ចូលមកកាន់តែជិតព្រះអង្គសង្គ្រោះ
ខិតខំស្គាល់ និងស្រឡាញ់ព្រះអង្គសង្គ្រោះ នោះយើងផ្ដាច់ខ្លួនយើងចេញពីពិភពលោកនេះតាមរយៈសេចក្ដីសញ្ញាជាមួយនឹងព្រះ ដោយការធ្វើផ្សេងពីគេ មិនទូទៅដូចគេ និងពិសេសដោយមិនដាក់ខ្លួនយើងឲ្យនៅឯកោពីអ្នកដទៃដែលជឿខុសពីយើងនោះទេ ។
បងប្អូនប្រុសស្រីជាទីស្រឡាញ់របស់ខ្ញុំ នាល្ងាចនេះ ខ្ញុំសូមនិយាយទៅកាន់អ្នកដើរតាមព្រះយេស៊ូវគ្រីស្ទដ៏រាបសា និងដ៏លះបង់ទាំងអស់គ្នា ។ កាលខ្ញុំឃើញសេចក្ដីល្អនៅក្នុងជីវិតរបស់បងប្អូន និងសេចក្ដីជំនឿរបស់បងប្អូនលើព្រះអង្គសង្គ្រោះរបស់យើងនៅក្នុងប្រទេសនេះ និងនៅតាមប្រជាជាតិផ្សេងទៀតទូទាំងពិភពលោក ខ្ញុំស្រឡាញ់បងប្អូនទាំងអស់គ្នារឹតតែខ្លាំងឡើង ។
ដល់ចុងបញ្ចប់នៃការងារបម្រើរបស់ទ្រង់ ពួកសិស្សរបស់ព្រះយេស៊ូវបានសូមឲ្យទ្រង់ប្រាប់ពួកលោកអំពី « ទីសម្គាល់អំពី [ ការយាងមកជាលើកទីពីររបស់ ទ្រង់ ]យាងមក ហើយពីបំផុតកល្ប » ។១
ព្រះយេស៊ូវមានបន្ទូលប្រាប់ពួកលោកពីលក្ខខណ្ឌដែលនឹងកើតមាន មុនពេលការយាងមកវិញរបស់ទ្រង់ ហើយបានបញ្ចប់ដោយការប្រកាសថា « កាលណាឃើញការទាំងនេះកើតមក [ អ្នករាល់គ្នានឹង ] ត្រូវដឹងថា [ ពេលវេលានៅលើ ] លោកជិតមកដល់ហើយ » ។២
នៅក្នុងសន្និសីទទូទៅលើកមុន ខ្ញុំបានស្ដាប់ប្រសាសន៍របស់ប្រធាន ហិនរី ប៊ី អាវរិង យ៉ាងប្រុងប្រយ័ត្ន ៖ « ពួកយើងម្នាក់ៗ មិនថាយើងនៅទីណានោះទេ ដឹងថា យើងរស់នៅក្នុងគ្រាដែលលំបាកខ្លាំងទៅៗ ។ … គ្រប់គ្នាដែលមានកែវភ្នែកបានឃើញទីសម្គាល់ក្នុងសម័យនេះ ហើយមានត្រចៀកសម្រាប់ស្តាប់ប្រសាសន៍របស់ព្យាការី ដឹងថាវាគឺជាការពិត » ។៣
ព្រះអង្គសង្គ្រោះបានសរសើរដល់ពួកសិស្សដែលក្លាហានរបស់ទ្រង់ ៖ « ភ្នែក អ្នក មានពរហើយ ដ្បិតមើលឃើញ ត្រចៀក អ្នក ក៏ដែរ ដ្បិតស្តាប់ឮ » ។៤ សូមឲ្យពរជ័យនេះក្លាយជារបស់យើង កាលយើងស្ដាប់តាមបន្ទូលរបស់ព្រះអម្ចាស់តាមរយៈព្យាការីរបស់ទ្រង់ និងមនុស្សផ្សេងទៀតនៅក្នុងសន្និសីទនេះដោយប្រុងប្រយ័ត្ន ។
ស្រូវសាលី និងស្រងែ
