សន្និសីទទូទៅ
កិច្ចការ​នៃ​ព្រះវិហារ​បរិសុទ្ធ និង​ពង្សប្រវត្តិ—ជា​កិច្ចការ​តែមួយ​ដូចគ្នា
សន្និសីទ​ទូទៅ ខែ មេសា ឆ្នាំ ២០២៣


10:12

កិច្ចការ​នៃ​ព្រះវិហារ​បរិសុទ្ធ និង​ពង្សប្រវត្តិ—ជា​កិច្ចការ​តែមួយ​ដូចគ្នា

ការ​ផ្តោត​ដ៏​សំខាន់​មួយ​នៃ​ផែនការ​របស់​ព្រះវរបិតាសួគ៌​របស់​យើង គឺ ការបង្រួបបង្រួម​គ្រួសារ​សម្រាប់​ជីវិត​នេះ និង​អស់​កល្ប​ជានិច្ច ។

ខ្ញុំ​មាន​អំណរ​គុណ​យ៉ាង​ខ្លាំង​ចំពោះ​ការសាងសង់​ព្រះវិហារ​បរិសុទ្ធ​ដែល​មានជា​បន្ត​បន្ទាប់​នៅក្នុង « គ្រា​កាន់កាប់​ត្រួតត្រា​នៃ​ពេល​ពេញ​កំណត់ » នេះ ( គោលលទ្ធិ និង​សេចក្ដីសញ្ញា ១២៨:១៨ ) ។ ចាប់តាំង​ពី​សម័យ​ដើម​នៃ​ការស្ដារ​ឡើងវិញ ពួក​បរិសុទ្ធ​ដ៏​ស្មោះ​ត្រង់​បាន​ធ្វើ​ការលះបង់​ជា​ច្រើន​ដើម្បី​ទទួល​បាន​ពិធីបរិសុទ្ធ​ក្នុង​ព្រះវិហារ​បរិសុទ្ធ និង​សេចក្ដី​សញ្ញា​ទាំងឡាយ ។ ដោយ​ធ្វើ​តាម​គំរូ​ដ៏​អស្ចារ្យ​របស់​ពួកបរិសុទ្ធ នៅ​ក្នុង​ឆ្នាំ ១៩៧៥ បន្ទាប់​ពី​ការលះបង់​ផ្នែក​សេដ្ឋកិច្ច​ជា​ច្រើន​ដើម្បី​ធ្វើ​ដំណើរ​ពី​ទីក្រុង​ម៉ិចស៊ិក ភរិយា​ជាទី​ស្រឡាញ់​របស់​ខ្ញុំ អេវ៉ាលៀ និង​ខ្ញុំ​យើងបាន​អម​ដំណើរ​ជាមួយឪពុក​ម្ដាយ​ជា​ទី​ស្រឡាញ់​របស់យើង បានផ្សារភ្ជាប់​ជា​ស្វាមី និង​ភរិយា​ដ៏​អស់​កល្ប​ជានិច្ច​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ មេសា រដ្ឋ អារីហ្សូណា ។ នៅ​ថ្ងៃ​នោះ ពេល​យើង​បាន​រួបរួម​គ្នា​ដោយ​សិទ្ធិ​អំណាច​បព្វជិតភាព​នៅ​ក្នុង​ព្រះដំណាក់​របស់​ព្រះ​អម្ចាស់ យើង​ពិត​ជា​បាន​មាន​បទពិសោធន៍​នៃ​ការ​មើល​ឃើញ​ស្ថាន​សួគ៌ ។

