សេចក្តីអាណិតអាសូរដ៏អង្វែងរបស់ព្រះអង្គសង្គ្រោះ
ការបង្ហាញនូវសេចក្ដីមេត្តាករុណាចំពោះអ្នកដទៃ គឺជាខ្លឹមនៃដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ ។
គោលការណ៍ដ៏សំខាន់បំផុតមួយដែលបានបង្រៀនដោយព្រះអង្គសង្គ្រោះ អំឡុងការងារបម្រើលើផែនដីរបស់ទ្រង់គឺការប្រព្រឹត្តចំពោះអ្នកដទៃដោយសេចក្តីអាណិតអាសូរ ។ ចូរយើងសញ្ជឹងគិតពីគោលការណ៍នេះ និងការអនុវត្តជាក់ស្តែង ដោយពិចារណាអំពីដំណើររឿងនៃកាលដែលព្រះយេស៊ូវយាងទៅលេងផ្ទះរបស់ស៊ីម៉ូន ជាពួកផារិស៊ីម្នាក់ ។
ដំណឹងល្អរបស់ លូកា រៀបរាប់ថា ស្រ្តីដែលមានបាបម្នាក់បានចូលទៅផ្ទះរបស់ស៊ីម៉ូន កាលដែលព្រះយេស៊ូវនៅទីនោះ ។ ដោយចិត្តរាបសា នាងបានជួបព្រះយេស៊ូវ លាងសម្អាតព្រះបាទារបស់ទ្រង់ជាមួយនឹងទឹកភ្នែករបស់នាង ហើយបានយកសក់របស់នាងមកជូត ហើយបន្ទាប់មកថើប និងបានលាបប្រេងក្រអូបវិសេស ។ ១ ម្ចាស់ផ្ទះដែលមានអំនួត បានចាត់ទុកខ្លួនឯងថាមានសីលធម៌ខ្ពស់ជាងស្ត្រីនោះ បានគិតក្នុងចិត្តថា « បើអ្នកនេះជាហោរាមែន នោះនឹងស្គាល់ស្ត្រីដែលពាល់ខ្លួន ហើយដឹងថាជាមនុស្សយ៉ាងណា ព្រោះនាងជាមនុស្សមានបាប » ។ ២
អាកប្បកិរិយាដែលថាខ្លួនបរិសុទ្ធជាងអ្នកដទៃរបស់ពួកផារិស៊ីរូបនេះ បាននាំឲ្យគាត់ធ្វើការវិនិច្ឆ័យមិនត្រឹមត្រូវមកលើព្រះយេស៊ូវ និងស្រ្តីនោះ ារ្យ ទ្រង់បានជំទាស់នឹងឥរិយារបស់ស៊ីម៉ូន ហើយបានដាស់តឿនគាត់ចំពោះការខ្វះសុជីវធម៌ក្នុងការទទួលភ្ញៀវពិសេសដូចជាព្រះអង្គសង្គ្រោះចូលក្នុងផ្ទះរបស់គាត់ ។ តាមពិតទៅ ការស្តីបន្ទោសដោយផ្ទាល់របស់ព្រះយេស៊ូវទៅលើពួកផារិស៊ីបានបង្ហាញថា ព្រះយេស៊ូវពិតជាមានអំណោយទាននៃការព្យាករមែន ហើយថាស្ត្រីរូបនេះបានប្រែចិត្តដោយចិត្តរាបទាប និងចិត្តសោកសង្រេង ហើយទទួលបានការអភ័យទោសចំពោះអំពើបាបរបស់នាង ។ ៣