ព្រះអម្ចាស់បានពន្យល់ថា នៅក្នុងពេលចុងក្រោយនេះមុនការយាងមកវិញរបស់ទ្រង់ « ស្រូវសាលី » ដែលទ្រង់បានរៀបរាប់ថាជា « អស់ទាំងមនុស្សរបស់នគរស្ថានសួគ៌ »៥នឹងធំឡើងលាយឡំជាមួយនឹង« ស្រងែ » ឬអស់អ្នកដែលមិនស្រឡាញ់ព្រះ និងមិនគោរពតាមព្រះបញ្ញតិ្តរបស់ទ្រង់ ។ ពួកគេទាំងពីរនឹង « ដុះជាមួយគ្នា »៦លាយឡំគ្នា ។
នេះនឹងជាពិភពលោករបស់យើងរហូតដល់ពេលព្រះអង្គសង្គ្រោះយាងមកម្ដងទៀត ដោយមានល្អច្រើនផង និងអាក្រក់ច្រើនផងនៅគ្រប់ទិសទី ។៧
ពេលខ្លះ បងប្អូនអាចមានអារម្មណ៍ថាមិនមែនជាស្រូវសាលីល្អ និងរឹងមាំមួយគួរ ។ ចូរមានចិត្តអំណត់ជាមួយខ្លួនឯង ! ព្រះអម្ចាស់បានមានបន្ទូលថា ស្រូវសាលីអាចមានស្រូវសាលីដែលកំពុងតែដុះពន្លកឡើង ហើយនៅខ្ចីនៅឡើយ ។៨ យើងទាំងអស់គ្នាគឺជាពួកបរិសុទ្ធថ្ងៃចុងក្រោយរបស់ទ្រង់ ហើយទោះជាយើងមិនទាន់ក្លាយជាមនុស្សដែលយើងចង់ប្រែក្លាយនៅឡើយក្ដី ក៏យើងមានបំណងប្រាថ្នាម៉ឺងម៉ាត់ដើម្បីធ្វើជាសិស្សដ៏ពិតរបស់ទ្រង់ដែរ ។
សូមពង្រឹងសេចក្តីជំនឿរបស់យើងទៅលើព្រះយេស៊ូវគ្រីស្ទ
យើងដឹងថា នៅពេលសេចក្ដីអាក្រក់កើនឡើងនៅក្នុងពិភពលោកនេះ នោះការរស់រានខាងវិញ្ញាណរបស់យើង និងការរស់រានខាងវិញ្ញាណរបស់មនុស្សដែលយើងស្រឡាញ់ នឹងតម្រូវឲ្យយើងថែទាំ ការពារ និងពង្រឹងឫសគល់នៃសេចក្ដីជំនឿរបស់យើងលើព្រះយេស៊ូវគ្រីស្ទឲ្យបានកាន់តែខ្លាំងជាងមុនទៅទៀត ។ សាវកប៉ុលបានទូន្មានយើងឲ្យចាក់ឫស៩ តាំងនៅជាប់លាប់ ហើយមាំមួន១០ នៅក្នុងសេចក្ដីស្រឡាញ់របស់យើងចំពោះព្រះអង្គសង្គ្រោះ និងការតាំងចិត្តរបស់យើងដើម្បីដើរតាមទ្រង់ ។ នៅពេលបច្ចុប្បន្ននេះ និងនៅពេលខាងមុខ វាតម្រូវឲ្យមានការខិតខំដែលផ្ដោតចិត្ត និងផ្ចិតផ្ចង់កាន់តែខ្លាំងជាងមុន ដើម្បីការពារកុំឲ្យមានការប្ដូរទិសដៅ និងការធ្វេសប្រហែស ។១១
ប៉ុន្តែទោះជាមានឥទ្ធិពលលោកិយកើនឡើងនៅជុំវិញខ្លួនយើងក្តី ក៏យើងពុំចាំបាច់ភ័យខ្លាចឡើយ ។ ព្រះអម្ចាស់នឹងមិនដែលបោះបង់រាស្ដ្រក្នុងសេចក្ដីសញ្ញារបស់ទ្រង់ចោលឡើយ ។ មានអំណាចតបស្នងមកវិញនៃអំណោយទានខាងវិញ្ញាណ និងការដឹកនាំដ៏ទេវភាពសម្រាប់ពួកសុចរិត ។១២ ប៉ុន្ដែពរជ័យបន្ថែមនៃអំណាចខាងវិញ្ញាណនេះ មិននៅមាំមួនជាមួយយើង ដោយព្រោះតែយើងគឺជាផ្នែកមួយនៃជំនាន់នេះឡើយ ។ វានឹងនៅមាំមួន នៅពេលយើងពង្រឹងសេចក្ដីជំនឿរបស់យើងលើព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទ ហើយកាន់តាមព្រះបញ្ញត្តិរបស់ទ្រង់ កាលយើងរៀនស្គាល់ និងស្រឡាញ់ទ្រង់ ។ ព្រះយេស៊ូវបានអធិស្ឋានថា « នេះជាជីវិតដ៏អស់កល្បជានិច្ច គឺឲ្យគេបានស្គាល់ដល់ទ្រង់ដ៏ជាព្រះពិតតែ១ នឹងព្រះយេស៊ូវគ្រីស្ទ ដែលទ្រង់បានចាត់ឲ្យមកផង » ។១៣
ដូចដែលយើងដឹងច្បាស់ហើយថា ការមានសេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទ និងការធ្វើជាសិស្សពិត គឺលើសពីការសម្រេចចិត្តតែមួយដង—លើសពីព្រឹត្តិការណ៍ដែលកើតឡើងតែមួយដងទៅទៀត ។ វាគឺជាដំណើរការដ៏ពិសិដ្ឋ ដែលបន្ដដុះដាល និងរីកចម្រើនតាមរដូវកាលនៃជីវិតរបស់យើង ហើយវាបន្ដមានរហូតដល់យើងលុតជង្គង់នៅឯព្រះបាទារបស់ទ្រង់ ។
ដោយមានស្រូវសាលីធំឡើងជាមួយនឹងស្រងែនៅក្នុងពិភពលោកនេះ តើយើងអាចពង្រីក និងពង្រឹងការតាំងចិត្តរបស់យើងចំពោះព្រះអង្គសង្គ្រោះនៅថ្ងៃខាងមុខតាមរបៀបណាទៅ ?
នេះគឺជាយោបល់ចំនួនបី ៖
ជ្រមុជខ្លួនយើងទៅក្នុងព្រះជន្ម ព្រះយេស៊ូវ
ទីមួយ យើងអាចជ្រមុជខ្លួនយើងទៅក្នុងព្រះជន្ម របស់ព្រះយេស៊ូវ ការបង្រៀន មហិទ្ធិឫទ្ធិ ព្រះចេស្ដា និងពលិកម្មដ៏ធួនរបស់ទ្រង់ ។ ព្រះអង្គសង្គ្រោះមានបន្ទូលថា « ចូរមើលមកឯយើងដោយនូវគ្រប់ទាំងគំនិត » ។១៤ សាវកយ៉ូហានរំឭកយើងថា « យើងស្រឡាញ់ទ្រង់ ពីព្រោះទ្រង់បានស្រឡាញ់យើងជាមុន » ។១៥ កាលយើងដកពិសោធសេចក្ដីស្រឡាញ់របស់ទ្រង់កាន់តែច្រើន នោះយើងស្រឡាញ់ទ្រង់កាន់តែខ្លាំងថែមទៀត ហើយវាជាធម្មតាទេដែលយើងនឹងធ្វើតាមគំរូរបស់ទ្រង់ស្ដីពីការស្រឡាញ់ និងការថែទាំមនុស្សដែលនៅជុំវិញយើង ។ ជាមួយនឹងជំហានសុចរិតនីមួយៗឆ្ពោះទៅកាន់ទ្រង់ នោះយើងឃើញទ្រង់កាន់តែច្បាស់ឡើងៗ ។១៦ យើងស្រឡាញ់ទ្រង់ ហើយយើងព្យាយាមធ្វើត្រាប់តាមទ្រង់តាមមធ្យោបាយតូចតាចទាំងឡាយរបស់យើង ។១៧
សូមធ្វើសេចក្ដីសញ្ញាជាមួយព្រះអម្ចាស់ ។
