ការរក្សាសេចក្ដីសន្យា និងសេចក្ដីសញ្ញារបស់យើង
ខ្ញុំសូមអញ្ជើញបងប្អូនឲ្យពិចារណាពីសេចក្ដីសន្យា និងសេចក្ដីសញ្ញានានាដែលបងប្អូនចុះជាមួយព្រះអម្ចាស់ និងមនុស្សដទៃ ដោយភាពទៀងត្រង់ដ៏អស្ចារ្យ ដោយដឹងថា សម្ដីរបស់បងប្អូនគឺជាចំណងរបស់បងប្អូន ។
បងប្អូនប្រុសស្រី កាលយើងបញ្ចប់សម័យប្រជុំនេះ សូមឲ្យយើងម្នាក់ៗចាំក្នុងចិត្តពីសាក្សីនៃសេចក្ដីពិតនៃដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទដែលបានកើតមាននៅថ្ងៃនេះ ។ យើងមានពរ ដែលមានពេលដ៏ពិសិដ្ឋនេះរួមគ្នាដើម្បីពង្រឹងសេចក្ដីសន្យាយើងចំពោះព្រះអម្ចាស់យេស៊ូវគ្រីស្ទថា យើងគឺជាអ្នកបម្រើរបស់ទ្រង់ ហើយទ្រង់គឺជាព្រះអង្គសង្គ្រោះរបស់យើង ។
សារៈសំខាន់នៃការចុះ និងការរក្សាសេចក្ដីសន្យា និងសេចក្ដីសញ្ញានៅដិតជាប់នឹងគំនិតខ្ញុំ ។ តើវាសំខាន់ប៉ុណ្ណាចំពោះបងប្អូនដើម្បីរក្សាពាក្យសម្ដីរបស់បងប្អូន ? ឲ្យគេទុកចិត្ត ? ធ្វើអ្វីដែលបងប្អូននិយាយថា បងប្អូននឹងធ្វើ ? ខិតខំរក្សាសេចក្ដីសញ្ញាដ៏ពិសិដ្ឋរបស់បងប្អូន ? មានភាពទៀងត្រង់ ? តាមរយៈការប្រកាន់ខ្ជាប់នូវសេចក្ដីសន្យារបស់យើងចំពោះព្រះអម្ចាស់ និងមនុស្សដទៃ នោះយើងដើរលើផ្លូវសេចក្ដីសញ្ញា ត្រឡប់ទៅរកព្រះវរបិតាដែលគង់នៅស្ថានសួគ៌របស់យើងវិញ ហើយយើងស្គាល់ពីក្ដីស្រឡាញ់របស់ទ្រង់ក្នុងជីវិតយើង ។
ព្រះអង្គសង្គ្រោះរបស់យើង ព្រះយេស៊ូវគ្រីស្ទ គឺជាគំរូដ៏អស្ចារ្យរបស់យើង ពេលយើងនិយាយពីការចុះ និងការរក្សាសេចក្ដីសន្យា និងសេចក្ដីសញ្ញា ។ ទ្រង់បានយាងមកឯលោកិយ ដោយសន្យាថានឹងធ្វើតាមព្រះហឫទ័យនៃព្រះវរបិតា ។ ទ្រង់បានបង្រៀនគោលការណ៍នៃដំណឹងល្អតាមរយៈព្រះបន្ទូល និងតាមរយៈទង្វើ ។ ទ្រង់បានធ្វើដង្វាយធួនសម្រាប់អំពើបាបរបស់យើង ដើម្បីយើងអាចបានរស់ម្តងទៀត ។ ទ្រង់បានរក្សាសេចក្ដីសន្យារបស់ទ្រង់ទាំងអស់ ។
