ធ្វើតេស្ដ សាកល្បង និងដុសខាត់
ពរជ័យដ៏ធំបំផុតដែលនឹងកើតមាន ពេលយើងបង្ហាញថាខ្លួនយើងស្មោះត្រង់ចំពោះសេចក្ដីសញ្ញារបស់យើងអំឡុងការសាកល្បងរបស់យើង គឺជាការផ្លាស់ប្ដូរនិស្ស័យរបស់យើង ។
បងប្អូនប្រុសស្រីជាទីស្រឡាញ់ ខ្ញុំមានអំណរគុណដើម្បីថ្លែងទៅកាន់បងប្អូននៅថ្ងៃនេះ ។ ក្ដីសង្ឃឹមរបស់ខ្ញុំគឺដើម្បីផ្ដល់ការលើកទឹកចិត្ត ពេលជីវិតហាក់ពិបាកខ្លាំង និងមិនប្រាកដប្រជា ។ សម្រាប់បងប្អូនមួយចំនួន ការលំបាក និងភាពមិនប្រាកដនោះកំពុងកើតឡើងឥឡូវនេះ ។ បើមិនដូច្នោះ ពេលលំបាក និងភាពមិនប្រាកដនោះនឹងមកដល់ ។
នោះមិនមែនជាទស្សនៈទុទិដ្ឋិនិយមនោះទេ ។ វាគឺប្រាកដនិយម—ប៉ុន្ដែសុទិដ្ឋិនិយម—ដោយសារតែព្រះរាជបំណងរបស់ព្រះក្នុងការបង្កបង្កើតពិភពលោកនេះ ។ គោលបំណងនោះគឺដើម្បីផ្ដល់ឱកាសដល់បុត្រាបុត្រីទ្រង់ឲ្យសាកល្បងខ្លួនគេមើលថាអាចមានឆន្ទៈជ្រើសរើសត្រូវ ពេលវាពិបាកដែរឬទេ ។ ពេលធ្វើដូច្នោះ និស្ស័យរបស់ពួកគេនឹងផ្លាស់ប្ដូរ ហើយពួកគេអាចកាន់តែប្រែក្លាយដូចជាទ្រង់ ។ ទ្រង់ជ្រាបថា វាតម្រូវឲ្យមានសេចក្ដីជំនឿលើទ្រង់ដែលមិនអាចរង្គោះរង្គើ ។
អ្វីដែលខ្ញុំដឹងភាគច្រើន គឺចេញមកពីគ្រួសាររបស់ខ្ញុំ ។ ពេលខ្ញុំអាយុប្រហែលប្រាំបីឆ្នាំ ម្ដាយដ៏មានប្រាជ្ញារបស់ខ្ញុំបានសុំឲ្យបងប្រុសខ្ញុំ និងខ្ញុំទៅដកស្មៅជាមួយគាត់នៅសួនក្រោយផ្ទះ ។ ឥឡូវ ការណ៍នោះវាហាក់ដូចជា កិច្ចការសាមញ្ញមួយ ប៉ុន្ដែយើងរស់នៅក្រុងញូវ ជើរស៊ី ។ វាភ្លៀងជារឿយៗ ។ ដីប្រែជាស្អិតដូចដីឥដ្ឋ ស្មៅដុះលឿនជាងបន្លែទៅទៀត ។
ខ្ញុំនៅចាំពីការអន្ទះសារបស់ខ្ញុំ ពេលដកស្មៅដាច់មកជាប់ក្នុងដៃខ្ញុំ តែឬសវានៅជាប់នឹងក្នុងដីនោះនៅឡើយ ។ ម្ដាយ និងបងប្រុសខ្ញុំបានដកស្មៅតាមជួររបស់ពួកគាត់បានច្រើនជាងខ្ញុំច្រើនណាស់ ។ កាលណាខ្ញុំកាន់តែខំ ខ្ញុំកាន់តែយឺតទៅៗ ។
ខ្ញុំបានស្រែកថា « វាពិបាកខ្លាំងណាស់ ! »
ជំនួសឲ្យការបង្ហាញចិត្តអាណិតខ្ញុំ ម្ដាយខ្ញុំបានញញឹម ហើយពោលថា « ឱ កូនសម្លាញ់ មែនហើយ វាពិបាកណាស់ ។ វាត្រូវតែពិបាកអញ្ចឹងហើយ ។ ជីវិតគឺជាការសាកល្បង » ។
