ទុកចិត្តជាថ្មី
ការទុកចិត្តលើព្រះ និងការទុកចិត្តគ្នាទៅវិញទៅមក នាំមកនូវពរជ័យពីសួគ៌ា ។
កាលពីក្មេង មានគ្រាមួយនោះ ខ្ញុំបានគិតខ្លីចង់រត់ចោលផ្ទះ ។ ដោយភាពក្មេងខ្ចី ខ្ញុំមានអារម្មណ៍ថា គ្មាននរណាស្រឡាញ់ខ្ញុំទេ ។
ម្តាយរបស់ខ្ញុំបានស្តាប់ ហើយបានអះអាងចំពោះខ្ញុំ ។ ខ្ញុំបាននៅផ្ទះដោយសុវត្ថិភាព ។
តើបងប្អូនធ្លាប់មានអារម្មណ៍ថា ដូចជាបងប្អូនកំពុងរត់ចោលផ្ទះដែរឬទេ ? ជាញឹកញាប់ ការរត់ចោលផ្ទះគឺមានន័យថា ការទុកចិត្តបានរសាយ ឬបាត់បង់—ជាការទុកចិត្តចំពោះខ្លួនឯង ចំពោះគ្នានឹងគ្នា និងចំពោះព្រះ ។ នៅពេលការទុកចិត្តក្លាយជារឿងផ្ទុយទៅវិញ យើងងឿងឆ្ងល់ថាតើត្រូវទុកចិត្តជាថ្មីដោយរបៀបណា ។
សារលិខិតរបស់ខ្ញុំនៅថ្ងៃនេះ គឺថាព្រះនឹងយាងមកជួបយើង ទោះជាយើងកំពុងមកផ្ទះ ឬកំពុងទៅផ្ទះក្ដី ។១ យើងអាចរកឃើញសេចក្តីជំនឿ និងសេចក្តីក្លាហាន ប្រាជ្ញា និង ការញែកដឹងនៅក្នុងទ្រង់ដើម្បីទុកចិត្តជាថ្មី ។ ដូចគ្នានេះដែរ ទ្រង់បានសុំឲ្យយើងបំភ្លឺគ្នាទៅវិញទៅមក មានការអភ័យទោសឲ្យបានច្រើន និងកាត់បន្ថយការវិនិច្ឆ័យចំពោះខ្លួនឯង និងចំពោះគ្នា ដូច្នេះទើបសាសនាចក្ររបស់ទ្រង់អាចក្លាយជាកន្លែងមួយដែលយើងមានអារម្មណ៍ថាដូចជាផ្ទះ មិនថាយើងមកជាលើកទីមួយ ឬត្រឡប់មកវិញនោះទេ ។
ការទុកចិត្តគឺជាទង្វើនៃសេចក្ដីជំនឿ ។ ព្រះនៅតែបន្តគាំទ្រយើង ។ ប៉ុន្តែការទុកចិត្តរបស់មនុស្សអាចចុះខ្សោយ ឬបាត់បង់ នៅពេល ៖
-
មិត្តម្នាក់ សហការីជំនួញ ឬមនុស្សម្នាក់ដែលយើងទុកចិត្ត ខ្វះភាពស្មោះត្រង់ ធ្វើឲ្យយើងឈឺចាប់ ឬកេងយកប្រយោជន៍ពីយើង ។២
-
ដៃគូជីវិតមិនស្មោះត្រង់ ។
-
ប្រហែលជាមនុស្សដែលយើងស្រឡាញ់ប្រឈមមុខនឹងសេចក្តីស្លាប់ របួស ឬជំងឺដោយមិនបានរំពឹងទុក ។
-
យើងប្រឈមមុខនឹងការឆ្ងល់អំពីដំណឹងល្អដែលពុំបានរំពឹងទុក វាអាចជាអំពីប្រវត្តិសាស្ត្រ ឬគោលនយោបាយសាសនាចក្រ ហើយមានមនុស្សម្នាក់និយាយថា ព្រះវិហាររបស់យើងបានលាក់បាំង ឬមិនប្រាប់ពីសេចក្ដីពិត ។
ស្ថានភាពផ្សេងទៀត វាអាចជាមិនសូវជាក់លាក់ ប៉ុន្តែមានកង្វល់ស្មើគ្នា ។
ប្រហែលជាយើងគិតថាសាសនាចក្រគ្មានកន្លែងសម្រាប់យើង យើងមានអារម្មណ៍មិនស័ក្តិសម យើងមានអារម្មណ៍ថាត្រូវអ្នកដ៏ទៃវិនិច្ឆ័យ ។
