ការពាររដ្ឋធម្មនុញ្ញដែលបានបំផុសគំនិតដោយព្រះរបស់យើង
ជំនឿរបស់យើងលើការបំផុសគំនិតដ៏ទេវភាពផ្ដល់ឲ្យពួកបរិសុទ្ធថ្ងៃចុងក្រោយនូវការទទួលខុសត្រូវដ៏ពិសេសមួយដើម្បីគាំទ្រ និងការពាររដ្ឋធម្មនុញ្ញរបស់សហរដ្ឋអាមេរិក និងគោលការណ៏នៃរដ្ឋធម្មនុញ្ញ។
នៅក្នុងគ្រាដ៏លំបាកនេះ ខ្ញុំមានអារម្មណ៍ចង់និយាយអំពីរដ្ឋធម្មនុញ្ញដ៏បំផុសគំនិតរបស់សហរដ្ឋអាមេរិក ។ រដ្ឋធម្មនុញ្ញនេះមានសារៈសំខាន់ជាពិសេសចំពោះសមាជិករបស់យើងនៅក្នុងសហរដ្ឋអាមេរិកនេះ ប៉ុន្តែវាក៏ជាកេរដំណែលរួមមួយនៃរដ្ឋធម្មនុញ្ញនៅជុំវិញពិភពលោកផងដែរ ។
I.
រដ្ឋធម្មនុញ្ញគឺជាមូលដ្ឋានគ្រឹះរបស់រដ្ឋាភិបាល ។ វាផ្តល់ជារចនាសម្ព័ន្ធ និងដែនកំណត់ចំពោះការអនុវត្តអំណាចរបស់រដ្ឋាភិបាល ។ រដ្ឋធម្មនុញ្ញរបស់សហរដ្ឋអាមេរិកគឺជារដ្ឋធម្មនុញ្ញលាយលក្ខណ៍អក្សរដែលមានវ័យចំណាស់ជាងគេ ដែលមានជាធរមាននៅសព្វថ្ងៃនេះ ។ ទោះជាដើមឡើយមានតែប្រទេសអាណានិគមមួយចំនួនតូចធ្វើតាមក្តី ក៏មិនយូរប៉ុន្មាន រដ្ឋធម្មនុញ្ញនេះក្លាយជាគំរូទូទាំងពិភពលោកដែរ ។ នៅសព្វថ្ងៃនេះ គ្រប់ប្រទេសទាំងអស់បានយកលំនាំតាមរដ្ឋធម្មនុញ្ញជាលាយលក្ខណ៍អក្សរនេះ លើកលែងតែបីប្រទេសប៉ុណ្ណោះដែលមិនបានយកលំនាំតាម ។១
នៅក្នុងសុន្ទរកថានេះ ខ្ញុំមិនមែននិយាយគាំទ្របក្សនយោបាយ ឬក្រុមណាមួយឡើយ ។ ខ្ញុំនិយាយគាំទ្ររដ្ឋធម្មនុញ្ញរបស់សហរដ្ឋអាមេរិក ដែលខ្ញុំបានសិក្សាអស់ជាង ៦០ ឆ្នាំ មកហើយ ។ ខ្ញុំនិយាយពីបទពិសោធន៍ផ្នែកច្បាប់របស់ខ្ញុំ ក្នុងនាមជាក្រឡាបញ្ជីរបស់មហាអយ្យការតុលាការកំពូលនៃសហរដ្ឋអាមេរិក ។ ខ្ញុំនិយាយពីបទពិសោធន៍រយៈពេល ១៥ ឆ្នាំ ជាសាស្រ្តាចារ្យផ្នែកច្បាប់ និងបីឆ្នាំកន្លះជាអយ្យការនៅតុលាការកំពូលរបស់រដ្ឋយូថាហ៍ ។ អ្វីដែលសំខាន់ជាងគេ ខ្ញុំសូមនិយាយពីបទពិសោធន៍រយៈពេល ៣៧ ឆ្នាំក្នុងនាមជាសាវករបស់ព្រះយេស៊ូវគ្រីស្ទ ដែលទទួលខុសត្រូវលើការសិក្សាពីអត្ថន័យនៃរដ្ឋធម្មនុញ្ញរបស់សហរដ្ឋអាមេរិកដែលបានបំផុសគំនិតដោយព្រះនេះ ចំពោះកិច្ចការនៃសាសនាចក្រដែលបានស្តារឡើងវិញរបស់ទ្រង់ ។
