ការជួយដល់ជនក្រីក្រ និងអ្នកមានទុក្ខលំបាក
សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទបានប្តេជ្ញាចិត្តដើម្បី បម្រើដល់អ្នកខ្វះខាត ហើយយើងក៏ប្តេជ្ញាចិត្តដើម្បី សហការជាមួយអ្នកដទៃទៀតក្នុងកិច្ចខិតខំនោះ ។
បងប្អូនប្រុសស្រី ប្រធាន រ័សុល អិម ណិលសុន ជាទីស្រឡាញ់របស់យើងនឹងថ្លែងមកកាន់យើងនៅពេលក្រោយក្នុងសម័យប្រជុំនេះ ។ លោកបានស្នើសុំឲ្យខ្ញុំធ្វើជាអ្នកនិយាយទីមួយ ។
ប្រធានបទរបស់ខ្ញុំនៅថ្ងៃនេះ ទាក់ទងនឹងអ្វីដែលសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ និងសមាជិកបានផ្តល់ឲ្យ និងធ្វើសម្រាប់ជនក្រីក្រ និងអ្នកមានវិបត្តិ ។ ខ្ញុំក៏នឹងនិយាយអំពីការផ្តល់ឲ្យស្រដៀងគ្នានេះរបស់មនុស្សល្អៗផ្សេងទៀតផងដែរ ។ ការផ្តល់ឲ្យដល់ជនខ្វះខាត គឺជាគោលការណ៍មួយនៅក្នុងសាសនាដែលដើរតាមអ័ប្រាហាំ និងនៅក្នុងសាសនាផ្សេងទៀតទាំងអស់ ។
ប៉ុន្មានខែមុននេះ សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ បានរាយការណ៍ជាលើកដំបូងអំពីទំហំនៃកិច្ចការមនុស្សធម៌របស់យើងនៅទូទាំងពិភពលោក ។១ ការចំណាយក្នុង ឆ្នាំ ២០២១ របស់យើងសម្រាប់អ្នកខ្វះខាត នៅក្នុងប្រទេសចំនួន ១៨៨ នៅទូទាំងពិភពលោកមានចំនួន ៩០៦ លានដុល្លារ—គឺជិតមួយពាន់លានដុល្លារ ។ លើសពីនេះទៀត សមាជិករបស់យើងបានស្ម័គ្រចិត្តធ្វើការជាង ៦ លានម៉ោងក្នុងបុព្វហេតុដូចគ្នានេះ ។
ប្រាកដណាស់ តួលេខទាំងនោះគឺជារបាយការណ៍មិនទាន់រៀបរាប់អស់អំពីការផ្តល់ឲ្យ និងការជួយរបស់យើងនោះទេ ។ របាយការណ៍នោះមិនរួមមានការបម្រើផ្ទាល់ខ្លួន ដែលសមាជិករបស់យើងធ្វើរៀងៗខ្លួន នៅពេលពួកគេធ្វើការងារបម្រើគ្នាទៅវិញទៅមក នៅក្នុងមុខងារដែលបានហៅ និងការបម្រើដោយស្ម័គ្រចិត្តរវាងសមាជិក និងសមាជិកនោះទេ ។ ហើយរបាយការណ៍ឆ្នាំ ២០២១ របស់យើងមិនបានលើកឡើង ពីអ្វីដែលសមាជិករបស់យើងធ្វើផ្ទាល់ តាមរយៈអង្គការសប្បុរសធម៌រាប់មិនអស់ ដែលគ្មានទំនាក់ទំនងជាផ្លូវការជាមួយសាសនាចក្ររបស់យើងទេ ។ ខ្ញុំសូមចាប់ផ្ដើមជាមួយចំណុចទាំងនេះ ។
នៅឆ្នាំ ១៨៣១ ក្រោយពីសាសនាចក្រដែលបានស្ដារឡើងវិញត្រូវបានរៀបចំហើយមិនដល់ពីរឆ្នាំផង ព្រះអម្ចាស់បានប្រទានវិវរណៈនេះ ដើម្បីណែនាំសមាជិករបស់សាសនាចក្រ ហើយខ្ញុំជឿថា ក៏ជាណែនាំដល់បុត្រាបុត្រីទាំងអស់របស់ទ្រង់នៅទូទាំងពិភពលោកផងដែរ ៖
« មើលចុះ មិនសមឲ្យយើងត្រូវបញ្ជានូវគ្រប់អ្វីៗទាំងអស់ទេ ដ្បិតអ្នកណាដែលត្រូវគេបង្ខំនូវគ្រប់អ្វីៗទាំងអស់ អ្នកនោះមានឈ្មោះថាជាបាវខ្ជិលច្រអូស ហើយមិនមានប្រាជ្ញាទៅវិញ ។….