ឬថាទោះបីយើងបានធ្វើអ្វីគ្រប់យ៉ាងតាមការរំពឹងទុកក្ដី ប៉ុន្តែគ្មានលទ្ធផលដូចបំណង ។ ទោះយើងមានបទពិសោធន៍ជាមួយព្រះវិញ្ញាណបរិសុទ្ធក្តី យើងអាចនឹងនៅតែពុំមានអារម្មណ៍ថា យើងដឹងថាព្រះមានព្រះជន្មរស់ ឬដំណឹងល្អជាការពិត ។
បច្ចុប្បន្ននេះមនុស្សជាច្រើនមានអារម្មណ៍ថា វាជាការចាំបាច់ត្រូវស្ដារទំនុកចិត្តនៅក្នុងទំនាក់ទំនងមនុស្សជាតិ និងសង្គមសម័យទំនើបឡើងវិញ ។៣
កាលយើងសញ្ជឹងគិតពីទំនុកចិត្ត យើងដឹងថាព្រះគឺជាព្រះនៃសេចក្តីពិត ហើយ « ពុំអាចកុហកឡើយ » ។៤ យើងដឹងថាសេចក្ដីពិតគឺជាការចេះដឹងអំពីការណ៍ទាំងឡាយដែលមាននៅពេលនេះ ពេលមុន និងពេលខាងមុខ ។៥ យើងដឹងថាការបន្ដមានវិវរណៈ និងការបំផុសគំនិត មានភាពស័ក្តិសមនឹងសេចក្តីពិតដែលពុំផ្លាស់ប្តូរ ដើម្បីផ្លាស់ប្តូរកាលៈទេសៈនានា ។
យើងដឹងថាការមិនគោរពសេចក្តីសញ្ញានាំឲ្យមានការខូចចិត្ត ។ គាត់និយាយថា « ខ្ញុំបានធ្វើរឿងល្ងីល្ងើ » ។ « តើអ្នកអាចនឹងអភ័យទោសឲ្យខ្ញុំឬទេ ? » គូស្វាមីភរិយាអាចកាន់ដៃគ្នា ហើយសង្ឃឹមថានឹងអាចទុកចិត្តជាថ្មី ។ នៅក្នុងដំណើររឿងផ្សេងទៀត មានអ្នកទោសម្នាក់បានសញ្ជឹងគិតថា « ប្រសិនបើខ្ញុំគោរពពាក្យសម្ដីនៃប្រាជ្ញាវាងវៃ ខ្ញុំនឹងមិនមកនៅទីនេះ ថ្ងៃនេះទេ » ។
យើងស្គាល់អំណរនៅលើផ្លូវនៃសេចក្ដីសញ្ញារបស់ព្រះអម្ចាស់ និងការហៅឲ្យបម្រើនៅក្នុងសាសនាចក្ររបស់ទ្រង់ គឺជាការអញ្ជើញមួយ ដើម្បីទទួលអារម្មណ៍ដឹងថា ព្រះទុកព្រះទ័យ និងស្រឡាញ់យើង និងចំពោះគ្នាទៅវិញទៅមក ។ សមាជិកនៃសាសនាចក្រ រួមទាំងយុវមជ្ឈិមវ័យនៅលីវផងដែរ ជាទូទៅបម្រើក្នុងសាសនាចក្រ និងនៅក្នុងសហគមន៍របស់យើង ។
តាមការបំផុសគំនិត ប៊ីស្សពបានហៅគូស្វាមីភរិយាវ័យក្មេងមួយគូ ឲ្យបម្រើនៅក្នុងថ្នាក់ទារកដ្ឋានប្រចាំវួដ ។ ដំបូងឡើយ ស្វាមីរូបនោះបានអង្គុយនៅឯជ្រុងម្ខាង មិនសូវរវីរវល់ និងមិនសូវរួសរាយឡើយ ។ យូរៗទៅ គាត់បានចាប់ផ្តើមញញឹមជាមួយកុមារ ។ ក្រោយមក គូស្វាមីភរិយារូបនោះបានបង្ហាញពីអំណរគុណ ។ ពួកគាត់បាននិយាយថា កាលពីមុនភរិយាចង់បានកូន ប៉ុន្តែស្វាមីមិនចង់បានទេ ។ តែពេលនេះ ការបម្រើបានធ្វើឲ្យពួកគាត់ផ្លាស់ប្តូរចិត្ត និងធ្វើឲ្យពួកគាត់មានគំនិតរួមគ្នាវិញ ។ ហើយវាក៏បាននាំអំណរនៃការមានកូនចៅចូលក្នុងអាពាហ៍ពិពាហ៍ និងគេហដ្ឋានរបស់គាត់ផងដែរ ។