នៅគ្រានោះ ខ្ញុំដឹងថាសម្ដីគាត់គឺពិត ហើយវាបន្ដពិតនៅក្នុងអនាគតរបស់ខ្ញុំ ។
មូលហេតុដែលស្នាមញញឹមពេញដោយក្ដីស្រឡាញ់របស់ម្ដាយខ្ញុំកាន់តែជាក់ច្បាស់ច្រើនឆ្នាំក្រោយមក គឺពេលខ្ញុំអានបន្ទូលរបស់ព្រះវរបិតាសួគ៌ និងព្រះរាជបុត្រាសំណព្វរបស់ទ្រង់ថ្លែងពីព្រះរាជបំណងទ្រង់ក្នុងការបង្កបង្កើតពិភពលោកនេះ និងការផ្ដល់ឱកាសឲ្យកូនវិញ្ញាណមានជីវិតរមែងស្លាប់ ៖
« យើងនឹងសាកល្បងពួកគេមើល បើសិនជាពួកគេនឹងប្រព្រឹត្តនូវអ្វីៗគ្រប់យ៉ាង ដែលព្រះអម្ចាស់ដ៏ជាព្រះរបស់ពួកគេនឹងបញ្ជាដល់ពួកគេ ។
« គេនោះឡើយ ហើយអស់អ្នកណាដែលរក្សាសណ្ឋានទីពីររបស់ខ្លួន នោះនឹងបានសិរីល្អបន្ថែមទៅលើក្បាលគេជារៀងដរាបរហូតតទៅ » ។១
បងប្អូន និងខ្ញុំបានទទួលយកការអញ្ជើញនោះ ដើម្បីធ្វើតេស្ដ និងសាកល្បងថា តើយើងនឹងជ្រើសរើសកាន់តាមបទបញ្ញត្តិរបស់ព្រះ ពេលយើងលែងនៅក្នុងវត្តមានរបស់ព្រះវរបិតាសួគ៌យើងទៀតឬទេ ។
ទោះជាមានការអញ្ជើញពេញដោយក្ដីស្រឡាញ់បែបនោះមកពីព្រះវរបិតាសួគ៌យើងក្ដី ក៏លូស៊ីហ្វើរនៅតែបញ្ចុះបញ្ចូលកូនចៅវិញ្ញាណមួយភាគបីឲ្យដើរតាមវា ហើយបដិសេធផែនការរបស់ព្រះវរបិតា ដើម្បីមានការរីកចម្រើន និងសុភមង្គលដ៏អស់កល្បដល់យើងដែរ ។ ដោយសារការបះបោររបស់សាតាំង វាត្រូវបានបណ្ដេញចេញជាមួយអ្នកដើរតាមរបស់វា ។ ឥឡូវ វាព្យាយាមបណ្ដាលឲ្យមនុស្សជាច្រើនទៀតងាកចេញពីព្រះ អំឡុងជីវិតរមែងស្លាប់នេះ ។
ពួកយើងដែលបានទទួលយកផែនការនេះបានធ្វើដូច្នោះ ដោយសារតែសេចក្ដីជំនឿយើងមានទៅលើព្រះយេស៊ូវគ្រីស្ទ ដែលបានស្ម័គ្រធ្វើជាព្រះអង្គសង្គ្រោះ និងព្រះប្រោសលោះរបស់យើង ។ យើងប្រាកដជាបានជឿពេលនោះថា មិនថាយើងមានភាពទន់ខ្សោយក្នុងជីវិតរមែងស្លាប់យ៉ាងណា មិនថាកម្លាំងអារក្សបក់បោកលើយើងយ៉ាងណាទេ នោះកម្លាំងនៃសេចក្ដីល្អនឹងខ្លាំងលើសលប់ជាង ។
ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទស្គាល់ និងស្រឡាញ់បងប្អូន ។ ពួកទ្រង់សព្វព្រះទ័យឲ្យបងប្អូនត្រឡប់ទៅកាន់ពួកទ្រង់វិញ ហើយក្លាយដូចជាទ្រង់ ប្អូនគឺជាជោគជ័យរបស់ពួកទ្រង់ ។ បងប្អូនមានអារម្មណ៍ពីក្ដីស្រឡាញ់នោះ ដែលបញ្ជាក់ដោយព្រះវិញ្ញាណបរិសុទ្ធ ពេលបងប្អូនអាន ឬឮពាក្យទាំងនេះ ៖ « ដ្បិតមើលចុះ នេះហើយជាកិច្ចការរបស់យើង និងសិរីល្អរបស់យើង—គឺដើម្បីនំាឲ្យមានអមតភាព និងជិវិតដ៏នៅអស់កល្បជានិច្ចដល់មនុស្ស » ។២
ព្រះមានព្រះចេស្តាដើម្បីធ្វើឲ្យផ្លូវរបស់យើងងាយស្រួលជាងមុន ។ ទ្រង់បានប្រទាននំម៉ានាដល់កូនចៅអ៊ីស្រាអែល ក្នុងដំណើររបស់ពួកគេទៅកាន់ដែនដីសន្យា ។ ក្នុងការងារបម្រើនៅលើផែនដីរបស់ទ្រង់ ព្រះអម្ចាស់បានព្យាបាលអ្នកឈឺ ប្រោសអ្នកស្លាប់ និងធ្វើឲ្យទឹកសមុទ្រស្ងប់ ។ ក្រោយពីការមានព្រះជន្មរស់ឡើងវិញរបស់ទ្រង់ ទ្រង់បានបើក « គុកដោះលែងដល់ពួកអ្នកដែលជាប់ចំណង » ។៣
ប៉ុន្ដែព្យាការី យ៉ូសែប ស្ម៊ីធ ជាព្យាការីដ៏អស្ចារ្យបំផុតម្នាក់របស់ទ្រង់ បានរងទុក្ខក្នុងគុក ហើយទទួលបានមេរៀនដែលមានប្រយោជន៍ដល់យើងទាំងអស់គ្នា ដែលយើងត្រូវការនៅក្នុងការសាកល្បងសេចក្ដីជំនឿរបស់យើងម្ដងហើយម្ដងទៀត ៖ « ស្ថាននរកនឹងហារត្របាក់អ្នកក្ដី បុត្រយើងអើយ ចូរអ្នកដឹងថា គ្រប់ការណ៍ទាំងនេះ នឹងផ្ដល់ការពិសោធន៍ដល់អ្នក ហើយនឹងទៅជាការល្អដល់អ្នកទៅវិញ » ។៤
បងប្អូនអាចឆ្ងល់ថា ហេតុអ្វីព្រះដែលពេញដោយក្ដីស្រឡាញ់ និងមានគ្រប់ព្រះចេស្ដាអនុញ្ញាតឲ្យការសាកល្បងក្នុងជីវិតរមែងស្លាប់របស់យើងពិបាកខ្លាំងយ៉ាងនេះ ។ ដោយសារទ្រង់ជ្រាបថា យើងត្រូវតែរីកចម្រើននៅក្នុងភាពស្អាតបាត និងភាពរឹងមាំខាងវិញ្ញាណ ដើម្បីអាចរស់នៅក្នុងវត្តមានរបស់ទ្រង់ជាក្រុមគ្រួសារជារៀងរហូត ។ ដើម្បីធ្វើឲ្យការណ៍នោះកើតឡើង ព្រះវរបិតាសួគ៌បានប្រទានព្រះអង្គសង្គ្រោះមួយអង្គដល់យើង និងអំណាចដើម្បីជ្រើសរើសដោយសេចក្ដីជំនឿសម្រាប់ខ្លួនយើង ដើម្បីកាន់តាមបទបញ្ញតិ្តរបស់ទ្រង់ ហើយប្រែចិត្ត និងមករកទ្រង់វិញ ។
