សន្និសីទទូទៅ
សាក្សីនៅរស់នៃព្រះគ្រីស្ទដ៍មានព្រះជន្មរស់
សន្និសីទ​ទូទៅ ខែ មេសា ឆ្នាំ ២០២០


2:3

សាក្សីនៅរស់នៃព្រះគ្រីស្ទដ៍មានព្រះជន្មរស់

សារដ៏​សំខាន់ នៃ ព្រះគម្ពីរមរមន គឺ ដើម្បី​ស្តារ​ចំណេះដឹង​ពិត អំពី តួនាទីដ៏​សំខាន់​របស់ ព្រះយេស៊ូវ​គ្រីស្ទ​ក្នុង​ការសង្រ្គោះ និង​ការលើកតម្កើង របស់ មនុស្ស លោក ។

នៅថ្ងៃនិទាឃរដូវមួយ ដែល​បើក​ថ្ងៃ​ល្អ​​ក្នុង​ឆ្នាំ​ ២០១៧ មានការបើកសម្ពោធ​ព្រះវិហារបរិសុទ្ធ​បារីស ​ប្រទេសបារាំង​ កំពុងតែដំណើរការយ៉ាងល្អ ពេល​បុរស​ម្នាក់​បាន​មក​ជួប​នឹង​​មគ្គុទេស​ទេសចរណ៍​ម្នាក់​ដោយ មានទឹកមុខក្រៀមក្រំ ។ គាត់បាន​​និយាយថា​ គាត់​រស់នៅ​ក្បែរ​ព្រះវិហារ​បរិសុទ្ធ ហើយបានសារភាពថា គាត់​ជា​អ្នកប្រឆាំងយ៉ាងសកម្មចំពោះសំណង់មួយនេះ ។ គាត់បានប្រាប់ថា​​ នៅ​ថ្ងៃមួយ​ពេល​គាត់​កំពុងសំឡឹង​ទៅក្រៅបង្អួច​​ផ្ទះល្វែង​របស់​គាត់ គាត់​បាន​ឃើញ​ឡាន​ស្ទួច​កំពុង​ដាក់​រូប​សំណាក​ព្រះយេស៊ូវចុះ​ពីលើមេឃ ហើយដាក់​វា​ថ្នមៗ​ទៅ​លើ​ទីធ្លា​ព្រះវិហារ​បរិសុទ្ធ ។ បុរស នោះ បាន​និយាយ ថា បទពិសោធន៏នេះ បាន ផ្លាស់ប្តូរ អារម្មណ៍ របស់ គាត់ ចំពោះ​សាសនាចក្រ​របស់​យើង​ទាំង​ស្រុង ។ គាត់​បាន​ដឹង​ថា យើង​ជា​អ្នកដើរ​តាម​ព្រះយេស៊ូវគ្រីស្ទ ហើយ​បាន​សុំ​អភ័យទោស​ចំពោះ​ការធ្វើ​ទុក្ខទោស​ដែល​គាត់​បាន​បង្ក​ពី​មុន ។

