សន្និសីទទូទៅ
សេចក្ដី​ស្រលាញ់​ដ៏​ទេវភាព​ក្នុង​ផែនការ​របស់​ព្រះវរបិតា
សន្និសីទ​ទូទៅ ខែ មេសា ឆ្នាំ ២០២២


14:47

សេចក្ដី​ស្រលាញ់​ដ៏​ទេវភាព​ក្នុង​ផែនការ​របស់​ព្រះវរបិតា

គោលបំណង​នៃ​គោលលទ្ធិ និង​គោលនយោបាយ​ទាំងឡាយ​នៃ​សាសនាចក្រ​ដែល​បាន​ស្ដារ​ឡើងវិញ​នេះគឺ​ដើម្បី​រៀបចំ​កូនចៅ​របស់​ព្រះសម្រាប់​សេចក្ដី​សង្គ្រោះនៅ​ក្នុង​នរគសេឡេស្ទាល និង​សម្រាប់​ភាព​តម្កើង​ឡើង​ក្នុង​លំដាប់​ដ៏​ខ្ពស់​បំផុត ។

ផែនការ​ដំណឹងល្អ​បង្ហាញ​សេចក្ដីស្រឡាញ់​របស់​ព្រះវរបិតាសួគ៌​សម្រាប់​កូនចៅ​របស់​ទ្រង់​គ្រប់រូប ។ ដើម្បី​យល់ពី​សេចក្ដី​ស្រលាញ់​នេះ យើង​ត្រូវ​ស្វែងយល់​ពី​ផែនការ និង​បទបញ្ញត្តិ​ទាំងឡាយ​របស់ទ្រង់ ។ ទ្រង់​ស្រឡាញ់​កូនចៅ​ទ្រង់​ដល់​ម្ល៉េះ ទើប​ទ្រង់​ប្រទាន​ព្រះរាជ​បុត្រា​បង្កើត​តែមួយ​របស់​ទ្រង់ គឺ​ព្រះយេស៊ូវ​គ្រីស្ទ ឲ្យមក​រងទុក្ខ និង​សុគត​ដើម្បី​ធ្វើជា​ព្រះអង្គ​សង្រ្គោះ និង​ព្រះ​អង្គ​ប្រោសលោះ​របស់​យើង ។ នៅក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​ដែល​បាន​ស្ដារ​ឡើងវិញ យើង​មាន​ការយល់ដឹង​ដ៏​ពិសេស​មួយ អំពី​ផែនការ​របស់​ព្រះវរបិតា​សួគ៌​របស់យើង ។ ការណ៍​នេះ​បង្រៀន​យើងឲ្យ​មើល​ខុស​ពី​អ្នក​ដទៃ ចំពោះ​គោលបំណង​នៃ​ជីវិត​រមែង​ស្លាប់ ​សេចក្តីជំនុំជម្រះ​ដ៏​ទេវភាព​ដែល​នៅពី​ក្រោយ​ជីវិតនេះ និង​ជោគ​វាសនាដ៏​រុងរឿង​ខ្ពង់ខ្ពស់​បំផុត​នៃ​កូនចៅ​គ្រប់រូប​របស់​ព្រះ ។

បងប្អូន​ប្រុសស្រី​ ខ្ញុំ​ស្រឡាញ់​បងប្អូន ។ ខ្ញុំ​ស្រឡាញ់​កូនចៅគ្រប់រូប​ទាំងអស់​របស់​ព្រះ ។ នៅ​ពេល​ព្រះគ្រីស្ទ​ត្រូវគេ​សួរថា « ក្នុង​បណ្ដា​ក្រឹត្យវិន័យ តើ​បញ្ញត្តិ​ណា​ដែល​យ៉ាង​សំខាន់​បំផុត ? » ទ្រង់​បាន​បង្រៀន​ថា ឲ្យ​ស្រលាញ់​ព្រះ ​និងឲ្យ​ស្រឡាញ់​​អ្នក​ជិតខាងរបស់យើង គឺជា​បទបញ្ញត្តិ​យ៉ាង​សំខាន់​ទីមួយ​របស់ព្រះ ។ បទបញ្ញត្តិ​ទាំងនោះគឺ​ទីមួយ ព្រោះ​អញ្ជើញ​យើង​ឲ្យ​រីកចម្រើន​ខាងវិញ្ញាណ ដោយ​ការព្យាយាម​ធ្វើតាម​សេចក្ដី​ស្រលាញ់​របស់​ព្រះ​ដែលមាន​ចំពោះ​យើង ។ ខ្ញុំ​សុំឲ្យ​យើងគ្រប់រូប​ទាំងអស់​មាន​ការយល់ដឹង​កាន់តែ​ប្រសើរឡើង អំពី​គោលលទ្ធិ និង​គោល​នយោបាយ​ជាទី​ពេញចិត្ត ដែល​ព្រះវរបិតា​សួគ៌ និង​ព្រះរាជ​បុត្រា​របស់​ទ្រង់ គឺ​ព្រះយេស៊ូវ​គ្រីស្ទ បាន​តាំង​ឡើង​នៅក្នុង​សាសនា​ចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ។ អ្វី​ដែល​ខ្ញុំ​និយាយ​នៅ​ពេលនេះ គឺ​ព្យាយាម​បញ្ជាក់​ពី​របៀប​ដែល​សេចក្ដី​ស្រលាញ់​របស់​ព្រះ ពន្យល់​ពី​គោលលទ្ធិ និង​គោល​នយោបាយ​ដែល​បាន​បំផុស​គំនិត​របស់​សាសនាចក្រ ។