កិច្ចការ និង​គោលបំណង​របស់​ព្រះវិហារ​បរិសុទ្ធ

បទពិសោធន៍​នោះ​បាន​អនុញ្ញាត​ឲ្យ​ខ្ញុំ​មាន​អំណរ​គុណ​កាន់តែ​ច្រើន ពី​របៀប​ដែល​ក្រោយ​ពី​ការ​ខិតខំ​អស់​រយៈ​ពេល​បី​ឆ្នាំ និង​ការ​លះបង់​ដ៏​ខ្ពស់​របស់​ពួក​បរិសុទ្ធ​នៅ​ក្នុង​ទី​ក្រុង​ខឺត​ឡង់ រដ្ឋ អូហៃអូ នៅ​ទី​បំផុត​បាន​បញ្ចប់​ការសាងសង់​ព្រះវិហារ​បរិសុទ្ធ​ដ៏​ស្រស់​ស្អាត​របស់​ពួក​គេ​នៅ​និទាឃ​រដូវ ឆ្នាំ ១៨៣៦—ដែល​ជា​ព្រះវិហារ​បរិសុទ្ធ​ដំបូងគេ​នៅ​ក្នុង​គ្រាកាន់កាប់​ត្រួតត្រា​នេះ ។ នៅ ខែ មីនា ឆ្នាំ ដដែល​នោះ មាន​មនុស្ស​ជាង​មួយ​ពាន់​នាក់​បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ និង​នៅតាម​ច្រក​ចូល​សម្រាប់​ពិធី​ឧទ្ទិសឆ្លង ។ ព្យាការី យ៉ូសែប ស្ម៊ីធ បាន​ក្រោកឡើង​ដើម្បី​ផ្ដល់​នូវ​ការ​អធិស្ឋាន​ឧទ្ទិសឆ្លង​ដែល​លោក​បាន​ទទួល​ដោយ​វិវរណៈ​( សូមមើល គោលលទ្ធិ និង​សេចក្តី​សញ្ញា ១០៩ ) ។ នៅ​ក្នុង​នោះ​លោក​បាន​ពិពណ៌នា​អំពី​ពរជ័យ​ដ៏​អស្ចារ្យ​ជា​ច្រើន ដែល​ត្រូវ​បាន​ប្រទាន​ដល់​អ្នក​ដែល​ចូល​ទៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​របស់​ព្រះអម្ចាស់​ដោយ​ស័ក្ដិសម ។ បន្ទាប់​មក​ក្រុម​ចម្រៀង​បាន​ច្រៀង​ទំនុក​តម្កើង « ព្រះ​វិញ្ញាណ​នៃ​ព្រះ » ហើយ​ក្រុម​ជំនុំ​បាន​ឈរ និង​ផ្តល់​ការស្រែក​ហូសាណា « ដោយ [ សំឡេង​ខ្លាំងៗ​ដែល​វា ] ហាក់ដូចជា … ដំបូល​ហើប​ចេញពី​អាគារ​អ៊ីចឹង » ( ការបង្រៀនរបស់​ប្រធាន​សាសនាចក្រ ៖ យ៉ូសែប ស្ម៊ីធ​ឆ្នាំ ២០០៧ ] ទំព័រ ៣០៧ ) ។

មួយ​សប្ដាហ៍​ក្រោយ​មក​ព្យាការី​បាន​ពិពណ៌នា​ពី​ការបង្ហាញព្រះកាយ​របស់​ព្រះអម្ចាស់​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ដោយ​លោក​បាន​មាន​ប្រសាសន៍​ថា ៖

« ត្បិត​មើល​ចុះ យើង​បាន​ទទួល​ដំណាក់​នេះ​ហើយ ហើយ​ព្រះ​នាម​របស់​យើង​នឹង​ស្ថិតនៅ​ទី​នេះ ហើយ​យើង​នឹង​សម្ដែង​កាយ​យើង​ដល់​រាស្ត្រ​របស់​យើង​នៅ​ក្នុង​ដំណាក់​នេះ​ដោយ​សេចក្ដី​មេត្តាករុណា ។

« ហើយ​ការ​ល្បីល្បាញ​អំពី​ដំណាក់​នេះ​នឹង​រាលដាល​ទៅ​ដល់​ដែនដី​ឆ្ងាយ ហើយ​នេះ​គឺជា​ការ​ចាប់​ផ្ដើម​នូវ​ព្រះ​ពរ​ដែល​នឹង​បាន​ចាក់​មក​លើ​ក្បាល​នៃ​រាស្ត្រ​របស់​យើង » ( គោលលទ្ធិ​និង​សេចក្តី​សញ្ញា ១១០:៧, ១០ ) ។

