សន្និសីទទូទៅ
តើ​យើង​នឹង​មិន​ទៅ​មុខ ដោយ​សារ​ចលនា​ដ៏​ធំ​មហិមា​នេះ​ឬ ?
សន្និសីទ​ទូទៅ ខែ មេសា ឆ្នាំ ២០២០


2:3

តើ​យើង​នឹង​មិន​ទៅ​មុខ ដោយ​សារ​ចលនា​ដ៏​ធំ​មហិមា​នេះ​ឬ ?

យើង​គួរ​តែ​ចងចាំ​ជានិច្ច​នូវ​តម្លៃ ដែល​យ៉ូសែប និង ហៃរ៉ុម ស៊្មីធ បាន​បង់ថ្លៃ ព្រម​ជាមួយ​នឹង​បុរស ស្ត្រី និងកុមារ​ជាច្រើន​ដទៃទៀត ក្នុង​ការ​ស្ថាបនា​សាសនាចក្រ ។

អរគុណ​ខ្លាំង​ណាស់​ប្រធាន សម្រាប់​ការ​បើក​កម្មវិធី​ដ៏​ល្អ​ដូច្នេះ ។ បងប្អូនប្រុសស្រី កាលពី ពីររយ​ដប់ប្រាំឆ្នាំ​មុន មាន​ក្មេងប្រុស​ម្នាក់​បាន​ចាប់​កំណើត​នឹង​យ៉ូសែប និង លូស៊ី ម៉ាក់ ស្ម៊ីធ នៅក្នុង​រដ្ឋ​វ័រម៉ន្ត ក្នុង​តំបន់​ដែល​ត្រូវបាន​គេ​ហៅថា អង្គគ្លេស​ថ្មី​នៅ​ភាគ​ឦសាន​នៃ​សហរដ្ឋ​អាមេរិក ។

យ៉ូសែប និង​លូស៊ី ម៉ាក់ បានជឿ​លើ​ព្រះ​យេស៊ូវ គ្រីស្ទ បានសិក្សា​ព្រះគម្ពីរ​បរិសុទ្ធ បាន​អធិស្ឋាន​ដោយ​ស្មោះសរ ហើយ​បានដើរ​ដោយសេចក្តី​ជំនឿ​លើ​ព្រះ ។

ពួកគាត់​បាន​ដាក់​ឈ្មោះ​ទារក​ដែល​ទើប​នឹង​កើត​របស់​ពួកគាត់ថា យ៉ូសែប ស្មីធ ជុញ្ញ័រ ។

ព្រិកហាំ យ៉ង់ បាន​និយាយ​ពី​ក្រុមគ្រួសារ​របស់​លោកស្ម៊ីធ ថា ៖ « ព្រះអម្ចាស់​បាន​ដាក់​ព្រះនេត្រ​របស់​ទ្រង់​ទៅ​លើ ​[យ៉ូសែប ស៊្មីធ] និង​លើ​ឪពុក​របស់​លោក និង​លើ​ជីតា​របស់​លោក និង​លើ​ជីដូន​ជីតា​របស់​ពួកលោក​រហូត​ដល់​អ័ប្រាហាំ ហើយ​ចេញពី​អ័ប្រាហាំ​ដល់​គ្រា​ទឹក​ជំនន់ ចេញពី​ទឹក​ជំនន់​ដល់​ហេណុក ហើយ​ចេញ​ពី​ហេណុក​ដល់​អ័ដាម ។ ទ្រង់​បាន​ឃ្លាំមើល​គ្រួសារ​នោះ និង​លោហិត​នោះ នៅពេល​វា​ធ្វើ​ដំណើរ​ចេញ​ពី​ប្រភព​ខ្លួន​ទៅកាន់​កំណើត​ជាមនុស្ស​នោះ ។ [ យ៉ូសែប ស៊្មីធ ] ត្រូវបាន​តែងតាំង​ជាមុន​នៅក្នុង​ភាព​អស់​កល្ប​ជានិច្ច » ។

​លោក​ជា​កូនសំណប់​នៅក្នុង​គ្រួសារ យ៉ូសែប ជុញ្ញ័រ ហើយ​មាន​ភាពស្និទ្ធស្នាល​ជាពិសេស​ជាមួយ​បងប្រុស លោក ហៃរុម ដែល​មាន​អាយុ​ជិត​ប្រាំមួយ​ឆ្នាំ​នៅពេល​យ៉ូសែប​កើត ។

នៅខែ តុលា ឆ្នាំ​មុន ខ្ញុំ​បាន​អង្គុយ​លើ​ផ្ទាំងថ្ម​មួយ​នៅក្នុង​ផ្ទះ​តូច​របស់​ស្ម៊ីធ នៅ​ភូមិ សារ៉ុន រដ្ឋ​វ័រម៉ន្ត ជាកន្លែង​ដែល​យ៉ូសែប បាន​ប្រសូត ។ ខ្ញុំ​បាន​ទទួលអារម្មណ៍​នៃ​សេចក្តីស្រឡាញ់​របស់​ហៃរុម ចំពោះ​យ៉ូសែប ហើយ​បាន​គិត​ដល់​គាត់​បី​ប្អូន​ប្រុស​ពៅ​នៅក្នុង​ដៃ​របស់​គាត់ ហើយ​បង្រៀន​យ៉ូសែប ឲ្យចេះដើរ ។

