ការប្រែក្លាយដូចជាទ្រង់
មានតែជាមួយនឹងជំនួយដ៏ទេវភាពរបស់ព្រះអង្គសង្គ្រោះប៉ុណ្ណោះ ដែលយើងគ្រប់គ្នាអាចរីកចម្រើនឆ្ពោះទៅកាន់ការប្រែក្លាយដូចជាទ្រង់ ។
សូម្បីតែចំពោះសិស្សដែលសិក្សាអំពីព្រះជន្ម និងការងារបម្រើរបស់ព្រះយេស៊ូវគ្រីស្ទដោយហ្មត់ចត់ក្ដី ក៏ការដាស់តឿនរបស់ព្រះអង្គសង្គ្រោះ « ត្រូវឲ្យបានដូចជាយើង » ១ គួរឲ្យភ័យខ្លាច និងហាក់ដូចជាមិនអាចធ្វើទៅបាន ។ បងប្អូនប្រហែលជាដូចខ្ញុំដែរ—បានដឹងយ៉ាងច្រើនអំពីកំហុស និងការបរាជ័យរបស់បងប្អូន ដូច្នេះបងប្អូនអាចនឹងឃើញថា វាងាយស្រួលខាងផ្លូវចិត្តជាងដើម្បីរស់នៅក្នុងរបៀបមួយដែលតម្រូវឲ្យមានការលូតលាស់តែបន្តិចបន្តួច និងដើរនៅលើផ្លូវរាបស្មើ ។ យើងទាញហេតុផលថា « ពិតណាស់ ការបង្រៀននេះមិនជាក់ស្ដែង និងជាការបំផ្លើស » ពេលយើងជ្រើសរើសផ្លូវស្រួល នោះយើងដុតបំផ្លាញកាឡារីសម្រាប់ការផ្លាស់ប្ដូរដែលត្រូវការតែបន្តិចបន្តួចប៉ុណ្ណោះ ។
ប៉ុន្តែចុះបើការ « ត្រូវឲ្យបានដូចជា [ ទ្រង់ ] » ពុំមែនជាន័យធៀប សូម្បីតែនៅក្នុងស្ថានភាពរមែងស្លាប់របស់យើងនោះ ? ចុះបើ ដល់កម្រិតណាមួយនោះ វាអាចសម្រេចបាននៅក្នុងជីវិតនេះ ហើយបើវាតាមពិតទៅជាលក្ខខណ្ឌដែលត្រូវការជាមុន ដើម្បីបាននៅជាមួយទ្រង់ម្ដងទៀតនោះ ? ចុះបើ « ត្រូវឲ្យបានដូចជាយើង » ពិតប្រាកដជាអ្វីដែលព្រះអង្គសង្គ្រោះមានន័យនោះ ? ដូច្នេះ តើត្រូវធ្វើដូចម្ដេច ? តើការប្រឹងប្រែងកម្រិតណា ដែលយើងមានឆន្ទៈដើម្បីផ្ដល់ឲ្យ ដើម្បីអញ្ជើញព្រះចេស្ដានៃអព្ភូតហេតុឲ្យចូលក្នុងជីវិតយើង ដើម្បីយើងអាចផ្លាស់ប្ដូរធម្មជាតិរបស់យើងបាន ?
