ឆ្នាំ ២០១០-២០១៩
ទុកចិត្ត​លើ​ព្រះអម្ចាស់
សន្និសីទ​ទូទៅ​ខែ តុលា ឆ្នាំ ២០១៩


2:3

ទុកចិត្ត​លើ​ព្រះអម្ចាស់

ការពឹងផ្អែក​តែ​មួយ​គត់​របស់​យើង គឺ​ទុកចិត្ត​លើ​ព្រះអម្ចាស់ និង​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់​ចំពោះ​បុត្រា​បុត្រី​ទ្រង់ ។

បងប្អូនប្រុសស្រីជាទីស្រឡាញ់ លិខិត​មួយ​ដែល​ខ្ញុំ​បាន​ទទួល​មួយ​រយៈ​កន្លង​មក នាំមកកាន់​ប្រធានបទ​នៃ​សុន្ទកថា​របស់​ខ្ញុំ ។ អ្នក​សរសេរ​លិខិត​នោះ​កំពុង​សញ្ជឹង​គិត​ពី​អាពាហ៍ពិពាហ៍​ក្នុង​ព្រះវិហារ​បរិសុទ្ធ​ទៅ​នឹង​បុរស​ម្នាក់​ដែលបាន​ទទួល​មរណភាព ដែល​ដៃគូ​អស់កល្ប​របស់​គាត់ ។ នាង​នឹង​ក្លាយ​ជា​ភរិយា​ទីពីរ ។ នាង​បាន​សួរ​សំណួរ​នេះ ៖ តើ​នាង​នឹង​មាន​ផ្ទះ​ផ្ទាល់ខ្លួន​នៅ​ជីវិត​ក្រោយ​ដែរ​ឬ​ទេ ឬ​តើ​នាង​នឹង​មាន​ជីវិត​ជាមួយ​ស្វាមី​នាង និង​ភរិយា​ទីមួយ​របស់​គាត់​ឬ ? ខ្ញុំ​គ្រាន់តែ​ប្រាប់​នាង​ឲ្យ​ទុកចិត្ត​លើ​ព្រះអម្ចាស់ ។

ខ្ញុំ​សូម​បន្ត​ជាមួយ​នឹង​បទពិសោធន៍​មួយ​ដែល​ខ្ញុំ​បាន​ឮ​ពី​មិត្ត​ជិតស្និទ្ធ​ម្នាក់ ដែល​ខ្ញុំ​សូម​ចែកចាយ​ដោយ​មាន​ការអនុញ្ញាត​ពី​គាត់ ។ បន្ទាប់​ពី​ភរិយាជា​ទី​ស្រឡាញ់​​ និង​ជា​ម្ដាយ​នៃ​កូនៗ​គាត់​បាន​ទទួល​មរណភាព ឪពុក​រូបនេះ​បាន​រៀបការ​ម្ដង​ទៀត ។ កូន​ពេញ​វ័យមួយចំនួន​បាន​ជំទាស់​នឹង​ការរៀបការ​ម្ដង​ទៀត​នោះ ហើយ​បាន​ស្វែងរក​ការប្រឹក្សា​ពី​សាច់ញាតិ​ជិតដិត​ម្នាក់​ដែល​ជា​ថ្នាក់​ដឹកនាំ​សាសនាចក្រ​ដ៏​គួរ​ឲ្យ​គោរព​មួយ​រូប ។ បន្ទាប់​ពី​បាន​ឮ​ពី​មូលហេតុ​នៃ​ការជំទាស់​របស់​ពួកគេ ដែល​មូលហេតុ​នោះ​គឺ​បាន​យល់​ច្រឡំ​លើ​លក្ខខណ្ឌ និង​ទំនាក់ទំនង​នៅក្នុង​ពិភព​វិញ្ញាណ ឬ​នៅក្នុង​នគរ​នៃ​សិរី​ល្អ ដែល​មាន​បន្ទាប់​ពី​ការជំនុំ​ជម្រះ​ចុងក្រោយ នោះ​ថ្នាក់​ដឹកនាំ​រូប​នេះ​បាន​មាន​ប្រសាសន៍​ថា ៖ « អ្នក​ព្រួយ​ខុស​រឿង​ហើយ ។ អ្នក​គួរតែ​ព្រួយ​ថាតើ អ្នក នឹង​បាន​ទៅ​នគរ​ទាំងនោះ​ដែរ​ឬ​ទេ ។ សូម​សញ្ជឹង​គិត​ពី​រឿង​នោះ ។ បើ​អ្នក​ទៅ​ដល់​ទីនោះ នោះ​អ្វីៗ​ទាំងអស់​អស្ចារ្យ​ជាង​អ្វី​ដែល​អ្នក​អាច​នឹកគិត​ដល់ទៅ​ទៀត » ។

ឱ ! វា​ជា​ការបង្រៀន​ដ៏​លួងលោម​ម្ល៉េះ ! ចូរ​ទុកចិត្ត​លើ​ព្រះអម្ចាស់ !