ឪពុក និង​ម្តាយ​ ស្ម៊ីធ បាន​ជួបប្រទះ​នឹង​ការលំបាក​ផ្ទាល់ខ្លួន ដែល​បង្ខំ​ពួកលោក​ឲ្យ​ផ្លាស់ប្តូរ​ក្រុមគ្រួសារ​របស់​ពួកគាត់​ជាច្រើនដង​ពីមុន​បោះបង់​ចោល​ទៅរស់​នៅ​អង់គ្លេស​ថ្មី ហើយ​ធ្វើការសម្រេចចិត្ត​ដ៏ក្លាហាន​ដើម្បី​ទៅ​កាន់តែឆ្ងាយ​នៅ​ភាគ​ខាងលិច​ក្នុង​រដ្ឋ​នូវ យ៉ោក ។

ដោយសារ​តែ​ក្រុមគ្រួសារ​មាន​សាមគ្គីភាព ពួកលោក​បាន​រួចផុត​ពី​ឧបសគ្គ​ទាំងនេះ ហើយ​ពួកគេ​បាន​ប្រឈមមុខ​នឹង​ការងារ​ក៏​គួរ​ឲ្យខ្លាច​ម្តងទៀត នៅលើ​ដីព្រៃ​មួយ​រយ​អា (០.៤ គ.ម ) នៅ​ភូមិ​ម៉ែនឆែស្ទើរ ជិត​ឃុំ​ប៉ាលម៉ៃរ៉ា ក្រុង​នូ យ៉ោក ។

ខ្ញុំ​មិនប្រាកដថា មាន​ពួកយើង​ប៉ុន្មាននាក់​ទេ ដែល​ដឹងពី​ឧបសគ្គ​ខាង​ផ្លូវកាយ ​និង​ខាង​ផ្លូវ​សតិអារម្មណ៍​ដែលចាប់​ផ្តើម​កើតមាន​ចំពោះ​ក្រុមគ្រួសារ​ស្ម៊ីធ—ឈូសឆាយដី ធ្វើចម្ការ និង​ស្រែ សង់​ផ្ទះឈើ​តូចមួយ ហើយ​ធ្វើ​រចនាសម្ព័ន្ធ​កសិកម្ម ធ្វើការ​ស៊ីឈ្នួលគេ​យក​កម្រៃ​ប្រចាំថ្ងៃ ហើយ​ធ្វើ​ផលិតផល​ផលិត​ក្នុង​ផ្ទះ​ដើម្បី​យកទៅ​លក់​នៅឯទីក្រុង ។

ដល់​ពេល​ដែល​ក្រុមគ្រួសារ​នេះ​បានមក​ដល់​ភាគខាងលិច​នៃ​រដ្ឋ​នូ យ៉ោក ក៏​មាន​ការច្របូកច្របល់​ពី​រឿង​សាសនា​ជាច្រើន—ដែល​ត្រូវបាន​គេហៅថា ការភ្ញាក់ឡើង​ដ៏ធំ​ទីពីរ ។

នៅអំឡុងពេលនេះ​នៃការជជែក​វែកញែក និង​ឈ្លោះប្រកែក​ក្នុង​ចំណោម​ក្រុម​សាសនា យ៉ូសែប បាន​ទទួល​ការនិមិត្ត​ដ៏អស្ចារ្យ​មួយ ដែល​ត្រូវ​បាន​ស្គាល់​ថាជា​ការនិមិត្ត​ដំបូង ។ យើង​មាន​ពរ​ដើម្បី​មាន​ដំណើររឿង​សំខាន់​បួន​ដែល​ខ្ញុំ​នឹង​លើក​ឡើង។

យ៉ូសែប បាន​កត់ត្រាថា ៖ « នៅ​ក្នុង​គ្រា​ដែល​មាន​សេចក្ដី​រំភើប [ ខាងសាសនា ] ដ៏​ធំ​នេះ​ហើយ ដែល​ខ្ញុំ​មាន​គំនិត​គិតពិចារណា​ដ៏​ជ្រាលជ្រៅ ហើយ​មាន​ចិត្ត​ខ្វល់​ខ្វាយ​ជា​ខ្លាំង ប៉ុន្តែ​ទោះ​ជា​ខ្ញុំ​មាន​គំនិត​គិត​ដ៏​ជ្រាលជ្រៅ ហើយ​ជួនកាល​ដ៏​ខ្លាំង​ក្លា​ក្ដី គង់តែ​ខ្ញុំ​ទុក​ខ្លួន​ឲ្យ​នៅ​ឆ្ងាយ​ពី​បក្ស​ពួក​ទាំង​ឡាយ​នេះ​ដែរ ទោះបីខ្ញុំ​បាន​ទៅ​ប្រជុំ​ជាមួយ​គេ​ច្រើន​ដង​ច្រើន​គ្រា តាម​តែ​ឱកាស​ដែល​អាច​ធ្វើ​ទៅ​បាន ។… ប៉ុន្តែ​មាន​ការ​រំជួល និង​ការ​ឈ្លោះប្រកែក​គ្នា​ជា​ខ្លាំង​ក្នុង​ចំណោម​បក្ស​ពួក​ផ្សេងៗ ដល់​ម្ល៉េះ​បាន​ជា​ពិបាក​ដល់​ជន​ដូច​រូប​ខ្ញុំ ដែល​នៅ​វ័យ​ក្មេង ហើយ​មិនសូវ​ស្គាល់​មនុស្ស និង​ដឹង​ក្ដី ឲ្យ​ចេះ​សម្រេច​ចិត្ត​ថា​នរណា​មួយ​ត្រូវ ហើយ​នរណា​មួយ​ខុស​នោះ​ឡើយ ។ »

យ៉ូសែប បានបើក​គម្ពីរ​ប៊ីប ដើម្បី​ស្វែងរក​ចម្លើយ​ចំពោះ​សំណួរ​របស់លោក​ជាច្រើន ហើយ​បាន​អានថា យ៉ាកុប ១:៥ « តែបើ​អ្នករាល់គ្នា​ណា​មួយ​ខ្វះ​ប្រាជ្ញា មាន​តែ​សូម​ដល់​ព្រះ ដែល​ទ្រង់​ប្រទាន​ដល់​មនុស្ស​ទាំងអស់​ដោយ​សទ្ធា ឥត​បន្ទោស​ផង នោះ​ទ្រង់​នឹង​ប្រទាន​ឲ្យ » ។