រូបសំណាក​ដាក់​ប៉ារីស​ប្រទេស​បារាំង<nb/>។

រូបសំណាក​ព្រះគ្រីស្ទ ដែល​លម្អ​ទីធ្លា​ព្រះវិហារ​បរិសុទ្ធ​ ប៉ារីស និង​កម្មសិទ្ធិ​ផ្សេងៗ​ទៀត​របស់​ព្រះវិហារ ថ្លែង​ទីបន្ទាល់​ពី​សេចក្តី​ស្រលាញ់​របស់យើងចំពោះ ​ព្រះអង្គ​សង្ក្រោះ ។ រូបចម្លាក់​ថ្មម៉ាបដើម​គឺជា​ស្នាដៃរបស់វិចិត្រករ ​ដាណឺម៉ាក​ឈ្មោះ​ បឺតថុល ធើវ៉ុលសិន ដែល​បាន​ឆ្លាក់​រូប​នេះ​នៅឆ្នាំ១៨២០​​—ឆ្នាំ​ដូចគ្នានឹងការនិមិត្ត​ដំបូងដែរ ។ រូបសំណាកនេះ​មានលក្ខណៈ ​ផ្ទុយស្រឡះ​ពី​ការបង្ហាញ​សិល្បៈ​ភាគច្រើននៅសម័យនោះ ដែល​ភាគ​ច្រើនបង្ហាញពីការរងទុក្ខរបស់ព្រះគ្រីស្ទនៅលើឈើឆ្កាង ។ កិច្ចការរបស់ធើវ៉ុលសិនបង្ហាញពីព្រះគ្រីស្ទដ៏​មានព្រះជន្មដែល​ទទួលបាន​ជ័យជំនះ​លើ​សេចក្តី​ស្លាប់ ហើយបើក​ព្រះហស្ដ​​អញ្ជើញ​មនុស្សទាំងអស់ ​ឲ្យមករកទ្រង់ ។ មានតែស្នាមដែកគោលនៅក្នុងព្រះហស្ត​ និង​ព្រះបាតទា ហើយនឹងស្នាមរបួសនៅ ​ចំហៀង​​ព្រះកាយ​ទ្រង់ប៉ុណ្ណោះ ដែល​បាន​ផ្តល់​ជា​សក្ខីភាពអំពីការឈឺចាប់​ដ៏​មិន​អាច​រៀបរាប់​បាន ដែលទ្រង់បាន ស៊ូទ្រាំ​ដើម្បី​សង្គ្រោះ​មនុស្សជាតិទាំងអស់ ។

ព្រះហស្ត​របស់​ព្រះអង្គសង្គ្រោះ​ដូច​ដែល​បាន​បង្ហាញ​នៅ​ក្នុង​រូបព្រះគ្រីស្ទ

មូលហេតុមួយដែលយើងជាសមាជិកនៃសាសនាចក្រព្រះយេស៊ូគ្រីស្ទនៃពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​ស្រលាញ់រូបចម្លាក់នេះ គឺ​ប្រហែល​ជា​វារំឭកយើងពីការពិពណ៌នាដែលមាន​នៅ​ក្នុងព្រះគម្ពីមរមនអំពីព្រះបង្ហាញ​ព្រះកាយ​របស់ព្រះអង្គសង្រ្គោះនៅលើទ្វីបអាមេរិក ៖

ព្រះយេស៊ូវគ្រីស្ទ​យាង​ទៅ​​ទ្វីប​អាមេរិក

« ហើយ​មើល​ចុះ គេ​​បាន​ឃើញ​បុរស​ម្នាក់​យាង​ចុះ​មក​ពី​លើ​មេឃ ហើយ​ទ្រង់​ពាក់អាវ​វែង​ពណ៌​ស ហើយ​ទ្រង់​យាង​ចុះ​មក​ឈរ​នៅ​កណ្ដាល​ពួក​គេ …

« ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ព្រះ​អង្គ​ទ្រង់​ហុច​ព្រះ​ហស្ត​ទ្រង់​ទៅ​មុខ ហើយ​មាន​ព្រះ​បន្ទូល​ទៅ​កាន់​ប្រជាជន​ថា ៖

« មើល​ចុះ យើង​គឺ​ព្រះ​យេស៊ូវ​គ្រីស្ទ​…

« …​ហើយ​យើង​បាន​ផឹក​នូវ​ពែង​ល្វីង ដែល​ព្រះ​វរបិតា​បាន​ប្រគល់​ដល់​យើង ហើយ​បាន​តម្កើង​ព្រះ​វរបិតា​ដោយ​បាន​ទទួល​មក​ដាក់​លើ​ខ្លួន​នូវ​បាប​ទាំង​ឡាយ​នៃ​មនុស្ស​លោក » ។

បន្ទាប់មកទ្រង់បានអញ្ជើញ​ឲ្យមនុស្សគ្រប់គ្នា ទាំង​ប្រុស ស្រី និង​​កូនក្មេង​ឲ្យចេញមក ដាក់ដៃ​របស់​ពួកគេ​លើ​ចំហៀង​ព្រះកាយ​ទ្រង់ ហើយ​ស្ទាប​ស្នាម​ដែកគោលនៅលើព្រះហស្ត និង​ព្រះបាតទា​របស់​ទ្រង់ ដើម្បី​ទទួល​បាន​សាក្សី​ផ្ទាល់ខ្លួន​ថា ទ្រង់​ពិត​ជាព្រះមែស៊ី​ដែល​រង់ចាំ​ជាយូរ​មក​ហើយ ។

