ឆ្នាំ ២០១០-២០១៩
ការ​និមិត្ត​អំពី​សេចក្ដី​ប្រោស​លោះ​ដល់​មនុស្ស​ស្លាប់
ខែ តុលា ឆ្នាំ ២០១៨


2:3

ការ​និមិត្ត​អំពី​សេចក្ដី​ប្រោស​លោះ​ដល់​មនុស្ស​ស្លាប់

ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា ការនិមិត្ត​ដែល​ប្រធាន យ៉ូសែប អេហ្វ ស្ម៊ីធ បាន​ទទួល​គឺ​ជា​ការពិត ។ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា បុគ្គល​គ្រប់​រូប​អាច​ដឹង​ច្បាស់​អំពី​ការនិមិត្ត​នេះ​ថា​វា​ពិត ។

បងប្អូន​ប្រុស​ស្រី សុន្ទរកថា​របស់​ខ្ញុំ​ត្រូវបាន​រៀបចំ​ពី​មុន​ភរិយា​ជា​ទីស្រឡាញ់​របស់​ខ្ញុំ​បាបារ៉ា​ទទួល​មរណភាព ។ គ្រួសារ​ខ្ញុំ និង​ខ្ញុំ​សូម​អរគុណ​ដល់​សេចក្តីស្រឡាញ់ និង​ជំនួយ​ដ៏​សប្បុរស​របស់​បងប្អូន ។ ខ្ញុំ​អធិស្ឋាន​សូម​ឲ្យ​ព្រះអម្ចាស់​នឹង​ប្រទានពរ​ដល់​ខ្ញុំ ពេល​ខ្ញុំ​ថ្លែង​ទៅ​កាន់​បងប្អូន​នា​ព្រឹក​នេះ ។

១០០ ឆ្នាំ​មុន នៅក្នុង​ខែ​តុលា ឆ្នាំ ១៩១៨ ប្រធាន យ៉ូសែប អេហ្វ ស្ម៊ីធ បាន​ទទួល​ការនិមិត្ត​ដ៏​រុងរឿង​មួយ ។ បន្ទាប់​ពី​ការបម្រើ​ដល់​ព្រះអម្ចាស់​ប្រកប​ដោយ​ការលះបង់​អស់​រយៈពេល​ជិត ៦៥ ឆ្នាំ នៅក្នុង​សាសនា​ចក្រ​នៃ​ព្រះ​យេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ហើយ​នៅ​អំឡុងពេល​ពីរបី​សប្តាហ៍​ពីមុន​មរណភាព​របស់​លោក​នៅ​ថ្ងៃ​ទី ១៩ ខែ វិច្ឆិកា ឆ្នាំ ១៩១៨ នោះ​លោក​បាន​អង្គុយ​នៅក្នុង​បន្ទប់​លោក ពិចារណា​អំពី​ពលិកម្ម​ដ៏​ធួន​របស់​ព្រះគ្រីស្ទ ហើយ​អាន​ការពិពណ៌នា​របស់​សាវក​ពេត្រុស​ស្តីពី​ការងារ​បម្រើ​របស់​ព្រះអង្គសង្គ្រោះ​នៅក្នុង​ភព​វិញ្ញាណ បន្ទាប់​ពី​ការឆ្កាង​របស់​ទ្រង់ ។

លោក​បាន​កត់ត្រា​ថា ៖ « កាល​ខ្ញុំ​អាន នោះ​ខ្ញុំ​មាន​ចិត្ត​ស្ញើប​ជា​ខ្លាំង ។… នៅ​ពេល​ខ្ញុំ​កំពុង​តែ​ពិចារណា​ពី​ការណ៍​ទាំង​នេះ…​ស្រាប់​តែ​ភ្នែក​នៃ​យោបល់​ខ្ញុំ​ត្រូវ​បាន​បើក ហើយ​ព្រះ​វិញ្ញាណ​នៃ​ព្រះ​អម្ចាស់​បាន​សណ្ឋិត​លើ​ខ្ញុំ ហើយ​ខ្ញុំ​បាន​ឃើញ​ពួក​ពល​បរិវារ​នៃ​មនុស្ស​ស្លាប់ » ។ អត្ថបទ​ពេញ​នៃ​ការនិមិត្ត​នេះ​ត្រូវបាន​កត់ត្រា​ទុក​នៅ​ក្នុង គោលលទ្ធិ និង​សេចក្ដីសញ្ញា​កណ្ឌ​ទី ១៣៨ ។

ខ្ញុំ​សូម​ផ្តល់​ប្រវត្តិ​ខ្លះៗ ដើម្បី​ឲ្យ​យើង​អាច​មាន​អំណរគុណ​យ៉ាង​ពេញលេញ​លើ​ការរៀបចំ​អស់​មួយ​ជីវិត​របស់ យ៉ូសែប អេហ្វ ស្ម៊ីធ ដើម្បី​ទទួល​វិវរណៈ​ដ៏​អស្ចារ្យ​នេះ ។

យ៉ូសែប និង ហៃរុម ស្ម៊ីធ ជិះ​លើ​ខ្នង​សេះ

កាល​លោក​ជា​ប្រធាន​សាសនាចក្រ លោក​បាន​ទៅ​ទីក្រុង​ណៅវ៉ូ​ក្នុង​ឆ្នាំ ១៩០៦ ហើយ​បាន​សញ្ជឹង​គិត​អំពី​អនុស្សាវរីយ៍​ដែល​លោក​មាន កាល​លោក​អាយុ​ទើបតែ​បាន​ប្រាំ​ឆ្នាំ ។ លោក​បាន​ថ្លែង​ថា « នេះ​គឺ​ជា​កន្លែង​ដែល​ខ្ញុំ​បាន​ឈរ ពេល [ យ៉ូសែប​ដែល​ជា​ឪពុក​មា​ខ្ញុំ និង​ឪពុក​ខ្ញុំ ហៃរុម ] បាន​ជិះ​សេះ​មក​តាម​ផ្លូវ​នេះ​ទៅ​កាន់​ទីក្រុង​កាតធេច ។ ដោយ​ពុំ​បាន​ចុះ​ពី​លើ​ខ្នង​សេះ​ឡើយ ឪពុក​ខ្ញុំ​បាន​ផ្អៀង​ខ្លួន​គាត់​នៅលើ​អាន​សេះ ហើយ​ចាប់​ខ្ញុំ​ឡើង​ផុត​ពី​ដី ។ គាត់​បាន​ថើប ហើយ​លា​ខ្ញុំ រួច​ដាក់​ខ្ញុំ​ចុះ​ទៅលើ​ដី​វិញ ហើយ​ខ្ញុំ​បាន​ឃើញ​គាត់​ជិះ​សេះ​ចេញ​បាត់​ទៅ » ។

