ការតាំងចិត្តមិនវៀចវេរពីព្រះយេស៊ូវគ្រីស្ទ
ព្រះអញ្ជើញយើងឲ្យបោះផ្លូវចាស់របស់យើងចោលឲ្យអស់ ហើយចាប់ផ្ដើមជីវិតថ្មីមួយនៅក្នុងព្រះគ្រីស្ទ ។
កាលពីខែមេសាកន្លងទៅ ខ្ញុំមានឯកសិទ្ធិឧទ្ទិសឆ្លងព្រះវិហារបរិសុទ្ធ ឃិនស្សាសា សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ។ គ្មានពាក្យពេចន៍ណាអាចបង្ហាញពីអំណររបស់ប្រជាជនកុងហ្គោដ៏ស្មោះត្រង់ និងខ្ញុំ ពេលឃើញព្រះវិហារបរិសុទ្ធបានឧទ្ទិសនៅលើដែនដីរបស់ពួកគេឡើយ ។
បុគ្គលដែលចូលទៅព្រះវិហារបរិសុទ្ធឃិនស្សាសា ឃើញគំនូរដើមមួយឈ្មោះថា រដូវស្លឹកឈើជ្រុះនៅកុងហ្គោ វារំឭកដល់អ្នកដែលទៅព្រះវិហារបរិសុទ្ធយ៉ាងពិសេស អំពីការតាំងចិត្តដ៏មិនវៀចវេរដែលតម្រូវឲ្យមានដើម្បីចាក់គ្រឹះខ្លួនពួកគេទៅលើព្រះយេស៊ូវគ្រីស្ទ និងបន្ដដើរតាមផ្លូវសេចក្ដីសញ្ញានៃផែនការរបស់ព្រះវរបិតាសួគ៌យើង ។ ទឹកជ្រោះលើផ្ទាំងគំនូរនោះបង្ហាញពីការអនុវត្តមួយ ដែលអនុវត្តជាទូទៅនៅក្នុងចំណោមអ្នកប្រែចិត្តជឿលើគ្រិស្ដសាសនាជាងមួយសតវត្សរ៍មកហើយនៅក្នុងប្រទេសកុងហ្គោពីជំនាន់ដើម ។
មុនការប្រែចិត្តជឿរបស់ពួកគេ ពួកគេបានថ្វាយបង្គំវត្ថុគ្មានវិញ្ញាណ ដោយជឿថា វត្ថុនោះមានអំណាចអរូបីដ៏ស័ក្ដិសិទ្ធិ ។ បន្ទាប់ពីការប្រែចិត្តជឿ ពួកគេជាច្រើនបានធ្វើធម្មយាត្រាទៅកាន់ទឹកជ្រោះមួយនៅតាមទន្លេកុងហ្គោ ដូចជាទឹកជ្រោះសុនហ្គោជាដើម ។ ពួកអ្នកប្រែចិត្តជឿទាំងនេះបានបោះរូបព្រះនានារបស់គេកាលពីមុនទៅក្នុងទឹកជ្រោះនោះ ជានិមិត្តសញ្ញាដល់ព្រះ និងមនុស្សដទៃថា ពួកគេបោះបង់ប្រពៃណីចាស់របស់ខ្លួន ហើយទទួលយកព្រះយេស៊ូវគ្រីស្ទ ។ ពួកគេមិនបានបោះវត្ថុនោះទៅក្នុងទឹកជ្រោះរាក់ស្ងប់ស្ងាត់ឡើយ ពួកគេមានចេតនាបោះវាទៅក្នុងទឹកធ្លាក់ដ៏កញ្ជ្រោលខ្លាំង ជាទីដែលរបស់នោះមិនអាចរកឃើញវិញបាន ។ ទង្វើទាំងនេះគឺជានិមិត្តរូបនៃការចាប់ផ្ដើមមួយនៃការតាំងចិត្តមិនវៀចវេរចំពោះព្រះយេស៊ូវគ្រីស្ទ ។