រដ្ឋធម្មនុញ្ញរបស់សហរដ្ឋអាមេរិកគឺមានលក្ខណៈពិសេស ពីព្រោះព្រះបានបើកសម្តែងថា ទ្រង់ « បានតាំង » រដ្ឋធម្មនុញ្ញនេះឡើងសម្រាប់សិទ្ធិនានា និងសេចក្ដីការពារដល់គ្រប់សាច់ឈាមទាំងអស់ » ( គោលលទ្ធិ និង សេចក្តីសញ្ញា ១០១:៧៧សូមមើលផងដែរ ខទី ៨០ ) ។ នោះជាមូលហេតុដែលសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយនៅជុំវិញពិភពលោកយកចិត្តទុកដាក់ខ្លាំងលើរដ្ឋធម្មនុញ្ញនេះ ។ មិនថាតើ ឬ តាមរបៀបណាដែលគោលការណ៍របស់រដ្ឋធម្មនុញ្ញនេះគួរតែអនុវត្តតាមនៅប្រទេសផ្សេងៗក្នុងពិភពលោកនេះ គឺអាស្រ័យលើពួកគេជាអ្នកសម្រេចចិត្ត ។
តើអ្វីទៅជាព្រះរាជបំណងរបស់ព្រះដើម្បីបង្កើតរដ្ឋធម្មនុញ្ញរបស់សហរដ្ឋអាមេរិកនេះឡើង ? យើងឃើញមាននៅក្នុងគោលលទ្ធិនៃសិទិ្ធជ្រើសរើសខាងសីលធម៌ ។ នៅក្នុងទសវត្សរ៍ទីមួយនៃសាសនាចក្រដែលបានស្តារឡើងវិញនេះ សមាជិករបស់សាសនាចក្រនៅព្រំដែនភាគខាងលិចបានរងការធ្វើទុក្ខបុកម្នេញជាលក្ខណៈ ឯកជន និងជាសាធារណៈ ។ ផ្នែកខ្លះគឺដោយសារតែការប្រឆាំងរបស់ពួកគេចំពោះអំពើទាសភាពលើមនុស្សដែលបានកើតឡើងនៅសហរដ្ឋអាមេរិក ។ នៅក្នុងកាលៈទេសៈដ៏អភ័ព្វទាំងនេះ ព្រះបានបើកសម្តែងតាមរយៈព្យាការី យ៉ូសែប ស្ម៊ីធ នូវសេចក្តីពិតដ៏អស់កល្បជានិច្ចអំពីគោលលទ្ធិរបស់ទ្រង់ ។
ព្រះបានប្រទានដល់កូនចៅរបស់ទ្រង់នូវសិទ្ធិជ្រើសរើសខាងសីលធម៌—អំណាចដើម្បីធ្វើការសម្រេចចិត្ត និងការប្រព្រឹត្ត ។ លក្ខខណ្ឌដ៏គួរឲ្យចាប់អារម្មណ៍បំផុតដើម្បីអនុវត្តសិទ្ធិជ្រើសរើសនោះ គឺការផ្តល់សិទ្ធិធំទូលាយដល់បុរស និងស្រ្តីឲ្យប្រព្រឹត្ត ស្របតាមការជ្រើសរើសរបស់ពួកគេ ។ បន្ទាប់មក វិវរណៈនេះពន្យល់ថា « មនុស្សគ្រប់រូបអាចបានទទួលការខុសត្រូវចំពោះអំពើបាបទាំងឡាយរបស់ខ្លួននៅថ្ងៃជំនុំជម្រះ » ( គោលលទ្ធិ និង សេចក្តីសញ្ញា ១០១:៧៨ ) ។ « ហេតុដូច្នេះហើយ » ព្រះអម្ចាស់បានបើកសម្តែងថា « គឺមិនត្រូវឲ្យមនុស្សណាមួយ ត្រូវជាប់ជាបាវបម្រើដល់អ្នកណាមួយឡើយ » ( គោលលទ្ធិ និង សេចក្តីសញ្ញា ១០១:៧៩ ) ។ នេះមានន័យថា អំពើទាសភាពលើមនុស្សគឺជាអំពើខុសឆ្គង ។ ហើយយោងទៅលើគោលការណ៍ដូចគ្នានេះ វាគឺខុសដែលពលរដ្ឋមិនមានសិទ្ធិក្នុងការជ្រើសរើសមេដឹកនាំ ឬអ្នកបង្កើតច្បាប់របស់ពួកគេនោះ ។
II.