ពេល​លើក​ក្រោយ​ទៀត​ដែល យ៉ូសែប អេហ្វ ស្ម៊ីធ បាន​ឃើញ​ពួកគាត់​ម្តង​ទៀត នោះ​ម្តាយ​របស់​លោក​គឺ ម៉ារី ហ្វីលឌិង ស្ម៊ីធ បាន​លើក​លោក​ឡើង ដើម្បី​មើលសព​ពួកលោក​ដេក​ស្តូកស្នឹង​នៅក្បែរ​គ្នា បន្ទាប់​ពី​ត្រូវបាន​គេ​ធ្វើ​ឃាត​យ៉ាង​ឃោរឃៅ​នៅក្នុង​គុក​កាតធេច នៅ​ថ្ងៃ​ទី ២៧ ខែ មិថុនា ឆ្នាំ ១៨៤៤ ។

ពីរ​ឆ្នាំ​ក្រោយ​មក យ៉ូសែប ហ្វីលឌិង ស៊្មីធ ជាមួយ​នឹង​គ្រួសារ​លោក ព្រមទាំង​ម្តាយ​ដ៏​ស្មោះត្រង់​លោក​គឺ ម៉ារី ហ្វីលឌិង ស៊្មីធ បាន​ចាកចេញ​ពី​ផ្ទះ​របស់​លោក​នៅក្នុង​ទីក្រុង​ណៅវូ​ទៅ វិនធើរ ខ្វរធើរ ។ ទោះបីជា​លោក​មិនទាន់​មាន​អាយុ​ប្រាំ​បី​ឆ្នាំ​នៅ​ឡើយ យ៉ូសែប អេហ្វ ស្ម៊ីធ ត្រូវបាន​តម្រូវ​ឲ្យ​ជិះ​គោ​មួយ​នៅក្នុង​ក្រុម​មួយ​ពី​ទីក្រុង​ម៉ុនត្រូស៊ី រដ្ឋ​អៃអូវ៉ា ទៅ វិនធើរ ខ្វរធើរ ហើយ​បន្ទាប់​មកទៅ​ជ្រលង​ភ្នំ សលត៍ លេក បានទៅដល់ទីនោះ ពេល​លោក​មាន​អាយុ​ជិត ១០ ឆ្នាំ ។ ខ្ញុំ​សង្ឃឹម​ថា ក្មេង​ប្រុសៗ និង​យុវជន​កំពុង​ស្តាប់ ហើយ​នឹង​ដឹង​ពី​ការទទួល​ខុសត្រូវ និង​ការរំពឹងទុក​ដែល​បាន​ដាក់​លើ យ៉ូសែប អេហ្វ ស្ម៊ីធ អំឡុង​ពេល​លោក​នៅ​ក្មេង ។

បួន​ឆ្នាំ​ក្រោយ​មក​គឺ​នៅក្នុង​ឆ្នាំ ១៨៥២ ពេល​លោក​មាន​អាយុ ១៣ ឆ្នាំ ម្តាយ​ជាទីស្រឡាញ់​របស់​លោក​បាន​ទទួល​មរណភាព—ទុក​ឲ្យ​យ៉ូសែប និង​បងប្អូន​គាត់​នៅ​កំព្រា ។

យ៉ូសែប អេហ្វ ស្ម៊ីធ ត្រូវ​ហៅ​ឲ្យ​បម្រើ​បេសកកម្ម​នៅលើ​កោះ​ហាវ៉ៃ​ក្នុង​ឆ្នាំ ១៨៥៤ កាល​លោក​អាយុ ១៥ ឆ្នាំ ។ បេសកកម្ម​នេះ​មាន​រយៈពេល​ជាង​បី​ឆ្នាំ​គឺជា​ការចាប់ផ្តើម​នៃ​ជីវិត​នៃ​ការ​បម្រើ​ក្នុង​សាសនាចក្រ ។

ពេល​ត្រឡប់​ទៅ​រដ្ឋ​យូថាហ៍​វិញ យ៉ូសែប អេហ្វ ស្ម៊ីធ បាន​រៀបការ​ក្នុង​ឆ្នាំ ១៨៥៩ ។ ពីរបី​ឆ្នាំ​ក្រោយ​មក លោក​មមាញឹក​នឹង​ការងារ កាតព្វកិច្ច​គ្រួសារ និង​បេសកកម្ម​ពីរ​បន្ថែម​ទៀត ។ នៅ​ថ្ងៃ​ទី ១ ខែ កក្កដា ឆ្នាំ ១៨៦៦ កាល​លោក​អាយុ ២៧ ឆ្នាំ ជីវិត​របស់ យ៉ូសែប អេហ្វ ស្ម៊ីធ បាន​ផ្លាស់ប្តូរ​ជា​រៀងរហូត ពេល​លោក​ត្រូវបាន​តែងតាំង​ធ្វើ​ជា​សាវក​មួយ​រូប​ដោយ ព្រិកហាំ យ៉ង់ ។ នៅ​ខែ​តុលា​នា​ឆ្នាំ​បន្ទាប់​មក លោក​បាន​បំពេញ​មុខងារ​នៅក្នុង​ក្រុមប្រឹក្សា​ក្នុង​ពួក​ដប់ពីរ​នាក់ ។ លោក​បាន​បម្រើ​ជា​ទីប្រឹក្សា​របស់ ព្រិកហាំ យ៉ង់, យ៉ូហាន ថេលើរ, វិលហ្វូឌ វូឌដ្រុព្វ និង ឡូរែនសូ ស្នូ ពីមុន​លោក​ក្លាយ​ជា​ប្រធាន​សាសនាចក្រ​ក្នុង​ឆ្នាំ ១៩០១ ។