ឈុត​ឆាក​ដ៍​ពិសេស​នេះ​គឺ​ជា​កម្រិត​ខ្ពស់​បំផុត​នៃ​ព្រះគម្ពីរ​មរមន ។ « ដំណឹងល្អ » ទាំងស្រុង​នៃ​ដំណឹងល្អ​មាន​នៅ​ក្នុងរូបភាព​ព្រះអង្គសង្រ្កោះ​នេះ ដែល​លាត « ព្រះពាហុ​នៃ​សេចក្ដី​មេត្តាករុណា »របស់​ទ្រង់​ដោយ​ទន់ភ្លន់ ដើម្បីអញ្ជើញបុគ្គល​ម្នាក់ៗ ឲ្យមករកទ្រង់ ហើយ​ទទួល​ពរជ័យ​នៃ​ដង្វាយធួន​របស់ទ្រង់ ។

សារដ៏​សំខាន់នៃព្រះគម្ពីរមរមនគឺ ដើម្បី​ស្តារ​ចំណេះដឹង​ពិតអំពីតួនាទីដ៏​សំខាន់​របស់ ព្រះយេស៊ូវ​គ្រីស្ទ​ក្នុង​ការសង្រ្គោះ និង​ការលើក​តម្កើងរបស់មនុស្សលោក ។ ប្រធានបទនេះ​​​បន្ទរ​ឡើង​តាំង​ពីទំព័រ​បុព្វកថា​ទៅដល់​ពាក្យ​ចុង​ក្រោយ​​គេនៃជំពូកចុងក្រោយ ។ តាមរយៈការក្បត់សាសនា និង​ការភាន់ច្រលំ​ខាង​វិញ្ញាណ​អស់​ជាច្រើនសតវត្សរ៍​ នោះ​អត្ថន័យ​ដ៍​ជ្រាលជ្រៅនៃអ្វី​ដែល​ព្រះគ្រីស្ទ​បានធ្វើ​នៅឯ​​សួនច្បារ​គេតសេម៉ានី​ និង​នៅលើ​ភ្នំ​លលាដ៍​ក្បាល​បានបាត់បង់​និង​ខូចអស់ ។ យ៉ូសែប​ ស្មីធ​ប្រាកដ​ជា​រំភើបចិត្ត​ខ្លាំង​ណាស់ ពេល​​លោក​បាន​​បកប្រែ​នីហ្វៃទី១​ ហើយ​​បាន​រកឃើញ​ការសន្យា​ដ៍​អស្ចារ្យមួយនេះ ​៖ «​ បញ្ជី [ ព្រះគម្ពីរ​មរមន ] …​នឹង​តាំង​នូវ​សេចក្ដី​ពិត​អំពី​បញ្ជី​​មុន [ ព្រះគម្ពីរ​ប៊ីប ] … ហើយ​នឹង​បង្ហាញ​ឲ្យ​ដឹង​សេចក្ដី​ដ៏​ច្បាស់ និង​ពិសេសៗ ដែល​បាន​ដក​យក​ពី​បញ្ជី​ទាំង​នោះ ហើយ​នឹង​បង្ហាញ​ដល់​គ្រប់​ទាំង​ពូជ​មនុស្ស គ្រប់​ភាសា និង​គ្រប់​ទាំង​ប្រជាជន​ឲ្យ​ដឹង​ថា កូន​ចៀម​នៃ​ព្រះ​គឺ​ជា​ព្រះ​រាជ​បុត្រា​នៃ​ព្រះ​វរបិតា​ដ៏​នៅ​អស់​កល្ប​ជានិច្ច ហើយ​គឺជា​ព្រះ​អង្គ​សង្គ្រោះ​នៃ​ពិភពលោក ហើយ​ថា មនុស្ស​ទាំង​អស់​ត្រូវ​តែ​មក​រ​ក​ព្រះ​អង្គ បើ​ពុំ​នោះ​សោត​ទេ ពួក​គេ​នឹង​ពុំ​បាន​សង្គ្រោះ​ឡើយ » ។