ជំនឿរបស់យើងថា រដ្ឋធម្មនុញ្ញរបស់សហរដ្ឋអាមេរិកត្រូវបានបំផុសគំនិតដោយព្រះ មិនមែនមានន័យថា វិវរណៈដ៏ទេវភាពបានចែងគ្រប់ពាក្យ និងឃ្លាដូចជា វិធានការចាត់ចែងចំនួនអ្នកតំណាងមកពីរដ្ឋនីមួយៗ ឬអាយុទាបបំផុតរបស់អ្នកតំណាងរដ្ឋជាដើមនោះទេ ។២ ប្រធាន ជេ រ៉ូប៊ីន ក្លាក បានមានប្រសាសន៍ថា រដ្ឋធម្មនុញ្ញមិនមែនជា « ឯកសារដែលពេញលេញគ្រប់ចំណុចនោះទេ » ។ លោកបានពន្យល់ថា « ផ្ទុយទៅវិញ រដ្ឋធម្មនុញ្ញនេះត្រូវតែអភិវឌ្ឍ និងកែលម្អដើម្បីបំពេញតាមតម្រូវការផ្លាស់ប្តូររបស់ពិភពលោកដ៏ជឿនលឿននេះ » ។៣ ឧទាហរណ៍ ការផ្លាស់ប្តូរដែលបានបំផុសគំនិត ឲ្យលុបបំបាត់ចោលអំពើទាសភាព និងផ្តល់សិទ្ធិឲ្យស្ត្រីដើម្បីបោះឆ្នោត ។ ទោះជាយ៉ាងណាក្តី យើងពុំឃើញមានការបំផុសគំនិត នៅរាល់សេចក្តីសម្រេចរបស់តុលាការកំពូលបកស្រាយពីបញ្ហានេះទេ ។
ខ្ញុំជឿលើរដ្ឋធម្មនុញ្ញនេះ យ៉ាងហោចណាស់មានគោលការណ៍ចំនួនប្រាំដែលបានបំផុសគំនិតដោយព្រះ ។៤
ទីមួយ គឺជាគោលការណ៍ដែលថា ប្រភពអំណាចរបស់រដ្ឋាភិបាលគឺបានមកពីប្រជាជន ។ ក្នុងគ្រាមួយកាលដែលអំណាចអធិបតេយ្យត្រូវបានសន្មតជាសាកលថា មកពីព្រះបានតាំងស្តេចឡើង ឬមកពីអំណាចយោធា នោះការប្រគល់អំណាចអធិបតេយ្យឲ្យដល់ប្រជាជនគឺជាការបដិវត្ត ។ ទស្សនវិទូជាច្រើនបានគាំទ្រមតិនេះ ប៉ុន្តែរដ្ឋធម្មនុញ្ញរបស់សហរដ្ឋអាមេរិកបានអនុវត្តវាដំបូងគេ ។ អំណាចអធិបតេយ្យលើប្រជាជន មិនមានន័យថា ក្រុមមនុស្សទុច្ចរិត ឬមនុស្សផ្សេងទៀតអាចមកបន្លាច ឬបង្ខំឲ្យរដ្ឋាភិបាលធ្វើអ្វីមួយនោះទេ ។ រដ្ឋធម្មនុញ្ញដែលបានបង្កើតរដ្ឋធម្មនុញ្ញសាធារណរដ្ឋប្រជាធិបតេយ្យ ដែលប្រជាជនអាចប្រើអំណាចរបស់ខ្លួន តាមរយៈអ្នកតំណាងដែលពួកគេបានជ្រើសរើស ។