I.

ការយល់ច្រឡំ​ទូទៅ​មួយ​អំពី​សេចក្តីជំនុំជម្រះ​ដែល​កើតឡើង​បន្ទាប់​ពី​ជីវិត​រមែង​ស្លាប់នេះ គឺថា​នៅទីបំផុត មនុស្សល្អនឹង​ទៅ​កាន់កន្លែង​មួយ​ហៅថា ស្ថានសួគ៌ ហើយ​មនុស្ស​អាក្រក់​នឹង​ទៅ​ទី​អវសាន​មួយ​ទៀត​ហៅថា ស្ថាន​នរក ។ ការសន្មត់​ដ៏​ខុសឆ្គង​នៃ​គោលដៅ​ចុងក្រោយ​ទាំងពីរ​នេះ​បញ្ជាក់​ថា អស់​អ្នក​ណាដែល​មិន​អាច​គោរព​បទបញ្ញត្តិ​ទាំងអស់​ដែល​តម្រូវឲ្យ​ចូល​ស្ថានសួគ៌​បាន អ្នកនោះ​ច្បាស់ជា​ត្រូវ​ធ្លាក់​ទៅ​ក្នុងស្ថាន​នរក​ជារៀងរហូតជាក់ជា​មិនខាន​ឡើយ ។

ព្រះវរបិតា​សួគ៌​ជាទី​ស្រលាញ់​មាន​ផែនការ​ដ៏​ប្រសើរ​មួយ​សម្រាប់​កូនចៅ​របស់​ទ្រង់ ។ គោលលទ្ធិ​ដែល​បាន​បើក​សម្ដែង​របស់​សាសនា​ចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​ដែល​បាន​ស្ដារ​ឡើងវិញ បង្រៀន​ថា កូនចៅ​របស់​ព្រះ​គ្រប់រូប—ទីបំផុត​នឹង​ចូល​ក្នុង​នគរ​នៃ សិរីល្អ—លើកលែង​តែ​មួយ​ចំនួនតូច​ ព្រះយេស៊ូវ​បាន​បង្រៀន​ថា « ត្បិតនៅក្នុង​ដំណាក់​របស់​ព្រះវរបិតា​យើង នោះ​មានវិមាន​ជាច្រើន » ។ ចេញ​ពី​វិវរណៈ​សម័យ​ទំនើប​នេះ យើង​ដឹងថា​វិមាន​ទាំងនោះ​គឺ​មាន​នៅក្នុង​នគរ​នៃ​សិរីល្អ​បី​ខុសគ្នា ។ នៅក្នុង​សេចក្តីជំនុំជម្រះ​ចុងក្រោយ យើង​ម្នាក់ៗ​នឹង​ត្រូវបាន​ជំនុំជម្រះ​ស្របតាម​កិច្ចការ​របស់​យើង និង​ស្រប​តាម​សេចក្ដី​ប៉ងប្រាថ្នា​នៃ​ដួងចិត្ត​របស់​យើង ។ យើង​នឹង​ត្រូវ​រងទុក្ខ​ចំពោះ​អំពើ​បាប​ដែល​មិន​បានប្រែចិត្ត​ទាំងឡាយ​របស់​យើង​ជាមុន​សិន មុនពេល​នោះ​មកដល់ ។ ព្រះគម្ពីរ​បាន​បញ្ជាក់​ច្បាស់ពី​ចំណុច​នោះ ។ បន្ទាប់មក​អង្គជំនុំជម្រះ​ដ៏​សុចរិត​របស់​យើង នឹង​ប្រទាន​ដល់​យើងនូវ​នគរ​មួយ​នៃ​នគរ​សិរីល្អ​ទាំងនោះ ។ ដូច្នេះ ដូចដែល​យើង​ដឹង​មកពី​វិវរណៈ​សម័យ​ទំនើប​នេះ​ថា មនុស្ស​គ្រប់រូប « នឹង​ត្រូវបាន​ជំនុំជម្រះ … ហើយ​មនុស្ស​គ្រប់រូប​នឹង​បាន​ទទួល​តាម​កិច្ចការ​ទាំងឡាយ​របស់​ខ្លួន គឺ​អាណាចក្រ​របស់​ខ្លួន​នៅក្នុង​វិមាន​ទាំងឡាយ ដែល​បាន​រៀបចំ​ទុក » ។