សេចក្តីពិតដ៍សាមញ្ញ ​និងមានតម្លៃអំពី​ដង្វាយ​ធួនរបស់ព្រះអង្គសង្រ្គោះ​មាន​ពេញ​ទាំង​ព្រះគម្ពីរ​មរមន ។ កាល​ខ្ញុំ​រៀបរាប់​ពី​សេចក្ដី​ពិត​​ទាំងនេះ​មួយចំនួន​ ខ្ញុំសូមអញ្ជើញបងប្អូន​ឲ្យ​គិតអំពី​របៀបដែលវាបានផ្លាស់ប្តូរ ឬ​អាច​ផ្លាស់ប្តូរជីវិត​របស់​បងប្អូន​បាន ។

  1. ដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ​គឺជា​អំណោយ​មិនគិតថ្លៃដែលផ្តល់ឲ្យមនុស្ស​លោក​ទាំង​អស់ដែល​បាន​​​រស់នៅ ដែល​កំពុង​រស់នៅ​ និង​អ្នក​ដែល​នឹង​រស់នៅ​លើផែនដីនេះ ។

  2. បន្ថែម​លើ​ការរែក​បន្ទុក​អំពើ​បាប​របស់​យើង​ព្រះគ្រីស្ទ​បាន​លើក​ដាក់​មក​លើ​ព្រះអង្គ​ទ្រង់​នូវ​ទុក្ខព្រួយ ជំងឺ ការរងទុក្ខ ការឈឺចាប់​និង​ទុក្ខវេទនា​ទាំងអស់​ដែល​កើត​មាន​នៅ​ក្នុង​ស្ថានភាព​រមែង​ស្លាប់​របស់​មនុស្ស​លោក ។ គ្មាន​ការថប់បារម្ភ ការឈឺចាប់ ឬ​ទុក្ខព្រួយ​ណា​ដែល​ទ្រង់​មិន​បាន​រងទុក្ខ​សម្រាប់​យើង​នោះ​ទេ ។​

  3. ពលិកម្មដ៏​ធួនរបស់ព្រះអង្គសង្រ្គោះអនុញ្ញាតឲ្យយើង​យកឈ្នះលើ​លទ្ធផល​អវិជ្ជមាននៃ​ការធ្លាក់​ចុះរបស់អ័ដាម ដែល​រួមមាន​ទាំង​ការស្លាប់​ខាងរូបកាយផងដែរ ។ ដោយសារ​តែ​ព្រះគ្រីស្ទ នោះ​បុត្រា​បុត្រី​របស់​ព្រះ​ទាំង​អស់​ដែល​កើត​នៅ​លើ​ផែនដី​នេះ ដោយ​មិន​គិតពីសេចក្តីសុចរិត​របស់​ពួកគេ នោះ​ពួកគេ​នឹង​មាន​បទពិសោធន៏​នៃ​ការរួបរួម​ឡើង​វិញ​នៃ​វិញ្ញាណ និង​រូបកាយ​របស់​ពួកគេ​តាមរយៈ​អំណាច​នៃ​ការរស់​ឡើង​វិញហើយ​ត្រឡប់​ទៅរក​ទ្រង់​វិញ « ដើម្បី​បាន​កាត់សេចក្ដី​តាម​កិច្ចការ​ដែល​ពួកគេ​បាន​ធ្វើ » ។

