកយើងក្នុងនាមជាអ្នកកាន់តំណែងក្នុងសាសនាចក្រ សូមសរសើរ និងអបអរសាទរដល់បងប្អូនចំពោះការឆ្លើយតបដ៏អស្ចារ្យដែលបងប្អូនបានចាប់ផ្តើមធ្វើកិច្ចការនោះ ។ យើងសូមអរគុណបងប្អូនសម្រាប់ការធ្វើតាមព្យាការីជាទីស្រឡាញ់របស់យើងនៅក្នុងការខិតខំដ៏អស្ចារ្យនេះ ហើយយើងសូមផ្តល់យោបល់ថា សូមបងប្អូនកុំរង់ចាំការណែនាំបន្ថែមទៀតអី ។ សូមចុះប្រឡូកក្នុងកិច្ចការនោះទៅ ។ ហើយជួយអ្នកដែលត្រូវការជំនួយ ។ សូមកុំនៅសម្ងំស្ងៀមដោយឆ្ងល់ថា តើបងប្អូនគួរធ្វើការបម្រើប្រភេទណានោះឡើយ ។ ប្រសិនបើយើងធ្វើតាមគោលការណ៍គ្រឹះដែលត្រូវបានបង្រៀន បន្តគាំទ្រជាមួយកូនសោបព្វជិតភាព ហើយស្វែងរកព្រះវិញ្ញាណបរិសុទ្ធដឹកនាំយើង នោះយើងពុំអាចបរាជ័យឡើយ ។
នាព្រឹកនេះ ខ្ញុំចង់ថ្លែងអំពីលក្ខណៈនៃការងារបម្រើក្នុងកម្រិតមួយកាន់តែផ្ទាល់ខ្លួនដែលពុំមែនមកពីការចាត់តាំង ពុំទាក់ទងនឹងកាលវិភាគសម្ភាស ហើយគ្មានការរាយការណ៍អ្វីឡើយ ក្រៅពីរាយការណ៍ទៅកាន់ស្ថានសួគ៌នោះ ។ ខ្ញុំសូមចែកចាយគំរូសាមញ្ញមួយស្តីពីគំរូនៃការងារបម្រើ ។
ហ្គ្រាន ម័រ៉ែល បូវិន គឺជាស្វាមី និងឪពុកម្នាក់ដែលខិតខំធ្វើការ និងមានការលះបង់ ដូចជាមនុស្សជាច្រើនទៀតដែលប្រកបរបរចិញ្ចឹមជីវិតរបស់ពួកគេដោយធ្វើស្រែចម្ការ មានវិបត្តហិរញ្ញវត្ថុ នៅពេលដំណាំដំឡូងក្នុងមូលដ្ឋាននោះគ្មានគ្រប់គ្រាន់ ។ គាត់ និងភរិយាគាត់ឈ្មោះន័រម៉ា បានចាប់ផ្តើមធ្វើការងារផ្សេង ទីបំផុតបានប្តូរទៅរស់នៅទីក្រុងមួយផ្សេងទៀត ហើយសេចដ្ឋកិច្ចរបស់ពួកគេបានចាប់ផ្តើមមានស្ថេរភាពឡើងវិញ ។ ប៉ុន្តែ នៅក្នុងរឿងដ៏អកុសលមួយ បងប្រុសបូវិនមានក្តីឈឺចាប់ជាខ្លាំងពន់ពេក ពេលប៊ីស្សពដូចជាពុំជឿជាក់លើការប្រកាសរបស់គ្រួសារម័រ៉ែលដែលថា បងប្រុសបូវិនគឺជាអ្នកថ្វាយដង្វាយមួយភាគក្នុងដប់ពេញលេញ ពេលសម្ភាសទទួលប័ណ្ណចូលព្រះវិហារបរិសុទ្ធ ។
ខ្ញុំពុំដឹងថា តើម្នាក់ណាត្រូវជាងម្នាក់ណាទេនៅថ្ងៃនោះ ប៉ុន្តែខ្ញុំដឹងថា បងស្រីបូវិនបានដើរចេញពីការសម្ភាសនោះ ជាមួយប័ណ្ណចូលព្រះវិហារបរិសុទ្ធគាត់ដែលបានបន្តរួច ខណៈដែលបងប្រុសបូវិនដើរចេញមកទាំងខឹងសម្បារ ដែលធ្វើឲ្យគាត់ដើរចេញពីសាសនាចក្រអស់រយៈ ១៥ ឆ្នាំ ។