តាមរយៈ​លិខិត​ដែល​ខ្ញុំ​បាន​ទទួល​នោះ ខ្ញុំ​ដឹង​ថា មាន​មនុស្ស​ផ្សេង​ទៀត​ដែល​មាន​កង្វល់​ដោយ​សំណួរ​អំពី​ពិភព​វិញ្ញាណ​ដែល​យើង​នឹង​រស់នៅ បន្ទាប់​ពី​យើង​ស្លាប់ និង​ពីមុន​យើង​រស់ឡើង​វិញ ។ អ្នក​ខ្លះ​សន្មត​ថា ពិភព​វិញ្ញាណ​នឹង​បន្ត​នូវ​កាលៈទេសៈ និង​បញ្ហា​ខាង​សាច់ឈាម​ជា​ច្រើន​នៅក្នុង​ជីវិត​រមែង​ស្លាប់​នេះ ។ តើ​យើង​ពិតជា​បាន​ដឹង​អ្វីខ្លះ អំពី​លក្ខខណ្ឌ​នៅ​ក្នុង​ពិភព​វិញ្ញាណ ? ខ្ញុំ​ជឿ​ថា អត្ថបទ​របស់​សាស្ត្រាចារ្យ​ខាង​សាសនា​នៅ ប៊ី.វ៉ាយ.យូ ស្ដី​ពី​ប្រធានបទ​នេះ​គឺ​ត្រឹមត្រូវ ៖ « ពេល​យើង​សួរ​ខ្លួន​ឯង​ពី​អ្វី​ដែល​យើង​ដឹង​អំពី​ពិភព​វិញ្ញាណ​ចេញ ពី​បទដ្ឋាន​ព្រះគម្ពីរ នោះ​ចម្លើយ​គឺ ‹ មិន​ច្រើន​ដូច​ជា​យើង​តែង​តែគិត​នោះ​ទេ › » ។

ពិតណាស់ តាមរយៈ​ព្រះគម្ពីរ​យើងដឹង​ថា បន្ទាប់​ពី​រូបកាយ​យើង​ស្លាប់​ទៅ យើង​បន្ត​រស់នៅ​ជា​វិញ្ញាណ​នៅក្នុង​ពិភព​វិញ្ញាណ ។ ព្រះគម្ពីរ​ក៏​បង្រៀន​ផងដែរ​ថា ពិភព​វិញ្ញាណ​នេះ​ត្រូវបាន​បែងចែក​រវាង​ពួកអ្នក « សុចរិត » ឬ « យុត្តិធម៌ » ពេល​នៅរស់ និង​ពួក​ទុច្ចរិត ។ បទគម្ពីរ​ក៏​ពិពណ៌នា​ផងដែរ​ពី​របៀប​ដែល​វិញ្ញាណ​ស្មោះត្រង់​បង្រៀន​ដំណឹងល្អ​ដល់​ពួក​វិញ្ញាណ​ដែល​ទុច្ចរិត ឬ​ពួក​បះបោរ ( សូមមើល ពេត្រុស ទី១ ៣:១៩; គោលលទ្ធិ និង​សេចក្ដី​សញ្ញា ១៣៨:១៩–២០, ២៩, ៣២, ៣៧ ) ។ សំខាន់​បំផុត វិវរណៈ​សម័យ​ទំនើប​បង្ហាញ​ថា កិច្ចការ​នៃ​សេចក្ដី​សង្គ្រោះ​ឆ្ពោះ​ទៅមុខ​នៅក្នុង​ពិភព​វិញ្ញាណ ( សូមមើល គោលលទ្ធិ និង​សេចក្ដី​សញ្ញា ១៣៨:៣០–៣៤, ៥៨ ) ហើយ​ទោះ​ជា​យើង​ត្រូវបាន​ជម្រុញ​មិន​ឲ្យ​ពន្យា​ពេល​នៃ​ការប្រែចិត្ត​របស់​យើង​នៅ​ក្នុង​ជីវិត​រមែង​ស្លាប់​ក្ដី ( សូមមើល អាលម៉ា ១៣:២៧ ) ក៏​យើង​ត្រូវបាន​បង្រៀន​ថា ការប្រែចិត្ត​មួយ​ចំនួន​គឺ​អាច​កើត​ឡើង​បាន​នៅ​ទីនោះ ( សូមមើល គោលលទ្ធិ និង​សេចក្ដី​សញ្ញា ១៣៨:៥៨ ) ។

