លក្ខខណ្ឌសម្រាប់វិវរណៈផ្ទាល់ខ្លួន
យើងចាំបាច់ត្រូវយល់អំពីលក្ខខណ្ឌដែលព្រះវិញ្ញាណបរិសុទ្ធធ្វើកិច្ចការ ។ នៅពេលយើងធ្វើការតាមលក្ខខណ្ឌនោះព្រះវិញ្ញាណបរិសុទ្ធអាចប្រទានការយល់ដឹង ដ៏គួរឲ្យភ្ញាក់ផ្អើល ។
ជាច្រើនឆ្នាំមកនេះ បងប្អូនជាច្រើន ក៏ដូចជា ខ្ញុំដែរបានទទួលឥទ្ធិពលយ៉ាងខ្លាំងមកពីអែលឌើរ ឌៀថើរ អេហ្វ អុជដូហ្វ ។ ចំណុចនោះពន្យល់ខ្លះៗអំពីអ្វីដែលខ្ញុំនឹងនិយាយ ។១ ដូច្នេះ សូមអធ្យាស្រ័យលោកផង …
អាកាសយានិកដែលមានការបំពាក់បំប៉ន់យ៉ាងល្អ បើកក្នុងកម្រិតសមត្ថភាពរបស់យន្តហោះ និងធ្វើតាមការណែនាំរបស់អ្នកត្រួតពិនិត្យចរាចរណ៍ផ្លូវអាកាស ស្ដីពីការប្រើប្រាស់ផ្លូវចុះចត និងហោះហើរ ។ និយាយឲ្យសាមញ្ញទៅ អាកាសយានិកបើកយន្តហោះក្នុងដែនមួយ ។ មិនថាពួកគេឈ្លាសវៃ ឬមានទេពកោសល្យ ប៉ុណ្ណាទេ ទាល់តែអាកាសយានិកហោះហើរក្នុងដែននេះប៉ុណ្ណោះ ទើបគាត់អាចប្រើសក្ដានុពលដ៏ខ្លាំងរបស់យន្តហោះ ដើម្បីសម្រេចបាននូវគោលបំណងដ៏អស្ចារ្យរបស់វា ។
យើងអាចទទួលបានវិវរណៈផ្ទាល់ខ្លួននៅក្នុងលក្ខខណ្ឌស្រដៀងគ្នានេះ ។ បន្ទាប់ពីពិធីបុណ្យជ្រមុជទឹក យើងទទួលអំណោយទានដ៏មហិមាពិតមួយ គឺជាអំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធ ។២ នៅពេលយើងព្យាយាមបន្តនៅលើផ្លូវនៃសេចក្ដីសញ្ញា៣ នោះ« ព្រះវិញ្ញាណបរិសុទ្ធ … [ នឹង ] បង្ហាញដល់ [ យើង ] នូវគ្រប់អ្វីទាំងអស់ [ ដែលយើង ] ត្រូវធ្វើ » ។៤ នៅពេលយើងមិនច្បាស់ ឬព្រួយបារម្ភ យើងអាចសូមជំនួយពីព្រះ ។៥ សេចក្ដីសន្យារបស់ព្រះអង្គសង្គ្រោះគឺច្បាស់លាស់ណាស់ ៖ « ចូរសូម នោះតែងនឹងឲ្យមកអ្នក … ដ្បិតអស់អ្នកណាដែលសូម នោះរមែងបាន » ។៦ ដោយមានជំនួយពីព្រះវិញ្ញាណបរិសុទ្ធ យើងអាចផ្លាស់ប្ដូរនិស្ស័យដ៏ទេវភាពរបស់យើង ទៅជាជោគវាសនាដ៏អស់កល្បជានិច្ច ។៧
សេចក្ដីសន្យានៃវិវរណៈផ្ទាល់ខ្លួនតាមរយៈព្រះវិញ្ញាណបរិសុទ្ធ គឺជាការបំផុសគំនិតដ៏អស្ចារ្យ ដូចជាយន្តហោះកំពុងហោះហើរ ។ ហើយដូចជាអាកាសយានិកដែរ យើងត្រូវយល់ពីលក្ខខណ្ឌដែលព្រះវិញ្ញាណបរិសុទ្ធធ្វើការ ដើម្បីប្រទានវិវរណៈផ្ទាល់ខ្លួន ។ នៅពេលយើងប្រតិបត្តិតាមលក្ខខណ្ឌនោះ ព្រះវិញ្ញាណបរិសុទ្ធអាចប្រទានការយល់ដឹង ដឹកនាំ និងការលួងលោមចិត្តដ៏គួរឲ្យភ្ញាក់ផ្អើល ។ មិនថាយើងឈ្លាសវៃ ឬប៉ិនប្រសប់ប៉ុណ្ណាទេ បើនៅក្រៅលក្ខខណ្ឌនេះ យើងអាចត្រូវគេបោកបញ្ឆោត ធ្វើឲ្យឈឺចាប់ និងខូចខាត ។