បន្ទាប់​ពី​ការនិមិត្ត​នេះ និង​ការនិមិត្ត​ផ្សេងទៀត អេលីយ៉ា​ជា​ព្យាការី​ដែល​ត្រូវ​បាន​គេ​នាំ​ទៅ​ស្ថាន​សួគ៌​ដោយ​មិន​បាន​ភ្លក់​សេចក្ដី​ស្លាប់ បាន​បង្ហាញ​ខ្លួន​នៅ​ចំពោះ​មុខ​ព្យាការី យ៉ូសែប ស្ម៊ីធ និង អូលីវើរ ខៅឌើរី ហើយ​បាន​មាន​ថ្លែង​ថា ៖

« មើល​ចុះ ពេល​វេលា​បាន​មក​ដល់​ពេញ​លេញ​ហើយ ដែល​បាន​ពោល​ដោយ​មាត់​នៃ​លោក​ម៉ាឡាគី—ដោយ​ធ្វើ​ទី​បន្ទាល់​ថា លោក [ អេលីយ៉ា ] នឹង​ត្រូវ​បាន​ចាត់​ឲ្យ​មក​មុន​ថ្ងៃ​ដ៏​ធំ ហើយ​គួរ​ស្ញែង​ខ្លាច​នៃ​ព្រះ​អម្ចាស់​នឹង​មក​ដល់—

« ដើម្បីបង្វែរ​ចិត្ត​ពួក​ឪពុក​មក​ឯ​កូន និង​ចិត្ត​កូន​មក​ឯ​ឪពុក ក្រែង​ផែនដី​ទាំង​មូល​នឹង​ត្រូវ​វាយ​ដោយ​សេចក្ដី​បណ្ដាសា—

« ហេតុ​ដូច្នេះ​ហើយ កូន​សោ​ទាំង​ឡាយ​នៃ​គ្រា​កាន់កាប់​ត្រួតត្រា​នេះ ត្រូវ​បាន​ប្រគល់​ទៅ​ក្នុង​ដៃ​របស់​អ្នក ហើយ​ដោយ​សារ​ការណ៍​នេះ ទើប​អ្នក​រាល់​គ្នា​អាច​បាន​ដឹង​ថា​ថ្ងៃ​ដ៏​ធំ និង​គួរ​ស្ញែង​ខ្លាច​នៃ​ព្រះ​អម្ចាស់​ជិត​មក​ដល់​ហើយ គឺ​នៅ​មាត់ទ្វារ » ( គោលលទ្ធិ និង​សេចក្តី​សញ្ញា ១១០:១៤–១៦ ) ។

ព្រះវិហារ​បរិសុទ្ធ និង​ពង្សប្រវត្តិ

បន្ទាប់​ពី​ព្រះអម្ចាស់​បាន​ស្ដារ​កូនសោ​សម្រាប់​ផ្សារភ្ជាប់​ឡើងវិញ​ទៅដល់ យ៉ូសែប ស្ម៊ីធ នោះ​កិច្ចការ​នៃ​សេចក្ដី​សង្គ្រោះ​ដែលនៅ​ទាំង​សងខាង​នៃ​វាំងនន​បាន​ចាប់​ផ្ដើម​នៅ​ក្នុង​គ្រា​កាន់កាប់​ត្រួតត្រា​របស់​យើង ( សូម​មើល កូរិនថូស ទី១ ១៥:២២, ២៩គោលលទ្ធិ និង​សេចក្តីសញ្ញា ១២៨:៨–១៨ ) ។

ប្រធាន ប៊យដ៍ ខេ ផាកកឺ បាន​បង្រៀន​ថា « ព្រឹត្តិការណ៍​ដ៏​មហស្ចារ្យ​នេះ​ត្រូវ​បាន​ពិភពលោក​មិន​អើ​ពើ ប៉ុន្តែ​វា​នឹង​មាន​ឥទ្ធិពល​ទៅលើ​ជោគ​វាសនា​នៃ​ព្រលឹង​គ្រប់​រូប​ដែល​ធ្លាប់​បាន​រស់នៅ ឬ​ដែល​នឹង​រស់នៅ​លើ​ផែនដី​នេះ ។ រឿង​ទាំង​ឡាយ​បាន​ចាប់​ផ្តើម​កើត​ឡើង​យ៉ាង​ស្ងប់ស្ងាត់ ។ សាសនាចក្រ​បាន​ក្លាយ​ជា​សាសនាចក្រ​ដែល​សាង​សង់​ព្រះវិហារ​បរិសុទ្ធ ។