អែលឌើរ នែល អេ ម៉ាក់ស្វែល បានបង្រៀនថា « កាលដែលយើងពិចារណាពីការត្រូវបានបញ្ជាដោយព្រះយេស៊ូវ ឲ្យប្រែក្លាយដូចជាទ្រង់ នោះយើងឃើញថា ស្ថានភាពបច្ចុប្បន្នរបស់យើងគឺជាស្ថានភាពមួយដែលយើងមិនចាំបាច់តែទុច្ចរិតទេ ប៉ុន្តែ ផ្ទុយទៅវិញ យើងមិនដាក់ចិត្តឲ្យអស់ ហើយខ្វះភាពសោមនស្សចំពោះបុព្វហេតុរបស់ទ្រង់—ដែលជាបុព្វហេតុរបស់យើងផងដែរ ! យើងលើកដម្កើង ប៉ុន្តែមិនសូវធ្វើត្រាប់តាមទ្រង់ទេ » ។ ២ បព្វជិតវ័យក្មេងម្នាក់ឈ្មោះ ឆាលលេស អិម សែលដុន បានបង្ហាញគំនិតស្រដៀងគ្នាតាមរបៀបនេះ ៖ « គ្រីស្ទសាសនារបស់យើងចូលចិត្តភាពងាយស្រួលពេក ដល់ថ្នាក់មិនចង់ធ្វើអ្វីដែលពិបាក និងធ្ងន់ធ្ងរទេ ដូចជាការលើកឈើឆ្កាង » ។ ៣
តាមពិតទៅ យើងទាំងអស់គ្នានៅក្រោមការណែនាំឲ្យប្រែក្លាយដូចជាទ្រង់ ដូចជាព្រះយេស៊ូវគ្រីស្ទបានប្រែក្លាយដូចព្រះវរបិតាដែរ ។ ៤ កាលដែលយើងរីកចម្រើន យើងក្លាយកាន់តែពេញលេញ សម្រេច និងអភិវឌ្ឍបានពេញលេញ ។ ៥ ការបង្រៀនដូច្នោះមិនផ្អែកលើគោលលទ្ធិរបស់និកាយណាមួយទេ ប៉ុន្តែមកពីលោកគ្រូផ្ទាល់តែម្ដង ។ យើងគួរតែរស់នៅតាមរយៈកែវឆ្លុះនេះ ដែលការប្រាស្រ័យទាក់ទងគ្នាត្រូវបានពិចារណា និងចំណងទាក់ទងត្រូវបានចិញ្ចឹមបីបាច់ ។ ពិតណាស់ ពុំមានវិធីណាផ្សេងទៀតដើម្បីព្យាបាលរបួសនៃចំណងទាក់ទង ឬនៃសង្គមដែលបាក់បែក ជាងដែលយើងម្នាក់ៗត្រូវធ្វើតាមម្ចាស់នៃមេត្រីភាពឲ្យកាន់តែពេញលេញនោះទេ ។ ៦
ចូរយើងពិចារណាពីរបៀបដើម្បីចាប់ផ្ដើមការតាមរកដោយគិតគូរ ដោយមនសិការ និងដោយចេតនា នូវការប្រែក្លាយដូចជាទ្រង់ ដោយការទទួលបាននូវគ្រប់គុណលក្ខណៈរបស់ព្រះយេស៊ូវគ្រីស្ទ ។
ដោះស្រាយ និងប្តេជ្ញាចិត្ត
កាលពីពីរបីឆ្នាំមុន ភរិយាខ្ញុំ និងខ្ញុំបានឈរនៅដើមផ្លូវនៃភ្នំដ៏ខ្ពស់បំផុតរបស់ប្រទេសជប៉ុន ភ្នំហ្វូជី ។ ពេលយើងបានចាប់ផ្ដើមការឡើងភ្នំរបស់យើង យើងបានសម្លឹងមើលទៅលើកំពូលភ្នំដែលនៅឆ្ងាយនោះ ហើយឆ្ងល់ថាបើយើងអាចឡើងទៅដល់ទីនោះឬទេ ។
កាលដែលយើងបានធ្វើដំណើរទៅ យើងអស់កម្លាំង ឈឺសាច់ដុំ និងទទួលឥទ្ធិពលនៃភាពខ្ពស់នោះ ។ តាមផ្លូវចិត្ត វាសំខាន់ចំពោះយើងដើម្បីផ្ដោតតែទៅលើជំហានបន្ទាប់ទៀតប៉ុណ្ណោះ ។ យើងនិយាយថា « ខ្ញុំអាចនឹងមិនទៅដល់កំពូលឆាប់ៗទេ ប៉ុន្តែខ្ញុំអាចបោះជំហានបន្ទាប់នេះ នៅពេលឥឡូវនេះ » ។ យូរៗទៅ កិច្ចការដ៏លំបាកនោះបានក្លាយជាអ្វីដែលអាចសម្រេចបាននៅទីបំផុត—មួយជំហានម្ដងៗ ។
