សន្និសីទទូទៅ
ចុះ​សេចក្ដីសញ្ញា​ជាមួយព្រះ​ដើម្បី​ពង្រឹង ការពារ និង​រៀបចំ​យើង​សម្រាប់​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច
សន្និសីទ​ទូទៅ ខែ មេសា ឆ្នាំ ២០២២


11:59

ចុះ​សេចក្ដីសញ្ញា​ជាមួយព្រះ​ដើម្បី​ពង្រឹង ការពារ និង​រៀបចំ​យើង​សម្រាប់​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច

នៅពេល​យើង​ជ្រើសរើស​ចុះ និង​រក្សាសេចក្ដីសញ្ញា​ជាមួយ​ទ្រង់​ទាំង​ទ្វេ នោះ​យើង​នឹង​កាន់​តែ​ទទួលបាន​ពរជ័យ​កាន់​តែច្រើន ក្នុង​ជីវិត​នេះ​និង​ជីវិត​ដ៏​រុងរឿង​អស់កល្បជានិច្ច​នៅ​ឯបរលោក ។

ឱ បងប្អូនស្រី​អើយ​គួរ​ឲ្យ​រីករាយ​ណាស់​ដែល​បាន​ជួបជុំគ្នា​ក្នុង​ភាព​ជាបងប្អូនស្រី​នៅទូទាំងពិភពលោក ។ ក្នុងនាម​ជាស្រ្តី​ដែល​ចុះ​និង​រក្សា​សេចក្តី​សញ្ញា​ជាមួយព្រះ យើង​ចែករំលែក​ចំណងខាងវិញ្ញាណ ដែល​ជួយយើង​ឆ្លងកាត់​ការប្រឈម​នៃ​សម័យ​របស់​យើង ហើយ​រៀបចំយើង​សម្រាប់​ការយាង​មក​ជាលើក​ទីពីរ​របស់​ព្រះយេស៊ូវគ្រីស្ទ ។ ហើយ​ការ​រក្សា​សេចក្ដីសញ្ញា​ទាំងនោះ​អនុញ្ញាត​ឲ្យ​យើង​ក្លាយជា​ស្ត្រី​ដែល​មាន​ឥទ្ធិពល​ដែល​អាច​ជួយ​អ្នក​ដទៃ​ចូល​មក​ជិត​ព្រះអង្គ​សង្គ្រោះ​បាន ។

អស់​អ្នក​ដែល​បាន​ទទួល​បុណ្យ​ជ្រមុជទឹក​ បាន​ចុះ​សេចក្តី​សញ្ញា​នៅ​ក្នុងថ្ងៃ​ដែល​មិន​អាច​បំភ្លេច​បាន​នោះ ដើម្បី​លើក​ដាក់​មក​លើ​ខ្លួន​ពួកគេ​នូវ​ព្រះនាម​ព្រះយេស៊ូវគ្រីស្ទ​ដើម្បី​ចងចាំ​ទ្រង់ជានិច្ច កាន់​តាម​ព្រះ​បញ្ញត្តិ​ទាំងឡាយរបស់​ទ្រង់​ និង​បម្រើ​ទ្រង់​ដល់​ទីបំផុត ។ នៅពេល​យើង​ធ្វើ​កិច្ច​ការទាំងនេះ ព្រះ​វរបិតា​សួគ៌​សន្យាថា នឹង​អភ័យ​ទោស​ដល់​អំពើ​បាបរបស់​យើង ហើយ​ប្រទាន​ភាព​ជាដៃគូ​នៃព្រះវិញ្ញាណបរិសុទ្ធ ។ ពរជ័យ​ទាំងនេះ​បាន​ធ្វើ​ឲ្យ​យើង​ចាប់ផ្តើម​នៅលើ​ផ្លូវ​ដែល​ថា បើយើង​ឈាន​ទៅមុខដោយ​ខ្ជាប់​ខ្ជួន ហើយស៊ូ​ទ្រាំ​ដល់​ទីបញ្ចប់នោះ នឹង​អនុញ្ញាត​ឲ្យ​យើង​រស់នៅ​ជាមួយ​ទ្រង់ និង ព្រះរាជបុត្រា​ទ្រង់​គឺ​ព្រះយេស៊ូវគ្រីស្ទ នៅក្នុង​នគរ​សេឡេស្ទាល ។ មនុស្ស​គ្រប់រូបដែល​បាន​ទទួល​បុណ្យជ្រមុជ​ទឹក បាន​ទទួល​សេចក្តី​សន្យា នៃពរជ័យ និង​ឯកសិទ្ធិ​ទាំងនេះ​ប្រសិនបើ​ពួកគេ​រក្សា​សេចក្តីសញ្ញា​ដែល​ពួកគេ​បានធ្វើ​នៅ​ថ្ងៃ​ពិសេស​នោះ ។