វា​ត្រូវ​បាន​សង់​ឡើង​នៅ​ទីនេះ និង​ទីនោះ​នៅក្នុង​ពិភពលោក​នេះ តាម​របៀប​មួយ​ដែល​បាន​គិត​ថា​វា​កើត​ឡើង​ដោយ​ឯកឯក ដែល​ធ្វើ​ឲ្យ​ប្រជាជន និង​អង្គការ​នានា ហើយ​សង្គម​ជាច្រើន​បាន​ចាប់​អារម្មណ៍​នៅក្នុង​ការ​ស្រាវជ្រាវ​ពង្ស​ប្រវត្តិ ។ ការណ៍​ទាំងអស់​នេះ​បាន​កើត​ឡើង​ចាប់​តាំង​ពី​ការ​មក​របស់ អេលីយ៉ា នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​ខឺតឡង់ ។​( ព្រះវិហារ​បរិសុទ្ធ [ ឆ្នាំ ១៩៨០ ], ទំព័រ ១៤១ ) ។

« ចាប់​តាំង​ពី​ថ្ងៃ​នោះ​មក គឺ ថ្ងៃទី ៣ ខែ មេសា ឆ្នាំ ១៨៣៦ ចិត្ត​នៃ​កូនចៅ​បាន​ចាប់ផ្តើម​បង្វែរ​មករក​ពួកឪពុក​របស់​ពួកគេ​វិញ ។ បន្ទាប់មក​ពិធីបរិសុទ្ធ​ទាំងឡាយ​ពុំ​មែន​គ្រាន់​តែ​ជា​បណ្តោះអាសន្ន​នោះ​ទេ ប៉ុន្តែ​វា​ជា​អចិន្តៃ្រយ៍ ។ អំណាច​នៃ​ការផ្សារភ្ជាប់​បាន​នៅ​ជាមួយនឹង​យើង ។ គ្មាន​សិទ្ធិអំណាច​ណា​ដែល​អាច​មាន​តម្លៃ​ស្មើ​នឹង​អំណាច​នេះ​នោះ​ទេ ។ អំណាច​នោះ​ផ្តល់​នូវ​ខ្លឹមសារ និង​ភាពអចិន្ត្រៃយ៍​ដ៏​នៅ​អស់កល្ប​ជានិច្ច​ចំពោះ​ពិធីបរិសុទ្ធ​ទាំងអស់​ដែល​បាន​ធ្វើ​ឡើង​ដោយ​សិទ្ធិអំណាច​ដ៏​ត្រឹមត្រូវ​សម្រាប់​ទាំង​មនុស្ស​រស់ និង​មនុស្ស​ស្លាប់​ផង​ដែរ » ( Preparing to Enter the Holy Templeឆ្នាំ ២០០២ ] ទំព័រ ២៨ ) ។