យ៉ូសែប អេហ្វ ស្ម៊ីធ និង​ភរិយា​លោក​ជូលីណា បាន​ស្វាគមន៍​កូន​ដំបូង​របស់​ពួកលោក​មក​ក្នុង​គ្រួសារ​គឺ មើស៊ី យ៉ូសែបហ្វីន ។ នាង​រស់​បាន​តែ​ពីរ​ឆ្នាំ​កន្លះ​ប៉ុណ្ណោះ ហើយ​នាង​ក៏​បាន​ចែក​ឋាន​ទៅ ។ មិនយូរ​ប៉ុន្មាន​ក្រោយ​មក យ៉ូសែប អេហ្វ ស្ម៊ីធ បាន​កត់ត្រា​ថា « ម្សិលមិញ​វា​គម្រប់​បាន​មួយ​ខែ​ហើយ​ចាប់តាំង​ពី…កូនស្រី​ជា​ទី​ស្រឡាញ់​របស់​ខ្ញុំ​យ៉ូសែប​ហ្វីន​បាន​ស្លាប់​ទៅ ។ ឱ ខ្ញុំ​ចង់​សង្គ្រោះ​នាង​ឲ្យ​បាន​រស់​ធំ​ឡើង​ពេញ​រូបរាង ។ ខ្ញុំ​នឹក​នាង​រៀងរាល់​ថ្ងៃ ហើយ​ខ្ញុំ​ឯ​កោ​ណាស់ ។… ព្រះ​អភ័យទោស​ដល់​កម្សោយ​របស់​ខ្ញុំ ប្រសិនបើ​វា​ខុសក្នុង​ការស្រឡាញ់​កូនក្មេង ដោយសារ​ខ្ញុំ​ស្រឡាញ់​ពួកគេ » ។​

អំឡុងពេល​ក្នុង​ជីវិត​លោក ប្រធាន​ស៊្មីធ​បាន​បាត់បង់​ឪពុក ម្តាយ ប្អូន​ប្រុស​ម្នាក់ ប្អូន​ស្រី​ពីរ​នាក់ ប្រពន្ធ​ពីរ និង​កូន​ដប់​បី​នាក់ ។ គាត់​ស្គាល់​យ៉ាង​ជាក់ច្បាស់​ពី​ក្តី​ទុក្ខ និង​ការបាត់បង់​មនុស្ស​ជា​ស្រឡាញ់ ។

ពេល​កូនប្រុស​របស់​លោក​ឈ្មោះ អ័លប៊ើត ជេស៊ី បាន​ស្លាប់ យ៉ូសែប អេហ្វ ស្ម៊ីធ បាន​សរសេរ​សំបុត្រ​ទៅ​ប្អូន​ស្រី​លោក​គឺ ម៉ាថា អាន ថា លោក​បាន​ទូល​អង្វរ​ព្រះអម្ចាស់​ឲ្យ​សង្គ្រោះ​លោក ហើយ​បាន​សួរ​ថា « ហេតុអ្វី​រឿង​នេះ​កើត​ឡើង ? ឱ​ព្រះ​អើយ ហេតុអ្វី​រឿង​នេះ​កើត​ឡើង​ដូច្នេះ ? » 

ទោះបីលោក​បាន​អធិស្ឋាន​នៅ​គ្រា​នោះ​ក្តី យ៉ូសែប អេហ្វ ស្ម៊ីធ ពុំ​បាន​ទទួល​ចម្លើយ​ស្តីពី​បញ្ហា​នេះ​ឡើយ ។ លោក​បាន​ប្រាប់ ម៉ាថា អាន ថា « ស្ថានសួគ៌ [ ហាក់ដូចជា ] ពុំ​ឆ្លើយ​តប​មក​យើង » ស្តីពី​ប្រធាន​បទ​នៃ​ការស្លាប់ និង​ភពវិញ្ញាណ​ឡើយ ។ ទោះជា​ដូច្នេះ​ក្តី ជំនឿ​របស់​លោក​លើ​ការសន្យា​អស់កល្ប​ជានិច្ច​របស់​ព្រះអម្ចាស់​គឺ​រឹងប៉ឹង និង​ខ្ជាប់ខ្ជួន ។

នៅពេល​ដល់​ពេលវេលា​របស់​ព្រះអម្ចាស់ នោះ​ចម្លើយ​បន្ថែម ការលួងលោម និង​ការយល់​ដឹង​អំពី​ភព​វិញ្ញាណ​ដែល​ប្រធាន​ស្ម៊ីធ​បាន​ស្វែងរក បាន​កើត​មាន​ដល់​លោក តាមរយៈ​ការនិមិត្ត​ដ៏​អស្ចារ្យ​ដែល​លោក​បាន​ទទួល​នៅក្នុង​ខែ​តុលា ឆ្នាំ ១៩១៨ ។