នៅឯទីក្រុងមួយទៀត មានម្តាយវ័យក្មេងម្នាក់មានកូនតូចៗ ឯស្វាមីរបស់នាងបានភ្ញាក់ផ្អើល និងភ័យខ្លាច ប៉ុន្តែព្រមទទួលយក នៅពេលភរិយាគាត់ហៅឲ្យបម្រើជាប្រធានសមាគមសង្គ្រោះវួដ ។ បន្ទាប់មកមិនយូរប៉ុន្មានព្យុះទឹកកកបានកាត់ផ្តាច់ចរន្តអគ្គីសនី ធ្វើឲ្យធ្នើហាងទំនិញគ្មានឥវ៉ាន់លក់ ហើយផ្ទះត្រជាក់ដូចធុងទឹកកក ។ ពីព្រោះពួកគេមានអគ្គីសនី និងម៉ាស៊ីនកម្ដៅ គ្រួសារវ័យកេ្មងនេះមានចិត្តសប្បុរសបើកទ្វារផ្ទះទទួលក្រុមគ្រួសារ និងមនុស្សផ្សេងៗជាច្រើននាក់ទៀតឲ្យស្នាក់នៅក្នុងផ្ទះរបស់ពួកគេរហូតដល់ឈប់មានព្យុះ ហើយមានអគ្គីសនីឡើងវិញ ។
ការទុកចិត្តក្លាយជាការពិត នៅពេលយើងធ្វើកិច្ចការលំបាកដោយសេចក្តីជំនឿ ។ ការបម្រើ និងការលះបង់ បង្កើនសមត្ថភាព និងដុសខាត់ដួងចិត្ត ។ ការទុកចិត្តលើព្រះ និងការទុកចិត្តគ្នាទៅវិញទៅមក នាំមកនូវពរជ័យពីសួគ៌ា ។
បន្ទាប់ពីជាសះស្បើយពីជំងឺមហារីក បងប្រុសដ៏ស្មោះត្រង់រូបនេះត្រូវឡានបុក ។ ជំនួសឲ្យការតូចចិត្តចំពោះខ្លួនឯង គាត់បានអធិស្ឋានទូលសួរ « តើខ្ញុំអាចរៀនអ្វីខ្លះពីបទពិសោធន៍នេះ ? » នៅក្នុងបន្ទប់សង្គ្រោះបន្ទាន់របស់គាត់ គាត់បានបំផុសគំនិតឲ្យមើលឃើញគិលានុប្បដ្ឋាយិកាម្នាក់ដែលបានព្រួយចិត្តពីស្វាមី និងកូនៗរបស់នាង ។ អ្នកជំងឺដែលកំពុងតែឈឺចាប់ម្នាក់ បានទទួលចម្លើយ នៅពេលគាត់ទុកចិត្តលើព្រះ ហើយបានឈោងទៅជួយមនុស្សដទៃទៀត ។
កាលប្អូនប្រុសម្នាក់មានបញ្ហាផ្នែករូបអាសគ្រាមកំពុងរង់ចាំនៅខាងក្រៅការិយាល័យរបស់ប្រធានស្តេកគាត់ ប្រធានស្តេកបានអធិស្ឋានទូលសូមចំណេះដឹងដើម្បីគាត់អាចជួយបាន ។ មានការបំផុសគំនិតយ៉ាងច្បាស់មួយថា « ចូរបើកទ្វារ ឲ្យគាត់ចូលមក »។ ដោយមានសេចក្តីជំនឿ និងការទុកចិត្តលើព្រះថា ព្រះនឹងជួយ នោះថ្នាក់ដឹកនាំបព្វជិតភាពរូបនេះ បានបើកទ្វារ ហើយឱបប្អូនប្រុសរូបនោះ ។ ពួកគាត់ម្នាក់ៗទទួលអារម្មណ៍នៃក្តីស្រឡាញ់ដែលធ្វើឲ្យមានការផ្លាស់ប្តូរ និងការទុកចិត្តលើព្រះ និងចំពោះគ្នាទៅវិញទៅមក ។ ដោយមានការជួយជ្រោមជ្រែង ប្អូនប្រុសរូបនោះអាចចាប់ផ្តើមប្រែចិត្ត និងផ្លាស់ប្តូរ ។