ក៏ដូចជាព្រឹត្តិការណ៍ផ្សេងៗទៀត អំឡុងការងារបម្រើរបស់ព្រះយេស៊ូវនៅលើផែនដីដែរ ដំណើររឿងនេះជាភស្តុតាងមួយទៀតថា ព្រះអង្គសង្គ្រោះបានប្រព្រឹត្តដោយសេចក្តីអាណិតអាសូរចំពោះអស់អ្នកដែលបានមករកទ្រង់—ដោយគ្មានការបែងចែក—ជាពិសេសចំពោះអស់អ្នក ដែលត្រូវការជំនួយបំផុតពីទ្រង់ ។ សេចក្តីស្រឡាញ់ដែលពេញការតាំងចិត្ត និងការគោរព ដែលស្ត្រីនោះបង្ហាញចំពោះព្រះយេស៊ូវ គឺជាភស្តុតាងនៃបំណងប្រាថ្នា និងការប្រែចិត្តដ៏ស្មោះត្រង់ ដើម្បីទទួលនូវការផ្តាច់បាបរបស់នាង ។ ទោះជាយ៉ាងណា អំនួតនិងដួងចិត្តរឹងរូសរបស់ស៊ីម៉ូន ៤ បានរារាំងគាត់ពីការបង្ហាញចិត្តមេត្តាចំពោះព្រលឹងដែលប្រែចិត្តនោះ ហើយគាត់ថែមទាំងបានប្រព្រឹត្តដាក់ព្រះអង្គសង្គ្រោះនៃពិភពលោកដោយភាពព្រងើយកន្តើយ និងការមើលងាយទៀតផង និងភាពបរិសុទ្ធក្លែងក្លាយនោះទេ ។ ៥
ការងារបម្រើដោយចិត្តអាណិតអាសូរ និងដោយផ្ទាល់របស់ព្រះយេស៊ូវនៅក្នុងដំណើរឿងនេះ បង្ហាញនូវគំរូដ៏ឥតខ្ចោះមួយពីរបៀបដែលយើងគប្បីប្រព្រឹត្តដាក់អ្នកជិតខាងរបស់យើង ។ ព្រះគម្ពីរមាននូវឧទាហរណ៍រាប់មិនអស់ពីរបៀបដែលព្រះអង្គសង្គ្រោះបានមានព្រះទ័យក្តួលអាណិតខ្លាំង និងប្រាស្រ័យទាក់ទងនឹងមនុស្សនៅជំនាន់របស់ទ្រង់ ហើយបានជួយដល់អ្នកដែលកំពុងរងទុក្ខ ព្រមទាំងគេ « ដែលល្វើយ ហើយខ្ចាត់ខ្ចាយ ដូចហ្វូងចៀមដែលឥតអ្នកគង្វាល » ។ ៦ ទ្រង់បានលាតព្រះហស្តដ៏មេត្តាករុណារបស់ទ្រង់ដល់អ្នកទាំងឡាយ ដែលត្រូវការការសម្រាលបន្ទុក ទាំងខាងសាច់ឈាម និងព្រលឹងវិញ្ញាណ ។ ៧
អាកប្បកិរិយាពេញដោយចិត្តអាណិតរបស់ព្រះយេស៊ូវបានចាក់ឫសនៅក្នុងសេចក្តីសប្បុរស ៨ ពោលគឺនៅក្នុងសេចក្តីស្រឡាញ់ដ៏បរិសុទ្ធ និងល្អឥតខ្ចោះ ដែលជាខ្លឹមសារដ៏សំខាន់នៃពលិកម្មដ៏ធួនរបស់ទ្រង់ ។ ចិត្តអាណិតអាសូរគឺជាចរិតលក្ខណៈគ្រឹះនៃអ្នកដែលខិតខំមានភាពបរិសុទ្ធ ហើយគុណសម្បត្តិដ៏ទេវភាពនេះទាក់ទងយ៉ាងជិតស្និទ្ធនឹងលក្ខណៈនិស្ស័យពួកគ្រីស្ទានដទៃទៀតដូចជា ការទួញយំជាមួយអ្នកដែលទួញយំ និងមានការយល់ចិត្ត សេចក្ដីមេត្តាករុណា និងចិត្តល្អ ។ ៩ តាមពិតទៅ ការបង្ហាញនៃសេចក្តីអាណិតអាសូរទៅកាន់អ្នកដទៃគឺជាសារសំខាន់នៃដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ ហើយជាភស្តុតាងសម្គាល់មួយនៃភាពស្និទស្នាលខាងវិញ្ញាណ និងអារម្មណ៍របស់យើងចំពោះព្រះអង្គសង្គ្រោះ ។ លើសពីនេះទៅទៀត វាក៏បង្ហាញពីកម្រិតនៃឥទ្ធិពលដែលទ្រង់មានក្នុងជីវិតរស់នៅរបស់យើង និងបង្ហាញពីទំហំនៃវិញ្ញាណរបស់យើងផងដែរ ។