ជំហានដំបូងនៅលើផ្លូវដើម្បីក្លាយដូចជាព្រះយេស៊ូវគ្រីស្ទនេះ គឺត្រូវមានបំណងប្រាថ្នាដើម្បីធ្វើដូច្នោះ ។ ការយល់ពីការដាស់តឿនឲ្យក្លាយដូចជាទ្រង់គឺជាការល្អ ប៉ុន្តែការយល់នោះត្រូវភ្ជាប់នឹងការចង់ផ្លាស់ប្ដូរខ្លួនយើង មួយជំហានម្ដងៗ លើសពីមនុស្សខាងសាច់ឈាម ។ ៧ ដើម្បីបង្កើតបំណងប្រាថ្នានោះ យើងត្រូវតែស្គាល់ថាព្រះយេស៊ូវគ្រីស្ទជានរណា ។ យើងត្រូវតែស្គាល់អ្វីដែលជាលក្ខណៈសម្បត្តិរបស់ទ្រង់ ៨ ហើយយើងត្រូវតែរកមើលគុណលក្ខណៈរបស់ទ្រង់នៅក្នុងព្រះគម្ពីរ ការប្រជុំថ្វាយបង្គំ និងកន្លែងបរិសុទ្ធផ្សេងៗទៀត ។ ពេលយើងចាប់ផ្ដើមស្គាល់ទ្រង់កាន់តែច្បាស់ យើងនឹងឃើញពីគុណលក្ខណៈរបស់ទ្រង់ឆ្លុះបញ្ចាំងនៅក្នុងមនុស្សដទៃទៀត ។ ការណ៍នេះនឹងលើកទឹកចិត្តយើងនៅលើដំណើរស្វែងរករបស់យើង ដ្បិតបើមនុស្សដទៃទៀតអាចទទួលបានគុណលក្ខណៈរបស់ទ្រង់ នោះក្នុងកម្រិតណាមួយ យើងក៏អាចទទួលបានផងដែរ ។
បើយើងស្មោះត្រង់នឹងខ្លួនឯង ពន្លឺនៃព្រះគ្រីស្ទ ៩ នៅក្នុងខ្លួនយើងខ្សិបប្រាប់ថា យើងមិនទាន់មានគុណលក្ខណៈជាក់លាក់មួយដូចជាព្រះអង្គសង្គ្រោះទេ ហើយយើងត្រូវខិតខំបន្ថែមទៀតដើម្បីធ្វើឲ្យវាប្រសើរឡើង ។ ១០ ភាពស្មោះត្រង់បែបនោះសំខាន់ខ្លាំងណាស់ បើយើងត្រូវរីកចម្រើនទៅមុខក្នុងការប្រែក្លាយដូចជាទ្រង់នោះ ។ តាមពិត ភាពស្មោះត្រង់គឺជាគុណលក្ខណៈមួយរបស់ទ្រង់ ។
ឥឡូវនេះ ពួកយើងដែលក្លាហាន អាចពិចារណាក្នុងការសួរដល់សមាជិកគ្រួសារដែលទុកចិត្ត ស្វាមី ឬភរិយា មិត្តភក្ដិ ឬអ្នកដឹកនាំខាងវិញ្ញាណ ថាតើគុណលក្ខណៈរបស់ព្រះយេស៊ូវគ្រីស្ទណាមួយដែលយើងត្រូវការ—ហើយយើងអាចនឹងត្រូវត្រៀមខ្លួនសម្រាប់ការឆ្លើយតប ! ជួនកាលយើងមើលឃើញខ្លួនឯងខុសពីរូបរាងដើមនៅក្នុងកញ្ចក់ក្នុងផ្ទះលេងរីករាយ ដែលធ្វើឲ្យយើងឃើញខ្លួនឯងថាមានរាងមូលជាង ឬស្គមជាងខ្លួនយើងពិតប្រាកដ ។