គោលការណ៍ដ៏បំផុសគំនិតទីពីរ គឺជាការបែងចែកអំណាចដែលផ្ទេរសិទ្ធិឲ្យរវាងប្រទេស និងរដ្ឋសហព័ន្ធរបស់ខ្លួន ។ នៅក្នុងប្រព័ន្ធសហព័ន្ធរបស់យើង គោលការណ៍ដែលមិនធ្លាប់មានពីមុនមក ពេលខ្លះត្រូវបានផ្លាស់ប្តូរដោយការធ្វើវិសោធនកម្មដ៏បំផុសគំនិត ដូចជា ការលុបបំបាត់អំពើទាសភាព និងការពង្រីកសិទ្ធិបោះឆ្នោតដល់ស្ត្រីដូចបានលើកឡើងខាងពីមុននេះ ។ អ្វីដែលសំខាន់បំផុត រដ្ឋធម្មនុញ្ញរបស់សហរដ្ឋអាមេរិកបានដាក់កម្រិតដល់រដ្ឋាភិបាលថ្នាក់ជាតិឲ្យអនុវត្តអំណាចដែលបានផ្តល់ឲ្យនោះដោយចំៗ ឬដោយបញ្ឆៀង ហើយវារក្សាសិទ្ធិអំណាចផ្សេងទៀតទាំងអស់របស់រដ្ឋាភិបាល « ឲ្យទៅសហរដ្ឋអាមេរិកដោយផ្ទាល់ ឬទៅប្រជាជន » ។៥
គោលការណ៍ដ៏បំផុសគំនិតផ្សេងទៀតគឺជាការបែងចែកអំណាចឲ្យដាច់ពីគ្នា ។ អស់រយៈពេលជាងមួយសតវត្សរ៍ពីមុនអនុសញ្ញារដ្ឋធម្មនុញ្ញ ឆ្នាំ ១៧៨៧ សភារបស់យើង ប្រទេសអង់គ្លេសបានត្រួសត្រាយផ្លូវពីការបំបែកអំណាចនីតិបញ្ញត្តិ និងអំណាចនីតិប្រតិបត្តិឲ្យដាច់ពីគ្នា នៅពេលពួកគេដណ្តើមអំណាចមួយចំនួនបានពីស្តេច ។ ការបំផុសគំនិតនេះនៅក្នុងអនុសញ្ញារបស់សហរដ្ឋអាមេរិកគឺដើម្បីប្រគល់ ឯករាជ្យភាពដល់អំណាចនីតិប្រតិបត្តិ នីតិបញ្ញត្តិ និងតុលាការ ដើម្បីឲ្យផ្នែកទាំងបីនេះអាចពិនិត្យមើលគ្នាទៅវិញទៅមក ។
គោលការណ៍ដ៏បំផុសគំនិតទីបួន គឺស្ថិតក្នុងចង្កោមនៃការធានាសំខាន់ៗ ស្តីពីសិទ្ធិបុគ្គល និងដែនកំណត់ច្បាស់លាស់លើសិទ្ធិអំណាចរបស់រដ្ឋាភិបាលនៅក្នុងច្បាប់ស្តីពីសិទ្ធិចំនួនដប់ដំបូង ដែលត្រូវបានអនុម័តដោយការធ្វើវិសោធនកម្ម ប៉ុន្តែបីឆ្នាំបន្ទាប់ពីរដ្ឋធម្មនុញ្ញបានចូលជាធរមាន ។ ច្បាប់ស្តីពីសិទ្ធិចំនួនដប់ដំបូងមិនមែនថ្មីនោះទេ ។ នៅត្រង់ចំណុចនេះការបំផុសគំនិតគឺស្ថិតក្នុងការអនុវត្តជាក់ស្តែងនៃគោលការណ៍ ដែលបានត្រួសត្រាយផ្លូវនៅក្នុងប្រទេសអង់គ្លេស ដោយចាប់ផ្តើមជាមួយនឹង ម៉ាកណា កាតា ។ ក្រុមអ្នកតាក់តែងរដ្ឋធម្មនុញ្ញដឹងពីរឿងទាំងនេះ ដោយសារធម្មនុញ្ញអាណានិគមមួយចំនួនមានការធានាបែបនេះ ។