ព្រះអម្ចាស់​បាន​សព្វព្រះទ័យ​បើក​សម្ដែង​តែ​បន្តិចបន្តួច​ប៉ុណ្ណោះ​ចំពោះ​នគរ​នៃ​សិរីល្អ​ទាំងពីរ​នេះ ។ ផ្ទុយ​ពីនេះ ព្រះអម្ចាស់​បាន​បើក​សម្ដែង​ច្រើន​អំពី​នគរ​នៃ​សិរីល្អ​ដ៏​ខ្ពស់​បំផុត ដែល​ព្រះគម្ពីរប៊ីប​ពិពណ៌នា​ថា ដូចជា « ព្រះអាទិត្យ​មាន​រស្មីម៉្យាង » ។

នៅ​ក្នុង​សិរីល្អ​នៃនគរ « សេឡេស្ទាល » នោះ​មាន​ស្ថានសួគ៌ ឬលំដាប់​បី ។ លំដាប់​ដ៏​ខ្ពស់​បំផុត​នៃ​លំដាប់​ទាំងនេះ​គឺ ភាព​តម្កើង​ឡើង​នៅក្នុង​នគរ​សេឡេស្ទាល ជានគរ​ដែល​យើង​អាច​ក្លាយ​ដូចជា​ព្រះវរបិតា​សួគ៌​របស់​យើង និង​ព្រះរាជ​បុត្រា​ទ្រង់ ព្រះយេស៊ូវ​គ្រីស្ទ ។ ដើម្បី​ជួយ​យើង​ឲ្យ​អភិវឌ្ឍ​គុណលក្ខណៈ​ដូច​ព្រះ និង​ការផ្លាស់ប្ដូរ​នៅក្នុង​ស្ថានភាព​សាច់ឈាម​ដែល​ចាំបាច់ ដើម្បី​ទទួល​បាន​សក្តានុពល​ដ៏​ទេវភាព​របស់​យើង ព្រះអម្ចាស់​បាន​បើក​សម្ដែង​គោលលទ្ធិ និង​បាន​តាំង​បទបញ្ញត្តិ ដែល​ផ្អែក​ទៅតាម​ច្បាប់​ដ៏​អស់កល្ប ។ នេះ​គឺជា​អ្វី​ដែល​យើង​បង្រៀន​នៅក្នុង​សាសនាចក្រ នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ពីព្រោះ​គោលបំណង​នៃ​គោលលទ្ធិ និង​គោលនយោបាយ​ទាំងឡាយនៃ​សាសនាចក្រ​ដែល​បាន​ស្ដារ​ឡើងវិញ​នេះ គឺ​ដើម្បី​រៀបចំ​កូនចៅ​របស់​ព្រះ សម្រាប់​សេចក្ដី​សង្គ្រោះ​នៅក្នុង​សិរីល្អ​នៃ​នគរសេឡេស្ទាល និង​ពិសេស​សម្រាប់​ភាព​តម្កើង​ឡើង​ក្នុង​លំដាប់​ដ៏​ខ្ពស់​បំផុត ។

សេចក្ដី​សញ្ញា​ដែល​បាន​ធ្វើ និង​ពរជ័យ​ដែល​បាន​សន្យា​ចំពោះ​ភាព​ស្មោះត្រង់​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​នៃ​ព្រះ​គឺជា​ចំណុច​សំខាន់ ។ ការណ៍នេះ​ពន្យល់​ក្នុង​អគារ​​ព្រះវិហារ​បរិសុទ្ធ​ទូទាំង​ពិភពលោក​របស់​យើង​ដែល​ក្រុម​ចម្រៀង​បាន​ច្រៀង​យ៉ាង​ពិរោះ ។ មនុស្ស​មួយ​ចំនួន​មាន​មន្ទិល​​ចំពោះ​ការសង្កត់ធ្ងន់​នេះ ហើយ​មិន​យល់​ថា សេចក្ដី​សញ្ញា និង​ពិធីបរិសុទ្ធ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ នាំ​យើង​ឆ្ពោះ​ទៅរក​ការសម្រេច​បាន​នូវ​ភាពតម្កើង​ឡើង​ឡើយ ។ ការណ៍​នេះ​អាច​យល់​បាន​តែ​នៅ​ក្នុង​បរិបទ​ដែល​បាន​បើក​សម្ដែងពី​សេចក្ដី​ពិត​ចំពោះ​លំដាប់​នៃ​សិរីល្អ ទាំង​បីប៉ុណ្ណោះ ។ ព្រោះ​តែ​សេចក្ដី​ស្រឡាញ់​ដ៏​ធំ​របស់​ព្រះវរបិតា​សួគ៌​យើង​ចំពោះ​កូនចៅ​ទាំងអស់​របស់​ទ្រង់ នោះ​ទ្រង់​បាន​ប្រទាន​នគរ​នៃ​សិរីល្អ​ផ្សេង​ទៀត —ដូច​ដែល​អែលឌើរ ឃ្វីនថិន អិល ឃុក បាន​ពន្យល់​ពី​ម្សិលមិញ—ដែល​នគរ​ទាំងអស់​មាន​ភាព​រុងរឿង​ជាង​អ្វី​ដែល​យើង​អាច​យល់​បាន ។១០