កិច្ចការ​នៃ​សេចក្ដី​សង្គ្រោះ​នៅក្នុង​ពិភព​វិញ្ញាណ រួមមាន​ការដោះលែង​វិញ្ញាណ​ពី​អ្វី​ដែល​ព្រះគម្ពីរ​ពិពណ៌នា​ជាញឹកញាប់​ថា​ជា « សេវក​ភាព » ។ វិញ្ញាណ​ទាំងអស់​ក្នុង​ពិភព​វិញ្ញាណ​គឺ​ស្ថិត​នៅក្នុង​ទម្រង់​ខ្លះ​នៃ​សេវកភាព ។ វិវរណៈ​ដ៏​អស្ចារ្យ​របស់​ប្រធាន យ៉ូសែប អេហ្វ ស្ម៊ីធ ដែល​បាន​ប្រកាស​នៅក្នុង កណ្ឌ​ទី ១៣៨ នៃ គោលលទ្ធិ និង​សេចក្ដី​សញ្ញា ចែង​ថា មរណជន​សុចរិត​​ស្ថិត​នៅក្នុង​ស្ថានភាព​នៃ « សេចក្ដី​សុខសាន្ត » ( គោលលទ្ធិ និង​សេចក្ដី​សញ្ញា ១៣៨:២២ ) កាលដែល​ពួកគេ​រស់​ឡើង​វិញ​មុនគេ ( សូមមើល គោលលទ្ធិ និង​សេចក្ដី​សញ្ញា ១៣៨:១៦ ) នោះ « បាន​គិត​ថា ការ​បាត់​វិញ្ញាណ​គេ​ដ៏​យូរលង់​ពី​រូប​កាយ​គេ នោះ​ជាសេវកភាព » ( គោលលទ្ធិ និង​សេចក្ដី​សញ្ញា ១៣៨:៥០ ) ។

ពួក​ទុច្ចរិត​ក៏​រង​នូវ​សេវកភាព​មួយ​បន្ថែម​ទៀត​ផងដែរ ។ ដោយសារ​អំពើ​បាប​ដែល​មិន​បាន​ប្រែចិត្ត នោះ​ពួកគេ​នៅក្នុង​អ្វី ដែល​សាវក​ពេត្រុស​បាន​ហៅ​ថា​ជា​ពួក​វិញ្ញាណ​ដែល « ដែល​ជាប់​ឃុំ » ( ពេត្រុស ទី១ ៣:១៩ សូមមើល​ផងដែរ គោលលទ្ធិ និង​សេចក្ដី​សញ្ញា ១៣៨:៤២ ) ។ វិញ្ញាណ​ទាំងនេះ​ត្រូវបាន​ពិពណ៌នា​ថា « ​ពួក​ជាប់​ឃុំឃាំង » ឬ « ជាប់​ចំណង » ( គោលលទ្ធិ និង​សេចក្ដី​សញ្ញា ១៣៨:៣១, ៤២ ) ឬ​ថា « នឹង​ត្រូវ​បោះ​ចោល​ទៅ​ភាព​ងងឹត​ខាង​ក្រៅ » ដោយ​មាន « ការ​យំសោក ការ​ថ្ងូរ និង​ការ​សង្កៀត​ធ្មេញ » ពេល​ដែល​ពួកគេ​រង់ចាំ​ការរស់​ឡើង​វិញ និង​ការជំនុំ​ជម្រះ ( អាលម៉ា ៤០:១៣–១៤ ) ។

ការរស់​ឡើង​វិញ​សម្រាប់​វិញ្ញាណ​ទាំងអស់​នៅក្នុង​ពិភព​វិញ្ញាណ​គឺ​ត្រូវបាន​ធានា​ដោយ​ការមាន​ព្រះជន្ម​រស់​ឡើង​វិញ​របស់​ព្រះយេស៊ូវគ្រីស្ទ ( សូមមើល កូរិនថូស ទី១ ១៥:២២ ) ទោះ​យ៉ាង​ណា​វា​កើត​ឡើង​នៅក្នុង​ពេល​ខុសៗ​គ្នា​សម្រាប់​ក្រុម​ខុសៗ​គ្នា ។ រហូត​ដល់​ពេល​ដែល​បាន​រៀបចំ​នោះ អ្វី​ដែល​ព្រះគម្ពីរ​ប្រាប់​យើង​អំពី​សកម្មភាព​នៅក្នុង​ពិភព​វិញ្ញាណ​គឺ​ទាក់ទង​គោលការណ៍​នៃ​កិច្ចការ​នៃ​សេចក្ដី​សង្គ្រោះ ។ មាន​តែ​បន្តិច​ប៉ុណ្ណោះ​ដែល​ត្រូវបាន​បើក​បង្ហាញ ។ ដំណឹងល្អ​ត្រូវបាន​ប្រកាស​ដល់​ពួកល្ងង់ខ្លៅ ពួក​មិន​ប្រែចិត្ត និង​ពួកបះបោរ ដើម្បី​ឲ្យ​ពួកគេ​បាន​ដោះលែង​ពី​សេវកភាព​របស់​ពួកគេ ហើយ​ឆ្ពោះ​ទៅ​កាន់​ពរជ័យ​ដែល​ព្រះវរបិតាសួគ៌​ដ៏​ពោរពេញ​ដោយ​ក្ដី​ស្រឡាញ់​មាន​សម្រាប់​ពួកគេ ។