ខណៈដែលស្ថានភាពយើងម្នាក់ៗមានលក្ខណៈផ្ទាល់ខ្លួន នោះគោលការណ៍នៃដំណឺងល្អ និងព្រះវិញ្ញាណបរិសុទ្ធអាចជួយយើងឲ្យដឹងពីរបៀប និងពេលណាដែលយើងអាចទុកចិត្តលើអ្នកដទៃម្តងទៀត ។ នៅពេលទំនុកចិត្តត្រូវបានបំពាន ឬក្បត់ នោះការខកចិត្ត និងការស្រងាកចិត្ត គឺពិតជាមានមែន ហើយការចេះសង្កេតដើម្បីដឹងថា នៅពេលដែលសេចក្តីជំនឿ និងសេចក្តីក្លាហាន គឺជាគុណបុណ្យ ដើម្បីទុកចិត្តជាថ្មីនៅក្នុងទំនាក់ទំនងមនុស្សជាតិ នោះក៏មានពិតផងដែរ ។
ប៉ុន្តែប្រធាន រ័សុល អិម ណិលសុន បានអះអាង ដោយការគោរពព្រះ និងវិវរណៈផ្ទាល់ខ្លួនថា « បងប្អូនមិនត្រូវងឿងឆ្ងល់ពីអ្នកដែលបងប្អូនអាចទុកចិត្តដោយសុវត្ថិភាពនោះទេ »។៦ យើងអាចទុកចិត្តទៅលើព្រះបានជានិច្ច ។ ព្រះអម្ចាស់ស្គាល់យើង និងស្រឡាញ់យើងជាងដែលយើងដឹង ឬស្រឡាញ់ខ្លួនយើងទៅទៀត ។ សេចក្តីស្រឡាញ់ដ៏និរន្តរ និងព្រះតម្រិះដ៏ឥតខ្ចោះអំពីអតីតកាល បច្ចុប្បន្នកាល និងអនាគតកាលរបស់ទ្រង់ ធ្វើឲ្យសេចក្តីសញ្ញា និងសេចក្តីសន្យាទ្រង់នៅស្ថិតថេរ និងពិតប្រាកដ ។
សូមទុកចិត្តលើអ្វីដែលព្រះគម្ពីរហៅថា « ក្រោយមក » ។៧ ដោយមានពរជ័យរបស់ព្រះ និងពេលក្រោយមក និងការបន្តមានសេចក្តីជំនឿ និងការប្រតិបត្តិ នោះយើងអាចរកឃើញដំណោះស្រាយ និងភាពសុខសាន្តបាន ។
ព្រះអម្ចាស់បានលួងលោមថា
« ទឹកភ្នែកនឹងមាននៅជាប់អស់មួយយប់ក៏បាន តែព្រឹកឡើង គង់នឹងមានសេចក្តីអំណរឡើងដែរ » ។៨
« ចូរផ្ទេរបន្ទុករបស់អ្នកទៅលើព្រះយេហូវ៉ា នោះទ្រង់នឹងជួយទប់ទល់អ្នក » ។៩
« គ្មានទុក្ខព្រួយលើផែនដីណា ដែលឋានសួគ៌ពុំអាចព្យាបាលបាននោះទេ »។១០
សូមទុកចិត្តទៅលើព្រះ១១ និងអព្ភូតហេតុរបស់ទ្រង់ ។ រូបយើង និងទំនាក់ទំនងរបស់យើងអាចផ្លាស់ប្ដូរបាន ។ តាមរយៈដង្វាយធួននៃព្រះគ្រីស្ទ ជាព្រះអម្ចាស់ នោះយើងអាចសម្រាតភាពខាងសាច់ឈាម ហើយក្លាយទៅដូចជាកូនក្មេង ស្លូតបូត រាបសា ។ ១២ ពោរពេញទៅដោយសេចក្តីជំនឿ និងការជឿទុកចិត្តត្រឹមត្រូវ ។ នៅពេលយើងប្រែចិត្ត នៅពេលយើងសារភាព ហើយលះបង់ចោលអំពើបាបរបស់យើង នោះព្រះអម្ចាស់មានបន្ទូលថា ទ្រង់នឹងពុំចងចាំអំពើបាបនោះទៀតឡើយ ។១៣ មិនមែនទ្រង់ភ្លេចនោះទេ ប៉ុន្តែវាជាវីធីមួយដ៏អស្ចារ្យ ដែលហាក់ដូចជាទ្រង់ជ្រើសរើសមិនចងចាំតទៅទៀត ហើយយើងក៏មិនត្រូវចងចាំដែរ ។