លោកបាន​សរសេរ ៖ « ពុំ​ដែល​មាន​បទគម្ពីរ​ណា​មួយ ដែល​មាន​ប្រសិទ្ធភាព​ទៅ​លើ​ចិត្ត​មនុស្ស ដូចជា​បទគម្ពីរ​នេះ​មាន​ប្រសិទ្ធភាព​មក​លើ​ចិត្ត​ខ្ញុំ​ឡើយ ។ មើលទៅ​ហាក់បី​ដូចជា​ចូលមក​ពេញដួងចិត្ត​ដោយ​ឥទ្ធិពល​ដ៏មហិមា ។ ខ្ញុំតែងតែ​ពិចារណាគិត​អំពីរឿងនេះ​ម្ដងហើយ​ម្ដងទៀត » ។

យ៉ូសែប ចាប់ផ្តើម​ដឹងថា ព្រះគម្ពីរ​ប៊ីប​មិនមាន​ចម្លើយ​ទាំងអស់​ចំពោះ​សំណួរ​ក្នុងជីវិត​របស់​លោក​នោះទេ ផ្ទុយទៅវិញ គម្ពីរ​នេះ​បានបង្រៀន​មនុស្ស​ប្រុសស្រី​ពីរបៀប​ដែល​ពួកគេ​អាច​ស្វែងរក​ចម្លើយ​ចំពោះ​សំណួរ​របស់​ពួកគេ​តាម​ការ​ទំនាក់ទំនង​ដោយ​ផ្ទាល់​ជាមួយ​ព្រះ​តាមរយៈ​ការអធិស្ឋាន ។

លោក​បានបន្ថែមថា ៖ « ម្ល៉ោះ​ហើយ ស្រប​តាម​បែប​នេះ គឺ​តាម​ការ​ប្ដេជ្ញា​ចិត្ត​របស់​ខ្ញុំ​ថា​នឹង​សូម​ដល់​ព្រះ ខ្ញុំ​បាន​ចូល​ទៅ​ក្នុង​ព្រៃ ដើម្បី​នឹង​បម្រុង​សូម ។ នៅ​ពេល​ព្រលឹម​នៃ​ថ្ងៃ​ដ៏​ល្អ​ភ្លឺស្វាង គឺ​នៅ​ដើម​និទាឃៈរដូវ ក្នុង​ឆ្នាំ​មួយ​ពាន់​ប្រាំបី​រយ​ម្ភៃ ។»

បន្ទាប់​ពីពេល​នោះភ្លាមៗ យ៉ូសែប បាន​និយាយថា « [ សរសរ​នៃ​ ] ពន្លឺ​នោះស្ថិត​ចំ​ពី​លើ​រូប​ខ្ញុំ ខ្ញុំ​បាន​ឃើញ​តួអង្គ​ពីរ​ដែល​មាន​រស្មី និង សិរី​រុង​រឿង​ដែល​ពុំ​អាច​ពណ៌នា​បាន​ឡើយឈរ​នៅ​អាកាស​ពី​លើ​រូប​ខ្ញុំ ។ តួអង្គ​មួយ​មាន​ព្រះបន្ទូល​មក​ខ្ញុំ ដោយ​ហៅ​ខ្ញុំ​តាម​ឈ្មោះ ហើយ​ចង្អុល​ទៅ​តួអង្គ​មួយ​ទៀត ដោយ​មាន​ព្រះបន្ទូល​ថា— [ យ៉ូសែប ] នេះ​ជា​ព្រះរាជ​បុត្រា​ដ៏​ស្ងួនភ្ងា​របស់​យើង ។ ចូរ​ស្តាប់​តាម​ទ្រង់​ចុះ ! »

រួច​ព្រះអង្គសង្រ្គោះ​ក៏​មាន​ព្រះបន្ទូល​មក​ខ្ញុំ​ថា « យ៉ូសែប បុត្រា​យើង​អើយ អំពើបាប​របស់​បុត្រ​បាន​អត់ទោស​ឲ្យ​បុត្រ​ហើយ ។ ចូរ​ដើរ​ទៅ​តាម​ផ្លូវ​បុត្រ ដើរ​តាម​ច្បាប់​របស់​យើង និង​កាន់តាម​បទបញ្ញត្តិ​របស់​យើង​ចុះ ។ មើលចុះ យើង​គឺជា​ព្រះអម្ចាស់​នៃ​សីរី​រុងរឿង ។ យើង​ត្រូវ​គេ​ឆ្កាង​ដើម្បី​លោកិយ ដើម្បី​មនុស្ស​ទាំងអស់​ដែល​ជឿ​លើ​ព្រះនាម​យើង​អាច​មាន​ជីវិត​ដ៏​អស់កល្ប​ជានិច្ច » ។

យ៉ូសែប បានបន្ថែមថា « មិនយូរ​ប៉ុន្មាន​ខ្ញុំ​ក៏​បាន​ដឹង​ខ្លួន​វិញ ដែល​អាច​និយាយបាន ខ្ញុំ​បាន​ទូល​ដល់​តួអង្គ​ពីរ​នោះ ដែល​ឈរ​នៅ​ក្នុង​ពន្លឺ ចំ​ពី​លើ​រូប​ខ្ញុំ​ថា តើ​បក្ស​ពួក​ទាំងអស់​ណាមួយ​ត្រូវ » ។