អស់អ្នក​ដែល​ចុះ​សេចក្តី​សញ្ញា​បន្ថែម​ទៀត​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ទទួល​ការសន្យា​ដ៏មាន​អានុភាព ដែល​អាស្រ័យ​លើ ភាពស្មោះត្រង់​ផ្ទាល់ខ្លួន ។ យើង​សន្យា​យ៉ាង​មុតមាំ​ថា​នឹង​គោរព​តាម​ព្រះបញ្ញត្តិ​របស់​ព្រះ រស់នៅ​តាម​ដំណឹង​ល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ មាន​ភាព​ស្អាតស្អំខាង​សីលធម៌ ហើយ​លះបង់​ពេលវេលា និង​ទេពកោសល្យ​របស់​យើង​ចំពោះ​ការបម្រើ​របស់​ព្រះអម្ចាស់ ។ ជា​សំណង​មកវិញ ព្រះ​សន្យា​នូវ​ពរជ័យ​ដ៏​អស្ចារ្យ​នៅ​ក្នុង​ជីវិត​នេះ និង​ឱកាស​ដើម្បី​ត្រឡប់​ទៅ​រស់​នៅ​ជាមួយ​នឹង​ទ្រង់​វិញ ។ នៅក្នុង​ដំណើរការ​នោះ យើងត្រូវបាន​ប្រទាន​ឲ្យ ឬ​ទទួល​អំណោយទាន ពិសិដ្ឋ ជាមួយ​នឹង អំណាច​ដើម្បី​ចេះ​សង្កេត​រវាងសេចក្តីពិត និង​កំហុសឆ្គង រវាង​ត្រូវ និងខុស នៅក្នុងសំឡេង​ច្របូកច្របល់ និង​អវិជ្ជមាន​ជាច្រើន ដែល​វាយប្រហារ​យើង ។ ឱ នេះ​គឺ​ជា​អំណោយ​ដ៏​មហិមា​ណាស់ !

ដើម្បី​រៀបចំ​ខ្លួន​សម្រាប់​ដំណើរ​ដំបូង​របស់​ខ្ញុំ ទៅ​ព្រះវិហារ​បរិសុទ្ធ នោះ ម្តាយ​របស់ខ្ញុំ និង​បងប្អូនស្រ្តី​នៅ​ក្នុង​សមាគមសង្គ្រោះ​ដែល​ធ្លាប់​មាន​បទពិសោធន៍​បាន​ជួយ​ខ្ញុំជ្រើស​រើស​របស់របរ​ដែល​ខ្ញុំ​ត្រូវការ រួមទាំង​សម្លៀក​បំពាក់​ដ៏ស្រស់ស្អាត សម្រាប់​ធ្វើ​ពិធីការ​ផងដែរ ។ ប៉ុន្តែ​ការ​រៀបចំ​ដ៏​សំខាន់​បំផុត​គឺ ត្រូវ​រៀបចំខ្លួន​ជាមុន មុន​ពេល​ដឹង​ពីអ្វី​ដែល​ត្រូវ​ស្លៀកពាក់ ។ បន្ទាប់​ពី​ការសម្ភាសន៍​ខ្ញុំ​ដើម្បី​បញ្ជាក់​ថា​តើ​ខ្ញុំ​មាន​ភាពស័ក្ដិសម​ឬ​អត់​នោះ ប៊ីស្សព​របស់​ខ្ញុំ​បាន​ពន្យល់​អំពី​សេចក្ដី​សញ្ញា​នានា​ដែល​ខ្ញុំ​នឹង​ត្រូវ​ធ្វើ ។ ការពន្យល់​ដ៏​យក​ចិត្ត​ទុកដាក់​របស់​លោក​ផ្តល់​ឱកាស​ឲ្យ​ខ្ញុំ​គិត​អំពី​រឿង​នេះ ហើយ​បាន​រៀបចំ​ខ្លួន ដើម្បីទទួល​យកសេចក្តី​សញ្ញា​ទាំងនោះ ។

ពេល​ថ្ងៃ​នោះ​មកដល់ ខ្ញុំ​បាន​ចូល​រួមជាមួយ​នឹង​អារម្មណ៍​ដឹង​គុណ និង​សេចក្តី​សុខសាន្ត ។ ទោះបីជា​ខ្ញុំ​មិនយល់​ទាំង​ស្រុង​ពី​សារៈសំខាន់​នៃ​សេចក្តី​សញ្ញា​ដែលខ្ញុំ​បាន​ធ្វើ​នៅ​ថ្ងៃនោះ​ក្តី ប៉ុន្តែ​ខ្ញុំ​ដឹងថា ខ្ញុំបាន​ជាប់​នឹង​ព្រះ តាមរយៈ​សេចក្តី​សញ្ញា​ទាំងនោះ និងពរជ័យ​ដែល​បាន​សន្យា​ថា ខ្ញុំ​អាច​យល់ដឹង​ពី​គ្រប់​ការណ៍​ដែល​មិន​ងាយ​យល់​ទាំង​ឡាយ​បើ ខ្ញុំ​រក្សា​សេចក្តី​សញ្ញា ។ ចាប់តាំង​ពីបទ​ពិសោធន៍​លើក​ដំបូង​នៅក្នុង​ដំណាក់​នៃ​ព្រះអម្ចាស់​មក ខ្ញុំបាន​ទទួល​នូវ​ការ​អះអាង​ជាបន្ត​បន្ទាប់​ថា ការរក្សា​សេចក្ដី​សញ្ញា​ដែលយើង​បានធ្វើ​ជាមួយព្រះ អនុញ្ញាត​ឲ្យ​យើង​ខិត​ទៅ​ជិត ព្រះចេស្ដា​របស់​ព្រះអង្គ​សង្គ្រោះ ដែល​ពង្រឹង​យើង​នៅក្នុង​ការ​សាកល្បង​ដែល​នឹងកើតឡើង​របស់យើង ផ្តល់​នូវ​ការ​ការពារ​ពីឥទ្ធិពល​របស់​មារសត្រូវ និងរៀបចំ យើង​សម្រាប់​សិរីល្អ​ដ៏​អស់​កល្ប ។