សូមទុកចិត្តទៅលើការបំផុសគំនិតរបស់ព្រះ ដើម្បីញែកដឹងដោយវាងវៃ ។ យើងអាចអត់ទោសអ្នកដទៃ តាមពេលវេលាត្រឹមត្រូវ និងតាមរបៀបដែលព្រះអម្ចាស់មានបន្ទូលថា យើងត្រូវតែធ្វើ ១៤ត្រូវឆ្លាតដូចពស់ ហើយសុភាពដូចជាព្រាប » ។១៥
ជួនកាលពេលដែលដួងចិត្តរបស់យើងសង្រេង និងទន់ទាបបំផុត នោះយើងក៏បើកបេះដូងទទួលការលួងលោម និងការណែនាំពីព្រះវិញ្ញាណបរិសុទ្ធបំផុតផងដែរ ។១៦ ទាំងការដាក់ទោស និងការអត់ទោស គឺចាប់ផ្តើមដោយការដឹងខ្លួនថាធ្វើខុស ។ ជាញឹកញាប់ ការដាក់ទោសគឺផ្តោតទៅលើអតីតកាល ។ ការអត់ទោសសម្លឹងមើលទៅសេរីភាពនាពេលអនាគត ។ « ពីព្រោះព្រះទ្រង់មិនបានចាត់ព្រះរាជបុត្រាទ្រង់ ឲ្យមកក្នុងលោកីយ៍ ដើម្បីនឹងជំនុំជម្រះលោកីយ៍នោះទេ គឺឲ្យលោកីយ៍បានសង្គ្រោះ ដោយសារទ្រង់វិញ » ។១៧
សាវកប៉ុល បានសួរថា « តើអ្នកណានឹងពង្រាត់យើងចេញពីសេចក្តីស្រឡាញ់របស់ផងព្រះគ្រីស្ទបាន ? » គាត់ឆ្លើយថា « ទោះស្លាប់ឬរស់…ទីមានកម្ពស់ ទីជម្រៅ… ពុំអាចនឹងពង្រាត់យើងចេញពីសេចក្តីស្រឡាញ់របស់ព្រះ ដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវ ជាព្រះអម្ចាស់នៃយើងរាល់គ្នាទៅបានឡើយ » ។១៨ ប៉ុន្តែមានមនុស្សម្នាក់ដែលអាចបំបែកយើងចេញពីព្រះ និងព្រះយេស៊ូវគ្រីស្ទ—ហើយម្នាក់នោះគឺខ្លួនយើងផ្ទាល់ ។ ដូចអេសាយថ្លែងថា « អំពើបាបរបស់ឯងរាល់គ្នា បានបាំងព្រះភក្រ្តទ្រង់មិនឲ្យឯងឃើញ » ។១៩
តាមរយៈក្តីស្រឡាញ់ និងក្រឹត្យវិន័យដ៏ទេវភាព យើងទាំងអស់គ្នាមានទំនួលខុសត្រូវចំពោះការជ្រើសរើស និងលទ្ធផលនៃការជ្រើសរើសរបស់យើង ។ ប៉ុន្តែដង្វាយធួនរបស់ព្រះអង្គសង្គ្រោះជាទីស្រឡាញ់របស់យើងគឺ « និរន្ដរ និងអស់កល្បជានិច្ច »។២០ នៅពេលយើងបានត្រៀមខ្លួនដើម្បីត្រឡប់ទៅស្ថានសួគ៌វិញ ទោះជាយើង « ឃើញពីចម្ងាយ » ក្ដី២១ តែព្រះបានរៀបចំជាស្រេចជាមួយនឹងសេចក្តីមេត្តាដ៏មហិមា ដើម្បីស្វាគមន៍យើង ហើយប្រទានអំណរដ៏អស្ចារ្យបំផុតដែលទ្រង់អាចធ្វើបាន ។២២