សាវកភាព​នៃ​ព្រលឹង​សុចរិត​ដែល​បាន​ប្រែចិត្ត​ជឿ​នៅក្នុង​ពិភព​វិញ្ញាណ​ គឺ​ពួកគេ​ត្រូវ​រង់ចាំ​ការធ្វើ​ពិធី​បរិសុទ្ធ​ជំនួស​ឲ្យ​ពួកគេ​នៅលើ​ផែនដី ដើម្បី​ឲ្យ​ពួកគេ​បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក ហើយ​រីករាយ​នឹង​ពរជ័យ​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ( សូមមើល គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣៨:៣០–៣៧, ៥៧–៥៨)។ ពិធី​បរិសុទ្ធ​ជំនួស​ទាំង​នេះ​ក៏​ឲ្យ​អំណាច​ពួកគេ​ធ្វើ​កិច្ចការ​នៅ​ក្រោម​សិទ្ធិ​អំណាច​បព្វជិតភាព​ដើម្បី​បង្កើត​ក្រុម​គ្រួសារ​នៃ​ពួក​សុចរិត​ដែល​អាច​ប្រកាស​ដំណឹងល្អ​ទៅ​កាន់​វិញ្ញាណ​នៅ​ក្នុង​ទី​ឃុំ​ឃាំងផងដែរ ។

ក្រៅ​ពី​មូលដ្ឋាន​ទាំងនេះ គោលការណ៍​ព្រះគម្ពីរ​របស់​យើង​មាន​តិចតួច​ណាស់​អំពី​ពិភព​វិញ្ញាណ​ក្រោយ​ពី​ការស្លាប់ និង​ពីមុន​ការជំនុំ​ជម្រះ​ចុងក្រោយ ។ ដូច្នេះ តើ​យើង​ដឹង​អ្វី​ខ្លះ​ទៀត​អំពី​ពិភព​វិញ្ញាណ ? សមាជិក​ជាច្រើន​នៃ​សាសនាចក្រ​បាន​មាន​ការនិមិត្ត ឬ​ការបំផុស​គំនិត​ផ្សេងៗ​ទៀត​ប្រាប់​ដល់​ពួកគេ​អំពី​របៀប​ធ្វើ និង​រៀបចំ​កិច្ចការ​នានា​នៅក្នុង​ពិភព​វិញ្ញាណ ប៉ុន្តែ​បទពិសោធន៍​ខាង​វិញ្ញាណ​ផ្ទាល់​ខ្លួន​ទាំងនេះ​គឺ​មិន​ត្រូវ​ធ្វើ​ឲ្យ​យល់ ឬ​បង្រៀន​ជា​គោលលទ្ធិ​ផ្លូវការ​របស់​សាសនាចក្រ​ឡើយ ។ ហើយ​ពិតណាស់ មាន​ការប៉ាន់ស្មាន​ច្រើន​សន្ធឹក​សន្ធាប់​ដោយ​សមាជិក និង​មនុស្ស​ផ្សេង​ទៀត​នៅក្នុង​ធនធានដែល​បាន​បោះពុម្ព​ដូច​ជា​សៀវភៅ​ទាំងឡាយ​អំពី​បទពិសោធន៍​ជិត​នឹង​ស្លាប់ ។

ចំពោះ​រឿង​ទាំងអស់​នេះ វា​សំខាន់​ណាស់​ដើម្បី​ចងចាំ​ដល់​ការរំឭក​ដ៏​ឈ្លាសវៃ​របស់ អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន និង នែល អិល អាន់ឌើរសិន នៅក្នុង​សារលិខិត​សន្និសីទ​ទូទៅ​មុនៗ ។ អែលឌើរ គ្រីស្តូហ្វឺសិន បាន​បង្រៀន​ថា « គួរ​តែ​ចងចាំថា ពុំមែន​គ្រប់​សេចក្ដី​ថ្លែងការណ៍​ដែល​អ្នកដឹកនាំ​សាសនាចក្រ​ថ្លែង​ ទាំងតាំង​ពី​អតីតកាល ឬ បច្ចុប្បន្នកាល គឺ​ជាការ​តាក់តែង​គោលលទ្ធិ​ដោយចាំបាច់​នោះទេ ។ វា​ត្រូវ​បាន​យល់​ជា​ទូទៅ​នៅ​ក្នុង​សាសនាចក្រ ថា​សេចក្ដី​ថ្លែង​មួយ ដែល​អ្នកដឹកនាំ​ម្នាក់​បាន​ថ្លែង​នៅ​ក្នុង​ឱកាសណាមួយ ជាញឹកញាប់ វា​តំណាង​ឲ្យ​គំនិត​ដែល​មាន​លក្ខណៈ​ផ្ទាល់ខ្លួន តែបានពិចារណា​យ៉ាង​ប្រុងប្រយ័ត្ន វាពុំ​មាន​ន័យ​ថា​ជា​ផ្លូវការ ឬ​សម្រាប់​សាសនាចក្រ​ទាំង​មូល​នោះទេ » ។

នៅក្នុង​សន្និសីទ​បន្ទាប់​ទៀត អែលឌើរ អាន់ឌើរសិន បាន​បង្រៀន​គោលការណ៍​នេះ​ថា « គោលលទ្ធិ​នេះ​ត្រូវបាន​បង្រៀន​ដោយ​សមាជិក​ទាំង ១៥ រូប​នៃ​គណៈប្រធាន​ទីមួយ និង​កូរ៉ុម​នៃ​ពួកដប់ពីរ​នាក់ ។ វា​មិន​បាន​លាក់​ទុក​នៅក្នុង​កថាខណ្ឌ​មិន​ច្បាស់​នៃ​ការនិយាយ​មួយ​នោះ​ទេ » ។ ការប្រកាស​អំពី​ក្រុមគ្រួសារ ដែល​ចុះ​ហត្ថលេខា​ដោយ​ព្យាការី អ្នក​មើល​ឆុត និង​អ្នក​ទទួល​វិវរណៈ ១៥ រូប គឺជា​ការបង្ហាញ​ដ៏​ប្រពៃ​អំពី​គោលការណ៍​នោះ ។