លោក​បាន​រៀបរាប់​ថា « ពួកទ្រង់​បានមាន​បន្ទូល​ប្រាប់​ខ្ញុំ​ថា និកាយ​សាសនា​ទាំងអស់​ជឿ​ទៅ​លើ​គោលលទ្ធិ​មិន​ត្រឹមត្រូវ ហើយ​គ្មាន​និកាយ​ណា​មួយ​ត្រូវបាន​ទទួលស្គាល់​ដោយ​ព្រះ​ថា​ជា​សាសនាចក្រ និង​នគរ​ទ្រង់​ឡើយ ។ ហើយ … នៅ​ក្នុង​ពេល​ដដែល​នោះ [ខ្ញុំ] បាន​ទទួល​ការ​សន្យា​មួយ​ថា ភាព​ពេញលេញ​នៃ​ដំណឹងល្អ​នឹង​ត្រូវ​បាន​ប្រាប់​ដល់​ខ្ញុំ​នៅ​ក្នុង​ពេល​អនាគត » ។១០

យ៉ូសែប ក៏បាន​លើកឡើងថា « ខ្ញុំ​បាន​ឃើញ​ពួក​ទេវតា​ជា​ច្រើន​ក្នុង​ការនិមិត្ត​នេះ » ។១១

បន្ទាប់ពី​ការនិមិត្ត​ដ៏អស្ចារ្យនេះ យ៉ុសែប បានសរសេរថា ៖ « ព្រលឹង​ខ្ញុំ​បាន​ពោរពេញ​ដោយ​សេចក្តីស្រឡាញ់ ហើយ​អស់​រយៈពេល​ជាច្រើន​ថ្ងៃ ខ្ញុំ​អាច​អររីករាយ​នឹង​ក្ដី​អំណរ​ដ៏​អស្ចារ្យ ។… ព្រះអម្ចាស់​គង់​ជាមួយ​នឹង​ខ្ញុំ » ។១២

លោក​បាន​ចេញពី​ព្រៃ​ពិសិដ្ឋ​ដើម្បី​ចាប់ផ្តើម​រៀបចំខ្លួន​ធ្វើ​ជា​ព្យាការី​របស់ព្រះ ។

យ៉ូសែប ក៏បាន​ចាប់ផ្តើម​រៀន​ពីអ្វី​ដែល​ពួកព្យាការី​ពីបុរាណ​ជួបប្រទះ​ផងដែរ—ការបដិសេធន៍ ការជំទាស់ និង​ការបៀតបៀន ។ យ៉ូសែប បានរំលឹក​ពីការ​ចែកចាយ​អ្វី​ដែល​លោក​បាន​ឃើញ ហើយ​បានឮ​ជាមួយនឹង​អាចារ្យ​ម្នាក់​ដែល​ជា​បុគ្គល​សកម្ម​នឹង​ការរស់ឡើងវិញ​នៃ​សាសនា ៖

« ខ្ញុំ​បាន​ភ្ញាក់​ផ្អើល​ជា​ខ្លាំង​ចំពោះ​អាកប្បកិរិយា​របស់​គាត់ គាត់​មិន​គ្រាន់តែ​រាប់​ថា​ពាក្យ​សំដី​ដែល​ខ្ញុំ​ជម្រាប​គាត់​នោះ​មិន​សំខាន់​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​ដោយ​ពាក្យ​មើល​ងាយ​ជា​ខ្លាំង​ថា ការ​និមិត្ត​នោះ​គឺ​សុទ្ធ​តែ​មក​ពី​អារក្ស​ទាំង​អស់ ថា​សព្វ​ថ្ងៃ​នេះ លែង​មាន​ការណ៍​អ្វី​ជា​ការ​និមិត្ត ឬ​វិវរណៈ​ហើយ ថា​ការណ៍​អស់​ទាំង​នោះ ព្រម​ទាំង​ពួក​សាវក​ផង នោះ​លែង​មាន​ហើយ ហើយ​ថា​នឹង​ពុំ​មាន​ការណ៍​អស់​ទាំង​នោះ​ទៀត​ឡើយ។

« ប៉ុន្តែ​មិន​យូរប៉ុន្មាន ខ្ញុំ​បាន​ឃើញ​ថា ក្នុង​ការ​ប្រាប់​រឿង​នោះ បាន​រំជួល​ឲ្យ​មាន​ការ​ចោទ​ប្រកាន់​មក​លើ​រូប​ខ្ញុំ​ជា​ខ្លាំង​ក្នុង​ចំណោម​ពួក​កាន់សាសនា ហើយ​ជា​បុព្វហេតុ​នៃ​កការ​បៀតបៀន​ដ៏​មហិមា ដែល​ចេះតែ​មាន​កាន់តែ​ច្រើន​ឡើងៗ… ហើយ​ការណ៍​នេះ គឺ​មាន​ទូ​ទៅ​ក្នុង​បក្ស​ពួក​ទាំង​អស់ — គេ​ទាំង​អស់​គ្នា​បាន​ព្រួត​ដៃ​គ្នា​បៀតបៀន​លើ​រូប​ខ្ញុំ » ។១៣