បងប្អូន​ប្រុស​ស្រី​ជា​ទី​ស្រឡាញ់ សំណង់ និង​ការ​ប្រើប្រាស់​​ព្រះវិហារ​បរិសុទ្ធ​បាន​ត្រឹមត្រូវ​នៅ​ក្នុង​គ្រា​កាន់កាប់​ណា​មួយ​ជា​សញ្ញា​នៃ​ព្រះវិហារ​ពិត​នៃ​ព្រះយេស៊ូវគ្រីស្ទ ។ បន្ទាប់ពី​ការឧទ្ទិស​ឆ្លង​ព្រះវិហារ​បរិសុទ្ធ សលត៍ លេក ក្នុង ឆ្នាំ ១៨៩៣ ប្រធាន វិលហ្វូឌ វូឌដ្រុព្វ បាន​លើក​ទឹកចិត្ដ​សមាជិក​នៃ​ព្រះវិហារ​ឲ្យ​ស្វែងរក​កំណត់ត្រា​របស់​បុព្វការីជន​របស់​ខ្លួន និង​កត់ត្រា​នូវ​ពង្សាវលី​របស់​ខ្លួន​ដោយ​ការត្រឡប់​ក្រោយ​ឲ្យ​បាន​ឆ្ងាយ​តាម​ដែល​អាច​ធ្វើ​ទៅបាន ដើម្បី​នាំ​យក​ឈ្មោះ​ទាំងនោះ​ទៅ​កាន់​ព្រះវិហារ​បរិសុទ្ធ ហើយ​ធ្វើ​ពិធីបរិសុទ្ធ​នៃ​សេចក្តីសង្រ្គោះ​នានា និង​ភាព​តម្កើង​ឡើង ( សូមមើល Teachings of Presidents of the Church: Wilford Woodruff [ ឆ្នាំ ២០០៤ ],ទំព័រ ១៧៤ ) ។

កិច្ចការ​ពង្សប្រវត្តិ និង​កិច្ចការ​ព្រះវិហារ​បរិសុទ្ធ—កិច្ចការ​តែមួយ

មួយ​ឆ្នាំ​ក្រោយ​មក ( ឆ្នាំ ១៨៩៤ ) ប្រធាន វិលហ្វូឌ វូឌដ្រុព្វ ដដែល​បាន​មើល​ការខុសត្រូវ​លើ​ការបង្កើត​សមាគម​ពង្សាវលី​នៃ​រដ្ឋ យូថាហ៍ ។ មួយ​រយ​ឆ្នាំ​ក្រោយ​មក នៅ ឆ្នាំ ១៩៩៤ អែលឌើរ រ័សុល អិម ណិលសុន កាលនោះ​ជា​សមាជិក​ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​បាន​មាន​ប្រសាសន៍ថា « ព្រឹត្តិការណ៍​នៃ​ឆ្នាំ​ប្រវត្តិសាស្រ្ត​នោះ​បាន​បង្កើត​ការស្រាវជ្រាវ​ពង្សប្រវត្តិ និង​សេវាកម្ម​ព្រះវិហារ​បរិសុទ្ធ​ជា កិច្ចការ​តែ​មួយនៅក្នុង​សាសនាចក្រ ( « The Spirit of Elijah » Ensignខែ វិច្ឆិកា ឆ្នាំ ១៩៩៤ ទំព័រ ៨៥ ) ។

កិច្ចការ​ពង្សប្រវត្តិ

បងប្អូន​ប្រុស​ស្រី​ជា​ទី​ស្រឡាញ់ ព្រះអម្ចាស់​លើក​ទឹក​ចិត្ត​យើង​ជា​សមាជិក​នៃ​សាសនាចក្រ​របស់​ទ្រង់​ឲ្យ​រក្សា​ពង្សប្រវត្តិ​របស់​យើង​ផ្ទាល់ ឲ្យ​រៀន​សូត្រ​ពី​បុព្វការីជន​របស់​យើង ហើយ​ធ្វើ​ការ​រៀប​ចំ​ចាំបាច់​នានា​សម្រាប់​ពួក​គេ​ដើម្បី​ទទួល​បាន​ពិធីបរិសុទ្ធ​នៃ​ដំណឹងល្អ​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ដើម្បី​ជួយ​ពួកគេ​ឲ្យ​រីក​ចម្រើន​តាម​ផ្លូវ​នៃ​សេចក្ដី​សញ្ញា ដែល​នឹង​ផ្ដល់​ពរ​ដល់​ពួកគេ​ជាមួយ​នឹង​គ្រួសារ​ដ៏​អស់កល្ប​ជានិច្ច ។ នោះ​គឺ​ជា​ការ​ផ្តោត​ដ៏​សំខាន់​មួយ​នៃ​ផែនការ​របស់​ព្រះវរបិតាសួគ៌​របស់​យើង ៖ ការបង្រួបបង្រួម​គ្រួសារ​សម្រាប់​ជីវិត​នេះ និង​អស់​កល្ប​ជានិច្ច ។