ក្រៅពី​អ្វី​ដែល​ជា​ផ្លូវការ​ដូច​ជា​ការប្រកាស​អំពី​ក្រុមគ្រួសារ ការបង្រៀន​ដែល​ពោរពេញ​ដោយ​ការព្យាករ​របស់​ប្រធាន​សាសនាចក្រ ត្រូវបាន​បញ្ជាក់​ដោយ​ពួក​ព្យាការី និង​សាវក​ផ្សេងៗ​ទៀត ក៏​ជា​ឧទាហរណ៍​មួយ​អំពី​គោលការណ៍​នេះ​ផងដែរ ។ ចំពោះ​កាលៈទេសៈ​នៅក្នុង​ពិភព​វិញ្ញាណ​វិញ ព្យាការី យ៉ូសែប ស្ម៊ីធ បាន​ផ្ដល់​ការបង្រៀន​ពីរ​ពេល​ជិត​ដល់​ចុង​បញ្ចប់​នៃ​ការងារ​បម្រើ​របស់​លោក ដែល​ជា​ញឹកញាប់​ត្រូវបាន​លើក​យក​មក​បង្រៀន​ដោយ​អ្នក​ស្នង​តំណែង​ពី​លោក ។ ការបង្រៀន​មួយ​របស់​លោក​គឺ​នៅក្នុង​ទេសនកថា​របស់ ឃីង្គ ហ្វូលេត ដែល​ថា​សមាជិក​គ្រួសារ​ដែល​សុចរិត​នឹង​នៅ​ជាមួយ​គ្នា​នៅក្នុង​ពិភព​វិញ្ញាណ ។ ការបង្រៀន​មួយ​ទៀត​គឺ​សេចក្ដី​ថ្លែង​នេះ​នៅឯ​បុណ្យសព​មួយ​នៅក្នុង​ឆ្នាំ​ចុងក្រោយ​នៃ​ជីវិត​លោក ៖ « វិញ្ញាណ​នៃ​ពួកយុត្តិធម៌​ត្រូវបាន​តម្កើង​ឡើង​ទៅ​កាន់​កិច្ចការ​ដែល​កាន់តែ​ខ្ពង់ខ្ពស់ និង​កាន់តែ​មាន​សិរីរុងរឿង … [ នៅក្នុង ] ពិភព​វិញ្ញាណ ។… ពួកគេ​នៅ​មិន​ឆ្ងាយ​ពី​យើង​ទេ ហើយ​ដឹង និង​យល់​ពី​គំនិត អារម្មណ៍ និង​សកម្មភាព​របស់​យើង ហើយ​ជា​ញឹកញាប់​ត្រូវ​ឈឺចាប់​ដោយសារ​គំនិត អារម្មណ៍ និង​សកម្មភាព​ទាំងនេះ » ។

ចុះ​សំណួរ​មួយ​ដូច​ដែល​ខ្ញុំ​បាន​លើកឡើង​ពី​ខាង​ដើម​អំពី​កន្លែង​ដែល​វិញ្ញាណ​ទាំងឡាយ​រស់នៅ​វិញ​នោះ ? ប្រសិន​បើ​សំណួរ​នោះ​ហាក់ដូច​ជា​ចម្លែក ឬ​មិន​សំខាន់​ចំពោះ​បងប្អូន​ទេ សូម​ពិចារណា​ពី​សំណួរ​ជា​ច្រើន​របស់​បងប្អូន​ផ្ទាល់ ឬ​សូម្បី​តែ​ជា​សំណួរ​ទាំងឡាយ​ដែល​បងប្អូន​ព្យាយាម​សួរ​ពី​មូលដ្ឋាន​នៃ​អ្វី​មួយ​ដែល​បងប្អូន​បាន​ឮ​ពី​នរណា​ម្នាក់​ពី​មុន​មក ។ សម្រាប់​សំណួរ​ទាំងអស់​អំពី​ពិភព​វិញ្ញាណ ខ្ញុំ​សូម​ផ្ដល់​យោបល់​ចម្លើយ​ពីរ ។ ទីមួយ ចូរ​ចងចាំ​ថា ព្រះ​ស្រឡាញ់​បុត្រា​បុត្រី​ទ្រង់ ហើយ​ពិត​ជា​នឹង​ធ្វើ​អ្វី​ដែល​ល្អ​បំផុត​សម្រាប់​យើង​ម្នាក់ៗ ។ ទីពីរ ចូរ​ចងចាំ​ពី​ការបង្រៀន​ក្នុង​គម្ពីរ​ប៊ីប​ដែល​គេ​ស្គាល់ ដែល​បាន​ជួយ​ខ្ញុំ​បំផុត​ពេល​ដោះស្រាយ​នឹង​សំណួរ​ជា​ច្រើន​ដែល​មិន​មាន​ចម្លើយ ៖