តើយើងម្នាក់ៗបានរក្សាសេចក្ដីសន្យាយើងដូចជាទ្រង់ឬទេ ? តើមានគ្រោះថ្នាក់អ្វីខ្លះ ប្រសិនបើយើងលួចបន្ដិច ភ្លាត់បន្ដិច ឬមិនសូវធ្វើតាមការតាំងចិត្តរបស់យើងនោះ ? ចុះបើយើងដើរចេញពីសេចក្តីសញ្ញារបស់យើងនោះ ? តើមនុស្សដទៃនឹង « មករកព្រះគ្រីស្ទ » ដោយសារគំរូរបស់យើងឬទេ ? តើបងប្អូនចាំពាក្យសម្ដីរបស់បងប្អូនឬទេ ? ការរក្សាសេចក្ដីសន្យាមិនមែនជាទម្លាប់ទេ វាគឺជាចរិតលក្ខណៈនៃការក្លាយជាសិស្សរបស់ព្រះយេស៊ូវគ្រីស្ទ ។
ទ្រង់ដឹងពីភាពទន់ខ្សោយរបស់យើងក្នុងជីវិតរមែងស្លាប់ បានសន្យាថា « ចូរសង្ឃឹមឡើង ហើយចូរកុំខ្លាចឡើយ ដ្បិតយើងជាព្រះអម្ចាស់គង់នៅជាមួយនឹងអ្នក » ។ ខ្ញុំដឹងពីវត្តមានរបស់ទ្រង់ ពេលខ្ញុំត្រូវការការអះអាង ការលួងលោម ការយល់ដឹង ឬកម្លាំងខាងវិញ្ញាណកាន់តែខ្លាំង ហើយខ្ញុំកាន់តែមានភាពរាបសា និងអំណរចំពោះភាពជាដៃគូដ៏ទេវភាពរបស់ទ្រង់ ។
ព្រះអម្ចាស់បានមានបន្ទូលថា « មនុស្សគ្រប់រូបដែលលះបង់ចោលអំពើបាបទាំងឡាយរបស់ខ្លួន ហើយមករកយើង ហើយអំពាវនាវដល់ព្រះនាមរបស់យើង ហើយគោរពតាមសំឡេងរបស់យើង ហើយកាន់តាមព្រះបញ្ញត្តិទាំងឡាយរបស់យើង នោះនឹងបានឃើញព្រះភក្រ្តរបស់យើង ហើយស្គាល់ថាយើងជាព្រះ » ។ នោះគឺជាការសន្យាចុងបំផុតរបស់ទ្រង់ ។
ខ្ញុំបានរៀនពីសារៈសំខាន់នៃការរក្សាពាក្យសម្ដីរបស់ខ្ញុំក្នុងយុវវ័យរបស់ខ្ញុំ ។ ឧទាហរណ៍ ពេលខ្ញុំឈរយ៉ាងត្រង់ខ្លួនសូត្រសម្បថក្រុមកាយរិទ្ធិ ។ នៅពេលនេះ ទំនាក់ទំនងរបស់យើងជាមួយនឹងក្រុមកាយរិទ្ធិអាមេរិកត្រូវបានបញ្ចប់តែវានឹងជាមរតកដ៏សំខាន់មួយចំពោះខ្ញុំ និងសាសនាចក្រនេះជានិច្ច ។ ចំពោះអង្គភាពក្រុមកាយរិទ្ធិ ចំពោះយុវជន និងយុវនារីជាច្រើនដែលបានបម្រើយ៉ាងឧស្សាហ៍ក្នុងនាមជាថ្នាក់ដឹកនាំក្រុមកាយរិទ្ធិ ចំពោះម្ដាយទាំងឡាយ—ជាអ្នកទទួលគុណសម្បត្តិពិតប្រាកដ—និងចំពោះយុវជន ដែលបានចូលរួមក្នុងក្រុមកាយរិទ្ធិ យើងសូមនិយាយថា « អរគុណ » ។