ផែនការនៃសុភមង្គលរបស់ព្រះវរបិតាសំខាន់យ៉ាងខ្លាំងដើម្បីយើងអាចក្លាយកាន់តែដូចជាព្រះរាជបុត្រាសំំំណព្វរបស់ទ្រង់ គឺព្រះយេស៊ូវគ្រីស្ទ ។ ក្នុងរឿងគ្រប់យ៉ាង គំរូរបស់ព្រះអង្គសង្គ្រោះគឺជាមគ្គុទេសន៍ដ៏ល្អបំផុតរបស់យើង ។ ទ្រង់មិនត្រូវបានលើកលែងពីកិច្ចតម្រូវឲ្យសាកល្បងព្រះអង្គទ្រង់ឡើយ ។ ទ្រង់បានស៊ូទ្រាំសម្រាប់បុត្រាបុត្រីទាំងអស់របស់ព្រះវរបិតាសួគ៌ ដោយបង់ថ្លៃសម្រាប់អំពើបាបរបស់យើងទាំងអស់ ។ ទ្រង់ជ្រាបពីការរងទុក្ខដែលមនុស្សទាំងអស់មាន ហើយនឹងមានក្នុងជីវិតរមែងស្លាប់នេះ ។
ពេលបងប្អូនឆ្ងល់ថាតើបងប្អូនអាចទ្រាំនឹងការឈឺចាប់បានប៉ុណ្ណា នោះសូមនឹកចាំពីទ្រង់ ។ ទ្រង់បានរងទុក្ខនឹងអ្វីដែលបងប្អូនរងទុក្ខ ដើម្បីទ្រង់ជ្រាបពីរបៀបលើកស្ទួយបងប្អូនឡើង ។ ទ្រង់អាចនឹងមិនដកបន្ទុកនោះចេញទេ ប៉ុន្ដែទ្រង់នឹងផ្ដល់កម្លាំង ការលួងលោម និងក្ដីសង្ឃឹមដល់បងប្អូន ។ ទ្រង់ជ្រាបពីវិធីនោះ ។ ទ្រង់បានផឹកពែងល្វីង ។ ទ្រង់បានស៊ូទ្រាំនឹងការរងទុក្ខទាំងអស់ ។
បងប្អូនត្រូវបានបីបាច់ និងលួងលោមដោយព្រះអង្គសង្គ្រោះជាទីស្រឡាញ់ ដែលជ្រាបពីរបៀបជួយបងប្អូន មិនថាបងប្អូនជួបនឹងការសាកល្បងបែបណាទេ ។ អាលម៉ាបង្រៀន ៖
« ហើយព្រះយេស៊ូវគ្រីស្ទនឹងយាងទៅដោយរងការឈឺចាប់ និងទុក្ខវេទនា និងការល្បួងគ្រប់បែបយ៉ាង ហើយទ្រង់ធ្វើយ៉ាងនេះ គឺដើម្បីឲ្យបានបំពេញនូវពាក្យទាំងឡាយ ដែលបានចែងមកថា ទ្រង់នឹងលើកដាក់លើខ្លួនទ្រង់នូវការឈឺចាប់ និងជំងឺទាំងឡាយរបស់រាស្ត្រទ្រង់ ។
« ហើយទ្រង់នឹងដាក់លើរូបអង្គទ្រង់នូវសេចក្តីស្លាប់ ដើម្បីទ្រង់អាចស្រាយចំណងទាំងឡាយនៃសេចក្តីស្លាប់ដែលចងរាស្ត្រទ្រង់ ហើយទ្រង់នឹងដាក់រូបអង្គទ្រង់នូវជំងឺឈឺចាប់របស់ពួកគេ ដើម្បីឲ្យព្រះហឫទ័យទ្រង់បានពោរពេញទៅដោយសេចក្តីមេត្តាករុណា ស្របតាមសាច់ឈាមដើម្បីទ្រង់អាចដឹង ស្របតាមសាច់ឈាមថា តើត្រូវជួយរាស្ត្រទ្រង់បែបណាតាមជំងឺរបស់គេ » ។៥
របៀបមួយដែលទ្រង់នឹងជួយបងប្អូន គឺការអញ្ជើញបងប្អូនឲ្យនឹកចាំដល់ទ្រង់ជានិច្ច ហើយមករកទ្រង់ ។ ទ្រង់បានលើកទឹកចិត្តយើង ៖
« អស់អ្នកដែលនឿយព្រួយ ហើយផ្ទុកធ្ងន់អើយ ចូរមកឯខ្ញុំ ខ្ញុំនឹងឲ្យអ្នករាល់គ្នាឈប់សម្រាក ។
« ចូរទទួលនឹមខ្ញុំ ហើយរៀននឹងខ្ញុំចុះ ដ្បិតខ្ញុំស្លូត ហើយមានចិត្តសុភាព នោះអ្នករាល់គ្នានឹងបានសេចក្តីសម្រាកដល់ព្រលឹង » ។៦