ដោយមិនគិតថា អ្នកណាជាអ្នកត្រូវអំពីរឿងដង្វាយមួយភាគក្នុងដប់ ប្រាកដណាស់ទាំងគ្រួសារម័រ៉ែល និងប៊ីស្សពបានភ្លេចយ៉ាងច្បាស់ក្រឡែតនូវសេចក្តីបង្គាប់របស់ព្រះអង្គសង្គ្រោះឲ្យ « ស្រុះស្រួល នឹងអ្នកដើមចោទវិញជាប្រញាប់ » ហើយប៉ុលបានទូន្មានថា « កុំឲ្យសេចក្តីកំហឹងរបស់អ្នកនៅដរាបដល់ថ្ងៃលិចឡើយ » ។ ការពិតនោះគឺថា ពួកគេ ពុំបាន ស្រុះស្រួលគ្នា ហើយកំហឹងរបស់បងប្រុសបូវិន បានមាន ដល់ថ្ងៃលិច អស់ជាច្រើនថ្ងៃ ច្រើនសប្តាហ៍ រហូតដល់ច្រើនឆ្នាំ ដែលបង្ហាញចំណុចមួយដែលនិយាយដោយអ្នកប្រាជ្ញាបុរាណសាសន៍រ៉ូមម្នាក់ថា « បើមិនចេះទប់កំហឹងទេ ជារឿយៗ វាកាន់តែ [ ធ្វើឲ្យខូចប្រយោជន៍ ] ជាងការខូតខាតដែលបង្កឲ្យមានកំហឹងនោះទៅទៀត » ។ ប៉ុន្តែអព្ភូតហេតុនៃការផ្សះផ្សាគ្នាគឺមានសម្រាប់យើងជានិច្ច ហើយដោយសារសេចក្តីស្រឡាញ់សម្រាប់គ្រួសារគាត់ និងសាសនាចក្រ ដែលគាត់បានដឹងថាជាការពិត នោះម័រ៉ែល បូវិន បានត្រឡប់មកសកម្មភាពទាំងស្រុងវិញក្នុងសាសនាចក្រ ។ ខ្ញុំសូមប្រាប់បងប្អូនអំពីរបៀបដែលវាកើតឡើង ។
ប្រាតកូនប្រុសរបស់បងប្រុសបូវិនគឺជាកល្យាណមិត្តនឹងពួកយើង ហើយជាពួកចិតសិបនាក់ប្រចាំតំបន់ដ៏ស្មោះត្រង់បម្រើនៅរដ្ឋអៃដាហូភាគខាងត្បូង ។ កាលរឿងនោះកើតឡើង ប្រាតមានអាយុ ១១ ឆ្នាំ ហើយអស់រយៈពេល ១៥ ឆ្នាំ ប្រាតបានឃើញភក្តីភាពរបស់ឪពុកគាត់ទៅលើសាសនាបានធ្លាក់ចុះ គាត់ជាសាក្សីម្នាក់ដែលឃើញពីឥទ្ធិពលអវិជ្ជមានដែលកើតមកពីកំហឹង និងការយល់ខុសនោះ ។ មានអ្វីមួយចាំបាច់ត្រូវធ្វើឡើង ។ នៅក្នុងឆ្នាំ ១៩៧៧ ពេលបុណ្យ Thanksgiving បានឈានចូលមកដល់ ប្រាតជាសិស្សអាយុ ២៦ នៅសាលកវិទ្យាល័យ ព្រិកហាំ យ៉ង់ ភរិយាគាត់ វ៉ាលើរី និងកូនតូចទើបតែកើតឈ្មោះម៉ាឃ បានរៀបចំឥវ៉ាន់ដាក់ឡានពួកគេ ក្នុងអាកាសធាតុមិនល្អនោះ ហើយបើកទៅទីក្រុងប៊ីលលីង រដ្ឋម៉ុនតាណា ។ ការបើកឡានកិនលើពំនូកព្រិលនៅក្បែរទីក្រុង វ៉េស យេឡូស្តូន ពុំអាចរារាំងពួកគេទាំងបីនាក់ ពីការផ្តល់ការងារបម្រើក្នុងការទាក់ទងជាមួយបងប្រុស បូវិន ស៊ីញ័រ ទេ ។