បើគ្មានច្បាប់ស្តីពីសិទ្ធិចំនួនដប់ដំបូងនេះទេ នោះអាមេរិកពុំអាចដើរតួជាម្ចាស់ប្រទេសសម្រាប់ការស្តារឡើងវិញនៃដំណឹងល្អនេះឡើយ ដែលបានចាប់ផ្តើមនៅបីទសវត្សរ៍ក្រោយមក ។ មានការបំផុសគំនិតដ៏ទេវភាពនៅក្នុងមាត្រាដើមថា មិនគួរមានការប្រឡងនៃសាសនាចូលមុខតំណែងសាធារណៈឡើយ៦ប៉ុន្តែការបន្ថែមលើសេរីភាពខាងសាសនា និងការធានាប្រឆាំងនឹងប្រព័ន្ធវណ្ណៈនៅក្នុងការធ្វើវិសោធនកម្មដំបូងគឺចាំបាច់ ។ យើងក៏មើលឃើញការបំផុសគំនិតដ៏ទេវភាពនៅក្នុងវិសោធនកម្មដំបូងនៃសេរីភាពខាងការនិយាយ និងសារព័ត៌មាន និងនៅក្នុងការការពារផ្ទាល់ខ្លួននៅក្នុងវិសោធនកម្មផ្សេងទៀតដែរ ដូចជា ការកាត់ទោសផ្នែកព្រហ្មទណ្ឌជាដើម ។
ទីប្រាំ និងជាចំនុចចុងក្រោយ ខ្ញុំមើលឃើញការបំផុសគំនិតដ៏ទេវភាពនៅក្នុងគោលបំណងដ៏សំខាន់នៃរដ្ឋធម្មនុញ្ញទាំងមូល ។ យើងនៅក្រោមការគ្រប់គ្រងរបស់ ច្បាប់មិនមែន នៅក្រោមការគ្រប់គ្រងរបស់បុគ្គលទេហើយភាពស្មោះត្រង់របស់យើងគឺត្រូវមានចំពោះ រដ្ឋធម្មនុញ្ញនិងគោលការណ៍ និងនីតិវិធីរបស់រដ្ឋមនុញ្ញ ពុំមែនចំពោះអ្នក កាន់តំណែងណាម្នាក់ឡើយ ។ តាមរបៀបនេះ មនុស្សទាំងអស់មានសិទ្ធិស្មើគ្នានៅចំពោះមុខច្បាប់ ។ គោលការណ៍ទាំងនេះរារាំងមហិច្ឆតាស្វ័យភាព ដែលបានបង្ខូចដល់លទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសមួយចំនួន ។ វាក៏មានន័យដែរថា ស្ថាប័នទាំងបីរបស់រដ្ឋាភិបាលមិនគួរត្រួតត្រាលើស្ថាប័នដទៃទៀត ឬរារាំងស្ថាប័នដទៃទៀតពីការបំពេញមុខងារតាមរដ្ឋធម្មនុញ្ញត្រឹមត្រូវដើម្បីពិនិត្យមើលគ្នាទៅវិញទៅមកឡើយ ។
III.