មិត្តភក្ដិ និងគ្រួសារដែលគួរឲ្យទុកចិត្ត អាចជួយយើងមើលឃើញខ្លួនឯងកាន់តែជាក់ច្បាស់ ប៉ុន្តែសូម្បីតែពួកគេ ដែលស្រឡាញ់ និងជួយតាមដែលពួកគេចង់ធ្វើ អាចមើលឃើញអ្វីៗមិនបានឥតខ្ចោះទេ ។ ជាលទ្ធផល វាសំខាន់ណាស់ថា យើងក៏សួរដល់ព្រះវរបិតាសួគ៌ប្រកបដោយក្ដីស្រឡាញ់របស់យើងផងដែរ អំពីអ្វីដែលយើងត្រូវការ និងចំណុចដែលយើងគួរផ្ដោតការប្រឹងប្រែងរបស់យើងទៅលើ ។ ទ្រង់មានទស្សនៈឥតខ្ចោះអំពីយើង ហើយនឹងបង្ហាញយើងពីភាពទន់ខ្សោយរបស់យើងដោយក្ដីស្រឡាញ់ ។ ១១ ប្រហែលជាបងប្អូននឹងរៀនថា បងប្អូនត្រូវការការអត់ធ្មត់ ការបន្ទាបខ្លួន សេចក្ដីសប្បុរស សេចក្ដីស្រឡាញ់ សេចក្ដីសង្ឃឹម ភាពឧស្សាហ៍ព្យាយាម ឬការគោរពប្រតិបត្តិកាន់តែច្រើនឡើង នេះគ្រាន់តែរៀបរាប់មួយចំនួនប៉ុណ្ណោះ ។ ១២
មិនយូរប៉ុន្មាន ខ្ញុំបានមានបទពិសោធន៍ដ៏រំជួលចិត្តមួយ ពេលដែលអ្នកដឹកនាំសាសនាចក្រម្នាក់បានផ្ដល់យោបល់ត្រង់ៗថា ខ្ញុំត្រូវការអភិវឌ្ឍគុណលក្ខណៈជាក់លាក់មួយ ។ គាត់ពុំបាននិយាយបង្វែងពីសេចក្ដីពិតទេ ដោយសារគាត់បានធ្វើវាដោយសេចក្ដីស្រឡាញ់ ។ នៅយប់នោះ ខ្ញុំបានចែកចាយបទពិសោធន៍នេះជាមួយនឹងភរិយាខ្ញុំ ។ នាងមានចិត្តសប្បុរសណាស់ ទោះជានាងយល់ស្របនឹងយោបល់របស់គាត់ក្ដី ពីព្រះវរបិតាសួគ៌ដែលពេញដោយក្ដីស្រឡាញ់ ។
វាក៏អាចមានប្រយោជន៍ផងដែរ ដើម្បីធ្វើសកម្មភាពគុណលក្ខណៈដូចជាព្រះគ្រីស្ទដោយស្មោះត្រង់ ដែលមាននៅក្នុងជំពូក ៦ ក្នុង ប្រកាសដំណឹងល្អរបស់យើង ។ ១៣
ពេលដែលបងប្អូនបានធ្វើការវាយតម្លៃដោយស្មោះត្រង់ និងបានតាំងចិត្តដើម្បីចាប់ផ្ដើមឡើងភ្នំ បងប្អូននឹងត្រូវប្រែចិត្ត ។ ប្រធាន រ័សុល អិម ណិលសុន បានបង្រៀនដោយក្ដីស្រឡាញ់ថា « នៅពេលយើងជ្រើសរើសប្រែចិត្ត នោះយើងជ្រើសរើសផ្លាស់ប្ដូរ ! យើងអនុញ្ញាតឲ្យព្រះអង្គសង្គ្រោះផ្លាស់ប្រែយើងទៅកំណែថ្មីដ៏ល្អបំផុតនៃខ្លួនយើង ។ យើងជ្រើសរើសរីកចម្រើនខាងវិញ្ញាណ ហើយទទួលបានអំណរ— ជាអំណរនៃការប្រោសលោះនៅក្នុងទ្រង់ ។ នៅពេលយើងជ្រើសរើសប្រែចិត្ត យើងជ្រើសរើសប្រែក្លាយដូចជាព្រះយេស៊ូវគ្រីស្ទ » ។ ១៤
ការក្លាយដូចជាព្រះយេស៊ូវគ្រីស្ទ នឹងតម្រូវឲ្យមានការផ្លាស់ប្ដូរដួងចិត្ត និងគំនិតយើង តាមពិតទៅ ថែមទាំងលក្ខណៈសម្បត្តិរបស់យើងផង ហើយការធ្វើដូច្នោះអាចធ្វើទៅបាន តែតាមរយៈព្រះគុណដ៏សង្គ្រោះរបស់ព្រះយេស៊ូវគ្រីស្ទប៉ុណ្ណោះ ។ ១៥
កំណត់ និងអនុវត្ត