បីឆ្នាំ​ក្រោយមក នៅក្នុង​ឆ្នាំ ១៨២៣ ស្ថានសួគ៌​បានបើក​ម្តងទៀត ដែល​ជា​ផ្នែកមួយ​នៃ​ការបន្ត​ការស្តារឡើងវិញ​នៃ​ដំណឹងល្អ​នៃ​ព្រះ​យេស៊ូវ គ្រីស្ទ នៅក្នុង​ថ្ងៃចុងក្រោយ​នេះ ។ យ៉ូសែប បានសរសេរថា ទេវតា​មួយ​អង្គ​នាម​មរ៉ូណៃ បាន​លេចឡើង​ចំពោះលោក ហើយ​បាន​មាន​បន្ទូលថា « ថា​ព្រះ​ទ្រង់​មាន​កិច្ចការ​ឲ្យ​ខ្ញុំ​ធ្វើ… [ ហើយ​ថា ]​មាន​កគម្ពីរ​មួយ​កប់​ទុក ដែល​ឆ្លាក់​នៅ​លើ​ផ្ទាំង​មាស » ដែល​មាន « លោក​មាន​ប្រសាសន៍​ទៀត​ថា ភាព​ពោរ​ពេញ​នៃ​ដំណឹង​ល្អ​ដ៏​អស់​កល្ប… ដូច​ជា​ព្រះ​អង្គ​សង្គ្រោះ​ទ្រង់​បាន​ប្រទាន​ឲ្យ​ប្រជាជន​ជំនាន់​ដើម [ នៃ​ទ្វីបអាមេរិក] ។១៤

នៅទីបំផុត យ៉ូសែប ក៏បាន​ទទួល បានបកប្រែ ហើយ​បានបោះពុម្ព​កំណត់ត្រា​ពីបុរាណ ដែល​សព្វថ្ងៃនេះ​ត្រូវបាន​ហៅថា ព្រះគម្ពីរ​មរមន ។

បងប្រុស​របស់លោក ហៃរុម ដែល​ជា​អ្នកគាំទ្រ​លោក​ជាប្រចាំ ជាពិសេស​បន្ទាប់ពី​ការវះកាត់​ជើង​ដ៏ឈឺចាប់ គម្រាមគំហែង​ដល់ជីវិត​របស់លោក​នាឆ្នាំ ១៨១៣ គឺជា​សាក្សី​ម្នាក់​ពី​ផ្ទាំងចំណារ​មាស ។ លោក​ក៏ជា​មនុស្ស​នៅក្នុង​ចំណោម​សមាជិក​ប្រាំមួយនាក់​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ គ្រីស្ទ នៅពេល​សាសនាចក្រ​នេះ​ត្រូវបាន​កសាងឡើង​ក្នុងឆ្នាំ ១៨៣០ ។

នៅក្នុង​ជីវិត​របស់​ពួកលោក យ៉ូសែប និង​ហៃរុម បាន​ប្រឈមមុខ​នឹង​ជន​ទុច្ចរិត និង​ការបៀនបៀន​ជាមួយ​គ្នា ។ ឧទាហរណ៍ ពួកលោក​បានរស់នៅ​ក្នុងស្ថានភាព​ដ៏​អាក្រក់បំផុត​ក្នុង​គុក​លិបើធី នៅ​មិសសួរី អស់រយៈពេល​ប្រាំ​ខែ​នា​រដូវរងារ​នៃឆ្នាំ ១៨៣៨–៣៩ ។

នៅ​ខែ​មេសា ឆ្នាំ ១៨៣៩ យ៉ូសែប បាន​សរសេរ​ទៅកាន់​ភរិយា​របស់​លោក អិមម៉ា ពិពណ៌នា​អំពី​ស្ថានភាព​របស់​ពួកលោក​នៅ​ក្នុង​គុគ លីបឺធី​ថា « ខ្ញុំជឿថា ឥឡូវនេះ​ប្រហែល​ជា​ប្រាំខែ និង​ប្រាំមួយថ្ងៃ​ហើយ ចាប់តាំងពី​ខ្ញុំ​បាន​ស្ថិតនៅក្រោម​ទឹកមុខ​អាក្រក់​របស់​ពួក​សន្តិសុខ​ទាំងថ្ងៃ​ទាំងយប់ ហើយ​ខាងក្នុង​ជញ្ជាំង​ក្រវាត់ទ្វារ និង​ទ្វារដែក នៃ​គុក​កខ្វក់​ខ្មៅ​ងងឹត​ដ៏​ឯកោរ ។… យើង​នឹង​ចេញពី [ កន្លែង ] នេះ ទោះ​ជាមាន​រឿងអាក្រក់​កើតឡើង​ក្តី រឿងល្អ​នឹង​ត្រឡប់មកវិញ យើង​រីករាយ​អំពី​រឿងនេះ ។ ទោះ​ជា​មាន​រឿង​អ្វី​កើត​ឡើង​ចំពោះ​យើង​ក្ដី យើង​មិន​អាច​ចូល​ទៅ​កាន់តែ​ជ្រៅ​ជាងនេះ​ទេ ។… យើង​មិនដែល​ប្រាថ្នា​ចង់​ត្រឡប់​មក​កាន់​លីបឺធី ស្រុក​ឃ្លៃ រដ្ឋ​មិសសួរី វិញឡើយ ។ យើង​ឆ្អែត​គ្រប់គ្រាន់​ហើយ​នៅទីនេះ » ។១៥

ខណៈតទល់​នឹង​ការបៀតបៀន ហៃរុម បាន​បង្ហាញ​សេចក្តីជំនឿ​លើ​សេចក្តី​សន្យា​របស់​ព្រះអម្ចាស់ រួមទាំង​ការធានា​ថា​អាច​គេច​ចេញ​ពី​ពួក​មាសត្រូវ​របស់​ពួកគាត់ បើ​ពួកគាត់​ជ្រើសរើស​ធ្វើ​ដូច្នោះ ។ នៅក្នុង​ពរជ័យ​ដែល​ហៃរុម បាន​ទទួល​នៅក្នុង​ឆ្នាំ ១៨៣៥ នៅក្រោម​ដៃ​របស់​យ៉ូសែប ស្ម៊ីធ ព្រះអម្ចាស់​បាន​សន្យា​នឹង​លោកថា « ឯង​នឹង​បាន​អំណាច​ដើម្បី​គេចចេញ​ពី​កណ្តាប់ដៃ​របស់​មាសត្រូវ​របស់​ឯង ។ ជីវិត​របស់​ឯង​នឹង​ត្រូវ​ស្វែងរក​ដោយ​កម្លាំង​ដែល​មិនចេះ​នឿយហត់ ប៉ុន្តែ​ឯង​នឹង​អាច​ជៀសផុត​បាន ។​បើវា​ធ្វើ​ឲ្យ​ឯងរីករាយ ហើយ​ឯង​ប្រាថ្នា​ចង់បាន ឯង​នឹង​មាន​អំណាច​ពលី​ជីវិត​របស់​ឯង ដើម្បីភាព​រុងរឿង​របស់​ព្រះ »។១៦