បន្ទាប់ កាលណាយើងស្គាល់ និងស្រឡាញ់ព្រះអង្គសង្រ្កោះកាន់តែខ្លាំង នោះយើងប្រាថ្នាចង់សន្យានឹងទ្រង់ថា យើងនឹងថ្វាយភក្ដីភាព និងទីទុកចិត្តរបស់យើងទៅទ្រង់កាន់តែច្រើនជាងមុន ។ យើងចុះសេចក្ដីសញ្ញាជាមួយនឹងទ្រង់ ។ យើងចាប់ផ្ដើមជាមួយនឹងការសន្យារបស់យើងនៅឯពិធីបុណ្យជ្រមុជទឹក ហើយយើងបញ្ជាក់ការសន្យាទាំងនេះ និងការសន្យាផ្សេងទៀត នៅពេលយើងប្រែចិត្តជារៀងរាល់ថ្ងៃ ទូលសូមការអភ័យទោស ហើយទន្ទឹងចាំការទទួលទានសាក្រាម៉ង់រាល់សប្ដាហ៍យ៉ាងអន្ទះសា ។ យើងសន្យាថានឹង « ចងចាំទ្រង់ជានិច្ច ហើយកាន់តាមព្រះបញ្ញត្តិទាំងឡាយរបស់ទ្រង់ » ។១៨
នៅពេលយើងត្រៀមខ្លួនជាស្រេច នោះយើងទទួលយក និងគោរពតាមពិធីបរិសុទ្ធ និងសេចក្ដីសញ្ញានានាក្នុងព្រះវិហារបរិសុទ្ធ ។ ដោយមានអារម្មណ៍ពីឥទ្ធិពលនៃភាពអស់កល្បជានិច្ចនៅគ្រាដ៏ស្ងាត់ស្ងៀម និងពិសិដ្ឋរបស់យើងពេលនៅក្នុងដំណាក់នៃព្រះអម្ចាស់ យើងចុះសេចក្ដីសញ្ញាជាមួយនឹងព្រះដោយក្ដីរីករាយ ហើយពង្រឹងការតាំងចិត្តរបស់យើងដើម្បីកាន់តាមសេចក្ដីសញ្ញាទាំងនោះ ។
ការចុះ និងការរក្សាសេចក្ដីសញ្ញាអនុញ្ញាតឲ្យសេចក្ដីស្រឡាញ់របស់ព្រះអង្គសង្គ្រោះលិចកាន់តែជ្រៅទៅក្នុងដួងចិត្តរបស់យើង ។ នៅក្នុង លីអាហូណាខែនេះ ប្រធាន រ័សុល អិម ណិលសុនបានមានប្រសាសន៍ ៖ « សេចក្តីសញ្ញា [ ទាំងឡាយ ] [ របស់យើង ] នឹងដឹកនាំយើងឲ្យទៅកាន់តែជិតទ្រង់ខ្លាំងឡើង ។ … ព្រះនឹងមិនបោះបង់ចោលទំនាក់ទំនងរបស់ទ្រង់ជាមួយអស់អ្នកដែលបានបង្កើតចំណងបែបនោះជាមួយទ្រង់ឡើយ » ។១៩ ហើយដូចដែលប្រធានណិលសុនមានប្រសាសន៍នៅព្រឹកដ៏ស្រស់ស្អាតនេះថា« ពេលមានការឧទ្ទិសឆ្លងព្រះវិហារបរិសុទ្ធថ្មីនីមួយៗ នោះយើងមានអំណាចមកពីព្រះបន្ថែមទៀតមកកាន់ពិភពលោកនេះ ដើម្បីពង្រឹងយើង ហើយរារាំងដល់ការខំប្រឹងដ៏ខ្លាំងរបស់មារសត្រូវ » ។២០
តើយើងអាចមើលឃើញមូលហេតុដែលព្រះអម្ចាស់បានណែនាំព្យាការីរបស់ទ្រង់ ឲ្យសង់ព្រះវិហារបរិសុទ្ធដ៏ពិសិដ្ឋនៅកាន់តែជិតយើង និងអនុញ្ញាតឲ្យយើងចូលក្នុងដំណាក់របស់ទ្រង់កាន់តែញឹកញាប់ជាងមុនដែរឬទេ ?