ព្រះគម្ពីរគឺធាតុទីមួយនៃលក្ខខណ្ឌសម្រាប់វិវរណៈផ្ទាល់ខ្លួននេះ ។៨ ការទទួលទានព្រះបន្ទូលទាំងឡាយនៃព្រះគ្រីស្ទ ដែលមាននៅក្នុងព្រះគម្ពីរ បង្កើនវិវរណៈផ្ទាល់ខ្លួន ។ អែលឌើរ រ៉ូបឺត ឌី ហែល មានប្រសាសន៍ថា ៖ « នៅពេលយើងចង់និយាយទៅកាន់ព្រះ នោះយើងអធិស្ឋាន ។ ហើយនៅពេលយើងចង់ឲ្យទ្រង់មានបន្ទូលមកកាន់យើង នោះយើងស្រាវជ្រាវព្រះគម្ពីរទាំងឡាយ » ។៩
ព្រះគម្ពីរក៏បង្រៀនយើងផងដែរ អំពីរបៀបដើម្បីទទួលវិវរណៈ ផ្ទាល់ខ្លួន ។១០ យើងទូលសូមនូវអ្វីដែលត្រឹមត្រូវល្អ១១ហើយមិនសូមអ្វីដែលផ្ទុយពីព្រះរាជបំណងរបស់ព្រះឡើយ ។១២ យើងមិនសូម « សេចក្ដីសំណូមបែបអាក្រក់ » ដោយចេតនាមិនសមរម្យ ស្នើសូមអ្វីដែលជាប្រយោជន៍ផ្ទាល់ខ្លួន ឬដើម្បីបំពេញតាមភាពរីករាយផ្ទាល់ខ្លួនយើងនោះទេ ។១៣ សំខាន់ជាងគេនោះគឺ យើងត្រូវទូលសូមព្រះវរបិតាសួគ៌នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ ១៤ ដោយជឿថា យើងនឹងបានទទួល ។១៥
ធាតុទីពីរនៃលក្ខខណ្ឌនេះគឺថា យើងទទួលវិវរណៈផ្ទាល់ខ្លួនក្នុងដែនរបស់យើងតែប៉ុណ្ណោះ ពុំមែនក្នុងរង្វង់ឯកសិទ្ធិរបស់អ្នកដទៃឡើយ ។ និយាយម៉្យាងទៀតថា យើងចុះចតតែនៅលើផ្លូវដែលចាត់ឲ្យយើងប៉ុណ្ណោះ ។ សារៈសំខាន់នៃផ្លូវដែលបានកំណត់យ៉ាងល្អ គឺបានរៀនតាំងពីដើមដំបូងក្នុងប្រវត្តិនៃការស្ដារឡើងវិញ ។ ហៃរាំ ភេជ ជាសាក្សីម្នាក់ក្នុងចំណោមសាក្សីទាំងប្រាំបីនាក់នៃព្រះគម្ពីរមរមនបានប្រកាសថា លោកទទួលវិវវណៈសម្រាប់សាសនាចក្រទាំងមូល ។ សមាជិកសាសនាចក្រមួយចំនួនត្រូវបានបំភាន់ និងទទួលរងឥទ្ធិពលខុសឆ្គង ។