បទពិសោធន៍​ជីវិត​អាច​មាន​ទាំង​ភាព​រីករាយ និង​ការ​ខូចចិត្ត​ធ្ងន់ធ្ងរ ទាំង​ក្ដីរន្ធត់ និង​ភាព​រុងរឿង ។ បទពិសោធន៍​នីមួយៗ​ជួយ​យើង​ឲ្យ​យល់​កាន់តែ​ច្បាស់​អំពី​សេចក្ដីស្រឡាញ់​ដ៏​ធំធេង​របស់ព្រះបិតា​នៃ​យើង ​និង​សមត្ថភាព​របស់យើង​ដើម្បី​ផ្លាស់ប្តូរ​តាមរយៈ​អំណោយទាន​នៃព្រះគុណ​របស់​ព្រះអង្គ​សង្គ្រោះ ។ ការរក្សា​សេចក្ដីសញ្ញា​របស់​យើង​អនុញ្ញាត​ឲ្យ​ព្រះចេស្ដា​របស់​ព្រះអង្គ​សង្គ្រោះ​សម្អាត​យើង កាល​យើង​រៀន​តាមរយៈ​បទពិសោធន៍—មិនថាជាការវិនិច្ឆ័យខុសបន្តិច​បន្តួច ឬ​ធំដុំ​នោះ​ទេ ។ ព្រះ​ដ៏​ប្រោសលោះ​របស់យើង​គង់​នៅទីនោះ ដើម្បី​ចាប់​យើង​ពេល​យើង​ដួលចុះ ប្រសិនបើ យើង​ងាក​ទៅរក​ទ្រង់ ។

ការរំកិល​ចុះ​ពី​ចំណោត​ថ្ម

តើ​អ្នក​ធ្លាប់​ឈរ​នៅ​លើ​ចំណោទ​ថ្ម​ដ៏​ខ្ពស់​ដោយ​ម្រាម​ជើង​របស់​អ្នក​ជាន់​លើ​គែម​របស់​វា ហើយ​បែរ​ខ្នង​ទៅ​រក​ជ្រោះជ្រៅ​ដែរ​ឬ​ទេ ? នៅក្នុង​ការចុះ​ពី​លើភ្នំ​ទោះបី​ជា​អ្នក​ដឹងថា​អ្នក​មាន​ប្រព័ន្ធ​ខ្សែពួរ​សុវត្ថិភាព​ដ៏​រឹងមាំ និង​ឧបករណ៍​ដែល​អាច​ដាក់​អ្នក​ចុះ​ដោយ​សុវត្ថិភាព​ក៏ដោយ ដ៏​ការឈរ​នៅលើ​គែម​ចំណោទ​ថ្ម​នោះ​នៅតែ​ជា​បទពិសោធន៍​ដ៏​គួរ​ឲ្យ​រន្ធត់​មួយ​ដែរ ។ ការបោះ​ជំហាន​ថយក្រោយ​ពី​ចំណោត​ថ្ម និង​សម្រូត​ខ្លួន​មក​ក្រោម តម្រូវ​ឲ្យ​មាន​ការទុកចិត្ត​លើយុថ្កា ដែលបោះ​ជាប់​ទៅនឹង​វត្ថុ​ដ៏​រឹងមាំ ។ វាទាមទារ​ឲ្យ ទុកចិត្ត​លើ​បុគ្គល​ដែល​គ្រប់គ្រង​ខ្សែពួរ នៅពេល​បងប្អូនចុះ​មកក្រោម ។ ហើយទោះបី​ជាគ្រឿង​បរិក្ខារ​នោះ​ផ្តល់​លទ្ធភាព​ខ្លះ​ឲ្យ​បងប្អូន​ដើម្បី​គ្រប់​គ្រង​ពេលវេលា​នៃការ​ចុះ​មក​ក្រោម​របស់​បងប្អូន​ក្ដី ក៏​បងប្អូន​ត្រូវ​តែ​មាន​ភាពជឿជាក់​ថា ដៃគូ​របស់​បងប្អូន​នឹង​មិន​បណ្តោយ​ឲ្យ​បងប្អូន​ធ្លាក់​ចុះឡើយ ។