ក្នុងសម័យប្រជុំនេះ ព្យាការីជាទីស្រឡាញ់របស់យើង ប្រធាន រ័សុល អិម ណិលសុន និងអែលឌើរ ឃ្វីនធិន អិល ឃុក បានប្រកាសពីការកែសម្រួលដែលនឹងប្ដូរការផ្ដោតសំខាន់របស់យើងលើយុវវ័យ ហើយសម្របអង្គការរបស់យើងឲ្យត្រូវនឹងសេចក្ដីពិតដែលបានបើកសម្ដែង ។ លើសពីនេះ កាលពីថ្ងៃអាទិត្យមុន ប្រធាន ណិលសុន និងប្រធាន អិម. រ័សុល បាឡឺត បានពន្យល់ពីកម្មវិធីកុមារ និងយុវវ័យថ្មីរបស់សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយសម្រាប់សាសនាចក្រទាំងមូល ។ វាជាគំនិតផ្ដួចផ្ដើមទូទាំងពិភពលោក ដែលផ្ដោតលើព្រះអម្ចាស់ និងព្រះអង្គសង្គ្រោះនៃយើងគឺព្រះយេស៊ូវគ្រីស្ទ ។ គណៈប្រធានទីមួយ និងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានរួបរួមគ្នាក្នុងការដឹកនាំថ្មីនេះ ហើយខ្ញុំថ្លែងទីបន្ទាល់ផ្ទាល់ខ្លួនខ្ញុំថា ព្រះអម្ចាស់បានដឹកនាំយើងគ្រប់ជំហាននៅលើផ្លូវនេះ ។ ខ្ញុំរំភើបចំពោះកុមារ និងយុវវ័យក្នុងសាសនាចក្រ ដែលនឹងដកពិសោធន៍ការផ្ដោតសំខាន់រួមគ្នានេះ លើពួកគេទាំងនៅផ្ទះ និងនៅសាសនាចក្រ—តាមរយៈការរៀនសូត្រដំណឹងល្អ ការបម្រើ និងសកម្មភាពនានា ព្រមទាំងការអភិវឌ្ឍផ្ទាល់ខ្លួន ។
បាវចនាយុវវ័យសម្រាប់ឆ្នាំ ២០២០ ក្រោយនេះ ថ្លែងពីការសន្យាពីបុរាណរបស់នីហ្វៃឲ្យ « ទៅ ហើយធ្វើ » ។ លោកបានសរសេរថា « ហើយហេតុការណ៍បានកើតឡើងថា ខ្ញុំ នីហ្វៃ បាននិយាយទៅឪពុកខ្ញុំថា ៖ ខ្ញុំនឹងទៅ ហើយធ្វើនូវអ្វីៗ ដែលព្រះអម្ចាស់ទ្រង់បានបញ្ជា ដ្បិតខ្ញុំដឹងថា ព្រះអម្ចាស់ទ្រង់មិនចេញបញ្ជាដល់កូនចៅមនុស្សណាឡើយ លើកលែងតែទ្រង់នឹងរៀបចំផ្លូវ ដើម្បីឲ្យគេអាចសម្រេចនូវអ្វីៗ ដែលទ្រង់បានបញ្ជាដល់ពួកគេទុកជាមុនសិន » ។ ទោះបានថ្លែងជាយូរហើយក្ដី ក៏យើងរក្សាសេចក្ដីសន្យានោះនៅសព្វថ្ងៃនេះក្នុងសាសនាចក្រដែរ ។
ការ « ទៅ ហើយធ្វើ » មានន័យថា ងើបផុតពីរបៀបនៃពិភពលោកនេះ ការទទួល និងការធ្វើសកម្មភាពតាមវិវរណៈផ្ទាល់ខ្លួន ការរស់នៅដោយសុចរិតពេញដោយក្ដីសង្ឃឹម និងក្ដីជំនឿក្នុងពេលអនាគត ការចុះ និងរក្សាសេចក្ដីសញ្ញាដើម្បីធ្វើតាមព្រះយេស៊ូវគ្រីស្ទ ហើយបន្ទាប់មកបង្កើនក្ដីស្រឡាញ់របស់យើងសម្រាប់ទ្រង់ ដែលជាព្រះអង្គសង្គ្រោះនៃពិភពលោកនេះ ។