ដង្វាយធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ ធ្វើ​ឲ្យ​គ្រប់​ការណ៍​ទាំងអស់​អាច​កើត​ឡើង​បាន ។ ទ្រង់​បាន​បើកបង្ហាញ​ថា ទ្រង់ « សរសើរ​តម្កើង​ព្រះវរបិតា ហើយ សង្គ្រោះ​អស់​ទាំងការ​នៃ​ព្រះហស្ត​ទ្រង់ » ។១១ សេចក្ដី​សង្គ្រោះ​នោះ គឺ​បាន​ផ្ដល់ឲ្យ​នូវ​នគរ​នៃ​សិរីល្អ​ផ្សេង​គ្នា ។ យើង​ដឹង​ចេញ​ពី​វិវរណៈ​សម័យ​ទំនើប​នេះ​ថា « គ្រប់​នគរ​ទាំងអស់​ត្រូវ​បាន​ប្រទាន​ក្រឹត្យវិន័យ​ឲ្យ » ។១២ យ៉ាង​សំខាន់ ៖

« ត្បិត​អ្នកណា​ដែល​ពុំអាច​នៅជាប់​ក្នុង​ក្រឹត្យវិន័យ​នៃ​នគរ​សេឡេស្ទាល​បាន​ទេ នោះ​ពុំ​អាច​នៅជាប់​ក្នុង​សិរីល្អ​ខាង​សេឡេស្ទាល​បាន​ឡើយ ។

« ហើយ​អ្នកណា​ដែល​ពុំអាច​នៅ​ជាប់​ក្នុង​ក្រឹត្យវិន័យ​នៃ​នគរ​ទេរេសទ្រាល​បាន​ទេ នោះ​ពុំ​អាច​នៅជាប់​ក្នុង​សិរីល្អ​ខាង​ទេរេសទ្រាល​បាន​ឡើយ ។

« ហើយ​អ្នកណា​ដែល​ពុំអាច​នៅ​ជាប់​ក្នុង​ក្រឹត្យវិន័យ​នៃ​នគរ​ទេឡេស្ទាល​បាន​ទេ នោះ​ពុំ​អាច​នៅជាប់​ក្នុង​សិរីល្អ​ខាង​ទេឡេស្ទាល​បាន​ឡើយ » ។១៣

ក្នុង​ភាសា​ម្យ៉ាង​ទៀត​នគរ​នៃ​សិរីល្អ​ដែល​យើង​ទទួល​នៅ​ក្នុង​សេចក្តីជំនុំជម្រះ​ចុង​ក្រោយ គឺ​បាន​កំណត់​ដោយ​ច្បាប់ ដែល​យើង​បាន​ជ្រើសរើស​ធ្វើ​តាម​នៅ​ក្នុង​ផែនការ​នៃ​សេចក្តី​ស្រឡាញ់​របស់​ព្រះវរបិតា​សួគ៌​យើង ។ នៅក្រោម​ផែនការ​នោះ មាន​នគរ​ជាច្រើន​ដើម្បី​ឲ្យ​កូនចៅ​ទាំងអស់​របស់​ទ្រង់​អាច​បាន​ចាត់តាំង​ទៅ​នគរ​ណាមួយ​ដែល​ពួកគេ​អាច « នៅ​ជាប់ » ។

II.

ការបង្រៀន និង​គោល​នយោបាយ​នៃ​សាសនាចក្រ​ដែល​បាន​ស្ដារ​ឡើងវិញ​របស់​ព្រះអម្ចាស់ អនុវត្ត​នូវ​សេចក្ដី​ពិត​ដ៏​អស់កល្ប​ទាំងនេះ ក្នុង​របៀប​មួយ​ដែល​អាច​យល់បាន​យ៉ាង​ពេញលេញ​​តែ​នៅក្នុង​បរិបទ​ផែនការ​នៃ​សេចក្តី​ស្រឡាញ់​របស់​ព្រះវរបិតា​សួគ៌​យើង សម្រាប់​កូនចៅ គ្រប់រូប របស់​ទ្រង់​ប៉ុណ្ណោះ ។