នៅខែ មិថុនា ឆ្នាំ ១៨៤៤ ហៃរុម បាន​ត្រូវ​បង្ហាញ​ជម្រើស​ថា​ចង់រស់ ឬ​ចង់​ពលី​ជីវិត​របស់​គាត់​ដើម្បី​សិរីរុងរឿង​របស់ព្រះ និង​ដើម្បី « បិទ​ត្រា​ទី​បន្ទាល់​របស់​លោក ដោយ​លោហិត​របស់​លោក »—នៅកៀក​នឹង​ប្អូនប្រុស យ៉ូសែប​ជាទីស្រឡាញ់​របស់​លោក ។១៧

មួយសប្តាហ៍​ពីមុន​ការធ្វើដំណើរ​ផ្សងព្រេង​ទៅកាន់​ក្រុង​កាតធេច ជាកន្លែង​ដែល​ពួកលោក​ត្រូវបាន​ធ្វើឃាត​ដោយចេតនា ក្រោម​ដៃ​ពួក​មនុស្ស​អាក្រក់​ប្រដាប់​ដោយ​កាំភ្លើង ដែល​បាន​លាបមុខ​របស់ពួកគេ​ដើម្បី​ជៀសវាង​ការស្គាល់​មុខ យ៉ូសែប បាន​កត់ត្រា​ថា « ខ្ញុំ​បាន​ប្រឹក្សា​បងប្រុស ហៃរុម​របស់​ខ្ញុំ​ឲ្យ​នាំ​ក្រុម​គ្រួសារ​គាត់​ជិះទូក ហើយ​ឆ្ពោះទៅកាន់ ស៊ិនស៊ិនណាទី » ។

ខ្ញុំ​នៅតែ​មាន​អារម្មណ៍​ក្តុកក្តួល​ខ្លាំង ព្រោះ​ខ្ញុំ​ចងចាំ​ការ​ឆ្លើយតប​របស់​ហៃរុម ថា ៖ « យ៉ូសែប បង​មិនអាច​ទៅចោល​ប្អូនឡើយ ។’»១៨

ដូច្នេះ យ៉ូសែប និង​ហៃរុម បាន​ចេញទៅ​ក្រុង​កាតធេច ជាកន្លែង​ដែល​ពួកលោក​ត្រូវបាន​សម្លាប់​សម្រាប់​បុព្វហេតុ និង​ព្រះនាម​របស់​ព្រះគ្រីស្ទ ។

ការ​ប្រកាស​ជា​ផ្លូវការ​អំពី​ទុក្ករកម្ម​បាន​ចែង​ដូច​ខាង​ក្រោម ៖ « យ៉ូសែប ស៊្មីធ ជា​ព្យាការី និង​អ្នក​មើលឆុត​នៃ​ព្រះអម្ចាស់… បាន​នាំ​មក​នូវ​ព្រះគម្ពីរ​មរមន​ដែល​លោក​បាន​បកប្រែ ដោយ​អំណោយទាន និង​អំណាច​នៃ​ព្រះ, ហើយ​បាន​ធ្វើជាមាគ៌ា​​ក្នុង​ការបោះពុម្ព​ផ្សាយ​គម្ពីរ​នោះ​លើ​ទ្វីបពីរ បាន​បញ្ជូន​ភាពពេញលេញ​នៃ​ដំណឹងល្អ​ដ៏​អស់កល្បអស់កាល​ជានិច្ច ដែល​មាន​ក្នុង​គម្ពីរ​នោះ​ទៅ​ដល់​ទិស​ទាំង​បួន​នៃ​ផែនដី, បាន​នាំ​មក​នូវ​វិវរណៈ និង​ព្រះបញ្ញត្តិ​ទាំងឡាយ​ដែល​ចង​ក្រង​ធ្វើ​ជា​ព្រះគម្ពីរ គោលលទ្ធិ និង សេចក្ដីសញ្ញា​នេះ, និង​ឯកសារ និង​ការបង្គាប់​ដ៏​ប្រកប​ដោយ​ប្រាជ្ញា​វាងវៃ​ជាច្រើន​ទៀត​សម្រាប់​​ផល​ប្រយោជន៍​ដល់​កូនចៅ​មនុស្ស,​ បាន​ប្រមូល​ពួកបរិសុទ្ធ នៅ​ថ្ងៃ​ចុង​ក្រោយ​ជាច្រើន​ពាន់នាក់, បាន​តាំង​ទីក្រុង​ដ៏ធំ​មួយ, ហើយ​បាន​ទុក​ឈ្មោះ​ល្បីល្បាញ​ដែល​ពុំ​អាច​ប្រហារ​ចោល​បាន​ឡើយ ។… ហើយ​ដូចជា​អ្នកចាក់​ប្រេង​តាំង​របស់​ព្រះអម្ចាស់​នៅជំនាន់​បុរាណ​ដែរ [ យ៉ូសែប ]​ក៏បាន​បិទត្រា​បេសកកម្ម​របស់​លោក និង​កិច្ចការ​របស់​លោក​ដោយ​លោហិត​របស់​លោក​ផ្ទាល់ ក៏ដូចជា​បងប្រុស ហៃរុម របស់​លោកដែរ ។។​បើជីវិតពួក​គេ ពុំបាន​បែកបាក់ ហើយ​ក្នុង​សេចក្តីស្លាប់ ក៏ពួកគេ ពុំបាន​បែកបាក់​ដែរ !»១៩