ថ្វីបើគោលការណ៍ទាំងឡាយនៃរដ្ឋធម្មនុញ្ញរបស់សហរដ្ឋអាមេរិកមានការបំផុសគំនិតដ៏ទេវភាពយ៉ាងណាក្ដី ក៏នៅពេលអនុវត្តដោយមនុស្សដែលមិនល្អឥតខ្ចោះ នោះគោលបំណងរបស់រដ្ឋធម្មនុញ្ញនេះមិនមានប្រសិទ្ធភាពជានិច្ចនោះទេ ។ ប្រធានបទដ៏សំខាន់នៃការតាក់តែងច្បាប់ ដូចជាច្បាប់មួយចំនួនដែលគ្រប់គ្រងលើទំនាក់ទំនងគ្រួសារ ត្រូវបានដកយកពីរដ្ឋដោយរដ្ឋាភិបាលសហព័ន្ធ ។ ការធានាលើការធ្វើវិសោធនកម្មទីមួយស្ដីពីសេរីភាពក្នុងការនិយាយស្ដី ពេលខ្លះត្រូវបានថយចុះដោយការកៀបសង្កត់លើការនិយាយស្តីដែលមិនមានប្រជាប្រិយភាព ។ គោលការណ៍ស្ដីពីការបែងចែកអំណាចឲ្យដាច់ពីគ្នានេះតែងតែស្ថិតនៅក្រោមសម្ពាធឡើងចុះនៃឥទ្ធិពលរបស់ស្ថាប័នរដ្ឋាភិបាលមួយដែលអនុវត្ត ឬរារាំងអំណាចដែលបានផ្ទេរឲ្យទៅស្ថាប័នមួយទៀត ។
មានការគំរាមកំហែងផ្សេងទៀតដែលបំផ្លាញនូវគោលការណ៏ដ៏បំផុសគំនិតនៃរដ្ឋធម្មនុញ្ញរបស់សហរដ្ឋអាមេរិក ។ កេរ្តិ៍ឈ្មោះនៃរដ្ឋធម្មនុញ្ញត្រូវបានថយចុះ ដោយការខិតខំដើម្បីជំនួស និន្នាការសង្គមបច្ចុប្បន្នថាជាហេតុផលសម្រាប់ការបង្កើតរបស់ខ្លួន ជំនួសឲ្យសេរីភាព និងស្វ័យរដ្ឋាភិបាល ។ សិទ្ធិអំណាចនៃរដ្ឋធម្មនុញ្ញត្រូវបានធ្វើឲ្យលែងមានសារៈសំខាន់នៅពេលបេក្ខជន ឬមន្ត្រីបដិសេធគោលការណ៍របស់រដ្ឋធម្មនុញ្ញនេះ ។ សេចក្តីថ្លៃថ្នូរ និងកម្លាំងនៃរដ្ឋធម្មនុញ្ញត្រូវបានចុះខ្សោយដោយបុគ្គល ដែលហៅវាថាជាការសាកល្បងសេចក្ដីស្មោះត្រង់ ឬពាក្យស្លោកនយោបាយមួយ ជំនួសឲ្យឋានៈដ៏ខ្ពង់ខ្ពស់របស់រដ្ឋធម្មនុញ្ញដែលជាប្រភពដើមមួយនៃសិទ្ធិអំណាច និងដែនកំណត់ស្តីពីសិទ្ធិអំណាចរដ្ឋាភិបាល ។
IV.