នៅ​ឆ្នាំ​នោះ​គឺជា​គ្រា​ដ៏​ឈឺចាប់​ខ្លាំង​បំផុត​សម្រាប់​លោក ។ លោក​បាន​កើត​ទុក្ខ​ដោយសារ​មនុស្ស​ជាច្រើន​បាន​ស្លាប់​នៅក្នុង​សង្គ្រាម​លោក​លើក​ទី​ពីរ ដែល​ចំនួន​មនុស្ស​ស្លាប់​នោះ​បន្ត​ឡើង​ដល់ ២០ លាន​នាក់ ។ បន្ថែម​ពីលើ​នោះ​ទៀត ការផ្ទុះ​ឡើង​នូវ​ជំងឺ​ផ្តាសាយ​បាន​ឆ្លង​រាលដាល​នៅជុំ​វិញ​ពិភពលោក ដោយ​បាន​ឆក់​យក​ជីវិត​មនុស្ស​អស់​១០០ លាន​នាក់ ។

អែលឌើរ ហៃរ៉ុម ម៉ាក ស្ម៊ីធ

នៅអំឡុង​ឆ្នាំ​នោះ​ប្រធាន​ស្ម៊ីធ​ក៏​បាត់បង់​សមាជិក​គ្រួសារ​ដ៏​មាន​តម្លៃ​ចំនួន​បី​នាក់​ផងដែរ ។ អែលឌើរ ហៃរុម ម៉ាក ស្ម៊ីធ ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ ដែល​ជា​កូន​ច្បង​របស់​លោក និង​ជា​ជីតា​របស់​ខ្ញុំ បាន​ស្លាប់​ភ្លាមៗ​ដោយសារ​ការធ្លាយ​ខ្នែង​ពោះវៀន ។

ប្រធាន​ស្ម៊ីធ​បាន​សរសេរ​ថា « ខ្ញុំ​និយាយ​លែង​ចេញ—[ ស្ពឹក​មុខ​អស់​ហើយ ] ដោយ​ក្តី​ទុក្ខព្រួយ ! ខ្ញុំ​ខូច​ចិត្ត ហើយ​ដូចជា​គ្មាន​ព្រលឹង​នៅក្នុង​ខ្លួន​ទេ !… ឱ ! ខ្ញុំ​ស្រឡាញ់​គាត់ ! … ខ្ញុំ​ស្រឡាញ់​គាត់​ខ្លាំង​ឡើង​ជា​រៀងរហូត ។ ហើយ​ខ្ញុំ​ស្រឡាញ់ និង​បន្ត​ស្រឡាញ់​កូនប្រុស​ស្រី​របស់​ខ្ញុំ​ទាំងអស់ ប៉ុន្តែ​គាត់​ជា​កូន​ប្រុស​ច្បង​របស់​ខ្ញុំ ជា​កូន​ដំបូង​ដែល​នាំ​អំណរ និង​សេចក្តីសង្ឃឹម​ដែល​គ្មាន​ទីបញ្ចប់ មាន​ឈ្មោះ​ដ៏​ប្រសើរ​នៅក្នុង​ចំណោម​មនុស្ស ។ ដោយ​អស់​ពី​ដួង​ព្រលឹង​របស់​ខ្ញុំ ខ្ញុំ​សូម​ថ្លែង​អំណរគុណ​ដល់​ព្រះ​សម្រាប់​គាត់ ! ប៉ុន្តែ … មែនហើយ ! ខ្ញុំ​ត្រូវការ​គាត់ ! យើង​ទាំងអស់​គ្នា​ត្រូវការ​គាត់ ! គាត់​មាន​ប្រយោជន៍​បំផុត​សម្រាប់​សាសនាចក្រ ។… ហើយ​ឥឡូវ​នេះ…ឱ ! តើ​ខ្ញុំ​អាច​ធ្វើ​អ្វី​បាន ! ឱ ! ព្រះ​អើយ​សូម​ជួយ​ទូលបង្គំ​ផង ! »

នៅ​ខែ​បន្ទាប់​មក​ទៀត កូន​ប្រសារ​ប្រុស​របស់​ប្រធាន​ស្ម៊ីធ​ឈ្មោះ អាឡុនស្សូ ខេស្លើ បាន​ស្លាប់​ក្នុង​គ្រោះថ្នាក់​ដ៏​រន្ធត់​មួយ ។ ប្រធាន​ស្ម៊ីធ​បាន​កត់ត្រា​នៅក្នុង​សៀវភៅ​កំណត់ហេតុ​លោក​ថា « គ្រោះថ្នាក់​ដែល​បាត់បង់​អាយុ​ជីវិត​ដ៏​រន្ធត់ និង​ដ៏​សោកនាដ្ឋកម្ម​បំផុត​នេះ បាន​ធ្វើ​ឲ្យ​ក្រុមគ្រួសារ​ខ្ញុំ​ទាំង​មូល​កើត​ទុក្ខ​ជា​ខ្លាំង » ។

ប្រាំ​ពីរ​ខែ​ក្រោយមក នៅក្នុង​ខែ​កញ្ញា ឆ្នាំ ១៩១៨ កូន​ប្រសារ​ស្រី​របស់​ប្រធាន​ស្ម៊ីធ ដែល​ជា​ជីដូន​ខ្ញុំ​ឈ្មោះ អ៊ីដា បូវិន ស្ម៊ីធ បាន​ស្លាប់​បន្ទាប់​ពី​ឆ្លង​ទន្លេ​កូន​ទីប្រាំ​របស់​គាត់​គឺ​ហៃរុម​ដែល​ត្រូវ​ជា​ពូ​ខ្ញុំ ។

ហើយ​នៅ​ថ្ងៃ​ទី ៣ ខែ តុលា ឆ្នាំ ១៩១៨ ដោយ​មាន​បទពិសោធន៍​នៃ​ទុក្ខ​ព្រួ​យ​ដ៏​ខ្លាំង​ទៅលើ​មនុស្ស​រាប់​លាន​នាក់​ដែល​បាន​ស្លាប់​នៅក្នុង​ពិភពលោក​ដោយសារ​សង្គ្រាម និង​ជំងឺ ព្រមទាំង​មរណភាព​របស់​សមាជិក​គ្រួសារ​លោក​ផ្ទាល់ នោះ​ប្រធាន​ស្ម៊ីធ​បាន​ទទួល​វិវរណៈ​ពី​សួគ៌ា​ដែល​ត្រូវបាន​ស្គាល់ថា « ការ​និមិត្ត​អំពី​សេចក្ដី​ប្រោស​លោះ​ដល់​មនុស្ស​ស្លាប់ » ។