« ចូរ​ទី​ពឹង​ដល់​ព្រះយេហូវ៉ា​ឲ្យ​អស់​អំពី​ចិត្ត កុំ​ឲ្យ​ពឹងផ្អែក​លើ​យោបល់​របស់​ខ្លួន​ឡើយ ។

ត្រូវ​ឲ្យ​ទទួល​ស្គាល់​ទ្រង់​នៅ​គ្រប់​ទាំង​ផ្លូវ​ឯង​ចុះ នោះ​ទ្រង់​នឹង​តម្រង់​អស់​ទាំង​ផ្លូវ​ច្រក​របស់​ឯង » (សុភាសិត ៣:៥–៦ ) ។

ស្រដៀង​គ្នា​នេះ​ដែរ នីហ្វៃ បាន​ដាក់​បញ្ចូល​នូវ​ទំនុក​តម្កើង​ដ៏​អស្ចារ្យ​របស់​លោក ដោយ​មាន​ពាក្យ​ពេចន៍​ទាំង​នេះ​ថា « ឱព្រះអម្ចាស់អើយ ទូលបង្គំ​បាន​ទុកចិត្ត​ទៅលើ​ព្រះអង្គ ហើយទូលបង្គំនឹងទុកចិត្ត​ទៅលើ​ព្រះអង្គ​ជា​រៀងដរាប ។ ទូលបង្គំ​នឹង​មិន​ដាក់​ទី​ទុកចិត្ត​របស់​ទូលបង្គំ​ទៅ​លើ​ដៃ​នៃ​មនុស្ស​ឡើយ » ( នីហ្វៃ​ទី ២ ៤:៣៤ ) ។

យើង​ទាំងអស់​គ្នា​អាច​ឆ្ងល់​ដោយ​ខ្លួនឯង​អំពី​កាលៈទេសៈ​ទាំងឡាយ​នៅក្នុង​ពិភព​វិញ្ញាណ ឬ​សូម្បី​តែ​ពិភាក្សា​ការណ៍​ទាំងនេះ ឬ​សំណួរ​ដែល​មិន​មាន​ចម្លើយ​ផ្សេងៗ​ទៀត​នៅក្នុង​គ្រួសារ ឬ​អ្នក​ជិតដិត​ផ្សេង​ទៀត ។ ប៉ុន្តែ ចូរ​យើង​កុំ​បង្រៀន ឬ​ប្រើ​ជា​គោលលទ្ធិ​ជាផ្លូវការ​នូវ​អ្វី​ដែល​មិន​ត្រូវ​តាម​បទដ្ឋាន​របស់​គោលលទ្ធិជា​ផ្លូវការ ។ ការធ្វើ​ដូច្នោះ​មិន​ពង្រីក​ដល់​កិច្ចការ​របស់​ព្រះអម្ចាស់​នោះ​ទេ ហើយ​អាច​នឹង​បំបាក់​ទឹកចិត្ត​បុគ្គល​ទាំងឡាយ​ពី​ការស្វែងរក​ការលួងលោម ឬ​ការស្អាង​របស់​ពួកគេ​ផ្ទាល់​តាមរយៈ​វិវរណៈ​ផ្ទាល់​ខ្លួន ដែល​ផែនការ​របស់​ព្រះអម្ចាស់​ផ្ដល់​ដល់​យើង​ម្នាក់ៗ​ផង ។ ការពឹងផ្អែក​ខ្លាំងពេក​លើ​ការបង្រៀនផ្ទាល់ខ្លួន ឬ​ការប៉ាន់ស្មាន​ផ្ទាល់​ខ្លួន អាច​ទាញ​យើង​ចេញ​ពី​ការផ្តោត​អារម្មណ៍ទៅ​លើ​ការរៀនសូត្រ និង​កិច្ច​ខិតខំ​ដែល​នឹង​ ពង្រីក​ការយល់​ដឹង​របស់​យើង ហើយ​ជួយ​យើង​ដើរ​ឆ្ពោះ​ទៅមុខ​នៅលើ​ផ្លូវ​នៃ​សេចក្ដី​សញ្ញា ។

ការទុកចិត្ត​លើ​ព្រះអម្ចាស់ គឺ​ជា​ការបង្រៀន​ដែល​គេ​ស្គាល់ និង​ដ៏ពិត​មួយ​នៅ​ក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ។ នោះ​គឺជា​ការបង្រៀន​របស់ យ៉ូសែប ស្ម៊ីធ ពេល​ដែល​ពួក​បរិសុទ្ធ​ពី​ជំនាន់​ដើម​បាន​ឆ្លងកាត់​ការធ្វើ​ទុក្ខ​បុកម្នេញ​ដ៏​កាច​សាហាវ និង​ឧបសគ្គ​ដែល​ហាក់​ដូច​ជា​ពុំ​អាច​យកឈ្នះ​បាន ។ នោះ​គឺ​នៅតែ​ជា​គោលការណ៍​ដ៏​ល្អ​បំផុត​មួយ ដែល​យើង​អាច​ប្រើប្រាស់​ពេល​យើងខិតខំ​ដើម្បី​រៀនសូត្រ ឬ​ព្យាយាម​​ក្នុងស្វែងរក​ការលួងលោម ជួប​នឹង​ឧបសគ្គ​ដោយសារ​តែ​អ្វី​ដែល​មិន​ទាន់​បើក​បង្ហាញ ឬ​មិន​ទាន់​ត្រូវបាន​សម្រប​ចូល​ជា​គោលលទ្ធិ​ផ្លូវការ​របស់​សាសនាចក្រ ។