សេចក្តីសញ្ញាគឺជាការសន្យាទៅវិញទៅមករវាងយើងនឹងព្រះអម្ចាស់ ។ ក្នុងនាមជាសមាជិកសាសនាចក្រ យើងចុះសេចក្តីសញ្ញានៅពិធីបុណ្យជ្រមុជទឹកថា លើកដាក់មកលើខ្លួនយើងនូវព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ រស់នៅដូចជាទ្រង់ ។ ដូចជាអស់អ្នកដែលបានជ្រមុជទឹកនៅក្នុងទឹកមរមនដែរ យើងចុះសេចក្ដីសញ្ញាដើម្បីក្លាយជារាស្ដ្ររបស់ទ្រង់ « យល់ព្រមទទួលបន្ទុកគ្នាទៅវិញទៅមក ដើម្បីឲ្យបន្ទុកនោះបានស្រាល … ទួញយំជាមួយនឹងអ្នកណាដែលទួញយំ … កម្សាន្ដទុក្ខដល់អស់អ្នកណាដែលកំពុងត្រូវការកម្សាន្ដទុក្ខ ហើយឈរជាសាក្សីដល់ព្រះនៅគ្រប់ពេល និងគ្រប់សេចក្ដី » ។ ការផ្ដល់ការងារបម្រើរបស់យើងដល់គ្នាទៅវិញទៅមកក្នុងសាសនាចក្រ ឆ្លុះបញ្ចាំងពីការតាំងចិត្តរបស់យើងដើម្បីរក្សាការសន្យាទាំងនោះ ។
នៅពេលយើងទទួលទានសាក្រាម៉ង់ យើងរំឭកពីសេចក្ដីសញ្ញាដើម្បីលើកដាក់មកលើខ្លួនយើងនូវព្រះនាមរបស់ទ្រង់ ហើយធ្វើការសន្យាបន្ថែមទៀតដើម្បីកែលម្អ ។ គំនិត និងសកម្មភាពរបស់យើងប្រចាំថ្ងៃ មិនថាធំ ឬតូចទេ ឆ្លុះបញ្ចាំងពីការតាំងចិត្តរបស់យើងចំពោះទ្រង់ ។ សេចក្ដីសន្យាដ៏ពិសិដ្ឋរបស់ទ្រង់ចំពោះយើងវិញគឺថា « ហើយបើសិនជាអ្នករាល់គ្នាចងចាំដល់យើងជានិច្ច នោះអ្នករាល់គ្នានឹងមានព្រះវិញ្ញាណរបស់យើងនៅនឹងអ្នក » ។
សំណួរខ្ញុំនៅថ្ងៃនេះគឺថា តើយើងរក្សាសេចក្ដីសន្យា និងសេចក្ដីសញ្ញារបស់យើងឬទេ ឬវាជាការតាំងចិត្តមិនអស់ពីចិត្តពេលខ្លះ ធ្វើដោយគាប់ជួន ដូច្នេះហើយងាយនឹងមិនធ្វើតាម ? ពេលយើងនិយាយទៅកាន់នរណាម្នាក់ថា « ខ្ញុំនឹងអធិស្ឋានឲ្យអ្នក » តើយើងអធិស្ឋានមែនឬទេ ? ពេលយើងតាំងចិត្តថា « ខ្ញុំនឹងទៅជួយអ្នក » តើយើងនឹងទៅជួយដែរឬទេ ? ពេលយើងសន្យានឹងខ្លួនឯងថានឹងសងបំណុល តើយើងបង់មែនឬទេ ? ពេលយើងលើកដៃយើងគាំទ្រសមាជិកក្នុងការហៅថ្មីមួយ មានន័យថាផ្ដល់ការគាំទ្រ តើយើងគាំទ្រមែនឬទេ ?