ខ្សែ​យុថ្កា
យុវនារី​រំកិល​ចុះ​ពី​ចំណោត​ថ្ម

ខ្ញុំចាំ​យ៉ាង​ច្បាស់​ពី​ការហក់ចុះ​ជម្រាលភ្នំជាមួយយុវនារី​មួយ​ក្រុម ។ ខ្ញុំ គឺជា​មនុស្ស​ដំបូង​ដែល​ត្រូវ​ហក់ចុះ ។ ពេល​ខ្ញុំ​ឈាន​ថយ​ក្រោយ​ចុះ​តាម​ជម្រាល​ថ្មខ្ញុំ​បាន​ចាប់ផ្ដើមធ្លាក់​ចុះ​ដោយ​មិន​អាច​គ្រប់គ្រង​បាន ។ សំណាងល្អ​ដែល​ខ្សែពួរ​នោះ​បាន​កន្ត្រាក់ ហើយ​ការធ្លាក់ចុះ​យ៉ាង​លឿន​របស់​ខ្ញុំ​ត្រូវ​បានបញ្ឈប់ ។ កាលខ្ញុំ​សំយុង​ចុះ ពាក់​កណ្ដាល​នៃ ផ្ទាំងថ្ម​ស្រួចៗ នៃ​ចំណោត​ថ្ម​ដ៏ខ្ពស់ ខ្ញុំបានអធិស្ឋាន​យ៉ាង​ក្លៀវក្លា​សូម​ឲ្យ​នរណា​ម្នាក់ ឬ​អ្វីក៏​បាន​សូម​ការពារ​ខ្ញុំ​កុំ​ឲ្យ​ធ្លាក់​លើ​ថ្ម ។

ក្រោយ​មក​ខ្ញុំ​បាន​ដឹង​ថា​ខ្សែ​យុថ្កា​នោះ​មិន​បាន​ដាក់​ដោយ​សុវត្ថិភាពទេ ហើយ​នៅពេល​ខ្ញុំ​ឈាន​ជើង​ចុះ​ពី​មាត់​ច្រាំង​ថ្ម​នោះ អ្នក​ដែល​កំពុង​ទប់ខ្សែពួរ​បាន​កន្ត្រាក់ ខ្នង​របស់​គាត់​ហើយ​ទាញ​សំដៅ​ទៅ​មាត់​ច្រាំង​ថ្ម​នោះ ។ មិន​ដឹង​យ៉ាង​ម៉េច​ទេ គាត់​បាន​ស៊ក​ជើង​របស់​គាត់​ទប់​ថ្ម​មួយ​ចំនួន ។ ដោយ​មានភាព​នឹងនរ​នៅ​ត្រង់នោះ គាត់​អាច​សម្រូត​ខ្ញុំ​ចុះ​យ៉ាងពិបាក​បន្តិចម្ដងៗ​ដោយ​ប្រើ​ខ្សែពួរ​នោះ ។ ទោះបីខ្ញុំ​មិន​ឃើញ​គាត់​ក្ដី ក៏​ខ្ញុំ​បាន​ដឹង​ថា គាត់​កំពុង​ខិតខំ​អស់​ពី​លទ្ធភាព​ជួយ​សង្គ្រោះ ។ មិត្តម្នាក់ទៀត​ដែល​នៅ​ខាងក្រោម​ច្រាំងថ្ម​ចោត​នោះ បាន​ត្រៀម​ចាប់​ខ្ញុំ បើ​ខ្សែពួរ​នោះ​របូត​មក ។ កាលខ្ញុំ​ជិត​ទៅដល់​គាត់បាន​ចាប់​ខ្សែ​សុវត្ថិភាព​របស់​ខ្ញុំ ហើយ​បាន​សម្រូត​ខ្ញុំ​ចុះ​បន្តិច​ម្តងៗ​រហូត​ដល់​ដី ។

ដោយ​មាន​ព្រះយេស៊ូវគ្រីស្ទ​ជា​យុថ្កា និង​ជាដៃគូ​ដ៏​ល្អឥតខ្ចោះ​របស់​យើង នោះ យើង​ត្រូវបាន​ធានា​ដោយ កម្លាំងគួរ​ឲ្យ​ស្រឡាញ់​របស់​ទ្រង់​នៅ​គ្រា​នៃ​ការសាកល្បង និង​ដោយ​ការ រំដោះ​នៅទីបំផុត​តាមរយៈ​ទ្រង់ ។ ដូច ប្រធាន អិម រ័សុល បាឡឺដ បានបង្រៀនថា « សេចក្តី​ជំនឿ​លើ​ព្រះ និង​លើ ព្រះបុត្រា​ទ្រង់​ព្រះអម្ចាស់​ព្រះយេស៊ូវគ្រីស្ទ គឺជា … យុថ្កា​ដែល​យើង​ត្រូវមាន នៅក្នុង​ជីវិត​របស់​យើង ដើម្បី​ទប់​យើង​ឲ្យ​ជាប់​ក្នុង​គ្រា​មាន​ភាព​ចលាចល និង​អំពើ​ទុច្ចរិតក្នុង​សង្គម ។ … សេចក្តី​ជំនឿ​របស់យើង … ត្រូវតែ​ផ្តោត​លើ​ព្រះយេស៊ូវគ្រីស្ទ ព្រះជន្ម​របស់ទ្រង់ និងដង្វាយធួន​របស់ទ្រង់ ហើយ​លើ​ការស្តារឡើងវិញ​នៃ​ដំណឹង​ល្អ​របស់​ទ្រង់ » ។