ឥឡូវនេះ ដោយបងប្អូនបានតាំងចិត្តដើម្បីផ្លាស់ប្ដូរ និងប្រែចិត្ត ហើយបានស្វែងរកការណែនាំតាមរយៈការអធិស្ឋាន ការសញ្ជឹងគិតដោយស្មោះត្រង់ និងប្រហែលជាការប្រឹក្សាជាមួយមនុស្សផ្សេងទៀត បងប្អូននឹងត្រូវជ្រើសរើសគុណលក្ខណៈមួយដែលនឹងក្លាយជាការផ្ដោតយ៉ាងមោះម៉ុតរបស់បងប្អូន ។ បងប្អូននឹងត្រូវតាំងចិត្តដើម្បីប្រើការប្រឹងប្រែងដ៏មានអត្ថន័យ ។ គុណលក្ខណៈទាំងនេះនឹងមិនបានមកដោយងាយៗ និងភ្លាមៗនោះទេ ប៉ុន្តែតាមរយៈព្រះគុណរបស់ទ្រង់ គុណលក្ខណៈទាំងនោះនឹងកើនឡើងជាលំដាប់ នៅពេលយើងព្យាយាមយ៉ាងខ្លាំងដើម្បីសម្រេចវា ។
គុណលក្ខណៈដូចព្រះគ្រីស្ទជាអំណោយទានមកពីព្រះវរបិតាសួគ៌ដែលប្រកបដោយក្ដីស្រឡាញ់ ដើម្បីប្រទានពរដល់យើង និងដល់អ្នកដែលនៅជុំវិញយើង ។ ហេតុនេះហើយ កិច្ចប្រឹងប្រែងរបស់យើងដើម្បីទទួលបានគុណលក្ខណៈទាំងនេះ នឹងតម្រូវឲ្យមាននូវការទូលអង្វរចេញពីចិត្តដើម្បីបានជំនួយដ៏ទេវភាពរបស់ទ្រង់ ។ បើយើងស្វែងរកអំណោយទានទាំងនេះ ដើម្បីបម្រើមនុស្សដទៃទៀតឲ្យកាន់តែប្រសើរ នោះទ្រង់នឹងប្រទានពរយើងក្នុងកិច្ចប្រឹងប្រែងរបស់យើង ។ ការតាមរកដោយអាត្មានិយមនូវអំណោយទានមួយមកពីព្រះ នឹងត្រូវបញ្ចប់ដោយការខកចិត្ត និងរំខានចិត្ត ។
ដោយការផ្ដោតយ៉ាងជ្រាលជ្រៅទៅលើគុណលក្ខណៈដែលត្រូវការមួយ កាលដែលបងប្អូនរីកចម្រើនក្នុងការទទួលបានគុណលក្ខណៈនោះ គុណលក្ខណៈដទៃទៀតចាប់មានដល់បងប្អូន ។ តើមាននរណាម្នាក់អាចផ្ដោតយ៉ាងជ្រាលជ្រៅទៅលើសប្បុរសធម៌ ហើយមិនកើនឡើងនូវសេចក្ដីស្រឡាញ់ និងសេចក្ដីរាបសានោះ ? តើមាននរណាម្នាក់អាចផ្ដោតទៅលើការគោរពប្រតិបត្តិ ហើយមិនទទួលបាននូវភាពឧស្សាហ៍ព្យាយាម និងសេចក្ដីសង្ឃឹមកាន់តែច្រើនឡើងនោះ បីទទួលបាននូវគុណលក្ខណៈមួយ ក្លាយទៅជាជំនោរដែលលើកទូកទាំងអស់នៅក្នុងកំពង់ផែឡើង ។
កំណត់ត្រា និងការគាំទ្រ
កាលដែលខ្ញុំពុះពារដើម្បីក្លាយដូចជាទ្រង់ វាសំខាន់ចំពោះខ្ញុំ ដើម្បីកត់ត្រាបទពិសោធន៍របស់ខ្ញុំ និងអ្វីដែលខ្ញុំកំពុងរៀន ។ កាលដែលខ្ញុំសិក្សាពីគុណលក្ខណៈមួយរបស់ទ្រង់យ៉ាងជ្រៅនៅក្នុងគំនិតខ្ញុំ ព្រះគម្ពីរក្លាយជាថ្មី នៅពេលដែលខ្ញុំឃើញគំរូជាច្រើននៃគុណលក្ខណៈនេះនៅក្នុងការបង្រៀន ការងារបម្រើ និងពួកសិស្សរបស់ទ្រង់ ។ ភ្នែកខ្ញុំក៏កាន់តែផ្តោតលើការស្គាល់នូវគុណលក្ខណៈនោះនៅក្នុងមនុស្សដទៃទៀតផងដែរ ។ ខ្ញុំបានសង្កេតឃើញបុគ្គលដ៏ប្រពៃទាំងឡាយ ទាំងនៅក្នុង និងនៅក្រៅសាសនាចក្រ ដែលមានគុណលក្ខណៈទាំងឡាយដែលដូចទ្រង់ ។ ពួកគេជាគំរូដ៏មានឥទ្ធិពលអំពីរបៀបដែលគុណលក្ខណៈទាំងនោះ អាចត្រូវបានបង្ហាញឲ្យឃើញនៅក្នុងមនុស្សធម្មតា តាមរយៈព្រះគុណប្រកបដោយក្ដីស្រឡាញ់របស់ទ្រង់ ។