នាល្ងាចមួយកាលខ្ញុំនៅក្មេង ម្ដាយខ្ញុំបានអង្គុយជាមួយខ្ញុំនៅចុងគ្រែគាត់ ហើយនិយាយចំៗអំពីសារៈសំខាន់ ក្នុងការរស់នៅតាមពាក្យសម្ដីនៃប្រាជ្ញាវាងវៃ ។ គាត់បាននិយាយថា « ម៉ែដឹងតាមរយៈបទពិសោធន៍របស់អ្នកដទៃជាច្រើនឆ្នាំហើយថា ការបាត់បង់ជីវភាពខាងវិញ្ញាណ និងអារម្មណ៍ដឹង គឺមកពីការមិនធ្វើតាមពាក្យសម្ដីនៃប្រាជ្ញាវាងវៃ » ។ គាត់បានមើលចំកែវភ្នែកខ្ញុំ ហើយខ្ញុំមានអារម្មណ៍ថា សម្ដីរបស់គាត់ចាក់ទម្លុះបេះដូងខ្ញុំ ៖ « សន្យានឹងម៉ែថ្ងៃនេះមក រូននី [ គាត់ហៅខ្ញុំថា រូននី ] ថាកូននឹងរស់នៅតាមពាក្យសម្ដីនៃប្រាជ្ញាវាងវៃជានិច្ច ។ ខ្ញុំបានធ្វើការសន្យានោះជាមួយគាត់យ៉ាងមុតមាំ ហើយខ្ញុំបានរក្សាវារាប់ឆ្នាំមកហើយ ។
ការប្តេជ្ញាចិត្តនោះបានជួយខ្ញុំយ៉ាងខ្លាំង នៅពេលខ្ញុំនៅជាមួយមិត្តភក្តិក្នុងយុវវ័យ និងច្រើនឆ្នាំក្រោយមក ពេលខ្ញុំធ្វើជំនួញ ដែលការផឹកស៊ីវាជារឿងធម្មតា ។ ខ្ញុំបានធ្វើការសម្រេចចិត្តជាមុន ដើម្បីធ្វើតាមច្បាប់របស់ព្រះ ហើយខ្ញុំមិនដែលបកក្រោយឡើយ ។ ព្រះអម្ចាស់បានមានបន្ទូលថា « យើងជាព្រះអម្ចាស់ជាប់សន្យា កាលណាអ្នករាល់គ្នាប្រព្រឹត្តតាមអ្វីដែលយើងមានបន្ទូល ប៉ុន្តែកាលណាអ្នករាល់គ្នា មិនប្រព្រឹត្តតាមអ្វីដែលយើងមានបន្ទូលទេ នោះអ្នករាល់គ្នាពុំមានសេចក្តីសន្យាឡើយ » ។ តើទ្រង់មានបន្ទូលអ្វី ទៅអ្នកដែលកាន់តាមពាក្យសម្ដីនៃប្រាជ្ញាវាងវៃ ? ថាយើងនឹងទទួលការសន្យាថា មានសុខភាព កម្លាំង ប្រាជ្ញា ចំណេះដឹង ហើយទេវតាមកការពារយើង ។
ច្រើនឆ្នាំកន្លងទៅ ស៊ិស្ទើរ រ៉ាសបាន និងខ្ញុំបានទៅព្រះវិហារបរិសុទ្ធសលត៍ លេក ចូលរួមការផ្សារភ្ជាប់របស់កូនស្រីយើងម្នាក់ ។ ពេលយើងឈរខាងក្រៅព្រះវិហារបរិសុទ្ធជាមួយកូនស្រីដែលមិនទាន់គ្រប់អាយុចូលរួមពិធីនេះ យើងបាននិយាយពីសារៈសំខាន់ក្នុងការផ្សារភ្ជាប់ក្នុងព្រះវិហារបរិសុទ្ធរបស់ព្រះ ។ ដូចម្ដាយខ្ញុំបានបង្រៀនខ្ញុំជាច្រើនឆ្នាំមុន យើងបាននិយាយជាមួយកូនស្រីយើងថា « យើងចង់ឲ្យកូនបានផ្សារភ្ជាប់ក្នុងព្រះវិហារបរិសុទ្ធដោយសុវត្ថិភាព ហើយយើងចង់ឲ្យកូនសន្យានឹងម៉ាក់ប៉ាថា ពេលកូនរកឃើញដៃគូដ៏អស់កល្បរបស់កូន កូននឹងណាត់គ្នាដើម្បីបានផ្សារភ្ជាប់ក្នុងព្រះវិហារបរិសុទ្ធ » ។ នាងបានសន្យានឹងយើង ។