  4. ផ្ទុយទៅវិញ ការទទួល​ពរជ័យ​ដ៏​ពេញលេញ​ពី​ដង្វាយ​ធួន​របស់​ព្រះអង្គ​សង្រ្គោះ​គឺ​ផ្អែក​ទៅលើ​ការព្យាយាម​របស់យើង ក្នុង​ការរស់នៅតាម « គោលលទ្ធិ​នៃព្រះគ្រីស្ទ » ។១០ នៅក្នុងសុបិន​របស់​លោក លីហៃ​បានឃើញ « ផ្លូវ​មួយ​តូច ហើយ​ចង្អៀត »១១ ដែលនាំទៅរកដើមនៃជីវិត ។ ផ្លែរបស់វា​ ដែលតំណាងឲ្យសេចក្តីស្រឡាញ់របស់ព្រះ ដូច​បានបង្ហាញ​តាមរយៈ​ពរជ័យ​ដ៏​ល្អ​ឯក​​នៃដង្វាយធួនរបស់ព្រះគ្រីស្ទ « មាន​ផ្លែ​ដ៏​ពិសេស ហើយគួរ​ឲ្យ​ប្រាថ្នា​ជាង​ផ្លែ​ណាៗ​ទាំង​អស់ … [ ហើយ ] គឺ​ជា​អំណោយទាន​ដ៏​មហិមា​បំផុត​នៃ​ព្រះ » ។១២ ដើម្បីទទួលបានផ្លែឈើនេះ យើង​ត្រូវ​អនុវត្ត​សេចក្តី​ជំនឿ​ទៅលើព្រះយេស៊ូវគ្រីស្ទ ប្រែចិត្ត « ប្រុង​ស្ដាប់​តាម​ព្រះ​បន្ទូល​នៃ​ព្រះ »១៣ ទទួល​ពិធីបរិសុទ្ធ​សំខាន់ៗ និង​រក្សា​សេចក្តីសញ្ញា​ដ៏​ពិសិដ្ឋ​រហូតដល់​ចុងបញ្ចប់នៃជីវិតរបស់យើង ។១៤

  5. តាម​រយៈ​ដង្វាយធួន​របស់​ទ្រង់ ព្រះយេស៊ូវគ្រីស្ទ​មិន​គ្រាន់តែ​លាង​សម្អាត​បាបកម្ម​របស់​យើង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ទ្រង់​ក៍​ផ្តល់នូវ​អំណាច​ដែល​អាច​ធ្វើឲ្យ​សិស្ស​ទ្រង់​អាច « [ សម្រាត ] ភាពខាង​សាច់ឈាម​ចេញ »១៥រីកចម្រើន​ឡើង « មួយ​បន្ទាត់​ម្ដងៗ »១៦ហើយ​បង្កើន​បរិសុទ្ធភាព១៧ដើម្បី​ថ្ងៃ​ណាមួយ​ពួកគេ​អាច​ក្លាយ​ទៅជា​បុគ្គល​ឥតខ្ចោះ ដែល​មាន​លក្ខណៈ​ដូចជា​ព្រះគ្រីស្ទ ១៨មាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់​ដើម្បី​រស់នៅ​ជាមួយ​ព្រះ​ម្ដងទៀត១៩ហើយ​ទទួល​បាន​ពរជ័យ​ទាំងអស់​នៃ​នគរ​ស្ថានសួគ៍ ។២០

សេចក្តីពិត​លួងលោម​មួយ​ទៀត​ដែល​មាន​នៅ​ក្នុងព្រះគម្ពី​រ​មរមននោះគឺ​ថា​ទោះបី​ជា​ដង្វាយធួន​មាន​ភាព​និរន្តរ៍ និង​ធំ​ទូលាយ​យ៉ាង​ណាក៏​ដោយ​ ក៏​ដង្វាយធួន​របស់​ព្រះអម្ចាស់​គឺជា​អំណោយទាន​ផ្ទាល់ខ្លួន និង​​ជិតដិត​យ៉ាង​ខ្លាំង​មួយ ដែល​សមនឹងយើងម្នាក់ៗ ។២១ ដូច​ព្រះយេស៊ូវ​បាន​អញ្ជើញ​សិស្ស​សាសន៍​នីហ្វៃ​ម្នាក់ៗ​ឲ្យ​ស្ទាបស្នាម​របួស​របស់​ទ្រង់​ដែរ ទ្រង់​បាន​សុគត​សម្រាប់​យើង​ម្នាក់ៗ​ដោយ​ផ្ទាល់ ហាក់​ដូចជា​បងប្អូន ឬ​ខ្ញុំជា​មនុស្ស​តែ​ម្នាក់​គត់​នៅ​លើ​ផែនដី​នេះ ។ ទ្រង់​បាន​អញ្ជើញ​យើង​ដោយ​ផ្ទាល់​ឲ្យ​មក​រក​ទ្រង់​ហើយ​ទទួល​បាន​ពរជ័យ​ដ៍​អស្ចារ្យ​នៃ​ដង្វាយធួន​របស់ទ្រង់ ។២២