ព្រះអម្ចាស់បានតបដោយការបើកសម្ដែងថា « គ្មាននរណាម្នាក់ត្រូវបានតែងតាំងឡើង ដើម្បីទទួលបញ្ញត្តិទាំងឡាយ និងវិវរណៈទាំងឡាយ នៅក្នុងសាសនាចក្រនេះឡើយ លើកលែងតែ យ៉ូសែប ស្មីធ ជុញ្ញ័រ ជាអ្នកបម្រើរបស់យើងប៉ុណ្ណោះ…លុះត្រាយើងនឹងតាំង … អ្នកណាមួយជំនួសលោក » ។១៦ គោលលទ្ធិ បទបញ្ញត្តិ និងវិវរណៈសម្រាប់សាសនាចក្រគឺជាឯកសិទ្ធិរបស់ព្យាការីដែលនៅរស់ ដែលទទួលគោលលទ្ធិ បទបញ្ញត្តិ និងវិវរណៈពីព្រះអម្ចាស់ ព្រះយេស៊ូវគ្រីស្ទ ។១៧ នោះគឺជាការទទួលខុសត្រូវរបស់ព្យាការី ។
ជាច្រើនឆ្នាំកន្លងទៅ ខ្ញុំបានទទួលទូរសព្ទពីបុគ្គលម្នាក់ដែលត្រូវបានចាប់ខ្លួនពីបទចូលតំបន់ហាមឃាត់ ។ គាត់បានប្រាប់ខ្ញុំថា គាត់ទទួលបានការបើកសម្ដែងថា ព្រះគម្ពីរបន្ថែមត្រូវបានកប់នៅក្រោមជាន់ផ្ទាល់ដីក្នុងអគារដែលគាត់បានព្យាយាមចូល ។ គាត់បានអះអាងថា ពេលគាត់ទទួលបានព្រះគម្ពីរបន្ថែម នោះគាត់ដឹងថា គាត់នឹងទទួលអំណោយទាននៃការបកប្រែ នាំមកនូវព្រះគម្ពីរថ្មី ហើយរៀបចំគោលលទ្ធិ និងដឹកនាំសាសនាចក្រ ។ ខ្ញុំបានប្រាប់គាត់ថា គាត់យល់ច្រឡំហើយ គាត់បានអង្វរខ្ញុំឲ្យអធិស្ឋានអំពីរឿងនេះ ។ ខ្ញុំបានប្រាប់គាត់ថា ខ្ញុំនឹងមិនអធិស្ឋានអំពីរឿងនោះឡើយ ។ គាត់បានចាប់ផ្ដើមជេរប្រមាថ ហើយបិទទូរសព្ទ ។១៨
ខ្ញុំមិនត្រូវការអធិស្ឋានអំពីសំណើនេះទេដោយសារហេតុផលដ៏សាមញ្ញ ប៉ុន្តែច្បាស់មួយ ៖ មានតែព្យាការីប៉ុណ្ណោះដែលទទួលវិវរណៈ សម្រាប់សាសនាចក្រ ។ វានឹង « ផ្ទុយពីកិច្ចការរបស់ព្រះ »១៩ សម្រាប់មនុស្សដទៃដើម្បីទទួលវិវរណៈបែបនេះ ដែលវាជាកម្មសិទ្ធិរបស់ព្យាការី ។
វិវរណៈផ្ទាល់ខ្លួន ជាកម្មសិទ្ធិរបស់បុគ្គលម្នាក់ៗ ។ ឧទាហរណ៍ ៖ បងប្អូនអាចទទួលវិវរណៈអំពីកន្លែងដែលត្រូវរស់នៅ អាជីពការងារដែលត្រូវធ្វើ ឬបុគ្គលដែលត្រូវរៀបការ ។២០ ថ្នាក់ដឹកនាំសាសនាចក្រអាចបង្រៀនគោលលទ្ធិ និងចែកចាយការប្រឹក្សាដ៏បំផុសគំនិត ប៉ុន្ដែការសម្រចចិត្តជាទំនួលខុសត្រូវរបស់បងប្អូន ។ នោះគឺជាវិវរណៈរបស់បងប្អូនដើម្បីទទួលបាន នោះគឺជាកម្មសិទ្ធរបស់បងប្អូន ។
ធាតុទីបីនៃលក្ខខណ្ឌនេះគឺថា វិវរណៈផ្ទាល់ខ្លួននឹងស្របជាមួយបទបញ្ញត្តិនៃព្រះ និងសេចក្ដីសញ្ញា ដែលយើងបានធ្វើជាមួយនឹងទ្រង់ ។ សូមពិចារណាអំពីការអធិស្ឋានមួយដូចនេះ ៖ « ព្រះវរបិតាសួគ៌អើយ ការប្រជុំនៅព្រះវិហារគួរឲ្យធុញណាស់ ។ តើទូលបង្គំអាចថ្វាយបង្គំទ្រង់នៅថ្ងៃឈប់សម្រាកនៅលើភ្នំ ឬនៅសមុទ្របានឬដែរទេ ? តើទូលបង្គំអាចបដិសេធមិនទៅព្រះវិហារ និងមិនទទួលទានសាក្រាម៉ង់ ប៉ុន្តែនៅតែមានពរជ័យដែលបានសន្យាក្នុងការរក្សាថ្ងៃឈប់សម្រាកឲ្យបានបរិសុទ្ធបានដែរឬទេ ? »២១ ការឆ្លើយតបចំពោះការអធិស្ឋានបែបនេះ យើងអាចដឹងមុននូវចម្លើយរបស់ព្រះគឺថា ៖ « បុត្ររបស់យើងអើយ យើងបានបើកសម្ដែងរួចហើយទាក់ទងនឹងថ្ងៃឈប់សម្រាកនេះ » ។
នៅពេលយើងទូលសូមវិវរណៈណាមួយដែលព្រះបានប្រទានការណែនាំច្បាស់លាស់រួចហើយ នោះយើងនាំឲ្យមានការបកស្រាយអារម្មណ៍និងការស្ដាប់ឮអ្វីដែលយើងចង់ឮដោយខុសឆ្គង ។ បុរសម្នាក់បានប្រាប់ខ្ញុំអំពីភាពលំបាករបស់គាត់ដើម្បីជួយឲ្យស្ថានភាពគ្រួសារមានស្ថេរភាព ។ នោះគាត់មានដំណោះស្រាយដោយគំនិតក្លែងបន្លំមូលនិធិ រួចគាត់បានអធិស្ឋានអំពីរឿងនោះ ហើយបានមានអារម្មណ៍ថា គាត់បានទទួលវិវរណៈដែលបានបញ្ជាក់ឲ្យធ្វើរឿងបែបនោះ ។ ខ្ញុំបានដឹងថា គាត់ត្រូវបានបំភាន់ ពីព្រោះគាត់បានស្វែងរកវិវរណៈដែលផ្ទុយនឹងបទបញ្ញត្តិរបស់ព្រះ ។ ព្យាការី យ៉ូសែប ស្មីធ បានព្រមានថា « គ្មានរបួសណាធ្ងន់ធ្ងរសម្រាប់កូនចៅមនុស្ស ជាងការស្ថិតនៅក្រោមឥទ្ធិពលនៃវិញ្ញាណក្លែងក្លាយ នៅពេលពួកគេគិតថា ពួកគេមានព្រះវិញ្ញាណនៃព្រះឡើយ ។២២
បុគ្គលមួយចំនួនអាចលើកឡើងថា នីហ្វៃបានធ្វើខុសបញ្ញត្តិរបស់ព្រះពេលលោកសម្លាប់ឡាបាន់ ។ ផ្ទុយទៅវិញ ករណីលើកលែងនេះមិនប៉ះពាល់នឹងច្បាប់ទេ—ច្បាប់ដែលថាវិវរណៈផ្ទាល់ខ្លួនគឺស្របនឹងបទបញ្ញត្តិរបស់ព្រះ ។ គ្មានការពន្យល់ដោយសាមញ្ញអំពីរឿងនេះដែលទទួលបានភាពស្កប់ចិត្តទាំងស្រុងនោះទេ ប៉ុន្តែសូមអនុញ្ញាតិឲ្យខ្ញុំគូសបញ្ជាក់ការពិតមួយចំនួន ។ ហេតុការណ៍នោះមិនបានចាប់ផ្ដើមដោយនីហ្វៃសួរថា តើលោកអាចសម្លាប់ឡាបាន់បានឬអត់នោះទេ ។ វាមិនមែនជាអ្វីដែលលោកចង់ធ្វើឡើយ ។ ការសម្លាប់ឡាបាន់ ពុំមែនធ្វើដើម្បីប្រយោជន៍ផ្ទាល់ខ្លួនរបស់នីហ្វៃនោះទេ ប៉ុន្តែដើម្បីផ្ដល់នូវព្រះគម្ពីរដល់ជាតិសាសន៍នៅថ្ងៃអនាគត និងរាស្រ្តនៃសេចក្ដីសញ្ញា ។ ហើយនីហ្វៃដឹងច្បាស់ណាស់ថា វាគឺជាវិវរណៈ—ប្រាកដណាស់ ក្នុងករណីនេះ វាគឺជាបញ្ញត្តិមកពីព្រះ ។២៣