ប្រជាជននៅកន្លែង និងសម័យកាលផ្សេងទៀតបានបង្ហាញការតាំងចិត្តរបស់ពួកគេលើព្រះយេស៊ូវគ្រីស្ទតាមរបៀបស្រដៀងគ្នានេះ ។ ប្រជាជនក្នុងព្រះគម្ពីរមរមនដែលគេស្គាល់ថាជា អាន់តៃ‑នីហ្វៃ‑លីហៃ « បានដាក់គ្រឿងសស្ដ្រាវុធនៃការបះបោររបស់គេចុះ » ដោយកប់វា « យ៉ាងជ្រៅទៅក្នុងដី » ទុកជា « ទីបន្ទាល់ចំពោះព្រះ…ថាគេនឹងពុំប្រើគ្រឿងសស្ដ្រាវុធ [ របស់ពួកគេ ] ទៀតទេ » ។ ការធ្វើដូច្នេះ ពួកគេបានសន្យាធ្វើតាមការបង្រៀនរបស់ព្រះ ហើយមិនបោះបង់ការតាំងចិត្តរបស់គេឡើយ ។ ទង្វើនេះគឺជាការចាប់ផ្ដើមនៃការ « ប្រែចិត្តជឿដល់ព្រះអម្ចាស់ » ហើយមិនរេរាចិត្តឡើយ ។
ការ « ប្រែចិត្តជឿដល់ព្រះអម្ចាស់ » មានន័យថា ការចាកចេញពីគន្លងសកម្មភាពមួយដែលដឹកនាំដោយប្រព័ន្ធជំនឿចាស់ ហើយសម្របខ្លួនទៅនឹងគន្លងថ្មីមួយ ដោយផ្អែកលើសេចក្ដីជំនឿលើផែនការរបស់ព្រះវរបិតាសួគ៌ និងលើព្រះយេស៊ូវគ្រីស្ទ និងដង្វាយធួនរបស់ទ្រង់ ។ ការផ្លាស់ប្ដូរនេះគឺលើសពីការទទួលយកការបង្រៀននៃដំណឹងល្អទៅទៀត ។ វាបង្កើតជាអត្តសញ្ញាណយើង កែប្រែការយល់ដឹងយើងពីអត្ថន័យនៃជីវិត ហើយដឹកនាំទៅរកភាពស្មោះត្រង់ដ៏ឥតងាករេពីព្រះ ។ បំណងប្រាថ្នាផ្ទាល់ខ្លួនដែលផ្ទុយទៅនឹងការចាក់គ្រឹះលើព្រះអង្គសង្គ្រោះ និងការដើរតាមផ្លូវនៃសេចក្ដីសញ្ញា នឹងរសាត់ចេញ ហើយជំនួសដោយការប្ដេជ្ញាចិត្តដើម្បីចុះចូលនឹងព្រះទ័យរបស់ព្រះវរបិតាសួគ៌វិញ ។
ការប្រែចិត្តជឿដល់ព្រះអម្ចាស់ចាប់ផ្ដើមដោយការតាំងចិត្តដ៏មិនវៀចវេរពីព្រះ បន្ដដោយការធ្វើឲ្យការតាំងចិត្តនោះក្លាយជាផ្នែកមួយនៃខ្លួនយើង ។ ការធ្វើឲ្យការតាំងចិត្តនោះដុះក្នុងខ្លួនយើង គឺជាដំណើរការអស់មួយជីវិត ដែលតម្រូវឲ្យមានភាពអំណត់ និងការប្រែចិត្តជាបន្តបន្ទាប់ ។ នៅទីបំផុត ការតាំងចិត្តនេះក្លាយជាផ្នែកនៃជីវិតរបស់យើង ដែលបានបង្កប់នៅក្នុងអារម្មណ៍របស់យើង ហើយមានវត្តមាននៅក្នុងជីវិតរបស់យើង ។ ដូចជាយើងមិនដែលភ្លេចឈ្មោះរបស់យើងដែរ មិនថាយើងគិតដល់អ្វីផ្សេងទៀតនោះទេ នោះយើងក៏មិនដែលភ្លេចការតាំងចិត្តដែលបានឆ្លាក់ជាប់ក្នុងចិត្តយើងដែរ ។