បន្ទាប់ពី​ការធ្វើឃាត​នេះ រូបកាយ​របស់​យ៉ូសែប និង​ហៃរុម ត្រូវបាន​បញ្ជូន​ទៅកាន់ ណៅវូ វិញ ត្រូវបានលាង​សម្អាត និង​ស្លៀកពាក់​ដើម្បី​គ្រួសារ​ស្ម៊ីធ អាច​មើល​កូនៗ​ជាទីស្រឡាញ់​របស់ពួកគាត់ ។ ម្ដាយ​ដ៏​មាន​តម្លៃ​របស់​ពួកលោក​បាន​រៀបរាប់​ថា « ខ្ញុំ​បាន​រៀបចំ​ខ្លួន​ទាំង​ផ្លូវ​កាយ និង​ផ្លូវ​ចិត្ត​គ្រប់​យ៉ាង ហើយ​បាន​អំពាវ​នាវ​ទៅ​កាន់​ព្រះ​ឲ្យ​ប្រទាន​កម្លាំង​ដល់​ខ្ញុំ​ជា​យូរ​មក​ហើយ ប៉ុន្តែ​ពេល​ខ្ញុំ​បាន​ចូល​ទៅ​ក្នុង​បន្ទប់​នោះ ហើយ​បាន​ឃើញ​កូន​ប្រុស​ទាំង​ពីរ​របស់​ខ្ញុំ​ដេក​ស្លាប់​នៅ​ចំពោះ​មុខ​ខ្ញុំ ហើយ​ឮ​ការ​យំសោក​ពី​សំណាក់​គ្រួសារ​របស់​ខ្ញុំ និង​ពី …​ពួក​ភរិយា កូនៗ បងប្អូន​ប្រុស​ស្រី​របស់​ពួកគេ ខ្ញុំ​ឈឺចាប់​ខ្លាំង​ណាស់ ។ ខ្ញុំ​បាន​ស្រែក​អំពាវនាវ​ទៅ​ព្រះអម្ចាស់​ក្នុង​ទុក្ខសោក​នៃ​ព្រលឹង​ខ្ញុំ ឳ ! ព្រះអើយ ! ឳ ! ព្រះអើយ ! ហេតុអ្វី​ក៏​ទ្រង់​បោះបង់​ចោល​គ្រួសារ​នេះ ? » ២០

នៅ​គ្រា​សោកសៅ ហើយ​ឈឺចាប់​នោះ គាត់​នៅ​ចាំ​ថា​ពួក​លោក​ថ្លែង​មក​កាន់​គាត់​ថា « អ្នក​ម៉ែ សូម​កុំ​ទួញ​សោក​ចំពោះ​ពួក​យើង យើង​បាន​យក​ឈ្នះ​លើ​លោកិយ​នេះ​ដោយ​សេចក្ដី​ស្រឡាញ់​ហើយ » ។២១

ពួក​លោក​ពិត​ជា​បាន​យក​ឈ្នះ​លើ​លោកិយ​នេះ​មែន ។ យ៉ូសែប និង​ហៃ​រ៉ុម​ស្ម៊ីធ ដូច​គ្នា​នឹង​ពួក​បរិសុទ្ធ​ស្មោះត្រង់​ទាំង​នោះ​ដែល​បាន​រៀបរាប់​នៅ​ក្នុង​គម្ពីរ​វិវរណៈ​ដែរ​« បាន​ចេញ​ពី​គ្រា​វេទនា​យ៉ាង​ធំ​មក គេ​បាន​បោក​អាវ ហើយ​ធ្វើ​ឲ្យ​ឡើង​ក្នុង​ឈាម​របស់​កូន​ចៀម​[ហើយ​បាន]…​ស្ថិតនៅ​ចំពោះ​បល្ល័ង្ក​ព្រះ ព្រមទាំង​បម្រើ​ទ្រង់​នៅ​ក្នុង​ព្រះវិហារ​ទាំង​យប់​ទាំង​ថ្ងៃ ហើយ​ព្រះអង្គ​ដែល​គង់​នៅ​លើ​បល្ល័ង្ក​នោះ​ទ្រង់​ធ្វើ​ជា​ត្រសាល​បាំង​ឲ្យ​គេ ។

« គេ​នឹង​មិន​ឃ្លាន ឬ​ស្រេក​ទៀត ក៏​មិន​ត្រូវ​ថ្ងៃ​ចាំង​មក​លើ​គេ ឬ​ចំហាយ​ណា​ទៀត​ឡើយ ។

« ពី​ព្រោះ​កូន​ចៀម​ដែល​នៅ​កណ្តាល​បល្ល័ង្ក ទ្រង់​នឹង​ឃ្វាល ហើយ​នាំ​គេ​ទៅ​ដល់​រន្ធ​ទឹក​នៃ​ជីវិត ហើយ​ព្រះ​ទ្រង់​នឹង​ជូត​អស់​ទាំង​ទឹក​ភ្នែក​ពី​ភ្នែក​គេ​ចេញ » ។២២

នៅពេល​យើង​ប្រារព្ធ​ឱកាស​ដ៏រីករាយ​នេះ ការប្រារព្ធខួប​លើកទី ២០០ នៃ​ការនិមិត្ត​ដំបូង នោះ​យើង​គួរតែ​ចងចាំ​តម្លៃ​ដែល​យ៉ូសែប និង​ហៃរុម ស្ម៊ីធ បានលះបង់ ព្រម​ជាមួយ​បុរស ស្រ្តី និង​កុមារ​ដែល​ស្មោះត្រង់​ជាច្រើន​ដទៃទៀត ដើម្បី​កសាង​សាសនាចក្រ​នេះ ដើម្បី​អ្នក និង​ខ្ញុំ​អាច​រីករាយ​នូវពរជ័យ​ជាច្រើន ហើយ​អ្វីៗ​ទាំងអស់​នេះ​បាន​បើក​សម្តែង​សេចក្តីពិត​ដែល​យើង​មាន​សព្វថ្ងៃនេះ ។ សេចក្តីជំនឿ​របស់ពួកលោក​មិនគួរ​បំភ្លេច​ចោល​ឡើយ !