កាលយើងចូលទៅក្នុងព្រះវិហារបរិសុទ្ធ នោះយើងមានសេរីភាពពីឥទ្ធិពលខាងលោកិយដែលនាំគ្នាមកប្រឆាំងនឹងយើងមួយរយៈដែរ ពេលយើងរៀនពីគោលបំណងរបស់យើងនៅក្នុងជីវិតនេះ និងអំណោយទានដ៏អស់កល្បជានិច្ចដែលបានប្រទានដល់យើងតាមរយៈព្រះអង្គសង្គ្រោះរបស់យើង គឺព្រះយេស៊ូវគ្រីស្ទ ។
ការពារចំពោះអំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធ
ជាចុងបញ្ចប់ យោបល់ទីបីរបស់ខ្ញុំគឺ ៖ នៅក្នុងកិច្ចខិតខំដ៏ពិសិដ្ឋនេះ យើងឲ្យតម្លៃ គោរព ថែរក្សា ប្រុងប្រយ័ត្ន និង ការពារចំពោះអំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធ ។ ទាំងប្រធា អិម. រ័សុល បាឡឺត និង អែលឌើរ ខេវីន ដបុលយូ ភៀរសិន ដែលទើបតែពីរបីនាទីមុននេះបាននិយាយអំពី ការព្យាកររបស់ប្រធានណីលសុន អំពីការព្រមានដែលបានលើកឡើងម្តងទៀត « នៅគ្រាខាងមុខ វានឹងមិនអាចរស់រានខាងវិញ្ញាណបានឡើយ បើគ្មានព្រះចេស្ដាណែនាំ ដឹកនាំ និងលួងលោមចិត្តជាប់ជានិច្ចមកពីព្រះវិញ្ញាណបរិសុទ្ធនោះ » ។២១ វាគឺជាអំណោយទានដែលមានតម្លៃលើសលុប ។ យើងធ្វើអស់ពីសមត្ថភាពយើងដើម្បីការពារបទពិសោធន៍ប្រចាំថ្ងៃរបស់យើង ដើម្បីឲ្យឥទ្ធិពលនៃព្រះវិញ្ញាណបរិសុទ្ធអាចបន្ដគង់នៅជាមួយនឹងយើង ។ យើងគឺជាពន្លឺសម្រាប់ពិភពលោកនេះ ហើយពេលណាចាំបាច់ យើងស្ម័គ្រចិត្តជ្រើសរើសដើម្បីធ្វើខុសពីអ្នកដទៃ ។ ប្រធាន ដាល្លិន អេក អូក បានសួរយុវមជ្ឈិមវ័យកាលពីថ្មីៗនេះថា « តើប្អូនៗហ៊ានធ្វើខុសពីគេទេ ? … [ ជាពិសេស ]ជម្រើសដែលប្អូនៗធ្វើការជ្រើសរើសនៅក្នុងជីវិតផ្ទាល់ខ្លួនរបស់ប្អូន … មានសារៈសំខាន់ ។ … តើប្អូនៗកំពុងឆ្ពោះទៅមុខប្រឆាំងនឹងការផ្ទុយនៃពិភពលោកនេះដែរឬទេ ? »២២
ជ្រើសរើសដើម្បីឲ្យមានភាពខុសប្លែកពីលោកិយ
នៅក្នុងការចុះផ្សាយប្រព័ន្ធផ្សព្វផ្សាយសង្គមមួយនាពេលថ្មីៗនេះ ខ្ញុំបានសូមសិស្សទាំងឡាយរបស់ព្រះឲ្យចែកចាយពីជម្រើស ដែលពួកគេបានធ្វើ ដែលតម្រូវឲ្យពួកគេធ្វើខុសពីពិភពលោកនេះ ។ ខ្ញុំបានទទួលចម្លើយរាប់រយ ។២៣ នេះគ្រាន់តែជាចម្លើយមួយចំនួនប៉ុណ្ណោះ ៖