ចំពោះ​បងប្អូន​ទាំងឡាយ​ណា​ដែល​មាន​អារម្មណ៍​ថា​ខ្លួន​មិន​មាន​សមត្ថភាព​ក្នុង​ការធ្វើ​កិច្ចការ​នេះ សូមបងប្អូន​​ដឹង​ថា​មិនមែនមាន​តែបងប្អូន​ម្នាក់​នោះទេ​ដែល​មាន​អារម្មណ៍​បែប​នេះ ។ យើង​ទាំងអស់​គ្នា​អាច​បែរ​ទៅ​រក​ឧបករណ៍​ដែល​សាសនាចក្រ​បាន​រៀបចំហើយ​ ដែល​អាច​រក​បាន​នៅ​ក្នុង​មជ្ឈមណ្ឌល​កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ ដែល​យើង​ធ្លាប់​ស្គាល់​ថា​ជា មជ្ឈមណ្ឌល​ពង្សប្រវត្តិ ។ មជ្ឈមណ្ឌល​កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ​ទាំងនេះ​ត្រូវបាន​រចនា​ឡើង​ដើម្បី​ឲ្យ​មនុស្ស​ស្ទើរ​តែ​គ្រប់​គ្នា​ទាំងអស់ ដោយ​មាន​ជំនួយ​បន្តិច​បន្តួច អាច​ស្វែងរក​ព័ត៌មាន​របស់​បុព្វការីជន​របស់​ពួកគេ ហើយ​រៀបចំ​វា​ឲ្យ​បាន​ត្រឹមត្រូវ​ដើម្បី​ឲ្យ​ពួកគេ​អាច​យក​វា​ទៅ​ក្នុង​ព្រះដំណាក់​របស់​ព្រះអម្ចាស់​បាន ។ សូម​ទាក់ទង​ទៅ​អ្នក​ប្រឹក្សា​ពង្សប្រវត្តិ​នៅ​ក្នុង​វួដ ឬ​សាខា​របស់​បងប្អូន​ដែល​នឹង​ណែនាំ​បងប្អូន​គ្រប់​ជំហាន​ទាំងអស់ ។

នៅពេល​យើង​ធ្វើ​តាម​ការណែនាំ​របស់​ព្យាការី និង​រៀន​ពី​របៀប​ធ្វើ​ពង្សប្រវត្តិ​របស់​យើង ហើយ​ធ្វើ​ពិធីបរិសុទ្ធ​នៅក្នង​ព្រះវិហារ​បរិសុទ្ធ​សម្រាប់​បុព្វការីជន​របស់​យើង នោះ​យើង​នឹង​ទទួល​បាន​នូវ​អំណរ​ដ៏​អស្ចារ្យ​រហូតដល់​យើង​នឹង​មិន​ចង់​ឈប់​ធ្វើ​វា​ឡើយ ។ ដួងចិត្ត​របស់​យើង​នឹង​ពោរពេញ​ដោយ​ព្រះវិញ្ញាណ ទ្រង់​នឹង​បង្កើន​សមត្ថភាព​យើង​ដើម្បី​ធ្វើ​កិច្ចការ​នោះ ហើយ​ណែនាំ​យើង​នៅ​ពេល​យើង​ស្វែងរក​ឈ្មោះ​បុព្វការីជន​របស់​យើង ។ ប៉ុន្តែ​សូម​យើង​ចងចាំ​ថា ពង្សប្រវត្តិ​គឺ​មិនគ្រាន់តែ​រក​មើល​ឈ្មោះ កាលបរិច្ឆេទ និង​កន្លែង​នានា​ប៉ុណ្ណោះទេ ។ ពង្សប្រវត្តិ គឺជា​ការបង្រួបបង្រួម​ក្រុម​គ្រួសារ និង​ការមាន​អារម្មណ៍​អំណរ​ដែល​បាន​មកពី​ការផ្តល់​ជូន​ឲ្យ​ពួក​គេ​នូវ​ពិធីបរិសុទ្ធ​នៃ​ដំណឹង​ល្អ ។