ឧបករណ៍​ខាង​វិញ្ញាណ​ដែល​ការពារ​យើង​មិន​ឲ្យ​ខ្ទេចខ្ទាំ​ដោយ​សារ​តែ​ថ្ម​នៃ​ទុក្ខ​លំបាក គឺជា​ទីបន្ទាល់​របស់​យើង​អំពី​ព្រះយេស៊ូវគ្រីស្ទ និង​សេចក្ដី​សញ្ញា​ដែល​យើង​បាន​ធ្វើ ។ យើង​អាច​ពឹង​ផ្អែក​លើ​ការ​គាំទ្រ​ទាំងនេះ ដើម្បី​ណែនាំ និង​ដឹកនាំ​យើង​ទៅកាន់​ទីសុវត្ថិភាព ។ ក្នុង​នាម​ជា​ដៃ​គូ​ដែល មាន​ព្រះឆន្ទៈរបស់​យើង ព្រះអង្គ​សង្គ្រោះ​នឹង​មិន​បណ្តោយ​ឲ្យ​យើង​ធ្លាក់​ចុះ ផុត​ព្រះ​ហស្ថ​របស់​ទ្រង់​ឡើយ ។ សូម្បី​គ្រា​ដែល​យើង​មាន​ទុក្ខ​លំបាក និង ភាពសោកសៅក្តី​ក៏​ទ្រង់​គង់​នៅ​ទីនោះដើម្បី​លើក​ស្ទួយ និងលើក​ទឹក​ចិត្ត ។ ព្រះចេស្ដា​របស់​ទ្រង់​ក៏​ជួយ​យើង​ឲ្យ​ជាសះស្បើយ​ងើប​ចេញ​ពី​ផល​ប៉ះពាល់​ដែល​បំផ្លិចបំផ្លាញ ជា​រឿយៗ​ដោយសារ​ជម្រើស​របស់​អ្នក​ដទៃ​ផងដែរ ។ ទោះយ៉ាងណា យើងម្នាក់ៗ​ត្រូវតែ​ពាក់ខ្សែ​សុវត្ថិភាព ហើយ​ត្រូវ​ប្រាកដថា ចំណង​ត្រូវ​បាន​ចង​ដោយ​សុវត្ថិភាព ។ យើង​ត្រូវ​តែ​ជ្រើស​រើស​ដើម្បី បាន​បោះយុថ្កា​ទៅនឹង​ព្រះអង្គសង្គ្រោះ ដើម្បី​ចងភ្ជាប់​ជាមួយ​ទ្រង់​ដោយ​សេចក្តី​សញ្ញា​របស់យើង ។

តើ​យើង​ពង្រឹង​យុថ្កា​នោះ​របៀបណា ? យើង​អធិស្ឋាន​ដោយ​ដួង​ចិត្ត​រាបសា សិក្សា និង​ពិចារណា​បទ​ព្រះគម្ពីរ ទទួល​ទាន​សាក្រាម៉ង់​រាល់​សប្តាហ៍​ដោយ​ស្មារតី​នៃ​ការប្រែចិត្ត និង​គារវភាព ខិតខំ​រក្សា​ព្រះបញ្ញត្តិ ហើយ​ធ្វើតាម​ការប្រឹក្សា​របស់​ព្យាការី ។ ហើយកាលយើង​បំពេញ​កាព្វកិច្ច​ប្រចាំថ្ងៃ​របស់យើង​តាម របៀប​« ខ្ពស់ជាង និង​បរិសុទ្ធ​ជាង »នោះយើង​អាច​កាន់តែ​មាន​ទំនាក់​ទំនង​ជាមួយ​ព្រះអង្គសង្គ្រោះ ហើយ​ក្នុង​ពេល​តែមួយ យើង​អាច​ជួយ​អ្នកដទៃ​មក​រកទ្រង់ ។

តើ វិធី​« ដ៏​ខ្ពស់​ជាង និង​បរិសុទ្ធ​ជាង »​មាន​សភាព​បែបណា ? យើង​ព្យាយាម​រស់នៅ​តាម​ដំណឹងល្អ នៅក្នុង​គ្រប់​ការប្រាស្រ័យ​ទាក់ទង​របស់​យើង ។ យើង​មើល​ថែ​ដល់​ជនទុរគ៌ត​តាម​រយៈ​ការ​ធ្វើ​ការងារ​បម្រើ​ពិត​ប្រាកដ ដោយ បង្ហាញ​សេចក្ដី​ស្រឡាញ់​តាម​រយៈ​ការ​បម្រើ​ដ៏សាមញ្ញ ។ យើង​ចែកចាយ​ដំណឹង​ល្អ​នៃ​ព្រះសិក្ខាបទ​ជាមួយ​អ្នក​ដែល​ត្រូវ​ការ​សេចក្ដី​សុខសាន្ត និង​កម្លាំងហើយ « មិន​ដឹង​ជា​ទៅ​រក​សេចក្តី ពិត​ឯណាទេ » ។ យើង​ធ្វើការ​ដើម្បី​បង្រួប​បង្រួម​ក្រុមគ្រួសារ​នៅ​សងខាង​នៃ​វាំងនន​សម្រាប់​ភាពអស់កល្ប​ជានិច្ច ។ ប្រធាន រ័សុល អិម ណិលសុន បាន​ពន្យល់ថា​ចំពោះ​អស់​អ្នក​ដែល​បាន​ចុះ​សេចក្តី​សញ្ញា ក្នុង​ដំណាក់​នៃ​ព្រះអម្ចាស់​« មជ្ឈិមវ័យ ដែល​បាន​ចូល​រួម​ក្នុង​ព្រះវិហារបរិសុទ្ធ​ម្នាក់ៗ នឹង​ត្រូវ​ស្លៀក​សម្លៀក​បំពាក់​ពិសិដ្ឋ​នៃ​បព្វជិតភាព [ ដែល ] … ជាការ​រំឭក​ដល់​យើង … ឲ្យ​ដើរ​នៅលើ​ផ្លូវ​នៃ​សេចក្តី​សញ្ញា​ជារៀង​រាល់ថ្ងៃ នៅ​លើ​ផ្លូវ​ដ៏​ខ្ពស់​ជាង និង​បរិសុទ្ធ​ជាង » ។ សកម្មភាព​ទាំងនេះ​មិន​គ្រាន់​តែ​ជា​អ្វី​ដែល​ត្រូវ​ធ្វើ​ម្តងម្កាល​នោះ​ទេ ប៉ុន្តែ​វា​មាន​សារៈសំខាន់​ចំពោះ​សុភមង្គល​ប្រចាំ​ថ្ងៃ—និងអំណរ​ដ៏​អស់កល្ប​របស់​យើង ។