វាមានប្រយោជន៍ក្នុងការសង្កេតថា ការប្រព្រឹត្តដោយចិត្តអាណិតអាសូររបស់ព្រះយេស៊ូវមិនមែនជាការបង្ហាញឡើងម្តងម្កាល ឬជាកាតព្វកិច្ចដែលត្រូវបំពេញ ដោយផ្អែកលើបញ្ជីនៃកិច្ចការដែលត្រូវតែធ្វើឲ្យចប់នោះទេ ប៉ុន្តែវាជាការបង្ហាញជារៀងរាល់ថ្ងៃ អំពីការពិតនៃសេចក្តីស្រឡាញ់ដ៏បរិសុទ្ធរបស់ទ្រង់ចំពោះព្រះ និងបុត្រាបុត្រីរបស់ទ្រង់ រួមទាំងព្រះរាជបំណងដ៏យូរអង្វែងរបស់ទ្រង់ក្នុងការជួយដល់ពួកគេ ។
ព្រះយេស៊ូវអាចជ្រាបពីសេចក្តីត្រូវការរបស់មនុស្សនៅពីចម្ងាយ ។ ដូច្នេះវាមិនមែនជារឿងគួរឲ្យភ្ញាក់ផ្អើលទេ ដែលភ្លាមៗបន្ទាប់ពីបានព្យាបាលអ្នកបម្រើរបស់នាយទាហានម្នាក់ ១០ ព្រះយេស៊ូវបានធ្វើដំណើរមកពីកាពើណិមទៅទីក្រុងមួយមានឈ្មោះថា ណាអ៊ីន ។ គឺនៅទីនោះហើយដែលព្រះយេស៊ូវបានធ្វើអព្ភូតហេតុដ៏ទន់ភ្លន់បំផុតមួយ នៃការងារបម្រើនៅលើផែនដីរបស់ទ្រង់ នៅពេលដែលទ្រង់បានបញ្ជាឲ្យយុវជនដែលបានស្លាប់ម្នាក់ ជាកូនប្រុសតែម្នាក់គត់របស់ម្តាយមេម៉ាយម្នាក់ ឲ្យក្រោកឡើងហើយមានជីវិតរស់នៅ ថែមទាំងញាណដឹងពីស្ថានភាពលំបាកក្នុងជីវិតរបស់នាង និងបានរំជួលចិត្តដោយក្តីអាណិតអាសូរជាខ្លាំងផងដែរ ។ ១១
ដូចជាស្រ្តីដែលមានបាប និងស្ត្រីមេម៉ាយនៃក្រុងណាអ៊ីនដែរ មនុស្សជាច្រើនក្នុងរង្វង់នៃឥទ្ធិពលរបស់យើងកំពុងស្វែងរកការលួងលោម ការយកចិត្តទុកដាក់ ការរាប់អាន និងជំនួយទាំងឡាយ ដែលយើងអាចផ្តល់ឲ្យពួកគេ ។ យើងក៏អាចធ្វើជាឧបករណ៍នៅក្នុងព្រះហស្ដរបស់ព្រះអម្ចាស់ និងប្រព្រឹត្តដោយក្តីអាណិតអាសូរចំពោះអ្នកដែលមានតម្រូវការ ដូចជាព្រះយេស៊ូវគ្រីស្ទបានធ្វើដែរ ។