យើងប្រាប់ជាប្រាកដថា មនុស្សលោកត្រូវឧស្សាហ៍ចូលរួមក្នុងប្រយោជន៍ល្អ ហើយប្រព្រឹត្តអ្វីៗជាច្រើនតាមបំណងចិត្តរបស់ខ្លួន ហើយនាំមកនូវសេចក្ដីសុចរិតដ៏ច្រើន
ដ្បិតអំណាចគឺមាននៅក្នុងខ្លួនគេ ម៉្លោះហើយ ពួកគេជាភ្នាក់ងារចំពោះខ្លួនគេផ្ទាល់ ។ ហើយដរាបណាមនុស្សលោកប្រព្រឹត្តអំពើល្អ នោះពួកគេនឹងពុំត្រូវបាត់បង់រង្វាន់របស់ខ្លួនឡើយ » ។២
ក្នុងរយៈពេលជាង ៣៨ ឆ្នាំក្នុងនាមជាសាវកមួយរូប និងក្នុងរយៈពេលជាង ៣០ ឆ្នាំនៃការងារប្រកបដោយវិជ្ជាជីវៈ នោះខ្ញុំបានឃើញកិច្ចខិតខំដ៏សប្បុរសជាច្រើនពីអង្គការ និងមនុស្សនានា ដែលវិវរណៈនេះពិពណ៌នាថា ជា « ប្រយោជន៍ល្អ » ហើយ « [ នាំមក ] នូវសេចក្ដីសុចរិតដ៏ច្រើន » ។ មានគំរូរាប់មិនអស់អំពីការបម្រើផ្នែកមនុស្សធម៌បែបនេះនៅទូទាំងពិភពលោក ហួសពីព្រំដែនរបស់យើងផ្ទាល់ និងហួសពីចំណេះដឹងទូទៅរបស់យើង ។ ដោយពិចារណាអំពីរឿងនេះ ខ្ញុំគិតអំពីព្យាការីក្នុងព្រះគម្ពីរមរមន-គឺស្តេចបេនយ៉ាមីន ដែលសុន្ទរកថារបស់ទ្រង់រួមមានសេចក្ដីពិតដ៏អស់កល្បជានិច្ចនេះ ៖ « កាលណាអ្នករាល់គ្នានៅក្នុងការបម្រើដល់មនុស្សទូទៅ នោះអ្នករាល់គ្នាគ្រាន់តែនៅក្នុងការបម្រើដល់ព្រះរបស់អ្នកតែប៉ុណ្ណោះ » ។៣
ការបម្រើផ្នែកសុខុមាលភាព និងមនុស្សធម៌ជាច្រើន ដល់មនុស្សទូទៅរបស់យើង ត្រូវបានបង្រៀន និងអនុវត្តដោយសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ និងដោយយើងជាសមាជិករបស់សាសនាចក្រនេះ ។ ឧទាហរណ៍ ៖ យើងតមអាហារនៅដើមខែនីមួយៗ ហើយបរិច្ចាគប្រាក់ដែលយ៉ាងហោចណាស់ស្មើនឹងតម្លៃអាហារដែលមិនបានបរិភោគនោះ ជួយអ្នកខ្វះខាតនៅក្នុងក្រុមជំនុំរបស់យើងផ្ទាល់ ។ សាសនាចក្រក៏បានរួមចំណែកយ៉ាងច្រើនក្រាស់ក្រែល ដល់ការបម្រើផ្នែកមនុស្សធម៌ និងការបម្រើផ្សេងៗទៀត នៅទូទាំងពិភពលោកផងដែរ ។
ទោះបីអ្វីៗទាំងអស់ដែលសាសនាចក្ររបស់យើងធ្វើដោយផ្ទាល់ក្តី ក៏ការបម្រើផ្នែកមនុស្សធម៌ភាគច្រើន ទៅកាន់បុត្រាបុត្រីរបស់ព្រះនៅទូទាំងពិភពលោក ត្រូវបានធ្វើឡើងដោយមនុស្ស និងអង្គការនានា ដែលគ្មានទំនាក់ទំនងជាផ្លូវការជាមួយសាសនាចក្ររបស់យើងនោះទេ ។ ដូចសាវកម្នាក់បានសង្កេត ៖ « ព្រះកំពុងប្រើមនុស្សជាច្រើនដើម្បីសម្រេចនូវកិច្ចការដ៏ធំ ហើយអស្ចារ្យរបស់ទ្រង់ ។ … វាមានភាពធំ ហើយអស្ចារ្យពន់ពេកសម្រាប់មនុស្សមួយក្រុម » ។៤ ក្នុងនាមជាសមាជិកសាសនាចក្រដែលបានស្ដារឡើងវិញ យើងត្រូវតែទទួលស្គាល់បន្ថែមទៀត និងមានអំណរគុណចំពោះការបម្រើរបស់អ្នកដទៃ ។
សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទបានប្តេជ្ញាចិត្តដើម្បី បម្រើ ដល់អ្នកខ្វះខាត ហើយយើងក៏ប្តេជ្ញាចិត្តដើម្បី សហការ ជាមួយអ្នកដទៃទៀតក្នុងកិច្ចខិតខំនោះដែរ ។ ថ្មីៗនេះយើងបានធ្វើអំណោយដ៏ធំមួយជូនដល់កម្មវិធីស្បៀងអាហារពិភពលោករបស់អង្គការសហប្រជាជាតិ ។ អស់ជាច្រើនទសវត្សរ៍នៃការងារមនុស្សធម៌របស់យើង មានអង្គការពីរដែលលេចធ្លោសម្រាប់ការសហការដ៏សំខាន់នោះគឺ ៖ចូលរួមគម្រោងនានាជាមួយភ្នាក់ងារកាកបាទក្រហម និងអឌ្ឍចន្ទក្រហមនៅក្នុងប្រទេសជាច្រើន បានផ្តល់ជំនួយដ៏ចាំបាច់ដល់បុត្រាបុត្រីរបស់ព្រះ ក្នុងអំឡុងពេលគ្រោះមហន្តរាយធម្មជាតិ និងជម្លោះនានា ។ ដូចគ្នានេះដែរ យើងមានកំណត់ត្រាជំនួយដ៏វែងមួយជាមួយនឹង Catholic Relief Services ។ អង្គការទាំងនេះបានបង្រៀនយើងច្រើនអំពីការសង្គ្រោះជាកម្រិតថ្នាក់ពិភពលោក ។
យើងក៏ធ្លាប់មានការសហការគ្នាប្រកបដោយផ្លែផ្កាជាមួយអង្គការផ្សេងៗទៀត រួមមាន អង្គការជំនួយមូស្លីម អង្គការ Water for People និង IsraAID នេះគ្រាន់តែឈ្មោះមួយចំនួនប៉ុណ្ណោះ ។ ដោយសារអង្គការមនុស្សធម៌នីមួយៗ មានផ្នែកជាក់លាក់ផ្ទាល់ខ្លួនដែលត្រូវធ្វើ នោះយើងគ្រាន់តែចូលរួមចំណែកក្នុងគោលដៅរួមទាំងនោះ ដើម្បីជួយសង្គ្រោះការរងទុក្ខក្នុងចំណោមបុត្រាបុត្រីរបស់ព្រះ ។ ទាំងអស់នេះគឺជាផ្នែកមួយនៃកិច្ចការរបស់ព្រះសម្រាប់បុត្រាបុត្រីរបស់ទ្រង់ ។
វិវរណៈសម័យទំនើបបង្រៀនថា ព្រះអង្គសង្គ្រោះរបស់យើងព្រះយេស៊ូវគ្រីស្ទគឺជា « ពន្លឺពិត ដែលបំភ្លឺដល់មនុស្សទាំងអស់ ដែលកើតមកក្នុងលោកិយ » ។៥ ដោយកិច្ចការនេះ បុត្រាបុត្រីទាំងអស់របស់ព្រះ ត្រូវបានបំផុសគំនិតឲ្យបម្រើទ្រង់ និងបម្រើគ្នាទៅវិញទៅមក អស់ពីចំណេះដឹង និងសមត្ថភាពដ៏ល្អបំផុតរបស់ពួកគេ ។
ព្រះគម្ពីរមរមនបង្រៀនថា « អ្វីក៏ដោយដែលអញ្ជើញ ហើយញុះញង់ឲ្យធ្វើល្អ ហើយឲ្យស្រឡាញ់ព្រះ ហើយឲ្យបម្រើទ្រង់ គឺផុសគំនិតមកពីព្រះ » ។៦
ដោយបន្ត ៖