ដូច្នេះ យើង​គោរព​ដល់សិទ្ធិ​ជ្រើសរើស​របស់​បុគ្គល​ម្នាក់ៗ ។ មនុស្ស​ភាគច្រើន​បាន​ដឹង​អំពី​កិច្ចខិតខំ​ដ៏​ខ្លាំង​របស់​សាសនាចក្រ​នេះ ដើម្បី​គាំទ្រ​ឲ្យ​មាន​សេរីភាព​ខាងសាសនា ។ កិច្ចខិតខំ​ទាំងនេះ​ជួយ​គាំទ្រ​ដល់​ផែនការ​របស់​ព្រះវរបិតា​សួគ៌​យើង ។ យើង​ព្យាយាម​ជួយ​ដល់​កូនចៅ គ្រប់រូប របស់​ទ្រង់—មិន​គ្រាន់​តែ​សមាជិក​របស់​យើង​ប៉ុណ្ណោះទេ—ឲ្យ​រីករាយ​ចំពោះ​សេរីភាព​ដ៏មាន​តម្លៃ​ក្នុងការ​ជ្រើសរើស ។

ស្រដៀង​គ្នានេះ​ដែរ ពេលខ្លះ​មាន​សំណួរពី​មូលហេតុ​ដែល​យើង​បញ្ជូន​ពួក​អ្នកផ្សព្វផ្សាយ​សាសនា​ទៅកាន់​ជាតិសាសន៍​ជា​ច្រើន សូម្បីតែ​ក្នុង​ចំណោម​ប្រជាជន​គ្រីស្ទាន​ក្ដី ។ ក៏មាន​សំណួរពី​មូលហេតុ​ដែល​យើង​ឧបត្ថម្ភ​យ៉ាង​សម្បើម​ដល់​ជំនួយ​មនុស្សធម៌ ដើម្បី​ជួយដល់​មនុស្ស​មិនមែន​ជា​សមាជិក​ក្នុង​សាសនាចក្រ​របស់យើង ដោយ​មិន​ភ្ជាប់​កិច្ចការនេះ​ជាមួយ​នឹង​កិច្ចខិតខំ​ផ្សព្វផ្សាយ​សាសនា​របស់​យើង​ឡើយ ។ យើង​ធ្វើ​ដូចនេះ​ព្រោះ​ព្រះអម្ចាស់​បាន​បង្រៀន​យើងឲ្យ​ចាត់ទុក​កូនចៅ​របស់​ព្រះគ្រប់​រូប ដូចជា​បងប្អូន​ប្រុសស្រី​យើង ហើយ​យើង​ចង់​ចែក​រំលែក​ទ្រព្យធន​ខាង​វិញ្ញាណ និង​ខាង​សាច់ឈាម​ជាមួយ​មនុស្ស​គ្រប់​រូប ។

គោលលទ្ធិ​ដ៏​អស់កល្ប​ក៏​បាន​ផ្ដល់​នូវ​ទស្សនវិស័យ​ពិសេស​មួយ​ចំពោះ​កូនចៅ​ផងដែរ ។ តាម​រយៈ​ទស្សនវិស័យ​នេះ យើង​មើលទៅ​ការបង្កើតកូន និង​ការចិញ្ចឹម​បីបាច់​កូនចៅ គឺជា​ផ្នែក​នៃ​ផែនការ​ដ៏​ទេវភាព ។ វា​គឺ​ជា​កាតព្វកិច្ច​ដ៏​មាន​អំណរ និង​ពិសិដ្ឋ​សម្រាប់​អស់​អ្នក​ដែល​ត្រូវ​បាន​ផ្ដល់​អំណាច​ដើម្បី​ធ្វើ​ដូច្នេះ ។ ហេតុដូច្នោះ​ហើយ យើង​ត្រូវ​បាន​បញ្ជា​ឲ្យ​បង្រៀន ហើយ​ការពារ និង​ព្យាយាម​ផ្សព្វផ្សាយ​ពី​គោលការណ៍ និង​ការអនុវត្ត​នានា ដែល​ផ្ដល់​នូវ​លក្ខខណ្ឌ​ពិសេស​បំផុត ដើម្បី​មាន​ការអភិវឌ្ឍ និង​សុភមង្គល​ដល់​កូនចៅ​ដែល​នៅក្រោម​ផែនការ​របស់​ព្រះ ។

III.