ដើម្បីមើលឃើញការរីកចម្រើនដ៏ពិត បងប្អូននឹងត្រូវតែខិតខំប្រឹងប្រែងឲ្យបានខ្ជាប់ខ្ជួន ។ ដូចគ្នានឹងការឡើងភ្នំដែលតម្រូវឲ្យមានការរៀបចំទុកជាមុន និងមានការតស៊ូ និងការអត់ធ្មត់អំឡុងពេលឡើង ដូច្នេះការធ្វើដំណើរនេះក៏នឹងតម្រូវឲ្យមានកិច្ចប្រឹងប្រែង និងការលះបង់ដ៏ពិតផងដែរ ។ គ្រីស្ទសាសនាដ៏ពិត ដែលយើងពុះពារដើម្បីក្លាយដូចជាលោកគ្រូរបស់យើង តែងតែតម្រូវឲ្យយើងធ្វើអស់ពីសមត្ថភាព ។ ១៦
ឥឡូវនេះ ខ្ញុំសូមផ្តល់ការដាស់តឿនសង្ខេបមួយ ។ បទបញ្ញត្តិដែលឲ្យប្រែក្លាយដូចជាទ្រង់ ពុំមានបំណងធ្វើឲ្យបងប្អូនមានអារម្មណ៍ថាខុស មិនសក្ដិសម ឬមិនត្រូវបានស្រឡាញ់នោះទេ ។ បទពិសោធននៃជីវិតរមែងស្លាប់ទាំងមូលរបស់យើង គឺអំពីការរីកចម្រើន ការព្យាយាម ការបរាជ័យ និងជោគជ័យ ។ ទោះជាភរិយាខ្ញុំ និងខ្ញុំអាចនឹងប្រាថ្នាថា យើងអាចបិទភ្នែកយើង ហើយបញ្ជូនខ្លួនយើងឲ្យទៅដល់កំពូលភ្នំដោយអព្ភូតហេតុ នោះវាមិនមែនជាគោលបំណងនៃជីវិតនេះនោះទេ ។
បងប្អូនល្អគ្រប់គ្រាន់ បងប្អូនត្រូវបានស្រឡាញ់ ប៉ុន្តែនោះមិនមានន័យថា បងប្អូនពេញលេញនៅឡើយទេ ។ មានកិច្ចការដែលត្រូវធ្វើនៅក្នុងជីវិតនេះ និងជីវិតបន្ទាប់ទៀត ។ មានតែជាមួយនឹងជំនួយដ៏ទេវភាពរបស់ទ្រង់ប៉ុណ្ណោះ ដែលយើងអាចរីកចម្រើនឆ្ពោះទៅកាន់ការប្រែក្លាយដូចជាទ្រង់ ។
នៅក្នុងពេលទាំងនេះ « គ្រប់ទាំងអស់ [ បង្ហាញ ] នៅក្នុងស្ថានភាពចលាចល ហើយ … សេចក្ដីភ័យខ្លាច [ ហាក់បីដូចជា ] មានមកលើអស់ទាំងមនុស្ស » ១៧ ថ្នាំបន្សាបតែមួយ ឱសថតែមួយ គឺដើម្បីពុះពារក្លាយដូចព្រះអង្គសង្គ្រោះ ១៨ ព្រះប្រោសលោះ ១៩ របស់មនុស្សលោកទាំងអស់ ជាពន្លឺលោកីយ៍ ២០ និងដើម្បីស្វែងរកទ្រង់ដែលបានប្រកាសថា « ខ្ញុំជាផ្លូវ » ។ ២១
ខ្ញុំដឹងថា ការប្រែក្លាយដូចជាទ្រង់ តាមរយៈជំនួយ និងកម្លាំងដ៏ទេវភាពរបស់ទ្រង់គឺអាចសម្រេចទៅបានមួយជំហានម្ដងៗ ។ បើមិនដូច្នោះទេ ទ្រង់នឹងមិនប្រទានដល់យើងនូវបទបញ្ញត្តិនេះទេ ។ ២២ ខ្ញុំដឹងការណ៍នេះ—មួយចំណែកដោយសារខ្ញុំឃើញគុណលក្ខណៈរបស់ទ្រង់នៅក្នុងបងប្អូនជាច្រើន ។ ខ្ញុំសូមថ្លែងទីបន្ទាល់ពីការណ៍ទាំងនេះក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។