គោលការណ៍​ដដែល​នោះ​អនុវត្ត​ចំពោះ​សំណួរ​ទាំងឡាយ​ដែល​មិន​មាន​ចម្លើយ អំពី​ការផ្សារភ្ជាប់​នៅក្នុង​ជីវិត​បន្ទាប់ ឬ​ការកែតម្រូវ​ដែល​ចង់​បាន​ដោយសារ​តែ​ព្រឹត្តិការណ៍ ឬ​ការរំលង​នៅក្នុង​ជីវិត​រមែង​ស្លាប់ ។ មាន​អ្វីៗ​ជា​ច្រើន​ដែល​យើង​មិនដឹង ដែល​ការពឹងផ្អែក​តែ​មួយ​គត់​របស់​យើង គឺ​ទុកចិត្ត​លើ​ព្រះអម្ចាស់ និង​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់​ចំពោះ​បុត្រា​បុត្រី​ទ្រង់ ។

ជា​ចុងក្រោយ អ្វី​ដែល​យើង​ពិត​ជា​ដឹង​អំពី​ពិភព​វិញ្ញាណ គឺ​ថា កិច្ចការ​នៃ​សេចក្ដី​សង្គ្រោះ​របស់​ព្រះវរបិតា និង​ព្រះរាជបុត្រា​បន្តមាន​នៅ​ទីនោះ ។ ព្រះអង្គ​សង្គ្រោះ​របស់​យើង​បាន​ផ្ដួចផ្ដើម​កិច្ចការ​នៃ​ការប្រកាស​សេរីភាព​ដល់​ពួក​ជាប់ឃុំឃាំង ( សូមមើល ពេត្រុស​ទី ១ ៣:១៨–១៩, ៤:៦, គោលលទ្ធិ និង​សេចក្ដី​សញ្ញា ១៣៨:៦–១១, ១៨–២១, ២៨–៣៧ ) ហើយ​កិច្ចការ​នោះ​បន្ត កាលដែល​ពួកសារទូត​ដ៏​ស័ក្ដិសម និង​មាន​គុណសម្បត្តិ​ល្អ​បន្ត​ប្រកាស​ដំណឹងល្អ រួម​ទាំង​ការប្រែចិត្តដល់​ពួក​អ្នក​ដែល​នៅតែ​ត្រូវការ​ឥទ្ធិពល​នៃ​ការលាង​សម្អាត ( សូមមើល​គោលលទ្ធិ និង​សេចក្ដី​សញ្ញា ១៣៨:៥៧ ) ។ កម្មវត្ថុ​ទាំងអស់​នោះ​ត្រូវបាន​ពិពណ៌នា​នៅក្នុង​គោលលទ្ធិ​ផ្លូវជាការ​របស់​សាសនាចក្រ ដែល​បាន​ផ្ដល់​នៅក្នុង​វិវរណៈ​សម័យ​ទំនើប ។

« ពួក​អ្នក​ស្លាប់​ណា​ដែល​ប្រែចិត្ត នោះ​នឹង​បាន​ប្រោស​លោះ​តាមរយៈ​ការ​គោរព​តាម​ពិធី​ទាំងឡាយ​នៃ​ដំណាក់​របស់​ព្រះ

« ហើយ​បន្ទាប់​ពី​ពួកគេ​បាន​សង​ទោស​នៃ​អំពើ​រំលង​ទាំងឡាយ​របស់​ពួកគេ ហើយ​ត្រូវ​បាន​សំអាត​ឲ្យ​បាន​ស្អាត នោះ​នឹង​បាន​ទទួល​រង្វាន់​តាម​ការ​ដែល​គេ​បាន​ប្រព្រឹត្ត ព្រោះ​ពួកគេ​ជា​អ្នក​គ្រង​សេចក្ដី​សង្គ្រោះ​ទុក​ជា​មរតក » (គោលលទ្ធិ និង​សេចក្ដី​សញ្ញា ១៣៨:៥៨–៥៩) ។

កាតព្វកិច្ច​របស់​យើង​ម្នាក់ៗ គឺ​ដើម្បី​បង្រៀន​គោលលទ្ធិ​នៃ​ដំណឹងល្អ​ដែល​បាន​ស្ដារ​ឡើង​វិញ រក្សា​បទបញ្ញត្តិ ស្រឡាញ់ និង​ជួយ​គ្នា​ទៅវិញ​ទៅមក ព្រមទាំង​ធ្វើ​កិច្ចការ​នៃ​សេចក្ដី​សង្គ្រោះ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ។

ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​អំពី​សេចក្ដី​ពិត​នៃ​អ្វី​ដែល​ខ្ញុំ​បាន​និយាយ​នៅ​ទីនេះ និង​អំពី​សេចក្ដី​ពិត​ដែល​បាន​បង្រៀន និង​ត្រូវបាន​បង្រៀន​នៅក្នុង​សន្និសីទ​នេះ ។ ការណ៍​ទាំងអស់​នេះ​អាច​ធ្វើ​ទៅ​បាន ដោយសារ​ដង្វាយ​ធួន​របស់​ព្រះយេស៊ូវគ្រីស្ទ ។ ដូច​ដែល​យើង​ដឹង​ចេញពី​វិវរណៈ​សម័យ​ទំនើប​ថា ទ្រង់ « សរសើរ​តម្កើង​ព្រះ​វរបិតា ហើយ​សង្គ្រោះ​អស់​ទាំង​ការ​នៃ​ព្រះ​ហស្ត​ទ្រង់ » ( គោលលទ្ធិ និង​សេចក្ដី​សញ្ញា ៧៦:៤៣ ) ។ នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។

កំណត់​ចំណាំ

  1. « What’s on the Other Side? A Conversation with Brent L. Top on the Spirit World,» Religious Educator, វ៉ុល ១៤ លេខ ២ ( ឆ្នាំ ២០១៣ ) ទំព័រ ៤៨ ។

  2. សូមមើល Teachings of the Prophet Joseph Smith, ជម្រើសចេញពី យ៉ូសែប ហ្វីលឌីង ស្ម៊ីធ ( ១៩៧៦), ៣០៩–១០; យ៉ូសែប ស្ម៊ីធ, « Journal, December 1842–June 1844; Book 2,» ទំព័រ. ២៤៦, The Joseph Smith Papers, josephsmithpapers.org ។

  3. វិវរណៈ​ដល់ យ៉ូសែប ស៊្មីធ ដែល​ត្រូវបាន​ដកស្រង់​ជា​ញឹកញាប់​អំពី​ពិភព​វិញ្ញាណ​ថ្លែង​ថា « ទំ​នាក់​ទំនង​ដែល​មាន​នៅ​ក្នុង​ចំណោម​ពួក​យើង​នៅ​ទី​នេះ​យ៉ាង​ណា នោះ​ក៏​នឹង​មាន​នៅ​ក្នុង​ចំណោម​យើង​នៅ​ទី​នោះ​យ៉ាង​នោះ​ដែរ » ( គោលលទ្ធិ និង​សេចក្ដី​សញ្ញា ១៣០:២ ) ។ វា​ប្រហែល​ជា​ពិពណ៌នា​អំពី​នគរ​នៃ​សិរី​ល្អ ជាជាង​ពិភព​វិញ្ញាណ ដោយសារ​វា​បន្ត « គ្រាន់តែ​រួបរួម​ដោយ​សិរីល្អ​ដ៏​នៅ​អស់កល្ប​ជានិច្ច គឺជា​សិរី​ល្អ​ដែល​យើង​ពុំ​មាន​ការដកពិសោធន៍​នៅ​ពេល​ឥឡូវ​នេះ​ប៉ុណ្ណោះ » (ខ ២  ) ។

  4. ឧទាហរណ៍ ចច ជី រីតឈី Return from Tomorrow (ឆ្នាំ ១៩៧៨ ) និង រេម៉ុនដ៍ មូឌី Life after Life (ឆ្នាំ ១៩៧៥ ) ។

  5. ឌី ថត គ្រីស្តូហ្វឺសិន « The Doctrine of Christ » Liahonaខែ ឧសភា ឆ្នាំ ២០១២ ទំព័រ ៨៨ សូមមើល​ផងដែរ យ៉ូសែប អេហ្វ ស៊្មីធ Gospel Doctrine,កំណែ​ទី ៥ ( ឆ្នាំ ១៩៣៩ ) ទំព័រ ៤២ ។ ឧទាហរណ៍ សូមមើល​ការពិពណ៌នា​នៅក្នុង គោលលទ្ធិ និង​សេចក្ដី​សញ្ញា ៧៤:៥ នៃ​ការបង្រៀន​ផ្ទាល់​ខ្លួន​មួយ​ដោយ​សាវក​ប៉ុល ។

  6. នែល អិល អាន់ឌើរសិន « Trial of Your Faith » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១២ ទំព័រ ៤១ ។

  7. សូម​មើល Teachings of Presidents of the Church: Joseph Smith ( ឆ្នាំ ២០០៧ ) ទំព័រ ១៧៥ ។

  8. History of the Church ៦:៥២ រួម​មាន​នៅក្នុង Teachings of the Prophet Joseph Smith ទំព័រ ៣២៦ ត្រូវបាន​ដកស្រង់​ជា​ញឹកញាប់​ដូច​ជា​នៅក្នុង ហិនរី ប៊ី អាវរិង To Draw Closer to God ( ឆ្នាំ ១៩៩៧ ) ទំព័រ ១២២ សូមមើល​ផងដែរ Teachings of Presidents of the Church: Brigham Young( ឆ្នាំ ១៩៩៧ ) ជំពូក ៣៨ « The Spirit World » ។

  9. សូមមើល Teachings: Joseph Smithទំព័រ ២៣១–៣៣ ។