ប្រធាន ជេ រ៉ូប៊ីន ក្លាក បានមានប្រសាសន៍ថា « ខ្ញុំជឿថាព្រះវរបិតាសួគ៌របស់យើងមានព្រះទ័យចង់ជួយសង្គ្រោះបុត្រាបុត្រីទ្រង់គ្រប់រូប…ស្របតាមសេចក្ដីយុត្តិធម៌ និងសេចក្ដីមេត្តាករុណារបស់ទ្រង់ ទ្រង់នឹងប្រទានរង្វាន់ដ៏ធំបំផុតដល់យើងស្របតាមទង្វើរបស់យើង ទ្រង់ប្រទានអ្វីគ្រប់យ៉ាងដែលទ្រង់អាចប្រទានឲ្យ ហើយម្យ៉ាងទៀត ខ្ញុំជឿថាទ្រង់នឹងកំណត់ការដាក់ពិន័យលើយើងទាបបំផុតទៅតាមលទ្ធភាពដែលទ្រង់អាចកំណត់ »។២៣
កាលនៅលើឈើឆ្កាង ព្រះអង្គសង្រ្គោះរបស់យើងទូលអង្វរដោយក្តីមេត្តាទៅព្រះបិតារបស់ទ្រង់ ដោយគ្មានលក្ខខណ្ឌថា « ឱព្រះវរបិតាអើយ សូមអត់ទោសដល់អ្នកទាំងនេះផង » ហើយថែមទាំងបញ្ជាក់ថា « ឱព្រះវរបិតាអើយ សូមអត់ទោសដល់អ្នកទាំងនេះផង ដ្បិតគេមិនដឹងជាគេធ្វើអ្វីទេ » ។២៤ សិទ្ធិជ្រើសរើស និងសេរីភាពរបស់យើងមានអត្ថន័យ ពីព្រោះយើងនឹងទទួលខុសត្រូវចំពោះព្រះ និងចំពោះខ្លួនយើង ថាយើងជានរណាចំពោះអ្វីដែលយើងបានដឹង និងធ្វើ ។ សូមអរគុណដែលយើងអាចទុកចិត្តលើសេចក្តីយុត្តិធម៌ និងសេចក្តីមេត្តាករុណាដ៏ឥតខ្ចោះរបស់ព្រះ ដើម្បីវិនិច្ឆ័យដោយឥតខ្ចោះចំពោះបំណងចិត្ត និងទង្វើរបស់យើង ។
យើងសូមបញ្ចប់ដូចជាពេលចាប់ផ្តើមថា—ដោយសេចក្តីមេត្តាករុណារបស់ព្រះ យើងម្នាក់ៗអាចត្រឡប់ទៅស្ថានសួគ៌ជួបទ្រង់ និងជួបគ្នាវិញម្តងទៀត ។
តើបងប្អូននៅចាំរឿងប្រៀបប្រដូចរបស់ព្រះយេស៊ូវគ្រីស្ទ អំពីបុរសដែលមានកូនប្រុសពីរនាក់ដែរឬទេ ?២៥ កូនប្រុសម្នាក់បានចាកចេញពីផ្ទះ ហើយបំផ្លាញទ្រព្យសម្បតិ្តរបស់គាត់ ។ ពេលគាត់ភ្ញាក់ខ្លួន កូនប្រុសនោះបានរកផ្លូវមកផ្ទះវិញ ។ កូនប្រុសម្នាក់ទៀតមានអារម្មណ៏ថា គាត់បានគោរពតាមបទបញ្ញត្តិ « ប៉ុន្មានឆ្នាំនេះមកហើយ » ២៦ មិនចង់ឲ្យប្អូនប្រុសរបស់គាត់ត្រឡប់មកផ្ទះវិញទេ ។
បងប្អូនប្រុសស្រី តើបងប្អូនអាចចាត់ទុកថាព្រះយេស៊ូវ កំពុងបង្គាប់យើងឲ្យបើកដួងចិត្ត ការយល់ដឹង សេចក្តីមេត្តាករុណា និងសេចក្តីរាបសារបស់យើង ហើយត្រូវមើលឃើញខ្លួនយើងថាជាតួអង្គទាំងពីរនោះដែរឬទេ ?