ព្រះអញ្ជើញយើងឲ្យបោះផ្លូវចាស់របស់យើងចោលឲ្យអស់ ហើយចាប់ផ្ដើមជីវិតថ្មីមួយនៅក្នុងព្រះគ្រីស្ទ ។ ការណ៍នេះកើតឡើងពេលយើងអភិវឌ្ឍសេចក្ដីជំនឿលើព្រះអង្គសង្គ្រោះ ដែលចាប់ផ្ដើមដោយការស្ដាប់ឮទីបន្ទាល់របស់អ្នកដែលមានសេចក្ដីជំនឿ ។ បន្ទាប់មក សេចក្ដីជំនឿចាក់ឬសយ៉ាងជ្រៅពេលយើងធ្វើសកម្មភាពតាមរបៀបដែលចាក់គ្រឹះយ៉ាងរឹងមាំលើទ្រង់ ។
វាអាចជារឿងល្អ បើសេចក្ដីជំនឿដែលកើនឡើងត្រូវបានចម្លងដូចយើងចម្លងជំងឺផ្ដាសាយធំ ឬផ្ដាសាយធម្មតានោះ ។ ដូច្នេះ « ការកណ្ដាស់ខាងវិញ្ញាណ » ធម្មតាមួយឆែតនឹងស្ថាបនាសេចក្តីជំនឿរបស់អ្នកដទៃ ។ ប៉ុន្ដែវាមិនកើតឡើងតាមរបៀបនោះទេ ។ របៀបតែមួយគត់ដែលសេចក្ដីជំនឿនឹងដុះដាលឡើង គឺបុគ្គលម្នាក់ត្រូវធ្វើសកម្មភាពដោយសេចក្ដីជំនឿ ។ ជារឿយៗ សកម្មភាពទាំងនេះត្រូវបានបំផុសតាមការអញ្ជើញពីមនុស្សដទៃ ប៉ុន្តែយើងពុំអាចធ្វើឲ្យជំនឿរបស់មនុស្សម្នាក់ផ្សេងទៀត « រីកចម្រើន » ឬផ្អែកលើមនុស្សដទៃទាំងស្រុងដើម្បីទ្រទ្រង់សេចក្ដីជំនឿរបស់យើងផ្ទាល់នោះឡើយ ។ ដើម្បីឲ្យសេចក្ដីជំនឿយើងកើនឡើង យើងត្រូវតែជ្រើសរើសសកម្មភាពដែលបណ្ដុះសេចក្ដីជំនឿដូចជា ការអធិស្ឋាន ការសិក្សាព្រះគម្ពីរ ការទទួលទានសាក្រាម៉ង់ ការរក្សាបទបញ្ញត្តិ និងការបម្រើអ្នកដទៃ ។
នៅពេលសេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទកើនឡើង នោះព្រះអញ្ជើញយើងឲ្យធ្វើសេចក្ដីសន្យាជាមួយទ្រង់ ។ សេចក្ដីសញ្ញាទាំងនេះ ដូចជាការសន្យាបែបនោះ គឺការបើកបង្ហាញនៃការប្រែចិត្តជឿរបស់យើង ។ សេចក្ដីសញ្ញាក៏បង្កើតនូវគ្រឹះដ៏រឹងមាំមួយសម្រាប់ការរីកចម្រើនខាងវិញ្ញាណដែរ ។ ពេលយើងជ្រើសរើសទទួលពិធីបុណ្យជ្រមុជទឹក យើងចាប់ផ្ដើមលើកដាក់មកលើខ្លួននូវព្រះនាមរបស់ព្រះយេស៊ូវគ្រីស្ទហើយជ្រើសរើសដើម្បីស្គាល់ទ្រង់ ។ យើងសន្យាដើម្បីប្រែក្លាយដូចជាទ្រង់ ហើយអភិវឌ្ឍឥរិយាបថរបស់ទ្រង់ ។
សេចក្ដីសញ្ញា ធ្វើឲ្យយើងនៅជាប់នឹងព្រះអង្គសង្គ្រោះ ហើយជួយយើងឲ្យដើរនៅលើផ្លូវ ដែលនាំទៅផ្ទះសួគ៌ារបស់យើងវិញ ។ អនុភាពនៃសេចក្ដីសញ្ញាជួយយើងឲ្យថែរក្សាការផ្លាស់ប្ដូរក្នុងដួងចិត្តដ៏ធំ ពង្រឹងការប្រែចិត្តជឿរបស់យើងចំពោះព្រះអម្ចាស់ ហើយទទួលយករូបភាពរបស់ព្រះគ្រីស្ទយ៉ាងពេញលេញនៅលើផ្ទៃមុខរបស់យើង ។ ប៉ុន្ដែការតាំងចិត្តខ្លះៗចំពោះសេចក្ដីសញ្ញា