ពេលទៅដល់ទីនោះ ប្រាត និងប្អូនស្រីរបស់គាត់ឈ្មោះផាម បានសូមជួបជាមួយឪពុករបស់ពួកគេតែបីនាក់ ។ ប្រាតបានចាប់ផ្តើមនិយាយដោយរំជួលចិត្តថា « ប៉ាគឺជាមនុស្សអស្ចារ្យណាស់ ហើយពួកកូនបានដឹងជានិច្ចថា ប៉ាស្រឡាញ់ពួកកូនណាស់ ។ ប៉ុន្តែមានរឿងបានកើតឡើង ហើយវាបានកន្លងផុតទៅយូរហើយ ។ ដោយសារប៉ាបានឈឺចាប់ម្តងហើយ នោះគ្រួសារទាំងមូលបានឈឺចាប់អស់រយៈពេលជាច្រើនឆ្នាំ ។ ពួកយើងបានខូចចិត្ត ហើយមានតែប៉ាប៉ុណ្ណោះដែលអាចជួយយើងបាន ។ បន្ទាប់ពីរយៈពេលនេះ សូម សូមប៉ាមានចិត្តបំភ្លេចរឿងដ៏អកុសលជាមួយប៊ីស្សពនោះ ហើយនាំគ្រួសារនេះទៅក្នុងដំណឹងល្អវិញ ដូចប៉ាធ្លាប់បានធ្វើពីមុនបានដែរឬទេ ? »
មានភាពស្ងប់ស្ងាត់ទាំងស្រុង ។ បន្ទាប់មក បងប្រុសបូវិនបានមើលមុខពួកគេទាំងពីរនាក់ជាកូនរបស់គាត់ ដែលជាឆ្អឹងពីឆ្អឹងគាត់ ជាសាច់ពីសាច់គាត់ ហើយបាននិយាយតិចៗថា « បាទ ។ បាទ ប៉ានឹងធ្វើវា » ។
ដោយក្តីរំភើប ប៉ុន្តែភ្ញាក់ផ្អើលនឹងចម្លើយដែលពុំបានរំពឹងទុកនេះ ប្រាតបូវិន និងគ្រួសារគាត់បានឃើញស្វាមី និងឪពុករបស់ពួកគេបានទៅជួបប៊ីស្សពបច្ចុប្បន្នរបស់គាត់ ក្នុងស្មារតីមួយនៃការផ្សះផ្សាគ្នា ដើម្បីរៀបចំរឿងត្រឹមត្រូវសម្រាប់ជីវិតគាត់ ។ ក្នុងការឆ្លើយតបដ៏ប្រពៃចំពោះការមកជួបដ៏ក្លាហាន ប៉ុន្តែពុំបានរំពឹងទុកនេះ ប៊ីស្សពដែលធ្លាប់ផ្តល់ការអញ្ជើញច្រំដែលៗដល់បងប្រុសបូវិនឲ្យត្រឡប់មកវិញនោះ បានឱបបងប្រុសម័រ៉ែលគឺឱបគាត់—គឺឱបគាត់យ៉ាងយូរ ។
ក្នុងរយៈពេលតែពីរបីសប្តាហ៍ប៉ុណ្ណោះ—វាមិនចំណាយពេលច្រើនឡើយ—បងប្រុសបូវិនបានចូលរួមទាំងស្រុងក្នុងសកម្មភាពសាសនាចក្រវិញ ហើយបានធ្វើឲ្យខ្លួនគាត់មានភាពស័ក្តិសមត្រឡប់ទៅព្រះវិហារបរិសុទ្ធវិញ ។ មិនយូរប៉ុន្មានក្រោយមក គាត់បានទទួលការហៅឲ្យធ្វើជាអធិបតីលើសាខាតូចមួយដ៏លំបាកដែលមានសមាជិក ២៥ នាក់ ហើយបានធ្វើឲ្យសាខានោះរីកចម្រើនរហូតមានសមាជិកជាង ១០០ នាក់ ។ រឿងទាំងនេះបានកើតឡើងអស់រយៈពេលជិតពាក់កណ្តាលសតវត្សរ៍កន្លងទៅ ប៉ុន្តែលទ្ធផលនៃការងារបម្រើដោយការអង្វរកររបស់កូនប្រុសស្រីដល់ឪពុករបស់ពួកគេ ហើយដោយឪពុកនោះមានឆន្ទៈអភ័យទោស ហើយបន្តឆ្ពោះទៅមុខ ទោះបីភាពមិនគ្រប់លក្ខណ៍របស់មនុស្សដទៃបាននាំពរជ័យ ដែលនៅតែកើតមាន—ហើយនឹងកើតមានជារៀងរហូតដល់គ្រួសារបូវិន ។