ធាតុទីបួននៃលក្ខខណ្ឌនេះគឺ ទទួលស្គាល់អ្វីដែលព្រះបានបើកសម្ដែងដល់បងប្អូនដោយផ្ទាល់រួចហើយ ខណៈដែលបងប្អូនបើកដួងចិត្តដើម្បីទទួលយកវិវរណៈបន្ថែមទៀតពីទ្រង់ ។ បើព្រះបានឆ្លើយតបនឹងសំណួរមួយ ហើយស្ថានភាពនៅតែដដែល ហេតុអ្វីយើងរំពឹងចង់បានចម្លើយផ្សេង ? យ៉ូសែប ស៊្មីធ បានជំពប់ដួលនៅក្នុងបញ្ហានេះនៅក្នុងឆ្នាំ ១៨២៨ ។ ផ្នែកដំបូងនៃព្រះគម្ពីរមរមនត្រូវបានបកប្រែ នៅពេល ម៉ាទិន ហារីស ដែលជាអ្នកឧបត្ថម្ភប្រាក់ និងជាស្មៀនដំបូងរបស់ គាត់ បានសុំការអនុញ្ញាតពីយ៉ូសែប ដើម្បីយកទំព័រនានាដែលបានបកប្រែហើយនោះទៅបង្ហាញភរិយារបស់គាត់ ។ ដោយមិនប្រាកដថាត្រូវធ្វើអ្វី យ៉ូសែបបានអធិស្ឋាន ទូលសូមការដឹកនាំ ។ ព្រះអម្ចាស់បានប្រាប់លោកថាមិនត្រូវឲ្យម៉ាទិនយកទំព័រទាំងនោះទៅឡើយ ។
ម៉ាទិនបានសុំឲ្យយ៉ូសែប ទូលសួរព្រះម្ដងទៀត ។ យ៉ូសែបបានទូលសួរព្រះទៀត ហើយគ្មានអ្វីគួរឲ្យភ្ញាក់ផ្អើលទេ ចម្លើយគឺនៅដដែល ។ ប៉ុន្តែ ម៉ាទិនបានអង្វរយ៉ូសែប ឲ្យទូលសួរព្រះជាលើកទីបី ហើយយ៉ូសែបក៏ទូលសួរ ។ ម្ដងនេះ ព្រះពុំមានបន្ទូល « បដិសេធ » ទេ ។ ផ្ទុយទៅវិញ ព្រះបានមានបន្ទូលថា « យ៉ូសែប បុត្រដឹងហើយថាយើងមានព្រះទ័យយ៉ាងណាអំពីរឿងនេះ ប៉ុន្តែបុត្រមានសិទ្ធិសេរីភាពក្នុងការជ្រើសរើស » ។ ដោយបានធូរស្បើយពីអារម្មណ៍តានតឹង យ៉ូសែបបានសម្រេចចិត្តឲ្យម៉ាទិនយកច្បាប់ដែលសរសេរដោយដៃចំនួន ១១៦ ទំព័រនោះ ទៅបង្ហាញដល់សមាជិកគ្រួសារមួយចំនួនរបស់គាត់ ។ ទំព័រដែលបានបកប្រែរួចហើយទាំងនោះបានបាត់ ពុំអាចយកបានមកវិញឡើយ ។ ព្រះអម្ចាស់បានស្ដីបន្ទោសដល់យ៉ូសែបយ៉ាងខ្លាំង ។២៤
យ៉ូសែបបានរៀនដូចយ៉ាកុបដែលជាព្យាការីក្នុងព្រះគម្ពីរមរមនបានបង្រៀនថា ៖« ចូរកុំចង់ទូន្មានដល់ព្រះអម្ចាស់ឡើយ តែចូរទទួលដំបូន្មានពីព្រះហស្តរបស់ទ្រង់វិញ » ។ ត្បិត…ទ្រង់ទូន្មានក្នុងប្រាជ្ញា » ។២៥ យ៉ាកុបបានដាស់តឿនថា រឿងអកុសលកើតឡើងពេលយើងទូលសូមអ្វីដែលយើងមិនគួរសូម ។ លោកបានព្យាករថា ប្រជាជននៅយេរូសាឡិមនឹងស្វែងរក « រឿងទាំងឡាយដែលពួកគេមិន [ អាច ] យល់ » មើល « ហួសទីដៅ » ហើយមើលរំលងព្រះអង្គសង្គ្រោះនៃពិភពលោក ។២៦ ពួកគេបានជំពប់ដួល ពីព្រោះពួកគេបានទូលសូមនូវរឿងដែលពួកគេនឹងមិនយល់ ហើយមិនអាចយល់បាន ។