នឹងមិនធានាយើងអ្វីនោះទេ ។ យើងប្រហែលជាត្រូវបានល្បួងឲ្យខ្វះការតាំងចិត្ត ដោយពុំផ្លាស់ប្ដូរផ្លូវចាស់របស់យើង ។ ប៉ុន្តែការតាំងចិត្តមិនប្រាកដចំពោះសេចក្ដីសញ្ញារបស់យើងនឹងពុំបើកទ្វារទៅរកព្រះចេស្ដាដ៏បរិសុទ្ធនៃព្រះវរបិតា និងព្រះយេស៊ូវគ្រីស្ទឡើយ ។
ការតាំងចិត្តរបស់យើងដើម្បីកាន់តាមសេចក្ដីសញ្ញាមិនគួរមានលក្ខខណ្ឌ ឬផ្លាស់ប្ដូរតាមស្ថានភាពក្នុងជីវិតយើងឡើយ ។ ភាពខ្ជាប់ខ្ជួននឹងព្រះរបស់យើងគួរតែដូចជាទន្លេកុងហ្គោដ៏ទុកចិត្តបាន ដែលហូរនៅក្បែរព្រះវិហារបរិសុទ្ធឃិនស្សាសាដែរ ។ ទន្លេនេះមិនដូចជាទន្លេភាគច្រើនក្នុងពិភពលោកឡើយ វាហូរជាទៀងទាត់ពេញមួយឆ្នាំហើយចាក់ទៅមហាសមុទ្រអាត្លង់ទិចជិត ៤២ លានលីត្រក្នុងមួយវិនាទី ។
ព្រះអង្គសង្គ្រោះបានអញ្ជើញពួកសិស្សរបស់ទ្រង់ឲ្យធ្វើជាមនុស្សដែលគេអាចទុកចិត្តបាន ហើយខ្ជាប់ខ្ជួននេះ ។ ទ្រង់មានបន្ទូលថា « តាំងវានៅក្នុងដួងចិត្តរបស់អ្នក ដើម្បីអ្នកនឹងធ្វើនូវរឿងទាំងឡាយ ដែលយើងនឹងបង្រៀន ហើយបញ្ជាដល់អ្នក » ។ ការប្ដេជ្ញាចិត្តដែល « តាំង » ឡើងដើម្បីរក្សាសេចក្ដីសញ្ញារបស់យើង អនុញ្ញាតឲ្យយើងទទួលបានសេចក្ដីសន្យារបស់ព្រះនូវអំណរដ៏ឋិតថេរ ។
ពួកបរិសុទ្ធថ្ងៃចុងក្រោយដ៏ស្មោះត្រង់ជាច្រើនបង្ហាញថា ពួកគេ « តាំង » ចិត្តក្នុងការរក្សាសេចក្ដីសញ្ញារបស់គេជាមួយព្រះ ហើយបានផ្លាស់ប្ដូរជារៀងរហូត ។ ខ្ញុំសូមប្រាប់បងប្អូនអំពីបុគ្គលដូចនេះបីរូប—បងប្រុសបានហ្សា មូស៊ីអូកូ បងស្រីបានហ្សា រីហ្គីនឺ និងបងប្រុសប៊ូយី និឃីតាប៊ុងហ្គី ។
ក្នុងឆ្នាំ ១៩៧៧ គ្រួសារបានហ្សាបានរស់នៅក្នុងក្រុងឃិនស្សាសានៃប្រទេសស៊ែរ ដែលសព្វថ្ងៃស្គាល់ថាជា សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ។ ពួកគេទទួលបានការគោរពយ៉ាងខ្លាំងពីសំណាក់សហគមន៍ព្រះវិហារប្រូតេស្ដង់ ។ ដោយសារតែទេពកោសល្យរបស់ពួកគេ នោះព្រះវិហាររបស់ពួកគេបានរៀបចំគ្រួសារវ័យក្មេងរបស់ពួកគេទៅកាន់ប្រទេសស្វីស ដើម្បីសិក្សា ហើយផ្ដល់ជាអាហារូបករណ៍មួយនៅសាកលវិទ្យាល័យ ។