ប្រធាន យ៉ូសែប អេហ្វ ស្ម៊ីធ

លោក​បាន​ថ្លែង​ពី​វិវរណៈនោះ​នៅ​ថ្ងៃ​បន្ទាប់​នៅក្នុង​សម័យ​ប្រជុំ​បើក​នៃ​សន្និសីទ​ទូទៅ​ខែ​តុលា ។ ដោយ​សារ​តែ​សុខភាព​របស់​ប្រធាន​ស្ម៊ីធ​ខ្សោយ នោះ​លោក​បាន​ថ្លែង​យ៉ាង​ខ្លី​ថា ៖ « ខ្ញុំ​នឹង​មិន ខ្ញុំ​មិន​ហ៊ាន​ប៉ង​នឹង​និយាយ​អ្វី​ច្រើន​ដែល​មាន​នៅក្នុង​ចិត្ត​ខ្ញុំ​នា​ព្រឹក​នេះ​ទេ ហើយ​ខ្ញុំ​នឹង​ពន្យារ​ពេល​ទុក​និយាយ​វា​នា​ពេល​ក្រោយ​តាម​ព្រះទ័យ​ព្រះ ខ្ញុំ​ចង់​ប្រាប់​អ្នក​នូវ​រឿង​មួយ​ចំនួន​ដែល​មាន​នៅក្នុង​ចិត្ត​ខ្ញុំ ដែល​ខ្ញុំ​បាន​ទទួល​អារម្មណ៍ ។ ខ្ញុំ​ពុំ​បាន​រស់នៅ​តែ​ឯង​ឡើយ​ក្នុង​រយៈពេល​ប្រាំ​ខែ [ កន្លង ] មក​នេះ ។ ខ្ញុំ​បាន​នៅក្នុង​វិញ្ញាណ​នៃ​ការអធិស្ឋាន ការទូលអង្វរ សេចក្ដី​ជំនឿ និង​ការប្តេជ្ញាចិត្ត ហើយ​ខ្ញុំ​បាន​បន្ត​ទាក់ទង​ជាមួយ​ព្រះវិញ្ញាណ​នៃ​ព្រះអម្ចាស់ » ។

វិវរណៈ​ដែល​លោក​បាន​ទទួល​នៅ​ថ្ងៃ​ទី ៣ ខែ តុលា បាន​លួងលោម​ចិត្ត​លោក ហើយ​ផ្តល់​ចម្លើយ​ដល់​សំណួរ​ជាច្រើន​របស់​លោក ។ យើង​ក៏​អាច​ទទួល​បាន​ការលួងលោម ហើយ​រៀន​កាន់តែ​ច្រើន​អំពី​អនាគត​ផ្ទាល់​របស់​យើង​ផងដែរ ពេល​យើង នឹង​មនុស្ស​ជាទីស្រឡាញ់​របស់​យើង​ស្លាប់ ហើយ​ទៅ​ភពវិញ្ញាណ តាមរយៈ​ការសិក្សា​វិវរណៈ​នេះ ហើយ​ពិចារណា​អំពី​សារៈសំខាន់​របស់​វា​នៅក្នុង​របៀប​ដែល​យើង​រស់​នៅ​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​របស់​យើង ។

ក្នុង​ចំណោម​អ្វីៗ​ជាច្រើន​ដែល​ប្រធាន​ស៊្មីធ​បាន​ឃើញ​គឺ​ការយាង​មក​ជួប​របស់​ព្រះអង្គសង្គ្រោះ​ជាមួយ​ពួកស្មោះត្រង់​នៅក្នុង​ភពវិញ្ញាណ បន្ទាប់​ពី​ទ្រង់​សុគត​លើ​ឈើ​ឆ្កាង ។ ខ្ញុំ​សូម​ដកស្រង់​អំពីការនិមិត្ត​នេះ ៖

« ប៉ុន្តែ​មើល​ចុះ​ពី​ចំណោម​ពួក​សុចរិត នោះ​ទ្រង់​បាន​រៀបចំ​ពល​របស់​ទ្រង់ ហើយ​បាន​តាំង​សារ​ទូត​ទាំងឡាយ​គឺ​បំពាក់​ដោយ​អំណាច និង​សិទ្ធិអំណាច ហើយ​បាន​អនុញ្ញាត​ឲ្យ​ពួកគេ​ចេញ​ទៅ ហើយ​នាំ​ពន្លឺ​នៃ​ដំណឹងល្អ​ទៅ​ឲ្យ​ពួកគេ​ ដែល​នៅ​ក្នុង​សេចក្ដីងងឹត គឺ​ទៅ​ដល់​គ្រប់​អស់​ទាំង​វិញ្ញាណ​នៃ​មនុស្ស​លោក [ និង​ស្ត្រី ]  ហើយ​ដំណឹងល្អ​ត្រូវ​បាន​ផ្សាយ​ដល់​ពួក​អ្នក​ស្លាប់តាម​បែបដូច្នោះ​ហើយ ។…

ពួក​គេ​ត្រូវ​បាន​បង្រៀន​ឲ្យ​មាន​សេចក្ដី​ជំនឿ​ជឿ​ដល់​ព្រះ ការ​ប្រែចិត្ត​ពី​អំពើបាប បុណ្យ​ជ្រមុជទឹក​ជំនួស​សម្រាប់ការ​ផ្ដាច់​បាប អំណោយ​ទាន​ជា​ព្រះវិញ្ញាណ​បរិសុទ្ធ ដោយ​សារ​ការ​ដាក់​ដៃ​លើ