ជំនឿរបស់យើងលើការបំផុសគំនិតដ៏ទេវភាពផ្ដល់ឲ្យពួកបរិសុទ្ធថ្ងៃចុងក្រោយនូវការទទួលខុសត្រូវដ៏ពិសេសមួយដើម្បីគាំទ្រ និងការពាររដ្ឋធម្មនុញ្ញរបស់សហរដ្ឋអាមេរិក និងគោលការណ៏នៃរដ្ឋធម្មនុញ្ញនៅគ្រប់ទីកន្លែងដែលពួកគេរស់នៅ ។ យើងគួរទុកចិត្តលើព្រះអម្ចាស់ និងមានភាពវិជ្ជមានអំពីអនាគតរបស់ប្រជាជាតិនេះ ។
តើមានអ្វីខ្លះទៀតដែលពួកបរិសុទ្ធថ្ងៃចុងក្រោយត្រូវធ្វើ ? យើងក៏ត្រូវអធិស្ឋានសូមឲ្យព្រះអម្ចាស់ណែនាំ ហើយប្រទានពរដល់គ្រប់ប្រជាជាតិ និងមេដឹកនាំរបស់ពួកគេផងដែរ ។ នេះគឺជាផ្នែកមួយនៃមាត្រានៃសេចក្ដីជំនឿរបស់យើង ។ ពិតណាស់ ការនៅក្រោមអំណាចប្រធានាធិបតី ឬអ្នកគ្រប់គ្រង់៧មិនបានបង្កើតជាឧបសគ្គដល់ការបដិសេធរបស់យើងចំពោះច្បាប់ ឬគោលនយោបាយនីមួយៗឡើយ ។ វាពុំតម្រូវឲ្យ យើងត្រូវអនុវត្តឥទ្ធិពលខាងស៊ីវិលរបស់យើងដោយសន្តិភាព នៅក្នុងក្របខណ្ឌនៃរដ្ឋធម្មនុញ្ញ និងច្បាប់ដែលអនុវត្តបានរបស់យើងឡើយ ។ ចំពោះបញ្ហាដែលមានការជំទាស់តវ៉ា យើងគួរស្វែងរកការសម្របសម្រួល និងការបង្រួបបង្រួម ។
មានកាតព្វកិច្ចផ្សេងទៀត ដែលជាផ្នែកនៃការគាំទ្រដល់រដ្ឋធម្មនុញ្ញដ៏បំផុសគំនិតនេះ ។ យើងគួររៀន ហើយគាំទ្រដល់ គោលការណ៍ដ៏បំផុសគំនិតនៃរដ្ឋធម្មនុញ្ញ ។ យើងគួរស្វែងរក ហើយគាំទ្របុគ្គលល្អ និងឈ្លាសវៃដែលនឹងគាំទ្រដល់គោលការណ៍ទាំងនោះនៅក្នុងសកម្មភាពរបស់ពួកគេជាសាធារណៈ ។៨ យើងគួរតែជាពលរដ្ឋដែលមានចំណេះដឹងដែលសកម្មក្នុងការធ្វើឲ្យឥទ្ធិពលរបស់យើងនៅក្នុងកិច្ចការសង្គម ។
នៅក្នុងសហរដ្ឋអាមេរិក និងនៅក្នុងប្រទេសដែលមានលទ្ធិប្រជាធិបតយ្យដទៃទៀត ឥទ្ធិពលខាងនយោបាយត្រូវបានអនុវត្តដោយការឈរឈ្មោះសម្រាប់មុខតំណែង ( ដែលយើងគាំទ្រ ) តាមរយៈការបោះឆ្នោត តាមរយៈការផ្តល់ជំនួយផ្នែកហិរញ្ញវត្ថុ តាមរយៈសមាជិកភាព និងការបម្រើនៅក្នុងបក្សនយោបាយ និងតាមរយៈការបន្តទំនាក់ទំនងជាមួយនឹងមន្ដ្រីរាជការ គណបក្ស និងបេក្ខជន ។ ដើម្បីដំណើរការបានល្អ ប្រទេសដែលមានលទ្ធិប្រជាធិបតយ្យមួយត្រូវការអ្វីៗទាំងអស់នេះ ប៉ុន្តែពលរដ្ឋដែលមានមនសិការពុំចាំបាច់ផ្តល់ឲ្យអ្វីៗទាំងអស់នេះទេ ។