ខណៈនៅទីក្រុងហ្សឺណែវ លើឡានក្រុងទៅសាលារៀន បងប្រុសបានហ្សាបានឃើញសាលាប្រជុំតូចមួយជាញឹកញាប់ ដែលមានឈ្មោះថា « សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ » ។ គាត់បានឆ្ងល់ថា « តើព្រះយេស៊ូវគ្រីស្ទមានពួកបរិសុទ្ធនៅសម័យថ្ងៃចុងក្រោយនេះឬ ? » ទីបំផុត គាត់បានសម្រេចចិត្តទៅមើល ។
បងប្រុស និងបងស្រីបានហ្សាត្រូវបានសមាជិកទទួលយ៉ាងកក់ក្ដៅនៅឯសាខានោះ ។ ពួកគេបានសួរសំណួរមិនអស់មិនហើយមួយចំនួន ដែលពួកគេមានអំពីលក្ខណៈរបស់ព្រះដូចជា « បើព្រះគឺជាវិញ្ញាណមួយដូចជាខ្យល់ តើយើងអាចត្រូវបានបង្កើតឡើងតាមរូបភាពរបស់ទ្រង់ដូចម្ដេចទៅ ? តើទ្រង់អាចប្រថាប់លើបល្ល័ង្កដោយរបៀបណា ? » ពួកគេពុំបានទទួលចម្លើយមួយដែលពេញចិត្តឡើយ រហូតដល់ពួកអ្នកផ្សព្វផ្សាយសាសនាបានពន្យល់ពីគោលលទ្ធិដែលបានស្ដារឡើងវិញនៅក្នុងមេរៀនដ៏ខ្លីមួយ ។ ពេលអ្នកផ្សព្វផ្សាយសាសនាបានចេញទៅ គ្រួសារបានហ្សាបានមើលមុខគ្នា ហើយនិយាយថា « តើនេះមិនមែនជាការពិត ដែលយើងទើបបានស្ដាប់ឮទេឬ ? » ពួកគេបានបន្តមកព្រះវិហារ និងជួបអ្នកផ្សព្វផ្សាយសាសនា ។ ពួកគេបានដឹងថា ពិធីបុណ្យជ្រមុជទឹកនៅក្នុងសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទដែលបានស្ដារឡើងវិញនឹងធ្វើឲ្យពួកគេមានបញ្ហា ។ ពួកគេនឹងត្រូវបានគេដកយកអាហារូបករណ៍ ហើយទិដ្ឋការរបស់ពួកគេនឹងត្រូវបានដកហូត ហើយពួកគេ និងកូនតូចទាំងពីរនាក់របស់ពួកគេនឹងតម្រូវឲ្យចេញពីប្រទេសស្វីស ។ ទោះយ៉ាងណា ពួកគេនៅតែសម្រេចចិត្តទទួលពិធីបុណ្យជ្រមុជទឹក ហើយទទួលពិធីបញ្ជាក់នៅខែ តុលា ឆ្នាំ ១៩៧៩ ។
ពីរសប្ដាហ៍ក្រោយពីពិធីបុណ្យជ្រមុជទឹករបស់ពួកគេ បងប្រុស និងបងស្រីបានហ្សាបានត្រឡប់ទៅក្រុងឃិនស្សាសាវិញ ជាសមាជិកដំបូងពីររូបនៃសាសនាចក្រនៅប្រទេសរបស់ខ្លួន ។ សមាជិកនៃសាខាហ្សឺណែវបានបន្ដទាក់ទងពួកគេ ហើយបានជួយពួកគេឲ្យទាក់ទងអ្នកដឹកនាំសាសនាចក្រ ។ គ្រួសារបានហ្សាត្រូវបានលើកទឹកចិត្តឲ្យរង់ចាំដោយស្មោះត្រង់នូវពេលដែលបានសន្យា ពេលព្រះនឹងស្ថាបនាសាសនាចក្ររបស់ទ្រង់នៅប្រទេសស៊ែរ ។