ខ្ញុំបានស្គាល់ក្មេងស្រីតូចម្នាក់ ដែលកើតមកមានមាត់ឆែបយ៉ាងខ្លាំង ។ នាងត្រូវទទួលការវះកាត់ជាលើកដំបូងនៃការវះកាត់បន្តបន្ទាប់ផ្សេងទៀត នៅថ្ងៃទីពីរនៃជីវិតរបស់នាង ។ ដោយក្តីអាណិតអាសូរចំពោះអ្នកដែលជួបប្រទះនឹងបញ្ហាដូចគ្នានេះ នោះក្មេងស្រីនេះ និងឪពុកម្តាយនាង បានព្យាយាមផ្តល់ការគាំទ្រ ការយោគយល់ និងផ្ដល់ជំនួយផ្លូវចិត្តដល់អ្នកដទៃ ដែលប្រឈមមុខនឹងការពិតដ៏ស្មុគស្មាញនេះ ។ ពួកគេបានសរសេរមកខ្ញុំថ្មីៗនេះ ហើយចែកចាយថា « តាមរយៈឧបសគ្គរបស់កូនស្រីយើង នោះយើងមានឱកាសដើម្បីជួបមនុស្សល្អៗដែលត្រូវការការលួងលោម ការគាំទ្រ និងការលើកទឹកចិត្ត ។ ប៉ុន្មានខែកន្លងទៅ កូនស្រីរបស់យើង ឥឡូវនេះនាងមានអាយុ ១១ ឆ្នាំ នាងបានជជែកជាមួយឪពុកម្តាយនៃទារកម្នាក់ ដែលមានការលំបាកដូចគ្នានេះ តែរោគរាតត្បាតនោះចេញមួយភ្លែត ដើម្បីឲ្យឪពុកម្តាយទារកតូចនោះអាចមើលឃើញថា គាត់នៅមានក្តីសង្ឃឹម បើទោះបីជាទារកតូចនោះត្រូវប្រើពេលយូររហូតដល់ទៅពីរបីឆ្នាំ ដើម្បីព្យាបាលបញ្ហានេះក៏ដោយ ។ យើងមានអារម្មណ៍ដឹងគុណយ៉ាងខ្លាំងចំពោះឱកាស ដើម្បីពង្រីកចិត្តមេត្តារបស់យើងទៅកាន់អ្នកដែលរងទុក្ខ ដូចដែលព្រះអង្គសង្គ្រោះធ្វើចំពោះយើងដែរ ។ យើងមានអារម្មណ៍ថា យើងបន្ធូរបន្ថយការឈឺចាប់របស់យើង រាល់ពេលដែលយើងជួយរំសាយការឈឺចាប់របស់នរណាម្នាក់ » ។
មិត្តជាទីស្រឡាញ់អើយ នៅពេលយើងខិតខំដោយចេតនា ដើម្បីដាក់ឥរិយាអាណិតអាសូរក្នុងការរស់នៅរបស់យើង ដូចបានផ្តល់គំរូដោយព្រះអង្គសង្គ្រោះ នោះយើងនឹងកាន់តែដឹងច្រើនពីសេចក្តីត្រូវការរបស់មនុស្សជាតិ ។ អារម្មណ៍នៃការចាប់អារម្មណ៍ និងសេចក្តីស្រឡាញ់ដ៏ពិតប្រាកដនឹងជ្រាបចូលគ្រប់សកម្មភាពរបស់យើង តាមកំណើននៃការញាណដឹងនោះ ។ ព្រះអម្ចាស់នឹងស្គាល់កិច្ចខិតខំយើង ហើយយើងនឹងបានពរជ័យឲ្យមានឱកាសដើម្បីធ្វើជាឧបករណ៍នៅក្នុងព្រះហស្តទ្រង់ ដើម្បីបន្ទន់ដួងចិត្ត និងនាំមកនូវភាពធូរស្បើយដល់ « ដៃដែលរោយ » ។ ១២