ជាញឹកញាប់ ខ្ញុំ​បានឆ្ងល់​ពីមូលហេតុ​ដែល យ៉ូសែប និង​ហៃរុម ហើយនឹង​ក្រុមគ្រួសារ​របស់​ពួកលោក​បាន​ទទួលរង​ទុក្ខ​ជាច្រើន ។ ប្រហែលជា​ពួកលោក​ត្រូវស្គាល់​ព្រះតាមរយៈ​ការរងទុក្ខ​របស់​ពួកលោក​តាមរបៀប​ដែលមិនអាច​កើតឡើង​ដោយគ្មាន​ការរងទុក្ខ​នេះ​ឡើយ ។ តាមរយៈ​ការរងទុក្ខ​នេះ ពួកលោក​បាន​គិត​ពី​គែតសេម៉ានី និង​ឈើឆ្កាង​នៃ​ព្រះអង្គ​សង្រ្គោះ ។ ដូច​សាវក​ប៉ុល បាន​និយាយថា « ដ្បិត​មានឱកាស​បើកឲ្យអ្នក​រាល់គ្នា ហើយមិន​មែនឲ្យគ្រាន់​តែជឿដល់​ព្រះគ្រីស្ទ តែប៉ុណ្ណោះ​ទេ​គឺឲ្យ​រងទុក្ខ​ដោយ​ព្រោះទ្រង់ដែរ » ។២៣

ពីមុន​មរណភាព​របស់​លោក​នៅក្នុង​ឆ្នាំ ១៨៤៤ យ៉ូសែប បានសរសេរ​លិខិត​ដ៏ក្លៀវ​ក្លា ទៅកាន់​ពួកបរិសុទ្ធ ។ លិខិត​នោះ​បាន​អំពាវនាវ​ឲ្យ​សកម្ម ដែល​សាសនាចក្រ​នាសព្វថ្ងៃ​នេះ​នៅបន្ត​ធ្វើ ៖

« ប្អូន​ប្រុស [ និង ប្អូនស្រី ]​តើ​យើង​នឹង​មិន​ទៅ​មុខ ដោយ​សារ​ចលនា​ដ៏​ធំ​មហិមា​នេះ​ទេ​ឬ ? ចូរ​ទៅ​មុខ ហើយ​កុំ​ថយ​ក្រោយ​ឡើយ ។ ចូរ​មាន​ចិត្ត​ក្លាហាន [ បងប្អូន​ប្រុសស្រី ] ហើយ​ចូរ​ទៅ ចូរទៅ​រក​ជ័យជម្នះ !…

« … ចូរ​យើង​ថ្វាយ​ដង្វាយ​ដល់​ព្រះអម្ចាស់ ដោយ​សេចក្ដី​សុចរិត ក្នុង​នាម​ជា​សាសនាចក្រ ហើយ​ប្រជារាស្ត្រ ហើយ​ជា​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​ » ។ ២៤

នៅពេល​យើង​ស្តាប់​តាម​ព្រះវិញ្ញាណ​នៅអំឡុង​ពិធីប្រារព្ធ​ខួប​លើកទី ២០០ នៅ​ចុងសប្តាហ៍​នេះ សូម​ពិចារណា​ពី​អ្វី​ដែល​អ្នកនឹង​ថ្វាយ​ដល់​ព្រះអម្ចាស់​នៅក្នុង​សេចក្តីសុចរិត​នៅថ្ងៃខាងមុខ ។ សូម​មានចិត្ត​ក្លាហាន—ចែកចាយ​វាជាមួយ​នរណា​ម្នាក់​ដែល​អ្នក​ទុកចិត្ត ហើយ​អ្វី​ដែល​សំខាន់បំផុត សូមចំណាយពេល​ដើម្បី​ធ្វើវា !

ខ្ញុំ​ដឹងថា ព្រះអង្គ​សង្រ្គោះ​សព្វព្រះទ័យ នៅពេល​យើង​ថ្វាយទ្រង់​នូវ​ដង្វាយ​ចេញ​ពី​ចិត្ត​របស់យើង​នៅក្នុង​សេចក្តី​សុចរិត ដូចដែល​ទ្រង់​សព្វព្រះទ័យ​ជាមួយ​នឹង​ដង្វាយ​ស្មោះត្រង់​នៃ​បងប្រុស​ដ៏អស្ចារ្យ យ៉ូសែប និង​ហៃរុម ស្ម៊ីធ និង​ពួកបរិសុទ្ធ​ដទៃ​ទៀត​ផងដែរ ។ អំពី​ការណ៍នេះ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​យ៉ាង​ម៉ឹងម៉ាត់​នៅក្នុង​ព្រះនាម​ដ៏ពិសិដ្ឋ និង​បរិសុទ្ធ​នៃ​ព្រះអម្ចាស់​ព្រះយេស៊ូវ គ្រីស្ទ​របស់​យើង អាម៉ែន ។