ខ្ញុំ​ស្រឡាញ់​ការបង្រៀន​ដ៏​បំផុស​គំនិត​របស់​ព្យាការី​ជា​ទី​ស្រឡាញ់​របស់​យើង គឺ​ប្រធាន រ័សុល អិម ណិលសុន ដែល​បាន​មាន​ប្រសាសន៍​ថា ៖ « ព្រះវិហារ​បរិសុទ្ធ​គឺជា​ផ្នែក​ដ៏​សំខាន់​បំផុត​ក្នុង​ការពង្រឹង​សេចក្តី​ជំនឿ និង​ភាពរឹងមាំ​ខាង​វិញ្ញាណ​របស់​យើង ពីព្រោះ​ព្រះអង្គ​សង្រ្គោះ និង​គោលលទ្ធិ​របស់​ទ្រង់​គឺជា​ផ្នែក​ដ៏​សំខាន់​បំផុត​នៃ​ព្រះវិហារ​បរិសុទ្ធ ។ អ្វីៗ​គ្រប់យ៉ាង​ដែល​បាន​បង្រៀន​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​តាមរយៈ​ការណែនាំ និង​តាមរយៈ​ព្រះវិញ្ញាណ នឹង​បង្កើន​ការយល់​ដឹង​របស់​យើង​អំពី​ព្រះយេស៊ូវគ្រីស្ទ ។ ពិធីបរិសុទ្ធ​ដ៏​ចាំបាច់​ទាំងឡាយ​របស់ទ្រង់​ចងភ្ជាប់​យើង​ទៅនឹង​ទ្រង់ តាមរយៈ​សេចក្តី​សញ្ញា​ដ៏​ពិសិដ្ឋ​នៃ​បព្វជិតភាព ។ បន្ទាប់មក នៅពេល​យើង​រក្សា​សេចក្តីសញ្ញា​របស់​យើង នោះ​ទ្រង់​នឹង​ប្រទាន​ព្រះចេស្ដា​នៃការ​ព្យាបាល ព្រះចេស្ដា​នៃ​ការពង្រឹង របស់​ទ្រង់មកដល់​យើង » ( « The Temple and Your Spiritual Foundation » លីអាហូណាខែ វិច្ឆិកា ឆ្នាំ ២០២១ ទំព័រ ៩៣ ) ។

ប្រាកដ​ណាស់​កិច្ចការ​របស់​ព្រះវិហារ​បរិសុទ្ធ និង​ពង្សប្រវត្តិ​គឺ​ជា​កិច្ចការ​តែ​មួយ និង​ជា​កិច្ចការ​ដូច​គ្នា​នៅ​ក្នុង​សាសនាចក្រ ។

ខ្ញុំ​សូម​ធ្វើទីបន្ទាល់​ចំពោះសេចក្ដី​ពិត​ទាំង​នេះ ។ ខ្ញុំ​ដឹង​ថា​នេះ​គឺ​ជា​សាសនាចក្រ​របស់​ព្រះអម្ចាស់​ព្រះយេស៊ូវគ្រីស្ទ ជា​ព្រះអង្គសង្រ្គោះ និង​ព្រះប្រោសលោះ​របស់​យើង​ដែល​យើង​ចងចាំ និង​គោរព​នៅ​ថ្ងៃ​បុណ្យ​អ៊ីស្ទើរ​នេះ ។ ខ្ញុំ​ដឹង​ថា​ទ្រង់​ស្រឡាញ់​យើង ហើយ​នៅ​ពេល​យើង​រក្សា​សេចក្ដី​សញ្ញា​របស់​យើង ហើយ​ដាក់​ទំនុក​ចិត្ត​របស់​យើង​លើ​ទ្រង់ នោះ​ទ្រង់​ប្រទាន​ឲ្យ​យើង​នូវ​អំណាច​នៃ​ការព្យាបាល និង​អំណាច​នៃ​ការពង្រឹង​របស់​ទ្រង់ ។ នៅ​ក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ៕