លក្ខណៈផ្ទាល់ខ្លួននៃដង្វាយធួនរបស់ព្រះគ្រីស្ទកាន់តែមានភាពប្រាកដប្រជា នៅពេល​យើង​ពិចារណា​ពី​គំរូដ៍គួរឲ្យកត់សម្គាល់​ របស់​បុរស និង​ស្រ្តី​នៅក្នុង​ព្រះគម្ពីរ​មរមន ។ នៅក្នុងចំណោមពួកគេមាន​ អេណុស អាលម៉ា ស៊ីអែសរ៉ុម ស្តេចឡាម៉ូណៃ ​​និង​ភរិយា​របស់​ទ្រង់ ព្រមទាំង​ប្រជាជន​របស់​សេ្តច​បេនយ៉ាមីន ។ រឿង​រ៉ាវ​នៃ​ការប្រែចិត្តជឿ និង​ទីបន្ទាល់​ដ៍រស់​រវើក​របស់​ពួកគេ​ផ្តល់​នូវ​សក្ខីភាព​ដ៍រស់រវើក​ពី​របៀប ដែល​ដួងចិត្ត​របស់​យើង​អាច​ត្រូវ​បាន​ផ្លាស់ប្តូរ​ហើយ​ជីវិត​យើង​ត្រូវបាន​ផ្លាស់ប្តូរ​តាមរយៈ​សេចក្តីល្អ​សប្បុរស និង​មេត្តា​ករុណា​ដ៍គ្មាន​ទីបញ្ចប់​របស់​ព្រះអម្ចាស់ ។២៣

ព្យាការី​អាល់ម៉ា​បាន​សួរ​សំណួរ​ដ៏​ឆេះឈួល​នេះ​ទៅ​ប្រជាជន​លោក លោក​បានមាន​ប្រសាសន៍​ថា ៖ « បើ​សិន​ជា​អ្នក​រាល់​គ្នា​បាន​ស្គាល់​ការ​ផ្លាស់​ប្ដូរ​នៅ​ក្នុង​ដួង​ចិត្ត​អ្នក ហើយ​បើ​សិន​ជា​អ្នក​រាល់​គ្នា​បាន​ចាប់​អារម្មណ៍​ចង់​ច្រៀង​នូវ​ចម្រៀង​នៃ​សេចក្ដី​ស្រឡាញ់​ដែល​ប្រោស​លោះ ខ្ញុំ​សូម​សួរ​ថា តើ​អ្នក​រាល់​គ្នាអាច​ចាប់​អារម្មណ៍​យ៉ាង​នេះ​ ឥឡូវទេ ? »២៤សំណួរនេះ​​សំខាន់​ណាស់​សព្វថ្ងៃនេះ ពីព្រោះ​ក្នុងនាមជា​សិស្ស​របស់​ព្រះអម្ចាស់​ អំណាច​ប្រោសលោះរបស់ទ្រង់​គួរតែ​រួមដំណើរ​ជាមួយយើង លើក​ទឹកចិត្ត​យើង និង​ផ្លាស់ប្តូរ​យើង​ម្នាក់ៗ​រៀងរាល់ថ្ងៃ ។