គ្មានអ្វីសំខាន់​ចំពោះ​ការរីក​ចម្រើន​ដ៏​អស់កល្ប​របស់​យើង ជាង​ការ​រក្សា​សេចក្តី​សញ្ញា​របស់​យើង​ជាមួយ​ព្រះទេ ។ នៅពេល​សេចក្ដីសញ្ញា​ដ៏​ពិសិដ្ឋ​របស់​យើង​ក្នុង ព្រះវិហារបរិសុទ្ធ​បាន​ចុះ​ជា​ធរមាន នោះ​យើង​អាច​ទុក​ចិត្ត​លើ​ការ​ជួបជុំ​ដ៏​រីករាយ​ជាមួយ​មនុស្ស​ជា​ទី​ស្រឡាញ់​ដែល​នៅ​ផ្នែក​ម្ខាង​ទៀត​នៃ វាំងនន ។ កូន ឬ​ឪពុកម្តាយ ឬស្វាមី​ភរិយា​ដែល​បាន​ចាក​ចេញ​ពីជីវិត​រមែង​ស្លាប់​ទៅហើយ​នោះ បាន​សង្ឃឹម​អស់​ពីចិត្តថា បងប្អូន​នឹង​មានភក្ដីភាព​ចំពោះ​សេចក្តីសញ្ញា​ដែល ចងភ្ជាប់ បងប្អូន​រួមគ្នា​ជារៀងរហូត ។ ប្រសិនបើ​យើង​មិន​គោរព ឬមិនយកចិត្ត​ទុកដាក់ ចំពោះ​សេចក្ដីសញ្ញា​របស់​យើង​ជាមួយ​នឹង​ព្រះ នោះ​យើង​កំពុង​ធ្វើ​ឲ្យ​ចំណង​ទំនាក់ទំនង​ដ៏អស់កល្ប​ធ្លាក់​ក្នុង​គ្រោះថ្នាក់​ហើយ ។ ឥឡូវ​នេះ​គឺ​ជា​ពេល​ដែល​ត្រូវ​ប្រែចិត្ត​កែលម្អ និង​ព្យាយាម​ម្តង​ទៀត ។

សុភមង្គល​នឹង​គ្មានន័យ បើ​យើង​ដោះដូរ​ពរជ័យ​នៃ​អំណរ​ដ៏​អស់កល្ប​ជា​និច្ច​ជាមួយ​ភាព​សុខ​ស្រួល​រយៈ​ពេល​ខ្លី ។ មិនថា​យើង​អាយុ​ប៉ុន្មាន​ទេ​សេចក្តី​ពិត​ទាំងស្រុង​នោះ គឺ ៖ គន្លឹះ​នៃសុភមង្គល​ដ៏យូរ​អង្វែង គឺការរស់នៅ​តាមដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ និង​ការរក្សា​សេចក្តី​សញ្ញា​ដែល យើងបាន​ធ្វើ ។ ព្យាការី​របស់​យើង ប្រធាន ណិលសុន បាន​អះអាង​ថា « សុវត្ថិភាព​ដ៏ធំ​បំផុត​របស់​យើង និង សុភមង្គលដ៏យូរ​អង្វែងតែ​មួយ​គត់​របស់​យើង គឺ​អាស្រ័យ ទៅ​លើការកាន់​ដំបង​ដែក​នៃ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ​ដែល​បាន​ស្ដារ​ឡើង​វិញ ហើយបំពេញ​ជាមួយ​សេចក្ដី​សញ្ញា និង​ពិធីបរិសុទ្ធ​របស់ វា ។ ពេល​យើង​ធ្វើ​ដូច្នេះ យើង​អាច​ធ្វើ​ដំណើរ​លើ​ទឹក​ដ៏ ពិបាក​ដោយ​សុវត្ថិភាព​ដោយសារ​យើង​មាន​ព្រះចេស្ដា​របស់​ព្រះ » ។