មានបញ្ហានយោបាយជាច្រើន ហើយគ្មានគណៈបក្សណា ឬវេទិកាណា ឬបេក្ខជនណាម្នាក់អាចតម្រូវចិត្តបុគ្គលទាំងអស់នោះបានទេ ។ ហេតុដូច្នោះហើយ ពលរដ្ឋម្នាក់ៗត្រូវតែធ្វើការសម្រេចចិត្ត ថាតើបញ្ហាណាមួយដែលមានសារៈសំខាន់បំផុតចំពោះពួកគាត់ ។ បន្ទាប់មក សមាជិកគួរតែស្វែងរកការបំផុសគំនិតពីរបៀបដើម្បីអនុវត្តឥទ្ធិពលរបស់ពួកគេស្របតាមអាទិភាពរបស់ពួកគេ ។ ដំណើរការនេះនឹងមិនងាយស្រួលទេ ។ ប្រហែលជាវាទាមទារឲ្យមានការផ្លាស់ប្តូរការគាំទ្រដល់បក្ស ឬក៏ការជ្រើសរើសបេក្ខជន នៅក្នុងការបោះឆ្នោតម្ដងៗ ។
នៅពេលខ្លះទង្វើឯករាជ្យបែបនេះនឹងទាមទារឲ្យអ្នកបោះឆ្នោតត្រូវគាំទ្រដល់បេក្ខជន ឬបក្សនយោបាយ ឬវេទិកាមុខតំណែងផ្សេងទៀតដែលពួកគេមិនអាចអនុម័តបាន ។៩ នោះជាមូលហេតុមួយ ដែលយើងលើកទឹកចិត្តសមាជិករបស់យើងឲ្យជៀសវាងពីការវិនិច្ឆ័យគ្នាទៅវិញទៅមកនៅក្នុងបញ្ហានយោបាយ ។ យើងមិនត្រូវអះអាងថា ពួកបរិសុទ្ធថ្ងៃចុងក្រោយមិនអាចចូលជាសមាជិកនៃបក្សណាមួយ ឬបោះឆ្នោតឲ្យបេក្ខជនជាក់លាក់ណាម្នាក់ឡើយ ។ យើងបង្រៀនគោលការណ៍ត្រឹមត្រូវ និងទុកឲ្យសមាជិករបស់យើងធ្វើការជ្រើសរើសពីរបៀបដើម្បីដាក់អាទិភាព និងអនុវត្តគោលការណ៍ទាំងនោះចំពោះបញ្ហាដែលបានកើតឡើងពីពេលមួយទៅពេលមួយ ។ យើងក៏សូមអង្វរផងដែរ ហើយយើងស្នើសុំឲ្យថ្នាក់ដឹកនាំតាមមូលដ្ឋានរបស់យើងទទូចថា ជម្រើស និងការចូលរួមសម្ព័ន្ធភាពនយោបាយ មិនមែនជាប្រធានបទនៃការបង្រៀន ឬការតស៊ូមតិនៅក្នុងការប្រជុំសាសនាចក្ររបស់យើងណាមួយឡើយ ។
ពិតប្រាកដណាស់ សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ អនុវត្តសិទ្ធិរបស់ខ្លួនដើម្បីគាំទ្រ ឬជំទាស់នឹងការស្នើសុំច្បាប់ជាក់លាក់ណាមួយ ដែលយើងជឿថាវានឹងជះឥទ្ធិពលដល់ការអនុវត្តខាងសាសនាដោយសេរី ឬផលប្រយោជន៍ចាំបាច់របស់អង្គការនៃសាសនាចក្រ ។
ខ្ញុំសូមធ្វើទីបន្ទាល់ពីរដ្ឋធម្មនុញ្ញរបស់សហរដ្ឋអាមេរិកដែលបានបំផុសគំនិតដោយព្រះ និងសូមបួងសួងថា យើងដឹងថា ព្រះជាអង្គបានបំផុសគំនិតដល់រដ្ឋធម្មនុញ្ញនេះ នឹងគាំទ្រ ហើយការពារគោលការណ៍ដ៏អស្ចារ្យរបស់រដ្ឋធម្មនុញ្ញនេះជានិច្ច ។ នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ៕