ពេលនោះ និស្សិតម្នាក់ទៀតមកពីប្រទេសស៊ែរ ឈ្មោះបងប្រុស អិមប៊ូយី កំពុងសិក្សានៅប្រទេសបែលហ្ស៊ិក ។ គាត់បានជ្រមុជទឹកនៅឆ្នាំ ១៩៨០ នៅក្នុងវួដ ប្រ៊ូសេល ។ បន្ដិចក្រោយមក គាត់បានបម្រើបេសកកម្មពេញម៉ោងនៅប្រទេសអង់គ្លេស ។ ហើយព្រះបានធ្វើអព្ភូតហេតុ ។ បងប្រុសប៊ូយីបានត្រឡប់មកប្រទេសស៊ែរវិញ ជាសមាជិកទីបីនៃសាសនាចក្រក្នុងប្រទេសរបស់គាត់ ។ ដោយមានការអនុញ្ញាតពីឪពុកម្ដាយ ការប្រជុំសាសនាចក្របានធ្វើឡើងនៅក្នុងផ្ទះគ្រួសាររបស់គាត់ ។ នៅខែកុម្ភៈ ឆ្នាំ១៩៨៦ មានញ្ញត្តិមួយត្រូវបានធ្វើឡើងទទួលស្គាល់សាសនាចក្រជាផ្លូវការមកពីរដ្ឋាភិបាល ។ វាតម្រូវឲ្យមានហត្ថលេខាពីពលរដ្ឋប្រទេសស៊ែរបីរូប ។ ហត្ថលេខីបីរូបដ៏រីករាយលើញ្ញត្តិនោះគឺ បងប្រុសបានហ្សា បងស្រីបានហ្សា និងបងប្រុសប៊ូយី ។
សមាជិកដ៏រឹងមាំទាំងនេះបានស្គាល់សេចក្ដីពិត នៅពេលពួកគាត់បានស្ដាប់ឮវា ពួកគាត់បានចុះសេចក្ដីសញ្ញានៅឯបុណ្យជ្រមុជទឹក ដែលបានចាក់គ្រឹះលើព្រះអង្គសង្គ្រោះ ។ ពួកគាត់បានបោះចោលផ្លូវចាស់របស់ខ្លួនទៅក្នុងទឹកជ្រោះដ៏កញ្ជ្រោល ដោយគ្មានបំណងយកវាមកវិញនោះទេ ។ ផ្លូវសេចក្ដីសញ្ញានោះមិនដែលងាយស្រួលទេ ។ ចលាចលនយោបាយ ទំនាក់ទំនងរអាក់រអួលជាមួយអ្នកដឹកនាំសាសនាចក្រ ព្រមទាំងឧបសគ្គនានាដែលមានក្នុងការកសាងសហគមន៍ពួកបរិសុទ្ធ អាចធ្វើឲ្យបុគ្គលដែលមិនសូវតាំងចិត្តរុញរាបាន ។ ប៉ុន្តែបងប្រុស និងបងស្រីបានហ្សា ព្រមទាំងបងប្រុស អិមប៊ូយីបានរក្សាសេចក្ដីជំនឿរបស់ពួកគាត់ ។ ពួកគាត់បានមានវត្តមាននៅឯការឧទ្ទិសឆ្លងព្រះវិហារបរិសុទ្ធ ឃិនស្សាសា ៣៣ ឆ្នាំក្រោយដែលពួកគាត់បានចុះហត្ថលេខាលើញ្ញត្តិដែលនាំឲ្យមានការទទួលស្គាល់ជាផ្លូវការចំពោះសាសនាចក្រនៅប្រទេសស៊ែរ ។
គ្រួសារបានហ្សានៅក្នុងមជ្ឈមណ្ឌលសន្និសិទ្ធនាថ្ងៃនេះ ។ ពួកគាត់អមដំណើរដោយកូនប្រុសទាំងពីររបស់គាត់ ឈ្មោះ ជុញ្ញ័រ និងហ្វីល ព្រមទាំងកូនប្រសារស្រី ឈ្មោះអេននី និងយូយូ ។ នៅឆ្នាំ ១៩៨៦ ជុញ្ញ័រ និង ហ្វីល គឺជាបុគ្គលពីររូបដំបូងគេដែលបានជ្រមុជទឹកនៅក្នុងសាសនាចក្រនៃប្រទេសស៊ែរ ។ បងប្រុស អិមប៊ូយីកំពុងទស្សនាការប្រជុំនេះនៅរដ្ឋគិនស្សាសាជាមួយនឹងភរិយារបស់គាត់ និងកូនទាំងប្រាំនាក់របស់ពួកគាត់ ។