សំណួរ​របស់​អាលម៉ា​ក៍​អាច​ត្រូវ​បាន​គេ​សួរ​ឡើង​វិញ​ដែរ​ថា តើ​បងប្អូន​បាន​ទទួល​ឥទ្ធិពល​ដ៏​ផ្អែមល្ហែម​ពី​ដង្វាយធួន​របស់​ព្រះអង្គ​សង្រ្គោះ​នៅក្នុង​ជីវិត​របស់​បងប្អូន​លើក​ចុងក្រោយ​នៅ​ពេល​ណា ?  រឿង​នេះ​កើត​ឡើង នៅ​ពេល​បងប្អូន​មាន​អារម្មណ៍​នៃ​សេចក្ដី​អំណរ​ដ៏ « ជ្រួតជ្រាប ហើយ​ផ្អែមល្ហែម »២៥កាល​បងប្អូន​ថ្លែង​ជាសាក្សី​ចំពោះ​ព្រលឹង​របស់​បងប្អូន​ថា អំពើបាប​របស់​បងប្អូនត្រូវបាន​អភ័យទោស​ឲ្យ ឬ​ពេល​ការសាកល្បង​ដ៏​ឈឺចាប់ បាន​ស្រាល​ជាង​មុន​ភ្លាមៗ ឬ​នៅពេលដួងចិត្ត​បងប្អូន​ទន់ភ្លន់ ហើយ​បងប្អូន​អាច​បង្ហាញ​ការអត់ទោស​​ដល់​នរណាម្នាក់​ដែល​បានធ្វើឲ្យ​បងប្អូន​ឈឺចាប់ ។ ឬ​វា​ប្រហែល​ជា​គ្រប់​ពេល​ដែល​បងប្អូន​កត់​សម្គាល់​ថា សមត្ថភាព​របស់​បងប្អូន​ដើម្បី​ស្រឡាញ់ និង​បម្រើ​អ្នកដទៃ​បាន​កើន​ឡើង ឬ​ថា​ដំណើរការ​នៃ​ការរាប់​ជាបរិសុទ្ធ​ធ្វើឲ្យ​បងប្អូន​ក្លាយ​ទៅជា​មនុស្ស​ផ្សេង​ម្នាក់ ដែល​យក​គំរូ​តាម​ព្រះអង្គ​សង្រ្គោះ ។២៦

ខ្ញុំ​សូម​ថ្លែង​ជា​សាក្សីថា បទពិសោធន៏​ទាំង​អស់​នេះ​គឺ​ពិត ហើយ​ជា​ភស្ដុតាង​ថា ជីវិត​អាច​ត្រូវ​បាន​ផ្លាស់ប្តូរ តាមរយៈ​សេចក្ដី​ជំនឿ​ទៅ​លើ​ព្រះយេស៊ូវគ្រីស្ទ​និង​ដង្វាយធួន​របស់​ទ្រង់ ។ ព្រះគម្ពីរ​មរមន​បញ្ជាក់ និង​ពង្រីក​ចំណេះដឹង​របស់​យើង​អំពី​អំណោយទាន​ដ៍វិសេស​វិសាល​នេះ ។ នៅពេល​បងប្អូន​សិក្សា​​ព្រះគម្ពីរ​នេះ នោះ​បងប្អូន​នឹងឮ​​សំឡេង​ព្រះគ្រីស្ទ​ដ៏​មាន​ព្រះជន្ម​រស់​កំពុងអញ្ជើញ​បងប្អូន​ឲ្យ​មករក​ទ្រង់ ។ ខ្ញុំ​សូម​សន្យា​ថា ប្រសិនបើ​បងប្អូន​ទទួលយក​ការអញ្ជើញនេះ ហើយកែប្រែជីវិត របស់បងប្អូន​តាមគំរូ​របស់ទ្រង់ នោះ​ឥទ្ធិពល​នៃ​ការប្រោសលោះ​របស់ទ្រង់​នឹង​ចូលមក​ក្នុង​ជីវិត​របស់បងប្អូន ។ តាម​រយៈ​ព្រះចេស្តា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ព្រះអង្គ​សង្រ្គោះ​នឹង​ផ្លាស់ប្រែ​បងប្អូន​ពី​មួយថ្ងៃ​ទៅ​មួយថ្ងៃ « រហូត​ដល់​ថ្ងៃ​បាន​ល្អ​ឥតខ្ចោះ »២៧ជា​ពេល​ដែល​បងប្អូន​នឹង « បាន​ឃើញ​ព្រះភក្រ្ដ​របស់​យើង ហើយ​ស្គាល់​ថា​យើង​ជា​ព្រះ » ដូច​ដែល​ទ្រង់​បាន​ប្រកាស​មក ។២៨ នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ៕