របៀបមករកទ្រង់គឺ ទទួលទានព្រះបន្ទូលរបស់ទ្រង់ អនុវត្តសេចក្ដីជំនឿចំពោះការប្រែចិត្ត ជ្រើសរើសទទួលបុណ្យជ្រមុជទឹក និងពិធីបញ្ជាក់ពីអ្នកបម្រើដែលមានសិទ្ធិអំណាចរបស់ទ្រង់ រួចហើយរក្សាសេចក្ដីសញ្ញារបស់បងប្អូនជាមួយព្រះ ។ ទ្រង់នឹងបញ្ជូនព្រះវិញ្ញាណបរិសុទ្ធឲ្យធ្វើជាដៃគូ អង្គលួងលោម និងអង្គណែនាំរបស់បងប្អូន ។
ពេលបងប្អូនរស់នៅដោយស័ក្ដិសមនឹងអំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធ នោះព្រះអម្ចាស់អាចដឹកនាំបងប្អូនទៅទីសុវត្ថិភាពបាន ទោះជាពេលបងប្អូនមើលមិនឃើញផ្លូវក្ដី ។ សម្រាប់ខ្ញុំ ជារឿយៗ ទ្រង់បានបង្ហាញជំហានបន្ទាប់មួយ ឬពីរឲ្យដើរតាម ។ កម្រណាស់ ដែលទ្រង់ប្រទានការយល់ដឹងពីអនាគតវែងឆ្ងាយដល់ខ្ញុំ ប៉ុន្ដែការយល់ដឹងទាំងនោះដឹកនាំអ្វីដែលខ្ញុំជ្រើសរើសធ្វើក្នុងជីវិតប្រចាំថ្ងៃ ។
ព្រះអម្ចាស់បានមានព្រះបន្ទូល ៖
« អ្នករាល់គ្នាពុំអាចមើលឃើញដោយភ្នែកធម្មតារបស់អ្នកឡើយ នូវគម្រោងការណ៍នៃព្រះរបស់អ្នកអំពីអ្វីៗទាំងនោះ ដែលត្រូវបានមកនៅពេលក្រោយ និងសិរីល្អដែលត្រូវមកតាមក្រោយ … បន្ទាប់ពីមានសេចក្ដីវេទនាដ៏ច្រើន ។
« ន្ទាប់ពីមានការវេទនាដ៏ច្រើន នោះទើបបានព្រះពរ » ។៧
ពរជ័យដ៏ធំបំផុតដែលនឹងកើតមាន ពេលយើងបង្ហាញថាខ្លួនយើងស្មោះត្រង់ចំពោះសេចក្ដីសញ្ញារបស់យើងអំឡុងការសាកល្បងរបស់យើង គឺជាការផ្លាស់ប្ដូរនិស្ស័យរបស់យើង ។ តាមរយៈការជ្រើសរើសដើម្បីរក្សាសេចក្ដីសញ្ញារបស់យើង នោះព្រះចេស្ដារបស់ព្រះយេស៊ូវគ្រីស្ទ និងពរជ័យនៃដង្វាយធួនរបស់ទ្រង់អាចមានឥទ្ធិពលលើយើង ។ ដួងចិត្តយើងអាចត្រូវបានបន្ទន់ឲ្យចេះស្រឡាញ់ អភ័យទោស និងអញ្ជើញមនុស្សដទៃឲ្យមករកព្រះអង្គសង្គ្រោះ ។ ភាពជឿជាក់របស់យើងលើព្រះអម្ចាស់នឹងកើនឡើង ។ ការភ័យខ្លាចរបស់យើងនឹងថយចុះ ។
ឥឡូវ ទោះជាមានពរជ័យបែបនោះបានសន្យានៅក្នុងទុក្ខព្រួយក្ដី ក៏យើងមិនទៅរកទុក្ខព្រួយដែរ ។ នៅក្នុងបទពិសោធន៍ជីវិតរមែងស្លាប់ យើងនឹងមានឱកាសយ៉ាងច្រើនដើម្បីបង្ហាញខ្លួនយើងថាបានជាប់ការសាកល្បងដែលលំបាកល្មមដើម្បីប្រែក្លាយកាន់តែដូចជាព្រះអង្គសង្គ្រោះ និងព្រះវរបិតាសួគ៌របស់យើង ។