យើង​ភាគ​ច្រើន​កំពុង​ជួប​ប្រទះ​ដំណើរ​ជីវិត​ដ៏ពិបាក ។ នៅពេល​យើង​ត្រូវ​បក់បោក​ដោយ​រលក​នៃ​សេចក្តីវេទនា ហើយ​ពេលខ្លះ បាន​បាំងបិទ​ដោយ​ដំណក់ទឹក​ភ្នែក​ដ៏​ជោគជាំ​ដែល​ហូរ​ស្រក់​មក​នៅ​គ្រាលំបាក​ទាំងនោះ ហើយ​យើង​ប្រហែលជា​មិន​ដឹងថា​ត្រូវ​ចែវ​ទូក​នៃជីវិត​របស់យើងទៅ ទិសដៅ​ណា​ទេ ។ យើង​ប្រហែល​មិន​គិតថា​យើង​គ្មានកម្លាំង​ដើម្បី​ទៅដល់​ច្រាំង​បានឡើយ ។ ដោយចង​ចាំថា​បងប្អូនជានរណា—គឺបុត្រ​ជាទីស្រឡាញ់​របស់​ព្រះ—ហេតុផលដែល​បងប្អូន មកលើ​ផែនដី​នេះ និង គោលដៅនៃ​ការរស់នៅ​របស់​បងប្អូន​ជាមួយ​នឹង​ព្រះ និង​មនុស្ស​ជាទីស្រឡាញ់​របស់​បងប្អូន នៅក្នុងពិភពសេឡេស្ទាល អាច​ជួយ​ធ្វើ​ឲ្យ​បងប្អូន​មាន​ទស្សនៈវិស័យ​ច្បាស់លាស់ និងចង្អុល​បង្ហាញ​បងប្អូន​ទៅកាន់​ទិសដៅ​ដែល​ត្រឹម​ត្រូវ ។ សូម្បី​តែ​នៅ​កណ្ដាល​ព្យុះភ្លៀង​ក៏​មាន​ពន្លឺ​បំភ្លឺ​បង្ហាញ​ផ្លូវ​យើង​ដែរ ។ ព្រះយេស៊ូវ​បាន​ប្រកាស​ថា « យើង​ជា​ពន្លឺ​ដែល​ភ្លឺ​មក​ក្នុង​សេចក្ដី​ងងឹត » ។ យើង​ត្រូវ​បាន​ធានា​ថា​មាន​សុវត្ថិភាព​ពេល​យើង​មើល​ទៅ​ពន្លឺ​របស់​ទ្រង់ ហើយ​រក្សា​សេចក្ដីទៀងត្រង់​ចំពោះ​នៃ​សេចក្ដី​សញ្ញា​របស់​យើង ។

វា​ជា​ឯកសិទ្ធិ​មួយ​ដើម្បី​ជួប​ស្ត្រី​គ្រប់​វ័យ​មកពី​ជុំវិញ​ពិភពលោក​ដែល​រស់នៅ​ក្នុង​កាលៈទេសៈ​ខុសៗ​គ្នា​ដែល​កំពុង​តែ​រក្សា​សេចក្ដីសញ្ញា​របស់ពួកគេ ។ រាល់ថ្ងៃពួកគេ​មើល​ទៅ​ព្រះអម្ចាស់ និង​ព្យាការី​របស់​ទ្រង់ ដើម្បី​សូម​ការដឹកនាំ ជាជាង​មើល​ទៅ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ដ៏ពេញនិយម ។ ថ្វីបើ​ឧបសគ្គ​ផ្ទាល់ខ្លួន និង​ទស្សនវិជ្ជា​ខុសឆ្គង នៃ​ពិភព​លោក​ព្យាយាម​ឃាត់ឃាំង ពួកគេ​ពីការ​រក្សាសេចក្តី​សញ្ញា​របស់ពួកគេក៏ដោយ ក៏​ពួកគេ​បាន​ប្តេជ្ញា​ចិត្តបន្ត​នៅលើ​ផ្លូវ​នៃ​សេចក្តីសញ្ញា ។ ពួកគេ​ពឹង​ផ្អែក​លើ​ការសន្យា​នៃ« គ្រប់​អ្វី​ទាំងអស់​[ ដែល ]​ ព្រះវរបិតា យើង​មាន » ។ ហើយ​មិនថា​បងប្អូន​មាន​អាយុ​ប៉ុន្មាន​ទេ ក្នុងនាម​ជា​ស្ត្រី​ដែល​បានចុះ​សេចក្ដីសញ្ញា​ជាមួយ​ព្រះបងប្អូន​ម្នាក់ៗ​មាន​សមត្ថភាព​ដើម្បី​លើក​ពន្លឺ​របស់​ព្រះអម្ចាស់​ឡើង ហើយ​ដឹកនាំ​អ្នក​ដទៃ​ទៅកាន់​ទ្រង់ ។ ១០ តាមរយៈ​ការរក្សា​សេចក្ដីសញ្ញា​របស់​បងប្អូន ទ្រង់​នឹង​ប្រទានពរ​ដល់​បងប្អូន​ជាមួយនឹង​អំណាច​បព្វជិតភាព​របស់​ទ្រង់ ហើយ​អាច​ធ្វើ​ឲ្យ​បងប្អូន មានឥទ្ធិពល​ដ៏​ខ្លាំងក្លា​ចំពោះ​មនុស្ស​ដែល​បងប្អូន​ប្រាស្រ័យ​ទាក់​ទង​ជាមួយ ។ ដូច​ដែល​ប្រធាន​ណិលសុន​បាន​ប្រកាស​ថា​បងប្អូន​គឺ​ជា​ស្ត្រី​ដែល​នឹង​បំពេញ​តាម​ការព្យាករ​ដែល​បាន​ទាយ​ទុក​ជា​មុន !១១