« ដ្បិតមើលចុះ ព្រះវិញ្ញាណនៃព្រះគ្រីស្ទត្រូវបានប្រទានដល់មនុស្សគ្រប់រូប ដើម្បីឲ្យគេអាចដឹងខុស និងត្រូវ ហេតុដូច្នោះហើយ ខ្ញុំបង្ហាញដល់អ្នកនូវវិធីវិនិច្ឆ័យ ដ្បិតគ្រប់ទាំងអ្វីៗដែលអញ្ជើញឲ្យធ្វើល្អ ហើយដែលបញ្ចុះបញ្ចូលឲ្យជឿដល់ព្រះគ្រីស្ទ នោះគឺបានចាត់មកពីព្រះចេស្តា និងអំណោយទាននៃព្រះគ្រីស្ទ …
ហើយឥឡូវនេះ ឱបងប្អូនរបស់ខ្ញុំអើយ … អ្នករាល់គ្នាស្គាល់នូវពន្លឺដែលអ្នករាល់គ្នាអាចយកទៅវិនិច្ឆ័យ ឯពន្លឺនោះគឺជាពន្លឺនៃព្រះគ្រីស្ទ » ។៧
នេះជាឧទាហរណ៍មួយចំនួនអំពីបុត្រាបុត្រីរបស់ព្រះ ជួយដល់បុត្រាបុត្រីដទៃទៀតរបស់ព្រះ ជាមួយនឹងតម្រូវការសំខាន់របស់ពួកគេសម្រាប់ អាហារ ការថែទាំសុខភាព និងការបង្រៀន ។
កាលពី ១០ ឆ្នាំមុន គ្រួសារ ខាន់ដារី ជាស្វាមីភរិយាកាន់សាសនាស៊ីក នៅក្នុងប្រទេសអារ៉ាប់រួម បានផ្តួចផ្តើមកិច្ចខិតខំដ៏អស្ចារ្យមួយ ដើម្បីផ្តល់អាហារដល់ជនស្រេកឃ្លាន ។ តាមរយៈវិហារ Guru Nanak Darbar Sikh នោះថ្មីៗនេះពួកគេផ្តល់អាហារបួសជាង ៣០.០០០ ចានជារៀងរាល់ចុងសប្តាហ៍ ដល់អស់អ្នកដែលឈានជើងចូលក្នុងវិហាររបស់ពួកគេ មិនថាពួកគេកាន់សាសនាអ្វី ឬមានជាតិសាសន៍អ្វីនោះទេ ។ បណ្ឌិត ខាន់ដារី ពន្យល់ថា « យើងជឿថា មនុស្សទាំងអស់គ្នាគឺតែមួយ គឺយើងជាបុត្រាបុត្រីរបស់ព្រះមួយអង្គ ហើយយើងនៅទីនេះដើម្បីបម្រើមនុស្សជាតិ » ។៨
ការផ្តល់ការថែទាំផ្នែកវេជ្ជសាស្ត្រ និងទន្តសាស្ត្រដល់អ្នកខ្វះខាត គឺជាឧទាហរណ៍មួយទៀត ។ នៅទីក្រុង ឈីកាហ្គោ ខ្ញុំបានជួបវេជ្ជបណ្ឌិតឈ្មោះ ហ្សាហឺ សាឡូល សញ្ជាតិ ស៊ីរី-អាមេរិក ជាវេជ្ជបណ្ឌិតផ្នែកសង្គ្រោះបន្ទាន់ ។ លោកជាស្ថាបនិកម្នាក់របស់អង្គការ MedGlobal ដែលរៀបចំអ្នកជំនាញផ្នែកវេជ្ជសាស្ត្រ ដែលស្ម័គ្រចិត្តចំណាយពេលវេលា ជំនាញ ចំណេះដឹង និងភាពជាអ្នកដឹកនាំរបស់ពួកគេ ដើម្បីជួយអ្នកដទៃពេលមានវិបត្តិនានា ដូចជា សង្គ្រាមនៅស៊ីរី ជាទីដែលវេជ្ជបណ្ឌិត សាឡូល បានប្រថុយជីវិតខ្លួន ក្នុងការផ្តល់ការថែទាំសុខភាពដល់ជនស៊ីវិល ។ អង្គការ MedGlobal និងអង្គការនានាស្រដៀងគ្នានេះ ( រួមមាន ពួកអ្នកជំនាញដែលជាពួកបរិសុទ្ធថ្ងៃចុងក្រោយជាច្រើននាក់ ) បង្ហាញថា ព្រះកំពុងជំរុញចិត្តឲ្យអ្នកជំនាញដែលមានជំនឿសាសនា ផ្តល់ការជួយសង្គ្រោះដល់ជនក្រីក្រដែលត្រូវការជំនួយ នៅទូទាំងពិភពលោក ។៩