ការស្តីបន្ទោសរបស់ព្រះយេស៊ូវចំពោះស៊ីម៉ូនជាពួកផារិស៊ីក៏បានបញ្ជាក់ច្បាស់ថា យើងមិនគួរវិនិច្ឆ័យ និងឃោរឃៅចំពោះអ្នកជិតខាងរបស់យើងទេ ពីព្រោះយើងទាំងអស់គ្នាត្រូវការការយោគយល់ និងព្រះទ័យមេត្តាករុណាចំពោះភាពមិនល្អឥតខ្ចោះរបស់យើងពីព្រះវរបិតាសួគ៌ជាទីស្រឡាញ់របស់យើង ។ តើនេះមិនមែនជាអ្វីដែលព្រះអង្គសង្គ្រោះបានបង្រៀនក្នុងឱកាសផ្សេងទៀតទេឬអី កាលទ្រង់មានបន្ទូលថា « ហេតុអ្វីបានជាអ្នកមើលឃើញកម្ទេច ដែលនៅក្នុងភ្នែករបស់បងប្អូនអ្នក តែមិនឃើញធ្នឹម ដែលនៅក្នុងភ្នែករបស់ខ្លួនសោះដូច្នេះ » ។ ១៣
យើងត្រូវតែគិតថា វាពុំងាយស្រួលទេដើម្បីយល់ពីគ្រប់កាលៈទេសៈ ដែលរួមចំណែកដល់អាកប្បកិរិយា ឬប្រតិកម្មរបស់នរណាម្នាក់នោះ ។ ភិនភាគខាងក្រៅអាចបញ្ឆោត ហើយជារឿយៗ វាពុំមែនជាការវាស់វែងត្រឹមត្រូវអំពីអាកប្បកិរិយារបស់នរណាម្នាក់ឡើយ ។ បងប្អូន និងខ្ញុំខុសពីទ្រង់ ព្រះគ្រីស្ទមានសមត្ថភាពមើលឃើញយ៉ាងច្បាស់ពីគ្រប់ទិដ្ឋភាពនៃស្ថានភាពរបស់នរណាម្នាក់ ។ ១៤ ទោះបីជាទ្រង់ជ្រាបពីភាពទន់ខ្សោយរបស់យើងក្ដី ក៏ព្រះអង្គសង្គ្រោះមិនថ្កោលទោសយើងភ្លាមៗដែរ ប៉ុន្តែនៅតែបន្តធ្វើការជាមួយយើងដោយក្ដីអាណិតអាសូរ ជួយយើងឲ្យដកធ្នឹមចេញពីភ្នែកយើង ។ ព្រះយេស៊ូវតែងតែទតមើលដួងចិត្ត និងពុំមែនរូបរាងខាងក្រៅនោះទេ ។ ១៥ ទ្រង់បានប្រកាសដោយផ្ទាល់ថា « កុំឲ្យជំនុំជម្រះតាមភាពដែលមើលឃើញតែខាងក្រៅឡើយ » ។ ១៦
ឥឡូវនេះ សូមពិចារណាអំពីដំបូន្មានដ៏ឈ្លាសវៃរបស់ព្រះអង្គសង្គ្រោះចំពោះសិស្សសាសន៍នីហ្វៃទាំងដប់ពីរនាក់ ទាក់ទងនឹងសំណួរនេះ ៖
« សេចក្ដីជំនុំជម្រះ ដែលយើងនឹងប្រទានដល់អ្នក ដែលត្រឹមត្រូវ ។ ដូច្នេះ តើអ្នករាល់គ្នាគួរធ្វើជាមនុស្សបែបណាទៅ ? យើងប្រាប់អ្នករាល់គ្នាជាប្រាកដថា ត្រូវឲ្យបានដូចជាយើង » ។ ១៧
« ដូច្នេះយើងចង់ឲ្យអ្នករាល់គ្នាបានល្អឥតខ្ចោះដូចជាយើង ឬដូចជាព្រះវរបិតារបស់អ្នករាល់គ្នាដែលគង់នៅស្ថានសួគ៌ ទ្រង់ល្អឥតខ្ចោះដែរ » ។ ១៨