តាំងពីនោះមក នាងបាននិយាយថា ការនិយាយរបស់យើង និងការសន្យារបស់នាងបានការពារនាង ហើយរំឭកនាងពី « អ្វីដែលសំខាន់បំផុត » ។ ក្រោយមក នាងបានចុះសេចក្ដីសញ្ញាដ៏ពិសិដ្ឋ កាលនាងបានផ្សារភ្ជាប់នឹងស្វាមីនាងក្នុងព្រះវិហារបរិសុទ្ធ ។
ប្រធានណិលសុនបានបង្រៀន ៖ « យើង … បង្កើនព្រះចេស្ដារបស់ព្រះអង្គសង្គ្រោះនៅក្នុងជីវិតរបស់យើងផងដែរ នៅពេលយើងធ្វើសេចក្ដីសញ្ញា ហើយរក្សាសេចក្ដីសញ្ញាទាំងនោះឲ្យបានជាក់លាក់ ។ សេចក្តីសញ្ញារបស់យើងចងភ្ជាប់យើងទៅនឹងទ្រង់ ហើយប្រទានដល់យើងនូវព្រះចេស្ដារបស់ព្រះ » ។
នៅពេលយើងរក្សាការសន្យាចំពោះគ្នា នោះយើងនឹងរក្សាសេចក្ដីសញ្ញាចំពោះព្រះអម្ចាស់កាន់តែខ្លាំង ។ សូមចាំដល់បន្ទូលរបស់ព្រះអម្ចាស់ ៖ « ដែលអ្នករាល់គ្នាបានធ្វើការទាំងនោះ ដល់អ្នកតូចបំផុតក្នុងពួកបងប្អូនយើងនេះ នោះឈ្មោះថា បានធ្វើដល់យើងដែរ » ។
សូមពិចារណាជាមួយខ្ញុំពីគំរូនៃសេចក្ដីសន្យាក្នុងព្រះគម្ពីរ ។ អាំម៉ូន និងបុត្រារបស់ម៉ូសាយក្នុងព្រះគម្ពីរមរមនបានប្ដេជ្ញាថានឹង « ទៅប្រកាសប្រាប់ព្រះបន្ទូលនៃព្រះ » ។ នៅពេលអាំម៉ូនត្រូវបានចាប់ដោយទ័ពសាសន៍លេមិន គាត់ត្រូវបាននាំទៅមុខស្ដេចឡាំម៉ូណៃជាសាសន៍លេមិន ។ លោកបានសន្យានឹងស្ដេចថា « ទូលបង្គំនឹងធ្វើជាអ្នកបម្រើរបស់ទ្រង់ » ។ នៅពេលចោរមកលួចចៀមរបស់ស្ដេច អាំម៉ូនបានកាត់ដៃរបស់ពួកគេ ។ ស្ដេចបានភ្ញាក់ផ្អើលយ៉ាងខ្លាំង ទ្រង់បានស្ដាប់សារលិខិតរបស់អាំម៉ូនអំពីដំណឹងល្អ ហើយបានប្រែចិត្តជឿ ។
ក្នុងព្រះគម្ពីរសញ្ញាចាស់ នាងរស់បានសន្យានឹងម្ដាយក្មេកនាងថា « ដ្បិតកន្លែងណាដែលអ្នកម្តាយអញ្ជើញទៅ នោះខ្ញុំនឹងទៅតាម » ។ នាងបានរស់នៅតាមពាក្យសន្យានាង ។ ក្នុងរឿងប្រៀបធៀបក្នុងព្រះគម្ពីរសញ្ញាចាស់ សាសន៍សាម៉ារីដ៏ល្អបានសន្យានឹងម្ចាស់ផ្ទះថា បើគាត់ថែទាំអ្នកដំណើររងរបួសនេះ « បើចួនជាអ្នកចាយលើសពីនេះទៅ នោះដល់ខ្ញុំមកវិញ ខ្ញុំនឹងសងអ្នក » ។ សូរាំក្នុងព្រះគម្ពីរមរមនបានសន្យាថា នឹងទៅទីរហោស្ថានជាមួយនីហ្វៃ និងបងប្រុសរបស់គាត់ ។ នីហ្វៃបានតំណាលថា « កាលសូរាំបានស្បថចំពោះយើងរួចស្រេចហើយ នោះសេចក្ដីខ្លាចទាំងប៉ុន្មានរបស់យើងដែលមានចំពោះគាត់ក៏បាត់អស់រលីងទៅ » ។