បើបងប្អូនបានទទួលវិវរណៈផ្ទាល់ខ្លួនដែលត្រូវនឹងករណីរបស់បងប្អូន ហើយ តែស្ថានភាពនៅតែដដែល នោះព្រះបានឆ្លើយតបសំណួររបស់បងប្អូនរួចហើយ ។២៧ ឧទាហរណ៍ ពេលខ្លះយើងសូមដដែលៗនូវការបញ្ជាក់ថាយើងត្រូវបានអភ័យទោស ។ បើយើងបានប្រែចិត្ត ហើយមានពេញដោយអំណរ និងភាពសុខសាន្ដក្នុងមនសិកា និងទទួលបានការផ្ដាច់បាបរបស់យើង នោះយើងពុំចាំបាច់ទូលសូមម្ដងទៀតឡើយ ប៉ុន្តែអាចទុកចិត្តទៅលើចម្លើយដែលព្រះបានប្រទានឲ្យហើយនោះចុះ ។២៨
ទោះបីយើងទុកចិត្តទៅលើចម្លើយដំបូងរបស់ព្រះក្ដី ក៏យើ់ងចាំបាច់ត្រូវបើកចិត្តដើម្បីទទួលវិវរណៈផ្ទាល់ខ្លួនបន្ថែមទៀតផងដែឬ ។ ទីបំផុត គោលដៅជីវិតមួយចំនួននឹងទទួលបានសម្រេចតាមរយៈការបន្ដឆ្ពោះទៅមុខពុំឈប់ឈរ ។ យើងគួរទទួលស្គាល់ថា វិវរណៈផ្ទាល់ខ្លួនអាចទទួលបាន « មួយបន្ទាត់ម្ដងៗ មួយសិក្ខាបទម្ដងៗ »២៩និងទទួលស្គាល់ថា ការណែនាំដែលបានបើកសម្ដែងអាច ហើយជាញឹកញាប់គឺកើនឡើងបន្តិចម្តងៗ ។ ៣០
ធាតុទាំងឡាយនៃលក្ខខណ្ឌសម្រាប់វិវរណៈផ្ទាល់ខ្លួនគឺស្រដៀងគ្នា និងពង្រឹងគ្នាទៅវិញទៅមក ។ ប៉ុន្តែនៅក្នុងលក្ខខណ្ឌនោះ ព្រះវិញ្ញាណបរិសុទ្ធអាច ហើយនឹងបើកសម្ដែងរឿងគ្រប់យ៉ាងដែលយើងចាំបាច់ត្រូវហោះឡើង ហើយរក្សាសន្ទុះនៅលើផ្លូវនៃសេចក្ដីសញ្ញា ។ ដូច្នេះ យើងអាចប្រទានពរតាមរយៈព្រះចេស្ដានៃព្រះយេស៊ូវគ្រីស្ទដើម្បីប្រែក្លាយដូចជាអ្វីដែលព្រះវរបិតាសួគ៌សព្វព្រះទ័យឲ្យយើងប្រែក្លាយ ។ ខ្ញុំសូមអញ្ញើញបងប្អូនឲ្យមានទំនុកចិត្តទទួលយកវិវរណៈផ្ទាល់ខ្លួនសម្រាប់ខ្លួនឯង យល់អ្វីដែលព្រះបានបើកសម្ដែង ស្របនឹងព្រះគម្ពីរ ព្រមទាំងបទបញ្ញត្តិ ដែលព្រះបានប្រទានតាមរយៈព្យាការីដែលបានតែងតាំងរបស់ទ្រង់ ហើយស្ថិតក្នុងរង្វង់សមត្ថកិច្ច និងសិទ្ធិជ្រើសរើសរបស់បងប្អូនផ្ទាល់ ។ ខ្ញុំដឹងថា ព្រះវិញ្ញាណបរិសុទ្ធអាចហើយនឹងបង្ហាញនូវរឿងគ្រប់យ៉ាងដែលបងប្អូនគួរធ្វើ ។ នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ៕