អាមេនដា ៖ ខ្ញុំគឺជាគិលានុបដ្ឋាយិកាម្នាក់ ដែលធ្វើការនៅក្នុងពន្ធនាគារក្នុងមូលដ្ឋាន ។ ខ្ញុំព្យាយាមខ្វល់ខ្វាយពីទណ្ឌិតទាំងឡាយដូចដែលព្រះគ្រីស្ទនឹងធ្វើដែរ ។
រ៉េឆល ៖ ខ្ញុំគឺជាអ្នកចម្រៀងអូប៉េរ៉ា ហើយជារឿយៗគេតែងសន្មតថា ខ្ញុំនឹងស្លៀកអ្វីក៏ដោយដែលគេឲ្យខ្ញុំ មិនថាវាសមរម្យឬអត់នោះទេ ។ [ ដោយសារខ្ញុំបានទទួលអំណោយទានពិសិដ្ឋរួចហើយ ] នោះខ្ញុំបានប្រាប់ [ អ្នកដឹកនាំកម្មវិធី ] ថា សម្លៀកបំពាក់នេះត្រូវតែមានលក្ខណៈ [ សមរម្យ ] ។ ពួកគាត់មិនសប្បាយចិត្តទេ … ប៉ុន្ដែពួកគាត់បានកែសម្រួលទាំងទើសទាល់ឲ្យ ។ ខ្ញុំនឹងមិនប្ដូរសេចក្ដីសុខសាន្ដដែលកើតឡើងដោយសារការឈរជាសាក្សីដល់ព្រះគ្រីស្ទនៅគ្រប់ពេលវេលា ជាមួយអ្វីផ្សេងឡើយ ។
គ្រីស ៖ ខ្ញុំគឺជាសមាជិកសាសនាចក្រដែលមានភាពស័ក្ដិសម ( ដែលកំពុងជាសះស្បើយពី ) ការញៀនស្រា ។ ខ្ញុំនិយាយច្រើនអំពីបទពិសោធន៍របស់ខ្ញុំជាមួយនឹងការញៀន និងការទទួលបានទីបន្ទាល់អំពីដង្វាយធួន [ របស់ព្រះយេស៊ូវគ្រីស្ទ ] ។
ឡរិន ៖ ខ្ញុំបានសរសេររឿងកំប្លែងខ្លីៗ ជាមួយនឹងមិត្តរួមថ្នាក់របស់ខ្ញុំនៅឯវិទ្យាល័យ ។ ពួកគេចង់ឲ្យចរិតស្ងៀមស្ងាត់ និងរមទម្យរបស់ខ្ញុំផ្ទុះឡើងដោយការប្រើពាក្យជេរប្រទេច ។ ពួកគេបន្ដដាក់សម្ពាធលើខ្ញុំ ប៉ុន្ដែខ្ញុំបានបដិសេធ ហើយមិនផ្លាស់ប្ដូរគំនិតរបស់ខ្ញុំឡើយ ។
អ័ដាម ៖ មនុស្សជាច្រើនមិនជឿខ្ញុំទេ ពេលខ្ញុំនិយាយថា ខ្ញុំកាន់តាមច្បាប់ព្រហ្មចារីភាព ហើយជ្រើសរើសមិនមើលរឿងអាសអាភាសឡើយ ។ ពួកគេមិនយល់ពីគុណប្រយោជន៍នៃអំណរ និងសេចក្ដីសុខសាន្ដក្នុងចិត្តដែលខ្ញុំមាននោះទេ ។
អេឡា ៖ ឪពុករបស់ខ្ញុំគឺជាសមាជិកម្នាក់នៃសហគមន៍ អិល.ជី.ប៊ី.ធី.ឃ្យូ. ។ ខ្ញុំតែងតែព្យាយាមគិតដល់អារម្មណ៍របស់អ្នកដទៃទៀតជានិច្ច ខណៈខ្ញុំឈរជាសាក្សីម្នាក់របស់ព្រះគ្រីស្ទ ហើយស្មោះពិតចំពោះអ្វីដែលខ្ញុំជឿ ។
អេនដ្រាឌើ ៖ ខ្ញុំបានសម្រេចចិត្តបន្ដទៅព្រះវិហារ ទោះជាគ្រួសារខ្ញុំសម្រេចចិត្តថាលែងទៅព្រះវិហារទៀតក៏ដោយ ។