បងប្អូនប្រុសស្រីអើយ ព្រះយេស៊ូវបានសុំឲ្យយើង « រស់នៅជាមួយគ្នាដោយនូវសេចក្ដីស្រឡាញ់ » ដោយ « ពុំត្រូវមានការប្រកែកគ្នា នៅក្នុងចំណោមអ្នករាល់គ្នាឡើយ » ។ ទ្រង់បានព្រមានពួកសាសន៍នីហ្វៃថា « អស់អ្នកណាដែលមានវិញ្ញាណនៃការទាស់ទែងគ្នា គឺពុំមែនជារបស់ផងយើងទេ » ។ ប្រាកដណាស់ នៅក្នុងកម្រិតមួយដ៏ធំសម្បើម នោះទំនាក់ទំនងរបស់យើងចំពោះព្រះគ្រីស្ទនឹងត្រូវបានកំណត់—ឬយ៉ាងហោចណាស់រងឥទ្ធិពល—ដោយសារទំនាក់ទំនងរវាងគ្នានឹងគ្នារបស់យើង ។
ទ្រង់បានមានបន្ទូលថា « បើអ្នករាល់គ្នា…មានបំណងចង់មករកយើង តែចាំថា បងប្អូនរបស់អ្នកមានរឿងអ្វីទាស់នឹងអ្នក—
ចូរអ្នកទៅរកបងប្អូនអ្នក ហើយផ្សះផ្សាជាមួយនឹង [ គាត់ ] ជាមុនសិន រួចហើយ ទើបមករកយើងដោយអស់ពីដួងចិត្ត ទើបយើងនឹងទទួលអ្នក » ។
យើងម្នាក់ៗអាចនិយាយពីក្តីឈឺចាប់ និងទុក្ខព្រួយ ព្រមទាំងអនុស្សាវរីយ៍ដ៏ពឺតផ្សាររាប់មិនអស់ពីអតីតកាល ដែលគ្រានោះនៅតែរុកគួនភាពសុខសាន្តក្នុងចិត្តរបស់បុគ្គល ឬគ្រួសារ ឬអ្នកជិតខាងណាម្នាក់ ។ មិនថាអ្នកបានបង្កឲ្យមានក្តីឈឺចាប់ ឬត្រូវរងក្តីឈឺចាប់នោះទេ ដំបៅទាំងនោះត្រូវតែព្យាបាល ដើម្បីឲ្យជីវិតអាចទទួលរង្វាន់ដូចអ្វីដែលព្រះមានព្រះទ័យឲ្យទទួល ។ ដូចជាអាហារក្នុងទូរទឹកកករបស់អ្នក ដែលចៅៗរបស់អ្នកពិនិត្យជំនួសអ្នកដោយយកចិត្តទុកដាក់ដែរ នោះអាហារខូចទាំងនោះបានផុតកំណត់យូរណាស់មកហើយ ។ សូមកុំទុកវានៅក្នុងព្រលឹងដ៏មានតម្លៃរបស់អ្នកទៀតឡើយ ។ ដូចប្រូស្ពើរ៉ូបាននិយាយទៅកាន់អាឡុនសូដ៏មានវិប្បដិសារីនៅក្នុងល្ខោន The Tempest ថា « ចូរយើងកុំកើតទុក្ខចំពោះរឿងអតីតកាលឡើយ » ។
ព្រះគ្រីស្ទបានបង្រៀននៅជំនាន់ព្រះគម្ពីរសញ្ញាថ្មីថា « ចូរលើកលែងឲ្យគេ នោះគេនឹងលើកលែងឲ្យអ្នកវិញ » ។ ហើយនៅជំនាន់របស់យើង ទ្រង់បង្រៀនថា ៖ « យើងជាព្រះអម្ចាស់នឹងអត់ទោសដល់អ្នកណា ដែលយើងនឹងអត់ទោស ប៉ុន្តែរីឯអ្នកវិញគឺតម្រូវឲ្យអត់ទោសដល់មនុស្សទាំងអស់ » ។ ប៉ុន្តែ វាសំខាន់សម្រាប់អ្នកដែលរស់នៅក្នុងការថ្នាំងថ្នាក់ចិត្តឲ្យពិចារណាអំពីអ្វីដែលទ្រង់ ពុំបាន មានបន្ទូល ។ ទ្រង់ ពុំបាន មានបន្ទូលថា « អ្នកពុំត្រូវបានអនុញ្ញាតឲ្យមានអារម្មណ៍ឈឺចាប់ពិតប្រាកដ ឬកើតទុក្ខពិតប្រាកដ ដោយសារតែជួបនឹងការបំផ្លិចបំផ្លាញដោយស្នាដៃមនុស្សដទៃនោះទេ » ។ ហើយទ្រង់ក៏ពុំបាន មានបន្ទូលថា « ដើម្បីមានការអភ័យទោសទាំងស្រុង អ្នកត្រូវត្រឡប់ទៅរកទំនាក់ទំនងដ៏ឈឺចាប់ ឬត្រឡប់ទៅរកកាលៈទេសៈរំលោភបំពាន បំផ្លិចបំផ្លាញ » នោះវិញឡើយ ។ ប៉ុន្តែទោះបីជាមានការខកចិត្តខ្លាំងប៉ុណ្ណាអាចកើតឡើងចំពោះយើងក្តី ក៏យើងអាចដោះស្រាយក្តីឈឺចាប់របស់យើងបាន នៅពេលយើងឈានជើងដើរលើផ្លូវឆ្ពោះទៅរកការព្យាបាលពិតប្រាកដតែប៉ុណ្ណោះ ។ ផ្លូវនេះគឺការអភ័យទោសដែលព្រះយេស៊ូវជាអ្នកស្រុកណាសារ៉ែត បានអំពាវនាវដល់ពួកយើងម្នាក់ៗថា « ចូរមកតាមខ្ញុំ » ។
ជាមួយនឹងការអញ្ជើញដើម្បីក្លាយជាសិស្សរបស់ទ្រង់ ហើយសាកល្បងធ្វើដូចទ្រង់បានធ្វើ នោះព្រះយេស៊ូវកំពុងសុំឲ្យយើងធ្វើជាឧបករណ៍នៃព្រះគុណរបស់ទ្រង់—ធ្វើជា « ទូតតំណាងព្រះគ្រីស្ទ » នៅក្នុង « ការងារបម្រើនៃការផ្សះផ្សា » ដូចប៉ុលបានពិពណ៌នាអំពីវាដល់ពួកសាសន៍កូរិនថូស ។ អង្គព្យាបាលនៃរបួសគ្រប់យ៉ាង ទ្រង់ជាអង្គកែទោសកំហុសទាំងអស់ សុំឲ្យយើងធ្វើការជាមួយទ្រង់នៅក្នុងកិច្ចការលំបាកនៃការផ្សះផ្សាក្នុងពិភពលោក ដែលពុំរកឃើញភាពសុខសាន្តតាមរបៀបណាផ្សេងទៀតឡើយ ។
ដូច្នេះដូច ហ្វីលីព ប៊្រូក បាននិពន្ធថា ៖ « អ្នកដែលទុកឲ្យការយល់ខុសដ៏សោកសៅបន្តមានពីមួយឆ្នាំទៅមួយឆ្នាំ ដោយប៉ងទុកជម្រះវាចោលនូវថ្ងៃណាមួយ អ្នកដែលកំពុងបន្តមានជម្លោះដ៏អាក្រក់ ដោយសារអ្នកហាក់ដូចជាពុំសម្រេចចិត្តថា ឥឡូវនេះគឺជាថ្ងៃដើម្បីលះបង់អំនួតរបស់អ្នកហើយ [ ដោះស្រាយ ] វា អ្នកដែលមានមុខក្រញូវដើរកាត់មនុស្សដទៃនៅតាមផ្លូវ ដោយមិននិយាយរកពួកគេ ក្នុងបំណងឆ្កួតលាលីដើម្បីបញ្ឈឺគេ… អ្នកដែលកំពុងទុកឲ្យ…[ នរណាម្នាក់ ] ដែលឈឺចិត្ត ពុំបានទទួលពាក្យអរគុណ ឬក្តីអាណិតអាសូរដែលអ្នកគួរធ្វើ…ថាចាំធ្វើនៅថ្ងៃណាមួយ…នោះចូរទៅភ្លាម ហើយធ្វើកិច្ចការដែលអ្នកពុំអាចមានឱកាសធ្វើវាម្តងទៀត » ។