លើសពីនេះ យើងត្រូវសម្គាល់មើលទុក្ខព្រួយរបស់មនុស្សដទៃ ហើយព្យាយាមជួយ ។ វានឹងពិបាក ជាពិសេសពេលយើងជួបនឹងការសាកល្បងខ្លួនយើងខ្លាំងដែរ ។ ប៉ុន្ដែយើងនឹងឃើញថា ពេលយើងជួយសម្រាលបន្ទុករបស់អ្នកផ្សេង ទោះជាបន្ដិចក្ដី ក៏ខ្នងរបស់យើងត្រូវបានពង្រឹង ហើយយើងឃើញពន្លឺនៅក្នុងភាពងងឹតដែរ ។
ក្នុងករណីនេះ ព្រះអម្ចាស់គឺជាគំរូរបស់យើង ប់យ៉ាងខ្លាំងរួចហើយ ដែលទ្រង់ស្ទើរនឹងសុគត បើទ្រង់មិនមែនជាព្រះរាជបុត្រាបង្កើតរបស់ព្រះទេនោះ ទ្រង់បានមើលទៅអ្នកបៀតបៀនទ្រង់ ហើយមានបន្ទូលទៅកាន់ព្រះបិតាទ្រង់ថា « សូមអត់ទោសដល់អ្នកទាំងនេះផង ដ្បិតគេមិនដឹងជាគេធ្វើអ្វីទេ » ។៨ ខណៈរងទុក្ខសម្រាប់មនុស្សទាំងអស់ដែលនឹងមានជីវិត ទ្រង់បានទតពីឈើឆ្កាងឃើញយ៉ូហាន និងមាតាដែលមានទុក្ខសោករបស់ទ្រង់ ហើយបានផ្ដល់ការងារបម្រើដល់មាតាក្នុងការសាកល្បងរបស់គាត់ ៖
« ព្រះយេស៊ូវក៏ឃើញមាតាទ្រង់ និងសិស្សម្នាក់ ដែលទ្រង់ស្រឡាញ់កំពុងឈរនៅទីនោះ រួចទ្រង់មានព្រះបន្ទូលទៅមាតាថា មាតាអើយ នុ៎ះន៏ កូនរបស់មាតា !
« រួចទ្រង់មានព្រះបន្ទូលទៅសិស្សនោះថា នុ៎ះន៏ ម្តាយអ្នក ! តាំងពីនោះមក សិស្សនោះក៏នាំយកគាត់ទៅនៅផ្ទះខ្លួន » ។៩
តាមរយៈសកម្មភាពរបស់ទ្រង់នៅថ្ងៃដ៏ពិសិដ្ឋបំផុតនោះ ទ្រង់បានស្ម័គ្រប្រទានព្រះជន្មទ្រង់ដល់យើងម្នាក់ៗ ដោយមិនត្រឹមតែជួយក្នុងជីវិតនេះទេ តែថែមទាំងជីវិតដ៏អស់កល្បដែលមានក្នុងពេលអនាគតទៀតផង ។
ខ្ញុំឃើញមនុស្សសម្រេចបានកិច្ចការដ៏អស្ចារ្យ តាមរយៈការបង្ហាញពីភាពស្មោះត្រង់នៅក្នុងឧបសគ្គដ៏អាក្រក់ ។ មានគំរូនៅទូទាំងសាសនាចក្រនាសព្វថ្ងៃនេះ ។ ការលំបាកធ្វើឲ្យមនុស្សបន្ទាបខ្លួនចុះ ៌របស់យើង ។
ខ្ញុំបានរៀនមេរៀនមួយទៀតមកពីម្ដាយរបស់ខ្ញុំ ។ កាលនៅក្មេង គាត់មានជំងឺខាន់ស្លាក់ស្ទើរនឹងស្លាប់ ។ ក្រោយមក គាត់មានរោគរលាកស្រោមខួរឆ្អឹងខ្នង ។ ឪពុកគាត់បានស្លាប់ទាំងវ័យក្មេង ដូច្នេះហើយម្ដាយខ្ញុំ និងបងប្អូនប្រុសគាត់បានជួយដល់ម្ដាយរបស់ពួកគាត់ ។