បុត្រាបុត្រីជាច្រើនរបស់ព្រះដែលមិនអាត្មានិយម កំពុងចូលរួមក្នុងកិច្ចខិតខំបង្រៀននៅទូទាំងពិភពលោកផងដែរ ។ ឧទាហរណ៍ដ៏ល្អមួយ ដែលយើងស្គាល់តាមរយៈកិច្ចខិតខំផ្នែកមនុស្សធម៌របស់យើង គឺទង្វើរបស់បុរសម្នាក់ដែលមានឈ្មោះថា លោក ហ្គាព្រីយ៉ែល ដែលធ្លាប់ជាជនភៀសខ្លួនពីសង្គ្រាមផ្សេងៗ នៅក្នុងឱកាសជាច្រើន ។ ថ្មីៗនេះ លោកបានសង្កេតឃើញថា កុមារដែលជាជនភៀសខ្លួនរាប់រយពាន់នាក់នៅអាហ្វ្រិកខាងកើត ត្រូវការជំនួយដើម្បីបន្តក្តីសង្ឃឹមរបស់ពួកគេឲ្យនៅកើតមាន និងឲ្យគំនិតរបស់ពួកគេនៅសកម្ម ។ លោកបានរៀបចំគ្រូបង្រៀនផ្សេងទៀត នៅក្នុងចំណោមប្រជាជនភៀសខ្លួននោះ ទៅក្នុងអ្វីដែលពួកគេហៅថា « សាលារៀនដើមឈើ » ជាកន្លែងដែលកុមារត្រូវបានប្រមូលផ្តុំគ្នារៀន នៅក្រោមម្លប់ដើមឈើ ។ លោកមិនបានរង់ចាំអ្នកដទៃរៀបចំ ឬដឹកនាំនោះទេ ប៉ុន្តែលោកបានដឹកនាំកិច្ចខិតខំនេះដោយខ្លួនលោកផ្ទាល់ ដែលបានផ្តល់ឱកាសរៀនសូត្រដល់កុមារថ្នាក់បឋមសិក្សារាប់ពាន់នាក់ អំឡុងពេលដ៏តានតឹងជាច្រើនឆ្នាំនៅជំរំជនភៀសខ្លួននោះ ។
ប្រាកដណាស់ ឧទាហរណ៍ទាំងបីនេះមិនមានន័យថា អ្វីៗទាំងអស់ដែលបាននិយាយ ឬធ្វើដោយអង្គការ ឬបុគ្គលទាំងនេះ ជាការធ្វើល្អពិតប្រាកដ ឬមកពីព្រះនោះទេ ។ ឧទាហរណ៍ទាំងនេះពិតជាបង្ហាញថា ព្រះបំផុសគំនិតដល់អង្គការ និងបុគ្គលជាច្រើនឲ្យធ្វើល្អឲ្យបានច្រើន ។ វាក៏បង្ហាញផងដែរថា ពួកយើងបន្ថែមទៀត គួរតែទទួលស្គាល់កិច្ចការល្អ ដែលអ្នកដទៃទៀតធ្វើ ហើយគាំទ្រកិច្ចការនោះ ទៅតាមពេលវេលា និងធនធានដែលយើងមាន ។
នេះគឺជាឧទាហរណ៍មួយចំនួនអំពីការបម្រើដែលសាសនាចក្រគាំទ្រ ហើយដែលសមាជិករបស់យើង និងមនុស្ស ព្រមទាំងអង្គការល្អៗផ្សេងទៀតក៏គាំទ្រផងដែរ ដោយបុគ្គលម្នាក់ៗបានបរិច្ចាគទាំងពេលវេលា និងថវិកា ។
ខ្ញុំសូមចាប់ផ្ដើមជាមួយនឹងសេរីភាពខាងសាសនា ។ នៅក្នុងការគាំទ្រដល់ផ្នែកនោះ យើងផ្តល់ប្រយោជន៍ដល់ខ្លួនយើងផ្ទាល់ ហើយក៏ផ្តល់ប្រយោជន៍ដល់សាសនាផ្សេងៗទៀតផងដែរ ។ ដូចប្រធានទីមួយរបស់យើងគឺ យ៉ូសែប ស្ម៊ីធ បានបង្រៀន « យើងខ្ញុំសូមអះអាងយកសិទ្ធិក្នុងការថ្វាយបង្គំព្រះដ៏មានមហិទ្ធិឫទ្ធិ ស្របតាមការណែនាំនៃសម្បជញ្ញៈរបស់យើងខ្ញុំ ហើយសូមបណ្ដោយឲ្យមនុស្សទាំងអស់មានសិទ្ធិដូចគ្នា ចូរឲ្យគេថ្វាយបង្គំតាមរបៀបណា នៅទីណា ឬអ្វីក៏ដោយដែលគេប្រាថ្នា » ។១០