បងប្អូនប្រុសស្រីជាទីស្រឡាញ់របស់ខ្ញុំអើយ ខ្ញុំសូមថ្លែងទីបន្ទាល់ថា ការអភ័យទោស និងការបោះបង់ចោលនូវការអាក់អន់ចិត្ត ទាំងចាស់ ឬថ្មីក្តី គឺជាផ្នែកសំខាន់ដ៏រុងរឿងនៃដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ ។ ខ្ញុំសូមថ្លែងទីបន្ទាល់ថា ការជួលជុលខាងវិញ្ញាណដ៏អស្ចារ្យនោះ អាចកើតមានបានតាមរយៈព្រះប្រោសលោះរបស់យើងតែប៉ុណ្ណោះ ទ្រង់ជាអង្គដែលរហ័សនឹងផ្តល់ជំនួយដល់យើងដោយ « ប្រោសឲ្យជានៅក្នុងចំអេងស្លាបទ្រង់ » ។ យើងថ្លែងអំណរគុណទ្រង់ និងព្រះវរបិតាសួគ៌យើង ដែលបានបញ្ជូនទ្រង់មក ដែលធ្វើឲ្យយើងបានដូចដើម និងកើតម្តងទៀត រួចផុតពីទុក្ខមុនៗ និងកំហុសពីអតីតកាល ដែលពុំគ្រាន់តែអាចធ្វើបានប៉ុណ្ណោះទេ ថែមទាំងបានទទួល បានបង់ថ្លៃយ៉ាងឈឺចាប់ ដោយព្រះលោហិតនៃកូនចៀមដែលបានច្រួចគឺជានិមិត្តរូប ។
ជាមួយនឹងសិទ្ធិអំណាចនៃភាពជាសាវកដែលបានប្រទានមកខ្ញុំ តាមរយៈព្រះអង្គសង្គ្រោះនៃពិភពលោក នោះខ្ញុំសូមថ្លែងទីបន្ទាល់អំពីភាពសុខសាន្តចំពោះព្រលឹងដែលផ្សះផ្សាជាមួយព្រះ ព្រមទាំងរវាងគ្នានឹងគ្នានឹងកើតមានឡើង ប្រសិនបើយើងបន្ទាបខ្លួន និងក្លាហានល្មមដើម្បីអនុវត្តតាម ។ ព្រះអង្គសង្គ្រោះបានទូលអង្វរថា « ចូរឈប់ទាស់ទែងនឹងគ្នា » ។ ប្រសិនបើអ្នកមានការឈឺចាប់មួយពីមុន សូមកែតម្រូវវា ។ សូមមើលថែគ្នាដោយសេចក្តីស្រឡាញ់ ។
មិត្តជាទីស្រឡាញ់របស់ខ្ញុំអើយ នៅក្នុងការងារបម្រើនៃការផ្សះផ្សា នោះខ្ញុំសូមឲ្យបងប្អូនធ្វើជាអ្នកផ្សះផ្សាគេ—ឲ្យស្រឡាញ់ភាពសុខសាន្ត ឲ្យស្វែងរកភាពសុខសាន្ត ឲ្យបង្កើតភាពសុខសាន្ត ឲ្យរីករាយនឹងភាពសុខសាន្ត ។ ខ្ញុំធ្វើការស្នើសុំនេះនៅក្នុងព្រះនាមម្ចាស់នៃមេត្រីភាព ដែលជ្រាបដឹងអំពីការ « ត្រូវរបួសនៅក្នុងផ្ទះរបស់មិត្តសំឡាញ់ [ ទ្រង់ ] » ប៉ុន្តែជាអង្គដែលនៅតែអាច ហើយមានព្រះទ័យអភ័យទោស និងបំភ្លេចចោល—ហើយព្យាបាល—ហើយបានរីករាយ ។ ដោយការណ៍នោះ ខ្ញុំសូមអធិស្ឋានសម្រាប់បងប្អូន និងសម្រាប់ខ្ញុំ នៅក្នុងព្រះនាមរបស់ព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។