ពេញមួយជីវិតគាត់ គាត់រងនូវឥទ្ធិពលនៃការសាកល្បងដោយសារជំងឺ ។ ១០ ឆ្នាំចុងក្រោយនៃជីវិតគាត់ គាត់បានឆ្លងកាត់ការវះកាត់ជាច្រើន ។ ទោះជាឆ្លងកាត់រឿងទាំងអស់នោះក៏ដោយ គាត់បានបង្ហាញភាពស្មោះត្រង់ចំពោះព្រះអម្ចាស់ ទោះជាពេលដេកនៅមួយកន្លែងក្ដី ។ រូបភាពតែមួយគត់នៅលើជញ្ជាំងបន្ទប់គេងរបស់គាត់ គឺរូបព្រះអង្គសង្គ្រោះ ។ ពាក្យចុងក្រោយរបស់គាត់ចំពោះខ្ញុំ គឺ « កូនសម្លាញ់ សំឡេងរបស់កូនដូចជាកូនកំពុងរងារ ។ កូនគួរតែមើលថែខ្លួនណា » ។
នៅពិធីបុណ្យសពរបស់គាត់ អ្នកឡើងនិយាយចុងក្រោយគេគឺ អែលឌើរ ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល ។ ក្រោយពីថ្លែងអំពីការសាកល្បង និងភាពស្មោះត្រង់របស់ម្ដាយខ្ញុំ លោកបានពោលជាពិសេសបែបនេះថា ៖ « បងប្អូនមួយចំនួនអាចឆ្ងល់ថា ហេតុអ្វីមីលដ្រេតត្រូវរងទុក្ខខ្លាំង និងយូរម្ល៉េះ ។ ខ្ញុំនឹងប្រាប់បងប្អូនពីមូលហេតុ ។ ដោយសារព្រះអម្ចាស់ចង់ដុសខាត់គាត់ថែមបន្ដិចទៀត » ។
ខ្ញុំសូមបង្ហាញការដឹងគុណដល់សមាជិកស្មោះត្រង់ជាច្រើនក្នុងសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទ ដែលរែកបន្ទុកដោយសេចក្ដីជំនឿដ៏ខ្ជាប់ខ្ជួន និងអ្នកដែលជួយអ្នកដទៃឲ្យរែកបន្ទុកផ្ទាល់ខ្លួនគេ កាលព្រះអម្ចាស់ព្យាយាមដុសខាត់ពួកគេថែមបន្ដិចទៀត ។ ខ្ញុំក៏សូមបង្ហាញក្ដីស្រឡាញ់ និងការកោតសរសើរដល់អ្នកថែទាំ និងថ្នាក់ដឹកនាំទូទាំងពិភពលោក ដែលបម្រើដល់មនុស្សដទៃ ខណៈដែលពួកគេ និងគ្រួសារពួកគេក៏រងការដុសខាត់បែបនោះដែរ ។
ខ្ញុំសូមថ្លែងទីបន្ទាល់ថា យើងគឺជាបុត្រាបុត្រីរបស់ព្រះវរបិតាសួគ៌ ដែលស្រឡាញ់ពួកយើង ។ ខ្ញុំទទួលអារម្មណ៍សេចក្ដីស្រឡាញ់របស់ប្រធាន រ័សុល អិម ណិលសុនសម្រាប់យើងទាំងអស់ ។ លោកគឺជាព្យាការីនៃព្រះអម្ចាស់នៅក្នុងពិភពលោកសព្វថ្ងៃនេះ ។ ខ្ញុំថ្លែងទីបន្ទាល់ដូច្នោះ នៅក្នុងព្រះនាមដ៏ពិសិដ្ឋនៃព្រះអម្ចាស់ ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ៕