តើការសន្យាកាលពីបុរាណដែល« បានធ្វើដល់ពួកឪពុក »ដូចដែលបានរៀបរាប់នៅក្នុងបទគម្ពីរថា « ចិត្តនៃកូនចៅនឹងបានបង្វែរមករកពួកឪពុករបស់ពួកគេវិញ »គឺជាអ្វី ? នៅក្នុងជីវិតមុនឆាកជីវិតនេះ ពេលយើងបានជ្រើសយកផែនការរបស់ព្រះ យើងបានធ្វើការសន្យាមួយដើម្បីជួយប្រមូលអ៊ីស្រាអែលនៅផ្នែកសងខាងនៃវាំងនន ។ អែលឌើរ ចន អេ វិដសូ បានពន្យល់ច្រើនឆ្នាំកន្លងទៅថា « យើងបានចូលរួមជាដៃគូមួយរបស់ព្រះអម្ចាស់ » ។ « ពេលនោះដំណោះស្រាយចំពោះផែនការនេះមិនមែនគ្រាន់តែជាកិច្ចការរបស់ព្រះវរបិតាតែម្នាក់ និងជាកិច្ចការរបស់ព្រះអង្គសង្គ្រោះប៉ុណ្ណោះទេ ប៉ុន្ដែវាក៏ជាកិច្ចការរបស់យើងផងដែរ » ។
ប្រធានណិលសុនបានមានប្រសាសន៍ កាលលោកបានធ្វើដំណើរជុំវិញពិភពលោកថា « ការប្រមូលផ្ដុំ [ នេះ ] គឺជារឿងដ៏សំខាន់បំផុតដែលកើតឡើងនៅលើផែនដីសព្វថ្ងៃនេះ » ។ « នៅពេលយើងនិយាយអំពីការប្រមូលផ្ដុំ យើងនិយាយសាមញ្ញអំពីសេចក្ដីពិតជាមូលដ្ឋានគ្រឹះនេះ ៖ គ្រប់បុត្រាបុត្រីរបស់ព្រះវរបិតាសួគ៌យើង នៅទាំងសងខាងនៃវាំងនន ស័ក្ដិសមនឹងស្ដាប់ឮសារលិខិតនៃដំណឹងល្អដែលបានស្ដារឡើងវិញរបស់ព្រះយេស៊ូវគ្រីស្ទ » ។
ក្នុងនាមជាសាវកម្នាក់របស់ព្រះអម្ចាស់យេស៊ូវគ្រីស្ទ ខ្ញុំសូមបញ្ចប់ដោយការអញ្ជើញ និងការសន្យាមួយ ។ ការអញ្ជើញទីមួយ ៖ ខ្ញុំសូមអញ្ជើញបងប្អូនឲ្យពិចារណាពីសេចក្ដីសន្យា និងសេចក្ដីសញ្ញាដែលបងប្អូនចុះជាមួយព្រះអម្ចាស់ និងមនុស្សដទៃ ដោយភាពទៀងត្រង់ដ៏អស្ចារ្យ ដោយដឹងថា សម្ដីរបស់បងប្អូនគឺជាចំណងរបស់បងប្អូន ។ ទីពីរ ខ្ញុំសូមសន្យានឹងបងប្អូនថា កាលបងប្អូនធ្វើដូច្នេះ ព្រះអម្ចាស់នឹងស្ថាបនាពាក្យសម្ដីរបស់បងប្អូន ហើយយល់ព្រមតាមទង្វើរបស់បងប្អូន កាលបងប្អូនខិតខំដោយឧស្សាហ៍មិនហត់នឿយ ដើម្បីកសាងជីវិតបងប្អូន គ្រួសារបងប្អូន និងសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ។ បងប្អូនប្រុសស្រីជាទីស្រឡាញ់របស់ខ្ញុំ ទ្រង់នឹងគង់ជាមួយបងប្អូន ហើយបងប្អូនអាចមើលទៅមុខដោយទំនុកចិត្តថា « នឹងត្រូវបានទទួលនៅស្ថានសួគ៌ ដើម្បីឲ្យ [ បងប្អូន ] អាចរស់នៅជាមួយនឹងព្រះក្នុងស្ថានភាពសុភមង្គលដ៏មិនចេះចប់មិនចេះហើយ … ព្រោះព្រះអម្ចាស់ដ៏ជាព្រះ ទ្រង់មានព្រះបន្ទូលថាដូច្នោះ » ។
ខ្ញុំសូមថ្លែងទីបន្ទាល់ និងសន្យាអំពីកិច្ចការនេះ ក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។