ដូចជាកូនប្រុស ឬកូនស្រីទីមួយនោះដែរ យើងអាចវង្វេងផ្លូវ ហើយក្រោយមកក៏រកឃើញផ្លូវត្រឡប់មកផ្ទះវិញ ។ ព្រះរង់ចាំស្វាគមន៍យើងជានិច្ច ។
ហើយក៏ដូចជាកូនប្រុសស្រីផ្សេងទៀតដែរ ព្រះបានអង្វរយើងដោយទន់ភ្លន់ឲ្យយើងរីករាយជាមួយគ្នា នៅពេលយើងត្រឡប់មកផ្ទះជួបទ្រង់វិញ ។ ទ្រង់អញ្ជើញយើងធ្វើឲ្យក្រុមជំនុំ កូរ៉ុម ថ្នាក់ និងសកម្មភាពផ្សេងៗរបស់យើងទទួលស្វាគមន៍ មានភាពជឿជាក់ មានសុវត្ថិភាព—ជាផ្ទះសម្រាប់គ្នាទៅវិញទៅមក ។ ដោយសេចក្តីសប្បុរស ការយល់ចិត្ត និងការចេះគោរពគ្នា យើងម្នាក់ៗស្វែងរកព្រះអម្ចាស់ដោយរាបសា និងការអធិស្ឋាន ហើយស្វាគមន៍ពរជ័យនៃដំណឹងល្អដែលបានស្តារឡើងវិញសម្រាប់យើងទាំងអស់គ្នា ។
ដំណើរជីវិតយើងម្នាក់ៗមានលក្ខណៈបុគ្គល ប៉ុន្តែយើងអាចមករកព្រះម្តងទៀត ព្រះជាព្រះបិតារបស់យើង និងព្រះរាជបុត្រាដ៏ស្ងួនភ្ញារបស់ទ្រង់ តាមរយៈការទុកចិត្តព្រះ ទុកចិត្តគ្នា និងទុកចិត្តលើខ្លួនឯង ។២៧ ព្រះយេស៊ូវអំពាវនាវថា « កុំខ្លាចអី ឲ្យគ្រាន់តែជឿប៉ុណ្ណោះ » ។២៨ ដូចជាព្យាការីយ៉ូសែប យើងមិនតក់ស្លុតឡើយ សូមយើងទុកចិត្តលើការថែរក្សារបស់ព្រះវរបិតាសួគ៌នៃយើង ។២៩ បងប្អូនប្រុស បងប្អូនស្រី មិត្តភក្ដិជាទីស្រឡាញ់ សូមស្វែងរកសេចក្ដីជំនឿ និងទំនុកចិត្តម្ដងទៀត— វាជាអព្ភូតហេតុមួយដែលទ្រង់បានសន្យានឹងបងប្អូននៅសព្វថ្ងៃនេះ ។ នៅក្នុងព្រះនាមដ៏ពិសិដ្ឋ និងបរិសុទ្ធនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។