ចុងក្រោយ គឺ ស្ស៊ើរី ៖ យើងបានចូលរួមក្នុងព្រឹត្តិការណ៍មួយនៅឯវិមានរបស់អភិបាលក្រុង ។ ពួកគេបានចាប់ផ្ដើមហុចកែវស្រាសំប៉ាញឲ្យដើម្បី « លើកកែវ » ឡើង ។ ខ្ញុំបានទទូចសូមទឹក ទោះជាបុគ្គលិកនិយាយថា វាមិនសមក្ដី ។ យើងបានលើកកែវអបអរដល់អភិបាលក្រុង ហើយខ្ញុំបានលើកកែវទឹកខ្ញុំឡើង ! អភិបាលក្រុងមិនបានអន់ចិត្តអីផង ។
ប្រធាន ណិលសុន បានថ្លែងថា « បាទ ប្អូនៗកំពុងរស់នៅក្នុងលោកិយ ប៉ុន្តែប្អូនៗមានបទដ្ឋានខុសប្លែកខ្លាំងពីលោកិយ ដើម្បីជួយប្អូនៗឲ្យចៀសវាងពីការប្រឡាក់ខាងលោកិយ » ។២៤
អាណាស្ដាហ្សៀ ដែលជាម្ដាយវ័យក្មេងម្នាក់នៅប្រទេសអ៊ុយក្រែន ដែលទើបតែសម្រាលបានកូនប្រុសម្នាក់នៅក្នុងមន្ទីរពេទ្យ កាលគ្រាប់បែកបានចាប់ទម្លាក់មកលើទីក្រុងកៀវកាលពីខែកុម្ភៈកន្លងទៅនេះ ។ គិលានុបដ្ឋាយិកាបានបើកទ្វារបន្ទប់ពេទ្យ ហើយបាននិយាយដោយសំឡេងបន្ទាន់់ថា « លើកកូនរបស់អ្នកឡើង ដាក់កូនក្នុងភួយ ហើយចេញទៅសាល—ឥឡូវនេះភ្លាម ! »
ក្រោយមក អាណាស្ដាហ្សៀ បានរៀបរាប់ ៖
« ខ្ញុំមិនដែលស្រមៃថា ថ្ងៃដំបូងដែលខ្ញុំក្លាយជាម្ដាយគេពិបាកយ៉ាងហ្នឹងទេ … ប៉ុន្ដែ … ខ្ញុំខំផ្ដោតលើ … ពរជ័យ និងអព្ភូតហេតុដែលខ្ញុំបានឃើញ ។ …
ឥឡូវនេះ … វាហាក់ដូចជាមិនអាចទៅរួចទេដើម្បីអភ័យទោសឲ្យអ្នកដែលបណ្ដាលឲ្យមានការបំផ្លិចបំផ្លាញ និងគ្រោះថ្នាក់យ៉ាងខ្លាំងបែបនេះ … ប៉ុន្ដែក្នុងនាមជាសិស្សរបស់ព្រះគ្រីស្ទ ខ្ញុំមានសេចក្ដីជំនឿថា ខ្ញុំនឹងអាច [ អភ័យទោសឲ្យ ] បាន ។ …
ខ្ញុំមិនដឹងរឿងទាំងអស់ដែលនឹងកើតឡើងនៅពេលអនាគតទេ … ប៉ុន្ដែខ្ញុំដឹងថា ការរក្សាសេចក្ដីសញ្ញារបស់យើងនឹងអនុញ្ញាតឲ្យព្រះវិញ្ញាណគង់នៅជាមួយនឹងយើងជាដរាប … ហើយអនុញ្ញាតឲ្យយើងមានអំណរ និងសេចក្ដីសង្ឃឹម … ទោះជាក្នុងពេលលំបាកក្ដី » ។២៥
សេចក្តីសន្យានៃជីវិតអស់កល្បជានិច្ច និងសិរីល្អ នគរសេឡេស្ទាល ។
បងប្អូនប្រុសស្រីរបស់ខ្ញុំ ខ្ញុំបានទទួលពរជ័យជាបរិបូរដោយសេចក្តីស្រឡាញ់ពីព្រះអង្គសង្គ្រោះដ៏ជាទីស្រឡាញ់របស់យើង គឺព្រះយេស៊ូវគ្រីស្ទ ។ ខ្ញុំដឹង ទ្រង់មានព្រះជន្មរស់ ហើយទ្រង់ដឹកនាំកិច្ចការដ៏បរិសុទ្ធរបស់ទ្រង់ ។ ខ្ញុំសេចក្ដីស្រឡាញ់ទ្រង់ ខ្លាំងណាស់ដែលនោះខ្ញុំមិនអាចបង្ហាញឲ្យបានអស់ឡើយចំពោះទ្រង់ ។