បងប្អូនស្រី​ជាទីស្រឡាញ់ អ្វី​ដែល​សំខាន់​បំផុត​ចូរ​បន្ត​ដើរ​នៅលើ​ផ្លូវ​នៃ​សេចក្តីសញ្ញា ទៅរកព្រះយេស៊ូវគ្រីស្ទ ! យើង​មាន​ពរ​ដែល​បាន​កើត​មក​លើ ផែនដី​នេះ​នៅ​គ្រាដែល​មាន​ព្រះ​វិហារ​បរិសុទ្ធ​ពេញ​ផែនដី ។ ការ​ចុះ និង​ការ​រក្សា​សេចក្ដី​សញ្ញា​នៃ ព្រះវិហារ​បរិសុទ្ធ គឺ​មាន​សម្រាប់​សមាជិក​សាសនាចក្រ​គ្រប់រូប​ដែល​ស័ក្ដិសម ។ មជ្ឈិមវ័យ​វ័យក្មេង កុំចាំបាច់រង់​ចាំរហូត​ដល់​ប្អូន​រៀប​អាពាហ៍ពិពាហ៍ ឬ​បម្រើ​បេសកកម្ម ទើប​កំណត់​ពី​ពេល​វេលា​ដែលប្អូន​នឹង​ចុះ​សេចក្ដីសញ្ញា​ដ៏ពិសិដ្ឋ​ទាំងនោះ ។ ប្អូន​អាច​រៀបចំ​ខ្លួន​ក្នុង​នាម​ជា​យុវនារី ដើម្បី​ប្អូន​អាច​ទទួល​បាន​ការការពារ និង​កម្លាំង​មក​ពី​សេចក្តី​សញ្ញា​នៃ​ព្រះវិហារ​បរិសុទ្ធ​នៅ​ពេល​ប្អូន​ឈាន​ចូល​អាយុ​១៨ ឆ្នាំ​ភ្លាម ដរាបណា​ប្អូន​បាន​ត្រៀម​ខ្លួន ហើយ​មាន​បំណង​ប្រាថ្នា​ដើម្បី​គោរព​តាម​សេចក្ដី​សញ្ញា​ពិសិដ្ឋ​នៃ​ព្រះវិហារ​បរិសុទ្ធ​ទាំងនោះ ។១២ ចំពោះ​បងប្អូន​ដែល​បាន​ទទួល​ពរជ័យ​នៃ​ព្រះវិហារ​បរិសុទ្ធ​រួច​ សូម​កុំ​បណ្តោយ​ឲ្យ​អ្នក​រិះគន់​ឬ​ការ​រំខាន​ទាញ​បងប្អូនឲ្យ​ឃ្លាត​ចេញ​ពី​សេចក្ដីពិត​ដ៏អស់កល្ប​ទាំងនេះ​ឡើយ ។ សូម​សិក្សា និង​សួរ​ដល់​ប្រភព​ដែល​ទុកចិត្ត​សម្រាប់​ការយល់​ដឹងកាន់​តែច្រើន​អំពីសារៈសំខាន់ដ៏ពិសិដ្ឋ និង​ពរជ័យ​នៃ​សេចក្ដីសញ្ញា​ដែល​បងប្អូន​បានធ្វើ ។ សូមទៅ​ព្រះវិហារ​បរិសុទ្ធ​ឲ្យ​ញឹកញាប់​តាមដែល​អាចធ្វើ​បាន ហើយ​ស្តាប់​តាម​ព្រះវិញ្ញាណ ។ បងប្អូន​នឹង​ទទួល​អារម្មណ៍​ដ៏ផ្អែម​ល្ហែម ថា​បងប្អូន​នៅលើ​មាគ៌ា​របស់​ព្រះ​អម្ចាស់ ។ បងប្អូន​នឹង​រកឃើះ សេចក្តី​ក្លាហាន​ដើម្បី​បន្ត​ក៏ដូច​ជា​នាំ​អ្នក​ដទៃ​មក​ជាមួយ បងប្អូន​ផង​ដែរ ។

ខ្ញុំ​ថ្លែង​ទីបន្ទាល់​ថា នៅពេល​យើង​ជ្រើសរើស​ចុះ​សេចក្ដីសញ្ញា​ជាមួយ​ព្រះវរបិតាសួគ៌ ហើយ​ទទួលបាន​ព្រះចេស្ដា​នៃ​ព្រះអង្គ​សង្គ្រោះ​ដើម្បី​រក្សា​សេចក្តី​សញ្ញាទាំងឡាយ នោះយើង​នឹង​ទទួលបាន​ពរជ័យ​ដោយ​មាន​សុភមង្គល​នៅ​ក្នុង​ជីវិត​នេះ​ច្រើន​ជាង​អ្វីដែល​យើង​អាច​ស្រមៃ​ឃើញ​នៅ​ពេល​បច្ចុប្បន្ន​នេះ និង​ជីវិត​ដ៏​រុងរឿង​អស់កល្បជានិច្ច​នៅ​ឯបរលោក ។១៣ នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ៕