ទីបញ្ចប់ សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ត្រូវបាន​ស្គាល់​យ៉ាងត្រឹមត្រូវ ថាជា​សាសនាចក្រ​ដែល​ផ្ដោត​លើ-ក្រុម​គ្រួសារ ។ ប៉ុន្តែ​មិន​សូវ​មាន​គេ​យល់​ច្បាស់​ពី​ការពិត​ចំពោះ​ការផ្ដោត​លើ-ក្រុម​គ្រួសារ​របស់​យើង​នោះ​ទេ ថា​ទំនាក់ទំនង​ក្រុមគ្រួសារ​របស់​យើង​គឺ​លើស​ពីជីវិត​រមែងស្លាប់នេះ ។ ទំនាក់ទំនង​អស់កល្ប​ជានិច្ច​ក៏​ជា​មូលដ្ឋានគ្រឹះ​នៃ​សាសនា​របស់​យើងផង​ដែរ ។ បេសកកម្ម​នៃ​សាសនាចក្រ​ដែល​បាន​ស្ដារឡើងវិញ គឺ​ដើម្បី​ជួយ​កូនចៅ​របស់​ព្រះ​គ្រប់រូប​ឲ្យ​មាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់​ទៅតាម​អ្វី​ដែល​ព្រះសព្វ​ព្រះទ័យ ជា​ជោគវាសនា​ដ៏​ខ្ពង់ខ្ពស់​របស់​ពួកគេ ។ ដោយសារ​សេចក្ដី​ប្រោសលោះ​ដែលបាន​ប្រទាន​មក​តាមរយៈ​ដង្វាយធួន​នៃ​ព្រះគ្រីស្ទ នោះ​មនុស្ស​ទាំងអស់​នឹង​ទទួល​បាន​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច ( ភាពតម្កើងឡើង​នៅក្នុង​នគរ​សេឡេស្ទាល ) ដែល​អ្នកម្ដាយ​អេវ៉ា​បាន​ប្រកាស​ថា « ព្រះទ្រង់​បាន​ប្រទាន​ដល់​មនុស្ស​ទាំងអស់​ដែល​គោរព​តាម » ។១៤ ការណ៍​នេះ​គឺ​លើស​ពី​សេចក្ដី​សង្គ្រោះ​ឆ្ងាយ​ណាស់ ។ ប្រធាន រ័សុល អិម ណិលសុន​បាន​រំឭក​យើង​ថា « នៅ​ក្នុង​ផែនការ​អស់កល្ប​របស់​ព្រះ សេចក្តី​សង្គ្រោះ​គឺ​ជា​បញ្ហា​ផ្ទាល់​ខ្លួន [ ប៉ុន្តែ ] ភាព​តម្កើង​ឡើង​គឺ​ជា​បញ្ហា​គ្រួសារ » ។១៥

មូលដ្ឋាន​គ្រឹះ​ចំពោះ​យើង គឺ​ជា​វិវរណៈ​របស់​ព្រះ​ដែល​ថា ភាពតម្កើងឡើង​អាច​ទទួល​បាន​តាម​រយៈ​តែ​ភាព​ស្មោះត្រង់​ចំពោះ​សេចក្ដី​សញ្ញា នៃ​អាពាហ៍​ពិពាហ៍​ដ៏​អស់កល្ប​រវាង​បុរស​ម្នាក់ និង​ស្រ្តី​ម្នាក់​ប៉ុណ្ណោះ ។១៦ គោលលទ្ធិ​ដ៏​ទេវភាព​នោះ​គឺជា​មូលហេតុ​ដែល​យើង​បង្រៀន​ថា « ភេទ​ប្រុសស្រី គឺ​ជា​លក្ខណៈ​ពិសេស​នៃ​អត្តសញ្ញាណ និង​គោលបំណង​របស់​បុគ្គល​ម្នាក់ៗ​នៅ​ជីវិត​មុន​ផែនដី ជីវិត​រមែង​ស្លាប់ និង​នៅ​អស់កល្ប​ជានិច្ច » ។១៧

​នោះ​ក៏​​ជា​មូលហេតុ​ដែល​ព្រះអម្ចាស់​បាន​តម្រូវ​ឲ្យ​សាសនាចក្រ​ដែល​បាន​ស្ដារ​ឡើង​វិញ​របស់​ទ្រង់ ប្រឆាំងនឹងការគាបសង្កត់​ពី​សង្គម និង​ផ្លូវ​ច្បាប់ទាំងឡាយដែល​ធ្វើ​ឲ្យ​មានការ​ប្រព្រឹត្ត​ផ្ទុយ​ពី​គោលលទ្ធិ​នៃ​អាពាហ៍ពិពាហ៍​រវាង​បុរស និង​ស្ត្រី ហើយ​ជំទាស់​នឹង​ការផ្លាស់ប្តូរ​នានា​ដែល​ធ្វើ​ឲ្យ​មាន​ការភាន់ច្រឡំចំពោះភេទពីធម្មជាតិជា​ប្រុស និងជា​ស្រី កែភេទ ឬ​ផ្លាស់ប្តូរភេទ ។