« ហើយ​គ្រប់​ទាំង​គោលការណ៍​ផ្សេងៗ​ទៀត​នៃ​ដំណឹង​ល្អ ដែល​ជា​ការចាំបាច់​សម្រាប់​ឲ្យ​គេ​ដឹង ដើម្បី​ឲ្យ​ខ្លួន​គេ​មាន​លក្ខណៈ​គ្រប់គ្រាន់ ប្រយោជន៍​ឲ្យ​ពួកគេ​អាច​បាន​ទទួល​ការ​ជំនុំ​ជម្រះ តាម​មនុស្ស​ក្នុង​សាច់​ឈាម ប៉ុន្តែ​រស់​តាម​ព្រះ​ក្នុង​វិញ្ញាណ​វិញ ។…

ដ្បិត​ពួក​អ្នក​ស្លាប់​បាន​គិត​ថា ការ​បាត់​វិញ្ញាណ​គេ​ដ៏​យូរលង់​ពី​រូប​កាយ​គេ នោះ​ជា​សេវក​ភាព ។

ពួក​អ្នក​ទាំង​នេះ​ហើយ​ដែល​ព្រះ​អម្ចាស់​បាន​បង្រៀន ហើយ​បាន​ប្រទាន​ដល់​ពួក​គេ​ឲ្យ​មាន​អំណាច​ចេញ​មក បន្ទាប់​ដែល​ទ្រង់​មាន​ព្រះ​ជន្ម​រស់​ពី​ស្លាប់​ឡើង​វិញ ដើម្បី​ឲ្យ​ចូល​ទៅ​ក្នុង​នគរ​របស់​ព្រះ​វរបិតា​ទ្រង់ គឺ​នៅ​ទី​នោះ​នឹង​បាន​ពាក់​ដោយ​អមតភាព និង​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច​ទុកជា​មកុដ

ហើយ​ចាប់​តាំង​ពី​ពេល​នោះ​ទៅ​នឹង​បន្ត​ការងារ​របស់​គេ ដែល​បាន​សន្យា​ដោយ​ព្រះ​អម្ចាស់ ហើយ​ទៅ​ជា​អ្នក​ទទួល​ទាន​នូវ​គ្រប់​អស់​ទាំង​ព្រះ​ពរ​ដែល​បាន​ទុក​សម្រាប់​ពួក​អ្នក​ដែល​ស្រឡាញ់​ទ្រង់ » ។

រូបចម្លាក់​យ៉ូសែប និង ហៃរុម ស៊្មីធ

នៅ​ក្នុង​ការនិមិត្ត​នេះ ប្រធាន​ស៊្មីធ​បាន​ឃើញ​ឪពុក​របស់​លោក​គឺ ហៃរុម និង​ព្យាការី យ៉ូសែប ស៊្មីធ ។ វា​អស់​រយៈពេល ៧៤ ឆ្នាំ​ហើយ តាំង​ពី​លោក​បាន​ឃើញ​ពួកលោក​នៅគ្រា​ចុង​ក្រោយ កាល​លោក​នៅក្មេង​នៅទីក្រុង​ណៅវូ ។ យើង​អាច​ស្រមៃ​មើល​ពី​អំណរ​របស់​លោក​ដែល​បាន​ឃើញ​ឪពុក និង​ឪពុកមា​ជាទីស្រឡាញ់​របស់​លោក ។ លោក​ត្រូវបាន​បំផុសគំនិត និង​លួងលោម​ដើម្បី​ដឹង​ថា វិញ្ញាណ​ទាំងអស់​មើល​ទៅ​ដូចជា​រូបរាង​នៃ​ជីវិត​រមែង​ស្លាប់​របស់​ពួកគេ ហើយ​ពួកគេ​កំពុង​រង់ចាំ​យ៉ាង​អន្ទះសា​នូវ​ថ្ងៃនៃ​ការស់ឡើង​វិញ​របស់​ពួកគេ​ដែល​បាន​សន្យា ។ ការនិមិត្ត​នេះ​បាន​បើក​សម្តែង​នូវ​ផែនការ​លម្អិត​ទាំងស្រុង​របស់​ព្រះវរបិតាសួគ៌ សម្រាប់​បុត្រាបុត្រី​របស់​ទ្រង់ និង​សេចក្តីស្រឡាញ់​នៃ​ការប្រោសលោះ​របស់​ព្រះគ្រីស្ទ ព្រមទាំង​ព្រះចេស្តា​នៃ​ដង្វាយធួន​របស់​ទ្រង់​ដែល​ពុំ​អាច​ប្រៀបផ្ទឹម​បាន​ឡើយ ។

នៅក្នុង​ខួប​លើក​ទី ១០០ ឆ្នាំ​ដ៏​ពិសេស​នេះ ខ្ញុំ​សូម​អញ្ជើញ​បងប្អូន​ឲ្យ​អាន​វិវរណៈ​នេះ​ទាំងស្រុង និង​ប្រកប​ដោយ​ការពិចារណា ។ នៅពេល​បងប្អូន​ធ្វើ​ដូច្នេះ សូម​ឲ្យ​ព្រះអម្ចាស់​ប្រទាន​ពរ​ដល់​បងប្អូន ដើម្បី​យល់ និង​អរគុណ​កាន់តែ​ពេញលេញ​ដល់​សេចក្តីស្រឡាញ់​របស់​ព្រះ និង​ផែនការ​នៃ​សេចក្តីសង្គ្រោះ និង​សុភមង្គល​របស់​ទ្រង់​សម្រាប់​បុត្រាបុត្រី​ទ្រង់ ។

ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា ការនិមិត្ត​ដែល​ប្រធាន យ៉ូសែប អេហ្វ ស្ម៊ីធ បាន​ទទួល​គឺ​ជា​ការពិត ។ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា បុគ្គល​គ្រប់​រូប​អាច​អាន ហើយ​ដឹង​ច្បាស់​អំពី​ការនិមិត្ត​នេះ​ថា​វា​ពិត ។ អស់​អ្នក​ដែល​ពុំ​ទទួល​ចំណេះដឹង​នេះ​នៅក្នុង​ជីវិត​នេះ​ទេ ក៏​ប្រាកដ​ជា​នឹង​ដឹង​ច្បាស់​អំពី​ភាពពោរពេញ​នៃ​ការនិមិត្ត​នេះ ពេល​មនុស្ស​គ្រប់​គ្នា​នឹង​ទៅ​ដល់​ភពវិញ្ញាណ ។ នៅទីនោះ មនុស្ស​ទាំងអស់​នឹង​ស្រឡាញ់ ហើយ​សរសើរ​តម្កើង​ព្រះ និង​ព្រះអម្ចាស់​យេស៊ូវគ្រីស្ទ សម្រាប់​ផែនការ​នៃ​សេចក្តីសង្គ្រោះ​ដ៏​មហិមា និង​ពរជ័យ​នៃ​ការរស់​ឡើង​វិញ​ដែល​បាន​សន្យា ជា​ពេល​ដែល​រូបកាយ និង​វិញ្ញាណ​នឹង​ផ្គុំ​ចូលគ្នា​ជា​ថ្មី​ម្តង​ទៀត ហើយពុំ​អាច​បែក​គ្នា​ទៀត​ឡើយ ។

ស៊ីស្ទើរ បាបារ៉ា បាឡឺដ

ខ្ញុំ​មាន​អំណរគុណ​ណាស់​ដែល​ខ្ញុំ​ដឹង​អំពី​ទីកន្លែង​ដែល​បាបារ៉ា​ជា​ទីស្រឡាញ់​របស់​ខ្ញុំ​បាន​ទៅ និង​ថា​យើង​នឹង​រួមរស់​ជាមួយ​គ្នា​ម្ដង​ទៀត​ជាមួយ​គ្រួសារ​យើង​អស់កល្ប​ជានិច្ច ។ សូម​ឲ្យ​ភាពសុខសាន្ត​របស់​ព្រះអម្ចាស់​កើត​មាន​ចំពោះ​យើង​ពេល​នេះ និង​រៀងរហូត​ត​ទៅ ហើយ​ខ្ញុំ​តែងតែ​អធិស្ឋាន​ដោយ​រាបសា ក្នុង​ព្រះនាម​នៃ​ព្រះអម្ចាស់​យេស៊ូវគ្រីស្ទ អាម៉ែន ៕

កំណត់ចំណាំ

  1. គោលលទ្ធិ និង​សេចក្ដីសញ្ញា ១៣៨:៦, ១១ ។

  2. យ៉ូសែប អេហ្វ ស្ម៊ីធ នៅក្នុង Preston Nibley, The Presidents of the Church ( ឆ្នាំ ១៩៥៩ ) ទំព័រ ២២៨ ។

  3. សូម​មើល យ៉ូសែប ហ្វីលឌិង ស៊្មីធ Life of Joseph F. Smith ( ឆ្នាំ ១៩៣៨ ) ទំព័រ ១២ ។

  4. លោក​បាន​រៀបការ​នឹង លេវីរ៉ា ក្លាក ឆ្នាំ ១៨៥៩, ជូលីណា ឡាមសុន ឆ្នាំ ១៨៦៦, សារ៉ា រីឆាដ ឆ្នាំ ១៨៦៨, អ៊ីដណា ឡាមសុន ឆ្នាំ ១៨៧១, អាលីស ឃឹមបឹល ឆ្នាំ ១៨៨៣ និង ម៉ារី ស្វត ឆ្នាំ ១៨៨៤ ។​

  5. យ៉ូសែប អេហ្វ ស្ម៊ីធ ត្រូវបាន​ហៅ​ឲ្យ​ធ្វើ​ជា​ទីប្រឹក្សា​បន្ថែម​នៅក្នុង​គណៈប្រធាន​ទី​មួយ ( ព្រិកហាំ យ៉ង់, ហ៊ីប៊ើរ ស៊ី ឃិមបឹល និង ដានីយ៉ែល អេច វ៉ែលស៍ ) ។ លោក​ក៏​បាន​បម្រើ​ជា​ទីប្រឹក្សា​ទី​ពីរ​នៅ​ក្នុង​គណៈ​ប្រធាន​ទី​មួយ​ជាមួយ​ប្រធាន​សាសនាចក្រ​បី​រូប ប្រធាន យ៉ូហាន ថេលើរ, វិលហ្វូឌ វូឌដ្រុព្វ និង ឡូរែនសូ ស្នូ ។

  6. យ៉ូសែប អេហ្វ ស្ម៊ីធ បាន​បម្រើ​ជា​ទីប្រឹក្សា​ទី​ពីរ​ក្នុង​គណៈប្រធាន​ទី​មួយ​អំឡុងពេល​ការគ្រប់គ្រង​របស់​ប្រធាន ព្រិកហាំ យ៉ង់ ហើយ​បាន​បម្រើ​ជា​ទីប្រឹក្សា​ទី​ពីរ​នៅក្នុង​គណៈប្រធាន​ទី​មួយ​អំឡុងពេល​ការគ្រប់គ្រង​របស់ យ៉ូហាន ថេលើរ, វិលហ្វូឌ វូឌដ្រុព្វ និង ឡូរែនសូ ស្នូ ។ លោក​គឺជា​ប្រធាន​សាសនាចក្រ​ដំបូង​គេ​ដែល​បាន​បម្រើ​នៅក្នុង​គណៈប្រធាន​ទីមួយ​ពីមុន​ត្រូវបាន​ហៅ​ជា​ប្រធាន​សាសនាចក្រ ។

  7. មើស៊ី យ៉ូសែបហ្វីន កូន​ច្បង​របស់ យ៉ូសែប អេហ្វ ស្ម៊ីធ បាន​កើត​នៅ​ថ្ងៃ​ទី ១៤ ខែ សីហា ឆ្នាំ ១៨៦៧ ហើយ​បាន​ស្លាប់​នៅ​ថ្ងៃ​ទី ៦ ខែ មិថុនា ឆ្នាំ ១៨៧០ ។