នៅក្នុងបរិបទនេះ ព្រះអម្ចាស់កំណត់ការវិនិច្ឆ័យទៅលើអ្នកដែលលើកដាក់លើខ្លួនដើម្បីវិនិច្ឆ័យអំពីការខ្វះខាតរបស់អ្នកដទៃដោយពុំសុច្ចរិត ។ ដើម្បីយើងបានស័ក្ដិសមនឹងវិនិច្ឆ័យដោយសុចរិត យើងត្រូវតែព្យាយាមដើម្បីប្រែក្លាយដូចជាព្រះអង្គសង្គ្រោះ ហើយមើលទៅភាពមិនល្អឥតខ្ចោះនៃបុគ្គលម្នាក់ៗដោយក្តីអាណិតអាសូរ មើលតាមព្រះនេត្ររបស់ទ្រង់ ។ សូមគិតថា យើងនៅមានផ្លូវវែងឆ្ងាយដើម្បីទៅដល់ភាពល្អឥតខ្ចោះ ប្រហែលជាវានឹងល្អជាង ប្រសិនបើយើងអង្គុយនៅព្រះបាទារបស់ព្រះយេស៊ូវ ហើយអង្វរសុំក្តីមេតាករុណាសម្រាប់ភាពមិនល្អឥតខ្ចោះរបស់យើងផ្ទាល់ ដូចជាស្រ្តីដែលបានប្រែចិត្តនៅឯផ្ទះរបស់ពួកផារិស៊ីដែរ ហើយកុំចំណាយពេល និងកម្លាំងច្រើនក្នុងការចាំមើលភាពមិនល្អឥតខ្ចោះរបស់អ្នកដទៃ ។
មិត្តជាទីស្រឡាញ់អើយ ខ្ញុំសូមថ្លែងទីបន្ទាល់ថា នៅពេលយើងព្យាយាមដាក់គំរូដែលពេញដោយក្ដីអាណិតអាសូររបស់ព្រះអង្គសង្គ្រោះក្នុងជីវិតរបស់យើង នោះសមត្ថភាពរបស់យើងក្នុងការសរសើរគុណធម៌របស់អ្នកជិតខាងយើងនឹងចម្រើនឡើង ហើយសភាវគតិធម្មជាតិរបស់យើងដើម្បីវិនិច្ឆ័យភាពមិនល្អឥតខ្ចោះរបស់ពួកគេ នឹងថយចុះ ។ ការរួបរួមរបស់យើងជាមួយព្រះ នឹងរីកចម្រើន ហើយប្រាកដណាស់ ជីវិតរបស់យើងនឹងកាន់តែផ្អែមល្ហែម អារម្មណ៍របស់យើងកាន់តែទន់ភ្លន់ ហើយយើងនឹងរកឃើញប្រភពនៃសុភមង្គលដ៏មិនចេះចប់ ។ យើងនឹងត្រូវបានស្គាល់ថាជាអ្នកផ្សះផ្សា ១៩ ជាពាក្យដែលទន់ភ្លន់ដូចទឹកសន្សើមនៅពេលព្រឹកនានិទាឃរដូវ ។
ខ្ញុំសូមអធិស្ឋានថា យើងនឹងកាន់តែមានការអត់ធ្មត់ និងការយោគយល់ដល់អ្នកដទៃហើយសូមឲ្យសេចក្តីមេត្តាករុណារបស់ព្រះអម្ចាស់នឹងធ្វើឲ្យយើងមានភាពទន់ភ្លន់ឥតខ្ចោះ បំបាត់ភាពមិនអត់ធ្មត់របស់យើងជាមួយភាពមិនល្អឥតខ្ចោះរបស់ពួកគេ ។ នេះគឺជាការអញ្ជើញរបស់ព្រះអង្គសង្គ្រោះមកកាន់យើង ។ ខ្ញុំសូមថ្លែងទីបន្ទាល់ថា ទ្រង់មានព្រះជន្មរស់ ។ ទ្រង់គឺជាគំរូដ៏ឥតខ្ចោះនៃភាពជាសិស្សដែលមានសេចក្តីមេត្តាករុណា និងការអត់ធ្មត់ ។ ខ្ញុំសូមថ្លែងទីបន្ទាល់របស់ខ្ញុំអំពីសេចក្ដីពិតទាំងនេះ នៅក្នុងព្រះនាមដ៏បរិសុទ្ធនៃព្រះអង្គសង្គ្រោះ គឺព្រះយេស៊ូវគ្រីស្ទ អាម៉ែន ៕