ជំហរ​របស់​សាសនាចក្រ​ដែល​បាន​ស្ដារ​ឡើងវិញ​ចំពោះ​មូលដ្ឋាន​គ្រឹះ​ទាំងនេះ ជាញឹកញាប់​មាន​ការប្រឆាំង ។ យើង​យល់​ពី​រឿង​នោះ ។ ផែនការ​របស់​ព្រះវរបិតា​សួគ៌​របស់​យើង អនុញ្ញាត​ឲ្យ​មាន « ការផ្ទុយ​ចំពោះ​រឿង​សព្វសារពើ »១៨ ហើយ​ការប្រឆាំង​ដ៏​ខ្លាំងក្លា​របស់​សាតាំង​ត្រូវ​បាន​តម្រង់​ទៅ​ចំណុច ដែល​សំខាន់​បំផុត​ក្នុង​ផែនការ​នោះ ។ ជា​លទ្ធផល វា​ព្យាយាម​ប្រឆាំង​នឹង​ការរីកចម្រើន​ឆ្ពោះ​ទៅកាន់​ភាពតម្កើង​ឡើង ដោយ​ធ្វើ​ឲ្យ​ភាន់ច្រឡំ​ភេទ កែប្រែ​និយមន័យ​នៃ​អាពាហ៍ពិពាហ៍ និង​មិន​លើក​ទឹកចិត្ត​ឲ្យ​បង្កើត​កូន ។ ទោះ​យ៉ាងណា​ក៏​ដោយ យើង​ដឹង​ថា​ទីបំផុត គោលបំណង និង​ផែនការ​ដ៏​ទេវភាព​នៃ​ព្រះវរបិតា​សួគ៌​ជាទី​ស្រលាញ់ នឹង​មិន​ផ្លាស់ប្ដូរ​ឡើយ ។ កាលៈទេសៈ​ផ្ទាល់ខ្លួន​អាច​ផ្លាស់ប្ដូរ ហើយ​ផែនការ​របស់ព្រះ​ធានាបាន​ថា នៅ​ទីបំផុត អស់អ្នក​ដែល​ស្មោះត្រង់​ក្នុងការ​រក្សា​សេចក្ដីសញ្ញា​របស់​ពួកគេ នឹង​មាន​ឱកាស​ដើម្បី​ទទួល​បាន​រាល់​ពរជ័យ​ដែល​បាន​សន្យា ។១៩

ការបង្រៀន​ដ៏​មាន​តម្លៃ​ពិសេស​មួយ ដើម្បី​ជួយ​យើង​ត្រៀមខ្លួន​សម្រាប់​ជីវិត​ដ៏​អស់កល្ប ហើយជា « អំណោយ​ទាន​ដ៏​មហិមា​បំផុត​នូវ​គ្រប់​អំណោយ​ទាន​ទាំងឡាយ​នៃ​ព្រះ »២០ នោះគឺជា​ការ​ប្រកាស​ស្ដីពី​ក្រុមគ្រួសារ​ឆ្នាំ ១៩៩៥ ។២១ ពិតណាស់ ការ​ប្រកាស​នេះ មាន​ភាព​ខុស​គ្នា​ពី​ច្បាប់ ការ​អនុវត្ត និង​គំនិត​ដែល​មាន​ការគាំទ្រ​ជាច្រើន​នា​ពេល​បច្ចុប្បន្ន​នេះ ដូចជា​ការរស់នៅ​ជាមួយគ្នា​ដោយ​មិនបាន​រៀបការ និង​អាពាហ៍ពិពាហ៍​ភេទ​ដូចគ្នា​ជាដើម ។ អស់អ្នក​ដែល​មិន​បាន​យល់​យ៉ាង​ពេញលេញ​អំពី​ផែនការ​នៃ​សេចក្ដី​ស្រលាញ់​របស់​ព្រះវរបិតា​សម្រាប់​កូនចៅ​របស់​ទ្រង់ ប្រហែល​ជា​ចាត់ទុកថា ការ​ប្រកាស​ស្ដីពី​ក្រុមគ្រួសារ​នេះ គ្មាន​អ្វី​ក្រៅពី​សេចក្ដី​ថ្លែងការណ៍​ដែល​អាច​កែប្រែ​បាន នៃ​គោលនយោបាយ​មួយ​ប៉ុណ្ណោះ ។ ផ្ទុយ​ទៅវិញ យើង​អះអាង​ថា ការប្រកាស​ស្ដីពី​ក្រុម​គ្រួសារ ដែល​បាន​បង្កើតឡើង​នៅលើ​គោលលទ្ធិ​ដែល​មិនអាច​ដកហូត​បាន កំណត់​នូវ​ប្រភេទ​ទំនាក់​ទំនង​គ្រួសារ ដែលជា​ផ្នែក​ដ៏​សំខាន់​បំផុត​នៃ​ការ​អភិវឌ្ឍ​អស់កល្ប​របស់​យើង ដែលអាច​កើតមាន​ឡើង ។

នេះ​ជា​បរិបទ​សម្រាប់​គោលលទ្ធិ និង​គោលនយោបាយ​ដ៏​ពិសេស នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​ដែល​បាន​ស្ដារ​ឡើងវិញ ។

IV.