អ្នកត្រួសត្រាយផ្លូវទាំងនេះបានយល់ពីអត្ថន័យ និងលទ្ធផលនៃសេចក្ដីសញ្ញា រហូតពួកគេបាន « ស្គាល់ ព្រះអម្ចាស់ជាព្រះរបស់គេ ហើយដើម្បីអររីករាយនៅក្នុងព្រះយេស៊ូវគ្រីស្ទ ជាព្រះដ៏ប្រោសលោះរបស់គេ » ។
តើយើងភ្ជាប់ខ្លួនយើងទៅនឹងព្រះអង្គសង្គ្រោះ ហើយបន្តស្មោះត្រង់ដូចជាបុគ្គលទាំងនេះ និងពួកបរិសុទ្ធកុងហ្គូរាប់ម៉ឺននាក់ទៀតដែលបានធ្វើតាមពួកគាត់ និងមនុស្សរាប់លាននាក់ផ្សេងទៀតនៅជុំវិញពិភពលោកតាមរបៀបណា ? ព្រះអង្គសង្គ្រោះបានបង្រៀនយើងអំពីរបៀបធ្វើកិច្ចការនេះ ។ រៀងរាល់សប្ដាហ៍ យើងទទួលទានសាក្រាម៉ង់ ហើយចុះសេចក្ដីសញ្ញាមួយជាមួយនឹងព្រះវរបិតាសួគ៌យើង ។ យើងសន្យាដើម្បីភ្ជាប់អត្តសញ្ញាណរបស់យើងទៅនឹងអត្តសញ្ញាណរបស់ទ្រង់ដោយសន្យាថាយល់ព្រមលើកដាក់មកលើខ្លួនយើងនូវព្រះនាមរបស់ទ្រង់ ចងចាំទ្រង់ជានិច្ច ហើយគោរពបទបញ្ញត្តិទាំងឡាយរបស់ទ្រង់ ។ ការរៀបចំខ្លួនដោយមនសិការ និងការចុះសេចក្ដីសញ្ញាទាំងនេះដោយស័ក្ដិសមរាល់សប្ដាហ៍ ធ្វើឲ្យយើងចាក់គ្រឹះយ៉ាងមាំលើព្រះអង្កសង្គ្រោះ ជួយយើងឲ្យសម្របការតាំងចិត្តរបស់យើង ហើយជម្រុញយើងយ៉ាងខ្លាំងនៅតាមផ្លូវនៃសេចក្ដីសញ្ញា ។
ខ្ញុំសូមអញ្ជើញបងប្អូនឲ្យតាំងចិត្តលើដំណើរការពេញមួយជីវិតនៃភាពជាសិស្ស ។ សូមចុះ ហើយរក្សាសេចក្ដីសញ្ញាទាំងឡាយ ។ បោះចោលផ្លូវចាស់របស់បងប្អូនទៅក្នុងទឹកជ្រោះដ៏កញ្ជ្រោលយ៉ាងជ្រៅ ។ សូមកប់អាវុធនៃការបះបោររបស់បងប្អូនចោលទាំងស្រុង ។ ដោយសារតែដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ ការចុះសេចក្ដីសញ្ញាដោយបំណងប្រាថ្នាដ៏ពិតប្រាកដដើម្បីគោរពតាមយ៉ាងស្មោះត្រង់ នឹងផ្ដល់ពរជ័យដល់ជីវិតរបស់បងប្អូនជារៀងរហូតតទៅ ។ បងប្អូននឹងប្រែក្លាយកាន់តែដូចជាព្រះអង្គសង្គ្រោះ នៅពេលបងប្អូនចងចាំដល់ទ្រង់ជានិច្ច ធ្វើតាមទ្រង់ និងសរសើរទ្រង់ ។ ខ្ញុំសូមថ្លែងទីបន្ទាល់ថា ទ្រង់គឺជាគ្រឹះដ៏រឹងមាំ ។ ទ្រង់អាចពឹងផ្អែកបាន ហើយការសន្យារបស់ទ្រង់ពិត ។ នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ៕