យើងគឺជា « កូនចៅនៃសេចក្ដីសញ្ញា » យើងរស់នៅក្នុងជំនាន់ដ៏រុងរឿងមុនពេលការយាងមកវិញរបស់ព្រះអម្ចាស់ ដែលវាលាតសន្ធឹងទៅទូទាំងផែនដី នៅគ្រប់ជាតិសាសន៍ និងវប្បធម៌ នៅគ្រប់ទ្វីបទាំងអស់ ហើយមានចំនួនរាប់រយលាន កាលយើងរង់ចាំការយាងមកវិញដ៏រុងរឿងរបស់ព្រះអម្ចាស់ និងព្រះអង្គសង្រ្គោះនៃយើង ។ ដោយការបញ្ចាំងពន្លឺដល់មនុស្សនៅជុំវិញខ្លួនយើង យើងមានសតិសម្បជញ្ញៈដើម្បីរៀបចំសម្រួចបំណងប្រាថ្នា គំនិត ជម្រើស និងសកម្មភាពរបស់យើង ។ ដោយខិតខំស្គាល់ និងស្រឡាញ់ព្រះអង្គសង្គ្រោះឲ្យអស់ពីចិត្តរបស់យើង នោះយើងផ្ដាច់ខ្លួនយើងចេញពីពិភពលោកនេះតាមរយៈសេចក្ដីសញ្ញាជាមួយនឹងព្រះ ដោយការធ្វើខុសប្លែកពីគេ មិនទូទៅដូចគេ និងពិសេស នៅពេលយើងគោរពតាមទ្រង់ និងការបង្រៀនរបស់ទ្រង់ ដោយមិនឲ្យខ្លួនយើងឯកោពីអ្នកដទៃដែលជឿខុសពីយើងនោះទេ ។
វាគឺជាដំណើរដ៏អស្ចារ្យមួយដើម្បីធ្វើជាស្រូវសាលីក្នុងចំណោមស្រងែ ដែលពេលខ្លះពេញទៅដោយការឈឺចិត្ត ប៉ុន្ដែតែងបានរម្ងាប់ចិត្តដោយការបណ្ដុះសេចក្ដីជំនឿរបស់យើងឲ្យបានចាស់ទុំ និងរឹងមាំជានិច្ច ។ កាលបងប្អូនអនុញ្ញាតឲ្យក្ដីស្រឡាញ់របស់បងប្អូនចំពោះព្រះអង្គសង្គ្រោះ និងក្ដីស្រឡាញ់របស់ទ្រង់ចំពោះបងប្អូន មានឥទ្ធិពលយ៉ាងខ្លាំងលើអារម្មណ៍ផ្លូវចិត្តរបស់បងប្អូន នោះខ្ញុំសូមសន្យាថា បងប្អូននឹងមានទំនុកចិត្ត សេចក្ដីសុខសាន្ដ និងអំណរបន្ថែមទៀត ពេលជួបនឹងឧបសគ្គក្នុងជីវិតរបស់បងប្អូន ។ ហើយព្រះអង្គសង្គ្រោះសន្យាដល់យើងថា ៖ « យើង [ នឹង ] ត្រូវប្រមូលរាស្ត្ររបស់យើងជុំគ្នា តាមពាក្យប្រៀបប្រដូចអំពីស្រូវសាលី និងស្រងែ ប្រយោជន៍ឲ្យស្រូវសាលីអាចបាននៅក្នុងជង្រុក ដើម្បីឲ្យបានជីវិតដ៏នៅអស់កល្បជានិច្ច ហើយបានបំពាក់សិរីល្អខាងសេឡេស្ទាលទុកជាមកុដ » ។២៦ នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ៕