ក្នុង​ទំនាក់ទំនង និង​កាលៈទេសៈ​ជាច្រើន​ក្នុង​ជីវិត​រមែង​ស្លាប់ យើង​ម្នាក់ៗ​ត្រូវ​រស់នៅ​ក្នុង​ភាព​ខុសគ្នា ។ ក្នុង​នាម​ជា​ពួក​អ្នក​ដើរ​តាម​ព្រះគ្រីស្ទ យើង​ត្រូវ​ស្រលាញ់​មនុស្ស​ទូទៅ យើង​ត្រូវ​រស់នៅ​ដោយ​សុខសាន្ត​ជាមួយ​អស់​អ្នក​ដែល​មិន​ជឿ​ដូច​ដែល​យើង​បាន​ជឿ ។ យើង​ទាំងអស់​គ្នា​ជា​កូនចៅ​នៃ​ព្រះវរបិតា​សួគ៌​ជាទី​ស្រលាញ់ ។ ទ្រង់​បាន​កំណត់​ជីវិត​បន្ទាប់ពី​សេចក្ដី​ស្លាប់ ហើយ​នៅទីបំផុត​គឺ​នគរ​នៃ​សិរីល្អ​មួយ សម្រាប់​យើង​ទាំងអស់​គ្នា ។ ព្រះ​មាន​ព្រះទ័យ​ឲ្យ​យើង​ទាំងអស់គ្នា​ខិតខំ​ដើម្បី​បាន​ពរជ័យ​ដ៏​ខ្ពស់បំផុត តាមរយៈ​ការ​ធ្វើតាម​បទបញ្ញត្តិ សេចក្ដី​សញ្ញា ពិធី​បរិសុទ្ធ​ដ៏​ខ្ពស់​បំផុត​របស់​ទ្រង់ ការណ៍​ទាំងអស់​នោះ​ត្រូវធ្វើ​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​របស់​ទ្រង់ ដែល​បាន​សាងសង់​នៅ​ទូទាំង​ពិភពលោក ។ យើង​ត្រូវ​តែ​ព្យាយាម​ចែក​រំលែក​សេចក្ដី​ពិត​នៃ​ភាព​អស់កល្ប​ទាំងនេះ ជាមួយ​នឹង​អ្នកផ្សេង​ទៀត ។ យើង​តែងតែ​ទទួលយក​ការសម្រេចចិត្ត​របស់​អ្នកជិតខាង​យើង​ជានិច្ច ដោយ​ក្តីស្រឡាញ់​ដែល​យើង​ត្រូវមាន​ចំពោះ​ពួកគេ​ទាំងអស់គ្នា ។ ដូចជា​ព្យាការី​ក្នុង​ព្រះគម្ពីរ​មរមន​បាន​បង្រៀនថា យើង​ត្រូវតែ​ឈាន​ទៅមុខ ដោយ​មាន « ចិត្ត​ស្រឡាញ់​ព្រះ និង​មនុស្ស​គ្រប់រូប » ។២២

ដូច​ដែល​ប្រធាន រ័សុល អិម ណិលសុន​បាន​ប្រកាស​ក្នុង​សន្និសីទ​ចុងក្រោយ​របស់​យើង​ថា « មិន​ដែល​មាន​ពេល​ណា​នៅ​ក្នុង​ប្រវត្តិសាស្រ្ត​ពិភពលោក​នេះ ដែល​ចំណេះដឹង​អំពី​ព្រះអង្គសង្រ្គោះ​របស់​យើង​មាន​សារៈសំខាន់​ផ្ទាល់ខ្លួន ហើយ​ទាក់ទង​នឹង ព្រលឹង​មនុស្ស​គ្រប់គ្នា​យ៉ាងខ្លាំង​ដូច្នេះ​នោះទេ ។ … គោលលទ្ធិ​នៃ​ព្រះគ្រីស្ទ​ដ៏​បរិសុទ្ធ គឺ​មាន​អានុភាព​ណាស់ ។ វា​ផ្លាស់ប្តូរ​ជីវិត​មនុស្ស​គ្រប់គ្នា​ដែល​យល់​ពី​គោលលទ្ធិ​នេះ ហើយ​ស្វែងរក​ដើម្បី​អនុវត្ត​តាម​គោលលទ្ធិ​នេះ​នៅក្នុង​ជីវិត​របស់​ពួកគេ » ។២៣

សូម​ឲ្យ​យើង​ទាំងអស់​គ្នា​អាច​អនុវត្ត​នូវ​គោលលទ្ធិ​ដ៏​ពិសិដ្ឋ​នោះ ក្នុង​ជីវិត​រស់នៅ​របស់​យើង ខ្ញុំ​អធិស្ឋាន នៅ​ក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ៕