ឧទាហរណ៍ផ្សេងទៀតអំពីផ្នែកមនុស្សធម៌របស់សាសនាចក្រដែលបានស្តារឡើងវិញ និងជំនួយផ្សេងទៀតដែលត្រូវបានគាំទ្រដោយស្ម័គ្រចិត្តពីសំណាក់សមាជិករបស់យើង គឺមានដូចជា សាលារៀន មហាវិទ្យាល័យ និងសាកលវិទ្យាល័យដ៏ល្បីល្បាញរបស់យើង និងជំនួយដែលមិនសូវមានគេស្គាល់របស់យើង ប៉ុន្តែឥឡូវនេះបានបោះពុម្ពផ្សាយនូវការបរិច្ចាគក្នុងចំនួនទឹកប្រាក់ដ៏ច្រើន សម្រាប់ការជួយសង្គ្រោះដល់អស់អ្នកដែលរងគ្រោះដោយសារការបំផ្លិចបំផ្លាញ និងការបំផ្លាញដោយគ្រោះមហន្តរាយធម្មជាតិ ដូចជាព្យុះសង្ឃរា និងការរញ្ជួយដីជាដើម ។
មានសកម្មភាពសប្បុរសធម៌ផ្សេងទៀតដែលរាប់មិនអស់ ដែលសមាជិកយើងគាំទ្រ តាមរយៈការបរិច្ចាគ និងកិច្ចខិតខំដោយស្ម័គ្រចិត្តរបស់ពួកគេនោះ ប៉ុន្តែការលើកឡើងពីឧទាហរណ៍មួយចំនួននេះ នឹងផ្តល់ជាយោបល់អំពីសេចក្តីសប្បុរសផ្សេងៗ និងសំខាន់ជាច្រើនរបស់ពួកគេ ៖ ក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រកាន់ពូជសាសន៍ និងការរើសអើងផ្សេងទៀត, ការស្រាវជ្រាវស្តីពីរបៀបការពារ និងព្យាបាលជំងឺ, ការជួយជនពិការ, ការគាំទ្រតន្ត្រី និងអង្គការសារមន្ទីរនានា និងការកែលម្អបរិយាកាសផ្នែកសីលធម៌ និងរាងកាយសម្រាប់មនុស្សទាំងអស់ ។
កិច្ចខិតខំទាំងអស់នៃផ្នែកមនុស្សធម៌របស់សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ព្យាយាមធ្វើតាមគំរូរបស់មនុស្សសុចរិតមួយក្រុមនៅក្នុងព្រះគម្ពីរមរមន ៖ « ម្ល៉ោះហើយ នៅក្នុងកាលៈទេសៈដ៏ចម្រុងចម្រើនរបស់គេ ពួកគេពុំបានដេញជនណាចេញដែលអាក្រាត ឬជនណាដែលអត់ឃ្លាន ឬជនណាដែលស្រេក ឬជនណាដែលឈឺ … ហើយពួកគេ … មានចិត្តទូលំទូលាយទៅលើមនុស្សគ្រប់រូប ទាំងចាស់ទាំងក្មេង ទាំងបាវគេទាំងអ្នកសេរី ទាំងប្រុស ទាំងស្រី ទោះជានៅក្រៅសាសនាចក្រ ឬនៅក្នុងសាសនាចក្រនោះក្ដី » ។១១
ខ្ញុំថ្លែងទីបន្ទាល់អំពីព្រះយេស៊ូវគ្រីស្ទ ដែលពន្លឺ និងព្រះវិញ្ញាណរបស់ទ្រង់ដឹកនាំបុត្រាបុត្រីទាំងអស់នៃព្រះក្នុងការជួយដល់ជនក្រីក្រ និងអ្នកមានទុក្ខលំបាកទូទាំងពិភពលោក ។ នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ៕