  8. សៀវភៅ​កំណត់​ហេតុ យ៉ូសែប អេហ្វ ស៊្មីធ Church History Library សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​ទីក្រុង សលត៍ លេក រដ្ឋ យូថាហ៍ ។

  9. យ៉ូសែប អេហ្វ ស៊្មីធ ជូន​ចំពោះ ម៉ាថា អាន ស្ម៊ីធ ថ្ងៃ​ទី​២៦ ខែ សីហា ឆ្នាំ​១៨៨៣ បណ្ណាល័យ​ប្រវត្តិសាស្ត្រ​សាសនាចក្រ សូម​មើល Richard Neitzel Holzapfel and David M. Whitchurch,My Dear Sister: The Letters between Joseph F. Smith and His Sister Martha Ann ( ឆ្នាំ ២០១៨) ទំព័រ ២៩០–២៩១ ។

  10. ឧទាហរណ៍​ជាច្រើន ព្រះអម្ចាស់​បាន​ដឹកនាំ យ៉ូសែប អេហ្វ ស្ម៊ីធ នៅក្នុង​ជីវិត​លោក​ផ្ទាល់ និង​នៅក្នុង​ការងារ​បម្រើ​ក្នុង​នាម​ជា​សាវក និង​ប្រធាន​សាសនាចក្រ​តាមរយៈ​សុបិន​ដ៏​បំផុសគំនិត វិវរណៈ និង​ការនិមិត្ត ។ ជារឿយៗ អំណោយ​ទាន​ទាំង​នេះ​មក​ពី​ព្រះអម្ចាស់​ត្រូវបាន​កត់ត្រា​នៅក្នុង​សៀវភៅ​កំណត់ហេតុ ការបង្រៀន ការសំណេះសំណាល និង​ការកត់ត្រា​របស់​សាសនាចក្រ​ជា​ផ្លូវការ ។

  11. យ៉ូសែប អេហ្វ ស៊្មីធ ទិនានុប្បវត្តិ ថ្ងៃ​ទី ២៣ ខែ​មករា ឆ្នាំ​១៩១៨ បណ្ណាល័យ​ប្រវត្តិសាស្ត្រ​សាសនាចក្រ ការប្រកប និង​ការប្រើ​អក្សរ​ធំ​ត្រូវបាន​ធ្វើ​បច្ចុប្បន្នភាព សូម​មើល Joseph Fielding Smith, Life of Joseph F. Smith, ទំព័រ ៤៧៣–៤៧៤ ។

  12. សូម​មើល « A. [P.] Kesler Is Killed in Fall from a Building » Ogden Standard ថ្ងៃ​ទី​៥ ខែ​កុម្ភៈ ឆ្នាំ​១៩១៨ ទំព័រ​៥ ។

  13. យ៉ូសែប អេហ្វ ស្ម៊ីធ សៀវភៅ​កំណត់ហេតុ ថ្ងៃ​ទី ៤ ខែ កុម្ភៈ ឆ្នាំ ១៩១៨ Church History Library ។

  14. សូម​មើល « Ida Bowman Smith » Salt Lake Herald-Republican ថ្ងៃ​ទី​២៦ ខែ​កញ្ញា ឆ្នាំ​១៩១៨ ទំព័រ​៤ ។

  15. យ៉ូសែប អេហ្វ ស៊្មីធ នៅ​ក្នុង របាយការណ៍​សន្និសីទ​ទូទៅ ខែ​តុលា ឆ្នាំ​១៩១៨ ទំព័រ​២ ។

  16. សូម​មើល​ឯកសារ​យោង « នាង​អេវ៉ា​ដ៏​ឧត្ដម ជា​មាតា​របស់​យើង » និង « បុត្រី​របស់​នាង​ជា​ច្រើន ដែល…បាន​ថ្វាយ​បង្គំ​ព្រះ​ដ៏​ពិត ហើយ​មាន​ព្រះ​ជន្ម​រស់នៅ » ( គោលលទ្ធិ និង​សេចក្ដី​សញ្ញា ១៣៨:៣៩ ) ។

  17. គោលលទ្ធិ និង​សេចក្ដី​សញ្ញា ១៣៨:៣០, ៣៣–៣៤, ៥០–៥២ ។

  18. អត្ថបទ​នៃ​ការនិមិត្ត​នេះ​បាន​បង្ហាញ​លើក​ដំបូង​នៅ​ថ្ងៃ​ទី ៣០ ខែ វិច្ឆិកា ឆ្នាំ ១៩១៨ ការបោះពុម្ព​នៃ Deseret News ១១ ថ្ងៃ​បន្ទាប់​ពី​មរណភាព​របស់​ប្រធាន​ស្ម៊ីធ នៅថ្ងៃ​ទី ១៩ ខែ វិច្ឆិកា ។ វា​ត្រូវបាន​បោះពុម្ព​នៅក្នុង​ខែ​ធ្នូ​ក្នុង Improvement Era និង​នៅក្នុង​ការបោះពុម្ព​ក្នុង​ខែ មករា ឆ្នាំ ១៩១៩ នៅក្នុង Relief Society Magazine the Utah Genealogical and Historical Magazine the Young Women’s Journal និង Millennial Star ។

  19. ទោះបីជា​ពួក​កូន​អន្តរធាន​នឹង​រស់​ឡើង​វិញ​ក្តី ពួកគេ​ពុំ​អាច​ផ្តល់​សេចក្តីស្រឡាញ់ និង​ការសរសើរ​តម្កើង​ដល់​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ ដូច​ពួកអ្នក​ដែល​ទទួល​នគរ​នៃ​សិរី​ល្អ​របស់​ទ្រង់​ឡើយ ។ សូមមើល អាលម៉ា ១១:៤១; គោលលទ្ធិ និង​សេចក្ដី​សញ្ញា ៨៨:៣២–៣៥ ។